VOA News: ព័ត៌មាន: “អ្នកបំផ្ទុះគ្រាប់បែកលើយន្តហោះរបស់អាល់កៃដា ជា«ភ្នាក់ងារមុខ២»” plus 3 more |
- អ្នកបំផ្ទុះគ្រាប់បែកលើយន្តហោះរបស់អាល់កៃដា ជា«ភ្នាក់ងារមុខ២»
- ចិនបណ្តេញអ្នកកាសែតបរទេសចេញពីប្រទេស
- អង្គកាភាពប្រឆាំងអំពើពុករលួយប្រកាសធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ
- តុលាការកោះហៅសាក្សីពីរនាក់បំភ្លឺរឿងសម្លាប់សកម្មជនបរិដ្ឋាន
អ្នកបំផ្ទុះគ្រាប់បែកលើយន្តហោះរបស់អាល់កៃដា ជា«ភ្នាក់ងារមុខ២» Posted: 09 May 2012 12:26 PM PDT បណ្តាញផ្សាយព័ត៌មានសហរដ្ឋអាមេរិករាយការណ៍ថា បុរសម្នាក់ដែលសាខារបស់ក្រុម al-Qaida នៅក្នុងប្រទេសយេមែនបញ្ជូនឲ្យមកបំផ្ទុះយន្តហោះដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តាមការណ៍ពិតជាភ្នាក់ងារមុខ២ដែលជ្រៀតចូលក្នុងបណ្តាញភេរវកម្ម ហើយបានធ្វើឲ្យពួកភេរវជនជឿទុកចិត្តខ្លួនដោយសារគ្រាប់បែកថ្មីដែលរចនាឡើងដើម្បីឆ្លងកាត់សន្តិសុខនៅចំណតអាកាសយាន។ ពួកមន្រ្តីសហរដ្ឋអាមេរិកនិងមន្រ្តីស៊ើបការណ៍សម្ងាត់បរទេសដែលមិនប្រាប់ឈ្មោះ បាននិយាយកាលពីថ្ងៃអង្គារថា ភ្នាក់ងារសម្ងាត់ធ្វើការឲ្យសេវាកម្មស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអ៊ូឌីតនិង CIA។ ពួកគេនិយាយថា បុរសនោះបានធ្វើជាអ្នកដាក់គ្រាប់បែកអត្តឃាតហើយក៏ជាអ្នកស្ម័គ្រចិត្តឲ្យបេសកម្មដែលពាក់ព័ន្ធនឹងការលាក់គ្រឿងផ្ទុះនៅក្នុងខោទ្រនាប់របស់ខ្លួន។ ភ្នាក់ងារនោះអាចប្រគល់គ្រឿងផ្ទុះដ៏ទំនើបរបស់ខ្លួនទៅពួកមន្រ្តីសហរដ្ឋអាមេរិកដែលកំពុងវិភាគគ្រាប់បែកនៅមន្ទីរពិសោធន៍របស់ FBI ក្នុងទីក្រុង Quantico រដ្ឋ Virginia។ ពួកគេនិយាយថា ភ្នាក់ងារនោះក៏បានទទួលព័ត៌មានដែលនាំឲ្យមានការវាយប្រហារតាមអាកាសប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យប្រឆាំងមេដឹកនាំ al – Qaida Fahd Mohammed Ahmed al-Quso នៅក្នុងប្រទេសយេម៉ែន។ Quso ត្រូវគេតាមរកចាប់ខ្លួន ចំពោះតួនាទីរបស់ជននោះនៅក្នុងការបំផ្ទុះគ្រាប់បែកលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Cole ក្នុងឆ្នាំ២០០០នៅផ្ទៃទឹកប្រទេសយេម៉ែនដែលបានសម្លាប់ក្រុមនាវិក១៧នាក់។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ការផ្ទុះមួយបានធ្វើរញ្ជួយរថយន្តកងទ័ពដែលអមក្បួនកុងវ័រ (convey) របស់អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរីនៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ Kofi Annan បានព្រមានថា ភាពចលាចលប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្តមានឡើងបានធ្វើឲ្យប្រទេសស៊ីរីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ ចិន៖ បណ្តាញផ្សាយព័ត៌មានរដ្ឋចិនរាយការណ៍ថា ការដ្ឋានខួងយកប្រេងនៅក្នុងទឹកជ្រៅលើកដំបូងបានចាប់ផ្តើមប្រតិបត្តិការក្នុងសមុទ្រចិនភាគខាងត្បូង។ សហរដ្ឋអាមេរិក៖ លោក Mitt Romney បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបឋមនៅក្នុងរដ្ឋ៣ថែមទៀតដោយធ្វើឲ្យលោកខិតចូលកាន់តែជិត ដើម្បីក្លាយជាអ្នកទទួលបានការតែងតាំងដើម្បីឈរឈ្មោះប្រកួតប្រជែងប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅខែវិច្ឆិកា។ ព័ត៌មានចុងក្រោយអំពីយុទ្ធនាការបោះឆ្នោតនៅអាមេរិក៖ <!--AV--> ក្រិក៖ មេដឹកនាំគណបក្ស Syriza ដែលជាគណបក្សឆ្វេងជ្រុលនិយមនៃប្រទេសក្រិក កំពុងជួបជាមួយមេដឹកនាំរបស់គណបក្សនានានៅក្នុងប្រទេសក្នុងក្តីសង្ឃឹមបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ចិន៖ លោក Chen Guangcheng សកម្មជនចិននិយាយថា ក្រដាសស្នាមទាំងអស់សម្រាប់ការធ្វើដំណើររបស់លោកមកកាន់សហរដ្ឋអាមេរិកបានរួចរាល់ហើយ ហើយថា លោកកំពុងរង់ចាំទទួលលិខិតឆ្លងដែនរបស់លោកមកពីអាជ្ញាធរចិន។ លោក Chen បានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅថ្ងៃពុធនេះ មកពីមន្ទីរពេទ្យទីក្រុងប៉េកាំងដែលជាទីកន្លែងដែលលោកកំពុងទទួលការព្យាបាលរបួសនៅពេលដែលលោកគេចខ្លួនពីការឃុំឃាំងក្នុងផ្ទះ។ ភូមា៖ រដ្ឋាភិបាលភូមាកំពុងច្រានចោលការចោទប្រកាន់ពីការអុកឡុកការបោះឆ្នោតក្នុងអំឡុងពេលនៃការបោះឆ្នោតបំពេញបន្ថែមកាលពីខែមុន ដែលគេមើលឃើញជាជ័យជម្នះជាប្រវត្តិសាស្រ្តសម្រាប់គណបក្សប្រឆាំងដែលជាគណបក្សនិយមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi។ ចិន៖ សេចក្តីត្រូវការសាច់ជ្រូកដ៏ខ្លាំងនៅក្នុងប្រទេសចិន កំពុងតែដាក់បន្ទុកលើកសិករនៅពេលដែលពួកអាជ្ញាធរព្យាយាមបង្កើនផលិតផល នៅខណៈពេលរក្សាសុវត្ថិភាពឲ្យមានកម្រិតខ្ពស់និងតម្លៃទាប។ អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងជំរុញឲ្យសភាចាត់វិធានការប្រកបដោយភាពមោះមុតនៅឆ្នាំបោះឆ្នោត លើសំណើសេដ្ឋកិច្ចដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការបង្កើតការងារ ហើយនឹងជួយផ្តល់ហិរញ្ញវត្ថុដល់គ្រួសារណាដែលមានផ្ទះសម្បែង។ ប៉ាគីស្ថាន៖ លោក Cameron Munter ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថាននឹងត្រូវចុះចេញពីដំណែងនៅរដូវក្តៅនេះ បន្ទាប់ពីបានធ្វើជាឯកអគ្គរដ្ឋទូតជិត២ឆ្នាំ។ This posting includes an audio/video/photo media file: Download Now |
ចិនបណ្តេញអ្នកកាសែតបរទេសចេញពីប្រទេស Posted: 09 May 2012 06:58 AM PDT អាជ្ញាធរចិនបានបណ្តេញអ្នករាយការណ៍ជាភាសាអង់គ្លេសតែម្នាក់គត់នៅក្នុងក្រុងប៉េកាំងនៃទូរទស្សន៍ អាល់ ហ្សាស៊ីរ៉ាAl-Jazeera ហើយបានប្រកែកមិនព្រមឱ្យបណ្តាញទូរទស្សន៍ព័ត៌មានអារ៉ាប់នេះដាក់អ្នកធ្វើការថ្មីជំនួសអ្នកស្រីទេ។ បណ្តាញទូរទស្សន៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសកាតា Qatarនេះបាននិយាយថាខ្លួន«គ្មានជម្រើសទេ»ក៏ប៉ុន្តែត្រូវបិទការិយាល័យភាសាអង់គ្លេសរបស់ខ្លួនក្នុងក្រុងប៉េកាំងក្រោយពីប្រទេសចិនបញ្ឈប់ការទទួលស្គាល់អ្នកស្រី មេលីសា ចានMelissa Chan ឬអនុញ្ញាតឱ្យមានអ្នកជំនួសអ្នកស្រី។ ក្លិបអ្នកកាសែតបរទេសនៃប្រទេសចិនបាននិយាយថាខ្លួន«ហួសចិត្ត»នឹងសេចក្តីសម្រេចចិត្តនេះ ដោយហៅការសម្រេចចិត្តនេះថាជាការប៉ុនប៉ងដើម្បី«ត្រួតពិនិត្យ និងបំភិតបំភ័យ»ពួកអ្នកកាសែតបរទេសក្នុងប្រទេសចិន។អ្នកនាំពាក្យម្នាក់របស់ក្លិបនេះក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាមិនបានពន្យល់អំពីវិន័យឬបទបញ្ញត្តិពិសេសណាមួយដែលអ្នករាយការណ៍ព័ត៌មាននេះបានត្រូវចោទប្រកាន់់ថាបានរំលោភនោះ។ ឥណ្ឌា៖ លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អ. ហ៊ីឡារី គ្លីនតុនHillary Clinton បានមានប្រសាសន៍ថាប្រទេសប៉ាគិស្ថានគួរធ្វើសកម្មភាពថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយថាស.រ.អ.ប្តេជ្ញាដេញតាមពួកភេរវជនមានមូលដ្ឋានក្នុងប្រទេសប៉ាគិស្ថានដែលគំរាមកំហែងស.រ.អ.,ប្រទេសអាហ្វហ្កានិស្ថាននិងសម្ព័ន្ធមិត្តឯទៀត។ នៅក្រោយកិច្ចចរចាកាលពីថ្ងៃអង្គារក្នុងក្រុង ញូវ ដេលី New Delhi ជាមួយលោក គ្រឹស្នា S.M. Krishna សមភាគីឥណ្ឌារបស់លោកស្រី លោកស្រីបានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតថាស.រ.អ.និងប្រទេសឥណ្ឌាបាន«ស្គាល់អំពីសោកនាដកម្ម»នៃភេរវកម្មនៅលើដីរបស់ខ្លួនរួចហើយ។លោកស្រីក៏បានមានប្រសាសន៍ដែរថាពួកភេរវជននៅក្នុងប្រទេសប៉ាគិស្ថានក៏បានសម្លាប់ជនជាតិប៉ាគិស្ថាន៣ម៉ឺននាក់ដែរ។ «យើងចង់ឱ្យរដ្ឋាភិបាលនៃប្រទេសប៉ាគិស្ថានធ្វើសកម្មភាពថែមទៀត។ត្រូវធ្វើឱ្យប្រាកដថាដែនដីខ្លួនមិនបានត្រូវប្រើប្រាស់សម្រាប់ធ្វើជាកន្លែងចាប់ផ្តើមការវាយប្រហារភេរវកម្មក្នុងកន្លែងណាមួយទេ ដោយរួមទាំងនៅខាងក្នុងប្រទេសប៉ាគិស្ថានផងដែរ។" ពួកអាជ្ញាធរស.រ.អ.មានការទុកចិត្តថាជនម្នាក់ដែលជាប់សង្ស័យថាជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួកអាល់ កៃដា al-Qaida លែងជាការគំរាមកំហែងមួយដល់ប្រជារាស្ត្រអាមេរិកាំងទៀតហើយ។ ស៊ីរី៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ICRCបាននិយាយថាចលនាពួកឧទ្ទាមនៃប្រទេសស៊ីរីបានបង្កើនការប្រើប្រាស់យុទ្ធវិធីវាយឆ្មក់នៅក្នុងការប្រឹងប្រែងរបស់ពួកគេដើម្បីបណ្តេញប្រធានាធិបតីផ្តាច់ការ បាសារ អាល់ អាសាដBashar al-Assad ឱ្យចេញពីតំណែង។ ប៉ាគីស្ថាន៖ ពួកមន្ត្រីយោធាប៉ាគិស្ថានបាននិយាយថាមានទាហាននិងជនស៊ីវិលយ៉ាងតិចណាស់២១នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងពួកជនសកម្មប្រយុទ្ធនិងពួកទាហាននៅក្នុងផ្នែកពាយ័ព្យប្រទេស។ ការប្រយុទ្ធគ្នានៅក្នុងតំបន់កុលសម្ព័ន្ធ វាហ្ស៊ីរីស្ថានWaziristanភាគខាងជើងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅពលដែលពួកជនសកម្មប្រយុទ្ធបានវាយប្រហារលើក្បួនកុងវ័រយោធាមួយនៅជិតក្រុង មីរ៉ាន ស្ហាMiran Shah ដែលជាក្រុងធំជាងគេនៅក្នុងតំបន់នោះ។ ពួកមន្ត្រីយោធាប៉ាគិស្ថានបាននិយាយថាមានទាហានយ៉ាងតិចណាស់១១នាក់បានបានស្លាប់ក្នុងការប៉ះទង្គិចគ្នា២ថ្ងៃនេះ។ពួកគេបាននិយាយថាពួកជនសកម្មប្រយុទ្ធ «មួយចំនួនធំ»ក៏បានត្រូវសម្លាប់ដែរ។មានមនុស្សយ៉ាងហោចណាស់៦៥នាក់បានរងរបួសក្នុងការប្រយុទ្ធ ដែលមិនសូវមានទេនៅក្នុងតំបន់កុលសម្ព័ន្ធនោះដែលគេរាយការណ៍ថាពួកជនសកម្មប្រយុទ្ធនិងពួកយោធាបានចុះការយោគយល់គ្នាឈប់វាយប្រហារគ្នារៀងខ្លួន។ ភូមា៖ អាជ្ញាធរភូមាបានចេញលិខិតឆ្លងដែនមួយច្បាប់ជូនលោកស្រី អោង សានស៊ូជីAung San Suu Kyi សកម្មជនលទ្ធិប្រជាធិបតេយ្យនិងជាមេដឹកនាំក្រុមប្រឆាំងដោយអនុញ្ញាតឱ្យលោកស្រីធ្វើដំណើរទៅប្រទេសក្រៅជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។ ក្រិក៖ ប្រធានគណបក្សស៊ីរីហ្សា Syriza ដែលជាគណបក្សនិយមនយោបាយខាងឆ្វេងជ្រុលបានអំពាវនាវឱ្យមានការច្រានចោលវិធានការចំណាយត្បិតត្បៀតទាំងអស់ដែលបានត្រូវដាក់កំហិតតាមរយៈកិច្ចព្រមព្រៀងខ្ចីប្រាក់អន្តរជាតិមួយ នៅពេលដែលលោកខិតខំព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អង្គកាភាពប្រឆាំងអំពើពុករលួយប្រកាសធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ Posted: 08 May 2012 08:07 PM PDT អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានប្រកាសធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជានៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់បានហៅយុទ្ធនាការនេះថា ជាការទាញយកផលចំណេញរបស់គណបក្សកាន់អំណាចចំពេល ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងចាប់ផ្តើមនៅខែក្រោយនេះ។ នេះជាយុទ្ធនាការអប់រំ និងទប់ស្កាត់ដែលនឹងមានរយៈពេលប្រាំមួយខែ ចាប់ពីខែឧសភារហូតដល់ខែតុលា ឆ្នាំ២០១២ នេះ។ លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងភ្នំពេញថា យុទ្ធនាការនេះ តម្រូវឲ្យមានការចូលរួមដោយស្មគ្រ័ចិត្តពីអង្គការក្រៅរដ្ឋាភិបាល និងពីគណបក្សនយោបាយនានាផងដែរ។ «យើងអំពាវនាវឲ្យមានការចូលរួមពីសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីប្រមូលកម្លាំងធនធានសហការគ្នា ផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់ការយកប្រាក់កំរៃមិនស្របច្បាប់នៅតាមភូមិសាស្ដ្រឃុំសង្កាត់»។ នេះគឺជាយុទ្ធនាការប្រឆាំងអំពើពុករលួយនៅរដ្ឋបាលមូលដ្ឋានជាលើកដំបូង ខណៈដែលកម្ពុជាទទួលរងការរិះគន់ជាខ្លាំងពីអំពើពុករលួល។ សេចក្ដីអះអាងមួយចំនួនបានលើកឡើងពីការពុករលួយយ៉ាងជាក់ស្តែង តាមរយៈការលូកដៃទទួលលុយពីអ្នកបើកបររថយន្ដតាក់ស៊ី ពីសំណាក់ប៉ូលីសចរាចរណ៍មួយចំនួននៅតាមចិញ្ចើមផ្លូវសាធារណៈ។ យោងតាមច្បាប់ប្រឆាំងអំពើពុករលួយកម្ពុជា អ្នកសូក និងអ្នកទទួលសំណូកមានទោសដូចគ្នា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឈអន្ដរជាតិធ្លាប់បានប៉ាន់ប្រមាណថា អំពើពុករលួយបាននាំឲ្យកម្ពុជាបាត់បង់ចំណូលរដ្ឋយ៉ាងតិចចន្លោះពី៣០០ ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោក ឆាយ សាវុធ ទទួលស្គាល់អំពើពុករលួយនៅតាមរដ្ឋបាលមូលដ្ឋាន ហើយលោកចាត់ទុកថា នេះជាអំពើខុសច្បាប់ដែលបានអូសបន្លាយអស់រយៈពេលជាង២០ឆ្នាំ មកហើយនៅកម្ពុជា។ យ៉ាងណាក៏ដោយលោកបានព្យាយាមមិនផ្តល់សំអាងថា តើមានទំហំទឹកប្រាក់ប៉ុន្មានត្រូវបានរកឃើញពីអំពើពុករលួយក្នុងស្ថាប័នរដ្ឋនោះ។ លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានចំអកនឹងវិធានការថ្មីខាងលើនេះ។ «លុបបំបាត់ការផ្តល់សម្បទានព្រៃឈើ ទប់ស្កាត់អំពើពុករលួយថ្នាក់មូលដ្ឋានគឺធ្វើឲ្យតែល្អមើលទេ។ គឺស្ថាប័នប្រឆាំងអំពើពុករលួយគួរចាត់វិធានការ គឺការលក់ទ្រព្យសម្បត្តិជាតិដែលគ្មានតម្លាភាព ហើយបាត់បង់លុយរាប់រយលានដុល្លារ។ បោសសម្អាតពីលើមកមុន នៅថ្នាក់មូលដ្ឋានជារឿងកំប៉ិកកំប៉ុកទេ។ បើកប្រាក់ខែឲ្យតែមន្រ្តីរាជការ ប៉ូលិស ទាហាន មេឃុំ ចៅសង្កាត់ ឲ្យគ្រប់គ្រាន់ទៅគ្មានអ្នកណាចង់ប្រព្រឹត្តិអំពើពុករលួយទេ»។ លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្គេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ទទួលស្គាល់ថា វាជាកត្តាល្អមួយ ដែលមានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅថ្នាក់មូលដ្ឋានបែបនេះ។ ក៏ប៉ុន្តែលោកយលស្របជាមួយលោកយឹម សុវណ្ណ ថាការកំចាត់អំពើពុករលួយក្នុងប្រទេសកម្ពុជាគឺត្រូវតែចាប់ផ្តើមពីថ្នាក់ដឹកនាំកំពូល ហើយត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នាគ្រប់បុគ្គលទាំងអស់៕ This posting includes an audio/video/photo media file: Download Now |
តុលាការកោះហៅសាក្សីពីរនាក់បំភ្លឺរឿងសម្លាប់សកម្មជនបរិដ្ឋាន Posted: 08 May 2012 07:19 PM PDT តុលាការខេត្តកោះកុងបានកោះអញ្ជើញសាក្សីដ៍សំខាន់ចំនួនពីររូបមកពីកាសែត ឌឹ ខេមបូឌា ដេលី ឲ្យចូលមកបំភ្លឺនៅក្នុងតុលាការជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើសកម្មជនការពារព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។ លោក នាង ប៉ូរ៉ាត់ទីណូ មន្ត្រីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងបាននិយាយថាកញ្ញា ផន បុប្ផា និងកញ្ញា Plokhir អ្នកយកព័ត៌មានឲ្យកាសែត ដឹ ខេមប៉ូឌា ដេលី តុលាការគ្រោងនឹងកោះអញ្ជើញឲ្យមកបំភ្លឺនៅថ្ងៃទី១៧ ខាងមុខនេះ។ «ខាងសមាគមសិទ្ធិមនុស្សអាដហុក ខេត្តកោះកុងគ្រាន់តែទទួលព័ត៌មានមកថា ព្រះអាជ្ញារង ស្រី ម៉ាក់នី គាត់គ្រោងនឹងកោះហៅអ្នកកាសែតឌឹខេមប៉ូឌា ដេលី ពីរនាក់ហ្នឹងចូលមកបំភ្លឺនៅសាលាដំបូងខេត្តកោះកុងនៅថ្ងៃទី១៧»។ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះលោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានមន្ត្រីឃ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ មុនពេលបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ិន រតនា លោកឈុត វុទ្ធី បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនរបស់លោកជាមួយនឹងអ្នកកាសែត ឌឹ ខេមប៉ូឌា ដេលី ចំនួនពីររូប។ អ្នកកាសែតទាំងពីររូបគឺជាសាក្សីដ៏សំខាន់ ដែលដឹងព្រឹត្តិការណ៍នេះមុនពេលដែលលោកឈុត វុទ្ធី និងលោកអ៊ិន រតនា ត្រូវបានបាញ់សម្លាប់។ កញ្ញា ផន បុប្ផា និង កញ្ញា Plokhir មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេរហូតមកដល់ពេលនេះ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់រួចមក។ លោក ខេវិន ដូល (Kevin Doyle) និពន្ធនាយកនៃកាសែត ដឹ ខេមប៉ូឌា ដេលី មិនបានធ្វើអត្ថាធិប្បាយជុំវិញការកោះហៅអ្នកកាសែត ឌឹ ខេមប៉ូឌា ដេលី ចំនួនពីររូបឲ្យចូលមកបំភ្លឺនៅក្នុងតុលាការទេ។ លោកព្រះរាជអាជ្ញារង ស្រី ម៉ាក់នី មិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃអង្គារនេះ ដោយទូរសព្ទរបស់លោកទទួលការហៅចូលហើយដោយពុំមានអ្នកទទួល។ បន្ទាប់ពីបានបាញ់សម្លាប់សកម្មជនការពារព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថរួច មកមានមនុស្សតែម្នាក់ប៉ុណ្ណោះគឺលោក រ៉ាន់ ប៊ូរ័ត្ន មន្ត្រីសន្តិសុខនៃក្រុមហ៊ុនធីមប៊ឺគ្រីន ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងកំពុងតែឃុំខ្លួននៅពន្ធនាគារខេត្តកោះកុង ដើម្បីរង់ចាំជំនុំជម្រះទោស។ លោក រ៉ាន់ ប៊ូរ័ត្ន ត្រូវបានសមត្ថកិច្ចបានអះអាងថាលោកបានមករារាំងលោកអ៊ិន រតនា ក្រោយពីបានបាញ់សម្លាប់លោកឈិត វុទ្ធី។ លោក អ៊ិន រតនា ក្រោយមកបានស្លាប់ដោយសារតែគ្រាប់កាំភ្លើងរាកៃចំនួនពីរគ្រាប់ បន្ទាប់ពីលោករ៉ាន់ ប៊ូរ័ត្ន បានមករារាំង។ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីស្រាវជ្រាវករណីឃាតកម្មដ៏លេចធ្លោមួយនេះអស់រយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ។ ក្រុមគ្រួសារជនរងគ្រោះ និងអង្កការសង្គមស៊ិវិលមួយចំនួនមិនមានជំនឿទៅលើរបាយការណ៍ទាំងនេះទេ។ ពួកគេទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងឯករាជ្យដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលនៅតែអះអាងការពាររបាយការណ៍របស់ខ្លួនថាអ្វីដែលបានស្រាវជ្រាវកន្លងមកគឺជាការពិត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |