VOA News: ព័ត៌មាន: “ស៊ីរី​អំពាវនាវ​ឱ្យ​អ.ស.ប​ជួយ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ” plus 4 more

VOA News: ព័ត៌មាន: “ស៊ីរី​អំពាវនាវ​ឱ្យ​អ.ស.ប​ជួយ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ” plus 4 more


ស៊ីរី​អំពាវនាវ​ឱ្យ​អ.ស.ប​ជួយ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ

Posted: 11 May 2012 12:04 PM PDT

នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ស៊ីរី​បាន​ជំរុញ​​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​២​គ្រាប់​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥៥​នាក់​ដែរ​នៅ​ក្នុង​រដ្ឋ​ធានី​ដាម៉ាស។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​រាយការណ៍​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ការ​អំពាវនាវ​​នៅ​ក្នុង​លិខិត​មួយ​ផ្ញើរ​ជូន​​ក្រុម​ប្រឹក្សា​សន្តិសុខ​និង​ប្រមុខ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។ បណ្តាញ​ផ្សាយ​ព័ត៌មាន​នោះ​ប្រាប់​ឲ្យ​ដឹង​ថា​​ឧក្រិដ្ឋកម្ម​រីក​កាន់​តែ​ធំ​ឡើង​​ជា​ភស្តុតាង​ថា​ប្រទេស​ស៊ីរី​កំពុង​ប្រឈមមុខ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​ដឹក​នាំ​ដោយ​ក្រុម​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បរទេស។

ការ​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​រថយន្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋ​ធានី​ជា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​​នៅ​ក្នុង​ប្រទេស​ស៊ីរី​ចាប់​តាំង​​ពី​ការ​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​១៤​ខែ​មុន។

ទោះ​បី​មាន​អំពើ​ហិង្សា​ក៏​ដោយ ពួក​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ​លើ​បទ​ឈប់​បាញ់​គ្នា​ដ៏​ប្រេះស្រួយ​រវាង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ដាម៉ាស​​នៅ​ថ្ងៃ​សុក្រ​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT--> ហ្វីលីពីន/ចិន៖ ហ្វូង​បាតុករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ខាង​ក្រៅ​​ស្ថាតទូត​ចិន​​ក្នុង​រដ្ឋធានី​ម៉ានីល​​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បង្ហាញ​​​​ការ​គាំទ្រ​ដល់​ប្រទេស​ហ្វីលីពីន​​នៅ​ក្នុង​ភាព​មិន​ចាញ់​មិន​ឈ្នះ​​ជាមួយ​ចិន​លើ​បញ្ហា​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អេហ្ស៊ីប៖ បេក្ខជន​នាំ​មុខ​២​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​នេះ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​ចូល​រួម​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​​​ជ្រើស​រើស​ប្រធានាធិបតី​លើក​ដំបូង។

ស.រ.អា៖ សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​អតិរេក​ថវិកា​របស់​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​​ជិត​៤​ឆ្នាំ។ក្រសួង​រតនាគារ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​​ប្រទេស​អាមេរិក​បាន​ទទួល​ប្រាក់​ចំណូល​​កាល​ពី​​ខែ​មុន​​ច្រើន​ជាង​​ខ្លួន​ចំណាយ​ជា​លើក​ទី​មួយ​​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៨​មក ពោល​គឺ​មុន​ពេល​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក។

ស.រ.អា៖ គណៈកម្មាធិការ​នៃ​អ្នក​ឯកទេស​សហរដ្ឋ​អាមេរិក បាន​ផ្តល់​អនុសាសន៍​ដល់​ការ​អនុម័ត​របស់​រដ្ឋាភិបាល​សហព័ន្ធ​លើ​ឱសថ​ជា​លើក​ដំបូង​ដែល​បាន​បង្ហាញ​ពី​ការ​រារាំង​មេរោគ​ហ៊ីវ (HIV) ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​អេដស៍ (AIDS)។

ឥណ្ឌូនេស៊ី/រុស្ស៊ី៖ មន្រ្តី​ឥណ្ឌូនេស៊ី​និង​រុស្ស៊ី បាន​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​​​បុព្វហេតុ ដែល​នាំ​ឲ្យ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​​ធ្លាក់​​នៅ​ក្នុង​តំបន់​ភ្នំភ្លើង​ដែល​មាន​សភាព​ធម្មតា​នា​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ហ្សាកាតា (Jakarta) នៅ​សប្តាហ៍​នេះ។

ក្រិក៖ ពួក​មេ​ដឹកនាំ​នៃ​គណបក្ស​សង្គម​និយម​​​​និង​គណបក្ស​អភិរក្ស​និយម​​នៃ​ប្រទេស​ក្រិក បាន​ជួប​គ្នា​ក្នុង​រដ្ឋធានី​អាតែន (Athen) នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ធ្វើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ចុង​ក្រោយ​​ដើម្បី​ឈាន​ទៅ​ដល់​​កិច្ច​ព្រម​ព្រៀង​មួយ​​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​អត្ថាធិប្បាយ​ភា្លម​ៗ​​អំពី​ការ​ចរចា​នោះ​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ដី​សម្បទាន​នៅកម្ពុជា​ជា​រឿង​ព្រួយបារម្ភ​អំពី​សិទ្ធិ​មនុស្ស៖ លោក​សូរីយ៉ា សូប៊ីឌី

Posted: 11 May 2012 01:38 AM PDT

លោក​សូរីយ៉ា សូប៊ីឌី (Surya​ Subedi)  អ្នកតំណាងពិសេស​របស់​អ.ស.ប. ខាង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទស្សនកិច្ច​មួយ​ដែល​ផ្តោត​ទៅ​លើ​ការ​ធ្វើ​សម្បទាន​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ឯកជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​កិច្ច​ការ​ច្រើន​ទៀត​ ដើម្បី​ធានា​ថា​ ជន​រង​គ្រោះ​នឹង​មិន​រង​ទុក្ខ​វេទនា​ដោយ​សារ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ប្រគល់​ដី​សម្បទាន​ទៅ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នោះ​ទេ។ លោក​បាន​បន្ត​ថ្លែង​ថា​ គេ​ឃើញ​ហាក់​ដូច​ជា​ គ្មាន​តម្លាភាព​ គ្មាន​និតិវិធី​ ហើយ​សហគមន៍​ដែល​ត្រូវ​ប៉ះ​ពាល់​មិន​បាន​ទទួល​ជម្រើស។​ពួក​គេ​ត្រូវ​ផ្លាស់​ទី​កន្លែង​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ ដោយ​មិន​បាន​ទទួល​ ឬ​បាន​ទទួល​សំណង​ដ៏​តិច​តួច​នោះ​ទេ។ លោក​និយាយ​ថា​លោក​នឹង​សំដែង​សេចក្តី​ព្រួយបារម្ភ​របស់​លោក​ជា​មួយ​មន្រ្តី​រដ្ឋាភិបាល។​ លោក​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។

កម្ពុជា៖ ក្រសួង​ការងារ​​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​និយោជិត​ កម្មករ​ កម្មការិនី​បាន​សម្រាក​ចំនួន​ពី​មួយថ្ងៃ​ទៅ​បីថ្ងៃ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​អាទិត្យ​ទី​៣​ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​ដោយ​បញ្ជាក់​ថា​និយោជក​ត្រូវ​រក្សា​ទុក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រង្វាន់​ដែល​ធ្វើ​ការ​ទៀង​ទាត់​ជូន​និយោជិត​ កម្មករ​ កម្មការិនី​ដែល​ឈប់​សម្រាក​ដោយ​មិន​ចាំ​បាច់​តម្រូវ​ឱ្យ​យក​ឯកសារ​ផ្សេងៗ​មក​បង្ហាញ​និយោជក​ទេ​នៅ​ពេល​ត្រឡប់​មក​វិញ។

កម្ពុជា៖ ប្រធាន​អនុសញ្ញា​ហាម​ឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ គឺ​លោក​ ប្រាក់​ សុខុន​ បាន​ផ្តល់​ការ​សរសើរ​ដល់​សាធារណរដ្ឋ​ម៉ាសេឌ័ន​ (Macedoine)​ នៃ​អតីត​ប្រទេស​យូហ្គោស្លាវី​ចំពោះ​ការ​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន​ ១.២៤៨ ​គ្រាប់ប្រឆាំង​នឹង​មនុស្ស​ដែល​ពួក​គេ​ទើប​រក​ឃើញ ។​

ចិន៖ ប្រទេស​ចិន​ និយាយ​ថា​ មាន​មនុស្ស​បី​នាក់​ស្លាប់​ និង​បួន​នាក់​ទៀត​ត្រូវ​របួស​ជា​ទម្ងន់​ នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ទំនង​ជា​ចង់​ធ្វើ​អត្ថឃាត​ នៅ​ពេល​ដែល​ស្រី​ម្នាក់បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ការិយាល័យ​ផ្ទះ​សម្បែង​ក្នុង​តំបន់​មួយ​ ក្នុង​ប្រទេស​ចិន​ភាគ​និរតី ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ផ្ទះ​គាត់​ដោយ​រដ្ឋាភិបាល​។ ការ​បង្ខំ​ឲ្យ​ផ្លាស់​លំនៅដ្ឋាន​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ដែល​ចង់​ដំឡើង​ការ​អភិវឌ្ឍន៍​ដី​ធ្លី​ បាន​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ធំៗ​ជា​ច្រើន​ក្នុង​ពេល​ថ្មីៗ​នេះ​ រួម​ទាំង​ការ​កាន់​កាប់​ភូមិ​មួយ​នៅក្នុង​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ ដោយ​អ្នក​ស្រុក​ដែល​ក្តៅ​ក្រហាយ​នឹង​ការ​រិប​អូស​ដី​ដោយ​អយុត្តិធម៌៕​

ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី​ និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​សព​មនុស្ស​ពី​កំទេច​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ នៅ​ក្បែរ​ច្រាំង​ថ្ម​ចោទ​នៃ​ភ្នំ​ភ្លើង​អសកម្ម​មួយ​នៅ​ខាង​ត្បូង​ក្រុង​ ចាកាតា (Jakarta)។ក៏​ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា​ គ្មាន​សញ្ញា​បង្ហាញ​ថា​មាន​មនុស្ស​នៅ​រស់​ជីវិត​ទេ​ក្នុង​ចំណោម​អ្នក​ជិះ​ ៥០​ នាក់​ក្នុង​នោះ​ ហើយ​ព្រមាន​ថា​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ មាន​ការ​លំបាក​ដោយសារ​ធាតុអាកាស​មិន​ល្អ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ និង​ទី​កន្លែង​ដាច់​ស្រយាល​នៃ​កន្លែង​ធ្លាក់​យន្តហោះ​នេះ។

អាល់ហ្សេរី៖ កំពុង​ធ្វើ​ការ​បោះ​ឆ្នោត​ទី​មួយ​របស់​ខ្លួន​ក្រោយ​បដិវត្តន៍​និទាឃរដូវ​អារ៉ាប់​ ហៅ​ Arab Spring​ ក៏​ប៉ុន្តែ​ការ​មិន​ទុក​ចិត្ត​ចំពោះ​កំណែ​ទម្រង់​ដែល​រដ្ឋាភិបាល​បាន​សន្យា​ធ្វើ​ បាន​នាំ​ឲ្យ​មាន​មនុស្ស​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​តិច។

ស៊ីរី៖ អាជ្ញាធរ​ស៊ីរី​ និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួន​គ្នា​ពីរ​នៅ​ក្រុង​ដាម៉ាស(Damasque) បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៥៥​ នាក់​ និង​ធ្វើ​ឲ្យ​របួស​ ៣៧០​ នាក់​ទៀត។​

សហរដ្ឋអាមេរិក៖ ការ​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ស.រ.អ.ប៉ារ៉ាក់ អូបាម៉ា (Barack Obama) ចំពោះ​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ បាន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​ជុំ​វិញ​ពិភពលោក។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​កម្ពុជា​ជាង​៨០​ភាគរយ​យល់​ថា​ប្រទេស​ជាតិ​ដើរ​តាម​ទិស​ត្រឹមត្រូវ

Posted: 10 May 2012 08:11 PM PDT

នៅ​ក្នុង​ខណៈពេល​ដែល​កម្ពុជា​ជិត​ឈាន​ចូល​ទៅ​ដល់​ការ​បោះឆ្នោត​វិទ្យាស្ថាន​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ដែល​ហៅកាត់​ថា​ IRI ​បាន​ចេញ​នូវ​លទ្ធផល​ការស៊ើប​អង្កេត​របស់​ខ្លួន​ទាក់​ទង​នឹង​ការយល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ទៅ​លើ​អនាគត​នៃ​ប្រទេស​កម្ពុជា។

ការស្ទាប​ស្ទង់​មតិ​នេះ​បាន​ធ្វើ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់​នៅ​ក្នុង​២៤​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដោយ​បាន​ធ្វើ​បទ​សម្ភាស​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​មាត់​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​រហូត​ដល់​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១១។

លទ្ធផល​នៃ​ការស្ទាប​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៨០%​ បាន​យល់​ឃើញ​ថា​ជា​ទូទៅ​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្នុង​ទិសដៅ​ត្រូវ​ហើយ​មាន​តែ​ ១៩%​ តែ​ប៉ុណ្ណោះ​ដែល​បាន​អះអាង​ថា​កម្ពុជា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ខុស។

ការស្ទាបស្ទង់​មតិ​នេះ​ដោយ​ផ្អែក​ទៅ​លើ​សំណួរ​ដូច​ៗ​គ្នា ​អំពី​ការ​កសាង​ផ្លូវថ្នល់ ​សាលារៀន​ មណ្ឌល​សុខភាព ​កសាង​ស្ពាន ​វត្តអារាម ​ប្រព័ន្ធ​ធារាសាស្ត្រ ​មាន​ផលិតផល ​និង​បច្ចេកទេស​ទំនើបៗ​ ភាព​ក្រីក្រ​មាន​កម្រិត​ទាប ​និង​ប្រទេស​មាន​សន្តិភាព។

លោក​ម៉ាត់ កាលីន​ (Math Lakin) ​ប្រធាន​ស្តីទី​នៃ​វិទ្យាស្ថាន​សាធារណ​រដ្ឋ​IRI ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ថា​ IRI ​បាន​ទទួល​តួលេខ​នេះ​ពី​ប្រជា​ពលរដ្ឋ​ជា​អ្នក​ឆ្លើយ​តប។

«ហេតុផល​ដែល​ថា​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ទិសដៅ​ត្រូវ​ហ្នឹង​មាន​ដូច​ក្នុង​នេះ ​គឺ​ថា​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ»។

លោក ​ជាម​ យៀប ​អ្នក​តំណាង​រាស្ត្រ​និង​ជា​សមាជិក​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​គ្រប់គ្រង​អំណាច​បាន​និយាយ​ថា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​នេះ​ លោក​អាច​ទទួល​យក​បាន។​ លោក​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ឆ្ពោះ​ទៅ​មុខ។

«ការ​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​លោក​ធ្វើ​ទៅ​មិន​អាច​មាន​ភាព​សុក្រិត​មួយ​រយ​ភាគ​រយ​បាន​ទេ​ វា​តែងតែ​ខុស​ខ្លះ​ហ្នឹង។ ​ អញ្ចឹង​ហើយ​ ១៩​ភាគរយ​នេះ ​គឺ​ជា​ការ​ខ្វះ​ចន្លោះ​និង​ភាព​អសកម្ម​ខ្លះ​ ដែល​យើង​កំពុង​តែ​កែ​លម្អ ​យើង​កំពុង​តែ​រឹតបណ្តឹង​តាម​ច្បាប់»។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​នៅ​មាន​ភាព​ភ័យខ្លាច ​មិន​ហ៊ាន​និយាយ​ការណ៍​ពិត​ដូច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​កូរ៉េ​ខាងជើង​ ក្នុង​ពេល​ដែល​មេដឹកនាំ​កំពុង​តែ​កាន់​អំណាច​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​រហូត​ដល់​ជិត​១០០%។ ​ក៏​ប៉ុន្តែ​ធាតុ​ពិត​មិន​ដូច្នេះ​ទេ ​ដោយសារ​តែ​ពួក​គេ​ភ័យខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

«វា​ស្ថិត​នៅ​ក្នុង​បរិយាកាស​នៃ​ការ​គាបសង្កត់ ​ការ​ភ័យខ្លាច​បែប​នេះ ​គួបផ្សំ​មិន​ទទួល​បាន​នូវ​ព័ត៌មាន​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជាពិសេស​គឺ​ទូរទស្សន៍​របស់​ជាតិ​នេះ​ គឺ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តល់​ចម្លើយ​មិន​បាន​ត្រឹមត្រូវ​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ពួក​គាត់​ទេ»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា​ការ​ស្ទាបស្ទង់​មតិ​នេះ​មិន​មាន​ន័យ​ថា​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​សប្បាយ​ចិត្ត​នឹង​គណបក្ស​កាន់​អំណាច​ទេ​ នេះ​គឺ​ដោយសារ​តែ​ការ​បក​ស្រាយ​មិន​ត្រឹមត្រូវ។

«បើ​សិន​យើង​និយាយ​ថា​រដ្ឋាភិបាល​ដឹកនាំ ​វា​មាន​លក្ខណៈ​រញ៉េរញ៉ៃ ​ហាក់​បីដូចជា​មាន​ភាព​អនា​ធិបតេយ្យ​ច្រើន។ ​ហើយ​យើង​មើល​ទៅ ​វា​ឥត​មាន​ការ​ទទួល​ខុសត្រូវ​ ហើយ​ក៏​ឥត​មាន​នីតិរដ្ឋ​ដែរ។ ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ពេល​បច្ចុប្បន្ន ​ពួក​គាត់​ពូកែ ​ព្រោះ​អ្នក​រកស៊ី​ក៏​ពូកែ​ជាង​មុន។​ អ្នក​មាន​ជំនាញ​ផ្សេង​ៗ ​ដូច​ជា​ជំនាញ​កុំព្យូទ័រ​ ជំនាញ​ក្មេង​ៗ​ ដែល​គាត់​ទៅ​រៀន​សូត្រ​ហ្នឹង​ គឺ​ពូកែៗ​មែន​ទែន»។

កាល​ពី​ឆ្នាំ​២០១០ ​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​របស់​ IRI ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​ ៧៦% ​ដែល​បាន​អះអាង​ថា​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុន​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ។​ ហើយ​មាន​តែ​ ២៣​% ​ដែល​បាន​អះអាង​ថា​កម្ពុជា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ខុស។

លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​អាច​មាន​កម្រិត​លម្អៀង​ប្រហែល​ ២,២% ​នៅ​ក្នុង​ចំណោម​អត្រា​អ្នក​ចូលរួម​ឆ្លើយ​ប្រមាណ​ ៩៥%៕

This posting includes an audio/video/photo media file: Download Now

សកម្មជនព្រៃឈើមកគោរពវិញ្ញាណក្ខន្ធលោក​ឈុតវុទ្ធី​និង​ដើរ​ល្បាត​ព្រៃ​​នៅ​កោះកុង

Posted: 10 May 2012 06:56 PM PDT

ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៨​ គឺ​ខេត្ត​សៀមរាប ​ស្វាយរៀង ​កំពង់ធំ​ កំពង់ស្ពឺ ​ក្រចេះ ​ព្រះវិហារ​​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​សរុប​ប្រមាណ​ជាង​៣០០​នាក់​បាន​មក​ដល់​ខេត្ត​កោះកុង​​នៅ​ក្នុង​គោល​បំណង​គោរព​វិញ្ញាណក្ខន្ធ​លោក​ឈុត ​វុទ្ធី​និង​ដើរ​ល្បាត​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​ជួរ​ភ្នំ​ក្រវ៉ាញ។

លោក​ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម ​ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាន​បាញ់សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ចំណុច​វាល​៣ ​ នៃ​ស្រុក​មណ្ឌលសីមា​ ចម្ងាយ​ប្រមាណ​ជាង​ ៦០​គីឡូម៉ែត​ពី​ខេត្ត​កោះកុង។

រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ​អ៊ិន ​រតនា ​បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​រួច​បន្ទាប់​មក​បាន​រាលកៃ​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង។ ​ក៏​ប៉ុន្តែ​ក្រុមគ្រួសារ​លោក​អ៊ិន ​រតនា​ គ្រួសារ​លោក​ឈុត ​វុទ្ធី ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ច្រាន​ចោល​អំណះ​អំណាង​នោះ​ប្រកប​ទៅ​ដោយ​ការ​រិះគន់។

ប្រជា​ពលរដ្ឋ​ទាំង​៣០០​នាក់ ​នៅ​ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​ ៥០​អង្គ​ផង​មួយ​ចំនួន​គឺ​ជា​អ្នក​ដែល​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​និង​មួយ​ចំនួន​ទៀត​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ការពារ​ព្រៃឡង់ ​ដែល​ធ្លាប់​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​ឈុត ​វុទ្ធី។

លោក ​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ជួយ​រៀបចំ​ការ​ប្រមូលផ្តុំ​របស់​ប្រជា​ពលរដ្ឋ​​នេះ​មាន​ប្រសាសន៍​ថា​ក្រៅ​ពី​ការ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឈុត ​វុទ្ធី​ ការ​ប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋ​​នេះ​ក៏​ជា​សារ​មួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ធម្មជាតិ​ផង​ដែរ។

លោក​វីរៈ​បញ្ជាក់​ថា៖​

«គឺ​យើង​ចង់​រំលឹក​វិញ្ញាណក្ខន្ធ​លោក​ឈុត ​វុទ្ធី។ ​ចំណុច​ទី​២ ​គឺ​ជា​ការ​ផ្ងើសារ​មួយ​ទៅ​ដល់​អ្នក​ដែល​បំផ្លាញ​ជាតិ ​អ្នក​ដែល​កំពុង​តែ​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ថា​ការ​សម្លាប់​លោក​ឈុត ​វុទ្ធី​ នេះ​មិន​អាច​បិទ​មាត់​យើង​ជិត​ទេ។ ​មិន​អាច​បញ្ឈប់​សកម្មភាព​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​សកម្មជន​សិទ្ធិ​មនុស្ស​ទេ»។

ជាមួយគ្នា​នេះ​លោក​ស្វាយ ​ភឿន ​សមាជិក​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ដែល​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឡង់​បាន​លើកឡើង​ថា​ក្រុម​ប្រជា​ពលរដ្ឋ​នឹង​សិក្សា​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កន្លែង​ដែល​លោក​ឈុត ​វុទ្ធី ​ទទួល​រងគ្រោះ​នោះ។

«យើង​ចង់​ឃើញ​នូវ​ស្ថានភាព​មួយ​ទាក់ទង​នឹង​ខាង​កោះកុង​ ដែល​កន្លែង​គេ​ធ្វើ​ឃាត​ដល់​លោក​ឈុត ​វុទ្ធី​ ហ្នឹង។​ ហើយ​ម្យ៉ាង​ទៀត ​យើង​ចង់​ឃើញ​នូវ​សកម្មភាព​ព្រៃឈើ​ វា​ខុស​ប្លែក​យ៉ាង​ម៉េច​ ហើយ​បទល្មើស​វា​ខុស​គ្នា​នៅ​ខេត្ត​នានា​យ៉ាង​ម៉េច។ ​បើ​សិន​ជា​ដើរ​ល្បាត​ព្រៃ​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ​នៅ​ចំណុច​ភូមិសាស្ត្រ​កោះកុង​នេះ។ ​បើ​ឃើញ​សកម្មភាព​ណា​ដែល​ខុស​ប្លែក​ ហើយ​អនាធិបតេយ្យ​កាន់​តែ​ខ្លាំង។ ​ចិត្ត​គំនិត​របស់​សហគមន៍​មាន​ការ​ទប់ស្កាត់​ហើយ»។

គេ​មិន​ទាន់​ឃើញ​មាន​ក្រុម​អាជ្ញាធរ​ខេត្ត​កោះកុង​មក​រារាំង​ប្រជា​ពលរដ្ឋ​ទាំង​នេះ​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​លោក​ប៊ុន ​ឡឺត ​អភិបាល​ខេត្ត​កោះកុង​បាន​ព្រមាន​ថា​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ស្រប​ច្បាប់ ​និង​មិន​មាន​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ១០ ឧសភា ២០១២៖ កម្មវិធី​ហ្វឹកហាត់​យុវជន​អ្នក​ដឹកនាំ​អាស៊ាន​របស់​សហរដ្ឋ​អាមេរិក

Posted: 10 May 2012 05:03 PM PDT

ជារឿង​រាល់​ឆ្នាំ​ សិស្ស​វិទ្យាល័យ​មួយ​ក្រុម​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ចូលរួម​ក្នុង​កម្មវិធី​ហ្វឹក​ហាត់​យុវជន​អ្នក​ដឹក​នាំ​អាស៊ាន។ នេះ​ជា​កម្មវិធី​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​រៀប​ចំ​ឡើង​ដើម្បី​បណ្តុះ​បណ្តាល​ការ​ដឹកនាំ ​ការ​ទទួល​ខុសត្រូវ និង​ការ​ពាក់ព័ន្ធ​ក្នុង​សហគមន៍​សម្រាប់​មេដឹកនាំ​ទៅ​អនាគត។

<!--IMAGE-RIGHT-->

ភ្ញៀវ​របស់​យើង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​ឧសភា​នេះ​ គឺ​លោក​ ង៉ែត ​សុខខេង​ អ្នក​ដឹកនាំ​ក្រុម​សិស្ស​កម្ពុជា​ និង​កញ្ញា លីម គឹមលួង ដែល​ជា​សិស្ស​ថ្នាក់ទី​១២។ អ្នក​ទាំង​ពីរ​ពិភាក្សា​អំពី​ផល​ប្រយោជន៍​នៃ​កម្មវិធី​នេះ​តាម​បទ​ពិសោធន៍​របស់​ខ្លួន​ ព្រម​ទាំង​បាន​ឆ្លើយ​និង​សំណួរ​របស់​អ្នក​ស្តាប់​វីអូអេ​ផងដែរ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

បទ​សម្ភាសន៍​​ជាមួយ​លោក​ ង៉ែត សុខខេង នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!