VOA News: ព័ត៌មាន: “បារាំងជ្រើសរើសប្រធានាធិបតីថ្មីមាននិន្នាការសង្គមនិយម” plus 5 more |
- បារាំងជ្រើសរើសប្រធានាធិបតីថ្មីមាននិន្នាការសង្គមនិយម
- ថៃនិងចិនផ្តោតលើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ
- រដ្ឋមន្ត្រីការពារជាតិរបស់ឥណ្ឌាច្រានចោលរបាយការណ៍ថាឥណ្ឌាមិនបានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ
- រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅបង់ក្លាដេស
- ជនរងគ្រោះបឹងកក់តវ៉ានៅមុខតុលាការក្រុងឲ្យដោះលែងពីការហៅតំណាងសហគមន៍ចូលបំភ្លឺ
- តុលាការខេត្តកោះកុងឃុំខ្លួនជនសង្ស័យសម្លាប់សកម្មជនបរិស្ថាន
បារាំងជ្រើសរើសប្រធានាធិបតីថ្មីមាននិន្នាការសង្គមនិយម Posted: 07 May 2012 07:50 AM PDT បារាំងមានមេដឹកនាំថ្មី បន្ទាប់ពីអ្នកប្រកួតប្រជែងខាងគណបក្សសង្គមនិយម លោក ហ្វ្រង់ស្វ័រ អូឡង់ (Francois Hollande) បានឈ្នះលោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ខាងគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាច នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ លទ្ធផលនៅថ្ងៃច័ន្ទនេះបង្ហាញថា លោក Hollande បានទទួលសន្លឹកឆ្នោត ៥១,៦ ភាគរយ ហើយលោក Sarkozy បានទទួលសន្លឹកឆ្នោត ៤៨,៤ ភាគរយ នៅក្នុងការបោះឆ្នោតជុំទី២កាលពីថ្ងៃអាទិត្យ។ បណ្តាញផ្សាយព័ត៌មានបារាំងរាយការណ៍ថា ប្រធានាធិបតីចេញពីតំណែងនឹងប្រគល់អំណាចជាផ្លូវការនៅថ្ងៃទី១៥ខែឧសភា។ ការបោះឆ្នោតឆ្លុះបញ្ចាំងពីការមិនពេញចិត្តរបស់ពលរដ្ឋបារាំងចំពោះការកាត់បន្ថយការចំណាយនិងអត្រាគ្មានការងារធ្វើខ្ពស់។ ប្រធានាធិបតីចេញពីតំណែងនិយាយថាលោកទទួលខុសត្រូវចំពោះការចាញ់ឆ្នោតនេះ។ លោក Hollande បានប្រឆាំងនឹងវិធានការសេដ្ឋកិច្ចតឹងរ៉ឹងជាច្រើននៅក្នុងប្រទេសបារាំង។ លោកនឹងក្លាយជាមេដឹកនាំឆ្វេងនិយមលើកទី១នៅក្នុងរយៈពេលជិត២០ឆ្នាំ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ សេដ្ឋកិច្ចសាកល៖ ពួកអ្នកវិនិយោគទុនបានជំរុញទីផ្សារនានានៅទូទាំងទ្វីបអាស៊ីនិងអឺរ៉ុបឲ្យធ្លាក់ចុះទាបនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីកាបោះឆ្នោតក្នុងប្រទេសក្រិកនិងបារាំងដែលបានបង្កើនការព្រួយកង្វល់អំពីអនាគតនៃវិធានការដ៏តឹងតែងដែលដាក់ឲ្យប្រើប្រាស់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដ៏ទ្រុតទ្រោមរបស់តំបន់ប្រើប្រាក់អឺរ៉ូនោះ។ ឥណ្ឌូនេស៊ី៖ ជនសកម្មប្រយុទ្ធអ៊ីស្លាម ដែលរងការចោទប្រកាន់ពីការធ្វើគ្រាប់បែកនៅក្នុងការវាយប្រហាររង្គសាលនៅលើកោះបាលីនៅឆ្នាំ២០០២ បានសុំអភ័យទោសដល់ជនរងគ្រោះហើយនឹងក្រុមគ្រួសាររបស់ពួកគេ។ ក្រិក៖ អ្នកបោះឆ្នោតជនជាតិក្រិកបានជំរុញប្រទេសឲ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជាកាន់តែខ្លាំងឡើង បន្ទាប់ពីគ្មានគណបក្សណាមួយមានសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ ស៊ីរី៖ ពួកអ្នកបោះឆ្នោតស៊ីរីកំពុងបោះឆ្នោតជ្រើសរើសសភាថ្មីនៅថ្ងៃច័ន្ទនេះនៅក្នុងការបោះឆ្នោតតាមបែបពហុបក្សលើកទី១របស់ប្រទេសនោះ។ <!--IMAGE-RIGHT-->រុស្ស៊ី៖ លោក Vladimir Putin នៃប្រទេសរុស្ស៊ី បានស្បថចូលកាន់តំណែងនៅថ្ងៃច័ន្ទនេះដើម្បីក្លាយជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ជាប្រវត្តិសាស្រ្តនេះ។ ឥណ្ឌា៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានជំរុញឲ្យប្រទេសឥណ្ឌាបង្កើនការកាត់បន្ថយកាន់តែច្រើនឡើង នូវការនាំប្រេងចូលពីប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីដាក់គំនាបលើរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនោះ។ ចិន-អាមេរិក៖ អាជ្ញាធរចិនឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែចាត់«វិធានការដ៏ចាំបាច់» ដើម្បីកុំឲ្យព្រឹត្តិការណ៍នានាដូចជាករណីពាក់ព័ន្ធនឹងអ្នកប្រឆាំង Chen Gaungcheng ជាដើមនោះ កើតឡើងជាថ្មី។ អាល់កៃដា៖ ពួក al-Qiada បានចេញផ្សាយវីដេអូដែលបង្ហាញពីចំណាប់ខ្មាំងជាតិអាមេរិកាំងម្នាក់និយាយថា លោកនឹងត្រូវគេសម្លាប់ប្រសិនបើប្រធានាធិបតី Barack Obama មិនធ្វើទៅតាមការទាមទាររបស់ក្រុមកងជីវពលនោះទេ។ This posting includes an audio/video/photo media file: Download Now |
Posted: 06 May 2012 08:44 PM PDT ប្រទេសថៃនិងចិន មានបំណងបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំ ឲ្យដល់១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០១៥។ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃ របស់លោកស្រីនាយករដ្ឋមន្រ្តីថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា(Yingluck Shinawatra) ទៅកាន់ទីក្រុងប៉េកាំង ប្រទេសទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហរិញ្ញវត្ថុ ទេសចរណ៍ កសិកម្ម និងគមនាគមន៍។ ប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីគម្រោងជាច្រើន ដោយរាប់បញ្ចូលទាំងបណ្តាញផ្លូវរថភ្លើងល្បឿនលឿន តាមការគ្រោងទុក ដែលតភ្ជាប់ប្រទេសចិនភាគខាងត្បូង ទៅកាន់ប្រទេសឡាវ(Laos) ថៃ(Thailand) ម៉ាឡេស៊ី(Malaysia) និងសឹង្ហបុរី(Singapore)។ លោក ថីទីនាន ផនសូទហីរ៉ាក់(Thitinan Ponsudhirak) អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាជូឡាឡុងកន(Chulalongkorn University) មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី យ៉ីងឡាក់ បានពង្រឹងតួនាទីដ៏មានសារសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសចិន នៅតំបន់អាស៊ីអាគ្នេយ៍។ លោក ថីទីនាន ថ្លែងថា ដំណើរទស្សនកិច្ចនេះ ក៏កសាងចំណងមិត្តភាព ដែលបានបង្កើតឡើងនៅក្នុងអណត្តិរបស់បងប្រុសលោកស្រី យ៉ីងឡាក់ គឺអតីតមេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា(Thaksin Shinawatra)។ លោក ថាក់ស៊ីន ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ពីបទពុករលួយ។ «ប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា(Myanmar) ឡាវ(Laos) កម្ពុជា(Cambodia) និងក្នុងកម្រិតតិចជាងនេះ នៅក្នុងប្រទេសវៀតណាម(Vietnam) ប៉ុន្តែ ថៃគឺជាប្រទេសសំខាន់មួយ។ កាលពីទសវត្សរ៍មុន ប្រទេសនេះ បានពឹងផ្អែកទៅលើចិន ពិសេសបន្ទាប់ពីរដ្ឋប្រហារដោយក្រុមកងទ័ព និងការប្រេះឆានៅក្នុងប្រទេសថៃ។ ប៉ុន្តែ ទាំងថាក់ស៊ីន និងសត្រូវរបស់លោកសុទ្ធតែពឹងផ្អែកលើចិនដូចគ្នា។» លោក ថីទីនាន បាននិយាយថា តួនាទីរបស់ប្រទេសចិននៅក្នុងតំបន់ ត្រូវបានគួសបញ្ជាក់តាមរយៈតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងនាមជាអ្នកជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់តំបន់។ ថៃគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសហប្រតិបត្តការរយៈពេលវែង ជាមួយប្រទេសចិន កាលពីមួយទសវត្សរ៍មុន។ «ការផ្តល់ជូនឋានៈបែបនេះ បានបង្កើតឋានានុក្រមមួយ ហើយយ៉ាងហោចណាស់ អាចឲ្យយើងដឹងអំពីទស្សនរបស់ប្រទេសចិនចំពោះប្រទេសថៃ។ អាស្រ័យហេតុនេះហើយ ចំណុចសំខាន់នោះគឺថាគ្មានការលំបាកខ្លាំងណាស់ណាទេ ទាក់ទងនឹងបញ្ហាដែលត្រូវពឹងផ្អែកលើប្រទេសចិននោះ»។ កាលពីខែតុលា ឆ្នាំមុន ក្រុមនាវិកចំនួន១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ នៅតាមដងទន្លេមេគង្គ ដែលត្រូវបានបន្ទោសទៅលើក្រុមអន្ធពាលរត់ពន្ធគ្រឿងញៀន។ ការបង្ហូរឈាមនេះ បាននំាឲ្យជាប់គាំងបណ្តោះអាសន្នសម្រាប់ជំនួញនៅតាមទន្លេនេះ ដែលភាគច្រើនបានវិលទៅរកកម្រិតដូចធ្លាប់បានឃើញមុនពេលមានការសម្លាប់នេះ៕ ប្រែសម្រួលដោយ សៀក អេង This posting includes an audio/video/photo media file: Download Now |
Posted: 06 May 2012 08:09 PM PDT រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌា( India) បានច្រានចោល របាយការណ៍ ដែលថាប្រទេសនេះមិនបានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។ ការអះអាងបែបនេះ កើតមានឡើងបន្ទាប់ពីមានការព្រួយបារម្ភកាលពីពេលថ្មីៗនេះ ដែលបានធ្វើឡើងដោយប្រមុខកងទ័ពឥណ្ឌា ជុំវិញការត្រៀមខ្លួនលើវិស័យការពារជាតិរបស់ប្រទេសនេះ។ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក អេ ខេ អានតូនី (A. K. Antony) រដ្ឋមន្ត្រីការពារជាតិ បានបដិសេដសេចក្តីរាយការណ៍ព័ត៌មាន ដែលថាគ្រាប់រំសេវសម្រាប់រថក្រោះនៅក្នុងជួរកងទ័ពឥណ្ឌា នឹងអស់ពីឃ្លាំងបម្រុងក្នុងរយៈពេលបួនថ្ងៃប៉ុណ្ណោះ។ លោកបានថ្លែងដូច្នេះនៅទីក្រុងញូវដេលី នៅខាងក្រៅសន្និសីទរបស់កងទ័ពអាកាសឥណ្ឌា។ «សេចក្តីរាយការណ៍ទាំងនោះសុទ្ធតែជាពាក្យចចាមអារាម។ អ្នកដឹងទេ! វាជាពាក្យចចាមអារាមទាំងអស់។» លោក អានតូនី ថ្លែងថា មានចំណុចខ្វះខាតមួយចំនួន ប៉ុន្តែអាជ្ញាធរព្យាយាមធ្វើឱ្យមានភាពល្អប្រសើរឡើងវិញ។ លោក មានប្រសាសន៍ថា ឥណ្ឌា មិនអាចរំពឹងថាតម្រូវការចំនួនមួយរយភាគរយ នឹងត្រូវបានបំពេញនោះទេ។ ប៉ុន្តែ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសនេះ បានត្រៀមរួចជាស្រេចសម្រាប់ការប្រយុទ្ធ។ <!--IMAGE-RIGHT--> «ឥណ្ឌាមានជំហរកាន់តែរឹងមាំជាងមុន បើប្រៀបធៀបទៅអតីតកាល.....និយាយរួម ឥឡូវនេះ កងកម្លាំងប្រដាប់អាវុធឥណ្ឌា បានត្រៀមខ្លួនយ៉ាងល្អប្រសើរ ហើយពួកគេមានជំហរប្រសើរជាងពេលមុន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ ចំពោះបូរណភាពរបស់យើង។» សំណួរជាច្រើន ត្រូវបានលើកឡើងជុំវិញការត្រៀមខ្លួនខាងវិស័យការពារជាតិរបស់ឥណ្ឌា ដោយសារតែលិខិតរបស់ប្រមុខកងទ័ពទៅកាន់លោកនាយករដ្ឋមន្ត្រី បានផ្តោតការចាប់អារម្មណ៍ទៅលើអ្វីដែល លោក បានពណ៌នាថាជាភាពទន់ខ្សោយយ៉ាងច្បាស់ក្រឡែតចំពោះសមត្ថភាពការពារជាតិរបស់ប្រទេសនេះ។ នៅក្នុងលិខិតសម្ងាត់ដែលបានលេចធ្លាយនោះ ប្រមុខកងទ័ព បាននិយាយថា កងវរសេនាធំរថពាសដែករបស់ឥណ្ឌា នឹងអស់គ្រាប់រំសេវចាំបាច់ ដើម្បីវាយបង្ក្រាបកងរថក្រោះរបស់បច្ចាមិត្ត ហើយគ្រឿងសព្វាវុធសំខាន់ៗ ប្រឈមទៅនឹងការខ្វះខាត។ គណៈកម្មាធិការសភាមួយ បានកោះហៅបណ្តាប្រមុខកងទ័ពជើងគោក ជើងទឹក និងជើងអាកាស នៅចុងខែនេះ ដើម្បីសាកសួរអំពីមតិយោបល់ ទាក់ទងនឹងស្ថានការណ៍នៃការត្រៀមខ្លួនក្នុងវិស័យកាពារជាតិរបស់ឥណ្ឌា។ សេចក្តីរាយការណ៍ ព័ត៌មានក្នុងស្រុក បានឱ្យដឹងថា គណៈកម្មាធិការនេះមានការព្រួយបារម្ភអំពីការខ្វះខាតគ្រាប់រំសេវយ៉ាងខ្លាំង។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ អាជ្ញាធរ បានដាក់ចេញនូវយុទ្ធនាការទំនើបកម្មយ៉ាងធំសម្បើមមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ការពារជាតិសម្រាប់កងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែ ក្នុងនាមជាអ្នកជំនាញខាងកិច្ចការយុទ្ធសាស្ត្រនៅឯមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវគោលនយោបាយ (Center for Policy Research) នៅទីក្រុងញូវដេលី លោក បារ៉ាត ខារណាដ (Bharat Karnad) ពន្យល់ថា ការយកចិត្តទុកដាក់ដ៏សមល្មមប្រហែលជាមិនបានផ្តោតទៅលើឃ្លាំងស្តុកគ្រាប់រំសេវខ្លាំង ដូចការផ្តោតសំខាន់ទៅលើការទិញឧបករណ៍យោធានោះទេ។ «ដូច្នេះ រវាងការបំពេញឡើងវិញនូវឃ្លាំងស្តុកនិងគ្រឿងបន្លាស់ និងប្រភេទនៃគ្រឿងផ្គត់ផ្គង់ដែលនឹងជួយឲ្យអ្នកធានាបាននូវការប្រយុទ្ធក្នុងសង្គ្រាម។ ប្រហែលជាពេលខ្លះ សេវាកម្មបែបនេះ បានផ្តោតខ្លាំងពេកទៅលើការទទួលបានគ្រឿងសព្វាវុធ ជាជាងផ្តោតទៅលើការធានាឱ្យប្រាកដថា សេវាកម្មនោះ មានសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមដែរឬអត់។ សមត្ថភាពប្រយុទ្ធ គឺជាអ្វីដែលឃ្លាំងស្តុកទុកគ្រឿងបន្លាស់ជាដើម អាចជួយអ្នកបាន។ នោះប្រហែលជាចំណុចមួយ ដែលជាទូទៅ សេវាកម្មការពារជាតិឥណ្ឌា មានភាពខុសឆ្គង។ ប៉ុន្តែ ការកែតម្រូវ ត្រូវបានដាក់ឲ្យអនុវត្តយ៉ាងងាយស្រួល ហើយកំពុងតែត្រូវបានអនុវត្ត។» ឥណ្ឌា មានកងទ័ពច្រើនជាងគេបំផុតលំដាប់ទីបីនៅក្នុងពិភពលោក ដែលត្រូវបានបំពាក់អាវុធនូវឧបករណ៍យោធាផលិតសម័យសូវៀតភាគច្រើន៕ ប្រែសម្រួលដោយ ឃួន ធារ៉ា This posting includes an audio/video/photo media file: Download Now |
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅបង់ក្លាដេស Posted: 06 May 2012 07:01 PM PDT លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានសុំដល់ជនជាតិប្រជាជាតិនេះឱ្យបញ្ឈប់ជម្លោះផ្ទៃក្នុងដែលបានបណ្តាលឱ្យមានបាតុកម្មដ៏ឃោរឃៅនិងការបង្ក្រាបយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាល។ អាមេរិកចង់ឃើញបង់ក្លាដេស និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះមានជោគជ័យ និងបានសុំដល់រដ្ឋាភិបាលឱ្យគិតគូឱ្យបានហ្មត់ចត់អំពីការបាត់ខ្លួននៃពួកសកម្មជនប្រឆាំងផងដែរ។ សហរដ្ឋអាមេរិក៖ ដំណើរសវនាការនៃការនាំខ្លួនឱ្យមកឆ្លើយនៅចំពោះមុខតុលាការសម្រាប់អ្នកជាប់ឃុំឃាំង៥នាក់នៅ កុងតាណាមួ (Guantanamo) ដែលបានត្រូវចោទប្រកាន់ថាបានរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតក្នុងការវាយប្រហារភេរវកម្មកាលពីឆ្នាំ២០០១លើស.រ.អ.បានជួបឧបសគ្គកាលពីថ្ងៃសៅរ៍នៅពេល មេគំនិតនៃការវាយប្រហារ ឈ្មោះ កាលីប សីកា ម៉ូហាម៉ាត់ (Khalid Sheikh Mohammed) និងសហចុងចោទបួននាក់របស់គាត់បានដកប្រដាប់ស្តាប់សំទ្បេងនៅនឹងត្រចៀកសម្រាប់ស្តាប់ការប្រែភាសាដែលគេផ្តល់ឱ្យហើយបានប្រកែកមិនព្រមឆ្លើយនឹងសំណួរពីចៅក្រមយោធាទេ។ ស៊ីរី៖ មានការផ្ទុះមួយចំនួនក្នុងប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥នាក់ស្លាប់នៅពេលដែលពួកអ្នកសង្កេតការអ.ស.ប.បន្តកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលកិច្ចឈប់បាញ់គ្នាដែលមិនមាំទាំរវាងរដ្ឋាភិបាលនិងក្រុមប្រឆាំង។ សហរដ្ឋអាមេរិក៖ ការវាយប្រហារមួយដោយយន្តហោះស.រ.អ.គ្មានមនុស្សបើកបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ដែលជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធស្លាប់ក្នុងតំបន់មានវិបត្តិមួយនាប៉ែកពាយ័ព្យនៃប្រទេសប៉ាគិស្ថានកាលពីថ្ងៃសៅរ៍នៅក្នុងស្រុកកុលសម្ព័ន្ធ វ៉ាហ្សីរីស្ថាន (Waziristan) ខាងជើងដែលជាទីជម្រកសុខសាន្តសំខាន់មួយរបស់ពួកតាលីបាន់និងពួកបះបោរ អាល កៃដា។ អ៊ីរ៉ង់៖ លោកប្រធានាធិបតីអ៊ីរ៉ង់ ប៉ូហាម៉ាត់ អាម៉ាឌីនីចាទ (Mahmoud Ahmadinejad) បានជួបប្រទះនឹងដំណើរថយក្រោយធំមួយនៅក្នុងការបោះឆ្នោតសភាជាថ្មីដែលអាចមានឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបានប្រកាសកាលពីថ្ងៃសៅរ៍ថាពួកអ្នកប្រឆាំងនឹងលោកប្រធានាធិបតេយ្យរូបនេះបានទទួលកៅអី២០ ប្រៀបធៀបនឹង៨កៅអីសម្រាប់ពួកអ្នកទ្រទ្រង់លោកនិង១១កៅអីសម្រាប់ពួកឯករាជ្យ។កៅអី៦៥ក្នុងសភាអ៊ីរ៉ង់មានអាសនៈ២៩០បានត្រូវដាក់ឱ្យប្រកួតប្រជែងគ្នា។ សហរដ្ខអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាចាប់ផ្តើមជាផ្លូវការយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឱ្យលោកជាប់ឆ្នោតជាថ្មីកាលពីថ្ងៃសៅរ៍ជាមួយការប្រជុំមហាជនពីរ។ នីហ្សេរីយ៉ា៖ ពិធីរៀបការមួយរៀបចំទ្បើងដោយពួកអ៊ីស្លាមនិយមជ្រុល Boko Haram បានបញ្ចប់ដោយមានអំពើហិង្សាដ៏ប្រល័យកាលពីថ្ងៃសៅរ៍។ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះបឹងកក់តវ៉ានៅមុខតុលាការក្រុងឲ្យដោះលែងពីការហៅតំណាងសហគមន៍ចូលបំភ្លឺ Posted: 06 May 2012 06:28 PM PDT សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ បានកោះហៅតំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ឲ្យចំនួនប្រាំមួយនាក់ឲ្យចូលបំភ្លឺ ក៏ប៉ុន្ដែបានលើកពេលការសួរដេញដោលពួកគេវិញ បន្ទាប់ពីប្រជាពលរដ្ឋសហគមន៍ដែលមានជម្លោះដីធ្លីយ៉ាងរ៉ាំរ៉ៃនេះប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការ។ ការកោះហៅនេះដោយយោងតាមបណ្ដឹងពីបទបរិហារកេរ្តិ៍ និងជេរប្រមាថរបស់អ្នកស្រី លី មុំ អតីតតំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ម្នាក់ ដែលត្រូវក្រុមអ្នកតវ៉ាដកការទុកចិត្តហើយក៏ធ្វើឡើងដំណាលគ្នានឹងយុទ្ធការតវ៉ារកដំណោះស្រាយបញ្ចប់សម្រាប់ប្រជាពលរដ្ឋចំនួន៩៤គ្រួសារ របស់ប្រជាពលរដ្ឋសហគមន៍បឹងកក់ដែលអាជ្ញាធរក្រុងភ្នំពេញបដិសេធផ្តល់ចំណែកដីតាមការសម្រេចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ការតវ៉ារយៈពេលមួយសប្ដាហ៍ក្នុងទីក្រុងភ្នំពេញចាប់ផ្តើមចាប់តាំងពីថ្ងៃទី៣០ ខែមេសា នឹងបញ្ចប់នៅថ្ងៃទី៦ ខែឧសភានេះ។ នៅក្នុងលិខិតមួយជូនប្រជាពលរដ្ឋដែលត្រូវកោះហៅទាំងនេះ លោកព្រះរាជអាជ្ញារងសុខ រឿន នៃសាលាដំបូងរាជធានីភ្នំពេញ គ្រាន់តែបានបញ្ជាក់ថា ការសាកសួរនឹងត្រូវលើកទៅពេលក្រោយ ដោយមិនបានកំណត់កាលបរិច្ឆេទសម្រាប់ពេលក្រោយនោះទេ។ អ្នកស្រី ទេព វណ្ណី តំណាងម្នាក់ក្នុងចំណោមតំណាងប្រជាពលរដ្ឋទាំងប្រាំមួយដែលត្រូវកោះហៅនោះ បានជំរុញឲ្យតុលាការដោះស្រាយបញ្ហារបស់ពួកខ្លួនឲ្យបានឆាប់។ «ពួកខ្ញុំចង់ប្រាប់តុលាការថា ពួកខ្ញុំមិនចង់ឲ្យតុលាការលើកពេលទៀតទេ ពីព្រោះពួកខ្ញុំឈឺចាប់ណាស់ពីរឿងអភិវឌ្ឃបឹងកក់ហ្នឹង។ បើតុលាការកាត់ទោសពួកខ្ញុំ ត្រូវជាប់គុក ឬសម្លាប់ចោលក៏សម្លាប់ទៅ»។ ក្រុមអ្នកតវ៉ាបានច្រៀងចំរៀងពីការរើសអើង ភាពជាទាសករ និងពីការគោរពសិទ្ធិមនុស្ស។ ពួកគេបានបាចក្រដាសជាប្រាក់ដុល្លារក្រាលពេញដី នៅខាងមុខផ្លូវចូលសាលាដំបូងរាជធានីភ្នំពេញដោយទំនងជាធ្វើការរិះគន់ពីភាពពុករលួយ។ ក្រុមប៉ូលីសប្រឆាំងបាតុកម្មជាច្រើនប្រដាប់ដោយខែលត្រូវបានដាក់ពង្រាយ ប៉ុន្តែមិនមានអំពើហិង្សាណាមួយកើតឡើងនោះទេមុននឹងក្រុមអ្នកតវ៉ាបានដកថយទៅវិញ។ លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលតាមឃ្លាំមើលព្រឹត្តិការណ៍នោះបានអំពាវនាវឲ្យក្រុមអាជ្ញាធរសាលារាជធានីភ្នំពេញដោះស្រាយវិបត្តិនៅបឹងកក់ឲ្យបានឆាប់។ លោក កើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ មិនធ្វើអត្ថាធិប្បាយលើដំណោះស្រាយដែលនៅសេសសល់ជុំវិញទំនាស់ជាមួយសហគមបឹងកក់នេះទេ។ រដ្ឋាភិបាលបានផ្តល់ដីសរុបចំនួន១៣៣ហិកតា នៃសហគមន៍បឹងកក់ដល់ក្រុមហ៊ុនស៊ូកាគូ អ៊ីន របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ព្រឹទ្ធសភាសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីអភិវឌ្ឈសំណង់ទំនើប និងមណ្ឌលពាណិជ្ជកម្មសម្រាប់រយៈពេល៩៩ឆ្នាំ។ ប្រជាពលរដ្ឋចំនួនជាង ៤.០០០គ្រួសារ ត្រូវបានបណ្ដេញចេញប្រកបដោយហិង្សា។ ធនាគារពិភពលោកបានដាក់សម្ពាធលើរដ្ឋាភិបាលឲ្យដោះស្រាយវិបត្តិនេះឲ្យបានត្រឹមត្រូវបំផុតជាមួយក្រុមប្រជាពលរដ្ឋ។ ក្រោយមកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចកាត់ដីចំនួនជាង១២ ហិកតា សម្រាប់ធ្វើការបែងចែកដល់ប្រជាពលរដ្ឋដែលនៅសេសសល់ជាង៧០០គ្រួសារ។ ក៏ប៉ុន្ដែប្រជាពលរដ្ឋ៩៤គ្រួសារ ក្នុងចំណោមនោះត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញបដិសេធមិនផ្តល់ចំណែកដីដោយចោទថា ប្រជាពលរដ្ឋទាំងនោះរស់លើចំណីដីរបស់ក្រុមហ៊ុន។ ប៉ុន្ដែក្រុមប្រជាជនបានច្រានចោលការចោទប្រកាន់នេះ៕ This posting includes an audio/video/photo media file: Download Now |
តុលាការខេត្តកោះកុងឃុំខ្លួនជនសង្ស័យសម្លាប់សកម្មជនបរិស្ថាន Posted: 06 May 2012 06:18 PM PDT តុលាការខេត្តកោះកុងនៅថ្ងៃសុក្រនេះ បានសម្រេចឃុំខ្លួនជនសង្ស័យមួយរូប ពីបទជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃទី២៦ ខែមេសា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីការពារសិទ្ធិមនុស្ស។ លោក ចាន់ សាវ៉េត មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា រ៉ាន់ ប៊ុនរ័ត្ន អាយុ២៧ឆ្នាំ មន្ត្រីសន្តិសុខនៃក្រុមហ៊ុនធីមប៊ឺគ្រីន ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនាតាមមាត្រាទី២០៧ នៃក្រមព្រហ្មទណ្មថ្មី។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុសជនសង្ស័យអាចនឹងប្រឈមជាប់ពន្ធនាគាររយៈពេលមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ប្រមាណពី២លានរៀល ទៅប្រាំមួយលានរៀល។ លោកបានមានប្រសាសន៍ទៀតថា ការចោទប្រកាន់នេះហាក់បីដូចជាស្រាលពេកនឹងហាក់បីដូចជារឿងមួយដែលមិនអាចជឿទុកចិត្តបាន ដោយសារតែខ្លាចក្រែងលោកព្រះរាជអាជ្ញាស៊ើបអង្កេតមិនបានដិតដល់ និងខ្វះចន្លោះព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ។ «វាហាក់បីដូចជាយើងមានការភ្ងាក់ផ្អើលខ្លាំង ហើយយើងក៏មានការសោកស្តាយដែរ ប្រសិនបើលោកព្រះរាជអាជ្ញារកឃើញថាឈ្មោះថា រ៉ាន់ ប៊ុនរ័ត្ន មិនមែនជាអ្នកជនដៃដល់អាចធ្វើការស៊ើបអង្កេតឲ្យបានច្រើនបន្តិចនឹងអាចរកឃើញថាតើអ្នកណាជាអ្នកនៅពីក្រោយខ្នង»។ លោកព្រះរាជអាជ្ញារងស្រី ម៉ាកនី និងលោកមីន មករា ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុង រួមទាំងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធានគណៈកម្មាធិការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោកអ៊ិន រតនា មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃសុក្រនេះ។ លោក ហ៊ុន រ៉ាត់ អាយុ៥៧ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង ដែលត្រូវជាឪពុករបស់លោករ៉ាន់ ប៊ុនរ័ត្ន បានមានប្រសាសន៍ថា លោកមិនបានដឹងពីករណីនេះទេ ដោយសារតែលោកមិនបាននៅកន្លែងកើតហេតុ។ លោកបានមានប្រសាសន៍ថា លោកបានជួលមេធាវីឲ្យការពារកូនរបស់គាត់ហើយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេធាវីការពារជនជាប់ចោទមិនអាចទាក់ទងបាន។ លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឃាតកម្មរបស់អ្នកទាំងពីរនេះបានបង្កឲ្យមានការមន្ទិលសង្ស័យយ៉ាងខ្លាំងពីការសម្លាប់លោកឈិត វុទ្ធី ដោយសារតែលោកមានសកម្មភាពលេចធ្លោនៅក្នុងការការពារធនធានធម្មជាតិ។ ចំណែកឯលោកអ៊ិន រតនា សង្ស័យថាមានជនទី៣ជាអ្នកសម្លាប់បំបិតមាត់ក្រោយពីលោកបានបាញ់សម្លាប់លោកឈុត វុទ្ធី។ ស្ថានទូតសហរដ្ឋអាមេរិករួមទាំងសហភាពអ៊ឺរ៉ុបបានរួមគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតឲ្យបានពេញេលេញតម្លាភាព និងអាចជឿទុកចិត្តបានទៅលើករណីបាញ់សម្លាប់អ្នកទាំងពីរនេះ។ នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើសន្និសីទកាសែតជាលើកដំបូងស្តីពីការបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ិន រតនា ក៏ប៉ុន្តែគេមិនទាន់ដឹងថា មន្ត្រីរដ្ឋាភិបាលណាជាអ្នកចូលរួមទេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |