VOA News: ព័ត៌មាន: “អ្នករាយការណ៍ពិសេសអ.ស.ប. ឃើញការរីកចម្រើនខាងសិទិធិមនុស្សតិចតួចនៅកម្ពុជា” plus 2 more |
- អ្នករាយការណ៍ពិសេសអ.ស.ប. ឃើញការរីកចម្រើនខាងសិទិធិមនុស្សតិចតួចនៅកម្ពុជា
- កម្ពុជាសង្ឃឹមថានឹងអាចលុបបំបាត់ពលកម្មកុមារនៅឆ្នាំ២០១៦
- ជនសង្ស័យម្នាក់សម្លាប់សកម្មជនគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន
អ្នករាយការណ៍ពិសេសអ.ស.ប. ឃើញការរីកចម្រើនខាងសិទិធិមនុស្សតិចតួចនៅកម្ពុជា Posted: 03 Jun 2011 12:27 PM PDT នៅថ្ងៃសុក្រនេះ ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសិទ្ធិដីធ្លីការបណ្តេញចេញដោយបង្ខំ និងសេរីភាពនៃការបញ្ចោញមតិ ខណៈដែលអ្នកភូមិចំនួន១២៤នាក់ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំឃាំងក្នុងរឿងជម្លោះដីធ្លី។ របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គិតពីដើមឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នសមាគមសិទ្ធិមនុស្សអាដហុក បានរកឃើញថា យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លីចំនួន១២៤នាក់ ត្រូវបានតុលាការចេញដីកាកោះ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលក្នុងនោះមាន៣៦នាក់ត្រូវបានចាប់ខ្លួន ១៨នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និង៨៨នាក់កំពុងរត់ គេចខ្លួនពីការតាមចាប់របស់តុលាការ។ លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រថា ស្ថានភាពសិទ្ធិមនុស្សជាទូទៅបានប្រសើរឡើងនៅក្នុងវិស័យមួយចំនួនប៉ុន្តែនៅក្នុងវិស័យមួយចំនួនផ្សេងទៀតមិនទាន់ប្រសើរឡើងនៅឡើយឧទាហរណ៍ ជាក់ស្តែងគឺសិទ្ធិខាងដីធ្លី ការបណ្តេញចេញ និងសេរីភាពខាងការបញ្ចោញមតិ។ លោក ស៊ូបិឌី បានបន្ថែមថា ដោយសារតែភ័យខ្លាចការប្រឈមនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទផ្សាយព័ត៌មានមិនពិត និងបទញ៉ុះញ៉ង់ប្រឆាំងនឹងខ្លួន មនុស្សជាច្រើនដូចជាអ្នកយកព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សនយោបាយ ព្រមទាំងបុគ្គលឯកជននានាហាក់ដូចជាកំពុងរឹតត្បិតការបញ្ចេញមតិខ្លួនឯង។ លោក ស៊ូបិឌី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានកង្វល់ចំពោះការប្រើប្រាស់ការចោទប្រកាន់បែបនេះ ប្រឆាំងនឹងសកម្មជនការពារសិទ្ធិខាងដីធ្លី និងបុគ្គលនានា ដែលធ្វើការទាមទារសិទ្ធិលើដីធ្លី ដែលមានទំនាស់។ ខ្ញុំមានការស្រងាកចិត្តដោយបានឮអំពីការប្រើប្រាស់កម្លាំងមិនសមាមាត្រដោយអាជ្ញាធរអនុវត្តន៍ច្បាប់នៅក្នុងអំឡុងពេលធ្វើបាតុកម្មដោយសន្តិវិធីដោយក្រុមប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លី។ ជាអាទិ៍ អំពើហិង្សាប្រឆាំង នឹងការធ្វើបាតុកម្មដោយប្រជាពលរដ្ឋមកពីតំបន់បឹងកក់កាលពីខែមេសា ឆ្នាំ២០១១ គឺជារឿងដែលគួរឱ្យសោកស្តាយជាទីបំផុត។ ខ្ញុំរីករាយដោយបានដឹងអំពីការរៀបចំឱ្យមានកិច្ចសន្ទានានាពេលថ្មីៗនេះរវាងសហគមន៍បឹងកក់ដែលនៅសេសសល់ និងសាលារាជធានីភ្នំពេញ ហើយខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយមួយដែលអាចទទួលយកបានទាំងសងខាង»។ លោក ស៊ូបិឌី បានថ្លែងថា ចំពោះវិស័យតុលាការវិញ មានភាពអយុត្តិធម៌ជាច្រើន ដែលប្រជា ពលរដ្ឋមួយចំនួនបានជាប់ពន្ធនាគារ ដែលតាមពិតពួកគាត់ពុំគួរជាប់នោះទេ បើលទ្ធិប្រជាធិបយ្យេដំណើរ ការបានត្រឹមត្រូវនោះ។ លោកបន្តទៀតថា៖ «មានករណីមួយបានកើតមាននៅក្នុងខែធ្នូ ឆ្នាំ២០១០ ដែលបុគ្គលម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រពីបទញុះញ៉ង់ ហើយត្រូវបានតុលាការជំនុំជម្រះ និងផ្តន្ទាទោសនៅក្នុងចុងសប្តាហ៍ដដែលនោះតែម្តង ដែលតាមធម្មតា នៅចុងសប្តាហ៍ តុលាការមិនធ្វើការទេ។ ការដែលតុលាការនេះប្រើរយៈពេលតែពីរថ្ងៃ គិតពីថ្ងៃឃាត់ខ្លួនដល់ថ្ងៃជំនុំជម្រះ ហើយចំថ្ងៃចុងសប្តាហ៍ទៀតនោះ ការអនុវត្តបែបនេះនាំឱ្យគេមន្ទិលជាខ្លាំងអំពីសមត្ថភាពរបស់តុលាការមួយនេះ»។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាលកម្ពុជាកំពុងខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះឱ្យមានស្ថានភាពល្អតាមរយៈកំណែទម្រង់ច្បាប់ កំណែទម្រង់វិធាននៃដំណោះស្រាយ និងពង្រឹងសមត្ថភាព និងការយល់ដឹងរបស់ចៅក្រម និងមន្ត្រីយុត្តិធម៌ពាក់ព័ន្ធ។ លោកផៃ ស៊ីផាន បានប្រាប់វីអូអេខ្មែរថា៖ «យើងកំពុងតែដោះស្រាយ។ យើងកំពុងតែធ្វើឱ្យការងារបស់យើង ឆ្លើយតបទៅនឹងសេចក្តីត្រូវការតាមបែបផែនសង្គមចំហ និងសង្គមដែលរស់នៅជុំគ្នាតាមបែបផែនលទ្ធិប្រជាធិបតេយ្យ។ យើងទាំងពីរនាក់ រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ គឺជាដៃគូក្នុងការដោះស្រាយនូវអ្វី ដែលយើងយល់ឃើញថា ជាចំណោទ។ ដូច្នេះ ចំណោទនោះ គឺជាបញ្ហាសម្រាប់ទាំងរាជរដ្ឋាភិបាល ទាំងអង្គការសហប្រជាជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីកែច្នៃរិតតែឱ្យមានភាពល្អលើសដើម»។ លោក ស៊ូបិឌី បានបញ្ជាក់ថា លោកនឹងដាក់របាយការណ៍ចុងក្រោយរបស់លោកជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយផ្តោតលើប្រព័ន្ធតុលាការ និងបានបញ្ចូលអនុសាសន៍មួយចំនួនដើម្បីពង្រឹងសមត្ថភាព និងឯករាជ្យភាពរបស់តុលាការ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាសង្ឃឹមថានឹងអាចលុបបំបាត់ពលកម្មកុមារនៅឆ្នាំ២០១៦ Posted: 03 Jun 2011 12:00 PM PDT ថ្ងៃសុក្រនេះ ប្រទេសកម្ពុជារំពឹងថា ខ្លួននឹងអាចលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរឱ្យអស់នៅត្រឹមឆ្នាំ២០១៦ ខាងមុខនេះ។ មានកុមារប្រមាណជាង៣១០.០០០នាក់អាយុចន្លោះ ពី៥ឆ្នាំដល់ក្រោម១៧ឆ្នាំ កំពុងធ្វើពលកម្មទម្រង់ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាដូចជា ធ្វើកម្មករលីសែង ឡឥដ្ឋ ស្រែអំបិល ឆេ្នរសមុទ្រ ពេស្យាចារ គ្រឿងញៀន និងការជួញដូរជាដើម ដែលសុទ្ធសឹងជាការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលនិងរបស់អង្គការពលកម្មអន្ដរជាតិ (ILO)។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ខ្លួននឹងលុបបំបាត់ទម្រង់ការងាររបស់កុមារបែបនេះឲ្យអស់នៅឆ្នាំ ២០១៦។ លោកនុត សោភ័ណ អនុប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រឆាំងពលកម្មកុមារក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការសង្រ្គោះកុមារទាំងនោះជាបណ្ដើរៗពីពលកម្មទម្រង់ធ្ងន់ធ្ងរនេះដើម្បីឈានដល់គោលដៅដែលបានកំណត់ទុក។ «យើងបានជម្នះទៅលើក្រុមគ្រួសារគោលដៅ។ អញ្ចឹងឱ្យឳពុក ម្តាយចងក្រងជាក្រុម សន្សំ ឬមួយគេហៅថាក្រុមជួយខ្លួនឯង ដូច្នេះគាត់មានឱកាសអាចឱ្យកូនរបស់គាត់បានទៅរៀនអញ្ចឹងកាលណាកូនរបស់គាត់បានទៅរៀនពលកម្មកុមារត្រូវបានកាត់បន្ថយ ហើយបញ្ហាប្រឈមទាំងអស់នេះយើងបានកំពុងតែសហការជាមួយអន្តរក្រសួងជាមួយនឹងអង្គការដៃគូ គឺថាធ្វើយ៉ាងណាឱ្យបញ្ហាពលកម្មកុមារក្នុងប្រទេសកម្ពុជាកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធរបស់ក្រសួងអប់រំអះអាងដូចគ្នានៅក្នុងសន្និសីទកាសែតនោះថា ប្រទេសកម្ពុជានឹងឈានដល់ការលុបបំបាត់ពលកម្មទម្រង់ធ្ងន់ធ្ងររបស់កុមារនៅក្នុងរយៈពេលប្រាំមួយឆ្នាំទៀតនេះ។ ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរត្រូវគេកត់សម្គាល់ឃើញថា ច្រើនកើតមានឡើងលើគ្រួសារដែលមានជីវភាពទន់ខ្សោយទាំងផ្នែកសម្ភារៈ និងចំណេះដឹង។ កុមារដែលស្ថិតក្នុងការងារបែបនេះភាគច្រើនមិនបានរៀនសូត្រពេញលេញនោះទេ។ ត្បិតពួកគេត្រូវរួមចំណែកស្វែងរកថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ កុមារដែលកំពុងស្ថិតក្នុងពលកម្មទម្រង់ធ្ងន់ធ្ងរភាគច្រើនមាននៅក្នុងខេត្តកំពត កែប បាត់ដំបង ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ហើយកុមារភាគច្រើនកំពុងបម្រើការក្នុងវិស័យនេសាទ ការលីសែងទំនិញ ការដ្ឋានផលិតអំបិល និងឡឥដ្ឋ។ ការលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរទាំងនេះត្រូវធ្វើឡើងតាមរយៈការរំដោះពួកគេឲ្យឃ្លាតឆ្ងាយពីការងារទាំងនេះដូចជាផ្ដល់សេវាអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។ អង្គការពលកម្មអន្តរជាតិ ILO និងអង្គការមូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានប៉ាន់ស្មានថា ប្រទេសកម្ពុជានឹងត្រូវការថវិកាសរុបចំនួន១០០លានដុល្លារអាមេរិក ដើម្បី លុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរឲ្យអស់នៅឆ្នាំ ២០១៦។ លោក អិមភី យូសេហ្វ (MP Joseph) ប្រធានប្រឹក្សាបច្ចេកទេសកម្មវិធី អន្តរជាតិស្តីពីការលុបបំបាត់ពលកម្មកុមារនៃអង្គការពលកម្មអន្តរជាតិ ILO បានបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវថ្មីមួយ បង្ហាញឱ្យឃើញថា នៅដើមឆ្នាំ២០១១នេះ ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរនៅខេត្តកំពត កែប និងបន្ទាយមានជ័យ មានការធ្លាក់ចុះយ៉ាងគំហុក ពីព្រោះនៅឆ្នាំ២០០៨ មានកុមារប្រមាណជាង២.០០០នាក់ បានធ្វើការជាកម្មករលីសែង ផលិតអំបិលនិងវិស័យផ្សេងៗទៀត ក៏ប៉ុន្តែនៅដើមឆ្នាំ២០១១នេះ មានកុមារតិចជាង៣០០នាក់ ដែលកំពុងធ្វើការនៅក្នុងខេត្តទាំងនោះ។ លោក អិមភី យូសេហ្វ មានប្រសាសន៍តាមរយៈអ្នកបកប្រែថា និន្នាការនេះនឹងជួយឲ្យប្រទេសកម្ពុជាអាចលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរនៅឆ្នាំ២០១៦ បាន។ «នៅក្នុងទស្សនៈនេះ ខ្ញុំអាចជឿជាក់ថាកម្ពុជាយើងអាចឈានទៅរកការលុបបំបាត់ពល កម្ម កុមារ បាននៅឆ្នាំ២០១៦ »។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា ដើម្បីលុបបំបាត់ពលកម្មទម្រង់ ធ្ងន់ធ្ងររបស់កុមារបានលុះណាមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ «ទម្រង់ពលកម្មកុមារនេះ វាជាបញ្ហាមួយស្មុគស្មាញណាស់។ អញ្ចឹងវាទាមទារឱ្យការងារអន្តរក្រសួង និងអន្តរវិស័យ ដើម្បីធ្វើការងារនេះ»។ ថ្វីបើនៅក្នុងពេលនេះរបាយការណ៍ផ្លូវការបានវាយតម្លៃថា មានកុមារកម្ពុជាចំនួនជាង៣១០.០០០នាក់កំពុងស្ថិតក្នុងពលកម្មទម្រង់ធ្ងន់ធ្ងរក៏ប៉ុន្ដែតួលេខនេះគ្រាន់តែជាការប៉ាន់ប្រមាណជាច្រើនឆ្នាំមកហើយ។ អង្គការពលកម្មអន្ដរជាតិគ្រោងនឹងធ្វើការសិក្សាមួយថ្មីទៀត លើកុមារធ្វើពលកម្មទម្រង់ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាដើម្បីដឹងពីចំនួនពិតប្រាកដរបស់ពួកគេនិងដើម្បីងាយស្រួលក្នុងការរៀបចំ យុទ្ធសាស្រ្តលុបបំបាត់ទម្រង់ពលកម្មកុមារបែបនេះ។ហើយគម្រោងនេះនឹងត្រូវបញ្ចប់ នៅខែកក្កដា ឆ្នាំ ២០១២។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែមិថុនាប្រជាជនរាប់ពាន់នាក់នៅទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់ជីវិតរស់នៅដ៏អយុត្តិធម៌ និងរងការឈឺចាប់របស់កុមារដែលចំណាយពេលធ្វើការរាប់ម៉ោង ដើម្បីធ្វើការនៅក្នុងលក្ខ័ខណ្ឌ័ការងារប្រកបដោយគ្រោះថ្នាក់ និងតែងតែគំរាម ដល់អាយុជីវិត។ ចំពោះទិវាពិភពលោកប្រឆាំង នឹងពលកម្មកុមារនៅឆ្នាំនេះ នៅក្រោមប្រធានបទមិនត្រូវឱ្យ កុមារធ្វើការងារប្រកបដោយគ្រោះថ្នាក់បញ្ចប់ពលកម្មកុមារ ដែលមានភាពទាក់ទងទៅ នឹងបរិបទរបស់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ជនសង្ស័យម្នាក់សម្លាប់សកម្មជនគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន Posted: 03 Jun 2011 11:11 AM PDT បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីលា្ងចថ្ងៃព្រហស្បតិ៍ ដោយប៉ូលិសខេត្តកណ្ដាលពីបទសង្ស័យថា បានប្លន់សម្លាប់ជំទប់ឃុំម្នាក់របស់គណបក្សជំទាស់សម រង្ស៊ី។ នេះបើយោងតាមសេចក្ដីអះអាងរបស់មន្រ្ដីជាន់ខ្ពស់ប៉ូលិសខេត្តកណ្ដាល នៅថ្ងៃសុក្រនេះ។ លោកអ៊ុក ឆន្ទៈ អាយុ៦៤ឆ្នាំ ជំទប់ទី២ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី នៅឆ្នាំ ២០១២ ត្រូវបានសម្លាប់កាលពីយប់ថ្ងៃពុធទី១ ខែមិថុនាឆ្នាំ២០១១នេះ នៅខណៈដែលលោកធ្វើដំណើរចេញពីយាមប្រចាំការនៅក្នុងឃុំរបស់លោក។ គណបក្ស សម រង្ស៊ី បានហៅអំពើហិង្សានោះ ថាជាឃាតកម្មនយោបាយ។ លោកឧត្តមសេនីយ៍ អ៊ាវ សំរើន ស្នងការនគបាលខេត្តកណ្ដាលបានបញ្ជាក់ថា បុរសកូនពីរ លឹម វាសនា អាយុ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមសមត្ថកិច្ចបានតាមស្វែងរកជនសង្ស័យយ៉ាងប្រកិត។ លោកស្នងការនគរបាលដដែលមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យចំនួនពីរនាក់ផ្សេងទៀត។ លោកបានប្រាប់វីអូអេខ្មែរយ៉ាងដូច្នេះថា៖ «វាបានឆ្លើយហើយ ប៉ុន្ដែឥឡូវយើងកំពុងបន្ដថែមទៀតពីព្រោះ គ្នាវាបីនាក់។ ខ្ញុំក៏ប្រឹងប្រែងធ្វើដែរ ពីព្រោះលោកចាន់ ចេង បាននិយាយថា រឿងនេះទាក់ទងនឹងឃាតកម្មនយោបាយ។ អញ្ចឹងយើងចង់ឲ្យអ្នកទាំងអស់គ្នាដឹងតើវាយ៉ាងម៉េច»។ លោកចាន់ ចេង តំណាងរាស្ដ្រ និងជាប្រធានក្រុមការងាររបស់គណបក្សសម រង្ស៊ី ប្រចាំខេត្តកណ្ដាលនៅតែអះអាងថា លោកមានហេតុផលដែលអាចបញ្ជាក់បានថា ជនរងគ្រោះត្រូវបានសម្លាប់ដោយបញ្ហានយោបាយ។ លោកថ្លែងថា៖ «គេចង់បំភាន់ថា មិនមែនជានយោបាយទេ។ រឿងនេះ គឺជារឿងចោប្លន់។ ពីមុនមកគឺថាឲ្យតែចាប់បានចំលើសកម្មជនគណបក្សសម រង្ស៊ី ប៉ូលីសតែងតែថា គឺជារឿងចោប្លន់ ឬក៏គំនុំ ឬក៏អាបធ្មប់។ គាត់មិនដែលឆ្លើយចំថា នយោបាយឬស្អីទេ។ ក៏ប៉ុន្តែអ្នកដែលស្លាប់ គឺជាអ្នកនយោបាយ។ គណបក្សសម រង្ស៊ីនឹងតាមដានរឿងហ្នឹងយ៉ាងយកចិត្តទុកដាក់ ហើយជំរុញឲ្យសមត្ថកិច្ចចាប់ឃាតករពិត និងអ្នកនៅពីក្រោយខ្នងយកមកកាត់ទោសទៅតាមផ្លូវច្បាប់»។ លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមស៊ើបអង្កេតលើបញ្ហានេះលើកឡើងថា មានទឡ្ហីករណ៍មួយចំនួនដែលបង្ហាញថា អំពើឃាតកម្មអាចកើតឡើងដោយសារអំពើប្លន់ដោយចៃដន្យ។ លោកសំអាត បានប្រាប់វីអូអេខ្មែរថា៖ «ក្រុមទាំងអស់សុទ្ធតែចាត់ទុកថា សមាសភាពមិនល្អ ផឹកស៊ី ហើយមានការប្រើប្រាស់គ្រឿងញៀនទៀតផង។ ការប្លន់នេះប្រហែលជារឿងចៃដន្យ ដែលទាំងអស់បានជួបនឹងជនរងគ្រោះ ហើយធ្វើការវាយដំយកម៉ូតូ និងសម្ភារៈរបស់គាត់ ហើយដោយសារតែជនរងគ្រោះ និងអ្នកទំាងអស់ស្គាល់គ្នាបានជារឿងនេះទៅជារឿងសម្លាប់ជនរងគ្រោះ ដើម្បីបំបិតដាន»។ យ៉ាងណាក៏ដោយលោកអំ សំអាត បញ្ជាក់ថា អង្គការរបស់លោកនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត។ កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១២។ អំពើហឹង្សាលើសកម្មជនគណបក្សសម រង្ស៊ី ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុននឹងលោកសុរិយា ប្រាសាដ ស៊ូបិឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបញ្ចប់បេសកកម្មរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅកម្ពុជា។ លោកស៊ូបិឌី ដែលត្រូវពិនិត្យមើលឡើងវិញនូវបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា សេរីភាពបញ្ចេញមតិ និងទំនាស់ដីធ្លីជាដើម។ នៅក្នុងសន្និសីទព័ត៌មាននៅល្ងាចនេះ លោកស៊ូបិឌី មានប្រសាសន៍ថា លោកបានទទួលដំណឹងអំពីការសម្លាប់សកម្មជននយោបាយរបស់គណបក្សសម រង្ស៊ី ក៏ប៉ុន្ដែលោកមិនបានធ្វើសេចក្ដីអត្ថាធិប្បាយលើបញ្ហានេះទេដោយសារតែលោកគិតថា គេត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៅលើបញ្ហានេះជាបន្ថែមទៀត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |