VOA News: ព័ត៌មាន: “ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក” plus 5 more

VOA News: ព័ត៌មាន: “ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក” plus 5 more


ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក

Posted: 28 Apr 2012 08:52 AM PDT

ប៉ូលីស​ម៉ា​ឡេស៊ី​បាន​​បាញ់​គ្រាប់​បែក​ផ្សែង​​និង​កាណុង​ទឹក​ទៅ​លើ​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​សម្រុក​ចូល​ក្នុង​កណ្តាល​រដ្ឋធានី គូឡាឡាំពួ (Kuala Lumpur) នៅ​ថ្ងៃ​សៅរ៍​នេះ​​ដើម្បី​​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។

បាតុករ​យ៉ាង​ហោច​ណាស់​ក៏​២​ម៉ឺន​៥​ពាន់​នាក់​ដែរ ដែល​បាន​ដើរ​​កាត់​របាំង​​​លួស​នៅ​ពេល​ដែល​ពួកគេ​សម្រុក​ចូល​ក្នុង​ទីលាន​ឯករាជ្យ​ដែល​មាន​​ការ​យាម​កាម​ដ៏​តឹង​រ៉ឹង​ដោយ​បំពាន​​ការ​ហាម​ឃាត់​ការ​ប្រជុំ​មហាជន ​នៅ​កណ្តាល​រដ្ឋធានី​នេះ។

ប៉ូលីស​បាន​រារាំងទី​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រដ្ឋធានី ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​កាល​ពី​ដំបូង​ថា​បាតុករ មាន​គោល​បំណង​ដើរ​ជា​ក្បួន​ទៅ​កាន់​ទៅ​កាន់​ទីលាន។

ពួក​សកម្ម​ជន​បាន​អះអាង​ថា​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មាន​ភាព​លម្អៀង ហើយ​នោះ​គឺ​ជា​អ្វី​ដែល គណបក្ស​ចម្រុះ​របស់​នាយករដ្ឋមន្រ្តី​លោក ណាជីប រ៉ាហ្សាក (Najib Razak) ដែល​បាន​កាន់​អំណាច​ជាង​៥០​ឆ្នាំ​មក​ហើយ ដែល​នឹង​កេង​យក​ប្រយោជន៍​​ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដែល​អាច​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់​នៅ​ខែ​មិថុនា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

<!--IMAGE-RIGHT-->ភូមា៖ លោកស្រី ខាធឺរីន អាស្តុន(Catherine Ashton) ប្រធាន​ផ្នែក​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា​នៅ​ក្នុង​ទីក្រុង​រង់ហ្គូន (Rangoon) កាល​ពី​ថ្ងៃ​សៅរ៍។

អាហ្វហ្គានីស្ថាន៖ ពួក​មន្រ្តី​ក្នុង​តំបន់​ខាងត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន បាន​សម្លាប់​ពួក​អ្នក​វាយ​ប្រហារ​អត្តឃាត​២​នាក់។

ប៉ាគីស្ថាន៖ កាសែត​ដ៏​ល្បី​ល្បាញ​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ការ​ចរចា​កម្រិត​ខ្ពស់​​ដែល​រៀបចំ​ឡើង​ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​ខាង​ការទូត​​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​បាន​បញ្ចប់​ដោយ​ភាព​បរាជ័យ​ពីព្រោះ​ប៉ាគីស្ថាន​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស។

ស៊ីរី៖ អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី បាន​ប្រាប់​ឲ្យ​ដឹង​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​ពួក​ឧទ្ទាម​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង​ដាម៉ាស។

លីប៊ី៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ប្រទេស​លីប៊ី​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ច្បាប់​អ្វី​ដែល​ខ្លួន​មិន​​អនុញ្ញាតិ​ឲ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​របស់​មេដឹកនាំ លោក ម៉ូអាមែរ កាដាហ្វី (Moamer Kadhafi) ធ្វើ​ការងារ​នោះ។

អ៊ុយក្រែន៖ តុលាការ​អ៊ុយក្រែន​បាន​ផ្អាក​ការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្រ្តី​លោកស្រី យូលា ទីម៉ូសេនកូ (Yulia Tymoshenko) ដែល​ជាប់​ពន្ធនាគារ​ពី​បទ​លួច​បន្លំ​ពន្ធដារ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា​ដោយ​សារ​លោកស្រី​ធ្វើ​កូដកម្ម​បង្អត់​អាហារ​និង​បញ្ហា​សុខភាព​របស់​លោក​ស្រី។

រ៉ូម៉ានី៖ លោក វីកទ័រ ផនតា (Victor Ponta) នាយក​រដ្ឋមន្រ្តី​តែង​តាំង​​ឆ្វេង​និយម​នៃ​ប្រទេស រ៉ូម៉ានី បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​​លោក​នឹង​បញ្ជាក់​ប្រាប់​អង្គការ​មូល​និធិ​រូបីយវត្ថុ​អន្តរជាតិ (IMF) ពី​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​​របស់​លោក​ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​អង្គការ​នោះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

លោក​ ឈិន កុងឈិន ​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​

Posted: 28 Apr 2012 07:37 AM PDT

លោក​ ឈិន កុងឈិន (Chen Guangchen) ​មេធាវី​ប្រឆាំង​ពិការ​ភ្នែក​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ដែល​មាន​គេ​យាម​ដោយ​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ភូមិ​ តុងស៊ីហ្គូ ​ក្នុង​ខែត្រ​ សានតុង​នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ចិន​ ពួក​ប៉ូលីស​តាម​រក​លោក​,គ្រួសារ​លោក​និង​ពួក​ជន​ដែល​បាន​ជួយ​លោក។​

សាច់ញាតិ​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ពួក​ប៉ូលីស​ច្រើន​នាក់​ដោយ​ខ្លះ​មាន​អាវុធ​ផង​បាន​ទៅ​ផ្ទះ​លោក​ ឈិន​ក្នុង​ភូមិ​ តុង​ស៊ី​ហ្គូ ប៉ុន្តែ​គេ​មិន​ដឹង​ថា​លោក​នៅ​ទីណា​ទេ។មាន​ការ​និយាយ​ស្មានៗ​ថា​លោក​ប្រហែល​សុំសិទ្ធិ​ជ្រក​កោន​ក្នុង​ស្ថានទូត​ស.រ.អ.​ក្នុង​ក្រុង​ប៉េកាំង​ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​នៅ​ទី​នោះ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឬ​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ។លោក​ បប ហ្វូ (Bob Fu) នាយក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ជំនួយ​ចិន​មាន​មូលដ្ឋាន​ក្នុង​ស.រ.អ.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក​​ Chen ​មាន​សុវត្ថិភាព​ហើយ​លោក​ឋិត​ក្នុង​កន្លែង​មួយ​ឆ្ងាយ​ពីភូមិ​របស់​លោក។

អេស្ប៉ាញ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​នេះ​និយាយ​ថា​ប្រទេស​លោក​កំពុង​ប្រឈម​ មុខ​នឹង​«វិបត្តិ​មួយ​ដែល​មាន​ទំហំ​ធំធេង» ដោយ​ពួក​អ្នក​ធ្វើការ​របស់​ខ្លួន​ជិត​មួយ​ភាគ​បួន​គ្មាន​ការងារ​ធ្វើ​ទេ គឺ​ជា​​អត្រា​គ្មាន​ការងារ​ធ្វើ​ដ៏​អាក្រក់​បំផុតនៅ​ក្នុង​ក្រុម​ប្រទេស​ ជាតិ​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

ប៉ាគីស្ថាន៖ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន យូស្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បាន​ប្រកែក​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​កំពូល​បាន​រក​ឃើញ​ថា​លោក​មាន​ទោស​ក្នុង​ការ​ប្រមាថ​មើលងាយ​តុលាការ​ដោយ​មិន​បាន​បើក​ជា​ថ្មី​ករណីយ​ពុក​រលួយ​ប្រឆាំង​នឹងប្រធានាធិបតី​របស់​ប្រទេស។លោកបាន​មាន​ប្រសាសន៍​ថា​ឧក្រិដ្ឋកម្មតែ​មួយ​របស់​លោក​គឺ​«ការពារ​រដ្ឋធម្មនុញ្ញ»។

ប៉ាគីស្ថាន៖ បាន​បញ្ជូន​គ្រួសារ​ អូសាម៉ា ប៊ីឡាដិន (Osama bin Laden) ទៅ​កាន់​ប្រទេស ​អារ៉ាប៊ីសាអូឌីត ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​មេដឹកនាំ​រូប​នេះ​នៃ​អង្គការ​ អាល កៃដា បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ដោយ​ពួក​ទាហានអាមេរិក។

ស៊ីរី៖ កាល​ពី​ថ្ងៃសុក្រ​មានការ​ផ្ទុះ​ពីរ​នៅ​ក្នុង​ក្រុង​ដាម៉ាស់​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​នៅ​ពេល​ដែល​មាន​កង្វល់​អន្តរជាតិ​ខ្លាំង​ទ្បើង​ៗ​អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មាន​ភាព​យ៉ាប់​យ៉ឺន​ក្នុង​ប្រទេស​ស៊ីរី។រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្ទុះ​នេះ​ថា​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ដែល​បាន​ត្រូវរៀប​ចំ​ដោយ«ពួក​ភេរវជន»។

សហរដ្ឋអាមេរិក៖ ការ​លូតលាស់​សេដ្ឋកិច្ច​ស.រ.អ.​មាន​ដំណើរ​យឺត​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដោយ​ចុះ​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ចំនួន​២,២​ភាគរយ។ការ​លូតលាស់​បាន​ត្រូវ​កាត់​បន្ថយ​ចំនួន​​៨​ភាគ​១០​នៃ​១​ភាគរយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កាត់​បន្ថយ​ចំណាយ​ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​ក្នុង​ប្រទេស​មាន​ច្រើន​ជាង​ការ​ដឹកជញ្ជូន​ទំនិញ​ចេញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​ចុះហត្ថលេខា​លើ​បទ​បញ្ញ័ត្តិ​នីតិ​ប្រតិបត្តិ​មួយ​ដែល​ជួយ​ការពារ​ពួក​ទាហាន​ដែល​កំពុង​កាន់​តំណែង​និង​ពួក​ទាហាន​ជើង​ចាស់​ពី​ការ​ជ្រើស​រើសឱ្យ​ទៅ​រៀន​ក្នុង​មហាវិទ្យាល័យ​ដែល​មិន​សុចរិត​និង​នាំ​ឱ្យ​យល់​ខុស​ហើយ​ដែល​យក​ប្រាក់​បំណាច់​សហព័ន្ធ​សម្រាប់​ការ​សិក្សា​អប់រំ​របស់​ពួក​គេ​ជា​ទី​ដៅ។

អ៊ុយក្រែន៖ មនុស្ស​២៧​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​នៅ​ក្នុង​ក្រុង ​Dnipropetrovsk ​នៅ​ក្នុង​អ្វី​ដែល​អាជ្ញាធរ​ហៅ​​ថា​ជាការ​វាយ​ប្រហារ​ភេរវកម្ម។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន, ​ប៉ាគីស្ថាន​និង​ស.រ.អ.​ជំរុញ​ឱ្យ​មាន​កិច្ច​ចរចា​ជាថ្មី​ជាមួយ​ពួក​តាលីបាន់​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ដល់​សង្គ្រាម​អាហ្វហ្គានីស្ថាន ​ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជប៉ុន​ផ្តល់​ការគាំទ្រ​ខ្លាំង​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ

Posted: 28 Apr 2012 07:49 AM PDT

ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ប្រកាស​សន្យា​ផ្តល់​ថវិកា​ដល់​ប្រទេស​ស្ថិត​ក្នុង តំបន់​ទន្លេ​មេគង្គ​៥​ប្រទេស​គឺ​កម្ពុជា​ ឡាវ ​ថៃ ​ភូមា ​វៀតណាម​នូវ​ចំនួន​ទឹកប្រាក់​៧,៤ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន​សេដ្ឋកិច្ច​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​លាន​នាក់។ ​តែ​ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​និង ​សរអា​បាន​អះអាង​ថា​ការពង្រីក​ឥទ្ធិពល​ជប៉ុន​នៅ​តំបន់​ដែល​មាន​កំណើន​ឥទ្ធិពល​ចិន​នោះ​ក៏​ជា​រឿង​មួយ​ផ្នែក​ដែរ។

លោក​ ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ច​សហ​ប្រតិ បត្តិការ​និង​សន្តិភាព​​បាន​ថ្លែង​ថា​តួនាទី​របស់​ជប៉ុន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ការ​កើនឡើង​ជា​ពិសេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​ជា​តំបន់​ក្រីក្រ​ជាង​ គេ​ក្នុង​ប្លុក​អាស៊ាន។​ដូច្នេះ​ជំនួយ​ជប៉ុន​គឺ​ភ្ជាប់​បណ្តាញ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ធ្វើ​ឲ្យ​ មាន​តុល្យភាព​នៃ​ឥទ្ធិពល​ជាមួយ​ចិន​ផង។

«នេះ​ក៏ជា​សញ្ញា​មួយ​ដែល​យើង​យល់​ថា​ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ទាក់ទង ទៅ​ហ្នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ​ជា​ពិសេស ក្នុង​តំបន់​ទន្លេ​មេគង្គ។​ ដូច្នេះ​ការ​ចូល​មក​ដល់​នៃ​ជប៉ុន​គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ តុល្យភាព​ផ្នែក​យុទ្ធសាស្ត្រ​ក៏​ដូច​ជា​សេដ្ឋកិច្ច​ក្នុង​តំបន់​ហ្នឹង​ដែរ​ព្រោះ​ជប៉ុន​ឲ្យ តម្លៃ​ក្នុង​តំបន់​មេគង្គ​ហ្នឹង​មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក​យើង​នេះ»។

លោក​ឈាង វណ្ណារិទ្ធិ​ថ្លែង​ថា​គម្រោង​របស់​ជប៉ុន​មើល​ទៅ​គឺ​ដើម្បី​ធ្វើ​សមា ហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​អាច​ដើរ​ទាន់​គេ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​ក្នុង​តំបន់​មេគង្គ​ជាដើម។ ​ជប៉ុន​ក៏​ជួយ​ផ្នែក​ ធនធាន​មនុស្ស​ហើយ​នឹង​ផ្នែក​បរិដ្ឋាន​ជាដើម។

«និយាយ​ឲ្យ​ចំ​ទៅ​នយោបាយ​របស់​ជប៉ុន​គឺ​នយោបាយ​សេដ្ឋកិច្ច។​ ជប៉ុន​ដាក់​ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ចម្បង។​ ហើយ​តំបន់​ទន្លេ​មេគង្គ​៥​ប្រទេស​ហ្នឹង​គឺ​ជា Production​ Network ឬ ​Production base ​មួយ​ដែរ​ គឺ​ជា​ទីតាំង​នៃការផលិត»។

លោក​វណ្ណារិទ្ធ​បាន​បន្ថែម​ទៀត​ថា​ជប៉ុនអាច​ពង្រីកចង្វាក់​ផលិតកម្ម​ទៅ​បណ្តា​ប្រទេស​ផ្សេងៗទៀត​ដូចជា​ភូមា​ដែល​មាន​សក្តានុពល​ខ្ពស់​និង​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​តំបន់​ផង​ដែរ​ដោយសារ​ជប៉ុន​ត្រូវការ​ទីផ្សារ​ដែរ​ដើម្បី​នាំ​នូវ​ផលិតផល ​បច្ចេកវិទ្យា​ក៏​ដូចជា​គ្រឿង​ម៉ាស៊ីន​រថយន្ត​ជាដើម​ក្រៅពី​សម្លឹង​ឃើញ​ធនធាន​ដ៏​សម្បូរណ៍​បែប​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​អាច​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ដល់​រោងចក្រ​ជប៉ុន​នោះ។

លោក​ Richard Cronin ​នាយក​កម្មវិធី​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហៅថា​ Stimson Center ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ ប្រទេស​ជប៉ុន​ព្យាយាម​ផ្សារ​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​និង​អាស៊ាន​ឡើង​វិញ​ទាំង​សេដ្ឋកិច្ច​នយោបាយ​និង​ជា​ការប្រជែង​ឥទ្ធិពល​ចិន​ផង​ដែរ​ក្រោយ​ពី​ជប៉ុន​បាន​ឃើញ​កំណើន​ឥទ្ធិពល​ចិន​ខ្លាំង​នោះ។

«មួយ​ផ្នែក​ការ​ភ្ជាប់​ដៃ​គូ​ជាមួយ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​របស់​ប្រទេស​ជប៉ុន​គឺ​ដើម្បី​រួបរួម​ គាំទ្រ​និង​ពង្រីក​ទំនាក់​ទំនង​ជប៉ុន​ទាំង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង ​នយោបាយ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ។​ជាមួយ​គ្នា​ដែរ ​ជប៉ុន​កំពុង​សំឡឹង​មើល​ប្រទេស​ចិន​ដែល​កំពុង​រីក​ចម្រើន​ឥទ្ធិពល​ក្នុង​តំបន់​ដែរ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ទន្លេ​មេគង្គ​លើក​ទី​៤ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Yoshihiko Noda ​បាន​ប្រកាស​សន្យា​ផ្តល់​ជំនួយ​៧,៤​ពាន់​លាន​នេះ​គឺ​ផ្តោត​លើ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការដឹក​ជញ្ជូន​ក្នុង​ប្រទេស​៥​នៃ​តំបន់​ទន្លេ​មេគង្គ​រួម​ទាំង​កម្ពុជា​ផង។

លោក​ថ្លែង​ថា​ស្ថិរភាព​និង​ការអភិវឌ្ឍ​តំបន់​អាស៊ី​ខាង​កើត​មិន​អាច​ដំណើរការ ​បាន​ដោយ​គ្មាន​ស្ថិរភាព​និង​ការអភិវឌ្ឍ​តំបន់​ទន្លេ​មេគង្គ​ទេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​លោក​ ឈាង វណ្ណារិទ្ធ​បាន​អះអាង​ថា៖

ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទន្លេ​មេគង្គ​កំពុង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​លាយ​ឡំ​នឹង​ផល​ប្រយោជន៍​តំបន់​ផង​ដែរ​ ដំណាល​គ្នា​ដែល​មាន​ការ​អះអាងពី​ការជំរុញ​ឲ្យ​បាន​សហ​ប្រតិបត្តិការ​ល្អ។

«តែ​បច្ចុប្បន្ន​នេះ​ផល​ប្រយោជន៍​ជាតិ​នៅតែ​ជា​ផលប្រយោជន៍​ធំ​នៅ​ឡើយ​ទេ។ តែ​យើង​មើល​និន្នាការ​ទៅ​ប្រហែល​ជា​យើង​អាច​នឹង​យ៉ាង​ហោច​ណាស់​ក៏គិត​គូ​រួម​បញ្ចូល​ផល​ប្រយោជន៍​តំបន់​ចូល​ក្នុង​ផលប្រយោជន៍​ជាតិ​ដែរ។​ បើ​មាន​វប្បធម៌ ​ការគិតគូរ​នយោបាយ​ការបរទេស​អញ្ចឹង​ ជម្លោះ​នៅ​ក្នុង​តំបន់​ក៏​វា​អាច​កាត់​បន្ថយ ​បាន​ច្រើន​មែន​ទែន»។

លោកវណ្ណារិទ្ធិ​មើល​ឃើញ​ថា​តួនាទី​ជប៉ុន​អាចភ្ជាប់​នូវ​បណ្តា​ប្រទេស​ទាំងអស់​ ក្នុង​តំបន់​ទន្លេ​មេគង្គ​ជាមួយ​គ្នា​ ហើយ​បង្ក​នូវ​ការយល់​យោគគ្នា​បន្ថែម​ទៀត។

ប្រទេស​ឡាវ​ត្រូវគេ​រាយ​ការណ៍​មក​ថា​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយាបូរី​ ដ៏ ​ចម្រូង​ចម្រាស​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ថៃ​និង​ប្រទេស ​កម្ពុជា​ផង​មិន​សប្បាយ​ចិត្ត៕


This posting includes an audio/video/photo media file: Download Now

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​សន្តិសុខ​តំបន់​លើក​ទី៦

Posted: 27 Apr 2012 06:03 PM PDT

មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន​និង​ដៃគូ​សន្ទនា​មកពី​៨​ប្រទេស​ទៀត​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ចប់​ហើយ​នូវ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​បួន​ថ្ងៃ​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​របស់​ខ្លួន។

កិច្ច​ប្រជុំ​លើក​ទី៦​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ខែ​មេសា​នៅ​ក្នុង​ ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ ជាតិ​អាស៊ាន​ទាំង​ដប់​និង​មន្ត្រី​ការពារ​ជាតិ​ពី​ប្រទេស​៨​ទៀត​ដូច​ជា​ ចិន​ រុស្ស៊ី ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ឥណ្ឌា​ អូស្ត្រាលី ណូវែល​ហ្ស៊េឡង់​និង​សហរដ្ឋ​អាមេរិក​ចំនួន​ជិត​២០០​នាក់។

លោកឧត្តម​សេនីយ៍​ឯក​ណឹម សុវត្ថិ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ និង​ការបរទេស​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការជជែក​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ រក្សា​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន​និង​អន្តរជាតិ​ផង​ដែរ។

លោក​ឧត្តមសេនីយ៍​ឯក​បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​យោបល់​ផង​ដែរ​ជុំវិញ​សភាព​ការណ៍​នយោបាយ​តំបន់​និង​អន្តរ​ជាតិ​ព្រម​ទាំង​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​ការងារ​នៅក្នុង​អាស៊ាន​និង​ប្រទេស​បូក​ទាំង​៨។

"នៅក្នុង​កិច្ចការ​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​អំពី​ការផ្លាស់​ប្តូរ​សភាព​ការណ៍​នេះ​ បាន​លើក​ឡើង​នូវ​បញ្ហា​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ទិដ្ឋភាព​នៃ​សភាពការណ៍​សន្តិសុខ​សមុទ្រ​ សភាព​ការណ៍​រក្សា​សន្តិភាព​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​សភាពការណ៍​វិវឌ្ឍន៍​នៅ​ប្រទេស​ភូមា​ សភាពការណ៍​កើន​ឡើង​នូវ​ទិដ្ឋភាព​គ្រោះមហន្តរាយ​ដោយ​ព្យុះ​ទឹកជនន់​នឹង​ដោយ​រញ្ជួយ​ដី សន្តិសុខ​មិន​មែន​ប្រពៃណី​បញ្ហា​ទឹក​និង​បញ្ហា​មេគង្គ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​រួម​ទាំង​បញ្ច័យ​នៃ​ការវិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ»។

លោក​ឧត្តមសេនីយ៍​ឯក​ណឹម​សុវត្ថិ​បាន​ថ្លែង​ទៀត​ថា​ក្រៅពី​នេះ​អង្គ​ប្រ​ជុំ​ក៏​បាន​បញ្ជាក់​បង្ហាញ​នូវ​ទិដ្ឋភាព​បច្ចុប្បន្នភាព​នៃ​ការវិវឌ្ឍន៍​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ រួម​ទាំង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ច​សង្គម​និង​ផែនការ​នានា​ដែល​អាស៊ាន​បានធ្វើ​កំពុង​ធ្វើ​និង​បន្ត​ធ្វើ។

ក្រៅ​ពីនេះ​ក៏​នៅ​មាន​បញ្ហា​ស្រដៀង​គ្ន​ានេះ​ផ្សេង​ច្រើន​ទៀត​ដែល​ត្រូវ​បាន​សម្រេច​ក្នុងអង្គ​ប្រជុំ​ដើម្បី​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ខែ​ក្រោយ​នេះ​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍​ឯក៕

This posting includes an audio/video/photo media file: Download Now

ក្រុមសិទ្ធិ​មនុស្ស​សុំ​ឱ្យ​មាន​ការស៊ើប​អង្កេត​ការសម្លាប់​លោក​ឈុត វុទ្ធី

Posted: 27 Apr 2012 05:53 PM PDT

មន្ត្រី​ការពារ​សិទ្ធ​មនុស្ស​និង​មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​សង្ស័យ​ការ​បាញ់​សម្លាប់​អ្នកការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដ៏ឆ្នើម​គឺ​លោក ឈុត វុទ្ធី​មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ព្រៃឈើ​ដោយ​បាន​ទទូច​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​ក្នុង​ការនាំខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​មក​កាត់ទោស​តាម​ច្បាប់។

មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​និង​សិទ្ធិ​មនុស្ស​ថ្លែង​ថា​លោក ​ឈុត វុទ្ធី​អាយុ​៤៣​ឆ្នាំ​ មាន​ជម្លោះ​ជាមួយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​បាញ់​សម្លាប់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​រយៈពេល​៣ថ្ងៃ​ដែល​លោក​វុទ្ធី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកោះកុង​ដើម្បី​ស៊ើប​អង្កេត​រឿង​កាប់ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​សោម​ខេត្ត​កោះ កុង។ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​និង​ មន្ត្រី​សិទ្ធិ​មនុស្ស។

លោក​ សុខ ហេង​ នៃ​អង្គការ​បណ្តាញ​សហគមន៍​កម្ពុជា​ជា​ដៃគូ​ជាមួយ​ លោក ឈុត វុទ្ធី​បានថ្លែង​ថា​ការស៊ើប​អង្កេត​មួយ​ដ៏​មាន​តម្លាភាព​និង​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​នៃ​ការបាញ់​ប្រហារ​ដើម្បី​បំបាត់​វប្បធម៌​គ្មានទោសពៃរ៍​គឺ​ជា​រឿង​សំខាន់​សម្រាប់​ក្រុម​អ្នកសេ្នហា​ជាតិ​ អ្នកតស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។​ លោក សុខ ហេង​បាន​ផ្តល់តម្រុយ​ថា​លោក ​ឈុត វុទ្ធី​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការយាយី​អាយុ ​ជីវិត​ពី​ឧក្រិដ្ឋជន​ព្រៃឈើ​តាំងពី​គាត់​ប្រឡូកចូល​ក្នុង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​នេះ។

«តាម​ពិត​ខ្ញុំ​ដឹង​គាត់​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុមល្មើស​ ក្រុមឧក្រិដ្ឋកម្ម​ព្រៃឈើ​យូរ ​ហើយ​តាម​ខ្ញុំ​ដឹង។​ យើង​ដើរ​ជាមួយ​គាត់​ច្រើន​ទៅ​យើង​ដឹង»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​បញ្ហា​បង្ក​ទៅជា​ជម្លោះ​នោះ​គ្រាន់តែ​ជា​មូលហេតុ​ដើម្បី​បង្ក​ហេតុ​ដើម្បី​ឲ្យ​មាន​ការបាញ់​សម្លាប់​ប៉ុណ្ណោះ​នៅ​ពេល ​លោក​ ឈុត វុទ្ធី​ជា​គោលដៅ​យូរ​ហើយ​នោះ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កោះកុង​បាន​រាយការណ៍​ថា​លោក​ ឈុត វុទ្ធី ​ត្រូវ​មន្ត្រី ​ប៉េអឹម​ម្នាក់​ឈ្មោះ​ អ៊ិន រតនា​បាញ់​សម្លាប់​ពេល​លោក​វុទ្ធី​បដិសេធ​មិនព្រម​ឲ្យ​កាត​មែមម៉ូរី​ក្នុង​ម៉ាស៊ីន​ថតរូប​របស់​លោក​ដែល​លោក​បាន​ថតរូប​នានា​ទាក់ទង​នឹង​សកម្មភាព​បទល្មើស​ព្រៃឈើ​នោះ។​ ហើយ​មន្ត្រី​ប៉េអឹម​នោះ​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ដែរ។ អ្នកសារព័ត៌មាន​ The Cambodia Daily​ ២​នាក់​មាន​បរទេស​ម្នាក់​ដែល​រួម​ដំណើរ​នោះ​មាន​សុវត្ថិភាព​ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន​មួយ​រយៈពេល​ខ្លី។ ការបាញ់​សម្លាប់​នោះ​គឺ​កើត​ឡើង​នៅ​តំបន់​វាលបី​ ភូមិ​កោះ​ប៉ោ ​ឃុំបាក់ខ្លង ​ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុង​នៅ​តាមផ្លូវ​មក​ពី​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ។

លោក ​អ៊ិន គង់ជិត ​មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​លីកាដូ​ក្នុង​ខេត្ត​កោះកុង ​បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​ ឈុត វុទ្ធី​ថា៖

«គាត់​បាន​ចុះ​មក​ខេត្ត​កោះកុង​នេះ​បី​ថ្ងៃ​ហើយៗ​តាំងពី​ថ្ងៃច័ន្ទ​មក។​ ហើយ​ពី​ម្ស៉ិលម៉ិញ​ព្រឹក​គាត់​ទៅ​ចំណុច​អូសោម ​គឺជា​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ច្រើន​ បាន​នាំ​អ្នក​សារព័ត៌មាន​យើង​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ​បាទ​ហើយ​ជា​អកុសល​នៅពេល​ព្រឹកម៉ិញ​ម៉ោង៩​ ចេញពី​អូសោម​ហ្នឹង​ មក​ដល់​ចំណុច​ហ្នឹង​ក៏​មាន​រឿង​ហ្នឹង​កើត​ហេតុ​តែ​ម្តង»។

លោក អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​លោក​ឈុត វុទ្ធី​បាន​អះអាង​ថា​ឃាតកម្ម​នេះ​មាន​ការសង្ស័យ​ច្រើន​ ហើយ​ជា​ការបាត់បង់​សម្រាប់​ធនធាន​ធម្មជាតិ​ប្រទេស​កម្ពុជា។

«ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​យើង​បាត់​បង់​មនុស្ស​ដ៏​ក្លាហាន​ម្នាក់​ដែល​មាន​ឆន្ទៈ​ចង់​ការពារ​ព្រៃឈើ​ប្រទេស​កម្ពុជា​យើង។​ គាត់​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ថា​គាត់​ប្រហែល​ជា​បើ​មិន​ជាប់​គុក​ទេ​ប្រហែល​ជា​គេ​សម្លាប់»។​

ក្រៅពី​បន្ថែម​ថា​អ្នកសារព័ត៌មាន​ពីរ​នាក់​គឺ​នាង​ ភន បុប្ផា ​និង​ ស្រី​ជន​បរទេស​ម្នាក់​ជា​សាក្សី​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ការពារ​ពួកគាត់ ​លោក អ៊ូ វីរៈ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ក្នុង​រឿង​ឃាតកម្ម​នេះ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ។

«ព្រោះអី​បើសិន​យើង​ពឹង​ផ្នែក​ទៅលើ​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង​ ខ្ញុំថា​ពួក​គាត់​មិន​អាច​ធ្វើ​ដោយ​ឯករាជ្យ​បាន​ទេ​បាទ។​ ដោយសារ​ប៉េអឹម​ជា​ភាគី​មួយ​ក្នុង​បញ្ហា​នេះ​ផង​ដែរ។​ដូច្នេះ​បើ​មាន​អាជ្ញាធរ​មូលដ្ឋាន​ ទោះជា​គាត់​អត់មាន​ការ​ពាក់ព័ន្ធ​ក៏​គាត់​មិន​ហ៊ាន​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ»។

លោក​ Partric Alley​ នាយក​នៃ​អង្គការ​ការពារ​បរិដ្ឋាន​ពិភពលោក​ ហៅថា ​Global Witness ​បាន​ហៅ​ការបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ជា​ព្រឹត្តិការណ៍​រន្ធត់​និង​សោកនាដកម្ម ​ដោយ​ចាត់​ទុក​ថា​លោក ឈុត វុទ្ធី​ជា​សកម្មជន​ដ៏​កម្រ​ផ្នែក​ការពារ​បរិដ្ឋាន​ធនធាន​ធម្មជាតិ​ ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​មិនត្រូវឈរ​ឱប​ដៃ​មើល​ទេ​ តែ​ត្រូវ​មាន​សកម្មភាព​ជា​បន្ទាន់​ចំពោះ​អ្នកមាន​អំណាច​ជនកាប់ឈើ​ខុស​ច្បាប់​និង​អ្នករឹបអូស​ដីធ្លី​ប្រជា​ពលរដ្ឋ។

«រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ត្រូវតែថ្កោលទោស​ជា​សាធារណៈ ​ចំពោះ​ការសម្លាប់​លោក​ ឈុត វុទ្ធី​ ហើយ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​នាំខ្លួន​ជនល្មើស​មក​កាត់ទោស»។

លោក ​វរៈសេនីយ៍​ឯក​ខេង ទីតូ​ មន្រ្តី​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ​ឬ​ប៉េអឹម​ផ្ទៃ​ប្រទេស​អះអាង​ថា​មន្ត្រី​អាវុធហត្ថ​កំពុង​ស៊ើបអង្កេត​ដើម្បី​ឈាន​ដល់​ចំណុច​សន្និដ្ឋាន​ជូន​អ្នកដឹកនាំ​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស។ លោក​អះអាង​ថា​លោក​ពុំទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ជា​លាយល័ក្ខអក្សរ​ដែរ​មក​ដល់​ពេល​នេះ។

«តាម​ព័ត៌មាន​ជំហាន​ដំបូង​ដែល​ខ្ញុំបាន​ទទួល​នៅ​កន្លែង​កើតហេតុ​នោះ​គេ​បាន​ឲ្យដឹង​ថា​មាន​ជម្លោះ​រវាង​មន្ត្រី​អាវុធហត្ថ​ដែល​ចុះ​អនុវត្ត​ច្បាប់​ចុះ​អនុវត្ត​ភារកិច្ច​ហ្នឹង​ គាត់​ក៏​ប៉ះពាក្យ​សំដី​ជាមួយ​ខាង​មន្ត្រី​ការពារ​ ធនធាន​ធម្មជាតិ​រហូត​ដល់ ​ជម្លោះ​ហ្នឹង​មាន​ការ​ផ្ទុះ​អាវុធ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ បណ្ឌិ ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​សង្កេត​ឃើញ​មាន​កំណើន​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​ការ​បាញ់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​រឿង​ដីធ្លី​ បាញ់​កម្មករ​នៅ​ខេត្តស្វាយរៀង​ និង ​បាញ់ ​សម្លាប់​អ្នកការពារ​បរិដ្ឋាន​នៅ​កោះកុង​ក្រៅពី​អំពើ​ហិង្សា​ដទៃ​ទៀត។ លោក​ទទូច​ឲ្យ​មាន​ ការបញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ប្រទេស​ដែល​នាំ​ឲ្យ ​មាន​កង្វល់​ ពី​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​សន្តិសុខ។

លោក ឈុត វុទ្ធី​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ចូលរួម​ដឹកនាំ​ប្រជា​ពលរដ្ឋ​ក្នុង​ការតវ៉ា​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ការរឹបអូស​ដីធ្លី​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ ជាច្រើន​ខេត្ត​ជាពិសេស​នៅ​តំបន់​ព្រៃឡង់ ​ខេត្ត​កំពង់ធំ ​កាលពី​ខែថ្មីៗ​នេះ៕

This posting includes an audio/video/photo media file: Download Now

វិស័យ​កសិកម្ម​របស់ហ្ស៊ីមបា​វេ​កំពុង​ត្រដាប​ត្រដួស​​ដើម្បី​ឆ្លើយ​​តប​​តាម​សេចក្តី​​ត្រូវ​ការ​

Posted: 28 Apr 2012 07:56 AM PDT

ប្រទេស​ហ្ស៊ីមបាវេ (Zimbabwe)​ ធ្លាប់​ជា​ប្រទេស​ផលិត​អាហារ​ធំ​បំផុត​​មួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង។ ប៉ុន្តែ ​សព្វ​ថ្ងៃ​នេះ វា​​ជា​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដែល​ប្រជាពលរដ្ឋ​​​ត្រូវ​​ពឹង​ផ្អែក​​លើ​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ​ទៅ​វិញ។

អស់​រយៈពេល​ជាង​១០​ឆ្នាំ​បន្ត​បន្ទាប់​គ្នា ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​​​លោក​ប្រធានា​ធិបតី រ៉ូប៊ឺត មូហ្គាប៊ី(Robert Mugabe)អនុវត្ត​​កម្មវិធី​កំណែ​ទម្រង់​ដី​ធ្លី ដែល​ផ្តោត​សំខាន់​​ទៅ​លើ​កសិករ​ស្បែក​ស ហ្ស៊ីមបាវេ​​ ត្រូវ​​នាំចូល​ស្បៀង​​​អាហារ​ដើម្បីបញ្ចៀស​​គ្រោះ​​អត់ឃ្លាន​ ​ខណៈ​ពេល​ដែល​កសិករ​​ថ្មី​​របស់​​ប្រទេស​​នេះ មិន​អាច​ផលិតអង្ករ​ឲ្យ​​បាន​​គ្រប់​គ្រាន់។

កាលពី​​ថ្ងៃ​អង្គារ លោក ថេនដាយ ប៊ីទី (TendaiBiti) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​មាន​ប្រសាសន៍​ថា រតនគារជាតិ​ ​បាន​បញ្ចេញ​ទឹក​​ប្រាក់​ចំនួន​​២០​លាន​ដុល្លារ ទៅដល់​​ប្រជាជន ដើម្បី​​​ទិញ​វត្ថុ​ធាតុ​ដើម​ មាន​ដូចជា គ្រាប់​ពូជ ជី​និង​សម្ភារៈ​​កសិកម្ម​​ដទៃទៀត។ នៅ​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​ដដែល​នេះ​ដែរ លោក​ ចូសិប មែដ (Joseph Made) រដ្ឋមន្រ្តី​កសិកម្ម បាន​​ថ្លែង​​ថា ១​ភាគ​៣​នៃ​ដំណាំ​​ដែល​​បាន​​ដាំដុះ​​របស់ប្រទេសនេះ ​​ក្នុង​រដូវ​ធ្វើកសិកម្ម​ឆ្នាំ​២០១២ ត្រូវ​បាន​​បំផ្លាញ​​​ ដោយសារ​​​តែ​​​កសិករ​គ្មានប្រព័ន្ធ​ធារាសាស្រ្ត និង​​ក្រីក្រខ្លាំង​ពេក​រហូតដល់​​គ្មាន​លទ្ធភាព​​ទិញ​វត្ថុ​ធាតុ​ដើម​ឲ្យ​បាន​ទាន់​ពេល​វេលា។

«វាជា​ការ​​​ច្បាស់​​ណាស់​ថា​ ប្រសិន​បើ​អ្នក​​នាំ​យក​​វត្ថុ​ធាតុ​ដើម​​​យឺតយ៉ាវ ​នៅ​ក្នុង​រដូវ​ធ្វើ​កសិកម្ម អ្នក​​ពិត​ជា​មិន​អាចទាញ​យកគុណ​​ប្រយោជន៍​​​បាន​ទេ។ ការ​ដាំ​ដុះ ​គឺ​ពឹង​ផ្អែក​​លើ​ពេល​វេលា។ រដូវធ្វើ​កសិកម្ម ​មិនអាចរង់​ចាំ​​បាន​ទេ។ ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​យើងអនុវត្ត គឺការ​​កែ​​តម្រូវ​​ស្ថានភាព។ ដូច្នេះ​ ការ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ នឹង​មិន​​ត្រូវ​​ពន្យាពេលទៀតទេ។ ចំណុច​ទី​២ ​គឺ​ថានៅ​ពេល​យើង​និយាយ​អំពី​​វិស័យ​កសិកម្ម កសិករ​តែងតែ​ទទួល​​រង​គ្រោះ​ពី​ការ​​ប្រែប្រួល​​អាកាសធាតុ។ ការ​ប្រែប្រួលនេះ ​គ្មាន​នរណា​អាច​គ្រប់​គ្រង​បានឡើយ។ មធ្យោបាយ​​ដ៏​​ប្រសើរ​បំផុត គឺត្រូវ​​ជួយកសិករ តាមរយៈ​​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្រ្ត។»

ហ្ស៊ីមបាវេ ​ធ្លាប់​មាន​ស្បៀង​​អាហារយ៉ាង​ច្រើន ​រហូត​ដល់​ឆ្នាំ​២០០០។ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នោះ​មក ស្ថានភាព​ មាន​ភាព​​ខុស​ប្លែក​ទំាង​ស្រុង ដោយសារ​​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី មូហ្គាបេ អនុវត្ត​​​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី។ ​​កសិករ​ស្បែកស​ដែល​​ធ្វើ​ជំនួញ​អង្ករ​ស្ទើរតែ​ទាំងអស់ ​ត្រូវ​បាន​​ជំនួស​ដោយ​កសិករ​ដែល​គ្មានបទពិសោធន៍ ពោលគឺ​ក្រុម​អ្នក​គំាទ្រ​គណបក្សរណសិរ្សអ្នក​​សេ្នហាជាតិនៃ​សហភាព​ប្រជាជាតិ​អាហ្រ្វិក​ហ្ស៊ីមបាវេ ឬ​ហៅ​កាត់​ថាZANU-PF របស់​​លោក​ មូហ្គាបេ។ ហើយ ​នេះ​​ជា​ក្រុម​កសិករ ​ដែល ​លោក ​មែដ ត្រូវ​​​​​ជួយ​​​​​កសាង​​ប្រព័ន្ធ​ធារាសាស្រ្ត​ដើម្បី​​ស្រោចស្រប់​ដំណាំ​របស់​ពួក​គេ។​

កសិករ​ដាំ​ស្រូវ​ដែល​ត្រូវ​​បាន​​បណ្តេញចេញ ​ធ្លាប់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ​កសិករ​​ថ្មីទាំងនេះ បាន​បំផ្លាញ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនោះ​ស្ទើរ​គ្មាន​សល់ នៅ​ពេល​ពួក​គេ​ដណ្តើម​​​​​កាន់កាប់​​​ដីកសិកម្ម​​​ដោយ​​ប្រើ​កម្លាំង។ ​នេះ​គឺលោក ​ប៊ីធី រដ្ឋមន្ត្រី​ហរិញ្ញវត្ថុ ដែល​​ធ្វើ​អត្ថាធិប្បាយ​​ស្តីពី​ការ​អំពាវនាវ​ឲ្យ​​បន្ត​ជួយ​​ប្រជាកសិករ​ថែម​ទៀត។

«​មាន​វិធានការ​​ឆ្ពោះ​ទៅ​រកដំណោះស្រាយ​​​ដែល​ទាក់​ទង​នឹង​​ទីផ្សា​សម្រាប់​វិស័យ​កសិកម្ម ដោយ​មាន​នៅ​​ក្នុង​ចិត្ត​​​របស់​​យើង​នូវ​​ភាពអសមត្ថភាព​​​ក្នុង​នាមជា​ប្រទេស​មួយ ដើម្បី​​​ថែរក្សា​​ប្រជាពលរដ្ឋ​របស់​យើ​ង​យ៉ាង​​ពេញ​លេញ។ នេះ​ជាវិធានការ​​មួយ​ដែល​​​យើង​កំពុង​អនុវត្ត​ ដែល​​ឆ្លុះបញ្ចាំង​​នៅ​ក្នុង​កម្មវិធី​ដែល​យើង​កំពុង​ដំណើរការ​​ជា​រៀងរាល់​​ថ្ងៃ​។»​

មាន​ការ​​​រង់​ចាំ​មើលថាតើ​កសិករ​គ្មាន​​ការ​បណ្តុះ​បណ្តាលទាំង​នេះ​​​មាន​លទ្ធភាព​​រស់​ដោយ​ខ្លួន​ឯង​ដោយ​មិន​​ចាំបាច់​​មាន​​ជំនួយ​ពី​រដ្ឋាភិបាល ដូច​ធ្លាប់កើត​​មានចាប់​​​តាំង​ពី​កំណែ​ទម្រង់​​ដី​ធ្លី​បាន​ចាប់​ផ្តើម។​

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​រដ្ឋាភិបាលហ្ស៊ីមបាវេ​ គួរ​តែ​​​បាន​បណ្តុះបណ្តាល​កសិករ ​មុនពេល​​ចែក​ដី​ធ្លី​ទៅ​ឲ្យ​ពួក​គេ។ កាល​ពី​ថ្ងៃអង្គារ ​នៅ​​ពេល​ស្នើ​សុំ​ឲ្យ​​លាត​ត្រដាងស្តី​ពីថាតើ​​​កសិករ​បំពេញការ​ងារ​យ៉ាង​ដូច​ម្តេច​ និង​​ថា​តើ​ប្រទេស​ហ្ស៊ីមបាវេ ត្រូវ​តែ​​​នាំចួល​ស្បៀង​អាហារ​នៅ​ឆ្នាំ​២០១២​​ដែរ​ឬ​​ទេ លោក ​មែដ រដ្ឋ​មន្រ្តី​កសិកម្ម ​បានថ្លែង​​ថា តួ​លេខ​ពិត​ប្រាកដ ​មិន​ទាន់​​អាច​​រក​បាន​​នៅ​ឡើយ​ទេ ប៉ុន្តែ​​ផលិតកម្ម នឹង​​​មិន​ដូច​​អ្វី​ដែល​យើង​ត្រូវ​បាន​រំពឹង​ទុក​នោះ​ទេ។

«ខ្ញុំ​ដឹង​ថា​ អ្នក​ប្រហែលជា​​កំពុង​​ស្វែង​រក​​​តួលេខ​ពិត​ប្រាកដ។ អ្នក​ត្រូវរង់​​ចាំ​បន្តិចសិន។ ​តួលេខទាំង​នោះ​ ត្រូវ​​​​បាន​សង្ខេប​ដើម្បី​​ផ្ញើ​​ជូន​​ទៅ​គណៈរដ្ឋ​មន្រ្តី​ជាមុន​សិន។ ប៉ុន្តែ​ ក្នុង​​ចំណោម​​ផ្ទៃ​ដី​ចំនួន​១.៧​លាន​ហិកតា​ដែល​ត្រូវ​បាន​​ដំា​ដុះ ផ្ទៃដីចំនួន​​ប្រាំសែន​ហិកតា​ នឹង​ត្រូវ​បាន​ខូច​ខាត»។

ជំនួយ​ថវិកា​ចំនួន​២០​លាន​ដុល្លារ​សម្រាប់​​កសិករ ដែល​ត្រូវ​បានប្រកាស​កាល​ពី​ថ្ងៃ​អង្គារ សំដៅ​បង្កើន​បរិមាណ​ផល​​​​ដំណាំក្នុង​​រដូវ​រងារ ជាពិសេស​ស្រូវ​សាលី។ ប្រទេស​​អាហ្រ្វិក​ភាគ​ខាង​ត្បូងមួយ​នេះ ​ត្រូវ​ការស្រូវ​សាលី​ចំនួន​ ៤សែន ៦​ពាន់​តោនម៉ែត្រ​​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​បំពេញ​​សេចក្តី​ត្រូវ​ការនៅតាម​​មូលដ្ឋាន។ លោក​ មែដ បាន​ឲ្យ​​ដឹង​ទៀត​ថា មូលនិធិ​​នេះ នាំឲ្យ​​ផលិតផល​ស្រូវ​សាលី​ កើន​ឡើង​​ដល់ចំនួន​៧ម៉ឺន​៦​ពាន់តោនម៉ែត្រ។»

អង្គការ​សហប្រជាជាតិ ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោចណាស់​ក៏​មាន​​ប្រជាពលរដ្ឋចំនួន​១.​៥​លាន​នាក់​​ត្រូវ​ការ​ជំនួយ​ស្បៀង​​អាហារ នៅ​ហ្ស៊ីមបាវេ​។ ដោយ​​មាន​​ការ​លាត​​ត្រដាង​​ឲ្យ​ដឹងថ្មី​បំផុត ចំនួន​ប្រជាពលរដ្ឋ​​ដែល​ត្រូវ​ការ​ជំនួយស្បៀង​​អាហារ ស្ទើរតែ​ប្រាកដ​ថានឹង​​កើន​ឡើង​​ជា​ក់ជា​ពុំ​ខាន។

ប្រែ​សម្រួល​ដោយ សៀក ​អេង

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!