VOA News: ព័ត៌មាន: “កុមារកម្ពុជាម្នាក់ទៀតបានឆ្លងមេរាគផ្តាសាយបក្សី” plus 6 more |
- កុមារកម្ពុជាម្នាក់ទៀតបានឆ្លងមេរាគផ្តាសាយបក្សី
- តុលាការទាត់ចោលការជំទាស់នឹងឯកសារដែលយកមកចោទមេដឹកនាំខ្មែរក្រហម
- សាកសពមនុស្ស៥នាក់ត្រូវគេជឿថា ជាសពជនជាតិបារាំងនិងកូនបួននាក់
- ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាអាចជួយទប់ឥទ្ធិពលចិននៅក្នុងតំបន់
- តុលាការបដិសេធសំណើលោកស្រីមូរ សុខហួរសុំឱ្យបំពេញនីតិវិធីផ្តល់អភ័យឯកសិទ្ធិវិញ
- ព័ត៌មានអន្តរជាតិវីអូអេ ១៧ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១៧ មករា ព្រឹក
កុមារកម្ពុជាម្នាក់ទៀតបានឆ្លងមេរាគផ្តាសាយបក្សី Posted: 17 Jan 2012 10:15 AM PST កុមារាអាយុជាងពីរឆ្នាំម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវគេធ្វើតេស្តរកឃើញថា បានឆ្លងមេរោគផ្តាសាយបក្សី H5N1 ក្រោយពេលដែលភូមិរបស់វារស់នៅមានសត្វមាន់រាប់ពាន់ ក្បាលបានងាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។ កុមារាដែលឆ្លងមេរោគផ្តាសាយបក្សីនោះ មាន ឈ្មោះ ហ៊ិន ហ៊ាង អាយុពីរខួប៧ខែ រស់នៅក្នុងភូមិរពាក់ឃុំស្នួលមានជ័យ ស្រុកព្រះនេត្រព្រះ បច្ចុប្បន្នកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កុមារអង្គរខេត្តសៀមរាប។ សេចក្តីប្រកាសនេះបន្ថែមថានេះជាករណីឆ្លងលើកទីមួយរបស់មេរោគ H5N1 ទៅលើ មនុស្សក្នុងឆ្នាំ២០១២នេះ។ ជំងឺផ្តាសាយបក្សីបានវាយប្រហារប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០០៥ ហើយបានសម្លាប់មនុស្សអស់១៦នាក់ហើយមក ដល់ពេលនេះ។ លោកស្ត្រីតឹក រឿង អាយុ៦០ឆ្នាំ ត្រូវជាជីដូនបានឱ្យដឹងថាចៅរបស់គាត់បានចាប់ផ្តើមឈឺ កាលពីថ្ងៃទី៣ខែមករា ដោយអាការៈ ក្តៅខ្លួននិងក្អួតចង្អោរ។ ចាប់តាំងពីពេលដែលមានមាន់ឈឺក្នុងភូមិកាលណាមកកុមារនោះគ្រុនត្រឹម ពេលណោះដែរ ដោយ យប់ឡើងក្តៅខ្លួន ហើយគ្រុនក្តៅ។ លោកស្រីបន្ថែមថា៖ «ខ្ញុំក៏ឱ្យពេទ្យដាក់សេរ៉ូមចាក់ ថ្នាំឱ្យ៦ថ្ងៃ ទើបសុំគេមកនេះ មើលទៅវាមិនត្រជាក់ខ្លួន។ ខ្ញុំធ្លាប់ ឃើញការផ្សាយឃោសនាពីជំងឺនេះតាមទូរទស្សន៍ដែរ តែមិនគិតថា ចៅខ្ញុំកើតជំងឺយ៉ាងអញ្ចឹង»។ កុមារា ហ៊ិន ហ៊ាង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរកាល ពីថ្ងៃទី៩ខែមករា។ អ្នកស្រីវេជ្ជបណ្ឌិត នៅ លក្ខិណា ផ្នែកឯកទេសជំងឺកុមារ និងទារក នៃមន្ទីរពេទ្យកុមារអង្គរនិយាយថា ៖ «ឥឡូវនេះកុមាររូបនោះគឺស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែវាត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យយឺតពេលពេក អញ្ចឹងកុមារហ្នឹងឥឡូវគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារផ្លូវដង្ហើមរបស់គាត់ខ្សោយ ដោយសារការឆ្លងខ្លាំងពេកធ្វើឱ្យខូចសួត។ កាលពីម្សិលម៉ិញក្មេងវិវឌ្ឍន៍ទៅធ្ងន់ធ្ងរ មួយដំណាក់ទៀតធ្វើឱ្យតម្រងនោមខ្សោយទៀត អញ្ចឹងស្ថានភាព គ្រោះថ្នាក់កាន់តែខ្ពស់ឡើង»។ លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និយាយថានៅតំបន់នោះក្នុងពេលថ្មីៗនេះមានសត្វមាន់ជាង ៥.០០០ពាន់ក្បាលបានងាប់ រួមទាំងសត្វមាន់នៅឯផ្ទះកុមាររងគ្រោះផងដែរ។ លោកបានថ្លែង ថាកុមាររូបនោះអាចឆ្លងដោយសារការប៉ះពាល់ទៅនឹងសំបោរសត្វមាន់ដែលងាប់ ពេលវាលេងនៅក្រោមផ្ទះ។ លោកបានបញ្ជាក់ថា ឥឡូវនេះអ្នកស្រុកដែលរស់នៅតំបន់ នោះ ត្រូវបានគេធ្វើតេស្តឈាមនិងចែកថ្នាំ Tamilfluដើម្បីកាពារ ហើយថាសត្វស្លាបមួយចំនួនត្រូវបានគេកម្ចេចចោល៕ This posting includes an audio/video/photo media file: Download Now |
តុលាការទាត់ចោលការជំទាស់នឹងឯកសារដែលយកមកចោទមេដឹកនាំខ្មែរក្រហម Posted: 17 Jan 2012 08:58 AM PST សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានជំទាស់ទៅនឹងការទាមទារឲ្យមានការកោះហៅម្ចាស់ឯកសារនានាដែលត្រូវបានយកមកប្រើជាឯកសារភស្ដុតាងសម្រាប់ការកាត់ទោសពួកអតីតមេដឹកនាំកំពូលខ្មែរក្រហម ឲ្យមកផ្ដល់សក្ខីកម្មបន្ថែមដោយសំអាងថា ការធ្វើរបៀបនេះនឹងធ្វើឲ្យដំណើរការកាត់ទោសកាន់តែស៊ីពេលបន្ថែមទៀត។ កាលពីថ្ងៃច័ន្ទនេះសហមេធាវីអន្ដរជាតិការពារក្ដីឲ្យ នួន ជា អតីតប្រធានសភាខ្មែរក្រហម និងសហមេធាវីអន្តរជាតិរបស់អៀង សារី បានទទូចឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យចូលខ្លួនក្នុងតុលាការដើម្បីឲ្យភាគីជនជាប់ចោទសួរដេញដោលពីភាពអាចជឿ និងទុកចិត្តបាននៃឯកសារដែលមជ្ឈមណ្ឌលរបស់លោកបានផ្ដល់ជូនសាលាក្ដីខ្មែរក្រហម។ មជ្ឈមណ្ឌលនេះ បានប្រគល់ឯកសារប្រមាណជា ៥០០.០០០ ឯកសារដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាងក្នុងការកាត់ក្ដីពួកអតីតមេដឹកនាំកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម។ លោក ច័ន្ទ តារារស្មី សហព្រះរាជអាជ្ញារងកម្ពុជាបានថ្លែងស្របគ្នាជាមួយនឹងដៃគូរបស់លោកគឺលោក វីលាម ស៊្មីត (William Smith) ថាតុលាការអន្តរជាតិ៝នានាបានទទួលស្គាល់នូវឯកសារភស្ដុតាងដូចជាសៀវភៅ អត្ថបទកាសែត សេចក្ដីថ្លែងការណ៍ កំណត់ហេតុហើយអ្នកនិពន្ធនូវឯកសារឬសៀវភៅទាំងនោះមិនចាំបាច់ត្រូវកោះហៅឲ្យមកការពារស្នាដៃរបស់ខ្លួននោះឡើយ។ «ជាជំហរបស់ការិយាល័យព្រះរាជអាជ្ញា គឺការកោះហៅអ្នកនិពន្ធគឺជាការមិនចាំបាច់នេះនឹងជួយឲ្យដំណើរការរឿងក្តីរបស់យើងដំណើរការបានយ៉ាងលឿន»។ ដំណាលគ្នានឹងការលើកឡើងនេះ សហមេធាវីអន្ដរជាតិលោក Jasper Pauw បានទទូចជាថ្មីម្ដងទៀតឲ្យលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាចូលផ្ដល់សក្ខីកម្មក្នុងតុលាការ។ យោងតាមប្រភពមន្ដ្រីតុលាការបានឲ្យដឹងថា លោក ឆាំង យុ ត្រូវបានកោះហៅឲ្យចូលផ្ដល់សក្ខីកម្មនៅថ្ងៃទី២៣ ខែមករានេះ ក៏ប៉ុន្ដែលោកបានផ្ទេរសិទ្ធិនេះជូនអនុប្រធានរបស់លោក។ នៅក្នុងការកាត់ក្ដីនៅថ្ងៃនេះសហព្រះរាជអាជ្ញារងជាតិនិងអន្ដរជាតិបានលើកមកសំអាងម្ដងមួយៗ នូវឯកសារជាវីដេអូ ការបោះពុម្ពផ្សាយបក្សកុម្មុយនិស្ដរបស់ពួកខ្មែរក្រហមឯកសារកំណត់ហេតុប្រជុំរបស់បក្ស សេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យសៀវភៅនិងរបាយការណ៍ដកស្រង់សារព័ត៌មានជាដើម។ ឯកសារទាំងនោះត្រូវភាគីជនជាប់ចោទប្រឆាំងជំទាស់។ លោក វីលាម ស៊្មីត សហព្រះរាជអាជ្ញាអន្ដរជាតិ លើកឡើងថាក្រុមមេធាវីការពារក្តីមានរយៈពេលបួនឆ្នាំរួចមកហើយក្នុងការពិនិត្យលើឯកសារដែលពួកខ្លួនជំទាស់នោះលើភាពអាចទទួលយកបាន ឬមិនអាចទទួលយកបាននោះ។ លោកក៏បានបញ្ជាក់ថែមទៀតដែរថាឯកសារទាំងនោះ ផ្ដល់មគ្គុទេសក៏ និងគឺជាការផ្ដល់យោបល់មិនផ្លូវការយ៉ាងសំខាន់មួយដែលនាំឲ្យមានការចោទប្រកាន់លើជនសង្ស័យ។ ទោះជាយ៉ាងណាសហមេធាវីកម្ពុជាលោក គង់ សំអុន ការពារក្ដីឲ្យអតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន បានប្រឆាំងទៅនឹងការលើកឡើងខាងលើរបស់លោក វីលាម ស្ម៊ីត។ ហើយលោក គង់ សំអុន ក៏ប្រឆាំងទៅនឹងសហព្រះរាជអាជ្ញារងជាតិដែលបានលើកពីការចំណេញពេលវេលាកាត់ទោសប្រសិនបើគេអាចចៀសវាងបាននូវការដេញដោលផ្ទៀងផ្ទាត់លើឯកសារនោះ។ លោកមានប្រសាសន៍ថា ការស្វែងរកយុត្តិធម៌ត្រូវតែហ៊ានចំណាយពេលវេលា។ អៀង សារី អតីតរដ្ឋមន្រ្ដីការបរទេសខ្មែរក្រហមបានច្រានចោលឯកសារជាង១៦០ឯកសារ។ សហមេធាវីអន្ដរជាតិ លោក Michiel Kanavasរបស់ជនជាប់ចោទរូបនេះបានបញ្ជាក់ថាក្រុមការពារក្ដីមិនអាចទទួលយកឯកសារតាមការអះអាងពីភាពជឿជាក់របស់សហព្រះរាជអាជ្ញាបានទេ។ «យើងមិនអាចនិយាយស្រួលៗបានទេថា ឯកសារទាំងនោះមានភាពគួរឲ្យជឿជាក់ច្រើន ហើយយើងត្រូវតែទទួលយកដោយងងឹតងងុលនោះទេ»។ This posting includes an audio/video/photo media file: Download Now |
សាកសពមនុស្ស៥នាក់ត្រូវគេជឿថា ជាសពជនជាតិបារាំងនិងកូនបួននាក់ Posted: 17 Jan 2012 07:41 AM PST កាលពីថ្ងៃសៅរ៍ប៉ូលិសបានរកឃើញសាកសពមនុស្ស៥នាក់ ដែលគេជឿថា ជាសពរបស់បុរសជនជាតិបារាំងនឹងកូនបួននាក់ ដែលបាត់ខ្លួនកាលពីចុងខែវិច្ឆិកាឆ្នាំ២០១១។ សពទាំងនេះត្រូវប៉ូលិសរកឃើញក្នុងឡានមួយ ដែលទម្លាក់ចូលក្នុងស្រះទឹកក្រោយផ្ទះរបស់គ្រួសារនេះ។ លោក Laurent Vallier អាយុ៤២ឆ្នាំនិងកូនបួននាក់អាយុពី២ឆ្នាំដល់៩ឆ្នាំ បានបាត់ខ្លួនពីផ្ទះក្នុងខេត្តកំពង់ស្ពឺ ជិតរាជធានី ភ្នំពេញ កាលពីចុងឆ្នាំទៅ។ រីឯប្រពន្ធរបស់គាត់ជនជាតិខ្មែរបានស្លាប់ពេលសម្រាលកូនកាលពី២ឆ្នាំមុន។ <!--AV--> លោកទិត ឈួន អាយុ៦៩ឆ្នាំ ដែលអះអាងថា ជាឪពុកក្មេករបស់ Laurent និយាយថា៖ «ការបាត់ខ្លួន ហើយនិងភស្តុតាងដែលនៅក្នុងឡាននេះ ឃើញថា សមរម្យ ត្រឹមត្រូវ តាមដែលការនឹកឃើញរបស់ខ្ញុំហើយ ពីព្រោះឪពុកក៏នៅក្នុងហ្នឹង។ កូនបួននាក់ក្បាលដូចត្រឡោកនៅក្រោមពួក ក្រោមអីហ្នឹង ឡានទាំងអស់ហ្នឹង ដូច្នេះខ្ញុំទទួលស្គាល់ថា ពិតជាចៅខ្ញុំហើយ។ ស្លាប់ដោយប្រការណាមួយ គេបង្ខំ ឬធ្វើឃាត មិនមែនស្លាប់ដោយធម្មតាទេ»។ អ្នកជិតខាងតក់ស្លុត ពេលឃើញសាកសពទាំងនេះ។ អ្នកស្រីហែម សាវ អាយុ៦៨ឆ្នាំ និយាយថា៖ «សោកស្តាយ អាណិត! សឹងថា បើដូរជីវិតបាន ដូរហើយ»។ អ្នកជិតខាងម្នាក់ទៀតបន្ថែមថា៖ «អ្នកសម្លាប់នេះគឺហួសពីមនុស្ស។ មនុស្សយើង បើកាលណាស្អប់គ្នាយ៉ាងណា ក៏នៅទុកកូនតូច ដើម្បីឲ្យគ្នារស់ដែរ។ ក្មេងតូចហ្នឹងវាដឹងអីវា!» ប៉ូលិសនិយាយថា លលាដ៍ក្បាលមួយអណ្តែតជាមួយវ៉ាលិសក្នុងឡានដែលលិចនោះ។ មន្ត្រីស្ថានទូតបារាំងចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានទទួលព័ត៌មាននេះ តែមិនទាន់អាចបញ្ជាក់ថា ជាសាកសពគ្រួសារ Laurentទេ ដោយសាកសពទាំងនោះរលួយ មើលមិនស្គាល់។ ស្ថានទូតបារាំងឲ្យដឹងថា លោក Laurent បានមកនៅប្រទេសកម្ពុជា១២ឆ្នាំ ធ្វើជាកសិករ និងជាមគ្គុទេសក៍ទេសចរណ៍។ កាលពីថ្ងៃទី២ ខែមករា ប៉ូលិសបានទៅពិនិត្យផ្ទះរបស់ Laurent ក្រោយពីមានព័ត៌មានថា គ្រួសារនេះបាត់ខ្លួន។ ប៉ូលិសមិនធ្វើអត្ថាធិប្បាយច្រើន ក្នុងការស៊ើបអង្កេតជំហានដំបូងនេះ៕ ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាអាចជួយទប់ឥទ្ធិពលចិននៅក្នុងតំបន់ Posted: 17 Jan 2012 12:32 PM PST ដំណាលគ្នានឹងការរំពឹងទុកពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបានអះអាង ថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីស.រ.អា អាចពង្រីកឥទ្ធិពលស.រ.អាប្រជែងនឹងចិនផង និងបង្កើនកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសក្នុងតំបន់ផង និងបញ្ចប់ការភ័យខ្លាច នឹងឥទ្ធិពលចិនលើប្រទេសមួយចំនួនផង។ ប្រទេសក្នុងតំបន់មួយចំនួនត្រូវក្រុមអ្នកវិភាគចាត់ទុកថាមានការខ្វល់ខ្វាយនឹងសន្តិសុខ និងឥទ្ធិពល ផ្សេងៗរបស់ប្រទេសចិនដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លាក្នុងពិភពលោក។ ការព្រួយបារម្ភនេះកើតឡើងជាពិសេសពេលគ្មានតុល្យភាពអំណាចក្នុងតំបន់និងអវត្តមានរបស់សរអាដែលកំពុងធ្លាក់ចុះ ផ្នែកសេដ្ឋកិច្ច ហើយកាត់បន្ថយចំណាយយោធារបស់ខ្លួនផងនោះ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពអះអាង ថាវត្តមានរបស់លោក អូបាម៉ា ក្នុងប្រទេសកម្ពុជាក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន ជាការបង្កើន ទំនុកចិត្តសម្រាប់ប្រទេសក្នុងតំបន់ផងដែរថាស.រ.អាគិតគូពីតំបន់អាស៊ីជាងពេលមុនៗ។ «ស.រ.អាក៏មើលឃើញពីសារៈសំខាន់របស់ប្រទេសកម្ពុជាដើម្បីពង្រីកនូវសក្តានុពល អំណាចរបស់ សរអាដើម្បីធ្វើឲ្យមានតុល្យភាពអំណាចជាមួយចិននៅក្នុងតំបន់។ ដូច្នេះ នេះគឺជានយោបាយឈ្នះ ឈ្នះ គឺថាកម្ពុជាក៏ចំណេញ ស.រ.អាក៏ចំណេញ»។ លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថានៅក្នុងតំបន់អាស៊ីសរអាចាំបាច់ ត្រូវតែគិតគូពីបញ្ហាឥទ្ធិពលចិនដើម្បីរក្សាសន្តិសុខក្នុងតំបន់។ «នៅក្នុងតំបន់នេះអាមេរិកនឹងនៅតែចាប់អារម្មណ៍ជាងគេទាក់ទងនឹងការហូរចូលនៃឥទ្ធិពលនៃ ប្រទេសចិន។ យើងឃើញថ្មីៗនេះទាក់ទងនឹងឆ្នេរសមុទ្រខាងត្បូងប្រទេសចិនមានជម្លោះជាមួយសមាជិករបស់អាស៊ានជាច្រើន។ដូច្នេះប្រទេសអាមេរិកចាប់យកប្រទេសអាស៊ានជាដៃគូដ៏រឹងមាំមួយនេះគឺខ្ញុំមើលទៅដើម្បីនយោបាយក្នុងតំបន់ជាមួយចិន ហើយនឹងសន្តិសុខអាមេរិកទាក់ទងក្នុងតំបន់នេះផងដែរ»។ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន១០ប្រទេស និងកិច្ចប្រជុំកំពូល អាស៊ានជាមួយដៃគូជាច្រើនចំនួន២លើកដាច់ពីគ្នាគឺជុំទី១នៅថ្ងៃទី៣-៤ ខែមេសានិងជុំទី២នៅថ្ងៃទី១៨-២០ ខែវិច្ឆកា ឆ្នាំ២០១២ ដែលមានដៃគូប្រទេសមហាអំណាចដូចជាសរអា ឬជាមួយប្រទេសធំៗមានសេដ្ឋកិច្ចលូតលាស់ជាច្រើនទៀត។ កម្ពុជាជាប្រទេសក្រីក្រមួយក្នុងពិភពលោកដែលមានទំនាក់ទំនងជិតដិត ជាមួយនឹងចិន ដោយទទួលជំនួយនិងកម្ចីពីចិនជាង១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍប្រទេសនៅឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកវិភាគគិតថាកម្ពុជាមានជំហរពិបាកខ្លាំងនៅពេល កម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន។ការពិបាកនេះដោយសារប្រទេសក្នុងតំបន់មួយចំនួន និងប្រទេសជាសមាជិកជាច្រើនដូចជា វៀតណាម ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រជាមួយក្រុមមន្ត្រី គណបក្សគ្រប់គ្រងប្រទេសកម្ពុជាបច្ចុប្បន្នជាដើមនោះកំពុងមានទំនាស់ជាមួយចិនទាក់ទងនឹងរឿង ជម្លោះបញ្ហាព្រំដែនសមុទ្រស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។ លោកឈាង វណ្ណារិទ្ធិថ្លែងថាទស្សនកិច្ចរបស់លោក អូបាម៉ានឹងបន្ធូរក្តីបារម្ភរបស់ប្រទេសមួយចំនួនក្នុងតំបន់។ «ដូច្នេះអាមេរិកត្រូវតែមានវត្តមាន ហើយនឹងបន្តនូវការពិភាក្សាក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយនឹងតំបន់ជាពិសេសអាស៊ានតែម្តង»។ ស.រ.អាកាលពីឆ្នាំទៅបានដាក់ប្រទេសកម្ពុជាក្នុងលំដាប់ប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស ច្រើន។ តែបើតាមការកត់សម្គាល់របស់លោកបណ្ឌិតឈាង វណ្ណារិទ្ធិវិញលោកបានអះអាងថាបញ្ហា ទ្វេភាគីជាមួយកម្ពុជាវិញស.រ.អាមានទំនាក់ទំនងល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដោយសា អ្វីមួយដែលលោក អះអាងតាមពាក្យលោកថាដោយសាកម្ពុជាមានការកែប្រែខ្លះនូវបញ្ហា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក ឈាង វណ្ណារិទ្ធិបន្ថែមថាទំនាក់ទំនងល្អមួយទៀតគឺ កម្ពុជានិងស.រ.អា មានគឺបញ្ហា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាពិសេសការប្រឆាំងនឹងអំពើ ភេរវកម្ម ទប់ស្កាត់ បទឧក្រិដ្ឋផ្សេងៗ ដើម្បីការពារគ្រោះធម្មជាតិ ដែលកម្ពុជាបានចូលរួមជាមួយ ស.រ.អាដែលមានការហ្វឹកហ្វឺនរួមគ្នាផង។ «ដូច្នេះរឿងនេះជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ដើម្បីពង្រឹងនូវទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ»។ ក្រៅពីរំពឹងថាដំណើរទស្សនកិច្ចរបស់លោក អូបាម៉ាដែលអមដំណើរដោយលោកស្រី ហ៊ីលឡារី គ្លីនតុនរដ្ឋមន្ត្រីការបរទេសស.រ.អា អាចជួយឲ្យមានការលើកទឹកចិត្តដល់ក្រុមសកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានោះ លោកវណ្ណារិទ្ធិបានអះអាងដែរថាបញ្ហាកិច្ចសហប្រតិបត្តិការទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចរវាងអាស៊ាន និងស.រ.អាវិញនៅក្នុងលំដាប់ល្អ។ លោកអះអាងថា បញ្ហាទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងសរអា នៅមានកម្រិត។ លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាដំណើរទស្សនកិច្ចរបស់លោក អូបាម៉ាជាឱកាសដែលកម្ពុជាត្រូវពិភពលោកផ្តោតការយកចិត្តទុកដាក់ បើកឱកាសសម្រាប់ការវិនិយោគ កំណើនទេសចរណ៍ ការអភិវឌ្ឍនិងការពិនិត្យមើលបញ្ហាផ្សេងៗទៀត។ ហើយក៏ជាឱកាសមួយដែលកម្ពុជាត្រូវពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដែរដូចជាការនាំចេញសម្លៀកបំពាក់និងផលិតផលផ្សេងៗទៀតរបស់កម្ពុជាដែរ ក្រៅពីពង្រឹងកិច្ចការផ្នែកសន្តិសុខ។ លោកព្រមានឲ្យដឹងថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានានាដែលរដ្ឋាភិបាលខកខានហើយដោះស្រាយកិច្ចការដែលរដ្ឋាភិបាលធ្វើយ៉ាងយឺតយ៉ាវដែលរឿងទាំងនោះអាចបណ្តាលឲ្យកម្ពុជាបាត់មុខមាត់ផងដែរ។ «ការយកចិត្តទុកដាក់នេះក៏នឹងមើលចំណុចអវិជ្ជមានខ្លះដែរដូចជាការវិវត្តនៅតុលាការខ្មែរក្រហមការយឺតយ៉ាវនៅតុលាការខ្មែរក្រហមនិងមានចំណាប់អារម្មណ៍ជាងមុន។ បញ្ហាដីធ្លីនិងបញ្ហាសិទ្ធិមនុស្សក៏នៅតែជាប្រធានបទមួយដែលអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមានការអាម៉ាស់ខ្លះផងដែរ។ ដូច្នេះជារឿង មួយដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាត្រូវតែប្រុងប្រយ័ត្នផងដែរ»។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងដំណើរទស្សនកិច្ចមួយថ្ងៃរបស់លោក Joseph Yun, ឧបការីរងរដ្ឋមន្ត្រីការបរទេសស.រ.អា ទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងតំបន់ប៉ាស៊ីហ្វិកបានជួបជាមួយក្រុមមន្ត្រី កម្ពុជាកាលពីថ្ងៃច័ន្ទទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ លោកអូបាម៉ានិងលោកស្រីគ្លីនតុន នៅពេលកិច្ចប្រជុំអាស៊ានខាងមុខ និង បញ្ហាកិច្ចប្រជុំទាក់ទងនឹងកិច្ចការស៊ានហើយនឹងកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងៗទៀត។ «គោលបំណងនៃកម្មវិធីថ្ងៃនេះគឺតើយើងត្រូវកសាងទំនាក់ទំនងរបស់យើងយ៉ាងម៉េចនៅក្នុងឆ្នាំ២០១២នេះ។ ខ្ញុំគិតថាយើងបានពិភាក្សាគ្នាល្អណាស់»។ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលម្តងកាលពី១០ឆ្នាំមុន។ ប្រទេសអាស៊ានទាំង១០ប្រទេសមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី, ភូមា ហ្វ៊ីលីពីន សិង្ហបូរី ថៃ និង វៀតណាម៕ This posting includes an audio/video/photo media file: Download Now |
តុលាការបដិសេធសំណើលោកស្រីមូរ សុខហួរសុំឱ្យបំពេញនីតិវិធីផ្តល់អភ័យឯកសិទ្ធិវិញ Posted: 17 Jan 2012 08:53 AM PST តុលាការក្រុងភ្នំពេញបានបដិសេធមិនព្រមទទួលយកលិខិតស្នើសុំរបស់អ្នកស្រីមូរ សុខហួរដើម្បីឲ្យអ្នកស្រីក្លាយជាតំណាងរាស្ត្រពេញសិទ្ធិឡើងវិញនៅឡើយទេ។ នេះបើតាមការថ្លែងបញ្ជាក់របស់អ្នកស្រីមូរ សុខហួរ ដែលបានប្រាប់អ្នកកាសែតនៅពីមុខរបងតុលាការក្រុងភ្នំពេញ។ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៊ី ប្រចាំនៅមណ្ឌលកំពតបានយកលិខិតមួយច្បាប់ទៅដាក់ជូនតុលាការក្រុងភ្នំពេញកាលពីថ្ងៃអង្គារដើម្បីឲ្យស្នើសុំរៀបចំបែបបទតាមនីតិវិធី និងផ្តល់នីតិសម្បទាជាអ្នកតំណាងរាស្ត្រឡើងវិញតាមផ្លូវតុលាការ។ អ្នកស្រីមូរ សុខហួរ បាននិយាយថាតុលាការមិនបានទទួលយកលិខិតស្នើសុំទេដោយនិយាយថាព្រះរាជអាជ្ញាជាប់រវល់ហើយលោកស្រីបានបញ្ជាក់ថាករណីនេះបានបំពេញនីតិវីធីចប់សព្វគ្រប់ហើយតាមផ្លូវតុលាការ។ «ខ្ញុំចង់ឲ្យឃើញប្រព័ន្ធស្ថាប័នសាធារណៈជាស្ថាប័នមួយដែលជាស្ថាប័នទទួលផ្តល់នូវសេវាឲ្យមានគុណភាពឲ្យមានការសម្រួលជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ»។ លោកស្រីមូរ សុខហួរ ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិកាលពីអំឡុងឆ្នាំ២០០៩ បន្ទាប់ពីមានក្តីក្តាំបរិហារកេរ្តិ៍ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដ៏មានឥទ្ធិពល។ តុលាការក្រុងភ្នំពេញកាលពីខែសីហា ឆ្នាំ២០១០ បានកាត់ក្តីឲ្យលោកស្រីមូរ សុខហួរ ចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយពិន័យជាប្រាក់ចំនួន១៦.៥០០.០០០រៀល។ នៅក្នុងលិខិតរបស់លោកស្រីមូរ សុខហួរ ដែលបានចែកជូនអ្នកកាសែតនៅពីមុខតុលាការបានឲ្យដឹងថាការអនុវត្តទោសមកលើលោកស្រីបានចប់ជាស្ថាពរកាលពីខែកញ្ញាឆ្នាំ២០១០តាមការអនុវត្តដោយបង្ខំកាត់ប្រាក់បៀរវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗនៅរដ្ឋសភា។ លោក ជាម យៀប សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាជនបានឲ្យដឹងថាលោកស្រីមូរ សុខហួរ ជាប់ចោទពីបទលហុ ដូច្នេះបន្ទាប់ពីអនុវត្តសេចក្តីសម្រេចរបស់តុលាការហើយ ក្នុងរយៈពេលមួយឆ្នាំគឺគាត់នឹងអាចទទួលបាននីតិសម្បទាឡើងវិញហើយ។ លោក ជាម យៀប បានបញ្ជាក់ថាលោកស្រីមូរ សុខហួរបានអនុវត្តទោសរួចរាល់ហើយកាលពីឆ្នាំ២០១១ ហើយតុលាការគួរតែផ្តល់នីតិសម្បទាឲ្យឡើងវិញ។ «តាមកន្លងទៅយើងឃើញថា បើគេអនុវត្តហើយ ហើយគេស្នើសុំអញ្ចឹងតុលាការគួរតែជម្រាបប្រាប់មករដ្ឋសភាវិញ ដើម្បីឲ្យសភាហ្នឹងបានដឹងថាគេអនុវត្ត ហើយគេមាននីតិសម្បទាគ្រប់គ្រាន់ឡើងវិញ»។ លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបាននិយាយថាពាក្យស្នើសុំពុំមានឯកសារគ្រប់គ្រាន់ទេទើបតុលាការសម្រេចមិនទទួលយក។ «ក្នុងពាក្យសុំហ្នឹង គាត់ដាក់មានយោងហើយនឹងមានឯកសារពាក់ព័ន្ធ ហើយដល់អញ្ចឹងខាងរដ្ឋបាលគាត់ថាលិខិតដែលដាក់នោះ មានឯកសារយោងនិងឯកសារពាក់ព័ន្ធហ្នឹងវាឥតឃើញ។ មន្ត្រីដែលកាន់មកហ្នឹងថាឥតបានដាក់មក អញ្ចឹងគេសុំយកបណ្តឹងហ្នឹង សុំទៅវិញដើម្បីប្រមូលឯកសារយោងពាក់ព័ន្ធនិងលិខិតពាក្យសុំហ្នឹងណ៎ា»។ តុលាការក្រុងភ្នំពេញធ្លាប់បានបដិសេធមិនទទួលយកពាក្យបណ្តឹងលោកស្រីមូរ សុខហួរ ដែលបានដាក់ប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទបរិហាកេរ្តិ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយជាសាធារណៈកាលពីឆ្នាំ២០០៨ នៅស្រុកឈូក ខេត្តកំពតដែលលោកស្រីយល់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៧ មករា យប់ Posted: 17 Jan 2012 07:01 AM PST ស៊ីរី៖ ក្រុមអ្នកជំនាញមកពីប្រទេសទាំង១៥នៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ត្រូវបានកំណត់នឹងពិភាក្សាគ្នាអំពីសេចក្តីព្រាងនៃសេចក្តីសម្រេចថ្មីមួយ អំពីអំពើហិង្សាក្នុងប្រទេសស៊ីរី។ អ៊ីតាលី៖ ក្រុមបុគ្គលិកសង្គ្រោះជនជាតិអ៊ីតាលីបានស្វែងរកអ្នកនៅមានជីវិត នៅក្នុងនាវាកម្សាន្តប្រណីតដែលគឿងដោយបុកនឹងថ្មហើយផ្អៀងក្រឡាប់នៅក្បែរនឹងឆ្នេរសមុទ្រខាងជើងនៃប្រទេសអ៊ីតាលី។ អាមេរិក៖ ពួកបេក្ខជនដែលនៅសេសសល់ដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋបានប្រើប្រាស់ការជជែកដេញដោលគ្នាមួយកាលពីយប់ថ្ងៃចន្ទនេះនៅក្នុងរដ្ឋ សៅ ខារូលីណា (South Carolina) ដើម្បីផ្តោតការវាយប្រហាររបស់ពួកគេទៅលើលោក មីត រូមនី (Mitt Romny) ដែលជាបេក្ខជននាំមុខគេ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដ្ឋនេះធ្វើការបោះឆ្នោតដំបូងបន្ទាប់។ អាមេរិក៖ ស.រ.អា.នឹងធ្វើកិច្ចចរចាជាន់ខ្ពស់មួយចំនួនជាមួយពួកមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅថ្ងៃអង្គារនេះដែលគេរំពឹងថានឹងផ្តោតទៅលើវិធីសាស្ត្រនានាដើម្បីធ្វើឱ្យមានកិច្ចចរចា៦ភាគីសារជាថ្មីទ្បើងវិញអំពីកម្មវិធីបរមាណូរបស់ប្រទេសកូរ៉េខាងជើង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៧ មករា ព្រឹក Posted: 16 Jan 2012 09:51 PM PST ឥណ្ឌា៖ ក្រុមហ៊ុនអ៊ីនធឺណិតធំៗពីរ គឺហ្គូហ្គល Google និង ហ្វេសប៊ុក Facebook បានប្រាប់តុលាការឥណ្ឌាថា ពួកគេមិនមានលទ្ធភាពនឹងរាំងខ្ទប់មាតិការឿងប្រមាថនិងមិនត្រឹមត្រូវដែលចុះផ្សាយក្នុងគេហទំព័រវ៉ិបសាយ ដែលករណីនេះមានការខ្លាចថានឹងការប៉ះពាល់ដល់សេរីភាពក្នុងការសម្ដែងមតិក្នុងប្រទេសប្រជាធិបតេយ្យមួយដ៏ធំនិងមានមនុស្សរស់នៅច្រើនជាងគេក្នុងពិភពលោកមួយនេះ។ ដើមទងនៃរឿងជម្លោះនោះគឺ ច្បាប់ឥណ្ឌាមូយត្រូវបានគេអនុម័តកាលពីឆ្នាំមុន ដែលបន្ទុកបណ្តាក់ឲ្យក្រុមហ៊ុន ឲ្យទទួលខុសត្រូវដល់អ្នកប្រើប្រាស់មាតិការឿងចុះនៅក្នុងគេហទំព័រដោយតម្រូវឲ្យអ្នកទាំងនោះលប់ចោលក្នុងរយៈពេល ៣៦ម៉ោង កាលណាមានការតវ៉ាប្រឆាំង។ ភូមា៖ ព្រឹទ្ធសមាជិកដ៏សំខាន់ម្នាក់និងជាអ្នកគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យរបស់ ភូមា ថ្លែងថាលោកសូមកោតសរសើរចំពោះកំណែទម្រង់ផ្ដួចផ្ដើម ឡើងដោយប្រទេសភូមាថ្មីដែលជារដ្ឋាភិបាលស៊ីវិល តែលោកនិយាយថា មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ។ សហរដ្ឋអាមេរិក៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ចន ហានស៍មែន John Huntsman បានបោះបង់បេក្ខភាពរបស់លោកចេញពីការតែងតាំងជាបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ រួចលោកបានទៅគាំទ្រ អតីតអភិបាលរដ្ឋម៉ាសាឈូសេត Massachussetts គឺលោកមិត រមនី Mitt Romney វិញ។ ប៉ាគីស្ថាន៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិយាយថា លោកមិនអាចបញ្ជាក់មកលើសេចក្ដីរាយការណ៍មួយថា មេដឹកនាំក្រុមតាលីបានប៉ាគីស្ថាន ហាគីមូឡា មេស៊ូឌ Hakimullah Mehsud បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយការវាយប្រហារតាមយន្ដហោះគ្មានអ្នកបើក របស់អាមេរិកនៅតំបន់កុលសម្ពន្ធ វ៉ាហ្ស៊ីរីស្ថាន ភាគខាងជើងនោះទេ។ នីហ្សេរីយ៉ា៖ សហជីពការងារនៅនីហ្សេរីយ៉ា បានបញ្ចប់កូតកម្មទូទាំងប្រទេស កាលពីថ្ងៃច័ន្ទ ក្រោយពីប្រធានាធិបតីបានប្រកាសថានឹងជួយកាត់បន្ថយតម្លៃប្រេងសាំងដែលកំពុងឡើងខ្ពស់។ អ៊ីតាលី៖ ម្ចាស់របស់នាវាកំសាន្ដអ៊ីតាលី កូស្តា ខនខតឌារ Costa Concordia ដែលបានបើកគឿងលើដីកាលពីថ្ងៃសុក្របណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និយាយថា មេបញ្ជាការនាវាមានកំហុសក្នុងការបំពេញការងារ។ អឺរ៉ុប៖ ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបហាក់ដូចជាព្រងើយកន្ដើយ នៅថ្ងៃច័ន្ទទៅលើការបញ្ចុះកំរិតតម្លៃឥណទានដល់ប្រទេសបារំាងនិងប្រទេសអឺរ៉ុប៨ទៀត ដោយសារតែ វិនិយោគិនបានដឹងខ្លួនមុនហើយថា អត្រាប្ដូរប្រាក់របស់ខ្លួននឹងបានត្រូវកាត់ចុះឲ្យទាប។ លីបេរីយ៉ា៖ ប្រធានាធិបតីលីបេរីយ៉ា លោកស្រី អេឡេន ចនសុន សឹលិហ្វ Ellen Johnson Sirleaf បានចាប់ផ្ដើមអាណត្ដិទីពីរ ក្នុងមុខនាទីជាប្រធានាធិបតី ដោយលោកស្រីសច្ចាថានឹងថែរក្សាសន្ដិភាពនិងបង្កើតការងារធ្វើ ក្នុងប្រទេសដែលបានត្រូវបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។ ស៊ីរី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី មូន បានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្ដិសុខសុំឲ្យចាត់វិធានការយ៉ាងហ្មត់ចត់បំផុតលើ ស៊ីរី ដោយលោកថ្លែងថាការខាតបង់ជីវិតមនុស្ស ក្នុងរយៈពេល១០ខែនៃការបះបោរដោយក្រុមជំទាស់បានឡើងដល់កម្រិតដែលមិនអាចទទួលយកបានរួចទៅហើយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |