VOA News: ព័ត៌មាន: “អ្នកជំងឺអេដស៍នៅកម្ពុជាអំពាវនាវឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិ” plus 8 more |
- អ្នកជំងឺអេដស៍នៅកម្ពុជាអំពាវនាវឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិ
- តួកគីប្រកាសកម្ទេចមីនរបស់ខ្លួនរួចរាល់
- កម្ពុជារៀបចំសន្និសីទលើកទី១១នៃរដ្ឋភាគីអនុសញ្ញាហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស
- កម្ពុជាធ្លាក់ចំណាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយអន្តរជាតិ
- ព័ត៌មានអន្តរជាតិ៖ ០១ ធ្នូ
- ត្រកួនដាំលើទឹកស្អុយបង្កឲ្យមានជំងឺដល់អ្នកបរិភោគ?
- កងទ័ពអាមេរិក កម្ពុជា ហ្វឹកហាត់ការត្រៀមសង្គ្រោះក្នុងគ្រាអាសន្ន
- អង្គការលើកលែងទោសអន្តរជាតិសុំឲ្យតុលាការក្រុងភ្នំពេញឈប់ចោទប្រកាន់អ្នកភូមិបឹងកក់
- កម្ពុជា វៀតណាម ឡាវ ចុះហត្ថលេខាពាណិជ្ជកម្មតាមព្រំដែន
អ្នកជំងឺអេដស៍នៅកម្ពុជាអំពាវនាវឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិ Posted: 01 Dec 2011 02:20 PM PST កាលពីថ្ងៃអង្គារ អ្នកជំងឺអេដស៍ក្នុងមន្ទីរពេទ្យនៅកម្ពុជានិយាយពីទុក្ខវេទនាបណ្តាលមកពីមេរោគនេះ ហើយសុំឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនអាចដាច់ជំនួយសម្រាប់គម្រោងប្រយុទ្ធនឹងជំងឺនេះ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ។ អង្គការ Maryknoll បានចាប់ផ្តើមបើកគ្លីនិកជួយអ្នកជំងឺអេដស៍ក្នុងឆ្នាំ១៩៩៦នៅភ្នំពេញ តែឥឡូវអង្គការនេះឲ្យអ្នកជំងឺ៥ដុល្លារមួយសប្តាហ៍សម្រាប់ថ្លៃពេទ្យ និងថ្នាំ។ <!--AV--> ចែម យឹមហេង បុគ្គលិកអង្គការ Maryknoll នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ គាត់និយាយថា៖ «ពេលខ្ញុំមកទីនេះ ខ្ញុំឲ្យអ្នកជំងឺថែរក្សាខ្លួន ស្រឡាញ់សុខភាពខ្លួនឯង។ ខ្ញុំឲ្យគាត់ទៅពេទ្យតាមការណាត់ ទៅបើកថ្នាំ លេបថ្នាំត្រឹមត្រូវ ហើយមានអនាម័យ។ ខ្ញុំចង់ឲ្យពិភពលោកក្រលេកមើលពួកគាត់។ ពួកគាត់ជាអ្នកជំងឺក្រីក្រ សូមឲ្យជួយមើលគាត់ យកចិត្តទុកដាក់ អញ្ចឹងណា៎។ សូមឲ្យជួយមើល ហើយផ្តល់ថវិកាដើម្បីជួយដល់ប្រជាជនខ្មែរដែលគាត់រងគ្រោះដោយសារមេរោគអេដស៍»។ អ្នកផ្ទុកមេរោគអេដស៍ជាច្រើនឯកោពីគ្រួសារ ចូលចិត្តរស់នៅមន្ទីរពេទ្យថែទាំដោយអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់សេវាល្អជាងមន្ទីរពេទ្យសាធារណៈ តែគេគ្មានជម្រើសទេ ពេលអង្គការក្រៅរដ្ឋាភិបាលបិទគ្លីនិក។ លោក ព្រំ ចន អាយុ៥៨ឆ្នាំ មកពីខេត្តកំពត។ គាត់មានជំងឺអេដស៍ក្នុងឆ្នាំ២០០៤។ គាត់ថា សាច់ញាតិរបស់គាត់មិនមកសួរសុខទុក្ខគាត់ទេ។ កូនរបស់គាត់ពីរនាក់ធ្វើការនៅប៉ោយប៉ែត។ លោកនិយាយថា៖ «យី ពិបាកដែរ លោកគ្រូ។ វាធ្វើទុក្ខ ជួនមាត់នេះហាមិនរួច លុះត្រាយកដៃជួយអញ្ចេះ។ ជួនក៏ឈឺភ្នែក ជួនក៏ឈឺក្បាល។ ពិបាកណាស់»។ អ្នកជំងឺម្នាក់ទៀតឈ្មោះពៅ ស៊ីផុន អាយុ២៨ឆ្នាំ។ គាត់ឆ្លងមេរោគអេដស៍ពីប្តី ដែលជាសន្តិសុខនៅរង្គសាលមួយនៅភ្នំពេញ។ គាត់មានកូនពីរនាក់ ម្នាក់ស្លាប់ដោយសារអេដស៍ ក្នុងពេលថ្មីៗនេះ។ គាត់និយាយថា៖ «មានជំងឺនេះ ខ្ញុំមានអារម្មណ៍ធុញថប់ខ្លួនឯងណាស់។ ពិបាកចិត្ត ចង់ធ្វើអ្វីផ្តេសផ្តាស់ តែណាមួយទៅមិនរួច ព្រោះអាណិតកូន។ បើយើងហ៊ានលះបង់ជីវិតទៅ គ្មានអ្នកណាមើលកូន។ អញ្ចឹងហើយខំតស៊ូដើម្បីកូន ធ្វើម៉េចបើវាអញ្ចឹងហើយ។ អញ្ចឹង ខ្ញុំសុំឲ្យអង្គការជួយដល់ពួកខ្ញុំផង។ ពួកខ្ញុំគ្រប់គ្នាមិនមានអ្នកណាចង់អញ្ចឹងទេ ធ្វើម៉េចបើវាកើតដោយខ្លួនឯង»។ លោកទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និយាយថា អាជ្ញាធររបស់លោកបានមូលនិធិពីអង្គការ Global Fund ពីរទសវត្សមកនេះ។ ក្នុងឆ្នាំ២០១០ អាជ្ញាធរនេះបានមូលនិធិចំនួន៥៨លានដុល្លារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ តែម្ចាស់ជំនួយបានប្រកាសកាលពីថ្ងៃទី១១វិច្ឆិកាថា ឈប់ផ្តល់មូលនិធិទៀតហើយ។ អង្គការ UNAIDS និយាយថា នៅដំណាច់ឆ្នាំ២០០៩ មានអ្នកជំងឺចាស់ ក្មេងផ្ទុកមេរោគអេដស៍ប្រមាណ៦៣.០០០នាក់នៅកម្ពុជា ដែលជាងពាក់កណ្តាលជាស្រី្តអាយុ១៥ឆ្នាំឡើង។ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
តួកគីប្រកាសកម្ទេចមីនរបស់ខ្លួនរួចរាល់ Posted: 01 Dec 2011 10:48 AM PST តួកគីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានកម្ទេចគ្រាប់មីនប្រឆាំងនឹងមនុស្សរួចរាល់ទាំងស្រុងពីឃ្លាំងរបស់ខ្លួនហើយ។ នេះបើយោងតាមក្រុមអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១១ ស្ដីពីអនុសញ្ញាក្រុងអូតាវ៉ា ឬអនុសញ្ញាស្ដីពីការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សក្នុងទីក្រុងភ្នំពេញ។ ក្រុមប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ា ដែលបានអង្គុយប្រជុំចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ បានចាប់ផ្ដើមជជែកគ្នាពីការកម្ទេចគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសេសសល់ក្នុងឃ្លាំងស្ដុកកាលពីព្រឹកមិញនេះ។ លោក ស៊ើហាន់ យីជីត (Serhan YIGIT) រដ្ឋមន្ដ្រីក្រសួងការបរទេសទួគី ត្រូវបានស្រង់សម្តីក្នុងសេចក្ដីជូនដំណឹងក្រោយពីកិច្ចប្រជុំថា ប្រទេសតួកគីបានកម្ទេចមីនពីស្ដុករបស់ខ្លួនរួចរាល់ហើយ។ គ្រាប់មីនប្រឆាំងមនុស្សចំនួនជិតបីលានគ្រាប់ត្រូវបានបំផ្លាញ។ រដ្ឋភាគីចំនួនបួនត្រូវបង្ហាញឡើងវិញពីលទ្ធផលនៃការកម្ទេចគ្រាប់មីនពីក្នុងឃ្លាំងរបស់ខ្លួន ក្នុងនោះមានប្រទេសតួកគី បេឡារូស ក្រិក និងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្ដែក្រៅពីតួកគី ប្រទេសបីទៀតបានប្រកាសថា ខ្លួនកំពុងបន្ដការខិតខំប្រឹងប្រែងរបស់ខ្លួនជាបន្ថែមទៀតក្នុងការកម្ទេចគ្រាប់មីនពីក្នុងឃ្លាំង។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឡៃឡា រ៉ដឌ្រីហ្គេស៍ អ្នកសម្របសម្រួលព័ត៌មាន នៃកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាក្រុងអូតាវ៉ា។ លោកស្រី ឡៃឡា រ៉ដឌ្រីហ្គេស៍ មានប្រសាសន៍ថា ៖ «ប្រទេសទាំងនោះបាននិយាយថា ពួកគេកំពុងប្រឹងប្រែងបង្កើនការកម្ទេចឃ្លាំងស្ដុកគ្រាប់មីនប្រឆាំងនឹងមនុស្ស។ ប្រទេសតែមួយគត់ក្នុងចំណោមប្រទេសទាំងបួន ដែលបានកម្ទេចគ្រាប់មីនក្នុងឃ្លាំងរួចរាល់នោះ គឺប្រទេសតួកគី»។ អនុសញ្ញាក្រុងអូតាវ៉ាសំដៅលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស។ រដ្ឋភាគីដែលចូលជាសមាជិកនៃអនុសញ្ញាត្រូវបញ្ឈប់ការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រាប់មីនប្រភេទនេះ ជាបន្ទាន់ ហើយត្រូវកម្ទេចគ្រាប់មីនទាំងអស់ចេញពីឃ្លាំងក្នុងរយៈពេលបួនឆ្នាំ បន្ទាប់ពីចូលជារដ្ឋភាគីរួច។ ដោយឡែកប្រទេស បែលឡារូស និង ក្រិក ត្រូវបំផ្លាញគ្រាប់មីនពីឃ្លាំងឲ្យរួចនៅខែមិនា ឆ្នាំ២០០៨ និងអ៊ុយក្រែន ត្រូវបំផ្លាញគ្រាប់មីនពីឃ្លាំងនៅខែមិថុនា ឆ្នាំ ២០១០។ លោកស្រី ឡៃឡា លើកឡើងថា ការខកខានក្នុងការកម្ទេចគ្រាប់មីនតាមការកំណត់ គឺជាការរំលោភមួយ។ ហើយនៅក្នុងកិច្ចប្រជុំ នៅថ្ងៃនេះ អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានធ្វើការរិះគន់ លើប្រទេសក្រិក បែលឡារូស និងអ៊ុយក្រែន។ លោក ហែម វណ្ណឌី អគ្គលេខាធិការនៃកិច្ចប្រជុំរដ្ឋភាគី នៃអនុសញ្ញាក្រុងអូតាវ៉ា បានអះអាងថា លោកប្រាក់ សុខុន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ដ្រី និងជាប្រធានកិច្ចប្រជុំនេះ បានថ្លែងអបអរសាទរប្រទេសតួកគី។ «លោកបានថ្លែងស្វាគមន៍ ហើយអបអរសាទរប្រទេសតួកគី»។ កម្ពុជាមានផ្ទៃដីជាច្រើនពាន់គីឡូម៉ែត្រការ៉េ ដែលគ្របដណ្ដប់ដោយគ្រាប់មីនបន្ទាប់ពីប្រទេសក្រីក្រមួយនេះ ឆ្លងកាត់សង្រ្គាមស៊ីវិលអស់រយៈពេលបីទសវត្សរ៍កន្លងមក។ កម្ពុជាបានបំផ្លាញគ្រាប់មីនពីក្នុងស្ដុករបស់ខ្លួនរួចរាល់ហើយ កាលពីប៉ុន្មានឆ្នាំមុននេះ។ កម្ពុជាត្រូវបោសសម្អាតគ្រាប់មីនលើផ្ទៃដីឲ្យអស់នៅឆ្នាំ២០២០៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជារៀបចំសន្និសីទលើកទី១១នៃរដ្ឋភាគីអនុសញ្ញាហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស Posted: 01 Dec 2011 01:44 PM PST ប្រទេសកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១នៃសន្និសីទប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កិច្ចប្រជុំនេះស្នើឱ្យមានការប្តេជ្ញាជាថ្មីពីប្រទេសម្ចាស់ជំនួយគាំទ្រដល់ការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សនិងសុំឱ្យមានការជួយដោះមីននិងជួយដល់ជនរងគ្រោះ។ តទៅនេះសូមលោកអ្នកស្តាប់បទសម្ភាសន៍កាលពីថ្ងៃច័ន្ទទី២៨ វិច្ឆិការវាងលោកម៉ែន គឹមសេង នៃវីអូអេសំឡេងសហរដ្ឋអាមេរិកជាមួយលោក Kerry Brinkert នាយកនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្សជាតិដូចតទៅ៖ សំណួរទី១៖ នេះជាសន្និសីទលើកទី១១ស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់មីន។ តើលោកអាចបញ្ជាក់បានទេថាតើសន្និសីទនេះនឹងផ្តោតលើអ្វី ហើយតើលោកសង្ឃឹមថា សន្និសីទនេះនឹងផ្តល់លទ្ធផលយ៉ាងណាខ្លះ? ចម្លើយទី១៖ នេះគឺជាកិច្ចប្រជុំលើកទី១១របស់រដ្ឋភាគីនៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សហើយអ្វីដែលពួកគេនឹងធ្វើគឺនឹងវាយតម្លៃការរីកចម្រើនថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការឈឺចាប់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងនឹងមនុស្ស។ នោះគឺជាការវាយតម្លៃដោយផ្អែកលើបរិបទនៃកិច្ចខិតខំលើកកម្ពស់និងពង្រឹងការហាមឃាត់គ្រាប់មីនប្រឆាំងនឹងមនុស្ស ដើម្បីពិនិត្យមើលថា ការរក្សាទុកដែលកំពុងមាននឹងត្រូវបំផ្លាញចោល តំបន់ទាំងអស់ដែលមានគ្រាប់មីនប្រឆាំងមនុស្សនឹងត្រូវបោសសម្អាត ហើយជនរងគ្រោះទទួលបានការឧបត្ថម្ភគាំទ្រ។ ទាំងការរីកចម្រើននិងបញ្ហាប្រឈមនឹងត្រូវកំណត់ដោយយោលទៅតាមគោលបំណងសំខាន់ៗទាំងនេះនិងបន្ទាប់មកសង្ឃឹមថា កិច្ចប្រជុំនេះនឹងជាចំណុចឈានទៅរៀបចំសកម្មភាពបន្ថែមទៀត ព្រោះក្នុងឆ្នាំកន្លងមកនេះឃើញមានឧទាហរណ៍ថ្មីៗក្នុងការប្រើមីនប្រឆាំងមនុស្ស គឺមិនមែនដោយរដ្ឋជាភាគីនៃអនុសញ្ញានេះទេ ប៉ុន្តែដោយរដ្ឋដែលមិនមែនជាភាគីនៃអនុសញ្ញានេះ ដោយរួមទាំងប្រទេសស៊ីរី និងដោយកងកម្លាំងលោកហ្កាដាហ្វីនៅក្នុងប្រទេសលីប៊ី។ ដូច្នេះនឹងមានការថ្លែងថ្កោលទោសខ្លាំងៗចំពោះសកម្មភាពទាំងនេះ។ យើងក៏នឹងឃើញផងដែរថា ចលនានេះនឹងបន្តរីកកាន់តែធំជាងមុន ខណៈពេលដែលរដ្ឋថ្មីជាងគេបំផុតមួយគឺស៊ូដង់ខាងត្បូងបានចូលរួមក្នុងអនុសញ្ញានេះកាលពីពេលថ្មីៗនេះ ហើយយើងសង្ឃឹមថានឹងមានការប្រកាសកម្រិតរដ្ឋមន្ត្រីពីប្រទេសហ្វាំងឡង់ដែលអាចនឹងក្លាយជារដ្ឋថ្មីដែលនឹងចូលរួមក្នុងអនុសញ្ញានេះ។ ការងារលំបាកជាងគេទាក់ទងនឹងការយកមកអនុវត្តអនុសញ្ញាទាក់ទងនឹងការដោះមីននៅតំបន់នានា និងជួយសង្គ្រោះជនរងគ្រោះ ហើយទាំងនេះគឺជាកាតព្វកិច្ចរបស់ប្រទេស ដូចជាកម្ពុជា នឹងត្រូវដោះស្រាយដោយខ្លួនឯងក្នុងរយៈពេលយូរ។ ដូច្នេះចំណុចមួយដែលយើងសង្ឃឹមថានឹងសម្រេចបានពីអនុសញ្ញានេះគឺការប្តេជ្ញាចិត្តនិងការបញ្ជាក់ឡើងវិញ ពីការគាំទ្រដល់ប្រទេសទាំងឡាយណាដែលត្រូវការជំនួយ។ ការប្តេជ្ញាចិត្តមួយចំនួនដែលបានធ្វើឡើងដែលសូម្បីតែក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុកំពុងកើតមានឡើងក្នុងផ្នែកខ្លះនៃពិភពលោកគឺថា នៅពេលរដ្ឋណាមួយបានចុះហត្ថលេខាលើអនុសញ្ញានេះគឺពួកគេធ្វើឡើងដោយមានការព្រមព្រៀងថា ពួកគេនឹងសហការ និងជួយគ្នាទៅវិញទៅមក និងថាជំនួយឧបត្ថម្ភនៅតែត្រូវការឱ្យបានហូរចូលទៅប្រទេសដូចជាកម្ពុជានេះ។ សំណួរទី២៖ មើលទៅ វាហាក់ដូចជាការវិលមួយជុំអញ្ចឹងប្រសិនបើយើងក្រឡេកមើលពីទីដែលចលនានេះបានចាប់ផ្តើមកាលពីជាងមួយទសវត្សរ៍កន្លងមកនេះ ហើយឥឡូវវាបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ហេតុអ្វីបានជាជ្រើសរើសយកប្រទេសកម្ពុជានៅពេលនេះ? ចម្លើយទី២៖ នេះគឺជាសំណួរមួយល្អណាស់។ មានហេតុផលថា ហេតុអ្វីបានជាកិច្ចប្រជុំនៃអនុសញ្ញានេះធ្វើឡើងនៅក្រៅទីក្រុងហ្សឺណែវ។ យើងត្រូវចងចាំថា ការប្រឈមមុខពិតប្រាកដដែលបណ្តាប្រទេសនិងសហគមន៍រងគ្រោះដោយគ្រាប់មីនប្រឆាំងនឹងមនុស្សទទួលរងនោះគឺកើតមាននៅឆ្ងាយពីបន្ទប់ប្រជុំក្នុងទីក្រុងហ្សឺណែវ។ តំបន់ទាំងនោះស្ថិតនៅក្នុងកសិដ្ឋាន និងវាលស្រែនៃប្រទេសកម្ពុជានិងផ្នែកជាច្រើនទៀតនៃពិភពលោក។ ហើយដោយឡែក ករណីប្រទេសកម្ពុជាគឺមានលក្ខណៈពិសេសដោយសារតែនេះគឺជាទីកន្លែងមួយដែលចលនានៃការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនបានកើតមានឡើង។ គឺកាលពីប្រហែលពីរទសវត្សរ៍មុន នៅពេលដែលអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអ្នកដែលធ្វើការនៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃ បានលើកឡើងពីការព្រួយបារម្ភអំពីអ្វីដែលគ្រាប់មីនប្រឆាំងនឹងមនុស្សបានបង្កចំពោះជីវិតមនុស្សនិងជនស៊ីវិល ហើយក្រោយមកអង្គការទាំងនោះបានប្រមូលផ្តុំគ្នាបង្កើតជាយុទ្ធនាការមួយដើម្បីហាមឃាត់ការប្រើប្រាស់គ្រាប់មីន។ ក្រោយមកទៀត ចលនានេះបានទទួលជ័យលាភីណូបែលសន្តិភាពក្នុងឆ្នាំ១៩៩៧។ ដូច្នេះក្នុងន័យមួយយើងអាចនិយាយបានថា អនុសញ្ញានេះត្រឡប់មកប្រទេសកំណើតវិញ គឺជាប្រទេសមួយដែលបានផ្តល់កំណើតឱ្យចលនានេះដែរ។ ដូច្នេះការប្រជុំនៅប្រទេសកម្ពុជានេះនឹងជាការប្រារព្ធដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលពីរទសវត្សរ៍របស់ចលនានេះ គឺមិនមែនគ្រាន់តែជាការនឹករលឹកដល់ពេលចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដកស្រង់មេរៀនពីរយៈពេលពីរទសវត្សរ៍កន្លងមក ហើយដែលអាចនៅតែយកមកអនុវត្តបានសម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខទៀត។ សំណួរទីបី៖ ដូចប្រសាសន៍ខាងដើមរបស់លោកគឺការប្រើប្រាស់គ្រាប់មីននៅតែបន្តកើតមាន ដូចជាក្នុងករណីប្រទេសលីប៊ី ដែលយើងបានឃើញការប្រើប្រាស់គ្រាប់មីនក្នុងពេលដែលកើតមានការបះបោរនិងបានបំផ្លាញអាយុជីវិតមនុស្សជាច្រើន ហើយនៅតែបន្តការគំរាមដល់អាយុជីវិតរហូតដល់ពេលសព្វថ្ងៃនេះ។ តើលោកនឹងបញ្ចុះបញ្ចូលប្រទេសដូចជាលីប៊ីឱ្យឈប់ប្រើប្រាស់អាវុធប្រភេទនេះយ៉ាងម៉េចបាន? ចម្លើយទីបី៖ ករណីប្រទេសលីប៊ីគួរឱ្យចាប់អារម្មណ៍ណាស់ ដោយសារតែចាប់តាំងពីដំបូងទី ក្នុងពេលកើតមានជម្លោះនេះ កងកម្លាំងដែលស្មោះត្រង់នឹងអាជ្ញាធរអន្តរកាលបានយល់ច្បាស់ថា ការប្រើប្រាស់មីនគឺជាទង្វើមួយដែលសហគមន៍អន្តរជាតិភាគច្រើនយល់ឃើញថា ជាទង្វើមិនអាចទទួលយកបាន ហើយក៏បានចេញសេចក្តីប្រកាសមួយនិយាយថា កងកម្លាំងក្រោយការគ្រប់គ្រងរបស់ខ្លួននឹងមិនប្រើប្រាស់គ្រាប់មីនទេ។ ឥឡូវអាជ្ញាធរនេះបានក្លាយជារដ្ឋាភិបាលលីប៊ីហើយ។ ដូច្នេះវានឹងក្លាយជាការខិតខំប្រឹងប្រែងមួយទៀតដើម្បីមើលថា តើប្រទេសលីប៊ីអាចចូលក្នុងសហគមន៍យើងបានឬទេ គឺក្លាយមកជាភាគីមួយនៃអនុសញ្ញានេះ។ យ៉ាងណាក៏ដោយការប្រើប្រាស់គ្រាប់មីនដោយកងកម្លាំងហ្កាដាហ្វីគឺជាអ្វីមួយដែលយើងនឹងប្រើប្រាស់ជាអំណះអំណាងវាយបកវិញចំពោះប្រទេសទាំងឡាយណាដែលបន្តចង់ប្រើប្រាស់អាវុធនេះ។ ការប្រើប្រាស់អាវុធប្រភេទនេះដោយកងកម្លាំងហ្កាដាហ្វីមិនបានធ្វើឱ្យមានការខុសប្លែកទេ ទាក់ទងនឹងជម្លោះនៅប្រទេសលីប៊ី ប៉ុន្តែវាបាននាំឱ្យមានតំបន់យ៉ាងធំសម្បើមក្នុងប្រទេសលីប៊ីមានគ្រោះថ្នាក់ដែលជាលទ្ធផលនៃការប្រើប្រាស់អាវុធនេះ។ ដូច្នេះអ្នកដែលប្រើប្រាស់អាវុធទាំងនេះត្រូវតែទទួលស្គាល់ថា ពួកគេនឹងមិនធ្វើឱ្យមានការខុសប្លែកអ្វីទេទាក់ទងនឹងលទ្ធផលចុងក្រោយនៃជម្លោះនេះ ប៉ុន្តែវានឹងបង្កជាឧបសគ្គយ៉ាងធំសម្បើមដល់ការកសាងប្រទេស ហើយគ្មានអ្នកណាចង់ឱ្យមានរឿងនេះកើតឡើងនៅប្រទេសរបស់ពួកគេទេ។ សំណួរទី៤៖ តើលោកមានអ្វីជាសារចុងក្រោយអំពីសន្និសីទនេះឬក៏ទាក់ទងនឹងចលនាហាមឃាត់គ្រាប់មីនទេ? ចម្លើយទី៤៖ បញ្ហាគ្រាប់មីនត្រូវបានគេយកមកនិយាយច្រើននៅពាក់កណ្តាលទសវត្សរ៍១៩៩០ ហើយមនុស្សជាច្រើនគិតថា បញ្ហានេះត្រូវបានដោះស្រាយរួចហើយនៅពេលដែលអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្សនេះត្រូវបានអនុម័ត។ នៅពេលដែលយុទ្ធនាការអន្តរជាតិហាមឃាត់គ្រាប់មីនទទួលបានរង្វាន់ណូបែលសន្តិភាព គឺសម្រាប់ប្រទេសដូចជាកម្ពុជានិងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បញ្ហានេះនៅតែជាបញ្ហាដែលនៅជាប់នឹងពួកគេប្រចាំថ្ងៃ ហើយនឹងបន្តមានរហូត។ ដូច្នេះសន្និសីទសប្តាហ៍ក្រោយនេះក្នុងទីក្រុងភ្នំពេញគឺពិតជាឱកាសដ៏អស្ចារ្យណាស់ដើម្បីរំលឹកពិភពលោកថា ការងារនៅបន្តមាន ប៉ុន្តែមិនមែនដោយមិនមានក្តីសង្ឃឹមទេ។ គឺយើងមានពន្លឺនៅចុងម្ខាងទៀត ហើយប្រទេសកម្ពុជាគឺពិតជាករណីពិតប្រាកដមួយដើម្បីឆ្លុះបញ្ចាំងថា មានអ្វីដែលបានកើតមានឡើងក្នុងរយៈពេលពីរទសវត្សរ៍នៃចលនានេះ ហើយថាតើយើងនឹងត្រូវធ្វើដំណើរប៉ុណ្ណាទៀត៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាធ្លាក់ចំណាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយអន្តរជាតិ Posted: 01 Dec 2011 01:09 PM PST អង្គការតម្លាភាពអន្តរជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានជាប់លំដាប់ថ្នាក់ទី១៦៤ ក្នុងចំណោមប្រទេសចំនួន១៨៣ ចំពោះការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរពាក់ព័ន្ធនឹងការសូកប៉ាន់ដល់មន្ត្រីសាធារណៈ ការឱ្យប្រាក់ជាសាគុណក្នុងលទ្ធកម្មសាធារណៈ និងការលួចបន្លំយកមូលនិធិសាធារណៈ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិនេះ បានធ្វើឡើងរវាងខែធ្នូ ឆ្នាំ២០០៩ និងខែកញ្ញា ឆ្នាំ២០១១ ដែលបានចេញផ្សាយនៅថ្ងៃនេះ បង្ហាញថារដ្ឋាភិបាលមួយចំនួនបរាជ័យក្នុងការការពារប្រជាពលរដ្ឋពីអំពើពុករលួយដោយរូបភាពរំលោភបំពានលើធនធានសាធារណៈ ការសូកប៉ាន់ ឬ ការធ្វើសេចក្តីសម្រេចដោយសម្ងាត់ ព្រមទាំងក្នុងផ្នែករដ្ឋបាល និងនយោបាយ។ សន្ទស្សន៍នេះបានដាក់ពិន្ទុឱ្យប្រទេសចំនួន១៨៣ពីលេខ០ (ពុករលួយខ្លាំង) ទៅដល់លេខ១០ (ស្អាតស្អំខ្លាំង) ដោយផ្អែកលើកម្រិតយល់ឃើញនៃអំពើពុករលួយក្នុងវិស័យសាធារណៈ និងប្រើប្រាស់ទិន្នន័យពីការស្ទង់មតិចំនួន១៧ ដែលពិនិត្យមើលកត្តាដូចជា ការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ ការទទួលបានព័ត៌មាន និងទំនាស់ផលប្រយោជន៍។ អង្គការតម្លាភាពអន្តរជាតិបានបញ្ជាក់ក្នុងតារាងផ្តល់ពិន្ទុថា កម្ពុជាទទួលបានពិន្ទុ២,១ ក្នុងលំដាប់ថ្នាក់ពុករលួយលេខបួនរាប់ពីបាតតារាងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងគ្រាន់បើជាងប្រទេសកូរ៉េខាងជើងដែលបានពិន្ទុ១,០ ប្រទេសមីយ៉ានម៉ា និងអាហ្គានីស្ថានពិន្ទុ១,៥។ លោក ព្រាប កុល តំណាងអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារ សាន់វ៉េ ថាលេខរៀងរបស់កម្ពុជាបានធ្លាក់ចុះ ប៉ុន្តែពិន្ទុរក្សាបាន២,១ដដែល ដូចឆ្នាំ២០១០ដែរ។ លេខរៀងរបស់កម្ពុជាឆ្នាំ២០១០ គឺទី១៥៤ ប៉ុន្តែឥឡូវនេះ ទី១៦៤។ «នៅប្រទេសកម្ពុជាយើង ស្ថាប័នដែលគេយល់ឃើញថា ពុករលួយជាងគេ យោងតាមការវាស់ស្ទង់ គឺស្ថាប័នផ្នែកតុលាការខ្លាំងជាងគេ បន្ទាប់មកនគរបាល និងវិស័យសាធារណៈ មានន័យថាមន្ត្រីរាជការសាធារណៈ»។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថាពិន្ទុនេះ បានបង្ហាញពីអំពើពុករលួយនៅកម្ពុជាគ្មានការប្រែប្រួល ហើយសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយគ្មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអំពើពុករលួយ។ «អង្គភាពប្រឆាំងអំពើពុករលួយមិនបានធ្វើអ្វីឱ្យមានការផ្លាស់ប្តូរ ក្នុងសង្គមរបស់យើងពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ យើងមានការព្រួយបារម្ភ បើទោះបីជាពិន្ទុរបស់យើង នៅដដែល ប៉ុន្តែលំដាប់លេខរបស់យើងធ្លាក់ក្នុងចំណោមប្រទេសនានាក្នុងពិភពលោក»។ លោក ស សម្បត្តិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងជំទាស់នឹងការដាក់ពិន្ទុអំពើពុករលួយដល់កម្ពុជាដោយអង្គការតម្លាភាពអន្តរជាតិនេះ។ «ខ្ញុំយល់ថាការដាក់ពិន្ទុនេះមិនជាត្រឹមត្រូវទេ ដោយសារមូលហេតុអ្វីដែលយើងខំប្រឹងប្រែងកន្លងទៅហ្នឹង គេហាក់ដូចជាមិនបានឃើញ មិនបានដឹង ឬមិនបានយល់ ហើយកន្លងទៅ អង្គការតម្លាភាពអន្តរជាតិនេះ មិនបានមកស៊ើបសួរ ឬក៏ទាក់ទង ដើម្បីស្វែងយល់អំពីបញ្ហានេះទេ។ ប៉ុន្តែអង្គភាពយើងខ្ញុំចេះតែដំណើរការទៅមុខរហូតហើយ។ យើងខ្ញុំក៏មិនខ្វល់ឈឺក្បាលថា គេដាក់លេខប៉ុន្មានទេ ពីព្រោះអ្វីៗផ្ទៃក្នុង យើងខ្ញុំបានដំណើរការដោយរលូន»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិគ្មានលក្ខណៈវិទ្យសាស្ត្រគ្រប់គ្រាន់ដើម្បីធានាលទ្ធផលត្រឹមត្រូវនោះទេ ពីព្រោះអំពើពុករលួយគឺជាការសម្ងាត់បំផុត។ «យើងមិនជឿនូវការវាយតម្លៃរបស់អង្គការនោះ ពីព្រោះគ្មានវិទ្យាសាស្ត្រធ្វើឱ្យយើងជឿទេ។ ការធ្វើរបាយការណ៍ ឬការស្រាវជ្រាវនេះមិនជាសត្យទេ។ យើងមានច្បាប់ប្រឆាំងអំពើពុករលួយ។ យើងមានច្បាប់ប្រឆាំងនឹងចៅក្រម ឬមន្ត្រីណាមួយដែលប្រព្រឹត្តអំពើពុករលួយ»។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសអតីតមន្ត្រីនគរបាលប្រាំនាក់រួមមាន ហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តឱ្យជាប់ពន្ធនាគាររវាងពីបីទៅបួនឆ្នាំក្នុងម្នាក់ៗ អំពីបទទទួលសំណូកពីពួកជួញដូរគ្រឿងញៀន។ តុលាការខេត្តនេះក៏កំពុងដំណើរការការកាត់ទោសលោក មឹក ដារា អតីត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃអំពីអំពើពុករលួយ និងការជួញដូរគ្រឿងញៀន៕ This posting includes an audio/video/photo media file: Download Now |
Posted: 30 Nov 2011 07:37 PM PST ព័ត៌មានចុងក្រោយបំផុត៖ ភូមា/អាមេរិក៖ លោកថេន សេន ប្រធានាធិបតីនៃប្រទេសភូមាបានស្វាគមន៍លោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លីនតុន ដោយបានហៅ ដំណើរទស្សនកិច្ចរបស់លោកស្រីនេះថា មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយតំណាងឱ្យទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេដ្ឋកិច្ចពិភពលោក៖ ផ្សារហ៊ុនអាស៊ីមានការកើនឡើងក្រោយពីមានចំណាត់ការពីធនាគារកណ្តាលធំៗលើពិភពលោក។ ទីផ្សារហ៊ុនអាស៊ីមានសន្ទុះឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយបន្តឱ្យមានការប្រមូលផ្តុំនៅទូទាំងពិភពលោក ក្រោយពីធនាគារកណ្តាលធំៗនៅក្នុងពិភពលោកបានចាត់វិធានការដែលមានការសម្របសម្រួលគ្នាមួយដើម្បីគាំទ្រសេដ្ឋកិច្ចអឺរ៉ុបដែលកំពុងមានបញ្ហា។ អង្គការសហប្រជាជាតិ៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថានៅទីបំផុត ពិភពលោកបានឈានមកដល់ដំណាក់កាលដែលអាចលុបបំបាត់ជំងឺអេសដ៍បានហើយ ប៉ុន្តែលោកបានមានប្រសាសន៍ថា គេនៅតែត្រូវការមូលនិធិបន្ថែមទៀតសម្រាប់ជួយដល់ការរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ អង់គ្លេស៖ កាលពីថ្ងៃពុធកន្លងទៅប្រទេសអង់គ្លេសបានបណ្តេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេសរបស់ខ្លួននិងបានបិទស្ថានទូតខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ក្រោយពីស្ថានទូតខ្លួនបានទទួលរងការវាយប្រហារដោយហ្វូងមនុស្សមួយក្រុមដែលពោរពេញដោយកំហឹងកាលពីមួយថ្ងៃមុន។ ស៊ីរី៖ គណៈកម្មការមួយនៃសម្ព័ន្ធអារ៉ាប់ដែលទទួលខុសត្រូវលើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរីបានកំពុងផ្តោតគោលដៅរបស់ខ្លួនលើក្រុមអ្នកមាននិងមន្រ្តីមានអំណាចក្នុងប្រទេសនេះ។ អ៊ីរ៉ាក់៖ ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់បានកំពុងស្តែងឱ្យឃើញនូវវត្តមានរបស់ពួកគេនៅក្នុងតំបន់ភាគឦសាន្តនៃប្រទេសនេះ ដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់១៧នាក់ក្នុងការវាយប្រហារដោយឡែកពីគ្នាចំនួនពីរ។ អេហ្ស៊ីប៖ អ្នកបោះឆ្នោតនៅអេហ្ស៊ីបកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតសភាជាតិជាប្រវត្តិសាស្រ្តក្នុងដំណាក់កាលទីមួយរបស់ខ្លួន ដែលគ្រោងនឹងផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ដែលមានការយឺតយ៉ាវជាងការគ្រោងទុកចំនួនមួយថ្ងៃ។ ចិន៖ សន្ទស្សន៍ទស្សនទានពិភពលោកស្តីពីអំពើពុករលួយ បានបង្ហាញថាប្រទេសចិន ត្រូវបានគេមើលឃើញថានៅតែមានអំពើពុករលួយបើទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់អំពើពុករលួយជាផ្លូវការយ៉ាងណាក៏ដោយ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ចិនៈ ប្រទេសចិននៅតែរក្សាចំណងទាក់ទងជាមួយភូមាទោះជាមានឥទ្ធពលបស្ចិមប្រទេសក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលក្រុងប៉េកាំង ស្វាគមន៍ចំពោះវិធានការណ៏របស់ភូមាដើម្បីបង្កើនការទាក់ទងនិងកែលំអរការទាក់ទងជាមួយបស្ចិមប្រទេស។ ប៉ុន្តែ ក៏មានមតិមួយចំនួន ដែលអះអាងជាតិនិយម បានសំដែងនូវគំនិតអវិជ្ជាមានចំពោះទស្សនៈកិច្ចរបស់ លោកស្រីហ៊ីលឡារី គ្លីនតុន។ ភូមាៈ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានចាប់ផ្តើមទស្សនកិច្ចប្រវត្តិសាស្ត្រមួយ ជាលើកដំបួង ទៅកាន់ប្រទេសភូមា ក្នុងអម្លុងពេល ៥០ឆ្នាំ។ ក្នុងដំណើរទស្សនៈកិច្ច៣ថ្ងៃ លោកស្រីមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីភូមា ថេន សែននិងមេដឹកនាំប្រជាធិបតេយ្យ លោកស្រីអូងសានស៊ូជីផង។ អេហ្ស៊ីបៈ ក្រុមមន្ត្រីអេហ្ស៊ីបនិយាយថាការប្រកាសលទ្ធផលនៃការបោះឆ្នោតជំហានទីមួយ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងធើ្វនូវថ្ងៃព្រហស្បតិវិញ ជំនួសឲ្យថ្ងៃពុធ មួយថ្ងៃយឺតជាងការគ្រោងទុក ដោយមិនបានប្រាប់អំពីមូលហេតុ នេះបើយោងតាមការប្រកាសរបស់បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់អេហ្ស៊ីប ។ សហរដ្ឋអាមេរិកៈ នៅព្រឹកថ្ងៃពុធ ក្នុងទីក្រុង ឡូស អានជឹឡេស (Los Angeles) បាតុករជាច្រើននាំគ្នាចាកចេញដោយស្ម័គ្រចិត្ត ក្រោយពីការចាប់ខ្លួនមនុស្សជាង២រយនាក់ នៅក្នុងទីក្រុង Los Angeles និងជាង៥០នាក់ នៅក្រុង ហ្វីឡាដឺលភា (Philadelphia) នៅក្នុងខណៈពេលប៉ូលីសនៅក្នុងទីក្រុងទាំងពីរ ធើ្វការបោសសំអាតកន្លែងបោះជំរំរបស់បាតុករកាន់កាប់ទីផ្សារ Wall Street។ អ៊ឺរ៉ុបៈ ផ្សារហ៊ុនបានឡើងថ្លៃលើស៣ភាគរយ នៅទីផ្សារលក់ហ៊ុនធំៗ នៅទីក្រុងនូវយ៉ក ឡុងដ៍ ប៉ារីស និង Frankfurt ក្រោយពីធនាគារពិភពលោករួមមាន ធនាគារសហព័ន្ធរបស់សហរដ្ឋអាមេរិក ធនាគារកណ្តាលរបស់អ៊ឺរ៉ុប ធនាគារនៃប្រទេសអង់គ្លេស និងធនាគារកណ្តាល ក្នុងប្រទេសជប៉ុន កាណាដា និងស្វីស បាននិយាយថា ចាប់ផ្តើមពីថ្ងៃចន្ទក្រោយទៅ ពួកគេនិងបញ្ចុះប្រាក់ការកន្លះភាគរយ សម្រាប់ធនាគារក្នុងការខ្ចីប្រាក់ដុល្លារអាមេរិក។ ប៉ុនែ្ត ឥទ្ធិពលនៃចំណាត់ការណ៍នេះ និងមានរយៈពេលយូរប៉ុន្មាន នូវតែជាសំណួរដែលគេនាំគ្នាចោទសួរ។ សហរដ្ឋអាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាមា (Barack Obama) ព្រមានអំពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចបើសិនជាសភាសហរដ្ឋអាមេរិកបរាជ័យមិនបានបន្តការកាត់បន្ថយពន្ធដារលើប្រាក់ខែអ្នកមានប្រាក់ចំណូលមធ្យម ។ សហរដ្ឋអាមេរិកៈ សហរដ្ឋអាមេរិកគាំទ្រនូវការប្រើឈ្មោះប្រទេសភូមា ជាជាងប្រទេស មីយ៉ាន់ម៉ា (Myanmar) ដែលបានប្តូរ កាលពីឆ្នាំ ១៩៨៩ អតិតរដ្ឋាភិបាលយោធានៃប្រទេសភូមាដើម្បីបង្ហាញការគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់ប្រទេសនេះ។ ស៊ីរីៈ ប្រទេសស៊ីរីបានប្រកាសខ្លួនបានដោះលែងអ្នកទោសជាង៩រយនាក់ ខណះដែលក្រុមសកម្មជននិយាយថាការប៉ះទង្គិនគ្នាថ្មីៗបានផ្ទុះឡើងនៅខេត្ត Daraa។ តាមឲ្យដឹងពី ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA និយាយថាជនដទៃទៀតជាង ១ពាន់៧រយនាក់ ត្រូវបានដោះលែងកាលពីដើមខែនេះ។ ប៉ុនែ្ត នៅពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សស៊ីរី និយាយថាកងកម្លាំងស៊ីរី ក្នុងរថពាសដែក បានចូលទៅ្ក្នុងភូមិមួយក្បែរទីក្រុង Daraa។ This posting includes an audio/video/photo media file: Download Now |
ត្រកួនដាំលើទឹកស្អុយបង្កឲ្យមានជំងឺដល់អ្នកបរិភោគ? Posted: 30 Nov 2011 11:01 PM PST ជាច្រើនឆ្នាំមកហើយអាងស្ដុកទឹក បឹងទំពន់ បានផ្ដល់ឱកាសមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងក្រុងភ្នំពេញប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នោះគឺមុខរបរដាំត្រកួននៅលើទឹក។ ប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ បានសង់ផ្ទះជាប់នឹងបឹងនេះដែលផ្ទៃទឹកពណ៌ខ្មៅក្រឹប និងមានក្លិនភាយឆួលផង។ ពួកគេអាចរកចំណូលប្រចាំថ្ងៃពី ២០.០០០ រៀលទៅ៣០.០០០ រៀល។ អ្នកស្រី ទឺល សារ៉ន ដែលមានអាយុ៤៩ឆ្នាំ និងមានកូនបីនាក់បានប្រកបមុខរបរដាំត្រកួននៅក្នុងបឹងទំពន់ តាំងពីឆ្នាំ១៩៩០ មកម្លេះ។ នៅរៀងរាល់ព្រឹក អ្នកស្រី ទឺល សារ៉ន ឈររង់ចាំអតិថិជនដែលជាឈ្មួញកណ្ដាលមកទិញត្រកួនរបស់គាត់ដល់ទីកន្លែង។ ឈ្មួញទាំងនេះ ទិញត្រកួនរបស់គាត់ និងត្រកួនរបស់អ្នកដទៃទៀតទៅលក់នៅឯផ្សារនានាក្នុងក្រុងភ្នំពេញ។ «មកទទួលហ្នឹង ខ្ញុំបេះ៥០បាច់ បើបង្ខំវាល់ល្ងាចទៅ១០០បាច់ទៅ។ យើងបាញ់ថ្នាំ ហើយមិនដល់កន្លះខែទេ។ អញ្ចឹងយើងបាញ់ថ្នាំហើយឲ្យសាបថ្នាំបានយើងបេះ។ យើងបេះរហូតដល់ត្រកួនយើងអស់។ បើត្រកួនយើងច្រើន យើងបេះបានយូរ តែបើតិច បេះឆាប់អស់»។ បឹងទំពន់ស្ថិតក្នុងខណ្ឌមានជ័យ។ វាមានទំហំជាង៣.០០០ ហិកតា។ បឹងនេះគឺជាអាងស្រូបទឹកសំណល់ និងទឹកជំនន់ដ៏ធំបំផុតរបស់រាជធានីភ្នំពេញ។ អ្នកស្រី ទឺល សារ៉ន ដាំត្រកួននៅលើផ្ទៃទឹកនេះទំហំកន្លះហិកតា។ គាត់អះអាងថា គាត់ជួលផ្ទៃទឹកនេះពីម្ចាស់ឯកជនក្នុងតម្លៃ មួយឆ្នាំ ៨សែនរៀលដើម្បីដាំត្រកួននេះ។ ការដាំត្រកួនលើផ្ទៃទឹកធ្វើជារងដូចការដាំត្រកួនលើផ្ទៃដីដែរ។ រងនីមួយៗមាន គម្លាតពីគ្នាមួយមែត្រ។ ប្រជាពលរដ្ឋនៅទីនេះ ប្រើទូកតូចល្មមសម្រាប់ផ្លាស់ទីទៅធ្វើការដាំ និងប្រមូលផលត្រកួនលើផ្ទៃទឹក។ ស្ថិតនៅក្នុងសហគមន៍បឹងទំពន់ ដូចគ្នាដែរអ្នកស្រី ក្រួចសុខធឿន អាយុ៣០ឆ្នាំប្រកបមុខរបរដាំត្រកួននេះតាំងពីក្មេងជាមួយក្រុមគ្រួសារ របស់គាត់។ អ្នកស្រីបានរៀបរាប់ថាកម្រៃនៃការលក់ត្រកួនក៏ដូចជាកម្រៃបានពីផលដំណាំផ្សេងៗទៀតដែរគឺពឹងផ្អែកលើការលូតលាស់របស់វា។ «វាមិនទៀងដែរហ្នឹង។ ជួនកាល១០០បាច់ ជួនកាល៧០បាច់ទៅ។ វាដោយត្រកួនល្អមិនល្អ»។ អ្នកស្រី ទឺល សារ៉ន បានរៀបរាប់ថា ការដាំត្រកួនលើផ្ទៃទឹកជាដំបូង គេត្រូវយកពូជត្រកួនទៅសាបលើថ្នាលដីជាមុនសិន លុះដល់ពេលត្រកួននោះដុះបាន រយៈពេលពីរសប្ដាហ៍ទើបគេដក រួចយកទៅក្រងជាបាច់ដើម្បីយកទៅដាំបណ្តែតទឹក។ ក្រោយពីដាំនៅទឹករយៈពេលប្រមាណជាមួយខែទើបអាចបេះយកទៅលក់បាន។ អ្នកស្រី ទឺល សារ៉ន បានបន្ថែមថា ថ្វីបើទឹកបឹងសម្បូរជាតិជីច្រើនដែលអាចឲ្យត្រកួនងាយលូតលាស់បាន ក៏ប៉ុន្ដែគេត្រូវប្រើគីមីមួយចំនួនទៀត ដូចជាថ្នាំសម្លាប់សត្វល្អិត ផ្សំជាមួយនឹងថ្នាំម្សៅសម្រាប់ជំនួយការលូតលាស់របស់ត្រកួន និងធ្វើឲ្យដើមត្រកួនថ្លោសល្អ។ យោងទៅតាមពិសោធន៍ និងការសិក្សារបស់លោកបណ្ឌិត ឌី សំអាត អនុប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម និងរុក្ខប្របាញ់ និងនេសាទ ពិសោធន៍ទៅលើការដាំត្រកួននៅវៀតណាម បង្ហាញថា ត្រកួនដែលដាំនៅលើដី និងដាំក្នុងទឹកកខ្វក់ផ្ទុកសារធាតុលោហៈច្រើន ដូចជាជាតិ មេតាន បារត និងជាតិអាសេនិច។ «ត្រកួនដាំនៅដីល្អ និងដីកាកសំណល់ហើយគេវិភាគគុណភាពត្រកួនទាំងពីរនៅលើដីកខ្វក់ ហ្នឹង គេឃើញមានសារធាតុពុលជាច្រើន ដែលបន្សល់នៅក្នុងត្រគួន នឹងឯងធ្វើអោយប៉ះពាល់សុខភាព»។ ក៏ប៉ុន្ដែ លោកបណ្ឌិត ឌី សំអាត មិនអាចពន្យល់ថា ជាតិគីមីទាំងនឹងធ្វើឲ្យប៉ះពាល់ សុខភាពបែបណានោះទេ។ លោកសាស្ដ្រាចារ្យឈូកបូរិន ព្រឹទ្ធបុរសនៅមហាវិទ្យាល័យវិទ្យាសាស្រ្ត ជលផលបានរៀបរាប់ថា ដំបូងបំផុតសារធាតុនៅក្នុងទឹកស្អុយគឺមាន អាសូត ផូស្វ័រ ប៉ូតាស្យូម ដែលហៅកាត់ថាNPK ដែលសារធាតុទាំងនោះបានមកពីទឹកនោម លាមក និងកាកសំណល់ផ្សេងៗ។ សារធាតុទាំងនេះធ្វើឲ្យពុលសត្វ រស់នៅក្នុងទឹកដូចជាត្រីជាដើមហើយក្លិនវាក៏ប៉ះពាល់ដល់សុខភាពប្រជាជន រស់នៅជាប់នោះផងដែរ។ លោកសៀក សុផាត សាស្រ្តាចារ្យ ផ្នែកបរិស្ថាន នៅសាកលវិទ្យាល័យ ភូមិន្ទភំ្នពេញវិញ បានរៀបរាប់ថា ការដាំត្រកួននៅក្នុងបឹងទំពន់នេះ អាចជួយ បន្សុទ្ធទឹកបឹងមួយផ្នែកដែរ ដោយសារត្រកួនជួយស្រូបយកសារធាតុ អាសូតផូស្វ័រប៉ូតាស្យូម ពីទឹកបឹង។ លោកសាស្ដ្រាចារ្យសៀក សុផាត បញ្ជាក់ថា ទឹកបឹងកខ្វក់តែងតែមានផ្ទុកសារធាតុពុល ប៉ុន្តែ វាមិនមានបញ្ហាធំដុំ ដែលផ្តល់ផលប៉ះពាល់ដល់ត្រកួននៅទីនោះទេ។ «យោងទៅតាមការស្រាវជ្រាវ ត្រកួនហ្នឹងអត់មានបានស្រូបយកជាតិពុលទេ ពីព្រោះនៅក្នុងទឹក ត្រកួនស្រូបយកជាតិជីNPK។ ឫសវាអាចចាប់យកហេវវីមេតថលខ្លះ តែតាមការស្រាវជាវ គឺវាមានចំនួនតិចនៅក្នុងហ្នឹង ហេវវីមេតថលក៏ជាជាតិ ពុលដែរ។ «យ៉ាងណាក៏ដោយលោក វេជ្ជបណ្ឌិត ថម៉ាស មហ្វ៊ី (Thomas Murphy) សហនាយកមន្ទីរពិសោធន៍ និងជាអ្នកដឹកនាំការស្រាវជ្រាវនៃសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបាននិយាយថា ត្រកួនក្នុងបរិដ្ឋានមិនស្អាតអាចនឹងបណ្ដាលឲ្យអ្នកបរិភោគមានជំងឺរាករូសដែរប្រសិនបើមានការចម្អិនមិនស្អាតល្អ។ «ជំងឺរាគគឺជាបញ្ហាចំបងបំផុតដែលត្រូវប្រឈមមុខ ហើយត្រកួន យើងមិនអាចយកមកបរិភោគ ដោយមិនបានសម្អាតជាមុនបានទេ»។ ក៏ប៉ុន្ដែក្រុមប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរដាំត្រកួនមិនយល់ថា ត្រកួនដែលគាត់ដាំនៅទីនេះបង្កផលវិបាកដល់សុខភាពនោះទេ។ ទោះជាយ៉ាងនេះក្ដី នៅមិនទាន់មានការសិក្សាជាផ្លូវការណាមួយរបស់ក្រុមអាជ្ញាធររដ្ឋាភិបាលចំពោះសារធាតុដែលស្ថិតក្នុងអាងស្រូបទឹកសំណល់នៅបឹងទំពន់នេះនៅឡើយទេ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវឯករាជ្យ៕ This posting includes an audio/video/photo media file: Download Now |
កងទ័ពអាមេរិក កម្ពុជា ហ្វឹកហាត់ការត្រៀមសង្គ្រោះក្នុងគ្រាអាសន្ន Posted: 30 Nov 2011 06:16 PM PST កងទាហានម៉ារីនលេខ៣ ប្រចាំការនៅក្រៅប្រទេសរបស់សហរដ្ឋអាមេរិកចំនួនប្រមាណ៣០ នាក់ និងកងសមត្ថកិច្ចកម្ពុជាមានទាហាន ប៉ូលិស និងកងរាអាវុធហត្ថប្រមាណជាង៤០នាក់បានបើកវគ្គសិក្សារួមគ្នា នៅថ្ងៃពុធនេះក្នុងទីក្រុងភ្នំពេញ។ វគ្គសិក្សាមានរយៈពល១០ថ្ងៃដែលត្រូវបានរៀបចំឡើងដើម្បីចែករំលែកបទពិសោធន៍គ្នាក្នុងការបញ្ជា និងរៀបចំកងកម្លាំងសម្រាប់ការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការផ្ដល់ជំនួយមនុស្សធម៌។ លោក ចេហ្វ ដាយហ្គល (Jeff Daigle) ភារធារីស្ថានទូតអាមេរិកមានប្រសាសន៍ក្នុងសន្និសីទព័ត៌មានមុននឹងការបើកវគ្គសិក្សាថា៖ «វាក៏មានសារៈសំខាន់ផងដែរដែលយើងធ្វើការហ្វិកហាត់អំពីថាតើត្រូវបង្កើតទំនាក់ទំនងយោធាយើងទាំងពីរយ៉ាងដូចម្ដេច ហើយត្រូវបង្កើនសមត្ថភាពទៅវិញទៅមកយ៉ាងណា ដែលនឹងជួយបង្កើនប្រសិទ្ធភាពសង្គ្រោះក្នុងករណីមានវិបត្តិ»។ កងទាហានម៉ារីនលេខ៣ អាមរិកបានចាប់ផ្ដើមបង្ហាញពីរចនាសម្ព័ន្ធនៅក្នុងអង្គភាពនាវឹករបស់ខ្លួនដោយរួមមានក្រុមប្រយុទ្ធ ក្រុមស៊ើបការណ៍ ក្រុមទាក់ទង ក្រុមពេទ្យ ភ័ស្ដុភា និងក្រុមកងអាវុធហត្ថផងដែរ។ កងសមត្ថកិច្ចកម្ពុជានឹងធ្វើបទបង្ហាញរបស់ខ្លួនផងដែរ ជាពិសេសក្នុងរយៈពេល១០ថ្ងៃនេះ ភាគីទាំងពីរនឹងបង្ហាញរបៀបសមយុទ្ធសង្រ្គោះ និងអន្ដរាគមន៍ដោយប្រើកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធកុំព្យូទ័រតែប៉ុណ្ណោះ។ លោកឧតម្តសេនីយ៍ត្រី តាត ចន្ថា ស្នងការរងនៃស្នងការដ្ឋានផែនការ និងប្រតិបត្តិការ នៃកងរាជអាវុធហត្ថផ្ទៃប្រទេសមានប្រសាសន៍ដែរថា វគ្គសិក្សាពីគ្នាទៅវិញទៅមកនេះ នឹងជួយរួមចំណែកពង្រឹងសមត្ថភាពកងសមត្ថកិច្ចកម្ពុជាផងដែរ។ «វាអាចនឹងជួយដល់មន្ដ្រីរបស់យើងក្នុងការពង្រឹងសមត្ថភាពការងារជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ»។ មានការរីកចម្រើនផ្នែកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេលចុងក្រោយនេះ ថ្វីត្បិតតែសហរដ្ឋអាមេរិកបានបង្កកជំនួយរថយន្ដយោធាចំនួន ២០០គ្រឿង ដល់កម្ពុជាដោយសារកម្ពុជាបានបញ្ជូនដោយបង្ខំនូវជនជាតិដើមភាគតិចវីហ្គើចំនួនជាង២០នាក់ទៅឲ្យអាជ្ញាធរចិនវិញកាលពីចុងឆ្នាំ២០០៩។ លោក រ៉ូប៊ើត ថូម៉ាស (Robert Thomas) មេបញ្ជាការប្រតិបត្តិការនៃកងទាហានម៉ារីនលេខ៣ បញ្ជាក់ក្រោយពីបទបង្ហាញវគ្គទី១ថា ការសិក្សារួមគ្នានេះនឹងជួយឲ្យក្រុមប្រដាប់អាវុធទាំងពីរប្រទេសរៀបចំគម្រោងទប់ទល់ជាមុនចំពោះមុខគ្រោះអាក្រក់កើតមានឡើងដូចជាអគ្គីភ័យ ឬគ្រោះទឹកជំនន់ជាដើម។ ក្រៅពីនោះ នឹងមានការបង្ហាញពីបច្ចេកទេសយោធាប្រាប់គ្នាទៅវិញ ទៅមកផងដែរ។ «យើងបានដឹងព័ត៌មាន ហើយកងយោធាកម្ពុជាក៏ដឹងពីព័ត៌មានដែរហើយយើងធ្វើការរួមគ្នាលើបញ្ហានេះ ដូចជាតើភាគីកម្ពុជាជម្លៀសប្រជាជនដោយរបៀបណា រីឯយើងវិញជម្លៀសពួកគាត់យ៉ាងដូចម្ដេច»។ ដោយឡែកកញ្ញា មៀច សិដ្ឋការ្យ វរៈសេនីយ៍ទោខាងកងទព័កម្ពុជា ដែលទើបនឹងបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា Westpoint របស់អាមេរិកបានលើកពីសារៈសំខាន់ដូចគ្នាដែរ។ «យើងមិនអាចដោះស្រាយបញ្ហាតែម្នាក់ឯងទេ។ ដូច្នេះសមយុទ្ធនេះជួយយើងឲ្យរៀនដោះស្រាយហ្វឹកហ្វឺនដោះស្រាយជាមួយគ្នា។ វាជាលក្ខណៈសមយុទ្ធហ្វឹកហ្វឺនជាមួយកុំព្យូទ័រ»។ សូមបញ្ជាក់ថា ជាបន្តបន្ទាប់កងទព័សហរដ្ឋអាមេរិកតែងតែធ្វើសមយុទ្ធ ជាពិសេសផ្តោតលើការសង្គ្រោះជាមួយកងទព័កម្ពុជា។ នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរនឹងធ្វើសមយុទ្ធយោធារួមគ្នាម្ដងទៀត៕ This posting includes an audio/video/photo media file: Download Now |
អង្គការលើកលែងទោសអន្តរជាតិសុំឲ្យតុលាការក្រុងភ្នំពេញឈប់ចោទប្រកាន់អ្នកភូមិបឹងកក់ Posted: 30 Nov 2011 04:42 PM PST អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃពុធនេះបានទទូចដល់តុលាការក្រុងភ្នំពេញ ឲ្យទម្លាក់ចោលការចោទប្រកាន់ប្រជាពលរដ្ឋបឹងកក់ចំនួនបួនរូប បន្ទាប់ពីពួកគេបានរងគ្រោះដោយសារតែការតវ៉ារឿងវិវាទដីធ្លី។ កាលពីថ្ងៃអង្គារតុលាការក្រុងបានដោះលែងប្រជាពលរដ្ឋបឹងកក់ចំនួនបួននាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក៏ប៉ុន្តែបានដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីពួកគេត្រូវបានចាប់ឃុំខ្លួនរយៈពេលមួយថ្ងៃពីបទជេរប្រមាថ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។ ប្រជាពលរដ្ឋទាំងបួនរូប ដែលឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរួមមានអ្នកស្រីទេព វណ្ណី តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចាន់ថា និងអ្នកស្រី បូ ឆវី។ អ្នកទាំងបួនរូបត្រូវបានអាជ្ញាធរចាប់ខ្លួនបន្ទាប់ពីពួកគេបានចូលរួមយ៉ាងសកម្មដោយសន្តវិធីមួយ កាលពីថ្ងៃច័ន្ទ នៅពីមុខសាលាក្រុងភ្នំពេញ ដើម្បីទាមទារឲ្យបញ្ចូលឈ្មោះប្រជាពលរដ្ឋចំនួនទាំង៩៦គ្រួសារ ដែលបានកាត់ចេញពីដីទំហំ១២.៤៤ហិកតា។ <!--AV--> រយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការបានដោះលែងអ្នកភូមិបឹងកក់ លោក សែម សារីហ្វី (Sam Zarifi) នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក បាននិយាយថា អាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ឈប់ទិសដៅរបស់ខ្លួន ដើម្បីប្រឆាំងនឹងសកម្មជន ដែលទាមទារសិទ្ធិសហគមន៍ដោយសន្តិវិធី។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តុលាការត្រូវតែទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈជានយោបាយប្រឆាំងនឹងអ្នកស្រី ទេព វណ្ណី និងស្ត្រីដ៏ទៃៗផ្សេងទៀត ដោយប្រើប្រាស់នៅក្នុងការប៉ុនប៉ងបំបិទសំឡេងតវ៉ាដែលមានលក្ខណៈស្របច្បាប់។ លោកបានមានប្រសាសន៍ទៀតថា អាជ្ញាធរត្រូវតែផ្អាកជាបន្ទាន់ នូវការប្រើប្រាស់កម្លាំងដ៏ច្រើនលើសលប់ ប្រឆាំងទៅនឹងបាតុករដែលទាមទារដោយសន្តិវិធី។ ស្របពេលដែលអង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងជំទាស់នឹងអ្នកភូមិចំនួនបួននាក់ អ្នកស្រី ទេព វណ្ណី តំណាងអ្នកភូមិបឹងកក់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់កំពុងតែរៀបចំឯកសារដើម្បីប្រឆាំងជំទាស់នឹងអាជ្ញាធរមួយចំនួន ដែលរួមមានលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ក្រោយពីបានបញ្ជាឲ្យប្រើប្រាស់កម្លាំង ប្រព្រឹត្តអំពើហិង្សាដែលធ្វើឲ្យប្រជាពលដ្ឋរងរបួសកាលពីថ្ងៃច័ន្ទ។ អ្នកស្រី ទេព វណ្ណី បាននិយាយថា យើងចង់ដឹងថា តើតុលាការ ធ្វើការដោយឯករាជ្យរបស់ខ្លួនដែរឬទេ នៅពេលដែលអ្នកភូមិបានប្តឹងចំពោះអាជ្ញាធរវិញនោះ។ «តើតុលាការ គាត់មានភាពយុត្តិធម៌ ដែលជាតុលាការឯករាជ្យដល់កម្រិតណា? ហើយពិតប្រាកដថាជាឯករាជ្យ ឬមួយក៏អត់? ក៏ដូចជាពាក្យដែលគេបាននិយាយថា តុលាការនៅស្រុកខ្មែរមិនឯករាជ្យ។ ខ្ញុំចង់ដឹងរឿងហ្នឹង នៅពេលដែលពួកខ្ញុំប្រឈមនឹងបញ្ហាដីធ្លីហ្នឹងតែម្តង»។ លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ថាកំពុងជាប់រវល់ប្រជុំ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជា វៀតណាម ឡាវ ចុះហត្ថលេខាពាណិជ្ជកម្មតាមព្រំដែន Posted: 30 Nov 2011 05:30 PM PST នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំនៃប្រទេសកម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញាជំរុញការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន សំដៅកាត់បន្ថយភាពក្រីក្រនៅតាមបណ្តោយព្រំដែន។ មេដឹកនាំនៃប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកម្មវិធីសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រឆ្លងកាត់ព្រំដែនឱ្យកាន់តែខ្លាំងឡើង ព្រមទាំងដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។ លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិថ្នាក់កំពូលនៃរណសិរ្សកម្ពុជា វៀតណាម និងឡាវ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថាកត្តាទាំងនេះបានផ្តល់សន្តិភាព ស្ថិរភាព ការបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។ «ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នាលើគ្រប់វិស័យ ក្នុងនោះយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន»។ អនុស្សរណៈរួមនេះបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងបី ដោយចូលរួមគ្រប់សកម្មភាពសង្គម និងគ្រប់សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងបី ជាពិសេសវិស័យសេដ្ឋកិច្ច និងលើកទឹកចិត្តថ្នាក់មូលដ្ឋាន តាមបណ្តោយព្រំដែនប្រទេសទាំងបី រួមគ្នារិតចំណងសាមគ្គីភាព សហប្រតិបត្តិការ ទំនាក់ទំនងគ្រប់វិស័យ រួមមានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនរួម កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព។ កម្ពុជា និងវៀតណាម គ្រោងនឹងសម្រេចដល់២.០០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០១១នេះ។ លោក ផាញ់ ដួងចិត្តវង្សា (Phanhdouangchit VONGSA) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សកសាងជាតិឡាវ បានថ្លែងយ៉ាងដូច្នេះថា៖ «គណៈប្រតិភូឡាវគាំទ្រទាំងស្រុងនូវអនុស្សរណៈយោគយល់នេះ។ ពួកយើងខ្ញុំសូមឯកភាពទាំងស្រុង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមនេះ។ ជាតិយើងទាំងបីគួរបង្កើនទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតទ្វេឡើង»។ លោក ហ្វិញ ដាម (Huynh Dam) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបញ្ជាក់ថា អង្គការរណសិរ្សប្រទេសទាំងបីមិនទាន់មានការសហការណ៍ពហុភាគី ហើយកិច្ចសហការណ៍របស់អង្គការរណសិរ្សទាំងបី នៅមានកម្រិតនៅឡើយ។ «យើងខ្ញុំសូមឯកភាពជាមួយខ្លឹមសារក្នុងអនុស្សរណៈ។ អង្គការរណសិរ្សទាំងបីនឹងខំប្រឹងប្រែងអនុវត្តន៍អនុស្សរណៈយោគយល់រួមនេះ ឱ្យមានប្រសិទ្ធិភាព និងយកខ្លឹមសាររបស់អនុស្សរណៈនេះទៅអនុវត្តជាក់ស្តែងស្របតាមសកម្មភាពរបស់ប្រទេសនីមួយៗ»។ លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគីរី ដែលបានចូលរួមនៅក្នុងសន្និសីទនេះ បានថ្លែងថា អនុស្សរណៈនេះ នឹងជំរុញសកម្មភាពផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក និងសម្រួលដល់ការព្យាបាលជំងឺ។ «អនុស្សរណៈនេះ មានប្រយោជន៍ដល់ខេត្តយើងខ្ញុំ ជាពិសេសក្នុងទំនាក់ទំនងមិត្តភាពរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរវាងខេត្តទាំងពីរ គឺថាទាំងទំនាក់ទំនងសេដ្ឋកិច្ច និងជាបងប្អូន ជាមិត្តភក្តិ»។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា អនុស្សរណៈនេះនឹងជាជំហានវិជ្ជមានមួយដើម្បីផ្តល់ផលប្រយោជន៍យ៉ាងច្រើន ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |