VOA News: ព័ត៌មាន: “កម្ពុជាបដិសេធមិនព្រមតែងតាំងចៅក្រមជាតិស្វ៊ីសនៅសាលាក្តីខ្មែរក្រហម” plus 5 more |
- កម្ពុជាបដិសេធមិនព្រមតែងតាំងចៅក្រមជាតិស្វ៊ីសនៅសាលាក្តីខ្មែរក្រហម
- ប៉ូលិសតាមចាប់សន្តិសុខក្រុមហ៊ុនដែលបាញ់របួសប្រជាពលរដ្ឋ
- ការតែងតាំងចៅក្រមអន្តរជាតិស្ថិតនៅក្នុងភាពសម្ងាត់នៅឡើយ
- កម្ពុជាសុំឱ្យមហាអំណាចនុយក្លេអ៊ែចូលរួមក្នុងសន្ធិសញ្ញាក្នុងតំបន់
- ព័ត៌មានអន្តរជាតិវីអូអេ ២០ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ២០ មករា ព្រឹក
កម្ពុជាបដិសេធមិនព្រមតែងតាំងចៅក្រមជាតិស្វ៊ីសនៅសាលាក្តីខ្មែរក្រហម Posted: 20 Jan 2012 03:06 PM PST អង្គការសហប្រជាជាតិនិយាយថាប្រទេសកម្ពុជាបានបដិសេធមិនព្រមតែងតាំងចៅក្រមស៊ើបអង្កេតជាតិស្វ៊ីសឱ្យកាន់តំណែងនៅក្នុងតុលាការខ្មែរក្រហមទេ ដែលនេះនាំឱ្យមានការសង្ស័យអំពីអនាគតតុលាការមួយនេះ។ អ្នកនាំពាក្យមួយរូបរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) បាននិយាយនៅ ថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិពីការសម្រេចចិត្តរបស់ខ្លួនក្នុងការមិនព្រមតែងតាំងចៅក្រមបម្រុង ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) ឱ្យធ្វើការនៅក្នុងតុលាការនេះទេ។ អ្នកនាំពាក្យរូបនោះបានហៅការសម្រេចចិត្តនោះថា «ជាបញ្ហាដែលនាំឱ្យមានក្តីព្រួយបារម្ភធ្ងន់ធ្ងរ» ហើយបន្ថែមថាកម្ពុជារំលោភកិច្ចព្រមព្រៀងឆ្នាំ២០០៣រវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិក្នុងការបង្កើតតុលាការនេះឡើង។ លោក កាស្ពឺ អានសឺមេត (Kasper Ansermet) ត្រូវបំពេញកន្លែងទំនេរក្រោយពីចៅក្រមជាតិអាល្លឺម៉ង់ Siegfried Blunt បានលាចេញពីមុខតំណែងកាលពីឆ្នាំមុនដោយបានត្អូញត្អែរពីការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដរាបណាតំណែងនោះ នៅទំនេរ តុលាការមិនអាចដំណើរការស៊ើបអង្កេតករណីណាផ្សេងទៀតក្រៅពីសំណុំរឿងចំនួនពីរដែលមានរួចស្រេចហើយ។ សាលាក្តីខ្មែរក្រហមបានកាត់ទោសមេគុកទួលស្លែង ស២១ ហើយកំពុងតែកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលចំនួនបីនាក់ទៀត។ ប៉ុន្តែបុគ្គលិកអន្តរជាតិជាច្រើនបានលាលែងចេញពីតំណែងកាលពីឆ្នាំមុន ដោយចោទប្រកាន់លោកប្លុង (Blunk) និងសហចៅក្រមស៊ើបអង្កេតខ្មែរថាមិនបានធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនូវសំណុំរឿងពីរបន្ថែមទៀត។ ក្រោយពីមកដល់ប្រទេសកម្ពុជាភ្លាមៗ លោក កាស្ពឺ អានសឺមេត បានពាក់ព័ន្ធក្នុងការថ្លែងជាសាធារណៈមួយដែលធ្វើឱ្យអាម៉ាស់មុខដល់សហចៅក្រមស៊ើបអង្កេតជាតិ យូ ប៊ុនឡេង។ លោក កាស្ពឺ អានសឺមេត បានចេញសេចក្តីប្រកាសព័ត៌មានមួយចោទប្រកាន់លោក យូ ប៊ុនឡេងថាបានរារាំងរូបលោកមិនឱ្យចេញផ្សាយព័ត៌មានសំខាន់ៗអំពីសំណុំរឿងដែលព្យួរចោលទាំងពីរនោះទេ។ ប៉ុន្តែភាគីកម្ពុជាបានឆ្លើយតបវិញថាលោកកាស្ពឺ អានសឺមេត នៅមិនទាន់មានការតែងតាំងជាផ្លូវការឱ្យមកធ្វើការនៅតុលាការទេ ហើយមិនយល់ពីនីតិវិធីការងារឡើយ។ អ្នកនាំពាក្យរបស់លោកបាន គីមូន បញ្ជាក់ដែរថារដ្ឋាភិបាលកម្ពុជាលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងក្រមសីលធម៌របស់លោកចៅក្រម កាស្ពឺ អានសឺមេត ប៉ុន្តែ អង្គការសហប្រជាជាតិបានពិនិត្យយ៉ាងដិតដល់លើការព្រួយបារម្ភនោះហើយសម្រេចថាមិនមានភស្តុតាងណាមកបញ្ជាក់ឡើយ ហើយបានទទូចសុំឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាបន្តតែងតាំងលោក៕ This posting includes an audio/video/photo media file: Download Now |
ប៉ូលិសតាមចាប់សន្តិសុខក្រុមហ៊ុនដែលបាញ់របួសប្រជាពលរដ្ឋ Posted: 20 Jan 2012 11:06 AM PST ប៉ូលិសខេត្តក្រចេះកំពុងតាមស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់ឲ្យប្រជាពលរដ្ឋអ្នកតវ៉ារងរបួសក្នុងជម្លោះដីធ្លីមួយកាលពីថ្ងៃពុធ។ លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃសុក្រនេះ ថាប៉ូលិសបានស្នើសុំឲ្យក្រុមហ៊ុនប្រគល់អត្តសញ្ញាណជននោះដើម្បីធ្វើការស្វែងរកចាប់ខ្លួន។ «យើងយកបានហើយឯកសារយើងយកបានរូបថតអស់ហើយឥឡូវយើងកំពុងសុំឲ្យក្រុមហ៊ុនបញ្ជាក់អត្តសញ្ញាណឲ្យយើង យើងបានដាក់បញ្ហានេះទៅឲ្យក្រុមហ៊ុនដែរ ប៉ុន្តែយើង កំពុងតែស្វះស្វែងរក។ រដ្ឋាភិបាលនឹងបង្កើតក្រុមថ្នាក់ជាតិមួយចុះមកសិក្សាស្រាវជ្រាវឲ្យបានជាក់លាក់ហើយរដ្ឋាភិបាលនឹងកាត់ដីដែលមានផលប៉ះពាល់ប៉ុន្មានពីក្រុមហ៊ុនដើម្បីប្រគល់ជូនបងប្អូនទុកបង្កបង្កើនផល ចិញ្ចឹមគ្រួសារតាមគ្រួសារនីមួយៗ»។ កាលពីថ្ងៃពុធសប្តាហ៍នេះប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ តំណាងឲ្យប្រជាពលរដ្ឋសរុបចំនួនជាង៥០០គ្រួសារ នៅស្រុកស្នួលខេត្តក្រចេះបានប្រមូលផ្តុំគ្នាតវ៉ាហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន TTY មិនឲ្យឈូសកម្ចេចដីដាំដំឡូងរបស់ពួកគេ។ កងសន្ដិសុខរបស់ក្រុមហ៊ុនបានឈរបាញ់រះលើប្រជាពលរដ្ឋដើម្បីបង្រ្កាបពួកគេ ដែលបណ្តាលឲ្យប្រជាពលរដ្ឋចំនួន៤នាក់ទទួលរងរបួស។ ក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជាង ៩.៧០០ហិកតាសម្រាប់ការអភិវឌ្ឍដាំដើមកៅស៊ូ។ ក្រុមប្រជាពលរដ្ឋបានតវ៉ាថាដីរបស់ពួកខ្លួនត្រូវបានប៉ះពាល់ដោយការផ្តល់ដីសម្បទាននោះ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីទំហំដីប៉ះពាល់ពិតប្រាកដនៅឡើយទេ។ បន្ទាប់ពីមានការបង្រ្កាបដោយហិង្សានោះមក ក្រុមអ្នកតវ៉ាបានបិទផ្លូវលេខ៧៦A អស់រយៈពេលជាង ២០ម៉ោងដើម្បីទាមទារកដំណោះស្រាយមុននឹងត្រូវបើកផ្លូវនោះឲ្យដំណើរការឡើងវិញបន្ទាប់ពីមានការសន្យាពីរដ្ឋាភិបាលថានឹងតម្រូវឲ្យក្រុមហ៊ុនប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ ព្រមទាំងនឹងធ្វើការតាមចាប់ខ្លួនខ្មាន់កាំភ្លើង យកមកផ្ដន្ទាទោសផងដែរ។ លោកស្នងការប៉ូលិសខេត្ត ជួង ស៊ាងហាក់ បញ្ជាក់ថាគណៈកម្មការមួយនឹងត្រូវបង្កើតឡើងដើម្បី ដោះស្រាយទំនាស់នេះ។ ក៏ប៉ុន្តែទោះបីជាមានការអះអាងពីដំណោះស្រាយយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែមិនទាន់ប្រាកដថាដំណោះស្រាយនោះនឹងអាចកើតមានមែនដែរ ឬយ៉ាងណានោះនៅឡើយទេ។ ជាក់ស្តែងអ្នកស្រី នេត រតនា ដែលជាជនរងគ្រោះត្រូវត្រង់ក្បាលជង្គង់នៅក្នុងការបាញ់ប្រហារ នោះបានឲ្យដឹងថាប្រជាពលរដ្ឋ នៅតែមានការព្រួយបារម្ភនៅឡើយចំពោះដំណោះស្រាយពីព្រោះថា នៅពេលនេះគ្រឿងចក្ររបស់ក្រុមហ៊ុននៅមិនទាន់បានដកចេញនៅឡើយ។ «ព្រួយបារម្ភនៅភ័យ ភ័យខ្លាច បើគ្រឿងចក្រក្រុមហ៊ុនមិនទាន់ដកចេញអញ្ចឹងខ្ញុំខ្លាចក្រែងមាន សកម្មភាពឈូសឆាយទៀត។ខ្ញុំចង់បានថាឲ្យរដ្ឋាភិបាលដោះស្រាយឲ្យគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ហើយចង់បានសន្តិភាពដូចមុនមិនឱ្យមានក្រុមហ៊ុនមកលូកលាន់ដីប្រជាពលរដ្ឋអញ្ចឹងមកបាញ់ប្រជាពលរដ្ឋអញ្ចឹងទៀតទេ»។ ជាមួយគ្នានោះដែរលោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថាការបង្កើតគណៈកម្មការសម្រាប់ដោះស្រាយទំនាស់ខាងលើគឺជាការប្រសើរមួយក៏ប៉ុន្តែបើសិនការដោះស្រាយនេះធ្វើមិនបានទៅតាមការសន្យានោះទេបាតុភាព ជម្លោះដីធ្លីនេះនឹងបង្កឲ្យរីករាលដាលកាន់តែធំទៅៗ។ «បើសិនការអនុវត្តមិនបានទៅតាមកិច្ចសន្យានោះទេ យើងនៅតែបារម្ភខ្លាចក្រែងបញ្ហាដីធ្លីនេះកាន់តែក្តៅគគុកឡើង ហើយក៏វាបង្កឲ្យមានបាតុភាពផ្សេងៗទៀតកើតឡើងជាបន្តកាលណាមានបាតុភាពកើតឡើងជាបន្តវាបណ្តាលឲ្យប្រជាពលរដ្ឋនេះ រងគ្រោះជាបន្តទៅទៀត»។ ដោយឡែកលោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភផ្នែកសិទ្ធិមនុស្សរបស់អង្គការ ការពារសិទ្ធិមនុស្សអាដហុក សង្ស័យថាក្រុមហ៊ុន TTY បានប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋា ភិបាលដែលតាមធម្មតាកងសន្ដិសុខមិនត្រូវប្រដាប់អាវុធស្វ័យប្រវត្តិបែបនេះទេ។ លោកឧត្តមសេនីយ៍ទោ អ៊ិត សារិន ទីប្រឹក្សាក្រសួងការពារជាតិ និងជាតំណាងក្រុមហ៊ុន TTY មិនអាចធ្វើការទំនាក់ទំនងដើម្បីបំភ្លឺជុំវិញបញ្ហាទាំងអស់នេះបានទេ។ ទំនាស់ដីធ្លីនៅតែជាបញ្ហាដ៏ក្តៅគគុកនៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាធា្លប់បានព្រមានថាបញ្ហាទំនាស់ដីធ្លីនិងការបណ្តេញចេញពលរដ្ឋទាំងបង្ខំនៅកម្ពុជាសព្វថ្ងៃអាចនាំទៅរកអស្ថិរភាពក្នុងសង្គម ដោយសហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាជំលោះដីធ្លីប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវ។ យោងតាមតួលេខដែលចេញផ្សាយដោយអង្គការសិទ្ធមនុស្សអាដហុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថាអង្គការនេះបានរកឃើញថាតុលាការបានចោទប្រកាន់អ្នកភូមិចំនួន ៤៧៥នាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីចំនួន២២០ករណី កាលពីឆ្នាំ២០១១ គឺមានការកើនឡើងចំនួន ១៦៩ករណីបើធៀបនឹងឆ្នាំ២០១០។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ចំនួនប្រជាពលរដ្ឋគេចខ្លួនពីផ្ទះសម្បែងដោយសារតែបារម្ភអំពីការចាប់ខ្លួនក៏កើនឡើងដល់៣៣៥នាក់ផងដែរ គឺកើនឡើង៨៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១០៕ This posting includes an audio/video/photo media file: Download Now |
ការតែងតាំងចៅក្រមអន្តរជាតិស្ថិតនៅក្នុងភាពសម្ងាត់នៅឡើយ Posted: 20 Jan 2012 09:25 AM PST ក្រុមមន្ត្រីរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការតែងតាំងជាផ្លូវការទៅលើសហចៅក្រមបម្រុងអន្តរជាតិ លោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ។ ចៅក្រមបម្រុងសញ្ជាតិស្វីសរូបនេះបានរង់ចាំការតែងតាំងជាផ្លូវការ ដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីក្លាយខ្លួនពេញសមត្ថភាពជាសហចៅក្រមស៊ើបអង្កេតនៅក្នុងសាលាក្តីខ្មែរក្រហមចាប់តាំងពីខែតុលាមកម្ល៉េះ។ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ និងសមាគមការពារសិទ្ធិមនុស្សដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២៣នៅក្នុងប្រទេសកម្ពុជាចាត់ទុកថាការយឺតយ៉ាវនៅក្នុងការតែងតាំងនេះបានធ្វើឲ្យមានកង្វល់កាន់តែកើនឡើង។ លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហម និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសានៅថ្ងៃនេះថាឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានធ្វើការសម្រេចចិត្តរបស់ខ្លួនទៅលើករណីលោកចៅក្រមស៊ើបអង្កេតបម្រុងនោះហើយ។ ក៏ប៉ុន្តែលោកស្រីមិនអាចធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមនោះទេ។ «ការងាររបស់ខ្ញុំចប់ហើយ ព្រោះអាការប្រជុំហ្នឹងគេប្រជុំជាសម្ងាត់ទេ។ មែនទែន ខ្ញុំឥតអាចនិយាយបានថាបញ្ហាយ៉ាងម៉េចៗទេ»។ រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថា តើការសម្រេចចិត្តរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនោះបែបណានៅឡើយទេ។ កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបានស្រង់សម្តីរបស់លោកអង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានផ្ញើសេចក្តីសម្រេចចិត្តរបស់ខ្លួនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយកាលពីថ្ងៃពុធ ហើយលោកកំពុងតែរង់ចាំមកពីទីស្តីការគណៈរដ្ឋមន្ត្រីមកវិញ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាលោកមិនដឹងថាមានលិខិតណាមួយពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រមមកដល់ទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ។ លោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ត្រូវបានជ្រើសតាំងដោយអគ្គលេធិការអង្គការសហប្រជាជាតិលោកបាន គីមូន ដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់លោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ។ លោក ប៊្លុង្គ ដែលបានលាលែងពីការងារកាលពីចុងឆ្នាំមុនបន្ទាប់ពីមានការចម្រូងចម្រាស់នៅក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤ ដែលរដ្ឋាភិបាលខ្មែរប្រឆាំងជំទាស់។ សំណុំរឿងទាំងពីរមានជនសង្ស័យប្រាំនាក់បន្ថែមពីលើជនសង្ស័យចំនួនប្រាំនាក់ ដែលកំពុងតែឋិតនៅក្នុងការឃុំឃាំងបណ្តោះអាសន្ននៅក្នុងសំណុំរឿង០០១ និង០០២។ គណៈកម្មាធិការប្រព្រឹត្តិកម្មបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អន្តរាគមន៍ណាមួយដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមចំពោះការតែងតាំលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) គឺជាករណីរំលោភកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ហើយក្រុមអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យ និងត្រឹមត្រូវនៅក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិជាបន្ទាន់។ លោក ហង្ស ឆាយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាសមាជិកគណៈកម្មាធិការប្រព្រឹត្តិកម្មមានប្រសាសន៍ថាភាពនៅស្ងៀមស្ងាត់របស់មន្ត្រីរដ្ឋាភិបាលនៅក្នុងបញ្ហានេះគឺជាការមិនចង់ទទួលខុសត្រូវទៅលើករណីដ៏ចម្រូងចម្រាស់នេះ។ «រឿងហ្នឹងគឺគ្មាននរណាគេហ៊ានចង់ទទួលខុសត្រូវហ្នឹងណា៎។ បាទ! នេះហើយដែលធ្វើឲ្យការយឺតយ៉ាវដំណើរការ»។ យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន បានលើកឡើងថាការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីគឺជាសមត្ថកិច្ចឯករាជ្យពេញទីរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ហើយក្រុមអង្គការសង្គមស៊ីវិលគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំការសម្រេចចិត្តរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។ សូមបញ្ជាក់ថាលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) បានបង្ហាញពីចេតនាការស៊ើបអង្កេតដោយត្រង់ៗនៅក្នុងសំណុំរឿង០០៣ និង០០៤។ ក៏ប៉ុន្តែសហចៅក្រមស៊ើបអង្កេតកម្ពុជាលោក យូ ប៊ុនឡេង បានព្រមានថាលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) មិនទាន់មានសម្បទាពេញទីតាមផ្លូវច្បាប់នៅឡើយទេ ហើយលោកបានបដិសេធធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហចៅក្រមបម្រុងរូបនេះ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាសុំឱ្យមហាអំណាចនុយក្លេអ៊ែចូលរួមក្នុងសន្ធិសញ្ញាក្នុងតំបន់ Posted: 20 Jan 2012 09:23 AM PST ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានបានបញ្ជូនលិខិត ជាផ្លូវការទៅឲ្យប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែទាំង៥នៅថ្ងៃសុក្រនេះ ដើម្បីស្នើសុំឲ្យប្រទេសទាំងនោះចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១២នេះ។ ការបញ្ជូនលិខិតជាផ្លូវការនេះបានធើ្វឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្រេចធើ្វបែបនេះក្នុងកិច្ចប្រជុំមួយនៅខេត្តសៀមរាបកាលពីសបា្តហ៍មុន។ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាបានជួបជាមួយតំណាងនៃប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែទាំង៥ រួមមានសហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង និងសហព័ន្ធរុស្ស៊ី។ លោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង បានប្រគល់លិខិតជូនឯកអគ្គរដ្ឋទូតនៃប្រទេសនីមួយៗប្រចាំកម្ពុជា។ លោក កួយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីជំនួបថាប្រទេសកម្ពុជាបានជំរុញឲ្យប្រទេសមហាអំណាចទាំង៥ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះ នៅពេលដែលកម្ពុជាធើ្វជាប្រធានអាស៊ានក្នុងឆ្នាំ២០១២នេះ។ «យើងស្នើសុំប្រទេសមហាអំណាចទាំង៥ឆ្លើយបំភ្លឺឲ្យបានឆាប់ដើម្បីអាចចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឲ្យបានឆាប់ ដើម្បីអាចចុះហត្ថលេខាលើពិធីសារនេះនៅក្នុងឆ្នាំ២០១២ ក្នុងខណៈដែលកម្ពុជាធើ្វជាប្រធានអាស៊ាន ព្រោះ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ពីព្រោះការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះគឺរួមចំណែកដល់ការពង្រឹងតំបន់អាស៊ីអាគ្នេយ៍យើងនេះជាតំបន់គ្មានអាវុធនុយក្លេអ៊ែ ហើយនេះជាការពង្រឹងដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែផងដែរ»។ លោក កួយ គួង បានបញ្ជាក់ថាតំណាងប្រទេសមហាអំណាចទាំង៥នេះមិនមានយោបល់ចំពោះលិខិតនេះទេ។ ប៉ុន្តែបានទទួលយកលិខិតនេះបញ្ជូនទៅឲ្យរដ្ឋាភិបាលរបស់ពួកគេ។ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថាគោលនយោបាយបានដើរស្របជាមួយគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដែលប្រឹងប្រែងរារាំងប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែ។ «វាជាជោគជ័យមួយសម្រាប់កម្ពុជា និងអាស៊ាន បើតំបន់ អាស៊ានអាចរួចចាកពីសព្វាវុធនុយក្លេអ៊ែនេះ។ នេះជាការណ៍ល្អ ជាពិសេសក្នុងបរិបទយុទ្ធសាស្រ្តរបស់ប្រទេសមហាអំណាចសព្វថ្ងៃនេះ។ លោក កួយ គួង បានបញ្ជាក់ថាអាស៊ានបានចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅតំបន់អាស៊ានក្នុងឆ្នាំ១៩៩៥ ហើយ២ឆ្នាំក្រោយមក សន្ធិសញ្ញានេះបានចូលជាធរមាន។ លោក កួយ គួង បានបន្ថែមថាការចរចារវាងអាស៊ាន និងប្រទេសមហាអំណាចទាំង៥ បានធើ្វឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១១ ហើយប្រទេសមហាអំណាចទាំង៥ បានឯកភាពគ្នាជាគោលការណ៍ដើម្បីចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ាន។ បណ្តាប្រទេសអាស៊ានរួមមានកម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា ប្រ៊ុយណេ សឹង្ហបូរី និងហ្វីលីពីន៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២០ មករា យប់ Posted: 20 Jan 2012 07:06 AM PST ស.រ.អ.៖ ចំនួនបេក្ខជនដែលប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធា នាធិបតីខាងគណបក្សសាធារណរដ្ឋនៅសល់តែ៤នាក់ទេ កាលពីថ្ងៃព្រហស្បតិ៍។ អ្នកទាំង៤បានឆ្លើយឆ្លងដាក់គ្នាក្នុងការជជែកដេញដោលយ៉ាងខ្លាំងមួយក្នុងរដ្ឋសាវ ខូរ៉ូ ឡាយណា (South Carolina) នៅមុនការបោះឆ្នោតដំបូងនៅថ្ងៃសៅរ៍ក្នុងរដ្ឋដ៏សំខាន់នេះ។ អាហ្វហ្គានីស្ថាន៖ ប្រទេសបារាំងបាននិយាយថា ខ្លួនផ្អាកកិច្ចប្រតិបត្តិការហ្វឹកហ្វឺន និងកិច្ចប្រតិបត្តិការរួមក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីទាហានអាហ្វហ្គានីស្ថានម្នាក់បានបាញ់សម្លាប់ទាហានបារាំង៤នាក់។ អ៊ីតាលី៖ ពួកអ្នកជួយសង្គ្រោះអ៊ីតាលីបានផ្អាកការស្វែងរកមនុស្សយ៉ាងតិចណាស់២១នាក់ ដែលបានបាត់ខ្លួនមួយអាទិត្យមកហើយ ក្រោយពីនាវាកម្សាន្តបែកបាក់របស់ពួកគេបានចាប់ផ្តើមងាកចេញពីឆ្នេរសមុទ្រពាយ័ព្យនៃប្រទេសអ៊ីតាលី។ ស.រ.អ.៖ ទីភ្នាក់ងារ FBI និយាយថាខ្លួនកំពុងស៊ើបអង្កេតអំពីមូលហេតុដែលធ្វើឲគេ ហទំព័រសម្រាប់ FBI ក្រសួងយុត្តិធ៌ម និងឧស្សាហកម្មកម្សាន្តមួយចំនួន មិនដំណើរ ការកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលរដ្ឋាភិបាលបិទគេហទំព័រមួយក្នុងបណ្តាគេហ ទំព័រសម្រាប់ចែកចាយឯកសារធំបំផុតទាំងអស់លើពិភពលោក។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២០ មករា ព្រឹក Posted: 19 Jan 2012 08:15 PM PST បង់ក្លាដេស៖ ឧត្តមសេនីយត្រី ម៉ូហាម៉ាត ម៉ូសូដ រ៉ាហ្សាកនិយាយថាខ្លួនបានរកឃើញផែនការលបធ្វើអំពើក្បត់មួយរបស់ក្រុមសាសនាជ្រុលនិយម ដើម្បីរំលំរដ្ឋាភិបាល។ លោកបាននិយាយថាប៉នប៉ងរដ្ឋប្រហារ ដើម្បីរំលំលោកនាយករដ្ឋមន្រ្តី ស៊ីអ៊ីខ ហាស៊ីណា (Sheikh Hasina) បានរៀបចំធ្វើផែនការនៅបរទេស។ សូម៉ាលី៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងជំរំអ្នកជម្លៀសក្នុងប្រទេស សូម៉ាលី កាលពីថ្ងៃព្រហស្បត៍ មិនយូរប៉ុន្មានបន្ទាប់ពីក្រុមអ្នកសារព័ត៌មានអន្តរជាតិបានចូលទៅដល់តំបន់នោះ។ មន្រ្តីជំរំបានប្រាប់វីអូអេថា ជនជាតិសូម៉ាលី២នាក់បានបាត់បង់ជីវិតនិង៥ នាក់ទៀតត្រូវរបួស ក្នុងការផ្ទុះដោយគ្រាប់បែកធ្វើអាយនេះ ដែលគេលួចបង្កប់នៅក្នុងការិយាល័យចែកចាយអាហារមួយ។ សហរដ្ឋអាមេរិក៖ លោក រីក ផឺរី អភិបាលរដ្ឋ តិចសាស បានបញ្ឈប់យុទ្ធនាការរបស់លោក ពីរថ្ងៃមុនការបោះឆ្នោតតែងតាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបថមក្នុងរដ្ឋ ការ៉ូលីណា ខាងត្បូង។ ប៉ាគីស្ថាន៖ លោកនាយករដ្ឋមន្រ្តី យូសូហ្វ រ៉ាហ្សា ហ្គីឡាណី ប្រឈមនឹងការបង្ខំឲ្យលោកចេញពីតំណែងដោយតុលាការកំពូលប៉ាគីស្ថាន ដោយបរាជ័យនឹងនិយាយពន្យល់ឲ្យបានគ្រប់គ្រាន់ទៅលើថាហេតុអ្វីបានជាលោកមិនទាន់បើកពាក្យបណ្តឹងទល់នឹងលោកប្រធានាធិបតី អាសូហ្វ អាលី ហ្សាដាយ ដែលត្រូវបានចោទប្រកាន់ពីបទលាងលុយខ្មៅ។ ប៉ាគីស្ថាន៖ លោក ហ៊ីណា រ៉ាប៉ានី ខា រដ្ឋមន្រ្តីការបរទេស ប៉ាគីស្ថាន បានថ្លែងថា ទំនាក់ទំនងជាមួយអាមេរិកត្រូវនៅឈប់ផ្អាកសិន បន្ទាប់ពីមានការវាយប្រហាររបស់អង្គការ អូតង់ កាលពីខែវិច្ឆិកា ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ នៅតាមព្រំដែនជាមួយអាហ្វហ្កានីស្ថាន។ តួកគី៖ បានអំពាវនាវឲ្យមានការចរចាជាថ្មីឡើងវិញរវាងប្រទសេ អ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកប្រាំមួយ អំពីកម្មវិធីនុយគ្លេអ៊ែរចម្រូងចម្រាស់របស់ប្រទេស អ៊ីរ៉ង់ ដែលបាននៅគាំងអស់មួយឆ្នាំ។ រដ្ឋាភិបាលក្រុងអានការ៉ា និយាថា ការចរចានេះអាចជួយបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ដែលបានរីកកាន់តែធំឡើងក្នុងខែនេះ។ ស៊ីរី៖ ក្រុមអ្នកសង្កេតការណ៍របស់សមាគមប្រទេសអារ៉ាប់ កំពុងរៀបចំដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានការណ៍នៅស៊ីរី នៅក្រោយបេសកកម្មមួយខែដើម្បីទៅពិនិត្យមើលកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអនុវត្តផែនការមួយដែលមានគោលដៅបញ្ឈប់ការបង្ក្រាបដោយការបង្ហូរឈាម ទៅលើការបះបោរក្នុងរយៈពេល ១០ ខែ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |