VOA News: ព័ត៌មាន: “កម្ពុជានៅតែប្រឈម​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់” plus 4 more

VOA News: ព័ត៌មាន: “កម្ពុជានៅតែប្រឈម​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់” plus 4 more


កម្ពុជានៅតែប្រឈម​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់

Posted: 31 May 2011 02:37 PM PDT

មន្ត្រី​ជាន់​ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ថ្លែង​នៅថ្ងៃ​អង្គារនេះ​ថា កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ជួញដូរ​ និង​ការផលិត​គ្រឿងញៀន​របស់​ពួក​ឧក្រិដ្ឋជន សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ស្រុក និងនាំចេញ​ទៅក្រៅ​ប្រទេស។

លោក យូ ស៊ុនឡុង ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថា ឈ្មួញ​គ្រឿងញៀន​នៅតែ​ប៉ុន​ប៉ង​យក​កម្ពុជា​ធ្វើជា​កន្លែង​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់។ លោក​បន្ត​ថា៖

«ចំណុច​ប្រឈម​របស់​យើង​ គឺ​ពួក​ឧក្រិដ្ឋជន​នៅតែ​មាន​មហិច្ឆតា​បន្ត​ប្រើប្រាស់​ល្បិចកល​គ្រប់​រូបភាព​ក្នុង​ការ​ចរាចរ​ការ​ជួញដូរ​ ការ​ចែក​ចាយ ​និង​ការ​ផលិត ​ការ​កែ​ច្នៃ​គុណភាព​គ្រឿង​ញៀន ​ដើម្បី​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​ជា​ពិសេស​ការ​ប៉ុន​ប៉ង​តាម​គ្រប់​វិធី​ ដើម្បី​យក​កម្ពុជា​ធ្វើ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន»។

លោក ​យូ ស៊ុនឡុង​ បាន​បន្ថែម​ថា គ្រឿង​ញៀន​បាន​នាំចូល​កម្ពុជា តាម​បណ្តា​ច្រក​នៃ​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន​ ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​កំពង់ផែ​ក្រុង​ព្រះ​សីហនុ ​ហើយ​នាំ​ចេញ​ទៅ​តាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ តាម​ផ្លូវ​គោក​ទៅ​ថៃ វៀតណាម​ និង​តាម​បញ្ញើ​ប្រៃសណីយ៍។ លោក​ថ្លែង​ថា៖

«ក្នុង​ឆ្នាំ​២០១០​ យើង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន​៣៥០​ករណី ​បើ​ប្រៀប​ធៀប​ឆ្នាំ២០០៩​ ដែល​មាន​បទ​ល្មើស​ចំនួន​៣០៩​ករណី ​បាន​កើនឡើង​១៣,២៦​ភាគរយ។ យើង​បាន​ចាប់​ខ្លួន​ជនល្មើស​ចំនួន​៦៨៤ នាក់ ​បើប្រៀប​ធៀប​ឆ្នាំ២០០៩​ ដែល​មាន​ជនល្មើស​ចំនួន​៦១៥នាក់​ បាន​កើនឡើង​១១,២១​ភាគរយ»។

លោក​ យូ ស៊ុនឡុង ​បាន​បន្ត​ថា អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទូទាំង​ប្រទេស​មាន​ប្រមាណ​ពី​៥. ០០០នាក់​ ទៅ​៦.០០០​នាក់ ​ក្នុង​នោះ​យុវជន​មាន​ចំនួន​ច្រើនជាង​៦០​ភាគរយ។

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជាក់ថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០១១​អាជ្ញាធរ​​កម្ពុជា​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន​១៩២​ករណី ​បើ​ប្រៀប​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១០​ ដែល​មាន​​៨១​ករណី​ បាន​កើនឡើង​ជាង​១៣៧ភាគរយ​ ហើយ​ឃាត់​ខ្លួន​ជន​ល្មើស​បាន​ចំនួន​៤៧៥​នាក់ បើ​ប្រៀប​ធៀប​ត្រីមាស​ទី១​ឆ្នាំ២០១០​ដែល​បាន​ឃាត់​ខ្លួន​ជនល្មើស​ចំនួន១៧៨​នាក់ បាន​កើន​ឡើង​ប្រមាណ​១៦៧​ភាគរយ។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​រឹបអូស​មេតំហ្វេតាមីន​ចំនួន១​៤៧.៤០៧​គ្រាប់​ មេតំហ្វេ តាមីន​ទឹកកក​ចំនួន​៦.៩៣២,៥២​ក្រាម ​អ៊ិចស្តា​ស៊ី​ចំនួន​១១គ្រាប់​ ហេរ៉ូអ៊ិន​ចំនួន​៧៨១,៧ក្រាម​ និង​កញ្ឆា ក្រៀម​ចំនួន​ ២៧៧,៦២​ក្រាម។

លោក​យូ ស៊ុនឡុង ​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿន​ញៀន​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១០​ បើ​ប្រៀប​ធៀប​ឆ្នាំ២០០៩ ​ប៉ុន្តែ​បរិមាណ​គ្រឿង​ញៀន​ដែល​រឹប​អូស​មាន​ការ​ធ្លាក់ចុះ។ លោក ​យូ ស៊ុនឡុង​ បាន​ថ្លែងថា សភាពការណ៍​គ្រៀង​ញៀន​ក្នុង​តំបន់​ និង​ពិភពលោក​នៅ​តែ​បន្ត​ជះឥទ្ធិពល​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុខភាព​សាធារណៈ ​និង​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ កែ គឹមយាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​លើក​ទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្តន៍​ច្បាប់​ឱ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការផលិត​ ការជួញដូរ ​ការប្រើប្រាស់​គ្រឿន​ញៀន​ ដែល​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​រាប់​ពាន់ និង​ការបង្ក្រាប​ពួកឈ្មួញ​គ្រឿងញៀន៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​សុំ​ឲ្យ​នាយករដ្ឋ​មន្ត្រី​ការ​ពារព្រៃ​ឡង់

Posted: 31 May 2011 12:02 PM PDT

ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​បាន​ស្នាម​ផ្តិត​មេដៃ​ចំនួន​ជិត​៣ម៉ឺននាក់​ពី​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ ក្រុម​អ្នកតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃចន្ទ័ ​បាន​សរសេរ​លិខិត​មួយ ច្បាប់​តាមរយៈ​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដើម្បី​សុំ​លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ ដែល​មាន​ឈ្មោះ​ថា CRCK សម្រាប់​ដាំ​ដើមកៅ​ស៊ូ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អាណាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ឡង់។

ព្រៃឡង់​គឺជា​ព្រៃ​ឈើ​បៃតង​ទំនាប​ដ៏ធំ​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ៥.២៥០​គីឡូម៉ែត្រ​ការ៉េ ​ហើយ​ព្រៃ​នេះ​បាន​គ្រប​ដណ្តប់​ផ្នែក​ខ្លះ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ ​ខេត្ត​កំពង់ធំ​ ព្រះវិហារ ក្រចេះ ​និ​ងខេត្ត​ស្ទឹងត្រែង ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​មាន​ស្នាម​ចុះហត្ថលេខា​ពី​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​៩រូប និង​ដែល​ត្រូវ​បាន​ដាក់​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ឲ្យដឹង​ថា ធនធាន​ធម្មជាតិ​នៅតំបន់​ព្រៃឡង់​នេះ​កំពុង​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ក្រុមហ៊ុន​CRCK ដោយ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អនុផល​ព្រៃឈើ​ សត្វព្រៃ ​ជីវសាស្រ្តចម្រុះ វប្បធម៌​ជនជាតិ​ដើម និង​ការប្រែប្រួល​អាកាសធាតុ​ទៀត​ផង។

លោក​ឈុន ឈន់​ អភិបាល​ខេត្តកំពង់​ធំ ​បាន​ថ្លែង​ការពាររដ្ឋាភិបាល​ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ កិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ លោក​បាន​មា​នប្រសាសន៍​ថា ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ ងារ​ធ្វើ​ស្របនឹង​យុទ្ឋសាស្រ្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។ លោក​មាន​ប្រសាសន៍​ថា៖

«ព្រៃ​នោះ ខ្ញុំ​ដឹងថា វា​មាន​ ក៏ប៉ុន្តែ​បើគិត​តម្លៃ​នៃ​ចំណូល​ថវិកា​របស់​ជាតិ​ គឺ​គ្មាន​ទេ គឺ​គ្រាន់​តែ​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​រយឆ្នាំ​ហើយ។ រស់​ដោយ​សារព្រៃ ​សួរថា​រីកចម្រើន​អ្វីទៅ។ ក្រីក្រ​នៅ​តែ​ក្រីក្រ​ដដែល»។

លោក​ម៉ែន សុថារិន្រ្ទ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ធំ បាន​មាន ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរៗ​តំបន់​ព្រៃឡង់​បាន​ទទួល​រងគ្រោះ​ដោយសារ​តែ​ការ​ផ្តល់​ដី​សម្បទាន សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ លោក​បាន​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អាច​មាន​ប្រយោជន៍​ បើ​សិន​ជា​ធ្វើតាម​គម្រោង​របស់​រាជរដ្ឋាភិបាល​ពិតប្រាកដ។ គម្រោង​ ដែល​ធ្វើ ជួយ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ល្អ ក៏ប៉ុន្តែ​គម្រោង​នេះ​មិនមែន​សម្រាប់​ប្រជាពលរដ្ឋ។ គម្រោង​បាន​ត្រឹមតែ​ បុគ្គល​មួយ​ចំនួន​បាន​ចំណេញ​ ហើយ​ប្រជាពលរដ្ឋ​អត់​បាន​ទទួល​ផលប្រយោជន៍។ គម្រោង​សេដ្ឋកិច្ច​ល្អ​ហើយ គម្រោង​ឃើញ​ល្អ​ដាក់​ធ្វើ​អ្វីៗ​ ឃើញថា​ល្អមែន​ ក៏ប៉ុន្តែ​វា​អត់​បាន​ធ្វើអ្វី​ដូច​អញ្ចឹង»។

ក្រុម​ហ៊ុន​CRCK​របស់​វៀតណាម​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កសិកម្ម​សម្រាប់​ដាំដើម​កៅស៊ូ​រយៈ ពេល​៧០ឆ្នាំ ​ដោយ​គ្របដណ្តប់​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង​៥.០០០គីឡូម៉ែត្រ​ការ៉េ។

លោក​ឈិត វុធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​មាន​ប្រសាសន៍​ថា​ តំបន់​ព្រៃឡង់​នៅក្នុង​ ខេត្ត​ព្រះវិហារ​ត្រូវបាន​កាប់បំផ្លាញ​ប្រមាណ​៣០​ភាគរយ ។ លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​តែ​ដី​ក្នុង​តំបន់​ព្រៃស្រោង​ និង​រិចរិល​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ទេ។ លោក​ថ្លែង​ថា៖

«បើ​និយាយ​ពី​ផលប៉ះពាល់​ ខ្ញុំ​ជឿថា ​ការ​ធ្វើនេះ ​បាន​ចំណេញ​ទៅ​ដល់​ម្ចាស់ដី​សម្បទាន​ គាត់​កាប់​ឈើ យក​ទៅ​លក់​ គាត់​បាន​ថវិកា​ទៅប្រើប្រាស់​ ហើយ​បន្ទាប់មក​គាត់​គិត​រឿង​ដាំ​កៅស៊ូ​ជា​វគ្គ​ក្រោយ​ទេ។ តែ​គោលដៅ​របស់​គាត់​សំខាន់​ជាង​គេ​ គឺ​គាត់​យកព្រៃ​នេះ​តែម្តង»។

អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ និង​មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​នៅថ្ងៃ​អង្គារ៍នេះ​ បាន​រៀបចំ​វេទិកា សម្តែង​មតិ​មួយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​តំណាងរាស្រ្ត​ផ្តល់​យោបល់ ​និង​រក​ដំណោះស្រាយ​អំពី​ផលប៉ះពាល់​នៅ​តំបន់​ព្រៃឡង់។ អង្គការ​យូអិនឌីភី (UNDP) និង​អង្គការ​បរិដ្ឋាន​ពិភពលោក ​គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន​៣.៩​លាន​ដុល្លារ​អាមេ រិក ​សម្រាប់​អភិវឌ្ឍ​ព្រៃឈើ ​និង​ជីវសាស្រ្ត​ចម្រុះ​នៅក្នុង​ខេត្ត​ចំនួន​បួន​ គឺ​ខេត្ត​កំពង់ស្ពឺ​ កំពង់​ឆ្នាំង​ ពោធិសាត់​ និងខេត្ត​បាត់ដំបង៕

This posting includes an audio/video/photo media file: Download Now

គណៈប្រតិភូ​បញ្ចប់​ការ​ជជែក​រឿង​ព្រំដែន​នៅ​តុលាការ​ក្រុង​ឡាអេ​

Posted: 31 May 2011 10:23 AM PDT

ការ​ប្រឈម​មុខ​គ្នា​រវាង​កម្ពុជា និង​ថៃ​នៅ​តុលាការយុត្តិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ ឈាន ​ដល់​ថ្ងៃ​ទី២ហើយ​នៅ​ថ្ងៃអង្គារ៍នេះ ដែល​កម្ពុជា​រំពឹងថា​ នឹង​អាច​ស្វែងរក​ការបញ្ចប់​ជម្លោះ​ព្រំដែន​ដែលបាន​រាល​ដាល​នៅ​តំបន់ប្រាសាទ​ព្រះវិហារ​ និង​បាន​អូស​បន្លាយ​អស់រយៈ​ពេលបី​ឆ្នាំ​មក​ហើយ​នេះ។

កាល​ពី​ខែ​មេសា កម្ពុជា​ បាន​ស្នើ​ដល់​តុលាការ​ក្រុង​ឡាអេ​ ដែល​ជា​តុលាការ​​ខ្ពស់​បំផុត​របស់​អង្គ​ការ សហប្រជាជាតិ​មួយ​នេះ​ធ្វើការ​បកស្រាយ​សាលក្រម​ខែ​មិថុនា​ ឆ្នាំ១៩៦២ ​របស់​ខ្លួន​ឡើង​វិញ ហើយ​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទ​ចំ​ណាស់​ជាង​៩០០​ឆ្នាំ ​របស់​ខ្មែរ​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​កាលពី​ពេល​ថ្មីៗ​នេះ​ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ជន​រងគ្រោះ​ទាំង​សង​ខាង​ស្លាប់​បាត់បង់ជីវិត​យ៉ាងតិច​ចំនួន​១៨នាក់។

លោក បូរីស ហេម (Boris Heim) មន្រ្តី​ផ្នែក​ព័ត៌មាន​របស់​តុលាការ​ក្រុង​ឡាអេ ​បាន​មាន​ប្រសាសន៍​ថា​ ភាគី​កម្ពុជា និង​ភាគី​ថៃ​ ត្រូវ​ធ្វើ​សេចក្តី​សន្និដ្ឋាន​រៀងៗ​ខ្លួន ​នៅថ្ងៃ​នេះ​ទាក់ទង​ទៅ​នឹង​ទឡ្ហីករណ៍​របស់​ខ្លួន​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រសាទ​ព្រះវិហារ។ លោក បូរីស ហេម បញ្ជាក់​ថា​ សវនាការ​ពីរ​ថ្ងៃនេះ ​គឺជា​សវនាការ​ផ្តោតលើ​សំណើ​សុំ​ចាត់​វិធានការ ការពារ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់ ​ក៏​ប៉ុន្តែ​ពុំ​មាន​ការ​សម្រេច​ណាមួយ​ភ្លាមៗ​នោះទេ។ លោក​បូរីស​មាន​ប្រសាសន៍​ថា៖

«សវនាការ​នៅថ្ងៃ​នេះ​ និង​សវនាការ​កាលពី​ម្សិល​មិញ​ផ្ដោត​លើ​បញ្ហា​តែមួយ​គត់​ គឺការ​ជជែក​អំពី​សេចក្ដីស្នើ​សុំ​ជា​បន្ទាន់​របស់​ស​កម្ពុជា​ឲ្យ​តុលាការ​ដាក់​កំហិត​លើ​​ថៃ​ឲ្យ​បញ្ឈប់​សកម្ម​ភាព​យោធាដែល​កម្ពុជា​ចោទថា​ មាន​លក្ខណៈឧក្រិដ្ឋកម្ម»។

ប្រព័ន្ឋ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​លើក​ឡើងថា ​លោក​ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្រ្តី ​និង​ជា រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​បា​នថ្លែង​នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ឡាអេ​ថា​ ថៃ​បាន​បើក​ការរំលោភ​បំពាន​លើ​អធិបតេយ្យ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន។

ដោយ​ឡែក​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បាន​ស្រង់​សម្តី​មន្រ្តី​ថៃ​ថា​ តុលាការ​ក្រុង​ឡាអេ​ មិន​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​នោះទេ។

កម្ពុជា​ និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ចាប់តំាង​ពី​ខែ​កក្កដា ឆ្នាំ២០០៨ មកម្លេះ បន្ទាប់​ពី​អង្គការ​យូណេស្កូ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ ហើយ ប្រទេស​ថៃ​បាន​ដាក់​ពង្រាយក​ងទ័ព​នៅក្បែរ​តំបន់​ប្រសាទ​នោះ​ បន្ទាប់ពី​ខ្លួន​បរាជ័យ​នៅក្នុង​ការទប់ស្កាត់​ ការសម្រេច​ចិត្ត​របស់​អង្គការ​យូណេស្កូ។

ថៃ​បាន​ទាមទារ​កាន់​កាប់​ដី​ទំហំ​៤.៦ គីឡូម៉ែត្រ​ការ៉េ​ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ​ក៏ប៉ុន្តែ​កម្ពុជា​អះអាង​ថា​ ដី​នៅ​ទីនោះ​គឺជា​របស់​ខ្លួន។

តុលាការ​ក្រុង​ឡាអេ​នឹង​បើក​សវនាការ​មួយ​ផ្សេងទៀត​លើ​បណ្តឹង​របស់​កម្ពុជា​នៅ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ឡើងវិញ​ទៅ​លើ​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​កាលពី​ឆ្នាំ១៩៦២។

លោក​ បូរីស ហេម មន្រ្តី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​តុលាកា​រក្រុង​ឡាអេ មាន​ប្រសាសន៍​ថា ​ការ កំណត់​ទៅ​លើ​បញ្ហា​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ក្រោយ។

លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ថ្មី​ណា​មួយ​ពី​គណប្រតិភូ​កម្ពុជា​នៅ​តុលាការ​ក្រុងឡាអេ​ទេ។

This posting includes an audio/video/photo media file: Download Now

ប្រជាសហគមន៍​តាម​ដង​ទន្លេ​សេសាន​ទទូច​ឲ្យ​ផ្អាក​គម្រោង​សង់​ទំនប់

Posted: 31 May 2011 10:04 AM PDT

ក្រុម​អ្នក​ការពារ​ទន្លេ និង​តំណាង​អ្នកភូមិ​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​រតនៈគីរី​​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​សិន ដើម្បី​បើក​​ផ្លូវឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់នៃ​​ទំនប់​ទៅ​លើ​​ជីវភាព​រស់​នៅ​របស់​ពួកគេ។

របាយការណ៍​របស់​បណ្តាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា បាន​បង្ហាញ​​ថា យ៉ាង​ហោច​ណាស់​ ប្រជាពលរដ្ឋ​ចំនួន​ជាង៣ម៉ឺន​៨ពាន់​នាក់​ដោយ​រួម​ទាំង​​​ជនជាតិ​ដើម​យ៉ាង​ច្រើន​នៅ​ក្នុង​ភូមិ​យ៉ាង​តិច​ចំនួន​៨៦​ភូមិ​នៅ​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក អាច​នឹង​បាត់​បង់​លទ្ធភាព​ទទួល​បាន​ធនធាន​ជលផល​ដ៏​ច្រើន​ពី​ទន្លេ​ទាំង​នេះ ដោយសារ​ទំនប់​ដែល​ស្ថិត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នោះ​នឹង​រាំង​ស្កាត់​ការ​បម្លាស់ទី​របស់​ត្រី​ពី​ទន្លេមេគង្គ និង​ទន្លេ​សេកុង​ចូល​ទៅ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក។

ទន្លេ​សេសាន​ និង​​ស្រែពក​គឺ​ជា​ដៃ​ដ៏​សំខាន់​របស់​ទន្លេ​មេគង្គ​ ហើយ​ប្រភព​ទឹក​ដែល​ហូរ​ចូល​ទន្លេ​ទាំង​នេះ​គឺ​ចេញ​មក​ពី​ខ្ពង់​រាប​កណ្តាល​ នៃ​ប្រទេស​វៀតណាម។

បើ​ផ្អែក​តាម​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​សង់​​ទំនប់​សេសាន​ក្រោម​២​នេះ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​កម្ពុជា​ឬ Key Consultants Cambodia​នៅ​កម្ពុជា កាលពីចុងឆ្នាំ២០០៨​បាន​ឲ្យ​ដឹង​ថា ទំនប់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រមាណ​៥.០០០​នាក់​នៅ​ក្នុង​ឃុំ​ចំនួន​បួន​ក្នុង​ស្រុក​សេសាន​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារ​តែ​អាង​ស្តុក​ទឹក​នៃ​ទំនប់​នេះ​នឹង​ជន់​លិច​ដី​ស្រែ​របស់​អ្នក​ស្រុក​ទំហំ​ជាង៣ម៉ឺនហិកតា។

រដ្ឋាភិបាល​កម្ពុជា ​​កាល​ពី​ខែ​មុនបាន​អនុម័ត​ឲ្យ​មាន​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ ហើយ​ការ​សាង​សង់​ត្រូវ​បាន​គ្រោង​នឹង​​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។ ទំនប់​សេសាន​ក្រោម​២​ដែល​មាន​កម្ពស់​៧៥​ម៉ែត្រ ហើយ​អាច​ផលិត​ថាមពលអគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់​ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង៨០០​លាន​ដុល្លារ​អាមេរិក​នោះ​គឺ​ជា​គម្រោង​វិនិយោគ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​អគ្គិសនី​វៀតណាម (Electricity of Vietnam) ដែល​មាន​ភាគហ៊ុន​៥១% និង​ក្រុមហ៊ុន​Royal Group របស់​លោក​ឧកញ៉ា​គិត ម៉េង​ដែល​មាន​ភាគហ៊ុន​៤៩%។

លោក​មៀច មាន គឺ​ជា​អ្នក​សម្របសម្រួល​បណ្តាញ​ការពារ​បី​គឺ​ទន្លេ​សេសាន ស្រែ​ពក​និង​សេកុង​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ខេត្តរតនៈគីរីនេះ។ លោក​បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​បុណ្យ​ខួប​បណ្តាញ​ទន្លេ​ទាំង​បី​ក្នុង​ស្រុក​វ៉ើនសៃ​កាល​ពី​សប្តាហ៍​មុន​ថា ប្រជា​សហគមន៍​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេសេសាន​នេះ​ចង់​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បានពេញ​លេញ​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​​មក​លើ​ជីវភាព​រស់នៅ​របស់​ពួក​គេ​ជា​មុន​សិន​​ ហើយ​​​ទទូច​ឲ្យ​រដ្ឋាភិបាល​​ពិចារណា​លើ​ជម្រើស​ផ្សេង​វិញ​ក្នុង​ការ​ទាញ​យក​ថាមពល​អគ្គិសនីនោះ។ លោក មៀច មាន​ថ្លែង​ថា៖

«តំណាង​សហគមន៍​យើង​ទាំង​អស់​ ស្នើ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ថា សូម​ឲ្យ​ផ្អាក​ការ​សាង​សង់​​ទំនប់​សេសាន​ក្រោម​២ ហើយ​សូម​ពិនិត្យ​មើ​ល​ទៅ​លើ​ផែនការ​អភិវឌ្ឍ​​ទំនប់​ផ្សេងៗ​វិញ​ក្នុង​ដំណាក់​កាល​ណា​មួយ»។

លោក មៀច មាន មាន​ប្រសាសន៍​បន្ថែម​​ថា ការ​សាង​សង់​ទំនប់​សេសាន​ក្រោម​២​នេះ នឹង​បង្ក​ផលប៉ះពាល់​យ៉ាង​ធំធេង​មក​លើ​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​នៅ​តាម​ដង​ទន្លេ​នេះ។ លោក​បន្ត​ទៀត​ថា៖

«មូលហេតុ​ ដោយ​សារ​ទំនប់​នឹង​កាត់​ផ្តាច់​​ទន្លេ​ចំនួន​២ ហើយ​នឹង​លិច​ភូមិ​មិន​​ត្រឹម​តែ​ភូមិ​ក្នុង​តំបន់​អាង​ស្តុកទឹក​ប៉ុណ្ណោះ​ទេ គឺ​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​ភូមិ​នឹង​ត្រូវ​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទំនប់ហ្នឹង»។

អ្នក​ស្រី ហ្វយ ស៊ុត តំណាង​សហគមន៍​រស់នៅ​តាម​ដង​ទន្លេទាំង​បី មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍​របស់​អ្នក​ស្រី​​កន្លង​មក​បាន​រងគ្រោះ​​​ជា​ច្រើន​មក​ហើយ​ដោយសារ​ទឹក​ជំនន់ ​និង​ការ​ខូច​គុណភាព​​ទឹក​ទន្លេ​ដែល​អ្នក​ស្រី​អះអាង​ថា​បណ្តាល​មក​ពី​ទំនប់​យ៉ាលីរបស់​វៀតណាម​ដែល​ត្រូវ​បាន​សង់​លើ​ទន្លេ​សេសាន​នេះ​​​​ដែរ​ ដែល​ស្ថិត​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា។ ដូច្នេះ អ្នក​ស្រី​ ហ្វយ ស៊ុត មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍​របស់​អ្នក​ស្រី​​មិន​ចង់​រង​គ្រោះ​​ដោយ​សារ​ការ​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ​ថែម​​ទៀត​ទេ។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«វា​ខាត​បង់​ទាំង​អាយុ​ជីវិត​សហគមន៍​ ដូច​ថា​អណ្តែត​ផ្ទះ អណ្តែង​គោ​ក្របី​​ដូច​ជា​មាន់​ទា សត្វ​ពាហនៈ​យើង​​សព្វ​គ្រប់​បែបយ៉ាង​​គឺ​វា​អណ្តែត​ទៅ​ទាំង​អស់។ ដោយ​សារ​អញ្ចឹង​ហើយ​បាន​ជា​ពួក​យើង​ខ្ញុំ​មិន​ចង់​ឲ្យ​​គាត់​អភិវឌ្ឍ​ទេ​ទំនប់​សេសាន​ក្រោម​២»។

បើ​តាម​គម្រោង​អគ្គិសនី​ដែល​ផលិត​បាន​នេះ​នឹង​ត្រូវ​យក​ទៅ​ផ្គត់​ផ្គង់​តំបន់​និង​ខេត្ត​ជិត​ខាង​ដូចជា​មណ្ឌលគីរី និង​ខេត្តរតនៈគីរី​នេះ​ជាដើម រួច​បញ្ជូន​បន្ត​ទៅ​វៀតណាម។

លោក ឈិត សំអាត នាយកប្រតិបត្តិ​នៃ​វេទិការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​​គួរ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​​ជាមុន​សិន​អំពី​​វិធាន​ការ​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​អត្ថប្រយោជន៍​ដែល​ពួកគេ​អាច​នឹង​ទទួល​បាន​ពី​ការសង់​ទំនប់​នេះ។ លោក​សំអាត​បាន​ប្រាប់​វីអូអេ​ថា៖

«គាត់​ត្រូវ​បញ្ជាក់​ថា តើ​ភ្លើង​​ដែល​យើង​ទទួល​បាន​ហ្នឹង​ វា​ចំណេញ​ប៉ុន្មាន អំពី​ត្រី​ដែល​ប្រជាជន​ទទួល​បាន​ប៉ុន្មាន​ ពេល​ដែល​ទំនប់​សាងសង់​ហើយ តើ​គាត់​ទទួល​បាន​ប៉ុន្មាន។ យើង​មិន​ចង់​ថា ក្រុមហ៊ុន​សាងសង់ហើយ យើង​បាន​ទំនប់​វារី​អគ្គិសនី ហើយ​ភ្លើង​បាន​លក់​ទៅក្រៅ​ សួរ​ថា​តើ​ផល​ប្រយោជន៍​ប្រជាជន​គាត់​បាន​អី​ទេ អញ្ចឹង​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ជាក់​ឲ្យច្បាស់​លាស់»។

អ្នក​សង់​ទំនប់​អះអាង​ថា ​​គេអាច​សង់​ជណ្តើរ ​ឬ​ផ្លូវ​វៀង​ដើម្បី​ឲ្យ​ត្រី​អាច​ធ្វើ​ចរាចរណ៍​ចុះ​ឡើង​​បាន​ដើម្បី​បញ្ជៀស​ផលប៉ះពាល់​ដល់​ធនធាន​ជលផល​នៅ​ក្នុង​ទន្លេ​​ដែល​អាច​បណ្តាល​មក​ពី​ទំនប់នោះ។

ប៉ុន្តែលោក ឈិត សំអាត មាន​ប្រសាសន៍​​ថា វិធី​សាស្ត្រ​បែបនោះ​គ្មាន​ប្រសិទ្ធិភាព​ទេ ហើយ​បាន​ហៅ​វា​ថា​ជា​វិធី​សាស្ត្រ​ហួស​សម័យ​ទៅ​ហើយ។ លោក​បន្ត​ថា៖

«ត្រី​យើង​រាប់​រយ​ប្រភេទ។ តើ​មាន​ជណ្តើរ​ប៉ុន្មាន​ឲ្យ​គាត់​ដើរ​ គឺ​ថា​មិន​អាច​ទេ។ នេះ​គ្រាន់​តែ​ជា​លេស​មួយ​ទេ បើ​តាម​បទពិសោធ​ន៍​ពី​ប្រទេស​ផ្សេង​ៗ​ ត្រី​មិន​អាច​ឡើង​បាន​ទេ​ដូច​ជា​ជណ្តើរ​យន្ត​អី​​ហ្នឹង​គឺ​មិន​អាច​ទេ»។

លោក ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group) មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​​ទេ​​​ជុំវិញ​ការ​ទាមទារ​​របស់​សហគមន៍​នេះ​ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ខាង​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​វិញ។

លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​​ រ៉ែ​​ និងថាមពល មន្ត្រី​​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​នៃ​ក្រសួង​ឧស្សាហកម្ម ព្រម​ទាំង​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​មិន​អាច​ទាក់​ទង​​បានឬ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះ។

យ៉ាង​ណា​ក៏​ដោយ អភិបាល​រង​ស្រុក​វើនសៃ​​នៃ​ខេត្ត​រតនៈ​គីរី ​គឺ​អ្នក​ស្រី​ ខាំ ណាវ បាន​ថ្លែង​ថា រដ្ឋាភិបាល​ក៏​បាន​គិតគូរ​បញ្ចៀស​ផល​ប៉ះពាល់​សហគមន៍​នៅ​តាម​ដង​ទន្លេ​នេះដែរ។

ក្រៅ​ពី​គម្រោងសង់​ទំនប់​សេសានក្រោម​២ ​រដ្ឋាភិបាល​​​កម្ពុជា​ក៏​គ្រោង​សាងសង់​​ទំនប់​វារី​អគ្គិសនី​​ជា​ច្រើន​ទៀត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាមពល​អគ្គិសនី​​ដែល​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស។ ទំនប់​វារីអគ្គិសនី​ធំៗ​ចំនួន​២​ត្រូវ​បាន​គ្រោង​នឹង​សង់​នៅ​លើ​ទន្លេ​មេគង្គ​តែ​ម្តង​គឺ​ទំនប់​ស្ទឹងត្រែង​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​មាន​កម្លាំង​ថាមពល​៩៨០ មេហ្គាវ៉ាត់​ និង​ទំនប់​សម្បូរ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​មាន​កម្លាំង​ថាមពល​រហូត​ដល់​២.៦០០​មេហ្គាវ៉ាត់។

ប៉ុន្តែ កាល​ពី​ពេល​ថ្មីៗ​គម្រោង​ទំនប់​វារីអគ្គីស​​លើ​ដង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ គឺ​ទំនប់​សាយ៉ាបូរី​ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ​ ប្រកាស​ផ្អាក​ការ​សាងសង់សិន​បន្ទាប់​ពី​មាន​ការ​ទាមទារ​ពី​សំណាក់​សហគមន៍ អង្គការ​​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​សាងសង់​ទំនប់​នោះ។

អ្នក​អាច​មើល​បាយការណ៍​ជា​វិដេអូ អំពីរឿងនេះ​​នៅក្នុង​គេហ​ទំព័រ​​www.voacambodia.com ឬ​ youtube.com/voakhmerservice។

This posting includes an audio/video/photo media file: Download Now

អង្គការ​អ្នក​សល់​ពី​ស្លាប់​នៃ​របប​ខ្មែរ​ក្រហម​មួយ​នៅ​អាមេរិក​រិះគន់​សាលាក្តី​ខ្មែរ​ក្រហម​

Posted: 31 May 2011 09:29 AM PDT

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​អ្នក​សល់​ពី​ស្លាប់​នៃ​របប​ខ្មែរ​ក្រហម​ឈ្មោះ ASRIC ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា សាលាក្តី​ខ្មែរ​ក្រហម​នៅ​ភ្នំពេញ​នឹង​មិន​អាច​រក​យុត្តិធម៌​បាន​ទេ ប្រសិន​បើ​​តុលាការ​នេះ​ទម្លាក់​ចោល​រឿង​ក្តី​០០៣ និង​០០៤ ដែល​ត្រូវបាន​ប្រឆាំង​ដោយ​រដ្ឋាភិបាល​កម្ពុជានោះ។

ចៅក្រម​បាន​បញ្ចប់​​ការស៊ើប​អង្កេត​រឿង​ក្តី​០០៣​កាល​ពី​មួយ​ខែ​កន្លង​ទៅ​នេះ ប៉ុន្តែ​ ក្រោយ​មក​សហ​ព្រះរាជអាជ្ញា​បរទេស​លោកអ៊ែនឌ្រូ ឃែលី (Andrew Cayley) មាន​ប្រសាសន៍ថា ការស៊ើប​អង្កេត​សម្រាប់​រឿង​ក្តី​០០៣ មិន​គ្រប់​គ្រាន់​ទេ​ ហើយ​ថា ត្រូវ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ចាប់​ពី​ពេល​នោះ​មក​លោក​ឃែលី ត្រូវ​តុលាការ​​បញ្ជា​​ឲ្យ​ដក​ការរិះគន់​របស់​លោក​វិញ ប៉ុន្តែ​លោក​ឃែលី​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍។ អង្គការ​ASRICឲ្យ​ដឹង​ថា តុលាការ​មិន​អាច​សម្រេច​លើ​អង្គហេតុ​នៃ​រឿង​ក្តី​នេះ​បាន​ទេ​បើ​គ្មាន​ការស៊ើបអង្កេត​ត្រឹម​ត្រូវ​​នោះ។

លោក​ស្រី​ នូ លក្ខិណា ​គឺ​ជា​ស្ថាបនិក​អង្គការ​ASRIC ដែល​ជា​អង្គការ​អ្នក​សល់​ពីស្លាប់​នៃ​របប​ខ្មែរ​ក្រហម​តែ​មួយ​គត់​នៅ​សហរដ្ឋ​អាមេរិក។ លោក​ស្រី​បាន​និយាយ​មក​កាន់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​Skype ថា៖

«អ្នក​សល់​ពី​ស្លាប់​កម្ពុជា និង​សង្គម​កម្ពុជា​សមនឹង​ទទួល​បាន​ប្រសើរ​ជាង​នេះពីព្រោះ​ពួក​គេ​បាន​ទទួល​រង​ការ​ឈឺ​ចាប់​អស់​រយៈពេល​៣៥​ឆ្នាំ​ហើយ ហើយ​គេ​មិន​ទាន់​បាន​ចូល​រួម​ក្នុង​តុលាការ​នៅ​ឡើយ។ ដូច្នេះ ការកាត់​ទោស​តែ​ជនជាប់​ចោទ​កំពូល​ប្រាំ​នាក់​មិន​គ្រប់​គ្រាន់​ទេ។ ប្រសិន​បើ​មាន​ភស្តុតាង​ដែល​ថា​ មាន​ជន​ដៃដល់​ទៀត​នោះ​ មន្រ្តី​តុលាការ​ត្រូវ​ធ្វើការ​ឲ្យ​បាន​ប្រាកដ​ប្រជា»។

លោក​ស្រី​មាន​ប្រសាសន៍​ថា កាល​ពី​សប្តាហ៍​មុន​មាន​មនុស្ស​៧៥០​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញតិ្ត​មួយ​អំពាវនាវ​ដល់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣ឲ្យ​បាន​ប្រាកដ​ប្រជា។ លោក​ស្រី​ថ្លែង​ថា តុលាការ​ដែល​ភាគច្រើនមិន​បញ្ចេញ​ឲ្យ​ដឹង​នូវ​អ្វីដែល​កំពុង​កើត​ឡើង​នោះ ត្រូវ​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

«យើង​ត្រូវការ​តម្លាភាព​ថែម​ទៀត​ពី​តុលាការ។ យើង​ត្រូវការ​ព័ត៌មាន​ប្រកប​ដោយ​បច្ចុប្បន្នភាព​ជាង​នេះ។ ហើយ​យើង​ត្រូវ​ការ​ឲ្យ​តុលាការ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​​គ្នា​ក្នុង​ចំណោម​ភាគីកម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ។ ដូច្នេះ​ពួក​គេ​ត្រូវ​​ទុក​​មោទនភាព​​របស់​ខ្លួន​ដោយឡែក​ ហើយ​ផ្តោត​លើ​អ្វី​ដែល​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នកសល់​ពី​ស្លាប់​ ជា​ជាង​ប្រយោជន៍​បុគ្គល»។

សាលាក្តី​​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បើក​សវនាការ​រឿង​ក្តី​ទាំង​ឡាយ​ដែល​ទាក់​ទិន​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ខ្លួន​កាន់​អំណាច​រវាង​ឆ្នាំ​១៩៧៥ និង​១៩៧៩ ដែល​ក្នុង​រយៈពេល​នេះ មាន​មនុស្ស​ប្រហែល​២លាន​នាក់​បាន​បាត់​បង់​ជីវិត​។ ក្នុង​រឿង​ក្តី​សរុប​ទាំង៤ មាន​មនុស្ស​សរុប​១០​នាក់​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បាន​ស៊ើប​​អង្កេត។

តុលាការ​បាន​បញ្ចប់​រឿង​ក្តី​០០១ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ហើយ​កាត់​ទោស​អតីត​ប្រធាន​សន្តិសុខ​​នៃ​របប​ខ្មែរ​ក្រហម​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ជន​ជាប់​ចោទបួន​នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​ នឹង​ត្រូវ​បាន​កាត់​ទោស​នៅ​ខែ​ក្រោយ​ក្នុង​រឿង​ក្តី​០០២។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អំពី​ការប្រឆាំង​ដ៏​ខ្លាំង​ក្លា​ចំពោះ​រឿងក្តី​០០៣ និង​០០៤។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​និយាយ​ថា ការកាត់​ទោស​បន្ថែម​ទៀត​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​សន្តិសុខ​ប្រទេស។

អ្នក​រិះគន់​និយាយថា ដោយសារ​តែ​ភាព​ចម្រុះ​នៃ​សាលាក្តី​ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​ និង​អន្តរជាតិ​មាន​តួនាទី​ស្មើគ្នា​នៅ​គ្រប់​ឋានានុក្រមនោះ ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​បង្ក​ឧបសគ្គ​ដ៏ធំ​ដល់​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​មួយ។ ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣ ចៅក្រមស៊ើប​អង្កេត​សម្រេច​មិន​បញ្ចេញ​ព័ត៌មាន​ជា​​សាធារណៈ​ទេ។ ការរក្សាភាព​សម្ងាត់​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នៅ​​កម្ពុជា គ្មាន​វិធី​ណានឹង​បាន​ដឹង​អំពី​ថា​តើ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ទាំង​នោះ​មាន​ផលប៉ះពាល់​ដល់​ពួក​គេ​ឡើយ។

សហព្រះរាជ្ញា​អន្តរជាតិ​លោក​អ៊ែនឌ្រូ ឃែលី បាន​អំពាវនាវ​ដល់​តុលាការ​ឲ្យ​បន្ថែម​ប្រាំមួយ​សប្តាហ៍​ទៀតដល់​​កាល​បរិច្ឆេទ​កំណត់​​សម្រាប់​​ការដាក់​ពាក្យ​សុំ​ធ្វើ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែល​ត្រូវ​បាន​កំណត់​នៅ​​​ថ្ងៃ​ទី​១៨ ខែ ឧសភា​នោះ​។ អង្គការ​ASRIC ដែល​បាន​ចុះ​ឈ្មោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាច្រើន​សម្រាប់​រឿង​ក្តី​០០២ គាំទ្រ​ជំហរ​នេះ។ ចៅក្រម​ស៊ើប​អង្កេត​ដែល​មាន​អំណាច​លើ​ការសម្រេច​ចិត្ត​មិន​ទាន់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ពន្យា​ពេល​នេះ​ទេ៕

ប្រែស​ម្រួល​ដោយ​អ៊ឹម សុធារិទ្ធ

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!