VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ៣០ មករា ២០១២៖ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៣” plus 4 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ៣០ មករា ២០១២៖ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៣” plus 4 more


ហេឡូ​វីអូអេ ៣០ មករា ២០១២៖ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៣

Posted: 30 Jan 2012 09:13 AM PST

ការបោះ​ឆ្នោត​ព្រឹទ្ធ​សភា​សម្រាប់​នីតិកាល​ទីបី​ដែល​ជា​ការ​បោះ​ឆ្នោត​អសាកល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​អាទិត្យ​ហើយ​មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​ចូលរួម​ប្រកួត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៊ី​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​ទោះ​បី​ជា​ទិដ្ឋភាព​ទូទៅ​ត្រូវ​បាន​មន្រ្តី​រៀប​ចំ​ការបោះ​ឆ្នោត​វាយ​តម្លៃ​ថា​ដំណើរ​ការ​ទៅ​បាន​ល្អ​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទួល​បាន​ពាក្យ​បណ្តឹង​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដែរ​ពី​គណបក្ស​សម រង្ស៊ី​ទាក់ទង​នឹង​ការបោះ​ឆ្នោត​នេះ។

លោក យឹម សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី ចូលរួម​ពន្យល់​បន្ថែម​ពី​ជំហរ​របស់​គណបក្ស​សម រង្ស៊ី។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

សហ​មេធាវី​របស់​នួន​ជា ​ព្យាយាម​សាកសួរ​សាក្សី​ចម្រូងចម្រាស​ក្នុង​សវនាការ

Posted: 30 Jan 2012 08:21 AM PST

ក្រុម​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​រារាំង​មិន​ឲ្យ​សហ​មេធាវី​អន្ដរជាតិ​នៃ​ជន​ជាប់ចោទ​នួន​ ជា​ ធ្វើ​ការ​ចោទសួរ​ដេញដោល​លើ​សាក្សី​សក្ដានុពល​មួយ​រូប​ពាក់ព័ន្ធ​នឹង​ជន​ជាប់​សង្ស័យ​ចំនួន​ពីរ​នាក់​ក្នុង​សំណុំរឿង​០០៤។ ​សំណុំរឿង​នេះ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​យ៉ាង​រីករាលដាល​រវាង​ភាគី​កម្ពុជា​និង​ភាគី​អង្គការ​សហប្រជាជាតិ។

សហ​មេធាវី​របស់​ នួន ​ជា ​លោក​ ម៉ាយឃើល ​ផេសម៉េន​ (Michael Pestman) ​បាន​ព្យាយាម​ជជីក​សួរ​លើ​សាក្សី​ គឺ​អ្នកស្រី ​ប្រាក់​ យុត ​ពី​តួនាទី​របស់​តា អាន ​និង​អ៊ឹម ​ចែម ​ដែល​ជា​ជនជាប់​សង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​ទៀត​ដែល​សាលាក្ដី​ខ្មែរក្រហម​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ឡើយ។ ការ​ដេញ​តាម​សួរ​នេះ​ ដែល​លោក Pestman ចាត់​ទុក​ថា​ទាក់ទង​ទៅ​នឹង​សំណុំរឿង​០០២​ ដែល​កូន​ក្ដី​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​នោះដែរ​ ប៉ុន្ដែ​លោក​ចៅក្រម​ និល ​ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​ និង​លោក​ស្រី ស៊ីលវៀ ​ខាតរ៉ាយ ​(Silvia Cartwright )​ បាន​ជំទាស់​ថា ​សំណួរ​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាត់ទោស​សំណុំរឿង​០០២​ទេ។

«លោក​មេធាវី​យើង​បាន​ប្រាប់​ហើយ​ សំណុំ​រឿង​០០៣ ​និង​០០៤​ គឺ​ជា​រឿង​មួយ​ដោយ​ឡែក​ គេ​បាន​និង​រៀបចំ​ដាច់​ដោយ​ឡែក​ហ្នឹង​សំណុំរឿង​០០២។ អង្គ​ជំនុំជម្រះ​កំហិត​ការ​សួរ​ដេញ​ដោល​​ត្រឹមតែ​វិសាលភាព​ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គហេតុ​ដែល​ត្រូវ​ធ្វើ​សវនាការ​ក្នុង​សំណុំរឿង​០០២»។

យ៉ាងណា​ក៏ដោយ​លោក​ ម៉ាយឃើល​ ផេសម៉េន​ បាន​អះអាង​ថា​ លោក​ចង់​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​សំណុំរឿង​០០២ ​ក្នុង​ការ​តាំង​សំណួរ​លើ​សាក្សី​រូប​នេះ​ ប៉ុន្ដែ​លោកស្រី​ចៅក្រម​ ស៊ីលវៀ ​ខាតរ៉ាយ ​បាន​ឆ្លើយ​តប​ថា ​លោក ​ផេសម៉េន​ មាន​នាទី​ត្រឹមតែ​តំណាង​និង​ការពារ​ជនជាប់​ចោទ​នួន ជា​ តែ​ប៉ុណ្ណោះ​ ហើយ​បង្គាប់​ឲ្យ​រូប​លោក​បន្ដ​សំណួរ​ទាក់ទង​នឹង​កូនក្ដី​របស់​ខ្លួន​តទៅ​ទៀត។

អ្នក​ស្រី​ប្រាក់​ យុត​ អាយុ​៦៧​ឆ្នាំ ​គឺ​ជា​អតីត​សមាជិក​សភា​ខ្មែរ​ក្រហម ​និង​ជា​អតីត​សមាជិក​ភូមិភាគ​និរតី។ គាត់​បាន​បញ្ជាក់​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ​ថា ​គាត់​ធ្លាប់​បាន​ធ្វើការ​ជាមួយ ​តា អាន ​ប៉ុន្ដែ​មិន​បាន​ពន្លេច​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ជន​ជាប់​សង្ស័យ​រូប​នោះ​ឡើយ។

ក្រុម​សហ​មេធាវី​បរទេស​របស់​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ បាន​ព្យាយាម​ជា​ច្រើន​លើក​ច្រើនសារ​ក្នុង​ពេល​កន្លង​មក​ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ជ្រៀតជ្រែក​លើ​សាលាក្ដី​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​កូនក្ដី​របស់​ខ្លួន។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​បន្ដ​កាត់ក្ដី​ជនជាប់​ចោទ​បី​នាក់​ក្នុង​សំណុំរឿង​ទី​ពីរ ​រួម​មាន​ នួន ​ជា ​ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម ​និង​អៀង​ សារី​ អតីត​រដ្ឋមន្ដ្រី​ ការបរទេស ​ក្រោម​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ និង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កាន់កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​ ១៩៧៩។

នួន​ ជា​ នៅ​ថ្ងៃនេះ​ដែរ​ បាន​រៀបរាប់​ឡើងវិញ​ពី​គោលការណ៍​បង្កើត​សហករណ៍​ហូប​បាយ​រួម​ថា​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​កម្លាំង​ពលកម្ម​សម្រាប់​ចម្អិន​អាហារ​នៅ​តាម​គ្រួសារ​និមួយៗ​ ហើយ​កម្លាំង​ពលកម្ម​ទាំងនោះ​គឺ​ត្រូវ​ប្រមូល​ផ្ដុំ​លើ​ការ​ធ្វើ​កសិកម្ម។ នួន​ ជា ​ក៏​បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​ លោក ដេល​ លីហ្ស៊ាក់ ​ដែរ​ថា ​ការ​បង្កើត​របប​ហូបរួម​គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន។

ម្យ៉ាង​វិញ​ទៀត​ នួន ​ជា ​បញ្ជាក់​ថា ​ពួក​ខ្មែរក្រហម​បាន​អនុម័ត​ផែនការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​និង​ពី​ទីប្រជុំជន​មុន​ខ្លួន​ឡើង​កាន់​អំណាច​ដោយ​ខ្លាច​ការ​វាយ​បក​របស់​សហរដ្ឋ​អាមេរិក​ដែល​ បាន​គាំទ្រ​របប​លោក​សេនា​ប្រមុខ​លន់ ​ណុល​ និង​ដោយ​ភ័យ​ខ្លាច​នឹង​កងទ័ព​វៀតណាម​ដែល​ពួក​ខ្មែរក្រហម​ជឿ​ថា ​បាន​ចូល​បង្កប់​ក្នុង​ក្រុង​ភ្នំពេញ​រួច​ទៅ​ហើយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣០ មករា​ យប់

Posted: 30 Jan 2012 07:20 AM PST

ស៊ីរី៖ រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ដែល​ជួប​បញ្ហា​ចាក់​ច្រែះ​នោះ បាន​ការពារ​រដ្ឋធានី​របស់​ខ្លួន​ពី​ពួក​យុទ្ធជន​ឧទ្ទាម​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​នៅ​ពាសពេញ​ទីក្រុង​នេះ​ហើយ​មាន​ពួក​ទាហាន​ប្រមាណ​២០០០​នាក់​គាំទ្រ​ដោយ​កង​រថក្រោះ​និង​រថពាស​ដែក​បាន​ធ្វើ​ការ​វាយ​លុក​មួយ​ដើម្បី​វាយ​យក​តំបន់​ជាយ​ក្រុង​មក​វិញ។

អឺរ៉ុប៖ ពួក​មេដឹកនាំ​អឺរ៉ុប​បាន​កំណត់​នឹង​ពិភាក្សា​គ្នា​អំពី​បទ​បញ្ញត្តិ​ថ្មី​ៗ​សម្រាប់​ត្រួត​ពិនិត្យ​ឱនភាព​និង​មូលនិធិ​សង្គ្រោះ​មួយ​ដែល​បាន​ស្នើ​ឡើង នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​រិះរក​ដំណោះស្រាយ​មួយ​សម្រាប់​វិបត្តិ​ប្រាក់​បំណុល​ក្នុង​ទ្វីប​នេះ។

ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​នៃ​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា​កម្មករ​ចិន​២៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ពួកឧទ្ទាម​កាល​ពី​ថ្ងៃ​សៅរ៍​នា​ភាគ​ខាងត្បូង​នៃ​ប្រទេស​ស៊ូដង់​នៅ​តែ​ឋិត​ក្នុង​ការ​ឃុំឃាំង​នៅ​ទ្បើយ ស្របពេល​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ូដង់​បាន​និយាយ​ថា​ពួក​យោធា​បាន​រំដោះ​កម្មករ​បាន​១៤​នាក់​ហើយ។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​តាលីបង់​បាន​និយាយ​ថា​អ្នក​ចរចា​របស់​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​នឹង​ជួប​ប្រជុំ​ជាមួយ​ពួក​មន្ត្រី​ស.រ.អា.​នៅ​ក្នុង​ប្រទេស​កាតា ដើម្បី​ឱ្យ​មាន​កិច្ចពិភាក្សា​ជា​លំដាប់​មួយ ក្នុង​គោល​បំណង​កសាង​ទំនុកចិត្ត​រវាង​ភាគី​ទាំង​ពីរ​មុន​កិច្ច​ចរចា​សន្តិភាព​នៅ​ពេល​ខាង​មុខ​នេះ។

បាគីស្ថាន៖ ប្រទេស​បាគីស្ថាន​បាន​ដក​បម្រាម​ធ្វើ​ដំណើរ​លើ​អតីត​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ស.រ.អា.​ហើយ ដែល​បាន​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​រឿង​ទាក់ទិន​របស់​លោក​ជាមួយ​នឹង​អនុស្សារណៈ​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ដើម្បី​សុំ​ជំនួយ​ពី​អាមេរិក​ក្នុង​ការ​រារាំង​កុំ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា​ដូច​ដែល​បាន​អះអាង​មួយ។

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​៩​បន្ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

Posted: 30 Jan 2012 08:30 AM PST

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី​ដែល​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បន្ទាប់​ពី​មាន​សំឡេង​​ឆ្នោត​មួយ​សន្លឹក​ខុស​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​បាន​កើន​ឡើង​ពី​៣៣៦​សំឡេង​ទៅ​ជា​៣៣៧​សំឡេង។

លោកស្រី​ នួន ចាន់នី​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់​ឆ្នាំង​បាន​និយាយ​ថា ​បន្ទាប់​ពី​បាន​ប្រជុំ​ពិភាក្សា​លើ​បណ្តឹង​របស់​គណបក្ស​សម រង្ស៊ី លោក​ស្រី​បាន​ចាត់​ទុក​ថា​ពាក្យ​បណ្តឹង​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ទម្រង់​ច្បាប់​ទេ។

«ពាក្យ​បណ្តឹង​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ ​ពីព្រោះ​អី​ ជាក់​ស្តែង​យើង​ឃើញ​សន្លឹក​ឆ្នោត​អញ្ចឹង​មែន​ ហើយ​សន្លឹក​ឆ្នោត​ក៏​អត់​មាន​បាត់​ទេ ​គ្រាន់​តែ​ស៊ន​ (គូរ​ស្ទួន)​ តែ​នៅ​លើ​គំនូស​នៅ​លើ​ផ្ទាំង​ក្រដាស​ធំ​ទេ ​តែ​អនុប្រធាន​និង​លេខា​ដែល​គេ​កត់​នៅ​លើ​ទម្រង់​១១-០៨​នោះ ​គឺត្រឹម​ត្រូវ​របស់​គេ។ ​វា​ខុស​តែបន្តិច​ប៉ុណ្ណឹង​ទេ​លោក។»

គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​យូរ​ បាន​កើន​ឡើង​លើស​មួយ​សំឡេង​បន្ថែម​ទៀត

នៅ​ពេល​ដែល​រាប់​សន្លឹក​ឆ្នោត។ ​ពោល​គឺ​បាន​កើន​ឡើង​ពី​៣៣៦​សំឡេង​ទៅ​៣៣៧​សំឡេង​​ ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​៨៦​សំឡេង។

លោក​គួយ ប៊ុនរឿន ​អ្នក​តំណាងរាស្ត្រ​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា ​មាន​សន្លឹក​ឆ្នោត​មួយ​សំឡេង​ ដែល​មាន​ភាព​មិន​ស្មើ​គ្នា​ (មិន​ស្រប)​ នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ ក៏​ដូច​ជា​មិន​ស្មើ​គ្នា​នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​គេ​បាន​រាប់។ ​លោក​បាន​បញ្ជាក់​ថា​​ ការ​រក​ឃើញ​ចំនួន​ឆ្នោត​ដែល​បាត់បង់​មិន​បាន​បង្ហាញ​ភ្នាក់ងារ​របស់​គណបក្ស​សម រង្ស៊ី​ដែល​បាន​ចូល​រួម​អង្កេត​ការណ៍​ទេ។

«នេះ​ជា​ភាព​មិន​ប្រក្រតី​មួយ​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​បំពេញ​តួនាទី​ទៅ​តាម​ការ​កំណត់​អនុវត្ត​ទៅ​តាម​បទបញ្ជា​និង​ច្បាប់​ដែល​បាន​កំណត់​សម្រាប់​ការ​បោះ​ឆ្នោត»។

លោក​គួយ ប៊ុន​រឿន​បាន​លើក​ឡើង​ទៀត​ថា ​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​មួយ​ករណី​ទៀត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គ.ជ.ប.​ ប្រឆាំង​ជំទាស់​ទៅ​នឹង​អ្នក​ស្រី​នួន​ ចាន់នី​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​បង្ក​ការ​លំបាក​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត។

លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា​​ ការ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​គឺ​ជា​រឿង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​សិទ្ធិ​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​រិយាល័យ​បោះ​ឆ្នោត។ ​ក៏​ប៉ុន្តែ​មិន​មាន​សិទ្ធិ​បញ្ជា​ឬ​អនុវត្តន៍​ការងារ​ជំនួស​ការិយាល័យ​បោះឆ្នោត​ទេ។

«គ.ជ.ប.​អនុវត្ត​មាន​ច្បាប់​ មាន​នីតិវិធី​ មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​ក្រម​សីលធម៌។​ ហើយ​ករណី​នេះ​យើង​នឹង​ពិនិត្យ​មើល»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​អសកល​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​អាសនៈ​ចំនួន​៦១។

បន្ទាប់​ការ​បោះ​ឆ្នោត​រយះ​ពេល​មួយ​ថ្ងៃ​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំណាងរាស្រ្ត​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្រៅ​ផ្លូវការ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៨.៨៨០​សំឡេង​ គឺ​ស្មើ​ប្រមាណ​៧៨,០១%។ ​ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​២.៥០៣​សំឡេង​ គឺ​ស្មើ​នឹង​២១,៩៩%។

យោង​តាម​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​ក្រៅ​ផ្លូវការ​របស់​មន្ត្រី​គណបក្ស​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤៦​អាសនៈ ​ចំណែក​ឯ​គណបក្ស​សម រង្ស៊ី​បាន​កើន​ឡើង​ពី​២អាសនៈ​ទៅ​១១​អាសនៈ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣០ មករា​ ព្រឹក

Posted: 29 Jan 2012 07:21 PM PST

បារាំង៖ ប្រធានាធិបតី​ នីកូឡា សាកកូហ្សី (Nicolas Sarkozy) អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ពន្ធដារ​លើ​ទំនិញ​និង​សេវាកម្ម​ និង​ធ្វើ​​ការ​កាត់​បន្ថយ​ពន្ធដារ​លើ​ប្រាក់​បៀវត្សរ៍​របស់​ពួក​នយោជក។​

ភូមា៖ លោក​ស្រី​អង សានស៊ូជី​​ មេដឹកនាំ​​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​បាន​ឃោសនា​បោះឆ្នោត​នៅ​ខាង​ក្រៅ​រដ្ឋធានីរ៉ង់គូន ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​មុន​ការ​បោះឆ្នោត​ខែ​មេសា​ដែល​គេ​យល់​ឃើញ​ថា​ជា​ការសាកល្បង​សំខាន់​មួយ​អំពី​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមយោធា​ក្នុង​កំនែទម្រង់។

ស៊ីរី៖ មាន​អំពើ​ហិង្សា​មួយ​កើត​ឡើង​រវាង​ពួក​ទាហាន​រដ្ឋាភិបាល​និង​ពួក​សកម្មជន​ប្រឆាំង​ស៊ីរី​លើ​តំបន់​ជាយ​ក្រុង​មួយ​ចំនួន​នៃ​ក្រុង​ដាម៉ាស់ ​ដើម្បី​បណ្តេញ​ពួក​ឧទ្ទា​ម​ដែល​បាន​ខិតខំ​ព្យាយាម​បង្កើត​ទី​តាំង​មាំទាំ​មួយ​នៅ​ជិត​មជ្ឈមណ្ឌល​នៃ​អំណាច​របស់​ប្រធានាធិបតី​ បាសារ អាល​អាសាទ (Bashar al-Assad)។

ស៊ូដង់​ខាង​ត្បូង៖ បាន​បិទ​ការ​ផលិត​ប្រេង​ទាំង​អស់​នៅ​ពេល​ដែល​ជម្លោះ​របស់​ខ្លួន​ជាមួយស៊ូដង់​គ្មាន​បង្ហាញ​សញ្ញា​នៃ​ការ​ដោះស្រាយ​លើ​បញ្ហា ឬកិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បែង​ចែក​ផលប្រយោជន៍​ដែល​បាន​ពី​ផលិតកម្ម​ប្រេង នៅ​ពេល​ដែល​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ត្រួតត្រា​ជាង​៧០​ភាគរយ​នៃ​ផលិតកម្ម​ប្រេង​របស់​ប្រទេស​ទាំង​ពីរ  តែ​ត្រូវ​ការ​បំពង់ប្រេង​ដែល​ឆ្លង​កាត់​ប្រទេស​ស៊ូដង់​ដើម្បី​បញ្ជូន​ប្រេង​ទៅ​កាន់​កំពង់​ផែ។

អ៊ីរ៉ុង៖ ពួក​អធិការ​បរមាណូ​អង្គការសហប្រជាជាតិ​បាន​ចាប់ផ្តើម​បេសកកម្ម​មួយ​នៅ​អ៊ីរ៉ង់​ដើម្បី​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពី​ទំហំ​សម្ងាត់​ខាង​យោធានៃ​កម្មវិធី​បរមាណូ​អ៊ីរ៉ង់។

សហរដ្ឋអាមេរិក៖ ពួក​អ្នក​ធ្វើការ​ចរចា​តាលីបាន់​ចំនួន​៥​រូប​បា​ជួប​ជា​មួយ​ពួក​មន្ត្រី​ អាមេរិក​នៅកាតា ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​មួ​យ​ចំនួន​ដែល​មាន​គោលដៅ​កសាង​ការ​ទុក​ចិត្ត​គ្នា​និង​ប្រុង​ប្រៀប​រៀប​ចំ​ភាគី​ទាំង​ពីរ​សម្រាប់​កិច្ច​ចរចា​សន្តិភាព​ក្នុង​ពេល​ខាង​មុខ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!