VOA News: ព័ត៌មាន: “ក្រុមការពារមេខ្មែរក្រហមសង្ស័យលើភាពត្រឹមត្រូវនៃឯកសារពីរបបខ្មែរក្រហម” plus 7 more |
- ក្រុមការពារមេខ្មែរក្រហមសង្ស័យលើភាពត្រឹមត្រូវនៃឯកសារពីរបបខ្មែរក្រហម
- លោក អូបាម៉ា គ្រោងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា
- ហេឡូវីអូអេ ១៦ មករា ២០១២៖ វិទ្យាសាស្ត្រជាធាតុមួយនៃការអភិវឌ្ឍ
- ចៅក្រមបម្រុងសាលាក្តីខ្មែរក្រហមខកចិត្តដោយសារការតែងតាំងយឺតយ៉ាវ
- អាជ្ញាធរការពារការចាប់បញ្ជូនពលរដ្ឋបុរីកីឡាទៅមណ្ឌលកែប្រែ
- អ្នកបុរីកីឡាប្តេជ្ញាបន្តតវ៉ាក្រោយពីចេញពីមន្ទីរអប់រំកែប្រែ
- ព័ត៌មានអន្តរជាតិវីអូអេ ១៦ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១៦ មករា ព្រឹក
ក្រុមការពារមេខ្មែរក្រហមសង្ស័យលើភាពត្រឹមត្រូវនៃឯកសារពីរបបខ្មែរក្រហម Posted: 16 Jan 2012 03:15 PM PST ក្រុមមេធាវីការពារអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនពីរនាក់បានទាមទារឲ្យនាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំបំផុតក្នុងប្រទេសកម្ពុជាចេញមុខផ្ដល់សក្ខីកម្មផ្ទាល់មាត់ដោយសំអាងថា ឯកសាររបស់មជ្ឈមណ្ឌលនោះ ដែលបានផ្តល់ជូនសាលាក្ដីខ្មែរក្រហមមិនអាចទុកចិត្តបាន។ សហមេធាវីការពារនួន ជា លោក ចាបសឺ ផូវ (Japser Pauw) បានទទូចនៅក្នុងការកាត់ទោសនៅថ្ងៃច័ន្ទនេះ ថា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវតែចូលផ្ដល់សក្ខីកម្មនៅក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ ហើយបើលោក ឆាំង យុ មិនចូលខ្លួនក្នុងបន្ទប់សវនាការសម្រាប់ឲ្យភាគីនានាចោទសួរដេញដោលអំពីការប្រមូលព័ត៌មាននិងឯកសារភស្ដុតាងនោះទេ ក្រុមមេធាវីការពារក្ដីមិនអាចទទួលយកឯកសារទាំងឡាយដែលត្រូវបានផ្ដល់ឲ្យសាលាក្ដីខ្មែរក្រហមនោះទេ។ លោក ចាបសឺ ផូវបញ្ជាក់ថា៖ «លោក ឆាំង យុ ខ្លួនឯងត្រូវតែបង្ហាញខ្លួនក្នុងតុលាការនេះ គឺជាអ្នកស្រាវជ្រាវដែលលំអៀងដែលបានធ្វើការក្នុងបំណងឲ្យមានការចោទប្រកាន់លើលោកនួន ជា។ ហើយវាមានន័យថា អាចមានការសន្មត់ពីភាពលំអៀងនៅពេលដែលគេពិនិត្យមើលការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយប្រសិនណាបើលោក ឆាំង យុ មិនត្រូវបានសាកសួរដោយអង្គជំនុំជម្រះសាលាដំបូងនោះទេ ដូច្នេះជំហរបស់យើងគឺភស្ដុតាងពីមជ្ឈមណ្ឌលឯកសារកម្ពុជាមិនអាចត្រូវបានចាត់ទុកថា ជាឯកសារដើម និងគួរឲ្យជឿជាក់ទុកចិត្តបាន និងមិនអាចទទួលយកបាន»។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាប្រភពផ្ដល់ឯកសារដ៏ធំបំផុតសម្រាប់ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។ មានឯកសារប្រមាណជា៥០ម៉ឺនឯកសារត្រូវបានប្រគល់ជូនសាលាក្ដីខ្មែរក្រហមហើយសាលាក្ដីខ្មែរក្រហមនឹងធ្វើការកាត់ទោសដោយមានការសួរដេញដោលទៅលើឯកសារនានាពេញមួយសប្ដាហ៍នេះ។ រីឯភាគីនានាអាចនឹងធ្វើការជំទាស់ទៅលើឯកសារទាំងឡាយដែលមានការជាប់ពាក់ព័ន្ធទៅនឹងការកាត់ទោស។ លោក ម៉ាយឃើល ផេសម៉ិន សហមេធាវីបរទេសម្នាក់ទៀតរបស់នួន ជា ក៏បានទាមទារដូចគ្នាខាងលើនោះដែរ។ ដោយឡែកសហមេធាវីរបស់អៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរក្រហមលោក ម៉ាយឃើល ខាណាវ៉ាស បានគាំទ្រសំណើររបស់សហមេធាវីការពារក្ដីនៃអតីតប្រធានសភាខ្មែរក្រហមដោយចាត់ទុកថា លោកឆាំង យុ គឺជាមនុស្សតែម្នាក់គត់ដែលត្រូវចូលទៅបំភ្លឺលើឯកសារទាំងឡាយដែលត្រូវបានប្រគល់ជូនតុលាការ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឆ្លើយតបថាលោកកំពុងតែរង់ចាំមើលការសម្រេចរបស់ប្រធានអង្គជំនុំជម្រះសាលាដំបូងចំពោះការទាមទាររបស់ក្រុមមេធាវីការពារក្តីខាងលើ។ «ចៅក្រមសម្រេចយ៉ាងណា គឺយើងចាំស្តាប់ចៅក្រមធ្វើការសម្រចចិត្តទី១។ ទី២ទៀតយើងគឺជាមជ្ឈមណ្ឌលប្រមូលព័ត៌មាន យើងមិនមែនប្រមូលភស្តុតាងនោះទេហើយព័ត៌មានទាំងអស់នេះយើងបានផ្តល់ឲ្យទៅគ្រប់អង្គភាពរួមទាំងមេធាវីចុងជាប់ចោទទៀតផង»។ ជនជាប់ចោទនួន ជា ធ្លាប់បានប្រកែកនៅក្នុងការកាត់ទោសពេញមួយសប្ដាហ៍កន្លងទៅថា លោកមិនទទួលស្គាល់ឯកសារទាំងឡាយណាដែលត្រូវថតចម្លងយកមកបង្ហាញលោកនោះទេ។ ដោយឡែកនៅថ្ងៃនេះសហមេធាវីការពារក្ដីខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម លោក គង់ សំអុន បានលើកឡើងថាភស្ដុតាងទាំងឡាយណាដែលអាចទទួលយកបាននោះលុះណាតែភស្ដុតាងទាំងនោះត្រូវបានដាក់ឲ្យសួរដេញដោលនៅក្នុងបន្ទប់កាត់ទោស។ រីឯខៀវ សំផន នៅថ្ងៃនេះបានរំលឹកឡើងវិញថា លោកនឹងមិនឆ្លើយតបនឹងសំណួរណាមួយនៅក្នុងការកាត់ទោសល្គឹកណាពុំទាន់មានការបង្ហាញភស្ដុតាងគ្រប់សព្វនៅក្នុងពេលកាត់ទោសនោះ៕ This posting includes an audio/video/photo media file: Download Now |
លោក អូបាម៉ា គ្រោងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា Posted: 16 Jan 2012 10:26 AM PST បន្ទាប់ពីជួបប្រជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៅក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះ លោកចូសេហ្វ យន់ (Josep Yun) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាគ្រោងនឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចំណែកឯលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន គ្រោងនឹងមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងខែកក្កដា។ លោក យន់បានបន្ថែមទៀតថា៖ «យើងបានជួបពិភាក្សាអំពីការរៀបចំនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុននេះ។ ហើយយើងរំពឹងថាលោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែកក្កដាហើយលោកប្រធានាធិបតីមកក្នុងអំឡុងខែវិច្ឆិកា»។ ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានមួយនៅទីក្រុងភ្នំពេញនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដែលគេរំពឹងថានឹងមានការចូលរួមពីបណ្តាប្រទេសមហាអំណាចខាងផ្នែកលូតលាស់សេដ្ឋកិច្ចសំខាន់ៗ ដែលរួមមានសហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា ជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ មុនកិច្ចប្រជុំអាស៊ានមកដល់លោកឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ បន្ទាប់ពីជំនួបអស់រយៈពេលជិតមួយម៉ោងនៅឯក្រសួងការបរទេសលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថាដំណឹងនៃការចូលរួមប្រជុំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញឲ្យឃើញពីការរីកចម្រើនយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ទៀតថាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិកនៅក្នុងអំឡុងខែមិនាខាងមុខនេះ។ «ដោយឡែកអំពីបញ្ហាទ្វេភាគី យើងក៏បានពិភាក្សាផងដែរអំពីបញ្ហា Lower Mekong Incentive។ គឺគេហៅថាកិច្ចផ្តួចផ្តើមគឺថាមេគង្គក្រោមក្នុងនោះគឺបញ្ហាការឧបត្ថម្ភជំនួយរបស់សហរដ្ឋអាមេរិកជាពិសេសក្នុងការអនុវត្តដែលគេហៅថាផែនការសកម្មភាពដើម្បីអភិវឌ្ឍប្រទេសនៅក្នុងតំបន់ Lower Mekong ហើយបេក្ខភាពរបស់ Myanmar»។ លោក ចូសេហ្វ យន់ បានមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះ ហើយលោកនឹងចាកចេញពីកម្ពុជានៅព្រលប់ថ្ងៃដដែលនេះដើម្បីបន្តបំពេញទស្សនកិច្ចរបស់លោកក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកយន់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅឯក្រសួងការបរទេស។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ចូសេហ្វ យន់ មកកាន់ប្រទេសកម្ពុជាលើកនេះលោកបានជួបពិភាក្សាជាមួយនឹងមន្ត្រីក្រសួងការបរទេស និងមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថាក្នុងជំនួបជាមួយនឹងមន្ត្រីក្រសួងការបរទេសកាលពីព្រឹកថ្ងៃច័ន្ទក៏បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកផងដែរ។ «បំណុលអាមេរិកគឺឯកឧត្តមយន់ បានពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីព្រឹកម៉ិញហើយលោកក៏បានសង្ខេបឲ្យខ្ញុំបន្តិចដែរគឺថាមានការយល់គ្នាច្រើន ហើយក៏មានការហៅថាបំភ្លឺនូវចំណុចខ្លះដែលភាគីទាំងសងខាងបន្តពិចារណាថែមទៀត ហើយលោកមានការសប្បាយចិត្តណាស់ដោយសារតែយើងបានចាប់ផ្តើមក្នុងការពិភាក្សាបញ្ហាហ្នឹង។ ហើយសង្ឃឹមខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់»។ ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាង៣០០លានដុល្លារសហរដ្ឋអាមេរិកក្នុងរបបលន់ នល់ កាលពីអំឡុងទសវត្សរ៍ទី៧០។ ប្រទេសកម្ពុជាបានទទូចឲ្យសហរដ្ឋអាមេរិកលុបចោលបំណុលទាំងនេះ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែពិចារណានៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ១៦ មករា ២០១២៖ វិទ្យាសាស្ត្រជាធាតុមួយនៃការអភិវឌ្ឍ Posted: 16 Jan 2012 08:21 AM PST ជាទូទៅវិទ្យាសាស្ត្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនរីកចម្រើនទេ ហើយមនុស្សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក៏មិនសូវយកចិត្តទុកដាក់ និងមិនសូវមានចំណេះដឹងខាងវិទ្យាសាស្ត្រដែរ។ ប៉ុន្តែនិស្សិតខ្មែរមួយចំនួនបានចាប់អារម្មណ៍សិក្សាខាងផ្នែកវិទ្យាសាស្ត្រនេះ។ ជាអាទិ៍លោកទូច ម៉េងហេង គឺជានិស្សិតខ្មែរម្នាក់កំពុងសិក្សាថ្នាក់បរិញ្ញានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាជូស៊ែត្តស៍ក្នុងសហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធីសំឡេងអ្នកជំនាន់ថ្មីទី៥នេះ និស្សិតទូច ម៉េងហេងនិយាយអំពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ចៅក្រមបម្រុងសាលាក្តីខ្មែរក្រហមខកចិត្តដោយសារការតែងតាំងយឺតយ៉ាវ Posted: 16 Jan 2012 08:52 AM PST នៅថ្ងៃច័ន្ទនេះសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិនៅសាលាក្តីខ្មែរក្រហមបានសម្តែងការខកចិត្តចំពោះការមិនទាន់តែងតាំងរូបលោកឲ្យធ្វើជាសហចៅក្រមស៊ើបអង្កេតពេញសិទិ្ធ ដើម្បីដំណើរការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ លោកឡូរ៉ង់ កាស្ពែរ អានសឺមេត (Laurent Kasper-Ansermet) ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់តំណែងសហចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមក្នុងខែតុលាជំនួសលោក ស៊ីកហ្វ្រិក ប៊្លុង(Siegfried Blunk)ដែលបានលាឈប់ដោយគ្មានបញ្ជាក់មូលហេតុ។ ប៉ុនែ្តរហូតមកដល់ពេលនេះ លោកមិនទាន់ត្រូវបានតែងតាំងជាផ្លូវការពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរបស់ប្រទេសកម្ពុជាទេ។ លោក ឡូរ៉ង់ បានបញ្ជាក់នៅក្នុងសារអេឡិកត្រូនិកតាមសម្តីដើមថា៖ «ការសម្រេចចិត្តរបស់ខ្ញុំបានទទួលស្គាល់សិទិ្ធ ដើម្បីស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ គេត្រូវតែពន្យល់ពីការប្រឆាំងចំពោះការតែងតាំងរូបខ្ញុំជាផ្លូវការ»។ ក្រុមអង្គការសិទិ្ធមនុស្សជាតិនិងអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាអំពីការប្រើកលល្បិចតែងតាំងលោកចៅក្រមអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសឺមេតដោយហេតុផលនយោបាយ ខណៈដែលលោកមានបំណងយ៉ាងមោះមុតក្នុងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី បានចេញមកបដិសេធការចោទប្រកាន់នេះ ហើយបានរិះគន់អង្គការទាំងនេះថាបានគាបសង្កត់ និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នតុលាការជាន់ខ្ពស់។ «ទាក់ទងរឿងការតែងតាំងអង្គការសហប្រជាជាតិជាអ្នកដាក់ស្នើបេក្ខភាព ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកតែងតាំង។វាអត់មានអី្វដែលយឺតពេល ធ្វើកិច្ចការលឿនផងប៉ុណ្ណឹង។ ពួកហ្នឹងមកបង្ខំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនកើតទេ»។ លោក ឡាស អល់សិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានតួនាទីតែងតាំងសហចៅក្រម។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានកោះប្រជុំកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការតែងតាំងលោកឡូរ៉ង់ ប៉ុន្តែសមាជិកឧត្តមក្រុមប្រឹក្សានេះមិនអាចឈានដល់ការសម្រេចលើការតែងតាំងនេះទេ។ លោក ឡុង បញ្ញាវុធ មន្រ្តីគម្រោងនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សេរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាជាការណ៍ចាំបាច់ដែលត្រូវការតែងតាំងជាបន្ទាន់ ពីព្រោះអី្វកាលមានការយឺតយ៉ាវនៅខាងក្នុងនឹង វាធើ្វឲ្យយឺតយ៉ាវដល់ដំណើរការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ ហើយវាក៏អាចធើ្វឲ្យអូសបន្លាយដល់អាយុកាលនៃសាលាក្តីខ្មែរក្រហមដែរ»។ នៅក្នុងខែធ្នូ ឆ្នាំ២០១១ លោក ឡូរ៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ដល់សាធារណជនទាក់ទងនឹងដំណើរវិវឌ្ឍន៍សំខាន់ៗនៅក្នុងសំណុំរឿង០០៣ និង០០៤។ កាលពីសបា្តហ៍មុន ភាគីជាតិទាំងអស់នៅសាលាក្តីខ្មែរក្រហមបានចោទសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិរូបនេះថាបានធ្វើសេចក្តីប្រកាសព័ត៌មានមួយ ដែលទង្វើនេះគឺជាការលួចធ្វើនៅពីក្រោយខ្នងរបស់ភាគីខាងជាតិទាំងអស់៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរការពារការចាប់បញ្ជូនពលរដ្ឋបុរីកីឡាទៅមណ្ឌលកែប្រែ Posted: 16 Jan 2012 07:57 AM PST បន្ទាប់ពីមានការរិះគន់ខ្លាំងៗចម្រុះគ្នារបស់អង្គការក្រៅរដ្ឋាភិបាលក្នុង និងក្រៅប្រទេសអំពីការចាប់ខ្លួនអតីតប្រជាពលរដ្ឋនៅតំបន់បុរីកីឡា រួចហើយយកទៅមណ្ឌលកែប្រែព្រៃស្ពឺសាលាក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលបានចាត់ទុកថាអាជ្ញាធរមិនបានយកប្រជាពលរដ្ឋទៅឃុំឃាំងទេ។ កាលពីថ្ងៃពុធកន្លងទៅនេះយ៉ាងតិចមានប្រជាពលរដ្ឋរស់នៅអតីតតំបន់បូរីកីឡាប្រមាណ៣០នាក់ក្នុងនោះមានកុមារចំនួនប្រាំមួយនាក់ត្រូវបានអាជ្ញាធរប៉ូលិស និងសន្តិសុខសាលាខណ្ឌដូនពេញបានចាប់បញ្ជូនចូលក្នុងរថយន្តក្រុងដោយបង្ខំរួចហើយយកទៅមណ្ឌលកែប្រែមិត្តភាពព្រៃស្ពឺដែលមានទីតាំងឋិតនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយក្រុងភ្នំពេញ។ ការចាប់បញ្ជូនខ្លួនប្រជាពលរដ្ឋនេះបានកើតមានឡើងនៅពេលដែលប្រជាពលរដ្ឋប្រមាណជាជិត១០០នាក់បានដើរក្បួនបាតុកម្មដោយសន្តិវិធីហើយក្រោយមកបានដាក់ញ្ញត្តិទៅសាលាក្រុងភ្នំពេញ ដើម្បីឲ្យដោះលែងប្រជាពលរដ្ឋនៅតំបន់បុរីកីឡាប្រាំបីនាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស និងប៉េហ្ស៊ីឲ្យមានសេរីភាពឡើងវិញព្រមទាំងផ្តល់ទីជម្រកសមរម្យដល់ពួកគេបន្ទាប់ពីការបណ្តេញចេញដោយបង្ខំកាលពីថ្ងៃទី៣ខែមករាកន្លងទៅនេះ។ សាលាក្រុងភ្នំពេញកាលពីថ្ងៃសុក្រនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលមានចំណងជើងថា «ការណ៍ពិតនៃការបញ្ជូនប្រជាពលរដ្ឋ២២គ្រួសារទៅមណ្ឌលព្រៃស្ពឺ» សាលាក្រុងបាននិយាយថាអាជ្ញាធរបានចាប់បញ្ជូនពួកគេទៅស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលព្រៃស្ពឺមិនមែនជាការឃុំឃាំងទេគឺទទួលបានការថែទាំនិងរង់ចាំការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាប្រជាពលរដ្ឋដែលចាប់បញ្ជូនទៅមណ្ឌលកែប្រែព្រៃស្ពឺមិនមែនជាប្រជាពលរដ្ឋដែលរស់នៅតំបន់បុរីកីឡារហូតដល់ឆ្នាំ២០០៣ទេ។ មានចំនួនប្រាំបួនគ្រួសារបានទិញផ្ទះនៅលើដីរដ្ឋដោយខុសច្បាប់ ប្រាំមួយគ្រួសារជាប្រភេទទិញទិញផ្ទះខុសច្បាប់នៅលើដីរដ្ឋ ហើយមិនបានស្នាក់នៅទេគឺទុកជួលយកកម្រៃ មួយគ្រួសារបានទិញផ្ទះស្នាក់នៅរួចហើយក៏ប៉ុន្តែលក់បន្តមកតវ៉ាសុំឲ្យកូន មានមួយគ្រួសារទៀតជាប្រភេទមនុស្សដែលឆ្លៀតមកស្នាក់នៅដើម្បីទាមទារលុយកាក់។ អ្នកស្រី ជុំ ងាន់ អាយុ៤៩ឆ្នាំដែលកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺបាននិយាយប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថាការបកស្រាយរបស់សាលាក្រុងភ្នំពេញគឺជាការណ៍មិនពិត។ លោកស្រីបានបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅមណ្ឌលកែប្រែព្រៃស្ពឺប្រៀបបីដូចជាមន្ទីរឃុំឃាំង បើទោះបីជាពួកគេបានទទួលអាហារនិងទឹកសម្រាប់ងូតក៏ដោយក៏ប៉ុន្តែពួកគេគ្មានសិទ្ធិដើរហើរចេញពីមណ្ឌលទេ។ «សាលាក្រុងចាប់ពួកខ្ញុំសុទ្ធតែសែងឡើងឡានកុំមកដោះដៃទទេ ឥតបានទេចេញទៅវិញទៅអង្គុយនៅមុខសាលាក្រុងទៀតឲ្យតែនិយាយអីញ្ចឹង»។ អតីតអ្នកភូមិបុរីកីឡាប្រមាណ៣០នាក់ត្រូវបានដាក់នៅក្នុងបន្ទប់រួមគ្នាមួយទំហំប្រាំម៉ែតបួនជ្រុង ក៏ប៉ុន្តែនៅក្នុងមណ្ឌលនេះមានមនុស្សវិកលចរិកជាច្រើន នេះបើតាមការបញ្ជាក់របស់អ្នកស្រីជុំ ងាន់។ លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថាប្រជាពលរដ្ឋបុរីកីឡាត្រូវបាននាំខ្លួនដោយបង្ខំយកទៅដាក់មណ្ឌលកែប្រែព្រៃស្ពឺ។ លោកបានបញ្ជាក់ថាប្រជាជនមិនអនុញ្ញាតឲ្យចេញមកក្រៅទេ ដែលទង្វើនេះគឺជាការបង្ខាំងឬឃុំខ្លួន។ «យើងមិនមែនចេះតែថារដ្ឋាភិបាលធ្វើនេះខុស ធ្វើអញ្ចុះខុសនោះទេ ហើយចេះតែនិយាយដោយគ្មានលក្ខខណ្ឌនោះទេ។ គឺយើងឃើញសកម្មភាពនៃការធ្វើខាងបុរីកីឡានេះ យើងបានទទួលផ្លូវការគឺគ្មានការស៊ើបអង្កេតទេបន្ទាប់ពីមានការកើតឡើង»។ កាលពីថ្ងៃទី៣ ខែមករានេះ អាជ្ញាធរមានសមត្ថកិច្ចជាច្រើនរាប់រយនាក់បានបណ្តេញប្រជាពលរដ្ឋជាច្រើននៅតំបន់បុរីកីឡារហូតដល់មានការប៉ះទង្គិចដោយបង្ហូរឈាមមួយរវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ។ មានប្រជាពលរដ្ឋយ៉ាងតិចប្រាំបីនាក់ត្រូវបានចាប់ឃុំខ្លួនភ្លាមៗក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទបង្ករបួសស្នាមក៏ប៉ុន្តែមិនមានសមត្ថកិច្ចណាម្នាក់ត្រូវបានចាប់ខ្លួនពីបទវាយប្រជាពលរដ្ឋឲ្យរងរបួសទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកបុរីកីឡាប្តេជ្ញាបន្តតវ៉ាក្រោយពីចេញពីមន្ទីរអប់រំកែប្រែ Posted: 16 Jan 2012 03:13 PM PST លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា នៅថ្ងៃសៅរ៍នេះមន្ត្រីសាលាក្រុងភ្នំពេញ បានបង្ខំឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺឲ្យទទួលយកដីនៅតំបន់ទួលសម្បូរដែលមានទីតាំងនៅក្នុងខណ្ឌដង្កោ និងតំបន់ភ្នំបាតនៅស្រុកពញាឮខេត្តកណ្តាលជាថ្នូរនឹងការដោះលែងប្រជាពលរដ្ឋឲ្យមានសេរីភាពឡើងវិញ។ កាលពីថ្ងៃពុធអាជ្ញាធរនិងមន្ត្រីសន្តិសុខសាលាខណ្ឌដូនពេញបានចាប់ប្រជាពលរដ្ឋអតីតតំបន់បុរីកីឡាប្រមាណ៣០នាក់នៅក្នុងនោះមានកុមារប្រមាណប្រាំមួយនាក់ដាក់នៅក្នុងរថយន្តក្រុង រួចហើយបានយកទៅដាក់នៅមណ្ឌលកែប្រែមិត្តភាពព្រៃស្ពឺដែលមានទីតាំងឋិតនៅតំបន់ចោមចៅ ខណ្ឌដង្កោចម្ងាយប្រមាណជាង១០គីឡូម៉ែតពីទីក្រុងភ្នំពេញ។ ការចាប់ខ្លួនប្រជាពលរដ្ឋនេះបានកើតមានឡើងបន្ទាប់ពីពលរដ្ឋបុរីកីឡាបានប្រមូលផ្តុំគ្នាដាក់ញត្តិនិងធ្វើការតវ៉ាដោយសន្តិវិធីមួយនៅជិតអគារសាលាក្រុងភ្នំពេញកាលពីថ្ងៃពុធដើម្បីស្នើសុំឲ្យដោះលែងប្រជាពលរដ្ឋចំនួនប្រាំបីនាក់ឲ្យមានសេរីភាពនិងផ្តល់ដីជម្រកសមរម្យ បន្ទាប់ពីការបណ្តេញចេញដោយបង្ហូរឈាមមួយកាលពីថ្ងៃទី៣ខែមករាកន្លងទៅនេះ។ អាជ្ញាធរខ្មែរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំបីនាក់យកទៅឃុំឃាំងនៅពន្ធនាគារព្រៃសនិងពន្ធនាគារប៉េហ្ស៊ី (PJ) ក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សានិងប្រឆាំងនឹងអ្នករាជការសាធារណៈ។ លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបាននិយាយថាមន្ត្រីរដ្ឋាភិបាលមិនបានបម្រើប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតទេ បែជាទៅឃុបឃិតជាមួយក្រុមហ៊ុនមកធ្វើការគាបសង្កត់ប្រជាពលរដ្ឋទៅវិញ។ «ការរំលោភសិទ្ធិមនុស្ស ការដែលរំលោភច្បាប់ហើយពួកគាត់គឺជាប្រជាពលរដ្ឋស្លូតត្រង់ដែលគាត់ក្រែងទៅស្វែងរកអ្នកបម្រើរបស់ពួកគាត់ដែលពួកគាត់ខំបោះឆ្នោតឲ្យ ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លីបញ្ហាលំនៅដ្ឋានរបស់ពួកគាត់ ហើយបែជាចាប់ពួកគាត់យកទៅដាក់នៅកន្លែងមួយដែលមិនសមរម្យជាមួយនឹងជីវិតថ្លៃថ្នូររបស់ពួកគាត់»។ ប្រជាពលរដ្ឋរស់នៅអតីតតំបន់បុរីកីឡាមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ ហើយកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថាប្រជាពលរដ្ឋត្រូវបានសាលាក្រុងបង្ខំឲ្យផ្តិតមេដៃដើម្បីទទួលយកដី។ លោកស្រីបានបញ្ជាក់ថាមន្ត្រីសាលាក្រុងភ្នំពេញបានប្រាប់ប្រជាពលរដ្ឋថាការផ្តិតមេដៃនេះគឺដើម្បីស្នើសុំការដោះលែងពួកគេចេញពីមណ្ឌលកែប្រែព្រៃស្ពឺនិងទទួលបានដីក្រោយពីបានចាកចេញពីមណ្ឌលកែប្រែនេះ។ អ្នកស្រីបាននិយាយថាប្រជាពលរដ្ឋចង់បានដីនៅតំបន់បុរីកីឡាមិនមែនដីនៅតំបន់ផ្សេងទេ។ អ្នកស្រីបាននិយាយទៀតថាប្រសិនណាបើប្រជាពលរដ្ឋមិនបានដីនៅតំបន់បុរីកីឡាពួកគេនិងចេញមុខធ្វើបាតុកម្មដដែលក្រោយពីចេញពីមណ្ឌលកែប្រែនេះ។ «ខ្ញុំថាបើសិនមិនបានផ្ទះឲ្យខ្ញុំទេ ខ្ញុំចេញពីនេះខ្ញុំនឹងតវ៉ា និងធ្វើសន្និសីទកាសែតឲ្យធំ»។ លោកស្រីស៊ុយ សាផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចត្រូវបានកូនស្រីរបស់លោកស្រីនិយាយថាលោកស្រីកំពុងលំហែកាយនៅក្រុងព្រះសីហនុ។ ចំណែកឯលោកកើត ឆែ នាយករងរដ្ឋបាលក្រុងភ្នំពេញត្រូវបានអ្នកលើកទូរស័ព្ទនិយាយថាលោកកំពុងវាយកូនហ្គោល។ «អត់ទេបង! គាត់កំពុងជាប់លេងកូនហ្គោលបង!»។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងសប្តាហ៍នេះបានទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងប្រជាពលរដ្ឋចំនួនទាំង៣០នាក់ដែលកំពុងតែរស់នៅមណ្ឌលកែប្រែព្រៃស្ពឺឲ្យមានសេរីភាពឡើងវិញ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៦ មករា យប់ Posted: 16 Jan 2012 07:29 AM PST អ៊ីតាលី៖ ម្ចាស់នាវាកម្សាន្តអ៊ីតាលី កូស្តា ខនខរដៀ (Costa Concordia) ដែលបានគឿងកាលពីថ្ងៃសុក្រកន្លងទៅនេះនិងបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦នាក់ស្លាប់នោះ បាននិយាយថា កាពីទែននៃកប៉ាល់នេះមាន"កំហុសក្នុងការសម្រេចចិត្ត"។ នីហ្សេរីយ៉ា៖ លោកប្រធានាធិបតី ហ្គូឡាក់ ចូណាថាន់ (Gooluck Jonathan) នៃប្រទេសនីហ្សេរីយ៉ា (Nigeria) បានប្រកាសថារដ្ឋាភិបាលលោកនឹងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ នៅក្រោយពេលមានកូដកម្មនិងការតវ៉ានៅទូទាំងប្រទេសអស់រយៈពេលមួយអាទិត្យកន្លងមកប្រឆាំងទៅនឹងការទ្បើងថ្លៃប្រេងយ៉ាងឆាប់រហ័ស។ កាតា៖ ព្រះចៅស៊ុលតង់ ព្រះនាម សៀក ហាមាដ ប៊ីន ខៃហ្វា អាល ថានី (Sheikh Hamad bin Khaifa al-Thani) នៃប្រទេសកាតា (Qatar) បានអំពាវនាវឱ្យមានការបញ្ជូនក្រុមទាហានអារ៉ាប់ទៅកាន់ប្រទេសស៊ីរីដើម្បីបញ្ឈប់អំពើហិង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ។ កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មាន អាសូសីអេតធីដ (Associated Press) បានបើកការិយាល័យមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) នៃប្រទេសកូរ៉េខាងជើងហើយ ដែលក្លាយទៅជាអង្គការព័ត៌មានអន្តរជាតិទីមួយដែលមានវត្តមានជាអចិន្ត្រៃយ៍ដើម្បីយកព័ត៌មានពីប្រទេសជាតិនៅដាច់ពីគេនេះ ជាពាក្យពេចន៍ រូបភាពនិងវីដេអូ។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៦ មករា ព្រឹក Posted: 15 Jan 2012 07:32 PM PST ភូមា៖ ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសបារាំងអាឡាំង ហ្សូប៉េ Alain Juppe ជាសញ្ញាថ្មីបំផុតនៃការយល់ព្រមរបស់ក្រុមបស្ចឹមប្រទេសដល់កំណេទម្រង់ថ្មីៗនេះដោយរដ្ឋាភិបាលស៊ីវិលថ្មីភូមា នៅក្រោយការគ្រប់គ្រងផ្តាច់ការជាច្រើនឆ្នាំមកនោះ។ ក្នុងក្រុងរ៉ង់ហ្គូន Rangoon លោកហ្សូប៉េបានជួបជាមួយលោកស្រី អោង សាន ស៊ូជីAung San Suu Kyi មេដឹកនាំក្រុមប្រឆាំងភូមាដែលបារាំងបានជូនមេដាយថ្នាក់ខ្ពស់បំផុត Legion d'Honneure ជូនលោកស្រី។ ស៊ីរី៖ សម្ព័ន្ធអារ៉ាប់និយាយថាពួករដ្ឋមន្ត្រីការបរទេសរបស់ពួកគេនឹងប្រជុំគ្នានៅថ្ងៃអាទិត្យ ក្រោយដើម្បីពិនិត្យមើលរបាយការណ៍ចុងក្រោយបំផុតមួយដោយពួកអ្នកសង្កេតការដែលត្រូវបញ្ជូនទៅកាន់ប្រទេសស៊ីរីដើម្បីពិនិត្យមើលថាតើរដ្ឋាភិបាលស៊ីរីបានធ្វើតាមការសន្យារបស់ខ្លួនថាបញ្ឈប់ការបង្ក្រាបលើការបះបោររបស់ក្រុមប្រឆាំងឬទេ។ ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានបាននិយាយថាមានគ្រាប់បែកផ្ទុះខណៈពេលមានការដង្ហែក្បួនសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត Shia កាលពិថ្ងៃអាទិត្យ នៅក្នុងខេត្តពុនចាប Punjab បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៦នាក់ស្លាប់។ អ៊ីរ៉ាក់៖ ពួកជនសកម្មប្រយុទ្ធបានឆ្មក់វាយប្រហារលើអាគារសន្តិសុខមួយរបស់រដ្ឋាភិបាលដែលមានកំផែងព័ទ្ធជុំវិញនៅក្នុងក្រុងរ៉ាម៉ាឌី Ramadi នាប៉ែកខាងលិចប្រទេស បណ្តាលឱ្យប៉ូលីសយ៉ាងតិចណាស់៧នាក់ស្លាប់ហើយមានមនុស្សប្រមាណ១៥នាក់ទៀតត្រូវរបួស។ នីហ្សេរីយ៉ា៖ សហជីពនៃប្រទេសនីហ្សេរីយ៉ានិយាយថាកូដកម្មនៅទូទាំងប្រទេសនឹងមានធ្វើតទៅទៀតក្នុងថ្ងៃច័ន្ទ ក្រោយពីកិច្ចចរចាជាមួយរដ្ឋាភិបាលអំពីប្រេងមិនបានសម្រេច។ ប៉ាគីស្ថាន៖ ពួកមន្ត្រីផ្នែកស៊ើបការសម្ងាត់ប៉ាគីស្ថាននិយាយថាមេដឹកនាំតាលីបាន់ប៉ាគីស្ថានឈ្មោះ ហាគីមូឡា មេស៊ូដ ប្រហែលបានត្រូវសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ១២ខែមករាដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្នុងតំបន់កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង។ អ៊ីតាលី៖ ចំនួនមនុស្សដែលបានស្លាប់ក្នុងមហន្តរាយនាវាកម្សាន្តអ៊ីតាលីបានកើនទ្បើងដល់៥នាក់ហើយ ក្រោយពីពួកអ្នកស្វែងរកកាលពីថ្ងៃអាទិត្យបានរកឃើញសាកសពបុរសចំណាស់ពីរនាក់នៅក្នុងបំណែកនាវា កូស្តា ខុនដូឌា Costa Condordia ដែលលិច។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |