VOA News: ព័ត៌មាន: “អ្នកកាទូត៖ ស.រ.អានឹងចាត់វិធានការណ៍យ៉ាងប្រុងប្រយ័ត្នក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើភូមា” plus 7 more |
- អ្នកកាទូត៖ ស.រ.អានឹងចាត់វិធានការណ៍យ៉ាងប្រុងប្រយ័ត្នក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើភូមា
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាចាប់ផ្តើមថ្ងៃទីមួយនៅថ្ងៃពុធនេះ
- មានការចាប់មនុស្សទ្រង់ទ្រាយធំក្រោមអំណាចអៀង សារី
- តុលាការកោះកុងចោទអង្គរក្សលោកហ៊ុន សែនពីបទវាយតប់
- ក្រុមជនជាតិភាគតិចមកពីវៀតណាមរកវិធីរួបរួមគ្នា
- ពិរុទ្ធជនហង្ស វុទ្ធីត្រឡប់ចូលគុកវិញបន្ទាប់ពីរត់គេច៦ឆ្នាំ
- យមរាជឃាតករដៃហែកគុករត់ធ្វើសន្និសីទព័ត៌មាន
- អ្នកនាំសារនួន ជា ថានួន ជាមិនសាហាវ
អ្នកកាទូត៖ ស.រ.អានឹងចាត់វិធានការណ៍យ៉ាងប្រុងប្រយ័ត្នក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើភូមា Posted: 26 Apr 2012 09:12 AM PDT អ្នកការទូតថ្នាក់ខ្ពស់ស.រ.អាម្នាក់និយាយថា រដ្ឋាភិបាលស.រ.អានឹងចាត់វិធានការណ៍ដោយប្រុងប្រយ័ត្ននៅក្នុងការបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសភូមា។ កូរ៉េខាងជើង៖ បណ្ដាញផ្សាយព័ត៌មានរដ្ឋរបស់ចិនបានឲ្យដឹងថា រដ្ឋាភិបាលចិនមិនអាចការពារប្រទេសកូរ៉េខាងជើងបានទល់នឹងផលវិបាកផ្លូវការទូតទេ បើប្រទេសនេះធ្វើការពិសោធន៍នុយក្លេអ៊ែរលើកទីបីរបស់ខ្លួន។ ជប៉ុន៖ លោក អ៊ីឈីរ៉ូ អូហ្សាវ៉ា (Ichiro Ozawa) ឥស្សរជននយោបាយដ៏ល្បីឈ្មោះជប៉ុនបានរួចទោសនៅថ្ងៃព្រហស្បតិ៍ពីការចោទប្រកាន់ថាបានបំពានច្បាប់រៃអង្គាសប្រាក់ ដែលជាជាការអាចធ្វើឲ្យគណបក្សកាន់អំណាចមានដំណើរការយឺត។ ប៉ាគីស្ថាន៖ ការប្រឈមមុខដាក់គ្នារវាងតុលាការជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថាននិងលោកនាយករដ្ឋមន្ដ្រី យូសុហ្វរ៉ាសា ហ្គីឡានី (Yousuf Raza Gilani) បានដល់ទីបញ្ចប់ហើយ ដោយតុលាការកាត់ទោសឲ្យលោក មានទោសថាមិនគោរពតុលាការ។ លីបេរីយ៉ា៖ តុលាការពិសេសនៅទីក្រុងឡាអេ (Hague) រៀបចំចេញសាលក្រមនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការជំនុំជម្រះកាត់សេចក្ដីលោក ឆាឡេស ថេល័រ (Charles Taylor) អតីតប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា ដែលត្រូវជាប់ចោទក្នុងបទអ្នកផ្តើមគំនិតរំលោភសិទ្ធិមនុស្សដ៏អាក្រក់ជាងគេមួយចំនួន។ ស៊ីរី៖ សកម្មជនស៊ីរីបានឲ្យដឹងថាកងកម្លាំងសន្ដិសុខបានសម្លាប់ជនស៊ីវិលយ៉ាងតិច២៧នាក់នៅក្នុងការវាយប្រហារនៅទូទាំងប្រទេសស៊ីរី នៅពេលដែលប្រទេសបារាំងកំពុងអំពាវនាវឲ្យពង្រីកក្រុមអ្នកសង្កេតការណ៍របស់អ.ស.ប នៅក្នុងប្រទេសស៊ីរីជាបន្ទាន់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាចាប់ផ្តើមថ្ងៃទីមួយនៅថ្ងៃពុធនេះ Posted: 26 Apr 2012 02:46 AM PDT លោក វិល្លៀម ថូត William Todd ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ហើយក៏បានចូលបំរើមុខតំណែងថ្មីរបស់លោកនៅថ្ងៃពុធទី២៥ ខែមេសាម្សិលមិញនេះ។ ពេលអញ្ជើញទៅដល់ លោកឯកអគ្គរដ្ឋទូតថ្មីបានចេញផ្សាយសារមួយក្នុងគេហទំព័ររបស់ស្ថានទូតស.រ.អ.នៅក្រុងភ្នំពេញ ដើម្បីសម្តែងការអបអរសាទរជាមួយប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ដែលមានសេចក្តីជាអាទិ៍ដូចតទៅ៖ លោកវិល្លៀម ថូត William Todd ជាសមាជិកអាជីពជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា Barack Obama បានតែងតាំងលោកសម្រាប់តំណែងថ្មីនេះ កាលពីថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០១១ ហើយលោកបានទទួលការអនុម័តពីព្រឹទ្ធសភា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១២។ នៅក្នុងតំណែងពីរមុននេះ លោកជានាយកកិច្ចការអភិវឌ្ឍន៍និងសេដ្ឋកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន ពីឆ្នាំ២០១០ដល់២០១១។ លោកជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប្រ៊ុយណេ ពីឆ្នាំ២០០៨ដល់២០១០។ <!--IMAGE-RIGHT--> ភូមា៖ អង្គការសិទ្ធិមនុស្សសំខាន់ៗមួយចំនួន និយាយថាស.រ.អ.ប្រហែលជាធ្វើសេចក្តីសម្រេចឆាប់ពេកក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងប្រទេសភូមា។ អង្គការទាំងនេះដែលមានរួមទាំង Human Rights Watch និងអង្គការ៧ទៀតដែលមានមូលដ្ឋាននៅស.រ.អ. បានផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាBarack Obama កាលពីថ្ងៃអង្គារ ដើម្បីសំដែងការមន្ទិលសង្ស័យចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលស.រ.អ. នៅដើមខែនេះក្នុងការបន្ធូរបន្ថយទណ្ឌកម្មដែលមានដាក់ជាយូរមកហើយលើប្រទេសភូមា។ អង់គ្លេស៖ បានធ្លាក់ទៅក្នុងស្ថានភាពសេដ្ឋកិច្ចនៅទ្រឹងជាថ្មីម្តងទៀត។ ការិយាល័យស្ថិតិជាតិបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចជាតិបានចុះថយ០.២% ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ចំនួននេះ គឺមានបន្តពីការចុះថយចំនួន ០.៣% ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១១។ សហរដ្ឋអាមេរិក៖ លោក ញូវ ហ្គីងរិច Newt Gingrich អតីតប្រធានរដ្ឋសភាស.រ.អ. ហាក់ដូចជាឲ្យសញ្ញាថា លោកនឹងដកខ្លួនចេញពីការប្រកួតប្រជែងតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅពេលខាងមុខ បន្ទាប់ពីលោក មិត រមនីMitt Romneyបាននាំមុខដោយទទួលជ័យជំនះនៅក្នុងការបោះឆ្នោតក្នុងរដ្ឋទាំងប្រាំ កាលពីថ្ងៃអង្គារនេះ។ ស៊ីរី៖ សកម្មជននិយាយថាកងកម្លាំងស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ កាលពីថ្ងៃពុធ នៅពេលអ្នកសង្កេតការអ.ស.បមួយក្រុមតូច បានបំពេញបេសកកម្មរបស់ខ្លួនជាថ្មីទៀត ដើម្បីឃ្លាំមើលបទឈប់បាញ់គ្នាមួយដែលមិនទាន់មានលំនឹង នៅក្នុងជម្លោះមួយឆ្នាំរវាងរដ្ឋាភិបាលនិងពួកឧទ្ទាម។ ស៊ូដង់៖ លោក សាលវ៉ា គៀរSalva Kiir ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូង បានកាត់បន្ថយទស្សនកិច្ចរបស់លោកទៅប្រទេសចិន នៅពេលដែលការប្រយុទ្ធគ្នាតាមព្រំដែន ជាមួយប្រទេសស៊ូដង់ គំរាមកំហែងបណ្តាលឲ្យមានសង្គ្រាមពេញបន្ទុកមួយ។ កូរ៉េខាងជើង៖ មន្រ្តីយោធាកំពូលម្នាក់របស់ កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃពុធនេះ អំពីការគំរាមរបស់ក្រុង ព្យុងយ៉ាងដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងអ្វីដែលអគ្គមេបញ្ជាការកូរ៉េខាងជើងហៅថា ជាជនក្បត់ជាតិនៅក្នុងប្រទេស កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តរបស់ខ្លួន ទោះជាប្រទេសចិនបានព្រមានប្រឆាំងនឹងការបង្ករឿងថែមទៀតនៅក្នុងឧបទ្វីបនេះក៏ដោយ។ សហរដ្ឋអាមេរិក៖ ធនាគារកណ្តាលរបស់ស.រ.អ. ដែលហៅថាFederal Reserve និយាយថា សេដ្ឋកិច្ចអាមេរិកាំង មានការលូតលាស់«ជាបង្គួរ» ហើយថាអត្រាមនុស្សឥតការងារធ្វើខ្ពស់ អាចចុះមកនៅក្រោម ៨% នៅចុងឆ្នាំនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មានការចាប់មនុស្សទ្រង់ទ្រាយធំក្រោមអំណាចអៀង សារី Posted: 25 Apr 2012 09:30 PM PDT ក្មួយប្រុសរបស់ប៉ុល ពត បានប្រាប់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃពុធនេះថា មានការចាប់ខ្លួនមនុស្សជាទ្រង់ទ្រាយធំ នៅក្នុងក្រសួងការបរទេសរបស់អៀង សារី ចាប់តាំងពីឆ្នាំ១៩៧៦ មកម៉្លេះ។ លោកសាឡុត បានឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្ដរជាតិ លោកMr. Vincent de Wilde d'Estmael តាមរយៈអ្នកបកប្រែភាសា។ «ខ្ញុំអត់ចាំថ្ងៃទេដឹងថា មានការចាប់ខ្លួនមនុស្ស។ វាត្រូវតែរកខ្មាំងទី១ គឺខ្មាំងផ្ទៃក្នុង។ បើរកខ្មាំងខ្លួនឯងឃើញហើយ រកខ្មាំងខាងក្រៅឃើញហើយ»។ កាលពីថ្ងៃអង្គារសាក្សីលោកអតីតអគ្គលេខាធិការក្រសួងការបរទេសនិយាយថា អៀង សារី ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសបានដឹងឮពីការចាប់ខ្លួនមនុស្សនៅក្នុងក្រសួងនេះ ហើយមនុស្សដែលត្រូវចាប់ខ្លួនយកទៅតែងតែបាត់ខ្លួនជារៀងរហូត។ ឌុចអតីតប្រធានមន្ទីរស-២១ ក៏ធ្លាប់បានបញ្ជាក់ដែរថា ជនដែលត្រូវចាប់ខ្លួនពីក្រសួងការបរទេសត្រូវបានបញ្ជូនទៅកាន់គុករបស់ខ្លួន ដើម្បីធ្វើទារុណកម្មសួរចម្លើយ បន្ទាប់មកត្រូវសម្លាប់ចោល។ សាឡុត បាន ត្រូវបានកោះហៅឲ្យធ្វើជាសាក្សីប្រឆាំងនឹងអៀង សារី ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទចំនួនបីនាក់ ដែលត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០២។ សាក្សីរូបនេះបានទទួលស្គាល់ដោយមានការរួញរាថាអៀង សារី គឺជាអ្នកអំពាវនាវឲ្យបញ្ញាជនកម្ពុជាវិលត្រឡប់ពីបរទេសវិញ ហើយបន្ទាប់មកបញ្ញាជនទាំងនោះត្រូវយកទៅឃុំឃាំងនៅគុកបឹងត្របែក។ «ក្រោយពេលដែលខ្ញុំទៅហ្នឹងទើបខ្ញុំដឹងថា អូ បញ្ញាជននេះធំៗណាស់។ សុទ្ធតែសាស្ដ្រាបង្រៀនសាស្ដ្រាចារ្យទៀត។ ហើយយកមកធ្វើដូច្នេះអារម្មណ៍ខ្ញុំគិតថា អត់ត្រឹមត្រូវទេ»។ លោក សាឡុត បានលើកពីបញ្ហានេះឆ្លើយទៅនឹងសំណួររបស់លោកស្រីចេត វ៉ាន់លី មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី។ លោកសាឡុត បានបញ្ជាក់ថា ពួកខ្មែរក្រហមបានចេញសារាចរណ៍មួយនៅពេលជិតផុតអំណាចរបស់ខ្លួនដើម្បីបញ្ជាឲ្យមានការផ្តល់ស្បៀងអាហារឲ្យប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់គ្រាន់ ហើយសារាចរណ៍នោះអនុញ្ញាតឲ្យមានការចាប់មនុស្ស និងយកទៅសម្លាប់ចោល។ ក៏ប៉ុន្ដែមុននឹងអាចធ្វើដូច្នេះបានលុះណាតែមានការសម្រេចពីការដឹកនាំចំនួនប្រាំពីរថ្នាក់ ដោយរាប់ចាប់ពីរដ្ឋអំណាចភូមិរហូតដល់ថ្នាក់មជ្ឈឹម។ យ៉ាងណាក៏ដោយសារចរណ៍នេះមិនទាន់ដាក់ឲ្យអនុវត្តន៍នៅឡើយ ដោយសារតែរបបដឹកនាំរបស់ពួកខ្មែរក្រហមត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩៕ This posting includes an audio/video/photo media file: Download Now |
តុលាការកោះកុងចោទអង្គរក្សលោកហ៊ុន សែនពីបទវាយតប់ Posted: 25 Apr 2012 08:57 PM PDT តុលាការខេត្តកោះកុងនៅថ្ងៃពុធនេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នមន្ត្រីជាន់ខ្ពស់អង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយនឹងអង្គរក្សរបស់លោកចំនួនបីនាក់ផ្សេងទៀតក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោសតាមមាត្រាទី២១៨ នៃក្រមព្រហ្មទណ្ឌថ្មី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីប៉ូលិសខេត្តកោះកុង។ លោក ខាំ សុផារី ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុងមិនបានធ្វើអត្ថាធិប្បាយចំពោះសេចក្តីសម្រេចរបស់តុលាការទេ។ «លោកចង់ដឹងព័ត៌មានច្បាស់ លោកមកជួបខ្ញុំនៅកន្លែងធ្វើការទៅ។ មិនអាចជម្រាបតាមទូរស័ព្ទកើតទេ»។ កាលពីថ្ងៃអាទិត្យលោកឧត្តមសេនីយ៍ទោ ប៊ុន សុខា អាយុ៣៩ឆ្នាំ មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអង្គរក្សរបស់លោកចំនួនពីរនាក់ផ្សេងទៀត ព្រមទាំងអ្នកបើកបរម្នាក់ត្រូវបាននគរបាលបានឃាត់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តិអំពើហិង្សាលើជនស៊ីវិលចំនួនបីនាក់ និងមន្ត្រីកងរាជអាវុធហត្ថចំនួនម្នាក់។ មូលហេតុដែលនាំឲ្យមន្ត្រីជាន់ខ្ពស់នៃកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រព្រឹត្តិអំពើហិង្សា និងចាប់ដាក់ខ្នោះផងនោះ ដោយសារតែមន្ត្រីអង្គរក្សរូបនោះបានខឹងជនរងគ្រោះ សាំង ថៃរ៉ាក់ ដែលបាននាំសន្តិសុខទៅគោះទ្វារបន្ទប់របស់លោកដែលកំពុងតែស្នាក់នៅសណ្ឋាគារកោះកុងស៊ីធី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនគរបាល។ មន្ត្រីនគរបាលបាននិយាយថា មូលហេតុដែនាំឲ្យមានការគោះទ្វារបន្ទប់នេះ ដោយសារតែលោកសាំង ថៃរ៉ាក់ ជនរងគ្រោះមួយរូបនៅក្នុងចំណោមជនរងគ្រោះទាំងបីរូបបានជ្រុះបាត់បណ្តោងខ្សែករដោយលោកបានសង្ស័យថា បាត់នៅក្នុងបន្ទប់ភរិយារបស់លោកប៊ុន សុខា ដែលកំពុងតែស្នាក់នៅ ទើបបណ្តាលឲ្យមានការប៉ះទង្គិចដោយអំពើហិង្សាបានកើតមានឡើង។ លោក ឡាយ ម៉េងឡាំង នាយការិយាល័យព្រំទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកោះកុងបានសាទរចំពោះវិធានការតុលាការទៅលើមន្ត្រីជាន់ខ្ពស់នៃកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ «តុលាការគាត់មានវិធានការល្អ។ គាត់បានបំពេញកាត្វកិច្ចតាមច្បាប់»។ លោក អ៊ីន គីម មេធាវីការពារក្តីជនជាប់ចោទបានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាអយុត្តិធម៌ចំពោះកូនក្តីរបស់លោក។ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយថា លោកមិនជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការទេ។ លោកបានបញ្ជាក់ថាមន្ត្រីអង្គរក្សណាដែលធ្វើខុសត្រូវតែទទួលទោសចំពោះមុខច្បាប់។ «ខ្ញុំឥតត្រូវការការពារទេ។ ខ្ញុំខំប្រឹងធ្វើអំពើល្អណាស់។ អង្គរក្សសម្តេចធានាការពារសន្តិសុខសម្តេច លោកជំទាវ និងក្រុមគ្រួសារ។ ឥតត្រូវការការពារនាយទាហានដែលធ្វើការខុសឆ្គង។ ឥតការពារទេ សម្រេចលើបុគ្គលហើយ»។ លោក អ៊ឹត គង់ជិត អ្នកស្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង ដែលបានតាមឃ្លាំមើលដំណើរការចាប់ខ្លួនរហូតដល់មានការសម្រេចឃុំខ្លួន បានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការខេត្តកោះកុងបានផ្តល់ជាគំរូយុត្តិធម៌ក្នុងសង្គម។ «យើងយល់ឃើញថា គឺជាប្រការមួយល្អ ប្រសើរបំផុតដែលតុលាការបានប្រកាន់នូវជំហរឯករាជ្យរបស់ខ្លួន ហើយចាត់ការតាមនីតិវិធី។ ហើយយើងសង្ឃឹមថាតុលាការខេត្តកោះកុងជាតុលាការគំរូ ដែលតុលាការខេត្តស្វាយរៀងគួរតែយកគំរូតាម។ ហើយវាជាការមួយធ្វើឲ្យប្រជាពលរដ្ឋទន់ខ្សោយមានសង្ឃឹមទៅលើភាពយុត្តិធម៌ ហើយវាបានបញ្ចប់នូវនិទត្តភាព»។ ស្របពេលដែលតុលាការខេត្តកោះកុងបានចេញដីកាឃុំខ្លួនមន្ត្រីជាន់ខ្ពស់អង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពន្ធនាគារខេត្តមានជនរងគ្រោះចំនួនបីរូបក្នុងចំណោមជនរងគ្រោះចំនួនបួនរូប បានសម្រេចដកពាក្យបណ្តឹង ដែលបានប្តឹងប្រឆាំងជំទាស់នឹងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់លោកនាង បូរ៉ាទីណូ មន្ត្រីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុង៕ This posting includes an audio/video/photo media file: Download Now |
ក្រុមជនជាតិភាគតិចមកពីវៀតណាមរកវិធីរួបរួមគ្នា Posted: 25 Apr 2012 07:14 PM PDT ក្រុមជនជាតិដើមភាគតិចដែលកំពុងជ្រកកោណក្នុងប្រទេសអាមេរិកយ៉ាង តិច២ជនជាតិគឺខ្មែរកម្ពុជាក្រោមនិងម៉ុងតាញ៉ាបានជួបជាមួយមន្ត្រីក្រសួងការបរទេសស.រ.អាជាបន្តបន្ទាប់ចាប់តាំងពីខែមេសាមកដើម្បីពិភាក្សាអំពីគម្រោងការបង្រួបបង្រួមគ្នារវាងជនជាតិដើមភាគតិចឲ្យក្លាយជាសំឡេងតែមួយក្នុង គោលបំណងអ្វីដែលពួកគេចាត់ទុកថាដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមលើក្រុមជនជាតិភាគតិចនៅទីនោះ។ ក្រុមមេដឹកនាំជនជាតិភាគតិចទាំងនេះបានចោទប្រកាន់អាជ្ញាធរវៀតណាម ថាបានរំលោភសិទ្ធិមនុស្ស សិទ្ធិសាសនា ដីធ្លីនិងរឿងរ៉ាវជាច្រើនទៀត ទៅលើ ជនជាតិរបស់ពួកគេរៀងៗខ្លួន។ ក្រុមមេដឹកនាំទាំងនោះមានជំនឿថាការស្វែងរកសំឡេងតែមួយដែលមានការគាំទ្រពីស.រ.អាគឺជាកម្លាំងអាចបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិដើមភាគតិចបាន។ ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍មុនតាមទូរស័ព្ទលោកថាច់ ង៉ុកថាច់ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោមបានអះអាងថាស.រ.អាចង់ឃើញការបង្រួបបង្រួមគ្នា ក្នុងចំណោមជនជាតិដើមភាគតិចហើយចង់ឲ្យសហព័ន្ធខ្មែរក្រោមមានតួនាទីចាប់ផ្តើមការបង្រួបបង្រួមនេះព្រោះគេបានដឹងថាសហព័ន្ធមានទំនាក់ ទំនងជាមួយជនជាតិទាំងអស់ហ្នឹង។ «ដូច្នេះយើងឃើញថាការចង់បានរបស់ក្រសួងការបរទេសស.រ.អានេះគឺថាជារឿងមួយដែលជាបំណងរបស់ជនជាតិដើមទាំងអស់ក្នុងប្រទេសវៀតណាមចង់បានដែរ»។ លោក ថាច់ ង៉ុកថាច់អះអាងថា៖ «ក្រសួងការបរទេសស.រ.អាគឺថាសំខាន់ទីមួយ គឺថាយើងធ្វើឲ្យពួកគាត់អស់ ចម្ងល់។ អស់ចម្ងល់ទីមួយត្រង់ថារដ្ឋាភិបាលកុម្មុយនីស្តយួនតែងតែចោទយើងថាជាក្រុមភេរវកម្ម ក្រុមបំបែកបំបាក់ប្រទេស។ ទីពីរបង្ហាញឲ្យឃើញថា ស.រ.អា ក្រសួងការបរទេសស.រ.អាមានទំនុកទុកចិត្តដល់សហព័ន្ធខ្មែរកម្ពុជា ក្រោមដោយសារយើងធ្វើការហ្មត់ចត់»។ មានជនជាតិដើមភាគតិចជាង៥០ជនជាតិដែលកំពុងរស់នៅក្នុងប្រទេស វៀតណាមត្រូវបានគេអះអាងថាត្រូវអាជ្ញាធរវៀតណាមរិតត្បិតផ្នែកសាសនា សិទ្ធិមនុស្សស្រដៀងៗគ្នានឹងការរិតត្បិត ការធ្វើទុក្ខបុកម្នេញពលរដ្ឋកម្ពុជាក្រោម។នៅក្នុងសម្ព័នភាពមានជនជាតិភាគតិចតៃ(Tai)ផងដែរ។ លោក ថាច់ ង៉ុកថាច់ពុំបានអះអាងពីមូលហេតុអ្វីដែលស.រ.អាចង់ឃើញជនជាតិ ភាគតិចមានការបង្រួបបង្រួមគ្នានោះទេ។ ដោយបានបញ្ជាក់ថាមានការជួបជាមួយតំណាងខ្មែរកម្ពុជាក្រោមកាលពីពេល ថ្មីៗនេះ មន្ត្រីក្រសួងការបរទេសសរអាម្នាក់ដែលសុំឱ្យមិនបញ្ចេញឈ្មោះដោយសារមិនមានសិទ្ធិក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មានមិនបានឆ្លើយតបនឹងសំណួររបស់វីអូអេចំៗទេទាក់ទងនឹងការបង្រួបបង្រួមជនជាតិភាគតិច។ តែក្នុងសារអេឡិកត្រូនិកអ៊ីម៉េលឆ្លើយតបសំណួរវីអូអេក្រសួងការបរទេសបានបញ្ជាក់ថា៖ «ខ្មែរកម្ពុជាក្រោមម៉ុងតាញ៉ានិងមួងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងសង្គម ស្រដៀងគ្នា។ សរអាបន្តលើកទឹកចិត្តដល់វៀតណាមអនុវត្តគោលនយោបាយ ដែលជំរុញឲ្យផ្តល់ឱកាសសង្គមនិងសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ជនជាតិភាគតិច ទាំងអស់»។ អ្នកនាំពាក្យដដែលបានអះអាងថាក្រសួងការបរទេសសរអាបានស្តាប់នូវក្តីបារម្ភរបស់តំណាងខ្មែរក្រោមហើយនឹងបន្តជួបតទៅទៀតដើម្បីស្វែងយល់ពីទស្សនៈ និងក្តីបារម្ភរបស់ពួកគេ។ «ក្រសួងការបរទេសស.រ.អាបានទទួលយកក្តីព្រួយបារម្ភរបស់ពលរដ្ឋខ្មែរក្រោមយ៉ាងយកចិត្តទុកដាក់បំផុតហើយបន្តជំរុញឲ្យវៀតណាមធ្វើឲ្យប្រសើរចំពោះការអនុវត្តសិទ្ធិមនុស្សរបស់ខ្លួនរួមទាំងតំបន់ជនជាតិភាគតិចផងដែរ»។ លោក Kok KSor ប្រធានអង្គការម៉ុងតាញ៉ាមួយនៅសរអារដ្ឋអាមេរិកក្នុងរដ្ឋ South Carolina បានអះអាងថាជនជាតិម៉ុងតាញ៉ាត្រូវអាជ្ញាធរវៀតណាមចាប់ដាក់គុកដោយសារការធ្វើទុក្ខបុកម្នេញផ្សេងៗ ដូចជា រំលោភដីធី្ល គ្មានសិទ្ធិសេរីភាពខាងជំនឿសាសនាតែឲ្យគោរពរូបសំណាកលោកហូជីមីញជាអតីតមេដឹកនាំវៀតណាមជាដើម។ លោក កុក ស បានបញ្ជាក់ថា៖ «ព្រះវិហាររបស់យើងត្រូវគេដាក់រូបសំណាក លោក ហូ ជីមីញដើម្បីឱ្យថ្វាយបង្គំ មុនពេលយើងថ្វាយបង្គំព្រះជាម្ចាស់របស់យើង។ ព្រោះវៀតណាមនិយាយថា យើងមិនអាចដាក់ព្រះជាម្ចាស់របស់យើងនៅពីលើអ្វីគ្រប់យ៉ាងទេ។ យើងត្រូវ តែដាក់គណបក្សលើអ្វីៗទាំងអស់។ ប៉ុន្តែរឿងនោះមិនមែនជារឿងត្រឹមត្រូវ តាមច្បាប់របស់យើងដែលជឿលើព្រះយេស៊ូគ្រឹស្ទជាម្ចាស់ទេ»។ លោកបានបន្ថែមថា៖ «បច្ចុប្បន្នពលរដ្ឋរបស់យើងមិនអាចជួបជុំគ្នា២ទៅ៣នាក់បានផងដើម្បីថ្វាយបង្គំ ព្រះជាម្ចាស់។ ប្រសិនបើយើងធ្វើគេនឹងចាប់បញ្ជូនយើងទៅដាក់គុក ហើយធ្វើ ទារុណកម្ម»។ លោក កុក ស បានថ្លែងថាវៀតណាមជាសមាជិកនៃអ.ស.ប។ វៀតណាមត្រូវតែ គោរពច្បាប់អន្តរជាតិ។ លោកថ្លែងថាក្រុមជនជាតិភាគតិចនឹងចងសម្ព័ន្ធភាព ជាមួយគ្នាជាកម្លាំងតែមួយដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិមនុស្ស និងទាមទារឲ្យស.រ.អាដាក់សម្ពាធលើប្រទេសវៀតណាមរឿងការរំលោភសិទ្ធិ មនុស្សនេះ។ ប្រទេសវៀតណាមដែលជាប្រទេសកុម្មុយនិស្តជារឿយៗបដិសេធពីការចោទ ប្រកាន់ថាខ្លួនរំលោភបំពានសិទ្ធិមនុស្សនិងបិទសេរីភាពផ្នែកសាសនា។ ទាំងលោក ថាច់ ង៉ុកថាច់និងលោក កុក សដែលមានក្តីសង្ឃឹមពីការផ្លាស់ប្តូរក្នុង ប្រទេសវៀតណាមបានអះអាងថាការរួមរួមគ្នាគ្មានបំណងអ្វីផ្សេងក្រៅពីតវ៉ា តាមរយៈអហិង្សាឲ្យវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិច ក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះទេ។ ពលរដ្ឋកម្ពុជាក្រោមត្រូវគេប៉ាន់ប្រមាណថាមាន៨លាននាក់ ហើយជនជាតិម៉ុង តាញ៉ាដែលធ្លាប់ចូលរួមជាមួយស.រ.អាក្នុងសង្គ្រាមវៀតណាមដើមទសវត្សរ៍ទី៧០ត្រូវគេប៉ាន់ប្រមាណថាមានជិត១លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ លោក Joshua Cooper ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធខ្មែរក្រោមបានថ្លែងប្រាប់ វីអូអេបន្ទាប់ពីជំនួបជាមួយមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃអង្គារថាសមាគម អាស៊ានដែលមានកិច្ចប្រជុំកំពូលក្នុងប្រទេសកម្ពុជាចុងឆ្នាំនេះបង្កើតនូវសេចក្តី ប្រកាសរួមអំពីសិទ្ធិមនុស្សដែលគួរឲ្យមានការផ្សារភ្ជាប់គ្នារវាងជនជាតិដើម ភាគតិចហើយសិទ្ធិរបស់ពួកគេគួរត្រូវគោរពនិងចែងផងដែរ។ «ដូច្នេះជារឿងសំខាន់ដែលជនជាតិដើមភាគតិចក្នុងតំបន់អាស៊ានរួមគ្នាដើម្បី ធ្វើឲ្យប្រាកដថាសេចក្តីប្រកាសរបស់អាស៊ានត្រូវបញ្ចូលបញ្ហាសិទ្ធិមនុស្ស របស់ជនជាតិភាគតិច។ ដូច្នេះយើងកំពុងតែធ្វើកិច្ចការងារនេះមុនពេលដែលសេចក្តីប្រកាសនោះត្រូវអនុម័តនៅឆ្នាំនេះ»។ លោកបានថ្លែងថាទិដ្ឋភាពមួយទៀតគឺត្រូវឲ្យមានបញ្ហាគោរពសិទ្ធិមនុស្សរបស់ ជនជាតិភាគតិចក្នុងតំបន់ជារឿងសំខាន់ក្នុងការដាក់បញ្ហាសិទ្ធិមនុស្សជជែក ជាសំខាន់ជាមួយប្រទេសក្នុងអនុមហាតំបន់ទន្លេមេគង្គដែលស.រ.អាបានផ្តួចផ្តើម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិដ្ឋាន សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ននិងការអភិវឌ្ឍ។ លោក Joshua បានអះអាងថាសហព័ន្ធខ្មែរកម្ពុជាក្រោមនិងម៉ុងតាញ៉ាបានជួប ពិភាក្សាអំពីរឿងនេះជាមួយស.រ.អាក្នុងការរួបរួមក្រុមជនជាតិភាគតិចនៅវៀតណាមជាមុនរួចបន្តរួបរួមគ្នាក្នុងតំបន់តែម្តងដូចជាជនជាតិភាគតិចនៅប្រទេស ឡាវ និងថៃ៕ This posting includes an audio/video/photo media file: Download Now |
ពិរុទ្ធជនហង្ស វុទ្ធីត្រឡប់ចូលគុកវិញបន្ទាប់ពីរត់គេច៦ឆ្នាំ Posted: 25 Apr 2012 09:40 PM PDT បន្ទាប់ពីបានចេញសារភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ហង្ស វុទ្ធី ហៅយមរាជត្រូវបានតុលាការក្រុងភ្នំពេញបានសម្រេចឃុំឃាំងភ្លាមៗនៅពន្ធនាគារព្រៃស។ ហង្ស វុទ្ធី ត្រូវបានតុលាការបានកាត់ទោសកំបាំងមុខនៅក្នុងករណីបទឧក្រិដ្ឋធំៗចំនួនបួន ដែលរួមមានរឿងក្តីចោទប្រកាន់លើករណីបាញ់សម្លាប់ចៅក្រមសុខ សេដ្ឋាមុនី ករណីបាញ់សម្លាប់លោកអ៊ំ តារាវុធ អតីតប្រធានសាខាអគ្គិសនីចក្រអង្រែ ការប៉ុនប៉ុងធ្វើឃាតលោកឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេស និងករណីលួចរត់ចេញពីពន្ធនាគារព្រៃស កាលពីខែមិថុនាឆ្នាំ២០០៦។ ហង្ស វុទ្ធី ឬហៅទិវា១៦ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបរយៈពេល៥១ឆ្នាំ។ លោក កៅ ស៊ូផា មេធាវីកាពារក្តីលោកហង្ស វុទ្ធី បាននិយាយថាតុលាការពុំទាន់បានផ្តល់សាលាក្រមកំបាំងមុខសម្រាប់ពិរុទ្ធជនហង្ស វុទ្ធី នៅឡើយទេ។ លោកបានមានប្រសាសន៍ថានៅពេលដែលតុលាការផ្តល់សាលក្រមកំបាំងមុខ លោកនឹងពិចារណាជាមួយកូនក្តីរបស់លោក ដើម្បីប្តឹងទាស់ទៅនឹងសាលាឧទ្ធរណ៍។ «ជាគោលការណ៍យើងឥតមានគម្រោងអីទេ។ យើងរង់ចាំតុលាការជូនដំណឹងអំពីសាលក្រមកំបាំងមុខទៅឲ្យលោកហង្ស វុទ្ធី។ ពេលហ្នឹងយើងនឹងពិចារណាថា តើប្តឹងទាស់ ឬក៏ប្តឹងឧទ្ធរណ៍ចំពោះសាលក្រមហ្នឹង»។ មន្ត្រីតុលាការក្រុងភ្នំពេញនៅថ្ងៃចន្ទនេះមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបាននិយាយថាលោកកំពុងជាប់រវល់ប្រជុំ។ ហង្ស វុទ្ធី បានចេញមុខសារភាពកាលពីថ្ងៃសុក្រ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់មជ្ឈដ្ឋានទូទៅ ជាពិសេសសមត្ថកិច្ច។ ហង្ស វុទ្ធី បានផ្តល់បទសម្ភាសន៍ជាពិសេសមួយជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកនៅមុនពេលចេញសារភាពថាមូលហេតុដែលគាត់សម្រេចចិត្តចេញសារភាព ដោយសារតែគាត់ចង់ឲ្យតុលាការជួយរកយុត្តិធម៌ចំពោះរឿងក្តីនេះ។ ហង្ស វុទ្ធី និយាយថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ទេ។ «ខ្ញុំចូលមកវិញដើម្បីឲ្យតុលាការរកយុត្តិធម៌ឲ្យខ្ញុំផង ហើយរឿងដែលគេចោទថាខ្ញុំបាញ់ចៅក្រមសុខសេដ្ឋាមុនី គឺមិនបានប្រព្រឹត្តទេ ហើយរឿងថាខ្ញុំតាមធ្វើឃាតឧត្តមសេនីយ៍សៅ សុខា ក៏ខ្ញុំឥតមានដែរ ព្រោះគាត់ជាមេរបស់ខ្ញុំ។ ហើយថាតាមធ្វើឃាតអ៊ុក សាវុធ ឥតមានទេ ហើយថាគឹម តារាវុធ ក៏ខ្ញុំឥតមានដែរ»។ លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាននិយាយថាករណីហង្ស វុទ្ធី ត្រូវបានតុលាការសម្រេចវិនិច្ឆ័យទោសរួចហើយពាក់ព័ន្ធនឹងបទឧក្រិដ្ឋធំៗមួយចំនួន ហើយការបដិសេធរបស់ហង្ស វុទ្ធី គឺជាការមិនពិត។ លោកបានមានប្រសាសន៍ថាអ្វីដែលសមត្ថិកច្ចកំពុងតែតាមដានបន្តទៀតនេះគឺរកមូលហេតុពិតដែលនាំឲ្យហង្ស វុទ្ធី ចេញមុខសារភាពជាសាធារណៈ បន្ទាប់ពីលោកបានរត់ចេញពីពន្ធនាគារអស់រយៈពេល៦ឆ្នាំ។ «កន្លងមកយើងកំពុងតែពិចារណា ធម្មតាមនុស្សដែលរត់រួចយូរហើយ ម្តេចក៏ត្រឡប់មកវិញ។ អីញ្ចឹងយើងកំពុងតែគិតថាហេតុអ្វីបានជាគាត់ត្រឡប់មកសារភាពអីញ្ចឹង!»។ ហង្ស វុទ្ធី ហៅយមរាជ អតីតនាយរងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលកុ្រងភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០០៦ ជាមួយនឹងមន្ត្រីប៉ូលិសចំនួនបួនរូបផ្សេងទៀត ដែលរួមមានហង្ស វុត្ថា ប្អូនប្រុសរបស់ហង្ស វុទ្ធី គង់ សុផល ហៅ អំ សំខេង និងព្រំ សោភារិទ្ធ នៅក្នុងករណីជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកសុខ សេដ្ឋាមុនី អតីតចៅក្រមនៃតុលាការក្រុងភ្នំពេញកាលពីខែមេសាឆ្នាំ២០០៣៕ This posting includes an audio/video/photo media file: Download Now |
យមរាជឃាតករដៃហែកគុករត់ធ្វើសន្និសីទព័ត៌មាន Posted: 25 Apr 2012 09:51 PM PDT ហង្ស វុទ្ធី ហៅទិវា១៦ ឬយមរាជ អតីតមន្ត្រីប៉ូលិសមួយរូបដែលស្និទ្ធនឹងហេង ពៅ អតីតស្នងការប៉ូលិសក្រុងភ្នំពេញបានចេញមុខសារភាពជាសាធារណៈដ៏គួរឲ្យភ្ងាក់ផ្អើលនៅសុក្រនេះ តាមរយៈអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ បន្ទាប់ពីលោកបានបាត់ខ្លួនអស់រយៈពេលប្រាំមួយឆ្នាំ។ កាលពីអំឡុងឆ្នាំ២០០៦ នៅក្នុងព្រឹត្តិការណ៍ហែកគុកមួយមានមនុស្សចំនួនប្រាំនាក់ ដែលរួមមានហង្ស វុទ្ធី ហៅយមរាជ បានហែកគុកចេញពីពន្ធនាគារព្រៃស។ ចាប់តាំងពីហង្ស វុទ្ធីបានហែកគុករួចមក ដំណឹងពីសុវត្ថិភាពរបស់គាត់បានបាត់អស់រយៈពេលប្រាំមួយឆ្នាំ។ មជ្ឈដ្ឋានទូទៅបានសង្ស័យថាយមរាជ ប្រហែលជាបានស្លាប់បាត់បង់ជីវិតទៅហើយ។ យមរាជ ឆ្នាំនេះអាយុ៤៣ឆ្នាំ មានសក់ល្បាយអាចន៍ខ្លា។ យមរាជបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯទីស្នាក់ការអង្គការលីកាដូថា បន្ទាប់ពីខ្លួនបានហែកគុកចេញខ្លួនបានទៅរស់នៅធ្វើជាកម្មករអូសរទេះ នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងធ្វើជាកម្មករនេសាទនៅក្នុងខេត្តកំពត។ «អ្វីដែលខុំសង្ស័យ គឺពេលដែលរត់ចេញគឺឡើងតាមប៉ុស្តិ៍យាម។ ឡើងនិយាយត្រង់គឺដើរកាត់ឆ្លងតាមប៉ុស្តិ៍យាមកាន់អង្រឹងហ្នឹងតែម្តង។ អង្រឹងហ្នឹងគឺគ្រាន់តែគេចងបញ្ឆោតទេ។ គេដាក់ខ្នើយឱប គេដាក់ខ្នើយនៅហ្នឹង ដើម្បីធ្វើដូចមានមនុស្សដេកអីញ្ចឹង ហើយសែបអង្គុយលេងបៀរនៅឯក្លោងទ្វាមុខ។ មុខអាទ្វាទី១នេះ ចង្ងាយពីសែបលេងបៀរហ្នឹងប្រហែលជា ១០ម៉ែត្រហ្នឹង។ ចុះហេតុអ្វីបានជាសែបឥតដឹង»។ យមរាជបាននិយាយថា ការហែកគុកចេញនេះគឺជាគម្រោងរៀបចំទុកជាមុន ហើយមានអ្នកទោសបួននាក់ផ្សេងទៀត ដែលខ្លួនបានអះអាងថាឈ្មោះ សឹង វែង អាយួន ជនជាតិវៀតណាម និងអាចាម ជនជាតិចាម ជាអ្នកអារចំរឹងដែកឲ្យខ្លួនរត់ចេញពីពន្ធនាគារ។ គាត់បានមានប្រសាសន៍ថា គាត់មិនបានអារចំរឹងដែកដោយផ្ទាល់ខ្លួនទេ។ ក៏ប៉ុន្តែនៅពេលដែលអ្នកទោសផ្សេងទៀតដែលកំពុងអារនោះ មានអ្នកទោសម្នាក់ទៀត បានយកកាំបិតមកផ្ចង់ករបស់គាត់ឲ្យរត់ចេញពីពន្ធនាគារជាមួយគ្នា។ គាត់បានមានប្រសាសន៍ថាបើលោកប្រកែក គាត់នឹងត្រូវបានគេអារកសម្លាប់ចោល។ គាត់និយាយថាបន្ទប់ឃុំឃាំងរបស់គាត់មានអ្នកទោសចំនួន ២៧នាក់ ហើយអ្នកទោសដែលមិនបានរត់ចេញពីពន្ធនាគារនៅពេលនោះ ត្រូវបានចាប់ចងទាំងអស់លើកលែងតែអ្នកទោសប្រាំនាក់តែប៉ុណ្ណោះ។ គាត់បានមានប្រសសាន៍ទៀតថា នៅពេលដែលហែកគុកចេញពីពន្ធនាគារគ្មានអនុរក្សយាមកាមយ៉ាងមាំទាំទេ ហើយមានរថយន្តមួយគ្រឿងចតនៅចាំខាងក្រៅពន្ធនាគារ ដោយបានស្រែកសួររកឈ្មោះគាត់ ហើយគាត់មិនបានប្រាប់ឈ្មោះទេ រួចហើយក៏បានគេចខ្លួនចេញជារៀងរហូត។ «គេស្រែកសួររហូត អាធីវាទៅៗហើយ។ ដល់ពេលហ្នឹងអាមួយទៀតវាថា បើឯងឃើញមិនបាច់ទុកទេ។ ឃើញដាក់ចោលៗ។ ដល់អីញ្ចឹងកន្លែងហ្នឹងធ្វើឲ្យខ្ញុំភ័យ បានជាខ្ញុំរត់ដល់សព្វថ្ងៃហ្នឹង។ ខ្ញុំនឹកឃើញថា បើសិនជាខ្ញុំឥតគេចខ្លួនចេញទេពីកន្លែងហ្នឹងគឺខ្ញុំត្រូវស្លាប់។ អីញ្ចឹងបានជាខ្ញុំគេចចេញ។ ខ្ញុំនឹកឃើញថា គេចសិន។ បើសិនជាមានឱកាសល្អ ខ្ញុំនឹងចូលមកប្រាប់គេថា ខ្ញុំឥតមានធ្វើអីទេ បានខ្ញុំចូលមក»។ មន្ត្រីជាន់ខ្ពស់សំខាន់ៗ របស់រដ្ឋាភិបាលដែលរួមមានលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅព្រលប់ថ្ងៃសុក្រនេះ។ លោក កៅ ស៊ូផា មេធាវីការពារក្តីរបស់យមរាជបាននិយាយថាលោកសង្ឃឹមថាកូនក្តីរបស់លោកនឹងមានសុវត្ថិភាព បន្ទាប់ពីបានចេញចេញមកសារភាពមកសាធារណៈ។ «ខ្ញុំគិតថាចំពោះការព្រួយបារម្ភ វាចេះតែមានហើយ ប៉ុន្តែមកដល់ម៉ោងនេះ វេលានេះ ពេលនេះគឺខ្ញុំគិតថាប្រហែលជាមិនមានអ្នកចេញមុខហ៊ានធ្វើបាបគាត់ទេ។ ពីព្រោះអីគាត់មកសារភាព។ គាត់មកនិយាយរឿងពិត»។ លោក អំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូបាននិយាយថាយមរាជ គួរតែត្រូវបានការពារសុវត្ថិភាព។ លោកបានមានប្រសាសន៍ទៀតថាអង្គការរបស់លោកនឹងតាមមើលដំណើរការរឿងក្តីនេះ។ «ខ្ញុំគិតថា បើសិនជាគាត់សារភាព ហើយគាត់ត្រូវបានគេឃុំនៅពន្ធនាគារវិញ។ ខ្ញុំថាកន្លែងពន្ធនាគារហ្នឹងគឺជាកន្លែងសុវត្ថិភាពហើយ។ ហើយបើសិនជាមានការធ្វើទុក្ខបុកម្នេញ ឬក៏ធ្វើទារុញកម្មណាទៀតនោះ យើងនឹងតាមដានមើលរាល់ករណីទាំងអស់នេះពីព្រោះអីលីកាដូ យើងមានកម្មវិធីចុះស្រាវជ្រាវពន្ធនាគារដើម្បីថាឃ្លាំមើលសិទ្ធិអ្នកទោសហ្នឹងផងដែ»។ ហង្ស វុទ្ធី ហៅយមរាជ ត្រូវបានតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ រួមជាមួយនឹងហេង ពៅ អតីតស្នងការប៉ូលិសក្រុងភ្នំពេញ លី រ៉ាស៊ី និងអ៊ំ សំខេង ពីបទសម្លាប់អតីតប្រធានសាខាអគ្គិសនីក្រុងភ្នំពេញគឺលោក គឹម តារ៉ាវុធ កាលពីឆ្នាំ២០០៥។ ហង្ស វុទ្ធី ហៅយមរាជត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធំៗមួយចំនួន ជាមួយនឹងហេង ពៅ រួមមានអំពើឃាតកម្ម បង្ខាំងមនុស្សខុសច្បាប់ និងចាប់ជំរិត កាលពីហេង ពៅ ជាស្នងការប៉ូលិសក្រុងភ្នំពេញ៕ This posting includes an audio/video/photo media file: Download Now |
អ្នកនាំសារនួន ជា ថានួន ជាមិនសាហាវ Posted: 25 Apr 2012 09:58 PM PDT អតីតកងការពាររបស់នួន ជា បានអះអាងនៅថ្ងៃសុក្រនេះថា នួន ជា គឺជាមនុស្សល្អ និងមិនមែនជាមនុស្សសាហាវនោះទេ។ លោកសូត្រ ទឿង អតីតអ្នកការពារសុវត្ថិភាព ឬអង្គរក្សរបស់បងធំទី២នៃរបបខ្មែរក្រហមបាននិយាយយ៉ាងដូច្នេះក្នុងសវនាការនៃសំណុំរឿង០០២ ដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។ «ពេលដែលគាត់ដឹកនាំមិនមែនសាហាវទេគឺល្អ។ ត្រឹមត្រូវដែរ។ ប៉ុន្ដែក្រៅពីនោះខ្ញុំមិនដឹងដែរ។ អប់រំក៏ល្អដែរដើម្បីមហាជនល្អ»។ សេចក្ដីអះអាងនេះធ្វើឡើងបន្ទាប់ពីមានសំណួរដេញដោលរបស់លោកសុន អារុណ សហមេធាវីកម្ពុជារបស់ជនជាប់ចោទ នួន ជា។ អតីតប្រធានសភាខ្មែរក្រហមរូបនេះមានវត្តមានក្នុងសវនាការជាមួយនឹងជនជាប់ចោទពីរនាក់ផ្សេងទៀត គឺអៀង សារី បងធំទី៣ និងខៀវ សំផន អតីតប្រមុខរដ្ឋនៃសម័យកម្ពុជាប្រជាធិបតេយ្យ។ ជនជាប់ចោទទាំងបីត្រូវនាំខ្លួនយកមកកាត់ទោសទាក់ទងនឹងការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោក សូត្រ ទឿង បាននិយាយនៅក្នុងសវនាការថា ខ្លួនបានធ្វើការជាប់ជាមួយនឹងនួន ជា ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ កាលពីម្សិលមិញសាក្សីដដែលបានបញ្ជាក់ថា ខ្លួនបាននាំសំបុត្រ និងឯកសារពីនួន ជា ទៅឲ្យឌុច ប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង និងនាំសារពី ឌុច មកឲ្យនួន ជា វិញ។ ឌុច ធ្លាប់បានផ្តល់សក្ខីកម្មថា នួន ជា បានធ្វើជាអ្នកគ្រប់គ្រងរបស់គាត់ជំនួស សុន សេន អតីតរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ នួន ជា មានសិទ្ធិបញ្ជាឲ្យចាប់ខ្លួន និងបញ្ជាឲ្យសម្លាប់មនុស្សនៅក្នុងគុកទួលស្លែង។ ឌុច បន្ថែមថា នួន ជា បានដាក់បញ្ជាឲ្យខ្លួនសម្លាប់អ្នកទោសក្នុងគុកទួលស្លែងឲ្យអស់មុនពេលដែលកងទ័ពវៀតណាមចូលកាន់កាប់ក្រុងភ្នំពេញនៅដើមខែមករា ឆ្នាំ១៩៧៩។ ប៉ុន្ដែនួន ជា កាលពីថ្ងៃពុធ បានច្រានចោលទឡ្ហីករទាំងនេះ ហើយចាត់ទុកថា ឌុច បានចោទប្រកាន់លើរូបគាត់ដោយអយុត្តិធម៌។ លោកមេធាវី សុន អារុណ បានព្យាយាមសួរសាក្សីអំពីការទាក់ទិនរបស់កូនក្ដីផងខ្លួនក្នុងឧក្រិដ្ឋកម្មលើពលរដ្ឋខ្មែរខាងលើ។ ប៉ុន្ដែសាក្សី លោក សូត្រ ទឿង លើកឡើងថា គាត់មិនបានដឹង មិនដែលឮពីការបញ្ជារបស់នួន ជាឲ្យចាប់និងបញ្ជូនមនុស្សទៅកាន់មន្ទីរ ស-២១ ទៅឲ្យឌុចនោះទេ។ ក្រុមមេធាវីការពារក្ដីរបស់ខៀវ សំផន មិនបានសួរសាក្សីទេដោយសំអាងថា សាក្សីមិនបានបង្ហាញការជាប់ពាក់ព័ន្ធជាមួយកូនក្ដីរបស់ខ្លួន។ ដោយឡែកសហមេធាវីកម្ពុជារបស់ អៀង សារី លោក អាង ឧត្តម បានសួរលោក សូត្រ ទឿង អំពីទីតាំងមួយចំនួននៅសម័យខ្មែរក្រហម និងការរត់សំបុត្រ និងឯកសារដែលទាក់ទងកូនក្ដីរបស់ខ្លួន និងខៀវ សំផន។ លោក សូត្រ ទឿង និយាយថា គាត់មិនដែលរត់សំបុត្រ ឬឯកសាររបស់អៀង សារី និង ខៀវ សំផន ទេ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |