VOA News: ព័ត៌មាន: “តុលាការក្រុងភ្នំពេញដោះលែងមេដឹកនាំអ្នកភូមិបឹងកក់” plus 4 more |
- តុលាការក្រុងភ្នំពេញដោះលែងមេដឹកនាំអ្នកភូមិបឹងកក់
- មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនប្រតិកម្មនឹងការរិះគន់របស់លោក សម រង្ស៊ី
- ប្រទេសចិនប្តេជ្ញាមិននាំចេញគ្រាប់មីនប្រឆាំងមនុស្ស
- កូរ៉េខាងជើងនឹងសង់អគារវប្បធម៌នៅកម្ពុជា
- ព័ត៌មានអន្តរជាតិ៖ ២៩ វិច្ឆិកា
តុលាការក្រុងភ្នំពេញដោះលែងមេដឹកនាំអ្នកភូមិបឹងកក់ Posted: 29 Nov 2011 12:49 PM PST តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះបានសម្រេចដោះលែងអ្នកភូមិបឹងកក់ចំនួនបួននាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក៏ប៉ុន្តែដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ្នកភូមិបឹងកក់ចំនួនបួននាក់ដែលរួមមានអ្នកស្រី ទេព វណ្ណី តំណាងឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចាន់ថា និងបូ ឆវី ត្រូវបានអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញនេះរួចហើយបានយកទៅឃុំឃាំងនៅស្នងការប៉ូលិសក្រុងភ្នំពេញ។ ការចាប់ខ្លួនប្រជាពលរដ្ឋនេះ បានធ្វើឡើងបន្ទាប់ពីអ្នកភូមិបឹងកក់ប្រមាណជា៣០០នាក់ បានបិទផ្លូវចរាចរណ៍ដ៏មមាញឹកមួយនៅពីមុខសាលាក្រុងភ្នំពេញ ដើម្បីប្រឆាំងជំទាស់នឹងសាលាក្រុងភ្នំពេញ ដែលមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួនក្នុងការចុះវាស់កំណត់ព្រំដីចំនួនជាង១២,៤៤ហិកតាដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើប្រទានកម្មដល់ប្រជាពលដ្ឋចំនួន៧៩៤គ្រួសារ រស់នៅតំបន់បឹងកក់ដែលនៅសេសសល់ចុងក្រោយពីការបណ្តេញចេញដោយបង្ខំ។ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ។ លោក ឆែ វីរៈ ចៅក្រមនៃតុលាការក្រុងភ្នំពេញ បាននិយាយថាតុលាការបានសម្រេចដោះលែងប្រជាពលរដ្ឋនៅតំបន់បឹងកក់ទាំងបួននាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ ក៏ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ។ លោក ឯក ឆេងហួត ព្រះរាជអាជ្ញារងនៃតុលាការក្រុងបាននិយាយថា ប្រជាពលរដ្ឋទាំងបួនរូបនេះត្រូវបានចោទប្រកាន់ពីបទជេរប្រមាថ តាមមាត្រាទី៥០២ និងប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រាទី៥០៤ នៃច្បាប់ក្រមព្រហ្មទណ្ឌថ្មី។ «គេដាក់គាត់ឲ្យនៅក្រោមការត្រួតពិនិត្យ តាមដានរបស់តុលាការ»។ <!--IMAGE-RIGHT--> ប្រជាពលរដ្ឋទាំងបួនរូប បន្ទាប់ពីបានដោះលែងឲ្យនូវក្រៅឃុំ ត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋដែលឈរចាំរួចជាស្រេចនៅពីមុខតុលាការក្រុង។ ស្វាមីរបស់អ្នកភូមិទាំងបួនរូប បានបំពាក់កំរងផ្កាដល់ភរិយារបស់ពួកគេ បន្ទាប់ពីបានដើរចេញពីអគារតុលាការ និងមានការប្រោះទឹកមន្តដោយព្រះតេជគុណ លួន សាវ៉ាត។ អ្នកស្រី ទេព វណ្ណី បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ថ្វីបើអ្នកស្រីត្រូវបានដោះលែងឲ្យនៅក្រៅឃុំក៏ពិតមែន ក៏ប៉ុន្តែមិនអាចបន្ទុចបង្អាក់ដល់ការតវ៉ារបស់អ្នកភូមិបឹងកក់ ដើម្បីទាមទារប្លង់កម្មសិទ្ធិដីធ្លីនៅក្នុងដីទំហំជាង១២ហិកតានោះបានទេ។ «ចា! ប្រជាពលរដ្ឋគាត់នៅតែមានគម្រោងរហូតប្រសិនបើមន្ត្រីអាជ្ញាធរមិនផ្តល់ភាពយុត្តិធម៌ដល់គាត់។ ហើយគាត់មានសិទ្ធិរស់នៅលើដី១២ហិកតាទាំងអស់គ្នាហ្នឹង គាត់មិនបញ្ឈប់ឡើយ។ គាត់មិនខ្លាចស្លាប់ទេ។ គាត់មិនខ្លាចទុក្ខទេ។ អ្វីដែលគាត់ខ្លាចនោះគឺខ្លាចបាត់បង់ផ្ទះរបស់គាត់។ គាត់ខ្លាចបាត់បង់សិទ្ធិសេរីភាពរស់នៅរបស់ពួកគាត់»។ <!--IMAGE-LEFT--> លោក ជីង លីដា មេធាវីការពារក្តីប្រជាពលរដ្ឋទាំងបួនរូប បានស្វាគមន៍ចំពោះការដោះលែងនេះ ក៏ប៉ុន្តែលោកនឹងតាមឃ្លាំមើលរឿងក្តីនេះបន្តទៅទៀត។ «ប្រសិនបើមានការឃាត់ខ្លួន មានការវាយដំប្រើហិង្សាទៅលើគាត់ អាហ្នឹងរំលោភទៅលើសិទ្ធិការបញ្ចេញមតិរបស់គាត់ហើយ»។ លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្គេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការដោះលែងឲ្យនៅក្រៅឃុំរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះ គឺជាសម្ពាធមួយទៅប្រជាពលរដ្ឋនៅតំបន់បឹងកក់ទាំងបួនរូបនៅពេលដែលពួកគេហ៊ានតស៊ូមតិនៅពេលក្រោយ ដោយសារតែពួកគេបានបំពេញលក្ខខណ្ខនៅក្នុងតុលាការ។ «ខ្ញុំគិតថានេះហើយ វាតែងតែការរិះគន់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ នៅប្រទេសកម្ពុជាយើង។ វាមានភាពរឹតត្បិតបាទ! ដោយការតស៊ូមតិខ្លះត្រូវបានរងនូវការប្រើប្រាស់នូវអំពើហិង្សា»។ មុនពេលដែលតុលាការសម្រេចដោះលែងប្រជាពលរដ្ឋទាំងបួនរូប អ្នកភូមិបឹងកក់ ប្រមាណជាជិត១០០នាក់នៅថ្ងៃអង្គារនេះ ដែលភាគច្រើនជាស្រ្តីបានប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀត ជាមួយនឹងអាជ្ញាធរប៉ូលិស ដែលប្រដាប់ដោយអាវុធ និងខែល ក៏ប៉ុន្តែមិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនប្រតិកម្មនឹងការរិះគន់របស់លោក សម រង្ស៊ី Posted: 29 Nov 2011 02:33 PM PST លោក ងួន ញិល អនុប្រធាន(ទីមួយ)នៃរដ្ឋសភារបស់ប្រទេសកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់នៃ គណបក្សគ្រប់គ្រងប្រទេស បានចាត់ទុកអត្ថាធិប្បាយរបស់លោក សម រង្ស៉ី ចុងក្រោយ ថាជា ការវាយប្រហារដើម្បីបំផ្លាញកិត្តិយសរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសបច្ចុប្បន។ លោកបានពន្យល់អំពីជំនឿចិត្តរបស់ប្រទេសផ្តល់ជំនួយ ការមិនអាចមានអធម្មនុញ្ញភាព និងការមិនអាចមានការបះបោរនៅកម្ពុជាដូចនៅអារ៉ាប់។ លោក ងួន ញិល ថ្លែងដូច្នេះក្រោយពេលលោក សម រង្ស៉ី បានព្យាយាមធ្វើឲ្យមានអធម្មនុញ្ញភាពនិងធ្វើឲ្យរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមិនស្របច្បាប់។ លោក សម រង្ស៉ី នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃសុក្រសប្តាហ៍មុនបានជំរុញឲ្យប្រទេសអ្នកផ្តល់ជំនួយបញ្ឍប់ការផ្តល់ជំនួយមកកម្ពុជា ដែលលោក សម រង្ស៉ី បានចោទប្រកាន់ថាមានការខ្ជះខ្ជាយ និងមានអំពើពុករលួយ។ លោក សម រង្ស៉ី ក៏បានវាយប្រហារមេដឹកនាំនៃប្រទេសកម្ពុជានិងរិះគន់ធ្ងន់ៗទៅការដឹកនាំប្រទេសដែលលោកថ្លែងថាឈានទៅរកភាពហិនហោច។ លោក សម រង្ស៉ី ពេលនេះកំពុងនិរទេសខ្លួនដោយសារបញ្ហាដកបង្គោលព្រំដែនកម្ពុជា វៀតណាមនៅចុងឆ្នាំ២០០៩។ លោកកំពុងស្ថិតក្នុងពិរុទ្ធភាពក្រោយពីតុលាការបានកាត់ទោសឲ្យលោកជាប់គុកជាង១០ឆ្នាំ។ តទៅនេះជាបទសម្ភាសន៍កាលពីថ្ងៃច័ន្ទ (២៨ វិច្ឆិកា ២០១១) រវាង លោក សុខ ខេមរា នៃវីអូអេ ជាមួយ លោក ងួន ញិល អនុប្រធានរដ្ឋសភាទាក់ទងនឹងការចោទប្រកាន់របស់លោកសម រង្ស៉ី៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
ប្រទេសចិនប្តេជ្ញាមិននាំចេញគ្រាប់មីនប្រឆាំងមនុស្ស Posted: 29 Nov 2011 01:32 PM PST ប្រទេសចិនបានប្តេជ្ញាបញ្ឈប់ការនាំចេញគ្រាប់មីនប្រឆាំងមនុស្សនៅថ្ងៃអង្គារនេះ បើទោះបីជាប្រទេសនេះមិនបានចូលរួមនៅក្នុងអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សក៏ដោយ។ លោក កាំង យ៉ុង (Kang Yong ) ប្រធានគណៈប្រតិភូអ្នកសង្កេតការណ៍ចិន បានថ្លែងប្រាប់កិច្ចប្រជុំរដ្ឋជាភាគីអនុសញ្ញាអូតាវ៉ា (Ottawa) លើកទី១១ នៅក្នុងទីក្រុងភ្នំពេញថា ប្រទេសចិននឹងបន្តគោរពតាមការប្តេជ្ញារបស់ខ្លួនចំពោះការមិននាំចេញគ្រាប់មីនប្រឆាំងមនុស្ស។ លោក យ៉ុង បានបញ្ជាក់ថា រដ្ឋាភិបាលចិនតែងតែបានចងភ្ជាប់សារៈសំខាន់ដ៏ធំធេងចំពោះការខ្វល់ខ្វាយផ្នែកមនុស្សធម៌ ដែលបានបណ្តាលមកពីគ្រាប់មីនប្រឆាំងនឹងមនុស្ស ហើយគាំទ្រដល់កិច្ចខំប្រឹងប្រែងនានារបស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយទុក្ខកង្វល់ទាំងនេះ។ ទោះបីចិនមិនទាន់ចូលរួមនៅក្នុងអនុសញ្ញា Ottawa នេះក៏ដោយ ក៏លោក យ៉ុងថ្លែងថា ចិនគាំទ្រគោលបំណង និងគោលដៅនៃអនុសញ្ញានេះ ហើយតាំងពីឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនផ្តល់ជំនួយបោសសម្អាតមីនជាង៦០លាន RMB ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជិត៤០។ ចិនត្រូវបានគេរាយការណ៍ថា ជាប្រទេសផលិត និងនាំចេញគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក ហេង រតនា អគ្គនាយកនៃសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា កម្ពុជាបានរកឃើញមីនប្រឆាំងមនុស្សជិតមួយលានគ្រាប់ និងបានកម្ទេចចោល។ លោកបញ្ជាក់ថា គ្រាប់មីនទាំងនេះត្រូវបានផលិតនៅចិន និងអតីតសហភាពសូវៀត។ «ខ្ញុំ ក្នុងនាមជាប្រតិបត្តិករដែលធ្វើការបោសសម្អាតមីនរាល់ថ្ងៃនៅកម្ពុជានេះ សូមថ្លែងអំណរគុណ និងអបអរសាទរចំពោះសេចក្តីថ្លែងការណ៍នេះ និងផលប្រយោជន៍ទៅនិងសហគមន៍ប្រឆាំងគ្រាប់មីន ដែលកំពុងធ្វើការបោសសម្អាតគ្រប់គ្នាទូទាំងពិភពលោក»។ លោក អ៊ិន ប៉ោយ ជនពិការដោយសារគ្រាប់ដោះមីនពីខេត្តឧត្តរមានជ័យ ដែលបានចូលរួមនៅកិច្ចប្រជុំនេះ បាននិយាយថា លោកស្វាគមន៍ដល់ការប្តេជ្ញាចិត្តរបស់ចិនបញ្ឈប់ការនាំចេញគ្រាប់មីនប្រឆាំងមនុស្សសម្រាប់ហេតុផលមនុស្សធម៌។ «ពេលខ្ញុំពិការខ្ញុំមានការអន់ចិត្តខ្លាំងបំផុត ពីព្រោះពេលខ្ញុំឃើញ គេអ្នកដទៃមានសម្បទាមាំមួន ហើយគេរីករាយ។ ពេលយើងជាជនរងគ្រោះវិញ ពេលដើរទៅណាមកណា គេម៉ាក់ងាយខ្លះដែរ ហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំមិនសូវសប្បាយចិត្ត។ ខ្ញុំសំណូមពរបើអត់មានការផលិតអាវុធ និងគ្រាប់ វាជាការល្អបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោក ដើម្បីកុំឱ្យការពិការ ឬ គ្រោះថ្នាក់ដោយសារគ្រាប់មីន»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃអាទិត្យថា គ្រាប់មីនបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះចំនួន៤.៣២០នាក់នៅឆ្នាំ១៩៩៦ ប៉ុន្តែចំនួននេះ បានធ្លាក់មកនៅត្រឹមក្រោម៣០០នាក់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕ This posting includes an audio/video/photo media file: Download Now |
កូរ៉េខាងជើងនឹងសង់អគារវប្បធម៌នៅកម្ពុជា Posted: 29 Nov 2011 11:01 AM PST រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាផ្លូវការនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចឲ្យប្រទេសកូរ៉េខាងជើង សាងសង់មណ្ឌលវប្បធម៌ដ៏ធំមួយ ក្នុងខេត្តសៀមរាបដែលសម្បូរដោយប្រាង្គប្រាសាទបុរាណ។ មន្ដ្រីផ្លូវការអះអាងថា មជ្ឈមណ្ឌលដែលមានឈ្មោះថា មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នឹងជួយពង្រឹងកំណើនទេសចរណ៍បរទេសមកកាន់កម្ពុជាផងដែរ។ ការសម្រេចចិត្តនេះត្រូវគេដឹងបន្ទាប់ពីជំនួបរវាងលោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រី សុខ អាន ជាមួយឯកអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិ លោក រី អ៊ីន យ៉ាង (Yang, Ri In Sok) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនក្នុងទីក្រុងភ្នំពេញ។ លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងបង្ហាញផងដែរ ពីរូបភាពវិជ្ជមានផ្នែកនយោបាយសម្រាប់ប្រទេស ដែលមានមិត្តភាពយូរអង្វែងនឹងគ្នាទាំងពីរនេះ។ «បង្ហាញឲ្យឃើញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ នេះជាការបង្ហាញឲ្យឃើញថាប្រទេសកូរ៉េខាងជើងបើកចំហវប្បធម៌របស់ខ្លួនមកកាន់ពិភពលោកខាងក្រៅ។ វាក៏នឹងជួយផងដែរនូវឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពីព្រោះសំណង់នេះ នឹងបង្ហាញលក្ខណៈវប្បធម៌របស់ប្រទេសទាំងពីរ»។ យោងតាមឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាន មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នេះនឹងមានអង្កត់ផ្ចិតប្រវែង៧០ម៉ែត្រ និងមានកម្ពស់រហូតដល់១២៤ម៉ែត្រ។ នេះជាមណ្ឌលដ៏ធំស្កឹមស្កៃមួយដែលនឹងត្រូវសាងសង់នៅលើទីលានមួយមុននឹងទៅដល់វង់ប្រាសាទអង្គរ។ លោកសុខ អាន បានប្រាប់ទៅមន្រ្តីការទូតរបស់ក្រុងព្យុងយ៉ាងថា អ្នកជំនាញនៃប្រទេសទាំងពីរកំពុងសិក្សារួមគ្នាលើគម្រោងសាងសង់។ នេះបើយោងតាមលោកឯក ថា។ កម្ពុជាមានចំណងទាក់ទងមិត្តភាពជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើងជាច្រើនទសវត្សរ៍មកហើយជាពិសេសតាមរយៈអតីតព្រះមហាក្សត្រសម្តេចឪ នរោត្តមសីហនុ។ កូរ៉េខាងជើងមានរបបគ្រប់គ្រងបែបកុម្មុយនីស្ដតឹងរឹង និងកំពុងមានអរិភាពជាមួយបងប្អូនគូសត្រូវកូរ៉េខាងត្បូងរបស់ខ្លួន។ ឯកសារដែលវីអូអេទទួលបានបង្ហាញថា មន្ដ្រីកម្ពុជានៃអាជ្ញាធរអប្សរាកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពីប្រទេសកូរ៉េចំនួន៦០នាក់សម្រាប់ការសាងសង់អគារ ដែលគេនៅមិនទាន់ដឹងច្បាស់ នៅថានឹងធ្វើឡើងពេលណាជាក់លាក់នៅឡើយនោះ។ លោក ឯក ថា រំពឹងថាការចាប់ផ្ដើមសាងសង់អាចនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ ២០១១នេះ ឬនៅដើមឆ្នាំក្រោយ។ ជំនាញការនៃប្រទេសទាំងពីរបានធ្វើការសិក្សារអស់រយៈពេលពីរឆ្នាំមកហើយ។ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាអះអាងថា ស្ថាប័នរបស់លោកកំពុងពិនិត្យឯកសារមួយចំនួនរបស់ភាគីកូរ៉េ ប៉ុន្ដែលោកមិនប្រាកដថា ការសាងសង់នឹងចាប់ផ្ដើមនៅពេលណានោះទេ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ការអនុញ្ញាតឲ្យកូរ៉េខាងជើងសាងសង់មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នៅកម្ពុជាមិនមែនមានន័យថា កម្ពុជាងាកទៅរកប្រទេសកុម្មុយនីស្ដមួយនេះខ្លាំងនោះទេ។ «ឆ្លុះបញ្ចាំងថា យើងទៅរកតុល្យភាពទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺខាងជើងផង និងកូរ៉េខាងត្បូងផងពីព្រោះមានគំរូនៅប្រទេសគេផ្សេងៗ ដូចគ្នាអញ្ចឹងដែរ។ ហើយយើងជាប្រទេសអព្យាក្រឹត្យប្រហែលជាមិនចេញពីអព្យាក្រឹត្យភាពអចិន្ត្រៃយ៍របស់កម្ពុជាទេ»។ កាលពីខែកក្កដា ឆ្នាំ២០១១នេះ កម្ពុជានិងកូរ៉េខាងជើងបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតដោយសន្យាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យកសិកម្ម ឧស្សាហកម្ម ផ្នែកបច្ចេកវិជ្ជា ផ្នែកសុខាភិបាល ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទុន។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះទ្វេភាគីក្នុងទីក្រុងភ្នំពេញ រវាងគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងដែលដឹកនាំដោយលោក រី មីយុងសាន (Ri Myung San) អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកូរ៉េ និងភាគីកម្ពុជាដែលដឹកនាំដោយលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ២៩ វិច្ឆិកា Posted: 29 Nov 2011 01:07 AM PST ព័ត៌មានចុងក្រោយបំផុត៖ ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តធ្វើពហិការមិនចូលរួមក្នុងសន្និសីទអន្តរជាតិមួយស្តីពីអនាគតនៃប្រទេសអាហ្វហ្កានិស្ថាន ជាការតវ៉ាដល់ការវាយប្រហារតាមអាកាសដោយអង្គការអូតង់ (NATO) ដែលបានបណ្តាលឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់នៅក្នុងតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាននិងប្រទេសអាហ្វហ្កានិស្ថានកាលពីសប្តាហ៍មុន។ ស៊ីរី៖ សហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់និយាយថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ត្រូវឆ្លើយតបនឹងការបង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរស៊ីរីលើក្រុមបាតុករក្រោយពីពួកអ្នកស៊ើបអង្កេតរបស់អ.ស.ប.បានរាយការណ៍យ៉ាងល្អិតល្អន់អំពីការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សដែលពួកគេនិយាយថាបានត្រូវបញ្ជាដោយ(អាជ្ញាធរ)«កម្រិតខ្ពស់បំផុត»របស់រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។ អេហ្ស៊ីប៖ ការបោះឆ្នោតសភាលើកទីមួយក្នុងប្រទេសអេហ្ស៊ីបចាប់តាំងពីការបណ្តេញលោកអតីតប្រធានាធិបតី Hosni Mubarak ពីតំណែង មានធ្វើតទៅទៀតក្រោយពីពួកអ្នកសង្កេតការណ៍បានរាយការណ៍អំពីមនុស្សច្រើននាក់បានទៅបោះឆ្នោតនិងមានបរិយាកាសប្រកបដោយសន្តិវិធីកាលពីមួយថ្ងៃមុននេះ។ កុងហ្គោ៖ ការបោះឆ្នោតនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Congo) មានធ្វើតទៅទៀតនៅថ្ងៃអង្គារនេះនៅក្នុងតំបន់នានាដែលអំពើហិង្សាឬសន្លឹកឆ្នោតមិនបានត្រូវដឹកទៅកាន់ទីនោះនៅពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបកំពុងធ្វើការបោះឆ្នោតសភាលើកទីមួយ តាំងពីការបះបោររបស់ប្រជាពលរដ្ឋបានបញ្ចប់ការគ្រប់គ្រងអស់រយៈពេល៣០ឆ្នាំរបស់ប្រធានាធិបតីហូស្សនី មូបារ៉ាក់ កាលពីខែកុម្ភៈ។ កុងហ្គោ៖ អ្នកបោះឆ្នោតជាតិកុងហ្គោរាប់លាននាក់បានបោះឆ្នោតនៅថ្ងៃច័ន្ទតាម បែបពហុបក្សលើកទី២ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលដ៏ឃោឃៅមក។ ស៊ីរី៖ សហភាពអឺរ៉ុបមានផែនការដាក់ទ័ណ្ឌកម្មកាន់តែខ្លាំងឡើងថែមទៀតលើរដ្ឋាភិបាលដែលមានជម្លោះរបស់ប្រធានាធិបតីស៊េរី Bashar al – Assad លើការបង្ក្រាបទៅលើពួកបាតុករ។ ប៉ាគីស្ថាន៖ កំពុងច្រានចោលសេចក្តីរាយការណ៍ថាខ្លួនបានបង្កឲ្យមានការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែនរបស់អង្គការអូតង់ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ក្នុងឧប្បត្តិហេតុមួយបាននាំឲ្យមានទំនាក់ទំនងតានតឹងបន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថាន។ សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចរបស់តំបន់ប្រើប្រាស់រូបិយវត្ថុយូរ៉ូកំពុងធ្លាក់ចូលការមិនរីកចម្រើនសេដ្ឋកិច្ច។ សេចក្តីរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានកើតមានឡើងនៅពេលដែលមេដឹកនាំដ៍សំខាន់ៗរបស់អឺរ៉ុបបានស្ថិតនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីវិបត្តិបំណុលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។ អាហ្វ្រិក៖ តំណាងនានាមកពីប្រទេសជិតពីររយបានជួបជុំគ្នាក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងដើម្បីចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីល ឡារីគ្លីនតុនអញ្ជើញទៅបំពេញទស្សនៈកិច្ចប្រទេសភូមានៅសប្តាហ៍នេះ ជាទស្សនៈកិច្ចលើកទីមួយទៅកាន់ប្រទេសនោះដោយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរយៈពេលជាង៥០ឆ្នាំ។ ថៃ៖ ប៉ូលីសថៃបានកោះហៅអតីតនាយករដ្ឋមន្រ្តី អាភីស៊ីត វេចាជីវា ហើយភូឈួយរបស់លោកឲ្យឆ្លើយសំណួរអំពីការបង្ក្រាបឆ្នាំ២០១០លើពួកបាតុកប្រឆាំងដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៩០ដែរស្លាប់និង២ពាន់នាក់ទៀតរងរបួស។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីបារាំងនីកូឡាស សារកូហ្ស៊ី និយាយថាប្រទេសរបស់លោកនឹងដកកងទ័ពចំនួន២រយនាក់ទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំនេះ។ ទាហានបារាំងប្រហែល២រយនាក់បានវិលត្រឡប់ទៅមាតុភូមិវិញកាលពីខែមុនដែលជាផ្នែកមួយនៃដំណើរការអន្តរកាលនៃការផ្ទេរសន្តិសុខនៅក្នុងអាហ្គានីស្ថាន។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |