VOA News: ព័ត៌មាន: “កម្ពុជា​ស្នើ​សុំ​អាមេរិក​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​តុលាការ​ខ្មែរ​ក្រហម” plus 4 more

VOA News: ព័ត៌មាន: “កម្ពុជា​ស្នើ​សុំ​អាមេរិក​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​តុលាការ​ខ្មែរ​ក្រហម” plus 4 more


កម្ពុជា​ស្នើ​សុំ​អាមេរិក​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​តុលាការ​ខ្មែរ​ក្រហម

Posted: 14 Jun 2012 08:33 PM PDT

ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​ទទូច​ឲ្យមាន​ជំនួយ​សរអា​បន្ថែម​ទៀត​ សម្រាប់​បញ្ចប់​ការ​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មុន​ពួកគេ​អាច​ស្លាប់​ដោយ​មិនបាន​រកយុត្តិធម៌។

«ខ្ញុំ​សង្ឃឹម​ថា​ស.រ.អា​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​បន្ត​ដំណើរការ​កាត់ទោស​ចំពោះ​មេដឹកនាំ​ ខ្មែរ​ក្រហម​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​បញ្ចប់​ឆាប់ៗ។ ពួកគេ​ឥឡូវ​មាន​វ័យ​ ចំណាស់​ខ្លាំង​ក្នុង​ការអង្គុយ​ហើយ​អាច​ស្លាប់​មុនពេល​កាត់ទោស»។

លោក​ហោ ណាំហុង​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ផ្តល់​បាឋកថា​កាលពី​ថ្ងៃអង្គារ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ គោលនយោបាយ​ស.រ.អា​ហៅថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ការសិក្សា​កិច្ច​ការ​អន្តរជាតិ (CSIS) ​ទាក់ទង​នឹង​បញ្ហា​រីកចម្រើន​ខ្លាំង​ចុងក្រោយ​រវាង​កម្ពុជា​និង​សរអា​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ រួម​ទាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផងដែរ។ ​លោក​ក៏​បាន​សម្តែង​ការអរគុណ​ដល់​ស.រ.អា​ចំពោះ​ជំនួយ​សរអា​មុនៗ​ដែល​ ផ្តល់​ជូន​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ។​

លោក​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​​កាល ពី​ថ្ងៃអង្គារ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​ជាមួយ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​រដ្ឋមន្ត្រី​ការ​បរទេស អាមេរិកាំង​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ធ្វើឲ្យ ​មាន​ទំនាក់​ទំនង​ស៊ីជម្រៅ​រវាង​សរអា ​និង​កម្ពុជា​ បញ្ហា​លុប​ បំណុល​ ៤៤៥​លានដុល្លារ​ដែល​កម្ពុជា​ជំពាក់​ស.រ.អា​ក្នុង​សម័យ​សង្រ្គាម​ទសវត្សរ៍​១៩៧០ ​និង​បញ្ហា​តំបន់​ឬ ​បញ្ហា​ឧប​ទ្វីប​កូរ៉េ។​ សេចក្តី​អំពាវនាវ​របស់ ​លោក​ ហោ ណាំហុង​រឿង​ថវិកា​សាលាក្តី​ខ្មែរ​ក្រហម កើត​ឡើង​ដំណាលគ្នា​ ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ ទឹកប្រាក់ ​៩០​លាន​ដុល្លារ​ សម្រាប់​ទ្រទ្រង់​ការ កាត់ទោស​សម្រាប់​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៣។​នេះ​បើ​តាម​សំណើ​ថវិកា​ដែល​វីអូអេ​ទទួល​បាន​ក្នុង​កិច្ច ប្រជុំ​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​កាលពី​ដើម​ឆ្នាំ។​ ភាគី​កម្ពុជា​និង​អ.ស.ប​មិន​ទាន់​បាន​ ទទួល​ការ​សន្យា​ ឬ​ទទួល​ប្រាក់​គ្រប់គ្រាន់​ពី​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​នៅ​ឡើយ​សម្រាប់​ទ្រទ្រង់​ ដំណើរការ​សាលាក្តី​ ក្នុង​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ ​បញ្ហា​ឯករាជ្យភាព​ និង​ការជ្រៀតជ្រែក​ផ្នែក​ នយោបាយ​លើ​ដំណើរការ​នីតិវិធី​សំណុំរឿង​បន្ថែម​០០៣​និង​០០៤។

<!--AV-->

<!--AV-->

<!--AV-->

<!--AV-->

<!--AV-->

<!--AV-->

ប្រទេស​មួយ​ចំនួន​បាន​ផ្តល់​ថវិកា​ភ្លាមៗ​ដល់​ភាគី​អ.ស.ប ​ឬភាគី​កម្ពុជា​ ប្រទេស​មួយ​ចំនួន​ រួមទាំង ស.រ.អា​ស្ថិត​ក្នុង​ការពិចារណា​នៅឡើយ។

មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា​បានអះអាង​ប្រាប់វីអូអេ​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​ប៉ុន្មាន​ម៉ោង មុន​នេះ​ថា​សរអា​បាន​សម្រច​ផ្តល់​ ថវិកា​ចំនួន​៥លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដំណើរ​កាត់ទោស​ក្នុង​ឆ្នាំ​ ២០១២។ មន្ត្រី​ដដែល​នោះ​បាន​អះអាង​ថា​ សភា​ស.រ.អា​បាន​យល់ព្រម​លើថវិកា​៥លាន​ដុល្លា​ នោះ​ហើយ ​ក្រោយពី​រដ្ឋាភិបាល​បាន​ស្នើ​សុំ។ ​ចំណែក​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​សរអា​នឹង​ស្នើ​សុំ​ សភា​៥​លាន​ដុល្លារ​ទៀត​ទៅកាន់​សភា។

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​ជនជាប់ចោទ​ចំណាស់ៗ​៣នាក់​ជាមេដឹកនាំ ​កំពូលៗ​នៃ​របប​ ខ្មែរ​ក្រហម ​ពី​បទឧក្រិដ្ឋកម្ម​ ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គាម ​ដែល​ទាក់ទង​នឹង​ការសម្លាប់​ ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​ ១លាន​៧សែននាក់​ក្នុង​ទសវត្សរ៍​១៩៧០៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​សុំ​ឱ្យ​អាមេរិក​បញ្ចប់​ករណី​ប្រាក់​បំណុល​ឱ្យ​បាន​ឆាប់​

Posted: 14 Jun 2012 08:31 PM PDT

ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​អាមេរិក​ចរចា​ឡើង​វិញ​លើ​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​និង​លើក​លែង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​សហរដ្ឋ​អាមេរិកដោយ​សារ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិច​នៅ​ឡើយ។

​លោក​ហោ ណាំហុង​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​បានលើក​ឡើង​នូវ​សំណើ​នេះ​ក្នុង​ជំនួប​​ជាមួយ​នឹង​លោក​ជីម វ៉េប​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​នីតិ​ប្បញ្ញតិ​លើក​យក​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុ​ងពេល​សង្រ្គាម​ទសវត្សរ៍​១៩៧០​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ចប់។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ខណៈ​ពេល​ដែល​លោក​ហោ ណាំ​ហុង​មក​ធ្វើ​ទស្សនកិច្ច​ការងារ​ជា​ផ្លូវការ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ ​

«យើង​បាន​ពិភាក្សា​ទីមួយ​បញ្ហា​បំណុល​របស់​កម្ពុជា​ហើយ​ខ្ញុំ​ស្នើ​តាម​រយៈ​លោក​ឱ្យ​រដ្ឋាភិបាល​អាមេរិកាំង​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​ចរចា​ជាមួយ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​បំណុល​នេះ​។ ទីពីរ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​ពិនិត្យ​មើល​លទ្ធភា​ព​នៃ​ការពិភាក្សា​​ដោះ​ស្រាយ​បំណុល​ឡើង​វិញ​ពី​បញ្ហា​ប្រាក់​ដើម​និង​ប្រាក់​ការ​នេះ​ឡើង​វិញ​ឱ្យ​មាន​យុត្តិធម៌​ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ​ឱ្យ​បាន​ដាច់​ស្រេច​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

<!--IMAGE-RIGHT-->

ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​មាន​​ឡើង​ក្នុង​របប​លោក​សេនា​ប្រមុខ​លន់​ ណុល ​ដែល​បាន​ខ្ចី​ជា​បន្ត​បន្ទាប់​សម្រាប់​​ការទិញ​និង​ដឹកជញ្ជូន ​កប្បាស ​ថ្នាំជក់​ ប្រេងឆា ​ម្សៅ​ស្រូវ​សាឡី​ និង​អង្ក។

ទាំង​បំណុល​ដើម​និង​ការប្រាក់​រហូត​មក​ដល់​ពេល​នេះ​សរុប​មាន​ចំនួន​​៤៤៥ ​លាន​ដុល្លារ​បើ​គិត​ត្រឹម​ឆ្នាំ​២០០៩។

ក្នុង​ការពិភាក្សា​នោះ​ លោក​ហោ ណាំហុង​ក៏​បាន​ស្នើ​សុំ​ឱ្យ​អាមេរិក​ពិចារណា​លើក​លែង​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

<!--AV-->

<!--AV-->

<!--AV-->

«បញ្ហា​ទីពីរ​ដែល​ខ្ញុំ​បាន​លើក​ជាមួ​យ​លោក​ជីម វ៉េប​គឺ​បញ្ហា​ស្នើ​សហរដ្ឋ​អាមេរិក​លើកលែង​ពន្ធដា​ទំនិញ​កម្ពុជា​ដែល​មក​ស្រុក​អាមេរិក​លើក​លែង​កូតា​មក​សហរដ្ឋ​អាមេរិក​ដូច​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​នៅ​អាហ្រ្វិក​អញ្ចឹង​ដែរ​​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មួយ​​LDCមាន​ការ​អភិវឌ្ឍ​តិច​ជាង​គេ​ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​លោក​ថា​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ដែល​មាន​ការ​រីក​ចម្រើន​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​ថា​ទទួល​បាន​ដោយ​សារ​​ការ​នាំ​​ទំនិញ​​កម្ពុជា​មក​​សហរដ្ឋ​អាមេរិក»។

ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ជាង​២.២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១​ដែល​ក្នុង​នោះ​ភាគច្រើន​ប្រទេស​កម្ពុជា​នាំ​ចូល​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំនួន​ដល់​ទៅ​ជាង​២.០០០​លាន​ដុល្លារ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​ឡើងវិញ​

Posted: 14 Jun 2012 07:51 PM PDT

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ទើបតែ​បាន​ផ្តល់​ដី​ជាង​២​ម៉ឺន​ហិចតា​ជា​ថ្មី​ទៀត​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​សម្រាប់​ធ្វើ​ការវិនិយោគ​ទៅ​លើ​ដំណាំកៅស៊ូ។

ការផ្តល់ដីនេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​បាន​ចំនូន​១១​ថ្ងៃ​តែ​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ បាន​ចេញ​បញ្ជា​ជា​លាយ​លក្ខអក្សរ​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ហើយ​ត្រូវ​សើរើ​លើ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​ដើម្បី​ពិចារណា​ទៅ​លើ​ការ​ដកហូត​មក​វិញ។

នៅ​ក្នុង​ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ហ៊ុន​ សែន​ បាន​ផ្តល់​ដីសម្បទាន​ចំនួន​ ២១,៦២៤​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំង​បី​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ​គឺ​ ១១​ថ្ងៃ​ បន្ទាប់​ពី​បទបញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​របស់​លោក។

សេចក្តីសម្រេចនេះ​ធ្វើឡើង​ដោយយោង​ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

នៅ​ក្នុងនោះ​ក្រុមហ៊ុន​លីយ៉េរ៉ាប់ប៊ើ ខូអិលធីឌី ​ទទួល​បាន​ ៧,៧១០​ហិចតា ​នៅ​ក្នុង​ខេត្ត​សៀមរាប។​ ក្រុមហ៊ុន​អេចអឹមអេច​ ទទួល​បាន​ ៥,៩១៥​ហិចតា ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​និង​ក្រុមហ៊ុន​ SK Plantation (Cambodia) Co, Ltd. ​ទទួល​បាន​ដី​វិនិយោគ​ចំនួន​៨,០០០​ហិចតា​ នៅ​ក្នុង​ស្រុក​កូនមុំ ​ខេត្ត​រតនគីរី។ សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ផ្តល់ដី​ដ៏​ច្រើន​នេះ​ជា​ប្រភេទដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​យ៉ាងណា ​ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

ក៏ប៉ុន្តែ​លោកស្រី ណាលី ពីឡច (Naly Pilorge) នាយិកា​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ហៅ​ការ​ប្រគល់​ដី​បែប​នេះ​ ថា​គឺ​ជា​ប្រភេទ​ដី​សម្បទាន​សុទ្ធសាធ។

លោកស្រី ពីឡច មានប្រសាសន៍​ថា លោក​ហ៊ុន ​សែន ​បាន​បំផ្លាញ​បទបញ្ជា​របស់​ខ្លួន​កាល​ពី​លើក​មុន ​ហើយ​បទ​បញ្ជា​នេះ​គ្រាន់តែ​ជា​សន្យា​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​តែ​ប៉ុណ្ណោះ ​នឹង​ដើម្បី​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ដែល​ខ្វល់ខ្វាយ​អំពី​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​បាន​ស្ងប់​ចិត្ត​។​ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី ណាលី ពីឡច។

«ទោះ​បី​ជា​រដ្ឋាភិបាល​មិនបាន​ប្រើពាក្យ​ថា ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ការ​ប្រគល់​ដីធ្លី​នេះ​ ជា​បទ​បញ្ជា​ បន្ទាប់​ពី​ចុះហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​គឺ​ជា​ប្រភេទ​ការប្រគល់ដី​សម្បទាន​សេដ្ឋកិច្ច​មួយ។ សម្រាប់​ខ្ញុំ​បទបញ្ជា​របស់​គាត់ ​គ្រាន់តែ​ជា​ការសន្យា​សម្រាប់​ការបោះឆ្នោត​ប៉ុណ្ណោះ ​ហើយ​វា​មិន​បាន​ចូល​ជា​ធរមាន​ទេ»។

លោក​ចាន់ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយសារ​តែ​ទូរសព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នកទទួល​។ ​រីឯ​លោក​ចាន់ ទុងអ៊ីវ ​រដ្ឋលេខា​ក្រសួងកិសកម្ម​មាន​ប្រសាសន៍​ថា ​នេះមិនមែន​ជា​ផ្នែក​ដែល​លោក​ទទួល​ខុសត្រូវ​នោះ​ទេ។

«រឿង​ហ្នឹង​ខ្ញុំ​ឥត​ដឹង​ទេ​។ ​នេះ​ជា​ផ្នែក​ខាង​គេ​នោះ​វិញ»។

កាល​ពី​ខែ​មិនា​ អង្គការ​ការពារសិទ្ធិ​មនុស្ស​អាដហុក​ បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​បង្កើន​ដីសម្បទាន​សេដ្ឋកិច្ច​រហូត​ទៅ​ដល់​ជិត​ ២​លាន​៣​សែន​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១១​។​ ហើយ​នេះ​ គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​នៅ​ក្នុង​ពេល​ខាង​មុខ​។​ ក្រុមហ៊ុន​ទាំង​នេះ​ ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ចន្លោះ​ពី​៧០​ឆ្នាំ ​រហូត​ទៅ​ដល់​ ៩៩​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​ដាក់​ញ្ញត្តិ​ជូន​នាយករដ្ឋមន្ត្រី

Posted: 14 Jun 2012 07:13 PM PDT

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​រាប់រយនាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​រាំង​ខ្ទប់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​និង​សហគមន៍​បុរីកីឡា​ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​ដោយ​ផ្ទាល់​ដៃ​ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។

ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​និង​បុរីកីឡា​ដែល​គ្រោង​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន​ មាន​អត្ថន័យ​ស្រដែង​គ្នា​ ដែល​បាន​ដាក់​ជូន​ក្រសួងយុត្តិធម៌ ​រដ្ឋសភា ​ព្រះមហាក្សត្រ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អ៊ឺរ៉ុប​ផងដែរ​ គឺ​គោលបំណង​តែ​មួយ​គត់​សុំអន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​ចំនួន​១៥​នាក់ ​ដែល​កំពុងជាប់ឃុំ ​និង​ផ្តល់​ចំនួន​១២​ហិចតា ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ធ្វើប្រទានកម្ម​ដល់​ប្រជាពលរដ្ឋ។

<!--AV-->

តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់ ​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា​ បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​ពីរ​ឆ្នាំ ​ប្រាំមួយ​ខែ ​បន្ទាប់​ពី​ពួក​គេ​ហ៊ានចេញ​មុខ​តវ៉ា​កាពារសិទ្ធិ​លំនៅដ្ឋាន។

បន្ទាប់​ពី​ធ្វើ​សន្និសីទ​ព័ត៌មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ​នៅ​ក្នុង​បរិវេណ​តំបន់បឹងកក់​ ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​តាម​ម៉ូតូកង់បី ​ដើម្បី​យកញត្តិ​ទៅ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​។​ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​កម្លាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​រាំងខ្ទប់។

ក្រុម​ប្រជាពលរដ្ឋ​បានត្រឹមតែ​អង្គុយ​សំពះ​ស្រែក​តវ៉ា​ចង្ងាយ​ប្រមាណ​ប្រាំរយម៉ែត្រ​ ដើម្បី​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដ៏​មាន​ឥទ្ធិពល​ជួយ​តែ​ប៉ុណ្ណោះ។

«កូនចៅចង់​បាន​សម្តេច​ជួយ! កូនចៅ​មាន​ទុក្ខ​ហើយ»។

លោកវីរៈសេនីយ៍ឯក ​ភួង​ ម៉ាល័យ ​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​បាន​បដិសេធ​មិន​បាន​ផ្តល់​បទ​សម្ភាស​ណាមួយ​ជាមួយ​នឹង​អ្នក​​យកព័ត៌មាន​​អំពី​សកម្មភាព​សមត្ថកិច្ច​បានរាំងខ្ទប់​ប្រជាពលរដ្ឋ​នោះទេ។ ក្រុម​អ្នក​តវ៉ា​ហាក់បីដូច​ជា​មាន​ការភ័យខ្លាច​ការ​ចាប់​ខ្លួន​បន្តទៀត​ នៅពេល​ដែល​សមត្ថកិច្ច​បាន​យក​រថយន្ត​ខ្លុប​បិទជិត​របស់​ប៉ូលិស​ ដែល​ធ្លាប់ចាប់ពួក​គេ​មក​គំរាមគំហែង​នៅ​កន្លែង​តវ៉ា។

អ្នកស្រី​ប៊ូ ឆវី ​តំណាងប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​ខកចិត្ត​ បន្ទាប់​ពី​ខកខាន​មិន​បាន​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដោយ​ផ្ទាល់ដៃ។

«ខ្ញុំ​ទៅ​រក​អ្នក​ជួយ ឥត​មាន​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​ទេ។ មាន​តែ​ដាក់​កម្លាំង​មក​បង្រ្កាប​ពួកខ្ញុំ​ទៅ​វិញ។ ពួកខ្ញុំ​ទ្រាំយក​បានដែរ ​ឬ​ទេ។ ​ពួកខ្ញុំ​មក​ដាក់​កន្លែង​ហ្នឹង​ឥត​ដែល​បាន​ដំណោះស្រាយ​។​ ឥឡូវ​ពួក​ខ្ញុំ​ឥត​ដាក់​ទេ​។ ​ខ្ញុំ​ចង់​ទៅ​ដាក់​ ទៅ​ដល់​មុខ​ផ្ទះ​សម្តេច»។

មាន​មន្ត្រី​ខុទ្ធកាល័យ​មួយរូប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​មក​ទទួល​ញត្តិ​ដែរ​។​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាន​ប្រគល់ជូន​ឲ្យ​មន្ត្រី​នោះ​ទេ​ ដោយសារ​តែ​ខ្លាច​បារម្ភ​មិន​បាន​ដល់ដៃ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។

លោក​គង់ ​ចំរើន​ លេខាផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​លោក​មាន​បំណង​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​។ ​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាន​ដាក់​ញត្តិ​តាមរយៈ​គាត់​ទេ។

«អាហ្នឹង​ខ្ញុំ​មាន​នាទី​មក​ទទួល ​ហើយ​អ្នក​ចាត់ការ​ដំណោះស្រាយ​របស់​គាត់​ហ្នឹង ​អ្នក​ផ្សេង​។​ គ្រាន់​ខ្ញុំ​មក​ទទួល​របស់​គាត់​ដែល​គាត់​ដាក់​មក​។ ​ហើយ​ខ្ញុំ​នឹង​មើលតាម​ទម្រង់​ត្រឹមត្រូវ ​តើ​ខ្ញុំ​អាច​ទទួល​បាន ​ខ្ញុំ​នឹង​ទទួល​។ ​ទទួល​យក​ទៅ​ខាង​ក្នុង​ហ្នឹង ​មាន​អ្នក​បច្ចេកទេស​គេ​ចាត់ចែង​ទៀត»។

លោក​អំ ​សំអាត ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​បាន​បន្ទោស​​ការរារាំង​របស់​សមត្ថកិច្ច​ថា​ គួរតែ​មាន​ការ​សម្របសម្រួល​ណាមួយ ​ដើម្បី​ជៀសវាង​នៅ​អំពើ​ហិង្សា។

«គឺធ្វើ​យ៉ាងណា​ឲ្យ​ការ​ដែល​ដាក់​ញត្តិ ​ឬក៏​ការពាំនាំ​នូវ​ពាក្យ​របស់​ប្រជាពលរដ្ឋ​បាន​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​គឺ​ជា​ការ​ល្អ»។

ខណៈដែល​អ្នក​ភូមិ​បឹងកក់​កំពុងតែ​ស្វះស្វែង​រកអន្តរាគមន៍​ឲ្យ​ដោះលែង​ពួកគេ​ដែល​បាន​កំពុង​ជាប់ឃុំ ​មន្ត្រី​សិទ្ធិមនុស្ស ​និង​អ្នក​ភូមិបឹងកក់​បាន​និយាយ​ថា​ចំនួន​អ្នក​ធ្វើ​កូដកម្ម​អត់អាហារ​កំពុង​ជាប់​ឃុំ ​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​ភូមិបឹងកក់​បាន​និយាយ​ថា​ ចំនួន​អ្នក​ធ្វើ​កូដកម្ម​ឥតអាហារ​បានកើនឡើង​ដល់​៧​នាក់​ហើយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​តាម​ការបញ្ជាក់​របស់​អ្នក​ភូមិបឹងកក់​ និង​មន្ត្រីសិទ្ធិមនុស្ស​បាន​និយាយ​មាន​ចំនួន​បួន​នាក់​នៅ​ក្នុង​ចំណោម​ប្រាំពីរ​នាក់ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ឥតអាហារ​ បាន​ប្រឈមមុខ​អស់កម្លាំង​យ៉ាងខ្លាំង​ ដោយសារ​តែ​ពួកគេ​បាន​អត់អាហារ​ដ៏​ច្រើន​ថ្ងៃ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ១៤ មិថុនា ២០១២៖ ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់

Posted: 14 Jun 2012 03:14 PM PDT

តំណាង​អ្នកភូមិ​បឹងកក់​បាន​សម្តែង​អំណរគុណ​ដល់​លោក​ស្រី ​ហ៊ីឡារី គ្លីនតុន​(Hillary Clinton) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ចំពោះ​អន្តរាគមន៍​ឲ្យ​កម្ពុជា​ដោះលែង​អ្នក​ភូមិ​បឹងកក់​១៥​នាក់​ ដែល​ត្រូវ​ចាប់​ដាក់​គុក​ដោយ​សារ​ ការ​តវ៉ា​រឿង​ដីធ្លី។​ នេះ​ជា​ការ​អះអាង​របស់​អ្នកស្រី បូ ឆវី​ និង អ្នកស្រី ​យ៉ោម បុប្ផា ​តំណាង​ជន​រងគ្រោះ​អ្នក​ភូមិ​បឹងកក់​ ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ពិភាក្សា​លើ​ប្រធានបទ​ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់។

លោកស្រី​ គ្លីនតុន​លើក​បញ្ហា​ដោះលែង​ពលរដ្ឋ​បឹងកក់​នេះ​ ក្នុង​ពេល​ដែល​លោកស្រី​ជួប​ប្រជុំ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង ​ដែល​បំពេញ​ទស្សនកិច្ច​១​ថ្ងៃ​ កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ស.រ.អា.​ដើម្បី​ពិភាក្សា​បញ្ហា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​បញ្ហា​តំបន់​មួយ​ចំនួន។

តំណាង​ប្រជាពលរដ្ឋ​ដដែល​ អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជួយ​ធ្វើ​បាតុកម្ម​គាំទ្រ​ចំពោះ​ពលរដ្ឋ​បឹងកក់​ផង​ដែរ​ក្នុង​ពេល​ទស្សនកិច្ច​របស់​លោក ​ហោ ណាំហុង។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ១៤ មិថុនា ២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!