VOA News: ព័ត៌មាន: “កម្ពុជា​រៀបចំ​សន្និសីទ​សន្ធិសញ្ញា​អូតាវ៉ា​ ប្រឆាំង​គ្រាប់មីន” plus 7 more

VOA News: ព័ត៌មាន: “កម្ពុជា​រៀបចំ​សន្និសីទ​សន្ធិសញ្ញា​អូតាវ៉ា​ ប្រឆាំង​គ្រាប់មីន” plus 7 more


កម្ពុជា​រៀបចំ​សន្និសីទ​សន្ធិសញ្ញា​អូតាវ៉ា​ ប្រឆាំង​គ្រាប់មីន

Posted: 28 Nov 2011 01:36 PM PST

មន្ដ្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​កត់​សម្គាល់​ថា ​គ្រាប់មីន​ប្រឆាំង​មនុស្ស​នៅ​តែ​បន្ដ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ស្របពេល​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន​ សែន ​ប្រាថ្នា​ចង់​ឲ្យ​មាន​ប្រទេស​កាន់​តែ​ច្រើន​ទៀត​ក្នុង​ពិភពលោក​ចូលរួម​ក្នុង​ចលនា​លុបបំបាត់​គ្រាប់​មីន​ប្រភេទ​នេះ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​រដ្ឋហត្ថលេខី​ក្នុង​សន្ធិសញ្ញា​ស្ដីពី​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ឬ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោកស្រី​ហេឡិន​ ក្លាក​ (Helen Clark) ​ប្រធាន​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​(UNDP) ​បាន​គូស​បញ្ជាក់​ថា​ គ្រាប់​មីន​ទាំង​នេះ​គឺ​ជា​ឧបសគ្គ​សម្រាប់​សេវា​សង្គ្រោះ​នា​នា​សម្រាប់​ប្រទេស​ដែល​ទើប​តែ​ងើប​ពី​ជម្លោះ​ប្រដាប់​អាវុធ។​មីន​គឺ​ជា​ឧបសគ្គ​ចំពោះ​ការ​ប្រើប្រាស់​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ ​និង​រាំង​ស្ទះ​ទៅ​ដល់​ការ​ប្រកប​មុខរបរ​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន។​កិច្ចប្រជុំ​នៃ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា ​នឹង​បន្ត​រហូត​រហូត​ដល់​ថ្ងៃ​ទី​២ ​ខែ​ធ្នូ​ ដោយ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ។ ​មាន​ប្រទេស​សរុប​ចំនួន​ជាង​១០០​ចូល​រួម។

លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ក៏​បាន​បញ្ជាក់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នេះ​ដែរ​ថា ​គ្រាប់មីន​បាន​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ។

<!--AV-->

យោង​តាម​របាយការណ៍​ផ្លូវ​ការ​បង្ហាញ​ថា ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រងគ្រោះ​ចំនួន​៤៣២០​នាក់​ នៅ​ឆ្នាំ​១៩៩៦ ​ក៏​ប៉ុន្ដែ​ចំនួន​ជន​រងគ្រោះ​បាន​ធ្លាក់​ចុះ​រហូត​មក​ដល់​ក្រោម​៣០០​នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ លោកស្រី​ហេឡិន​ ក្លាក​លើក​ឡើង​ថា​ មាន​ប្រជាជន​កម្ពុជា​ស្លាប់​ និង​របួស​ដោយសារ​គ្រាប់មីន​សរុប​ចំនួន​ជាង​៦៣៩០០​នាក់​ ក្នុង​រយៈ​ពេល​ជាង​បី​ទសវត្ស​កន្លង​មក។ ​ដោយឡែក​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​មាន​ជន​រងគ្រោះ​ស្លាប់​និង​ពិការ​ដោយសារ​គ្រាប់មីន​ចំនួន​ជាង​មួយ​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក។

មាន​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​នេះ​សរុប​ចំនួន​១៥៨​ បន្ទាប់​ពី​សន្ធិសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​១៩៩៩។ ​ក្នុង​នោះ​ប្រទេស​ចំនួន​១៥៣​បាន​សម្រេច​រំលាយ​ស្ដុក​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចោល។ ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​នេះ​ពេញ​មួយ​ឆ្នាំ​២០១២​ ដើម្បី​តាមដាន​ពិនិត្យ​មើល​ការអនុវត្ត​សេចក្ដី​សម្រេច​ពី​កិច្ច​ប្រជុំ។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ​ មាន​ចំនួន​កាន់​តែ​ច្រើន​ថែម​ទៀត។

«ប្រសិន​បើ​យើង​មិន​នាំ​គ្នា​បង្កើន​ល្បឿន​នឹង​ប្រសិទ្ធិភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ ដែល​យើង​បាន​ប្រកាន់​យក​កន្លង​មក​នោះ​ទេ​ ​យើង​នឹង​មិន​ងាយ​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​របស់​យើង​ ដែល​ចង់​បាន​ពិភព​លោក​មួយ​ ដែល​គ្មាន​គ្រាប់មីន​នោះ​ទេ។ ​ខ្ញុំ​សង្ឃឹម​ថា​ មិត្តភក្តិ​ផ្សេង​ទៀត​ ដែល​នៅ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នឹង​បន្ត​រួបរួម​ជាមួយ​យើង​ទាំង​អស់​គ្នា​ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ»។

មាន​ប្រទេស​ដែល​មិនមែន​ជា​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ហាមឃាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ឬ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​ចំនួន​ដប់​បាន​ចូលរួម​ជា​អ្នក​សង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​លើក​នេះ។​ ក្នុង​នោះ​មាន​ទាំង​ប្រទេស​ ដែល​ផលិត​សព្វាវុធ​ និង​គ្រាប់មីន​ក្នុង​ពិភពលោក​ ដូច​ជា​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ជា​ដើម។ ​តំណាង​ប្រទេស​ចិន​នឹង​ធ្វើ​សេចក្តី​ថ្ងៃងការណ៍​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ថ្ងៃ​នេះ៕

This posting includes an audio/video/photo media file: Download Now

សភា​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ២០១២ ថ្វីបើ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ

Posted: 28 Nov 2011 01:16 PM PST

ការ​លាលែង ​និង​​ការ​ធ្វើ​ពហិការ​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​ សំដៅ​រាំងស្ទះ​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​និង​ច្បាប់​ដទៃ​ទៀត​នោះ​ ​ត្រូវក្រុម​អ្នក​វិភាគ​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការណ៍​នេះ​មិន​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ​តាម​ផ្លូវ​ច្បាប់​បាន​ទេ ​ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ខ្សោយ​ដល់​អានុភាព​ នៃ​សេចក្តី​សម្រេច​របស់​រដ្ឋសភា។

ក្នុង​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប។ ​លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សម ​រង្ស៊ី ​បាន​បកស្រាយ​ថា​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​បី​រូប​បាន​លាលែង​ដើម្បី​ឱ្យ​ចំនួន​សមាជិក​សភា​ក្រោម​១២០​រូប​​គឺ​តិច​ជាង​ការ​កំណត់​របស់​រដ្ឋ​ធម្មនុញ្ញ​ដែល​ធ្វើ​ឱ្យ​រដ្ឋ​សភា​សព្វ​ថ្ងៃ​បាត់បង់​ធម្មនុញ្ញភាព ​ហើយ​សេចក្តី​សម្រេច​របស់​រដ្ឋសភា​និង​រដ្ឋាភិបាល​មិន​អាច​មាន​លក្ខណៈ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​បាន​ទេ។

លោក​ជាម​ យៀប ​សមាជិក​សភា​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បក​ស្រាយ​ថា​ មាត្រា​៧៦​បាន​តម្រូវ​ឱ្យ​រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច​១២០​រូប​ដើម្បី​បង្កើត​រដ្ឋសភា​មួយ​ពេញ​លក្ខណៈ​ច្បាប់​ ហើយ​រដ្ឋសភាត្រូវបាន​បង្កើត​ពេញ​លក្ខណៈ​ច្បាប់​ ហើយ។

លោក​ឡាវ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា​ មាន​ការ​បក​ស្រាយ​ភាន់​ច្រឡំ​លើ​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប។

លោក​ឡាវ​ ម៉ុងហៃ​បាន​បន្ត​ថា ​បើ​ចំនួន​សមាជិក​សភា​ថយ​ចុះ​ក្រោម​១២០​រូប​ សមាជិក​ម្នាក់​លំដាប់បន្ទាប់​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ដែល​នៅ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ត្រូវ​ឡើង​មក​ជំនួស ​ហើយ​អ្វី​ដែល​គណបក្ស​សម ​រង្ស៊ី​កំពុង​ធ្វើ​មិន​សម​ហេតុ​ផល​ទេ​ ដោយ​យោង​តាម​មាត្រា​៨៨​ ដែល​ចែង​ថា​ ការ​ប្រជុំ​សភា​តម្រូវ​ឱ្យ​មាន​កូរ៉ុម​៧​ភាគ​១០​សម្រាប់​ការ​អនុម័ត​ច្បាប់។

លោក​ឡាវ ​ម៉ុងហៃ​បាន​បញ្ជាក់​ថា​ ការ​លាលែង ​និង​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សម​ រង្ស៊ី​គ្រាន់​តែ​ធ្វើ​ឱ្យ​ខ្សោយ​ដល់​អានុភាព​នៃ​សេចក្តី​សម្រេច​នានា ​ជា​ពិសេស​ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ពិភាក្សា​ ហើយ​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​នឹង​ប្រឈម​នឹង​ការ​លំបាក​នៅ​ពេល​អនាគត។

«បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ គណបក្ស​ប្រឆាំង​អាច​នឹង​មិន​សង​បំណុល​ ដែល​ខ្លួន​មិន​បាន​អនុម័ត។​ ​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​ និង​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន​មាន​ភាព​ស្រប​ច្បាប់​ ប៉ុន្តែ​វា​មាន​កង្វះ​ធម្មនុញ្ញ​រូប​ខាង​ផ្លូវ​ច្បាប់​ផង ​និង​សីលធម៌​ផង​ គឺ​ថា​ ច្បាប់​ហ្នឹង​អត់​មាន​ទម្ងន់​ ដូច​ច្បាប់​មាន​ការចូលរួម​អនុម័ត​ឱ្យ​បាន​ច្រើន​គ្នា»។

លោក​សុខ ​សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា ​បាន​ថ្លែង​ថា​ការ​លាលែង​ និង​ការ​ធ្វើ​ពហិការ​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ និង​ការ​សៅហ្មង​ផ្នែក​ការទូត។

«ខ្ញុំ​ថា ​នេះ​គ្រាន់​តែ​ជា​រឿង​បច្ចេកទេស​នយោបាយ ​និង​ជា​កល់យុទ្ធ​អ្នក​នយោបាយ។​ គណបក្ស​ប្រឆាំង​គាបសង្កត់​ទៅ​គណបក្ស​ប្រជាជន​ដើម្បី​ឲ្យ​យល់ព្រម​នូវ​ចំណុច​ណាមួយ។​ វា​ជា​រឿង​នយោបាយ ​និង​ជា​រឿង​របស់​អ្នក​នយោបាយ​ទេ។ ​វា​មិនមែន​ជា​រឿង​ច្បាប់​ទេ»។

លោក​ឈាង​ វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ ​និង​សន្តិភាព ​បាន​ថ្លែង​ថា​ វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ ដែល​យើង​ជា​កម្ពុជា​មិន​អាច​សម្របសម្រួល​ និង​សម្រេច​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ស្តីពី​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រទេស​កម្ពុជា​ និង​រដ្ឋាភិបាល​ត្រូវ​ការ​ធ្វើដំណើរ​ទៅ​មុខ​ដោយ​ដាក់​ផលប្រយោជន៍​ជាតិ​លើ​អ្វីៗ​ទាំង​អស់។

«ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​ខ្ញុំ​គិត​ថា​ ជា​ការ​សោកស្តាយ​មួយ​ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​ពុំ​អាច​សម្រេច​ជា​ឯកច្ឆន្ធ​ បាន​ន័យ​ថា ​ចូលរួម​ទាំង​អស់​គ្នា​ ទៅ​លើ​ថវិកា​ជាតិ​នោះ»។

លោក​ឡាវ​ ម៉ុងហៃ​បាន​បញ្ជាក់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ត្រូវតែ​ដោះស្រាយ​ជា​បណ្តើរៗ ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ក៏​គួរ​តែ​លើក​ឱ្យ​ចំ​បញ្ហា​ផង​ដែរ។

«បើ​សិន​ជា​គណបក្ស​កាន់​អំណាច ​ឬ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មតិ​ទាំងឡាយ​ ដែល​គេ​លើក​ឡើង​នូវ​បញ្ហា​សមហេតុ​ផល​ ហើយ​មិន​យក​ទៅ​គិត​ពិចារណា ​ដូច​ជា​បញ្ហា​រឿង​ដី​ធ្លី​អញ្ចេះ​ តែ​ដេញ​គេ​ទីណាត់​ទីណែង។​ យូរៗ​ទៅ​ យើង​ធ្វើ​បាប​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ​និង​ក្បត់​នឹង​សច្ចា​ប្រណិធាន​ ដែល​អ្នក​ដឹកនាំ​បាន​ធ្វើ។ ​ដល់​យូរៗ​ទៅ ​វា​ទៅ​ជា​កាន់​អំណាច​ផ្តាច់ការ»។

លោក​ឈាង ​វណ្ណារិទ្ធ​​បាន​បន្ថែម​ថា​ សេចក្តី​ទុកចិត្ត​ និង​សេចក្តី​ជឿជាក់​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ ត្រូវ​ការ​ពង្រឹង​ឱ្យ​ខ្លាំង​ឡើង​ថែម​ទៀត​តាមរយៈ​ការ​ចរចា ​និង​ការ​ពិភាក្សា​ដោយ​បើក​ចំហ ​ត្រង់​ទៅ​ត្រង់​មក​ និង​តម្លាភាព។​ បើ​មិន​ដូច្នេះ​ទេ ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ចំពោះ​ការបង្កើន​ការ​ប្រេះឆារ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​នេះ៕

This posting includes an audio/video/photo media file: Download Now

អ្នក​ភូមិ​បឹងកក់​របួស​និង​ត្រូវ​ចាប់​ខ្លួន ​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

Posted: 28 Nov 2011 01:02 PM PST

ក្រុម​មន្ត្រី​សិទ្ធិ​សនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ យ៉ាងតិច​មាន​អ្នក​ភូមិ​បឹងកក់​ប្រមាណ​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​ទទួល​រង​របួស​ បី​នាក់​ផ្សេង​ទៀត​ដួល​សន្លប់​ ហើយ​ពីរ​នាក់ទៀត​​ប៉ុនប៉ង​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ​ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ភូមិ​បឹងកក់​ ដែល​មាន​គ្នា​ប្រមាណ​ជាង​៣០០​នាក់​បាន​បិទ​ផ្លូវ​ចរាចរណ៍​មមាញឹក​ដ៏​សំខាន់​មួយ​នៅ​ពី​មុខ​សាលាក្រុង ​រួច​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច ​និង​សន្តិសុខ​ខណ្ឌ​ដូនពេញ​​មក​បំបែក​នឹង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។

ការ​ចាប់​ខ្លួល​ប្រជាពលរដ្ឋ​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​តឹងតែង​បំផុត ដោយ​ក្រុម​សន្តិសុខ​សាលាក្រុង​ភ្នំពេញ​បាន​ចាប់​មនុស្ស​គ្រវែង​ដាក់​លើ​រថយន្ត​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង ​បាន​ព្យាយាម​រាំងខ្ទប់​និង​វាយ​ប្រតប់​គ្នា​ ដោយ​គប់​ដប​ទឹក​សុទ្ធ។

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន ​អ្នក​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​បួន​រូប​ ដែល​រួម​មាន​អ្នកស្រី​ទេព ​វណ្ណី​ អ្នកស្រី​ហេង ​មុំ ​អ្នកស្រី​បូ ​ថាវី ​និង​អ្នកស្រី​គង់ ​ចាន់ថា​មក​ ​នៅ​ព្រលប់​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដាក់​ញត្តិ​ នៅ​ស្ថានទូត​បារាំង​វិញ។

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​សន្យា​ថា​ នឹង​ចុះ​វាស់​កំណត់​ព្រំដី​ចំនួន​១២,៤៤​ហិចតា ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ធ្វើ​សម្បទាន​កម្មសិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ ​ក៏​ប៉ុន្តែ​គំរោង​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ។ ​ក្រុម​អ្នក​ស្រុក​បឹងកក់​បាន​ចោទ​ប្រកាន់​ថា​​ ប្រជា​ពលរដ្ឋ​ចំនួន​ប្រាំពីរ​ភូមិ​គឺ​ស្មើ​នឹង​ចំនួន​៩១​គ្រួសារ​នោះ​​គឺ​​មិនបាន​ទទួល​ប្លង់​នៅ​ក្នុង​ចំណែក​ដី​ទាំង​ជាង​១២​ហិចតា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​កាត់​ឲ្យ​នោះ​ទេ។

អ្នកស្រី​តុល ​ស្រីពៅ​បាន​និយាយ​ថា ​មាន​តែ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ទេ ​ដែល​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​នៅ​ក្នុង​ចំណែក​ដី​ទាំង​ជាង​១២​ហិចតា​នេះ ​ក៏ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ពិតប្រាកដ​មិន​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ទេ។

«ដី​១២​ហិចតា ​ដែល​សម្តេច​ឲ្យ​ប្រជាជន​ហ្នឹង ​មាន​តែ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ទេ ​ដែល​មាន​សិទ្ធិ​ធ្វើ​ប្លង់។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ គឺ​ឥត​មាន​សិទ្ធិ​ធ្វើ​ប្លង់​ទេ។ ​​តាមពិត​អនុក្រឹត្យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្តល់​ដី​១២​ហិចតា​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​នៅ​សេសសល់​នៅ​តំបន់​បឹងកក់»។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ ​ហាក់​បី​ដូច​ជា​ប្រែក្លាយ​ពី​ភាព​ស្លូតបូត​ ទៅ​ជា​កំហឹង​ និង​លែង​ខ្លាច​ស្លាប់​បាត់បង់​ជីវិត ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ហែកអាវ​និង​ស្រាត​ខោ ​និង​ស្រែក​ចម្អក​ដល់​អាជ្ញាធរ​ឲ្យ​បាញ់​សម្លាប់​ពួក​គេ​ចោល​តែ​ម្តង​ទៅ។

«បាញ់​សម្លាប់​ឲ្យ​អស់​មក។ ​អា​មន្ត្រី​ពុករលួយ។ ​អាហ្អែង​ខ្លាំង​ អាហ្អែង​លោត​មក»។

អ្នកស្រី​គង់​ ចាន់ថា​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុន​ពេញ​ ដែល​អ្នកស្រី​ចាប់​ខ្លួន​ថា​ អ្នកស្រី​បាន​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់​​ដើម្បីប៉ុនប៉ង​ធ្វើ​អត្តឃាត ​ពីព្រោះ​អ្នកស្រី​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ​ ពីព្រោះ​អ្នកស្រី​មិន​មាន​ដី ​និង​ផ្ទះ​សម្បែង។

«ខ្ញុំ​មាន​តែ​ធ្វើ​អត្តឃាត​នៅ​នឹង​កន្លែង​ហ្នឹង​ដើម្បី​បង្ហាញ​ថា ​ខ្ញុំ​ទល់ច្រក។​ ខ្ញុំ​មិន​ដឹង​រក​អស់​លោក​ណា​ឲ្យ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​នោះ​ទេ។​ អីញ្ចឹង​ពួក​ខ្ញុំ​មាន​តែ​បញ្ចប់​ជីវិត​បន្ត​បន្ទាប់​ទៅ។​ មិនមែន​តែ​អា​អូន​មួយ​ ដែល​លោត​ទឹក​សម្លាប់​ខ្លួន​នោះ​ទេ ​មាន​ប្រជាជន​ទាំង​អស់​ទៀត​ ​ជា​ស្រ្តីៗ​ដែល​គាត់​ធ្វើ​ឃាត​ហ្នឹង​ ដោយសារ​ដី​១២,៤៤​មិន​បាន​រស់​នៅ»។

លោក​អំ ​សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ អាជ្ញាធរ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ទេ។ ​វា​គួរ​តែ​មាន​ដំណោះ​ស្រាយ​ណាមួយ​ដោយ​សន្តិវិធី។

«អាជ្ញាធរ​ហ្នឹង ​គាត់​ត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាងណា​ ដើម្បី​បញ្ចៀស​ ពីព្រោះ​គោល​បំណង​នៃ​អនុក្រឹត្យ​នេះ​គឺ​ចង់​បញ្ចប់​នូវ​បញ្ហា​ហិង្សា ​ការ​បង្ក​បញ្ហា​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹងកក់​ដែល​កើត​ឡើង»។

លោក​ហូ ​វ៉ាន់​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ នៅ​តំបន់​បឹងកក់​ថា​ អាជ្ញាធរ​គួរតែ​ដោះលែង​ប្រជា​ពលរដ្ឋ​ទាំង​បួន​នាក់​មក​វិញ ​ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិះ​គ្នា​ទៅ​ថ្ងៃ​ក្រោយ។

«បង​ប្អូន​អាជ្ញាធរ​អញ្ជើញ​មក​ទី​នេះ​ហើយ ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ កុំ​វាយ​បង​ប្អូន​ប្រជាពលរដ្ឋ​ ហើយ​កុំ​ចាប់​គាត់​យក​ទៅ​ដាក់​ឃុំ​ ហើយ​អ្នក​ដែល​ចាប់​បី​នាក់​ហ្នឹង ​ពួក​អ្នក​ហ្នឹង​សុំ​ឲ្យ​ដោះលែង​ជា​បន្ទាន់»។

វីអូអេ​បាន​ព្យាយាម​សុំ​អត្ថាធិប្បាយ​ពី​​មន្ត្រី​សាលាក្រុង​ភ្នំពេញ ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន ​និង​លោក​ឧត្តមសេនីយ៍​ទូច​ ណារ៉ុថ ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ តែ​មិន​អាច​សុំ​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក៏ប៉ុន្តែ​មន្រ្តី​ប៉ូលិស​មួយ​រូប​បាន​និយាយ​ថា​ ការ​វាយ​បំបែប​ហ្វូង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នេះ​គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​ទាក់ទង​នឹង​ជម្លោះ​ដី​ធ្លី​នៅ​បឹងកក់​លោត​ទឹក​សម្លាប់​ខ្លួន

Posted: 28 Nov 2011 12:46 PM PST

អ្នកស្រី​ជា ​តារា ​ស្រ្តី​វ័យ​៣៣​ឆ្នាំ​ ដែល​ជោគជាំ​ក្នុង​ជម្លោះ​ដី​ធ្លី​ក្នុង​សហគមន៍​បឹងកក់​ បាន​សម្រេច​ចិត្ត​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២២​ ខែ​វិច្ឆិកា។​ ប៉ុន្ដែ​មូល​ហេតុ​នៃ​ការ​លោត​ទឹក​សម្លាប់​ខ្លួន​នេះស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​ជា​ខ្លាំង។

ជា ​តារា​គឺ​ជា​អ្នក​តវ៉ា​ក្នុង​ទំនាស់​ដី​បឹង​កក់​យ៉ាង​ស្វិត​ស្វាញ​ម្នាក់​អស់​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​នៅ​ទី​បំផុត ​គាត់​មិន​ទទួល​បាន​ចំណែក​ដី​ណា​មួយ​ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​នោះ​ទេ។​ ការ​ស្លាប់​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ទី​នេះ​កើន​ដល់​ចំនួន​ពីរ​នាក់​ហើយ​ ខណៈ​ដែល​ទំនាស់​ដី​មិន​ទាន់​ដោះស្រាយ​បាន​ជ្រះ​ស្រឡះ​នោះ។

លោក​ឌឿង ​ភូ ​អាយុ​៥៣​ឆ្នាំ​ ជា​ប្ដី​របស់​ស្ដី្រ​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ រឿង​ហេតុ​បាន​កើត​ឡើង​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​ទៅ​លេង​ផ្ទះ​បង​ប្អូន​ក្នុង​សង្កាត់​ទួល​សង្កែ​ ខ័ណ្ឌ​ដូន​ពេញ​ ដែល​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់​ក្នុង​សហគមន៍​បឹងកក់។​ នៅ​ពេល​ដែល​​ពួក​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ភរិយា​របស់​គាត់​បាន​ត្រឡប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​វិញ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ។ ​ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ប្រពន្ធ​របស់​គាត់​បាន​ទូរសព្ទ័​មក​ថា​ គាត់​នឹង​លោត​ទឹក​សម្លាប់​ខ្លួន។​ នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​និង​ពិបាក​ជឿ​សម្រាប់​រូប​លោក។

«ពេល​គាត់​រៀប​លោត​នោះ​ គាត់​ថា​ «ពិបាក​ មិន​ចូល​ផ្ទះ»​ ទីពីរ​គាត់​ថា «ចេះ​តែ​ទៅ​សាលាក្រុង ​ចេះ​តែ​តវ៉ា​រឿង​ដី​ធ្លី​នេះ​ ត​វ៉ាមិន​ទាន់​បាន​ តវ៉ា​អត់​បាន​ទេ»។ ​ ខ្ញុំ​ថា​ «អូន​ឯង​កុំ​ទៅ​រវល់​ រឿង​តវ៉ាមិន ​តវ៉ា​នោះ។ ​ឥឡូវ​អូន​ឯង​ចុះ​មក​សិន​មក»។ ​និយាយ​ប៉ុណ្ណោះ​គាត់​ឈប់​តែ​ម្តង។​ ខ្ញុំ​ក៏​មិន​ជឿ​ថា​ ប្រពន្ធ​ខ្ញុំ​ទៅ​លោត​ទឹក​ណា​អញ្ចឹង។ ​បើ​ដឹង​ថា​ មាន​ឈ្លោះ​គ្នា​ មាន​អី​អញ្ចឹង​ ខ្ញុំ​ហៅ​អ្នក​ជិត​ខាង​ទៅ​ជួយ​ហើយ។​ មុន​ប៉ុន្មាន​ថ្ងៃ​ គាត់​ចេះ​តែ​ថា​ «តូច​ចិត្ត​ណាស់ៗ ​មិន​ចង់​ចូល​ផ្ទះ»។​ ខ្ញុំ​ចេះ​តែ​សួរ​ថា​ «មូលហេតុអ្វី?»​ ​ហើយ​ប្រពន្ធ​ខ្ញុំ​មិន​ប្រាប់​ទេ។​ គាត់ថា «មូលមិន​ចង់​ចូល​ផ្ទះ​ ចូល​មក​ស្មុគស្មាញ​ណាស់​ អត់​ចង់​ចូល​ ចង់​តែ​ស្លាប់»។ ​វា​មិន​ដឹង​មូល​ហេតុ​ដូចម្តេច​បាន​ជា​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន»។

លោក​ភូ​គឺជា​កម្មករ​សំណង់។ ​គាត់​និង​ប្រពន្ធ​របស់​គាត់​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១៣​ឆ្នាំ​ហើយ។ ​ប្រពន្ធ​របស់​គាត់​បាន​បន្សល់​ទុក​កូន​ពីរ​នាក់ ​គឺ​ប្រុស​មួយ​អាយុ​ប្រាំមួយ​ឆ្នាំ​ ស្រី​មួយ​អាយុ​ប្រាំ​បួន​ឆ្នាំ។

សព​របស់​អ្នកស្រី​ជា ​តារា ​ទើប​តែ​បាន​រក​ឃើញ​ នៅ​ម្តុំ​វត្តកោះ​ប្រាក់​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នេះ។

កាល​ពី​ឆ្នាំ​២០០៧​ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ដី​ទំហំ​ជាង​១៣៣​ហិចតា​ស្ថិត​ក្រោម​ការ​វិនិយោគ​សម្រាប់​រយៈពេល​៩៩​ឆ្នាំ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ ​ម៉េងឃីន ​​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ្នក​ភូមិ​បឹងកក់​ជាង​៤០០០​គ្រួសារ​ទទួល​រង​ការ​បណ្ដេញ​ចេញ។ ​ប៉ុន្ដែ​អ្នក​ដែល​នៅ​ប្រឹងប្រែង​តស៊ូ​តវ៉ា​ជិត​១០០០​គ្រួសារ​បាន​ទទួល​ការ​សម្រេច​ប្រគល់​ចំណែក​ដី​ពី​រដ្ឋាភិបាល​ទំហំ​ជាង​១២​ហិចតា ​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភព​លោក។

ប៉ុន្ដែ​គ្រួសារ​របស់​លោក​ភូ ​និង​ប្រពន្ធ​របស់​គាត់​និង​ប្រជាពលរដ្ឋ​ចំនួន​៩៧​គ្រួសារ ​មិន​ទទួល​បាន​សំណង​នេះ​ទេ។ ​បើ​ទោះ​ជា​ប្រពន្ធ​របស់​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​ អ្នក​តវ៉ា​ចុង​ក្រោយ​គេ​ក៏​ដោយ។ ​មូលហេតុ​ដោយសារ​ផ្ទះ​របស់​ពួក​គាត់​ពុំ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បែងចែក​ចំណែក​ដី។

នៅ​ពេល​ដែល​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​សម្ភាស៍​ជាមួយ​លោក ​ឌឿង​ ភូ​ អ្នក​ជិត​ខាង​ម្នាក់​បាន​ដើរ​ចូល​ទៅ​ផ្ទះ​បាយ​របស់​ជា ​តារា ​ដើម្បី​សុំ​ខ្ចី​ស្ករ​ ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​គ្រាប់​ស្លែង​ ដែល​នៅ​ទាំង​មូល​ប្រមាណ​ជា​២០​គ្រាប់​ និង​មាន​គ្រាប់ស្លែង​ជាង​១០​គ្រាប់​ទៀត​បាន​កាត់​ជា​បំណែក​តូចៗ​ រួច​ជា​ស្រេច​ហើយ។ ​នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​បាន​ដឹង​អំពី​រឿង​នេះ​នោះ​ទេ។​ យ៉ាងណាក៏ដោយ​ លោក​ ឌឿង​ ភូ​នៅ​តែ​មិន​អាច​សន្មត់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រពន្ធ​គាត់​នោះ​ទេ។

អ្នកស្រី​ខែក ​ចាន់រស្មី ​ជា​អ្នក​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ភូមិ​២១​នេះ។ គាត់​បាន​ឱ្យ​ដឹង​ថា​ ជា ​តារា​គឺ​ជា​ស្រ្តី​ម្នាក់​បាន​ធ្វើ​ការតស៊ូ​តវ៉ា​យ៉ាង​ស្វិត​ស្វាញ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ​រហូត​ដល់​គាត់​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំឃាំង​អស់រយៈ​ពេល​មួយ​យប់​ទៀត​ផង។

អ្នកស្រី​បាន​ឱ្យ​ដឹង​បន្ត​ថា ​ជន​រងគ្រោះ​តែង​តែ​ត្អូញត្អែរ​ជា​ញឹក​ញាប់​ថា ​គាត់​ពិបាក​ចិត្ត​ថា ​ថ្ងៃ​ណា​មួយ​គាត់​​ប្រាកដ​ជា​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​នេះ។

អ្នកស្រី​ទេព​ វណ្ណី ​តំណាង​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ភូមិ​២២​ម្នាក់​ទៀត ​បាន​ឱ្យដឹង​ថា​ នៅ​អំឡុង​ពេល​តវ៉ា​នោះ​ ពួក​គាត់​មាន​ការ​ពិបាក​ចិត្ត​ជា​ខ្លាំង​រហូត​នៅ​ពេល​ខ្លះ​ មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ម្តងៗ​ដែរ។

ជាមួយ​គ្នា​នេះ​អ្នកស្រី​ជា ​ថាវី​ត្រូវ​ជា​បងស្រី​បង្កើត​របស់​ជា ​តារា ​ដែល​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា។ គាត់បាន​ឱ្យ​ដឹង​ថា​ ប្តី​ប្រពន្ធ​របស់​ប្អូន​ស្រី​គាត់​ស្រឡាញ់​គ្នា​ណាស់ ​ហើយ​មិន​ងាយ​មាន​ទំនាស់​ជាមួយ​គ្នា​នោះ​ទេ។ ​ហើយ​ថ្ងៃ​កើត​ហេតុ​ក៏​មិន​ឃើញ​មាន​ទំនាស់​អ្វី​នោះដែរ។

«ក្នុង​ក្រុម​គ្រួសារ​មិន​ដែរ​ឃើញ​មាន​ឈ្លោះ​គ្នា​បញ្ហា​អ្វី​ធំ​ដុំ​ទេ​ មាន​បញ្ហា​ជាង​គេ​គឺ​វា​ តវ៉ា​ តអី​រឿង​ដី​ធ្លី​នេះ​ណា។ ​គេ​បាន​គ្រប់​គ្នា​វា​អត់។ ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រឿង​នេះ។ ​វា​ដើរ​សួរ​គេ​រហូត​ប៉ុន្មាន​ថ្ងៃ​នេះ។​ ចេះ​តែ​ឆ្ងល់​ ហេតុអ្វី​គេ​កាត់​ចេញ​អញ្ចឹង? ​ម្តេច​បាន​គេ​អត់​ឱ្យ​ប្លង់​កម្មសិទ្ធិ? ដល់​អញ្ចឹង​វា​ចេះ​តែ​តវ៉ា ឡើង​សួរ​ឯគេ​លិច​ ឯ​កើតៗ។​ អញ្ចឹង​មក​វិញ​វា​ចេះ​តែ​អង្គុយ​មុខ​ជូរ​ មុខ​អី​អញ្ចឹង។ ប៉ុន្តែ​វា​មិន​ដែរពិបាក​ចិត្ត​យូរ​ទេ ​ដល់​ម្តង​នេះ​ វា​មាន​បញ្ហា​អី​ញ្ចឹង»។

ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​មន្ដ្រី​ប៉ូលិស​យាម​ស្ពាន​ជ្រោយ​ចង្វា​ម្នាក់​ បាន​អះអាង​ផ្ទុយ​ពីនេះ​ទៅ​វិញ។ ​មន្ដ្រី​ប៉ូលិស​ដដែល​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ ម៉ោង​ប្រហែល​ជា​ជិត​៩​យប់​ គាត់​បាន​ឃើញ​ស្រី្ត​រងគ្រោះ​ដើរ​ឡើង​ស្ពាន​បណ្តើរ​យំ​បណ្តើរ​ដោយ​ប្តី​របស់​​គាត់​ជិះ​ម៉ូតូ​តិចៗ​ពី​ក្រោយ។

«ឃើញ​គាត់​ដើរ​មក​ពី​លិច​ពីរ​នាក់​ប្តី​ប្រពន្ធ។​ ហើយ​មក​ដល់​នេះ​គាត់​ជជែក​គ្នា​តិចតូច​ ហើយ​ប្តី​ក៏​យក​ទូរស័ព្ទ​ឱ្យ​ប្រពន្ធ​និយាយ។​ និយាយ​ហើយ ​ប្រពន្ធ​ក៏​បោះ​ទូរស័ព្ទ​ឱ្យ​ប្តី ​ហើយ​ប្រពន្ធ​ក៏​លោត​ទៅ។​ ហើយ​ក៏​ប្តី​ស្រែក​ឱ្យ​ខាង​កម្លាំង​ខ្ញុំ​ពីរ​នាក់​ នៅ​អង្គុយ​យាម​នៅ​ទីនេះ​ទៅ​ជួយ ​ជួយ​អត់​ទាន់​ ទាន់​អី​បើ​គាត់​លោត​យូរ​ជើង​ស្តោក​ហើយ​មាឌ​គាត់​ធំ។ ខ្ញុំ​ជួយ​ម្តេច​រូច​ ពីព្រោះ​ ខ្ញុំ​ដើរ​ពីនេះ​ទៅ​ណោះ​ វា​ឆ្ងាយ​ដែរ​ ដី​ពី​នេះ​ ទៅ​ជាង​១០​ម៉ែត្រ​ ហើយ​មិនមែន​ស្រឡះអញ្ចឹង​ណា​ឡាន​ឡើង​ស្ទះ​កក ​ទៅ​មកៗ"។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​ដ៏​សោកសៅ​នេះ។

លោក​សៀ ​ភារម្យ​ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ​នៅ​តែ​មាន​ជំនឿ​ថា​ ការ​សម្រេច​ចិត្ត​លោត​ទឹក​បែប​នេះ​ បញ្ហា​ចម្បង​គឺ​ការ​ទទួល​​បរាជ័យ​នៅ​ក្នុង​ការតវ៉ា​ទំនាស់​ដីធ្លី​របស់​គាត់​ ដែល​ជា​វិបត្តិ​ផ្លូវ​ចិត្ត​មួយ​ដ៏​ធ្ងន់ធ្ងរ។

«បើ​តាម​អ្វី​ដែល​យើង​ឃ្លាំង​មើល​ យើង​គិត​ថា​ ចេញ​ពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ ពីព្រោះ​អា​នេះ​ វា​ធ្វើ​ឱ្យ​មនុស្ស​យើង​ស្មុគស្មាញ​គំនិត​គឺ​ថា​ បាក់​ទឹក​ចិត្ត ​រស់​នៅ​ដោយ​អស់​សង្ឈឹម។ វា​ជា​ចលករ​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​គិត​ច្រើន។​ ហើយ​កាលណា​បើ​គាត់​មាន​ប៉ះរឿង​អ្វី​ណា​មួយ​ទៀត ​វា​ធ្វើ​ឱ្យ​ការ​មួរម៉ៅ​ ការ​ដែល​ធុញ​ថប់​ក្នុង​ជីវិត​របស់​គាត់នេះ​ ​វា​កាន់​តែ​ពុះកញ្ច្រោល​ខ្លាំង​ឡើង​ថែមទៀត។ ​អញ្ចឹង​មូលហេតុ​ដំបូង​ ​ចំបង​គឺ​ចេញ​ពី​បញ្ហា​ដីធ្លី»។

ស្រប​គ្នា​នេះ​ដែរ ​លោក​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ បាន​ឱ្យ​ដឹងដែរ​ថា ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​បង្ហាញ​ថា ​ការ​ស្លាប់​របស់​អ្នកស្រី​ជា ​តារា​បណ្តាល​មក​ពី​បញ្ហា​ទំនាស់​ដី​ធ្លី។

«វា​មាន​ហេតុផល​ច្រើន​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​គាត់​អាច​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ បាន​ដោយសារ​ចំណុច​សំខាន់​នៅ​ក្នុង​ទំនាស់​ ដែល​កើត​មាន​នៅ​ក្នុង​ភូមិ​ឃុំ​របស់​គាត់​ ជាពិសេស​គ្រួសារ​គាត់​ផ្ទាល់។ ​គាត់​ទទួល​រង​សម្ពាធ​នោះ​វា​ធ្ងន់ធ្ងរ​ពេក។ ​ការ​បាត់បង់​តាំង​ពី​ការ​រកស៊ី ​បាត់បង់​តាំង​ពី​កូន​រៀន​សូត្រ​ បាត់បង់​តាំង​ពី​ចំណូល​ប្រចាំ​ថ្ងៃ ​អញ្ចឹង​គ្រួសារ​មួយ​គឺ​អាច​មាន​បញ្ហា​កើត​ឡើង។ ​ហើយ​បើ​សិន​ជា​គ្រួសារ​នោះ​ គាត់​មិន​បាន​គិតគូរ​ឱ្យ​បាន​ស៊ីជម្រៅ​ និង​មិនមាន​ភាព​អត់ធន់​ទេ​ គាត់​អាច​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​មែន»។

លោក​ឆាយ ​ធីរិទ្ធ​ ចៅ​សង្កាត់​ស្រះចក​ បាន​បញ្ជាក់​ថា​ មុន​​ពេល​លោត​ទឹក​សម្លាប់​ខ្លូន ​ជា​ តារា​បាន​ផឹក​ស្រវឹង​ជា​ខ្លាំង​នៅ​ផ្ទះ​បង​ប្អូន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​វង្វេង​វង្វាន់​រហូត​ដល់​ថ្នាក់​ទៅ​លោត​ទឹក​បែប​នេះ។

«គាត់​ឈ្លោះ​ប្តី​ប្រពន្ធ​គាត់។ ​គាត់​ស្រវឹង​ស្រា ​គាត់​ទៅ​បង់​កេ​ (ជប់លឿង) ​ផ្ទះ​ប្អូន​​គាត់។ ​គាត់​ហូប​ស្រា​ច្រើន​ពេក។​ គាត់​វង្វេងវង្វាន់​អស់​ហើយ ​ហើយ​ដល់​នេះ​ទៅ​បាត់​បង់​ស្មារតី»។

ក្នុង​សប្តាហ៍​នេះ​ អង្គការ​Amnesty International ​បាន​បញ្ចាំង​ខែ្សវីដេអូ​មួយ​បង្ហាញ ​ពី​ផលវិបាក​មួយ​ចំនួន​ ដែល​ស្រ្តី​ភាគច្រើន​នៅ​តំបន់​បឹងកក់​បាន​ជាប់​រវល់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​តវ៉ា​រក​ដំណោះស្រាយ​ក្នុង​ទំនាស់​ដីធ្លី​នៅ​តំបន់​របស់​ពួក​គាត់។

ស្រ្តី​ទាំង​នោះ​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ ដូច​ជា​ធ្វើ​ឱ្យ​ស្រ្តី​ទាំង​នោះ​ បាត់បង់​ឱកាស​មើល​ថែកូន ​បាត់បង់​ការ​រក​ចំណូល​ បាត់បង់​ការងារ​ និង​ប៉ះពាល់​ជា​ខ្លាំង​ដល់​សុខភាព​ផ្លូវ​ចិត្ត​ជា​ដើម។

គួរ​បញ្ជាក់​ដែរ​ថា​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១១​នេះ​ មាន​បុរស​ម្នាក់​រស់​នៅ​តំបន់​បឹងកក់​នេះ​ ក៏​បាន​លោត​ទឹក​ចូល​ទៅ​ក្នុង​បឹងកក់​សម្លាប់​ខ្លួន​ដែរ ​ដោយ​ត្រូវ​បាន​គេ​សនិ្នដ្ឋាន​ថា​ បណ្តាល​មក​ពី​គាត់​ឈឺ​ចាប់​ក្នុង​ការ​ទទួល​រង​ភាព​អយុតិ្តធម៌​ក្នុង​ដំណោះ​ស្រាយ​ជំល្លោះ​ដី​ធ្លី​នេះ៕

This posting includes an audio/video/photo media file: Download Now

ជន​រងគ្រោះ​ខ្មែរក្រហម​ក្នុង​ខេត្ត​សៀមរាប​ទន្ទឹង​យុត្តិធម៌

Posted: 28 Nov 2011 12:14 PM PST

ជន​រងគ្រោះក្នុង​របប​​ខ្មែរក្រហម​​នៅ​​ខេត្ត​សៀមរាប​រំពឹង​រង់ចាំ​យុត្តិធម៌​ពិត​រយៈ​ពេល​ជាង​៣០​​ឆ្នាំ​ហើយ​ តែ​មិន​ទាន់​បាន​ដឹង​ការពិត​អំពី​ការ​កាប់សម្លាប់​ដ៏​រង្គាល​នា​សម័យ​នោះ​នៅ​ឡើយ​ទេ។

យុត្តិធម៌​ក៏​នៅ​មិនទាន់​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​នៅ​ឡើយ​ សម្រាប់អ្នក​​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ និង​ការ​ឈឺ​ចាប់​ផ្ទាល់​ខ្លួន។ ​ប៉ុន្តែ​ឥឡូវ​នេះ​អ្វី​ដែល​ជា​ការ​រង់ចាំ ​និង​ចង់​ឃើញ​គឺ​កំពុង​តែ​លេចចេញ​ជា​រូបរាង​បន្តិច​ម្តងៗ​ ហើយ​សម្រាប់​ពួក​គេ។

សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សវនាការ​លើ​សំណុំរឿង​០០២​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២១​ ខែ​វិច្ឆិកា​នេះ។​ មាន​មេដឹកនាំ​ជាន់​ខ្ពស់​បី​រូប​ត្រូវ​បាន​តុលាការ​យក​មក​កាត់ទោស ​គឺ ​នួន​ ជា ​អតីត​បង​ធំ​ទី​ពីរ​ ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ ​និង​អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស ​ដែល​អ្នក​ទាំង​នេះ​កំពុង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​ក្នុង​របប​របស់​ពួក​គេ ​ដូច​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ជា​ដើម ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​២​លាន​នាក់​ស្លាប់។

ជន​រងគ្រោះ​ជា​ច្រើន​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ជំនុំ​ជម្រះ​នេះ​ដើម្បី​បាន​ដឹង​អំពី​ការពិត ​និង​ជោគ​វាសនា​របស់​មេដឹកនាំ​ ដែល​គេ​គិត​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​នោះ។ ​ពួក​គេ​បាន​ឱ្យ​ដឹង​ថា ​អ្វី​ដែល​ពួក​គេ​ចង់​បាន​គឺ​យុត្តិធម៌​ពិត​ ប្រាកដ​ និង​សន្តិភាព​ផ្លូវ​ចិត្ត​ ផ្លូវ​អារម្មណ៍។

អ្នកស្រី​គីប៉ាវ​ អាយុ​៤២​ឆ្នាំ ​កំពុង​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​គឺ​ជា​ជន​រងគ្រោះ​ម្នាក់។ អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​ពិត​ជា​ចង់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​របប​នោះ​សម្លាប់​មនុស្ស។

អ្នកស្រី​គី ​ប៉ាវ​មាន​ដើម​កំណើត​នៅ​ឃុំ​ស្យា​ ស្រុក​កណ្តៀង ​ខេត្ត​ពោធិសាត់​ ជា​ទី​ដែល​ឪពុក​ម្តាយ​របស់​អ្នកស្រី​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​ បន្សល់​ទុក​ឱ្យ​អ្នកស្រី​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា​នៅ​អាយុ​ត្រឹម​តែ​៧​ឆ្នាំ​ប៉ុណ្ណោះ។ ​អ្នកស្រី​គី ​ប៉ាវ ​បាន​ស្រក់​ទឹក​ភ្នែក​ ពេល​រំឭក​ដល់​មរណភាព​របស់​ឪពុក​ម្តាយ​គាត់​ ដោយ​គាត់​បាន​ថ្លែង​ថា៖​«នឹក​ឃើញ​អត់​ភ្លេច​ទេ​ ចងចាំ​តែ​រហូត​ហ្នឹង។ ​ពេល​នឹក​ឃើញ​ដល់​ម៉ែ​ ដល់​ប៉ា​ខ្ញុំ​ គឺ​ខ្ញុំ​ក្តៅណាស់ ​អត់​ត្រជាក់​ទេ​ ព្រោះអី​ ខ្ញុំ​ មួយ​ជីវិត​នេះ​ ​ខ្ញុំ​កំសត់។ ​ខ្ញុំ​មិន​ដែល​មាន​ម៉ែ​ឪ​ហៅ​ទេ។ ​ចង់​ឱ្យ​គេ​រក​យុត្តិធម៌​ឱ្យ​គាត់​ថា​ ហេតុម៉េច​បាន​គេ​យក​មនុស្ស​ស្លូត​ត្រង់​ទៅ​សម្លាប់​ធ្វើ​បាប​ គ្មាន​ត្រា​ប្រណី​ដូច​សត្វ​ធាតុ»។

អ្នកស្រី​គី​ ប៉ាវ​បាន​រំឭក​ថា ​កាល​នោះ​ឪពុក​ម្តាយ​របស់​អ្នកស្រី​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចោទប្រកាន់​ថា ​ជា​ពួក​នាយទុន ​សក្តិភូមិ​ មុន​ពេល​ត្រូវ​គេ​សម្លាប់។ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​ជួប​មុខ​ឪពុក​ម្តាយ​តែ​ពីរ​ដង​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​គាត់​ទៅ។

«ម៉ាក់​ខ្ញុំ​យក​ខ្ញុំ​ទៅ​លេង​គាត់។​ គេ​ដាក់​ច្រវ៉ាក់​ដៃ​ជើង​ ច្រវ៉ាក់​ធំ​ ដូច​ដាក់​ដំរី។ ​ខ្ញុំ​យំ​ នៅ​ពេល​ឃើញ​គាត់។ ​ជួប​គាត់​ពីរ​ដង​គត់។ ​រួច​គេ​ប្រាប់​ថា​ ពួក​គាត់​គេ​យក​ទៅ​សម្លាប់​ហើយ»។

អ្នកស្រី​គី ​ប៉ាវ ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ផង​នោះ​ កំពុង​តែ​តាមដាន​ដំណើរការ​សវនាការ​នេះ​ ដោយមាន​ក្តី​សង្ឃឹម​ថា ​អ្នកស្រី​អាច​ទទួល​បាន​យុត្តិធម៌​ ដែល​អ្នកស្រី​ទន្ទឹង​រង់ចាំ​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ។

លោក​សំ​ សែន​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត​ រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​ក៏​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ដែរ។ ​លោក​បាន​បាត់បង់​ឪពុកម្តាយ​និង​សាច់ញាតិ​សរុប​ប្រមាណ​២០​នាក់ ​ដោយសារ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​លោក​បាន​ថ្លែង​ថា ​អ្វី​ដែល​លោក​ចង់​បាន​គឺ​ចង់​ឱ្យ​សាលាក្តី​ហ្នឹង​ផ្តល់​នូវ​យុត្តិធម៌​ពិត​ប្រាកដ​ជូន​អ្នក​ស្លាប់​ និង​ជន​រងគ្រោះ​ដែល​នៅរស់។

«តាមពិតទៅ​គឺ​យើង​គ្រាន់​តែ​ចង់​ឱ្យ​សាលាក្តី​ហ្នឹង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ ជូន​អ្នក​ដែល​ស្លាប់​ទៅ​ និង​ជន​រងគ្រោះ​ ដែល​រស់នៅ។​​​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ដំណើរការ​ ដូច​ជា​មាន​សង្ឃឹម​តិច​ណាស់​ថា ​នឹង​បាន​យុត្តិធម៌​ព្រោះអី​តុលាការ​មាន​ការ​ជ្រៀតជ្រែក។​ អញ្ចឹង​ពាក្យ​ថា​ ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ​គ្រាន់​តែ​ជា​ពាក្យ​លួងលោម​បោក​បញ្ឆោត​ហ្នឹង។

«បើ​គិត​ឱ្យ​ដល់​ទៅ​ពាក្យ​ថា ​ស្វែង​រក​យុត្តិធម៌​ មិនមែន​យុត្តិធម៌​មាន​កម្រិត​ទេ ​ហើយ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​អ្នក​ដែល​ពាក់ព័ន្ធ​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ​គឺ​មិនមែន​តែ​ខ្មែរ​ទេ​ គឺ​មាន​ទាំង​បរទេស។​ បើ​យើង​ចង់​ស្វែង​រក​យុត្តិធម៌​ទាល់​តែ​យើង​កាត់ទោស​អ្នក​ពាក់ព័ន្ធ​ដែរ»។

ទាក់ទង​ទៅ​នឹង​បណ្តឹង​រដ្ឋប្បវេណី​ លោក​បាន​បញ្ជាក់​ថា ​សំណង​នោះ​វា​មិន​សំខាន់​មែនទែន​ទេ​សម្រាប់​លោក ​តែ​ជា​យុត្តិធម៌​ពិតប្រាកដ ​និង​សន្តិភាព​ផ្លូវ​ចិត្ត ​យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន​ក្នុង​អារម្មណ៍​ និង​ក្នុង​ចិត្ត។

ចំណែក​លោក​កែវ​ សម្បត្តិ ​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​មួយ​រូប​ទៀត​ បាន​​ថ្លែង​ថា​​ ជានិច្ចកាល​លោក​បាន​តាម​ដាន​ដំណើរការ​កាត់ទោស​នេះ​ ព្រោះ​លោក​ចង់​ដឹង​អំពី​ជោគវាសនា​របស់​មេដឹកនាំ​ទាំង​អស់​នោះ​ដែរ។

លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​មើល​ព្រោះ​ចង់​ដឹង​ថា ​តើ​ទោស​កំហុស​របស់​គាត់​ ដែល​មាន​ពី​មុន​មក​ហ្នឹង​ ​មានលើ​ប្រជាជន​ទូទាំង​ប្រទេស​យើង​ហ្នឹង​ តើ​វា​សមល្មម​កំហុស​របស់​គាត់​ដែរ​ឬ​ទេ?»

លោក​កែវ ​សម្បត្តិ​បាន​បាត់បង់​បង​ថ្លៃ​ម្នាក់​កាល​សម័យ​នោះ។

គួរ​បញ្ជាក់​ថា​ ការជំនុំជម្រះ​លើ​សំណុំរឿង​០០២​ ដែល​បាន​ដំណើរការ​ប៉ុន្មាន​ ថ្ងៃ​ នៅ​ដើម​សប្តាហ៍​នេះ​គឺ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ទើប​តុលាការ​នេះ​បន្ត​ដំណើរ​ការ​កាត់ទោស​របស់​ខ្លួន​ទៀត៕

This posting includes an audio/video/photo media file: Download Now

អតីត​ឯកអគ្គ​រដ្ឋទូត​ខ្មែរ​ម្នាក់​មិនចូល​ខ្លួន​តាម​ដីកា​របស់​សាលាក្រុង​ទេ

Posted: 28 Nov 2011 11:47 AM PST

លោក​ណាន់ ស៊ី ​អតីត​ឯកអគ្គ​រដ្ឋទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ បាន​មាន​ប្រសាសន៍​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​លោក​នឹង​មិន​ប្រគល់​ខ្លួន​តាម​ដីកា​ស្វែង​រក​ការ​ចាប់​ខ្លួន​លោក​​ ចេញ​ដោយ​​តុលាការ​ក្រុង​ភ្នំពេញ​ទេ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ​នឹង​ស្វែង​រក​យុត្តិធម៌​ចំពោះ​រឿង​ក្តី​នេះ។

«ខ្ញុំ​មិន​ប្រគល់​ខ្លួន​ទេ។​ ខ្ញុំ​ចេញ​មុខ​ដើម្បី​តតាំង​រក​យុត្តិធម៌។ ​បើ​រក​ឃើញ​ថា​ ខ្ញុំ​មាន​កំហុស ​អាហ្នឹង​ ខ្ញុំ​នឹង​ទទួល​ទោស​ទៅ​តាម​សុឆន្ទៈ​នៃ​ច្បាប់​របស់​ជាតិ»។

តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​សម្រេច​កាត់ទោស​ឲ្យ​លោក​ណាន់ ​ស៊ី​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ លោក​ណាន់ ​ស៊ី​មាន​កំហុស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​បំបាត់​ថវិកា​របស់​ក្រសួង​ការបរទេស​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ មាន​ទឹក​ប្រាក់​ចំនួន​ជាង​៤៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​ណាន់ ​ស៊ី ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​ថា​ ការ​សម្រេច​របស់​តុលាការ​គឺ​ជា​រឿង​អយុត្តិធម៌ ​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ ហើយ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ។

«ការ​កាត់ក្តី​កំបាំង​មុខ​ខ្ញុំ ​មិន​អាច​ឲ្យ​ខ្ញុំ​ចូល​ដល់​នគរ។ ​នេះ​គឺ​ជាចេទនា​មួយ​ដែល​ជា​ប្រការ​មួយ​ ដែល​កើត​ឡើង​ពី​គំនិត ​និង​ការ​ចង​អាឃាត​និង​មាន​បំណង​មិន​ល្អ​ដល់​រូប​ខ្ញុំ»។

លោក​គី ​តិច​ មេធាវី​ការពារក្តី​របស់​ក្រសួង​ការបរទេស ​មិន​បាន​លើក​ឡើង​អំពី​នីតិ​វីធិ​បន្ត​របស់​តុលាការ​ទេ ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ តាម​ផ្លូវ​ច្បាប់​អាជ្ញាធរ​ចាប់​ផ្តើម​អនុវត្ត​ការងារ​របស់​ខ្លួន ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ណាន់ ​ស៊ី។

«អាហ្នឹង​ខ្ញុំ​មិន​ទាន់​ហ៊ាន​សម្រេច​ទេ​បង​ ពីព្រោះ​នេះ​ជា​នីតិ​វិធី»។

វីអូអេព្យាយាមទាក់ទង​មន្ត្រី​ក្រសួង​ការបរទេស​សំខាន់ៗ ​ដែល​រួម​បញ្ចូល​ទាំង​លោក​គុយ ​គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ផងដែរ​ ​តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ ក្រសួង​ការបរទេស​បាន​ប្តឹង​លោក​ណាន់ ស៊ី​ចំនួន​ពីរ​ករណី​គឺ​ករណី​ព្រហ្មទណ្ឌ ​និង​សំណង​រដ្ឋប្បវេណី ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​​មាន​ចំនួន​ទឹក​ប្រាក់​ចំនួន​៤៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ។

លោក​ណាន់ ស៊ី​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​កេង​បំបាត់​ថវិកា​របស់​ក្រសួង​ការបរទេស​ទេ​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដែល​ដឹកនាំ​ដោយ​លោក​ឱម​ យ៉ិនទៀង​ទៅ​ពិនិត្យ​និង​វាយ​តម្លៃ​អគារ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ ថា​តើ​វា​សាកសម​នឹង​តម្លៃ​នៃ​ការ​សាងសង់​អស់​លុយ​ជាង​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរឬ​ទេ។

លោក​ណាន់ ស៊ី​បាន​ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ តាំង​ពី​ឆ្នាំ​២០០៦​រហូត​ដល់​ឆ្នាំ​២០១១​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​បញ្ជា​ឲ្យ​លោក​ទៅ​ធ្វើ​​ជា​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេសនោះ។ ​ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​ញឹក​ ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​មាន​ប្រសាសន៍​ថា​ លោក​ណាន់ ស៊ី​បាន​ចាកចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុង​ភ្នំពេញ​ផ្តទ្ទាទោស​អតីត​ឯកអគ្គ​រាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ

Posted: 28 Nov 2011 08:50 AM PST

កាល​ពី​ថ្ងៃ​សុក្រ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តទ្ទាទោស​លោក​ណាន់ស៊ី ​អតីត​ឯកអគ្គ​រាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ប្រ៊ុយនេ​ឲ្យ​ជាប់​ពន្ធនាគារ​អស់រយៈ​ពេល​បួន​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំបី​លាន​រៀល​គឺ​ស្មើ​ជាង​ពីរ​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ លោក​ណាន់ ​ស៊ី​ត្រូវ​ផ្តន្ទាទោស​កំបាំង​មុខ​ពី​បទ​ថា​ បាន​កេង​បំបាត់​ថវិកា​ជាតិ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារក្តី​របស់​រដ្ឋាភិបាល។

លោក​គី ​ទិច ​មេធាវី​ការពារក្តី​ឲ្យ​ក្រសួង​ការ​បរទេស​ បាន​និយាយ​ថា​ តុលាការ​ក៏​បាន​ចេញ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ណាន់ ស៊ី​ឲ្យ​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ផងដែរ​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ លោក​មាន​ទោស​កំហុស។

លោក​ណាន់ ស៊ី ​អតីត​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​​​បើក​សវនាការ​កំបាំងមុខ​កាត់ទោស​រូប​លោក​លើ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ​កាល​ពី​ថ្ងៃ​ទី​២​ ដើម​ខែ​វិច្ឆិកា​នេះ ​ពី​បទ​ថា​ បាន​កេង​បំបាត់​ថវិកា​របស់​ក្រសួង​ការបរទេស​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយនេ ​ដែលមាន​​ចំនួន​ទឹក​ប្រាក់​ជាង​៤៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​បាន​ប្តឹង​លោក​ណាន់ស៊ី​ចំនួន​ពីរ​ករណី​គឺ​ករណី​ព្រហ្មទណ្ឌ​ និង​ករណី​សំណង​រដ្ឋប្បវេណី ​ក៏​ប៉ុន្តែ​តុលាការ​ទើប​តែ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ករណី​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ ​ចំណែក​ឯ​សំណង​រដ្ឋប្បវេណី​ តុលាការ​ពុំទាន់​បាន​កំណត់​កាល​បរិច្ឆេទ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ករណី​សំណង​រដ្ឋប្បវេណី ​ក្រសួង​ការបរទេស​បាន​ទាមទារ​ឲ្យ​លោក​ណាន់ស៊ី​សង​ប្រាក់​ចំនួន​ជាង​៤៣​ម៉ឺន​ដុលា្លរ​សហរដ្ឋ​អាមេរិក ​ដែល​បាន​បាត់បង់ ​និង​សំណង​ជម្ងឺ​ចិត្ត​បន្ថែម​ទៀត​ចំនួន​២០០​លាន​រៀល​គឺ​ស្មើ​នឹង​ជាង​ប្រាំ​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

លោក​គី ​ទិច​ មេធាវី​ការពារក្តី​របស់​ក្រសួង​ការបរទេស​ បាន​ហៅ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​ បាន​ផ្តល់​យុត្តិធម៌​ ហើយ​លោក​អាច​ទទួល​យក​បាន។

«ពីព្រោះ​ទី​មួយ​គឺ​ឯកសារ​ភស្តុតាង​ទាំងអស់​បាន​បញ្ជាក់​អំពើ​កិបកេង​របស់​លោក​ណាន់ ស៊ី ​ហើយ​អំពើ​ហ្នឹង ​វា​ផ្ទុយ​ទៅ​នឹង​មាត្រា​ច្បាប់»។

វីអូអេ​បាន​ព្យា​យាម​សុំ​សេចក្តី​បំភ្លឺពី​​លោក​កែវ ​យ៉ាន ​តែ​​ទាក់ទង​មិន​​បាន។​ លោក​កែវ ​យ៉ាន​គឺជា​មេធាវី​តែងតាំង​ដោយ​គណៈ​មេធាវី​ឲ្យ​ការពារក្តី​លោក​ណាន់ ស៊ី។

លោក​ណាន់ ស៊ី ​អតីត​ឯកអគ្គ​រដ្ឋទូត​ប្រទេស​កម្ពុជា​ ប្រចាំ​ប្រទេស​ប្រ៊ុយនេ​ធ្លាប់​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ថា ​លោក​មិន​បាន​កិបកេង​ថវិកា​ក្រសួង​ការបរទេស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ចំណាយ​ប្រាក់​ដើម្បី​សាងសង់​ស្ថានទូត​ប្រចាំ​ប្រទេស​ប្រ៊ុយនេ ​ដែល​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ​មាន​ការ​ចំណាយ​ចំនួន​ប្រាំ​ដំណាក់​កាល​ ហើយ​រាល់​ការ​ចំណាយ​នីមួយ​ៗ ​លោក​មាន​វិក័្កយប័ត្រ​ត្រឹមត្រូវ​ ហើយ​លោក​បាន​ទូទាត់​គ្រប់​ចំនួន​អស់​ហើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ឈ្មោះ​នៅ​ក្នុង​គណៈកម្មាធិការ​សាងសង់​ស្ថាន​ទូត​ទេ។

វីអូអេ​ទូរស័ព្ទ​ទៅ​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​គឺ​លោក​គុយ ​គួង ​តែទូរសព្ទ​របស់​លោក​​ពុំ​មាន​អ្នក​ទទួល៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ២៨ វិច្ឆិកា

Posted: 27 Nov 2011 08:25 PM PST

ឥណ្ឌា​៖ ​មន្ត្រី​​ឥណ្ឌា​និយាយ​ថា​ជំនួប​មួយ​រវាង​អ្នក​ការទូត​ឥណ្ឌា​និង​ចិន​ត្រូវ​បាន​លុប​ចោល ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំទាស់​នឹង​គម្រោង​ថ្លែង​សុន្ទរកថា​មួយ​ក្នុងក្រុង​ញូដេលីដោយ​សម្តេច​ដាទ្បៃ​ទ្បាម៉ា ​មេដឹកនាំ​សាសនា​ទី​បេត៍​ដែល​និរទេស​​នៅ​ក្រៅ​ប្រទេស។

អាហ្វហ្គានីស្ថាន​៖ ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមីដ កាហ្សៃ ​និយាយ​ថា​កង​កម្លាំង​របស់​ប្រទេស​ជាតិ​លោក​នឹង​ទទួល​បន្ទុក​ខាង​កិច្ច​ការពារ​សន្តិសុខ​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​ជាង​ពាក់​កណ្តាល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​​ការ​កំណត់​ជំហាន​ទី​ពីរ​នៃ​អន្តរកាល​ដែល​នឹង​ឃើញ​កង​កម្លាំង​ប្រយុទ្ធ​របស់​អង្គការ​អូតង់​ចាក​ចេញ​ពី​ប្រទេស​នេះ​មិន​ឱ្យ​ហួស​ពី​ឆ្នាំ​២០១៤​ទេ។

ស៊ីរី​៖ ​សម្ព័ន្ធ​អារ៉ាប់​បាន​យល់​ព្រម​ដល់​ការ​ដាក់​ទ័ណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ប្រឆាំង​នឹង​ស៊ីរី ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​ដ៏​ប្រល័យ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​លើ​ការ​បះ​បោរ​របស់​ក្រុម​ប្រឆាំង។

អេហ្ស៊ីប​៖ ​ក្រុម​បាតុករ​ដែល​ទាមទារ​ឱ្យ​មាន​ការបង្កើត​រដ្ឋាភិបាល​ស៊ីវិល​បណ្តោះ​អាសន្ន​មួយ​បានប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​ឡឺគែរ នៅ​ថ្ងៃ​អាទិត្យ ​ពេល​ដែល​អ្នក​គ្រប់​គ្រង​យោធា​អេហ្ស៊ីប​បាន​ព្រមាន​អំពី​ផល​វិបាក​ «ធ្ងន់​ធ្ងរខ្លាំង​ណាស់» ​បើ​ចលាចល​នយោបាយ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​របស់​ប្រទេស​មិន​ចប់​ឆាប់​រហ័ស​ទេ​នោះ។

ប៉ាគីស្ថាន​៖ ​ពួក​បាតុករ​ខឹង​សំបារ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អាមេរិកាំង​ក្នុង​ក្រុង​ការ៉ាជី ​នៅ​ថ្ងៃ​អាទិត្យ ​ពេល​ដែល​ប៉ាគីស្ថាន​ធ្វើ​បុណ្យ​សព​ទាហា​ន​២៤​នាក់​​ដែល​បានត្រូវ​សម្លាប់​ ​នៅ​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​អង្គការ​អូតង់​ឆ្លង​កាត់​ព្រំដែន​ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​។

រុស្ស៊ី​៖ នៅ​ថ្ងៃ​អាទិត្យ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ​បាន​ទទួល​យក​ការ​តែងតាំង​របស់​គណបក្ស​រុស្ស៊ី បង្រួប​បង្រួមដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ឱ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ​ទី​៤​ខែ​មីនា​ខាង​មុខ​នេះ។

យេម៉ែន​៖ ប្រភព​សន្តិសុខយេម៉ែន​និង​ប្រភព​កុលសម្ព័ន្ធ​និយាយ​ថា​ពួក​ឧទ្ទាម​ Shi'ite ​បាន​វាយ​ប្រហារ​សាលារៀន​អ៊ីស្លាម​ Sunni ​មួយ​និង​កន្លែង​ឯ​ទៀតៗក្នុង​ខេត្ត​ Saada នា​ប៉ែក​ខាង​ជើង​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២១​នាក់​ស្លាប់​និង​ធ្វើឱ្យ​មនុស្ស​៥០​នាក់​ទៀត​ត្រូវ​របួស។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!