VOA News: ព័ត៌មាន: “ប្រេសិត​អ.ស.ប.៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​នៅ​កម្ពុជា” plus 3 more

VOA News: ព័ត៌មាន: “ប្រេសិត​អ.ស.ប.៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​នៅ​កម្ពុជា” plus 3 more


ប្រេសិត​អ.ស.ប.៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​នៅ​កម្ពុជា

Posted: 10 May 2012 08:26 AM PDT

ប្រទេស​កម្ពុជា​ចាំបាច់​កាត់​ត្រូវ​បន្ថយ​គម្លាត​អ្នក​ក្រ​និង​អ្នក​មាន នេះ​បើ​តាម​លោក​ ស៊ូរីយ៉ា ស៊ូបេឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​ដែល​តែងតាំង​ដោយ​អ.ស.ប។ លោក​បាន​ប្រាប់​វីអូអេ​ថា ​លោក​មាន​សេចក្ដី​ព្រួយ​បារម្ភ​ថា ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​កំពុង​តែ​ទុក​ចោល​ពលរដ្ឋ​ដែល​ក្រី​ក្រ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ក្រោយ​គេ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->

ស៊ីរី៖ បណ្ដាញ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង​៤០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ផ្ទួន​គ្នា​មួយ​ក្នុង​ភូមិដ្ឋាន​នៅ​ទី​ក្រុង​ដាម៉ាស (Damascus) នៅ​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ពេល​នេះ​ក្រុម​អ្នក​សង្កេតការណ៍​របស់​អ.ស.ប​ ខិតខំ​ធ្វើ​ឱ្យ​អនុវត្ដ​បទ​ឈប់​បាញ់​គ្នា​ដែល​រង្គោះរង្គើ​រវាង​រដ្ឋាភិបាល​និង​ក្រុម​បះបោរ។

ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​សង្គ្រោះ​ឥណ្ឌូនេស៊ី​និយាយ​ថា​ ពួកគេ​បាន​រក​ឃើញ​សព​មនុស្ស​នៅ​ជិត​បំណែក​យន្ដហោះ​មួយ​គ្រឿង​របស់​ប្រទេស​រុស្ស៊ី ដែល​បាន​ធ្លាក់​នៅ​ជ្រោះ​ដ៏​ចោត​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ហ្សាការតា (Jarkata) ពេល​អ្នក​បើកបរ​បើក​ដើម្បី​សាកល្បង​អំពី​សមត្ថភាព​របស់​យន្តហោះ​នេះ។

ស.រ.អា៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​ថា​ឥឡូវ​នេះ​លោក​ជឿ​ថា​គូស្រករ​ណា​ដែល​មាន​ភេទ​ដូច​គ្នា​គួរ​តែ​ទទួល​ការ​អនុញ្ញាត​ឲ្យ​រៀប​មង្គលការ។ សេចក្ដី​សម្រេច​នេះ​បាន​បើក​ឲ្យ​មាន​បញ្ហា​មាន​សក្ដានុពល​អាច​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​នេះ។

ចិន៖ សេវាកម្ម​សរសេរ​ប្លុក​ (blog) លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ដ៏​ធំ​បំផុត​របស់​ចិន​កំពុង​តែ​បញ្ចេញ​គោលការណ៍​ណែនាំ​ថ្មី​មួយ​ចំនួន​យ៉ាង​ចម្រូងចម្រាស់​ដែល​មាន​គោលដៅ​ដាក់​កម្រិត​ជា​ផ្លូវការ​ទៅ​លើ​អ្វី​ដែល​អ្នក​ប្រើ​សេវា​នោះ​អាច​ផ្សាយ​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត។

ហ្វីលីពីន៖ ទី​ភ្នាក់ងារ​ទេសចរណ៍​ចិន​ជា​ច្រើន​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន នៅ​ពេល​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កើន​ឡើង​រយ:ពេល​ជា​ច្រើន​ខែ​មក​នេះ​អំពី​ប្រជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

យេម៉ែន៖ ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​ប្រាំបី​នាក់​នៅ​ក្នុង​តំបន់​ការពារ​រឹងមាំ​របស់​ពួក​អាល់កៃដា​នៅ​ប្រទេស​យេម៉ែន។

ក្រិក៖ លោក អាឡិចស៊ីស ធីស៊ីផ្រាស (Alexis Tsipras) មេដឹកនាំ​ឆ្វេង​និយម​ជ្រុល​នៃ​ប្រទេស​ក្រិក​បាន​បោះបង់​ចោល​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​នៅ​នៅ​ថ្ងៃ​អាទិត្យ​ដែល​បាន​ចប់​ទៅ​ដោយ​មាន​ភាព​ជាប់​គាំង។វៀតណាម៖ នៅ​ប្រទេស​វៀតណាម​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​ដែល​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​របស់​រដ្ឋ​ហើយ​នឹង​ភ្នាក់ងារ​ប៉ូលិស ហើយ​ដែល​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ជា​ថ្មី​ទៀត​អំពី​បញ្ហា​ប្រើ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​វៀតណាម។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុង​រុករក​យន្តហោះ​ប្រតិកម្ម​រុស្ស៊ី​ដែល​បាត់​ទៅ​

Posted: 10 May 2012 06:37 AM PDT

ឥណ្ឌូនេស៊ី​បាន​បញ្ជូន​ក្រុម​រុករក​និង​ជួយ​សង្គ្រោះ​ទៅ​កាន់​តំបន់​ភ្នំ​មួយ​នៅ​ជិត​ក្រុង​ចាកាតា ​ដើម្បី​រក​យន្តហោះ​ប្រតិកម្ម​រុស្សី​មួយ​គ្រឿង​ដែល​បាន​បាត់​ពី​រ៉ាដា​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​មនុស្ស​យ៉ាង​តិច​ណាស់​៤៤​នាក់​ជិះ​ក្នុង​នោះ។​

កាសែត​ Jakarta Post ​បាន​ដក​ស្រង់​ពាក្យ​សំដី​អាជ្ញាធរ​ដែល​បាន​និយាយ​ថា​ក្រុម​ប្រតិបត្តិការ​លើ​ដី​ដោយ​មាន​កង​យោធា​ផង​បាន​ចាក​ចេញ​ពី​រដ្ឋធានី​ទៅ​កាន់​ភ្នំ​សាឡាក់​ Salak​បន្ទាប់​ពី​កង​ឧទ្ធម្ភាគចក្រ​ស្វែង​រក​បាន​ជួប​ប្រទះ​ធាតុអាកាស​មិន​ល្អ​ហើយ​បាន​ត្រូវ​បង្ខំ​ឱ្យ​វិល​មក​កាន់​មូលដ្ឋាន​វិញ។​

អាជ្ញាធរ​និយាយ​ថា​​យន្តហោះ​ធុន​Sukhoi Superjet 100 ​បាន​បាត់​នៅ​ពេល​ធ្វើការ​​ហោះហើរ​បង្ហាញ​នៅក្រោយ​​ម៉ោង២​រសៀល​តាម​ពេល​វេលា​ក្នុង​មូលដ្ឋាន។​គេ​បាន​ពណ៌នា​អ្នក​ជិះ​ទាំង​អស់​ថា​ជា​ពួក​ភ្ញៀវ​ដែល​បាន​ទទួល​សេចក្តី​អញ្ជើញ។​

ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី​ Indonesie ​បាន​និយាយ​​ថា​យន្តហោះ​ប្រតិកម្ម​នេះ​ដែល​មាន​កៅអី​១០០​និង​មាន​វង់​ប្រតិបត្តិការ​មធ្យម​បាន​ធ្វើការ​ហោះ​បង្ហាញ​លើក​ទី​ពីរ​ក្នុង​ការ​ហោះ​បង្ហាញ​​​ពីរ​លើក​រួច​ក៏​បាត់​នៅ​ក្នុង​តំបន់​បូហ្កូ​​ Bogor។

ស៊ីរី៖ គ្រាប់​បែក​នៅ​តាម​ដង​ផ្លូវ​មួយ​បាន​ផ្ទុះ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ជិត​ក្បួន​កុងវ័រ​មួយ​ដែល​មាន​រួម​បញ្ចូល​ពួក​អ្នក​សង្កេតការ​របស់​អ.ស.ប.​។​ការ​ផ្ទុះ​នេះ​បាន​ធ្វើឱ្យ​ទាហាន​ស៊ីរី​ដែល​ស្ថិត​ក្នុង​រថយន្ត​យ៉ាង​តិច​ណាស់​៦​នាក់​ត្រូវ​របួស​។​​

ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ពុធ​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​ក្រុង​ដារ៉ា Dara'a ​ដែល​ជា​កន្លែង​មាន​ចលាចល​ក្នុង​ប៉ែក​ខាង​ត្បូង​ប្រទេស​ក្នុង​រយៈពេល​ខ្លី​ក្រោយពី​ពួក​អ្នក​សង្កេតការ​អ.ស.ប.​បាន​​ជិះ​រថយន្ត​កាត់​ទី​នោះ។​

លោក​ឧត្តមសេនីយ​ទោ​ រ៉ូបឹត មូត​Robert Mood ​នៃ​ប្រទេស​ណរវ៉េស​​ Norvege ដែល​ជា​ប្រធាន​គណៈបេសកកម្ម​សង្កេតការ​នេះ​បាន​ស្ថិត​ក្នុង​ក្បួន​កុង​វ័រ​នេះ​ ក៏​ប៉ុន្តែ​លោក​មូត​ Mood និង​ពួក​អ្នក​សង្កេតការ​មិន​បាន​រង​របួស​ទេ។​ការ​ផ្ទុះ​គ្រាប់​បែក​នេះ​គូស​បញ្ជាក់​អំពី​គ្រោះថ្នាក់​ដល់​បេសកកម្ម​នេះ​របស់​អ.ស.ប.​ដែល​ព្យាយាម​ពង្រឹង​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មិន​មាំទាំ​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម។

សូម៉ាលី៖ សមាជិក​ម្នាក់​នៃ​សភា​ប្រទេស​សូម៉ាលី​បាន​និយាយ​ថា​មាន​យុទ្ធជន​យ៉ាង​តិច​ណាស់​១៧​នាក់​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​អាល់សាបាប់​ al-Shabab ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ទាហាន​ អេត្យូពី​Ethiopie ​និង​ពួក​ទាហាន​រដ្ឋាភិបាល​សូម៉ាលី។​

អាហ្វហ្កានីស្ថាន៖ មន្ត្រី​អ.ស.ប.​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ស្ថានភាព​របស់​ប្រជារាស្ត្រ​អាហ្វហ្កានិស្ថាន​ដែល​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​នៅ​ក្នុង​ប្រទេស​ជា​ការ​«គួរ​ឱ្យ​រន្ធត់»។​

ស៊ូដង់/ស៊ូដង់ខាងត្បូង​៖ ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​ថា​ប្រទេស​ស៊ូដង់​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ឆ្លង​កាត់​ព្រំដែន​ដោយ​រំលោភ​លើ​កិច្ច​ឈប់បាញ់​គ្នា​ដែល​​គាំទ្រ​អ.ស.ប.។​

ក្រិច៖ ចលាចល​ខាង​នយោបាយ​ក្នុង​ប្រទេស​ក្រិក​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​បាន​បង្កើន​កង្វល់​ជា​ថ្មី​ទៀត​អំពី​ការ​ដែល​ថា​ប្រទេស​នេះ​អាច​ក្លាយ​ទៅ​ជា​ប្រទេស​ទី​មួយ​ដែល​នឹង​ចាក​ចេញ​ពី​ក្រុម​ប្រទេស​ជាតិ​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។​​

បារាំង៖ លោក​ ហ្វ្រង់ស្វ័រ ហូឡង់​Francois Hollande ​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​បារាំង​បាន​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​ជាមួយ​ពួក​មេដឹកនាំ​អឺរ៉ុប​អំពី​ផែនការ​របស់​លោក​ក្នុងការ​យក​ចិត្ត​ទុកដាក់​ជា​ថ្មី​លើ​គោលនយោបាយ​អឺរ៉ុប​អំពី​ការ​លូតលាស់។​​

រុស្ស៊ី៖ ពួក​ប៉ូលីស​រុស្សី​ក្នុង​ក្រុង​ម៉ូស្គូ​បាន​ឃាត់​ខ្លួន​ពួក​សកម្មជន​ប្រឆាំង​រាប់​សិប​នាក់​ដែល​បាន​ព្យាយាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉្លាដឹមៀរ ពូទីន​ Vladimir Putin ​ដែល​ទើប​បាន​សម្ពោធ​តំណែង​កាល​ពី​ពេល​ថ្មីៗនេះ។​

This posting includes an audio/video/photo media file: Download Now

យោង​តាម​ឧសភរាជ​ទំនាយ​ថា​​ពោត និង​សណ្តែក​ឲ្យ​ផលល្អ​

Posted: 09 May 2012 07:49 PM PDT

ដាំណាំ​ពោត ​សណ្ដែក ​នឹងផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​រដូវ​ប្រមូល​ផល​កសិកម្ម​ឆ្នាំ​ ២០១២។ ​នេះ​គឺ​ជា​ទំនាយ​បាន​មក​ពី​ការ​ផ្សង​តាម​របៀប​ប្រពៃណី​បុរាណ​នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះ​នង្គ័ល​នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្ដែ​មិន​មាន​ការ​ទស្សទាយ​ពី​ផល​ស្រូវ​នោះ​ទេ។

លោក ​កង​ កេន ដែល​ជា​​អាចារ្យព្រហ្ម​ប្រឡោហិត ​បាន​ប្រកាស​នៅ​ទីបញ្ចប់​នៃ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​លើ​វាល​ព្រះមេរុ ​ខាង​ជើង​ជាប់​ព្រះបរមរាជវាំង​ក្រុង​ភ្នំពេញ ​ដោយ​ផ្អែក​តាម​ការ​បរិភោគ​ចំណី​របស់​ឧសភរាជ។

 

«ពោត​ក្នុង​ឆ្នាំ​នេះ​ទទួល​ផល​បាន​ល្អ​ប្រសើរ​។ ​សណ្ដែក​ទទួល​ផល​បាន​ល្អ​។ ​ក្នុង​ឱកាស​នេះ​ដែល​គោ ​ឧសភរាជ​ បាន​បរិភោគ​ស្មៅ​បាន​សេចក្ដី​ថា ​ឆ្នាំ​នេះកម្លាំង​អូសទាញ​ទាំងអស់​មាន​គោក្របី​ និង​សេះ​ត្រូវ​ជួប​ប្រទះ​នឹង​ជំងឺ​បៀតបៀន​បន្តិច​បន្តួច»។

ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤​រោច​ ខែ​ពិសាខ ​ឬ​ត្រូវ​នឹង​ខែ​ឧសភា​ ដើម្បី​​ជា​និមិត្ត​រូប​នៃ​ការ​ចាប់​ផ្តើម​ការ​ភ្ជួររាស់​ដាស់​ដី​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ​ខ្មែរ ​និង​សម្រាប់​ទស្សទាយ​ទុក​ពី​ទិន្នផល​ដំណាំ​កសិកម្ម​ប្រចាំឆ្នាំ។ ​ការ​ទស្សទាយ​តាមរយៈ​ការ​ផ្សង​ឲ្យ​​ឧសភារាជ​បរិភោគ​ចំណី​ចំនួន​ប្រាំពីរ​មុខ ​មាន​ពោត ​សណ្ដែក ​ល្ង ​ស្រូវ ​ទឹក ​ស្រា ​និង​ស្មៅ​។ ​ប្រសិន​បើ​គោ​ស៊ី​ស្រូវ​ច្រើន​ទំនាយ​ថា ​ប្រជាកសិករ​នឹង​ប្រមូល​ផល​ស្រូវ​បាន​បរិបូណ៌។

ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី​ ស្ដេច​នាគ​ក្នុង​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ​តំណាង​ដោយ​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុឌ្ឍ ​និង​ព្រះអង្គ​ម្ចាស់ក្សត្រី ​ស៊ីសុវត្ថិ​ ចាន់ស៊ីដា ​ជា​ព្រះនាង​មេហួ​។ ​ស្តេចនាគ ​និង​ព្រះនាង​មេហួ​ ត្រូវ​ភ្ជួរ​និង​សាប​ស្រូវ​លើ​ព្រះស្រែ​ចំនួន​បី​ជុំ​ រួច​ទើប​លែង​ឧសភារាជ​ចំនួន​ពីរ​ក្បាល​ឲ្យ​ស៊ី​ចំណី​ទាំង​ប្រាំពីរ​មុខ​ ដែល​គេ​ដំកល់​លើ​ជើង​ពាន​រួច​ជា​ស្រេច​។ ​ឧសភរាជ​មិន​បាន​បរិភោគ​ចំណី​ផ្សេង​ក្រៅ​ពី​ស្មៅ ​ពោត ​និង​សណ្ដែក​នោះ​ទេ។

អ្នកស្រី ​ប្រែង ​រាប ​អាយុ​៧៨​ឆ្នាំ ​មក​ពី​ស្រុក​បាភ្នំ​ ខេត្ព​ព្រៃវែង​។ ​អ្នកស្រី​បាន​មក​ទស្សនា​ព្រះរាជ​ពិធី​ជា​ប្រពៃណី​នេះ​ជា​លើក​ទី​១។ ​អ្នកស្រី​ខ្វាយខ្វល់​ពី​ទិន្នផល​ស្រូវ​នៅ​ពេល​ដែល​គោ​ឧសភរាជ​ មិន​បាន​ស៊ី​ស្រូវ​ដែល​គាត់​គិត​ថា ​វា​អាច​ជា​ប្រថ្នូល​មួយ​មិន​ល្អ​សម្រាប់​ផលស្រូវ​ឆ្នាំ​នេះ។

«ខ្ញុំ​ធ្វើ​តែ​ស្រែ​អត់​មាន​ចម្ការ​ពោត ​សណ្ដែក​អ្វី​ហ្នឹង​គេ​ទេ​។ ​ហើយ​ដល់​ពេល​គោ​មិន​ស៊ី​ស្រូវ​អញ្ចឹង​ ព្រួយ​បារម្ភ​ដែរ​។ ​កន្លងមក​ដូច​ជា​ត្រូវ​ៗ ​ហើយ​ខ្ញុំ​ជឿ​ដែរ»។

លោក​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​ហ៊ុន ​សែន ​ធ្លាប់​បាន​រិះគន់​លើ​ការ​ទស្សទាយ​មិន​សុក្រិត ​ដោយ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នេះ ​ហើយ​លោក​មិន​បាន​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ទេ។

លោក​អាចារ្យ​ព្រហ្មប្រឡោហិត ​កង ​កេន ​បាន​បញ្ជាក់​ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល​នេះ​ថា​ ការ​ទស្សទាយ​នេះ​គ្រាន់តែ​ជា​ការ​ផ្សង​ប្រថ្នូល​តាម​ទម្លាប់​ព្រះរាជប្រពៃណីយ៍​ពី​បុរាណ​តែ​ប៉ុណ្ណោះ ​ប៉ុន្ដែ​ជាមួយ​គ្នា​នេះ​ព្រះរាជពិធី​នេះ​​ក៏​ជា​សារ​មួយ​ដល់​ប្រជាកសិករ​ថា​ រដូវ​បង្កបង្កើនផល​បាន​មក​ដល់​ហើយ៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​រំលោភ​ដីធ្លី​នៅ​បឹងកក់​ដាក់​ញ្ញតិ្ត​ជូន​អ្នករាយការណ៍​ពិសេស​អ.ស.ប.

Posted: 09 May 2012 07:06 PM PDT

សំឡេង​ទះដៃ​បាន​លាន់​ឮ​យ៉ាង​កងរំពង​ឡើង​ខណៈពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទៅ​ដល់​តំបន់​សហគមន៍​បុរីកីឡា​ដែល​រងគ្រោះ ​ដោយសារ​តែ​ការ​បណ្តេញ​ចេញ។

លោក​សុរិយា ប្រាសាទស៊ូប៊ែឌី ​អ្នក​រាយការណ៍​ពិសេស​របស់​លោក ​បានគីម៉ូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​កម្រងផ្កា ​និង​បាច់ផ្កា​ពី​ប្រជាពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា ​និង​តំបន់​បឹងកក់។

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​តែ​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ទាំង​ពីរ​មាន​ឱកាស​បាន​ដាក់​ញត្តិ​ដោយ​ផ្ទាល់​ដៃ​ជួន​លោក​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ខណៈពេល​ដែល​លោក​បាន​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​មាន​ការ​បណ្តេញ​ចេញ។

លោក​សុរិយា ប្រាសាទស៊ូប៊ែឌី ​បាន​ឡោមព័ទ្ធ​ជុំជិត​ដោយ​ប្រជាពលរដ្ឋ​ និង​មួយចំនួនទៀត​បាន​ស្រែក​ទ្រហូរយំ ​ព្រមទាំង​ជំរុញ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​ផ្តល់​ទីជម្រក​ដល់​ពួក​គេ ​បន្ទាប់​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​ទៅ។

«ពួក​ខ្ញុំ​មក​ជ្រក​នៅ​កន្លែង​នេះ​ហើយ​ គេ [រកកល] កម្ទេច​ពួក​ខ្ញុំ​ទៀត»។

ដើរ​កាត់​តង់កៅស៊ូ​ដែល​ប្រជាពលរដ្ឋ​កំពុង​ស្នាក់នៅ ​ក្បែរ​អគារ​ខ្ពស់​ៗ ​និង​កំពុង​តែ​រស់នៅក្បែរ​គំនរ​សំរាម​ដែល​មាន​ឃ្លិនស្អុយ​ ស្ទើរ​តែ​ទ្រាំ​ពុំ​បាន​ លោក​សុរិយា ប្រាសាទស៊ូប៊ែឌី ​បាន​ពិនិត្យមើល​ទីតាំង​ស្នាក់នៅ​ដោយ​ផ្ទាល់ ​ហើយ​លោក​បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​លោក​នឹង​ដាក់​ចូល​បញ្ហា​ទាំង​នេះ​ទៅ​ក្នុង​របាយការណ៍​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា​អ្វី​ដែល​លោក​មើល​ឃើញ​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​លោក​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន។​ លោក​បាន​មាន​ប្រសាសន៍​តាមរយៈ​អ្នក​បកប្រែ​ថា​ បញ្ហា​នេះ​មិន​ត្រឹម​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ​វា​ថែម​ទាំង​រំលោភ​ផ្នែក​មនុស្សធម៌​ទៀត​ផង។

«ជានិច្ចកាល​គាត់​តែងតែ​លើក​ពី​បញ្ហា​ហ្នឹង​ដល់​រដ្ឋាភិបាល។ ហើយ​គាត់​សូម​ធានា​ថា​ គាត់​នឹង​លើក​រឿង​នេះ​ត​ទៅ​ទៀត ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្នាក់ជាតិ​បាន ​ដឹង​ឮ»។

នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​សុរិយា ប្រាសាទស៊ូប៊ែឌី​ ប្រជាពលរដ្ឋ​នៅ​សហគម​បុរីកីឡា​ជាង​១០០​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ របស់​លោកស្រី​ស៊ុយ ​ស៊ីផាន ​ដែល​ពុំ​បាន​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត​សម្រាប់​ឲ្យ​ពួក​គេ​ស្នាក់​នៅ។

«ត្រូវ​ការ​ទីជម្រក ​ត្រូវ​ការ​សាលារៀន។ ​រាល់​ថ្ងៃ​នេះ​ហូប​បាយ​ក៏​មិន​ចូល​ដែរ​ រុយហើរ​ចូល​ពេញ​។​ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​​! ​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​សាងសង់​ ១០​អគារ​ជូន​ពួក​ខ្ញុំ​វិញ»។

អ្នកស្រី ​ស៊ូ ​អ៊ីម ​អាយុ​៥៨​ឆ្នាំ ​រស់នៅ​សហគម​បុរីកីឡា​បាន​និយាយ​ថា ក្រុមហ៊ុន​ត្រូវតែ​គោរព​តាម​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត។

«ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​សាងសង់​អគារ​ទី​៩ ​ទី​១០​ ឲ្យ​ប្រជាពលរដ្ឋ​ឡើងវិញ​ ដែល​គាត់​ធ្លាប់​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ»។

បន្ទាប់​ពី​មាន​ការ​បណ្តេញចេញ​ដោយ​បង្ខំ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ​២០១២​ក្រុមហ៊ុន​ផានអ៊ីម៉ិច​មិន​ទាន់​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ប្រមាណ​១១៧​គ្រួសារ​ទៀត​នៅ​ឡើយ​ទេ។ វីអូអេ​មិន​អាច​ទាក់​ទង​អ្នកស្រី ​ស៊ុយ ​ស៊ីផាន​ ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​សុំ​សេចក្តី​បំភ្តឺ​បាន​ទេ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!