VOA News: ព័ត៌មាន: “ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី” plus 3 more

VOA News: ព័ត៌មាន: “ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី” plus 3 more


ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី

Posted: 04 Feb 2012 09:03 AM PST

ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់​​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ឈាម​នេះ។

អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស ​ហើយ ​អាគារ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ចោល​។ ការ​បាញ់​គ្រាប់​ផ្លោង​ភាគ​ច្រើន​បាន​ធ្លាក់​ក្នុង​សង្កាត់ ខាលីឌីយ៉ា (Khalidiya) ក្នុង​ក្រុង​ហូម ដែល​មាន​ទឹក​ចិត្ត​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំងខ្លា។ ទីក្រុង​នោះ​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ស៊ីរី​ជិត​ព្រំដែន​ជាមួយ​ប្រទេស​លីបង់ ដែល​ជា​ចំណុច​ក្ដៅ​របស់​ក្រុម​ប្រឆាំង​របប​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​បះបោរ ដែល​ចាប់ផ្ដើម​អស់​ជិត ១១​ខែ​មក​ហើយ។

នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​កើន​ឡើង ក្រុម​ប្រឹក្សា​សន្ដិសុខអ.ស.ប​បាន​ថ្លែង​ថា​ខ្លួន​នឹង​បោះឆ្នោត​នៅថ្ងៃសៅរ៍​នេះ មក​លើ​សេចក្ដីសម្រេច​ដែល​បាន​ព្រាង​ទុក​លើ​ប្រទេស​ស៊ីរី។ រុស្ស៊ី​គម្រាម​នឹង​ដាក់​វេតូ​ប្រឆាំង​ទៅ​លើ​សេចក្ដីព្រាង​ដំបូង

ហើយ រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​ដំបូង​ដែល​មាន​ភាព​ធូលស្រាល ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ស៊ីរី។

ព័ត៌មាន​អន្តរជាតិ​សំ​ខាន់​ៗ​ដ៏ទៃទៀត​៖

អេហ្ស៊ីប៖ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប បាន​ចូល​ក្នុង​ថ្ងៃ​ទី​៣​ហើយ ស្របពេល​ដែល​ពួក​បាតុករ​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​ការ​ខ្វះ​ចំណាត់​ការ​​របស់​ពួក​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​នៃ​ការត់​ជាន់​គ្នា​ស្លាប់​ដ៏​ឃោរឃៅ​​នៅ​ឯ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​នៅ​ដើម​សប្តាហ៍​នេះ។

ស.រ.អា៖ យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជារ​ឲ្យ​តុលាការ​សឹក​យក​អ្នក​វិភាគ​របាយការណ៍​សម្ងាត់​ថ្នាក់​ទាប​ម្នាក់​ទៅ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​បញ្ចេញ​ឯកសារ​សម្ងាត់​​ទៅ​ឲ្យ​វីគីលីក (Wikileaks)។

អាហ្វហ្គានីស្ថាន៖ របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​​បាន​ឲ្យ​ដឹង​ថា​មាន​ជន​ស៊ីវិល​ជាង​៣​ពាន់​នាក់​​បាន​ស្លាប់​ក្នុ​ង​ជម្លោះ​​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ដ៏​អាក្រក់​បំផុត​​នៅ​ក្នុង​សង្គ្រាម​រាប់​ទសវត្សរ៍​មក​នេះ។

រុស្ស៊ី៖ គេ​រំពឹង​ថា​ពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​ម៉ឺន​នាក់​នឹង​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​រងា​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​នៅ​ថ្ងៃសៅរ៍នេះ​ដើម្បី​ចូលរួម​ក្នុង​អ្វី​ដែល​អាច​ជា​ការ​ធ្វើ​មិទ្ទិញ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​លើក​ដំបូង​នៃ​ឆ្នាំ​នេះ។

ស.រ.អា៖ ទីផ្សារ​មូលប័ត្រ​របស់​ស.រ.អា​បាន​ឡើង​ខ្ពស់​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​ពួក​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​បាន​រាយការណ៍​អំពី​កំណើន​ទី​ផ្សារ​ការងារ​ខ្លាំង និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ចុះទាប។

ស.រ.អា៖ ប្រធានាធិបតី​ស.រ.អា​លោក បារ៉ាក់ អូបាម៉ា បាន​ជំរុញ​សភា​ស.រ.អា​ឲ្យ​អនុម័ត​ទៅ​លើ​គំរោង​លំនៅឋាន​មួយ ដែល​លោក​ថ្លែង​ថា​នឹង​ជួយ​សន្សំ​ប្រាក់​ដល់​ម្ចាស់​គេហដ្ឋាន​រាប់ពាន់ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ខ្ចី​ប្រាក់​ទិញ​ផ្ទះ។

ប៉ាពូអាស៊ី នូវែលហ្គីណេ៖ នៅក្នុងប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ស្រង់​យក​សាកសព​មនុស្ស​៤​នាក់​ចេញ​ពី​សាឡាង​ដែល​បាន​លិច​កាល​ពី​ពីរ​ថ្ងៃ​មុន​នោះ នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​នេះ។ ពួក​អាជ្ងាធរ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​មាន​មនុស្ស​ប្រហែល​ជា​១០០​ទៀត​កំពុង​នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ។

អាហ្វ្រិក​ខាងត្បូង៖ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ មេ​ដឹកនាំ​យុវជន​ដែល​កំពុង​មាន​បញ្ហា​នៃ​សភា​ជាតិ​អាហ្រ្វិក (Afican National Congress) ដែល​កំពុង​កាន់​អំណាច បាន​ត្រូវ​គេ​រំពឹង​ថា​​នឹង​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​ថា​តើ​ការ​ប្តឹង​ឧទ្ធរណ៍​ពី​ការ​ព្យួរ​ចេញ​ពី​គណបក្ស​របស់​គាត់​បាន​ជោគជ័យ​ឬ​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ៊ីរ៉ង់​​គំរាម​លោក​ខាងលិច​បន្ទាប់ពីការ​ដាក់​ទណ្ឌកម្ម​ប្រេង

Posted: 04 Feb 2012 07:02 AM PST

អ៊ីរ៉ង់៖ មេដឹកនាំ​កំពូល​ អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khameni) របស់​អ៊ីរ៉ង់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​​អ៊ីរ៉ង់​​នឹង​ធ្វើ​ការ​សងសឹក​​ប្រឆាំង​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រេង​ដោយ​ប្រទេស​លោក​ខាង​លិច ​ហើយ​និង​គំរាម​កំហែង​វាយ​ប្រហារ​ នៅ​ពេល​សេចក្តី​រាយ​ការណ៍​ផ្សាយ​ព័ត៌មាន​អាមេរិក​មាន​ការ​ភ័យ​ខ្លាច​ថា​​អ៊ីស្រាអែល​​អាច​វាយ​ប្រហារអ៊ីរ៉ង់​ក្នុង​រយៈពេល​បីទៅ​បួន​ខែ​ខាង​មុខ​ទៀត​នេះ។

សូម៉ាលី៖ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ជាផ្លូវការ​​ដើម្បី​បញ្ចប់​​ភាព​អត់​ឃ្លាន​នៅសូម៉ាលី​ តែ​បាន​ព្រមាន​ថា​ ប្រជាពល​រដ្ឋ​ជិត​មួយ​ភាគ​បី​​របស់​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​នេះ​នៅ​ត្រូវ​ការ​ជំនួយ​ម្ហូប​អាហារ​នៅ​ឡើយ។

អេហ្ស៊ីប៖ អំពើ​ហិង្សា​​បាន​រាលដាល​នៅ​ពាសពេញ​​ទី​ក្រុង​នានា​​​កាល​ពី​ថ្ងៃ​សុក្រ​​ដែល​បាន​​សម្លាប់​មនុស្ស​​យ៉ាង​ហោចណាស់​៣​នាក់​ និង​៣០​នាក់​រងរបួល។ ​កំហឹង​របស់​ប្រជាជន​និង​ក្រុម​បាតុករ​លើ​អសមត្ថភាព​របស់​កង​កម្លាំង​សន្តិសុខ​​ដើម្បី​រារាំង​ការរត់​ជាន់​គ្នា​​ និង​ការស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​​ក៏​៧៤​នាក់​​ស្លាប់ក្នុង​ការ​ប្រកួត​បាល់​ទាត់​​កាល​ពី​ថ្ងៃ​សុក្រ​​បាន​វិវត្ត​ទៅ​ជា​បាតុកម្ម អំពាវនាវ​​ឲ្យ​ក្រុម​​ប្រឹក្សា​យោធា​​ប្រគល់​អំណាច​​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។

អាហ្វ​ហ្គា​នីស្ថាន៖ លោក អេនដឺ ហ្វក រ៉ាសមូលសេន (Anders Fogh Rasmussen) ​ ​អគ្គលេខាធិការ ​អង្គការ​អូតង់​ ​មាន​ប្រសាសន៍​ថា​​កង​ទ័ព​ចម្រុះ​​ នឹង​បន្ត​​ប្រយុទ្ធ​​ជាមួយ​កង​ទ័ព​​អាហ្វ​ហ្គា​នីស្ថាន ​​​នៅ​ពេល​ដែល​​ការ​ផ្ទេរ​ខាង​សន្តិសុខ​កើតមាន​ឡើងនៅអាហ្វ​ហ្គា​នីស្ថាន។

សហរដ្ឋអាមេរិក៖ ប្រាប់​ឲ្យ​ដឹង​ថា​ ទីផ្សារ​ការងារ​របស់​ខ្លួន​ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ការ​ងារ​២​សែន​៤ម៉ឺន​៣ពាន់​ បាន​ត្រូវ​​បង្កើត​​នៅ​ក្នុង​ខែ​មករា ហើយ​ថា​​អត្រា​អត់​ការងារ​ធ្វើ​របស់​ខ្លួន​ បាន​ធ្លាក់​មក​ត្រឹម​ 8,3 ​ភាគ​រយ​ដែល​​​ជាចំនួន​​ទាប​បំផុត​ក្នុង​រយៈពេល​​ជិត​៣​ឆ្នាំ​នេះ។

សហរដ្ឋអាមេរិក៖ នាយករដ្ឋ​មន្រ្តី​ ដេវីត ខាមេរ៉ន (David Cameron) និង​ភរិយា​របស់​លោក​គឺ​លោក​ជំទាវ​ សាម៉ាថា (Samatha) នៃ​ប្រទេស​អង់គ្លេស​​នឹង​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​​២​ថ្ងៃ​ជា​ផ្លូវ​ការ​​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​ទី​១៣ខែ​មិនា។

ស៊ីរី៖ ពួក​សកម្ម​ជន​រាយការណ៍​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១២​នាក់​បាន​ស្លាប់​ ​នៅ​ពេល​ដែល​​ការ​ប្រឆាំង​តវ៉ា​និង​ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​​ទូទាំង​ប្រទេស​ ​នៅ​ខណៈដែល​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​តស៊ូ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​ដើម្បី​ជួយ​​បញ្ចប់​ការ​បង្ហូរ​ឈាម​នោះ។

ប៉ាគីស្ថាន៖ មន្រ្តី​សន្តិសុខ​និយាយ​ថា​ពួក​កងជីវពល​បាន​វាយ​សង្គ្រប់​​ចំណុច​ឆែក​ឆេរ​របស់​កងទ័ព​​ក្នុង​តំបន់​ពាយ័ព្យនៅ​ប៉ាគីស្ថាន​បាន​សម្លាប់​ទាហាន​៧​នាក់​​និង​ធ្វើ​ឲ្យ​៣​នាក់​ទៀត​រង​របួស។

រុស្ស៊ី៖ មេដឹកនាំ​​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​បាន​បញ្ជា​ឲ្យ​បញ្ឈប់​វាយ​ប្រហារ​លើ​​ជន​ស៊ី​វិល។ លោក​ ដូកូ អឺម៉ារ៉ូវ (Doku Umarov) ​និយាយ​ថា​​ លោក​កំពុង​ជំរុញ​​ឲ្យ​ក្រុម​ទាំង​អស់​ធ្វើ​កិច្ច​ប្រតិបត្តិការណ៍​ពិសេស​​នៅ​​រុស្ស៊ី​​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ប្រជាពល​រដ្ឋ​សន្តិភាព។

This posting includes an audio/video/photo media file: Download Now

ឌុច​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​​ តែជន​រងគ្រោះ​​ខកចិត្ត​ដោយសារ​គ្មាន​សំណង​​សម្រាប់​ពួក​គេ

Posted: 03 Feb 2012 05:26 PM PST

ឌុច ​អតីត​ប្រធាន​គុក​ទួល​ស្លែង​ដ៏​ទារុណ​ក្នុង​របប​ខ្មែរក្រហម ​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​ នេះ​គឺ​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ក៏ប៉ុន្ដែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ខកខាន​ ក្នុង​ការ​សម្រេចលើ​ផ្ដល់​សំណង​តាម​ការទាមទារ​ជា​ច្រើន​របស់​ក្រុម​ជន​រងគ្រោះ។​

លោក​ចៅក្រម​គង់​ ស្រ៊ីម​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​អាន​សាលដីកា​ នៅ​ចំពោះ​មុខ​ ឌុច ​ដែល​ត្រូវ​នាំ​ខ្លួន​យក​មក​ដាក់​ក្នុង​រង្វង់​ក្រចកសេះ​ជា​លើក​ចុង​ក្រោយ។​

<!--AV-->

លោក​គង់ ​ស្រ៊ីម​បញ្ជាក់​ថា ​ការ​ដាក់​ទោស​នេះ​ដោយ​ផ្អែក​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច​ មាន​ភាព​ធ្ងន់ធ្ងរ​បំផុត។​

«ឧក្រិដ្ឋ​កម្ម​ដែល​កាំង ​ហ្គិចអ៊ាវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រឿង​ក្តី​នេះ​គឺ​ពិត​ជា​ឧក្រិដ្ឋកម្ម​មួយ​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ សម្រេច​ផ្តន្ទាទោស​កាំង ​ហ្គិចអ៊ាវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ត​ទៅ ​ដោយ​គិត​មក​ទល់​ពេល​នេះ។​ កាំង​ ហ្គិចអ៊ាវ​បាន​ទទួល​រង​ទោស​អស់​រយៈពេល​១២​ឆ្នាំ​ និង​២៦៩​ថ្ងៃ​ រួច​ហើយ»។​

មាន​អ្នក​ទោស​នៅ​មន្ទីរ​ស-២១​ ឬ​គុក​ទួលស្លែង​យ៉ាង​តិច​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មុន​នឹង​ត្រូវ​សម្លាប់​ចោល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

នេះ​គឺ​ជា​សាលដីកា​ស្ថាពរ​ដែល​មិន​អាច​ធ្វើ​ការ​ប្ដឹង​ជំទាស់​​ត​ទៅ​ទៀត​បាន​ឡើយ។ ​ឌុច​ ដែល​រុំ​ខ្លួន​ទៅ​ដោយ​អាវ​រងារ ​បាន​ឈរ​ក្នុង​រង្វង់​ក្រចកសេះ​ដោយ​ទឹក​មុខ​ស្ងួត ​និង​ស្រងូត​ស្រងាត់។​ តុលាការ​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​​ពិរុទ្ធ​ជន​រូប​នេះ​ថ្លែង​សម្តី​ចុង​ក្រោយ​នោះ​ទេ។ ​ឌុច​បាន​លើក​ដៃ​សំពះ​នៅ​ពេល​ដែល​ចៅក្រម​អាន​សាលដីកា​ចប់ ​ហើយ​គាត់​ត្រូវ​កង​សន្តិសុខ​​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ភ្លាម​ៗ​ដែរ។​

លោក​ចៅក្រម​គង់ ​ស្រ៊ីម​បាន​ប្រកាស​ថា ​ឌុច​នឹង​ត្រូវ​បន្ដ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលាក្ដី​ខ្មែរក្រហម​មួយ​រយៈ​ថែម​ទៀត​មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​របស់​រដ្ឋាភិបាល។​

កាំង ​ហ្គិចអ៊ាវ ​ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ អំពើ​មនុស្ស​ឃាត ​និង​ទារុណកម្ម។​ ឌុច​ត្រូវ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ​ឆ្នាំ​២០១០។ ​ក៏ប៉ុន្ដែ​ការ​ផ្តន្ទាទោស​នេះ​ត្រូវ​បន្ធូរបន្ថយ​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ​ ដោយ​ហេតុ​ថា ​ឌុច​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​យោធា​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ ​និង​ឌុច​បាន​ចូលរួម​សហការ​ជាមួយ​សាលាក្ដី​ខ្មែរក្រហម​បាន​យ៉ាង​ល្អ។​

ក៏ប៉ុន្ដែ​លោក​ចៅក្រម​គង់ ​ស្រ៊ីម​នៃ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បញ្ជាក់​ថា ​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​កំហុស​ផ្លូវ​ច្បាប់ ​ហើយ​ឧក្រិដ្ឋកម្ម​របស់​ឌុច ​មិន​គួរ​មាន​ស្ថាន​សម្រាលទោស​ណា​មួយ​ឡើយ។​

មន្ដ្រីទូត ​អតីត​កម្មាភិបាល​ខ្មែរក្រហម ​ព្រះសង្ឃ ​សិស្សានុសិស្ស ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​រយ​នាក់ ​បាន​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​កំណត់​ទោស​ឌុច​នេះ។ ​ដោយឡែក​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​បាន​ធ្វើ​ការ​ផ្សាយ​បន្ដផ្ទាល់​ផង​ដែរ។​

សហមេធាវី​របស់​ឌុច ​លោក​កង ​ឫទ្ធារី​បាន​ប្រតិកម្ម​ទៅ​លើ​ការ​បកស្រាយ​អំពី​អង្គ​ច្បាប់​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។​

«ខ្ញុំ​ពិបាក​អត្ថាធិប្បាយ​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ វា​មាន​បញ្ហា​ចម្រូងចម្រាស់​ការ​បកស្រាយ​ច្បាប់។​ ខ្ញុំ​ទើប​តែ​នឹង​ឮ​បទ​បញ្ញាត្តិ​ថ្មី ​ដែល​តុលាការ​កំពូល​បាន​បក​ស្រាយ​ថា​ កិច្ច​ព្រមព្រៀង​ អ.ស.ប. ​និង​រដ្ឋាភិបាល​កម្ពុជា​គ្រប​ដណ្តប់​លើ​កម្មាភិបាល​ខ្មែរក្រហម​ទាំង​អស់។ ​អញ្ចឹង​ឲ្យ​តែ​កម្មាភិបាល​ខ្មែរក្រហម​ ពី​ថ្ងៃ​ហ្នឹង​ទៅ​ ប្រុង​ខ្លួន​ឲ្យ​ហើយ​ទៅ។ ​ហើយ​មិនមែន​តែ​រឿង​០០៣ ​និង​០០៤​ទេ ​វា​អស់​រាប់​ពាន់​ករណី​ឯណោះ»។​

លោកស្រី​ជា ​លាង ​សហព្រះរាជអាជ្ញា​ជាតិ​ បាន​ថ្លែង​ភ្លាមៗ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា​ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​លុប​បំបាត់​និទណ្ឌភាព។​

«យុត្តិធម៌​ ក្រោយ​៣៣​ឆ្នាំ​ត្រូវ​បាន​មក​ដល់​ហើយ។ ​ខ្ញុំ​គិត​ថា​ និទណ្ឌភាព​ត្រូវ​បាន​លុប​បំបាត់»។​

ដៃ​គូ​របស់​លោកស្រី​ គឺ​លោក​សហ​ព្រះរាជអាជ្ញា ​អែនឌ្រូ ​ខេលី ​អធិប្បាយ​ថា ​នេះ​គឺ​ជា​ជោគជ័យ​របស់​ក្រុម​សហ​ព្រះរាជអាជ្ញា ​ដែល​បាន​ទាមទាម​ឲ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ផ្ដន្ទាទោស​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ចំនួន​៤៥​ឆ្នាំ។​

«យើង​ទទួល​បាន​ជោគជ័យ ​ហើយ​ខ្ញុំ​គិត​ថា ​ជន​រងគ្រោះ​អាច​សប្បាយ​រីករាយ​ចំពោះ​ការ​ដាក់ទោស​នេះ។ ​យើង​ទទួល​បាន​ការ​ផ្ដន្ទាទោស​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ទាមទារ​ទៅ​ទៀត»។​

ប្រទេស​បារាំង ​និង​ប្រទេស​ជប៉ុន​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ដោយ​អះអាង​ថា ​ប្រទេស​ផ្តល់​ជំនួយ​សូម​ចែក​រំលែក​មោទនភាព​នេះ​ជាមួយ​ប្រទេស​កម្ពុជា ​អង្គការ​សហប្រជាជាតិ ​និង​ប្រជាពលរដ្ឋ​កម្ពុជា។ ​ក៏ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​បាន​ឆ្លៀត​ក្រើន​រំឭក​ពី​ក្ដីប្រាថ្នា​របស់​ខ្លួន​ចង់​ឃើញ​ចៅក្រម ​មេធាវី​ និង​បុគ្គលិក​ទាំង​ពីរ​ភាគី​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ «លើក​កម្ពស់​ផ្នែក​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត»។​

លោក​ស្ដេហ្វេន ​រ៉េប ​ឯក​អគ្គរដ្ឋទូត​ផ្នែក​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកាស​សាលដីកា​នេះ ​ក៏​បាន​ចាត់​ទុក​ថា ​ការ​ផ្ដន្ទា​ទោស​ឌុច​ នៅ​ថ្ងៃ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។​

«ខ្ញុំ​គិត​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​សំណុំ​រឿង​ទី​មួយ ​និង​គឺ​ជា​សំណុំរឿង​ដ៏​មាន​សារសំខាន់​អាច​បិទ​បញ្ចប់។ ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ជំហាន​ដ៏​មាន​សារសំខាន់​សម្រាប់​យុត្តិធម៌ ​និង​ការ​ផ្សះផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ការ​ត្រឹមត្រូវ​ដែល​មាន​ការផ្ដន្ទាទោស​អស់​មួយ​ជីវិត»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ថា​ ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ចាប់។​

«ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៃ​អ.វ.ត.ក.​របស់​យើង​នេះ​ ពិត​ជា​បាន​រំលែក​នូវ​ការ​ឈឺ​ចាប់ ​ការ​សោក​សង្រែង​ទុក្ខ​លំបាក​វេទនា ​ដែល​ជន​រងគ្រោះ​យើង​បាន​ឆ្លង​កាត់»។​

ក៏ប៉ុន្ដែ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​សម្តែង​​ការ​ខក​ចិត្ត​ទៅ​វិញ​ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មិន​បាន​សម្រេច​ផ្ដល់​សំណង​​ច្រើន​សម្រាប់​ជន​រងគ្រោះ​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្រេច​ថា ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​សាលដីកា​នេះ​ រួម​ទាំង​បញ្ចូល​ឈ្មោះ​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ផ្នែក​នៃ​ការ​ផ្ដល់​សំណង។​

យោងតាម ​លោក​សហព្រះរាជអាជ្ញា ​អេនឌ្រូ ​ខេលី ​បាន​ឲ្យ​ដឹង​ថា​ តាម​ច្បាប់​ជាតិ​របស់​ប្រទេស​កម្ពុជា ​ឌុច​អាច​ស្នើសុំ​ការ​ដោះលែង​ទោស​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ទៀត​ គឺ​នៅ​ពេល​ដែល​ឌុច​ទទួល​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ ដោយ​គិត​ចាប់​ពី​ការ​ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៩៩​មក ​សរុប​បាន​ចំនួន​២០​ឆ្នាំ។​
ក៏ប៉ុន្ដែ​លោក​អេនឌ្រូ​ ខេលី​បញ្ជាក់​ថា ​នោះ​គឺ​ជា​នីតិ​វិធី​ស្មុគ្រស្មាញ​មួយ៕

This posting includes an audio/video/photo media file: Download Now

សាលក្រម​កាត់ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ត្រូវ​អបអរសាទរ

Posted: 03 Feb 2012 05:43 PM PST

លោក​ជុំ ​ម៉ី ​និង​លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១​ មាន​ទឹក​មុខ​ញញឹម​ញញែម ​បន្ទាប់​ពី​ការ​ស្តាប់​សាលដីកា​ជា​ស្ថាពរ​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

លោក​គង់ ​ស៊ីម ​ប្រធាន​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលដីកា​ជា​ស្ថាពរ​ឲ្យ​លោក​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​អំពើ​មនុស្ស​ឃាត​ និង​ការ​ធ្វើ​ទារុណកម្ម​ ដែល​មាន​មនុស្ស​ជាង​១២០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

<!--AV-->

លោក​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ មាន​ទឹក​មុខ​ស្ងួត​នៅ​ពី​មុខ​រង្វង់​ក្រចក​សេះ ​រួច​ហើយ​លោក​បាន​លើក​ដៃ​សំពះ​ បន្ទាប់​ពី​ការ​អាន​សាលដីកា​ចប់​ជា​ស្ថាពរ។​

សម្រាប់​លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ត្រូវ​បាន​ចោមរោម​សាកសួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​លោក​បាន​ដើរចេញ​ពី​បន្ទប់​សវនាការ។ ​លោក​ជុំ ​ម៉ី​បាន​និយាយ​ថា​ លោក​អបអរសាទរ​ចំពោះ​ការ​ប្រកាស​សាលដីកា​នេះ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​បាន​ស្ងប់​ចិត្ត។​

«អារម្មណ៍​ខ្ញុំ​ស្ងប់​ចិត្ត​ហើយ! ​ខ្ញុំ​សប្បាយ​ចិត្ត​ សប្បាយ​ចិត្ត​មែនទែន​ចំពោះ​សំណុំ​រឿង​០០១។​ មូល​ហេតុ​គឺ​ដោយសារ​សាលាក្តី​គឺ​ថា​ មាន​យុត្តិធម៌​ត្រឹមត្រូវ​មែន។ ​គេ​កាត់​ត្រឹមត្រូវ​ណាស់»។​

ចំណែក​លោក​ប៊ូ ​ម៉េង​ អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ផ្សេង​ទៀត​ ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​សម​តែ​ទទួល​ទោស​បែប​នេះ។​

«ដំណឹង​នេះ​ គឺ​ជា​ដំណឹង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អុជធូប​ ដើម្បី​បួងសួង​ជូន​ដំណឹង​នេះ​ទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​ផង ​និង​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ និង​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​ជីវិត​ជាង​មួយម៉ឺន​នាក់​នៅ​ក្នុង​គុក​ទួលស្លែង»។​

មិនមែន​តែ​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ទេ​ ដែល​បាន​ស្វាគមន៍​ការ​ប្រកាស​សាលដីកា​របស់​កាំង ​ហ្កេកអ៊ាវ​ ហៅ​ឌុច​នេះ​ ​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​ និង​អតីត​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ ស-២១នេះ​ ​ក៏​គាំទ្រ​សេចក្តី​សម្រេច​នេះ​ដែរ។​

លោក​ប្រាក់ ​ខន ​អាយុ​៥៨​ឆ្នាំ​ មក​ពី​ខេត្ត​តាកែវ​ អតីត​អ្នក​សួរ​ចម្លើយ​មួយ​រូប​នៅ​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​បាន​បញ្ជា​ឲ្យ​លោក​សម្លាប់​មនុស្ស​ច្រើន​ណាស់​ នៅ​ក្នុង​របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​អ្នក​ទោស​សារភាព​ថា​ ជា​ខ្មាំង​បង្កប់ ​និង​ភ្នាក់ងារ​របស់​វៀតណាម ​ភ្នាក់ងារ​កាស្ស៉េប៉េ ​និង​សេអ៊ីអា ​លោក​ត្រូវ​បាន​ឌុច​ ​បញ្ជា​ឲ្យ​សម្លាប់​ចោល។​

«ព្រោះ​កំហឹង​ការ​ឈឺចាប់​របស់​ខ្ញុំ ​ដែល​ខ្ញុំ​បាន​រស់​នៅ​ផ្ទាល់​ ធ្វើ​ការ​នៅ​ក្នុង​បេះដូង​ស-២១។ ​ខ្ញុំ​ដឹង​រឿងរ៉ាវ​ច្រើន​ណាស់។​ បើ​រឿង​ដាក់​អស់​មួយ​ជីវិត​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ។​ ហើយ​បើ​មិន​បាន​ដាក់​ដល់​ប៉ុណ្ណឹង​ទេ ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ»។​

អ្នកស្រី​គឹម​ ហួយ ​អាយុ​៦០​ឆ្នាំ ​មក​ពី​ខេត្ត​ពោធិសាត់​ ដែល​មាន​បង​ប្អូន​ចំនួន​១៩​នាក់​​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​និយាយ​ថា ​លោកស្រី​អរគុណ​​តុលាការ​ ដែល​បាន​រក​យុត្តិធម៌​ចំពោះ​សាច់​ញាតិ​របស់​លោកស្រី​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត។​

«វា​ល្អ​ហើយ ​ខ្ញុំ​ចង់​បាន​ដែរ ​ព្រោះ​ដឹង​ថា​ យុត្តិធម៌​ វា​សម្រាប់​ខ្ញុំ​ អ្នក​រងគ្រោះ។​ ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ពេល​ដែល​ឃើញ​តុលាការ​បាន​ជួយ​កាត់ទោស​រកយុត្តិធម៌​ដល់​ឪពុក​ម្តាយ​ខ្ញុំ​ ដែល​បាន​ស្លាប់​ទៅ។​ ខ្ញុំ​នៅ​រស់​​មាន​សេចក្តី​ស្ងប់​ដែរ​ ហើយ​គាត់​អ្នក​ស្លាប់​ ក៏​មាន​សេចក្តី​ស្ងប់​ដែរ»។​

សម្រាប់​លោក​ឡុង ​បញ្ញាវុធ​ មន្ត្រី​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សេរី​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ OSJI ​បាន​ចាត់​ទុក​ថា ​វា​គឺ​ជា​ការ​សម្រេច​ដ៏​ខុស​ឆ្គង​មួយ​របស់​តុលាការ​កំពូល។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ឌុច​បាន​ប្រព្រឹត្ត​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ក៏ប៉ុន្តែ​តុលាការ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ នៅ​ពេល​ដែល​គេ​ឃុំឃាំង​ឌុច​រហូត​ដល់​១២​ឆ្នាំ​ គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការការពារ​សិទ្ធិ​ជន​ជាប់​ចោទ។​

«នេះ​គ្រាន់​តែ​ជា​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ពីព្រោះ​អី ឥឡូវ​នេះ​យើង​សួរ​ថា​ តើ​ឌុច​អាច​ប្តឹង​ទៅ​តុលាការ​ជាតិ​ដែរ​ឬ​ក៏​អត់? ​ហើយ​បើ​សិន​ជា​តុលាការ​ជាតិ​ សម្រេច​ទូទាត់​សង​សំណង​ឌុច​នៅ​ពេល​ដែល​ឌុច​ឃុំ​ខ្លួន​នៅ​តុលាការ​យោធា ​និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នោះ សួរថា​តើ​ទូទាត់​គ្នា​ដូច​ម្តេច?​ តើ​សាលក្រម​មួយ​ណា ​មាន​សុពលភាព​លើ​សាលក្រម​មួយ​ណា?​ ​នេះ​គឺ​ជា​ការ​មួយ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ​ដែល​តុលាការ​កំពូល​ឥត​បាន​គោរព​ទៅ​ដល់​សិទ្ធិ​របស់​ជន​រងគ្រោះ ​និង​ជន​ជាប់​ចោទ»។​

លោក​នេត្រ ​ភត្រា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​មាន​ប្រសាសន៍​ថា​តុលាការ​បាន​ពិចារណា​ទៅ​តាម​អង្គ​ហេតុ​ច្បាស់​លាស់ ​មុន​នឹង​សម្រេច​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​លោក​នេត្រ​ ភត្រា ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ​នឹង​ទទួល​បាន​យុត្តិធម៌ ​ហើយ​ក៏​ជា​ជោគជ័យ​មួយ​សម្រាប់​ជន​រងគ្រោះ ​នឹង​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ផង​ដែរ។​

«មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​លើ​ការ​ផ្តន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​នេះ​ គឺ​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​ពិនិត្យ​យ៉ាង​ច្បាស់​លើ​បញ្ហា​ទាំង​ឡាយ​ ដែល​មាន​នៅ​ក្នុង​អង្គហេតុ​ ហើយ​ឌុច​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ជា​ឧក្រិដ្ឋកម្ម​ដ៏​ធំ​ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​មនុស្ស​ចំនួន​១២៣៨០​នាក់​ នៅ​គុក​ទួលស្លែង​ និង​នៅ​បឹងជើងឯក»។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ស្វាគមន៍​ការ​សម្រេច​ផ្តន្ទាទោស​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​ ថា​ជា​ការ​បិទ​សំណុំរឿង​០០១។ ​អង្គការ​ដដែល​បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​មួយ​ ដែល​យើង​អាច​ឃើញ​ថា​ តុលាការ​នេះ​កំពុង​ចាប់​ផ្តើម​ជួយ​ប្រកាស​អាសន្ន​អំពី​យុគ​សោដនាកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ ហើយ​យើង​ក៏ស្វាគមន៍​ដែរ​ថា ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​បាន​ទទួល​ស្គាល់​បន្ថែម​ទៀត។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សម្តែង​ការ​ខកចិត្ត​ដែរ ដោយហេតុ​ថា ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​មិន​បាន​សម្រេច​លើ​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមោហភាព​បន្ថែម​ទៀត។ ​តុលាការ​សាលាដំបូង​របស់​អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៣៥​ឆ្នាំ​ ក៏ប៉ុន្តែ​ទោស​កំហុស​នេះ​ត្រូវ​បាន​សម្រេច​បន្ធូរបន្ថយ​មក​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!