VOA News: ព័ត៌មាន: “ចិនបន្តទំនាក់ទំនងរឹងមាំជាមួយកូរ៉េខាងជើង” plus 3 more |
- ចិនបន្តទំនាក់ទំនងរឹងមាំជាមួយកូរ៉េខាងជើង
- មន្រ្តីសុខភាពជំរុញប្រជាពលរដ្ឋទូទាំងប្រទេសឲ្យជួយប្រយុទ្ធនឹងជំងឺគ្រុនឈាម
- ក្មួយរបស់ប៉ុល ពត ថាលោកគាត ឈន់ មានតួនាទីក្នុងរបបខ្មែរក្រហម
- អាស៊ានបើកកិច្ចប្រជុំសន្តិសុខតតំបន់លើកទី៦
ចិនបន្តទំនាក់ទំនងរឹងមាំជាមួយកូរ៉េខាងជើង Posted: 24 Apr 2012 06:11 AM PDT កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ បានសន្យាថានឹងពង្រឹងចំណងទាក់ទងគ្នាជាមួយកូរ៉េខាងជើង ដោយលោកបានមានប្រសាសន៍ថាប្រទេសទាំងពីរគួរពង្រឹងសន្តិភាពនិងស្ថិរភាពក្នុងឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារព័ត៌មានជាផ្លូវការ Xinhua បានដកស្រង់ការអត្ថាធិប្បាយរបស់លោកហ៊ូ ដែលនិយាយទៅកាន់គណៈប្រតិភូកូរ៉េខាងជើងដែលបំពេញទស្សនកិច្ចក្នុងប្រទេសចិន។ ក្រុមប្រតិភូកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសចិន ១០ថ្ងៃក្រោយពីកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចផ្លោងមួយគ្រឿងដែលនាំឱ្យមានការតវ៉ាជាផ្លូវការពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងរដ្ឋាភិបាលជាច្រើនក្នុងតំបន់អាស៊ីខាងកើត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបានគីមូនក៏បានថ្កោលទោសការបង្ហោះនេះ ដែលបណ្តាមន្ត្រីបាននិយាយថាជាការរំលោភលើបទបញ្ញត្តិអន្តរជាតិប្រឆាំងនឹងការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលដោយកូរ៉េខាងជើង។ <!--IMAGE-RIGHT--> ចិន៖ ក្រុមហ៊ុន General Motors មានមូលដ្ឋាននៅអាមេរិក ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងពិភពលោកនិយាយថាខ្លួននឹងពង្រីកការលក់និងកិច្ចប្រតិបត្តិការផលិតនៅក្នុងប្រទេសចិនដើម្បីខិតខំព្យាយាមឱ្យមានចំណែកទីផ្សារធំជាងមុន នៅក្នុងទីផ្សារលក់រថយន្តក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក។ លោកដេន អាខឹសុនDan Akerson នាយកប្រតិបត្តិនៃក្រុមហ៊ុន GM បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងពិព័រណ៍រថយន្តក្នុងក្រុងប៉េកាំង ថាក្រុមហ៊ុនលោកនឹងបន្ថែមហាងលក់រថយន្ត៦០០ទៀតក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយបន្ថែមលើហាងចំនួន២ពាន់៩រយដែលមានរួចស្រេចហើយ។ នៅពេលជាមួយគ្នានេះ ក្រុមហ៊ុន GM គ្រោងនឹងបង្កើនផលិតភាពរបស់ខ្លួនក្នុងប្រទេសចិនឱ្យដល់៥លានគ្រឿងក្នុងមួយឆ្នាំឱ្យបានមុនឆ្នាំ២០១៦ ដោយមានចំនួនជិត២ដងនៃចំនួនរថយន្តដែលក្រុមហ៊ុន GM និងពួកដៃគូចិនរបស់ខ្លួនបានលក់ក្នុងប្រទសចិនកាលពីឆ្នាំទៅ។ ភូមា៖ សភាភូមាបានបើកជាថ្មីកាលពីថ្ងៃច័ន្ទជាមួយលោកស្រីអោង សានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលទើបជាប់ឆ្នោតថ្មីនិងសមាជិកសភា៤២នាក់់ទៀតនៅក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានប្រកែកមិនព្រមអង្គុយក្នុងអាសនៈរបស់ពួកគេដោយសារមានជម្លោះមួយអំពីការស្បថសច្ចាប្រណិធាន។ កាលពីថ្ងៃច័ន្ទដែរ សហភាពអឺរ៉ុបបានព្យួរការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានយូរយារមកហើយប្រឆាំងនឹងប្រទេសភូមាសម្រាប់ពេលមួយឆ្នាំជាការឆ្លើយតបនឹងការកែទម្រង់ខាងនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បារាំង៖ លោកប្រធានាធិបតីបារាំង Nicolas Sarkozy កំពុងយកចិត្តពួកអ្នកបោះឆ្នោតនិយមនយោបាយស្តាំបំផុតរបស់ប្រទេស ក្រោយលោកបានទទួលសន្លឹកឆ្នោតគាំទ្រថ្នាក់ទីពីរនៅក្នុងការ បោះឆ្នោតប្រធានាធិបតីជុំទីមួយកាលពីថ្ងៃអាទិត្យ។ ស៊ីរី៖ ពួកសកម្មជនស៊ីរីបាននិយាយថាកងកម្លាំងរដ្ឋាភិបាលបានសម្លាប់មនុស្សយ៉ាងតិចណាស់៩នាក់នៅក្នុងក្រុងមួយមានចលាចល មួយថ្ងៃក្រោយពីពួកអ្នកសង្កេតការអន្តរជាតិបានទៅមើលតំបន់នោះ។ ស៊ូដង់៖ លោកប្រធានាធិបតី ស៊ូដង់ អូម៉ា អាល់បាសៀរ Omar al-Bashir បាននិយាយថានឹងគ្មានការចរចាថែមទៀតជាមួយប្រទេសស៊ូដង់ខាងត្បូងទេ ដោយលោកបំពានលើការអំពាវនាវអន្តរជាតិឱ្យដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរតាមរយៈការចរចាគ្នានិងបញ្ចៀសកុំឱ្យមានសង្គ្រាមពេញទំហឹង។ អឺរ៉ុប៖ ប្រទេសជាតិអឺរ៉ុបទាំង១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូបានកាត់បន្ថយឱនភាពថវិការដ្ឋាភិបាលពួកគេដោយបានដាក់កំហិតវិធានការត្បឹតត្បៀតចំណាយមួយចំនួន ក៏ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ដើម្បីឱ្យបានដល់កម្រិតដែលកំណត់ដោយសហភាពអឺរ៉ុប។ ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានចេញបទបញ្ជានីតិប្រតិបត្តិមួយជាលើកដំបូងដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរស.រ.អ.ដាក់កំហិតការដាក់ទណ្ឌកម្មលើអង្គភាពបរទេសទាំងទ្បាយណាដែលជួយរដ្ឋាភិបាលផ្តាច់ការឱ្យប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់រំលោភលើសិទ្ធិមនុស្ស។ ហូល្លង់៖ លោកនាយករដ្ឋមន្ត្រីម៉ាក រូត Mark Rutte នៃប្រទេសហុល្លង់បានដាក់ពាក្យលាលែងចេញពីតំណែងរបស់រដ្ឋាភិបាលលោកនៅក្រោយបរាជ័យកិច្ចចរចាស្តីពីការកាត់បន្ថយថវិការបស់ប្រទេស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មន្រ្តីសុខភាពជំរុញប្រជាពលរដ្ឋទូទាំងប្រទេសឲ្យជួយប្រយុទ្ធនឹងជំងឺគ្រុនឈាម Posted: 24 Apr 2012 03:09 AM PDT មន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា និងមន្ដ្រីអង្គការសុខភាពពិភពលោក (Who) បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមស្របពេលដែលរបាយការណ៍នានាបង្ហាញថា សញ្ញានៃការផ្ទុះឡើងនៃជំងឺនេះគួរឲ្យព្រួយបារម្ភក្នុងឆ្នាំនេះ។ ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត បាណកសាស្រ្ត អះអាងថា កម្ពុជាកំពុងស្ថិតក្នុងភាពប្រឈមនៃហានីភ័យខ្ពស់នៃការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថាប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរត្រូវតែរួមដៃគ្នា ទប់ស្កាត់ ជំងឺនេះចាប់ពីពេលនេះទៅ។ «ខ្ញុំសូមអំពាវនាវដោយទទូចសុំ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តា ជួយជំរុញចលនាទាំងនេះ ដើម្បីបញ្ជ្រៀសកុមារពីគ្រោះមរណដោយគ្រុនឈាម»។ បុគ្គលិកសុខាភិបាល បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល កូនសិស្ស និងគ្រូបង្រៀនសរុប ប្រមាណជាង៥០០នាក់ បាននាំគ្នាដើរជាក្បួនដង្ហែក្នុងទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងឆ្នាំនេះ។ ដោយចេញដំណើរពីមុខសណ្ឋាគារកាំបូឌីយ៉ាណា ឆ្ពោះទៅកាន់សាលាបឋមសិក្សា ភ្នំពេញថ្មីនៅក្នុងខណ្ឌសែនសុខ ជាយទីក្រុងភ្នំពេញ។ អ្នកចូលរួមពាក់អាវយឺតពណ៌សដៃខ្លី និងពាក់មួកសដូចៗគ្នាដោយនៅលើមួក និងអាវយឺតនោះមានសសេរសារជាច្រើនដែលមានន័យថា «រួមគ្នាបំបាត់មូសខ្លា»។ មូសខ្លាដែលជាសត្វភ្នាក់ងារចម្លងមេរោគនៃជំងឺគ្រុនឈាម។ រដ្ឋាភិបាលកម្ពុជាបានគ្រោងថវិកាចំនួន ២,២លានដុល្លារអាមេរិកដើម្បីទប់ស្តាត់ការផ្ទុះជំងឺគ្រុនឈាមក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្តបានឲ្យដឹងថាករណី ជំងឺគ្រុនឈាមបានកើនឡើងចំនួន ៣១១ភាគ ក្នុងរយៈពេល ១៤សប្តាហ៍ នៅដើមឆ្នាំ២០១២នេះ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ក្នុងនោះកុមារកើតជំងឺសរុបទូទាំងប្រទេសមានចំនួន១៣៩៣នាក់ ហើយកុមារដែលបានគ្រោះថ្នាក់ ដល់ជីវិតមានចំនួន ៨នាក់។ រីឯនៅឆ្នាំ២០១១ កុមារឆ្លងជំងឺគ្រុនឈាមមានត្រឹមតែ៣៣៩នាក់ប៉ុណ្ណោះ និងមានកុមារស្លាប់ចំនួន៤នាក់។ រហូតមកទល់នឹងថ្ងៃសុក្រនេះចំនួនកុមារដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ ១.៥៥០នាក់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ និងខេត្តសៀមរាបដោយសប្តាហ៍មុនមានត្រឹម តែ១.០២៧នាក់ប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់ លោកសាស្រ្តាចារ្យ ហេង សុទ្ធី អនុប្រធាន មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ មន្ទីរពេទ្យគន្ធរបុប្ផា គឺជាមន្ទីរពេទ្យដែលទទួលកុមារមានជំងឺគ្រុនឈាមច្រើនជាងគេនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត ភីតធើ វ៉ាន់ ម៉ារេន ( Pieter van Maaren )តំណាងអង្គការសុខភាពពិភព លោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសនោះដែរថាការប្រយុទ្ធនឹងជំងឺគ្រុនឈាមគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នា ហើយជំងឺនេះមិនអាចប្រយុទ្ធប្រឆាំងតែត្រឹមកម្រិតនៃការឆ្លើយតបនៃផ្នែកសេវាសុខាភិបាលបាននោះទេ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល បានជំរុញឲ្យមានការការពារ និងបង្ការ «ជាអតិបរិមា» នូវជំងឺរាតត្បាតចំពោះកុមារនេះ។ «សំខាន់ណាស់ ពីព្រោះមូសខ្លាវាសម្លាប់កូនយើង វារស់នៅជាមួយកូនយើង។ បើយើងជាមាតាបិតាអាណាព្យាបាលយល់ឃើញថាអាន្នឹង វាជាអ្នកសម្លាប់កូនយើង។ ដូច្នេះយើងត្រូវតែធ្វើដូម្តេចការពារ ឬបំបាត់ជម្រកដង្កូវទឹក ដែលបង្កមូសខ្លានេះ»។ ជំងឺគ្រុនឈាមនៅកម្ពុជា តែងតែផ្ទុះឡើងរាតត្បាតយ៉ាងខ្លាំងក្លាជាប្រចាំរវាងពី ៣ ទៅ ៥ឆ្នាំម្តង។ ដូច្នេះនៅក្នុងឆ្នាំ ២០១២នេះ គឺជាវដ្ដនៃការផ្ទុះនៃជំងឺគ្រុនឈាម។ ជំងឺនេះបានផ្ទុះឡើងខ្លាំងនាចុងក្រោយនេះនៅឆ្នាំ២០០៧ ដែលមានមនុស្សជិត ៤ម៉ឺននាក់បានកើតជំងឺនេះ ក្នុងនោះប្រហែលជា៩៥ភាគរយ ជាកុមារហើយបានធ្វើឲ្យមនុស្ស ជាង៤០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនេះ។ រដូវវស្សាគឺជារដូវនៃការចម្លងជំងឺគ្រុនឈាមខ្លាំង ដែលមានចាប់ពីខែមិថុនារហូតដល់ខែតុលា។ ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារ ដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូស ខ្លា។ មូសខ្លាដែលកើតចេញពីទឹកថ្លុក ទឹកដក់ក្នុងឧបករណ៍ផ្សេងៗ ដែលគេបោះបង់ចោលជាដើម។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី ១០.០០០នាក់ ទៅ ១២.០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ។ ក៏ប៉ុន្ដែអត្រាស្លាប់ដោយសារជំងឺនេះមានកម្រិតក្រោមមួយភាគរយ៕ This posting includes an audio/video/photo media file: Download Now |
ក្មួយរបស់ប៉ុល ពត ថាលោកគាត ឈន់ មានតួនាទីក្នុងរបបខ្មែរក្រហម Posted: 23 Apr 2012 08:24 PM PDT ក្មួយប្រុសបង្កើតរបស់ប៉ុល ពត ដែលជាមេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យបាននិយាយនៅថ្ងៃចន្ទនេះថា លោកគាត ឈន់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្ថិតនៅក្នុងរដ្ឋបាលរបស់ក្រសួងការបរទេសនៃរបបខ្មែរក្រហម។ ប៉ុល ពត មានឈ្មោះដើមគឺ សាឡុត ស។ ក្មួយប្រុសរបស់គាត់លោក សាឡុត បាន ឆ្នាំនេះមានអាយុ៦៧ឆ្នាំ និងធ្លាប់ធ្វើជាអគ្គលេខាធិការក្រសួងការបរទេសដែលត្រូវបានកាន់កាប់ដោយអៀង សារី ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោក សាឡុត បានបានថ្លែងចំនួនពីរដងពីឈ្មោះរបស់លោក គាត ឈន់ ក្រោមការចោទសួររបស់សហព្រះរាជអជ្ញារងជាតិ និងអន្ដរជាតិក្នុងការកាត់ទោសដោយអង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២។ សាក្សីដដែលបានបញ្ជាក់ដោយមិនចាំឆ្នាំច្បាស់លាស់ថា លោកបានអមដំណើរទៅក្រៅប្រទេសជាមួយអៀង សារី ហើយក្នុងនោះក៏មានរូបលោកគាត ឈន់ ផងដែរ។ «គណៈប្រតិភូមានលោក គាត ឈន់ លោក ជួន ប្រសិទ្ធ លោកចាន់ យូរ៉ាន់ និយាយរួមអ្នកនៅក្រសួងការបរទេសទៅតាមលោកអៀង សារី តាមមុខងាររបស់គេ»។ អតីតសហចៅក្រមស៊ើបអង្កេតអន្ដរជាតិនៃសាលាក្ដីខ្មែរក្រហម លោក ម៉ាកសែល ឡឺម៉ុង ធ្លាប់បានធ្វើដីកាកោះអញ្ជើញមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនដែលកំពុងកាន់អំណាចក្នុងពេលបច្ចុប្បន្ន ចំនួនប្រាំមួយរូបឲ្យចូលផ្តល់សក្ខីកម្មក្នុងសំណុំរឿង ០០២នេះ ដែលក្នុងនោះក៏មានរូបលោក គាត ឈន់ ផងដែរ។ ក៏ប៉ុន្ដែរដ្ឋាភិបាលបានជំទាស់។ លោក សាឡុត បានគឺជាអតីតកងការពារ ឬអង្គរក្សរបស់ ប៉ុល ពត មុនពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ លោកលើកឡើងថា លោក គាត ឈន់ បានចូលរួមប្រជុំនានាក្នុងជាមួយកម្មាភិបាលខ្មែរក្រហមដទៃទៀតក្នុងក្រសួងការបរទេស។ «ពេលខ្លះមានការប្រជុំជាមួយគណៈនេះទៅ គណៈនោះទៅ។ មានបងគាត ឈន់ មានបងសួង ស៊ីគឿន មានឈ្មោះសូ សែ។ ខ្ញុំចាំឈ្មោះមិនអស់ទេ»។ មេដឹកនាំគណបក្សជំទាស់ លោកសម រង្ស៊ី ធ្លាប់បានចោទប្រកាន់ថា មេដឹកនាំជាន់ខ្ពស់មួយចំនួនក្នុងស្ថាប័ននីតិបញ្ញត្តិ និងក្នុងរដ្ឋាភិបាល គឺជាអតីតកម្មាភិបាលខ្មែរក្រហមដែលក្នុងនោះលោកបានលាតត្រដាងអត្តសញ្ញាណមិនបញ្ចេញឈ្មោះចំៗ ដែលសំដៅទៅរកលោក គាត ឈន់ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសបច្ចុប្បន្ននេះ។ លោកប្រមុខការទូត ហោ ណាំហុង បានប្តឹងប្រឆាំងលោក សម រង្ស៊ី ប៉ុន្ដែលោកគាត ឈន់ បានសម្រេចចិត្តមិនធ្វើការប្ដឹងផ្តល់តបតនឹងលោកសម រង្ស៊ី នោះទេ។ នៅក្នុងការផ្ដល់សក្ខីកម្មនៅថ្ងៃនេះ ក្មួយប្រុសរបស់ប៉ុល ពត លោក សាឡុត បាន ក៏បានបញ្ជាក់ដែរថា មុនបានកាន់អំណាចពួកខ្មែរក្រហមបានដើរតាមនយោបាយសម្របសម្រួលជាមួយអតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម ស៊ីហនុ ហើយគោលដៅសំខាន់គឺវាយប្រហារតបតទៅនឹងសហរដ្ឋអាមេរិក។ «មុនឆ្នាំ ១៩៧៥ គឺគាំទ្រនយោបាយអព្យាក្រិតរបស់សម្ដេចតា។ ឲ្យតែសម្ដេចតាប្រឆាំងនឹងអ្នកណាគឺគាំទ្រ»។ សហព្រះរាជអាជ្ញារងជាតិ និងអន្ដរជាតិនៅថ្ងៃនេះ បានចោទសួរដេញដោលសាក្សីខាងលើពីតួនាទីនិងការសម្រេចការងាររបស់ជនជាប់ចោទទាំងបី នួន ជា អៀង សារី ខៀវ សំផន ផងដែរ។ ប៉ុន្ដែសាក្សី បានបញ្ជាក់ថា ដឹងខ្លះ និងមិនដឹងខ្លះជាពិសេសទាក់ទងនឹងកិច្ចការស៊ីជម្រៅក្នុងការសម្រេចចិត្ត៕ This posting includes an audio/video/photo media file: Download Now |
អាស៊ានបើកកិច្ចប្រជុំសន្តិសុខតតំបន់លើកទី៦ Posted: 23 Apr 2012 06:56 PM PDT មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាបានថ្លែងនៅថ្ងៃចន្ទនេះថា អាស៊ាននឹងចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ (ADMM) លើកទី៦ របស់ខ្លួនចាប់ពីថ្ងៃអង្គារទី២៤ដល់ថ្ងៃទី២៧ខែមេសានេះ ដោយនឹងលើកយក បញ្ហាជាអាទិភាពចំនួនប្រាំពាក់ព័ន្ទនឹងការងាររក្សាសន្តិសុខក្នុងតំបន់មកពិនិត្យ និងពិភាក្សា។ លោកឧត្តសេនីយឯក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងការបរទេសក្រសួងការពារជាតិកម្ពុជាបានថ្លែងថា បញ្ហាទាំងប្រាំនោះរួមមាន បញ្ហាគ្រោះមហន្តរាយ គឺការប្រមូលផ្តុំលើសមត្ថភាពកងទ័ព សម្រាប់អន្តរាគមន៍សង្គ្រោះក្នុងគ្រោះមហន្តរាយ កិច្ចការសន្តិសុខសមុទ្រ ការពង្រឹង សមត្ថភាពរៀបចំកងកម្លាំងរបស់អាស៊ានមួយចំនួនដែលមិនទាន់មានក្នុងកិច្ចការប្រតិបត្តិការរក្សាសន្តិភាព ការងារប្រឆាំងភេវរកម្ម និងសុខាភិបាលយោធា។ "កិច្ចប្រជុំនេះ នឹងប្រមូលផ្តុំទៅលើការផ្លាស់ប្តូរទស្សនៈស្តីអំពីសន្តិសុខតំបន់ និងប្រមូលផ្តុំទៅលើការពិនិត្យពង្រាងឯកសារទស្សនទាន ស្តីអំពីវិវេចនានៃ រយៈពេលការរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងពិនិត្យទៅលើ ពង្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីអំពីការលើកកំពស់ការឯកភាពអាស៊ានសំរាប់សង្គមដែលមានសុខដុមនីយកម្មនិងសន្តិសុខ និងបញ្ហាផ្សេងៗ"។ លោកឧត្តមសេនីយឯក ណឹម សុវត្ថិ ឲ្យដឹងថា កិច្ចប្រជុំនេះនឹងចែកចេញជាពីវគ្គ ទី១គឺកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) ដែលចាប់ផ្តើមពីថ្ងៃទី២៤ដល់២៥មេសា និងកិច្ចប្រជុំថ្នាក់ មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM-Plus) ចាប់ពីថ្ងៃទី២៦ដល់២៧មេសា។ ប្រទេសដែលត្រូវមកចូលរួមប្រជុំជាមួយអាស៊ានមានចំនួន៨ប្រទេសរួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលីញ៉ូវហ្ស៊ីឡែន និង សហ រដ្ឋអាមេរិក។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលត្រូវបាន បើកធ្វើឡើងតាំងពីឆ្នាំ២០០៦។ កិច្ចប្រជុំលើកទី៥ត្រូវបានធ្វើឡើងកាលពីខែ ឧសភាឆ្នាំមុនក្នុងក្រុងហ្សាការតា ឥណ្ឌូនេស៊ី។ ចំណែកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូកបានកើតឡើងកាលពីឆ្នាំ២០១០ នេះបើតាមការ អោយដឹងពីមន្ត្រីយោធារបស់កម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |