VOA News: ព័ត៌មាន: “អ្នក​ភូមិ​បឹងកក់​ដាក់​ញ្ញត្តិ​ជូន​សាលា​ក្រុង​ភ្នំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង” plus 4 more

VOA News: ព័ត៌មាន: “អ្នក​ភូមិ​បឹងកក់​ដាក់​ញ្ញត្តិ​ជូន​សាលា​ក្រុង​ភ្នំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង” plus 4 more


អ្នក​ភូមិ​បឹងកក់​ដាក់​ញ្ញត្តិ​ជូន​សាលា​ក្រុង​ភ្នំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង

Posted: 30 May 2011 02:07 PM PDT

អ្នក​ភូមិ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​បឹងកក់​នៃ​រាជធានី​ភ្នំពេញ ​បាន​បើក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ចំនួន​១.៥០០​គ្រួសារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ជា​ភស្តុតាង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ជូន​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អាជ្ញាធរ​បាន​បដិសេធ​ការ​ផ្តល់​គម្រោងអ​ភិវឌ្ឍន៍​នៅ​កន្លែង​របស់​អាជ្ញាធរ។

ព្រឹត្តិការណ៍​​នេះ​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​លោក ​ស៊ូយ៉ា ប្រាសាដ ស៊ុបិឌី (Surya Prasad Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី៥​របស់​លោក​មក​កាន់​កម្ពុ​ជា​ចាប់ពី​ថ្ងៃទី​៣០​ខែ​ឧសភា​ ដល់ថ្ងៃ ទី៣​ ខែ​មិថុនា ​ឆ្នាំ២០១១។

នៅ​អំឡុង​ទស្សនកិច្ច​រយៈពេល​ប្រាំថៃ្ង​របស់​លោក​ លោក​នឹង​ធ្វើការ​វាយ​តម្លៃ​ និង​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​លោកស៊ុបិឌី​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​នានា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នានា​នៅ​ពេល​បច្ចុប្បន្ន​ ដោយ​រួម​បញ្ចូល​ទាំង​សេរីភាព​ខាង​ការ​បញ្ចោញ​មតិ​ និង​ជួប​ប្រជុំ​ សេចក្តីព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ សិទ្ធិមនុស្ស​ និង​ទំនាស់​ដីធ្លី។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍។

អ្នកស្រី​ ទេព វណ្ណី ​តំណាង​សហគមន៍​បឹងកក់​ បា​នថ្លែង​ប្រាប់​វីអូអេខ្មែរ​ថា មេ​គ្រួសារ​ចំនួន​១.៥០០​នាក់ បាន​ផ្តិត​មេដៃ​លើ​សំណើ ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ផ្ទាល់​ខ្លួន​ជូន​ដល់​សាលា​រាជធានីភ្នំពេញ​សម្រាប់​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង។ អ្នកស្រី ​ទេព វណ្ណី ​បាន​បញ្ជាក់​ថា ស្នាមផ្តិត​មេដៃ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បង្ហាញ​ពី​ជំហរ​ចុងក្រោយ​អំពី​ការ​ចង់​បាន​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​បឹងកក់ ​និង​ជា​ភស្តុតាង​សំខាន់​ណាស់​ដែល​បញ្ជាក់ពី​កម្មសិទ្ធិ​នៃ​មេផ្ទះ​នីមួយៗ​ ដែល​ចង់បាន​ការអភិវឌ្ឍ​នៅនឹង​កន្លែង។ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ការ​ផ្តិត​មេ​ដៃ​លើក​នេះគឺ​ជា​ការ​ផ្តិត​មេដៃ​បង្ហាញ​ពី​ភស្តុតាង​ដ៏​ជាក់​លាក់​ពិតប្រាកដពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នូវ​ការ​សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​សំណើ​របស់​គាត់​នឹង​ដាក់​ចូល​ទៅ​សាលាក្រុងភ្នំពេញ​នៅ​ថ្ងៃ​ស្អែក​ ហើយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឈប់​បន្ត​ការ​ពន្យា​ពេល​ក្នុង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ពីព្រោះ​ឥឡូវនេះ ​វា​ដល់​រដូវ​វស្សា ហើយ​ភ្លៀង​រហូត។ នៅ​ពេល​ទឹក​ជន់ ពួកខ្ញុំ​មិន​ដឹង​ជា​រត់​ទៅ​នៅ​កន្លែង​ណា​ទេ»។

This posting includes an audio/video/photo media file: Download Now

ព្រះរាជអាជ្ញា​អន្តរជាតិ​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​ជំទាស់​នឹង​បញ្ជា​ចៅក្រម​ស៊ើប​អង្កេត

Posted: 30 May 2011 01:46 PM PDT

កាលពី​ថ្ងៃទី១៨ ខែ​ឧសភា​ នេះ​សហ​ចៅក្រម​ស៊ើបអង្កេត​លោក​យូ ប៊ុនឡេង​ និង​លោក​ស៊ីកហ្រ្វិក ប៊្លុង (Siegried Blunk ) ​ បាន​ដាក់​បញ្ជា​ឲ្យ​លោក​អ៊ែនឌ្រូ ខេលី​ (Andrew Cayley) ដក​ចេញ​នូវ​ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម ​និង​ទីកន្លែង​ឧក្រិដ្ឋកម្ម​ ដូចជា​ ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ មន្ទីរ​សន្តិសុខ​ និង​ការដ្ឋាន​វាយថ្ម​នៅ​ខេត្ត​ព្រះស៊ីហនុ​ជាដើម។ ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​លោក​ខេលី​លាតត្រដាង​ជា​សាធារណៈ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​ចំហ​របស់​ខ្លួន​កាលពី​ថ្ងៃទី០៩ ​ខែ​ឧសភា។

នៅ​ពេល​ដែល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា​ មាន​ជនរងគ្រោះ​សរុប​ចំនួន​៣១៨​នាក់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​អ៊ែនឌ្រូ ខេលី ​បាន​ទាមទារ​ឲ្យ​អង្គបុរេ​ជំនុំ​ជម្រះ​ចាត់​ទុក​បញ្ជា​របស់​សហចៅ​ក្រម​ស៊ើបអង្កេត ដែលបង្ខំ​ឲ្យ​លោក​លុប​ចោល​ចណុច​មួយ​ចំនួន​ក្នុង​សេចក្តី​ថ្លែងការណ៍​ទាក់​ទង​នឹង​សំណុំរឿង០០៣នេះ​គ្មាន​សុពលភាព។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​លោក ខេលី សំអាង​ថា សហចៅក្រម​ស៊ើបអង្កេត​រំលោភ​លើ​សិទ្ឋិ​បញ្ចេញ​មតិ និង​ការ​បកស្រាយ​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។ លោក​អ៊ែនឌ្រូ ខេលី ​ចង់​ឲ្យ​សហចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​លើ​ឧក្រិដ្ឋកម្ម និង​ទី​កន្លែង​ឧក្រិដ្ឋកម្ម​ក្នុង​សំណុំ​រឿង​០០៣។ លោក​អ៊ែនឌ្រូ ខេលី ​ទាមទារ​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​មក​សាក​សួរ។

សហចៅ​ក្រម​ស៊ើបអង្កេត​ទាំងពីរ​លើក​ឡើង​ថា ​លោក​ខេលី ​ខ្វះ​មូលដ្ឋាន​ច្បាប់ ហើយ​បាន​រំលោភ​លើ​ភាព​សម្ងាត់​នៃ​ការ​ស៊ើប​អង្កេត។ ចៅក្រម​បាន​បញ្ជា​ឲ្យ​លោក​ខេលី​ដក​ផ្នែក​មួយ​ចំនួន​ចេញ ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ដាក់​បញ្ជានោះ។

នៅ​ក្នុង​ឯកសារ​ដែល​លោក​ដាក់​ប្តឹង​ឧទ្ឋរណ៍​ទៅ​កាន់​អង្គបុរេ​ជំនុំ​ជម្រះ​ កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន លោក​អ៊ែនឌ្រូ ខេលី ​អះអាង​ថា សហ​ចៅ​ក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ធ្វើ​ខុស​ និង​អំណាច​របស់​ខ្លួន​ ហើយ​បញ្ជា នោះ​គួរ​តែ​ត្រូវ​ចាត់​ទុក​ថា​អត់​បាន​ការ។

លោក​ខេលី​ បញ្ជាក់​បន្ថែម​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​សន្និដ្ឋាន​មិន​ត្រូវ​គ្នា​នឹង​ហេតុផល។ ជាង​នេះ​ទៅ​ទៀត​ លោក​ខេលី​ លើក​ឡើង​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ដែល​ទាំង​ចៅក្រម​ទំាង​ព្រះរាជអាជ្ញា​ ទាំង​បុគ្គលិក​ផ្នែក​ច្បាប់ និង​មន្រ្តី​របស់​សាលាក្តី​ខ្មែរ​ក្រហម​មាន​តួនាទី​បំពេញ​ការងារ​នេះ​ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​បា​នទូលំទូលាយ​ដល់​សាធារណៈជន។

សហ​ព្រះរាជអាជ្ញា​សញ្ជាតិ​អង់គ្លេស ​បាន​ហៅ​បញ្ជា​របស់​សហចៅក្រម​ស៊ើបអង្កេត​ថា គឺជា​ការរំលោភ​ ទៅ​លើ​ភារកិច្ច​ឯករាជ្យ​របស់​លោក ​ហើយ​លោក​បាន​ស្នើ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​បទដ្ឋាន​យុត្តិធម៌ ​និង​មាន​ភាព​ត្រឹម​ត្រូវ​តាម​គោលការណ៍​ច្បាប់។

លោក អ៊ែនឌ្រូ ខេលី គឺ​ជា​ប្រភព​តែ​មួយ​គត់​ ដែល​បាន​ទម្លាយ​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​ ដ៏​ចម្រូង​ចម្រាស​នេះ។

លោក​ធន សារ៉ាយ​ ប្រធាន​អង្គការការពារ​សិទ្ឋិមនុស្ស​អាដហុក​ចាត់ទុក​ថា​ បណ្តឹង​ឧទ្ឋរណ៍​របស់​លោក ខេលី ថា​នឹង​អាច​​ជួយ​ជំរុញ​សំណុំ​រឿង​០០៣​ដែល​គេ​បារម្ភ​ពី​ការ​មិន​មាន​ចំណាត់​ការ។ លោក​សារ៉ាយ​មាន​ប្រសាសន៍​ថា៖

«ធ្វើ​ឲ្យ​កក្រើក​មតិ​យោបល់​ទាំង​ក្នុង​តុលាការ​ ក៏​ដូចជា​នៅ​ក្នុង​សាធារណជន​ ក៏​ដូចជា​នៅ​ក្នុង​UNខ្លួន​ឯង ក៏​ដូចជា​នៅ​ក្នុង​មន្រ្តី​របស់​តុលាការ​ទាំងអស់​ ទាំងមូល​ ហើយ​នឹង​អ្នក​ផ្តល់​ជំនួយ​ដែរ​ ទាំង​ជនរងគ្រោះ​ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​ទាំងអស់​ គឺ​ថា វា​កក្រើក​រំជួល​ទាំងអស់​គ្នា​មកវិញ»។

សំណុំរឿង​០០៣​ និង​០០៤​ ដែលមានជ​នសង្ស័យ​សរុប​ចំនួន​៥នាក់​ បាន​ក្លាយ​ទៅ​ជា​ស្នួល​នៃ​ភាព​មិន ចុះ​សម្រុង​គ្នា​រវាង​ភាគី​អង្គការ​សហប្រជាជាតិ​ និង​ភាគី​កម្ពុជា​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ ចៅក្រម​ខាង អង្គការ​សហប្រជាជាតិ​ដឹកនាំ​ការស៊ើបអង្កេត​ជា​ឯកតោ​ភាគី​លើ​សំណុំរឿង​ទាំងពីរ​នេះ។

មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​លោក​ ឡាស់ អលសិន​ (Lars Olsen) ធ្លាប់​មាន​ប្រសាសន៍ថា ​អង្គបុរេ​ជំនុំជម្រះ​មិន​មាន​រយៈពេល​កំណត់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​លើ​បណ្តឹង​ឧទ្ឋរណ៍​របស់​លោក​ខេលី ​នោះ​ទេ។

ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ផ្នែក​គាំពារ​ជនរងគ្រោះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ធ្វើការ​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​របស់​ជន​រងគ្រោះ​ទាំង​៣១៨​នាក់ នៅ​ក្នុង​សំណុរឿង​០០៣​យ៉ាង​យូរ​បំផុត​មុន​ពេល​បញ្ជូន​រឿងនេះ​ទៅ​ជំនុំជម្រះ៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​សម រង្ស៊ី​ថា​នឹង​មិន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ទេ​

Posted: 30 May 2011 01:22 PM PDT

គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ច័ន្ទនេះ​ បាន​ចាត់​ទុកថា​ ការ​បញ្ចេញ​ឯកសារ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​លោក​កឹម សុខា​ គឺ​ជា​ល្បិចកល​មួយ​ដែល​ធ្វើឡើង​ ដើម្បី​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ​ដែល​កំពុង​ស្វះស្វែង​រក​ការប្រមូលផ្តុំ​គ្នា ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​របៀប​មេដឹកនាំ​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខ្សែអាត់​សំឡេង​មួយ​ដែល​ត្រូវ​បាន​គេ​ជឿថា ជា​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​លោក​កឹម សុខា ​កាលពី​ថ្ងៃទី​២៤ ​ខែ​កក្កដា ឆ្នាំ ២០០៧ ​ ដែល​បាន​ចម្លង​ចេញ​ពី​សំឡេង​ដើម​ចំនួន​ប្រំាពីរ​ទំព័រ​ បាន​បញ្ជាក់​ពី​ការ​សន្ទនា​យ៉ាង​ស្និទ្ធ​ស្នាល​ មួយ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​លោក​កឹម សុខា។

ការ​សន្ទនា​នេះ​ត្រូវ​បាន​សង្ស័យ​ថា ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា ​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​នេះ ​គឺ ដោយ​មាន​ការគាំទ្រ​ពី​គណបក្ស​គ្រប់គ្រង​អំណាច។ នៅ​ក្នុង​ឃ្លា​មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​និយាយ​ថា​ «ឥឡូវ​នេះ​ខ្ញុំ​គិត​ថា ​ខាង​ ខាឯង ​គ្មាន​សមាជិក​គ្រប់គ្រាន់​ទេ។ ខ្ញុំ​គិត​ថា ​យក​ល្អ ​ខា​ឯង​ត្រូវ​ប្រមូល​យក​សមាជិក​ទាំងនោះ»។ ជា​ការ​ឆ្លើយតប​ទៅ​វិញ ​លោក​កឹម សុខា​ ត្រឹម​តែ​និយាយ​បាទ​ បាទ​ តែ​ប៉ុណ្ណោះ។

គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចាត់​ទុក​ថា ​ការ​សន្ទនា​រវាង​មេ​ដឹកនាំ​គណបក្ស​មួយ​ទៅ​គណបក្ស​មួយទៀត​ គឺជា​រឿង​ធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​ប៉ុល ហំម​ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​ប្រជាជន កម្ពុជា​មាន​ការ​ភិត​ភ័យ​ចំពោះ​ការ​រួប​រួម​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សម រង្ស៊ី ​ទើប​បញ្ចេញ ឯកសារ​នេះ​ជា​សាធារណៈ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​យល់ថា ​ការ​បញ្ចេញ​ហ្នឹង​គឺ​ថា​ គ្រាន់​តែ​ដើម្បី​បំបែក​កម្លាំង​យើង​កុំ​ឲ្យ​រួប​រួម​គ្នា​បាន​ ធ្វើឲ្យលោក​សម រង្ស៊ី ​នៅតែ​មិនទុក​ចិត្ត​មកលើ​យើង ​បន្ត​ធ្វើការ​វាយ​ប្រហារ​យើង ​ចោទថា យើង​ជា​អាយ៉ង»។

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រាស័យ​ទាក់ទង​ គ្នា​រវាង​មេដឹក​នាំ​គណបក្ស​ទាំងពីរ​គឺ​ជា​ការល្អ​ប្រសើរ​មួយ។ ក៏​ប៉ុន្តែ​ការ​បង្ហាញ​ឯកសារ​នេះ ​គណបក្ស​គ្រប់ គ្រង​អំណាច​មិនមាន​គោលបំណង​ទៅ​បំបែកបំបាក់​សម្ព័ន្ធភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស សម រង្ស៊ី​ទេ។ លោក​ផៃ ស៊ី​ផាន​ថ្លែង​ថា៖

«រឿង​ហ្នឹង​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់។ មិន​ទាន់​បញ្ចេញ​សំបុត្រ​ យើង​ឃើញ​ថា​ ពួក​គេ​មិន​ត្រូវ​គ្នា​ផង​ មិន​មែន​ដោយសារ​សំបុត្រ​ហ្នឹង​ណា។ ដូច្នេះ​វា​អាច​ថា ​ជា​លទ្ធភាព​មួយ​ ដែល​គណបក្ស​សិទ្ធិមនុស្ស​អាច​មាន​សមត្ថភាព​និយាយ​ជាមួយនឹង​គណបក្ស​កាន់អំណាច។ អាហ្នឹង​ជាឥរិយាបទ​នៃ​លទិ្ធប្រជាធិប​តេយ្យ»។

ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ ​និង​ជា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ​បាន​វាយ ប្រហារ​ធ្ងន់ៗ​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​ថា ​ការ​បង្ហាញ​ឯកសារ​នេះ ​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​កលល្បិច​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ទៅវិញ។​ លោក​យឹម សុវណ្ណ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ​ និង​មិន​មាន​ទៀត​ទេ​ ក្រោយ​ពី​ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ។ លោក​យឹម សុវណ្ណ​ថ្លែង​ថា៖

«យើង​មិន​អាច​ទៅ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គណបក្ស​មួយ​ ដែល​មិន​ស្មោះ​ត្រង់​ជា​គណបក្ស​មួយ​ដែល​ទៅធ្វើ​អាយ៉ង​ឲ្យ​គណបក្ស​កាន់អំណាច។ អួតអាង​ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ ​មិនមាន​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​ម្ចាស់​ឆ្នោត​ ហើយ​ប្រើ​ប្រាស់​នូវ​ពេល​វេលា​ កលល្បិច​បំផ្លិច​បំផ្លា​ញ​ការ​ចរចា ​ចោទប្រកាន់​គេ​សព្វគ្រប់​បែប​យ៉ាង​ ទីបំផុត​ភស្តុតាង​ចេញ​មក​គឺ​ខ្លួន​ឯង​សោះ»។

លោក​គុល បញ្ញា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លំាមើល​ដំណើរការ​បោះឆ្នោត​មួយ​ ដែល​មាន​ឈ្មោះ ថា ​Comfrel ​បាន​មាន​ប្រសាសន៍​ថា ​ការ​មិនទុក​ចិត្ត​គ្នា​រវាង​គណបក្ស​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស និង​អាច​កើត​មាន​ឡើង​ក្រោយ​ពី​ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ប៉ះ​ពាល់​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​ ពីព្រោះ​គណបក្ស​នេះ​បាន​ខិតខំ​ការពារ​ខ្លួន​ជាយូរ​មក​ហើយ។ លោក​បាន​ប្រាប់​វីអូអេ​ថា៖

«វា​មិនមាន​ផល់​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ​លើកលែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យក​រឿងនេះ​ទៅ​ពន្យល់​ ទៅ​បកស្រាយ​ផ្សេងៗ​វា​អាច​ប៉ះពាល់​ហើយ។ ​ក៏​ប៉ុន្តែ​មិន​ជាអ្វី​ទេ គ្រាន់តែ​អ្នក​សង្កេតការណ៍ ​គេ​អាច​យក​មតិ ព័ត៌មាន​យក​មកវិភាគ​ មក​គិត​ថា​ ព័ត៌មាន​វា​យ៉ាង​ម៉េច​ ការ​សន្ទនា​វា​យ៉ាង​ម៉េច»។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្ហាញ​ឯកសារ​ ទំនង​ជា​គេ​មើល​ឃើញ​ការ​រីកចម្រើន​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​មាន​កាន់​តែ​ខ្លាំង៕

This posting includes an audio/video/photo media file: Download Now

សមាជិក​សភា​អាមេរិកាំង​ខ្លះ​និយាយ​ថា​ទុក្ខ​លំបាកខ្មែរ​អាមេរិកាំង​នៅ​តាម​សហគមន៍​ត្រូវតែ​ដោះ​ស្រាយ

Posted: 30 May 2011 11:57 AM PDT

ដូច​ជនជាតិ​ដទៃ​ដែរ​ ក្រុម​សកម្មជន​ខ្មែរ​អាមេរិកាំង​មកពី​បណ្តា​រដ្ឋ​ជាច្រើន​បាន​ ជម្រាប​សមាជិក​​សភា​និង​ព្រឹទ្ធសភា​អាមេរិកាំង​លើក​ដំបូង​អំពី​បញ្ហា​ទុក្ខ​លំបាក​នានា​ ដែល​ជនជាតិ​ខ្មែរ​នៅ​អាមេរិក​កំពុង​ជួប​ប្រទះ​ បន្ទាប់ពី​បាន​ភៀស​ខ្លួន​មក​ រស់​នៅ​ក្នុង​ស.រ.អា.​ជាង​៣០​ឆ្នាំ​មក​នេះ។​ បញ្ហា​ទាំង​ឡាយ​នោះ​រួមមាន​បញ្ហា​សុខ​ភាព​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ បញ្ហា​បញ្ជូន​ជនជាតិ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ បញ្ហា​អន្តោ​ប្រវេសន៍​ បញ្ហា​អប់រំ​និង​បញ្ហា​ជាច្រើន​ទៀត។​ ពួក​គាត់​បាន​ទទូច​ដល់​សមាជិក​សភា​និង​ព្រឹទ្ធ​សភា​ ជួយ​ផ្តល់​ការ​គាំទ្រ​ និង​រក​ដំណោះ​ស្រាយ។

សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​ប្រមាណ​៣០​នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ជា​មួយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាស៊ីហ្វិក​ ហៅ​ថា​ CAPAC​ ដែល​ ក្នុង​នោះ​រាប់ទាំង​ជនជាតិ​ខ្មែរ​អាមេរិកាំង​ផង​ដែរ។​ កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​នៅ​ឯ​វិមាន​ Capitol​ ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ ​២៤​ និង​២៥​ ខែ​ឧសភា។​ ក្រុម​សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​ទាំង​នោះ​សម្តែង​ការ​គាំទ្រ​ និង​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ចិន​និង​ខ្មែរ​អាមេរិកាំង​ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោកស្រី​ Judy Chu​ សមាជិក​សភា​អាមេរិកាំង​ដើម​កំណើត​ចិន​ មកពី​រដ្ឋ​កាលីហ្វ័រញ៉ា​ សង្កាត់​៣២​ ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​នោះ។​ លោកស្រី​បាន​ទទួល​ស្គាល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ចំពោះ​បញ្ហា​ជា​ច្រើន​ ដែល​លោកស្រី​បាន​អះអាង​ថា​ គួរ​ត្រូវ​ដោះស្រាយ។​ លោកស្រី​ជា​សមាជិក​គណៈ​កម្មការ​អប់រំ​ និង​ពលកម្ម​ ហើយ​ក៏​ជា​សមាជិក​នៃ​គណៈ​កម្មការ​ច្បាប់​ផង​ដែរ។​ លោកស្រី​ Chu ​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ។

ចំពោះ​បញ្ហា​អប់រំ​ លោកស្រី​Chu​បាន​ផ្តល់​តួលេខ​ត្រួសៗ​ថា​ មាន​ពលរដ្ឋ​ខ្មែរ អាមេរិកាំង​៣៥​ភាគរយ​ ជនជាតិ​ម៉ុង​៤០​ភាគរយ​ ជនជាតិ​ឡាវ​៣០​ភាគរយ​ដែល មិន​បាន​បញ្ចប់​មធ្យម​សិក្សា​កម្រិត​ពីរ​ ឬ​បាក់ឌុប។​ ចំពោះ​បញ្ហា​អន្តោ​ប្រវេសន៍​មាន​ចំនួន​២/៣​នៃ​ពលរដ្ឋ​អាស៊ី​គឺ​ជា​ជន​អន្តោ​ប្រវេសន៍​ ឬ​ជនភៀស​ខ្លួន​ដែល​តម្រូវ​ឲ្យ​សភា​ ធ្វើ​កិច្ចការ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​កែ​ទម្រង់​ច្បាប់​អន្តោ​ប្រវេសន៍។​ លោក​ ស្រីChu​បាន​ហៅ​បញ្ហា​ខុស​គ្នា​នៃ​សុខភាព​ថា ​ជារឿង​សោកនាដកម្ម​ដែល​សភា​ ត្រូវ​តែ​ផ្តល់​ឆន្ទៈ​នយោបាយ​ចំពោះ​ផែនការ​សកម្មភាព​សុខាភិបាល​នានា​របស់​ក្រសួង​សុខាភិបាល។

លោកស្រី​ Laura ​Richardson ​គឺជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ មកពី​សង្កាត់​៣៧​ គឺ​ទីក្រុង​ឡងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​មាន​ពលរដ្ឋខ្មែរ​រស់​នៅ​ ច្រើន​ជាង​គេ។​ លោកស្រី​ក៏​បាន​ចូល​រួម​ថ្លែង​សុន្ទរក​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​កិច្ច​ ប្រជុំ​ផង​ដែរ​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ។ ​ថ្លែង​ប្រាប់​ VOA​ ខ្មែរ​បន្ទាប់​ពី​កិច្ច​ ប្រជុំ​នោះ​ លោកស្រី​បាន​សម្តែង​ការ​គាំទ្រ​ដែល​ថា ​បញ្ហា​សហគមន៍​ខ្មែរ​គួរ​ត្រូវ​ ទទួល​បាន​ការ​ដោះសា្រយ​ ដូចជា​បញ្ហា​សុខភាព​ ការ​ប្រឈម​មុខ​ក្នុង​ការ​អប់រំ​ បញ្ហា​ខ្វះ​ការ​យល់​ដឹង​អំពី​ច្បាប់​ទម្លាប់​ និង​បញ្ហា​ទិដ្ឋាការ ​ឬ​Visa​ជាដើម។

«ខ្ញុំ​អាច​និយាយ​បាន​ថា​ ចំពោះ​ខ្ញុំ​ បញ្ហា​ទីមួយ​គឺ​ត្រូវ​ជួយ​លើ​បញ្ហា​អន្តោ​ប្រវេសន៍​ និង​ដំណើរ​ការ​ផ្តល់​ទិដ្ឋាការ​ ឬ​VISA។​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​អារម្មណ៍​ថា​ ពួក​គេ​ត្រូវ​ចំណាយ​លុយ​មួយ​ម៉ឺន​ដុល្លារ​ ហើយ​ជួល​មេធាវី។​ ពួក​គេ​រង់ចាំ​លទ្ធផល​នោះ​ រង់ចាំ​ហើយ​រង់ចាំទៀត ​គឺចេះ​តែ​រង់ចាំ​ទៅ។​ យើង​ត្រូវ​តែធ្វើ​ឲ្យ​ប្រាកដ​ថា​ ដំណើរ​ការ​គឺ​មាន​ភាព​រលូន​ ដែល​សមហេតុ​ផល​ ហើយ​ពលរដ្ឋ​ដែល​ចង់​មក​ស.រ.អា.​ដើម្បី​ធ្វើការ​ថែទាំ​ក្រុមគ្រួសារ​របស់​គេ​នោះ​ ពួក​គេ​គួរ​តែ​មាន​ឱកាស​ចំពោះ​រឿង​រ៉ាវ​នេះ​ ដូច​ពលរដ្ឋ​ដទៃ​អញ្ចឹង​ដែរ»។

លោកស្រី ​Richardson​ ជា​សមាជិក​គណៈ​កម្មាការ​ផ្នែក​កិច្ចការ​សន្តិសុខ​សង្គម​ និង​គណៈកម្មការ​គមនាគមន៍​និង​ហេដ្ឋា​រចនាសម្ព័ន្ធ។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅ​ក្នុង​រដ្ឋ​ជាច្រើន​ និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ជាច្រើន​ត្រូវគេ​រាយ​ការណ៍​មក​ថា​ មាន​ការ​ខកចិត្ត​នឹង​ដំណើរការ​ផ្តល់​ទិដ្ឋាការ​ចូល​មក​កាន់​ ស.រ.អា.​ ទោះបី​ជា​មាន​ពិធី​បុណ្យសព​សាច់ញ្ញាតិ​ជិតបំផុត​ ពិធី​បុណ្យ​តាម​ប្រពៃណី​ អាពាហ៍​ពិពាហ៍​បងប្អូន​ក្តី។ ​លក្ខណៈ​សម្បត្តិ​ដែល​ស.រ.អា.​ទាមទារ​នោះ​គឺ​មាន​លក្ខណៈ​តឹងរ៉ឹង​និង​ស្មុគស្មាញ។

ក្រុម​សកម្មជន​តំណាង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងនេះ​មកពី​រដ្ឋ​ជាច្រើន​ពាស​ពេញ​ស.រ.អា.​ ហើយ​ដឹកនាំ​ដោយ​លោកស្រី​គួច ធានវី​ នាយិការ​ប្រតិបត្តិ​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ។​ ពួក​គេ​បាន​ប្រាប់​កិច្ច​ប្រជុំ​ដែល​មាន​សមាជិក​សភា ព្រឹទ្ធ​សភា​ជាង​៣០រូប​នោះ​ថា​ ជនជាតិ​ខ្មែរ​ជាង​៣០​ម៉ឺន​នាក់​ដែល​ភៀស​ខ្លួន មក​រស់​នៅ​ស.រ.អា.​ ជាង​៣០ឆ្នាំ​នេះ​ មិន​សូវ​មាន​ចំណេះ​ដឹង​ខ្ពស់​ មាន​សុខភាព​ទ្រុឌ ទ្រោម​ ភាគ​ច្រើន​មិន​ចេះ​ភាសា​ មិន​យល់​ដឹង​ពី​វប្បធម៌ ​ទំនៀម​ទម្លាប់​ មិន​យល់​ ដឹង​អំពី​ច្បាប់​ជាដើម​ ហើយ​ស.រ.អា.​ត្រូវតែ​ជួយ​ផ្នែក​ថវិកា​ដើម្បី​រៀបចំ​គម្រោង​ការ​ដោះស្រាយ។​ លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA​ នៅឯ​ទី​ស្នាក់ការ​ VOA ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ថា ​លោកស្រី​បាន​ជម្រាប​អង្គ​សភា​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ ដោយសារ​ សង្គ្រាម​ ពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​ ដូចជា​ជម្ងឺ​បាក់ស្បាត​ ជម្ងឺ​លើស​ឈាម​ ទឹកនោម​ផ្អែម​ ដែល​បណ្តាល​មកពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ ក្រហម​ ការ​ឈឺចាប់​ ការព្រាត់​ប្រាស់​ក្រុម​គ្រួសារ។ ​ម្យ៉ាង​ទៀត​ ជនជាតិ​ខ្មែរ​ដែល​ ជា​ធនធាន​មនុស្ស​ អ្នក​ចេះដឹង​ប្រមាណ​៩០​ភាគ​រយ​ត្រូវ​ខ្មែរ​ក្រហម​​កាប់​សម្លាប់។​ លោកស្រី​បាន​ថ្លែង​ថា​ មាន​ការ​យកចិត្ត​ទុកដាក់​ពី​សមាជិក​សភា​ជាច្រើន​ក្នុង​ការ​ ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ជនជាតិ​ខ្មែរ​អាមេរិកាំង​ បន្ទាប់ពី​បាន​ ថ្លែង​ការណ៍​ក្នុង​ពេល​ប្រជុំ។

«អញ្ចឹង​លោកស្រី​សមាជិក​រដ្ឋ​សភា​Judy Chu​ ហ្នឹង​ គាត់​បាន​កត់​ជា​សំណូមពរ​ ហើយ​គាត់​បាន​ប្រគល់​ជូន​ទៅ​សមាជិក​សភា​ Mike Honda ។​ ហើយ​លោក​ សមាជិក​សភា​ Mike ​Honda​ ហ្នឹង​ គាត់​មាន​ប្រសាសន៍​ថា​ រឿង​ហ្នឹង​ត្រូវតែ​គិតគូរ​ គឺ​ថា​ ចាំបាច់​បំផុត»។

លោកស្រី​ធានវី​បាន​អះអាង​បន្ថែម​ថា៖

«ការ​ធ្វើ​ឲ្យ​យើង​ សហគម​ខ្មែរ​យើង ​មាន​សង្ឃឹម​ហ្នឹង​គឺ​ថា​ ត្រូវតែ​តាម​ជាប់​ ដូចថា​ ត្រូវ​ទាក់ទង​ទៅ​គេ​រហូត​ ហើយ​ជា​ពិសេស​លោកស្រី​សមាជិក​សភា​Judy Chu។ ​ គាត់​និយាយ​ថា​ គាត់​នឹង​ជួយ​ ប្រសិន​ជា​មាន​ការ​សុំ​លុយ​សុំកាក់​ពី​រដ្ឋាភិបាល​ សហព័ន្ធ​អីហ្នឹង។​ ខ​ទី២​ គាត់​ថា​ សុំ​ឲ្យ​មាន​ការ​ជួបជុំ​ផ្ទាល់​ជាមួយ​ខ្មែរ​យើង​ ម្តង​ទៀត»។

លោកស្រី​ធានវី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។​ លោកស្រី​ជា​ជន​ភៀស ខ្លួន​ដែល​បាន​មក​រស់​នៅ​ស.រ.អា.​តាំងពី​ឆ្នាំ​១៩៨២​ តាម​ជំរំ​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ។​ បច្ចុប្បន្ន​ លោកស្រី​រស់​នៅ​ក្នុង​រដ្ឋ​ Connecticut។

សកម្ម​ជន​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​នេះ​ មក​ពី​ទីក្រុង​ឡូវេល​ រដ្ឋ​ម៉ាសាជូសេត​ មកពី​ទីក្រុង​ហ្វីលឡាឌែលហ្វ្យា​ រដ្ឋ​ផេនស៊ីលវីនៀ​ ​ រដ្ឋមារីឡេន​ កាលីហ្វ័រញ៉ា, វីជីនៀ​ជាដើម។​ ពួក​គេ​ភាគ​ច្រើន​ជា​ជន​អន្តោ​ប្រវេសន៍​ ភៀសខ្លួន​តាម​ជំរំ​មក​រស់​នៅ​ស.រ.អា.​ នៅ​ដើម​ទសវត្សរ៍​១៩៨០។

លោកស្រី​​ Linda Nath​ ជាសមាជិក​គណៈកម្មាធិការ​នាយក​នៃ​សមាគម​គាំទ្រ​ សុខភាព​ខ្មែរ​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។​ លោកស្រី​បាន​ថ្លែង​ថា​ ថ្វីត្បិត​ពលរដ្ឋ​ខ្មែរ​នៅ​ស.រ.អា.​មាន​បញ្ហា​ច្រើន​ ដូចជា​បញ្ហា​គ្មាន​សេវាកម្ម​ថែទាំ​សុខភាព ​ឬ​ហៅ​ថា​Healthcare​ ក៏ដោយ​ ក៏​គេ​ពុំ​ឃើញ​មាន​គម្រោង​ការ​ណា​មួយ​ពី​ស.រ.អា.​ដើម្បី​ ជួយ​ដោះ​ស្រាយ​បន្ទុក​នេះ​ទេ។

«ស.រ.អា.​អត់មាន​ស្អី​ ធ្វើ​គម្រោងការ​អ្វីមួយ​សម្រាប់​ជួយ​ប្រជាជន​ខ្មែរ​យើង​ទេ​ ម្ល៉ោះ​ហើយ​យើង​មក​ថ្ងៃនេះ​ យើងចង់​ប្រាប់​គេ​ឲ្យ​ដឹង​ថា​ យើង​មាន​ភាព​អាសន្ន​ មួយ​ផ្នែក​ខាង​ Healthcare ​(ការ​ថែទាំ​សុខភាព)​ របស់​ប្រជាជន​ខ្មែរ​យើង​នៅ​ ស្រុក​អាមេរិក។​ ហើយ​យើង​ចង់​ឲ្យ​គេ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​យើង»។

លោកស្រី​ ច័ន្ទ​ ហប់សុន​ (Chan Hopson)​ ជា​នាយិការ​ប្រតិបត្តិ​នៃ​សមាគម​មាតាបិតា​ខ្មែរ​មក​ពី​ទីក្រុង​ឡងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​ថ្លែង​ថា៖​ ជនជាតិ​កម្ពុជា​ធ្លាក់ខ្លួន​ឈឺ​និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ផ្សេងៗ​នោះ​ គឺ​ដោយ​សារ​ទុក្ខព្រួយ​ ឈឺ​ចាប់​ ព្រាត់ប្រាស់​ ដោយសារ​មកពី​ការ​កាប់​សម្លាប់​នៅ​សម័យ​ខ្មែរក្រហម។​ លោក​ស្រី​បាន​បញ្ជាក់​ថា​ ជន​ជាតិខ្មែរ​មិន​អាច​ទ្រាំទ្រ​ឃើញ​ការ​ស្លាប់​ដោយ​សារជម្ងឺ​ទាំងនេះ​ត​ទៅ​ទៀត​ទេ។​ លោកស្រី​ថ្លែង​ថា​ ដល់​ពេល​វេលា​ដែល​ស.រ.អា.​ត្រូវរក​ដំណោះ​ស្រាយ​ហើយ។

«គ្រោះ​ថ្នាក់​ចម្បង​បំផុត​ហ្នឹង​គឺខ្ញុំ​មាន​ការ​ភ័យ​បារម្ភថា​ ដោយសារ​យើង​មាន​ជម្ងឺ​ យារយី​ដល់​អាយុ​ជីវិត​របស់​យើង​ យើង​មាន​អាយុខ្លី​ ហើយ​យើង​ស្លាប់​ នៅ​ពេល​ ដែល​យើង​កំពុង​មាន​វ័យ​ដែលត្រូវ​ចញ្ចឹម​ជីវិត​របស់​យើង​ ចញ្ចឹម​កូនចៅ​របស់​ យើង​ឲ្យ​មាន​ការ​លូត​លាស់។​ បើ​សិន​ណា​ឪពុក​ម្តាយ​មាន​​ជម្ងឺ​រ៉ាំរ៉ៃ​ ហើយ​ស្លាប់​ ចោល​ ​ទុក​កូន​ឲ្យ​នៅ​កំព្រា​ កូន​នោះ​អត់មាន​នរណា​គ្រប់គ្រង​ ហើយ​ជីវិត​កូន​ នោះ​មិន​អាច​មាន​ការ​លូត​លាស់​ ហើយ​បន្ត​ការ​សិក្សា​បាន​ល្អ​ទេ។​ ដូច្នេះ​ជា​ ការ​បង្ក​គ្រោះថ្នាក់​មួយ​ដ៏​ធំ​បំផុត​ដល់​ពលរដ្ឋ​យើង​ហើយនឹង​កូនចៅ​របស់​យើង»។

លោកស្រី​លី សម្បូរ ​សមាជិក​គណៈ​កម្មាការ​នាយក​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ​ក្នុង​ទីក្រុង​ Oakland​ រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ថ្លែង​ថា៖

«បញ្ហា​សំខាន់់​នៅ​ទីក្រុង​Oakland​ ខ្មែរ​យើង​ភាគច្រើន​ត្រូវការ​ជំនួយ​ខាង​ផ្នែក​ សុខភាព​ ព្រោះ​ថា​ ជនជាតិ​ខ្មែរ​យើង​ភាគ​ច្រើន​ ច្រើនតែ​មាន​រោគ​ឡើង​ឈាម​ រោគ​ទឹកនោម​ផ្អែម​ហើយនឹង​បញ្ហា​សតិអារម្មណ៍​ដែល​រដ្ឋាភិបាល​ស.រ.អា.​ត្រូវតែ​ ជួយ​ដោះ​ស្រាយ​ បើ​មិន​ដូច្នោះ​ទេ​ ខ្មែរ​ទាំងអស់​គ្នា​ហ្នឹង​ត្រូវ​បញ្ហា​សុខភាព​យារយី​ ទៅ​ដល់​ខ្លួន​ប្រាណ​ សតិអារម្មណ៍​ បណ្តាល​ឲ្យមាន​បញ្ហា​ផ្សេងៗ​ទៀត។​ យើង​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​សព្វថ្ងៃ​នេះ។​ តើ​វិធី​សាស្ត្រ​ដែល​យើង​ចង់​ទាមទារ​សម្រាប់​សហគមន៍​ខ្មែរ​យើង​មាន​អ្វី​ខ្លះ​ទៅ?​ ឧទាហរណ៍​យ៉ាង​ម៉េច​ខ្លះ​ទៅ?​ ឧទាហរណ៍​គេអាច​ជួយ​សំខាន់​បំផុត​គឺ​ថវិកា​គឺ​ថា​ ជួយ​ឧបត្ថម​ជាថវិកា​ដើម្បី​ឲ្យ​យើង​បង្កើត​កម្មវិធី​ ដែល​មាន​វេជ្ជបណ្ឌិត​ខ្មែរ​ បុគ្គលិក​ខ្មែរ​ អ្នក​បកប្រែ​ភាសា​ខ្មែរ​ ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​ហ្នឹង​យល់​ថា ​តើ​គេ​មាន​បញ្ហា​សុខភាព​អ្វីខ្លះ​ទៅ​ ហើយ​គេ​ត្រូវ​ថែទាំ​ខ្លួន​គេ​ដោយ​របៀប​ណា?​ សព្វថ្ងៃ​នេះ​ ពេល​ខ្មែរ​ទៅ​ជួប​វេជ្ជបណ្ឌិត​អាមេរិកាំង​ អត់មាន​អ្នក​បកប្រែ​ភាសា ​ គ្នា​អត់​យល់​ថា​ តើ​ត្រូវ​លេប​ថ្នាំ​របៀប​ម៉េច?​ វាស់ឈាម​ខ្លួនឯង​របៀប​ម៉េច?​ ឬ​មួយ​ជួស​ឈាម​របស់ខ្លួន​របៀប​ម៉េច?»

នាង ​Jacqueline​ Tevy ​អាយុ២៤​ឆ្នាំ​ ជា​និស្សិត​ និង​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ រដ្ឋ​មារីឡែន​ បាន​ថ្លែង​ថា​ នាង​មាន​ភាព​រីករាយ​ដែល​បាន​ចូលរួម​ប្រាប់​សភា​ អាមេរិកាំង​អំពី​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ឲ្យ​គេ​ជួយ៖

«ខ្ញុំ​ចង់​បញ្ជាក់​អំពី​ការ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​អាមេរិក​ ពីព្រោះ​រដ្ឋាភិបាល​អាមេរិក​គេ​យល់​ពី​បញ្ហា​របស់​អាស៊ី​ ជន​ជាតិ​អាស៊ី។​ តែ​ក្រុម​របស់​យើង​ចង់​ពន្យល់​ពី​បញ្ហា​ ខ្មែរ​គឺ​ផ្សេង​ពី​បញ្ហា​ថៃ​ និង​បញ្ហា​វៀតណាម​ និង​បញ្ហា​ប្រទេស​ផ្សេងៗ​ទៀត។​ អញ្ចឹង​ខ្មែរ​យើង​មាន​បញ្ហា​ពិសេស​ដែល​យើង​ត្រូវការ​ដោះស្រាយ»។

លោកស្រី​ដានី​ ម័រតុន​គឺ​ជា​សកម្ម​ជន​នៃ​អង្គការ​ Grassroot​ Organization​ នៅ​ឯ​ ក្រុង​ Seattle​ រដ្ឋ​វ៉ាស៊ីនតោន។​ លោកស្រី​បាន​ថ្លែង​ថា​ សមាជិក​សភា​ ដែល​ចូល​ រួម​ក្នុង​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​២៤​ដល់​២៥​ ឧសភា​នេះ​ មានក្តី​រីករាយ​ដែល​ពលរដ្ឋ​ កម្ពុជា​យើង​បាន​នាំ​បញ្ហា​ឲ្យ​គេ​បាន​ដឹង​ និង​ប្រាប់​ពី​ក្តី​បារម្ភ​ដែល​ខ្មែរ​មាន​ដើម្បី​ឲ្យ​គេ​ជួយ។

ដោយ​មិនពេញ​ចិត្ត​នឹង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​កំហុស​តូចធំ​ណាមួយ​ នៅពេល​ដែល​ឪពុកម្តាយ​មិន​បាន​ចូល​សញ្ជាតិ ​កូន​មិន​បាន​ចូល​សញ្ជាតិ​អាមេរិក​នោះ ​លោកស្រី​ដានី​ម័រតុន​បាន​បញ្ជាក់​ថា ​សំណើ​សុំ​ឲ្យ​បិត​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​ប្រទេស​ កម្ពុជា​វិញ​ក៏​ត្រូវ​លើក​ឲ្យ​សមាជិក​សភា​បាន​ដឹង​ផង​ដែរ​ក្នុង​ពេល​ប្រជុំ​នោះ។​ «សំឡេង​របស់​យើង​ថ្ងៃ​នេះ​គឺ​ថា​ យើង​សុំ​និយាយ​អំពី​រឿង​ការ​បញ្ជូន​ទៅ​វិញ​ហ្នឹង​គឺ​ថា​ ដូច​បញ្ជូន​ឲ្យ​កូន​ហ្នឹង​ទៅ​ស្លាប់​អញ្ចឹង។ ​ហើយ​ម៉្យាង​ទៀត​ ​បញ្ហា​ដ៏ឃោរ ឃៅ​បំផុត​ដែល​ធ្លាក់​មក​ដល់​ក្រុមគ្រួសារ​ហ្នឹង​ គឺ​បញ្ហា​សុខភាព​ហ្នឹង​ ​ព្រោះ​ថា​ រឿង​នេះ​​ដូច​ហែក​ទ្រូង​ម្តាយ។​ អស់​ពី​បញ្ហា​មួយ​ចូល​បញ្ហា​មួយ។ ​យើង​ចង់​ឲ្យ​ គេ​ដឹង​ថា ​នោះ​មិន​មែន​យុត្តិធម៌​សម្រាប់​ប្រជាជន​របស់​យើង​ទេ។​ យើង​ជា​ប្រជាជន​របស់​គេ​ដែរ​ ហេតុអី​បាន​គេ​មិន​មើល​ថែ​ទាំ​យើង?»

មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់នាក់​ដែល​ភៀស​ខ្លួន​មក​កាន់​ស.រ.អា.​២០ ឬ​៣០ឆ្នាំ មក​ហើយ​ត្រូវ​រដ្ឋាភិបាល​ស.រ.អា.​គ្រោង​នឹង​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​ វិញ​ នៅ​ពេល​ពួក​គេ​មិន​បាន​ចូល​សញ្ជាតិ​អាមេរិកាំង។​ ហើយ​ទន្ទឹម​ពេល​ដែល​ពួក​គេ​ធ្លាក់​ចូល​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​មួយ​នោះ​ ការ​អនុវត្ត​ការ​បញ្ជូន​ទៅ​វិញ​នេះ​គឺ​តាម​ច្បាប់​អន្តោ​ប្រវេសន៍​ ដែល​គេ​ចាត់​ទុក​ថា ​ជា​ច្បាប់​ដែល​មិន​បាន​ធ្វើ​ការ​កែ​ទម្រង់។

សមាជិក​សភា​អាមេរិកាំង​មួយ​រូប​ផ្សេង​ទៀត​គឺ​លោក​ Xavier​ Becerra ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ សង្កាត់​៣១​ មកពី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។​ លោក​ជា​សមាជិក​គណៈកម្មការ​ផ្នែក​ខាង​ការ​រៀបចំ​ពន្ធដារ​ប្រាក់​ចំណូល។​ បន្ទាប់ពី​កិច្ច​ប្រជុំ​នោះ​ លោក​ក៏​បាន​ប្រាប់​ VOA ​ផ្នែក​ខេមរ​ភាសា​ដែរ​ថា៖​ ការ​កែ​ប្រែ​ច្បាប់​អន្តោ​ប្រវេសន៍​ជា​រឿង​ចាំបាច់។ ​លោក​បាន​បញ្ជាក់​ពី​ការ​យល់​ដឹង​នូវ​បញ្ហា​ ផ្សេងៗ​ទៀត​ដែល​ជន​អន្តោ​ប្រវេសន៍​អាស៊ី​ អេស្បាញ​កំពុង​ជួប​ប្រទះ។

«លោក​អ្នក​ចង់​មាន​ការងារធ្វើ​ ចង់​ឲ្យ​កូន​រៀន​សាលា​ល្អ​ មាន​ផ្ទះល្អ​ វា​ជា​រឿង​ លំបាក​ ព្រោះ​បងប្អូន​ មិត្ត​ភក្តិ​ជា​ច្រើន​នៅតែ​បារម្ភ​ មិន​ដឹង​ថា ​ពេល​ណា​ទើប​ ច្បាប់​អន្តោ​ប្រវេសន៍​នឹង​ត្រូវ​គេ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ពួក​គេ​ទេ។ ​ដូច្នេះ​បញ្ហា​អន្តោ​ប្រវេសន៍​ជារឿង​ដែល​គួរ​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ ពីព្រោះ​ថា ​បើ​គេ​ធ្វើ​ដូច្នោះ​ វា​នឹង​រំលែក​បន្ទុក​ដល់​ជន​អន្តោ​ប្រវេសន៍​ទាំង​នេះ​ ដែល​ព្រួយ​បារម្ភ​ រឿងរ៉ាវ​ដ៏ច្រើន​ ទាក់ទង​នឹង​ការងារ​ពួកគេ​ និង​សាលា​រៀន។​ ដូច្នេះ​ប្រសិន​បើ​ លោក​អ្នក​មាន​បញ្ហា​អន្តោ​ប្រវេសន៍​ លោកអ្នក​មិន​អាច​រក​ការងារ​ធ្វើ​បាន​ មិន​អាច​ទៅ​រៀន​មហា​វិទ្យាល័យ​បាន​ទេ»។

លោក​ Becerra​ បាន​អះអាង​ថា ​អ្វីដែល​សំខាន់​គឺ​ឱកាស​បាន​ការងារ​ធ្វើ​ ឬ​ចាប់​ផ្តើម​មុខ​ជំនួញ​ ព្រោះ​ថា​ នៅ​ពេល​មកដល់​ស.រ.អា.​ហើយ​ តែ​បើ​គេ​បដិសេធ​មិន​ឲ្យ​ធ្វើការ​ និង​រៀន​សូត​ ពលរដ្ឋ​ជា​ជន​អន្តោ​ប្រវេសន៍​មិន​អាច​រស់​បាន​ទេ៕

This posting includes an audio/video/photo media file: Download Now

ជំងឺ​ផ្លូវចិត្ត​នៃ​របប​ខ្មែរក្រហម​ឆ្លង​ជំនាន់

Posted: 30 May 2011 06:00 AM PDT

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិធម៌​ក្នុង​សាលាក្តី​ខ្មែរក្រហម​និង​ត្រូវ​និយាយ​​រឿង​ឈឺចាប់​ក្នុង​របប​នេះ​ ដើម្បី​ឲ្យ​ធូរ​ទ្រូង​ ទើប​ពួក​គាត់​អាច​បាន​ធូរ​ស្រាល​ពី​ជំងឺ​នេះ​ ដែល​ជះ​ឥទ្ធិពល​ដល់​កូនចៅ​ជំនាន់​ក្រោយ។

នៅ​តាម​ទីក្រុង​នានា​នៅ​ស.រ.អា.​ដែល​មាន​ខ្មែរ​រស់​នៅ​ច្រើន ​អ្នក​ស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា​បាន​ពន្យល់​ណែនាំ​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​អំពី​ទម្រង់​ការ​ច្បាប់​ដើម្បី​ចូលរួម​ដាក់​ទណ្ឌ​កម្ម​ខ្មែរក្រហម។

ក្នុង​កម្ម​វិធី​«ពី​ជន​រងគ្រោះ​មក​ជា​សាក្សី»​នៅ​ទីក្រុង​San Jose​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ ស.រ.អា.​ អ្នកស្រី​ឃុន អូន​ ដែល​ជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ និង​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២​ បាន​ប្រាប់​អ្នកស្រី​នូ លក្ខិណា​ និង​អ្នក​ចូលរួម​គឺ​យ៉ាង​ដូច្នេះ​ថា៖

«លោក​អុំ​ចង់​ឲ្យ​តុលាការ​សង​យ៉ាង​ម៉ិចដែរ?»

«ខ្ញុំ​មិន​ចង់​ឲ្យ​សងអ្វី​ទេ។ ​ទោះបី​ទាមទារ​ក្រុម​គ្រួសារ​មក​វិញ​ ក៏​គេ​មិន​រស់​មកវិញ​ដែរ​ តែ​ចង់​ឲ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»។

ក្រៅ​ពី​ណែនាំ​ឲ្យ​ជន​រងគ្រោះ​កាត់​បន្ថយ​ជំងឺ​ផ្លូវចិត្ត​ដោយ​រក​យុត្តិធម៌​ និង​និយាយ​រឿង​ទុក្ខសោក​ឲ្យ​អស់​ពីទ្រូង​ លក្ខិណា​ក៏​ប្រើ​សិល្បៈ​ជួយ​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ផង​ដែរ។

នៅ​ឯ​កម្ម​វិធី​«សិល្បៈជាសាក្សី»​នៅ​ទីក្រុង​ Santa Ana​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ស.រ.អា.​ ​ អ្នក​ចូលរួម​គូរ​រូប​អំពី​ព្រឹត្តិ​ការណ៍​ក្នុង​សម័យ​ខ្មែរក្រហម។

លោក​ភីធើ​ អ៊ូច​ បាន​ចង្អុល​រូប​គំនូរ​មនុស្ស​ជាប់​ចំណង​ដែល​លោក​បាន​គូរ​ ហើយ​ពណ៌នា​គំនូរ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖

«នៅ​សម័យប៉ុល ពល​ អ្នក​នៅ​កណ្តាល​នេះ​ជា​រូប​ខ្ញុំ។​ ខ្មែរក្រហម​ចាប់​ ពេលខ្ញុំ​ធ្វើ​កង​ចល័ត​ណា៎!​ កង​ចល័ត​ ពេល​បះបោរ​ ខ្ញុំ​រត់​ទៅ​ស្រុក​ខ្ញុំ​វិញ​ គេ​ចាប់​ខ្ញុំ»។

បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​​បាន​សួរ​លោក​​ថា​ «នេះ​ជា​រឿង​ពិត?»

លោក​ងាក​រក​បុរស​នោះ​ ហើយ​ឆ្លើយ​ថា៖

«បាទ​ រឿង​ពិត»។

លោក​ភីធើ អ៊ូច​បន្ត​ទៀត​ថា​ «នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ស្រុក​មង្គលបូរី។ ​នេះ​គឺ​រូប​ខ្ញុំ»។​ លោក​ចង្អុល​ទៅ​កាន់​រូប​អ្នក​ជាប់​ចំណង​ពីរ​នាក់​ទៀត​ ហើយ​បន្ត​ថា៖

«ហើយ​ពីរ​នាក់​នេះ​ចល័ត​ដូចគ្នា។​ គេ​ចាប់​ចង​ទាំង​បីនាក់​ ហើយ​គេ​វ៉ៃ​មួយ​យប់​ មួយ​ថ្ងៃ។​ ម្នាក់​នេះ​ងាប់»។

អ្នកស្រី​នូ លក្ខិណា​លាន់​មាត់​ថា៖ «អូ!»

អ្នកស្រី​នូ លក្ខិណា​ ជា​សាស្ត្រាចារ្យ​សង្គម​វិជ្ជា​​នៃ​សាកល​វិទ្យាល័យ ​Long Beach ​រដ្ឋ​ California។​​ ថ្វីបើ​អ្នកស្រី​ និង​ឪពុកម្តាយ​មិនធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរក្រហម​ក៏ដោយ​ អ្នកស្រី​គិត​ថា​ អ្នកស្រី​មាន​កាតព្វ​កិច្ច​ជួយ​ជនជាតិ​ខ្មែរ​នៅ​ស.រ.អា.​ចូលរួម​ក្នុង​ការ​កាត់​ទោស​ខ្មែរក្រហម។ ​អ្នកស្រី​បាន​បង្កើត​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​​(ASRIC)។

រហូត​មក​ដល់​ពេល​នេះ​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​ តាម​រយៈ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​ (ASRIC)​នេះ​ជាង​១៧០​នាក់​ ដែល​ក្នុងនោះ​៤៣​នាក់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ក្នុង​សំណុំ​រឿង​០០២​ កាត់​ទោស​មេ​ដឹកនាំ​​របប​ខ្មែរក្រហម។

នៅ​សាកល​វិទ្យាល័យ​ទីក្រុង​Long Beach ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ អ្នកស្រី​បាន​ប្រាប់​វីអូអេ​សំឡេង​ស.រ.អា.​ថា៖

«អង្គការ​ASRIC​កំពុង​ជួយ​ជន​រងគ្រោះ​នៅ​ស.រ.អា.​ ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ចំពោះ​ខ្មែរក្រហម​ ដែល​ធ្លាប់​ធ្វើ​បាប​គាត់។​ ហើយ​ពួក​ខ្ញុំ​ចង់​សាក​ផ្លូវ​មួយ​ទៀត​គឺ​យក​សិល្បៈ​ជា​ឱកាស​មួយ​ជួយ​ឲ្យ​គាត់​និយាយ​បញ្ហា​គាត់។ ​ហើយ​សំខាន់​ជាង​គេ​គឺ​ជួយ​ផ្លូវ​ចិត្ត​គាត់ ឲ្យ​ធូរ​ស្រាល»។

កូន​សិស្ស​របស់​អ្នកស្រី​កោត​សរសើរ​កិច្ច​ប្រឹងប្រែង​របស់ ​ASRIC។

លោក​Deepak Naik​ និយាយ​និស្សិត​សង្គមវិជ្ជា​និយាយ​ថា៖

«សង្គម​វិជ្ជា​និង​ច្បាប់​ទាក់ទង​គ្នា​ ព្រោះ​យើង​ត្រូវ​យល់​ថា​ សង្គម​ត្រូវការ​ច្បាប់។​ កាល​ណា​ខ្ញុំ​ដឹង​អំពី​កិច្ចការ​របស់​សាស្ត្រាចារ្យ​លក្ខិណា​ក្នុង​សាលាក្តី​ខ្មែរក្រហម​កាន់​តែ​ច្រើន​ ខ្ញុំ​កាន់​តែ​យល់​ កាន់តែ​ចង់ដឹង​ដើម្បី​ធ្វើតាម​គម្រូ​របស់​គាត់»។

អ្នក​ចូលរួម​ក្នុង​កម្មវិធី​នានា​របស់​ ASRIC​និយាយ​ថា​ អ្នកស្រី​លក្ខិណា​បាន​ជួយ​ពួក​គេ​ច្រើន។

លោក​ឆែ ឈឿន ​អ្នក​ដាក់​ពាក្យ​ប្តឹង​សំណុំ​រឿង​០០២​ ប្រាប់​វីអូអេ​ថា៖

«ក៏​ប៉ុន្តែ​និយាយ​ពី​រឿង​ដែល​ថា​ ខ្ញុំ​គោរព​គាត់​ គឺ​គាត់​ជា​អ្នក​ចូល​ចិត្ត​ជាតិ​ខ្មែរ​ ចូល​ចិត្ត​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ»។

កិច្ច​ប្រឹងប្រែង​របស់​អ្នកស្រី​លក្ខិណា​ត្រូវ​អ្នក​ថត​វីដេអូ​អាជីព​ចងក្រង​ជា​ភាពយន្ត​ឯកសារ។

លោក​ Michael Siv​ បាន​ឲ្យ​ដឹង​ថា៖

«ខ្ញុំ​ថត​ឯកសារ​នេះ​ ពីព្រោះ​លក្ខិណា​ធ្វើការ​នេះ​សំខាន់​ណាស់។​ លក្ខិណា​ប្រមូល​ជន​រងគ្រោះ​របស់​ខ្មែរក្រហម​ និង​ឲ្យ​ពួក​គាត់​រក​យុត្តិធម៌។ ​គាត់​ត្រូវ​ការ​យុត្តិធម៌​ ដើម្បី​ឲ្យ​ជីវិត​របស់​គាត់​មាន​ន័យ​ត​ទៅ​ទៀត។ ​ពួក​គាត់​អាយុ​ជាង​៧០ ​ឬ​៨០​ឆ្នាំ​ហើយ។​ ASRIC​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​គាត់។ ​គាត់​យក​វត្ថុ​អនុស្សាវរីយ៍ ​និង​និយាយ​រឿង​របស់​គាត់​ឲ្យ​ធូរ​ទ្រូង។​ ក្រៅពី​លក្ខិណា​ គ្មាន​អ្នក​ណា​អាច​ឲ្យ​គាត់​និយាយ​បាន​ទេ»។

នៅ​ឯ​សហជីព​គ្រូ​បង្រៀន​នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅដើម​ឆ្នាំ​នេះ​ អ្នកស្រី​លក្ខិណា​ប្រាប់​អ្នក​ចូលរួម​អំពី​មូលហេតុ​ដែល​អ្នកស្រី​ជួយ​ជន​រងគ្រោះ​ នៅ​ពេល​មនុស្ស​ជាច្រើន​ទៀត​ចង់​បំភ្លេច​រឿង​នេះ​ចោល។

«រោគ​សញ្ញា​ជំងឺ​ផ្លូវចិត្ត​មាន​ទាំង​ឪពុកម្តាយ​ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ និង​កូនចៅ​ជំនាន់​ក្រោយ​ ហើយ​មាន​ទាំង​នៅ​ស.រ.អា.​ និង​នៅ​ស្រុកខ្មែរ។​ តួលេខ​ជំងឺ​ផ្លួវចិត្ត​មាន​ដល់​១៤​ទៅ​១៥​ភាគរយ»។

សូម​រំឭក​ថា​ អ្នកស្រី​លក្ខិណា​រក​ឃើញ​ថា​ សង្គម​ខ្មែរ​មាន​ជំងឺ​នេះ​ ពេល​អ្នកស្រី​ចុះ​ស្រាវជ្រាវ​សរសេរ​សារណា​ថ្នាក់​បណ្ឌិត​នៅ​ឆ្នាំ​១៩៩៧​ និង​ឆ្នាំ​១៩៩៨។

អ្នកស្រី​នូ​ លក្ខិណា​គ្រោង​រៀប​ចំ​ពិព័រណ៍​អំពី​គំនូរ រូបថត​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​របស់​ជន​រងគ្រោះ​ ហើយ​រៀបចំ​វិចិត្រ​សាល​ដើម្បី​តម្កល់​ភស្តុតាង​ទាំង​នេះ​ផង៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!