VOA News: ព័ត៌មាន: “ស.រ.អានឹងបញ្ជូនកងទ័ពជើងទឹក៩ពាន់នាក់ចេញពីកោះអូគីណាវ៉ារបស់ជប៉ុន” plus 5 more |
- ស.រ.អានឹងបញ្ជូនកងទ័ពជើងទឹក៩ពាន់នាក់ចេញពីកោះអូគីណាវ៉ារបស់ជប៉ុន
- របាយការណ៍គូសបញ្ជាក់អំពីថាតើត្រូវផ្តល់អាហារជូនពលរដ្ឋពិភពលោកដែលកំពុងកើនឡើងនិងកើនកំដៅយ៉ាងដូចម្តេច
- ប្រធានថ្មីរបស់ធនាគារពិភពលោក អាចជួបប្រទះបញ្ហាប្រឈមជាច្រើន
- អង្គការសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតលើករណីសម្លាប់សកម្មជនឈុត វុទ្ធី
- ហេឡូវីអូអេ ២៧ មេសា ២០១២៖ អំពើពុករលួយនិងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា
- ពិធីរំលឹកខួបថ្ងៃទី១៧ មេសាផ្តល់ឱកាសដល់យុវជនខ្មែរអាមេរិកាំងយល់ដឹងពីរបបខ្មែរក្រហម
ស.រ.អានឹងបញ្ជូនកងទ័ពជើងទឹក៩ពាន់នាក់ចេញពីកោះអូគីណាវ៉ារបស់ជប៉ុន Posted: 27 Apr 2012 08:57 AM PDT កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រមាណ៩ពាន់នាក់ នឹងត្រូវបញ្ជូនចេញពីកោះអូគីណាវ៉ា (Okinawa) នៃប្រទេសជប៉ុន ទៅកាន់ទីកន្លែងផ្សេងៗទៀតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៅក្រោមកិច្ចព្រមព្រៀងរួមគ្នាមួយរវាងសហរដ្ឋអាមេរិកនិងជប៉ុន។ កិច្ចព្រមព្រៀងនោះបានត្រូវប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងតូក្យូ។ កងទ័ពជើងទឹកទាំងនោះ នឹងត្រូវរើទៅកាន់កោះហាវ៉ៃ (Hawaii) នៃដែនដីហ្គាម (Guam) របស់សហរដ្ឋអាមេរិកនិងប្រទេសអូស្រ្តាលី។ សេចក្តីប្រកាសនោះ មិនបានប្រាប់ថាតើពេលណាកងទ័ពជើងទឹកទាំងនោះ នឹងត្រូវចាកចេញទេ។ រដ្ឋាភិបាលទីក្រុងតូក្យូ ត្រូវបង់ប្រាក់៣ពាន់១រយលានដុល្លារសម្រាប់សោហ៊ុយដែលគេបានប៉ាន់ប្រមាណថាមានទំហំទឹកប្រាក់៨.៦ពាន់លានដុល្លារដើម្បីរើទៅកាន់ទីតាំងថ្មីនៅកោះហ្គាម។ កិច្ចព្រមព្រៀងនោះ មានគោលបំណងសម្រាលភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២លើបញ្ហាវត្តមានយោធាដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកនៅលើកោះអូគីណាវ៉ា ដែលបានក្លាយជាប្រភពនៃការខឹងសម្បាកាន់តែខ្លាំងឡើងដល់ពួកប្រជាជនក្នុងតំបន់ដែលនិយាយថាទីតាំងកងទ័ពនេះ បានធ្វើឲ្យមានសំឡេងរំខាន ការបំពុលនិងឧក្រិដ្ឋកម្ម។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ការផ្ទុះយ៉ាងខ្លាំងបានធ្វើឲ្យរង្គើរដ្ឋធានីនៃប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ នៅពេលដែលពួកមន្រ្តីអង្គការសហប្រជាជាតិ រង់ចាំពួកអ្នកសង្កេតការណ៍បទឈប់បាញ់គ្នាកាន់តែច្រើនឡើងថែមទៀតដែលនឹងមកដល់ក្នុងប្រទេសនេះ។ អាហ្រ្វិកខាងលិច៖ ប្លុកតំបន់អាហ្វ្រិកខាងលិច (ECOWAS) ប្រាប់ឲ្យដឹងថាខ្លួន នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសម៉ាលីនិងប្រទេសហ្គីណេប៊ីស្សូ (Guinea Bissau) ដើម្បីឃ្លាំមើលអន្តរកាលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីពេលថ្មីៗនេះ។ ស.រ.អា៖ កាលពីថ្ងៃព្រហស្បតិ៍នេះ សេតវិមានប្រាប់ឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីការគម្រាមកំហែងធំដុំដែលសហរដ្ឋអាមេរិកប្រឈមមុខមុនពេលខួបលើកទីមួយនៃការសម្លាប់អតីតមេដឹកនាំ អាល កៃដា (al–Qaida) លោក អូសាម៉ា ប៊ីន ឡាដេន (Osama bin Laden) នៅក្នុងប្រទេសប៉ាគីស្ថាននោះទេ។ កូរ៉េខាងជើង៖ អ្នកវិភាគជាតិអាល្លឺម៉ង់២នាក់ និយាយថាកាំជ្រួចផ្លោងអន្តរទ្វីបដែលបានបញ្ចេញក្នុងក្បួនព្យុះហយាត្រាកូរ៉េខាងជើងនៅដើមខែនេះជារបស់ក្លែងក្លាយ។ ប៉ាគីស្ថាន៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក យ៉ូស៊ឺប រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បានបដិសេធនៅថ្ងៃសុក្រនេះ ពីការចុះចេញពីតំណែងមួយថ្ងៃបន្ទាប់ពីតុលាការកំពូលបានរកឃើញកំហុសរបស់លោក ពីការមិនគោរពតុលាការចំពោះការមិនបើករឿងក្តីពុករលួយឡើងវិញប្រឆាំងនឹងប្រធានាធិបតី លោក អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari)។ លីបេរីយ៉ា៖ សហគមន៍អន្តរជាតិកំពុងស្វាគមន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកាត់ក្តីឲ្យអតីតប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា លោក ឆាលីស ថេឡឺ (Charles Taylor) ជាប់ទោសពីបទផ្តល់ជំនួយនិងជំរុញឲ្យមានឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មផ្សេងទៀតប្រឆាំងនឹងមនុស្សជាតិក្នុងប្រទេស សៀរ៉ាឡេអូន (Sierra Leone)។ ដាណឺម៉ាក៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសដាណឺម៉ាក ប្រាប់ឲ្យដឹងថាបុរស៣នាក់ត្រូវបានចាប់ខ្លួននៅជិតរដ្ឋធានីនេះ ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្ម។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 27 Apr 2012 07:56 AM PDT យោងតាមក្រុមអ្នកស្រាវជ្រាវឆ្នើមៗផ្នែកកសិកម្ម បានបង្ហាញថា ប្រព័ន្ធស្បៀងអាហាររបស់ពិភពលោក លែងមានតុល្យភាពប្រកបដោយភាពគ្រោះថ្នាក់ ហើយបញ្ហាសន្តិសុខស្បៀង មានតែកើនឡើង ខណៈដែលចំនួនពលរដ្ឋកើនឡើងនិងបរិយាកាសប្រែប្រួល។ នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយ មុនពេលមានសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ រីអូ ២០ (Rio +20 U.N. sustainable development conference) ក្រុមអ្នកជំនាញបានផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ផ្តល់អាហារជូនប្រជាពលរដ្ឋពិភពលោកដែលកំពុងកើនកំដៅនេះ។ របាយការណ៍ថ្មីមួយ ដែលសរសេរដោយក្រុមអ្នកជំនាញមកពីប្រទេសចំនួន១៣ បានគូសបញ្ជាក់អំពីភាពប្រទាំងប្រទើសជាច្រើនទៅលើស្ថានភាពស្បៀងអាហាររបស់ពិភពលោក នាពេលសព្វថ្ងៃនេះ។ លោក ម៉ូលី ចន (Molly Jahn) សមាជិកនៃគណៈកម្មាការស្តីពីកសិកម្មប្រកបដោយចិរភាព និងបម្រែបម្រួលអាកាសធាតុ និងជាក្សេត្រវីទូនៃសកលវិទ្យាល័យ វីសខន់ស៊ីន (University of Wisconsin) ក្នុងទីក្រុងម៉ាឌីសុន (Madison) បានចង្អុលបង្ហាញអំពីអតុល្យភាពជាមូលដ្ឋាននេះ៖ «យើងមានប្រជាពលរដ្ឋមួយពាន់លាននាក់នៅលើផែនដីនេះ ដែលស្បៀងអាហារគ្មានស្ថិរភាព ហើយមួយពាន់លាននាក់ទៀតដែលកំពុងទទួលរងនូវការលើសជីវជាតិ។ យើងប្រហែលជាមានពីរពាន់លាននាក់ ដែលខ្វះខាតអាហារូបត្ថម។» លោក ចន មានប្រសាសន៍ថា ស្របពេលជាមួយគ្នានេះដែរ មួយភាគបីនៃស្បៀងអាហារ ដែលផលិតសម្រាប់មនុស្សទទួលទាន ត្រូវបានខ្ជះខ្ជាយ។
ទន្ទឹមនឹងនេះដែរ ផលិតផលកសិកម្ម ក្លាយជាចំណែកមួយដ៏សំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ដែលបញ្ចេញសារជាតិដែលបង្កឲ្យមានអាកាសធាតុបំផ្លាញផលដំណាំជាញឹកញាប់។
ដោយមានប្រជាពលរដ្ឋចំនួនពីរពាន់លានបន្ថែមទៀត តាមការប៉ាន់ស្មាន ដែលត្រូវផ្តល់អាហារនៅត្រឹមឆ្នាំ២០៥០ ហើយកំណើនប្រជាពលរដ្ឋមានទ្រព្យសម្បត្តិ ដែលទទួលទានអាហារច្រើនជាងមុន គណៈកម្មាការ បានឲ្យដឹងថា សម្ពាធទៅលើប្រព័ន្ធស្បៀងអាហារ ទំនងជាហួសពីអ្វីដែលផែនដីអាចទ្រទ្រង់បាន។
លោក ម៉ូលី ចន និយាយថា របាយការណ៍នេះគូសបញ្ជាក់អំពីដំណោះស្រាយមួយចំនួន ដើម្បីដឹកនាំពិភពលោកឆ្ពោះទៅរកសុវត្ថិភាពស្បៀងអាហារ នៅពាក់កណ្តាលសតវត្សរ៍នេះ ដែលទាមទារការចូលរួមក្នុងសកម្មភាពនៅគ្រប់ជាន់ថ្នាក់ទាំងអស់។
«ដោយរាប់ចាប់តាំងពីសកម្មភាពក្នុងមូលដ្ឋានដែលមានទ្រង់ទ្រាយតូច ដែលនឹងចូលរួមទទួលបាននូវស្បៀងអាហារដែលមានគុណភាពល្អជាងមុន និងច្រើនជាងមុន នៅក្នុងចំណែកដីប៉ុនគ្នាឬតូចជាងមុន ទៅដល់លទ្ធផលជាសកល ដែលត្រូវធ្វើទៅតាមអ្វីដែលយើងគ្រប់គ្រង ឧទាហរណ៍ ការធ្វើជំនួញលើមុខទំនិញនានា។» របាយការណ៍នេះ ផ្តល់អនុសាសន៍ឲ្យមានការជំរុញផលិតភាពរបស់កសិករខ្នាតតូច ដើម្បីបង្កើនការផ្គត់ផ្គង់ស្បៀងអាហារ និងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ របាយការណ៍ក៏បញ្ជាក់ដែរថា ផលិតភាពនោះ ត្រូវតែបង្កើនដោយមិនធ្វើប៉ះពាល់បន្ថែមទៀតទៅលើបរិស្ថានដែលកំពុងស្ថិតក្នុងភាពខ្ទេចខ្ទាំ រួចទៅហើយឡើយ។ នោះមានន័យថា បង្កើនបរិមាណស្បៀងអាហារកាន់តែច្រើន ដោយមិនចាំបាច់កាប់ព្រៃឈើច្រើនជាងនេះ ឬក៏ប្រើប្រាស់ជីគីមីហួសកម្រិតដែរ ដែលកត្តាទាំងពីរនេះ អាចរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ របាយការណ៍នេះ ក៏បានឲ្យដឹងទៀតថា សេចក្តីត្រូវការស្បៀងអាហារអាចកាត់បន្ថយបាន តាមរយៈការបន្ថយភាពខ្ជះខ្ជាយអាហារ និងជំរុញឲ្យមានទម្លាប់ពិសារអាហារពោរពេញទៅដោយសុខភាពល្អដែលមានដាក់សាច់តិចតួច។ របាយការណ៍នេះ សង្កត់ធ្ងន់ដោយបង្ហាញករណីសិក្សា ដែលគូសបញ្ជាក់ពីភាពជោគជ័យរបស់អនុសាសន៍នីមួយៗ ចាប់ពីប្រទេសបង់ក្លាដេស (Bangladesh) រហូតដល់ប្រទេសប្រេស៊ីល (Brazil)។ របាយការណ៍នេះបានបន្ថែមទៀតថា ការធ្វើឲ្យអនុសាសន៍ទាំងនោះក្លាយទៅជាការពិត ទាមទារឲ្យមានការប្តេជ្ញាចិត្តយ៉ាងធំធេង ដែលរាប់ចាប់តាំងពីមនុស្សម្នាក់ ពីអ្នកតាក់តែងច្បាប់ រហូតដល់ផ្នែកឯកជន និងការវិនិយោគទុននៅទូទាំងសកលលោកយ៉ាងធំធេងជាងមុន ទៅលើវិស័យកសិកម្មប្រកបដោយចិរភាព៕ ប្រែសម្រួលដោយ សៀក អេង This posting includes an audio/video/photo media file: Download Now |
ប្រធានថ្មីរបស់ធនាគារពិភពលោក អាចជួបប្រទះបញ្ហាប្រឈមជាច្រើន Posted: 27 Apr 2012 07:39 AM PDT លោកប្រធានាធិបតី អូបាម៉ា បានតែងតាំង លោកជីម យ៉ុង គីម (Jim Yong Kim) នាយកនៃមហាវិទ្យាល័យដាតម៉ោត ខូឡិក (Dartmouth College) ឲ្យធ្វើជាប្រធានបន្ទាប់របស់ធនាគារពិភពលោក។ តាំងពីឆ្នាំ១៩៤៤មក ពលរដ្ឋអាមេរិកាំង តែងតែដឹកនាំស្ថាប័ននេះ។ ប៉ុន្តែដោយសារតែឥទ្ធិពលកើនឡើងនៃសេដ្ឋកិច្ចដែលទើបងើបឡើង ប្រទេសកាន់តែច្រើន ប្រាថ្នាចង់មានឥទ្ធិពលទៅលើថាតើធនាគារពិភពលោកធ្វើកិច្ចការយ៉ាងដូចម្តេច។ បណ្ឌិត គីម ជាបេក្ខជនម្នាក់ក្នុងចំណោមបីរូបសម្រាប់ដំណែងប្រធានធនាគារពិភពលោក។ លោក ជាវេជ្ជបណ្ឌិត និងជាអតីតមន្ត្រីអង្គការសុខភាពពិភពលោក(World Health Organization)។ បេក្ខជនដទៃទៀត រួមមាន លោក ង៉ូហ្ស៊ី អូកុនចូ អ៊ិវេអាឡា (Ngozi Okonjo-Iweala) រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ា និងលោក ចូសេ អានតូនីញ៉ូ អូកាំប៉ូ (Jose Antonio Ocampo) អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសកូឡុំប៊ី។ ប៉ុន្តែ លោក ហ្វ្រេឌើរិក អេរិកសុន (Fredrik Erixon) និយាយថា ពលរដ្ឋអាមេរិក អាចកាន់តំណែងនេះយ៉ាងងាយស្រួលបំផុត។ លោក អេរិកសុន ជានាយកមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សេដ្ឋកិច្ចនយោបាយអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងប៊្រុសសែល (Brussels)។ «ខ្ញុំគិតថា ការតែងតាំងនេះ ស្ទើរតែជាការព្រមព្រៀងចប់សព្វគ្រប់ទៅហើយ ដែលបេក្ខជនរបស់សេតវិមាន នឹងឡើងកាន់ដំណែង ដោយសារសហរដ្ឋអាមេរិក និងអឺរ៉ុប ទំនងជាយល់ព្រមឲ្យរូបលោកក្លាយជាបេក្ខជន។ នោះមានន័យថា លោក នឹងឈ្នះ។ ប៉ុន្តែ ខ្ញុំគិតថា ដូចបេក្ខជនទាំងពីរនាក់ទៀតដែរ លោក គួរត្រូវបានស្នើសុំឲ្យបង្ហាញនូវអ្វីដែលបេក្ខជនទាំងអស់ មានបំណងចង់បំពេញការងារជាមួយធនាគារពិភពលោក។ ជាពិសេស បេក្ខជនទាំងនោះ គួរតែស្នើសុំឲ្យបង្ហាញថាតើពួកគេចង់ធ្វើកំណែទម្រង់ធនាគារពិភពលោក ដើម្បីធ្វើឲ្យសកម្មឡើងវិញនូវតួនាទីរបស់ធនាគារនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។» លោក មានប្រសាសន៍ថា អ្នកដឹកនាំធនាគារពិភពលោកបន្ទាប់ អាចប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងជាងប្រធានធនាគារមុនៗ។ ឥឡូវនេះ យើងកំពុងស្ថិតក្នុងពេលមួយដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅក្នុងពិភពលោក បានបន្តពង្រីកកំណើនសេដ្ឋកិច្ច នៅចំពេលដែលយើងអាចនិយាយបានថា សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសមហាអំណាចសេដ្ឋកិច្ចមុនៗ កំពុងតែធ្លាក់ចុះ។ ហើយ ជាការពិតណាស់ ប្រការនេះនឹងបន្តជំរុញឲ្យមាននិន្នាការកាន់តែទូលំទូលាយជាងមុនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជះឥទ្ធិពលកាន់តែខ្លាំងទៅលើគោលនយោបាយសេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ន។» លោក ក៏មានប្រសាសន៍ដែរថា លោកត្រូវការឥទ្ធិពលបែបនោះ ដើម្បីពង្រីកទៅកាន់ធនាគារពិភពលោក។ ឥឡូវនេះ អ្វីដែលយើងមើលឃើញ ស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលកំពុងស្នើសុំឲ្យមានការផ្លាស់ប្តូរដំណើរការជ្រើសរើសនេះ នៅពេលដែលធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) កំពុងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី។ តាមពិត មានភស្តុតាងអំពីការជ្រើសរើសនេះតាំងពីឆ្នាំមុនម៉្លេះ នៅពេលដែល លោក ដូមិនីក ស្ត្រូសខាន់ (Dominique Strauss-Kahn) បានលាលែងពីដំណែងប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិចំពេលមានរឿងអាស្រូវផ្លូវភេទ។ លោក ត្រូវបានជំនួសដោយ លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) ដែលជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសបារាំង។ ប្រធានមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សេដ្ឋកិច្ចនយោបាយអន្តរជាតិ បានប្រដូចស្ថានភាពនេះ ទៅនឹងការងើបឡើងនូវឥទ្ធិពលរបស់ក្រុមប្រទេស G20 បើប្រៀបធៀបទៅនឹងក្រុមប្រទេស G8។ បច្ចុប្បន្ននេះ ប្រទេសកំពុងអភិវឌ្ឍន៍ បានក្លាយមួយផ្នែកមួយយ៉ាងធំសម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះមានន័យថា រាល់ពេលដែលមេដឹកនាំពិភពលោក ត្រូវជួបជុំគ្នា ដើម្បីពិភាក្សាអំពីគោលនយោបាយថ្មីៗ ដែលប្រទេសទាំងនេះក៏ត្រូវចូលរួមនៅក្នុងតុប្រជុំនោះដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកពិនិត្យមើលអំពីកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១២ វិញ ៧៥ភាគរយកំណើនសេដ្ឋកិច្ចពិភពលោក នឹងស្ថិតនៅខាងក្រៅ «ប្រទេសលោកខាងលិចចាស់ៗ»។ នេះជាពាក្យដែលយើងត្រូវពណ៌នា។ កំណើននេះ បានកើតឡើង ទាំងនៅក្នុងទ្វីបអាស៊ីនិងអាហ្វ្រិក។ អ្នកបន្តដំណែងពីលោក រ៉ូបឺត ហ្សូអេលិក (Robert Zoellick) ត្រូវបានរំពឹងថានឹងប្រកាសឲ្យដឹងនៅក្នុងកិច្ចប្រជុំរបស់ធនាគារពិភពលោក នានិទាឃរដូវ។ កិច្ចប្រជុំនេះ ចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសានេះ៕ ប្រែសម្រួលដោយ គឹង ភិរុណ This posting includes an audio/video/photo media file: Download Now |
អង្គការសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតលើករណីសម្លាប់សកម្មជនឈុត វុទ្ធី Posted: 27 Apr 2012 12:30 AM PDT អង្គការសិទ្ធិមនុស្សជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ដោយរដ្ឋាភិបាលប្រទេសកម្ពុជាអំពីការបាញ់សម្លាប់សកម្មជនសិទ្ធិដីធ្លីខ្មែរដ៏សំខាន់ម្នាក់។ ឈុត វុទ្ធី ដែលជាអ្នកនិយាយរិះគន់ជាសាធារណៈអំពីការកាប់ព្រៃឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវកងអាវុធហត្ថបាញ់ស្លាប់ កាលពីថ្ងៃព្រហស្បត៍នេះ នៅក្នុងឧបទ្ទវហេតុមួយនៅក្នុងខេត្តកោះកុង ជិតតំបន់ព្រៃបរិដ្ឋានមួយដែលមានរឿងចម្រូងចម្រាស់ច្រើន ដែលលោកបានចំណាយពេលជាយូរមកហើយដើម្បីការពារ។ ភូមា៖ ធនាគារពិភពលោកបានសម្រេចបើកការិយាល័យរបស់ខ្លួនជាថ្មីវិញក្នុង ប្រទេសភូមា បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ២៥ ឆ្នាំ នៅពេលដែលប្រទេសនេះធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងយោធា។ ប៉ាគីស្ថាន៖ តុលាការកំពូលប៉ាគីស្ថានបានចេញសេចក្តីវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បត៍ នៅក្រុងអ៊ីស្លាម៉ាបាដសម្រេចកាត់ទោសលោកនាយករដ្ឋមន្រ្តី យូសហ្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បានប្រឆាំងនឹងបទបញ្ជារបស់តុលាការដោយចំហរ ដោយលោកមិនព្រមបើកករណីអំពើពុករលួយប្រឆាំងនឹងលោកប្រធានាធិបតី អាស៊ីហ្វ អាលីហ្សាដារ (Asif Ali Zardari)។ តែតុលាការកំពូលមិនបានកាត់សេចក្តីឲ្យលោកនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារទេ។ អាហ្វហ្គានីស្ថាន៖ ព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីល្ងាចថ្ងៃពុធនេះ ជាឧបទ្ទវហេតុចុងក្រោយបំផុតក្នុងការវាយប្រហារមួយចំនួនទៅលើកងទ័ពអន្តរជាតិដោយទាហានអាហ្វហ្គានីស្ថាន។ អង្គការអូតង់ មិនបានប្រាប់ព័ត៌មានដទៃទៀតទេ តែនិយាយថា បុរសដែលបានបាញ់នេះ ត្រូវប្រហារជីវិតដោយកងកម្លាំងចម្រុះ។ ស៊ីរី៖ បានបន្ទោសពួក«ភេរវករ»ថាជាអ្នកធ្វើឲ្យមានការផ្ទុះដ៏ធំមួយ នៅកណ្តាលទីក្រុង Hama ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ ក្នុងខណៈដែលបទឈប់បាញ់គ្នាក្នុងប្រទេសស៊ីរី ចាប់រលាយបន្តិចម្តងៗទៅវិញដោយសារមានអំពើហិង្សានិងចំនួនមនុស្សស្លាប់កាន់តែច្រើនឡើង។ សហរដ្ឋអាមេរិក៖ ក្រសួងសេវាសម្ងាត់សរអា ហៅ US Secret Service និយាយថា ពួកគេបានដឹងអំពីសេចក្តីរាយការណ៍ដែលថា មានពេលខ្លះទៀតដែលភ្នាក់ងាររបស់ខ្លួន ត្រូវចោទប្រកាន់អំពីការបង់ប្រាក់សម្រាប់សេវាផ្លូវភេទ នៅពេលធ្វើដំណើរទៅបរទេសដើម្បីការពារប្រធានាធិបតី។ នីហ្សេរីយ៉ា៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងការិយាល័យរបស់សារព័ត៌មានដ៏សំខាន់មួយឈ្មោះ ឌីល ដេ (This Day) នៅក្នុងរដ្ឋធានី អាបូចា (Abuja)បានសម្លាប់មនុស្ស ៣ នាក់ នៅពេលដែលការផ្ទុះមយយទៀតនៅជិតការិយាល័យរបស់សារព័ត៌មានដដែលនេះនៅក្នុងទីក្រុង Kaduna នៅភាគខាងជើងប្រទេសបានសម្លាប់មនុស្ស ៤ នាក់ទៀត៕៚ <!--AV--> This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ២៧ មេសា ២០១២៖ អំពើពុករលួយនិងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា Posted: 26 Apr 2012 08:54 PM PDT វាគ្មិនពីររូបមកពីអង្គការតម្លាភាពកម្ពុជាគឺលោក រ័ត្ន សុភ័ណ្ឌ ប្រធានក្រុមប្រឹក្សា ភិបាលនៃអង្គការតម្លាភាពកម្ពុជា និងលោក ព្រាប កុលបានបកស្រាយពីផលប៉ះពាល់អំពីអំពើរពុករលួយ ការរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេស និង ដំណោះ ស្រាយយ៉ាងណាក្នុងការទប់ស្កាត់អំពើពុករលួយ។ វាគ្មិនទាំងពីរបានបញ្ជាក់អំពីបញ្ហាទាំងនេះក្នុងកម្មវិធី ហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី២៦ខែមេសាឆ្នាំ២០១២ដែលមានការពិភាក្សាអំពីប្រធានបទ«អំពើរពុករលួយនិងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា»។ សូមអញ្ជើញស្តាប់កម្មវិធីហេឡូវីអូអេទាំងស្រុងដូចតទៅ៚ <!--AV--> This posting includes an audio/video/photo media file: Download Now |
ពិធីរំលឹកខួបថ្ងៃទី១៧ មេសាផ្តល់ឱកាសដល់យុវជនខ្មែរអាមេរិកាំងយល់ដឹងពីរបបខ្មែរក្រហម Posted: 27 Apr 2012 03:29 AM PDT កាលពីថ្ងៃ១៧មេសាកន្លងទៅនេះប្រជាពលរដ្ឋខ្មែរអាមេរិកនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាបានមកជួបជុំគ្នានៅ មហាវិទ្យាល័យ Long Beach City College ក្នុងពីធីដែលមានឈ្មោះថា Courage to Remember ឬសេចក្តីក្លាហានដើម្បីចងចាំដែលរៀបចំដោយអង្គការសហគមន៍ខ្មែរ។ នៅក្នុងកម្មវិធីនេះ អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានចូលរួមចែករំលែកពីរឿងរ៉ាវបទពិសោធន៍របស់ខ្លួនក៏ដូចជារំលឹកពីសាច់ញាតិដែលបានបាត់បង់ជីវិតក្នុងរបបនោះ។ នេះក៏ជាឱកាសមួយសម្រាប់យុវជនខ្មែរអាមេរិកយល់ដឹងពីរបបខ្មែរក្រហមផងដែរ។ កញ្ញា ប្រិនដា ម៉ន (Brenda Man) ជានិស្សិតនៅសាកលវិទ្យាល័យកាលីហ្វញ៉ាទីក្រុងឡុងប៊ិចនិងជាប្រធានរបស់សមាគមនិស្សិតខ្មែរប្រចាំនៅសាកលវិទ្យាល័យនេះដែរ បានប្រាប់ថាកញ្ញាមកចូលរួមនៅក្នុងពិធីនេះពីព្រោះវាមានសារៈសំខាន់ចំពោះនាង។ «ខ្ញុំមកចូលរួមនៅថ្ងៃនេះដើម្បីចង់ដឹងពីរឿងរ៉ាវរបស់អ្នកដែលគាត់រស់នៅមានជីវិតហើយក៏ចង់ដឹងពីគំនិតរបស់អ្នកដទៃទៀតលើបញ្ហាខ្មែរក្រហមដែរ។ ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការមកចូលរួមពីព្រោះវាជាពេលដែលយើងទាំងអស់គ្នាត្រូវការគ្នាព្រោះវាជាថ្ងៃសំខាន់ហើយវាមានឥទ្ធិពលដល់មនុស្សរាប់លានអ្នក»។ សម្រាប់កញ្ញាប្រិនដា យល់ថាការណ៍ពិតនៃរបបប្រល័យពូជសាសន៍នៅមិនទាន់បានលាតត្រដាងអស់នៅឡើយទេ។ «ខ្ញុំសង្ឃឹមថានឹងបានដឹងពីមូលហេតុនៃរបបនេះហើយតើអ្នកណាខ្លះដឹកនាំរបបនេះក្រៅពីប៉ុលពត ព្រោះយើងនៅមិនទាន់បានដឹងចម្លើយច្បាស់នៅឡើយទេ។ ខ្ញុំដឹងថាយើងចង់បានយុត្តិធម៌ប៉ុន្តែនៅក្នុងអត្តន័យមួយសម្រាប់ខ្ញុំទោះបីជាអ្នកទាំងនោះត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារក៏អ្នកដែលស្លាប់មិនអាចរស់ឡើងវិញហើយអ្នកដែលនៅរស់ នៅតែរស់នៅជាមួយអតីតកាលដែលតាមលងពួកគេដល់សព្វថ្ងៃ។ ហើយសម្រាប់ខ្ញុំជាអ្នកជំនាន់ក្រោយនេះហើយជាស្នាមរបួសដែលនៅជាប់ជានិច្ច។ ឪពុកម្តាយខ្ញុំបានប្រាប់ខ្ញុំនូវរឿងរ៉ាវជាច្រើនប៉ុន្តែវានៅមិនមានចម្លើយគ្រប់គ្រាន់។ ហើយថ្ងៃនេះរំលឹកខ្ញុំថារបបនេះកើតឡើងតែយើងនៅតែមិនមានចម្លើយថាហេតុអ្វីវាកើតឡើង»។ ថ្ងៃទី១៧ខែមេសាឆ្នាំនេះគឺជាខួបទី៣៧ឆ្នាំហើយដែលរបបខ្មែរក្រហមបានឡើងកាន់អំណាចហើយអនុវត្តគោលនយោបាយឃោរឃៅរបស់ពួកគេ និងបានបណ្តាលឱ្យមនុស្សជិតពីរលាននាក់ស្លាប់បាត់បង់ជីវិតដោយការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ធ្វើទារុណកម្មនិងជំងឺដម្កាត់ជាដើម។ លោកស្រី សារ៉ា ផល្លីម ជានាយិការបស់អង្គការសហគមន៍ខ្មែរប្រចាំនៅឡុងប៊ិចសង្ឃឹមថាអ្នកជំនាន់ក្រោយនឹងចងចាំថ្ងៃ១៧ ខែមេសាជារៀងរហូត។ «សង្ឃឹមថាកូនខ្មែរជំនាន់ក្រោយស្គាល់ថាហេតុអ្វីថ្ងៃ១៧មេសាហ្នឹងសំខាន់ ហើយធ្វើឱ្យគេមានកម្លាំងរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅទោះជាបងប្អូនជីដូនជីតាដែលគេមិនដែលបានដឹងក៏គេត្រូវរំលឹកដែរដើម្បីឱ្យវិញ្ញាណក្ខន្ធបានស្ងប់ស្ងៀម។ ហើយឱ្យពួកគេមានចិត្តសង្ឃឹមក្នុងន័យសិទ្ធិមនុស្សជួយយ៉ាងណាកុំឱ្យមានរឿងហ្នឹងកើតឡើងទៀត»។ ជារឿយៗយុវជនខ្មែរអាមេរិកបានឮរឿងរ៉ាវខ្លោចផ្សានៃរបបខ្មែរក្រហមតាមរយៈការនិទានប្រាប់របស់ឱពុកម្តាយពួកគេប៉ុន្តែវាជាការលំបាកក្នុងការស្រមៃឱ្យបានជាក់ច្បាស់ថាហេតុការណ៍នោះ កើតឡើងយ៉ាងណាពិតប្រាកដ និងថាតើឱពុកម្តាយរបស់ពួកគេមានអារម្មណ៍ឈឺចាប់ដល់កម្រិតណា។ លោក រៃមុនដែល មែន (Raimondel Men) ជានិស្សិតនៅ មហាវិទ្យាល័យLong Beach City College ក៏ធ្លាប់បានដឹងពីរឿងរបបប្រល័យពូជសាសន៍តាមរយៈឪពុកម្តាយលោក តែលោកនៅតែចង់ស្តាប់បន្ថែមទៀតពីរឿងរ៉ាវសម័យនោះ។ «ខ្ញុំចង់ស្តាប់រឿងរ៉ាវរបបសម័យនោះបន្តទៀតពីព្រោះខ្ញុំគិតថាអ្នកទាំងនោះនៅមិនទាន់និយាយអស់នៅឡើយ។ ខ្ញុំចង់ឱ្យពួកគាត់ដឹងថាគាត់នៅមានអ្នកយកចិត្តទុកដាក់ចង់ដឹងរឿងរបស់គាត់ដើម្បីឱ្យគាត់បានស្បើយពីអារម្មណ៍ទុក្ខសោក»។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកំពុងកាត់ទោសមេដឹកនាំកំពូលបីរូបនៃរបបប្រល័យពូជសាសន៍ដែលមាននួនជា ខៀវសំផននិង អៀងសារី ហើយការកាត់ទោសនេះនឹងបន្តយ៉ាងហោចណាស់ក៏ជិតពីរឆ្នាំទៀតដែរ។ មានតែមេដឹកនាំម្នាក់គឺកាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានគុកទួលស្លែងត្រូវបានតុលាការកាត់ឱ្យជាប់ទោសមួយជីវិត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |