VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ៖ ៣០ វិច្ឆិកា” plus 2 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ៖ ៣០ វិច្ឆិកា” plus 2 more


ព័ត៌មាន​អន្តរជាតិ៖ ៣០ វិច្ឆិកា

Posted: 30 Nov 2011 03:58 AM PST

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ភូមា/អាមេរិក៖ លោកស្រី ​ហ៊ីឡារី គ្លីនតុន​ រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ និយាយ​ថា ​មាន​ក្តី​សង្ឃឹម​ថា​ នឹង​មាន​កំណែ​ទម្រង់​នៅ​ប្រទេស​ភូមា ​ដែល​នឹងនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​នេះ​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជន។

អ៊ីរ៉ង់/អង់គ្លេស៖ ប្រទេស​អង់គ្លេស​និយាយ​ថា  ខ្លួន​កំពុង​ដក​បុគ្គលិក​ស្ថានទូត​ពី​ប្រទេស​អ៊ីរ៉ង់ ​ក្រោយ​ពី​មាន​ការ​រំលោភ​បំពាន​ដោយ​មហាជន​កាល​ពី​ថ្ងៃ​អង្គារ​លើ​បរិវេណ​ស្ថានទូត​អង់គ្លេស​ក្នុង​ទីក្រុង​តេហេរ៉ង់ (Tehran)។​

កូតឌីវ័រ៖ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ចោទ​លោក ​Laurent Gbagbo ​អតីត​ប្រធានាធិបតី​ប្រទេស​កូតឌីវ័រ(Ivory Coast) ​ពី​បទ​ឧក្រិដ្ឋ​ចំនួន​៤​ករណី​ប្រឆាំង​មនុស្សជាតិ​ ទាក់ទង​នឹង​អំពើ​ហិង្សា​ ក្រោយពី​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​ទៅ។

តួកគី៖ ប្រទេស​តួកគី​និយាយ​ថា ​ខ្លួន​កំពុង​រារាំង​ទ្រព្យ​សម្បត្តិ​របស់​មេដឹកនាំ​ប្រទេស​ស៊ីរី​ ហើយ​កំពុង​ចាត់​វិធានការ​ផ្សេង​ទៀត​ គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ឈប់​ធ្វើ​ការ​បង្ក្រាប​ដ៏​គ្រោះថ្នាក់​ទៅ​លើ​ការ​បះបោរ​ដោយ​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៨​ខែ​នោះ។

ប៉ាគីស្ថាន៖ លោកស្រី​ ហ៊ីឡារី គ្លីនតុន ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ និយាយ​ថា​ លោកស្រី​សោក​ស្តាយ​ដែល​ប្រទេស​ប៉ាគីស្ថាន​ដកខ្លួន​ចេញ​ពី​សន្និសីទ​អន្តរជាតិ​នៅ​សប្តាហ៍​ក្រោយ​ ដែល​ពិភាក្សា​ អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​លោកស្រី​សង្ឃឹម​ថា ​រដ្ឋាភិបាល​ក្រុង​ Islamabad​ នឹង​ធ្វើ​សហប្រតិបត្តិការ​នៅ​ពេល​អនាគត។

សុខាភិបាល​ពិភពលោក៖ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ ​និយាយ​ថា​ ពិភពលោក​សម្រេច​បាន​លទ្ធផល​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​កន្លង​ទៅនេះ​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​មេរោគ​អេដស៍​ ប៉ុន្តែ​របាយការណ៍​នេះ​ក៏​និយាយ​ដែរ​ថា​ពិភពលោក​ត្រូវ​ធ្វើការ​ប្រឹងប្រែង​ខ្លាំង​ជាង​នេះ​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍​ក្នុង​ពិភពលោក។

ចិន៖ ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​មិន​ជំទាស់​នឹង​ទំនាក់ទំនងជិត​ស្និទ្ធ​របស់​ភូមា​ជាមួយ​លោក​ខាង​លិច​ទេ ​តែ​ទំនាក់ទំនង​នេះ​មិន​ត្រូវ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ចិន​ទេ។

អេហ្ស៊ីប៖ ក្រុម​មាន​ឈ្មោះ​ថា​ Muslim​ Brotherhood ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​អេហ្ស៊ីប​និយាយ​ថា​ ក្រុម​ខ្លួន​កំពុង​ដឹកនាំ​ការ​បោះឆ្នោត​សភា​ដំណាក់កាល​ទីមួយ​ ហើយ​ប្រឈម​មុខ​នឹង​ឧត្តមសេនីយ៍​យោធា​ក្នុង​ប្រទេស​នេះ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដឹកនាំ​ដោយ​ជនស៊ីវិល។

កូរ៉េ​ខាង​ជើង៖ កូរ៉េ​ខាង​ជើង​និយាយ​ថា​ ខ្លួន​មាន​ការ​ជឿនលឿន​ក្នុង​ការ​ចម្រាញ់​អ៊ុយរ៉ានីញូម​សម្រាប់​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លែអ៊ែរ។ ការ​ប្រកាស​នេះ​នាំ​ឲ្យ​មាន​កង្វល់​ជា​ថ្មី​ថា​ គម្រោង​ដ៏​មាន​ការ​រិះគន់​នេះ​អាច​ត្រូវ​កូរ៉េ​ខាងជើង​ប្រើ​សម្រាប់​ផលិត​អាវុធ​បរិមាណូ។

សូម៉ាលី៖ មន្ត្រី​សូម៉ាលី​និយាយ​ថា​ អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៥​នាក់​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្រៅ​មូលដ្ឋាន​យោធា​នៅ​ក្រុង​ Mogadishu នេះ​ជា​ការ​វាយប្រហារ​ចុងក្រោយ​នៃ​ការ​វាយប្រហារ​ដោយ​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​នៅ​ក្នុង​រដ្ឋធានី​នេះ។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-RIGHT-->

វៀតណាម​៖ ​តុលាការ​ឧទ្ធរណ៍វៀត​ណាម​បាន​បន្ធូ​បន្ថយ​ទោស​​ពាក់​កណ្តាល​ដល់​​អ្នក​បញ្ចេញ​ទស្សនៈ​តាម​អ៊ីនធឺណិត​ជាតិ​បារាំង​ដើម​កំណើត​វៀត​ណាម​ម្នាក់។​ លោក​ Pham Minh Hoang ​បាន​ត្រូវ​ចាប់​ខ្លួន​​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១០​ហើយ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធ​​នា​គារ​​​ចំនួន​៣​ឆ្នាំ​ពី​បទ​វិទ្ធង្សនា។

ថៃ​៖ ​សហភាព​អឺរ៉ុប​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​​អំពី​តុលា​ការ​ថៃដែល​បាន​​កាត់​ឲ្យ​​ជាប់​ទោស​​ហើយ​នឹង​​ដាក់​​គុក​រយៈពេល​២០​ឆ្នាំ​​កាល​ពី​សប្តាហ៍​មុន​ដល់​ជន​ជាតិ​ថៃ​អាយុ​៦១​ឆ្នាំ​ម្នាក់​​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​​ការ​បញ្ជូន​សារ​​តាម​ទូរស័ព្ទ​​ដែល​ពួក​អាជ្ញាធរ​និយាយ​ថា​ បាន​ប្រមាថ​មើល​ងាយ​រាជាធិបតេយ្យថៃ។

អ៊ីរ៉ង់​៖ ពួក​បាតុករ​ជាតិ​អ៊ីរ៉ង់​​បាន​វាយ​សង្គ្រប់​​​អាគារ​​ការទូត​២​របស់​អង់គ្លេស​​ក្នុង​រដ្ឋធានី​តេរ៉ង់ ​ក្នុង​ការ​ឆ្លើយ​តប​ការ​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​​របស់​អង់គ្លេស​ប្រឆាំង​​នឹង​អ៊ីរ៉ង់​។ ​ការ​ដាក់​ទ័ណ្ឌកម្ម​​បាន​ត្រូវ​ធ្វើ​ឡើង​​​លើ​ការ​សង្ស័យ​​កម្ម​វិធីអាវុធនុយក្លេអ៊ែរ​​របស់​អ៊ីរ៉ង់។

អាហ្វហ្គានីស្ថាន​៖ ប្រធានាធិបតី​អាហ្គានីស្ថាន​ហាមីដ កាហ្សៃ ​ជំរុញ​ឲ្យ​ប៉ាគីស្ថាន​​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​របស់​ខ្លួន​​អំពី​ការ​ធ្វើ​ពហិការ​​សន្និសីទ​អន្តរជាតិ​នាពេល​ខាង​មុខ​​ស្តី​ពី​អនាគត​របស់​ប្រទេស​លោក។

អាហ្វហ្គានីស្ថាន​៖ ​មេ​បញ្ជាការ​កំពូល​​របស់​អង្គការ​អូតង់​នៅ​អាហ្គានីស្ថាន​​បាន​បញ្ជា​​ឲ្យ​កង​ទ័ព​រាប់​ម៉ឺន​នាក់​​ត្រូវ​មាន​ការ​អត់​ធ្មត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ខូតខាត​ជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រតិបត្តិការណ៍​ប្រឆាំង​ពួក​បះបោរ។

ស៊ីរី​៖ ប្រាប់​ឲ្យ​ដឹង​ថា​​ខ្លួន​កំពុង​ពិចារណា​​ពី​របៀប​ដោះស្រាយ​​​នៃ​​ការ​ដាក់​ទ័ណ្ឌ​កម្ម​ដែល​ធ្វើ​ឡើង​​ដោយ​សម្ព័ន្ធ​អារ៉ាប់។

បែលហ្ស៊ិក​៖ ​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​​អឺរ៉ុប​បាន​ជួប​គ្នា​ក្នុង​ទីក្រុង​ព្រុចសែល​កាល​ពី​ថ្ងៃ​​អង្គារ ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែ​មួយ​ទៀត​​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​​បំណុល​​របស់​ទ្វីប​នោះ​និង​ជួយ​សង្គ្រោះ​​ប្រាក់យូរ៉ូ ​ដែល​ជារូបិយប័ណ្ណ​រួម​​របស់​ប្លុក​នោះ​។

កូរ៉េ​ខាងត្បូង​៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លីនតុន ​បាន​ ​ទៅ​ដល់​កូរ៉េខាង​ត្បូង​ បន្ទាប់​ពី​ទស្សនៈ​កិច្ច​​លើក​ទី​មួយ​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក​​ទៅ​កាន់​ភូមា​ក្នុង​រយៈពេល​​៥០​ឆ្នាំ​នេះ។

ស៊ែប​៖ ​ប្រធានាធិបតី​ស៊ែប Boris Tadic ​​កំពុង​អំពាវនាវ​ដល់​​ជាន​ជាតិ​ស៊ែប​ឲ្យ​​​​បោះ​បង់​ចោល​​ការ​រាំង​ខ្ទប់​ផ្លូវ​នានា​​ក្នុង​ប្រទេស​កូសាវ៉ូ​ភាគ​ខាង​ជើង​​ដោយ​និយាយ​ថា​វា​កំពុង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​ស្វះ​ស្វែង​របស់​ប្រទេស​នោះ​​ធ្វើ​ជា​សមា​ជិក​របស់​សហភាព​អឺរ៉ុប។

អ៊ីរ៉ាក់៖ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe​ Biden ​បាន​អញ្ជើញ​ទៅ​ដល់​​ប្រទេស​អ៊ីរ៉ាក់​ ដែល​ជា​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​មិន​ប្រកាស​ឲ្យ​ដឹង​ជាមុន។

This posting includes an audio/video/photo media file: Download Now

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty អំពាវនាវ​ឲ្យ​បញ្ឈប់​ការបណ្តេញ​ពលរដ្ឋ​កម្ពុជា​​ចេញ​ពី​លំនៅដ្ឋាន​​ដោយ​ការ​បង្ខំ

Posted: 29 Nov 2011 10:57 PM PST

អង្គការ​សិទ្ធិមនុស្ស​ Amnesty​ International ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​​ឲ្យ​បញ្ឈប់​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​ការ​បង្ខិត​បង្ខំ​ដែល​កំពុង​ប៉ះពាល់​​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​ ​និង​ជាបញ្ហា​មួយ​ដែល​មិនបាន​បង្ហាញ​នូវ​សញ្ញា​ស្រាកស្រាន​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​ Amnesty ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ស្រ្តី​ កំពុង​ចេញមុខ​កាន់​តែ​ច្រើនឡើង​ក្រោក​​ឈរ​ប្រឆាំង​ដើម្បី​ទាមទារ​សិទ្ធិ​ដីធ្លី។​ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស ​Amnesty ​ប្រាប់​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​​របស់​​ស្រ្តី​៥នាក់​​មកពី​ទូទាំង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​រងផល​ប៉ះ​ពាល់​​ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខិត​បង្ខំ។

អង្គការ​សិទ្ធិ​មនុស្ស​ ប្រាប់​ឲ្យ​ដឹងទៀត​ថា​​រដ្ឋាភិបាល​កម្ពុជា​កំពុង​មិន​អើពើ​ពី​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​​ដោយ​ការ​អនុវត្ត​ការ​បណ្តេញ​ចេញ​ពី​​ផ្ទះ​សម្បែង​ដោយ​បង្ខំ។​ ហើយ​ អង្គការ​ប្រាប់​ឲ្យ​ដឹងទៀត​ថា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ប្រថុយ​នឹង​ការ​ខូច​ដល់​សមិទ្ធិផល​ដែល​​ខ្លួន​បាន​ខំ​ប្រឹងប្រែង​ធ្វើ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោកស្រី​ ដុនណា ហ្កេស (Donna​ Guest) ​ជា​នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​International ​បាន​បញ្ជាក់​ថា៖

«អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​International ​បាន​អំពាវនាវ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​​ហើយ​ឲ្យ​បញ្ចប់​​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។ យើង​បាន​​ប្រមូល​ចង​ក្រង​ឯកសារ​​យ៉ាង​ច្រើន​ហើយ​ជា​ការពិត​អង្គការ​សង្គម​ស៊ីវិល​ដ៏​សកម្ម​ក៏​បាន​ប្រមូល​ចងក្រង​ឯកសារ​ហើយ​បាន​រាយការណ៍​ពី​ការ​អនុវត្ត​នេះ​ដែល​ជា​ការ​ខុស​ច្បាប់​​នៅ​ក្រោម​ច្បាប់​អន្តរជាតិ»។

លោកស្រី​ Guest ​មាន​ប្រសាសន៍​បន្តទៀត​ថា​ អង្គការ​សិទ្ធិ​មនុស្ស​ Amnesty ​ចង់​ផ្តោត​លើ​ស្រ្តី​ហើយ​នឹង​ប្រាប់​រឿង​រ៉ាវ​របស់​ពួកគេ​ក្នុង​​​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​​ជា​មាតា​និង​ជា​ភរិយា។

«ការណ៍​នេះ​បង្ហាញ​​ពី​មុខមាត់​មនុស្ស​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ មនុស្ស​ទាំង​អស់​នោះ ​មិនមែន​គ្រាន់​តែ​ជា​ស្ថិតិ​ទេ​ មនុស្ស​ទាំងនោះ​ មាន​ជីវិត​ពិត។ មនុស្ស​ទាំងអស់​នោះ​ មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​​ ពួកគេ​ខ្លះ​បាន​បាត់​បង់់​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​​ គ្រួសារ​បាន​ត្រូវបែក​បាក់​គ្នា។ ​ដោយ​ហេតុ​ដូច្នេះ​ហើយ​ យើង​ស្ថិត​នៅ​ទីនេះ​សព្វថ្ងៃ​នេះ​ដើម្បី​បង្ហាញ​ពី​ការណ៍​ពិត​របស់​មនុស្ស​ទាំង​នេះ»។

ពេល​ចាប់​ផ្តើម​ផ្សាយ​សេចក្តី​រាយការណ៍​ លោកស្រី​ Guest ​បាន​ត្រូវ​អម​ដោយ​ស្រ្តី​កម្ពុជា​៣​នាក់​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការបណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង។

អ្នកស្រី​ ហុង ម៉ៃ ​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​៣​នាក់​​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​ផ្ទះ​របស់​អ្នកស្រី​​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​កាល​ពី​២ឆ្នាំ​មុន​​ដើម្បី​យក​ដី​សម្បទាន​ដាំអំពៅ​សម្រាប់​ធ្វើ​ស្ករ​ប្រគល់​ទៅ​ឲ្យ​​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​កំពុង​កាន់​អំណាច។

អ្នកស្រី​ និយាយ​ថា​ពួក​រដ្ឋអំណាច​ប្រដាប់​ទៅ​ដោយ​អាវុធ​បាន​បំផ្លាញ​​ផ្ទះ​របស់​អ្នកស្រី​និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អ្នកស្រី​នៅ​ពេល​ដែល​ពួកគេ​បាន​ដុត​បំផ្លាញ​ភូមិ​របស់​អ្នកស្រី​ហើយ​បាន​បង្ខំ​ឲ្យ​ចេញពី​លំនៅដ្ឋាន។

អ្នកស្រី​ ហុង ម៉ៃ ​មាន​ផ្ទៃពោះ​៥​ខែ​ ទោះ​ជាយ៉ាង​ណាក៏ដោយ​ អ្នកស្រី​បាន​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ដើម្បី​ស្វះ​ស្វែង​រក​ការជួយ​ពី​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ អ្នកស្រី​ បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ច្បាប់​ស្តីពី​ព្រៃឈើ​ហើយ​បាន​ចាប់​​អ្នកស្រី​ដាក់​ពន្ធនាគារ។

ប្រាំបី​ខែ​ក្រោយ​មក​ ​ អ្នកស្រី​​បាន​ត្រូវ​គេ​ដោះលែង​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដើម្បី​ដកពាក្យ​​បណ្តឹង​​របស់​គាត់​ដែល​​អ្នកស្រី​បាន​ប្តឹង​​អំពី​ដី​របស់​គាត់។ អ្នកស្រី​ ហុង ម៉ៃ មិន​បាន​ជួប​ប្តី​របស់​គាត់​ចាប់​តាំង​ពីពេល​នោះមក​ ហើយ​អ្នក​ស្រី​និង​កូន​​៥​នាក់​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ជន​ទុគ៌ត។

អ្នកស្រី​ចង់​ឲ្យ​អ្នកប្រើប្រាស់​ទំនិញ​នៅក្នុង​​សហភាព​អឺរ៉ុប​​​​ធ្វើ​ពហិកា​កុំទិញ​ស្ករ​របស់​​កម្ពុជា​ អ្នកស្រី​និយាយ​ថា​ ស្ករ​នោះ​​កើត​ចេញ​ពី​ដី​ ជីវិត​និង​ឈាម​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ត្រូវគេ​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួន។

លោកស្រី​ Guest ​មាន​ប្រសាសន៍​បន្តទៀត​ថា​អង្គការ​សិទ្ធិ​មនុស្ស​​ Amnesty ​មិន​ប្រកាន់​យក​គោលជំហរ​​លើ​បញ្ហា​នានា​ដូចជា​ការដាក់​ទណ្ឌកម្ម​ទេ​ ប៉ុន្តែ​អង្គការ​នេះ​ បាន​ប្រកាន់​ជំហរ​រឹងមាំ​ថា​ព្រឹត្តិការណ៍​នេះ​​ មិនគួរ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​សិទ្ធិ​មនុស្ស​ទេ។ ​ហើយ​ក្នុង​នាម​ជា​អង្គការ​មួយ​ដែល​មាន​ទីតាំង​នៅ​អឺរ៉ុប​ បុគ្គលិក​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Amnesty ​នឹង​បន្ត​​ជួប​ជាមួយ​សមាជិក​សភា​​​នៅ​ក្នុង​ទីក្រុង​ Brussels ​និង​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប។

«យើង​នឹង​ស្នើ​សុំឲ្យ​សមាជិក​​​របស់​យើង​នៅ​ក្នុង​ប្រទេស​នានា​នៅ​អឺរ៉ុប​ ដែល​មាន​សកម្មភាព​យ៉ាង​ខ្លាំង​​លើ​បញ្ហា​នេះ​ ធ្វើ​ការ​អំពាវនាវ​​ដល់​សមាជិ​កសភា​របស់​ពួក​គេ​ ហើយ​ក៏​បង្កើន​​​ការ​យល់​ដឹង​ពី​បញ្ហា​នេះ​ដែរ។ ខ្ញុំ​គិត​ពី​ផ្នែក​មួយនៃ​យុទ្ធសាស្រ្ត​​​​តស៊ូ​មតិ​គាំទ្រ​ ត្រូវតែ​បង្កើន​ការ​យល់​ដឹង​ ​ធ្វើ​ដូច្នេះ​ ​មនុស្ស​យល់​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង។ មនុស្ស​ជាច្រើន​ មិន​យល់​ដឹង​​​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​របាយ​ការណ៍​នៅ​ថ្ងៃ​នេះ​ ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​ផុសចេញ​ឡើង ​ធ្វើ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​អន្តរជាតិ​រួមមាន​​បណ្តា​​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង»។

ការ​ផ្តោត​ការ​ចាប់​អារម្មណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty ​​លើ​ស្រ្តី​និង​សិទ្ធិ​ដីធ្លី​ បាន​ត្រូវ​គូស​បញ្ជាក់​​នៅពេល​ដែល​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​សំខាន់​ម្នាក់​​នៅ​ទីតាំង​ដ៏​ធំ​មួយ​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​បឹងកក់​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​ធ្វើ​អត្តឃាត​នៅ​សប្តាហ៍​នេះ។

អ្នកស្រី​ ជា ដារ៉ា ​មាន​កូន​២​នាក់​ បាន​លោត​ពី​លើ​ស្ពាន​​​​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​គ្រួសារ​របស់​អ្នកស្រី​​បាន​ត្រូវ​គេ​បដិសេធ​ពុំ​​ផ្តល់​ដី​​ឲ្យ​​នៅ​​មាត់​បឹង​នោះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​​អស់​រយៈពេល​៥​ឆ្នាំ។

នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Amnesty ​ពួក​សកម្មជន​ជា​សហការី​របស់​អ្នកស្រី​ ជា ដារ៉ា ​បាន​ស្លៀក​​សម្លៀក​បំពាក់​​ពណ៌​ខ្មៅ​ដើម្បី​​កាន់​ទុក្ខ​​អ្នកស្រី៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន​

This posting includes an audio/video/photo media file: Download Now

តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ចប់​ដោយ​​​ការ​បើក​សវនាការ

Posted: 29 Nov 2011 07:31 PM PST

តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បើក​​សវនាការ​របស់​ខ្លួន​នៅ​សប្តាហ៍​មុន។ ព្រះ​រាជអាជ្ញា​បាន​លាត​ត្រដាង​រឿង​ក្តី​ប្រឆាំង​បុគ្គល​៣​រូប​​​ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័​យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​នៅ​ខណៈ​​ពេល​​ដែល​ពួក​គេ​​មាន​តួនាទីជា​មេដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​ចលនា​នោះ។

ក្រុម​ព្រះ​រាជអាជ្ញា​​បាន​ចំណាយ​ពេល​១​ថ្ងៃ​កន្លះ​​ដើម្បី​ផ្តល់​អំណះ​អំណាង​​​​ចោទ​ប្រកាន់​ប្រឆាំង​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តុលាការ​។

លោក​ Andrew Cayley ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​និយាយ​ថា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ឬCPK ជឿជាក់​ថា​ពួកគេ​ បាន​រក​ឃើញ​ការ​សម្ងាត់​ក្នុង​​ការ​ធ្វើ​បដិវត្តន៍​​កុម្មុយនិស្ត​ប្រកប​ដោយ​ជោគជ័យ​ ជា​សេចក្តី​សម្រេច​ចិត្ត​មួយ​​ដែល​បដិវត្តន៍​ផ្សេងៗ​ទៀត​​មិន​អាច​ធ្វើ​បាន។

«ជន​ជាប់​ចោទ​ បាន​ជឿជាក់​ថា​ បដិវត្តន៍​កុម្មុយនិស្ត​មុនៗ​ បាន​បរាជ័យ​ពីព្រោះ​តែ​ សត្រូវ​វណ្ណៈ បាន​ជ្រៀត​ជ្រែក​ចូល​ហើយ​ធ្វើ​ឲ្យ​​អំពើ​ពុក​ដល់​​បដិវត្តន៍​ទាំង​នោះ។ សេចក្តី​សម្រេចចិត្ត​​​ដែល​ជន​ចុង​ចោទ​ បាន​ចាប់​យក​គឺ​លុប​បំបាត់​ចោល​សត្រូវ​វណ្ណៈ​​របស់​គេទាំងអស់។​ »

លោក ​Cayley បាន​​​​បន្ត​ពន្យល់​​ថា​តើ​នរណា​ជា​សត្រូវ​ ហើយ​​នឹង​ពី​របៀប​សម្លាប់​​រង្គាល​​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​នោះ។

«តុលាការ​​ជាទី​គោរព​ តាមពិត​គឺថា​ មនុស្ស​ដែល​ពួក​ចុង​ចោទ​ចាត់​ទុក​ជា​សត្រូវ​របស់​បក្ស​កុម្មុយនិស្ត​​គឺ​ជា​ក្រុម​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​​និង​រីក​ធំឡើងៗ​ជានិច្ច។»

ប៉ុន្មាន​ថ្ងៃភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​​​របស់​ខ្មែ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥​ សត្រូវ​គឺ​ជន​ណា​ដែល​មានការ​ទាក់​ទិន​​ជាមួយ​របប​លោក​ លន់​ ណុល​ដែលបាន​​ទទួល​បរាជ័យ​ ដូច​ជា​និស្សិត​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​និង​មេធាវី​ ហើយនឹង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ទីក្រុង។

នៅ​ពេល​ដែល​ចលនា​នោះ​ បាន​ត្រូវ​បណ្តេញ​ចេញពី​អំណាច​​ក្នុង​ឆ្នាំ​១៩៧៩​ ជំងឺ​​គិត​​ផ្តេស​ផ្តាស​​​​របស់​គេ​មានន័យ​ថា​គេ ​ឃើញ​សត្រូវ​ទាំង​នោះ​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ជាពិសេស​ទៀត​ នៅ​ក្នុង​ជួរ​​របប​របស់​ខ្លួន​គេផ្ទាល់​។

ក្នុង​ដំណើរការ​នេះ ពួក​ខ្មែរក្រហម​ បាន​កំចាត់​សមាជិក​យ៉ាង​ច្រើន​ដែល​ជា​មនុស្ស​របស់​ខ្លួន​គេផ្ទាល់​ដែរ​។

«ហើយ​នៅពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​រីក​ចម្រើនហើយ​ពួក​មេដឹក​នាំ​​មាន​ជំងឺ​គិត​ផ្តេសផ្តាស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​បានធ្វើ​ឲ្យ​ខ្លួន​គេ​ជឿជាក់​ថា​ ការ​បរាជ័យ​របស់​ខ្លួន​ បណ្តាល​មកពី​​ CIA, KGB ឬ​ភ្នាក់ងារ​វៀតណាម​ ការ​ផ្តោត​ការ​​ប្រមាញ់​សត្រូវ​របស់​ពួកគេ​​បាន​ប្តូរ​ពី​សត្រូវ​វណ្ណៈ​ទៅ​ជា​សត្រូវ​ស៊ី​រូង​​ផ្ទៃក្នុង​ដែល​បាន​ជ្រៀត​ជ្រែកនៅ​ក្នុង​ជួរ​បក្ស។»

​ចំពោះ​​ផ្នែក​របស់​ពួកគេ​ដែលចុង​ចោទ​ហើយ​នឹង​មេធាវី​របស់​ពួកគេ​​បាន​ពណ៌នា​ការ​លើក​ឡើង​​របស់​ក្រុម​ព្រះរាជ​អាជ្ញា​ថា​ជាការ​មិនពិត​ ជារឿង​ប្រឌិត​ទាំង​ស្រុង​ ហើយ​ដូចជា​រឿង​ប្រលោម​លោក​​របស់​ Alexandre Dumas ​ដែល​ជា​អ្នក​សរសេរ​រឿង ​The ​Three ​ Musketeers​ ឬ​ ខ្មាន់​​កាំភ្លើង​ទាំង​បី។

​នួន​ ជា​ អាយុ​៨៥ ឆ្នាំ​ដែល​បាន​អាន​រយៈពេល​៩០នាទី​​ដោយ​ការ​ស្វាហាប់​ បង្ហាញ​​ថា​​ហេតុអ្វី​ បាន​ជាគាត់​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រធាន​មនោគម​វិជ្ជា​​របស់​ចលនា​នោះ​ បាន​រិះគន់​យ៉ាង​វែង​ខ្លាំងៗ​​ប្រឆាំង​នឹង​វៀតណាម​ដែល​ជា​សត្រូវ​​ដ៏​យូរ​អង្វែង​​របស់​ខ្មែរ​ក្រហម។

នួន​ ជា ​បាន​ប្រាប់​តុលាការ​ថា​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើត​​របស់​កម្ពុជា​​ មាន​ផែន​ជា​យូរ​យា​ណាស់​មកហើយ​​​ប្រឆាំង​ប្រទេស​របស់​គាត់​ ហើយ​មាន​បំណង​ប្រាថ្នា​បំបាត់​ប្រជា​ជន​កម្ពុជា​។

នួន ជា​ និយាយ​ថា​ គាត់​ចូល​រួម​បដិវត្តន៍​ដើម្បី​ការពារ​​ប្រទេស​កម្ពុជា។

មនោសញ្ចេតនា​ស្នេហា​ជាតិ​និយម​ បាន​ត្រូវ​ទទួល​យក​ដោយ​អតីត​ប្រមុខរដ្ឋ​ខៀវ​ សំផន​​ដែរ។ លោក​​បាន​ប្រាប់​​​ក្រុម​ព្រះ​រាជអាជ្ញា​ថា​លោក​បាន​​ចាប់​អារម្មណ៍​​លទ្ធិ​កុម្មុយនិស្ត​នៅ​ខណៈ​ពេល​ដែល​គាត់​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉ារីស។

«ថ្ងៃ​នេះ​ អស់​លោក​អ្នក​ មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​រឿង​កំប្លែង​មួយ​។​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ខ្ញុំ​គួរតែ​រំលឹក​អស់​លោក​អ្នក​ថា​នៅ​ពេល​នោះ​លទ្ធិ​កុម្មុយនិស្ត​ជា​ចល​​នា​មួយ​​ដែល​ផ្តល់​សេចក្តី​សង្ឃឹម​​ដល់​យុវជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដគឺ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់​ខ្ញុំ។»

លោក​ ខៀវ ​សំផន​ ក៏​និយាយ​ដែរ​អំពី​​យុទ្ធនាការ​​ទម្លាក់​គ្រាប់បែក​ដ៏​សម្បើម​​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដោយ​ខុស​ច្បាប់​មក​លើ​ប្រទេស​កម្ពុជានៅ​ឆ្នាំ​១៩៦៩។

ការ​ទម្លាក់​គ្រាប់​បែក​​បាន​ត្រូវ​គេ​យល់​ជា​ទូទៅ​ថា​បាន​ជំរុញ​ឲ្យ​​មាន​ការ​គាំទ្រ​ដល់​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ​ បញ្ហា​នេះ​ បាន​ស្ថិត​នៅ​​ក្រៅ​​រយៈពេល​កំណត់​ដែល​ពួក​អ្នក​នយោបាយ​បាន​កម្រិត​សម្រាប់​តុលាការ។

«តើ​អស់​លោក​ អាច​នឹក​ស្រមៃ​ពី​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​ បាន​ប្រឈម​មុខ​បន្ទាប់​ពី​ការ​សម្លាប់​បង្ហូរ​ឈាម​បែប​នោះ? ទោះ​បី​ អស់​លោក​អ្នក​ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​វា​ក៏ដោយ​ ប្រជា​ពលរដ្ឋ​កម្ពុជា​​ភាគ​ច្រើន​ បាន​ផ្តល់​ការ​គាំទ្រ​របស់​គេ​ដល់​យើង​ដើម្បី​ប្រឆាំង​នឹង​របប​លោក​លន់​ ណុល។»

​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ អៀង សារី​ បាន​និយាយ​ត្រួសៗ​​​តវ៉ា​ថា​តុលាការ​ មិន​បាន​ពិចារណា​ពី​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដល់​លោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៦​ដើម្បី​ឲ្យ​គាត់​​ហើយ​នឹង​​​ពួក​អ្នក​គាំទ្រ​រាប់​ពាន់​ទៀត​របស់​គាត់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។

មេដឹកនាំ​ទាំង​៣​ ត្រូវរង​ការ​ចោទ​ប្រកាន់​​ពី​បទ​​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយនឹង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​គឺ​ ឧក្រិដ្ឋកម្ម​នៃ​ការ​សម្លាប់​ ​វិនាសកម្ម ការ​ធ្វើ​ជាទាសភាព​ ការ​ដាក់គុក​ ការ​ធ្វើ​ទារុណ​​កម្ម​ ការ​ប្រហារ​ជីវិត​​ហើយ​នឹង​ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​។

ក្នុង​សារៈ​សំខាន់​មួយទៀត​ ពួកគេ​ ​ត្រូវកាត់ទោស​ពី​ការ​ធ្វើ​ឲ្យ​មាន​នយោបាយ​ដែល​បាន​នាំឲ្យ​មាន​ការស្លាប់​ប្រជា​ពលរដ្ឋ​​ប្រហែល​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​​១៩៧៥​និង​ឆ្នាំ​១៩៧៩។

ពួកគេ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់។

ការ​ឆ្លើយ​តប​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​មើល​ដំណើរការ​កាត់​ទោស​​មាន​ភាព​ផ្សេងៗគ្នា​ចាប់​តាំងពី​ការមានសមានចិត្តដល់​ជន​ចុងចោទ​ចាស់​ជរារហូត​​​ដល់​ការ​ខឹង​សម្បារ​​ថា​ពួកគេ​​បាន​បន្ត​បដិសេធ​ការទទួល​ខុសត្រូវ​​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​របប​របស់​ពួកគេ​។

លោកស្រី ​Clair Duffy ​អ្នក​សង្កេតការ​ណ៍​​​តុលាការ​​ដែល​ឃ្លាំមើល​​ដំណើរការ​កាត់​ទោស​​សម្រាប់​​អង្គការ​ការ​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​បើក​ចំហរ​ (Open ​Society​ Justice​ Initiative) និយាយ​ថា​​​ភាគី​ដើម​ចោទ​ហើយ​នឹង​​ភាគី​ចុងចោទ​បាន​ធ្វើ​ការងារ​បាន​​យ៉ាង​ល្អ។

ហើយ​នៅ​ខណៈនោះ​ដែរ​ នួន​ ជា​​ និង​ អៀង សារី​ ខកខាន​មិន​បាន​ឆ្លើយតប​​ការ​ចោទ​ប្រកាន់​ដ៏​សំខាន់​ប្រឆាំង​​នឹង​ពួកគេ​ទេ លោក​ ខៀវ​ សំផន​ បាន​ឆ្លើយតប​ដល់​ការ​ចោទ​ប្រកាន់​​របស់​ក្រុម​ព្រះរាជអាជ្ញា​ ហើយ​បាន​វាយ​ប្រហារ​ភស្តុតាង​​ខ្លះ​ៗ​។

លោកស្រី ​Duffy ​និយាយ​ទៀត​ថា​រយៈពេល​មួយ​សប្តាហ៍​បាន​ធ្វើ​ឲ្យ​​ឃើញ​ល្បិចកល​​​ដែល​​​ក្រុម​ចុងចោទ​​នឹង​ឆ្លើយ​ការពារ​ខ្លួន។

សេចក្តី​ថ្លែងការណ៍​របស់​នួន​ ជា​ ​បាន​ផ្តោត​លើ​ទិដ្ឋភាព​នយោបាយ​​ទូលំ​ទូលាយ​​​នៅពេល​នោះ​ ហើយ​នឹង​ទំនាក់ទំនង​ដ៏​ល្វីង​ជូរ​ចត់​​រវាង​បក្ស​កុម្មុយនិស្ត​​វៀត​ណាម​និង​កម្ពុជា។

«ចំពោះ​លោក​ ខៀវ សំផន​គោលជំហរ​របស់​គាត់​គឺ​ថា​ ទោះបី​ ខ្ញុំ​ស្ថិត​ក្នុង​តួនាទី​​នេះ​ក៏​ដោយ​ ខ្ញុំ​ មិនមែន​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​ ខ្ញុំ​មិនមែន​​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់ៗ​ទេ ​មាន​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នៅ​ពេល​នោះ​ហើយ​ យើង ​មិន​បាន​ត្រួតត្រា​បញ្ហា​នោះ​ទេ។»

ការ​កាត់ទោស​របស់​មេដឹកនាំ​ទាំង​៣​​បាន​ត្រូវ​ចែក​ជា​ការ​កាត់ទោស​តូចៗ​មួយ​ចំនួន​ ហើយ​នៅ​សប្តាហ៍​នេះ​ បាន​ឃើញ​ការ​ចាប់​ផ្តើមការ​កាត់ទោស​លើក​ទីមួយ​នៃ​ការ​កាត់​ទោស​តូចៗទាំង​នោះ។ ការ​កាត់​ទោស​ភាគ​ច្រើន​ នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទ​​នៃ​ការ​ផ្លាស់​ទីលំនៅ​​ដោយការ​បង្ខំ​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរ​ក្រហម។

ការ​ចោទ​ប្រកាន់​នេះ​ និយាយ​យោង​ដល់​ព្រឹត្តិការណ៍​​​២​ក្នុង​ឆ្នាំ​១៩៧៥ ​នៅ​ពេល​ដែល​កងទ័ព​​របស់​ប៉ុល​ ពត​​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​​ហើយ​បាន​ជម្លៀស​មនុស្ស​​ដោយ​ការ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ទីប្រជុំជន​ទាំង​អស់។ នៅពេល​បន្ទាប់​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​នោះ​ ពួកគេ​បាន​បង្ខំ​​​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ជំរំ​​ការងារ​នៅ​ទូទាំង​ប្រទេស។

ក្រុម​ព្រះ​រាជអាជ្ញា​និយាយ​ថា​ មនុស្ស​រាប់​ម៉ឺននាក់​​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ផ្លាស់​ប្តូរទី​កន្លែង​ទាំង​នេះដែល​បាន​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទីមួយ​នៃ​បទពិ​សោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខ្លះ។ ក្នុង​ការ​ថ្លែង​បើក​សុន្ទរកថា​​របស់​លោក​ ​លោក​ Cayley ​បាន​​ដាក់​ចំនួន​មនុស្ស​ស្លាប់​ពេល​នោះ​ថា៖

មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា​៤​នាក់​​បាន​ស្លាប់​ លោក​ មាន​ប្រសាសន៍​ថា៖

«ការបាត់​បង់​ជីវិត​ដែល​​មិនកើត​មាននៅ​ប្រទេស​ជាតិ​​ណាមួយ​ទេ​​ចាប់​តាំង​ការ​សម្លាប់​បុរសពេញវ័យ​​ហើយនឹង​ការ​យកស្រ្តី​និង​កុមារ​ធ្វើ​ជា​ទាសករ​នៅលើ​កោះ​ Milos ​របស់​រដ្ឋ​ Athenian ​កាល​ពី​២​ពាន់​៤រយ​ឆ្នាំ​មុន។ នៅ​ពេល​ដែលត្រូវ​​បាន​វិនិច្ឆ័យ​ពី​លក្ខខណ្ឌ​នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់​​ជាតិ​មួយ​ដែល​បាន​ស្លាប់​ឬ​ត្រូវ​ធ្វើ​ឃាត​ ទំហំ​នៃ​មហន្តរាយ​ខាង​មនុស្សជាតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ចុងចោទ​ទាំង​​នេះ​នៅ​ក្នុង​ប្រទេស​នេះ ​​មិន​មាន​អ្វី​ប្រៀបធៀប​បាននៅ​ក្នុង​សម័យ​ទំនើប​នេះ។»

តុលាការ​មាន​គម្រោង​ចាប់​ផ្តើម​សវនា​​ពិនិត្យ​មើល​លើ​ភស្តុតាង​ដាក់​បន្ទុក​នៅ​ថ្ងៃ​ទី៥ ​ខែ​ធ្នូ៕

ប្រែសម្រួល​​ដោយ​ ជឹង​ ប៉ូជីន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!