VOA News: ព័ត៌មាន: “រដ្ឋសមាជិកអនុសញ្ញាក្រុងអូតាវ៉ាប្តេជ្ញាបន្តកិច្ចការប្រឆាំងនឹងគ្រាប់មីន” plus 3 more |
- រដ្ឋសមាជិកអនុសញ្ញាក្រុងអូតាវ៉ាប្តេជ្ញាបន្តកិច្ចការប្រឆាំងនឹងគ្រាប់មីន
- ហេឡូវីអូអេ៖ លំហប្រជាធិបតេយ្យនិងសិទ្ធិពលរដ្ឋក្នុងប្រទេសកម្ពុជា
- ព័ត៌មានអន្តរជាតិ៖ ០២ ធ្នូ
- ល្ខោនសម្តែងរៀបរាប់ពីការបញ្ជូនខ្មែរមានទោសនៅអាមេរិកទៅប្រទេសវិញនិងបញ្ហាប្រឈម
រដ្ឋសមាជិកអនុសញ្ញាក្រុងអូតាវ៉ាប្តេជ្ញាបន្តកិច្ចការប្រឆាំងនឹងគ្រាប់មីន Posted: 02 Dec 2011 01:28 PM PST នៅថ្ងៃសុក្រនេះ រដ្ឋភាគីទាំង១៥៨ បានព្រមព្រៀងគ្នាតាំងចិត្តធ្វើឱ្យពិភពលោកគ្មានគ្រាប់មីនប្រឆាំងនឹងមនុស្ស បើទោះបីជាពិភពលោកកំពុងជួបប្រទះ នឹងវិបត្តិហិរញ្ញវត្ថុក៏ដោយ។ រដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្សបានបញ្ចប់កិច្ចប្រជុំលើកទី១១ នៅល្ងាចនេះ ដោយប្រកាសតាំងចិត្តជាថ្មីក្នុងការជម្នះបញ្ហាប្រឈមនឹងគ្រាប់មីនប្រឆាំងនឹងមនុស្សដែលនៅសេសសល់។ លោក ប្រាក់ សុខុន ដែលជាប្រធានកិច្ចប្រជុំនោះបានថ្លែងប្រាប់សន្និសីទព័ត៌មានបន្ទាប់ការបញ្ចប់កិច្ចប្រជុំលើកទី១១នេះថា រដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស ឯកភាពគ្នាតាំងចិត្តសម្រេចឱ្យបានក្នុងការធ្វើឲ្យពិភពលោកមួយគ្មានគ្រាប់មីនប្រឆាំងមនុស្ស ទោះបីជាមានការលំបាកខាងហិរញ្ញវត្ថុក្តី។ លោក ប្រាក់ សុខុន បានបន្ថែមថា រដ្ឋភាគីអនុសញ្ញាបានស្រង់យកភាពខ្លាំងនៃអតីតកាលនៃចលនានេះ ដើម្បីធ្វើការតាំងចិត្តស្មើដៃគ្នាចំពោះអនាគត។ រដ្ឋភាគីអនុសញ្ញានៅតែយកចិត្តទុកដាក់លើការបញ្ឈប់ការឈឺចាប់ និងការរងគ្រោះថ្នាក់ដោយសារគ្រាប់មីនប្រឆាំងនឹងមនុស្ស។ លោកប្រាក់ សុខុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគោរពកិច្ចសន្យារបស់ខ្លួនក្នុងការជួយគាំទ្រគោលដៅនៃអនុសញ្ញា។ លោក ប្រាក់ សុខុន បានថ្លែងថា រដ្ឋាភិបាលនូវ៉ែលហ្សេឡង់បានផ្តល់ប្រាក់ជាងមួយលានដុល្លារអាមេរិកដើម្បីបោសសម្អាតមីននៅភាគពាយ័ព្យនៃកម្ពុជាសម្រាប់ឆ្នាំ២០១២។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសហូឡង់បានផ្តល់ប្រាក់ ១៥លានអឺរ៉ូ និងអូទ្រីសចំនួន ១,៩លានអឺរ៉ូដល់អង្គការសហប្រជាជាតិសម្រាប់ការដោះមីន និងជួយជនរងគ្រោះដោយសារគ្រាប់មីន។ លោកស្រី នីកូល ហុហ្គ (Nicole Hogg) ប្រធានគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ បានត្អូញត្អែរនៅក្នុងសន្និសីទព័ត៌មានថា ការបោសសម្អាតមីនរបស់រដ្ឋមួយចំនួនមានសភាពយឺតយ៉ាវណាស់។ «អ្នករស់រានមានជីវិតពីគ្រាប់មីនជាច្រើននាក់បន្តជួបប្រទះនឹងការប្រឈមដោយការលំបាកជាច្រើន។ ការតាំងចិត្តបន្ថែមទៀតតម្រូវឲ្យមាន ហើយជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ»។ លោក ស្ទីវ ហ្គោស (Steve Goose) ប្រធានគណៈប្រតិភូនៃកិច្ចប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស បានលើកទឹកចិត្តដល់បណ្តាលប្រទេសទាំងនោះឲ្យចូលរួមនៅក្នុងអនុសញ្ញានេះ ខណៈដែលប្រទេសភូមាកំពុងសិក្សាអនុសញ្ញានេះ និងសហរដ្ឋអាមេរិក នឹងត្រួតពិនិត្យមើលគោលនយោបាយគ្រាប់មីនរបស់ខ្លួន។ «សហគមន៍អន្តរជាតិត្រូវតាំងចិត្តធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីអនុវត្តការហាមប្រាមដ៏ជាក់លាក់មួយលើអាវុធនេះ និងឃើញ ការលុបបំបាត់អាវុធនេះពីផែនដី»។ ក្នុងកិច្ចប្រជុំនេះ ប្រទេសហ្វាំងឡង់បានប្រកាសចូលជារដ្ឋភាគីទី១៥៩ នៃអនុសញ្ញា។ ប្រទេសចំនួន១៥ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរតែមិនចូលជារដ្ឋភាគីនៃអនុសញ្ញានេះដូចជាប្រទេសចិន សហរដ្ឋអាមេរិក និងភូមា៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ លំហប្រជាធិបតេយ្យនិងសិទ្ធិពលរដ្ឋក្នុងប្រទេសកម្ពុជា Posted: 02 Dec 2011 02:23 PM PST កម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូឆ្នាំ២០១១នេះ បានលើកយកបញ្ហា «លំហប្រជាធិបតេយ្យនិងសិទ្ធិពលរដ្ឋក្នុងប្រទេសកម្ពុជា» មកពិភាក្សា។ សំណួរចោទឡើងជាសំខាន់គឺ តើលំហប្រជាធិបតេយ្យបានអនុវត្តកម្រិតណា? សិទ្ធិពលរដ្ឋមានកម្រិតណាក្នុងប្រទេសកម្ពុជា? វាគ្មិន៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ អ្នកសម្របសម្រួល៖ លោក សុខ ខេមរា វ៉ាស៊ីនតោន មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 01 Dec 2011 11:59 PM PST ព័ត៌មានចុងក្រោយបំផុត៖ ភូមា៖ នៅថ្ងៃសុក្រនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស ស.រ.អ. ហ៊ីឡារី ក្លីនតុន (Hillary Clinton) បានធ្វើការពិភាក្សាគ្នាយ៉ាងទូលំទូលាយជាមួយលោកស្រី អង់ សាង ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុង រ៉ង់ហ្គូន (Rangoon) នៅថ្ងៃចុងក្រោយបង្អស់នៃទស្សនកិច្ចដ៏សំខាន់របស់លោកស្រីក្នុងប្រទេសភូមា (Burma)។ នៅក្រោយជំនួបរបស់លោកស្រីទាំងពីរនាក់នាគេហដ្ឋានជ័យលាភីរង្វាន់ ណូបែល សន្តិភាពរូបនេះ ដែលទីនោះហើយដែលលោកស្រីត្រូវបានជាប់ឃុំឃាំងក្នុងផ្ទះក្នុងរយៈពេលភាគច្រើននៃ២ទសវត្សរ៍កន្លងទៅនេះ លោកស្រីទាំងពីរនាក់បានកាន់ដៃគ្នានៅលើរានហាល នៅពេលដែលលោកស្រីទាំងពីរនិយាយទៅកាន់ពួកអ្នកកាសែត។ លោកស្រី ក្លីនតុន បានសរសើរដល់ភាពជាមេដឹកនាំ «ដ៏ខ្ជាប់ខ្ជួននិងច្បាស់លាស់» របស់លោកស្រី អង់ សាន ស៊ូ ជី ហើយលោកស្រីក៏បានមានប្រសាសន៍ដែរថាស.រ.អ. ចង់ឃើញប្រទេសភូមាមានកន្លែងដ៏ត្រឹមត្រូវមួយលើឆាកអន្តរជាតិ។ លោកស្រីបានហៅមេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមារូបនេះថាជាអ្នកបំផុសគំនិតប្រជាធិបតេយ្យដ៏ឆ្នើមម្នាក់។ លោកស្រី អង់ សាន ស៊ូ ជី បានមានប្រសាសន៍ថាលោកស្រីសប្បាយចិត្តជាមួយនឹងវិធីដែលស.រ.អ.បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសភូមានាពេលនេះ ហើយលោកស្រីយល់ថាវិធីនេះនឹងជួយធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះមានការរលូនជាងពេលមុន។ ស៊ីរី៖ ការចោទប្រកាន់ថ្មីៗអំពីការបង្ក្រាបដ៏ឃោរឃៅដោយអាជ្ញាធរស៊ីរី (Syria) លើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានបណ្តាលឱ្យមានការអំពាវនាវពីអ.ស.ប.ឱ្យកាត់ទោសពួកមេដឹកនាំរបបគ្រប់គ្រងនេះពី បទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ស៊ីរី៖ ការបង្ក្រាបដ៏ឃោរឃៅខ្លាំងទ្បើងៗរបស់រដ្ឋាភិបាលស៊ីរី (Syria) ដើម្បីថែរក្សាការក្តាប់អំណាចរបស់ខ្លួន ហាក់ដូចជាធ្វើឱ្យមានការបង្រួបបង្រួមក្រុមបាតុករមួយចំនួន ដែលត្រូវបានគេសង្ឃឹមថានឹងពន្លឿនដល់ការរំលំនៃរដ្ឋាភិបាលមួយនេះ។ បារាំង៖ ប្រទេសបារាំងកំពុងបង្កើនកិច្ចការពារសន្តិសុខសម្រាប់ក្រុមប្រឆាំងស៊ីរីដែលកំពុងតែរស់នៅឬធ្វើការក្នុងប្រទេសបារាំង។ លោក ខ្លោដ ហ្គូអានត៍ (Claude Gueant) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្រុងបារីស ថាវិធានការសន្តិសុខថ្មីៗនឹងត្រូវបានគេរៀបចំឱ្យមានទ្បើងសម្រាប់ពួកសមាជិកនៃក្រុមប្រឹក្សាជាតិស៊ីរីដែលមានរួមបញ្ចូលទាំងមេដឹកនាំ Burhan Ghalioun ដែលមានមូលដ្ឋានក្នុងក្រុងបារីសផងដែរ។ អាល្លឺម៉ង់៖ លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយទៅកាន់សភានៅថ្ងៃសុក្រនេះថា ប្រទេសជាតិអឺរ៉ុបកំពុងធ្វើចលនាទៅមុខឆ្ពោះទៅកាន់«សហភាពសារពើពន្ធ»មួយ ដោយមានការត្រួតពិនិត្យថវិកាដោយតឹងរ៉ឹងជាងមុនដើម្បីដោះស្រាយវិបត្តិជំពាក់បំណុលក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សកលលោក៖ យោងតាមប្រសាសន៍របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានឲ្យដឹងថា ថវិកានឹងក្លាយជាកត្តាសំខាន់ដល់នៅក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជំងឺអេដស៍នោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីឧទ្ទិសដល់ទិវាជំងឺអេដស៍ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍លោក បាន បានជំរុញឲ្យម្ចាស់ជំនួយអន្តរជាតិបំពេញនូវទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារដែលជាសេចក្តីត្រូវការប្រចាំឆ្នាំសម្រាប់ការប្រឆាំងជំងឺដ៏កាចសាហាវនេះ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបន្ថែមប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រកម្មវិធីប្រឆាំងជំងឺអេដស៍នៅក្នុងប្រទេស។ ភូមា៖ លោកស្រី ហ៊ីនណារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាមានការងារជាច្រើនដែលត្រូវធ្វើ មុនពេលសហរដ្ឋអាមេរិក អាចពិចារណាលើការលុបចោលការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចលើប្រទេសភូមា។ យោងតាមប្រសាសន៍របស់លោកស្រី ហ៊ីឡារី គ្លីតុន ភូមាត្រូវតែបន្តការធ្វើកំណែទម្រង់របស់ខ្លួន បន្តធ្វើការដោះលែងអ្នកទោសនយោបាយ បញ្ចប់ចំណងទាក់ទងយោធាខុសច្បាប់ជាមួយកូរ៉េខាងជើង និងសហការជាមួយអង្កការអន្តរជាតិក្នុងការប្រឆាំងការរាលដាលនៃអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិក នឹងពិចារណាការបន្ធូបន្ថយការដាក់ទណ្ឌកម្មប្រឆាំងប្រទេសភូមា។ អ៊ឺរ៉ុប៖ សហភាពអ៊ឺរ៉ុបបានព្រមព្រៀងគា្ននឹងរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសស៊ីរី នៅក្រោយពេលចំនួនមនុស្សស្លាប់នៅក្នុងការបះបោររបស់ស៊ីរី ក្នុងរយៈពេល៨ខែនេះ មានការកើនឡើង យ៉ាងហោចណាស់ក៏៤ពាន់នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់អគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Navi Pillay ។ អ៊ីរ៉ុង៖ យោងតាមជំនួបរបស់រដ្ឋមន្រ្តីសហភាពអឺរ៉ុបក្នុងទីក្រុង Brussels កាលពីថ្ងៃព្រហស្បតិ៍សហភាពអឺរ៉ុប បានបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់ពីព្រោះតែកម្មវិធីចម្រូងចម្រាស់ Nuclear។ គេជឿជាក់ថាពួកមន្រ្តីនិងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន១៨០ នឹងត្រូវរងផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មថ្មីនេះ។ អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានពន្យារពេលការប្រកាសលទ្ធផលនៃការបោះឆ្នោតសភាជាលើកទី២ ពីយប់ថ្ងៃព្រហស្បតិ៍ទៅថ្ងៃសុក្រនេះវិញ ដែលកាលពីដំបូងគ្រោងនឹងចេញផ្សាយនៅថ្ងៃពុធ។ អាហ្វហ្គានីស្ថាន៖ ការផ្ទេរសន្តិសុខជាផ្លូវការលើកទី២នៃប្រទេសអាហ្គានីស្ថានបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលកងកម្លាំងអង្គការអូតង់ បានប្រគល់ខេត្តភាគខាងជើងរដ្ឋធានីកាប៊ុលទៅឲ្យកងទ័ពអាហ្គានីស្ថាន។ បើយោងតាមសម្តីរបស់លោកឧត្តមេសនីយ៍ John Allen មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកដឹកនាំអង្គការអូតង់ក្នុងប្រទេសអាហ្គានីស្ថានខេត្តចំនួន៦ទៀត ត្រូវគេរំពឹងនឹងប្រគល់ជាផ្លូវការទៅឲ្យកងទ័ពអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។ តំណាក់ការទីមួយនៃការផ្ទេរអំណាចនេះបានធ្វើឡើងនៅដើមឆ្នាំនេះ។ អ៊ឺរ៉ុប៖ ប្រទេសប៊ុលហ្គារី ត្រូវបានចាត់ថ្នាក់ជាប្រទេសពុករលួយបំផុតក្នុងសហភាពអឺរ៉ុប។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានទីតាំងក្នុងទីក្រុងប៊ែឡាំងនៃប្រទេសអាល្លឺម៉ង់ បានចេញផ្សាយតារាងពិន្ទុដែលប្រទេសប៊ុលហ្គារីមានពិន្ទុ 3,3 ទាបជាងគេ (ពិន្ទុសូន្យមានអំពើពុករលួយខ្លាំងបំផុតហើយពិន្ទុ១០អត់មានអំពើពុករលួយទាល់តែសោះ) ប្រទេសញូវ៉ែលហ្សេឡង់មានពិន្ទុខ្ពស់ជាងគេបំផុតគឺ9,5។ សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានភាពប្រសើរ ប៉ុន្តែទីផ្សារកម្លាំងពលកម្មនៅតែមានបញ្ហា។ កុ្រមឧស្សាហកម្ម និយាយថាតារាងឧស្សាហកម្មបានបង្ហាញថាផ្នែកនេះបានរីកធំក្នុងអត្រាលឿនបំផុតនៅក្នុងរយៈពេល៥ខែ ខណៈពេលដែលការដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើថ្មីបានកើនឡើងចំនួន៦ពាន់នាក់។ អ៊ឺរ៉ុប៖ ប្រធានធនាគារកណ្តាលថ្មី លោក ម៉ារីអូ ដ្រាហ៊ី (Mario Draghi) របស់សហភាពអឺរ៉ុបនិយាយថាធនាគារ ប្រហែលផ្តល់ការជួយឧប្បត្ថម្ភថ្មីដល់រដ្ឋាភិបាលដែលរួមរិតដោយបំណុលរបស់ប្រទេសនានានៅអឺរ៉ុប ប៉ុន្តែល្គឹកណាតែប្រទេសជាតិចំនួន១៧ដែលប្រើប្រាស់ប្រាក់យូរ៉ូនោះអនុម័តជាមុននូវការត្រួតត្រាការចំណាយរបស់ប្រទេសនិមួយៗ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសនៅទិវាជំងឺអេដស៍ កាលពីថ្ងៃព្រហស្បត៍នូវទឹកប្រាក់បន្ថែមចំនួន៥០លានដុល្លារដើម្បីប្រយុទ្ធជំងឺអេដស៍នៅក្នុងសហរដ្ឋអាមេរិក ដែលអាចព្យាបាលមនុស្សជាង២លាននាក់ទៀតនៅជុំវិញពិភពលោក។ This posting includes an audio/video/photo media file: Download Now |
ល្ខោនសម្តែងរៀបរាប់ពីការបញ្ជូនខ្មែរមានទោសនៅអាមេរិកទៅប្រទេសវិញនិងបញ្ហាប្រឈម Posted: 02 Dec 2011 11:19 AM PST ផែនដីក្រហម ខ្លោងទ្វារមាស មេឃស្រមោល (Red Earth, Gold Gate, Shadow Sky) គឺជាល្ខោនសម្តែងដែលពណ៌នាពីជីវិតរបស់ក្មេងៗជនជាតិខ្មែរជំនាន់ក្រោយដែលព្យាយាមសម្របខ្លួនរស់នៅក្នុងសង្គមរបស់អាមេរិកដែលនៅទីនោះពួកគេបានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ក្រុមជនពាល ឧក្រិដ្ឋកម្ម និងពន្ធនាគារ។ ល្ខោននេះត្រូវបានគេសម្តែងកាលពីពាក់កណ្តាលខែវិច្ឆិកានេះនៅNeighborhood Houseនាទីក្រុងSeattle រដ្ឋវ៉ាស៊ីនតោន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនចំពោះបញ្ហានេះ។ ល្ខោនសម្តែងនេះរៀបរាប់ពីដំណើររឿងរបស់គ្រួសារនិងកុមារខ្មែរមួយដែលបានឆ្លងកាត់រួចជីវិតពីរបបខ្មែរក្រហមនិងជំរំជនភៀសខ្លួន ហើយបានមកដល់សហរដ្ឋអាមេរិក។ កុមារនេះបានរស់នៅនិងធំក្នុងតំបន់ដែលមិនល្អហើយជាយថាហេតុបានចូលរួមជាមួយក្រុមជនពាល ប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវបានគេបញ្ជូនទៅពន្ធនាគារ។ បន្ទាប់ពីចេញពីពន្ធនាគារ គេត្រូវបានបញ្ជូនទៅឃុំឃាំងម្តងទៀតដោយការិយាល័យអន្តោប្រវេសន៍ហើយប្រឈមនឹងការនិរទេសទៅប្រទេសកម្ពុជាវិញ។ សាស្ត្រាចារ្យផ្នែកល្ខោនសម្តែងនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន Mark Jenkins បានសរសេររឿងនេះឡើងបន្ទាប់ពីចំណាយពេលពីរទៅបីឆ្នាំធ្វើការស្រាវជ្រាវ។ លោកបានទៅប្រទេសកម្ពុជានៅឆ្នាំ២០០៨ដើម្បីសម្ភាសន៍ជនដែលត្រូវបានគេនិរទេសមកវិញ។ លោកក៏បានធ្វើការសម្ភាសន៍យ៉ាងច្រើនជាមួយនឹងជនជាតិខ្មែរអាមេរិកាំងដែលកំពុងប្រឈមនឹងការគំរាមកំហែងពីការនិរទេសខ្លួន ក៏ដូចជាមនុស្សជាច្រើនទៀតក្នុងសហគមន៍ខ្មែរនាក្រុងSeattle។ សាស្ត្រាចារ្យJenkinsប្រាថ្នានឹងនិយាយពីរឿងដែលពាក់ព័ន្ធនឹងបញ្ហានិរទេសនិងអន្តោប្រវេស្តន៍ដែលប្រឈមដោយជនជាតិខ្មែរអាមេរិកាំង ដោយវិធីមួយដែលអាចទាក់ទាញការចាប់ អារម្មណ៍ឲ្យខ្លាំង ហើយអាចឆ្លុះបញ្ចាំងពីការលំបាករបស់ពលរដ្ឋកម្ពុជាដែលបានមកដល់សហរដ្ឋអាមេរិក ហើយក្នុងរបៀបមួយដែលសហគមន៍ខ្មែរក៏ដូចជាសាធារណជនទូទៅអាចភ្ជាប់ខ្លួនរបស់ពួកគេទៅជាមួយសាច់រឿងនោះបាន។ លោកសាស្ត្រាចារ្យនិយាយថាលោកមានអារម្មណ៍ថាវាជារឿងចាំបាច់ណាស់ក្នុងការនិយាយពីរឿងនេះឡើងឲ្យគេដឹងព្រោះថាមិនមានមនុស្សច្រើននោះទេដែលយល់ដឹងពីបញ្ហាទាំងនោះ។ «ពីព្រោះវាជារឿងដែលមិនសូវមានគេរាយការណ៍អំពី វាជារឿងដែលសាធារណជនអាមេរិកមួយចំនួនធំមិនដឹង ហើយវាមានសារៈសំខាន់ណាស់ពីព្រោះវាបាននិយាយពីភាពចម្រូងចម្រាស់ជាច្រើននៅក្នុងសង្គមអាមេរិកាំងនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ទាក់ទងនឹងរបៀបដែលយើងថែទាំជនអន្តោប្រវេសន៍ដោយរបៀបណា ពីរបៀបដែលយើងនាំពួកគេចូលមកសង្គមរបស់យើង ពីរបៀបដែលយើងឧបត្ថម្ភពួកគេនិងទាក់ទិននឹងអ្វីដែលគួរធ្វើនៅពេលដែលបញ្ហាកើតឡើង»។ រ័ត្ន ខ្លេ មានដើមកំណើតនៅប្រទេសកម្ពុជាហើយបានមកសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។ លោកធ្វើការនៅហាងទំនិញCostco នាក្រុងSeattle ហើយកំពុងតែធ្វើការស្ម័គ្រចិត្តឲ្យសម្ព័ន្ធសហគមន៍ (Community Coalition)។ លោកបានដើរតួនៅក្នុងល្ខោនសម្តែង ផែនដីក្រហម ក្លោងទ្វារមាស មេឃស្រមោល។ លោកគិតថា បទពិសោធន៍របស់លោកឆ្លងកាត់របបខ្មែរក្រហមនិងដំណាក់កាលសម្របខ្លួនរស់នៅក្នុងសង្គមអាមេរិកប្រហាក់ប្រហែលទៅនឹងបទពិសោធន៍តួអង្គក្នុងរឿង។ លោករ័ត្នសង្ឃឹមថាល្ខោនសម្តែងនេះនឹងធ្វើឲ្យសហគមន៍ខ្មែរក៏ដូចជាអាមេរិកនិងជនជាតិដទៃមានការចាប់អារម្មណ៍ជាងមុនហើយចាប់ផ្តើមក្រលេកមើលបញ្ហានិរទេសនិងអន្តោប្រវេសន៍ដែលកម្ពុជាកំពុងជួបប្រទះ។ «គេគ្រាន់តែដឹងថាមនុស្សដែលមកពីស្រុកយើងហើយជាពិសេសខ្មែរយើងដែលបានធ្វើខុសច្បាប់អ្វីមួយ ហើយគេគ្រាន់តែមើលទៅថាអ្នកនេះមិនមែនជាជាតិសាសន៍របស់គេ គេបានបញ្ជូនយើងទៅស្រុកខ្មែរ។ ប៉ុន្តែដោយគេមិនយល់ដឹងថាការឆ្លងកាត់របស់យើង បានមកដោយលំបាកទំរាំតែយើងបានធ្វើដំណើរមកដល់ស្រុកអាមេរិកហ្នឹង»។ តាមការស្រាវជ្រាវរបស់លោក លោកសាស្ត្រាចារ្យJenkinsនិយាយថា បញ្ហាដែលនាំឲ្យមានការនិរទេសគឺដោយសារក្មេងៗទាំងនោះបានមកដល់សហរដ្ឋអាមេរិកហើយធំដឹងក្តីរស់នៅក្នុងតំបន់ដែលមិនល្អ។ ពួកគេតែងតែត្រូវបានក្មេងៗដទៃនៅអាមេរិកធ្វើបាប។ ដូច្នេះហើយពួកគេបានបង្កើតជាបក្សពួកជនពាលដើម្បីការពារខ្លួន ដែលជាហេតុនាំឲ្យពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។ ការបាក់ស្បាតដែលគ្រួសាររបស់ពួកគេទទួលរងពីរបបខ្មែរក្រហមក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់អត្តចរិកនិងរបៀបដែលពួកគេសម្របខ្លួននៅក្នុងប្រទេសថ្មីដែរ។ ថែមលើនោះទៅទៀត ពួកគេមិនមានសញ្ជាតិអាមេរិកាំង។ «វាមានដំណើរការក្នុងការទទួលបានសញ្ជាតិ ដែលការណ៍ពិតទៅជនជាតិខ្មែរជាច្រើនមិនបានដឹងពីរឿងនេះទេ។ គេមិនដឹងទាល់តែសោះអំពីបញ្ហាចូលសញ្ជាតិ និងវិធីក្នុងការចូលសញ្ជាតិ។ មនុស្សជាច្រើនដែលខ្ញុំបានសម្ភាសន៍និយាយថា ខ្ញុំគឺពលរដ្ឋអចិន្ត្រៃយ៍ដោយសារខ្ញុំមានGreen Card ហើយខ្ញុំគិតថាវាជារឿងរួចស្រេចទៅហើយ។ ពួកគេមិនដឹងទេថាពួកគេអាចប្រឈមនឹងការនិរទេសរហូតដល់ពេលចុងក្រោយ»។ លោកស្រី ដានី ម៉តុន ពីក្រុមអ្នកតស៊ូមតិសុកមាលភាពសហគមន៍កម្ពុជា បានបន្ថែមថា៖ «បញ្ហានិរទេសគឺជារឿងពិត! មូលហេតុដែលយើងជួបប្រទះការនិរទេស គឺដោយសារសង្គ្រាមអញ្ចឹងហើយបានជាយើងមកដល់សហរដ្ឋអាមេរិក ហើយពេលដែលយើងមកដល់ប្រទេសនេះ គេគិតថាអ្វីៗគឺល្អហើយ អ្វីៗគឺអស្ចារ្យ យើងនៅក្នុងឋានសួគ៌ តែការណ៍ពិតក្មេងៗរស់នៅក្នុងនរក»។ កាលពីខែមិនាឆ្នាំ២០០១ រដ្ឋាភិបាលកម្ពុជានិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិរទេសជនដែលមិនមានសញ្ជាតិអាមេរិកាំងហើយបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយ។ ជនដែលត្រូវបាននិរទេសភាគច្រើនបានមកដល់ប្រទេសអាមេរិកក្នុងកុមារភាពហើយរស់នៅដូចជាជនជាតិអាមេរិកាំងដែរ។ ពួកគេយល់ដឹងពីប្រទេសកម្ពុជាតិចតួចបំផុតហើយពេលខ្លះមិនដឹងទាល់តែសោះ ពីភាសា ក៏ដូចជាវប្បធម៌។ ជននិរទេសទាំងនោះត្រូវសម្របខ្លួនម្តងទៀតក្នុងប្រទេសដែលពួកគេមិនដែលស្គាល់ពីមុនសោះ ហើយបានជួបប្រទះបញ្ហាជាច្រើន។ រ័ត្ន ខ្លេ ដែលបានសម្តែងក្នុងល្ខោននេះសង្ឃឹមថាការសម្តែងនឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិកពិចារណាម្តងទៀតលើច្បាប់និរទេស។ «ប៉ុន្តែបើសិនជាយើងបង្ហាញឲ្យគេឃើញនូវភាពលំបាកលំបិនដែលយើងធ្លាប់បានឆ្លងកាត់មកហ្នឹង គេប្រហែលជាអាចយល់ដឹង ហើយគេប្រហែលជាអាចអត់ឱនអ្នកដែលធ្វើខុសនៅអនាគត ហើយប្រហែលជាគេអាចប្តូរច្បាប់ ដូចថាសម្របសម្រួលឲ្យអ្នកធ្វើខុសអ្វីមួយ ធ្វើការប្រែគំនិតទៅអាចនៅក្នុងសង្គមស្រុកអាមេរិកបានដោយមិនបាច់បញ្ជូនទាំងបង្ខំដូច្នោះ»។ ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញទាំងនោះក៏មានអ្នកខ្លះទទួលបានជោគជ័យ ក្នុងការសម្របសម្រួលចូលក្នុងសង្គមកម្ពុជា ហើយអ្នកខ្លះក៏ជួបប្រទះការលំបាកជាច្រើន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |