VOA News: ព័ត៌មាន: “អាមេរិកបញ្ជាក់តួនាទីនៅអាស៊ីអាគ្នេយ៍និងចង់ឱ្យកម្ពុជា-ថៃដោះស្រាយទំនាស់ដោយសនិ្តវិធី” plus 3 more |
- អាមេរិកបញ្ជាក់តួនាទីនៅអាស៊ីអាគ្នេយ៍និងចង់ឱ្យកម្ពុជា-ថៃដោះស្រាយទំនាស់ដោយសនិ្តវិធី
- ការសាងសង់ទំនប់វារីអគ្គិសនីនៅសេសានក្រោម២ទំនងជានឹងបន្ត
- កម្ពុជាស្នើឲ្យតុលាការអន្តរជាតិបញ្ជាថៃដកទ័ពចេញពីតំបន់ជម្លោះព្រំដែន
- អង្គការសិទ្ធិមនុស្សចែកអំណោយដល់កុមារ និងស្រ្តីអ្នកទោស
អាមេរិកបញ្ជាក់តួនាទីនៅអាស៊ីអាគ្នេយ៍និងចង់ឱ្យកម្ពុជា-ថៃដោះស្រាយទំនាស់ដោយសនិ្តវិធី Posted: 01 Jun 2011 03:07 PM PDT សហរដ្ឋអាមេរិកចង់ឃើញការដោះស្រាយទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃធ្វើឡើងដោយសន្តិវិធីនិងស្នើឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។ លោកខឺត ខេមបល ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់វេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានទំនាក់ទំនងជាប់ជាប្រចាំជាមួយនឹងប្រទេសឥណ្ឌូនេស៊ីដែលបច្ចុប្បន្នជាប្រធានសមាគមអាស៊ានលើបញ្ហាទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ «យើងក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសឥណ្ឌូនេស៊ី លើស្ថានការណ៍ព្រំដែនកម្ពុជានិងថៃដែលយើងសង្ឃឹមថា នឹងនៅតែមានសន្តិភាព ហើយក្នុងន័យនេះក៏ចង់ឃើញការចរចាផងដែរ»។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើឡើងស្របពេលដែលស្ថានការណ៍តាមព្រំដែនរវាងប្រទេសកម្ពុជាបានវិលមករកភាពស្ងប់ស្ងាត់ឡើងវិញ ក្រោយពីមានការជួបប្រយុទ្ធគ្នាជាច្រើនលើកនៅតាមបណ្តោយព្រំដែននៅជិតតំបន់ប្រាសាទព្រះវិហារបស់ខ្មែរដែលបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតជាង១០នាក់។ នៅពេលបច្ចុប្បន្ន ទាំងភាគីកម្ពុជានិងថៃបានទៅជួបគ្នានៅឯតុលាការអន្តរជាតិក្រុងឡាអេដើម្បីឱ្យស្នើសុំការបកស្រាយលើសាលក្រមឆ្នាំ១៩៦២របស់តុលាការនេះដែលបានប្រគល់ប្រាសាទព្រះវិហារជាផ្លូវការមកឱ្យប្រទេសកម្ពុជា។ ប៉ុន្តែភាគីថៃនៅតែបន្តទាមទារកម្មសិទ្ធដីមួយដុំនៅជាប់នោះ។ ការលើកឡើងរបស់លោកខឺត ខេមបលគឺជាផ្នែកមួយនៃការចូលរួមពន្យល់ពីគោលនយោបាយនិងទស្សនៈរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិ។ លោកខេមបលបានបញ្ជាក់ផងដែរពីការព្យាយាមរបស់សហរដ្ឋអាមេរិកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែច្រើនឡើងជាមួយនឹងបណ្តាប្រទេសនៅសមាគមអាស៊ាន តាមរយៈការចូលរួមក្នុងសកម្មភាពជាច្រើនរបស់សមាគមនេះ ហើយលោកក៏បានទទួលស្គាល់នូវការចូលរួមដ៏តិចតួចស្តួចស្តើងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជា បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយលោកសង្ឃឹមថា នឹងបង្កើនថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ «យើងរំពឹងថា នឹងនាំយកនូវការចូលរួមពាក់ព័ន្ធរបស់យើងឱ្យបានទៅដល់កម្រិតមួយទៀតនៅក្នុងរយៈពេលប្រហែលជាប៉ុន្មានឆ្នាំខាងមុខនេះ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានងាកមកផ្តោតការចាប់អារម្មណ៍ខ្លាំងឡើងៗលើតំបន់អាស៊ីអាគ្នេយ៍តាមរយៈទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច នយោបាយនិងវប្បធម៌ ហើយដែលលោកខេមបលហៅថា ជាទំនាក់ទំនងដ៏ពិតប្រាកដនិងមានរយៈពេលយូរ៕ This posting includes an audio/video/photo media file: Download Now |
ការសាងសង់ទំនប់វារីអគ្គិសនីនៅសេសានក្រោម២ទំនងជានឹងបន្ត Posted: 01 Jun 2011 02:53 PM PDT ការផ្អាកឬការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងទំនងជាមិនអាចកើតឡើងទេ ដោយសារមន្ត្រីរដ្ឋាភិបាលអះអាងថា របាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថានរបស់គម្រោងនោះត្រូវបានធ្វើចប់សព្វគ្រប់រួចទៅហើយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃអង្គារទី៣១ ខែឧសភានេះថា ការផ្អាក ឬការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងនោះទំនងជាមិនអាចធ្វើបានទេ ដោយសាររបាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថានឬEIAពេញលេញទៅលើគម្រោងទំនប់នោះ ត្រូវបានបញ្ចប់រួចទៅហើយ។ លោកប្រាជ្ញ ស៊ុន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះនៅឯសិក្ខាសាលាមួយស្តីពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលបានធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។ «អារឿងផ្អាកហ្នឹង អានេះជាសំណើរបស់សហគមន៍ទេ ប៉ុន្តែនិយាយពីEIA យើងខ្ញុំធ្វើហើយអស់ហើយ នៅចាំតែគណៈកម្មការគោលនយោបាយសំណងតែប៉ុណ្ណោះទេ»។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសហគមន៍ដែលរស់នៅតាមដងទន្លេសេសាននៅខ្សែទឹកខាងលើទំនប់ និងបណ្តាញអង្គការការពារទន្លេនេះក្នុងខេត្តរតនគីរី បានស្នើកាលពីពីរសប្តាហ៍មុនឲ្យរដ្ឋាភិបាលពិចារណាផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នោះសិន ដើម្បីធ្វើការសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ដោយសារទំនប់នេះមកលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ ជាពិសេសគឺបញ្ហាផ្តល់សំណងនិងការតាំងទីលំនៅថ្មីដែលសមស្របសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ពីទំនប់នោះ។ លោកផាត់ ស៊ូនិត មេឃុំកំភុន ស្រុកសេសាន បានមានប្រសាសន៍ប្រាប់វីអូអេខ្មែរ នៅឯសិក្ខាសាលានៅថ្ងៃនេះថា ប្រជាពលរដ្ឋក្នុងឃុំរបស់លោកដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទីតាំងសាងសង់ទំនប់នេះ ពុំទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយអំពីការផ្តល់សំណងចំពោះផលប៉ះពាល់ដែលអាចបណ្តាលមកពីគម្រោងសាងសង់ទំនប់សេសានក្រោម២នោះទេ។ «នៅក្រោមខ្សែទឹក ការសិក្សារបស់ក្រុមហ៊ុនអត់បានចុះមកសិក្សាឲ្យបានជាក់លាក់នៅឡើយទេ ទាក់ទងនឹងផលប៉ះពាល់ ព្រោះអីគេសិក្សាតែខ្សែទឹកខាងលើ។ អត់បានចុះសិក្សាសួរនាំប្រជាពលរដ្ឋ ប្រកបរបរ រកស៊ីអីយ៉ាងម៉ិចទេ។ ប្រជាពលរដ្ឋអត់មានទទួលព័ត៌មានហ្នឹងទេ»។ ទំនប់សេសានក្រោម២ស្ថិតនៅលើទន្លេសាសានក្នុងស្រុកសេសានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ទំនប់ដែលមានកម្ពស់៧៥ម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ក្រោមគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនវៀតណាម EVN International Joint Stock Company និងក្រុមហ៊ុនRoyal Group របស់លោកឧកញ៉ាគិត ម៉េងនោះ ត្រូវគេគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១១នេះឬដើមឆ្នាំក្រោយ។ របាយការណ៍របស់បណ្តាញសម្ព័ន្ធទន្លេកម្ពុជាបានបង្ហាញថា យ៉ាងហោចណាស់ ប្រជាជនចំនួនជាង៣៨០០០នាក់ រួមទាំងជនជាតិដើមភាគតិចយ៉ាងច្រើននៅក្នុងភូមិយ៉ាងតិចចំនួន៨៦ នៅតាមដងទន្លេសេសាននិងទន្លេស្រែពក អាចនឹងបាត់បង់លទ្ធភាពទទួលបានធនធានជលផលដ៏ច្រើនពីទន្លេទាំងនេះ ដោយសារទំនប់នឹងរាំងស្កាត់ការផ្លាស់ទីរបស់ត្រីពីទន្លេមេគង្គនិងទន្លេសេកុង ចូលទៅទន្លេសេសាននិងទន្លេស្រែពក។ ទំនប់វារីអគ្គិសនីសេសានក្រោម២នោះក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវទឹក និងបណ្តាលឲ្យជន់លិចដីស្រែចម្ការរបស់អ្នកភូមិប្រមាណ៣០០០០ហិកតា ហើយក៏បង្កឲ្យមានការផ្លាស់ប្តូរលំនៅដ្ឋានថ្មីរបស់ប្រជាជនជាង១៥០០គ្រួសារផងដែរ នេះបើយោងតាមរបាយការណ៍របស់បណ្តាញអង្គការការពារទន្លេសេសាននោះ។ លោកប្រាជ្ញ ស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសិក្ខាសាលាថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ពិតជាមិនអាចជៀសផុតពីការប៉ះពាល់ធនធានជលផលមួយចំនួននោះទេ ប៉ុន្តែលោកបន្ថែមថា កម្ពុជាត្រូវការថាមពលអគ្គិសនីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ តែទោះជាយ៉ាងនេះក្តី លោកតឹក វណ្ណារ៉ា មន្ត្រីគ្រប់គ្រងកម្មវិធីនៃសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ដែលជាសមាជិកនៃសម្ព័ន្ធទន្លេកម្ពុជា មានប្រសាសន៍ថា យ៉ាងហោចណាស់រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានជាសាធារណៈដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មុននឹងសម្រេចឲ្យមានការសាងសង់ទំនប់នោះ ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនជាមុនចំពោះហានិភ័យដែលអាចកើតមានឡើងដោយសារទំនប់នោះ។ «សម្រាប់ប្រជាជនដែលត្រូវរុះរើទីលំនៅថ្មី គាត់ទន្ទឹងរង់ចាំព័ត៌មាន ព្រោះគម្រោងរុះរើទីលំនៅហ្នឹងវាសំខាន់ណាស់សម្រាប់ពួកគាត់ មានន័យថា បើសិនព័ត៌មានហ្នឹងច្បាស់លាស់ វាជួយសម្រួលដល់ការអភិវឌ្ឍដល់ជីវភាពរស់នៅរបស់ពួកគាត់។ គាត់ដឹងព័ត៌មានច្បាស់លាស់។ គាត់មានការសម្រេចចិត្តច្បាស់លាស់ក្នុងការសាងសង់ផ្ទះ ការកូន ធ្វើស្រែចម្ការអីអញ្ចឹង»។ តំណាងក្រុមហ៊ុនវិនិយោគក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នោះពុំមានធ្វើការបញ្ជាក់ខាងទាក់ទងនឹងការលើកឡើងរបស់អង្គការការពារទន្លេនិងសហគមន៍រស់នៅតាមដងទន្លេសេសាននេះទេ។ ប៉ុន្តែលោកដាញ់ សេរី អនុប្រធាននាយកដ្ឋានវាយតម្លៃការប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន បានថ្លែងថា ក្រុមហ៊ុនបានអនុវត្តទៅតាមនីតិវិធីគ្រប់គ្រាន់ហើយនៅក្នុងរបាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថាននោះ។ «នៅពេលដែលក្រុមហ៊ុនធ្វើរបាយការណ៍ យើងឃើញថា គាត់ទៅសាកសួរប្រជាពលរដ្ឋរងការប៉ះពាល់ សហគមន៍ អាជ្ញាធរភូមិឃុំ មានអង្គការពាក់ព័ន្ធនិងអាជ្ញាធរខេត្តជាដើម។ អញ្ចឹងគាត់បានសួរពីព័ត៌មានជាក់ស្តែង រហូតដល់គាត់ផ្សព្វផ្សាយនៅខេត្តស្ទឹងត្រែង អញ្ចឹងគាត់ធ្វើតាមនីតិវិធីមានការចូលរួមពីសាធារណជន»។ យ៉ាងណាក៏ដោយ បើតាមគម្រោង អគ្គិសនីដែលផលិតបានពីគម្រោងទំនប់សាសានក្រោម២នោះ នឹងត្រូវយកទៅផ្គត់ផ្គង់តំបន់និងខេត្តជិតខាង ដូចជាមណ្ឌលគីរីនិងខេត្តរតនគីរីជាដើម រួចបញ្ជូនបន្តទៅប្រទេសវៀតណាម៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាស្នើឲ្យតុលាការអន្តរជាតិបញ្ជាថៃដកទ័ពចេញពីតំបន់ជម្លោះព្រំដែន Posted: 01 Jun 2011 12:25 PM PDT កាលពីយប់ថ្ងៃអង្គារម៉ោងនៅក្នុងស្រុក កម្ពុជាបានស្នើឲ្យតុលាការក្រុងឡាអេ ដាក់កំហិតឲ្យប្រទេសថៃដកកងទព័ចេញពីតំបន់ជម្លោះនៅក្បែរតំបន់ប្រាសាទព្រះវិហារជាបន្ទាន់បំផុត និងដោយគ្មានលក្ខខណ្ឌ។ សំណើរនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងចុងក្រោយក្នុងសវនាការថ្ងៃទីពីរដែលជាថ្ងៃចុងក្រោយនៅក្នុងតុលាការជាន់ខ្ពស់អង្គការសហប្រជាជាតិនៅប្រទេសហូឡង់។ យោងតាមឯកសារសំឡេងដែលវីអូអេខ្មែរទទួលបានពីតុលាការក្រុងឡាអេ លោកហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជាដែលបានដឹកនាំគណប្រតិភូកម្ពុជា បានដាក់សំណើចំនួនបីដល់តុលាការជាន់ខ្ពស់នេះ នៅក្នុងសេចក្ដីថ្លែងចុងក្រោយទៅកាន់ចៅក្រមទាំង១៦រូប ដើម្បីអ្វីដែលលោកហោ ណាំហុង លើកឡើងថា ជាវិធានការបន្ទាន់ដើម្បីការពារប្រាង្គប្រាសាទព្រះវិហារ។ លោកថ្លែងថា៖ «សំណើរទី១គឺការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវកងទព័ថៃទាំងអស់ចេញពីផ្នែកដែលស្ថិតក្នុងទឹកដីកម្ពុជា នោះគឺតំបន់នៃប្រាសាទព្រះវិហារ។ សំណើទី២ គឹសុំឲ្យហាមឃាត់គ្រប់សកម្មភាពយោធាទាំងអស់របស់ថៃនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ សំណើទី៣ គឺហាមសកម្មភាពគ្រប់ប្រភេទពីថៃដែលអាចបង្កជាឧបសគ្គដល់សិទ្ធិរបស់កម្ពុជា ឬធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ»។ ដោយឡែកលោក វីរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់បានធ្វើសេចក្ដីសន្និដ្ឋានរបស់ខ្លួនដោយទាមទារឲ្យតុលាការក្រុងឡាអេ ទាត់ចោលបណ្ដឹងរបស់កម្ពុជា។ លោកថ្លែងថា៖ "យោងតាមមាត្រា៦០ នៃវិធានរបស់តុលាការ និងដោយមានសំណើសុំចាត់វិធានការជាបណ្ដោះអាសន្នរបស់ព្រះរាជាណាចក្រកម្ពុជា និងខ្លឹមសារផ្ទាល់មាត់របស់ប្រទេសនេះ ព្រះរាជាណាចក្រថៃសូមស្នើដោយគោរពដល់តុលាការឲ្យទម្លាក់ចោលសំណុំរឿងដែលត្រូវបានដាក់ជូនតុលាការដោយព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១»។ កម្ពុជាបានស្នើដល់តុលាការក្រុងឡាអេកាលពីខែមេសា ឲ្យធ្វើការបកស្រាយសាលក្រមខែមិថុនា ឆ្នាំ១៩៦២របស់ខ្លួនឡើងវិញ ហើយស្នើឲ្យតុលាការចាត់វិធានការជាបន្ទាន់មួយ ដើម្បីថែរក្សាប្រាង្គប្រាសាទចំណាស់ជាង៩០០ឆ្នាំ របស់ខ្មែរបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ហើយបានបណ្ដាលឲ្យមានជនរងគ្រោះទាំងសងខាងស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១៨នាក់។ សវនាការកាលពីថ្ងៃចន្ទ័ និងថ្ងៃអង្គារកន្លងទៅនេះគឺជាសវនាការដើម្បីសា្ដប់ទឡ្ហីករនៃប្រទេសគូជម្លោះក្នុងក្របខ័ណ្ឌនៃសំណើសុំវិធានការបន្ទាន់ដើម្បីការពារប្រាសាទព្រះវិហារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃអង្គារ តុលាការក្រុងឡាអេមិនបានបញ្ជាក់អំពីកាលបរិច្ឆេទធ្វើសេចក្ដីសម្រេចរបស់ខ្លួនក្នុងក្របខណ្ឌ័សវនាការនេះទេ។ លោក បូរីស ហេម (Boris Heim) មន្រ្តីផ្នែកព័ត៌មានរបស់តុលាការក្រុងឡាអេ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទពីទីក្រុងឡាអេ កាលពីថ្ងៃអង្គារថា តុលាការត្រូវការពេលវេលាច្រើនសប្ដាហ៍ ឬច្រើនខែក្នុងការធ្វើសេចក្ដីសម្រេចរបស់ខ្លួន។ កម្ពុជា និងថៃមានជម្លោះជុំវិញរឿងប្រាសាទព្រះវិហារចាប់តាំងពីទសវត្សរ៍១៩៥០មកម្លេះ។ តុលាការក្រុងឡាអេបានកាត់សេចក្ដីឲ្យកម្ពុជាឈ្នះក្ដីថៃ ហើយបានសម្រេចថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ។ ប៉ុន្ដែកាលពីបីឆ្នាំមុនថៃអះអាងថា ដីទំហំទំ៤.៦គីឡូម៉ែត្រការ៉េនៅតំបន់ក្បែរប្រាសាទព្រះវិហារគឺជារបស់ខ្លួនហើយបានបញ្ជូនកងទ័ពមកកាន់កាប់ ក៏ប៉ុន្តែកម្ពុជាក៏បានអះអាងថា ដីនៅទីនោះគឺជារបស់ខ្លួនដែរ។ សែសឹបប្រាំបួនឆ្នាំក្រោយពីសេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ ប្រទេសទាំងពីរបានឡើងតវ៉ាគ្នានៅតុលាការនេះម្ដងទៀត៕ This posting includes an audio/video/photo media file: Download Now |
អង្គការសិទ្ធិមនុស្សចែកអំណោយដល់កុមារ និងស្រ្តីអ្នកទោស Posted: 01 Jun 2011 11:58 AM PDT អង្គការសិទ្ធិមនុស្សលីកាដូបានចែកកញ្ចប់អំណោយម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ដល់កុមារ និងស្ត្រីមានផ្ទៃពោះចំនួន១.២០០នាក់នៅក្នុងពន្ធនាគារចំនួន១៤នៅទូទាំងកម្ពុជានៅទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនានេះ។ ប្រទេសកម្ពុជាកំពុងជួបប្រទះវិបត្តិនៃចំនួនអ្នកទោសហួសចំណុះពន្ធនាគារ ហើយអ្នកទោសជាកុមារតែងតែទទួលរងការលំបាកយ៉ាងខ្លាំងពីភាពមិនដំណើរការរបស់ប្រព័ន្ធនេះ។ សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូឲ្យដឹងថា ក្នុងពន្ធនាគារនៅខេត្តភាគច្រើន អ្នកទោសជាកុមារបានសម្របខ្លួនយ៉ាងពេញលេញទៅក្នុងចំណោមអ្នកទោសដែលជាមនុស្សពេញវ័យ របបម្ហូបអាហារមិនគ្រប់គ្រាន់ និងការខ្វះខាតខាងថែទាំសុខភាព។ លោកស្រីពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ជាទូទៅពន្ធនាគារមិនមែនជាទីកន្លែងសម្រាប់កុមារទេ។ ប្រព័ន្ធនេះមិនមានសមត្ថភាពផ្តល់តម្រូវការជាមូលដ្ឋានរបស់កុមារទាល់តែសោះ។ តម្រូវការជាមូលដ្ឋានរួមមានការអប់រំ អាហារចិញ្ចឹមរាងកាយសមស្រប ការថែទាំសុខាភិបាល ជាដើម។ លោកស្រី ពុង ឈីវកេក បានថ្លែងប្រាប់ វីអូអេខ្មែរថា កញ្ចប់អំណោយចំនួន១.២០០ដែលត្រូវបានចែកដល់អ្នកទោសជាកុមារ រួមមានម្ហូបអាហារ ទឹកសណ្តែក នំប៉័ង ផ្លែឈើ និងរបស់របរប្រើប្រាស់ ច្រាសដុសធ្មេញ សាប៊ូកំចាត់មេរោគ របស់របរក្មេងលេង ក្រាសសិតសក់ និងរបស់របរសំខាន់ចាំបាច់ដទៃទៀត។ អំណោយក៏ត្រូវបានចែកឱ្យកុមារដែលរស់នៅក្នុងពន្ធនាគារជាមួយម្តាយ ស្រីមានផ្ទៃពោះ និងកូនៗរបស់មន្ត្រីអនុរក្សពន្ធនាគារផងដែរ។ លោកស្រីថ្លែងថា៖ «ការចែកអំណោយនេះ យើងចង់បង្ហាញថា អ្នកទោសជាកុមារនៅក្នុងពន្ធនាគារ អ្នកខ្លះធ្វើខុសធ្ងន់ធ្ងរ អ្នកខ្លះធ្វើខុសបន្តិចបន្តួច យើងអត់ភ្លេចគេទេ។ ការចែកអំណោយនេះគឺជាការលើកទឹកចិត្ត សប្បុរសធម៌ និងមនុស្សធម៌ដល់អ្នកទោសជាកុមារ។ យើងចង់បង្ហាញថា សិទ្ធិរបស់អ្នកទោសជាកុមារនៅមានដដែល ហើយណែនាំអ្នកទោសជាកុមារទាំងនេះនៅក្នុងពន្ធនាគាររយៈពេលប្រាំមួយខែក្តី មួយឆ្នាំក្តី ពីរឆ្នាំក្តីឱ្យខំរៀនសូត្រថែមទៀត ហើយនៅពេលអ្នកទោសជាកុមារចេញមកវិញ កែខ្លួនឱ្យល្អ ដើម្បីបម្រើសង្គម ហើយសង្គមអត់រើសអើងទេ»។ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ការចែកកញ្ចក់អំណោយចំនួន១.២០០ដល់អ្នកទោសជាកុមារនៅពន្ធនាគារព្រៃសចំនួន៤៤០នាក់ នៅពន្ធនាគារក្រុងតាខ្មៅ៩៥នាក់ ខេត្តបន្ទាយមានជ័យ៤៥នាក់ ខេត្តបាត់ដំបង៧៣នាក់ ខេត្តកំពង់ឆ្នាំង៣៣នាក់ ខេត្តពោធិសាត់៥២នាក់ ខេត្តសៀមរាប១១៨នាក់ ខេត្តស្វាយរៀង២៨នាក់ ខេត្តកំពង់ធំ៤៧នាក់ ខេត្តកំពង់ចាម៣៨នាក់ ក្រុងព្រះសីហនុ៣៧នាក់ ខេត្តកំពង់ស្ពឺ៥៤នាក់ ខេត្តកោះកុង៦៩នាក់ និងខេត្តកំពត៤៣នាក់។ លោកភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានថ្លែងថា អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរបានមកសួរសុខទុក្ខ និងចែកអំណោយជាម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់អ្នកទោសជាកុមារចំនួន៤៥នាក់ដែលភាគច្រើនបានជាប់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំ។ លោកថ្លែងថា៖ «កម្មវិធីរបស់អង្គការមិនមែនរដ្ឋាភិបាលគ្រាន់តែជាកម្មវិធីមួយសម្រាប់ជួយអាហារូបត្ថម្ភបន្ថែមនៅក្នុងកម្មវិធីទិវាកុមារអន្តរជាតិ។ ការផ្គត់ផ្គង់ម្ហូបអាហារ និងសេវាកម្មសុខភាពរបស់ពួកគេ (អ្នកទោសជាកុមារ) មិនមានបញ្ហាទេ»។ ស្ថិតិរបស់រដ្ឋាភិបាលគិតមកដល់ត្រឹមខែមេសា ឆ្នាំ២០១១នេះ មានអ្នកទោសជាកុមារប្រមាណ៧៣០នាក់ដែលបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារចំនួន២៥នៅកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារកំណត់ថា អ្នកទោសជាកុមារទាំងនេះមានអាយុរវាងពី១៤ឆ្នាំដល់១៧ឆ្នាំ នៅពេលដែលពួកគេបានប្រព្រឹត្តបទល្មើស ហើយពួកគេអាចនៅតែចាត់ទុកជាអ្នកទោសជាកុមារនៅពេលដែលពួកគេមានអាយុគំរប់១៨ឆ្នាំនៅក្នុងពន្ធនាគារ។ អាយុ១៤ឆ្នាំជាអាយុទទួលខុសត្រូវខាងព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |