VOA News: ព័ត៌មាន: “មន្រ្តីមជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម” plus 8 more |
- មន្រ្តីមជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម
- ប្រជាពលរដ្ឋបួននាក់រងរបួសដោយសនិ្តសុខក្រុមហ៊ុនបាញ់
- អ.ស.បទទូចឲ្យកម្ពុជាតែងតាំងសហចៅក្រមស៊ើបអង្កេតក្នុងតុលាការខ្មែរក្រហម
- ជម្លោះនៅឈូងសមុទ្រចិនខាងត្បូងមិនត្រូវដាក់ចូលក្នុងកិច្ចប្រជុំអាស៊ានទេ
- ហេឡូវីអូអេ ១៨មករា ២០១២៖ដំណោះស្រាយសំរាប់អ្នកភូមិបូរីកីឡានៅរាជធានីភ្នំពេញ ដែលត្រូវបណ្តេញពីលំនៅដ្ឋានដោយបង្ខំ
- ជំងឺផ្តាសាយបក្សីសម្លាប់កុមារម្នាក់នៅបន្ទាយមានជ័យ
- ព័ត៌មានអន្តរជាតិវីអូអេ ១៨ មករា យប់
- អ្នកបុរីកីឡាដែលជាប់ឃុំបានរត់គេចខ្លួនតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់
- ព័ត៌មានអន្តរជាតិវីអូអេ ១៨ មករា ព្រឹក
មន្រ្តីមជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម Posted: 18 Jan 2012 12:24 PM PST លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា អ្នកទទួលខុសត្រូវមួយរូបនៃមជ្ឈមណ្ឌលឯកសារកម្ពុជានឹងត្រូវចូលផ្ដល់សក្ខីកម្មនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ សេចក្ដីប្រកាសធ្វើឡើងស្របពេលដែលក្រុមមេធាវីចុងចោទបានទាមទារមិនឈប់ឈរ ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ ឲ្យតុលាការកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំជាងគេមួយនេះរបស់ប្រទេសកម្ពុជា ឲ្យចូលផ្ដល់សក្ខីកម្មដើម្បីផ្ទៀងផ្ទាត់ពីភាពអាចទទួលយកបាន ភាពដូចគ្នានឹងឯកសារដើម។ ឯកសារទាំងនេះត្រូវប្រើជាភស្ដុតាងក្នុងការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនបីនាក់ក្នុងសំណុំរឿង០០២។ លោកចៅក្រម និល ណុន បញ្ជាក់ថា ការផ្ដល់សក្ខីកម្មរបស់អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលឯកសារកម្ពុជានោះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ភាគីការពារក្ដី ក៏ប៉ុន្ដែការកោះហៅលោកឆាំង យុ អាចស្ថិតក្នុងការពិចារណានៅថ្ងៃក្រោយតែប៉ុណ្ណោះ។ នៅពេលឥឡូវនេះតុលាការបានកោះ អញ្ជើញមន្រ្តីម្នាក់ដែលដាក់លេខសម្គាល់ថាសាក្សីW 766។ «ដោយសាក្សី W 766 នេះ ក៏ជាមន្ដ្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដូច្នេះចំពោះការកោះហៅលោកប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាមកផ្ដល់សក្ខីកម្មនៅពេលណា គឺអង្គជំនុំជម្រះនឹងជម្រាបជូនភាគីក្រោយពេលដែលអង្គជំនុំជម្រះបានស្ដាប់សក្ខីកម្មរបស់សាក្សី w 766 រួចហើយ»។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្ដល់ឯកសារប្រមាណជា ៥០០.០០០ ឯកសារដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាងក្នុងការកាត់ទោសអតីតមេដឹកនាំកំពូលនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតអស់យ៉ាងតិចចំនួន ១,៧លាននាក់ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទបីនាក់គឺអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋ និងនួន ជា អតីតប្រធានសភាបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលនេះឲ្យចូលបំភ្លឺលើឯកសាររបស់ខ្លួនទាំងនោះ។ លោក ឆាំង យុ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទថា គាត់នឹងគោរពតាមការសម្រេចរបស់ចៅក្រមនៃសាលាដំបូង។ក៏ប៉ុន្ដែនៅថ្ងៃអង្គារម្សិលម៉ិញនេះសហព្រះរាជអាជ្ញាជាតិ និងអន្ដរជាតិបានប្រឆាំងជំទាស់នឹងការស្នើសុំនេះ។ នៅថ្ងៃនេះទៀត សហមេធាវីការពារជនជាប់ចោទចាស់ជរាទាំងបីបានទទូចឡើងវិញឲ្យលោក ឆាំង យុ ចូលផ្ដល់សក្ខីកម្ម។ លោក សុន អរុណ សហមេធាវីកម្ពុជារបស់ នួន ជា បានដាក់លក្ខខណ្ឌថា ក្រុមរបស់លោកនឹងនៅតែបន្តប្រឆាំងនឹងឯកសារដែលស្រង់ចេញពីមជ្ឈមណ្ឌលឯកសារកម្ពុជាប្រសិនបើលោកឆាំង យុ ពុំមានវត្តមានក្នុងតុលាការនោះទេ។ «ត្រូវ DC-Cam មកបញ្ជាក់ពីការចារលើឯកសារទាំងនោះ និងផ្ដល់នូវឯកសារច្បាប់ដើមដល់អង្គជំនុំជម្រះដើម្បីពិនិត្យជាយថាភូតរបស់វា បើមិនដូច្នោះ យើងនៅតែរក្សាជំហរដដែលក្នុងការជំទាស់ទៅនឹងឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលដាក់ជូនដោយការិយាល័យសហព្រះរាជអាជ្ញានេះ»។ ការជជែកជំទាស់ទៅនឹងឯកសារដែលបានមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្លាយទៅជាចំណុចស្នូលនៃការដេញដោលក្នុងការកាត់ទោសសំណុំរឿង០០២ ក្នុងសប្ដាហ៍នេះ។ អៀង សារី និង នួន ជា បានស្នើសិទ្ធិមិនចូលរួមសវនាការដោយផ្ទាល់។ គឺមានតែខៀវ សំផន ម្នាក់ទេដែលមានវត្តមានជាប់លាប់ក្នុងបន្ទប់កាត់ក្ដី៕ This posting includes an audio/video/photo media file: Download Now |
ប្រជាពលរដ្ឋបួននាក់រងរបួសដោយសនិ្តសុខក្រុមហ៊ុនបាញ់ Posted: 18 Jan 2012 09:43 AM PST ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបានអះអាងនៅថ្ងៃពុធនេះថា យ៉ាងតិចមានប្រជាពលរដ្ឋចំនួនបួននាក់បានទទួលរងរបួសដោយសារតែអំពើបាញ់ប្រហារមួយដែលបង្កឡើងដោយក្រុមសន្តិសុខក្រុមហ៊ុន TTY សម្រាប់ការអភិវឌ្ឍដាំដើមកៅស៊ូរបស់លោកឧកញ៉ា អាន ម៉ារ៉ាឌី។ ក្រុមមន្ត្រីសិទ្ធិមនុស្សបាននិយាយថាហេតុការណ៍នេះបានកើតមានឡើងនៅថ្ងៃពុធនេះនៅតាមបណ្តោយផ្លូវលេខ៧៦A ជាប់ព្រំប្រទល់រវាងស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងស្រុកស្នួល ខេត្តក្រចេះ។ លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថាមុនពេលដែលហេតុការណ៍នេះបានកើតឡើងមានប្រជាពលរដ្ឋប្រមាណជាង២០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន TTY មិនឱ្យឈូសឆាយដំឡូងមីរបស់ពួកគេ។ លោកបានមានប្រសាសន៍ទៀតថាបន្តិចក្រោយមកសន្តិសុខក្រុមហ៊ុន TTY របស់លោកឧកញ៉ា អាន ម៉ារ៉ាឌី ប្រដាប់ដោយកាំភ្លើងអាកាស្វ័យប្រវត្តិបានបាញ់រះមកលើប្រជាពលរដ្ឋតែម្តង។ លោក អំ សំអាត បាននិយាយថាហេតុការណ៍បាញ់ប្រហារនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស នៅក្នុងខណៈពេលដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ «ទោះបីរដ្ឋាភិបាលចាត់វិធានការ មិនមែនថាតែក្រុមហ៊ុនហ្នឹងទេ រាល់ក្រុមហ៊ុនណាក៏ដោយ បើសិនណាមានបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋដែលមិនអាចទាន់ដោះស្រាយបាន។ សូមឲ្យចាត់វិធានការធ្វើការដោះស្រាយ។ មុននឹងក្រុមហ៊ុនហ្នឹងចាប់ផ្តើមធ្វើការឈូសឆាយ ឬក៏ការអភិវឌ្ឍហ្នឹងបាទ!»។ ជនរងគ្រោះទាំងបួនរូបត្រូវបានមន្ត្រីប៉ូលិសបញ្ជាក់ឲ្យដឹងថាមានលោក មុង ទូច ហៅអូ អាយុ២៣ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯប្រជាពលរដ្ឋបីនាក់ផ្សេងទៀតមានអ្នកស្រី នេត រតនា អាយុ២៣ឆ្នាំ លោក លី អីយ៉ា អាយុ២៧ឆ្នាំ និងលោក ទ្រី យ៉ា អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរឥស្លាម បានទទួលរងរបួសស្រាលហើយកំពុងតែសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះ។ លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការប៉ូលិសមិនបានធ្វើអត្ថាធិប្បាយជុំវិញការបាញ់ប្រហារនេះទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកអនុសេនីយ៍ទោ ខៀវ ប៊ុនថា នាយរងប៉ូលិសប៉ុស្តិ៍ ឃុំត្រពាំងក្រញូង បានទទួលស្គាល់ថាពិតជាមានការបាញ់ប្រហារនេះឡើងមែន។ លោកខៀវ ប៊ុនថា បានបញ្ជាក់ទៀតថាពុំមានជនសង្ស័យណាម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗទេ ក៏ប៉ុន្តែប៉ូលិសកំពុងតែបើកការស៊ើបអង្កេតរបស់ខ្លួន។ «បាទ! ឥឡូវទាំងកម្លាំងពីស្នងការ តាំងពីអីមក ចុះមកអង្កេតរឿងហ្នឹងហើយ»។ អ្នកស្រី នេត រតនា អាយុ២៣ឆ្នាំ ជនរងគ្រោះដែលត្រូវបានសន្តិសុខក្រុមហ៊ុនបាញ់ឲ្យរងរបួសចំជើង បានជំរុញឲ្យអាជ្ញាធរចាប់ជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលដោះស្រាយឲ្យ កុំឲ្យប្រជាជននៅរងទុក្ខវេទនាដូចឆ្កែដូចឆ្មាអីញ្ចឹង។ បាញ់គ្មានគិតថាជាមនុស្សជាសត្វធាតុទេ»។ លោកឧត្តមសេនីយ៍ទោ អ៊ិត សារិន ទីប្រឹក្សាក្រសួងការពារជាតិ និងជាតំណាងក្រុមហ៊ុន TTY របស់លោកឧកញ៉ា អាន ម៉ារ៉ាឌី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេដោយលោកបាននិយាយថាកំពុងជាប់រវល់បេសកកម្មទៅខេត្តព្រះវិហារ៕ This posting includes an audio/video/photo media file: Download Now |
អ.ស.បទទូចឲ្យកម្ពុជាតែងតាំងសហចៅក្រមស៊ើបអង្កេតក្នុងតុលាការខ្មែរក្រហម Posted: 18 Jan 2012 02:33 PM PST ក្រោយពីមានភាពយឺតយ៉ាវក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ដែលគេមើលឃើញថាធ្វើឲ្យសំណុំរឿងបន្ថែមមិនអាចដំណើរការទៅមុខបាននោះ អ.ស.បបានអះអាងឲ្យដឹងថាប្រទេសកម្ពុជាមានកាព្វកិច្ចគោរពកិច្ចព្រមព្រៀងក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានជ្រើសតាំងដើម្បីធ្វើកិច្ចការក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម។ ថ្លែងប្រាប់ វីអូអេផ្នែក ខេមរភាសាតាមរយៈអ៊ីម៉េល លោក ម៉ាទីន ណេសឺគី (Martin Nesirky) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប បានថ្លែងថាតាមកិច្ចព្រម ព្រៀងរវាងអ.ស.ប និងកម្ពុជា ប្រទេសកម្ពុជាមានកាត្វកិច្ចក្នុងការតែងតាំងនៅពេលដែលមុខតំណែងនៅទំនេរ។ លោកសហចៅក្រមស៊ើបអង្កេតបម្រុងLaurent Kasper-Ansermetមិនទាន់ត្រូវបានតែងតាំងជាផ្លូវការទេ ទោះបីជាអ.ស.បបានស្នើសុំតែងតាំងភ្លាមៗកាលពីខែតុលាឆ្នាំទៅដើម្បីជំនួសលោក Siegfried Blunk ដែលបានលាឈប់ពីការងារ។ លោក Laurent Kasper-Ansermet ត្រូវស្តីបន្ទោសពេលលោក ចេញសេចក្តីថ្លែងការណ៍សុំឲ្យមានការផ្តល់ព័ត៌មានដល់សាធារណជនច្រើនថែមទៀតអំពីសំណុំរឿង០០៣ និង០០៤ ដែលសហចៅក្រមស៊ើបអង្កេតកម្ពុជា លោក យូ ប៊ុនឡេងអះអាងថាមិនទាន់ មានភាពស្របច្បាប់អាចបំពេញកិច្ចការបានទេ។ លោក Laurent Kasper-Ansermet មិនត្រូវគេបញ្ជាក់ឲ្យដឹងថាពេលណាត្រូវឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមតែងតាំងជាផ្លូវការទេ។ មន្ត្រីស្ថាប័នច្បាប់កំពូល ដែលមានសុទ្ធតែមន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងប្រទេសនេះមិនបានឆ្លើយទូរស័ព្ទ មិនបានចេញសេចក្តីថ្លែងការណ៍ និងគ្មានអ្នកនាំពាក្យទេ។ ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានអះអាងថា ស្ថាប័ននេះកំពុងធ្វើការ តាមនីតិវិធីដែលមិនអាចគួរត្រូវមានសម្ពាធពីភាគីណាមួយទេ។ អ.ស.បតែងតាំងអតីតមន្ត្រីអាមេរិកជាអ្នកជំនាញពិសេសសាលាក្តីខ្មែរក្រហម <!--IMAGE-RIGHT--> អ.ស.បបានបញ្ជាក់ឲ្យដឹងថាខ្លួនបានតែងតាំង លោក ដេវីដ សេហ្វឺ (David Scheffer) អតីតឯកអគ្គរដ្ឋទូតគោចរស.រ.អា សម្រាប់កិច្ចការឧក្រិដ្ឋសង្គ្រាម ជាអ្នកជំនាញការពិសេស ដើម្បីជួយកិច្ចការតុលាការខ្មែរក្រហមជំនួស លោក Clint Williamson ដែលផុតអាណត្តិរយៈពេល ៦ខែកាលពីថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០១១។ លោក Martin Nesirky បានថ្លែងប្រាប់វីអូអេឱ្យបានដឹងតាមរយៈអ៊ីម៉េលកាលពីថ្ងៃអង្គារ។ ការតែងតាំងនេះគឺ ចំពេលដែលសាលាក្តីមានបញ្ហាស្មុគស្មាញរឿងតែងតាំងសហចៅក្រម ស៊ើបអង្កេត លោក Laurent Kasper-Ansermet និងចំពេលដែលតុលាការកំពុងដំណើរការសំណុំរឿងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម០០២។ មន្ត្រីកម្ពុជាបដិសេធអត្ថាធិប្បាយអំពីបេក្ខភាពលោក ដេ វីដ សេហ្វឺតែចាត់ទុកថា ការតែងតាំងនេះជាសញ្ញាល្អ។ លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ពីការតែងតាំងលោក David Scheffer ថា បានកើតមានមែន។ លោកពុំធ្វើអត្ថាធិប្បាយលម្អិតទេ។ លោក ដេ វីដ សេហ្វ៊ឺត្រូវគេដឹងថាគ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាប៉ុន្មានថ្ងៃខាង មុខទៀតនេះដើម្បីជួបជាមួយមន្ត្រីកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ជម្លោះនៅឈូងសមុទ្រចិនខាងត្បូងមិនត្រូវដាក់ចូលក្នុងកិច្ចប្រជុំអាស៊ានទេ Posted: 18 Jan 2012 08:27 AM PST លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានថ្លែងកាលពីថ្ងៃអង្គារថាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនខែ្មរ-ថៃនៅក្បែរប្រាសាទព្រះវិហារនឹងមិនត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅខែឧសភាខាងមុខនេះទេ។ ការកត់សម្គាល់នេះបានធើ្វឡើង ខណៈដែលប្រទេសកម្ពុជាបានធើ្វជាប្រធានអាស៊ានដូរវេនគ្នាហើយបញ្ហាជម្លោះទាំងនេះបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្ពុជា។ លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានថ្លែងនៅក្នុងវេទិកាយុទ្ធសាស្រ្តភ្នំពេញលើកទី១ស្តីពីតួនាទីរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសន្តិសុខនៅសណ្ឋាគារ Cambodianaថាបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាព្រំដែន ខ្មែរ-ថៃ នឹងមិនត្រូវបានលើកយកមកពិភាក្សាទេ ប៉ុន្តែវាមានការវិវត្តន៍នៃវិធានការដោះស្រាយ។ «កម្ពុជានឹងស្នើសុំសហប្រតិបត្តិការពីសំណាក់សមាជិកអាស៊ានទាំងអស់ និងពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅសម្រេច សេចក្តីប្រកាសស្តីពីការសហប្រតិបតិ្តការនៅសមុទ្រចិនខាងត្បូងនៅឆ្នាំ២០១២ ក្នុងស្មារតីប្រកបដោយសហប្រតិបតិ្តការ និងមិត្តភាពដ៏ខ្ពង់ខ្ពស់»។ លោក ទៀ បាញ់ បានលើកឡើងថាបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា និងថៃនឹងមិនត្រូវបានដាក់ជារបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានខាងមុខនេះទេ។ «បញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈយន្តការជាច្រើន មានតាំងពីយន្តការទេ្វភាគី និងយន្តការសម្របសម្រួលរបស់អាស៊ាន ព្រមទាំងការអនុវត្តតាមសេចក្តីសម្រេចស្តីពីវិធានការជាបន្ទាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ផងដែរ។ ហេតុនេះ បញ្ហានេះមិនមែនជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននោះទេ លើកលែងតែក្នុងស្ថានភាពបន្ទាន់ រីឯបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងត្រូវដោះស្រាយដោយសមស្របតាមស្មារតីច្បាប់អន្តរជាតិ មិត្តភាព សហប្រតិបតិ្តការ និងតាមគោលការណ៍»។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានបញ្ជាក់ថាវាជារឿងដើរថយក្រោយសម្រាប់ប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។ «យើងបានស្នើសុំឲ្យឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានលើកឡើងក្នុងរបៀបវារៈ។ ដូច្នេះ នៅពេលយើងធើ្វជាប្រធានអាស៊ាន យើងអត់លើកឡើងប្រធានបទហ្នឹង។ យើងបដិសេធនូវប្រធានបទហ្នឹង។ ខ្ញុំថាយើងដើរថយក្រោយហើយ។ ឥឡូវ យើងបោះបង់ចោលយន្តការអាស៊ាន។ ខ្ញុំថាជារឿង មួយដែលយើងបរាជ័យ ហើយយើងដើរថយក្រោយ។ ខ្ញុំ មើលទៅអត់អាចនាំមកនូវស្ថិរភាពនៅក្នុងតំបន់ជម្លោះ ហើយក៏អត់អាចនាំមកនូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ជម្លោះទេ»។ ក្នុងករណីសមុទ្រចិនខាងត្បូងវិញ លោកអ៊ូ វីរៈ បានបនែ្ថមថាបើប្រធានអាស៊ានមិនលើកឡើងតាមឆន្ទៈរបស់សមាជិកអាស៊ានទេ ឋានៈប្រធានអាស៊ានរបស់កម្ពុជានឹងទទួលបរាជ័យ។ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែង ថាតួនាទីប្រធានអាស៊ានរបស់កម្ពុជាប្រឈមនឹងឧបសគ្គជាច្រើនចំពោះជម្លោះសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែន ខ្មែរ-ថៃ ប៉ុន្តែនឹងមិនមែនជាការបរាជ័យទេ។ «យើងជាប្រធានអាស៊ាន វាអាចមានការលំបាក ពីព្រោះយើងជាភាគីមួយដែរក្នុងជម្លោះខែ្មរ-ថៃ ហើយរឿងសមុទ្រចិនខាងត្បូងក៏មានការលំបាក ដោយសារចិនជាមហាអំណាច»។ លោក ឡៅ ម៉ុងហៃ បានលើកឡើងថាភាពស្មុគស្មាញក្នុងការសែ្វងរកដំណោះស្រាយសមុទ្រចិនខាងត្បូង ដោយសារបណ្តាប្រទេសអាស៊ានចង់ចរចាពហុភាគី ប៉ុន្តែប្រទេសចិនចង់ចរចាទ្វេភាគី៕ This posting includes an audio/video/photo media file: Download Now |
Posted: 18 Jan 2012 11:45 AM PST កម្មវិធីហេឡូវីអូអេពិសេសនៅយប់ថ្ងៃពុធទី១៨ខែមករាឆ្នាំ២០១២បានពិភាក្សាអំពី«ដំណោះស្រាយសំរាប់អ្នកភូមិបូរីកីឡាក្នុងរាជធានីភ្នំពេញ ដែលរងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ»។ វាគ្មិនសំខាន់ពីររូបនៃកម្មវិធី នេះគឺលោក អំ សំអាត មន្ត្រីអង្គការលីកាដូនិងអ្នកស្រី ជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាមួយរូប។ វីអូអេមានការសោកស្តាយដែលអ្នកស្រី ស៊ុយ ស៊ីផាន លុបចោលគម្រោងចូលរួមបកស្រាយក្នុងកម្មវិធីហេឡូវីអូអេ។ តែផ្តល់កិច្ចសម្ភាសជាជំនួសវិញ។ ការលុបចោលនៅនាទីចុងក្រោយដូច្នេះអ្នកស្រីអះអាងថាជាប់រវល់។ នៅក្នុងកម្មវិធីហេឡូវីអូអេលោក អំ សំអាត បានទទូចថាគួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទាក់ទងនឹងតម្លាភាពនៃការដោះស្រាយរបស់ក្រុមហ៊ុនផាន អ៊ីម៉ិច រឿងការបណ្តេញចេញដោយបង្ខំចំពោះអ្នកភូមិបូរីកីឡា ដែលបង្កឲ្យមានអំពើហឹង្សាកើតឡើងនោះ។ ការស៊ើបអង្កេតទាំងនោះ គឺរួមទាំងការផ្តោតលើការបែងចែកផ្ទះឲ្យអ្នកភូមិពិតប្រាកដឬទេ ហើយការដោះស្រាយដល់ពលរដ្ឋផ្សេងៗទៀតកើតឡើងចំមនុស្ស និងត្រឹមត្រូវឬទេ? អ្នកស្រីជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាដែលទើបរត់ចេញពីការឃុំឃាំងនៅព្រៃស្ពឺក្រោយពីការចាប់ខ្លួន ដោយការតវ៉ារឿងផ្ទះសម្បែងនោះ បានថ្លែងថា អ្នកស្រីរស់នៅបូរីកីឡាតាំងពីឆ្នាំ១៩៩៨ម្ល៉េះ តែមិនបានផ្ទះដូចអ្នកដែលមិនធ្លាប់រស់នៅទេ។ អ្នកស្រីអំពាវនាវឲ្យមានជំនួយនិងការរកយុត្តិធម៌។ លោកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផាន អ៊ីម៉ិចបានអះអាងថាក្រុមហ៊ុនមិនអាចដោះស្រាយជូនពលរដ្ឋដែលគ្មានឯកសារត្រឹមត្រូវ និងអ្នកដែលចេះតែមកទាមទាររកផ្ទះនោះទេ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ជំងឺផ្តាសាយបក្សីសម្លាប់កុមារម្នាក់នៅបន្ទាយមានជ័យ Posted: 18 Jan 2012 08:40 AM PST កុមារាអាយុជាងពីរឆ្នាំម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃពុធនេះ ដោយសារជំងឺផ្តាសាយបក្សីដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគ H5N1កើនដល់១៧នាក់ហើយ នៅក្នុងប្រទេសកម្ពុជាគិតមកដល់ពេលនេះ។ កុមារា ហ៊ិន ហៀង ស្លាប់នៅម៉ោងជិត៣ទៀបភ្លឺឆ្លងចូលថ្ងៃពុធទី១៨ ខែមករានេះនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រោយពេលទទួលការព្យាបាលអស់មួយសប្តាហ៍មក។ នេះបើតាមការអះអាងរបស់ក្រុមគ្រូពេទ្យនៅទីនោះ។ ក្មេងប្រុសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៩ ខែមករា ក្រោយពេលទទួលការព្យាបាលនៅក្នុងភូមិអស់ជិតមួយសប្តាហ៍ដោយមិនមានការធូរស្រាល។ ក្រុមគ្រូពេទ្យបាននិយាយថាការបញ្ជូនក្មេងមកកាន់មន្ទីរពេទ្យគឺយឺតពេលបន្តិច នឹងមិនអាចសង្គ្រោះបានទេព្រោះថាការឆ្លងរបស់មេរោគមានលក្ខណៈធ្ងន់ធ្ងរទៅហើយ ធ្វើឱ្យខូចប្រព័ន្ធដកដង្ហើម សួត និងតម្រងនោម។ ក្មេងប្រុសរងគ្រោះរស់នៅក្នុងភូមិរពាក់ឃុំស្នួលមានជ័យស្រុកព្រះនេត្រព្រះ បានឆ្លងមេរោគផ្តាសាយបក្សីកាលពីថ្ងៃទី៣ ខែមករា ដោយសារការប៉ះពាល់ជាមួយសត្វមាន់ដែលងាប់ ឬឈឺនៅក្នុងភូមិនោះ។ ក្មេងប្រុសរូបនោះបានចាប់ផ្តើមមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ និងក្អួត ក្រោយពេលដែលមានសត្វមាន់រាប់ពាន់ក្បាលបានងាប់នៅក្នុងតំបន់ នោះ។ នេះបើតាមការអះអាងរបស់ក្រុមគ្រួសារនិងមន្ត្រីសុខាភិបាល។ ជំងឺផ្តាសាយបក្សី បានចាប់ផ្តើមវាយលុកចូលប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៥ ហើយមានមនុស្ស១៩នាក់បានឆ្លង ក្នុងនោះ១៧នាក់រួមទាំងក្មេងប្រុសនេះផងបានស្លាប់គិតមកដល់ពេលនេះ ហើយការស្លាប់របស់ក្មេងនេះ គឺជាករណីទីមួយនៃការឆ្លងមេរោគផ្តាសាយបក្សី H5N1 ដែលត្រូវបានគេ រកឃើញនៅឆ្នាំ២០១២នេះ។ លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានថ្លែងថា ការវិភាគកំពុងត្រូវបានគេធ្វើឡើងដើម្បីតាមដានរកមេរោគដែលអាចនឹងឆ្លងទៅកាន់អ្នកដទៃទៀតនៅតំបន់នោះ។ «យើង នឹងបន្តតាមដានអ្នកដែលប៉ះពាល់ប៉ុន្តែការវិភាគនៅមិនទាន់បង្ហាញថាអ្នកណាមួយមានជាវិជ្ជមាននៅឡើយទេ»។ ជំងឺផ្តាសាយបក្សី គឺនៅតែជាបញ្ហាគំរាមកំហែងដល់សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ពិសេស កុមារគឺជាមនុស្សដែលងាយទទួលរងផលប៉ះពាល់ជាងគេ។ នេះ បើតាមការអះអាងរបស់មន្ត្រីក្រសួងសុខាភិបាល៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៨ មករា យប់ Posted: 18 Jan 2012 08:16 AM PST ភូមា៖ មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសភូមាលោក ស្រី អង់ សាន ស៊ូជី (Aung San Suu Kyi) បានក្លាយទៅជាបេក្ខនារីជាផ្លូវការដើម្បីឈរឈ្មោះប្រជែងយកអាសនៈនៅក្នុងរដ្ឋសភាភូមាក្នុងការបោះឆ្នោតខាងមុខនេះ។ រុស្សី៖ រុស្សីដែលជាប្រទេសសម្ព័ន្ធមិត្ដជាមួយស៊ីរីបាននិយាយថាខ្លួននឹងមិនអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ពបរទេសនៅក្នុងប្រទេសស៊ីរីទេ នៅខណៈពេលដែលក្រុមប្រឹក្សាសន្ដិសុខអ.ស.ប.ជជែកដេញដោលគ្នាអំពីមធ្យោបាយដើម្បីបញ្ឈប់ការបង្ហូរឈាម ពីការបះបោរប្រឆាំងនឹងប្រធានាធិបតី បាស្សា អាល អាសាដ (Bashar Al Assad) អស់រយៈពេល១០ខែកន្លងមកនេះ។ អ៊ីតាលី៖ ក្រុមបុគ្គលិកជួយសង្រ្គោះបានបញ្ឈប់ការរុករកជនបាត់ខ្លួនពីនាវា ខនស្តា ខនដូឌា (Costa Condordia)ហើយ ខណៈដែលនាវានោះផ្អៀងបន្តិច។ អ៊ីស្រាអែល៖ រដ្ឋមន្ដ្រីការពារប្រទេសអ៊ីស្រាអែល លោក អេហូដ បារាក់ (Ehud Barak) បានថ្លែងថា សេចក្ដីសម្រេចណាមួយដើម្បីវាយប្រហារមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺស្ថិតនៅឆ្ងាយណាស់។ ធនាគារពិភពលោក៖ ក្រុមអ្នកជំនាញនៃធនាគារពិភពលោកបានចេញការវាយតម្លៃដ៏មិនមានសុទិដ្ឋិនិយមមួយអំពីលទ្ធភាពនៃកំណើនសេដ្ឋកិច្ចសកល ហើយបាននិយាយថាប្រសិនបើជាការធ្លាក់ចុះនេះកាន់តែធ្ងន់ធ្ងរ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនិងតំបន់ទាំងអស់។ ចិន៖ វិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិនបានធ្លាក់ចុះសម្រាប់ខែទីពីរជាប់គ្នា នៅក្នុងខែធ្នូនេះ ដោយសារតែភាពមិនចម្រើននៃសេដ្ឋកិច្ចសកលបានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភ។ ជប៉ុន៖ ប្រទេសជប៉ុនបាននិយាយថា ខ្លួនអាចនឹងអនុញ្ញាតឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្លះឱ្យបន្តដំណើរការរហូតដល់៦០ឆ្នាំ បន្ទាប់ពីពួកវាត្រូវបានសង់រួច។ ចិន៖ សកម្មជនល្បីឈ្មោះជើងចាស់ជាតិចិនម្នាក់ បានត្រូវចោទប្រកាន់ពីបទវិទ្ធង្សនាដោយបានផ្សព្វផ្សាយកំណាព្យមួយដែលជំរុញឱ្យប្រជាពលរដ្ឋចិនងើបឡើងតស៊ូនិងទាមទារសេរីភាពឱ្យកាន់តែប្រសើរជាងនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកបុរីកីឡាដែលជាប់ឃុំបានរត់គេចខ្លួនតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ Posted: 18 Jan 2012 06:08 AM PST អ្នកភូមិបុរីកីឡាចំនួន២០នាក់បាននាំគ្នារត់គេចចេញពីការឃុំឃាំងដោយខុសច្បាប់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃពុធនេះ។ អ្នកភូមិទាំងនេះត្រូវបានចាប់ខ្លួនកាលពីសបា្តហ៍មុន បន្ទាប់ពីបានតវ៉ារឿងជម្លោះដីធ្លីនៅមុខសាលារាជធានីភ្នំពេញ។ ទោះបីជាអ្នកភូមិទាំងនេះមានសេរីភាពឡើងវិញក៏ដោយ ក៏អ្នកទាំងនេះនឹងប្រឈមនឹងភាពក្រីក្រដោយគ្មានផ្ទះសម្បែងនិងអនាគតមិនច្បាស់លាស់។ អ្នកស្រី កែ ហៀង អាយុ៤៥ឆ្នាំ អ្នកភូមិបុរីកីឡាដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាខ្ញុំមកនេះបានមួយជំហានហើយ និងគិតថាខ្ញុំមិនដឹងធើ្វយ៉ាងម៉េចទេដល់ជំហានទី២»។ លោកស្រី បញ្ជាក់បន្ថែមទៀតថា៖ «ឥឡូវ ខ្ញុំចូលទៅបុរីកីឡាវិញអត់បានមិនដឹងគិតថាម៉េចទេ។ ខ្ញុំចង់និយាយថាពីថ្ងៃហ្នឹងទៅស្អែក ខ្ញុំមិនដឹងត្រូវគិតយ៉ាងម៉េចទេ បើខ្ញុំគ្មានកន្លែងគោលដៅដែលត្រូវទៅនៅផង។ ទីមួយអស់ផ្ទះអស់ សម្បែង និងទីពីរការរស់នៅរបស់ខ្ញុំមិនដឹងជាយ៉ាងម៉េចពីថ្ងៃ ស្អែកទៅអនាគត។ ខ្ញុំដោះស្រាយអត់ចេញយ៉ាងនេះ»។ អ្នកស្រី ស៊ឹម សាក់មុន្នី អាយុ៦៣ឆ្នាំ អ្នកភូមិបុរីកីឡាដែលបានរត់ចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ បានយល់ស្របនឹងគំនិតនេះ។ អ្នកស្រី បានលើកឡើងថាពួកគាត់ត្រូវបានទទួលការគំរាម ឲ្យជាប់ឃុំនៅក្នុងមណ្ឌលព្រៃស្ពឺ បើពួកគាត់មិនព្រមទទួលយកដីនៅភ្នំបាត និងទួលសម្បូរណ៍។ លោកស្រីបន្ថែមថា៖ «ពួកខ្ញុំត្រូវបានយកទៅដាក់ជាមួយពួកញៀនគ្រឿងញៀន ពួកឆ្កួត ពួកគ្មានទីលំនៅ។ អ្នកខ្លះឆ្កួតដើរស្រាតឲ្យពួកខ្ញុំទៅ នៅជាមួយយ៉ាងម៉េចទៅ។ ពួកខ្ញុំនៅមិនបានទេ។ គេបង្ខំឲ្យពួកខ្ញុំនៅហ្នឹង។ ពួកខ្ញុំចង់មានសេរីភាព។ ថ្ងៃនេះពួកខ្ញុំរត់ចេញពីមជ្ឈមណ្ឌលទាំងក្មេងទាំងចាស់២០នាក់រួមមានស្រ្តី១៨នាក់ និងកូនក្មេង២នាក់។ ពួកខ្ញុំឡើងតាមរបងដែលគេចាក់សោរជាប់។ អ្នកយាមពិការរត់មិនទាន់ពួកខ្ញុំទេ»។ អ្នកស្រី ជិន ស្រ៊ិន អាយុ៦២ឆ្នាំ ភូមិបុរីកីឡាដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ បានបញ្ជាក់ថាអ្នកស្រីបានរត់ចេញពីមណ្ឌលឃុំឃាំងខុសច្បាប់ដោយគ្មានសេរីភាព និងគ្មានកំហុស។ «ខ្ញុំថាមិនសមរម្យទេដែលគាត់ចាប់ពួកខ្ញុំយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដោយគ្មានសេរីភាពអញ្ចឹង ហើយនាំគ្នារត់ចេញមក ដោយឡើងផ្លោះរបងម្តងម្នាក់ៗ។ លោកស្រីស៊ុយ សុផាន បញ្ជាកងប្រដាប់អាវុធប៉េអឹម និងនគរបាលទៅព័ទ្ធចាប់ពួកខ្ញុំ យកទៅដាក់ក្នុងមណ្ឌល។ ពួកខ្ញុំនេះចេញតវ៉ាដើម្បីសុំផ្ទះសុំជម្រកមកវិញ តើហេតុអី្វបានជាចាប់ពួកខ្ញុំយក ទៅដាក់ជាមួយមនុស្សឆ្កួត មនុស្សញៀនថ្នាំ មនុស្សអនាថា អាវ៉ាសែតាមថ្នល់មិនដឹងអីអញ្ចឹង»។ លោកស្រីស៊ុយ សុផាន នាយកក្រុមហ៊ុនផានអ៊ីម៉ិច មិនបានធើ្វអត្ថាធិប្បាយអំពីការរត់ចេញពីមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺទេ។ លោកស្រីបានបញ្ជាក់ថាបើអ្នកភូមិបុរីកីឡាណាមានឯកសារគ្រប់គ្រាន់ លោកស្រីនឹងដោះស្រាយជូន ប៉ុន្តែបើគ្មានឯកសារទេ លោកស្រីនឹងផ្តល់ដីនៅភ្នំបាត និងទួលសម្បូរណ៍ ហើយគ្រួសារដែលចង់ទៅរស់នៅស្រុកកំណើតវិញ នឹងទទួលបានប្រាក់ចំនួន៥០០ដុល្លារអាមេរិក។ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានហៅការរត់ចេញពីមណ្ឌលឃុំឃាំងព្រៃស្ពឺនេះថា ជាការរំដោះខ្លួនឲ្យរួចផុតពីការបង្ខាំង និងឃុំមនុស្សខុសច្បាប់។ «ការដែលគាត់ចេញមកវិញ ខ្ញុំគិតថាវាគ្មានអី្វខុសទេតាមផ្លូវច្បាប់ ពីព្រោះនេះជាសេរីភាពរបស់គាត់ ហើយផ្ទុយទៅវិញ គាត់រួចផុតពីការឃុំខ្លួនដោយខុសច្បាប់»។ ការប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងអ្នកភូមិបុរីកីឡាបានផ្ទុះឡើងកាលពីដើមខែមករានេះ ខណៈដែលកងសន្តិសុខចូលនៅឈូសឆាយផ្ទះសម្បែងរបស់អ្នកភូមិ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៨ មករា ព្រឹក Posted: 17 Jan 2012 11:33 PM PST ប៉ាគីស្ថាន៖ ជនប្រដាប់អាវុធនៅតំបន់ពាយ័ព្យបាគីស្ថានបានបាញ់សម្លាប់អ្នកកាសែតធ្វើការឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក។ មូការ៉ាម ខាន់ អាទីហ្វ Mukarram Khan Aatif ដែលធ្លាប់រាយកាណ៍ឲ្យវិទ្យុវីអូអេ ឌីវ៉ា Deewa radio បានរងគ្រោះពីការវាយប្រហារកាលពីថ្ងៃអង្គារ នៅក្នុងវិហារម៉ូស្ក ជិតផ្ទះរបស់គាត់ ក្នុងស្រុកស្ហាបកាដារ Shabqadar ចម្ងាយប្រមាណ៣៥គីឡូម៉េត្រពីទីក្រុងប៉េស្សាវ៉រ។ កូរ៉េខាងត្បូង៖ មន្ដ្រីថ្នាក់ខ្ពស់អាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានប្រជុំគ្នា កាលពីថ្ងៃអង្គារនេះនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីផ្ដោតទៅលើការចរចា៦ភាគីលើ កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ អ្នកការទូតទាំងនោះបានប្រជុំគ្នាដើម្បីរៀបចំវិធានការទៅមុខនៅក្នុងកិច្ចចរចាភាគី ៦ប្រទេស ជាលើកទីមួយចាប់តាំងពីមរណភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម យុងអ៊ីលកាលពីខែមុន។ ភូមា៖ មេដឹកនាំសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិក លោក មីត្យ ម៉ាកខុនណែល Mitch McConnell ថ្លែងនៅថ្ងៃអង្គារនេះថាមន្ដ្រីអាមេរិកនឹងទទួលឥទ្ធពលខ្លាំងពីទស្សនៈរបស់មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យភូមា អោង សាន សូជី ថាតើត្រូវបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នោះឬទេ? អ៊ីតាលី៖ ខ្សែអាត់ថតសម្លេង ចេញពីការឆ្លើយឆ្លងគ្នារវាង កងឆ្មាំការពារឆ្នេរសមុទ្រអ៊ីតាលី និងមេបញ្ជាការនាវាកំសាន្ដប្រណិតដែលក្រឡាប់បង្ហាញឲ្យឃើញថា មេបញ្ជាការនាវិកនោះបដិសេធមិនស្ដាប់បញ្ជាឲ្យវិលមកកាន់នាវាវិញ។ យេម៉ែន៖ រដ្ឋមន្ដ្រីការបរទេសយេម៉ែនថ្លែងថា ការបោះឆ្នោតដែលគ្រោងធ្វើនៅខែក្រោយដើម្បីជ្រើសរើសប្រធានាធិបតីជំនួសមេដឹកនាំដែលមានបញ្ហាគឺលោកអាលី អាប់ឌុលឡា សាឡេះ Ali Abdullah Saleh អាចបានត្រូវពន្យាពេលដោយបញ្ហាសន្ដិសុខក្នុងប្រទេស។ ស៊ីរី៖ អំពើឃោរឃៅបានផ្ទុះឡើងនៅស៊ីរី ឯសមាជិកបស្ចិមប្រទេសនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានប៉ះទង្គិចជាមួយរុស្ស៊ីអំពីមធ្យោបាយដើម្បីបញ្ឈប់ការបង្ហូរឈាម ក្នុងការបះបោររយៈពេល ១០ខែប្រឆាំងប្រធានាធិបតី បាសា អាល់អាសាដ Bashar Al Assad។ កាហ្សាក់ស្ថាន៖ ក្រុមបាតុករច្រើនរយនាក់នៅកាហ្សាក់ស្ថាន កាលពីថ្ងៃអង្គារបាននាំគ្នាតវ៉ាប្រឆាំងការបោះឆ្នោតដែលគេចោទថា ជាការកេងបន្លំសន្លឹកឆ្នោតដែលផ្ដល់សម្លេងភាគច្រើននៅក្នុងរដ្ឋសភាឲ្យ គណបក្សដឹកនាំប្រទេស របស់ ប្រធានាធិបតីនឹស៊ុលតាន ណាហ្សាបាយេវ Nursultan Nazarbayev ។ រុស្ស៊ី៖ និយាយថាបរាជ័យនៃយានអវកាសរុករករបស់ខ្លួន ដែលមានទិសដៅទៅរកព្រះច័ន្ទ នៃភពព្រះអង្គារអាចមានមូលហេតុមកពី វិទ្យុសកម្មចេញពីរ៉ាដារបស់អាមេរិក។ អ៊ីរ៉ង់៖ និយាយថា មន្ដ្រីនុយក្លេអ៊ែរ ថ្នាក់ខ្ពស់របស់អង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅអ៊ីរ៉ង់ នៅចុងខែនេះដើម្បីវែកញែកអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |