VOA News: ព័ត៌មាន: “ស.រ.អា និងសហភាពអ៊ឺរ៉ុប ប្រយ័ត្នប្រយែងលើសំណើរបស់អ៊ីរ៉ង់ក្នុងការបន្តកិច្ចចរចា” plus 5 more |
- ស.រ.អា និងសហភាពអ៊ឺរ៉ុប ប្រយ័ត្នប្រយែងលើសំណើរបស់អ៊ីរ៉ង់ក្នុងការបន្តកិច្ចចរចា
- ប្រធានអង្គរក្សប្រធានព្រឹទ្ធសភាត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ
- ស៊ីរីបន្តការវាយប្រហារបន្ទាប់ពីអ.ស.ប.បានថ្កោលទោស
- តុលាការដោះលែងពលរដ្ឋបូរីកីឡាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
- អ្នកកាសែតអាមេរិកាំងល្បីឈ្មោះដាក់បង្ហាញរូបថតដ៏កម្រអំពីរបបខ្មែរក្រហម
- មន្ដ្រីសាលាក្ដីខ្មែរក្រហមទៅការិយាល័យអ.ស.ប.ដើម្បីរកថវិកា
ស.រ.អា និងសហភាពអ៊ឺរ៉ុប ប្រយ័ត្នប្រយែងលើសំណើរបស់អ៊ីរ៉ង់ក្នុងការបន្តកិច្ចចរចា Posted: 18 Feb 2012 07:47 AM PST សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសម្តែងសុទិដ្ឋិនិយមប្រកបដោយការប្រយ័ត្នប្រយែងកាលពីថ្ងៃសុក្រទាក់ទងនឹងសំណើររបស់ប្រទេសអ៊ីរ៉ង់ដែលសុំចាប់ផ្តើមការចរចាឡើងវិញជាមួយនឹងមហាអំណាចពិភពលោកអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ដោយបានថ្លែងនៅឯក្រសួងការបរទេសកាលពីថ្ងៃសុក្រលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនិងលោកស្រីកាថឺរីន អាសស្តុន (Catherine Ashton) នាយកខាងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថាពួកគេកំពុងតែពិនិត្យវាយតម្លៃលើលិខិតមួយរបស់ប្រទេសអ៊ីរ៉ង់ដែលសុំឱ្យចាប់ផ្តើមការចរចាឡើងវិញក្រោយពីបានជាប់គាំងមួយរយៈមក។ លិខិតដែលផ្ញើមកដោយលោក សាអ៊ីដ ចាលីលី(Saeed Jalili) អ្នកចរចាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធ្វើឡើងជាការឆ្លើយតបនឹងលិខិតរបស់លោកស្រី អាសស្តុន ដែលបានផ្ញើទៅកាលពីខែតុលា។ លោកស្រីគ្លីនតុនបានហៅការឆ្លើយតបរបស់អ៊ីរ៉ង់ថាជាជំហានដ៏សំខាន់។ លោកស្រីគ្លីនតុនមានប្រសាសន៍ថាសហគមន៍អន្តរជាតិកំពុងសង្ឃឹមថាប្រទេសអ៊ីរ៉ង់បង្ហាញថាខ្លួនបានត្រៀមខ្លួននឹងចូលមកតុចរចាប្រកបដោយមធ្យោបាយប្រកបដោយការស្ថាបនានិងភាពម៉ឺងម៉ាត់។ ការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់នេះគឺជាអ្វីដែលយើងរងចាំជាយូរមកហើយ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ស.រ.អា៖ អាជ្ញាធរសហព័ន្ធសហរដ្ឋអាមេរិកនិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់នៅ ជិតអគាររដ្ឋសភាកាពីតូលរបស់សហរដ្ឋអាមេរិក ហើយពួកគេនិយាយថាបុរសនោះបានព្យាយាមធ្វើការវាយប្រហារភេវរកម្ម។ ស.រ.អា៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថាលោកបានបញ្ជាឱ្យទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់អាមេរិកជំរុញការផ្តល់ហិរញ្ញប្បទានដល់ផលិតផលអាមេរិកាំងឱ្យបានច្រើន ប្រយោជន៍ជួយដល់ការខិតខំប្រឹងប្រែងថ្មីមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មបរទេសដ៏រ៉ាំរ៉ៃដែលប្រទេសនេះជួបប្រទះ។ ជប៉ុន៖ អធិរាជអាគីហ៊ីតុ (Akihito) នៃប្រទេសជប៉ុនបានទទួលការវះកាត់បេះដូងប្រកបដោយជោគជ័យ។ បណ្តាញទូរទស្សន៍ជាតិអ៊ែនអេកខេ (NHK) បាននិយាយថាការវះកាត់នោះធ្វើឡើងនៅឯមន្ទីរពេទ្យនៃសាកលវិទ្យាល័យក្រុងតូក្យូ នៅថ្ងៃសៅរ៍នេះហើយមានរយៈពេលប្រហែលប្រាំម៉ោង។ អ៊ឺរ៉ុប៖ សម្តេចប៉ាប បេណេឌិក (Benedict) បានជួបជាមួយក្រុមបុព្វជិតធំៗនៃវិហាររ៉ូម៉ាំងកាតូលិកដើម្បី ពិភាក្សាគ្នាអំពីវិធីដែលត្រូវពង្រឹងព្រះវិហារដោយសារតែមាននិន្នាការកាន់តែធំឡើងក្នុងការមិនយកសាសនាជាធំនៅក្នុងពិភពពួកបច្ចឹមប្រទេស។ សូម៉ាលី៖ មេដឹកនាំសូម៉ាលី បានបញ្ចប់សន្និសីទក្នុងរដ្ឋភុនឡែន (Puntland) នៃប្រទេសសូម៉ាលី ដោយចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយតាមរយៈការបោះឆ្នោត។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ប្រធានអង្គរក្សប្រធានព្រឹទ្ធសភាត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ Posted: 17 Feb 2012 09:10 PM PST មេធាវីរបស់លោកឈឿន ចាន់ថន អតីតប្រធានអង្គការភាពកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គ្រោងនឹងប្តឹងសារទុក្ខជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីនៅសប្ដាហ៍ក្រោយ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោកឈឿន ចាន់ថន អតីតឧត្តមសេនីយ៍ឯក(ផ្កាយបី ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល ឬស្មើនឹង១២៥០ដុល្លារអាមេរិកសម្រាប់ដាក់ចូលជាថវិការដ្ឋ។ ការដាក់ទោសនេះធ្វើឡើងក្រោមការចោទប្រកាន់បទល្មើស៤ករណីទាក់ទងទៅនឹងការក្លែងបន្លំឯកសារសារធារណៈ និងការប្រើប្រាស់អាវុធដោយខុសច្បាប់។ លោកពុធ ធាវី មេធាវីរបស់លោកឈឿន ចាន់ថន បានឲ្យដឹងថា លោកកំពុងតែរៀបចំបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍ដោយសារតែលោកចាត់ទុកថា សាលក្រមកំណត់ទោសកូនក្ដីរបស់លោកនោះមិនយុត្តិធម៌នោះទេ។ «ជាមេអង្គរក្សមួយ គាត់មានអាវុធបី បួន ប្រាំដើមក្នុងផ្ទះជាអាវុធបន្សល់ពីបេសកម្មអត់ទាន់បានយកទៅដាក់ក្នុងអង្គភាព ហើយនាំគ្នាចោទប្រកាន់ថា គាត់ប្រើប្រាស់អាវុធខុសច្បាប់។ វាដូចជាអត់សមរម្យ។ ចំណុចមួយទៀតគឺទណ្ឌកម្មដែលថា កូនក្តីខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយគឺគ្មានភស្តុតាង គ្មានឯកសារណាមួយទេ ដែលបញ្ជាក់ថា កូនក្តីខ្ញុំក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែងនោះ គឺគ្មានតែម្តង។ ចោទទាំងបំពាន។ អានេះគឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់កូនក្តីខ្ញុំ ហើយខ្ញុំនឹងបន្តធ្វើការប្តឹងឧទ្ធរណ៍ដើម្បីឲ្យសមត្ថកិច្ចតុលាការឧទ្ធរណ៍ជួយរកយុត្តិធម៌ជូនកូនក្តីខ្ញុំបន្តទៀត»។ លោកឈឿន ចាន់ថនបានប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងតុលាការយោធា បន្ទាប់ពីត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស៣នាក់ផ្សេងទៀត នៅក្នុងភូមិគ្រឹះរបស់លោកក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។ អាវុធប្រមាណជាង១០ដើម ទាំងវែង ទាំងខ្លី គ្រាប់កាំភ្លើងប្រហែលជាង១ពាន់គ្រាប់ និងសម្ភារៈយោធាមួយចំនួនទៀត ត្រូវបានរកឃើញក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់អតីតប្រធានអង្គរក្សរូបនេះ។ នៅក្នុងសវនាការ លោកឈឿន ចាន់ថនបានធ្វើការបដិសេធដោយអះអាងថា ខ្លួនមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។ ដោយឡែក កាលពីថ្ងៃទី១៥ ខែកុម្ភៈ តុលាការយោធាបានបើកសវនាការផ្សេងមួយទៀតដោយចោទប្រកាន់បទល្មើសចំនួន៥ករណីទៅលើលោកឈឿន ចាន់ថន ដោយសាលក្រមនោះគ្រោងនឹងប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ។ លោកឈឿន ចាន់ថនគឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមសមាជិកជាន់ខ្ពស់៤រូបរបស់លោកជា ស៊ីម ដែលត្រូវបានគេយកមកកាត់ទោសជាបន្តបន្ទាប់តាមការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ។ ហើយអ្នកទាំងនោះត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារចាប់ពី៣ទៅ៤ឆ្នាំ។ ក៏ប៉ុន្តែពួកគេសុទ្ធតែបានបដិសេធការចោទប្រកាន់នេះ ដោយកំពុងតែធ្វើការប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ដូចលោក ឈឿន ចាន់ថនដែរ។ លោកចាន់ សាវ៉េត ជាអនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានតាមឃ្លាំមើលដំណើរការក្ដីនេះមួយផ្នែក។ លោកយល់ថា តុលាការបានប្រមូលភស្ដុតាងគ្រប់គ្រាន់ក្នុងការផ្ដន្ទាទោសនេះ។ «ភស្តុងតាងក្នុងការចង្អុលបង្ហាញនេះឃើញថា គាត់អាចប្រព្រឹត្តនូវទោសកំហុសទាំងអស់នេះ ដូចបានចោទប្រកាន់»។ ដោយឡែកវីអូអេបានព្យាយាមទាក់ទងលោកចៅក្រមសួស សំអាត ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះនៃសាលាដំបូងក្នុងសំណុំរឿងក្ដីនេះ ដើម្បីសុំសេចក្តីបំភ្លឺ តែមិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃនេះ។ រីឯលោកកែវ មុន្នី និងលោកលី លីបម៉េង ចៅក្រមប្រឹក្សា ក៏បានបដិសេធមិនផ្ដល់សេចក្ដីអត្ថាធិប្បាយលើសំណុំរឿងនេះដែរ៕ This posting includes an audio/video/photo media file: Download Now |
ស៊ីរីបន្តការវាយប្រហារបន្ទាប់ពីអ.ស.ប.បានថ្កោលទោស Posted: 17 Feb 2012 08:28 PM PST ពួកសកម្មជនបាននិយាយថាពួកទាហានស៊ីរីបានបាញ់ផ្តក់លើតំបន់ដែលពួកឧទ្ទាមកាន់កាប់ក្នុងក្រុង ហោមស៍ (Homs) នាប៉ែកកណ្តាលប្រទេស មួយថ្ងៃក្រោយពីមហាសន្និបាតអង្គការសហប្រជជាតិបានថ្កោលទោសរបបគ្រប់គ្រងស៊ីរីចំពោះការរំលោភលើសិទ្ធិមនុស្សនៅក្នុងការបង្ក្រាបរបស់ពួកគេ។ ពួកសកម្មជនបាននិយាយថាការបាញ់កាំភ្លើងពីរថក្រោះនិងការបាញ់កាំភ្លើងធំកាលពីថ្ងៃសុក្របានត្រូវចំសង្កាត់បួនក្នុងក្រុងនេះដែលឋិតនៅកណ្តាលប្រទេសដែលបានផ្តើមគំនិតធ្វើការបះបោរដែលមានរយៈពេល១១ខែមកហើយប្រឆាំងនឹងប្រធានាធិបតីបាសារ អាល អាសាទ (Bashar al-Assad)។ លីប៊ី៖ កាលពីថ្ងៃសុក្រ ប្រជារាស្ត្រលីប៊ីបានប្រមូលផ្តុំគ្នានៅក្នុងទីលានធំជាងគេនៃក្រុង បេងហាហ្សី (Benghazi) នាប៉ែកខាងកើតប្រទេសដែលជាទីកំណើតនៃចលនាប្រឆាំង ដើម្បីប្រារព្ធខួបឆ្នាំទីមួយនៃការបដិវត្តន៍ដែលនាំឱ្យមានការរំលំការគ្រប់គ្រង៤២ឆ្នាំរបស់អតីតមេដឹកនាំផ្តាច់ការឈ្មោះ ម៉ូអាម៉ា កាហ្តាហ្វី (Moammar Gadhafi)។ អ៊ីរ៉ុង់៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសម្តែងសុទិដ្ឋិនិយមអំពីសេចក្តីស្នើរបស់ អ៊ីរ៉ង់ដើម្បីធ្វើការចរចាជាថ្មីជាមួយពួកប្រទេសមហាអំណាចពិភពលោកអំពីកម្មវិធីបរមាណូរបស់ផងខ្លួន។ លោកសី្រ ហ៊ីលឡារី គ្លីនតុន បានហៅការឆ្លើយតបរបស់អ៊ីរ៉ង់លិខិតមួយច្បាប់របស់លោកស្រី ខាដឺរីន អាសតុន (Catherine Ashton) កាលពីខែតុលា ជា«ជំហានសំខាន់មួយ»។ ប៉ាគីស្ថាន៖ ការជួបចចារសន្តិភាពរវាងលោកប្រធានាធិបតីប៉ាគិស្ថាន អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និងលោកប្រធានាធិបតីអាហ្វហ្កានិស្ថាន ហាមីទ កាហ្សាយ (Hamid Karzai) នៅក្នុងក្រុង អ៊ីស្លាម៉ាបាទ (Islamabad) ជាផ្នែកមួយនៃសន្និសីទកំពូលត្រីភាគីត្រូវបានបញ្ចប់ ដោយមានការជឿនលឿនតែបន្តិចបន្តួច។ ប៉ាគីស្ថាន៖ ពួកមន្ត្រីនៅក្នុងតំបន់កុលសម្ព័ន្ធ Kurram នាផ្នែកពាយ័ព្យនៃប្រទេសបាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ដែលជិះម៉ូតូបានបំផ្ទុះខ្លួនឯងនៅក្រុង ផារ៉ាឆៃណា (Parachinar) ក្នុងផ្សារមួយមានមនុស្សកុះករ បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៦នាក់ស្លាប់ មនុស្សជាង៥០នាក់ត្រូវរបួសហើយបានបំផ្លាញហាងលក់ទំនិញ មួយចំនួនផងដែរ។ អឺរ៉ុប៖ នៅក្រោយចរចាគ្នាជាច្រើនខែមក ពួកមេដឹកនាំអឺរ៉ុបបានសម្តែងសុទិដ្ឋិនិយមថ្មីថាប្រាក់ជំនួយសង្គ្រោះ១៧០ពាន់លានដុល្លារសម្រាប់ប្រទេសក្រិកនឹងទទួលការយល់ព្រមនៅថ្ងៃច័ន្ទ។ កិ្រក៖ពួកប៉ូលីសក្រិកនិយាយថាពួកចោរប្រដាប់អាវុធបានលួចបូរាណវត្ថុយ៉ាងតិចណាស់៦០ពីសារមន្ទីរមួយក្នុងក្រុង អូឡាំពា (Olympia) កាលពីព្រឹកថ្ងៃសុក្រ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
តុលាការដោះលែងពលរដ្ឋបូរីកីឡាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន Posted: 17 Feb 2012 07:50 PM PST ពលរដ្ឋនៅបូរីកីឡាចំនួន៥នាក់ក្នុងចំណោម៧នាក់ត្រូវបានដោះលែងឱ្យមកនៅក្រៅឃុំហើយកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាងមួយខែក្នុងទំនាស់ដីធ្លីជាមួយនឹងលោកស្រីស៊ុយ ស៊ីផាន។ ពលរដ្ឋទាំង៧នាក់ ក្នុងនោះមានក្មេងជំទង់ផង ត្រូវបានអាជ្ញាប៉ូលិសចាប់ខ្លួនទាក់ទងនឹងការប្រឆាំងតបតនឹងមន្រ្តីមានសមត្ថកិច្ចក្នុងអំឡុងពេលចុះមកកម្ចេចផ្ទះរបស់ពួកគេនៅប្លុកបូរីកីឡា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែមករា។ នៅពេលដែលវិលមកដល់កន្លែងស្នាក់នៅវិញ លោកសេង គង់ ជាប្រជាពលរដ្ឋម្នាក់ដែលត្រូវបានដោះលែងឱ្យមានសេរីភាពបានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រូវដោះលែងចេញពីព្រៃសមកវិញ។ ខ្ញុំសូមអរគុណខាងបងៗហើយដែលបានជួយពួកខ្ញុំតាមកាសែត តាមសំឡេងវិទ្យុគឺសូមអរគុណទាំងអស់គ្នា»។ ចំណែកក្មេងជំទង់ពីរនាក់ផ្សេងទៀតក៏ត្រូវតុលាការសម្រេចឱ្យនៅក្រៅឃុំដែរប៉ុន្តែដោយសារពេលវេលាយប់និងមិនអាចបំពេញបែបបទទាន់ ដូច្នេះពួកគេអាចនឹងត្រូវដោះលែងនៅពេលក្រោយ ហើយពួកគេសង្ឃឹមថាអាចនឹងចេញផុតនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការបញ្ជាក់របស់តំណាងពលរដ្ឋទាំងនោះ។ លោកជិន លីដា មេធាវីប្រចាំនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលតំណាងឱ្យពលរដ្ឋទាំងនោះ បានបញ្ជាក់ប្រាប់វីអូអេថា អ្នកទាំងនោះត្រូវបានតុលាការបញ្ជាឱ្យដោះលែងនៅក្រៅឃុំប្រាកដមែន៖ «គេឱ្យពួកគាត់នៅក្រៅឃុំបណ្តោះអាសន្នសិន ហើយរឿងនេះគេមិនទាន់កាត់ថាមានទោសឬអត់ទេ»។ លោកលីដាបញ្ជាក់ដូចនេះពេលកំពុងឈរចាំទទួលជនជាប់ចោទទាំងនោះពីពន្ធនាគារ។ យ៉ាងណាក៏ដោយលោកបញ្ជាក់បន្ថែមថា តុលាការគួរតែលើកលែងការចោទប្រកាន់ទាំងស្រុង។ «គ្រាន់តែនៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែសំខាន់ បើចង់ផ្តល់យុត្តិធម៌ឱ្យគាត់ទាល់តែសម្រេចក្តីលើកលែងការចោទប្រកាន់លើពួកគាត់ទៅ។ នេះគ្រាន់តែជាដំណាក់កាលមួយមានភាពយុត្តិធម៌មួយកម្រិត។ ប៉ុន្តែបើរឿងហ្នឹងបានលើកលែងការចោទប្រកាន់ទៅ ទើបមានភាពយុត្តិធម៌»។ ក្រុមមន្រ្តីសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែងឱ្យនៅក្រៅឃុំនេះ ប៉ុន្តែទទូចថា ពួកគេមិនត្រូវទទួលរងការចោទប្រកាន់អ្វីទាំងអស់ចំពោះករណីនេះ ដោយសារតែពួកគេធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ដែលរងការបំផ្លាញដោយបង្ខំតែប៉ុណ្ណោះ។ លោកសៀ ភីរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារសិទ្ធិលំនៅដ្ឋាន បានបញ្ជាក់ថា៖ «តាមអ្វីដែលយើងសង្កេតមើលឃើញគឺថា មិនត្រូវយកពួកគាត់ទៅដាក់ក្នុងពន្ធនាគារទេ ពីព្រោះតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីគឺបញ្ហាជម្លោះ ដីធ្លីនេះគឺមិនឱ្យមានការចាប់ឃុំខ្លួនទេ។ ហើយទាក់ទងនឹងបញ្ហាកាលពីថ្ងៃ៣ គឺបើសិនជាក្រុមហ៊ុនមិនប្រើប្រាស់កម្លាំងឱ្យទៅរុះរើផ្ទះរបស់គាត់ និងឈូសឆាយផ្ទះរបស់គាត់ ក៏គាត់មិនប្រើនូវស្វ័យការពាររបស់គាត់ដែរ»។ មានពលរដ្ឋជាង៣០០គ្រួសារបានរងផលប៉ះពាល់ដោយសារការវាយកម្ចេចដោយបង្ខំដើម្បីយកទីធ្លាកន្លែងនោះឱ្យក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ ស៊ីផានយកមកអភិវឌ្ឍជាសំណង់ផ្ទះល្វែង។ ពលរដ្ឋបានវាយតបតគ្នាជាមួយនឹងសមត្ថកិច្ច ដោយមានការគ្រប់ដុំថ្មនិងដបទឹកសុទ្ធជាដើម រហូតដល់មានការចាប់ខ្លួន។ យ៉ាងណាក៏ដោយ ទាំងលោកពុត សាមានប្រជាពលរដ្ឋម្នាក់ទៀតដែលជាប់ឃុំជាមួយនឹងលោកសេង គង់បានបញ្ជាក់ថា ស្ថានភាពរស់នៅក្នុងពន្ធនាគារមានស្ថានភាពល្អជាទេ ដោយគ្មានអ្នកណាធ្វើបាបអ្វីឡើយ។ លោកសេង គង់បន្ថែមថា ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធិភាព ហើយលោកសុំឱ្យយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់គឺការប្រគល់លំនៅដ្ឋាន៖ «ខ្ញុំសូមអំពាវនាវឱ្យសម្តេចហ៊ុន សែន ក៏ដូចជាសម្តេចហេង សំរិនដែរ ដែលបានចារមកឱ្យសាលាក្រុងដោះស្រាយ។ ខ្ញុំថា ពិតជារកយុត្តិធម៌ជូនប្រជាពលរដ្ឋពិតប្រាកដមែន»។ បើទោះបីជាមានសេរីភាពឡើងវិញមែន ប៉ុន្តែអ្នកទាំងនោះនៅត្រូវប្រឈមមុខនឹងការគ្មានផ្ទះសម្បែងនៅឡើយ ដោយសារពួកគេខ្លះរស់នៅតាមសំយ៉ាបផ្ទះអ្នកជិតខាង និងអ្នកខ្លះទៀតរស់នៅតាមក្រោមជណ្តើរនៃអគារដែលបានសាងសង់រួចហើយសម្រាប់អ្នកមុនរស់នៅ។ លោកពេជ្រ លឹមឃួន តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖ «យើងនៅតាមក្រោមអគារថ្មី តាមសំយ៉ាបអគារថ្មីមួយជួរ អគារថ្មី ដោយរស់នៅទីនេះបន្តិចទីនោះបន្តិច។ បើយើងចុះចោលកន្លែងយើង គឺបាត់បង់ការតស៊ូរបស់ប្រជាពលរដ្ឋយើង។ បើអញ្ចឹង យើងនៅតស៊ូឱ្យបានជ័យជម្នះទៅថ្ងៃខាងមុខ»។ មានពលរដ្ឋជាង១០០គ្រួសារនៅបន្តរស់នៅដើម្បីទាមទារកម្មសិទ្ធិលើសំណង់ថ្មីដែលនឹងត្រូវសាងសង់។ អ្នកខ្លះទៀតបានព្រមព្រៀងយកតាមការផ្តល់ជូនរបស់ក្រុមហ៊ុនដោយទទួលជាសំណង និងទៅនៅទីតាំងថ្មី៕ This posting includes an audio/video/photo media file: Download Now |
អ្នកកាសែតអាមេរិកាំងល្បីឈ្មោះដាក់បង្ហាញរូបថតដ៏កម្រអំពីរបបខ្មែរក្រហម Posted: 17 Feb 2012 07:30 PM PST ពិព័រណ៍រូបថតដ៏កម្រអំពីរបបខ្មែរក្រហម ដោយអ្នកកាសែតអាមេរិកាំងដ៏ល្បីឈ្មោះអេលីហ្សាប៊ែត បិកឃឺ (Elizabeth Becker) បានចាប់បើកហើយកាលពីសប្តាហ៍មុន នៅមជ្ឈមណ្ឌលបុប្ផាណាក្នុងរាជធានីភ្នំពេញ។ រូបថតបង្ហាញសុទ្ធតែភាពស្រស់បំព្រងនិងស្នាមញញឹមនៃមេដឹកនាំខ្មែរក្រហមកំពូលៗមួយចំនួន រួមផ្សំនឹងភាពស្ងាត់ជ្រងុំនៃទីក្រុងភ្នំពេញ នាសម័យកាលនោះផងដែរ។ «ខ្ញុំចង់ឲ្យស្ថាប័នមួយនៅក្នុងប្រទេសកម្ពុជាមានរូបថតទាំងនេះទុកសម្រាប់ជាប្រវត្តិសាស្ត្រ»។ រូបថតទាំងនេះត្រូវបានថតនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី Becker រយៈពេល២សប្តាហ៍មកកាន់របបកម្ពុជាប្រជាធិបតេយ្យនៅចុងឆ្នាំ១៩៧៨ ក្រោមការអញ្ជើញនិងតាមឃ្លាំមើលយ៉ាងតឹងរឹងពីក្រុមខ្មែរក្រហម។ អ្នកស្រី Beckerបានជួបនិងត្រៀមសួរប៉ុល ពត នូវសំណួរជាច្រើនដោយរួមទាំងសំណួរថា តើហេតុអ្វីបានអ្នកស្រីមិនអាចជួបជាមួយប្រជាជនមកពីទីក្រុងភ្នំពេញឬជួបជាមួយអ្នកនេះ អ្នកនោះដោយខ្លួនអ្នកស្រីផ្ទាល់បាន ជាដើម ប៉ុន្តែអ្នកស្រីមិនបានទទួលចម្លើយឆ្លើយតបដោយផ្ទាល់មាត់ពីប៉ុល ពតនោះទេ។ «គាត់មិនឆ្លើយនឹងសំណួរទាំងនោះទេ។ គាត់និយាយថា អ្នកឯងនឹងទទួលបានចម្លើយបោះពុម្ពរួចជាស្រេចទៅនឹងសំណួរទាំងនោះ។ ដូច្នេះគាត់គ្រាន់តែផ្តល់បទឧទ្ទេសនាមដល់ខ្ញុំអំពីសារៈសំខាន់នៃអង្គការណាតូក្នុងការចូលមកជួយនិងអំពីទង្វើអាក្រក់របស់ប្រទេសវៀតណាមតែប៉ុណ្ណោះ»។ ជាអ្នកនិពន្ធសៀវភៅ "នៅពេលដែលសង្រ្គាមរលត់ទៅ" និងអតីតអ្នកឆ្លើយឆ្លងព័ត៌មានកាសែតWashington Post អ្នកស្រី Becker និយាយថា ប៉ុល ពតចង់ឲ្យអ្នកកាសែតបស្ចឹមប្រទេស ដូចជាអ្នកស្រីជួយអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលមកជួយកម្ពុជាប្រជាធិបតេយ្យដើម្បីវាយតបនឹងការឈ្លានពានរបស់ប្រទេសវៀតណាម។ អ្នកទស្សនារូបថតរបស់អ្នកស្រី Becker ស្ងើចសរសើរចំពោះភាពក្លាហានរបស់អ្នកស្រីក្នុងការចូលមកយកព័ត៌មានក្នុងរបបមួយដែលប្រកបដោយគ្រោះថ្នាក់។ អ្នកស្រីឌី រដ្ឋាគឺជាគ្រូបង្រៀនចូលនិវត្តន៍។ «ខ្ញុំសូមកោតសរសើរគាត់ ថាជាវីរនារីដ៏អស្ចារ្យ។ គាត់មានសេចក្តីក្លាហាន ហ៊ានចូលមកក្នុងសម័យប៉ុល ពត ដែលគេសម្លាប់រង្គាល»។ ក្រៅពីរូបថត អ្នកទស្សនាក៏អាចស្តាប់ខ្សែអាត់សំឡេងរបស់ប៉ុល ពតដែលគេថតទុកនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី Becker ផងដែរ នៅក្នុងការតាំងពិព័រណ៍នេះ។ ពិព័រណ៍នេះទទួលការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ។ មិស្សែល បិនណិតគឺជាអនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈរបស់ស្ថានទូតនេះ។ «យើងសង្ឃឹមថា ពិព័រណ៍នេះផ្តល់ឱកាសមួយទៀតដល់ប្រជាជនកម្ពុជាក្នុងការនិយាយអំពីអតីតកាលរបស់ពួកគេនិងចាប់ផ្តើមទទួលស្គាល់អ្វីដែលបានកើតឡើងនិងស្វែងរកវិធីបោះជំហានទៅមុខនៅពេលអនាគត»។ លោកជ័យ សុមៀនគឺជាអ្នកថែទាំអ្នកជម្ងឺនៃមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ។ លោកនិយាយថា លោកមិនដែលបានឃើញទិដ្ឋភាពដូចក្នុងរូបថតដែលលោកកំពុងមើលនេះទេ ក្នុងរបបខ្មែរក្រហមនោះ។ «កាលនោះ ខ្ញុំនៅស្រុកស្រែ មិនបានឃើញទីក្រុងអីអញ្ចឹងទេ។ ឃើញតែគេជម្លៀស ជីកប្រឡាយ លើកទំនប់ ច្រូតកាត់ ច្រៀងរាំសិល្បៈភូមិភាគអីណាណី»។ អ្នកទស្សនាពិព័រណ៍នេះមួយចំនួននិយាយថា ពួកគេមិនដែលធ្លាប់គិតទេ ប្រជាជនកម្ពុជាក្រោមរបបខ្មែរក្រហមមានសភាពស្រស់ស្រាយដូចដែលបានលាតត្រដាងតាមរយៈរូបថតរបស់អ្នកស្រី Becker នៅពេលនេះ។ លោកស្តានីស្លាស ទូហ្សេត៍គឺជាប្រធានផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលបុប្ផាណា។ «សម្រាប់អ្នកដែលបានឆ្លងកាត់របបនេះ វាជាឱកាសដ៏ល្អមួយសម្រាប់ពួកគេដើម្បីយល់ដឹងពីអ្វីដែលមេដឹកនាំរបស់ពួកគេ(ខ្មែរក្រហម)បានបង្ហាញទៅពិភពលោកខាងក្រៅ។ ពួកគេបង្ហាញតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអ្វីដែលពួកគេបង្ហាញនោះគឺកម្ពុជាដ៏ស្រស់ស្អាតមួយ។ ឥឡូវប្រជាជននឹងយល់ថា មេដឹកនាំរបស់ពួកគេទាំងនោះគឺជាមេកុហក»។ ពិព័រណ៍រូបថតរបស់អ្នកស្រី Becker នេះនឹងដាក់បង្ហាញជាសាធារណៈសម្រាប់ការចូលមើលដោយសេរីរហូតដល់ចុងខែកុម្ភៈនេះ ហើយរូបថតនិងខ្សែអាត់សំឡេងរបស់ប៉ុល ពតក្នុងពិព័រណ៍នេះនឹងត្រូវបានរក្សាទុកជាអចិន្ត្រៃយ៍នៅក្នុងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានេះ៕ This posting includes an audio/video/photo media file: Download Now |
មន្ដ្រីសាលាក្ដីខ្មែរក្រហមទៅការិយាល័យអ.ស.ប.ដើម្បីរកថវិកា Posted: 17 Feb 2012 04:57 PM PST មន្ដ្រីផ្លូវការនៃសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សាលាក្ដីនេះត្រូវការថវិកាបន្ថែមចំនួន៨៩លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ប្រតិបត្តិការកាត់ទោសរយៈពេលពីរឆ្នាំទៅមុខទៀត។ ស្របពេលជាមួយគ្នានេះ លោក ក្រាញ់ តូនី និងលោកគ្នុត រ៉ូសសេនហក (Knut Rosandhug) ប្រធាន និងអនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមនឹងធ្វើដំណើរទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំរៃអង្គាសថវិកាពីប្រទេសជាមិត្តរបស់សាលាក្ដី និងប្រទេសម្ចាស់ជំនួយ។ លោកហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ មានប្រសាសន៍ថា ភាគីអង្គការសហប្រជាជាតិត្រូវការថវិកាចំនួន៦៩លានដុល្លារ រីឯភាគីកម្ពុជាត្រូវការតែ២០លានដុល្លារអាមេរិកតែប៉ុណ្ណោះសម្រាប់រយៈពេលពីរឆ្នាំនេះ។ «ឆ្នាំ២០១២នេះ យើងត្រូវការ៤៥លានដុល្លារសហរដ្ឋអាមេរិក។ ហើយសម្រាប់ឆ្នាំ២០១៣ យើងត្រូវការ៤៣លានដុល្លារសហរដ្ឋអាមេរិក។ ហើយនៅក្នុងនោះភាគីកម្ពុជាត្រូវការ២០លានដុល្លារ»។ តម្រូវការថវិកាបន្ថែមនេះធ្វើឡើងខណៈដែលសាលាក្ដីខ្មែរក្រហមកំពុងដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមចាស់ជរាចំនួនបីនាក់ ក្នុងសំណុំរឿង០០២។ ក៏ប៉ុន្ដក្នុងពេលកំពុងដំណើរការក្ដីនេះ បុគ្គលិកកម្ពុជាចំនួន១១រូប ក្នុងការិយាល័យសហព្រះរាជអាជ្ញា និងការិយាល័យសហចៅក្រហមស៊ើបអង្កេត ដែលជាផ្នែកដ៏សំខាន់ពីររបស់សាលាក្ដីខ្មែរក្រហម បានលាឈប់ពីការងារ និងបានសុំព្យួរការងារ ដោយសារតែវិបត្តិខ្វះថវិកាខាងភាគីកម្ពុជា។ ភាគីកម្ពុជាអស់សាច់ប្រាក់ផ្គត់ផ្គង់ប្រាក់ខែបុគ្គលិករបស់ខ្លួនទាំង៣០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០១១មកម្ល៉េះ។ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានផ្ដល់កញ្ចប់ថវិកាចំនួន១,២លានអឺរ៉ូ ឬស្មើនឹងប្រមាណជា១,៥លានដុល្លារ ឲ្យផ្នែកគាំពារជនរងគ្រោះក្នុងសាលាក្ដីខ្មែរក្រហម។ ក៏ប៉ុន្ដែលោកហ៊ុយ វណ្ណៈបញ្ជាក់ថា ថវិកានេះមិនចាត់បញ្ចូលក្នុងគម្រោងស្នើថវិកានោះទេ។ លោកម៉ាទីន ណេសស៊ើគី (Martin Nesirk) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-Moon) បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះថា លោកបានដឹងថា មានសំណើថវិកាពីសាលាក្ដីខ្មែរក្រហមរួចហើយ ហើយក្រុមប្រទេសអ្នកផ្ដល់ជំនួយក៏កំពុងពិចារណាលើសំណើទាំងនេះដែរ។ ប្រភព ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា ការសម្រេចលើទឹកប្រាក់ជំនួយនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ក្នុងកិច្ចប្រជុំដែលនឹងមានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូនធ្វើជាអធិបតី។ លោកហ៊ុយ វណ្ណៈបញ្ជាក់ថា លោកមានជំនឿពីផលវិជ្ជមានពីកិច្ចប្រជុំជាមួយប្រទេសម្ចាស់ជំនួយនោះ។ «ការរំពឹងរបស់យើងគឺដោយសារតែលទ្ធផលដែលតុលាការធ្វើបាន ជាពិសេសគឺបញ្ចប់ទាំងស្រុងនូវសំណុំរឿង០០១ ប្រឆាំងឌុច។ ហើយយើងកំពុងតែបន្ដនូវដំណើរការក្ដីករណីសំខាន់ គឺការជំនុំជម្រះលើក្រុមមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម»។ សាលាក្ដីខ្មែរក្រហមត្រូវបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៦សម្រាប់កាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវស្ដីបន្ទោសចំពោះការស្លាប់ និងការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ រហូតមកទល់ពេលនេះសាលាក្ដីចម្រុះអង្គការសហប្រជាជាតិ និងកម្ពុជានេះចំណាយថវិកាអស់ជាង១៤០លានដុល្លារអាមេរិក។ បញ្ហាកង្វះថវិកាមិនមែនជារឿងថ្មីសម្រាប់សាលាក្ដីកូនកាត់នេះទេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |