VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ៣១ មករា យប់” plus 5 more |
- ព័ត៌មានអន្តរជាតិវីអូអេ ៣១ មករា យប់
- ក្រុមហ៊ុនជប៉ុនរុករកប្រេងនៅដែនគោកកម្ពុជា
- នួន ជាបង្ហាញពីទំនាក់ទំនងលោកហេង សំរិន ជា ស៊ីមក្នុងចលនាខ្មែរក្រហម
- លោកហ៊ុន សែនបញ្ជាឲ្យចាប់មន្ត្រីសន្តិសុខប្រើអំពើហិង្សា
- ព័ត៌មានអន្តរជាតិវីអូអេ ៣១ មករា ព្រឹក
- មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាចេញរបាយការណ៍អំពីជម្លោះដីធ្លីប៉ះពាល់ជីវភាពប្រជាពលរដ្ឋ
ព័ត៌មានអន្តរជាតិវីអូអេ ៣១ មករា យប់ Posted: 31 Jan 2012 07:47 AM PST អាមេរិក/ស៊ីរី៖ រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានកំណត់នឹងជំរុញក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ឱ្យគាំទ្រដល់ផែនការសន្តិភាពមួយរបស់សម្ពន្ធអារ៉ាប់សម្រាប់ប្រទេសស៊ីរី បន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន (Washington) បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សាដែលចេះតែធ្ងន់ធ្ងរឡើងៗ ដែលបង្កឡើងដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad)។ អាមេរិក/បាគីស្ថាន៖ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានចេញមកការពារការប្រើប្រាស់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសបាគីស្ថាន ដែលពួកមន្ត្រីស.រ.អា.មិនដែលបានទទួលស្គាល់ជាសាធារណៈកាលពីពេលមុនៗទេ។ អាមេរិក៖ ពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ ហ្វ្លរីដា (Florida) នាប៉ែកអាគ្នេយ៍ស.រ.អា.នឹងទៅកាន់មណ្ឌលបោះឆ្នោតនៅថ្ងៃអង្គារនេះ ជាអ្វីដែលគេរំពឹងថាជាការប្រកួតប្រជែងយ៉ាងសំខាន់មួយនៅក្នុងការប្រណាំងប្រជែងដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សនេះ។ សហភាពអឺរ៉ុប៖ ពួកមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រាងគ្នាលើមូលនិធិជួយសង្គ្រោះខាងហិរញ្ញវត្ថុអចិន្ត្រៃយ៍ថ្មីមួយដែលមានទឹកប្រាក់៦៦១ពាន់លានដុល្លារ ហើយបានយល់ព្រមរឹតត្បិតខ្ទង់ចំណាយអតិបរមាដើម្បីចៀសវាងវិបត្តិជំពាក់បំណុលក្នុងពេលអនាគតទៀត។ ចិន៖ ក្នុងដែនដីទីបេត៍ដែលត្រួតត្រាដោយចិន មានមន្ត្រីជាន់ខ្ពស់ម្នាក់បានបញ្ជាឱ្យបង្កើនការឃ្លាំមើលទៅលើវត្តព្រះពុទ្ធសាសនានានា ដែលជាកិច្ចប្រឹងប្រែងមួយយ៉ាងច្បាស់ក្រឡែតមួយដើម្បីបញ្ចៀសកុំឱ្យមានការរីករាលដាលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដោយក្រុមជនជាតិភាគតិចទីបេត៍នៅក្នុងខែត្រ ស៊ីជាំង (Sichuan) ដែលនៅជិតខាងនោះ។ ភូមា៖ ប្រធានាធិបតីភូមា លោក ថេន សេន (Thein Sein) បានមានប្រសាសន៍ថារដ្ឋាភិបាលរបស់លោកបានប្ដេជ្ញាជំរុញប្រទេសខ្លួនឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយបន្ទាប់ពីការគ្រប់គ្រងដោយរបបសឹកជាច្រើនទសវត្សរ៍មកនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ក្រុមហ៊ុនជប៉ុនរុករកប្រេងនៅដែនគោកកម្ពុជា Posted: 31 Jan 2012 07:26 AM PST ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាស្រាវជ្រាវរុករករ៉ែប្រេងកាតលើប្លុកចំនួន១៧ក្នុងតំបន់ដែនគោកដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ នៅលើផ្ទៃដីទំហំប្រមាណជាង៦០០០គីឡូម៉ែត្រការ៉េ។ ការសិក្សានេះគឺជាវិធីសាស្ត្រមួយនៃការសិក្សាស្រាវជ្រាវក្នុងការរុករកប្រេងកាតក្នុងដំណាក់កាលដំបូងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនសាជីវកម្មរុករករ៉ែប្រេងកាតរបស់ជប៉ុនដែលមានឈ្មោះថា JOGMEC និងMOECOបានចាប់ផ្តើមប្រតិបត្តិការរុករករ៉ែប្រេងកាតនៅក្នុងប្លុក១៧ ដែលមានទំហំផ្ទៃដីប្រមាណ៦៥០០គឺឡូម៉ែត្រការ៉េនៅក្នុងខេត្តចំនួនបីគឺខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្រុមហ៊ុន JOGMECពីមុនមានឈ្មោះថា សាជីវកម្មប្រេងកាតជាតិជប៉ុន បានចាប់ផ្តើមវាស់ស្ទង់ម៉ាញេទិក និងក្រាវីតេតាមអាកាស ដោយធ្វើការខួងរណ្តៅតូចៗចំនួន៦០០០រន្ធ ជម្រៅពី៦ម៉ែត្ររហូតដល់២០ម៉ែត្រនិងមានអង្កត់ផ្ចិត៦មីល្លីម៉ែត្រ។ «Seismicហ្នឹងខ្ញុំជំរាបជូនម្តងទៀតគឺគេត្រូវខៃរូងតូចមួយទៅក្រោម ហើយគេទម្លាក់សែនសឺមួយចូលដើម្បីធ្វើឲ្យមានភាពរំញែរ(Vibration)គ្រាន់ជាsound ដើម្បីវាស់មើល ថាតើខាងក្នុងដីមានស្រទាប់យ៉ាងម៉េច ហើយមានស្រទាប់ depositប្រេងកាតឬក៏អត់»។ ក្រុមហ៊ុនJOGMEC របស់ប្រទេសជប៉ុនធ្លាប់បានសិក្សាវាស់ស្ទង់ម៉ាញេទិកនិងថតតាមអាកាសកាលពីឆ្នាំ១៩៩៦។ ហើយកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០១០ ក្រុមហ៊ុនJOGMECបានចុះហត្ថលេខាជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងគោលលើប្លុក១៧ចំនួននៃដែនគោករបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងខេត្តកំពង់ធំ ខេត្តសៀមរាបនិង ខេត្តព្រះវិហារ ដើម្បីសិក្សាអង្កេតទិន្នន័យប្រេងកាត នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លោកផៃ ស៊ីផានបានបញ្ជាក់ថា ការសិក្សារកទិន្នន័យនេះគឺដើម្បីឲ្យដឹងថាតើតំបន់នេះមានប្រេងកាតចំនួនប៉ុន្មាន ហើយបន្ទាប់មកយើងចាប់ផ្តើមបែងចែកផលប្រយោជន៍រវាងក្រុមហ៊ុននិងរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ប្រសិនបើមានផលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន ក្រុមហ៊ុននឹងចេញថ្លៃសំណងដល់ពួកគេដូចជាដំណាំ ដីចម្ការនិងដើមឈើ។ «ផលប្រេងកាត ផលធនធានដែលយើងមានហ្នឹងគឺជាផលសម្រាប់អនាគតរបស់កម្ពុជាដែលជាការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល»។ លោកឆាយ សារ៉ាត អ្នកសម្របសម្រួលសម្ព័ន្ឋភាពដើម្បីតម្លាភាពចំណូលធនធាន បានប្រាប់VOA តាមរយៈសារអេឡិកត្រូនិកឬEmail មកថា ការវិនិយោគប្រកបដោយការទទួលខុសត្រូវសង្គមខ្ពស់ពិតជានឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ។ លោកបានបញ្ជាក់ទៀតថា ការទទួលខុសត្រូវសង្គមមានន័យថា រាល់សកម្មភាពរុករកប្រេងនឹងមិនធ្វើឲ្យប៉ះពាល់ដល់សង្គម ប្រជាពលរដ្ឋ បរិស្ថាន និងធម្មជាតិ តែវាបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ឬសហគមន៍ ប្រើប្រាស់ធនធាន ឬសេវាកម្មដែលមានក្នុងស្រុក និងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកសារ៉ាតមិនបានបញ្ជាក់ថា តំបន់ដែលកំពុងរុករកនោះនឹងមានរ៉ែប្រេងកាតឬទេ។ លោកបានលើកទឹកចិត្តដល់រដ្ឋាភិបាលឲ្យមានតម្លាភាពដោយមានការចូលរួមពីសាធារណជនគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រេងនេះ។ នៅក្នុងតំបន់ដែនសមុទ្រវិញ ប្រទេសកម្ពុជាមានប្លុកប្រេងចំនួនប្រាំមួយ ចាប់ពីប្លុកA រហូតដល់ប្លុកF។ ប្លុកទាំងនេះត្រូវបានផ្តល់ដល់ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ប្រទេសចិន រុស្សី បារាំង និងប្រទេសជប៉ុន។ ដើម្បីគ្រប់គ្រងចំណូលប្រេងកាត និងឧស្ម័នឲ្យមានប្រសិទ្ធិភាព ប្រទេសកម្ពុជាបានធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរគឺសេចក្តីព្រាងច្បាប់ពីការគ្រប់គ្រងវិស័យប្រេងកាត និងសេចក្តីព្រាងច្បាប់លើការយកពន្ធលើវិស័យប្រេងកាត ដែលសេចក្តីព្រាងច្បាប់ទាំងពីរនេះកំពុងតែស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
នួន ជាបង្ហាញពីទំនាក់ទំនងលោកហេង សំរិន ជា ស៊ីមក្នុងចលនាខ្មែរក្រហម Posted: 31 Jan 2012 12:20 PM PST អតីតប្រធានសភាខ្មែរក្រហម នួន ជា បានបង្ហាញពីទំនាក់ទំនងជាមួយមេដឹកនាំកំពូលពីររូបរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់កាប់អំណាច នៅថ្ងៃអង្គារនេះគឺលោកហេង សំរិន និងលោកជា ស៊ីម ក្នុងពេលដែលលោកបានចូលតស៊ូក្នុងចលនាទ័ពព្រៃរបស់ពួកខ្មែរក្រហម។ លោកហេង សំរិន បច្ចុប្បន្នគឺជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ រីឯលោកជា ស៊ីមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ នេះគឺជាលើកទីមួយហើយដែលអតីតបងធំទីពីរនៃរបបខ្មែរក្រហមបាននិយាយភ្ជាប់ទៅនឹងមេដឹកនាំបច្ចុប្បន្ន ខណៈពេលសហចៅក្រមស៊ើបអង្កេតបរទេសបានកោះហៅមន្ដ្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជាសរុបចំនួនប្រាំមួយរូប ឲ្យចូលផ្ដល់សក្ខីកម្មនៅក្នុងតុលាការ ក៏ប៉ុន្តែមិនបានសម្រេច។ នួន ជា អាយុ៨៥ឆ្នាំ ពាក់វ៉ែនតាខ្មៅ បានឆ្លើយតបនឹងសំណួររបស់លោក ម៉ាយឃើល ផេសម៉េន (Michael Pestman) ដែលជាសហមេធាវីអន្ដរជាតិរបស់គាត់។ ជនជាប់ចោទរូបនេះលើកឡើងថា លោកហេង សំរិនគឺជាអ្នកជូនដំណើររូបគាត់ទៅចរចាជាមួយលោកង្វៀន វ៉ាន់លិញ (Nguyen Van Linh) អតីតអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។ «ហេង សំរិន ជាអ្នកនាំផ្លូវខ្ញុំទៅជួបង្វៀន វ៉ាន់លិញនៅដែនដីវៀតណាម»។ នួន ជាគឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ ដែលត្រូវបាននាំខ្លួនមកកាត់ទោសតាមការចោទប្រកាន់អំពីអំពើឃោរឃៅ ដែលបានបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។ នួន ជាបានកោតសរសើរថា លោកហេង សំរិនជាមនុស្សស្មោះត្រង់ និងជាមនុស្សស្និទ្ធិស្នាលជាមួយរូបគាត់។ «ហេង សំរិនហ្នឹងគាត់ក្រទេ។ រកតែក្របីឃ្វាលគ្មានផង។ មានតែខោខ្លីមួយ។ ប៉ុន្ដែគាត់ជាមនុស្សល្អណាស់ គុណធម៌ សីលធម៌ ក្លាហាន តស៊ូប្ដូរផ្ដាច់។ ហើយក្រោយមកទៀតគាត់បានធ្វើជាមេទ័ព ក្រោយពេលរំដោះ (ខ្មែរក្រហមឡើងកាន់អំណាច)។ ជីវិតខ្ញុំនិងលោកហេង សំរិនជាប់គ្នាណាស់»។ នួន ជាក៏បានអះអាងបន្ថែមថា លោកធ្លាប់រៀនជាមួយលោកជា ស៊ីមផងដែរ។ «ជា ស៊ីមក៏ធ្លាប់រៀនជាមួយខ្ញុំដែរ។ កាលនោះគាត់ធ្វើគណៈស្រុកត្បូងឃ្មុំ។ គាត់ក៏ក្រដែរ។ ពេលខ្លះក៏ខ្វះខាតទៅខ្ចីបុលគេ។ ហើយក្រោយរំដោះ ខ្ញុំក៏មិនដឹងថា គាត់ធ្វើអីទៀតដែរ»។ អតីតសហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំង លោកម៉ាកសែល ឡឺម៉ុងដ៍ធ្លាប់បានចេញដីកាកោះហៅឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួនប្រាំមួយរូប ឲ្យចូលផ្ដល់សក្ខីកម្មក្នុងសំណុំរឿង០០២នេះ។ ក្នុងនោះមានលោកជា ស៊ីម លោកហេង សំរិន លោកគាត ឈន់ ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងសមាជិកព្រឹទ្ធសភាចំនួនពីររូបគឺលោកស៊ឹម កា និងលោកអ៊ុក ប៊ុនឈឿន។ ក៏ប៉ុន្ដែពុំមានការឆ្លើយណាមួយពីមន្ដ្រីទាំងនោះទេ។ វីអូអេបានព្យាយាមទាក់ទងលោកជាម យៀប តំណាងរាស្ដ្រ និងជាសមាជិកជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជាដើម្បីសុំការបំភ្លឺ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ដោយឡែកលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដានដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់ជនជាប់ចោទនួន ជាគឺគ្រាន់តែជាការរំឭកនូវអនុស្សាវរីយ៍ជាមួយអតីតអ្នកតស៊ូរួមគ្នាជាមួយគាត់តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្នុងការឆ្លើយតបនឹងសំណួររបស់ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីកាលពីព្រឹកមិញនេះ នួន ជាបានបដិសេធការបណ្ដេញព្រះសង្ឃចេញពីទីក្រុងភ្នំពេញ និងតំបន់ប្រជុំជន ក៏ប៉ុន្ដែសាក្សីសំខាន់មួយរូបគឺអ្នកស្រីប្រាក់ យុតបានប្រាប់តុលាការក្នុងការផ្ដល់សក្ខីកម្មរបស់ខ្លួនថា របបកម្ពុជាប្រជាធិបតេយ្យដែលនួន ជាធ្វើជាមេដឹកនាំលំដាប់ទីពីរបន្ទាប់ពីប៉ុល ពត បានដាក់បញ្ជាជាលាយលក្ខណ៍អក្សរឲ្យលុបបំបាត់វត្តអារាម និងផ្សឹកលោកសង្ឃ៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុន សែនបញ្ជាឲ្យចាប់មន្ត្រីសន្តិសុខប្រើអំពើហិង្សា Posted: 31 Jan 2012 05:42 AM PST នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឲ្យក្រុមហ៊ុនចម្ការកៅស៊ូធីធីវ៉ាយ( TTY) បញ្ជូនកងសន្តិសុខពីរនាក់ ដែលបានបាញ់ប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី មកផ្តន្ទាទោសនៅចំពោះមុខច្បាប់។ កងសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូធីធីវ៉ាយ(TTY)ពីរនាក់ ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកណា ម៉ារ៉ាឌី បានបាញ់ប្រជាពលរដ្ឋបួននាក់ឲ្យរបួស ខណៈដែលពួកគាត់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រុមហ៊ុន TTY ដើម្បីតវ៉ាកុំឲ្យក្រុមហ៊ុនឈូសឆាយដីដាំដំឡូងមីរបស់ពួកគាត់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករានេះ។ ក្រុមហ៊ុននេះមានដីសម្បទានដ៏ធំធេងដែលគំរាមកំហែងដល់ដីរបស់ប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ។ តុលាការខេត្តក្រចេះបានចេញដីកាកោះហៅកងសន្តិសុខក្រុមហ៊ុនទាំងពីរនាក់នេះ ដែលត្រូវបានចោទប្រកាន់ពីការបាញ់ប្រជាពលរដ្ឋតវ៉ាកាលពីសបា្តហ៍កន្លងមកនេះ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងនៅក្នុងពិធីសម្ពោធកំណត់ផ្លូវជាតិ៧៦នៅខេត្តមណ្ឌលគីរីថា លោកបានប្តេជ្ញានាំយកជនល្មើសបាញ់ប្រជាពលរដ្ឋឲ្យរបួសនោះមកផ្តន្ទាទោសចំពោះមុខច្បាប់។ «ខ្ញុំថ្កោលទោសអំពើបែបនេះ និងមិនអាចអត់ឱនបានទេ ហើយសុំក្រុមហ៊ុន TTY ជួយបញ្ជូនមនុស្សឲ្យមកអាជ្ញាធរ ដើម្បីស៊ីសងគ្នានៅចំពោះមុខច្បាប់។ បើក្រុមហ៊ុននៅលាក់ បំពួនចំពោះអ្នកធើ្វសកម្មភាព ក្រុមហ៊ុនអាចនឹងទទួលទណ្ឌកម្មថែមទៀត។ និយាយដោយចំៗ ឧកញ៉ាណា ម៉ារ៉ាឌីសុំ បញ្ជូនអ្នកបាញ់ហ្នឹងមកឲ្យអាជ្ញាធរ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងថា ជនល្មើសមិនអាចគេចផុតពីច្បាប់បានទេ។ «ករណីបាញ់ប្រជាពលរដ្ឋនៅស្រុកស្នួល ខ្ញុំដាក់បទបញ្ជាឲ្យលោកស ខេង ដឹកនាំការងារនេះ ចាប់អ្នកបាញ់ឲ្យបាន ហើយអំពាវនាវដល់ជនល្មើសចេញមកសារភាពជាមួយអាជ្ញាធរ និងមិនអាចរួចខ្លួន និងមិនអាចរត់ទៅលាក់ខ្លួននៅកន្លែងណាបានទេ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានព្រមានថា កន្លែងណាដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់។ បើមិនឈប់ទេ ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ហើយបើវាមានការចាំបាច់ រដ្ឋាភិបាលនឹងដកដីសម្បទានទាំងអស់ពីក្រុមហ៊ុនណាដែលប្រើហិង្សាចំពោះប្រជាពលរដ្ឋ។ លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានថ្លែងថា អង្គការសង្គមស៊ីវិលបានស្វាគមន៍ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែសង្ស័យអំពីប្រសិទិ្ធភាពនៃការអនុវត្ត។ «យើងសូមអបអរសាទរចំពោះចំណាត់ការ និងប្រសាសន៍របស់នាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។ ប៉ុន្តែយើងឃ្លាំមើលមន្រ្តីថ្នាក់ក្រោមដែលជាអ្នកអនុវត្តហ្នឹង ថាតើគាត់អនុវត្តបានតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីដែរ ឬអត់?» មន្រ្តីនគរបាល និងក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងអនុវត្តតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី។ ក្រុមហ៊ុនTTY នេះទទួលបានដីសម្បទានប្រមាណ១០០០០ហិចតា ដែលជាតំបន់ព្រៃការពារនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ របាយការណ៍សិក្សារបស់មជ្ឈមណ្ឌមសិទិ្ធមនុស្សកម្ពុជាបានរកឃើញថារវាងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១ ប្រជាពលរដ្ឋជាង៣០០០០គ្រួសារបានទទួលរងផលប៉ះពាល់ដោយសារដីសម្បទានសេដ្ឋកិច្ចនេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៣១ មករា ព្រឹក Posted: 30 Jan 2012 10:32 PM PST ឥណ្ឌា៖ ហាងកាហ្វេ ស្តារបាក់ស៍ (Starbucks) នឹងបើកហាងជាលើកដំបូងរបស់ខ្លួននៅ ឥណ្ឌានៅឆ្នាំនេះ ដែលជាផ្នែកមួយនៃការរកស៊ីរួមគ្នា៥០ភាគរយទល់នឹង៥០ភាគរយជាមួយក្រុមហ៊ុន ភេសជ្ជៈពិភពលោក តាតា (Tata Global Beverages) នៃប្រទេសនេះ។ សហរដ្ឋអាមេរិក៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានបោះឆ្នោតនៃសកលវិទ្យាល័យ ឈីននីផាស (Quinnipiac) លោកមីត រ៉ូមនី បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះកំពុងនាំមុខដោយ៤៣ភាគរយទល់នឹង២៩ភាគរយរបស់លោកញូត ជីងរីក (Newt Gingrich) មុនពេលនៃការបោះឆ្នោតបឋមសំខាន់មួយខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ ហ្លរីដា (Florida)។ ស៊ីរី៖ កងទ័ពរដ្ឋាភិបាលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៨នាក់ដែរ ភាគច្រើនជាជនស៊ីវិល និងកាន់កាប់តំបន់ជាច្រើននៅជាយក្រុងដាម៉ាសឡើងវិញនៅក្នុងការប្រយុទ្ធជាមួយពួកកងទ័ពសេរីស៊ីរីដែលដឹកនាំការងើបបះបោររយៈពេល១០ខែប្រឆាំងនឹងការគ្រប់គ្រងបែបអត្តធិបតេយ្យរយៈពេល១១ឆ្នាំរបស់ប្រធានាធិបតី បាសារអាលអាសាទ (Bashar al-Assad)។ ចិន៖ ចិនបានធ្វើការប្រឆាំងតវ៉ាជាផ្លូវការមួយដល់ជប៉ុនលើផែនការរបស់រដ្ឋាភិបាលទីក្រុងតូក្យូក្នុងការដាក់ឈ្មោះប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលរួមបញ្ចូលទាំងប្រជុំកោះ តោយូ (Diaoyu) ឫ សេនកាកឺ (Senkaku) បានទាមទារដោយប្រទេសទាំងពីរ។ អ៊ឺរ៉ុប៖ ពួកមេដឹកនាំអឺរ៉ុបបានចាប់ផ្តើមសន្និសីទកំពូលលើកតំបូងសម្រាប់ឆ្នាំ២០១២របស់ខ្លួននៅក្នុង ព្រុចសែល (Brussels) ដែលមានគោលបំណងធ្វើការត្រួតត្រាការចំណាយថ្មីលើរដ្ឋាភិបាលនិមួយៗ តែក៏កំពុងប្រឈមមុខភាពលំបាកខាងសេដ្ឋកិច្ចរបស់ទ្វីបនោះផងដែរ។ សហភាពអាហ្វ្រិក៖ មេដឹកនាំសហភាពអាហ្វ្រិកបានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មីសំរាប់គណកម្មការសហភាពអាហ្វ្រិក កាលពីថ្ងៃច័ន្ទ នៅសន្និសីទកំពូលអាហ្វ្រិកក្នុងរដ្ឋធានី អាឌីសអាបេបា (Addis Ababa) នៅពេលដែលបេក្ខជនទាំងពីរគឺលោកជែន ភីង (Jean Ping) នៃប្រទេសហ្គាបុង និងលោក នកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosazana Dlamini -Zuma) មិនអាចទទួលបានសំឡេង២ភាគ៣ដែលតម្រូវឲ្យមានដើម្បីទទួលជ័យជំនះ។ សូម៉ាលី៖ កងទ័ពអេត្យូពី បានឆ្លងចូលក្នុងទៅដល់ទីក្រុង ឡូខ (Luq) ក្នុងតំបន់ ជីដូ(Gedo) ភាគនារតីនៃប្រទេស ហើយកំពុងដើឆ្ពោះទៅកាន់ទីតាំងដ៏រឹងមាំដ៏សំខាន់របស់ពួក អាស សាបាប (al-Shabab) ទំនងជាបើកយុទ្ធនាការណ៍ខាងយោធាប្រឆាំងនឹងក្រុមកងជីវពលអ៊ីស្លាម។ សហរដ្ឋអាមេរិក៖ បានប្រាប់ឲ្យដឹងថាប្រាក់ចំណូលរបស់កម្មករអាមេរិកាំងនៅក្នុងខែធ្នូនេះបានកើនឡើង ដែលជាហេតុធ្វើឲ្យមានដាក់ប្រាក់កាន់តែច្រើនចូលក្នុងខ្ទង់គណនីយសន្សំ។ អ៊ឺរ៉ុប៖ អាកាសធាតុកកត្រជាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៤នាក់ដែរនៅពាសពេញតំបន់អឺរ៉ុបខាងកើតនៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះក្នុងរយៈពេល ៣ទៅ៤ថ្ងៃកន្លងមកនេះ ហើយត្រូវគេរំពឹងនឹងធ្លាក់ចុះរឹតតែខ្លាំងឡើង។ ន័រវែស៖ តុលាការទីក្រុងអូស្លូនៃប្រទេសន័រវេសបានកាត់ទោសលោកមីខែល ដាវុធ (Mikael Davud) ជាប់ពន្ធនាគារចំនួន៧ឆ្នាំ និងលោក សាវ៉ាន់ សាដេក (Shawan Sadek) ឲ្យជាប់គុក៣ឆ្នាំកន្លះចំពោះការរៀបចំផែនការដាក់គ្រាប់បែកនៅការិយាល័យកាសែតហុល្លង់មួយដែលបានបោះពុម្ភផ្សាយគំនូត្លុកកំប្លែងរបស់ព្យាការី ម៉ូហាម៉ាត់ (Muhammad)។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាចេញរបាយការណ៍អំពីជម្លោះដីធ្លីប៉ះពាល់ជីវភាពប្រជាពលរដ្ឋ Posted: 31 Jan 2012 12:18 PM PST នៅថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍សិក្សាមួយរកឃើញករណីជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋច្រើនរាប់ម៉ឺនគ្រួសារគួរឲ្យព្រួយបារម្ភបំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ របាយការណ៍សិក្សាអំពីករណីជម្លោះដីធ្លីនៅកម្ពុជាពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១ បានរកឃើញថា មានករណីវិវាទដីធ្លី២២៣ករណីវិវាទដែលបានរាយការណ៍តាមបណ្តាញសាធារណៈនៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋ៤៧៣៤២គ្រួសារ។ របាយការណ៍សិក្សានេះបានលើកឡើងថា ក្នុងចំណោម២២៣ករណីនេះ មាន៧៩ករណីពាក់ព័ន្ធនឹងជម្លោះដីធ្លី ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ៣០១៦០ គ្រួសារ។ របាយការណ៍សិក្សានេះបានលើកឡើងថា ព័ត៌មានដែលផ្តល់ជូនមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា អាចបង្កើតជាករណីសិក្សាមួយទាក់ទិននឹងទិដ្ឋភាពផ្នែកច្បាប់ដែលមិនត្រូវបានអនុលោមតាម ដូចជាសំណងគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជូនសហគមន៍ និងផលប៉ះពាល់មិនល្អជាទូទៅនៃដីសម្បទានសេដ្ឋកិច្ចចំពោះជីវភាពរស់នៅរបស់សហគមន៍ជាទូទៅ។ លោកស្រី ជរ ច័ន្ទធីតា អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចចំនួន៧៩ករណីនេះបានកើតមាននៅទូទាំងប្រទេស ប៉ុន្តែខេត្តដែលមានជម្លោះច្រើនជាងគេ គឺ ខេត្តរតនគីរី ដែលមាន១១ករណី ខេត្តមណ្ឌលគីរី១០ករណី ខេត្តក្រចេះ៨ករណី ខេត្តកំពង់ស្ពឺ៧ករណី។ «យើងឃើញថា ផលប៉ះពាល់ប្រជាពលរដ្ឋប្រឈមនឹងការបាត់បង់ដីក្នុងការធើ្វស្រែចម្ការរបស់គាត់។ គាត់ប្រឈមនឹងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់គាត់ នៅពេលដែលគាត់ចេញមុខតវ៉ាជាញឹកញយក្នុងការការពារដីធ្លីរបស់ពួកគាត់។ ដូចជាការគំរាមកំហែង និងការកោះហៅឲ្យឡើងតុលាការជាដើម។ គាត់ប្រឈមនឹងបញ្ហាក្រីក្រ ដោយសារគាត់អត់មានដីប្រកបរបរដាំដំណាំ»។ លោកអ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីនៃសមាគមអាដហុក បានបញ្ជាក់ថា គិតពីឆ្នាំ២០០៥ រដ្ឋាភិបាលបានផ្តល់ដីសម្បទានប្រមាណ៧លានហិចតាដល់ក្រុមហ៊ុនឯកជនចំនួន២២២ ហើយប្រជាពលរដ្ឋជាង១៥០០០០គ្រួសារបានទទួលរង ផលប៉ះពាល់។ «ក្រុមហ៊ុនឯកជន ក៏ដូចជាខាងរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យជូនគាត់។ មិនត្រឹមតែប៉ុណ្ណោះ មិនបានយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។ ផ្ទុយទៅវិញ ធើ្វឲ្យប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ហ្នឹងកាន់តែក្រីក្រ ហើយចំណែកឯការចូលមកអភិវឌ្ឍរបស់ខាងក្រុមហ៊ុនឯកជនហ្នឹងមិនបានធើ្វឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរីកចម្រើនទេ»។ លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលគិតផលប្រយោជន៍ប្រជាពលរដ្ឋ ហើយមិនដូចការបកស្រាយរបស់ក្រុមអ្នករិះគន់នោះទេ។ «យើងបាន និងកំពុងធើ្វការអភិវឌ្ឍប្រទេសដោយចីរភាព។ យើងអត់មាននយោបាយធើ្វបាបប្រជាពលរដ្ឋទេ។ ក៏ប៉ុន្តែ យើងមាននយោបាយជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរីកចម្រើន។ យើងគិតពីសុខុមាលភាព និងទុក្ខសោករបស់ប្រជាពលរដ្ឋ»។ របាយការណ៍សិក្សានេះបានផ្តល់យោបល់ថា យុទ្ធវិធីដែលមានការចូលរួម និងកិច្ចសហការ បានជំរុញឲ្យអង្គការសង្គមស៊ីវិល និងសកម្មជនសហគមន៍មូលដ្ឋានចែករំលែកព័ត៌មានដល់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ពង្រឹងសហគមន៍មូលដ្ឋានតាមរយៈការកសាងសមត្ថភាព៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |