VOA News: ព័ត៌មាន: “បាន គឺមូន ថាក្រុមប្រឹក្សាសន្តិសុខអ.ស.ប.យល់ពី«ភាពអាសន្ន»នៅស៊ីរី” plus 3 more |
- បាន គឺមូន ថាក្រុមប្រឹក្សាសន្តិសុខអ.ស.ប.យល់ពី«ភាពអាសន្ន»នៅស៊ីរី
- អ្នកបូរីកីឡានិងបឹងកក់ត្រូវចាប់ខ្លួនក្នុងការតវ៉ាឱ្យដោះលែងអ្នកតវ៉ាមុនៗ
- នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាអះអាងពីភាពត្រឹមត្រូវនៃឯកសារប្រមូលបាន
- ព័ត៌មានអន្តរជាតិវីអូអេ ១ កុម្ភៈ ព្រឹក
បាន គឺមូន ថាក្រុមប្រឹក្សាសន្តិសុខអ.ស.ប.យល់ពី«ភាពអាសន្ន»នៅស៊ីរី Posted: 01 Feb 2012 07:40 AM PST អង្គការសហប្រជាជាតិ/ស៊ីរី៖ អគ្គលេខាធិការអ.ស.ប លោក បាន គីមូន បានថ្លែងថាក្រុមប្រឹក្សាសន្ដិសុខបានទទួលស្គាល់អំពីភាពបន្ទាន់នៃសភាពការណ៍ក្នុងប្រទេសស៊ីរី ខណៈពេលដែលប្រជាជាតិអារ៉ាប់ និងបស្ចិមប្រទេសជំរុញដល់ក្រុមប្រឹក្សាសន្តិសុខឲ្យអនុម័តសេចក្ដីសម្រេចមួយដែលអំពាវនាវឲ្យប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ចុះចេញពីតំណែង។ ប្រេសិតរុស្ស៊ីទៅកាន់សហភាពអឺរុប និយាយថា លោកមើលឃើញថានឹងមិនមានឱកាសណាមួយទេដែលក្រុមប្រិក្សាសន្ដិសុខអសប អាចអនុម័តលើសេចក្ដីសម្រេចអំពីស៊ីរីទេ ខណៈដែលក្រុមអារ៉ាប់និងបស្ចឹមប្រទេសខិតខំរុញច្រានឲ្យចាត់វិធានការដើម្បីបញ្ឈប់អំពើឃោរឃៅនៅក្នុងប្រទេសស៊ីរី។ លោក Vladimir Chizhov ថ្លែងប្រាប់បណ្ដាញព័ត៌មានរុស្ស៊ី Interfax កាលពីថ្ងៃពុធថាសេចក្ដីស្នើនោះមិនមានមាត្រាគន្លឹះ ហើយមិនអាចធ្វើអន្ដរាគមន៍យោធាបានឡើយ។ សេចក្ដីអត្ថាធិប្បាយនោះមិនស្របទៅនឹងគំនិតរបស់រដ្ឋមន្ដ្រីការបរទេសអង់គ្លេសលោក William Hague ដែលបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្ដិសុខកាលពីថ្ងៃអង្គារថា សេចក្ដីសម្រេចចិត្ដនោះមិនអំពាវនាវឲ្យមានវិធានការយោធាទេ ហើយអាចប្រើយោធាបានលុះត្រាតែបានត្រូវអនុញ្ញាត។ ព័ត៌មានដទៃទៀត៖ អាមេរិក៖ បេក្ខជនប្រធានាធិបតិលោក មិត រមនី (Mitt Romney) បានត្រូវលើកទឹកចិត្ដយ៉ាងខ្លាំងនៅក្នុងការប្រកួតយកការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដោយបានទទួលជោគជ័យលើសលប់ក្នុងរដ្ឋផ្លរីដា (Florida) កាលពីថ្ងៃអង្គារ។ អ៊ីរ៉ង់៖ ប្រធានអធិការកិច្ចរបស់ទីភ្នាក់ងារនុយក្លេអ៊ែរអ.ស.ប បានថ្លែងថា«នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ» ជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ក្រោយពីបានធ្វើការចរចាយ៉ាងមមាញឹកអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ អស់រយៈពេលបីថ្ងៃកន្លងមក។ សេណេហ្គាល់៖ ពួកមន្ដ្រីនៃប្រទេសសេណេហ្គាល់ (Senegal) បាននិយាយថា មានមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរត្រូវបានគេសម្លាប់កាលពីថ្ងៃអង្គារ ខណៈដែលប៉ូលិសកុបកម្មប្រដាប់ទៅដោយបំពង់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកបានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលកំពុងអំពាវនាវឲ្យប្រធានាធិបតីអាយុ៨៥ឆ្នាំ លោក អាប់ឌូឡាយេ វ៉ាដេ (Abdoulaye Wade) ឈប់ឈរឈ្មោះបោះឆ្នោតក្នុងអាណត្ដិទីបីតទៅទៀត។ អាមេរិក/អេហ្ស៊ីប៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍នៃប្រទេសអេហ្ស៊ីបបានបញ្ជូនមកវិញនូវសារលិខិតមួយច្បាប់របស់ឯកអគ្គរដ្ឋទូតស.រ.អា. ដែលបានស្នើឲ្យអាជ្ញាធរអេហ្ស៊ីបលប់ចោលបម្រាមមិនឲ្យធ្វើដំណើរលើពលរដ្ឋអាមេរិកាំង ដែលធ្វើការជាមួយក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនានាក្នុងប្រទេសនេះ។ ចិន៖ វិស័យកម្មន្តសាលរបស់ប្រទេសចិនគឺឃើញមានភាពប្រសើរឡើងបន្តិចហើយនៅខែមករានេះ ជាខែទីពីរជាប់គ្នាហើយដែលបង្ហាញពីភាពវិជ្ជមាននោះ។ ការណ៍នេះបង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោកមួយនេះ នឹងមិនរងគ្រោះធ្ងន់ធ្ងរទេពីភាពជាប់គាំងនៃសេដ្ឋកិច្ចពិភពលោក។ អាមេរិក៖ ក្រុមឯកជននៅក្នុងសហរដ្ឋអាមេរិកដែលចំណាយប្រាក់ច្រើនលានដុល្លារ នៅក្នុងយុទ្ធនាការឃោសនាសម្រាប់តំណែងប្រធានាធិបតីស.រ.អ. បានចេញមុខប្រាប់ឈ្មោះរបស់ខ្លួនដោយបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកាំងមួយចំនួនតូចបានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតដណ្ដើមកន្លែងប្រធានាធិបតី។ ចិន៖ ពលរដ្ឋរស់នៅក្នុងតំបន់រំជើបរំជួលនៃភាគខាងត្បូងប្រទេសចិន វូកន (Wukan)បានចាប់ផ្ដើមដំណើរការជ្រើសតាំងប្រធានភូមិថ្មីរបស់ខ្លួន ដែលគេមើលឃើញថាជាជ័យជម្នះដ៏កម្ររបស់ក្រុមបាតុករនិងសកម្មជនសិទ្ធិមនុស្ស នៅក្នុងប្រទេសដែលកាន់អំណាចផ្ដាច់ការនោះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកបូរីកីឡានិងបឹងកក់ត្រូវចាប់ខ្លួនក្នុងការតវ៉ាឱ្យដោះលែងអ្នកតវ៉ាមុនៗ Posted: 01 Feb 2012 07:36 AM PST សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅថ្ងៃពុធនេះថា យ៉ាងតិចមានប្រជាពលរដ្ឋអតីតតំបន់បុរីកីឡា និងតំបន់បឹងកក់ចំនួនប្រាំមួយនាក់ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ និងមន្ត្រីប៉ូលិសបានចាប់ខ្លួនភ្លាមៗ រួចហើយបានយកទៅឃុំឃាំងនៅស្នងការប៉ូលិសក្រុងភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅពីមុខសាលាក្រុងភ្នំពេញ។ ប្រជាពលរដ្ឋដែលត្រូវគេចាប់ខ្លះបានស្រែកទ្រហ៊ោថា៖ «បងប្អូនអើយ គេចាប់ទៀតហើយ!!!»។ បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ការចាប់ខ្លួនបានកើតមានឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានឈរស្រែកតវ៉ានៅពីមុខសាលាក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋអតីតតំបន់កីឡាចំនួនប្រាំបីនាក់ ដែលបានចាប់ខ្លួនកាលពីដើមខែមករា។ ក្រុមអ្នកតវ៉ាមួយចំនួនដែលភាគច្រើនជាស្ត្រី បានដោះអាវ នឹងស្រាតខោ ដើម្បីប្រឆាំងជំទាស់ទៅនឹងមន្ត្រីមានសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ។ ក្រុមមន្ត្រីប៉ូលិសប្រដាប់ដោយខែល និងដំបងឆក់ជាច្រើនរាប់រយនាក់បានមកបំបែកការតវ៉ារបស់ក្រុមអ្នកស្រុកក៏ប៉ុន្តែប្រជាពលរដ្ឋបានតបតទៅវិញ ដោយគប់ដបទឹកសុទ្ធ នឹងយកសម្លៀកបំពាក់មកវាយតបនឹងសមត្ថកិច្ច។ ពួកគេបានស្រែកដាក់ក្រុមសមត្ថកិច្ចទាំងនោះថា៖ «មិនចេះខ្មាសគេទេ! មករករឿងប្រជាជន ទាំងរបាំងការពារទៀត ចំណែកឯប្រជាជនដៃទទេសុទ្ធសាធ»។ ការប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតរវាងអ្នកភូមិបុរីកីឡាជាមួយនឹងសមត្ថកិច្ចដោយមានការចូលរួមពីអ្នកភូមិបឹងកក់ផងនោះ ពុំមានរបាយការណ៍ណាមួយបង្ហាញពីអ្នករងរបួសទេ។ ក៏ប៉ុន្តែមានភូមិបុរីកីឡាចំនួន៥នាក់ និងអ្នកភូមិបឹងកក់ម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន។ លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធមនុស្សលីកាដូបានហៅការចាប់ខ្លួននេះគឺជារំលោភសិទ្ធិមនុស្ស និងមិនមែនជាដំណោះស្រាយទេ។ «រាជរដ្ឋាភិបាលលោកគួរតែរកដំណោះស្រាយមួយដ៏ល្អ ដើម្បីបង្ហាញដល់អន្តរជាតិក៏ដូចជាអាស៊ានថារដ្ឋាភិបាលយើង កំពុងតែមានចំណាត់ការល្អទាក់ទងទៅនឹងវិស័យសិទ្ធិមនុស្សនេះ»។ លោក កើត ឆែ នាយករដ្ឋបាលសាលាក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយណាមួយ ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកដែលបានសាកសួរអំពីមូលហេតុនៃការចាប់ខ្លួនប្រជាពលរដ្ឋទេ ដោយលោកគ្រាន់តែបញ្ជាក់តាមសំឡេងដើមថា៖ «ថាអ្នកឯងឃើញគេធ្វើអីហ្នឹង! គេធ្វើយ៉ាងម៉េច អ្នកឯងមើលតាមហ្នឹងទៅ។ គេចាប់យកទៅណាដឹងតាមហ្នឹងទៅ វិនិច្ឆ័យអីញ្ចឹងទៅ! លោកឯងឃើញគេធ្វើអីអត់? លោកឯងមានភ្នែកដែរ ខ្ញុំមានភ្នែកដែរ! ឃើញថាម៉េច និយាយអញ្ចឹងទៅ!»។ ក្រុមអតីតអ្នករស់នៅតំបន់បុរីកីឡាប្រមាណជាង១០០នាក់ បានមកដាក់ញត្តិសារជាថ្មីដល់សាលាក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋចំនួន៨នាក់ ដែលបានចាប់ខ្លួនកន្លងទៅនេះ។ ប្រជាពលរដ្ឋបាននិយាយថា ញត្តិដែលបានដាក់ជូនទៅសាលាក្រុងកាលពីលើកមុន មិនមានការឆ្លើយតប និងអើពើពីមន្ត្រីសាលាក្រុងភ្នំពេញទេ។ ពួកគេបានស្រែកអំពាវនាវដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឱ្យធ្វើអន្តរាគមន៍ក្នុងរឿងនេះ៖ «សព្វថ្ងៃហ្នឹងពួកខ្ញុំវេទនាណាស់! គ្មានទីជម្រកអីទាំងអស់! មានតែម្រាមដៃដប់ សូមអំពាវនាវឲ្យសម្តេចជួយ»។ កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ អ្នកភូមិបុរីកីឡា ត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញដោយបង្ខំលាយឡំជាមួយនឹងការប្រើប្រាស់អំពើហិង្សាយ៉ាងបំពាបំពាន។ ហើយក្រោយមកយ៉ាងតិចមានប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានរាយការណ៍មកថា ត្រូវបានចាប់យកទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េស្ស៊ី ក្រោមបទចោទប្រកាន់ថាជាប់ពាក់ព័ន្ធ និងការប្រើប្រាស់អំពើហិង្សា និងប្រឆាំងអ្នករាជការសាធារណៈ។ អ្នកភូមិបុរីកីឡា ក្រោយពីរងការបណ្តេញចេញដោយបង្ខំមានមួយចំនួនគ្មានទីជម្រក និងមួយចំនួនទៀតត្រូវបានដឹកជញ្ជូនយកទៅរស់នៅតំបន់ភ្នំបាតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងតំបន់ទួលសម្បូរណ៍ ក្នុងខណ្ឌដង្កោ ជាយក្រុងភ្នំពេញ៕ This posting includes an audio/video/photo media file: Download Now |
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាអះអាងពីភាពត្រឹមត្រូវនៃឯកសារប្រមូលបាន Posted: 01 Feb 2012 07:41 AM PST នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃពុធនេះបានបង្ហាញពីរបៀបរៀបចំឯកសារខ្មែរក្រហម សម្រាប់បង្ហាញពីភាពជឿជាក់ ខណៈដែលមេធាវីការពារជនជាប់ចោទបានជំទាស់នោះ។ នៅក្នុងអំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំកំពូល ខ្មែរក្រហមចំនួនបីនាក់ក្នុងសំណុំរឿង០០២ កាលពីខែមុន ក្រុមមេធាវីការពារក្តីនៃជនជាប់ចោទបានប្រឆាំងនឹងឯកសារភស្ដុតាង ជាច្រើននៅក្នុងនោះមានឯកសារដែលមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់ជូន សាលាក្ដីខ្មែរក្រហមផងដែរដោយពួកគេចោទសួរដេញដោលអំពីរបៀបប្រមូលឯកសារ វិភាគឯកសារ និងភាពគួរឲ្យជឿទុកចិត្តបានលើឯកសារទាំងនោះ។ លោក ឆាំង យុ ឆ្លើយទៅនឹងការចោទសួររបស់សហព្រះរាជអាជ្ញារងក្នុងការកាត់ក្ដីនៅថ្ងៃនេះថា មានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើឯកសារមុននឹងទទួលយកមករក្សាទុក។ «មុនដំបូងយើងត្រួតពិនិត្យលើពណ៌ឯកសារ ហើយយើងដឹងភ្លាមថា ឯកសារនោះចាស់ឬឯកសារថ្មី ទីពីរគឺមើលលើកាលបរិច្ឆេទ ទីបីមើលលើអ្នកនិពន្ធ និងទីបួនគឺអាចមើលខ្លឹមសារ»។ អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការចោទសួរដេញដោលលើនាយកមជ្ឈមណ្ឌលឯកសារកម្ពុជារយៈពេលពីរថ្ងៃក្នុងសប្ដាហ៍នេះពាក់ព័ន្ធនឹងការប្រមូលនិងរក្សាឯកសារ ដែលជាប្រយោជន៍ដល់ការជឿទុកចិត្តលើឯកសារទាំងនោះសម្រាប់យកមកប្រើជាឯកសារភស្ដុតាងក្នុងការកាត់ទោស។ លោក ឆាំង យុ បានឆ្លើយទៅនឹងសំណួររបស់សហមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីថា បុគ្គលិកមជ្ឈមណ្ឌលរបស់លោកបានចូលរួមចំណែកក្នុងការអានផ្ទៀងផ្ទាត់ឯកសារនិមួយៗ មុននឹងយកទៅតម្កល់ទុក។ «ឯកសារទាំងនេះមិនមែនអានតែខ្ញុំម្នាក់ឯងទេ។ បុគ្គលិកទាំងអស់អាន អ្នកផ្សេងទៀតអានដែរ។ ដូច្នេះយើងមានមនុស្សច្រើនដែលបានជួយធ្វើការអះអាង ឬសំអាងថា នេះពិតជាឯកសារមកពីរបបកម្ពុជាប្រជាធិបតេយ្យមែន»។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលផ្ដុំនូវឯកសារដែលទាក់ទងនឹងរបប ខ្មែរក្រហមចំនួនជិតមួយលានឯកសារ។ ដោយឡែក ឯកសារប្រមាណជា៥០០.០០០ឯកសារត្រូវគេដឹងថា ត្រូវបានប្រគល់ជូនសាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាង។ លោក ឆាំង យុ បានបញ្ជាក់ថា ការចងក្រងឯកសារនៅក្នុងមជ្ឈមណ្ឌលរបស់លោកក្នុងបំណង «ផ្សះផ្សារអតីតកាល» ជាពិសេសគឺចង់ឲ្យមានតុលាការមួយសម្រាប់វិនិច្ឆ័យលើអតីតកាលនោះ សម្រាប់ជាកេរដំណែលដល់យុវជនជំនាន់ក្រោយប្រើប្រាស់សម្រាប់ការរៀនសូត្រ និងគឺជាការរក្សាឯកសារសម្រាប់ជួយគាំទ្រដល់ការទប់ស្កាត់អំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ អំពើប្រល័យពូជសាសន៍ដែលលោក ឆាំង យុ ប្រាប់តុលាការថា គឺជា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។ ក៏ប៉ុន្ដែលោកបានធានាថា គោលការណ៍ខាងលើនេះមិនបានជះឥទ្ធិពលលើយថាភាព ឬភាពជាក់ច្បាស់គួរឲ្យជឿទុកចិត្តបានរបស់ឯកសារដែលប្រមូលទុកនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១ កុម្ភៈ ព្រឹក Posted: 01 Feb 2012 09:09 AM PST សេនេហ្គាល់៖ មនុស្សរាប់សែននាក់នៅសេនេហ្គាល់បាននាំគ្នាដើរតវ៉ាដោយសន្ដិវិធី នៅក្នុងទីក្រុងដាការដោយអំពាវនាវដល់ប្រធានាធិបតី អាប់ឌុលឡាយេ វេឌ Abdoulaye Wade ឲ្យឈប់ឈរឈ្មោះបោះឆ្នោតដើម្បីអាណត្ដិទីបី។ សហរដ្ឋអាមេរិក៖ នាយកអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកកាលពីថ្ងៃអង្គារបានជម្រាបប្រាប់រដ្ឋសភាការប៉ាន់ស្មានរបស់ខ្លួនអំពីការគម្រាមកំហែងមកលើសន្ដិសុខអាមេរិកនៅជុំវិញពិភពលោក។ កូរ៉េខាងជើង៖ មានកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចម៊ីស៊ីលជាការគម្រាមធ្ងន់ធ្ងរមកលើសន្ដិសុខនៃតំបន់អាស៊ីខាងកើត។ អាហ្វហ្គានីស្ថាន៖ ក្រុមបះបោរតាលីបានបាត់បង់ដែនដីរបស់ខ្លួនខ្លះ តែនៅអត្ថិភាពហើយអាចតទល់ប្រឆាំងបំណងអាមេរិកនិងអន្ដរជាតិ។ ប៉ាគីស្ថាន៖ មេដឹកនាំយោធាប៉ាគីស្ថានមិនមានជោគជ័យទេក្នុងការប្រឆាំងនឹងរបស់ក្រុមអាល់កៃដា ក្រុមប្រយុទ្ធសេរី និងក្រុមឧទ្ទាម។ ឥណ្ឌា៖ ឥណ្ឌាបានសម្រេចនឹងទិញយន្ដហោះចម្បាំង១២៦គ្រឿងពីក្រុមហ៊ុនយន្ដហោះបារាំង ដាសូល Dassault មានទឹកប្រាក់១ពាន់១រយលានដុល្លារ។ នេះជាកិច្ចសន្យាទិញអាវុធធំបំផុតក្នុងពិភពលោក។ ស៊ីរី៖ រុស្ស៊ីចេញសេចក្ដីព្រមានដល់បស្ចឹមប្រទេសនិងកិច្ចប្រឹងប្រែងអារ៉ាប់ដែលខិតខំរុញច្រានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឲ្យអនុវត្ដសេចក្ដីសម្រេចចិត្ដអំពីស៊ីរីនឹងអាចរុញឲ្យប្រទេសនោះធ្លាក់ក្នុងរណ្ដៅសង្រ្គាមស៊ីវិល។ អឺរ៉ុប៖ ក្រោយបានអនុវត្ដផែនការទប់ស្កាត់ចំណាយរដ្ឋាភិបាលក្រុមមេដឹកនាំ អឺរ៉ុប កំពុងផ្ដោតទៅលើស្ថានការណ៍ហិរញ្ញវត្ថុដ៏គ្រោះថ្នាក់នៅក្រិក។ តួកគី៖ ក្រុមអ្នកជួយសង្រ្គោះទួកគីកំពុងតាមរកនាវិកជាតិប៉ូឡូញ១០នាក់ដែលនាវាដឹកទំនិញរបស់គេបានលិចនៅក្នុងសមុទ្រខ្មៅពេលមានខ្យល់ព្យុះកាលពីថ្ងៃអង្គារនេះ។ អ៊ីរ៉ង់៖ កងកម្លាំងនាវាអាមេរិកបានចូលមកជួយនាវានេសាទអ៊ីរ៉ង់ដែលជាប់គំាងនៅលើសមុទ្រនៃឈូងសមុទ្រពែកកាលពីថ្ងៃអង្គារក្រោយពីម៉ាស៊ីននាវាបានក្ដៅហួសហេតុ។ អ៊ីរ៉ង់៖ ក្រុមអធិការរបស់ក្រុមអ្នកតាមឃ្លាំមើលអាវុធនុយក្លេអ៊ែរអង្គការសហប្រជាជាតិបានបញ្ចប់ទស្សនៈកិច្ចពេលបីថ្ងៃនៅអ៊ីរ៉ង់ដោយមិនឃើញមានការដោះស្រាយអ្វីមូយអំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់ របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក្រោយពីប្រទេសមហាអំណាចបស្ចិមប្រទេសដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចអ៊ីរ៉ង់។ សហរដ្ឋអាមេរិក៖ ក្រោយពីច្រើនថ្ងៃនៃការឃោសនារកសម្លេងឆ្នោតដ៏ជូរចត់ក្រុមនាក់បោះឆ្នោតសាធារណរដ្ឋនៅក្នុងរដ្ឋហ្វ្លរីដា នឹងជ្រើសយកបេក្ខជនដែលគេចូលចិត្ដដើម្បីប្រកួតយកតំណែងប្រធានាធិបតី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |