VOA News: ព័ត៌មាន: “តុលាការអ.ស.ប.បានកាត់ទោសប្រធានគុកខ្មែរក្រហមឱ្យជាប់ពន្ធនាគារអស់មួយជីវិត” plus 3 more |
- តុលាការអ.ស.ប.បានកាត់ទោសប្រធានគុកខ្មែរក្រហមឱ្យជាប់ពន្ធនាគារអស់មួយជីវិត
- បាតុករប៉ាឡេស្ទីនចោលស្បែកជើងនិងដុំថ្មទៅលើក្បួនរថយន្តលោកបាន គីមូន
- ជនជាតិខ្មែរនៅក្រុង Long Beach រៀនពីប្រជាធិបតេយ្យ និងរៀនចូលសញ្ជាតិ
- លោកឆាង យុមានបំណងរកយុត្តិធម៌តាំងពីលោកចាប់ផ្តើមបើកមជ្ឈមណ្ឌលឯកសារខ្មែរក្រហម
តុលាការអ.ស.ប.បានកាត់ទោសប្រធានគុកខ្មែរក្រហមឱ្យជាប់ពន្ធនាគារអស់មួយជីវិត Posted: 03 Feb 2012 07:56 AM PST តុលាការឧក្រិដ្ឋកម្មសង្គ្រាមគាំទ្រដោយអ.ស.ប.ក្នុងប្រទេសកម្ពុជាបានចេញដីកាឱ្យមេគុកសំខាន់ជាងគេនៃពួកខ្មែរក្រហមចំណាយពេលវេលាដែលនៅសេសសល់ក្នុងជីវិតរបស់គាត់នៅក្នុងពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មដែលតុលាការនេះនិយាយថាជា"ឧក្រឹដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកត់ត្រាទុក"។ សេចក្តីសម្រេចនេះបានបង្កើនសាលក្រមកាត់ទោសមួយរបស់តុលាការជាន់ទាបដែលបានកាត់ទោសឱ្យគាត់ជាប់គុកតែ១៩ឆ្នាំដែលបានត្រូវតវ៉ាដោយពួកព្រះរាជអាជ្ញាថាទោសនេះស្រាលពេក។ លោក គង់ ស្រ៊ីម (Kong Srim) ប្រធានក្រុមជំនុំជម្រះនេះបាននិយាយនៅពេលអានសាលក្រមនេះថាលោក កាំង ហ្គេច អ៊ាវ (Kaing Guek Eav) ហៅ ឌុច ជាបុគ្គលម្នាក់ដែល"សាហាវយង់ឃ្នង" ដែលសមនឹងទទួល"ទោសធ្ងន់បំផុតដែលមាន។" តុលាការនេះបានឱ្យដឹងថាឌុចបានមើលការខុសត្រូវ "រោងចក្រមរណៈ"មួយនៅឯគុកទួលស្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ហើយគាត់ជាអ្នកទទួលខុសត្រូវដល់ការស្លាប់នៃមនុស្សប្រមាណ១ម៉ឺន៤ពាន់នាក់។ ឌុចបានទទួលសារភាពអំពីមុខនាទីរបស់គាត់ក្នុងឧក្រិដ្ឋកម្មទាំងនេះ ក៏ប៉ុន្តែគាត់បានសុំឱ្យការលើកលែងទោសដោយនិយាយថាគាត់គ្រាន់តែបានទទួលបញ្ជាយ៉ាងតឹងរឹងពីពួកមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ប៉ុណ្ណោះ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ អេហ្ស៊ីប៖ ពួកមន្ត្រីសុខាភិបាលក្នុងប្រទេសអេហ្ស៊ីបបាននិយាយថាបាតុករ២នាក់ដែលខឹងសម្បានឹងកុបកម្មកីឡាបាល់ទាត់ដ៏ប្រល័យកាលពីថ្ងៃពុធនេះ បានត្រូវគេបាញ់ ហើយសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយពួកប៉ូលីសនៅក្នុងក្រុងស៊ឺស (Suez)។ អ.ស.ប/ស៊ីរី៖ នៅថ្ងៃសុក្រនេះ ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានពិចារណាអំពីសេចក្តីព្រាងលើសេចក្តីសម្រេចថ្មីមួយដើម្បីបញ្ឈប់ការបង្ហូរឈាមក្នុងប្រទេសស៊ីរីជាមួយវិសោធនកម្មមួយដែលបានត្រូវរៀបរៀងទ្បើងដើម្បីពុះពារទៅនឹងការជំទាស់របស់ប្រទេសរុស្ស៊ី។ ស៊ីរី៖ ក្រុមអ្នកសិទ្ធិមនុស្សមួយដែលមានមូលដ្ឋានក្នុងស.រ.អា.បាននិយាយថាពួកគេមានភស្តុតាងដែលថាកងកម្លាំងស៊ីរីបានចាប់ពួកក្មេងៗដែលមានអាយុត្រឹម១៣ឆ្នាំហើយបានធ្វើទារុណកម្មពួកគេនៅពេលសាកសួរចម្លើយ។ អូតង់/អាហ្វហ្គានីស្ថាន៖ នៅក្នុងការប្រជុំ២ថ្ងៃក្នុងក្រុងព្រុចសែល (Bruxelles) ពួករដ្ឋមន្ត្រីការពារប្រទេសនៃអង្គការអូតង់បានចូលរួមជាមួយស.រ.អា.និងប្រទេសបារាំងក្នុងការអំពាវនាវដល់កងកម្លាំងអាហ្វហ្គានីស្ថានឱ្យធ្វើការនាំមុខក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធទាំងអស់នៅក្នុងប្រទេសរបស់ពួកគេនៅត្រឹមឆ្នាំ២០១៣តទៅ--គឺមួយឆ្នាំមុនពេលកំណត់ដែលបានគ្រោងទុក។ សូម៉ាលី៖ អ.ស.ប.បានប្រកាសជាផ្លូវការអំពីការចប់គ្រោះទុរភិក្សក្នុងប្រទេសសូម៉ាលី ក៏ប៉ុន្តែបានព្រមានថាប្រជាពលរដ្ឋជិតមួយភាគបីក្នុងប្រទេសដែលយារយីដោយសារសង្គ្រាមមួយនេះនៅតែត្រូវការជំនួយម្ហូបអាហារជាបន្ទាន់។ <!--AV-->
This posting includes an audio/video/photo media file: Download Now |
បាតុករប៉ាឡេស្ទីនចោលស្បែកជើងនិងដុំថ្មទៅលើក្បួនរថយន្តលោកបាន គីមូន Posted: 02 Feb 2012 11:10 PM PST អ៊ីស្រាអែល៖ ក្រុមបាតុករ ផាឡេស្ទីន (Palestine) ប្រមាណ៤០នាក់ រួមទាំងញាតិសន្តានរបស់អ្នកទោស ផាឡេស្ទីន នៅក្នុងគុក អ៊ីស្រាអែលដែលមានកំហឹងនឹងនយោបាយរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) បានចោលស្បែកជើង ដំបង និងដុំថ្ម ទៅលើក្បួនរថយន្តលោក នៅពេលលោកចូលទៅបំពេញទស្សនកិច្ចដ៏ខ្លីមួយនៅតំបន់ កាហ្សា ស្រ្តីប (Gaza Strip) កាលពីថ្ងៃព្រហស្បតិ៍។ ប៉ាគីស្ថាន៖ ភាពតានតឹងនយោបាយដែលមានជាយូរមកហើយនៅប៉ាគីស្ថានបានចាប់ផ្តើមពុះកញ្ជ្រោលជាថ្មីឡើងវិញ នៅពេលដែលតុលាកាជាន់ខ្ពស់បំផុតរបស់ប្រទេសនេះហាក់ដូចជាកំពុងត្រៀមបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី យួសហ្វ រ៉ាហ្សា គីឡានី (Yousuf Raza Gilani) ចុះចេញពីតំណែងពីបទមិនស្តាប់បង្គាប់។ អាហ្វហ្គានីស្ថាន៖ មន្រ្តីកំពូលរបស់អង្គការអូតង់បានគាំទ្រផែនការមួយដែលនឹងប្រគល់មុខនាទីសន្តិសុខនាំមុខទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៣ មួយឆ្នាំមុនពេលដែលបានគ្រោងទុកជាមុន។ តែលោកបានព្រមានថាគ្មានផែនការនឹងចាកចេញពីប្រទេសនេះភ្លាមៗទេ។ អេហ្ស៊ីប៖ សកម្មជនបានចេញធ្វើបាតុកម្មនៅតាមផ្លូវកាលពីថ្ងៃព្រហស្បតិ៍ដើម្បីតវ៉ានឹងបរាជ័យរបស់កងនគរបាលក្នុងការធ្វើអន្តាគមន៍និងជៀសវាងអំពើហិង្សាក្នុងការប្រកួតកីឡាបាល់ទាត់មួយ ដែលបានបណ្តាលឲ្យមនុស្ស៧៤នាក់បាត់បង់ជីវិត និងធ្វើឲ្យរបួសមនុស្សជាច្រើនរយនាក់ទៀតនៅក្នុងទីក្រុងផត សេត (Port Said) នៅភាគខាងជើងប្រទេស។ កុងហ្គោ៖ លទ្ធផលបោះឆ្នោតផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោល (Congo) បង្ហាញថា គណបក្សរបស់លោកប្រធានាធិបតី ជូសឺផ កាប៊ីឡា (Joseph Kabila) បានឈ្នះអសនៈ៦៣ ចុះថយពី១១១ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា កាលពីខែវិច្ឆិកា តែគណបក្សរបស់គាត់នៅតែមានសំឡេងច្រើនជាងគេក្នុងរដ្ឋសភា។ សូម៉ាលី៖ លោករដ្ឋមន្រ្តីការបរទេសអង់គ្លេស វីលៀម ហេក (William Hague) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេសនឹងតែងតាំងឯកអគ្គរាជទូតទីមួយគឺលោកឯកអគ្គរាជទូត ម៉ាត់ ប៉ាជ (Matt Baugh) ទៅកាន់សូម៉ាលី ក្នុងមុខនាទីជាប្រេសិតជាន់ខ្ពស់ថ្មីរបស់ក្រុងឡុងដ៍។ សហរដ្ឋអាមេរិក៖ នាយកធនាគារកណ្តាលសហរដ្ឋអាមេរិចថ្លែងថា ឱនភាពថវិកាប្រចាំឆ្នាំដ៏មហិមារបស់រដ្ឋាភិបាល «មិនអាចទុកឲ្យនៅមានតទៅយូរបានទេ» ហើយធ្វើឲ្យមាន «ផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ» សម្រាប់ប្រទេស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ជនជាតិខ្មែរនៅក្រុង Long Beach រៀនពីប្រជាធិបតេយ្យ និងរៀនចូលសញ្ជាតិ Posted: 02 Feb 2012 08:07 PM PST ជនជាតិខ្មែរនៅរដ្ឋ California នឹងបានការជួយសម្រួលក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។ ដោយសារមានខ្មែរច្រើន ដូច្នេះសម្ភារៈបោះឆ្នោតមានសរសេរជាភាសាខ្មែរ។ នៅ Long Beach សិស្សខំរៀនការចូលសញ្ជាតិ។ វីអូអេខ្មែររាយការណ៍ពីក្រុង Long Beach រដ្ឋ California។ នៅសហគមន៍ខ្មែរក្រុង Long Beachនេះ ជនអន្តោប្រវេសន៍ខ្មែររៀនពីប្រជាធិបតេយ្យនៅអាមេរិក។ កម្មវិធីនេះជួយឲ្យគេមានសញ្ញាតផង បានបោះឆ្នោតប្រធានាធិបតីផង។ អ្នកស្រីសារា ផល្លីន នាយិកាប្រតិបត្តិសហគមខ្មែរក្រុង Long Beachនិយាយថា៖ «គេមិនគ្រាន់តែបានរៀនចូលសញ្ជាតិទេ គឺគេអាចចូលរួមសកម្មភាពពលរដ្ឋ រៀននិងយល់ដឹងពីដំណើរការបោះឆ្នោត និងសកម្មភាពនានាក្នុងនាមជាពលរដ្ឋ»។ នៅឆ្នាំនេះ ខ្មែរនៅទីនេះនឹងបានការជួយសម្រួល។ សហគមន៍ខ្មែរនៅទីក្រុងឆ្នេរខាងលិចនេះមានខ្មែរច្រើន ដែលនាំឲ្យគេសរសេរភាសាខ្មែរលើឯកសារបោះឆ្នោត។ ដូច្នេះអ្នកស្រីឡន វួចកំពុងខំរៀនណាស់។ «ខ្ញុំមកនៅទីនេះ អត់ចេះភាសាអង់គ្លេស គឺថា ពិបាកបន្តិច។ រាល់ថ្ងៃទៅរៀន ESL ចេះបន្តិចៗ។ ខ្ញុំចង់ចូលទៅបោះឆ្នោតនឹងគេដែរ ដើម្បីឲ្យដឹងថា គេបោះឆ្នោតហ្នឹងវាយ៉ាងម៉េច? ខ្ញុំមានអារម្មណ៍ដូចថា ភ័យផង សប្បាយផង ចង់ទៅបោះឆ្នោត តែខ្វះមិនទាន់បានចូលសញ្ជាតិ នៅកន្លះឆ្នាំទៀត។ រាល់ថ្ងៃខំរៀនឲ្យចេះទៅ ដើម្បីដាក់ឈ្មោះចូលសញ្ជាតិនឹងគេ»។ អ្នកស្រីវួចគិតថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជារៀបវារៈចម្បង ព្រោះសាច់ញាតិខ្លះបាត់បង់ការងារធ្វើ។ «កូនស្រីខ្ញុំកាលមុនធ្វើការនៅធនាគារ បានបីបួនឆ្នាំដែរ តែត្រូវអត់ការងារធ្វើគឺ អត់ការធ្វើឆ្នាំទៅម៉ិច ហើយកូនប្រសាក៏អត់ការធ្វើដែរ។ អត់ការធ្វើបីបួនប្រាំឆ្នាំហើយ។ ដល់អញ្ចឹងទៅ ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាទៅលេងស្រុកខ្មែរ។ ហើយមកវិញនឹងទៅរកការធ្វើ តែមិនដឹងរកបានឬអត់។ ពិបាកចិត្តពេកបានជាទៅលេងស្រុកខ្មែរ»។ ជួនកាលការរៀនសូត្រមានលក្ខណៈតានតឹង។ Michel Skidmore អ្នកជាស្ម័គ្រចិត្តនៅសហគមន៍ខ្មែរក្រុង Long Beach។ «ខ្ញុំគិតថា សំណួរខ្លះពិបាក និងស្មុគស្មាញបំផុត ឧទាហរណ៍ សំណួរថា តើរដ្ឋាភិបាលអាមេរិកបង្ហាញលទ្ធិប្រជាធិបតេយ្យពីររបៀបដូម្តេច? បើអ្នកសួរពលរដ្ឋអាមេរិកាំងតាមផ្លូវ មានមិនច្រើនទេដែល អាចឆ្លើយបាននោះ។ ផ្នែកល្អបំផុតគឺពួកគេចង់មករៀន។ ពេលគេធ្វើអ្វីខុសគឺអត់បញ្ហា គេសើច។ គេមកទីនេះ សប្បាយណាស់ អញ្ចឹងហើយបានថា នេះជារឿងល្អបំផុត»៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
លោកឆាង យុមានបំណងរកយុត្តិធម៌តាំងពីលោកចាប់ផ្តើមបើកមជ្ឈមណ្ឌលឯកសារខ្មែរក្រហម Posted: 02 Feb 2012 04:52 PM PST នាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា គឺលោកឆាំង យុ បានប្រាប់សាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានបំណងតាំងពីដើមរៀងមក ចង់ឃើញអតីតមេដឹកនាំខ្មែរក្រហមត្រូវនាំខ្លួនយកមកកាត់ទោស។ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងសវនាការសំណុំរឿង០០២ ដោយឆ្លើយតបទៅនឹងសំណួរមេធាវីអន្តរជាតិរបស់នួន ជា លោកជេពសឺ ផូវ(Japser Pauw)។ លោកឆាំង យុបានបញ្ជាក់ថា បំណងនេះគឺជាក្តីសង្ឃឹមរបស់លោក។ «ខ្ញុំមិនដែលអស់ក្តីសង្ឃឹមថា ថ្ងៃណាមួយនឹងមានតុលាការនេះ ដើម្បីយកមេដឹកនាំខ្មែរក្រហមមកកាត់ទោសទេ។ អញ្ចឹងតាំងពីដំបូងឡើយ គឺខ្ញុំគិតអីញ្ចឹង។ ហើយខ្ញុំដឹងខ្លួនឯងហើយថា ខ្ញុំមិនមែនជាតុលាការ មិនមែនជាចៅក្រម មិនមែនជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់។ អញ្ចឹងហើយ ខ្ញុំបានកម្រិតតួនាទីរបស់ខ្ញុំត្រឹមតែដើរប្រមែលប្រមូលឯកសារ ដើម្បីឲ្យសាធារណជន ឲ្យតុលាការមួយនេះ ធ្វើការវិនិច្ឆ័យទោស។ ខ្ញុំចង់ឲ្យមានតុលាការនេះនៅស្រុកខ្មែរ ដើម្បីវិនិច្ឆ័យទោសជនណាមួយ ដែលទទួលខុសត្រូវពីការកាប់សម្លាប់នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ»។ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានបញ្ជាក់ច្បាស់ៗ នឹងត្រង់ៗ ដល់មេធាវីអន្តរជាតិរបស់នួន ជា ថាលោកធ្លាប់បាននិយាយ និងសរសេរជាអត្ថបទគឺចង់ឲ្យអតីតបងធំទី២នៃរបបខ្មែរក្រហមរូបនេះត្រូវទទួលការវិនិច្ឆ័យទោស។ សេចក្តីអះអាងរបស់លោកឆាំង យុធ្វើឡើងនៅក្នុងពេលដែលអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបន្តស្តាប់សក្ខីកម្មរបស់លោកឈានចូលដល់ថ្ងៃទី២ ដើម្បីបញ្ជាក់ទៅលើយថាភាពនៃឯកសារ ឬភាពជាក់ច្បាស់អាចទុកចិត្តបាននៃឯកសារ ដែលមជ្ឈមណ្ឌលរបស់លោកបានផ្តល់ជូនសាលាក្តីខ្មែរក្រហម។ ឯកសារនេះត្រូវសាលាក្តីខ្មែរក្រហមយកទៅប្រើប្រាស់ជាភស្តុតាងសម្រាប់ធ្វើការចោទប្រកាន់ទៅលើជនជាប់ចោទនួន ជា អៀង សារី ខៀវ សំផន និងអៀង ធីរិទ្ធ នៅក្នុងសំណុំរឿង០០២នេះ។ ក៏ប៉ុន្តែក្រុមមេធាវីរបស់ជនជាប់ចោទបានតវ៉ាទៅលើយថាភាពនៃឯកសាររាប់រយពីមជ្ឈមណ្ឌលនេះ។ ដោយឡែក អៀង ធីរិទ្ធកំពុងតែឋិតនៅក្រៅក្របខណ្ឌនៃការកាត់ទោសនៅក្នុងពេលនេះ ដោយសារតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ សហមេធាវីអន្តរជាតិរបស់នួន ជា លោកជេពសឺ ផូវ(Japser Pauw)បានដេញដោលលោកឆាំង យុ យ៉ាងខ្លាំងក្លាអំពីចេតនារបស់លោកដែលចង់ឲ្យមានការចោទប្រកាន់ និងផ្តន្ទាទោសទៅលើកូនក្តីរបស់ខ្លួន ក៏ប៉ុន្តែត្រូវសហព្រះរាជអាជ្ញារងធ្វើការជំទាស់ជាច្រើនលើកច្រើនសារ ដោយសំអាងថា នេះគឺជាសំណួរចាកប្រធាន។ យ៉ាងណាក៏ដោយ លោកឆាំង យុបានទទួលស្គាល់ថា លោកបានចងក្រងឯកសារ មានបញ្ជីឈ្មោះមេដឹកនាំ និងកម្មាភិបាលខ្មែរក្រហមសរុបប្រមាណជា២០នាក់ ដែលអ្នកស្រាវជ្រាវជាន់ខ្ពស់បានបញ្ជាក់ថា ពួកគេបានជាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ដែលបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។ ឆ្លើយតបទៅនឹងសំណួររបស់សហមេធាវីអន្តរជាតិរបស់នួន ជា លោកឆាំង យុបញ្ជាក់ថា ការរៀបចំចងក្រងឯកសារនៅក្នុងមជ្ឈមណ្ឌលរបស់លោកគឺលោកចង់ដឹងពីខ្សែសង្វាក់នៃការសម្លាប់មនុស្ស ដែលការទទួលខុសត្រូវចំពោះរឿងនេះបានឋិតនៅក្នុងអាថ៌កំបាំង។ «ពីព្រោះយើងចង់ដឹងថា តើអ្នកណាសម្លាប់ប្រជាជនខ្មែរពីរលាននាក់។ នៅក្នុងការសម្ភាស៍របស់យើង មានមនុស្សប្រហែលជារាប់ពាន់នាក់។ គ្មាននរណាម្នាក់សោះឆ្លើយថា បានសម្លាប់មនុស្ស។ អញ្ចឹងយើងចង់ដឹង! បាទ យើងចង់ដឹងថា ប្រវត្តិសាស្ត្រ អ្នកណាបានធ្វើអំពើទាំងអស់នេះ»។ លោកឆាំង យុនឹងត្រូវចូលខ្លួនមកផ្តល់សក្ខីកម្មនៅអង្គជំនុំជម្រះសាលាដំបូងជាថ្មីម្តងទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |