VOA News: ព័ត៌មាន: “ចិន​ត្រៀម​ខ្លួន​នឹង​ឆ្លើយ​តប​នឹង​ជម្លោះ​ដែន​សមុទ្រ​កាន់​តែ​ធ្ងន់​ឡើង​ជាមួយ​ហ្វីលីពីន” plus 5 more

VOA News: ព័ត៌មាន: “ចិន​ត្រៀម​ខ្លួន​នឹង​ឆ្លើយ​តប​នឹង​ជម្លោះ​ដែន​សមុទ្រ​កាន់​តែ​ធ្ងន់​ឡើង​ជាមួយ​ហ្វីលីពីន” plus 5 more


ចិន​ត្រៀម​ខ្លួន​នឹង​ឆ្លើយ​តប​នឹង​ជម្លោះ​ដែន​សមុទ្រ​កាន់​តែ​ធ្ងន់​ឡើង​ជាមួយ​ហ្វីលីពីន

Posted: 08 May 2012 08:14 AM PDT

ប្រទេស​ចិន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ការ​ធ្វើ​ឲ្យ​ជម្លោះ​រីក​កាន់​តែ​ធំ​ឡើង​ដោយ​ប្រទេស​ហ្វីលីពីន​ នៅ​ពេល​ដែល​ភាព​តានតឹង​នៃ​ភាព​មិន​ចាញ់​មិន​ឈ្នះ​ដែល​មាន​រយៈ​ពេល​មួយ​ខែ​ ​បាន​បន្ត​កើត​មាន​ឡើង​លើ​ប្រជុំ​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​ដក​ស្រង់​សម្តី​អនុរដ្ឋមន្រ្តី​ការបរទេស​ចិន​ Fu Ying នៅ​ថ្ងៃ​អង្គារ​នេះ​មក​ចុះ​ផ្សាយ​ថា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​មិន​មាន​សុទិដ្ឋិនិយម​អំពី​ជម្លោះ​លើ​តំបន់​ Scarborough Shaol ​ដែល​ស្ថិត​នៅ​ប្រហែល​២៣០​គីឡូម៉ែត្រ​នៃ​ផ្ទៃ​ទឹក​ហ្វីលីពីន​ភាព​ពាយ័ព្យ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ Fu បាន​កោះ​ហៅ​អ្នក​ការទូត​កំពូល​ហ្វីលីពីន​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ឲ្យ​ធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​នេះ។ លោក​ Fu ​បាន​ជម្រាម​ភារៈធារី​ Alex Chua ​ថា​ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ពង្រីក​ការ​តាន​តឹង​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ឈាន​ដល់​ដំណោះស្រាយ​​ដោយ​ការ​ចរចា។

ភាព​មិន​ចាញ់​មិន​ឈ្នះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០​ខែ​មេសា​ នៅ​ពេល​ដែល​នាវា​ស៊ើប​ការណ៍​របស់​ចិន​បាន​រារាំង​នាវា​ចម្បាំង​ហ្វីលីពីន​មិន​ឲ្យ​ចាប់​ពួក​អ្នក​នេសាទ​ចិន​នៅ​ជិត​ប្រជុំ​កោះ​ថ្ម​ដែល​ប្រទេស​ទាំង​ពីរ​បាន​ទាមទារ​ថា​ជា​ទឹក​ដី​របស់​ខ្លួន។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->អាមេរិក៖ ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ពួក​គេ​បាន​បញ្ឈប់​ផែនការ​ដាក់​គ្រាប់បែក​របស់​ al-Qaida ​ដែល​មាន​គោលបំណង​កម្ទេច​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​សហរដ្ឋ​អាមេរិក។

អ៊ីស្រាអែល៖ ពួក​មន្រ្តី​អ៊ីស្រាអែល​និយាយ​ថា​ នាយករដ្ឋមន្រ្តី​ Benjamin Netanyahu ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ជាមួយ​គណបក្ស​ Kadima ដែល​ជា​គណបក្ស​ប្រឆាំង​ ដើម្បី​បង្កើត​​រដ្ឋាភិបាល​ឯកភាព​ជាតិ​​មួយ​​ ដោយ​លុប​ចោល​ការ​បោះឆ្នោត​​មុន​ពេល​​កំណត់​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​មាន។

ឥណ្ឌា-អាមេរិក៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton ​​បាន​មាន​ប្រសាសន៍​ថា ​​ប៉ាគីស្ថាន​គួរ​តែ​ធ្វើ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​​ថែម​ទៀត​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​ ហើយ​ថា ​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​​ដេញ​តាម​ក្រុម​ភេរវកម្ម​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​​ ដែល​បាន​គំរាម​កំហែង​​សហរដ្ឋ​អាមេរិក​អាហ្វហ្គានីស្ថាន​និង​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត។

ចិន៖ បណ្តាញ​ទូរទស្សន៍​ Al-Jazeera ​​ប្រាប់​ឲ្យ​ដឹង​ថា ស្ថានីយ៍​នេះ​បាន​ត្រូវ​បង្ខំ​ឲ្យ​បិទ​កិច្ច​ប្រតិបត្តិការ​ព័ត៌មាន​ផ្សាយ​ជា​ភាសា​អង់គ្លេស​​​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​អាជ្ញាធរ​បាន​បដិសេធ​ពុំ​ព្រម​បន្ត​​លិខិត​អនុញ្ញាតិ​​និង​ទិដ្ឋាការ​​​សម្រាប់​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​​ប៉េកាំង។

ថៃ៖ ជីតា​ជនជាតិ​ថៃ​ម្នាក់​ដែល​ត្រូវ​​តុលាការ​កាត់​ទោស​​​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ចំពោះ​ការ​បញ្ជូន​សារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ការ​ប្រមាថ​មើល​ងាយ​​ដល់​ក្រុម​គ្រួសារ​រាជវង្សានុវង្ស​ ​បាន​ស្លាប់​នៅ​ខណៈ​ពេល​ស្ថិត​នៅ​ក្នុង​គុក។

ក្រិក៖ គណបក្ស​ Syriza ដែល​ជា​គណបក្ស​ឆ្វេង​ជ្រុល​និយម​របស់​ក្រិក​ នឹង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ បន្ទាប់​ពី​ពួក​អភិរក្សនិយម​បាន​បរាជ័យ​ប្រមូល​ផ្តុំ​គណបក្ស​ផ្សេង​ទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ចិន-អាមេរិក៖ មន្រ្តី​ជាន់​ខ្ពស់​​ក្រសួង​ការពារ​ប្រទេស​​​ចិន​និង​សហរដ្ឋ​អាមេរិក​​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ការ​គំរាម​កំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត បើ​ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​​ចិន​បាន​ស្ថិត​នៅ​ពី​ខាង​ក្រោយ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ច្រើន​​ប្រឆាំង​បណ្តាញ​អ៊ីនធឺណិត​សហរដ្ឋ​អាមេរិក។

ស៊ីរី៖ ស្ថាន​បេសកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី​ បាន​ប្តូរ​ទីតាំង​ទៅ​កាន់​ទីក្រុង​ហូមស៍​ដ៏​ខ្ទេចខ្ទាំ​វិញ ​​នៅ​ពេល​ដែល​អ្នក​សង្កេត​ការណ៍​​បន្ត​ឃ្លាំមើល​កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​គ្នា​​ដ៏​ប្រេះ​ស្រួយ​រវាង​រដ្ឋាភិបាល​និង​​ពួក​ឧទ្ទាម។

សូម៉ាលី៖ ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​និយាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​​កាំភ្លើង​ធំ​​​នៅ​ក្នុង​រដ្ឋធានី​ Mogadishu នៃ​ប្រទេស​សូម៉ាលី​បាន​សម្លាប់​មនុស្ស​៧​នាក់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ក្រុម​អ្នក​បោះឆ្នោតជាតិ​​អេហ្ស៊ីប​​​ពិចារណា​អំពី​ជម្រើស​ប្រធានាធិបតី​​ដ៏​​តិចតួច

Posted: 08 May 2012 02:02 AM PDT

រយៈពេល​​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​មុន​ពេល​ដែល​​​​ប្រជា​ពលរដ្ឋ​អេហ្ស៊ីប​ចេញ​ទៅ​​បោះឆ្នោត​ ក្រុម​អ្នក​បោះឆ្នោត​ជា​ច្រើន​នៅ​មិនទាន់​សម្រេច​ចិត្ត​​ ថា​តើ​បេក្ខជន​មួយណា គួរ​ក្លាយ​​ជា​ប្រធានាធិបតីដំបូងបង្អស់​ បន្ទាប់​​​ពី​ការ​ធ្វើ​​បដិវត្ត​កន្លង​មក​។

បច្ចុប្បន្ននេះ ឆាក​នយោបាយ​នៅ​ទីក្រុង​ឡឺគែរ ហាក់​​មាន​​ភាព​វីវក់​​​ដូច​​ការ​ធ្វើ​ចរាចរណ៍នៅ​ក្នុងទីក្រុង​អី​ចឹង​ដែរ។ ​នៅ​តាម​ដង​ផ្លូវនៃទី​ប្រជុំជន​​ដ៏​មមាញឹក​ ក្រុម​​អ្នក​បោះឆ្នោត​ប្រក​បដោយ​សក្តានុពល សម្តែង​​ការ​​បារម្ភ​អំពី​ការ​ហាមប្រាម​​​បេក្ខជន​​នាំមុខគេ​ ​មិន​ឲ្យ​ចូល​ក្នុង​ទិដ្ឋ​ភាព​នយោបាយទាំងអស់។

​លោក ​សាឡោះ អាប៊ូ អ៊ីស្មាអែល (Salah Abu Ismail) ​ដែល​ជា​អ្នក​គាំទ្រ​បេក្ខជន​ឥស្លាម​ដែល​គ្មានសិទ្ធិ​ឈរឈ្មោះ ​បាន​និយាយ​ថា ​សេចក្តី​​សម្រេច​នេះ​មាន​ន័យ​ថា លោក​​នឹង​​មិន​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​ឡើយ។

លោក មហាមេឌ សាឡឹម (Mohamed Salem) បាន​និយាយថា​ ដោយ​សារ​តែ​មិន​​​ជ្រើស​រើស​​​​បេក្ខជន​របស់​ក្រុម​​សាឡាហ្វីស​ លោក​​​គ្មាន​ផែនការ​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ លោក និយាយ​​បន្ថែម​ទៀត​ថា ប្រ​​សិន​បើ​​លោក​ត្រូវ​​ទៅ​បោះ​ឆ្នោត​វិញ​ ​សន្លឹកឆ្នោត​នោះ​​​នឹង​បដិសេធ​បេក្ខជន​ដទៃ​ទៀតទាំងអស់។

<!--IMAGE-RIGHT-->

លោក​ សាឡឹម ​មាន​ប្រសាសន៍​ថា ​ការ​បណ្តេញ​ចេញ​នេះ​​បណ្តាល​​មក​ពី​បុព្វហេតុ​​​នយោបាយ​។ ការ​គិត​បែប​​នេះ​ មានភាព​ស្រដៀងគ្នា​ជាមួយអ្នក​សរសេរអត្ថ​បទ​​ដាក់​លើ​​នៅលើ​ប្រព័ន្ធ​​អ៊ីនធឺណិត​និងមនុស្ស​​ធម្មតា​ ​ដែល​​ចោទ​សួរ​ថា​​តើ​ហេតុអ្វី​បាន​ជា លោក ​អាប៊ូ ​អ៊ីស្មាអ៊ែល (Abu Ismail) លោក អូស្មារ ស៊ូឡៃម៉ាន់​ (Omar Suleiman) អតីត​​​ប្រធាន​ចារកិច្ច​ និង ​លោក ​ខាយ​រ៉ាត់ អេល​ស្ហាទឹរ (Khairat el-Shater) ​បេក្ខជន​មក​ពី​គណបក្សភាតរភាពអ៊ីស្លាម​ (Muslim Brotherhood) ​មិន​​ត្រូវ​​បាន​​អនុញ្ញាត​​ឲ្យ​​​ឈរ​ឈ្មោះ​​បោះឆ្នោត។ មានទ្រឹស្តី​​ជាច្រើន រាប់​ចាប់​តាំងពី​ក្រុម​ប្រឹក្សា​យោធា​ដែល​​គ្រប់គ្រង​អំណាច​ ដែល​ព្យាយាម​​បំបែក​ការ​បោះឆ្នោត​របស់​ក្រុមអ៊ីស្លាម រហូតដល់​ការ​លើក​កម្ពស់​​​បេក្ខ​ភាព​​ជើងចាស់ ​គឺលោក​ អាម​ មូសា (Amr Moussa)។​

មិនមែនមនុស្ស​​គ្រប់គ្នា មើល​ឃើញ​​បុព្វហេតុ​ខ្មៅ​ងងឹត នៅ​ក្នុង​សេចក្តី​សម្រេច​​​របស់​ចៅក្រម​បោះឆ្នោត​នោះ​ទេ​។

លោកស្រី​ សាឡា​ ប្រធានការិយាល័យ​ ដែល​​ប្រាប់​​តែ​​ឈ្មោះ​​​ខ្លួន​ឯង​​ ​និយាយ​ថា​ លោក​ស្រី ​ជឿជាក់​លើ​​ប្រព័ន្ធ​​តុលាការ ​ដែល​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័នមួយចំនួន​តូច នៅ​ក្រោម​​អតីត​ប្រធានាធិបតី​ ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) ដែល​​មាន​កត្តិយស​​ជា​ស្ថាប័ន​ឯករាជ្យ​។

លោកស្រី​ ​បាន​និយាយ​ថា ប្រព័ន្ធ​តុលាការ មានសុចរិតភាព​ និងគូសបញ្ជាក់​អំពី​អ្វី​​ដែលលោកស្រី​​ពិនិត្យ​ពិចារណា​អំពី​ការ​ព្រួយបារម្ភ​ខាង​ផ្លូវ​ច្បាប់​ ទាក់​ទង​នឹង​​ច្បាប់ស្តីពី​​បេក្ខភាពដែល​នឹង​​ឈរ​ឈ្មោះ​បោះឆ្នោត។

​លោក ​ហ៊ីសាម ​កាសេម ​អ្នក​វិភាគ​នយោបាយ​និង​អ្នកបោះពុម្ពផ្សាយ​​ ​ យល់ស្រប​​អី​ចឹង​​ដែរ​។

<!--IMAGE-LEFT-->

«ឥឡូវនេះ ទ្រឹស្តី​ស្តីពី​ការផ្សំគំនិតគ្នា​ ត្រូវ​បានប្រើ​ប្រាស់នៅ​​​គ្រប់​រឿងរ៉ាវ​ទាំងអស់​​នៅ​ប្រទេស​អេហ្ស៊ីប​( Egypt)​? ​ប៉ុន្តែ ​នៅ​ពេល​ដែល​អ្នក​ពិនិត្យ​​មើល​ការងារនោះ​​ និង​របៀប​ដែល​គណៈកម្មការរៀបចំ​ការ​​បោះឆ្នោត អនុវត្ត​តាម​នីតិវីធី។​ វា​ច្បាស់​ណាស់​ថា ​មាន​កំហុស​ផ្នែក​​នីតិវិធី ​ដែលពួកគេ​​បាន​ផ្សព្វផ្សាយ​ និង​​ធ្វើ​ឲ្យ​មាន​ភាព​​ច្បាស់​​លាស់។»

អារម្មណ៍​​ចំពោះ​​ព្យាករណ៍​ទុក​ជាមុន នៅ​​​អេហ្ស៊ីប ​ត្រូវបានរារាំង​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ស្តីពី​ថា​តើ​ប្រព័ន្ធ​តុលាការ​​​នឹង​ធ្វើកិច្ច​ការ​ប្រកប​​ដោយ​យុត្តិធម៌ដែរ​ឬទេ ឬក៏អ្នក​​មាន​​អំណាចធំ​នឹង​​មិន​ធ្វើ​កិច្ច​ការ​ប្រកបដោយ​យុត្តិធម៌។

គណបក្ស​ភាតរភាពអ៊ីស្លាម ​ទទួល​បានការ​​កោត​សសើរ​ជាយូរ​មក​ហើយ​ចំពោះ​​​សកម្មភាពសប្បុរសធម៌​​ជា​សម្ងាត់​ និង​​ការលះបង់​ដើម្បីសាសនា​អ៊ីស្លាម​ ហើយ​​​បាន​ប្រែ​​ក្លាយសកម្មភាព​នោះ​ ឲ្យ​ទៅ​​ជា​ភាព​ជោគជ័យ​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា។​ ប៉ុន្តែ ការ​ទទួល​ខុស​ត្រូវ​ ក៏​​មាន​ការ​​​កើន​​​ឡើង​​ដែរ​។​ អ្នក​​បោះឆ្នោត​ម្នាក់ឈ្មោះ ​លោក​ហ្កាម៉ាល់​ អ៊ីប្រាហ៊ីម មហាម៉េត​ (Gamal Ibrahim Mohamed) មិនសប្បាយចិត្ត​​ឡើយ។

លោក ​មហាម៉េឌ ​បាន​និយាយ​ថា ​លោក ​បាន​គាំទ្រ​​គណបក្ស​​ភាតរភាព​អ៊ីស្លាម ក្នុងអំឡុង​ការ​បោះឆ្នោត​សភា។ ​ប៉ុន្តែឥឡូវ​នេះ​ «ភាព​​លោភលន់​របស់​ពួកគេ ​បាន​​ក្លាយ​​ជា​ការ​ពិត​ហើយ»​។ លោក បានថ្លែងថា ពួក​គេ​ចង់​បានក្តោបក្តាប់​អំណាច​​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លូន​ ដោយ​និយាយបន្ថែម​ទៀតថា លោក​ ​នឹង​បោះឆ្នោតគណបក្ស​​អ្នកផ្សេង​ទៀត ដែល​មិន​មែន​​គណបក្ស​នេះទៀតទេ។

ដោយ​​លោក ​អាល់​ស្ហាទឹរ​ (al-Shater) ចាកចេញទៅ​ ឥឡូវនេះ គណបក្ស​ភាតរភាព កំពុង​​ដាក់​ជំនួស​បេក្ខជន​បម្រុង ​គឺ​លោក ​មហាម៉េឌ មឹរស៊ី (Mohammed Mursi)វិញ។

​លោក ​កាសេម ដែលជា​អ្នក​វិភាគ​នយោបាយ ​ជឿជាក់​ថា ក្រុម​អ្នក​បោះ​​ឆ្នោត​នឹង​ត្រូវ​បែកខ្ញែក​​ក្នុង​ចំណោម​​​បេក្ខជន​បី​រូប​ គឺលោក មឹរស៊ី​ ដែល​​លំដាប់​​ក្នុង​​ជម្រើស​ទី​ពីរ ​អាច​ប៉ះប៉ូវ​​ដោយ​សារ​​​ក្រុម​អ្នក​ដើរ​តាម ​ប្រកប​ដោយ​​ការ​​លះបង់​​ខ្ពស់​ មាន​ដូច​ជា​ លោក ​អាប់ឌែល​ ម៉ូណេម​ អាប៊ុល ហ្វាទូ (Abdel Moneim Aboul Fattouh) ​អតីត​សមាជិក​គណបក្ស​​ភារតភាព​​អ៊ីស្លាម​ដែរ ដែល​ទទួល​​បាន​ការ​គោរពយ៉ាង​ទូលំទូលាយ​ចំពោះ​​ការ​​ប្រឆាំង​អស់​រយៈ​ពេល​១ទសវត្សរ៍​ទៅ​នឹង​រដ្ឋាភិបាល​ និង​លោក ​មូសា ដែល​​ធ្លាប់​ក្រោក​ឈរ​​ក្នុង​ព្រឹត្តការ​​​ដើម្បី​​​​​​គាំទ្រ​​ឯករាជ្យ​ភាព ទោះ​​បី​ជា​​ស្ថិត​​នៅ​​ក្នុងផ្នែក​មួយ​របស់​​​ក្រុម​លោក​មូបារ៉ាក់​ក៏​ដោយ។

លោក​ កាសេម បាន​បន្ថែម​ថា ដោយ​​មាន​ដំណើរ​ការ​ថ្មី​ៗនៅ​ឡើយ​ នេះ​​​ជា​ការ​បោះឆ្នោត​ប្រកួតប្រជែង​​តំណែង​ប្រធានាធិបតី​លើកទីពី​របស់​អេហ្ស៊ីប​ ហើយ​ក៏​ជា​លើកដំបូង​​ដែរ ​ដែល​​សន្យា​ថា​នឹងផ្តល់​​ភាព​​ស្រប​ច្បាប់​។ ដូច្នេះ​ចំណាប់​អារម្មណ៍​ជាទូទៅ នឹង​មាន​សារ​សំខាន់ខ្លាំង​​ណាស់។

«​ក្រុម​អ្នក​បោះ​ឆ្នោត​ធម្មតា ​មិន​​មែន​ជា​អ្នក​ដែល​អាច​​ត្រួតពិនិត្យ​​​កម្មវិធី ឬ​របៀប​វារៈ​របស់​​បេក្ខជន​ ដែល​​មាន​ន័យ​ថា ​នៅ​ទីបញ្ចប់ ​វា​នឹង​ស្ថិត​នៅ​ត្រង់​បុគ្គលិក​​លក្ខណៈ​។​ ក្នុង​ករណី​ខ្លះ​ ប្រសិន​បើ​អ្នក​​ធ្វើ​​​សន្និសីទ ឬ​ការ​ជួបជុំ​គ្នា​ប្រកប​​ដោយ​​ជោគជ័យ។​ ពេល​នោះ​ សម្លេង​ឆ្នោតរបស់​អ្នក ក៏​នឹង​កើន​ឡើង​ភ្លាម​ៗដែរ​។ ហើយ​​បើ​​​សន្និសីទបន្ទាប់​ ដែល​​មិនសូវ​​ល្អ​ទេ។ សន្និសីទ​នោះ​នឹងធ្វើ​ឲ្យ​​ធ្លាក់​ចុះសម្លេងឆ្នោត​​ជា​មិន​ខាន»។

លោក កាសេម​ បាន​ព្យាករណ៍​ស្តីពី​សប្តាហ៍ប្រកប​ដោយ​ភាព​អស្ថិរភាព ​និង​លទ្ធផល ដែល​មិន​អាចព្យាការណ៍​ទុក​មុន​បាន​ទេ៕

ប្រែសម្រួលដោយ គឹង ភិរុណ

This posting includes an audio/video/photo media file: Download Now

វ្ល៉ាដឹមៀរ ពូទីន​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​អណត្តិ​ទីបី

Posted: 08 May 2012 01:11 AM PDT

កាល​ពី​ថ្ងៃ​ច័ន្ទ​លោក​ វ្ល៉ាដឹមៀរ ពូទីន ​នៃ​ប្រទេស​រុស្ស៊ី​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អណត្តិ​ទី​បី​ជា​ប្រវត្តិសាស្ត្រ​។

នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​វិមាន​ក្រឹមទ្បាំង​ដែល​មាន​ការ​ចូល​រួម​ពី​ពួក​ឥស្សរជន​ប្រមាណ​២ពាន់​នាក់​ លោកពូទីន​បាន​ដាក់​ដៃ​លើ​សៀវភៅ​រដ្ឋធម្មនុញ្ញ​មួយ​ហើយ​លោក​បាន​ស្បថ​ថា​នឹង«គោរព​និង​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​

ពួក​ប៉ូលីស​បាន​បន្តឹង​កិច្ច​ការពារ​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​នៅ​មុន​ពេល​សម្ពោធ​តំណែង​នេះ។​ពួក​ប៉ូលីស​បាន​ចាប់​ខ្លួន​បាតុករ​១២០​នាក់​ដែល​ជា​ច្រើន​នាក់​បាន​ពាក់​បូ​ពណ៌​ស​ដែល​បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​ចលនា​ប្រឆាំង​នឹង​លោក​ ពូទីន​Putin។​

លោក​​ពូទីន​Putin ​បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​លោក​បាន​លះបង់​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០០៨។​លោក​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មីនា​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​។​ក្រុម​ប្រឆាំង​ខាង​នយោបាយ​បាន​ជំទាស់​នឹង​ជ័យជំនះ​នេះ​ដោយ​ហៅ​វា​ថា​ជា​ការ​បោះឆ្នោត​គៃ​បន្លំ។​

បារាំង៖ លោក​ហ្វ្រង់ស្វ័រ ហូឡង់ដ៍​ Francois Hollande​ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​​នៃ​ប្រទេស​បារាំង​បាន​ចាប់ផ្តើម​ការងារ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​​នៅ​ក្រោយ​លោក​បាន​ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ។​

លទ្ធផល​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ច័ន្ទ​បង្ហាញ​ថា​លោក​ហូឡង់ដ៍​​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៥១,៦​ភាគរយ​ ចំណែក​ឯ​លោក​ នីកូឡាស សាកូហ្ស៊ី​ Nicolas Sarkozy ​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​៤៨,៤​ភាគរយ។ ​អតីត​មេដឹកនាំ​គណបក្ស​សង្គមនិយម​បារាំង​ដែល​មាន​អាយុ​៥៧​ឆ្នាំ​​រូប​នេះ​នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា។​

ការ​បោះឆ្នោត​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​មិន​យល់​ព្រម​របស់​ក្រុម​ពលរដ្ឋ​ដល់​ការ​កាត់​បន្ថយ​ចំណាយ​របស់​ប្រទេស​និងការ​ដែល​មាន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ច្រើន​នាក់។​

លោក​ Hollande ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​វិធានការ​ចំណាយ​ត្បិតត្បៀត​យ៉ាង​តឹង​រ៉ឹង​​ខាង​សេដ្ឋកិច្ចជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង។​នៅ​ក្នុង​ការ​ចេញ​បង្ហាញ​ខ្លួន​មួយ​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​Hollande ​បាន​សន្យា​ថា​នឹង​បើក​​ធ្វើការ​ចរចា​ជា​ថ្មី​អំពី​វិធានការ​ចំណាយ​ត្បិត​ត្បៀត​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុប ​ហើយ​ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អេនជេឡា ម៉ាគេល Angela Merkel ​និង​លោក​ សាកូហ្ស៊ី​។

ក្រិក៖ លោក​អានតូនី សាម៉ារាស​ Antonis Samaras ​ប្រធាន​គណបក្ស​អភិរក្ស​និយម​នៃ​ប្រទេស​ក្រិក​បាន​ចាប់​ផ្តើម​ធ្វើការ​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ក្នុង​ពេល​ឆាប់​នេះ​នៅ​ពេល​ដែល​ពួក​មេដឹកនាំ​អឺរុប​បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុង​អាតែន​Athens ​ឱ្យ​បន្ត​គោរព​តាម​ល័ក្ខខ័ណ្ឌ​នៃ​ការផ្តល់​ជំនួយ​សង្គ្រោះ​​ខាង​ហិរញ្ញវត្ថុ។​

ពិភពលោក៖ មាន​ភាព​មិន​ទៀង​ទាត់​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ក្រិក​និង​ប្រទេស​បារាំង​បាន​បង្កើន​កង្វល់​អំពី​អនាគត​នៃ​វិធានការ​ចំណាយ​ត្បិតត្បៀត​ដើម្បីជួយ​សង្គ្រោះ​រដ្ឋាភិបាល​អឺរ៉ុប​ដែល​ជំពាក់​បំណុល​ច្រើន​និង​សេដ្ឋកិច្ច​ប្រទេ​ស​ទាំង​នេះ​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ។

ឥណ្ឌា៖ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុន​Hillary Clinton ​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ប៉ាគិស្ថាន​ត្រូវ​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​បង្កើត​ក្រុម​ភេរវជន​មួយ​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​លើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​

..អ៖ ពួក​មន្ត្រី​ស.រ.អ.​បាន​និយាយ​ថា​ពួក​គេ​បាន​បញ្ឈប់​គម្រោងការ​ដាក់​គ្រាប់​បែក​ដោយ​ពួកអាល់ កៃដា​ al-Qaida ​ដើម្បី​បំផ្លាញ​យន្តហោះ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អាមេរិក។​

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​និយាយ​ថា​មនុស្ស​នៅ​ក្នុង​ក្រុង​និង​ភូមិ​បះបោរ​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​ពហិការ​ដោយ​ភាគ​ច្រើន​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​សភា​ចាត់​ចែង​ដោយ​រដ្ឋាភិបាល​ដែល​ក្រុម​ប្រឆាំង​ធំ​ៗ​បាន​បដិសេធ​ដោយ​ថា​ជា​ការ​បោក​បញ្ឆោត។​

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ស.រ.អ.​បាន​និយាយ​ថា​ពួក​គេ​នឹង​មិន​ធ្វើការ​ចរចា​ជាមួយ​ពួក​​អាល់ កៃដា​ al-Qaida ​ទេ​អំពី​ជោគ​វាសនា​របស់​អ្នក​ធ្វើការ​អាមេរិកាំង​ផ្នែក​ផ្តល់​ជំនួយ​អាយុ៧០​ឆ្នាំ​ដែល​បាន​ត្រូវចាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​ប្រទេស​ប៉ាគិស្ថាន​ទេ​ទោះណា​ជា​មាន​ការ​អង្វរ​ក​តាម​វីដេអូ​របស់​បុរស​នេះ​សុំឱ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ជួយ​លោក​ក៏​ដោយ។​​​​​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​ផ្អាក​ផ្តល់​ដីសម្បទាន​ដល់​ក្រុម​ហ៊ុនឯកជន

Posted: 07 May 2012 06:48 PM PDT

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ជា​​បណ្ដោះ​អាសន្ន​បន្ទាប់​ពី​មាន​របាយការណ៍​ឯករាជ្យ​មួយ​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការ​ផ្តល់​ដី​សម្បទាន​យ៉ាង​រីករាលដាល​ និង​ខ្វះ​តម្លាភាព។

នៅ​ក្នុង​បទបញ្ជា​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​ហៅ​សេចក្ដីសម្រេច​នេះ​ថា​ ដោយសារ​តែ «មាន​តម្រូវការ​ចាំ​បាច់ ​និង​ជា​បន្ទាន់» សម្រាប់​ការ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​បាន​បញ្ជា​ឲ្យ​មាន​ការ​ត្រួតពិនិត្យ ​និង​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ឯកជន​ណា​ដែល​ប្រើប្រាស់​អាជ្ញាបណ្ណ​របស់​ខ្លួន​សម្រាប់​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​បំពាន​ដី​របស់​ប្រជាពលរដ្ឋ និង​ដី​របស់​សហគមន៍។ បន្ថែម​ពីនោះ​ទៀត​លោក ​ហ៊ុន ​សែន ​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ពី​ការ​ប៉ះពាល់​ដល់​ដី​សហគមន៍​ និង​ជីវភាព​ប្រជាពលរដ្ឋ​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។

នៅ​ក្នុង​របាយការណ៍​ស្ដីពី​សិទ្ធិ​ដីធ្លី ​និង​លំនៅដ្ឋាន​កាល​ពី​ខែ​មិនា ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ អាដហុក​បាន​គូស​បញ្ជាក់​ថា ​រហូត​មក​ដល់​ឆ្នាំ​២០១១​ រដ្ឋាភិបាល​កម្ពុជា​បាន​ពន្លឿន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រហូត​ដល់​យ៉ាង​តិច​ជិត ២,៣​លាន​ហិចតា ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥​ សម្រាប់​ធ្វើ​ការ​វិនិ​យោគ​ក្នុង​វិស័យ​កសិឧស្សហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ ​និង​ការ​រុករក​ធនធាន​រ៉ែ។ ​ដីសម្បទាន​ទាំង​នោះ​មាន​រយៈពេល​ពី​៧០​ ទៅ​៩៩​ឆ្នាំ។ អង្គការ​ដដែល​រក​ឃើញ​ថា ​ក្នុង​ចំណោម​អនុក្រិត​សរុប​ចំនួន ​១២៣ ​ដែល​សម្រេច​ផ្ដល់​សម្បទាន​ដី​នោះ​មាន​អនុក្រិត​ចំនួន​៥៥ ​ពុំ​មាន​ក្រុមហ៊ុន​ច្បាស់​លាស់។

ម្យ៉ាងទៀត​ការ​ផ្ដល់​ដី​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហ​កម្ម​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​ដី​ក្នុង​តំបន់​ការពារ​ជម្រក​សត្វព្រៃ ​និង​ឧទ្យានជាតិ ​ធ្វើឡើង​ដោយ​មិនមាន​ការ​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោលការណ៍​ច្បាប់ ​និង​មាន​ការ​ដោះស្រាយ​ដោយ​មាន​លក្ខណៈ​បំពាន​ជាមួយ​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយ​គម្រោង​វិនិយោគ។

ការ​ផ្ដល់​ដី​សម្បទាន​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​ពី​១៩ ​ភាគច្រើន​ក្នុង​ខេត្ត​ភាគ​ខាង​ជើង ​និង​ភាគឥ្ឍសាន​ប្រទេស​ដូច​ជា​កំពង់ឆ្នាំង ​កំពង់ធំ ​សៀមរាប ​រតនគិរី ​មណ្ឌល​គិរី​ ព្រះវិហារ​ និង​ខេត្ត​ស្ទឹងត្រែង​ជា​ដើម។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អាដហុក។

លោក ​នី ​ចរិយា ​ប្រធាន​ផ្នៃក​ស៊ើបអង្កេត​នៃ​អង្គការ​អាដហុក​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល ​ប៉ុន្ដែ​លោក​មាន​ការ​មន្ទិល​ពី​ប្រសិទ្ធិភាព​យូរ​អង្វែង​វិធានការ​នេះ។

«យើង​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​មិន​សូវ​មាន​ប្រសិទ្ធិភាព។ ​អ្វី​ដែល​ជា​បទ​បញ្ជា​ថ្ងៃ​នេះ​ យើង​គាំទ្រ​ដែរ ​ប៉ុន្ដែ​សំខាន់​សុំ​ទី​១​ ឲ្យ​មាន​ការ​អនុវត្ត​បទបញ្ជា​ជា​និរន្តរភាព ​និង​ទី​២​ បើ​អាជ្ញាធរ​មូលដ្ឋាន​ណា​មិន​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ​ត្រូវ​តែ​ហ៊ាន​ដាក់​ពិន័យ ​នោះ​ទើប​មាន​ប្រសិទ្ធិភាព»។

លោក ​កឹម ​សុខា ដែល​ជា​ប្រធាន​គណបក្ស​ជំទាស់​សិទ្ធមនុស្ស​មាន​បី​អសនៈ​ក្នុង​រដ្ឋសភា ​មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​មិន​មាន​ជំនឿ​លើ​បទបញ្ជា​ខាង​លើ​នោះ​ឡើយ។

«គាត់​ធ្វើ​នេះ​គ្រាន់តែ​ចំណេញ​នយោបាយ​ជិត​បោះឆ្នោត​ឃុំ​សង្កាត់​ទេ។ ​ខ្ញុំ​គ្មាន​ជំនឿ​ថា ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​អាច​ធ្វើ​ដូច្នេះ​បាន​នោះ​ទេ។​ ដូច​ជា​នាយករដ្ឋមន្ដ្រី​ធ្លាប់​សន្យា​ពី​រឿង​បញ្ឈប់​ការ​កាប់​ព្រៃឈើ ​រហូត​ដល់​គាត់​ហ៊ាន​សន្យា​កាត់​ក្បាល​គាត់​បើ​គាត់​បង្រ្កាប​មិន​បាន​ តែ​ឈើ​នៅ​តែ​កាប់»។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា ​បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម ​និង​ក្រសួង​បរិដ្ឋាន ​ឲ្យ​ពិចារណា​ឡើងវិញ​មុន​នឹង​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​ឯកជន​ ដោយ​លោក​សម្ដែង​ថា ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​នឹង​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​ក៏​បាន​បាន​ដាក់​បញ្ជា​ផងដែរ​ឲ្យ​កំណត់​រយៈពេល​សម្បទាន​ពី​៧០​ ឬ ៩៩​ឆ្នាំ ​សម្រាប់​អជ្ញាបណ្ណ័​ក្រោយ​ៗ​ទៀត​នៅ​ត្រឹម​ ៥០ឆ្នាំ​វិញ៕

This posting includes an audio/video/photo media file: Download Now

បង​របស់​មន្រ្តី​រាជអាវុធហត្ថ​ដែលត្រូវ​បាន​បាញ់​សម្លាប់​មិន​ទទួល​ស្គាល់​ការស៊ើប​អង្កេត​រដ្ឋាភិបាល

Posted: 07 May 2012 06:37 PM PDT

លោក អ៊ិន​ ស៊ីថា ​បងប្រុស​បង្កើត​របស់​លោក​អ៊ិន រតនា ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ជាមួយ​នឹង​លោក​ឈុត ​វុទ្ធី​ សកម្មជន​ការពារ​ព្រៃឈើ​កាល​ពី​ថ្ងៃ​ទី​២៦​ កន្លង​ទៅ​នេះ​ បាន​អះអាង​ថា លោក​មិន​ជឿ​ទៅ​លើ​ការស៊ើបអង្គេត​របស់​រដ្ឋាភិបាល​ទេ​ ដោយ​លោក​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ប្អូនប្រុស​របស់​លោក​ដែល​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត។

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ ​បន្ទាប់​ពី​មាន​ការស៊ើបអង្គេត​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រញាប់ប្រញាល់​បិទ​ការស៊ើបអង្កេត​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ដ៏​លេខ​ធ្លោ​មួយ​ទៅ​លើ​លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធានធម្មជាតិ ​និង​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជអាវុធហត្ថ។

មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា លោក​ឈុត ​វុទ្ធី ​ត្រូវ​បាន​លោក​អ៊ិន ​រតនា ​បាញ់សម្លាប់​ ចំណែក​ឯ​លោក​អ៊ិន ​រតនា ​បាន​ស្លាប់​នៅ​ពេល​ដែល​រាកៃ​កាំភ្លើង​ក្រោយ​ពេល​ដែល​លោក ​រ៉ាន់ ប៊ូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន (Timber Green) បានព្យាយាម​ទៅ​ហាមឃាត់​លោក​អ៊ិន ​រតនា ​មិន​ឲ្យ​បាញ់។

លោក ​រ៉ាន់ ​ប៊ូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន​ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាល​ពី​សប្តាហ៍​មុន​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា ​ហើយ​កំពុង​តែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់ចាំ​ជំណុំជម្រះ​ទោស។

លោក ​អ៊ិន ​ស៊ីថា  ​អាយុ​៤៧​ឆ្នាំ ​បងប្រុស​បង្កើត​របស់​លោក​អ៊ិន ​រតនា ​បាន​ថ្លែងប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាមរយៈ​ទូរសព្ទ​ពី​ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្តាល​មក​ថា​ ព័ត៌មាន​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​ប្រឌិត។ ​លោក​បាន​បញ្ជាក់​ថា ​បើ​មាន​ការារាំង​មែន​គ្រាប់​កាំភ្លើង​នឹង​បាញ់​ទៅ​លើ​អាកាស ​ឬ​បាញ់​ពី​ចំហៀង ​មិន​អាច​បាញ់​ត្រូវ​ប្អូនប្រុស​របស់​លោក​ចំនួន​ពីរ​គ្រាប់​ទេ។ ​លោក​បាន​ចោទ​ប្រកាន់​ថា ប្អូនប្រុស​របស់​លោក ​នឹង​មាន​ជន​ទី​៣​ សម្លាប់​បំបិទ​មាត់​ ហើយ​លោក​ទាមទារ​ឲ្យ​ប្អូនប្រុស​របស់​លោក​ដែល​បាន​ស្លាប់​ទៅ​មាន​កិត្តិយស​ផង។

«មនុស្ស​ស្លាប់​ទៅ​ទាមទារ​ជីវិត​មក​វិញ ​ក៏​វា​មិន​បាន​ដែរ! ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​តែ​ស្លាប់​ទៅ​មាន​កិត្តិយស​ កុំ​ឲ្យ​ឈ្មោះ​គ្នា​ស្អុយ​គគ្រុក​ពេក។ ​ព្រោះដឹងហើយ​កងកម្លាំង​ចូល​សាលា ​កាណា​ភ្ចុង​គេ​មាន​ទោស​ប៉ុន្មាន​ឆ្នាំ ​បាញ់​គេ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ។ ​ហើយ​បើ​មាន​បំណង​បាញ់ ​ព្រៃ​គគោក​អីញ្ចឹង ​ហើយ​រត់ចូល​ព្រៃ​ទៅ​ដោយ​កាំភ្លើង​នៅ​ដៃ ​ក៏​គ្មាន​នរណា​ធ្វើ​អី»។

លោក ​ទិត្យ ​សុធា ​សមាជិក​គណៈកម្មាធិការ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា ​នៅ​តែ​ប្រកាន់​ជំហរ​ថា​អ្វី​ដែល​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​ពិត។​ លោក​បាន​មាន​ប្រសាសន៍​ការ​ចោទប្រកាន់​ថា​លោក​អ៊ិន ​រតនា ​ត្រូវ​បាន​សម្លាប់​បំបិទមាត់​គឺ​ជា​ការ​ប្រឌិត​ព័ត៌មាន។

«ដោយ​យោង​ទៅ​លើ​សាក្សី​ផ្ទាល់ភ្នែក​ដែល​បាន​ឆ្លើយ​ យើង​ចាត់​ទុក​ថា​នេះ​ គឺ​ជា​ចម្លើយ​ពិតប្រាកដ​ត្រឹមត្រូវ​ ហើយ​គឺ​ជា​លទ្ធផល​មួយ​ដែល​យើង​ជឿជាក់​ថា​លទ្ធផល​ច្បាស់លាស់​បំផុត​នៃ​ការងារ​ស៊ើបអង្គេត ​បើ​ទោះ​បី​ជា​រយៈពេល​ខ្លី​ក៏ដោយ។​ ក៏ប៉ុន្តែ​ហេតុផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់លាស់​នូវ​ជុំវិញ​នៃ​ការ​ស៊ើបអង្កេត​នេះ»។

អ្នកស្រី ​សម​ ចាន់ធី ​ភរិយា​របស់​លោក​ឈុត ​វុទ្ធី ​បាន​មាន​ប្រសាសន៍​ថា​អ្នកស្រី​មិនជឿ​ថា​លោក ​រ៉ាន់ ​ប៊ូរ័ត្ន​ ទៅ​ទះ​កាំភ្លើង​លោក​អ៊ិន ​រតនា ​បណ្តាល​ឲ្យ​លោក​អ៊ិន ​រតនា ​ត្រូវ​គ្រាប់​ស្លាប់​ទេ។

«បញ្ហា​ហ្នឹង​ ខ្ញុំ​ដូច​ជា​មិនសូវ​ជឿ​ច្បាស់​ទេ ​ព្រោះ​ដូច​ជា​មិន​ដែល​ហេតុផល​មក​ទះ​កាំភ្លើង​នេះ​ភ្លាម​ ហើយ​រាកៃ​ទៅ​ស្លាប់​អ៊ិន ​រតនា ​នោះ​ទេ​។ ​វា​ឥត​មាន​ហេតុផល​ណា ​ដែល​និយាយ​រាកៃ​អីញ្ចឹង​ទេ»។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា​របាយការណ៍​របស់​សមត្ថកិច្ច​លោក​មិន​អាច​ទទួល​យក​បាន​ទេ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​ស៊ើបអង្កេត​នេះ ​ខ្វះ​ចន្លោះ​ច្រើន ​និង​មិន​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ។

«ការ​ធ្វើការ​ស៊ើបអង្កេត​ស្ងាត់ៗ ​ភ្លាមៗ ​អ្នក​ឯង​រៀបចំ​ធ្វើ​អីញ្ចឹង​ ធ្វើ​យ៉ាងម៉េច​នឹង​ឲ្យ​ពលរដ្ឋ​គេ​ជឿជាក់។ ព្រោះយើង​ឃើញ​ថា ​ការ​ជឿជាក់​ល្គឹកណា​ត្រូវ​តែ​មាន​អំណេះអំណាង​ច្បាស់លាស់ ​បើ​អំណះអំណាង​គ្រាន់​តែ​និយាយ ​ហើយ​យក​មក​និយាយ ​ដើម្បី​កែតម្រូវ​សភាពការណ៍​អីញ្ចឹង​ម៉េច​ត្រូវ។ ​សភាពការណ៍​កែតម្រូវ ​និង​សភាពការណ៍​កើតឡើង​ជាក់​ស្តែង ​វា​ខុស​គ្នា»។

លោក ​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​ព្រៃឈើ ​និង​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជ​អាវុធហត្ថ​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌលសីម៉ា ​ខេត្ត​កោះកុង​។ ​ការ​បាញ់​សម្លាប់​ដ៏​គួរ​ឲ្យ​សង្ស័យ​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គមស៊ីវិល ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះនៅ​តែ​សង្ស័យ​ថា​លោក​ឈុត ​វុទ្ធី ​ជា​ការ​បាញ់​សម្លាប់​គ្រោង​ទុក ​ហើយ​លោក​អ៊ិន ​រតនា ​ជា​ការ​សម្លាប់​បំបិទ​មាត់​នឹង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្គេត​ដោយ​ឯករាជ្យ​មួយ​បើទោះបី​ជា​រដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការស៊ើបអង្គេត​របស់​ខ្លួន​ក៏ដោយ៕

This posting includes an audio/video/photo media file: Download Now

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ​និង​ការ​បោះឆ្នោត

Posted: 07 May 2012 03:32 PM PDT

នេះ​ជា​កម្មវិធី​ពិភាក្សា​ប្រចាំ​ខែ​ជាមួយ​នឹង​លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​លើ​​ប្រធាន​​បទ​​ទាក់​ទង​​នឹង​ការ​​​បោះ​ឆ្នោត។ លោក​អ្នក​អាច​​ស្តាប់​​កម្មវិធី​​នេះ​​ និង​​ចូល​រួម​​បញ្ចេញ​​យោបល់​​ឬ​​សួរ​​ជា​​សំណួរ​​បាន​​ជា​រៀងរាល់​​ថ្ងៃ​​ច័ន្ទ​​ដើម​​ខែ​​និមួយៗ។

សម្រាប់​ខែ​ឧសភា លោក អ៊ូ វីរៈ នឹង​ពិភាក្សា​លើ​​ប្រធានបទ ​«ការ​ចូល​រួម​​របស់​ពលរដ្ឋ​​ក្នុង​​វិស័យ​​នយោបាយ​និង​ការ​បោះឆ្នោត»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​០៧ ខែ​ឧសភា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!