VOA News: ព័ត៌មាន: “លោក​អនុ​ប្រធានាធិបតី​​ចិន​​​ជួប​ជាមួយ​​លោក​អូបាម៉ា​និង​​លោក​​បៃ​ដិន​នៅ​​ឯ​សេតវិមាន” plus 3 more

VOA News: ព័ត៌មាន: “លោក​អនុ​ប្រធានាធិបតី​​ចិន​​​ជួប​ជាមួយ​​លោក​អូបាម៉ា​និង​​លោក​​បៃ​ដិន​នៅ​​ឯ​សេតវិមាន” plus 3 more


លោក​អនុ​ប្រធានាធិបតី​​ចិន​​​ជួប​ជាមួយ​​លោក​អូបាម៉ា​និង​​លោក​​បៃ​ដិន​នៅ​​ឯ​សេតវិមាន

Posted: 14 Feb 2012 08:16 AM PST

លោក ហ្សី ជិនពីង (Xi Jinping) អនុប្រធានាធិបតី​ចិន នឹង​ជួប​សន្ទនា​នៅ​ថ្ងៃ​អង្គារ​នេះ ​​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ​នៅឯសេតវិមាន​ដោយ​គេ​រំពឹង​ថា​លោក​នឹង​អំពាវនាវ​ឲ្យ​មាន​វិធានការ​កសាង​​ទំនុក​ចិត្ត​​រវាង​​ប្រទេស​​ទាំង​ពីរ។

អនាគត​មេ​ដឹកនាំ​ប្រទេស​ចិន​រូប​នេះ នឹង​ចាប់ផ្ដើម​បើក​ការ​ចរចា​ពីរ​ម៉ោង ជាមួយ​លោក​អនុប្រធា​នា​ធិបតី ចូហ បៃឌិន (Joe Biden) រួច​នឹង​មាន​កិច្ច​ប្រជុំ​មូយ​នៅ​ក្នុង​ការិយាល័យ​ឯកជន​របស់​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា។ ប្រធានបទ​ដែល​អាច​នឹង​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​​ រួម​មាន​បញ្ហា​ទំនាស់​សេដ្ឋកិច្ច ​ ការ​ពង្រឹង​កិច្ច​ការពារ​ប្រទេស​ទៅ​វិញ​ទៅ​មក ​និង​បញ្ហា​សិទ្ធិ​មនុស្ស រាប់​ទាំង​រឿង​ព្រះសង្ឃ​ទីបេ​ដុត​ខ្លួន​ឯង​ជា​បន្ត​បន្តាប់​មក​នេះ​ផង​ដែរ។

នៅ​ក្រោយ​ពេល​អាហារ​ថ្ងៃ​ត្រង់​នៅ​ឯ​ក្រសួង​ការ​បរទេស ដែល​ធ្វើ​បដិសណ្ឋារកិច្ច​ដោយ​​លោក​ ចូ​បៃ​ឌិន​ និង​លោកស្រី​រដ្ឋមន្ដ្រី​ការបរទេស​ ​ហ៊ីល ​​ឡារី ​​គ្លីនតុន​ ​លោក ​ហ្សី​​កំណត់​​នឹង​​ទៅ​​ជួប​​ជាមួយ​​មន្ត្រី​​យោធា​នៅ​​ឯ​​មន្ទីរ​ប៉ងតាហ្គោន​ ហើយ​បន្ទាប់​មក​បើក​ការ​ចរចា​ជាមួយ​មេ​ដឹកនាំ​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក។

ព័ត៌មាន​អន្តរជាតិ​​សំខាន់​ៗ​ផ្សេងទៀត៖

ថៃ៖ មាន​ការ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​តិច​ពីរ​ដង បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​តំបន់​ជិតខាង​ទី​ក្រុង​បាងកក​ដ៏​មមាញឹក​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ ។ បណ្ដាញ​ព័ត៌មាន​ថៃ​និយាយ​ថា​មាន​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់​​ធ្ងរ។

អាស៊ី​ ៖ ក្រុម​អាជ្ញាធរ​មក​ពី​ប្រទេស​អាស៊ី​ចំនួន​១៣ បាន​ព្រមព្រាង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​កិច្ច​សហប្រតិបត្តិការណ៍​ឆ្លងដែន​ដើម្បី​ទប់​ស្កាត់​ការ​រត់​ពន្ធ​ដោយ​ខុស​ច្បាប់​លើ​សត្វ​ខ្លា​និង​ពពួក​សត្វ​ព្រៃ​ដែល​ហៀប​នឹង​ផុត​ពូជ​ដទៃ​ទៀត។

ឥណ្ឌា៖ មន្ដ្រី​នៃ​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​ ថ្លែង​ថា​គ្រាប់បែក​បាន​ផ្ទុះ​បំប៉ើង​រថយន្ដ​របស់​ស្ថានទូត​អ៊ីស្រាអែល​មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​កណ្ដាល​រដ្ឋធានី ញូវ ដែលី​ ពោល​គឺ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក្រោយ​ពី​គ្រាប់បែក​នោះ​បាន​ត្រូវ​ចង់​ភ្ជាប់​នឹង​រថយន្ដ​នោះ ​ស​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​វាយ​ប្រហារ​​នោះ​ប្រព្រឹត្ដ​ឡើង​ដោយ​អ្នក​ដែល​ត្រូវ​បាន​ហ្វឺកហ្វឺន​យ៉ាង​ស្ទាត់​ជំនាញ​ម្នាក់។

ជប៉ុន៖ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ជប៉ុន​និយាយ​ថា​ឃើញ​មាន​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​រញ្ជួយ​ដី​នៅ​ពេល​អនាគត នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូហ្សីម៉ា នៅ​ក្រោយ​ពេល​ការ​រញ្ជូយ​ផែនដី​ដ៏ខ្លាំង និង​មហា​រលក​យក្ស​ស៊ូណាមី ដែល​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​នោះ​កាល​ពី​ឆ្នាំ​មុន។

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី ​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង​ហូម​ដែល​ជា​ចំណុច​ផ្ទុះ​អំពើ​ឃោឃៅ​ ដោយ​បាញ់​គ្រាប់​ផ្លោង​យ៉ាង​ធ្ងន់ធ្ងរ មួយ​ថ្ងៃ​ក្រោយ​ពី​នាយក​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​បាន​និយាយ​ថា​បរាជ័យ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប​ក្នុង​ការ​ចាត់​វិធានការ ​បាន​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ​បាស្សា​ អាល​ អាសាដ​ រឹត​តែ​ខ្លាំង​ដៃ​ឡើង។

ចិន៖ សេចក្ដី​រាយការណ៍​ថ្មី​មូយ​បាន​ទស្សទាយ​ថា ​ប្រទេស​ចិន​នឹង​ចំណាយ​លើ​កិច្ចការ​ការពារ​ប្រទេស​ត្រឹម​ឆ្នាំ​២០១៥​នេះ ច្រើន​ជាង​ប្រទេស​ទាំងអស់​នៃ​តំបន់​អាស៊ី ប៉ាស៊ីហ្វីក​រួម​បញ្ចូល​គ្នា​ទៀត។

ចិន៖ អនុប្រធានាធិបតី​ចិន​ លោក ​ហ្សី​ ជិនពីង ​ដែល​បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ឡើង​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី​ពីរ​ ជា​កូន​អតីត​មេ​ដឹកនាំ​ចិន​មូយ​រួប​ដែល​បាន​ត្រូវ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្រោម​របប​ម៉ៅសេទុង។

ក្រិច៖ ប្រទេស​ក្រិក​និយាយ​ថា​នឹង​បើក​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ជំនួស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​លោក​នាយករដ្ឋ​មន្ដ្រី ​លូកាស់ ​ផាផាឌីមូស​ (Lucas Papademos) មូយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​បាតុករ​បាន​បះបោរ​ប្រឆាំង​នឹង​ប្រាក់​ចំណាយ​បន្ថែម និង​ការ​កាត់​បន្ថយ​ការងារ។

ចិន៖ មាន​ព្រះសង្ឃ​ក្មេង​ម្នាក់​ទៀត​ហើយ​ដែល​បាន​ដុត​ខ្លួន​ឯង នៅ​តំបន់​នីរតី​នៃ​ប្រទេស​ចិន ដែល​ជា​អ្វី​ដែល​សកម្មជន​ទីបេ​និយាយ​ថា ជា​យុទ្ធនាការ​កាន់​តែ​ខ្លាំង​ជា​ធ្លុង​មួយ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ចិន។បារ៉ែន៖ ប៉ូលីស​នៃ​ប្រទេស​បារ៉ែន បាន​បាញ់​គ្រាប់បែក​ចេញ​ទឹកភ្នែក និង​គ្រាប់បែក​សម្លេង​មក​លើ​ហ្វូង​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់​ ដែល​បាន​ព្យាយាម​កាន់កាប់​ទី​កន្លែង​សំខាន់​នៅ​កណ្ដាល​ក្រុង ម៉ាណាម៉ា ​នៅពេល​មួយ​ថ្ងៃ​មុន​ខួប​ទី​មួយ​នៃ​ការ​បះបោរ​តវ៉ា​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

បណ្តាញ​បុរស​កម្ពុជា​ខកចិត្ត​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ជម្លោះ​ដី​នៅ​បុរីកីឡា

Posted: 13 Feb 2012 05:35 PM PST

សមាជិក​បណ្តាញ​បុរស​កម្ពុជា ​ដែល​ជា​សម្ព័ន្ធ​បុរស​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង​១.០០០​នាក់​ ដែល​ធ្វើ​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង​ និង​អំពើ​ហិង្សា​លើ​ស្រ្តី​ បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​វិបត្តិ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ​និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន។

កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​កន្លង​ទៅ​នេះ ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​បាន​ប្រើប្រាស់​កម្លាំង​ប៉ូលិស ​និង​ប៉េអ៊ឹម ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ ​ខែល ​ដំបង់ឆក់ ​និង​រថយន្ត​បាញ់​ទឹក ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ ដោយ​មាន​ការ​បង្ហូរ​ឈាម។ ការ​បណ្តេញ​ចេញ​នៅ​ពេល​នោះ ​មន្ត្រី​អាជ្ញាធរ​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​រថយន្ត​បាញ់​ទឹក។ ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​បាន​តប​មក​វិញ​ដោយ​គប់​ដំថ្ម ​នឹង​សំបក​ដប​ចាស់ៗ។

មាន​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទទួលរង​របួស​បែក​ក្បាល​ហូរឈាម​ ហើយ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​បញ្ចប់ ​មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រាំបី​នាក់​យ៉ាង​តិច​ ត្រូវ​បាន​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​រួច​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ប្រាំបី​នាក់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ​រួច​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

ក្រុម​អ្នក​ស្រុក​បុរីកីឡា​ដែល​បាត់បង់​ផ្ទះ​សម្បែង​ បាន​ធ្វើ​បាតុកម្មជា​ច្រើន​លើក​ រហូត​ដល់​មាន​ការ​ដោះ​សំលៀក​បំពាក់​ចេញ ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង​ និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​អាគារ​ពីរ​បន្ថែម​ទៀត​ ផ្តល់​សំណង​ការ​ខូចខាត​បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ។

លោក ​ម៉ៅ ​ស៊ីហៀប ​លេខាធិការ​នៃ​បណ្តាញ​បុរស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​ពី​សហគមន៍​បុរីកីឡា ​ហាក់​បី​ដូច​ជា​ធ្ងន់ធ្ងរ​ដោយសារ​តែ​ស្រ្តី​ខ្មែរ​ ហ៊ាន​រហូត​ដល់​ដោះ​សំលៀកបំពាក់​របស់​ពួក​គេ​ចេញ ​ដើម្បី​តវ៉ា​រឿង​វិវាទ​ដីធ្លី​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា រឿងរ៉ាវ​ទាំង​នេះ​មិន​ដែល​ធ្លាប់​មាន​ទេ​នៅ​ក្នុង​សង្គម​ខ្មែរ។ ​លោក​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយ​តប​ និង​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​ទេ។

«ពី​ករណី​មួយ ​ទៅ​ករណី​មួយ ​ជាពិសេស​នៅ​ក្នុង​ប្លុក​បុរីកីឡា ​យើង​មិន​ទាន់​ឃើញ​ការ​ឆ្លើយតប​ណាមួយ​បែប​អហិង្សា ​និង​សមស្រប​សម្រាប់​ពួក​គាត់​នៅ​ឡើយ​ទេ​ គឺ​មិន​ទាន់​បាន​ឃើញ​យក​បញ្ហា​ហ្នឹង​មក​ជជែក​ជាមួយ​ពួក​គាត់​ដោយ​សន្តវិធី​នៅ​ឡើយ​ ជាជាង​ដោយ​ពួក​គាត់​ហ្នឹង​ឆ្លើយ​តប​ដោយ​ហិង្សា»។

លោក ​កើត​ ឆែ​ នាយករង​នៃ​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ទេ ​ដោយ​លោក​បាន​តម្រូវ​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដើម្បី​សាកសួរ​គាត់​វិញ​ ហើយ​លោក​មិន​ផ្តល់​ចម្លើយ​ទេ​នៅ​ពេល​ដែល​សាកសួរ​លោក​តាម​ទូរស័ព្ទ​ខ្សែ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សំខាន់ៗ​មួយ​ចំនួន​ និង​សាលាក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ។ ប្រជាពលរដ្ឋ​បាន​សរសេរ​ញត្តិ​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ដើម​សប្តាហ៍​នេះ​ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​គង់​ប្រថាប់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​ ដើម្បី​ទាមទារ​ឲ្យ​ព្រះអង្គ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំ ​និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត​ព្រមទាំង​ផ្តល់​សំណង​សម្រាប់​ការ​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួក​គេ៕

This posting includes an audio/video/photo media file: Download Now

ព្រះរាជអាជ្ញា​ថា​ខ្មែរ​ក្រហម​បាន​ធ្វើ​គោលនយោបាយ​មុន​ចូល​កាន់​អំណាច

Posted: 13 Feb 2012 04:50 PM PST

ក្រុម​ព្រះរាជអាជ្ញារង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បង្ហាញ​ថា ​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ មាន​ផែនការ​នយោបាយ​ជា​មុន​រួច​ជា​ស្រេច​មុន​នឹង​ច្បាម​យក​អំណាច​ ដោយ​ប្រដាប់​អាវុធ​ពី​របប​លោក​សេនា​ប្រមុខ​លន់ ​ណុល។ ការ​លើក​ឡើង​របស់​ក្រុម​សហព្រះរាអាជ្ញា​ធ្វើ​ឡើង​នៅ​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ជន​ជាប់​ចោទ​ទាំង​បី​នាក់​ដែល​មាន​នួន ជា អៀង សារី និង​ខៀវ សំផន ធ្លាប់​បាន​ដោះសារ​ជា​បន្ដបន្ទាប់​នៅ​ក្នុង​ពេល​កំពុង​កាត់ទោស​ជា​ហូរហែរ​ថា ​ពួក​ខ្លួន​មាន​ការ​ទទួល​ខុស​ត្រូវ​ដាច់ៗ​ពី​គ្នា ​និង​មិន​ដឹង​ពី​កិច្ចការ​នៃ​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត​ស៊ី​ជម្រៅ​ទេ។

ក្រុម​សហព្រះរាជអាជ្ញារង​បាន​បង្ហាញ​ឯកសារ​ជា​ច្រើន​ ដែល​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នានា​របស់​ប៉ុល ​ពត​ បង​ធំ​ទី​១ និង​ជា​មេស្ថាបនិក​របប​ខ្មែរក្រហម ​និង​សេចក្ដី​ថ្លែងការណ៍​របស់​ខៀវ ​សំផន​ ដែល​បង្ហាញ​ពី​ការ​ដឹកនាំ​ការងារ ​និង​ការ​គ្រប់គ្រង​អំណាច​នៅ​ក្នុង​ជួរ​ខ្មែរក្រហម។

លោក ​វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល (Vincent De Wilde D'Estmael) សហព្រះរាជអាជ្ញារង​បាន​ស្រង់​សម្តី​ប៉ុល ​ពត ​ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​គណបក្ស​កុម្មុយនិស្ដ​មួយ​ដែល​បង្ហាញ​ថា ​គណបក្ស​កុម្មុយនិស្ដ​របស់​​ខ្មែរក្រហម​បាន​សម្រេច​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​ពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹកនាំ ការ​លុប​បំបាត់​របប​មូលធន​ និង​សក្ដិភូមិ ​ការ​លុបបំបាត់​ទីផ្សារ​ និង​ការ​ចាយលុយ​ រួម​ទាំង​ការ​បង្កើត​សហករណ៍​ជា​ដើម។ ការ​ដឹកនាំ​ទៀត​សោត​នឹង​ត្រូវ​អនុវត្ត​តាម​ខ្សែ​បន្ទាត់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​មជ្ឈឹម។

«ថ្នាក់​ក្រោម​គោរព​ថ្នាក់​លើ។ បុគ្គល​គោរព​សមូហភាព។ ឯកជន​គោរព​អង្គការ។ អង្គការ​ថ្នាក់​ផ្សេងៗ​គ្នា​គោរព​អង្គការ​មជ្ឈឹម។ នេះ​ហើយ​គឺ​ជា​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​សំខាន់ៗ​នៃ​របប​នោះ»។

សហព្រះរាជអាជ្ញារង​សញ្ជាតិ​បារាំង​ដដែល​បញ្ជាក់​ថា ​ប៉ុល ​ពត ​បាន​ពន្យល់​ថា ​ការ​លុប​បំបាត់​ទីផ្សារ និង​ការ​មិន​ចាយលុយ​បន្ទាប់​ពី​បក្ស​កុម្មុយនិស្ដ​របស់​ខ្មែរក្រហម​យល់​ឃើញ​ថា ​ក្រុម​ឈ្មួញ​នឹង​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​ទៅ​លើ​ការ​ធ្វើ​បដិវត្តន៍ ការ​គ្រប់គ្រង​កងទ័ព​ និង​គ្រប់គ្រង​ប្រជាជន។ ​ហើយ​ការ​បន្ត​ឲ្យ​មាន​នយោបាយ​ពាណិជ្ជកម្ម​នឹង​បង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់​ការ​តស៊ូ​រំដោះជាតិ។

មួយ​វិញ​ទៀត វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល បញ្ជាក់​ថា ​ប៉ុល ​ពត ​យល់​ថា ​នៅ​ក្នុង​ពេល​កំពុង​ធ្វើ​សង្រ្គាម​ សហករណ៍​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​យ៉ាង​សំខាន់​ដល់​កម្លាំង​យោធា ​និង​សេដ្ឋកិច្ច ​និង​កម្លាំង​ដឹក​ជញ្ជូន។ នេះ​គឺ​ជា​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សហករណ៍​ក្នុង​ការ​ច្បាម​យក​អំណាច​ពី​ពួក​សក្ដិភូមិ​ និង​នាយទន់​ដែល​ពួក​ខ្មែរក្រហម​ចាត់​ទុក​ថា ជា​សត្រូវ​របស់​ប្រជាជន។ មួយវិញទៀត​ បន្ទាប់​ពី​សង្រ្គាម សហករណ៍​មាន​សមត្ថភាព​ផ្ដល់​ស្បៀងអាហារ​គ្រប់​វិស័យ​ដល់​ប្រជាជន​ថ្មី​ដែល​ទើប​ត្រូវ​បាន​រំដោះ​ក្រោយ​ពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥។

ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​ ចំពោះ​ការ​ស្លាប់ និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ នួន​ ជា ​បាន​ច្រានចោល​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង​ ហើយ​បាន​ពន្យល់​ថា ​ការ​មិន​ចាយ​លុយ​ ការ​លុប​បំបាត់​ទីផ្សារ​ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​មួយ​រយៈពេល​តែ​ប៉ុណ្ណោះ ​ហើយ​ការ​បង្កើត​សហករណ៍​គឺ​ដើម្បី​បង្កើន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ និង​បង្រៀន​មនុស្ស​គ្រប់​រូប​ឲ្យ​ចេះ​ធ្វើ​ការងារ។

ដោយឡែក​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​ខ្មែរក្រហម ​ព្យាយាម​មិន​ឆ្លើយ​នឹង​សំណួរ​ផ្សេងៗ ​នៅ​ក្នុង​ពេល​កំពុង​កាត់ទោស​រូបគាត់​ទេ។ ​រីឯ​ ខៀវ ​សំផន ​អតីប្រមុខរដ្ឋ​ខ្មែរក្រហម​បាន​ឆ្លើយ​ថា ​ខ្លួន​មិន​ដឹង​ពី​បញ្ហា​ជា​ច្រើន និង​បាន​ព្យាយាម​មិន​ធ្វើ​ការ​ឆ្លើយតប​នឹង​សំណួរ​ក្នុង​ខណៈ​នេះ។

លោក​ព្រះរាជអាជ្ញារង​កម្ពុជា ​ច័ន្ទ តារារស្មី ​បញ្ជាក់​ថា ​ឆ្លង​តាម​ការ​បង្ហាញ​ឯកសារ​បង្ហាញ​ថា ​ពួក​ខ្មែរក្រហម​បាន​បង្កើត​រចនា​សម្ព័ន្ធ​រដ្ឋបាល​មូលដ្ឋាន​ និង​ចាប់​ផ្ដើម​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធិភាព​ចាប់តាំង​ពី​ពួកខ្លួន​ស្ថិត​ក្នុង​ចលនា​តស៊ូ​ក្នុង​ព្រៃ​មក​ម្លេះ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​សហព្រះរាជអាជ្ញារង​កម្ពុជា​លោក ​វ៉េង ​ហួត ​បាន​បង្ហាញ​ថា ​ខៀវ ​សំផន​ បាន​តស៊ូ​ជាមួយ​ចលនា​ខ្មែរក្រហម​ជាង​ពីរ​ទសវត្សរ៍​ ហើយ​បាន​កាន់​ដំណែង​កំពូលៗ​ជា​ច្រើន​ ហើយ​គាត់​បាន​ដឹង​ឮ​យ៉ាង​ទូលំ​ទូលាយ​អំពី​សភាពការណ៍​មុនការ​ឡើង​កាន់​អំណាច ​និង​ការ​ប្រព្រឹត្ត​ក្នុង​តំបន់​រំដោះ និង​សកម្មភាព​ព្រៃផ្សៃ​របស់​ពួក​ខ្មែរក្រហម​ជា​ច្រើន៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ខេត្ត​កណ្តាល​ពន្យារ​ពេល

Posted: 13 Feb 2012 09:32 PM PST

តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្រេច​ពន្យារ​ពេល​ជា​លើក​ទី​២​ ក្នុង​ការ​សាកសួរ​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​រឿង​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ ​មាស ​ប៉េង ​ដែល​ជា​ជំទប់​ទី​២​ ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ឲ្យ​រត់​ពី​ការ​ឃុំឃាំង។

ការ​ពន្យារ​ពេល​របស់​តុលាការ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ពុំ​មាន​មេធាវី​ការពារក្តី​ទាំង​ប្រាំពីរ​រូប​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​គណៈមេធាវី​សម្រាប់​ការពារក្តី​លោក​ជួង ​ជួងី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ជួង ​ជួងី។

តុលាការ​ខេត្ត​កណ្តាល​បាន​ចេញ​បញ្ជា​ឲ្យ​លោក​ជួង ​ជួងី ​ចូល​ខ្លួន​ជា​លើក​ទី​២​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ​ក៏ប៉ុន្តែ​មេធាវី​ទាំង​ប្រាំពីរ​រូប​ពុំ​មាន​វត្តមាន​ទេ ​គឺ​មាន​តែ​មេធាវី​មួយ​រូប​តែ​ប៉ុណ្ណោះ ​គឺ​លោក​សុខ​ សំអឿន ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​ដែល​លោក​ជួង ​ជួងី ​ទើប​តែ​ជ្រើសរើស​ថែម​ម្នាក់​ទៀត​សម្រាប់​ការពារក្តី។

ការ​កោះហៅ​លោក​ជួង ​ជួងី ​ដែល​ជា​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ឲ្យ​លួច​រត់​នេះ ​មិន​អនុញ្ញាត​ឲ្យ​អ្នកយក​ព័ត៌មាន​ចូល​ស្តាប់​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ​ លើកលែង​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បាន​បង្ហាញ​មុខ​នៅ​ក្នុង​តុលាការ​ខេត្ត​កណ្តាល ​លោក​ជួង ​ជួងី​ បាន​ថ្លែង​ប្រាក់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា​ ដំណើរ​ការ​សាកសួរ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​គ្មាន​មេធាវី​គ្រប់គ្រាន់។

លោក ​ជួង ​ជួងី ​បាន​បញ្ជាក់​ទៀត​ថា លោក​មិនទាន់​ដឹង​ថា ការ​កោះហៅ​លើក​ទី​៣​នេះ​​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​ទេ។

«ខ្ញុំ​មិន​អាច​ផ្តល់​ចម្លើយ​បាន​ទេ​គឺ​ត្រូវ​រង់ចាំ​មេធាវី​ទាំង​ប្រាំបី​រូប​ ដែល​ប្រាំពីរ​រូប​គណៈមេធាវី​ចាត់​តាំង​ឲ្យ​ការពារ​ខ្ញុំ»។

លោក ពុធ ធាវី ​ប្រធាន​ក្រុម​មេធាវី​ទាំង​ប្រាំពីរ​រូប​ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​សមាជិក​គណៈមេធាវី​ឲ្យ​ការពារក្តី​លោក​ជួង ​ជួងី ​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​អាច​ចូលរួម​ការពារក្តី​នេះ​បាន​ទេ​ដោយសារ​តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ដីកាកោះ​ឲ្យ​ចូល​ការពារក្តី​លោក​ជួង ​ជួងី​ នៅ​ឡើយ។

«គាត់​ផ្ងើ​ដីកា​មក​ចូល​នៅ​ក្នុង​ប៉ុស្តិ៍​បឹងរាំង​ហើយ​ឲ្យ​ប៉ុស្តិ៍​បឹងរាំង​ យក​មក​ឲ្យ​គណៈមេធាវី​ខ្ញុំ​នៅ​ថ្ងៃ​សៅរ៍។ គណៈមេធាវី​ខ្ញុំ​ឥត​អាច​ទទួល​យក​បាន​ទេ។ អញ្ចឹង​ខាង​ប៉ូលីស​ប៉ុស្តិ៍ ក៏​ចារ​ទៅ​ត្រឡប់​ទៅ​ខាង​តុលាការ​វិញ។ ហើយ​ខ្ញុំ​បាន​ឲ្យ​កូន​ក្តី​ខ្ញុំ​ជួង ​ជួងី​នេះ​គឺ​យក​លិខិត​សុំ​ពន្យារពេល​ព្រឹកមិញ​នេះ។​ ដូច្នេះ​តុលាការ​ក៏​បាន​សម្រេច​តាម​ការ​ស្នើសុំ​របស់​កូនក្តី​ខ្ញុំ​ហើយ​ ដោយសារ​តែ​មិនមាន​ដីកាកោះ​អញ្ជើញ​ទទួល​ផ្ទាល់​ដៃ​របស់​គណៈមេធាវី​ទាំង​ប្រាំពីរ​រូប»។

លោក ​ស៊ិន​ វីរៈ​ ចៅក្រម​ស៊ើបសួរ​នៅ​តុលាការ​ខេត្ត​កណ្តាល​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក ​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ហៅ​ករណី​នេះ​ ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

«វា​ជា​រឿង​នយោបាយ​ពិត​ប្រាកដ ​ព្រោះ​មេធាវី​ អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ឲ្យ​គណបក្ស​សម​ រង្ស៊ី​ គឺ​មាន​តិចតួច​ណាស់។ ហើយ​អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ជូន​គណបក្ស​សម ​រង្ស៊ី ​និង​អ្នក​រងគ្រោះ​ដោយសារ​ដីធ្លី​ គឺ​ត្រូវ​តែ​បាន​គេ​ចោទ​ប្រកាន់​ឥត​ចេះចប់​ រហូត​មក​ទល់​ពេល​នេះ»។

កាល​ពី​អំឡុង​ឆ្នាំ​២០១១ ​តុលាការ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​លោក​មាស ​ប៉េង ​ជំទប់​ទី​២​ ឃុំ​បន្ទាយដែក​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​កាន់កាប់​អចលវត្ថុ​ដោយ​សុច្ចរិត​ នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ ​ជាមួយ​នឹង​លោក​ប្រាក់ ​សាវុធ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

តុលាការ​ខេត្ត​កណ្តាល​បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក​មាស ​ប៉េង ​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ក៏ប៉ុន្តែ​ត្រូវ​បាន​លោក​ជួង​ ជួងី ​បាន​ចោទ​ប្រកាន់​ថា​មិន​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​កូន​ក្តី​របស់ខ្លួន​បាន​ទេ ​រួច​ហើយ​បាន​បញ្ជា​ឲ្យ​លោក​ចាន់ ​ចេង ​នាំ​កូន​ក្តី​របស់​លោក​ទៅ​កាន់​លំនៅដ្ឋាន​វិញ។

លោក ​ចាន់ ​ចេង ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី​ ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ដើម្បី​បើក​ផ្លូវ​ស៊ើបអង្គេត​របស់​តុលាការ​ខេត្ត​កណ្តាល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​លោក ​មាស ​ប៉េង ​លួច​រត់​ដូច​លោក​ជួង​ ជួងី​ ដែរ។ លោក ​ចាន់ ​ចេង ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​បាន​បាត់បង់​ជា​សមាជិក​សភា​តំណាងរាស្ត្រ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!