VOA News: ព័ត៌មាន: “គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ជាប់​អន្ទាក់​មុន​ពេល​បោះឆ្នោត” plus 4 more

VOA News: ព័ត៌មាន: “គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ជាប់​អន្ទាក់​មុន​ពេល​បោះឆ្នោត” plus 4 more


គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ជាប់​អន្ទាក់​មុន​ពេល​បោះឆ្នោត

Posted: 02 Jun 2011 02:54 PM PDT

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចង់​រួប​រួម​គ្នា​ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​កំពុង​ធ្លាក់​ចូល​អន្ទាក់​ផ្លូវ​ច្បាប់​ និង​ការ​ប្រឡាក់​កេរ្តិ៍​ឈ្មោះ​អាក្រក់​មុន​ពេល​បោះឆ្នោត។​​ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សម រង្ស៉ី​ គឺ​លោក​ សម រង្ស៉ី​ជាប់​ទោស​ពី​បទ​ដក​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ ហើយ​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ​មក មេដឹកនាំ​គណបក្ស​ជំទាស់​មួយ​រូប​ទៀត​គឺ​លោក​កឹម សុខា​ត្រូវ​គេ​ធ្វើ​ឲ្យ​ជាប់​ក្នុង​រឿង​ពិបាក​ដោះសា្រយ​ចំពោះ​អ្នក​បោះឆ្នោត​ដែរ​គឺ​ការ​បែក​ធ្លាយ​ឯកសារ និង​ខ្សែ​អាត់​សន្ទនា​ដែល​ត្រូវ​បាន​ចោទ​ថា​លោក​កឹម សុខា ជា​មនុស្ស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ប្រើ​ប្រាស់​ដើម្បី​បំបែក​សំឡេង​អ្នក​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​លោក​ កឹម សុខា​បាន​បដិសេធ​ការ​ពាក់​ព័ន្ធ​នានា។

គាប់​ជួន​នឹង​បរាជ័យ​ក្នុង​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្សី​ និង​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​ទាំងពីរ​នេះ​បាន​បង្កើន​ការ​វាយ​ប្រហារ​គ្នា​ ចោទ​ប្រកាន់គ្នា លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​រិត​តែ​ខ្លាំង​ឡើង​ក្រោយ​ពេល​ឯកសារ​ និង​ខ្សែអាត់​សំឡេង​នោះ​ត្រូវ​ទម្លាយ​ចេញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម​អំពិល​របស់​លោក​ សយ សុភាព។ ចំណែក​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះវិញ​ ហាក់ដូច​ជា​នៅ​ស្ងៀម ឬ​បដិសេធការ​ពាក់ព័ន្ធ​ ហើយ​ចាំ​ទទូលផល​ពី​វិបត្តិ​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ។

លោក​ ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និកហ្វិច (NICFEC) ​បាន​អះអាង​ថា៖

«ខ្ញុំ​គិត​ថា គណបក្ស​ទាំង​អស់​គឺ​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​នៅ​មុន​យុទ្ធនាការ។ អញ្ចឹង​រូបភាព​អី​ក៏​អាច​កើត​មាន​ឡើង​ដែរ។ ហើយ​អ្វី​ដែល​ជា​ការ​លេច​ឮ​ប៉ុន្មាន​ថ្ងៃ​នេះ​ ពាក់ព័ន្ធ​នឹង​ក្រុម​គណបក្ស​កាន់​អំណាច​ហើយ​នឹង​គណបក្ស​ដែល​មាន​អាសនៈ​តិច​ក្នុង​រដ្ឋសភា​ក៏​កំពុង​តែ​ប្រកួត​ប្រជែងគ្នា។ ហើយ​ខ្ញុំ​គិត​ថា យ៉ាង​ណា​ក៏​ដោយ នេះ​ជាទម្រង់​មួយ​នៃ​ប្រជា​ធិបតេយ្យ។​ ប៉ុន្តែ​ក៏សុំ​អំពាវនាវ​ឲ្យ​គណបក្ស​ទាំងអស់ ឲ្យ​រៀបចំ​ឥរិយាបទ​ទៅ​តាម​អ្វី​ដែល​ជា​សេចក្តី​ថ្លៃ​ថ្នូរ ហើយនឹង​អ្វី​ដែល​សម​ជា​អនាគត​ ក៏​ដូច​ជា​អ្នក​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ»។

កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​២០១២​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ហើយ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​ខាងមុខ។

ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​កឹម សុខា និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បាន​សង្កេត​ឃើញ​ថា​ មាន​ការ​សន្ទនា​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ លោក​ កឹម សុខា​បាន​រាយការណ៍​រឿង​រ៉ាវ​នានា​អំពី​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក ដូចជា​អំពី​ការ​ចំណាយ​ អំពី​ការ​ដែល​មាន​សមាជិក​គណបក្ស​សម រង្សី​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស ការ​សម្តែង​អំណរ​គុណ​ដល់​លោក ​ហ៊ុន សែន​ដែល​ជួយ​សម្រួល​កិច្ចការ​នានា​ពេល​លោក​ កឹម សុខា​ធ្វើ​សាមាជ​បង្កើត​គណបក្ស​លោក​ជាដើម។

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​បាន​ចាត់​ទុក​ថា ការ​ទម្លាយ​ព័ត៌មាន​ចុង​ក្រោយ​នេះ​គឺជា​ភ័ស្តុតាង នៃ​ចេតនា​ក្នុង​ការ​ផ្តួល​គណក្ស​របស់​លោក​​តាមរយៈ​រូបភាព​ផ្សេងៗ​ និង​ការ​ឃុប​ឃិត​គ្នា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស សម រង្ស៉ី ​ចុះ​ខ្សោយ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា មាន​ការ​ទម្លាយ​ឯកសារ​សម្ងាត់។ ហើយ​ឃើញ​ថា គណបក្ស​ប្រជាជន​គេ​បាន​ឧបត្ថម្ភ​ គេ​បាន​គាំទ្រ​ គេ​បាន​ប្រើ​ប្រាស់​គណបក្ស​ផ្សេងៗ​ដែល​អះអាង​ថា​ជា​គណបក្ស​ប្រជា​ធិបតេយ្យ​តែ​តាម​ពិត គឺ​គេ​រួម​កម្លាំងគ្នា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី ​មាន​បញ្ហា​ឬ​ក៏​ចុះ​ខ្សោយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ហើយ​បួន​ឆ្នាំ​ ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​ ដែល​គណបក្ស ប្រជាជន​បាន​ជួល​គណបក្ស​មួយ​ចំនួន​ឲ្យ​មក​វាយប្រហារ​គណបក្ស​សម រង្ស៊ី​តែ​បរាជ័យ។​ មិន​ធ្វើ​ឲ្យ​គណបក្ស​ សម រង្ស៊ី​ខ្សោយ​ ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី​កាន់ តែ​ខ្លាំង»។

លោក​សម រង្ស៊ី លើកយក​ឧទារហរណ៍​ថា គណបក្ស​ សម រង្ស៊ី​បាន​កើន​អាសនៈពី​២៤ដល់​ទៅ​២៦​ក្នុង​ការ​បោះឆ្នោត​ខែកក្កដា​ឆ្នាំ​២០០៨​ គឺ​ក្រោយពេល​ មាន​ការ​រៀប​ចំផែនការ​សម្ងាត់​កាលពី​ឆ្នាំ២០០៧​ខែកក្កដា។ ចំណែក​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា​វិញ​បាន​ការពារ​ខ្លួន​លោក​ថា ទោះ​ជា

មាន​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ដ៏ទៃ​យ៉ាងណា​ក៏ដោយ ​ប្រជា​ពលរដ្ឋ​អ្នកគាំទ្រ​លោក​ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​ប្រទេស​ បាន​ដឹង​ច្បាស់​ថា នេះ​ជា​កលល្បិច​របស់​អ្នក​ណា។ លោក​បាន​ថ្លែងថា​ ប្រសិន​បើ​គណបក្ស​សិទ្ធិមនុស្ស​មិនមែន​ជា​គណបក្ស​ខ្លាំង​មួយ​គេ​មិន​មក​រក​រឿង​នោះ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ដូច្នេះ​គេ​ស្គាល់​ជំហរ​យើង​ច្បាស់។ ទោះបី​អ្នកណា​និយាយ​ថា យើង​យ៉ាង​ម៉េច​ក៏​ដោយ ប្រជា​ពលរដ្ឋ​មិន​អាច​រេរា​តាម​ការ​ពង្វក់​របស់​គណបក្ស​កាន់​អំណាច​ទេ។ ខ្ញុំ​ជឿ​ថា ទោះបី​គណបក្ស​កាន់អំណាច​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ស្រឡាញ់​ប្រទេសជាតិ​នោះ​គឺ​គេ​បាន​មាន​ជម្រើស​របស់​គេ​ច្បាស់​លាស់​ហើយ​ គេបាន​ចូលរួម​យ៉ាងច្រើន​កុះករ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស»។

លោក​ កឹម សុខា​បាន​អះអាងថា ការ​សង្ស័យ​នានា​បាន​ជ្រះ​ស្រឡះ​ហើយ​ថា គណបក្ស​សិទ្ធិមនុស្ស​មិនមែន​ជាអាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ មេដឹកនាំ​ក្រុមប្រឆាំង​ទាំងពីរ​គឺលោក​ សម រង្ស៊ី​ និងលោក​កឹម សុខា​ នៅ​បន្ត​អួត​អាង​ ហើយ​ពុំ​បាន​ទទួល​ស្គាល់​ថា​ ឯកសារ​សម្ងាត់ដែល​​បែក​ធ្លាយ និង​ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោត​របស់​ពួកគេ​ទៅ​ថ្ងៃ​ខាង​មុខ​ទេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ហាក់​ដូច​ជា​ពុំ​បាន​បិទទ្វារ​សម្រាប់​ការ​ចង​សម្ព័នភាព​រវាងគ្នា និងគ្នា​ទៅមុខ​ដែរ។

លោក​ សម រង្ស៊ី​បាន​ប្រើ​ពាក្យ​ថា នៅ​តែ​ចង់​រួប​រួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ តែ​មិនមែន​ជាមួយ​អ្នក​ចរចា​សម្ងាត់​ជាមួយ​លោក​ហ៊ុន សែន​ទេ។​ ចំណែក​លោក​កឹម សុខា វិញ​នៅ​មាន​ជំហរ​រង់ចាំ​ថ្ងៃណាមួយ​ពេល​ដែល​លោក​ សម រង្ស៊ី​ប្រែចិត្ត​ក្នុងការ​ចង​សម្ព័ន្ធភាព។

លោក​ ហង្ស ឆាយានាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លិទ្ធិ​ប្រជា​ធិបតេយ្យ​បាន​អះអាង​ថា​ មេដឹកនាំ​គណបក្ស​សម រង្ស៊ី​ស្ថិត​នៅ​និរទេស​ខ្លួន​ជា​ការ​ព្រួយ​បារម្ភ​ សម្រាប់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​ លោកបាន​ថ្លែងថា​ការ​មាន​បញ្ហា​រឿង​គណបក្ស​សិទ្ធិមនុស្ស​ទាក់ទង​និងការ​បែកធ្លាយខ្សែអាត់​សម្ងាត់​មុន​ការ​បោះឆ្នោត​នោះ អាច និង​បញ្ចប់​ការ​ប៉ុន​ប៉ង​ចង​សម្ព័ន្ធភាព​ដែល​បរទេស​មួយ​ចំនួន​ចង់​ឃើញ។ លោក​ឆាយា មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជឿ​ថា បញ្ហា​ហ្នឹង​ចប់​ហើយ។ ពីព្រោះ​គណបក្ស​សម រង្ស៊ី​អត់​មាន​ការ​លើក​ទឹក​ចិត្ត​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​ទេ។ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ ចេញ​អាហ្នឹង​មក​មិន​អាច​មាន​អី​ទប់​ស្កាត់​ឬក៏​ពន្យល់ពី​មូលហេតុ​ទាំងនោះ​ដែរ។​ហើយ​សំខាន់ទៅ​ទៀតអ្នក​ជួយ​ជ្រោមជ្រែង​នោះ គណបក្ស​ទាំងពីរ​នោះ​គេ​បែប​ធុញ​ទ្រាន់។ ​អានេះ​គ្មានការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក។ ម៉្លោះ​ហើយ​មិន​អាច​កើត​ឡើង​បាន​ទេ»។

លោក​ ឆាយា​បាន​ថ្លែង​ថា ការ​គិតគូរ​ពី​បញ្ហា​ស្ថិរភាព និង​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាការ​សំខាន់​ដែល​ត្រូវ​ជជែក​គ្នា​ជាង​ការ​យក​លេស​បំបែក​បំបាក់ គណបក្ស​ជំទាស់​ទាំងពីរ៕

This posting includes an audio/video/photo media file: Download Now

ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន

Posted: 02 Jun 2011 02:16 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់ ការចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ​១២៤​នាក់​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​មាន​អំណាច​ និង​ថៅកែ​ក្រុមហ៊ុន​នៅ​ដើម​ឆ្នាំ២០១១​នេះ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា តាម​ការ​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក​បាន​រក​ឃើញ​ថា ការ​ចោទ​ប្រកាន់​ពី​បទព្រហ្មទណ្ឌ​របស់​តុលា​ការធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ទៅ​លើ​អ្នក​ភូមិ​ក្រីក្រ​ស្លូត​ត្រង់​ ដែល​ពួក​គាត់​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់។ លោក​មាន​ប្រសាសន៍​ថា៖

«គិត​ពី​ដើម​ឆ្នាំ​២០១១​រហូត​ដល់​បច្ចុប្បន្ន សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទំនាស់​ដី​ធ្លី​ចំនួន​១២៤​នាក់​ដែរ ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ ​និង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ក្នុង​នោះ​មាន​៣៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ១៨​នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ និ​ង​៨៨​នាក់​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​តុលាការ»។

សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ភូមិ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ភាគ​ច្រើន​ជា​ម្ចាស់​ដី។ ពួកគេ​បាន​កាន់កាប់​ដី​ផ្ទះ​សម្បែង​ស្របច្បាប់​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ តែ​អ្នកមាន​អំណាច​ និង​ថៅកែ​ក្រុមហ៊ុន​បាន​ចូល​ទន្ទ្រាន​យកដី​ស្រែ​ចម្ការ​ពី​អ្នក​ភូមិ។ នៅ​ពេល​ដែល​អ្នក​ភូមិ​ទាមទារ និង​​តវ៉ា​ការពារ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ៗ​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំខ្លួន​ពី សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ និង​តុលាការ​ទៅ​វិញ។

លោក ​នី ចរិយា ​បាន​ថ្លែង​ថា សមាគម​អាដហុក​បាន​វិភាគ​ការ​ផ្តល់​យុត្តិធម៌​ដោយ​ប្រព័ន្ធ​តុលាការ​នានា។ ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ដែល​ទាម​ទារ​ដី​ធ្លី ការពារ​កម្មសិទ្ធិ​ និង​ទប់​ទល់​នឹង​ការ​ឈូស​ឆាយ​ទ្រព្យសម្បត្តិ​ពី​សំណាក់​អ្នក​មាន​អំណាច ​ឬក្រុមហ៊ុន​ឯកជន មិន​ត្រូវ​បាន​ចាត់ការ ឬ​ចាត់​ការ​ដែរ តែ​មិន​ទាន់​ពេល​វេលា។

ជន​រងគ្រោះ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ចំនួន​ជាង​៥០នាក់​មក​ពី​ខេត្ត​កណ្តាល​ កំពង់ចាម​ កំពង់ឆ្នាំង ពោធិសាត់​ កំពង់ធំ​ ព្រះសីហនុ ព្រៃវែង​ ព្រះវិហារ កោះកុង បាត់ដំបូង បន្ទាយ​មានជ័យ ក្រចេះ ​និង​កំពង់​ស្ពឺ ​បាន​ប្រមូល​ផ្តុំគ្នា​នៅទី​ស្នាក់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ដើម្បី​ធ្វើ​ញត្តិ​ជូន​លោក​ស៊ូរីយ៉ា ប្រាសាដ ស៊ុបិឌី (Surya Prasad Subedi) ដែល​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​នឹង​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី៥​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

លោក​ហោ ជា​ អាយុ​៣៥ឆ្នាំ ​នៅ​ឃុំ​សំរោងធំ​ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​បាន​និយាយថា​ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​អ្នក​ភូមិ​របស់​លោក​ចំនួន​១៩នាក់​ និង​អ្នក​ភូមិ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«សព្វថ្ងៃ​នេះ ​ខ្ញុំ​សូម​ឱ្យ​ប្រព័ន្ធ​តុលាការ​សូម​ឱ្យ​រកយុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ កុំឱ្យ​មាន​ទំនាស់​ដីធ្លី​នេះ​ចាប់​ចង​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​តទៅ​ទៀត។ ខ្ញុំ​សូម​ឱ្យ​ប្រព័ន្ធ​តុលាការ​ជួយ​រក​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រជាពល​រដ្ឋ​សុំ​តែ​ការពារ​ដី​ប្រជាពលរដ្ឋ​យើ​ងខ្ញុំ»។

អ្នកស្រី ​ហែម សុខុន ​អាយុ​៣៨ឆ្នាំ ​ឃុំ​ដូនបា​ ស្រុក​កោះក្រឡ ខេត្ត​បាត់ដំបង ​បាន​ថ្លែងថា​ អ្នកស្រី​ក្នុង​ចំណោម​អ្នកភូមិ​១៤៥​គ្រួសារ​បាន​ទទួលរង​នូវ​ភាពអយុត្តិធម៌​ក្នុងរឿង​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ឃុំ ​ដែល​តុលាការ​កំពុង​តាម​ចាប់​អ្នកស្រី​ និង​អ្នកភូមិ​ប្រាំ​នាក់​ទៀត​ ខណៈ​ដែល​អ្នកភូមិ​ពីរនាក់​កំពុង​ជាប់​ពន្ធនាគារ​អំពី​បទ​ប៉ះ​ពាល់​កម្មសិទ្ធិ​ឯកជន។ លោក​ស្រី​បាន​ថ្លែង​ថា៖

«យើង​ឡើង​ទៅ​តុលាការ​ដើម្បី​កុំ​ឱ្យ​ល្មើស​នឹង​ច្បាប់​ពីព្រោះ​យើង​អត់​មាន​បាន​ប៉ះ​ពាល់​អ្វី​ទេ។ ដីកា​នេះ​គេ​ដាក់​ថា​សាកសួរ។ ដល់​ពេល​ឡើង​ទៅ​ដល់​តុលាការ​មិនទាន់​បាន​និយាយ​អ្វីផង​ស្រាប់​តែ​ចៅក្រម​ដាក់ខ្នោះ​ប្រជាពលរដ្ឋ​ជាមួយខ្ញុំ​ទៅ​បាត់។ ដល់​ពេល​រសៀល​ម៉ោងពីរ​ត្រូវ​ដល់​វេនខ្ញុំៗ​អត់​ហ៊ាន​ចូល​ខ្លួន​ទៅ​ជួប​តុលាការ​ទេ​ ។ ខ្ញុំ​ឃើញ​តុលាការ​អយុត្តិធម៌​បែបហ្នឹង។ តុលាការ​អត់​ហៅ​យើង​ទៅ​សាក​សួរ​តាម​ដីកា​ទេ។ ហៅ​យើង​ទៅ​ដាក់​ខ្នោះ។ ត្រង់ហ្នឹង​ហើយ​ដែល​តុលាការ​អយុត្តិធម៌​បំផុត។ អ្នក​ភូមិ​បួន​នាក់​ទៀត​ត្រូវ​បាន​តាម​ចាប់ខ្លួន​ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​តាម​ចាប់​ខ្លួន​ដែរ»។

លោក អ៊ិន វ៉ានវិបុល​ ប្រធាន​តុលាការ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា សាលា​ដំបូង​ខេត្ត​បាត់ដំបង​មិន​ដែល​ចេញ​ដីកា​ចាប់ខ្លួន​ប្រជាពលរដ្ឋ​អំពី​រឿង​ជម្លោះ​ដីធ្លី​ទេ។

This posting includes an audio/video/photo media file: Download Now

សមកម្មជន​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​សម្លាប់

Posted: 02 Jun 2011 01:47 PM PDT

ជំទប់​ឃុំម្នាក់ និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​របស់​គណ​បក្ស​សម រង្ស៊ី ​នៅឆ្នាំ​២០១២ ក្នុង​ខេត្ត​កណ្ដាល​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​វាយ​សម្លាប់​កាល​​ពីយប់​ថ្ងៃ​ពុធ​នេះ។ ករណី​ឃាតកម្ម​ដែល​បាន​កើត​ឡើង​ស្រប​ពេល​ដែល​បេសកជន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​បេសកម្ម​នៅ​កម្ពុជា។ គណបក្ស​សម រង្ស៊ី ​បាន​ហៅ​អំពើ​ហឹង្សា​នេះ​ថា​ជា​ឃាតកម្ម​នយោបាយ។

លោក​អ៊ុក ឆន្ទៈ អាយុ៦៤​ឆ្នាំ ​ជំទប់​ទី​២ ​ក្នុង​ឃុំ​ឈើ​ទាល​ ស្រុក​កៀនស្វាយ​ ត្រូវ​បាន​សម្លាប់​នៅ​ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​យាម​ប្រចាំការ​នៅ​ក្នុង​ឃុំ​វេលា​ម៉ោង​ប្រមាណ​ជា​ដប់​យប់​ម្សិល​មិញ​នេះ ហើយ​សាកសព​ត្រូវ​បាន​រក​ឃើញ​នៅ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់។

លោក​ចាន់ ចេង ​តំណាងរាស្ដ្រ និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សម រង្ស៊ី ​បាន​អះអាង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​វាយ​សម្លាប់​នឹង​ដំបង​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​លើ​ផ្ទៃ​មុខ និង​លើ​ក្បាល។ ដោយ ឡែក​មន្ដ្រី​សិទ្ធិមនុស្ស​អះអាង​ថា ​សាកសព​ត្រូវបាន​ឃាតករទម្លាក់​ចូល​ក្នុង​ទឹក​ត្រឹម​ក្បាល។

លោក ​ចាន់ ចេង ​ចាត់​ទុក​ថា នេះ​ជា​ការ​សម្លាប់​ដែល​មាន​ចេតនា​នយោបាយ​ដោយ​ហេតុ​ថា ជន​រងគ្រោះ​គឺ​ជា​សកម្មជន​ដែល​មាន​ប្រជា​ប្រិយភាព​មួយ​រូប​ដែល​រំពឹង​ថា អាច​នឹង​នាំ​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ក្នុង​នាម​ថ្នាក់​ដឹកនាំ​គណបក្ស​សម រង្ស៊ី​គឺថា ឃាតកម្ម​នេះ​ជា​ឃាតកម្ម​នយោបាយ។ គាត់​មិន​មែនជា​មនុស្ស​ម្នាក់​ដើរ​ហើរ ​ស៊ីផឹក ​ឬ​មាន​បញ្ហាអ្វី​ផ្សេង​នោះ​ទេ។ ប្រជាប្រិយ​របស់​គាត់​ក្នុង​មូល​ដ្ឋាន​នោះ​ គឺ​គេ​ផ្ដល់​ឲ្យ​គាត់ គឺ​គេ​នឹង​បោះឆ្នោត​ឲ្យ​គាត់​ព្រោះ​គាត់បម្រើ​ប្រជាពលរដ្ឋ​ដោយ​អត់​គិត​នឿយ​ហត់​ខ្លួនឯង​ទេ»។

ផ្ទុយ​ទៅ​វិញ​ លោក​ឧត្តមសេនីយ៍​ អ៊ាវ សំរើន ស្នងការ​នគបាល​ខេត្ត​កណ្ដាល​អះអាង​ថា ឃាតកម្ម​នេះ​កើត​ចេញ​ពី​អំពើ​ប្លន់។

«ជា​ករណី​ប្លន់​យក​ទ្រព្យ​សម្បត្តិ។ កិច្ចការ​ទាំង​នេះ ​ខ្ញុំ​បាន​ចាត់ចែង​កម្លាំង​ ដើម្បី​ស៊ើបអង្កេត​បន្ទាន់​មួយ។ ដូច្នេះ ​ទាល់​តែ​ធ្វើ​ការ​ហ្មត់​ចត់​បន្ដិច ​ពីព្រោះ​ពេលយប់​នោះ​គាត់​ទៅ​ធ្វើការ ​គាត់​សុំចេញ​មកមុន ​គាត់​ថា​ទៅ​ផ្ទះ តែ​ផ្ទុយ​ទៅវិញ​បែរ​ជា​គាត់​មិន​ទៅ​ផ្ទះ ​គាត់​ទៅ​ដល់ គគី​ឯណោះ ​ហើយ​បាន​ជួប​ហេតុការណ៍​នោះ​ឡើង។ យើង​នឹង​ខំ​ស្រាវ​ជ្រាវ​រក​ឲ្យ​ឃើ​ញ​ករណី​នេះ»។

ម៉ូតូ​ម៉ាក​ហុងដា ​ទូរសព្ទ័​ដៃ ​និង​ម៉ាស៊ីន​ថត​មួយ​គ្រឿង​របស់​ជន​រងគ្រោះ​បាន​បាត់បង់។ ក៏​ប៉ុន្ដែ​លោក​ចាន់ ចេង ​បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​របស់​ប៉ូលីស​ ហើយ​លើក​ឡើង​ថា​ មាន​ជំទប់​ និង​ក្រុម​ប្រឹក្សា​ឃុំ ​គណបក្ស​ សម រង្ស៊ី ​សរុប​ចំនួន​បី​នាក់​ក្នុង​ឃុំ​បន្ទាយ​ដែក​ ឃុំ​សំរោង​ធំ ​និង​ឃុំ​គគី​ធំ​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទាក់​ទង​នឹង​ទំនាស់​ដីធ្លី ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​ជំទាស់​ទាំង​នោះ​បាន​ឃ្លាំ​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​អំពី​ការរំលោភ​ដីធ្លី។

លោកអំ សំអាត​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​លីកាដូ​​ដែល​បាន​ចុះ​ទៅ​អង្កេត​ដល់​ទីកន្លែង​នៅ​ថ្ងៃ​នេះ មាន​ប្រសាសន៍​ថា នៅ​មាន​ចំណុច​សង្ស័យ​ជា​ច្រើន​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​​បន្ថែម​ទៀត។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​នៅ​មាន​ចំណុច​ជា​ច្រើន​នៅ​មាន​ការ​មន្ទិល​សង្ស័យ​ ពីព្រោះ​គេថា ចោរប្លន់​គាត់ តែ​តាម​ពិត​យើង​ឃើញ​ថា ​គាត់​ត្រូវ​បាន​គេ​វាយ​ពី​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ចោល​ប្រមាណ​ជា​ជាង​មួយ​គីឡូ​ម៉ែត្រ»។

កម្ពុជា​គ្រោង​នឹង​ធ្វើការ​បោះឆ្នោ​តជ្រើរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ២០១២។ គណបក្ស សម រង្ស៊ី ​ស្ថិត​ក្រោម​ការ​ដឹកនាំ​គណបក្ស ​គឺ​លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​តុលាការ​ក្នុង​ស្រុកកាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ។

អំពើ​ហឹង្សា​លើ​សកម្មជន​គណបក្ស​សម រង្ស៊ី​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ មុន​លោក​សុរិយា ប្រាសាដ ស៊ុបិឌី​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​បញ្ចប់​បេសកកម្ម​រយៈពេល​ប្រាំ​ថ្ងៃ​របស់​ខ្លួន​នៅ​កម្ពុជា។ លោក​ ស៊ុបិឌី ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សេរី​ភាព​បញ្ចេញមតិ​ និង​ទំនាស់​ដីធ្លី៕

This posting includes an audio/video/photo media file: Download Now

សាលាក្តី​ខ្មែរ​ក្រហម​តែង​តាំង​មន្រ្តី​សាធារណៈពីររូប

Posted: 02 Jun 2011 08:33 AM PDT

សាលាក្តី​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ​ក្រោម​ការ​គាំទ្រ​ ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ នេះ​ បាន​សម្រេច​តែង​តាំង​មន្រ្តី​ថ្មី​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ នៅ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ ​បន្ទាប់​ពី​លោក​រាជ សម្បត្តិ ​អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ កាលពី​ដើម​ខែ​ឧសភា ​កន្លង​ទៅ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មានរ​បស់​សាលាក្តី​ខ្មែរក្រហមបាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​តួនាទី​នៅ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ​នេះ គឺ​លោក​ឌឹម សុវណ្ណារុំ ​ដែល​បាន​បម្រើ​ជា​អ្នកនាំ​ពាក្យ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​តែងតាំង​ជា​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការសាធារណៈ។

លោក​ហ៊ុយ វណ្ណៈ​ និពន្ឋនាយក​នៃ​បណ្តាញ​ទូរទស្សន៍​ CTN​ ត្រូវ​បាន​តែងតាំង​នៅ​ក្នុង​មុខ តំណែង​ថ្មី​ជា​មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ។ ចំណែក​ឯ​លោក​នេត្រ ភក្រ្តា ​នាយក​គ្រប់គ្រង​ការីនិពន្ឋ​នៃ សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​ផ្នែកភាសា​ខ្មែរ ​ត្រូវ​បាន​តែងតាំង​ជាមន្រ្តី​អ្នក​នាំពាក្យ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

លោក​ឌឹម សុវណ្ណារុំ ​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ បាន មាន​ប្រសាសន៍​ថា ​ការ​តែងតាំង​ម​ន្រ្តីថ្មី​ចំនួន​ពីរ​រូប​បន្ថែម​ទៀត​នេះ​ គឺ​បាន​ជ្រើស​ចេញ​យ៉ាង​សម្រិត​សម្រាំង​បំផុត​ពី​បេក្ខភាព​ជាច្រើន​រូប​ផ្សេង​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ផ្នែក​កិច្ចការ​សាធារណៈ​ និង​ពង្រឹង​ការងារ​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​គិត​ថា ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អញ្ចឹង​តុលាការ​ពិសេស​យើង​ឃើញ ហើយ​ថា ​ការ​តែងតាំង​ជា​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​ហើយ​ឬ​ក៏​អាច​និយាយ​ថា​ អ្នក​ទទួល ខុស​ត្រូវ​ផ្នែក​កិច្ចការសាធារណៈ។ អញ្ចឹង​ខ្ញុំ​គិតថា ​មិន​ជាអ្វី​ដែល​ត្រូវ​កង្វល់​ទេ។ សំខាន់​ធ្វើ​យ៉ាងម៉េច​ឲ្យ ការងារ​ដំណើរការ​ទៅ​វា​បាន​ជោគជ័យ»។

សេចក្តី​ប្រកាសព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​មិន​បាន​បញ្ជាក់​អំពី​ការ​តែង​តាំង​មន្រ្តី​ណាមួយ​ជា​ប្រធាន​ផ្នែក​កិច្ចការសាធារណៈ​ជំនួស​លោក​រាជ សម្បត្តិ ទេ។ គ្រាន់​តែ​បាន​បញ្ជាក់​ថា លោក​ឌឹម សុវណ្ណារុំ ​ជា​មន្រ្តី​ទទួលបន្ទុក​ផ្នែក​កិច្ចការសាធារណៈ​តែ​ប៉ុណ្ណោះ។ ការ​តែង​តាំង​មន្រ្តី​ថ្មី​បន្ថែម​ពីរ​រូប​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មាន​មន្រ្ទី​សរុប​ចំនួន​៨រូប​ គឺ​ខាង​ភាគីជាតិ​ចំនួន​០៦រូប​ និង​ខាង​ភាគី​អន្តរជាតិ​ចំនួន​ពីរ​រូប។

លោក​ហ៊ុយ វណ្ណៈ ​មាន​សញ្ញាប័ត្រ​ជា​អនុបណ្ឌិត​ ផ្នែក​ទំនាក់ទំនង​មក​ពី​សាកលវិទ្យាល័យ​ Rutgers ​នៃ​រដ្ឋញូចឺស៊ី (New Jersey) សហរដ្ឋអាមេរិក​ និង​ជាអ្នកនិពន្ឋ​សៀវភៅ​នៅ​មជ្ឈមណ្ឌល​ឯកសារ កម្ពុជា។ បច្ចុប្បន្ន​លោក​ជា​និពន្ឋនាយក​ឲ្យ​ទូរទស្សន៍CTN។

លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​រីករាយ ​ដែល​បាន​ទៅ​កាន់​តួនាទី​ថ្មី​នៅ​ក្នុង​សាលា ក្តី​ខ្មែរ​ក្រហម។ លោក​ហ៊ុយ វណ្ណៈ ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ វា​ជា​ការ​តភ្ជាប់​មួយ ​ដែល​លោក​ធ្លាប់​បាន​បម្រើ​ជន​រង​គ្រោះ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​លោក​ហ៊ុយ វណ្ណៈ ​នៅ​តែ​បន្ត​តួនាទី​ជា​ទីប្រឹក្សា​នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍​CTN ​ដដែល។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ទាក់​ទង​រឿង​ខ្មែរ​ក្រហម ខ្ញុំ​ចាប់​ផ្តើម​ធ្វើតាំង​ពី​ឆ្នាំ១៩៩៩​មក​ ក្នុង​នាម​ជា​អ្នក​ស្រាជ្រាវ​ ជា​អ្នក និពន្ឋ​សៀវភៅ​ពីរក្បាល​លើ​ប្រវត្តសាស្រ្ត​ខ្មែរក្រហម។ ខ្ញុំ​ខ្លួនឯង​ក៏ជា​អ្នកកាសែត​ វិទ្យុ ​ដែល​បាន​ធ្វើ​កិច្ចការ​ច្រើន​លើ​រឿងខ្មែរ​ក្រហម​រហូត​មកដល់​ខ្ញុំ​កាន់​ទូរទស្សន៍​ ក៏​យើង​អាច​ធ្វើ​កិច្ចការ​ច្រើន​លើ​ខ្មែរ​ក្រហម ហើយ​បាន​តាមដាន​ដំណើរការ​តុលាកា​រខ្មែរ​ក្រហម​ជា​ប្រចាំ»។

លោក​នេត្រ ភក្រ្តា ​ដែល​មាន​បទពិសោធន៍​ខាង​ផ្នែក​សារព័ត៌មាន​ចំនួន​៩ឆ្នាំ​ និង​មាន​បរិញ្ញាប័ត្រ​ផ្នែក​សារព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា​ មុខ​តំណែង​ជា​អ្នក​នាំ​ពាក្យ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ជំរុញ​ឲ្យ​លោក​ខិត​ខំ​ស្រាវជ្រាវ​ដើម្បី​បំពេញ​សមត្ថភាព​បន្ថែម​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ លោក​បាន​ដាក់​ពាក្យ​លា​ឈប់​ពី​នាយក​គ្រប់​គ្រង​ការី​និពន្ឋ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​មិ្សលមិញ​នេះ។ លោក​នឹង​ចូល​កាន់​ការងារ​ថ្មី​នៅថ្ងៃ​ទី ១៧ ​ខែ​មិថុនា​ ខាង​មុខ​នេះ។ លោក​នេត្រា​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​គិតថា ដោយសារ​តែ​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​ជិត​១០ឆ្នាំ​មកហើយៗ​ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​ និង​អ្នក​កាសែត​ដទៃ​ទៀត​បាន​ល្អ។ ខ្ញុំ​គិតថា​ ដំណើការ​ការងារ​របស់​ខ្ញុំ​ថ្មី​នៅ សាលាក្តី​ខ្មែរ​ក្រហម​ និង​មិន​មាន​ជា​ឧបសគ្គ​អ្វី​នោះ​ទេ។ ហើយ​បើ​ទោះ​បី​ជា​មាន​ឧបសគ្គ ​ឬ​មួយ​ក៏​អ្វី យើង​អាច​ដោះស្រាយ​បាន» ។

លោក​កៃ គឹមសុង​ និពន្ឋ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្នែក​ខេមរ​ភាសា ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​លិខិត​លាឈប់​ពីមុខ​តំណែង​ពី​លោក​នេត្រ ភក្រ្តា​ រួចហើយ។ កាសែត​ភ្នំពេញ ប៉ុស្តិ៍​ នឹង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ជ្រើស​រើស​បេក្ខភាព​ជំនួស​លោក នេត្រ ភក្ត្រា៕

This posting includes an audio/video/photo media file: Download Now

រូបថត​នៅ​គុក​ទួលស្លែង​អាច​ជា​រូបថត​អ្នកទោស​ពី​គុក​ខ្មែរក្រហម​ផ្សេងទៀត​

Posted: 02 Jun 2011 09:31 AM PDT

ស្ត្រីម្នាក់​បាន​រក​ឃើញ​រូបថត​របស់​ខ្លួន​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុង​គុក​ទួលស្លែង​ ឬ​របស់​ខ្មែរ​ក្រហម​ ក្រោយ​រយៈ​ពេល​បី​ទសវត្សរ៍។

មន្ត្រី​ផ្លូវការ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ អ្នកស្រី​មុំ គឹមសេន​ដែល​ជា​ជន​រងគ្រោះ​ជាប់គុក​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៧​បាន​ប្រទះ​ឃើញ​រូបថត​របស់​អ្នកស្រី​ដ៏គួរ​ឲ្យ​ភ្នាក់ផ្អើល​ក្នុង​សារមន្ទីរ​ទួលស្លែង​ឬមន្ទីរ​ស២១​ របស់​ខ្មែរក្រហម​នៅ​ថ្ងៃអង្គារ​នេះ​ ខណៈពេល​ដែល​មាន​ទស្សនកិច្ច​សិក្សា​មួយ​រៀបចំ​ដោយ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ឌឹម សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

«តាមពិត​គាត់នៅ​រស់ទេ។​ គាត់​នៅ​រស់​ អញ្ចឹង​គាត់​ជា​សាក្សី​រស់​មួយ​មិនមែន​មានន័យ​ថា​ ឲ្យ​តែ​ឃើញ​រូបថត​នៅ​គុក​ទួលស្លែង​សុទ្ធ​សឹង​តែជា​អ្នក​បាន​ស្លាប់​នោះ​ទេ​ គឺ​មិនមែន​ទេ។​ គាត់​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ​ទេ។​ គាត់​មិនមែន​ត្រឹមតែ​រកឃើញ​រូបថត​របស់ខ្លួន​គាត់តែ​ប៉ុណ្ណឹងទេ​ គាត់​រក​ឃើញ​រូបថត​ម្តាយ​របស់គាត់​ដែល​នៅ​រស់​នៅឡើយ​ មាន​អាយុ​៨២​ឆ្នាំ​ ហើយ​រក​ឃើញ​រូបថត​ ប្អូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​៥០​ឆ្នាំ​ ហើយ​រស់នៅ​ខេត្ត​ពោធិសាត់»។

លោក​សុវណ្ណារុំ​បាន​អះអាង​ថា​ នេះ​ជា​ការណ៍​ពិតមួយ​ដែល​បាន​រក​ឃើញ​អ្នក​ ដែល​នៅ​រស់រាន​មាន​ជីវិត​ជាង​៣០​ឆ្នាំ។

«ទើប​តែ​រក​ឃើញ។​ គាត់រក​ឃើញ​នៅ​ថ្ងៃ​នេះ។​ មាន​ន័យ​ថា​ គាត់​បាន​ជម្រាប​យើង​ថា​ រូបថត​នេះ​ជា​រូបថត​គាត់​ ហើយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​គាត់។​ ខ្ញុំ​ឃើញ​រូបថត​ គឺ​ពិត​ជា​រូបថត​របស់​គាត់​មួយរយ​ភាគរយ​តែម្តង។​ហើយ​គាត់​នៅ​ចាំ​ព្រោះ​គាត់​ថត​ពេល​ដែល​គាត់​នៅ​អាយុ​២៧​ឆ្នាំ»។

អ្នកស្រី​មុំ គឹមសេន​ អាយុ​៥៧​ឆ្នាំ​ធ្លាប់​ជា​អ្នកទោស​នៃគុក​ស២៤ ​ឬហៅ​ថា​គុក​ព្រៃស​ ដែល​មាន​ទីតាំង​នៅ​ជាយ​ក្រុងភ្នំពេញ។ ​អ្នកស្រី​បាន​ទទួល​រង​ទារុណ​កម្ម ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ បង្អត់​អាហារ។​ ទោះជា​យ៉ាង​ណា​ក៏ដោយ​ អ្នកស្រី​បាន​រស់រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​សម័យ​ខ្មែរក្រហម។ ​អ្នកស្រី​បាន​ចូល​រួម​ទស្សនា​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់​មកពី​ស្រុក​ភូមិ​របស់​អ្នកស្រី​គឺ​ស្រុក​កោះ​សូទិន​ ខេត្ត​កំពង់ចាម​ តាម​កម្ម​វិធី​ធម្មតា​របស់​សាលាក្តី​ដែល​មាន​រៀង​រាល់​សប្តាហ៍​នៅ​ថ្ងៃ​អង្គារ។ ​អ្នកស្រី​ បាន​រក​ឃើញ​រូបថត​អ្នកស្រី​ដែល​គេ​ព្យួរតាំង​នៅ​លើ​ជញ្ជាំង​ ពេល​ទស្សនា​នោះ។​ កម្ម​វិធី​នេះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ ជា​ដំណើរ​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​ និង​ធ្វើ​ឡើង​ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មកពី​តំបន់​ផ្សេងៗ​ពាសពេញ​ប្រទេស​បាន​ចូលរួម​ទស្សនា​សារមន្ទីរ​ទួលស្លែង​ ដែល​មាន​មនុស្ស​ជាង​១២០០០​នាក់​ត្រូវ​ខ្មែរក្រហម​កាប់​សំឡាប់​តាម​រូបភាព​ដ៏​ឃោរ​ឃៅ​ជាច្រើន។​ សារមន្ទីរ​ទួលស្លែង​មាន​តាំង​រូបភាព​ ឬ​គំនូរ​រូបថត​ ដែល​ពួក​ខ្មែរក្រហម​បានប្រើ​ទារុណកម្ម​ សំឡាប់​អ្នកទោស​ក្នុង​ទសវត្ស​១៩៧០។

លោកឆាំង​ ​យុគ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បានថ្លែង​ថា​ មានការ​ច្រឡំ​ច្រើន​ចំពោះ​រូបថត​ដោយសារ​ថា​ មិនមាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​តាំង​ពី​ដំបូង។​ ការ​យល់​ច្រឡំ​នោះ​រាប់​បញ្ជូល​ទាំង​ការ​សន្និដ្ឋាន​ថា​ មនុស្ស​ក្នុង​រូបថត​ដែល​គេ​ឃើញ​ក្នុង​សារមន្ទីរ​ទួលស្លែង​សុទ្ធ​តែ​ជា​អ្នក​ស្លាប់។​ ហើយ​ថា​ អ្នកទោស​ក្នុង​គុក​ទួលស្លែង​ក៏​សុទ្ធ​តែ​ត្រូវ​សម្លាប់​ដែរ។​ លោក​ឆាំង​ យុគ​បាន​អះអាង​ថា​ ការ​សន្និដ្ឋាន​នេះ​កើត​ឡើង​ដោយសារ​ទម្ងន់​នៃ​ការ​ឃោសនា​ជាង​៣០​ឆ្នាំ​ ដែល​បាន​គ្រប​ដណ្តប់​ ធ្ងន់ហួស​កម្រិត។

«ព័ត៌មាន​ទាំងអស់​នេះ​មិន​អាច​ទប់​នឹង​ព័ត៌មាន​ដែល​លាប​ពណ៌​ថា​ មន្ទីរ​ស ២១​សុទ្ធសឹង​តែ​ជា​អ្នកទោស។​ មន្ទីរ​ស២១​ចូល​ទៅ​ហើយ​មិនអាច​រស់​រាន​មាន​ជីវិត​ទេ។​ ព័ត៌មាន​ទាំងអស់​នេះ​ផ្សព្វផ្សាយ​អស់រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។​ នៅ​មន្ទីរ​ស២១​ក៏មាន​អ្នកទោស​ជាង​១០០​នាក់​ត្រូវ​បាន​ដោះលែង​ដែរ»។

លោក​ឆាំង យុគ​បានថ្លែង​ថា​ រូបថត​ទាំងអស់​ក្នុង​គុក​ស២១គ​ នៅ​តាខ្មៅ​ គុក ស​២៤​ គឺ​ប្រមូល​មក​ដាក់​នៅ​គុក​ទួលស្លែង​ស​២១​ទាំងអស់​ ពេល​កងទ័ព​ វៀតណាម​ចូល​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម។​ក្រោយមក​រូបថត​ទាំងនោះ​ត្រូវ​គេ​ផ្តិត​ចេញ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​របប​ខ្មែរក្រហម។​ លោក​ចាត់ទុក​ថា​ ការ​រក​ឃើញ​រូបថត​កាល​ពី​ថ្ងៃ​អង្គារ​ម្នាក់​ទៀត​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដោយ​លោក​ថ្លែង​ថា​ មាន​មនុស្ស​ជាង​៦០​នាក់ ​ដែល​បាន​ស្គាល់​រូបថត​របស់​ខ្លួន​ដូច​គ្នា​នេះ។

លោក​ទទូច​ឲ្យ​សាលាក្តី​ខ្មែរក្រហម​អប់រំ​អំពី​រឿងនេះ​ដើម្បី​កុំឲ្យ​មាន​ការ​យល់ ច្រឡំ​ ឬ​ភ្ញាក់ផ្អើល។​ លោក​បាន​បន្ថែម​ថា​ អ្នកទោស​ដែល​ជាប់​នៅ​គុក​ស២៤​ មាន​ចំនួន​តិច​ជាង​ស២១​ ហើយ​ទោស​នៅ​ទីនោះ​ក៏មាន​កម្រិត​ស្រាល​ជាង​ទោស​នៅស​២១​ដែរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!