VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​អាមេរិក​ជួបគ្នា​ខណៈ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​សិទ្ធិ​មនុស្ស

Posted: 13 Jun 2012 08:01 AM PDT

ជំនួប​រវាង​​លោក​ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី ការបទេស​កម្ពុជា​​​ជាមួយ​នឹង​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន​​កាលពី​ថ្ងៃ​អង្គារ​មាន​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ការទូត​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ប៉ុន្តែ​មន្ត្រី​នានា​បញ្ជាក់​ថា​ប្រទេស​ទាំងពីរ​ក៏​បាន​ពិភាក្សា​បញ្ហា​ផ្សេង​ទៀត​ក្នុង​នោះ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រាក់​បំណុល​ដែលកម្ពុជា​ជំពាក់​ផង​ដែរ។

លោក​ស្រី​ហ៊ីលឡារី គ្លីនតុនបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា​លោក​ស្រី​ក៏​នឹង​ត្រូវ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​របស់​អាស៊ាន​​នៅ​ខែ​ក្រោយ​​បន្ត​ទៀត។

«យើង​រង់ចាំ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​របស់​អាស៊ាន​នៅ​ប្រទេស​កម្ពុជាក្នុង​ខែ​កក្កដា​ហើយ​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ​និង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ផងដែរ»។ ​

សហរដ្ឋ​អាមេរិក​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​តំបន់​អាស៊ាន​និង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ហោ​ណាំ​ហុង​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា។ ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​លោកហោ ណាំហុង​ក៏​ត្រូវ​ធ្វើ​បទ​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា​ព្រម​ទាំង​អនាគត​នៃ​តំបន់​អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា។

<!--AV-->

<!--AV-->

លោក​ហោ ណាំ​ហុង​បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​ក្នុង​វេទិការ​នៅ​មជ្ឈ​មណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត​និង​កិច្ច​ការ​អន្តរជាតិ​​ថា​លោកស្រី​គ្លីនតុន​បាន​សន្យា​ថា​នឹង​នាំ​ក្រុម​អ្នក​វិនិយោគ​ទុន​អាមេរិក​ទៅ​ចូលរួម​ក្នុង​ប្រជុំ​ក្នុង​ខណៈ​ពេល​ដែល​លោក​ស្រី​ទៅ​​ប្រទេស​កម្ពុជា៖

«ខ្ញុំ​សង្ឃឹមថា​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​អញ្ជើញ​ទៅ​ប្រទេស​កម្ពុជា​ក្រុម​ពាណិជ្ជ​ករ​អាមេរិកនឹង​មើល​ឃើញ ពី​សក្តានុពល​និង​វិស័យ​ដែល​មាន​ផលប្រយោជន៍​សម្រាប់​ការ​បង្កើន​សេដ្ឋកិច្ច​យើង​ទាំង​ពីរ»។ ​

ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​២,២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១​ដែល​ភាគច្រើន​កម្ពុជា​នាំ​ផលិត​ផល​ចូល​មក​សហរដ្ឋ​អាមេរិក​មាន​ទំហំ​២ពាន់​លាន​ដុល្លារ។

លោក​ហោ ណាំហុង​សង្ឃឹម​ថា​ពាណិជ្ជ​កម្ម​នឹង​កើន​ឡើង។

«ប្រទេស​កម្ពុជា​សង្ឃឹមថា​ទំហំ​នៃ​ការវិនិយោគ​របស់​សហរដ្ឋ​អាមេរិក​និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​ក្នុង​រយៈ​ពេល​ខាងមុខ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ហោ ណាំ​ហុង​ក៏​មាន​ជួប​ប្រទះ​នឹង​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​ដល់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ បញ្ឈប់​​ការសម្លាប់​មនុស្ស​ខុស​ច្បាប់​ ដោះលែង​ពលរដ្ឋ​បឹងកក់​១៥​នាក់​ដែល​តុលាការ​ចាប់​ដាក់​គុក​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ឡៅ ម៉េង​ឃីន ​និង​ទាម​ទារ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ឯករាជ្យ​មួយ។

ប្រភព​ដែល​ស្និទ្ធ​នឹង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​វីអូអេ​ថា​លោកស្រី គ្លីនតុន​និង​ប្រតិភូ​កម្ពុជា​បាន​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពីពេល​សង្គ្រាម​ទសវត្សរ៍​១៩៧០​ផង​ដែរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!