VOA News: ព័ត៌មាន: “អតីតព្រះមហាក្សត្រនរោត្តមសីហនុ យាងទៅពិនិត្យព្រះរោគនៅចិន” plus 5 more |
- អតីតព្រះមហាក្សត្រនរោត្តមសីហនុ យាងទៅពិនិត្យព្រះរោគនៅចិន
- អ.ស.ប៖ កម្ពុជាមានកាព្វកិច្ចតែងតាំងចៅក្រមដែលអ.ស.បជ្រើសតាំង
- ហេឡូវីអូអេ ១៩ មករា ២០១២៖ ថ្នាំព្យាបាលថ្មីសម្រាប់ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B)
- ខ្មែរក្រហមផ្តាច់ទូតក្រោយពីចោទថាវៀតណាមឈ្លានពានកម្ពុជា
- ព័ត៌មានអន្តរជាតិវីអូអេ ១៩ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១៩ មករា ព្រឹក
អតីតព្រះមហាក្សត្រនរោត្តមសីហនុ យាងទៅពិនិត្យព្រះរោគនៅចិន Posted: 19 Jan 2012 05:36 AM PST ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីត្រួតពិនិត្យព្រះរាជរោគរបស់ព្រះអង្គជាប្រចាំតាមការណែនាំរបស់វេជ្ជបណ្ឌិតចិន។ ការយាងទៅនេះត្រូវបានធើ្វឡើងក្នុងរយៈពេលពីរសបា្តហ៍បន្ទាប់ពីសម្តេចឪទ្រង់បានចេញផ្សាយ ព្រះរាជបណ្តាំ សម្រាប់ក្រោយពេលព្រះអង្គសោយទិវង្គត។ អតីតព្រះមហាក្សត្រនរោត្តម សីហនុ ដែលមានព្រះជន្ម៩០ ព្រះវស្សាទ្រង់កើតមានប្រឈួនជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចជា រោគមហារីក ទឹកនោមផ្អែម និងលើសឈាមដែលតែងតែទៅព្យាបាលនៅក្នុងប្រទេសចិន។ អតីតព្រះមហាក្សត្រទ្រង់បានយាងព្រះរាជដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយព្រះមហាក្សត្រីយានី និងព្រះរាជបុត្រព្រះមហាក្សត្រនរោត្តម សីហមុនី ហើយនៅមិនទាន់ច្បាស់លាស់ទេថា ព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសចិនរយៈពេល ប៉ុន្មាននោះ។ ក្នុងព្រះរាជសុន្ទរកថារំលឹកខួបទី២០ នៃការយាងវិលត្រឡប់ពីការនិរទេសក្នុងខែតុលាឆ្នាំមុនសម្តេចឪបានមានព្រះរាជបន្ទូលថាព្រះអង្គនឹងគង់ប្រថាប់នៅកម្ពុជាជាមួយកូនចៅរបស់ទ្រង់ជារៀងរហូត។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជំនួយការផ្ទាល់របស់សម្តេចឪ បានមានបន្ទូលថាតម្រូវការត្រួតពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គមិនអាចឲ្យទ្រង់រក្សាពាក្យសន្យាបានទេ។ ព្រះអង្គម្ចាស់ ធម្មិកោ បានបញ្ជាក់ថាក្រុមគ្រូពេទ្យចិនអាចធើ្វដំណើរមកព្យាបាលព្រះរាជរោគរបស់ព្រះអង្គនៅកម្ពុជាបាន ប៉ុន្តែមិនអាចនាំយកសម្ភារៈមកជាមួយបានទេ។ ដូច្នេះ ក្រុមគ្រូពេទ្យបានសម្រេចចិត្តសុំយាងព្រះអង្គទៅកាន់ទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យព្រះរាជសុខភាព។ កាលពីសបា្តហ៍កន្លងទៅ សម្តេចព្រះនរោត្តម សីហនុ ដែលមានព្រះជន្ម៩០ព្រះវស្សា និងមានជំងឺមហារីកតាំងពីឆ្នាំ១៩៩៣ បានផ្លាស់ប្តូរព្រះរាជបណ្តាំរបស់ព្រះអង្គពីការមិនឲ្យបូជាព្រះសពរបស់ព្រះអង្គ មកបូជាតាមប្រពៃណីជាតិវិញ។ សម្តេចព្រះនរោត្តម សីហនុ បានមានព្រះរាជបណ្តាំកាលពីថ្ងៃទី៦ ខែមករាថា៖ «ក្រោយពេលខ្ញុំទទួលអនិច្ចកម្ម សពរបស់ខ្ញុំនឹងត្រូវបូជានៅវាលព្រះមេរុនៅក្បែរព្រះបរមរាជវាំង ទៅតាមប្រពៃណីជាតិយើង។ នៅថ្ងៃបន្ទាប់នៃពិធីបូជានេះ អដិ្ឋធាតុរបស់ខ្ញុំនឹងត្រូវយកទៅលាងសម្អាត ហើយដាក់នៅ ក្នុងកោដ្ឋមួយដែលធើ្វអំពីមាស ឬក៏ពុំមែនមាសរួចហើយ យកទៅតម្កល់នៅក្នុងព្រះចេតិយ «គន្ធបុបា្ជ» នាព្រះកែវមរកត»។ លោក ជា គាន អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានថ្លែងថាលោកមិនបានដឹងអំពីព្រះរាជបណ្តាំនេះទេ និងមិនមានបញ្ជាឲ្យធើ្វតាមព្រះរាជបណ្តាំនេះទេ។ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថាប្រជាពលរដ្ឋ គ្រប់រូបត្រូវគោរពតាមព្រះរាជបណ្តាំរបស់ព្រះអង្គ ប៉ុន្តែមិនត្រូវរៀបចំអី្វៗ មុនការសោយទិវង្គតរបស់ទ្រង់ទេ វាហាក់ដូចជាការប្រមាថដល់ព្រះជន្មរបស់ព្រះអង្គ។ «យើងធើ្វអញ្ចឹងដូចថាយើងបន់ឲ្យព្រះករុណាសោយទិវង្គត។ យើងធើ្វអញ្ចឹង វាមិនសមរម្យនឹងប្រពៃណីខ្មែរ។ យើងធើ្វអញ្ចឹងមិនកើតទេ។ យើងគ្រាន់តែលើកដៃបួងសួងសុំវត្ថុស័ក្តិសិទិ្ធឲ្យព្រះអង្គគង់បានរាប់រយព្រះវស្សា។ កូនចៅបន់ស្រន់ទាំងព្រះសង្ឃ និងសិស្សានុសិស្សតាមគ្រប់វត្តអញ្ចឹងទៅជាគ្រឿងសក្ការៈ»។ សម្តេចព្រះមហាវីរក្សត្រនរោត្តម សីហនុ ជាស្តេចគ្រប់គ្រងអំណាចយូរមួយព្រះអង្គនៅអាស៊ី បន្ទាប់ពីទ្រង់បានដាក់រាជ្យនៅក្នុងខែតុលា ឆ្នាំ២០០៤ ដើម្បីប្រគល់អំណាចដល់ព្រះរាជបុត្ររបស់ព្រះអង្គនរោត្តម សីហមុនី ដោយសារបញ្ហាព្រះរាជសុខភាព៕ This posting includes an audio/video/photo media file: Download Now |
អ.ស.ប៖ កម្ពុជាមានកាព្វកិច្ចតែងតាំងចៅក្រមដែលអ.ស.បជ្រើសតាំង Posted: 19 Jan 2012 01:48 PM PST ភ្លាមៗបន្ទាប់ពីប្រទេសកម្ពុជាមិនបានតែងតាំងជាផ្លូវការនូវសហចៅក្រមស៊ើបអង្កេតបម្រុងជនជាតិស្វីសគឺលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ដែលត្រូវបំពេញកិច្ចការបន្តក្នុងដំណើរការកាត់ទោសខ្មែរក្រហមជាពិសេសសំណុំរឿងបន្ថែមនោះ អ.ស.បបានប្រតិកម្មយ៉ាងទន់ភ្លន់ថាប្រទេសកម្ពុជាមានកាព្វកិច្ចគោរពកិច្ចព្រមព្រៀងក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានជ្រើសតាំង។ លោកសហចៅក្រមស៊ើបអង្កេតបម្រុងលោកLaurent Kasper-Ansermetមិនទាន់ត្រូវបានតែងតាំងជាផ្លូវការឲ្យមានសិទ្ធិស្មើគ្នានឹងសហចៅក្រមស៊ើបអង្កេតខ្មែរទេ ទោះបីជាលោកអគ្គលេខាធិការអ.ស.ប បាន គីមូន បានស្នើសុំភ្លាមៗ កាលពីខែតុលាឆ្នាំទៅដើម្បីជំនួសលោក Siegfried Blunk ដែលបានលាឈប់ពីមុខតំណែងក្តី។ លោក Laurent Kasper-Ansermet ត្រូវស្តីបន្ទោសពេលលោកចេញសេចក្តី ថ្លែងការណ៍ប៉ុន្មានថ្ងៃថ្មីៗសុំឲ្យមានការផ្តល់ព័ត៌មានដល់សាធារណជនច្រើនថែមទៀតអំពីសំណុំ រឿង ០០៣និង០០៤ ដែលរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីជំទាស់ដាច់អហង្ការ។ លោកសហចៅក្រមស៊ើបអង្កេតកម្ពុជា យូ ប៊ុនឡេង អះអាងថាលោក Laurent Kasper-Ansermet មិនទាន់មានភាពស្របច្បាប់អាចបំពេញ កិច្ចការនិងចេញសេចក្តីប្រកាសព័ត៌មាន បានទេមុនមាន ភាពស្របច្បាប់គតិយុត្តិត្រឹមត្រូវ ដែលគេដឹងថាកើតចេញពីការតែងតាំងជាផ្លូវការនោះ។ ថ្លែងប្រាប់ វីអូអេផ្នែកខេមរភាសាតាមរយៈអ៊ីម៉េលកាលពីថ្ងៃអង្គារ លោក ម៉ាទីន ណេសឺគី (Martin Nesirky) អ្នកនាំពាក្យរបស់លោក អគ្គលេខាធិការអ.ស.បបានថ្លែងថា អ.ស.ប បន្តទទូចសុំឲ្យកម្ពុជាបំពេញកាតព្វកិច្ចខ្លួន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងអ.ស.ប។ លោក Martin Nesirky ថ្លែងតាមប្រសាសន៍ដើមរបស់ លោកថា៖ «ប្រទេសកម្ពុជាមានកាតព្វកិច្ចដើម្បីតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុង ពេលមុខតំណែង នេះនៅទំនេរ»។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ជាក់ថាអ.ស.បនិងកម្ពុជានៅតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាល បានអះអាងថា ស្ថាប័នឧត្តមក្រុម ប្រឹក្សា នៃអង្គចៅក្រមកំពុងធ្វើកិច្ចការរបស់ខ្លួនចំពោះកិច្ចការដែលលោកអធិប្បាយថាត្រូវមានការត្រួត ពិនិត្យមើលពីច្បាប់និងនីតិវិធីច្រើន។ «នៅក្នុងចំណុចនេះបានចែងច្បាស់ថាអ.ស.បមានដែនសមត្ថកិច្ចក្នុងការលើកឡើងជាសំណូមពរនូវ បេក្ខជនណាមួយ។ ចំណុចទីមួយ។ ចំណុចទី២ ខាងកម្ពុជាមានសិទ្ធិ និងអំណាចក្នុងការសម្រេច តែងតាំង។ នេះជាគោលការណ៍នៃច្បាប់»។ មន្ត្រីស្ថាប័នច្បាប់កំពូល ដែលមានសុទ្ធតែមន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងប្រទេសនេះមិនបានឆ្លើយទូរស័ព្ទ មិនបានចេញសេចក្តីថ្លែងការណ៍ និងគ្មានអ្នកនាំពាក្យនោះទេដើម្បីបំភ្លឺទាក់ទងនឹងការតែងតាំងនិងរបៀប វារៈកិច្ចប្រជុំរបស់ខ្លួន។ សំណុំរឿង ០០៣ និង ០០៤មានជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាល ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មនានា នៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួន មកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យទាំង៥នាក់នោះមានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រី អ៊ឹម ចែម។ នេះបើតាមឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយ ព័ត៌មានបរទេស ផ្សព្វផ្សាយ។ សំណុំរឿងទាំងនេះបានដាក់ជូនដល់សហចៅក្រមស៊ើបអង្កេតតាំងពីឆ្នាំ២០០៨ម្ល៉េះដើម្បីបន្តនីតិវិធី ដូចជានាំខ្លួនមកឃុំ ចោទប្រកាន់។ តែមិនឃើញមាននីតិវិធីដូច្នោះ កើតឡើងទេ។ សហចៅក្រមបរទេសលោក Siegefried Blunk បានដាក់ពាក្យលាឈប់ដោយចោទប្រកាន់ថាមានការជ្រៀតជ្រែកផ្នែក នយោបាយពីរដ្ឋាភិបាលកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបានបដិសេធដោយចាត់ទុកថាជារឿងមិនចុះសម្រុង ផ្ទៃក្នុងរបស់សហចៅក្រម។ នៅក្នុងព្រឹត្តិការណ៍មួយទៀតអ.ស.បបាន បញ្ជាក់ឲ្យដឹងថាខ្លួនបានតែងតាំង លោក ដេវីដ សេហ្វឺ(David Scheffer)អតីតឯកអគ្គរដ្ឋទូតគោចរនៃក្រសួងការបរទេសស.រ.អា សម្រាប់កិច្ចការឧក្រិដ្ឋកម្មសង្គ្រាមជាអ្នកជំនាញការពិសេស ដើម្បីជួយកិច្ចការតុលាការខ្មែរក្រហមជំនួស លោក Clint Williamson ដែលផុតអាណត្តិ៦ខែកាលពីថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០១១។ នេះបើតាមការអះអាងរបស់លោក Martin Nesirky អ្នកនាំពាក្យរបស់លោក បាន គីមូន(Ban Ki-moon) ដែលបានថ្លែងប្រាប់វីអូអេ តាមរយៈអ៊ីម៉េលកាលពីថ្ងៃអង្គារ។ ការតែងតាំងលោក ដេវីដ សេហ្វឺ ( David Scheffer) នេះត្រូវគេដឹងថា ចំពេលដែលសាលាក្តីមានបញ្ហាស្មុគស្មាញរឿងតែងតាំងសហចៅក្រម ស៊ើបអង្កេត លោក Laurent Kasper-Ansermet និងចំពេលដែលតុលាការកំពុងដំណើរការសំណុំរឿង មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម០០២។ មន្ត្រីកម្ពុជាបដិសេធអត្ថាធិប្បាយអំពីបេក្ខភាពលោក ដេ វីដ សេហ្វឺ ( David Scheffer) តែចាត់ទុកថា ការតែងតាំងនេះជាសញ្ញាល្អ។ លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ពីការតែងតាំងលោក David Scheffer ថាបានកើតមានមែន។ «ខ្ញុំបានទទួលព័ត៌មានថាលោក David Scheffer ត្រូវបានតែងតាំងជាផ្លូវការរួចហើយដើម្បីជំនួស តំណែងលោក Clint Williamson ដែលលោកបានបញ្ចប់ការងារកាលពីប៉ុន្មានខែមុននោះបាទ»។ លោកវណ្ណៈពុំធ្វើអត្ថាធិប្បាយលម្អិតទេ។ លោក ដេវីដ សេហ្វឺត្រូវគេដឹងថាគ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាប៉ុន្មានថ្ងៃខាង មុខទៀតនេះដើម្បីជួបជាមួយមន្ត្រីកម្ពុជា។ លោក David Scheffer ត្រូវគេដឹងថាជាអ្នកដែលចូលរួម ពាក់ព័ន្ធនឹងការបង្កើតតុលាការខ្មែក្រហម តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនទៀតដែលអ.ស.បចាត់ ទុកថាលោកជាអ្នកមានបទពិសោធខ្ពស់ដើម្បីផ្តល់ដំបូន្មានដល់ភាគីអ.ស.បក្នុងសាលាក្តីខ្មែរក្រហម នៅដំណាក់កាលស្មុគស្មាញនេះ៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ១៩ មករា ២០១២៖ ថ្នាំព្យាបាលថ្មីសម្រាប់ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B) Posted: 19 Jan 2012 09:18 AM PST ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B) ជាជំងឺឆ្លងតាមវីរុសមួយដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតនិងជាប្រភេទជំងឺធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោក។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (World Health Organization) មានមនុស្សប្រមាណ២.០០០លាននាក់នៅក្នុងពិភពលោក (ឬប្រហែលជិត៣០%នៃចំនួនប្រជាជនពិភពលោកសរុប៧.០០០លាននាក់) បានឆ្លងជំងឺនេះ មានអ្នកដែលមានជំងឺនេះរ៉ាំរ៉ៃចំនួន៣៥០លាននាក់ និងមានអ្នកស្លាប់ប្រមាណ៦សែននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនាពេលថ្មីៗនេះមានចេញនូវថ្នាំព្យាបាលថ្មីដែលគេសង្ឃឹមថានឹងអាចជួយផ្តល់ឱកាសនៃការព្យាបាលបន្ថែមដល់អ្នកមានជំងឺនេះ។ បើតាមលោកវេជ្ជបណ្ឌិត តាំង តេក ហុង ដែលបានចូលរួមជាភ្ញៀវនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០១២នេះ ថ្មីព្យាបាលថ្មីចំនួន៧នេះរួមមាន៖ Interferon alfa-2b, PegInterferon alfa-2a Lamivudine, Adefovir, Entecavir, Telbivudine និងTenofovir។ នៅដើមនៃកម្មវិធីនេះ លោកវេជ្ជបណ្ឌិត្យក៏បានផ្តល់ការណែនាំបន្តិចអំពីការប្រយ័ត្នប្រយែងចំពោះមេរោគគ្រុនផ្តាសាយបក្សី (H5N1) ដែលទើបបានសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ប្រិយមិត្តអាចទាក់ទងបន្តជាមួយលោកវេជ្ជបណ្ឌិត្យ តាំង តេក ហុង តាមហេ្វសប៊ុកដោយចូលទៅទំព័រ www.facebook.com/Dr.TaingTekHong សូមស្តាប់ឬទាញយកសំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ខ្មែរក្រហមផ្តាច់ទូតក្រោយពីចោទថាវៀតណាមឈ្លានពានកម្ពុជា Posted: 19 Jan 2012 06:22 AM PST ខ្មែរក្រហមបានសម្រេចផ្តាច់ទំនាក់ទំនងការទូត និងបណ្ដេញមន្ដ្រីទូតវៀតណាមទាំងអស់ចេញពីប្រទេសកម្ពុជាកាលពីចុងឆ្នាំ១៩៧៧ ដោយចោទប្រកាន់ថាប្រទេសវៀតណាមបានឈ្លានពានប្រទេសកម្ពុជា។ នេះបើយោងតាមឯកសារភស្តុតាងដែលសហព្រះរាជអាជ្ញារងកម្ពុជា លោក សេង ប៊ុនឃាង លើកយកមកពិភាក្សាក្នុងការកាត់ក្ដីសំណុំរឿង០០២ នៅថ្ងៃព្រហស្បតិ៍នេះ។ ការកាត់ក្ដីនេះផ្តោតលើ ការជំទាស់លើឯកសារភស្ដុតាងលើកឡើងដោយភាគីការពារជនជាប់ចោទ។ លោកសហព្រះរាជអាជ្ញារង សេង ប៊ុនឃាង បានអានសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរក្រហមថា របបកុម្មុយនិស្ដម៉ៅនិយមខ្មែរក្រហមកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៧ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមជាបណ្ដោះអាសន្នដោយកំណត់ពេលឲ្យមន្ដ្រីទូតវៀតណាមទាំងអស់ចាកចេញពីប្រទេសកម្ពុជាទៀតផង។ «ខ្ញុំសុំដកស្រង់តែខ្លឹមសារ នៃសេចក្តីសម្រចនៅក្នុងសេចក្តីថ្លែងការណ៍នេះ ដែលមានដូចតទៅ៖ ក្រសួងការបរទេសនៃកម្ពុជាប្រជាធិបតេយ្យសូមធ្វើសេចក្តីថ្លែងការណ៍ដូចតទៅនេះ ទី១ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុង និងជាបណ្តោះអាសន្នជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧ រហូតដល់កងទ័ពឈ្លានពានរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដកចេញពីទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យរហូតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឋិតនៅក្នុងបរិយាកាសដូចដើមវិញ។ ទី២ អ្នកការទូតនិងបុគ្គលិករបស់ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការទទួលស្គាល់ពីកម្ពុជាប្រជាធិបតេយ្យ ត្រូវតែចាកចេញពីកម្ពុជាប្រជាធិបតេយ្យនៅមុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨ជាកំហិត»។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានកាន់កាប់អំណាចចន្លោះពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។ ក្នុងរយៈពេលជិតបួនឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន១,៧លាននាក់បានស្លាប់ដោយសារការសម្លាប់ ការបង្អត់អាហារ ដោយជំងឺ និងដោយសារការបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរជាដើម។ យោងតាមសៀវភៅ «ប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ពួកខ្មែរក្រហមមានទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនិស្ដមួយចំនួនដូចជាប្រទេសចិន វៀតណាម ឡាវ គុយបា រូម៉ានី យូហ្គោសា្លវី អាលបានី និងប្រទេសអេហ្ស៊ីបជាដើម។ ក៏ប៉ុន្ដែស្ថានទូតទាំងនោះបានបិទជាបន្ដបន្ទាប់ហើយមន្ដ្រីទូតទាំងអស់ត្រូវបង្ខាំងទុកក្នុងទូត លើកលែងតែមន្ដ្រីស្ថានទូតចិនតែប៉ុណ្ណោះដែលមានសិទ្ធិអាចចេញទៅមជ្ឈដ្ឋានខាងក្រៅបាន។ សៀវភៅដដែលនេះបានបញ្ជាក់ថា របបខ្មែរក្រហមមានទំនាក់ទំនងការទូតកាន់តែអាក្រក់ក្នុងរយៈពេលចុងក្រោយជាមួយប្រទេសវៀតណាមដោយសារតែទំនាស់ប្រដាប់អាវុធកើតមាននៅតាមបណ្ដោយព្រំដែន ហើយដោយសារតែទំនាស់មនោគមវិជ្ជា។ ការបង្ហាញការផ្ដាច់ទំនាក់ទំនងការទូតនៃរបបកម្ពុជាប្រជាធិបតេយ្យជាមួយប្រទេសវៀតណាម របស់សហព្រះរាជអាជ្ញារងកម្ពុជា លោក សេង ប៊ុនឃាង ក្នុងការកាត់ទោសនៅថ្ងៃនេះគឺដើម្បីសំអាងថា ឯកសារដែលការិយាល័យសហព្រះរាជអាជ្ញាយកមកប្រើមានភាពគួរជឿទុកចិត្តបាន ខណៈដែលក្រុមមេធាវីការពារក្ដីរបស់ អៀង សារី នួន ជា និងមេធាវីរបស់ខៀវ សំផន បានជំទាស់នឹងឯកសារជាច្រើនដែលជាប្រភេទឯកសារដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយបរទេស និងឯកសារពីមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម។ ក្រុមមេធាវីការពារជនជាប់ចោទបានលើកឡើងដូចៗគ្នាថា ឯកសារតាមសារព័ត៌មាន ឬសៀវភៅមិនអាចជឿទុកចិត្តបាន ហើយបានទាមទារឲ្យតុលាការបង្ហាញឯកសារដើម។ ក៏ប៉ុន្ដែក្រុមសហព្រះរាជអាជ្ញា បានជំទាស់នឹងការទាមទារនេះ ហើយបានស្នើឲ្យអង្គជំនុំជម្រះទាត់ចោលការទាមទារនេះផងដែរ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៩ មករា យប់ Posted: 19 Jan 2012 07:54 AM PST វៀតណាម៖ កសិករវៀតណាមម្នាក់ក្លាយទៅជាជនរងគ្រោះទីមួយស្លាប់ដោយជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងប្រទេសវៀតណាមក្នុងរយ:ពេលជិតពីរឆ្នាំ។ ព្រមពេលនេះដែរមានសេចក្ដីរាយការណ៍មួយថាមានអ្នករងគ្រោះម្នាក់បានស្លាប់នៅប្រទេសកម្ពុជា។ បាគីស្ថាន៖ លោក យូសូវ រ៉ាសា ហ្គីឡានី (Yusuf Raza Gilani) នាយករដ្ឋមន្ដ្រីបាគីស្ថាន បានបង្ហាញខ្លួនមុខតុលាការកំពូល ដើម្បីប្រឈមនឹងការចោទថា លោកមិនស្ដាប់បង្គាប់ចៅក្រម។ ដោយមានវត្ដមានកងសន្ដិសុខជាច្រើននៅតុលាការក្នុងថ្ងៃព្រហស្បតិ៍នេះ លោកហ្គីឡានីបានការពារសេចក្ដីសម្រេចរបស់លោក ដែលមិនសុំឲ្យអាជ្ញាធរស្វ៊ីសបើករឿងពុករលួយទសវត្សរ៍១៩៩០ប្រឆាំងលោកប្រធានាធិបតី អាស៊ីហ្វអាលីហ្សារដារី (Asif Ali Zardari) សាជាថ្មី។ លោកហ្គីឡានីនិយាយថា ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីហ្សារដារីមានអភ័យឯកសិទ្ធិ។ ស៊ីរី៖ ក្រុមអ្នកឃ្លាំមើលនៃសម្ព័ន្ធភាពអារ៉ាប់កំពុងតែរៀបចំរាយកាណ៍អំពីស្ថានការណ៍នៅប្រទេសស៊ីរី ក្រោយពីបានទៅធ្វើបេសកកម្មមួយខែនៅទីនោះ ដើម្បីពិនិត្យមើលការខំប្រឹងប្រែងរបស់រដ្ឋាភិបាលអនុវត្ដផែនការបញ្ឈប់ការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើការបះបោររយ:ពេល១០ខែ។ អ៊ីតាលី៖ នៅថ្ងៃព្រហស្បតិ៍ក្រុមអ្នកមុជទឹកអ៊ីតាលីស្វែងរកជាថ្មីទៀតមនុស្សយ៉ាងតិច២១នាក់ដែលបាត់ខ្លួនដោយសារនាវាកម្សាន្តមួយដែលគឿងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសអ៊ីតាលី។ ចិន៖ លោកលី ទៀ (Li Tie) អ្នកនិពន្ធនិងជាសកម្មជនប្រជាធិបតេយ្យបានទទួលសាលក្រមឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ក្រោយពីបានសរសេរបទនិពន្ធមួយចំនួនសុំឲ្យពលរដ្ឋការពារសិទ្ធិរបស់ខ្លួន។ ចិន៖ លោកនាយករដ្ឋមន្រ្តីចិន វ៉ិន ជាបាវ (Wen Jiabao) និយាយថាលោកជំទាស់នឹងសកម្មភាពជ្រុលហួសទាំងអស់របស់ប្រទេសអ៊ីរ៉ង់ ដែលចង់បិទច្រកសមុទ្រហរមូស (Hormuz)។ បង់ក្លាដែស៖ ក្រុមមន្ដ្រីយោធានៅប្រទេសបង់ក្លាដែសឲ្យដឹងថា គេបានរកឃើញការឃុបឃិតមួយរបស់ក្រុមអ្នកកាន់សាសនមានជំនឿជ្រុលហួសចង់រំលំរដ្ឋាភិបាល។ សូម៉ាលី៖ អង្គការគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) ដែលមានទីស្នាក់ការនៅស.រ.អ.ឲ្យដឹងថា ខ្លួនបិទមជ្ឈមណ្ឌលពេទ្យធំៗពីរនៅរដ្ឋធានីនៃប្រទេសសូម៉ាលីហើយ ក្រោយពីបុគ្គលិកពីរនាក់របស់ខ្លួនត្រូវបានសម្លាប់កាលពីខែមុន។ អង្គការនេះឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថាខ្លួនបានបិទមជ្ឈមណ្ឌលមួយមានគ្រែសម្រាប់អ្នកជំងឺចំនួន១២០គ្រែនៅសង្កាត់ហូដាននៃទីក្រុងម៉ូហ្គាឌីស្យូ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៩ មករា ព្រឹក Posted: 18 Jan 2012 10:06 PM PST ប៉ាគីស្ថាន៖ បានពន្យារពេលទស្សនកិច្ចមួយរបស់លោក ម៉ាក ហ្ក្រូសមេន បេសកជនពិសេសអាមេរិក រហូតទៅដល់ពេលដែលក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ការពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និង ប៉ាគីស្ថាន។ ស៊ីរី៖ សកម្មជនប្រឆាំងនៅស៊ីរី និយាយថា កងកម្លាំងរដ្ឋាភិបាលបានយល់ព្រមតាមបទឈប់បាញ់គ្នាមួយជាមួយពួកឧទ្ទាម ដែលកាន់កាប់ទីក្រុងភ្នំមួយនៅជិតរដ្ឋធានីដាម៉ាស ក្បែរព្រំដែនជាមួយប្រទេសលីបង់។ អ៊ីតាលី៖ ការរង់ចាំដំណឹងក្លាយជាការអស់សង្ឃឹមកាន់តែខ្លាំងឡើង សម្រាប់គ្រួសាររបស់អ្នកដំណើរដែលនៅបាត់ខ្លួនពីនាវាកំសាន្តដ៏ធំ ដែលបើកបុកថ្មនៅឆ្នេរសមុទ្រភាគពាយ័ព្យអ៊ីតាលី។ នីហ្សេរីយ៉ា៖ អាជ្ញាធរនិយាយថា អ្នកជាប់សង្ស័យជាងគេនៅក្នុងការបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យ ណូអែលដាក់វិហារសាសនាកាតូលីក មួយនៅក្នុងរដ្ឋធានី អាប៊ូចា បានគេចខ្លួនរួចពីការឃុំឃាំងរបស់ប៉ូលីស ក្រោយពីត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់អភិបាលរដ្ឋបរណូនៅក្នុងរដ្ឋធានី។ អេត្យូពី៖ ប្រទេសអេរីទ្រាបានហៅការអះអាងដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏ឃោឃៅមួយទៅលើជនបរទេសនៅអេត្យូពី ភាគខាងជើងនោះជាការភូតកុហកទាំងស្រុង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |