VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១១ មិថុនា ២០១២៖ សកម្មភាព​របស់​យុវជន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ” plus 3 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១១ មិថុនា ២០១២៖ សកម្មភាព​របស់​យុវជន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ” plus 3 more


ហេឡូ​វីអូអេ ១១ មិថុនា ២០១២៖ សកម្មភាព​របស់​យុវជន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ

Posted: 12 Jun 2012 06:57 AM PDT

យុវជន​មាន​ចំនួន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ ខណៈ​​ដែល​ជម្លោះ​ដី​ធ្លី​និង​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​​​លំនៅ​ដ្ឋាន​កំពុង​បន្ត​កើត​មាន​​នៅ​ក្នុង​ប្រទេស តើ​ពួកគេ​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​ដូចម្តេច​ខ្លះ​ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះ?​​

វាគ្មិន​នៅ​ក្នុង​កម្មវិធី​រាត្រី​នេះ​រួម​មាន លោក តាន់ ណារ៉ា នៃ​អង្គការ​យុវជន​នៃ​សហគមន៍​បុរី​កីឡា និង​លោក ឯម ខេមរា អគ្គលេខាធិការ​នៃ​បណ្តាញ​យុវជន​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ១១ មិថុនា ២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ខ្លាឃ្មុំ​នៅ​ប្រទេស​កម្ពុជា​ប្រឈម​មុខ​ឧបសគ្គទ្វេនៃ​ការ​ដាច់ពូជ​

Posted: 12 Jun 2012 01:58 AM PDT

ជីវិត​ខ្លាឃ្មុំ​នៅ​កម្ពុជា​ប្រឈម​នឹង​ការប្រមាញ់​ និង​ការ​រុករាន​ព្រៃ​ខុស​ច្បាប់។ ​នៅ​កម្ពុជា​​មាន​អង្គការ​ FreeThe Bears ដែល​មានន័យ​ថា​ សង្គ្រាះ​ខ្លាឃ្មុំ ​ហើយ​ដែលបាន​យក​ខ្លាឃ្មុំរង​គ្រោះ​ជាច្រើន​ក្បាល​មក​រក្សា​ទុកនៅ​សួនសត្វ​ភ្នំតាម៉ៅ។​

អង្គការ​ Free The Bears ដែល​សង្គ្រោះ​ខ្លាឃ្មុំ​នៅ​ភ្នំតាម៉ៅ​នេះ​កំពុងផ្តល់​ជម្រក​ដល់ខ្លា​ឃ្មុំ​រងគ្រោះ​ច្រើន​បំផុត​ក្នុង​ពិភពលោក។​ អង្គការ​អន្តរជាតិ​អភិរក្ស​ធម្មជាតិ International Union for Conservation of Nature ចាត់ទុកថា ខ្លាឃ្មុំ​ប្រភេទ​នេះ​ជា​សត្វ​រងគ្រោះ​ថ្នាក់​ដាច់ពូជ។​

បច្ចុប្បន្ន​មានខ្លាឃ្មុំ​៨៤ក្បាល​រួចជីវិតនៅ​ទីនោះ​ ដោយ​សង្គ្រោះ​ពី​កន្លែង​គេលាក់ទុក​សម្រាប់​ធ្វើ​ម្ហូប​ និងកន្លែង​ធ្វើថ្នាំ។​ខ្លាឃ្មុំ​ប្រភេទនេះ​មាន​មាឌតូច។ ​វាមាន​ក្រឡា​ព៌ណ​លឿន​លើទ្រូង ​និង​មាន​អណ្តាត​វែង ​ហើយ​ស៊ីឃ្មុំ។​ ជនល្មើស​ប្រមាញ់​ខ្លាឃ្មុំ​យក​រោម​ និង​ប្រម៉ាត់​ធ្វើថ្នាំ​ចិន​សែ ​រីឯសាច់​ និង​ប្រអប់​ជើង គេ​យកធ្វើ​ស៊ុប​ ដែល​ជនជាតិ​អាស៊ីជឿ​ថា ជា​អាហារប៉ូវ។​ ជួនកាល​គេចិញ្ចឹម​វាជា​សត្វ​សំណប់ ​ដោយសារ​វាស្លូត ​និង​មិន​សូវធំ។​

លោក Matt Hunt នាយក​ប្រតិបត្តិ​អង្គការ ​Free The Bears ​បាន​ធ្វើការ​សង្គ្រោះ​ខ្លាឃ្មុំ​ប្រភេទ​នេះ​នៅ​កម្ពុជា​១០ឆ្នាំមក​ហើយ។​

គាត់​និយាយ​ថា៖

«អនាគត​ខ្លាឃ្មុំ​ យូរ​អង្វែង​ទៅមុខទៀត​ ​មិនល្អ​ទេ ដោយសារ​វា​បាត់បង់​ជម្រក ​ ចំនួន​មនុស្ស​កើន​ឡើង  ហើយ​ជាពិសេស​នោះ​គឺការ​ប្រមាញ់​ដែល​កើនឡើង​ ដោយសារ​តែ​អ្នក​មាន​ជាច្រើន​មាន​ជំនឿ​លើ​ថ្នាំបុរាណ​ ហើយ​គេ​ចេះតែ​ចង់សាក​ម្ហូប​សត្វព្រៃ​ផ្តេសផ្តាស់​ដែល​ជា​ម្ហូប​កម្រ ​ហើយ​ដែល​គ្មាន​អ្វី​ពិសេស​នោះ»។​

លោក​ជួន វុទ្ធី ​ជានាយក​គម្រោង​នៅ​អង្គការ​​Free The Bears។ ​ថ្មីៗនេះ​លោក​ទទួល​បាន​រង្វាន់​៥ម៉ឺន​ដុល្លារ​សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុងការ​អភិរក្ស​ខ្លាឃ្មុំ១៥​ឆ្នាំមក​នេះ។​

គាត់​និយាយ​ថា៖​

«អង្គការ​​ Free The Bears សហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ​នៃប្រទេស​កម្ពុជា​រួមគ្នាធ្វើការ​បង្ក្រាប​បទល្មើស​សត្វព្រៃ ​ហើយ​និង​នាំ​យកខ្លា​ឃ្មុំមក​ដាក់​ចិញ្ចឹម​នៅ​សួន​សត្វ​ភ្នំតាម៉ៅ​នេះ​ ធ្វើឲ្យ​ខ្លាឃ្មុំ​បាន​ទទួល​នូវ​លក្ខខណ្ឌ​​រស់នៅ​ល្អ ​ដែល​បាន​ផ្តល់​ទីជម្រក​ធំទូលាយ​ មាន​របស់​លេង​ច្រើន​នៅ​ទីនេះ។​ អញ្ចឹង​ធ្វើឲ្យ​ខ្លាឃ្មុំ​មាន​ភាព​សប្បាយ​រីករាយ​ច្រើន​ជាង​កាល​ពីមុន»។​

ក្នុងឆ្នាំ​២០០៩​ កូនខ្លាឃ្មុំ២​ក្បាល​ត្រូវ​សង្គ្រោះ ដែល​បង្ហាញ​ពី​ភាព​ឃោរឃៅ​នៃ​ការជួញ​ដូរ​ខ្លា​ឃ្មុំ។ ​

កូនខ្លា​ឃ្មុំទាំងពីរ​របួស​ជិតស្លាប់​ដោយសារ​អន្ទាក់ ​មុនពេល​មន្ត្រី​អង្គភាព​សង្គ្រោះ​សត្វព្រៃ​នៃ​អង្គការ ​Wildlife Alliance ​សង្គ្រាះ​វា​ ​ក្រោយពី​ទទួលបាន​ព័ត៌មាន។​

កូនខ្លា​ឃ្មុំទាំងពីរ​បាន​រួចជីវិត ​និង​ត្រូវបាន​ថែរក្សា​ដោយ​អង្គការ​ Free The Bears។​ អង្គការ​នេះបាន​ខិតខំ​បង្កើត​មណ្ឌល​សង្គ្រោះ​សត្វព្រៃ ​ដោយ​បណ្តុះ​បណ្តាល​អង្គភាព​ពង្រឹង​ច្បាប់ ធ្វើកម្ម​វិធី​អប់រំ​អំពី​បរិស្ថាន។ ទោះជា​យ៉ាង​នេះក្តី ​ចំនួន​ខ្លា​ឃ្មុំនៅ​តែ​ធ្លាក់​ចុះ។​

អ្នក​ជំនាញ​នៅ​អង្គការ​អន្តរជាតិ​អភិរក្ស​ធម្មជាតិ ​International Union for Conservation of Nature​ ប៉ាន់ស្មាន​ថា ចំនួន​ខ្លាឃ្មុំ​ធ្លាក់ចុះ​៣០%​ក្នុងពេល​៣០ឆ្នាំ​នេះ។ ​

លោក​ Matt Hunt ​និយាយ​ថា បើ​រដ្ឋាភិបាល​មិន​បង្កើន​កម្មវិធី​ការពារ​ខ្លាឃ្មុំ​ទេ នោះ​ខ្លាឃ្មុំ​នឹង​ដាច់ពូជ​ពី​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា។​ លោក​និយាយ​ថា៖​

«យើង​ត្រូវ​មាន​តំបន់​អភិរក្ស​ និង​ត្រូវការ​វិធាន​ការ​ពង្រឹង​ច្បាប់ច្រើន​ថែមទៀត។ ​យើង​ត្រូវ​ទប់ស្កាត់​ការនាំ​ខ្លាឃ្មុំឆ្លង​ព្រំដែន។ ​ក្រៅពីនេះ ​ត្រូវបង្កើន​ការយល់​ដឹងថែម​ទៀត ដើម្បី​ធានាថា ​ អតិថិជន​ឈប់​ចង់​បរិភោគ​ស៊ុប​ក្រញាំ​ជើង​ខ្លាឃ្មុំ ​នៅ​ភោជនីយដ្ឋាន​ ឬឈប់​ប្រើ​ប្រម៉ាត់​ខ្លាឃ្មុំ ​ពេល​គេឈឺ ឬពេល​គេ​ទៅ​ពេទ្យ​បុរាណ»។ ​

ដោយសារ​ការ​រុករាន​ព្រៃ​ និងការ​ប្រមាញ់​នៅ​មាន​សកម្មភាព​ខ្លាំងក្លា​នៅឡើយ ​ដូច្នេះគេ​មិន​ដឹងថា ​តើ​ការ​សង្គ្រាះខ្លាឃ្មុំ​នេះ​អាចឈ្នះ​សកម្មភាព​ខុសច្បាប់​ឬ​យ៉ាង​ណា​ទេ៕​

This posting includes an audio/video/photo media file: Download Now

នយោបាយ​ថ្នាក់​មូលដ្ឋាន​មាន​ឡូក​ឡំ​ដោយ​ការរើស​អើង​

Posted: 11 Jun 2012 08:38 PM PDT

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​បាន​ចោទ​ប្រកាន់ ​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​កណ្ដាល​មួយ​រូប​ថា​បាន​បដិសេធ​ចុះ​ហត្ថលេខា​លើ​ឯកសារ​កម្ចី​ប្រាក់​ធនាគារ​របស់​អ្នកស្រី ​ដោយសារ​តែ​គាត់​ជា​សកម្មជន​របស់​គណបក្ស​សម​ រង្ស៊ី។

អ្នកស្រី​មឿន ​សាវុន​ បាន​យក​ឯកសារ​សុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា​នូវ​ទឹក​ប្រាក់​ចំនួន​ ៤,០០០​ដុល្លារ​អាមេរិក​សម្រាប់​ពង្រីក​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន​ទំនិញ។ ​ប៉ុន្តែ​លោក​សន ​សឿន ​មេឃុំ​កំពង់​ចំលង​ ស្រុក​ខ្សាច់​កណ្តាល ​បដិសេធ​ចុះហត្ថ​លេខា​លើ​ឯកសារ​របស់​អ្នកស្រី។ ​លោក​សន ​សឿន ​បាន​ធ្វើ​ជា​មេឃុំ​នេះ​ចំនួន​ដប់​ឆ្នាំ​មក​ហើយ​។ ​ហើយ​គាត់​បាន​ជាប់ឆ្នោត​ជា​ថ្មី​ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​នេះ។

អ្នកស្រី​មឿន ​សាវុន ​បាន​អះអាង​ថា​អ្នកស្រី​បាន​ទៅ​ជួប​មេឃុំ​ខាង​លើ​ចំនួន​បួនដង ​ប៉ុន្តែ​មេឃុំ​ដដែល​នៅតែ​មិន​ព្រម​ផ្តល់​ហត្ថលេខា។

«ខ្ញុំ​ខ្វះខាត​លុយកាក់​ធ្វើ​ដើម​ទុន ​ដូច្នេះ​ខ្ញុំ​ខ្ចី​លុយ​ធនាគារ​អេស៊ីលីដា។ ​គេ​ឲ្យ​ខ្ញុំ​ហើយ​តែ​ដល់​ពេល​យក​ក្រដាស​ឲ្យ​គេ​ចុះហត្ថលេខា​ លោក​មេឃុំ​សន ​សឿន ​មិន​ព្រមចុះ​ហត្ថលេខា ​គាត់​ថា​ ខ្ញុំ​ហ្នឹង​មិន​ជឿ​ជាក់​លើ​គាត់។ ​ខ្ញុំ​សួរ​ថា ​ម៉េច​ថា ​ខ្ញុំ​មិន​ជឿ​ជាក់​គាត់​ថា ​មិនបាច់​សួរ​ទេ​ គាត់​មិនចុះ​ហត្ថលេខា​ឲ្យ​ទេ។ ​ខ្ញុំ​យក​ឯកសារ​ទៅ​ឲ្យ​គាត់​ចុះ​ហត្ថលេខា​ចំនួន​បួន​ដង។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ឲ្យ​ចុះ​ហត្ថលេខា​ឲ្យ​ខ្ញុំ​បន្តិច​មក​ខ្ញុំ​ប្រញ៉ាប់​រកស៊ី ​គាត់​មិនព្រម​ហើយ​គាត់​ថា ​ទៅប្តឹង​ដល់​ណា​ទៅៗ​។ ​គាត់​ថា​ខ្ញុំ​មិន​ជឿ​ជាក់​ហ្នឹង​បាន​ន័យ​ថា ​ខ្ញុំ​ជា​គណបក្ស​សម ​រង្ស៊ី។ ​ប្អូន​ខ្ញុំ​គណបក្ស​សម ​រង្ស៊ី ​ហើយ​គ្រួសារ​ខ្ញុំបោះ​ឆ្នោត​ឲ្យ​គណបក្ស​សម​ រង្ស៊ី»។

ការខ្ចី​បុល​ពី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​ភាគី​អ្នក​សុំខ្ចី​មាន​អចលនវត្ថុ​ដាក់​ដម្កល់​ហើយ​ក្រុម​អ្នក​តាម​ដាន​វាយតម្លៃ​របស់​ធនាគារ​នោះ​នឹង​ចុះ​សិក្សា​ផ្ទាល់​លើ​វត្ថុ​បញ្ចាំ​នោះ​មុន​នឹង​សម្រេច​ផ្តល់​កម្ចី។ ​ឯកសារ​ដម្កល់​អចលន​ទ្រព្យ​នោះ​តម្រូវ​ឲ្យ​មាន​ការទទួល​ស្គាល់​ពី​ភ្នាក់ងារ​អាជ្ញាធរ​មូលដ្ឋាន​ជា​ចាំបាច់។

ការបដិសេធ​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មឿន ​សាវុន ​បញ្ឈប់​ការខ្ចី​សម្រាប់​ពង្រីក​មុខរបរ​របស់​ខ្លួន។

«ដល់​ពេល​គេ​មិន​ចុះ​ហត្ថ​លេខា ​ខ្ញុំ​ឈប់​ខ្ចី»។

លោក​សន ​សឿន ​មេឃុំ​ដែល​ជាប់ឆ្នោត​ជា​លើក​ទី​បី​ បាន​បដិសេធ​ថា​លោក​មិន​មាន​ការរើសអើង​ផ្នែក​នយោបាយ​ណាមួយ​នោះ​ទេ។

«ខ្ញុំ​មិន​និយាយ​ភាសា​ថា​ ខ្ញុំ​មិន​ជឿជាក់​នោះ​ទេ។ ​ខ្ញុំ​បដិសេធ​នោះ​ដោយសារ​តែ​ឈ្មោះ​នោះ​ជំពាក់​លុយ​គេ​ច្រើន​ក្នុង​ឃុំ​អញ្ចឹង​ខ្ញុំ​មិនអាច​ចុះ​ហត្ថលេខា​បាន​ទេ។ ​បើ​រត់ការ​ឲ្យ​គេ​មិន​បាន​ពិបាក​ខ្ញុំ​ដដែល​ខ្ញុំ​មិន​ទៅ​ប្រកាន់​នយោបាយ​អីទេ។ ​ឈ្មោះ​នេះ​ខ្ញុំ​មិន​ដឹង​ថា​ ជា​គណបក្ស​ណា​ផង​ព្រោះ​គាត់​មិនមែន​ជា​សកម្មជន ​គាត់​ជា​ប្រជាជន​សុទ្ធសាធ​ហ្នឹង»។

កញ្ញា​ប៊ុត ​ប៊ុនសីហា ​មន្ដ្រី​ផ្នែក​ការិយាល័យ​វិវាទ​របស់​ធនាគារ​ អេស៊ីលីដា ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​អតិថិជន​មាន​បញ្ហា​ដូច​ខាង​លើ​នេះ​ អាច​មក​ជូន​ដំណឹង​ដល់​ការិយាល័យ​កណ្តាល​របស់​ធនាគារ។ ​មួយ​វិញ​ទៀត​រាល់​បញ្ហា​ដែល​កើតឡើង​ពាក់ព័ន្ធ​ជាមួយ​នឹង​អតិថិជន​អ្នកខ្ចីប្រាក់​នឹង​ត្រូវ​ដោះសា្រយ​តាម​ផ្លូវ​តុលាការ ​រីឯ​អាជ្ញាធរ​នឹង​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​នោះ​ទេ។

«តាម​ផ្លូវច្បាប់​អាជ្ញាធរ​មាន​សិទ្ធិ​ជួយ​សម្រប​សម្រួល​តែ​មិនមាន​សិទ្ធិ​ក្នុង​ការដោះស្រាយ​ទេ។ ​ធនាគារ​យក​ការដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​គឺ​តុលាការ»។

យោង​តាម​លទ្ធផល​ឆ្នោត​ជា​បណ្តោះ​អាសន្ន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឃុំ​កំពង់​ចំលង ​នៃ​ខេត្ត​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១,៦៩៤​សំឡេង​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ជំទាស់​សម​ រង្ស៊ី ​ដែល​ទទួល​បាន​ ៥១៦​សំឡេង។​ គណបក្ស​សិទ្ធិ​មនុស្ស​ឈរ​នៅ​លំដាប់​ទី​៤ ​និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៥៕

This posting includes an audio/video/photo media file: Download Now

អ្នកទោស​បឹងកក់​ធ្វើ​កូដកម្ម​អត់​អាហារ

Posted: 11 Jun 2012 08:04 PM PDT

ក្រុមមន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​បាននិយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មាន​តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​ចំនួន​បួន​នាក់​នៅ​ក្នុង​ចំណោម​ ១៥​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ចេញ​ពី​ពន្ធនាគារ​និង​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ប្រជា​ពលរដ្ឋ ​ដែល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​ពន្ធនាគារ។

ការធ្វើ​កូដកម្ម​អត់អាហារ​របស់​អ្នក​ភូមិបឹងកក់​ចំនួន​បួន​នាក់​ជា​លើក​ដំបូង​នេះ​ បានចាប់​ផ្តើម​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។​ បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​អ្នក​ទាំង​បួន​ ដែល​បាន​ចាប់ផ្តើម​អត់​អាហារ​ជា​លើក​ដំបូង​មាន​អ្នកស្រី​ទេព ​វន្នី ​តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដ៏​លេចធ្លោ​ជាង​គេ អ្នកស្រី​គង់ ចន្ថា ​អ្នកស្រី​ឆេង លាភ ​និង​អ្នកស្រី​សុង ​ស្រីលាភ។

លោក​ចាន់​ សាវ៉េត ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា ​លោក​បាន​ទទួលដំណឹង​អំពី​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​អ្នកភូមិ​បឹងកក់​នេះ​ដែរ។ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ពួក​គេ​នឹង​ប៉ះពាល់​ដល់​សុខភាព​ ប្រសិនណា​បើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ។

«បើ​សិន​ជា​គាត់​ធ្វើអីញ្ចឹង។ ​នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការភ្ញាក់​អារម្មណ៍​ដែរ។​ ព្រោះ​គាត់​នៅ​ក្នុង​ពន្ធនាគារ​ គាត់​នៅ​តែ​មានសិទ្ធិ​ទាមទារ​តវ៉ា​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ដី​គាត់​ដដែល»។

នៅ​ក្នុង​ខណៈពេល​ដែល​អ្នកភូមិ​បឹងកក់​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ ដើម្បី​ដាក់សម្ពាធ​ដល់​រដ្ឋាភិបាល ​ក្រុម​អ្នកភូមិ​បឹងកក់​នឹង​សហគមន៍​បុរីកីឡា ​ដោយ​មាន​ការចូលរួម​ពី​កុមារ​តូចៗ​បាន​យក​ញត្តិ​មក​ដាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង​ជា​លើក​ទី​២​និង​ក្រសួង​យុត្តិធម៌​ឲ្យ​ដោះលែង​តំណាង​ពួក​គេ​ដែល​កំពុង​ជាប់​ឃុំឃាំង។

ការដាក់​ញត្តិ​ជា​លើក​ទី​២ ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ក្រុម​មន្ត្រី​ព្រះបរម​រាជវាំង​ឈ្មោះ​ឡាំ ​ចំនាប់ ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​​ដាក់ញត្តិ​ដោយ​ផ្ទាល់​ និង​បាន​សន្យា​ថា​នឹង​ដោះស្រាយ​ជូន​ពួកគេ​នៅ​ក្នុង​រយៈពេល​ពីរ ​ទៅ​បី​ថ្ងៃ​ខាង​មុខ​ទៀត។

អ្នកស្រី​យោម បុប្ផា ​ អាយុ​៣២​ឆ្នាំ​ បានថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​មុខ​ព្រះបរម​រាជវាំង​ បន្ទាប់​ពី​អ្នកស្រី​បាន​ដាក់​ញត្តិ​នៅ​ក្នុង​ព្រះបរម​រាជវាំង​ថា​ ពួកគេ​សង្ឃឹម​ថា​ព្រះមហាក្សត្រ​នឹង​ជួយ​អន្តរាគម​ដល់​រដ្ឋាភិបាល ​ដើម្បី​ជួយ​ឲ្យ​ដោះលែង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង។

«ពួក​ខ្ញុំ​ជឿជាក់​ថា ​គាត់​នឹង​ជួយ​ព្រោះ​មហាក្សត្រ​ជា​ម្លប់​កូនចៅ។​ អីចឹង​កូនចៅ​របស់​គាត់​កំពុង​តែ​រង​វេទនា​ហើយ​ កំពុងតែ​ប្រឈមមុខ​នឹង​សេចក្តី​ស្លាប់​ហើយ។ ​ព្រះមហាក្សត្រ​គាត់​នឹង​អាណិត​ អាសូរ​ដល់​កូនចៅ​របស់​ព្រះអង្គ»។

ក្រុម​អ្នកតវ៉ា​ដោយ​មាន​ការចូលរួម​ពី​កុមារតូច​ៗ ​បាន​ស្រែកច្រៀង​បទចម្រៀង​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ភូមិ​១៥​នាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង​ រួច​ហើយ​បាន​បន្ត​ទៅ​តវ៉ា​នៅ​ពី​មុខ​ក្រសួង​យុត្តិធម៌​ទៀត។

អ្នកស្រី​បូវ សោភ័ណ ​អាយុ​៣២​ឆ្នាំ​ ត្រូវ​ជា​ប្អូនស្រី​របស់​អ្នកស្រី​បូវ ​សោភា ​ដែល​កំពុងតែ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ​បានអង្គុយ​បត់ជើង​សំពះ​នៅ​ពីមុខ​ព្រះបរម​រាជវាំង​ ដោយ​អ្នកស្រី​បានមាន​ប្រសាសន៍​ថា​មាន​តែ​ព្រះមហាក្សត្រ​ទេ​ ដែល​អាច​ជួយ​ដោះលែង​ប្រជា​ពលរដ្ឋ​ចំនួន​១៥​នាក់​ ឲ្យ​រួចផុត​ពី​ទុក្ខទោស។

«ពួកគាត់​ជិត​ស្លាប់​អស់​ហើយ ​អត់អាហារ​ពីរ​ថ្ងៃ​ហើយ។ ​មានតែ​ព្រះមហាក្សត្រ​ទេ​ ដែល​ជួយ​ពួក​ទូលបង្គំ​បាន​។ ​ប្រសិន​បើ​មិន​ដូច​ច្នោះ​ទេ ​ពួកគាត់​នឹង​អត់អាហារ​ស្លាប់​អស់​ហើយ​។​ គាត់​មាន​កូន​បី​នាក់​ទៀត​ត្រូវ​ចិញ្ចឹម​ ប្រសិនណា​បើ​ពួក​គាត់​ស្លាប់ទៅ ​តើ​មាន​នរណា​មើល​កូន​គាត់»។

កាល​ពី​សប្តាហ៍​មុន​អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា​បានព្យាយាម​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះបរម​រាជវាំង។ ​ក៏ប៉ុន្តែ​គ្មាន​មន្ត្រី​ណាម្នាក់​មក​ទទួល​ញត្តិ​ទេ​ ទើបតែ​ថ្ងៃ​ច័ន្ទ​នេះ​ មាន​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះបរម​រាជវាំង​ដើម្បី​ដាក់​ញត្តិ។ ​នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ ដែល​មានស្នាម​ផ្តិត​មេដៃ​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​រៀបរាប់​ពី​ទុក្ខសោក​ និង​ការទាមទារ​ទំហំដី​ ១២,៤៤​ហិកតា​មក​វិញ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ​បានធ្វើ​ប្រទានកម្ម​ដល់​ពួកគេ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១១​។ ​ការទាមទារ​នេះ ​មិនត្រឹមតែ​ចង់​បាន​ដី​មក​វិញ​ទេ​ថែមទាំង​ចង់​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​ ១៥​នាក់​ ដែលត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំ​ដាក់ពន្ធនាគារ​កាល​ពី​ជា​កន្លះ​ខែ​មុន៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!