VOA News: ព័ត៌មាន: “អង្គការសុខភាពពិភពលោកបារម្ភចំពោះជំងឺចម្លែកនៅវៀតណាម” plus 2 more |
- អង្គការសុខភាពពិភពលោកបារម្ភចំពោះជំងឺចម្លែកនៅវៀតណាម
- លិខិតដែលលេចធ្លាយបង្ហាញពីចំណុចខ្សោយរបស់កងទ័ពឥណ្ឌា
- គណបក្សប្រជាធិបតេយ្យភូមាបដិសេដមិនចូលរួមសច្ចាប្រណិធាន
អង្គការសុខភាពពិភពលោកបារម្ភចំពោះជំងឺចម្លែកនៅវៀតណាម Posted: 23 Apr 2012 01:15 PM PDT អង្គការសុខភាពពិភពលោកនិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនមានការព្រួយបារម្ភ អំពីការឆ្លងជំងឺប្លែកនៅលើស្បែកជនជាតិវៀតណាមរស់នៅក្នុងតំបន់កណ្ដាលប្រទេសវៀត ណាមដែលបណ្ដាលឲ្យមនុស្សស្លាប់១៩នាក់ ភាគច្រើនជាកុមារ។ មនុស្សជាង១៧០នាក់ធ្លាក់ឈឺ ដោយសារជំងឺមិនស្គាល់មុខនេះ ដែលធ្វើឲ្យរឹងដៃជើង និង រលាកក្រពះដល់ជនរងគ្រោះ ហើយវាហាក់ដូចជាមានការរលាកនៅជើង។ ជំងឺនោះកើតឡើងនៅក្នុងមណ្ឌល បា តូ (Ba To) នៃខេត្ដ ក្វាង ងៃ (Quang Ngai) ហើយអង្គការសុខភាពពិភពលោកនិយាយថា មិនធ្លាប់ដឹងឮអំពីជំងឺដូច្នោះ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT-->ភូមា៖ សភារបស់ប្រទេសភូមាបានបើកទ្វារនៅថ្ងៃច័ន្ទដោយមិនមានវត្ដមានរបស់មេដឹកនាំគណបក្សជំទាស់លោកស្រី អ៊ុងសានស៊ូជី និងសមាជិក៤២នាក់របស់គណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមិនព្រមចូលរួមដោយសារតែមានជម្លោះអំពីការប្រើពាក្យនៅក្នុងសម្បថឡើងកាន់តំណែង។ ភូមា៖ ប្រធានាធិបតីភូមាថ្លែងនៅថ្ងៃច័ន្ទនេះថា ការណ៍ដែលមេដឹកនាំគណបក្សជំទាស់លោកស្រី អ៊ុងសានស៊ូជី សម្រេចនឹងមិនមកយកកៅអីរបស់លោកស្រីនៅក្នុងរដ្ឋសភានោះ ជាការសម្រេចរបស់លោកស្រីទេ។ នេះយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មានជប៉ុន នៅពេលដែលមានការខ្វែងគំនិតគ្នាអំពីពាក្យប្រើនៅក្នុងសម្បថចូលកាន់តំណែង។ បារាំង៖ អ្នកសង្គមនិយម លោក Francois Hollande បានលេចធ្លោជាអ្នកដឹកមុខក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបារាំង ដោយមានសំឡេងលើសបន្ដិចពីប្រធានាធិបតី Nicolas Sarkozy ក្នុងការបោះឆ្នោតជុំទីមួយ។ ស៊ីរី៖ ក្រុមអ្នកសេង្កេតការណ៍ចំនួនតូចមួយរបស់អសបនៅក្នុងប្រទេសស៊ីរី បានចូលទៅពិនិត្យមើលតំបន់ជាយក្រុងដាម៉ាស ហៅ Zabani ដោយសង្ឃឹមថានឹងពង្រឹងបទឈប់បាញ់គ្នាដែលមិនបានដំណើរការជាង១៣ខែនៃការបះបោរ។ ភូមា៖ សហភាពអឺរ៉ុបបានផ្អាកការដាក់ទណ្ឌកម្មពាណិជ្ជកម្មសេដ្ឋកិច្ច និងបុគ្គលដ៏ ទូលំទូលាយលើប្រទេសភូមាកាលពីថ្ងៃច័ន្ទនេះ លើកលែងតែការបន្តហាមឃាត់មិនឲ្យលក់អាវុធ។ នេះបើតាមអ្នកការទូតនិយាយប្រាប់បណ្ដាញព័ត៌មានបារាំងអាអេហ្វប៉េ។ វៀតណាម៖ អតិផរណារបស់ប្រទេសវៀតណាមបានចុះថយក្នុងរយៈពេល៨ខែជាប់ៗគ្នាក្នុងខែមេសានេះ តាមអត្រាទាបបំផុតក្នុងមួយឆ្នាំ។ តួលេខតាមផ្លូវការរបស់រដ្ឋាភិបាលបង្ហាញនៅថ្ងៃច័ន្ទនេះ នៅពេលដែលក្រុមអ្នកជំនាញព្រមានអំពីសញ្ញានៃភាពនឹងនរសេដ្ឋកិច្ច។ ម៉ាឡាវី៖ ប្រទេសម៉ាឡាវី កំពុងរៀបចំធ្វើបុណ្យបូជាប្រធានាធិបតី លោក Bingu Wa Mutharika ដែលបានទទួលមរណភាព ដោយសារគាំងបេះដូងកាលពីដើមខែនេះ។ ស៊ូដង់៖ សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ដ្រីនៃប្រទេសស៊ូដង់ខាងត្បូង និយាយថាយន្ដហោះស៊ូដង់បានទម្លាក់គ្រាប់បែកមកលើតំបន់ព្រំដែនស៊ូដង់ខាងត្បូងបណ្ដាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់។ កូរ៉េខាងជើង៖ កូរ៉េខាងជើងបានគំរាមថានឹងចាត់វិធានការពិសេសមួយប្រឆាំង កូរ៉េខាងត្បូងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិយាយថា នឹងវាយកម្ទេចរដ្ឋាភិបាលរបស់ប្រធានាធិបតី លី ម្យុង បាក ក្នុងរយៈពេល៤នាទី។ ជប៉ុន៖ យុវជនជប៉ុនម្នាក់អាយុ១៦ឆ្នាំនឹងបានត្រូវជួបជុំជាមួយបាល់ទាត់ជាទីគាប់ចិត្ដរបស់គាត់ ដោយគេបានរកឃើញបាល់នោះ អណ្ដែតចូលមកដល់កោះមួយនៅរដ្ឋអាឡាស្កា ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វីកនៅពេលមានរលកស៊ូណាមិ កាលពីឆ្នាំមុន។ ចិន-អាមេរិក៖ ចំនួនទេសចរជាតិចិនដែលចូលមកទស្សនាស.រ.អ. កាន់តែច្រើនឡើង ធ្វើឲ្យពាណិជ្ជករអាមេរិកាំងមានចិត្ដរីករាយដ៏ខ្លាំង។ This posting includes an audio/video/photo media file: Download Now |
លិខិតដែលលេចធ្លាយបង្ហាញពីចំណុចខ្សោយរបស់កងទ័ពឥណ្ឌា Posted: 23 Apr 2012 08:18 AM PDT ប្រមុខកងទ័ពឥណ្ឌា និយាយថា សម្ភារៈការពារជាតិហួសសម័យនិងការខ្វះខាតគ្រឿងសព្វាវុធ បានធ្វើឱ្យទន់ខ្សោយដល់សមត្ថភាពការពារជាតិរបស់ប្រទេសនេះ។ ទំនាក់ទំនងរវាងប្រមុខកងទ័ពនិងរដ្ឋាភិបាល ស្ថិតក្នុងកម្រិតមួយយ៉ាងទាប ក្នុងប៉ុន្មានខែថ្មីៗនេះ។ វាស្ថិតនៅក្នុងលិខិតមួយ ដែលត្រូវបានសរសេរទៅកាន់លោកនាយករដ្ឋមន្រ្តី ដែលប្រមុខកងទ័ព លោកឧត្តមសេនីយ៍ វី ខេ ស៊ីង (V.K. Singh) ពណ៌នាស្ថានការណ៍នៃកងកម្លាំងប្រយុទ្ធសំខាន់ៗ មានដូចជាកាំភ្លើងធំនិងកងទ័ពថ្មើរជើង ថា «មានភាពអាសន្ន»។ នៅថ្ងៃពុធនេះ កាសែត ឌីអែនអេ (DNA) របស់ឥណ្ឌា បានចុះផ្សាយសេចក្តីដកស្រង់របស់សំបុត្រដែលលេចធ្លាយនោះ ចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមិនា។ ប្រមុខកងទ័ពរូបនោះ បានថ្លែងថា កងរថក្រោះរបស់ឥណ្ឌា គឺ«គ្មានគ្រាប់រំសេវចាំបាច់»ទេ ហើយប្រព័ន្ធការពារផ្លូវអាកាសរបស់ខ្លួន ក៏ប្រើការលែងកើតក្នុងចំនួន៩៧ភាគរយផងដែរ។ លោក មានប្រសាសន៍ថា កងទ័ពថ្មើរជើង ត្រូវជាប់គាំងដោយសារភាពទន់ខ្សោយនិងការខ្វះខាតយុទ្ធោបករណ៍សម្រាប់ពេលយប់ ខណៈដែលកងកម្លាំងពិសេស មាន«ភាពខ្វះខាតយ៉ាងខ្លាំង»នូវគ្រឿងសព្វាវុធដ៏ចាំបាច់បំផុត។ ប្រទេសឥណ្ឌាដែលធ្លាប់បានធ្វើសង្គ្រាមជាមួយប្រទេសបាគីស្ថាននិងចិន មានចំនួនកងទ័ពច្រើនបំផុតលំដាប់ទីពីរក្នុងពិភពលោក។ នៅក្នុងរដ្ឋសភា ដែលសំបុត្រលេចធ្លាយនោះ ត្រូវបានលើកយកមកពិភាក្សា លោករដ្ឋមន្រ្តីការពារជាតិ អេ ខែ អានតូនី (A.K. Antony) បាននិយាយថា រដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់បំផុតដល់ការត្រៀមខ្លួនផ្នែកសន្តិសុខ។ «ការត្រៀមខ្លួនក្នុងវិស័យការពារជាតិរបស់យើង តែងតែមានភាពរឹងមាំ ហើយខ្ញុំអាចធានាចំពោះរដ្ឋាភិបាលនិងប្រទេសទាំងមូលថា វាជាបំណងរបស់យើងក្នុងការរក្សា រដ្ឋាភិបាលនិងប្រទេសទាំងមូល ឱ្យមានភាពរឹងមាំ។ រដ្ឋាភិបាល បានខិតខំប្រឹងប្រែងហើយធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីធានាឱ្យប្រាកដថាកងកម្លាំងការពារជាតិរបស់យើង ត្រូវបានផ្តល់ជូន បំពាក់អាវុធ និងហ្វឹកហាត់ដើម្បីក្លាយទៅជាកងកម្លាំងមួយក្នុងចំណោមកងកម្លាំងប្រយុទ្ធដ៏ល្អបំផុតក្នុងពិភពលោក។» នាពេលនេះ មិនមានភាពរកាំរកូសនៅក្នុងរដ្ឋសភាទេ ដោយសារតែក្រុមអ្នកតាក់តែងច្បាប់ខាងបក្សប្រឆាំង បានគាំទ្ររដ្ឋាភិបាល ដោយនិយាយថា បញ្ហាទាំងនោះ មិនគួរយកមកពិភាក្សាជាសាធារណៈទេ។ លោក អារុន ចាអ៊ីតលី (Arun Jaitley) មេដឹកនាំគណបក្សប្រឆាំងធំជាងគេ ឈ្មោះគណបក្សបារ៉ាទីយ៉ា ចាណាតា (Bharatiya Janata Party) នៅសភាជាន់ខ្ពស់ បានថ្លែងថា លោកមានភាពជឿជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយការព្រួយបារម្ភទាំងនេះ ទាក់ទងនឹងការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធ។ «ខ្ញុំជឿថា រដ្ឋមន្ត្រីការពារជាតិ នឹងពិនិត្យទៅលើអង្គហេតុទាំងនេះ និងធានាឱ្យប្រាកដថានៅទីណាដែលមានការខ្វះខាត លោកត្រូវតែធ្វើឱ្យប្រាកដថា កន្លែងខ្វះខាតទាំងនោះត្រូវបានបំពេញ។» ក្រុមអ្នកតាក់តែងច្បាប់ទាមទារចង់ដឹងថាតើសំបុត្រនោះត្រូវបានលេចធ្លាយយ៉ាងដូចមេ្តច។ មនុស្សមួយចំនួនស្នើសុំឲ្យមានការលាលែងពីដំណែងរបស់ប្រមុខកងទ័ពទៀតផង ប្រសិនបើលោកស្ថិតនៅពីក្រោយការលេចធ្លាយនោះ។ សំបុត្រនោះត្រូវបានលេចឡើង ខណៈដែលទំនាក់ទំនងរបស់ប្រមុខកងទ័ពជាមួយអាជ្ញាធរស៊ីវិល សិ្ថតក្នុងដំណាក់កាលទាបបំផុតកាលពីប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីប្រឈមមុខជាមួយរដ្ឋាភិបាលអំពីអាយុចូលនិវត្តន៍របស់លោក។ លោកបាននិយាយថា លោកមានវ័យកេ្មងជាងប្រវត្តិរូបនៅក្នុងកងទ័ព ដែលបានបង្ហាញឲ្យឃើញ ប៉ុន្តែលោក បានចាញ់រឿងក្តីនេះនៅតុលាការកំពូល។ កាលពីដើមសប្តាហ៍នេះ លោក បានថ្លែងថា លោកត្រូវបានផ្តល់ប្រាក់សំណូកចំនួន ២.៨ លានដុល្លារ ដើម្បីទិញរថយន្តមិនត្រឹមត្រូវតាមស្តង់ដាសម្រាប់កងទ័ព។ ក្រុមអ្នកវិភាគខាងវិស័យការពារជាតិ ថ្លែងថា មានការដឹងឭយ៉ាងទូលំទូលាយថា កងទ័ពឥណ្ឌាត្រូវតែធ្វើទំនើបកម្ម។ រដ្ឋាភិបាលកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញយុទ្ធោបករណ៍និងគ្រឿងសព្វាវុធ ប៉ុន្តែក្រុមអ្នករិះគន់ និយាយថា ការធ្វើទំនើបកម្មនេះមានភាពយ៉ឺតយ៉ាវណាស់។ នៅឆ្នាំ២០០៧ ឥណ្ឌាបានចូលជំនួសប្រទេសចិនក្នុងនាមជាប្រទេសនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោក៕ ប្រែសម្រួលដោយ៖ ឃួន ធារ៉ា This posting includes an audio/video/photo media file: Download Now |
គណបក្សប្រជាធិបតេយ្យភូមាបដិសេដមិនចូលរួមសច្ចាប្រណិធាន Posted: 23 Apr 2012 02:46 AM PDT គណបក្សនយោបាយរបស់លោកស្រីអោង សានស៊ូជីមេដឹកនាំលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមាដែលមានកំណត់នឹងចូលអង្គុយក្នុងសភាជាលើកដំបូងនៅថ្ងៃច័ន្ទនេះនិយាយថាពួកគេនឹងមិនចូលរួមក្នុងពិធីសច្ចាប្រណិធានទេពីដោយសារជម្លោះអំពីពាក្យពេចន៍នៅក្នុងអត្ថបទនៃការស្បថចូលកាន់តំណែង។ ជ័យលាភីរង្វាន់ណូបែលរូបនេះជាឥស្សរជនម្នាក់ក្នុងបណ្តាឥស្សរជន៤៣នាក់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថាNLD របស់លោកស្រីដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១ខែមេសា។ ពួកមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាពួកសមាជិកសភារបស់គណបក្ស NLD នឹងមិនមានវត្តមានទេលុះត្រាពាក្យពេចន៍នៅក្នុងអត្ថបទនៃពាក្យសម្បថដែលតម្រូវឱ្យពួកគេការពាររដ្ឋធម្មនុញ្ញដែលសរសេរដោយអតីតក្រុមប្រឹក្សាយោធារបស់ប្រទេសបានត្រូវកែប្រែសិន។គណបក្សប្រឆាំងនេះចង់ឱ្យដូរពាក្យ«ការពារ»ឱ្យទៅជាពាក្យ«គោរព»វិញ។ ប៉ុន្តែរហូតមកដល់ពេលនេះគណបក្សគ្រប់គ្រងប្រទេសរបស់លោកប្រធានាធិបតីធាន ស៊ាន Thein Sein បានប្រកែកមិនព្រមធ្វើតាមសេចក្តីស្នើនេះទេ។ នៅពេលមានប្រសាសន៍កាលពីថ្ងៃអាទិត្យលោកស្រីអោង សានស៊ូជីមិនបានហៅសកម្មភាពនេះរបស់គណបក្សលោកស្រីថាជាការធ្វើពហិការមួយទ្បើយ។ <!--IMAGE-RIGHT-->
កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃអាទិត្យកាសែតស្វ៊ីស ឈ្មោះLe Matin Demanche បានរាយការណ៍ថាលោកមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន Kim Jong-Un បានរស់នៅក្នុងប្រទេសស្វ៊ីស ចាប់តាំងពីអាយុ៧ឆ្នាំមកដោយបានទៅដល់ប្រទេសនេះ២ឆ្នាំមុនការដែលគេដឹងពីពេលមុន។ កាលពីពេលមុនបណ្តាញផ្សាយព័ត៌មានស្វ៊ីស បានផ្សាយថាលោកបានទៅដល់ប្រទេសស្វ៊ីសកាលពីឆ្នាំ១៩៩៣ នៅពេលលោកមានអាយុប្រមាណ៩ឆ្នាំ។ តែកាសែតនេះបាននិយាយយោងដល់ឯកសារដែលខ្លួនបានទទួលពីបណ្ណាសារប៉ូលីសសហព័ន្ធនៅក្នុងក្រសួងសាធារណៈដែលបង្ហាញថាលោកបានស្ថិតនៅក្នុងប្រទេសស្វ៊ីស នៅចន្លោះចុងឆ្នាំ១៩៩១និងដើមឆ្នាំ២០០១។ សារព័ត៌មាននេះបាននិយាយថាខ្លួនបានទទួលឯកសារមួយដែលបង្ហាញសេចក្តីស្នើសុំឱ្យមានការទទួលស្គាល់លោក ណាម ជុល ប៉ាក់ Nam Chol Pak ឱ្យធ្វើជាមន្ត្រីសម្រាប់ក្រសូងការបរទេសកូរ៉េខាងជើង។ ឯកសារនេះបានបង្ហាញថាមន្ត្រីរូបនេះបានទៅដល់ប្រទេសស្វ៊ីស នៅថ្ងៃទី២៥ខែវិច្ឆិកា១៩៩១ជាមួយភរិយាលោក កូនប្រុស២នាក់និងកូនស្រីម្នាក់។ កុមារាពីរនាក់នោះជាកូនប្រុសពៅរបស់លោកគីម ជុងអ៊ីល Kim Jong-Il ដែលបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងពីឆ្នាំ១៩៩៤ ដល់ពេលដែលលោកបានទទួលមរណភាពកាលពីខែធ្នូឆ្នាំទៅ។ តែកុមារាទាំងពីរនាក់នេះបានប្រើឈ្មោះ ជុល ប៉ាក់ Chol Pak និងហ៊ុន ប៉ាក់ Hun Pak នៅពេលដែលពួកគេរស់នៅក្នុងប្រទេសស្វ៊ីស។ កាសែតនេះបាននិយាយថាហ៊ុន ប៉ាក់ Hun Pak ជាឈ្មោះក្លែងបន្លំរបស់លោកគីម ជុងអ៊ុន។ គេដឹងតែបន្តិចបន្តួចអំពីរបស់រយៈពេលដែលលោកគីម ជុងអ៊ុន ស្នាក់នៅរៀនសូត្រក្នុងប្រទេសស្វ៊ីស ពីព្រោះសាលារៀនដែលគេរាយការណ៍ថាលោកបានចុះឈ្មោះរៀននោះបានប្រកែកមិនព្រមពិភាក្សាអំពីពេលវេលាដែលលោកស្ថិតនៅទីនោះទេ។
អ៊ីរ៉ង់៖ ប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃព្រឹទ្ធសភាស.រ.អ.បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថាខ្លួនបានរុះរើម៉ាស៊ីនយន្តហោះចារកម្មគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងដែលខ្លួនរឹបអូសយកបានកាលពីឆ្នាំទៅមិញ។ លោក Joe Lieberman សមាជិកសភាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យតាមទូរទស្សន៍ក្នុងកម្មវិធី Fox News Sunday ថាលោកចាត់ទុកការអះអាងនេះថាជា «ភាពក្អេងក្អាងរបស់អ៊ីរ៉ង់»។ បារាំង៖ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីបង្ហាញថាលោក Francois Hollande បេក្ខជនគណបក្សសង្គមនិយមនិងលោក Nicolas Sarkozy ប្រធានាធិបតីកំពុងកាន់តំណែងបានជម្រុលទៅមុខទៅកាន់ការបោះឆ្នោតជុំទីពីរ។
អាហ្វហ្គានីស្ថាន៖ និងអាមេរិកបានបញ្ចប់កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រមួយដែលគូសបញ្ជាក់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្រោយការដកថយរបស់ក្រុមទាហានប្រយុទ្ធបស្ចឹមប្រទេសនៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៤។
ស៊ីរី៖ ពួកសកម្មជនបាននិយាយថាការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងពួកឧទ្ទាមបានបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់នៅទូទាំងប្រទេស នៅពេលដែលក្រុមតូចមួយរបស់អង្គការសហប្រជាជាតិបានទៅមើលក្រុងច្រើនជាងមុនដើម្បីសង្កេតអំពីកិច្ចឈប់បាញ់គ្នាដែលមានរយៈពេល១០ថ្ងៃមកហើយដែលគ្មានជោគជ័យក្នុងការបញ្ចប់ជម្លោះមានរយៈពេលមួយឆ្នាំមកនេះ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |