VOA News: ព័ត៌មាន: “កង្វះហិរញ្ញវត្ថុអាចជាឧបសគ្គដល់ការជំរុញស្រ្តីឲ្យចូលរួមការបោះឆ្នោតឃុំ- សង្កាត់” plus 7 more |
- កង្វះហិរញ្ញវត្ថុអាចជាឧបសគ្គដល់ការជំរុញស្រ្តីឲ្យចូលរួមការបោះឆ្នោតឃុំ- សង្កាត់
- ហេឡូវីអូអេ៖ លោកចាន់ ចេងថ្លែងថាការព្យួរអភ័យឯកសិទ្ធិសភារបស់លោកជាការរំខាន
- កម្ពុជានឹងប្រឈមនឹងបញ្ហាច្រើនក្នុងតួនាទីជាប្រធានសមាគមអាស៊ាន
- ការយឺតយ៉ាវនៃការតែងតាំងសហចៅក្រមស៊ើបអង្កេតបង្កើតការព្រួយបារម្ភ
- គណបក្សនយោបាយជំរុញបេក្ខភាពស្រ្តីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
- គណបក្សប្រឆាំងសុំឱ្យពិនិត្យមើលដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
- ព័ត៌មានអន្តរជាតិវីអូអេ ២២ ធ្នូ យប់
- ព័ត៌មានអន្តរជាតិវីអូអេ ២២ ធ្នូ ព្រឹក
កង្វះហិរញ្ញវត្ថុអាចជាឧបសគ្គដល់ការជំរុញស្រ្តីឲ្យចូលរួមការបោះឆ្នោតឃុំ- សង្កាត់ Posted: 22 Dec 2011 01:19 PM PST ក្នុងខណៈពេលដែលមាននិន្នាការជំរុញស្រ្តីឱ្យឈរឈ្មោះបានច្រើនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនេះ អង្គការលើកកម្ពស់ស្រ្តី ព្រួយបារម្ភថា ពេលវេលានៅសល់តិចតួចណាស់ក្នុងការផ្តល់ការហ្វឹកហ្វឺនឱ្យស្ត្រីរៀបចំគ្រប់លក្ខណៈសម្បត្តិដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ ហើយជំនួយឧបត្ថម្ភដល់ការបង្រៀននានាហាក់នៅមិនទាន់មាននៅឡើយ។ ក្រុមអង្គការលើកកម្ពស់ស្រ្តីយល់ថា ដើម្បីឱ្យស្ត្រីអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនបាន ពួកគេត្រូវមានជំនាញជាមូលដ្ឋានមួយចំនួន ក្នុងនោះមានដូចជា ការថ្លែងជាសាធារណៈ និងការដោះស្រាយបញ្ហាជាដើម។ លោកស្រី ប៉ុក ណន្តដា នាយិកាអង្គការចម្រើនស្រ្តី បានបញ្ជាក់ថា លោកស្រ្តីបានរៀបចំផែនការបណ្តុះបណ្តាលជាច្រើន ប៉ុន្តែការឧបត្ថម្ភពីម្ចាស់ជំនួយហាក់នៅឆ្ងាយណាស់ មកដល់ពេលនេះ។ «ឥឡូវនេះ មកដល់ពេលនេះ យើងមិនទាន់ឮម្ចាស់ជំនួយណាមួយនៅឡើយទេ ដែលគាត់ថា គាត់មានលុយប៉ុណ្ណេះ មានលុយប៉ុណ្ណោះ ដើម្បីជួយឱ្យអង្គការសង្គមស៊ីវិលហ្នឹងជួយបណ្តុះបណ្តាល។ អត់ទាន់មានអ្នកណាមួយច្បាស់លាស់ទេ។ ទៅជាពួកគាត់ទៅវិញដែលមកតាមសួរយើង ដូចជាអង្គការយូអឹនឌីភី អង្គការ UN Women ទៅជាគាត់មកតាមសួរយើងខ្ញុំទៅវិញថា តើយើងខ្ញុំមានគម្រោងទេ ហើយពេលណាដែរ។ តែពេលដែលយើងសួរទៅគាត់វិញថា គាត់មានលុយប៉ុន្មាន? អត់ឆ្លើយ ហើយពេលណាក៏អត់ឆ្លើយដែរ។ ដូច្នេះយើងខ្ញុំនេះមានការបារម្ភណាស់ថា ការបោះឆ្នោតនេះកាន់តែខិតជិតមកហើយគឺនៅខែ៦ហើយ។ ហើយឥឡូវខែ១២ហើយ។ តើយើងត្រៀមលក្ខណៈដូចម្តេចទៅ បើយើងមិនបានចាប់ផ្តើមឱ្យបានពីចម្ងាយ។ នៅពេលដែលយើងចាប់ផ្តើមពីចម្ងាយ នោះបានការងាររបស់យើងមានប្រសិទ្ធភាព»។ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២នេះហើយនឹងមានតំណែងក្រុមប្រឹក្សាចំនួន១១.៤៥៩ដែលនឹងត្រូវប្រកួតប្រជែង។ លោកស្រីប៉ុក ណន្តដាសង្ឃឹមថា ចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្រ្តីនឹងឡើងដល់២៥ភាគរយ ប៉ុន្តែទាំងអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយត្រូវធ្វើការជាមួយគ្នាឱ្យបានសកម្ម។ លោកស្រីយល់ថា ជំហានដំបូង ស្រ្តីត្រូវមានជំនាញក្នុងការនិយាយជាសាធារណៈទៅកាន់ហ្វូងមហាជន។ «ឱ្យគាត់មានភាពក្លាហានក្នុងការជួបជាមួយប្រជាពលរដ្ឋ ឱ្យគាត់ហ៊ាននិយាយ ហ៊ានសួរ ហ៊ានលើកចំណុចដែលប្រជាពលរដ្ឋខ្វាយខ្វល់ ហើយហ៊ានឆ្លើយនឹងសំណួររបស់ប្រជាពលរដ្ឋ។ ដូច្នេះការនិយាយនៅមុខសាធារណៈនោះត្រូវតែមានជាចាំបាច់តែម្តងចំពោះស្រ្តីដែលមានបំណងឈរឈ្មោះជាបេក្ខនារី»។ នៅមូលដ្ឋានមានបញ្ហាជាច្រើន ដែលមានដូចជា ការស្វែងរកការងារធ្វើ ទំនាស់ដីធ្លី ការអភិវឌ្ឍមូលដ្ឋាន ការអប់រំ និងបញ្ហាសុខភាពជាដើម ដែលលោកស្រីប៉ុក ណន្តដាយល់ថា ស្រ្តីត្រូវមានជំនាញដោះស្រាយនិងឆ្លើយតាមការសាកសួរចង់ដឹងពីពលរដ្ឋមូលដ្ឋាន។ «ខ្ញុំជឿថា មិនមានអ្នកណាម្នាក់អាចដោះស្រាយគ្រប់បញ្ហាទេ ក៏ប៉ុន្តែគេមានវិធីសាស្រ្តក្នុងការឆ្លើយនឹងសំណួរដែលប្រជាពលរដ្ឋគាត់មានកង្វល់។ ឆ្លងតាមបទពិសោធន៍ មានន័យថា ប្រជាពលរដ្ឋគាត់សិក្សាពីកន្លែងមួយទៅកន្លែងមួយ ហើយយើងយកបទពិសោធន៍ហ្នឹងយកមកនិយាយជាមួយប្រជាពលរដ្ឋ ថាតើយើងអាចធ្វើអញ្ចេះទេ ធ្លាប់សាកល្បងអញ្ចេះទេ ហើយមានគំនិតផ្តួចផ្តើមថា ធ្វើដូច្នេះ។ ខ្ញុំជឿថា វាជាចំណេះដឹងមួយដែលស្រ្តីត្រូវតែមានក្នុងការបង្ហាញខ្លួននៅមុខសាធារណៈ នៅមុខប្រជាពលរដ្ឋ»។ វីអូអេបានព្យាយាមទាក់ទងនឹងម្ចាស់ជំនួយមួយចំនួនដែលធ្វើការងារទាក់ទងនឹងការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានការឆ្លើយតបអ្វីឱ្យបានជាក់លាក់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សនយោបាយធំៗមួយចំនួនបានត្រៀមលក្ខណៈខ្លះហើយក្នុងការផ្តល់ការហ្វឹកហ្វឺនដល់ស្រ្តី។ លោកស្រីមូ សុខហួរ តំណាងរាស្ត្រនិងជាប្រធានចលនាស្រ្តីនៃគណបក្សសម រង្ស៊ីយល់ស្របនឹងភាពចាំបាច់ដែលសង្គមស៊ីវិលបានលើកឡើងនិងបញ្ជាក់ថា នេះគឺជាអ្វីដែលគណបក្សរបស់លោកស្រីកំពុងផ្តោតការយកចិត្តទុកដាក់។ «ទីមួយយើងបង្ហាត់បង្រៀននិងបង្កើននូវការយល់ដឹង បង្កើននូវការរឹងមាំនិងភាពក្លាហាន ហើយនឹងយើងបង្កើននូវបច្ចេកទេសផ្សេងៗ ដូចជាបច្ចេកទេសឃោសនា និយាយទៅកាន់សាធារណជនជាដើម។ តាមរយៈចលនាស្ត្រី យើងបានបណ្តុះបណ្តាល យើងបានចងក្រងស្រ្តីយើងអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ហើយយើងនឹងបន្តទៅទៀត ដោយយើងសហការជាមួយអង្គការស្ត្រីដទៃទៀត»។ លោកស្រីហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារនិងកិច្ចការនារីនៃរដ្ឋសភា និងជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា គណបក្សកាន់អំណាចក៏ផ្តោតការយកចិត្តទុកដាក់ដល់សារៈសំខាន់នៃសមត្ថភាពរបស់ស្រ្តីដែរ។ «សំខាន់គឺរឿងសមត្ថភាព កាលណាឱ្យប្រជាជនបោះឆ្នោតឱ្យ ទាល់តែយើងជាស្រ្តីមានសមត្ថភាពដើម្បីបម្រើការងារផងដែរ»។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសឈ្មោះគណបក្សដែលត្រូវចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី៣១ ខែធ្នូនេះ៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ លោកចាន់ ចេងថ្លែងថាការព្យួរអភ័យឯកសិទ្ធិសភារបស់លោកជាការរំខាន Posted: 22 Dec 2011 10:20 AM PST ថ្លែងពីទីកន្លែងមានសុវត្ថិភាពមួយមកកាន់កម្មវិធីហេឡូវីអូអេនៅរាត្រីថ្ងៃ ព្រហស្បតិ៍ លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៉ីខេត្តកណ្តាល ដែលត្រូវព្យួរ អភ័យឯកសិទ្ធិសភាកាលពីថ្ងៃអង្គារ បាននិយាយថាការព្យួរអភ័យឯកសិទ្ធសភារបស់លោកជារឿងមិនអាចទទួលយកបាននិងជារឿងរំខានក្នុងកិច្ចការបម្រើរប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត។ លោកបានពន្យល់ថា លោកគ្មានកំហុស ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សភាមិនបានហៅលោកទៅសាកសួរអំពីរឿងរ៉ាវចោទប្រកាន់ដែរ។ កម្មវិធីហេឡូវីអូអេនៅក្នុងកម្មវិធីផ្សាយយប់ថ្ងៃ ព្រហស្បតិ៍ទី២២ខែធ្នូឆ្នាំ២០១១ ពិភាក្សាអំពីភារកិច្ចរបស់អ្នកតំណាងរាស្ត្រ និង អភ័យឯកសិទ្ធិសភា។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
កម្ពុជានឹងប្រឈមនឹងបញ្ហាច្រើនក្នុងតួនាទីជាប្រធានសមាគមអាស៊ាន Posted: 22 Dec 2011 07:57 AM PST ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងតួនាទីជាប្រធានអាស៊ាន កម្ពុជាត្រូវប្រឈមនឹងការដោះស្រាយបញ្ហាលំបាកជាច្រើនទាក់ទងនឹងជម្លោះព្រំដែនផ្ទៃក្នុង និងជម្លោះនៅសមុទ្រចិនខាងត្បូង។ កម្ពុជាបានទទួលវេនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២បន្តពីប្រទេសឥណ្ឌូនេស៊ី។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបជាមួយលោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsowan) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការគាំទ្រ និងសហប្រតិបត្តិការជាមួយប្រធានអាស៊ានថ្មី សំដៅធ្វើឲ្យប្រាកដថា ឆ្នាំ២០១២ គឺជាឆ្នាំជោគជ័យសម្រាប់អាស៊ាន។ លោក ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបថា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០១២ កម្ពុជាបានប្តេជ្ញាចិត្តជំរុញការតភ្ជាប់សកម្មភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ សំដៅកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ឲ្យបានជោគជ័យ។ «យើងនិយាយតែបញ្ហាអាស៊ាន ធ្វើយ៉ាងណាធ្វើសមាហរណកម្មអាស៊ានឲ្យបាន ដើម្បីកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ និងធ្វើយ៉ាងណាការតភ្ជាប់អាស៊ានលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងស្ថាប័ន និងទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឲ្យបានជោគជ័យ ដើម្បីឈានទៅការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥»។ លោក ស៊ូរិន ពិតសុវណ្ណ បានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយជំនួបថា សមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ានទាំងអស់គាំទ្រកម្ពុជាធ្វើប្រធានអាស៊ាន ហើយអាស៊ាននឹងខំប្រឹងធ្វើកាងាររបស់ខ្លួនឲ្យសម្រេចបាននូវសហគមន៍អាស៊ានឆ្នាំ២០១៥។ «សមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់មានការជឿជាក់យ៉ាងពេញលេញថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានដោយទទួលបានជោគជ័យដ៏ធំធេង ហើយទាំងអស់គ្នាសន្យាគាំទ្រតាមរយៈរូបខ្ញុំ និងតាមរយៈលេខាធិការដ្ឋានដែលយើងនឹងធ្វើអ្វីៗចាំបាច់គ្រប់យ៉ាង។ កម្ពុជាចង់សហប្រតិបត្តិការ និងការគាំទ្រ និងការសម្របសម្រួលពីសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីជួយ គាំទ្រ និងប្រតិបត្តិការជាមួយកម្ពុជា ជាប្រធានអាស៊ាន ពីព្រោះពួកគេដឹងថាអាស៊ានគឺជាអង្គការតំបន់ជោគជ័យបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ន»។ លោក សន ម៉ាក់គីនតុស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ជាទូទៅសហរដ្ឋអាមេរិកទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅក្នុងអំឡុងធ្វើជាប្រធានអាស៊ានរបស់ខ្លួននៅឆ្នាំ២០១២។ ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា តំណែងប្រធានអាស៊ានរបស់កម្ពុជាត្រូវប្រឈមនឹងការលំបាកស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយ ដូចជាជម្លោះព្រំដែនខ្មែរ ថៃ ជម្លោះសមុទ្រចិនខាងត្បូង ការគោរពសិទ្ធិមនុស្ស គ្រោះមហន្តរាយធម្មជាតិ។ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា តួនាទីប្រធានអាស៊ានរបស់កម្ពុជានឹងជួយជំរុញការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ទាំងសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងវប្បធម៌ដោយគ្មានបញ្ហាទេ ប៉ុន្តែជម្លោះសមុទ្រចិនខាងត្បូងជាបញ្ហាលំបាកពីព្រោះសមាគមអាស៊ានបានទទួលរងឥទ្ធិពលនយោបាយពីសហរដ្ឋមេរិក និងចិន ខណៈដែល សហរដ្ឋអាមេរិកបានបង្ហាញគោលនយោបាយយ៉ាងច្បាស់អំពីការកសាងយុទ្ធសាស្ត្រយោធាដើម្បីទប់ទល់នឹងការគំរាមគំហែងខាងយោធាមកលើតំបន់អាស៊ីប៉ាស៊ីហ្វិក។ «ខ្ញុំឃើញមានឧបសគ្គបី៖ ទី១ទំនាស់ព្រំដែនរវាងខ្មែរ និងថៃ។ កម្ពុជាមិនអាចបំពេញមុខនាទីដោយអព្យាក្រឹត្យ។ ទី២ ចិន និងវៀតណាមទាស់គ្នា ហើយចិន និងប្រទេសអាស៊ាន រួមទាំងប្រទេសវៀតណាមខុសពីទស្សនៈ និងជំហរចិនថា ដោះស្រាយ (ជម្លោះសមុទ្រចិនខាងត្បូង) តាមទ្វេភាគី គឺពិបាក និងទី៣ឆ្នាំ២០១២នេះ ជាឆ្នាំមិត្តភាពកម្ពុជា វៀតណាម។ ឥឡូវនេះ គោលនយោបាយក្រៅប្រទេស យើងដូចជាជួបឧបសគ្គច្រើន»។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនគេចវេសពីតួនាទីរកដំណោះស្រាយបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងបានទេ ហើយបញ្ហាជម្លោះនេះ គឺជាបញ្ហារសើបដែលកម្ពុជាពិបាកសម្រេចចិត្តពីព្រោះចិនជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា និងអាស៊ាន។ «ឥឡូវនេះ កម្ពុជាមានសម្ពាធក្នុងការដោះស្រាយ និងរកដំណោះស្រាយបញ្ហាទាក់ទងរឿងចិនជាមួយនឹងវៀតណាម ហើយចិនជាមួយហ្វីលីពិន ឥណ្ឌូនេស៊ី និងសមាជិកអាស៊ានដទៃ ដែលទាក់ទងនឹងសមុទ្រចិនខាងត្បូងហ្នឹងគឺជាប្រធានបទមួយដែលអាស៊ានទោះបីចង់ មិនចង់ ត្រូវតែលើកឡើងយកមកពិភាក្សាក្នុងយន្តការសន្តិសុខរួម។ កម្ពុជាជាប្រធានអាស៊ានត្រូវដើរតួនាទីសម្របសម្រួលឲ្យអាស៊ានចរចាជាមួយនឹងចិន ប៉ុន្តែមិនអាចដាក់សម្ពាធលើចិនបានទេ ពីព្រោះប្រទេសកម្ពុជានៅក្រោមឥទ្ធិពលចិនជាម្ចាស់ជំនួយដ៏ធំមួយ»។ លោក អ៊ូ វីរៈ បានបន្ថែមថា តួនាទីអាស៊ានរបស់កម្ពុជាទាក់ទងនឹងជម្លោះព្រំដែនខ្មែរ ថៃនេះ ជាផ្លូវមួយដែលកម្ពុជាត្រូវដើរដោយប្រុងប្រយ័ត្នបំផុត។ «កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០១២ ហើយក៏ជាភាគីនៃជម្លោះ។ ប្រទេសកម្ពុជាគឺពិបាកក្នុងការដាក់របៀបវីរៈជម្លោះនេះ ដើម្បីរកដំណោះស្រាយ។ អញ្ចឹង ខ្ញុំមើលទៅរបៀបវារៈនេះគឺប្រហែលជានៅទ្វេភាគីជាជាងនៅជាមួយអាស៊ាន។ ចំពោះខ្ញុំៗថា កម្ពុជាប្រហែលជារកដំណោះស្រាយចរចាទ្វេភាគី ជាជាងយកយន្តការអាស៊ានមកប្រើប្រាស»។ លោក ផាវីន ឆាឆាវ៉ាលផុងពុន (Pavin Chachavalpongpun) អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកិច្ចការនយោបាយ និងយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ានបានថ្លែងក្នុងសារអេឡិចត្រូនិកថា កម្ពុជាអាចជួបឧបសគ្គជាច្រើនទាក់ទងនឹងការដឹកនាំអាស៊ាននេះ។ ប៉ុន្តែកម្ពុជាត្រូវតែពង្រឹងកម្លាំងរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ាននេះ ហើយវាជាការឈ្លាសវ៉ៃ ដែលកម្ពុជានឹងលើកឡើងអំពីបញ្ហាដំណោះស្រាយជម្លោះ និងផ្តល់ជាអាទិភាពនោះ៕ This posting includes an audio/video/photo media file: Download Now |
ការយឺតយ៉ាវនៃការតែងតាំងសហចៅក្រមស៊ើបអង្កេតបង្កើតការព្រួយបារម្ភ Posted: 22 Dec 2011 07:14 AM PST មន្រ្ដីអង្គការសហប្រជាជាតិ និងមន្ដ្រីអង្គការឃ្លាំមើលការកាត់ទោសអតីតខ្មែរក្រហមបានហៅការយឺតយ៉ាវក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិជាផ្លូវការថា គឺជា «ការគួរឲ្យព្រួយបារម្ភ» សម្រាប់ដំណើរការកាត់ទោសក្នុងសំណុំរឿងបន្ថែមពីរទៀត គឺសំណុំរឿង០០៣ និង០០៤។ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបម្រុង លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ (Laurent Kasper-Ansermet) សញ្ជាតិស្វ៊ីស ត្រូវជ្រើសតាំងដោយអង្គការសហប្រជាជាតិដើម្បីជំនួសលោក ស៊ីកហ៊្វ្រីក ប៊្លុង។ លោក ប៊្លុង សហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ បានលាឈប់ពីការងារកាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីទទួលរងការវាយប្រហារជាច្រើន លើកិច្ចការស៊ើបអង្កេតរបស់លោក ក្នុងសំណុំរឿងបន្ថែមទាំងពីរនេះ។ លោកឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ បានឲ្យដឹងថា លិខិតជ្រើសតាំងលោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានបញ្ជូនទៅកាន់ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមកាលពីពាក់កណ្ដាលខែ តុលា ឆ្នាំ ២០១១នេះ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះស្ថាប័នច្បាប់កម្ពុជា ដែលមានព្រះមហាក្សត្រគង់ជាប្រធាននេះ នៅមិនទាន់បញ្ចេញសេចក្ដីសម្រេចលើការតែងតាំងលោក កាសពែ អង់ស៊ែម៉េ នៅឡើយ។ «ពិតហើយយើងដឹងហើយថា គាត់ត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិ ហើយយើងកំពុងតែរង់ចាំសេចក្ដីសម្រេចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម»។ ប្រភពនានាពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រមសុទ្ធតែពុំអាចបញ្ជាក់ពីការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិបាននោះទេ។ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោកចៅក្រម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែររួមទាំងលោក សម ប្រជាមានិត នាយខុទ្ទកាល័យក្រសួងយុត្តិធម៌សុទ្ធតែបញ្ជាក់ដូចៗថា ពួកអស់លោកមិនបានដឹងពីព័ត៌មានណាមួយថា តើមានការសម្រេចតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិហើយឬនៅនោះ។ ដោយឡែកលោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហម និងជាសមាជិកក្រុមប្រឹក្សាឧត្តមក្រុមប្រឹក្សាអង្គចៅក្រមផងដែរមិនអាចទាក់ទងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងដោយគ្មានអ្នកទទួល។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួនកាលពីពីរសប្ដាហ៍មុន លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ បានលើកឡើងថា យោងតាមច្បាប់តួនាទីរបស់គាត់ដែលត្រូវឡើងជំនួសសហចៅក្រមស៊ើបអង្កេតមុន គួរតែមានប្រសិទ្ធិភាពគ្រប់គ្រាន់ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ មកម្លេះ។ លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិកដែលតាមឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ផ្អែកតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ភាគីកម្ពុជាត្រូវតែងតាំងចៅក្រមដោយពុំពន្យារ ដែលអង្គការសហប្រជាជាតិជ្រើសតាំងជូន។ «ការយឺតយ៉ាវនៅក្នុងការតែងតាំងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង។ ទី១ការប៉ះពាល់ដល់ដែលធ្វើឲ្យមានភាពមន្ទិលសង្ស័យទៅលើឆន្ទៈនយោបាយ ទី២គឺធ្វើឲ្យយឺតយ៉ាវថែមទៀតនូវការស៊ើបអង្កេតលើសំណុំរឿង ០០៣/០០៤»។ លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមក៏យល់ថា ការខកខានក្នុងការតែងតាំងចៅក្រមស៊ើបអង្កេតពេញសិទ្ធិក្នុងពេលនេះនឹងប៉ះពាល់ដល់សំណុំរឿងពីរចុងក្រោយ។ «ពិតហើយវាអាចនឹងមានការប៉ះពាល់ដល់ការកំណត់ពេលវេលា ក្នុងដំណើរការក្ដី គឺវាអាចបង្កឲ្យមានភាពយឺតយ៉ាវ»។ លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ ដែលកំពុងរង់ចាំការតែងតាំងដោយរាជក្រិត្យពីព្រះមហាក្សត្រដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបាន សរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីពីរសប្ដាហ៍មុននោះដែរថា រូបលោក និងសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង នឹងចាត់ចែងកិច្ចការស៊ើបសួរ និងគ្រប់គ្រងការិយាល័យរបស់ខ្លួន។ ក៏ប៉ុន្ដែភ្លាមៗ នៅថ្ងៃដដែលនោះ លោក យូ ប៊ុនឡេង បានប្រតិកម្មជំទាស់ថា ការចេញសេចក្ដីថ្លែងការណ៍របស់សហចៅក្រមបម្រុងបរទេសមិនបានពិគ្រោះយោបាល់ជាមួយរូបលោកជាមុននោះទេ។ លោកយូ ប៊ុនឡេង បានប្រមានថា សហចៅក្រមអន្តរជាតិឲ្យរង់ចាំការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រសិនមុននឹងចាប់ផ្ដើមការងាររបស់ខ្លួន។ លោកស្រី ឡូរ៉ង់ស្ស៍ ប៊ែណាឌី (Laurence Bernardi) លេខាទី១នៃស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ លោកតាស៊ូយ៉ា ម៉ាជីដា (Tatsuya Machida) លេខាទី១អមស្ថានទូតជប៉ុន និងលោកសន ម៉ាកគិនតូស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកមិនធ្វើអត្ថាធិប្បាយលើការយឺតយូរនៃការតែងតាំងសហចៅក្រហមស៊ើបអង្កេតជាផ្លូវការនោះទេ។ ក៏ប៉ុន្ដែលោក ចន ម៉ាកគិនតូស្ស មានប្រសាសន៍តាមសារអេឡិចត្រូនិចថា សហរដ្ឋអាមរិកនៅតែ«គាំទ្រក្នុងការនាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហមដែលជាអ្នកទទួលខុសត្រូវក្នុងអំពើឃោរឃៅយកមកកាត់ទោស។ ដោយរៀបរាប់បញ្ចូលគ្នារវាងសំណុំរឿង ០០១ និង០០២ លោកតាស៊ូយ៉ា ម៉ាជីដា មានប្រសាសន៍ថា ប្រទេសជប៉ុន «ចាត់ទុកដំណើរការនីតិវិធីតុលាការទាំងមូលកំពុងប្រព្រឹត្តិទៅមុខ»៕ This posting includes an audio/video/photo media file: Download Now |
គណបក្សនយោបាយជំរុញបេក្ខភាពស្រ្តីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ Posted: 22 Dec 2011 09:46 AM PST គណបក្សនយោបាយសំខាន់ៗនៅក្នុងប្រទេសកម្ពុជាកំពុងជំរុញឱ្យមានបេក្ខភាពស្រ្តីឱ្យបានច្រើននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ហើយអង្គការសង្គមស៊ីវិលសម្តែងក្តីសង្ឃឹមថា ចំនួនស្រ្តីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នឹងកើនឡើងបានជិតពីរដងច្រើនជាងតួលេខនាពេលបច្ចុប្បន្ន។ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី៣ខែមិថុនាឆ្នាំ២០១២ខាងមុខនេះដែលនេះជាការបោះឆ្នោតថ្នាក់មូលដ្ឋានលើកទីបីជារៀងរាល់ប្រាំឆ្នាំម្តង។ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តនិងជាប្រធានចលនាស្ត្រីនៃគណបក្សសម រង្ស៊ី បានបញ្ជាក់ថា គណបក្សរបស់លោកស្រីកំពុងធ្វើចលនាយ៉ាងសកម្មដើម្បីជំរុញស្រ្តីឱ្យមានសេចក្តីក្លាហានដើម្បីឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតជូននិងត្រូវហ៊ានចេញមុខដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគេ។ លោកស្រីថ្លែងថា៖ «បើសិនជាយើងមើលអំពីបញ្ហាប្រជាពលរដ្ឋគឺយើងឃើញថា មានបញ្ហាធំធេងណាស់។ បញ្ហាធំគឺបញ្ហាដីធ្លី ភាពក្រីក្រ ការអត់ការងារធ្វើ ការខ្វះខាតនូវការអប់រំ។ នេះឃើញថា យើងជាស្រ្តីត្រូវតែដោះស្រាយបញ្ហាស្រ្តី។ អញ្ចឹងយើងត្រូវតែចូលក្នុងឆាកនយោបាយ ហើយឆាកនយោបាយដើម្បីអ្វី? មែនទែនគឺដើម្បីដោះស្រាយបញ្ហារបស់ជាតិ បញ្ហាស្រ្តីហ្នឹងឯង។ហើយយើងត្រូវចាប់ផ្តើមតាំងពីថ្នាក់មូលដ្ឋានគឺពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងមកដល់ក្នុងខែ៦ឆ្នាំ២០១២ខាងមុខនេះ»។ សម្រាប់យុទ្ធសាស្រ្តរបស់គណបក្សសម រង្ស៊ីគឺការផ្តល់ការបណ្តុះបណ្តាលស្រ្តី ឱ្យចេះនិយាយនៅមុខហ្វូងមហាជននិងជំនាញក្នុងការដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគេ។ សម្រាប់គណបក្សសិទ្ធិមនុស្សគឺអាទិភាពបានទៅស្រ្តី បើសិនជាបេក្ខជនបុរសនិងស្រ្តីមានសមត្ថភាពស្មើគ្នា និងមានគ្រប់លក្ខណៈសម្បត្តិដែលគណបក្សបានកំណត់ដូចគ្នា។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា៖ «យើងយកតាមឆន្ទៈរបស់ប្រជាពលរដ្ឋមិនមែនយកឆន្ទៈរបស់មនុស្សមួយក្រុមណាទេគឺតាមឆន្ទៈអ្នកមូលដ្ឋាន។ អ្នកមូលដ្ឋានគេមើលឃើញអ្នកណាដែលមានសមត្ថភាព ទោះបីអ្នកនោះស្រ្តីក៏ដោយ បុរសក៏ដោយ យើងអត់មានរើសអើងទេ។ បើសិនអ្នកហ្នឹងមានគុណភាពគ្រប់គ្រាន់ មានសមត្ថភាព មានគុណធម៌ មានគោលជំហរច្បាស់លាស់នោះ គេស្នើមកយើងយល់ព្រម។ ហើយបើសិនពិន្ទុស្មើគ្នា យើងឱ្យអាទិភាពទៅលើស្រ្តី»។ លោកស្រីហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារនិងកិច្ចការនារីនៃរដ្ឋសភា និងជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សរបស់លោកស្រីយកចិត្តទុកដាក់ខ្លាំងលើការជំរុញស្រ្តីចូលក្នុងឆាកនយោបាយ ជាពិសេសក្នុងការបោះឆ្នោតនៅមូលដ្ឋាន ក្នុងពេលខាងមុខនេះ។ «គណបក្សប្រជាជន បើថា សន្យាគឺធ្វើ។ បើថា ជំរុញស្រ្តីគឺថា យើងមានការកើនឡើងច្រើនណាស់តាំងពីជួរតំណាងរាស្រ្ត តាំងពីជួរក្រុមប្រឹក្សាឃុំ-សង្កាត់គឺយើងបានដាក់ផែនការតែហ្មងថា ត្រូវតែបានប៉ុន្មានភាគរយគឺត្រូវធ្វើយ៉ាងម៉េចឱ្យបាន ពីព្រោះថ្នាក់លើលោកយកចិត្តទុកដាក់ណាស់ចំពោះស្រ្តី»។ តាមការឱ្យដឹងគឺចំនួនស្រ្តីក្នុងតួនាទីក្រុមប្រឹក្សាឃុំសង្កាត់មានការកើនឡើងពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ។ ក្នុងការបោះឆ្នោតឆ្នាំ២០០៧ កន្លងទៅនេះ ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្រ្តីមានចំនួន១៥ភាគរយនៃចំនួនក្រុមប្រឹក្សាសរុប។ លោកស្រីប៉ុក ណន្តដា នាយិកាអង្គការចម្រើនស្រ្តីសង្ឃឹមថា យ៉ាងហោចណាស់ក៏មានស្រ្តីចំនួនមួយភាគបួនក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងប្រទេសនឹងត្រូវបានជាប់ឆ្នោត។ «ខ្ញុំសង្ឃឹមថា បានយ៉ាងតិច២៥ភាគរយ ពីព្រោះ ខ្ញុំឃើញសន្ទុះនៃស្រ្តីដែលចង់ចូលរួមនោះច្រើន ឱ្យតែគណបក្សនយោបាយគាត់ដាក់នៅបញ្ជីលេខរៀងខាងលើ»។ យោងតាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា ចំនួនក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទីបីខាងមុខនេះមានចំនួន១១.៤៥៩។ លោកស្រីបញ្ជាក់ថា អង្គការចម្រើនស្ត្រីបានធ្វើការជាច្រើនជាមួយគណបក្សនយោបាយ ដោយបានបណ្តុះបណ្តាលស្រ្តី និងធ្វើកម្មវិធីតស៊ូមតិជាមួយគណបក្សនយោបាយមួយចំនួនដើម្បីឱ្យគេយល់និងដាក់បេក្ខភាពស្រ្តី ឱ្យបានច្រើននៅក្នុងលំដាប់លេខរៀងខាងលើដើម្បីឱ្យពួកគេមានឱកាសជាប់ឆ្នោតបានច្រើន។ លោកស្រីយល់ថា កត្តាជីវភាពនិងចំណេះដឹងរបស់ស្រ្តីមិនមែនជាឧបសគ្គធំដុំទេ នាពេលបច្ចុប្បន្ននេះ។ «បញ្ហាប្រឈមរបស់គាត់ជាចម្បងដែលខ្ញុំឃើញគឺគណបក្សនយោបាយនៅមិនទាន់ជឿជាក់ថា ដាក់ស្រ្តីនៅលេខរៀងទីមួយនៅឡើយទេ។ នេះគឺជាការប្រឈមទីមួយ។ ការប្រឈមទីពីរគឺបញ្ហាដែលស្រ្តីខ្លួនឯងនៅមានការរារាំងក្នុងចិត្តនៅឡើយ មិនទាន់ដាច់ណាត់ខ្លួនឯងថា តើខ្លួនឯងហ្នឹងចូលទៅឈរឈ្មោះជាបេក្ខនារីហ្នឹង។ នៅពេលដែលជាប់ហើយហ្នឹង ខ្លួនឯងមានលទ្ធភាពជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានដែរឬទេ ព្រោះថាបញ្ហានៅមូលដ្ឋានច្រើនណាស់»។ ប៉ុន្តែសម្រាប់កញ្ញាស៊ិន រ៉ូហ្សេត គឺមានលក្ខណៈខុសពីនេះ។ ក្នុងវ័យ២៥ឆ្នាំ នាងបានបង្ហាញនូវការប្តេជ្ញាចិត្តដើម្បីឈរឈ្មោះសម្រាប់តំណែងចៅសង្កាត់អូចានៃក្រុងបាត់ដំបងសម្រាប់កូតាគណបក្សសម រង្ស៊ី ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងពេលខាងមុខនេះ។ នាងបានបញ្ជាក់ថា៖ «ពីភូមិមួយទៅ ភូមិមួយគឺខ្ញុំដឹងបញ្ហា ថាតើភូមិហ្នឹងត្រូវការអ្វី? ភូមិអូចាត្រូវការអ្វី? ភូមិព្រៃកូនសេកត្រូវការអ្វី? អញ្ចឹងពេលយើងស្គាល់បញ្ហា យើងទៅបំភ្លឺបញ្ហា។ យើងអាចដោះស្រាយបញ្ហារបស់ពួកគាត់គឺពួកគាត់នឹងគាំទ្រយើង ហើយគឺគាត់អត់មានប្រកាន់ថា ចាស់ឬក្មេងទេ ឱ្យតែមានអ្នកអាចជួយគាត់បាន»។ នៅមិនទាន់ដឹងថា មានគណបក្សប៉ុន្មាននឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងពេលខាងមុខទេ។ ការប្រកាសឱ្យដឹងពីចំនួននិងឈ្មោះគណបក្សនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូក្នុងពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប្រទេសកម្ពុជាបានបោះឆ្នោតឃុំ-សង្កាត់លើកទីមួយក្នុងឆ្នាំ២០០២ និងលើកទីពីរក្នុងឆ្នាំ២០០៧៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងសុំឱ្យពិនិត្យមើលដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Posted: 22 Dec 2011 10:19 AM PST សមាជិកសភាគណបក្សជំទាស់ដែលទើបត្រូវរដ្ឋសភាជាតិដកហូតអភ័យឯកសិទ្ធិ បានទទូចដល់សហគមន៍ជាតិ និងអន្តរជាតិ ឲ្យត្រួតពិនិត្យមើលពីការប៉ះពាល់ដំណើការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោកចាន់ ចេង សមាជិកសភាគណបក្ស សម រង្ស៉ី បានថ្លែងតាមទូរស័ព្ទប្រាប់ វីអូអេផ្នែកខេមរភាសាពីកន្លែងសុវត្ថិភាពមួយថា ការព្យួរអភ័យឯកសិទ្ធិសភារបស់លោកជាការបង្ហាញពីការប៉ះពាល់ដល់កិច្ចការរបស់អ្នកតំណាងរាស្ត្រឬសមាជិកសភាក្នុងការបំពេញបេសកម្មជួយដល់ពលរដ្ឋម្ចាស់ឆ្នោត។ «ខ្ញុំសុំអំពាវនាវដល់សហគមន៍អន្តរជាតិ ដល់សហគមន៍ជាតិថា ការដកអភ័យ ឯកសិទ្ធិនេះ សុំឲ្យតាមដានយកចិត្តទុកដាក់ ព្រោះតំណាងរាស្ត្រមិនចេះតែដកបានស្រួលទេ។ បើអញ្ចឹងមិនអាចបម្រើការងារជូនប្រជាពលរដ្ឋអីបានតទៅទៀតទេព្រោះដកផុយស្រួយយ៉ាងនេះ។ អញ្ចឹងលទ្ធិប្រជាធិបតេយ្យមិនអាចទៅមុខរួចទេបាទ»។ លោកចាន់ ចេងតំណាងរាស្ត្រខេត្តកណ្តាលបានអះអាងថាប្រសិនបើតំណាងរាស្ត្រដែលប្រជាពលរដ្ឋបោះឆ្នោតជូនធ្វើការតវ៉ាឬធ្វើកិច្ចការមិនបានផងចុះទម្រាំ ប្រជាពលរដ្ឋសាមញ្ញនោះយ៉ាងណាទៅ? លោកចោទសួរហើយបានអះអាង បន្ថែមថារបបសព្វថ្ងៃនឹងក្លាយទៅជារបប«ឯកបក្ស» ដែលមានន័យថាជាការ គ្រប់គ្រងឬដឹកនាំប្រទេសដោយបក្សតែមួយ។ លោក ចាន់ ចេង ត្រូវសភាដែលសំឡេងភាគច្រើនមកពីគណបក្សប្រជាជននោះ បោះឆ្នោតព្យួរអភ័យឯកសិទ្ធិកាលពីថ្ងៃអង្គារតាមការស្នើសុំរបស់ក្រសួងយុត្តិធម៌និងព្រះរាជអាជ្ញាអមតុលាការខេត្តកណ្តាល ដើម្បីបើកផ្លូវឲ្យតុលាការកោះហៅសាកសួរឬចោទប្រកាន់ពីបទពាក់ព័ន្ធដល់ការផ្តល់មធ្យោបាយនិងជួយសម្រួល ដល់ជនត្រូវចោទម្នាក់ជាមន្ត្រីមូលដ្ឋានគណបក្ស សម រង្ស៊ី ក្នុងខេត្តកណ្តាលដែលត្រូវចោទថាពាក់ព័ន្ធនឹងទំនាស់ដីធ្លីទាក់ទង នឹងមន្ត្រីគណបក្សកាន់អំណាចឲ្យលួចរត់គេចខ្លួនកាលពីខែសីហាឆ្នាំ២០១១។ តែលោកចាន់ ចេងបដិសេធហើយចាត់ទុកថាលោកមិនដឹងថាលោកមាន កំហុសអ្វីផងទេ។ លោកពន្យល់ថាជនដែលលោកដឹកចេញពីពន្ធនាគានោះ ត្រូវមេធាវីពឹងពាក់ឲ្យលោកជូនទៅផ្ទះពេលគ្មានដីកាឃុំខ្លួនតាមច្បាប់ ។ ទោះជាយ៉ាងណាក៏ដោយ លោក ជៀម យាបសមាជិកសភាខាងគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុក្នុងរដ្ឋសភាបានអះអាង ថាការព្យួរអភ័យឯកសិទ្ធិសភាលោក ចាន់ ចេង គឺធ្វើតាមនីតិវិធីដែលស្នើពីក្រសួងយុត្តិធម៌និងតុលាការក្រោយពេលមានពាក្យបណ្តឹង។ លោកបានបន្ថែម ថា គេមិនត្រូវយករឿងនេះនិយាយពីលទ្ធិប្រជាធិបតេយ្យដើរថយក្រោយទេ។ នេះជាសិទ្ធិសម្រេចរបស់សភាទាំងមូល។ «ខ្ញុំគ្រាន់តែសុំជម្រាបថាប្រការដែលសំខាន់អ្នកតំណាងរាស្ត្រកុំធ្វើឲ្យខុស កុំឲ្យមានគេប្តឹង»។ លោកជៀម យាបបានបន្ថែមថានៅពេលមានគេប្តឹងហើយ នោះនឹងមានការ ធ្វើតាមនីតិវិធីហើយដើម្បីឲ្យតុលាការមានសិទ្ធិសាកសួរ។ «នេះជានីតិវិធីដែលរដ្ឋសភាធ្លាប់បានធ្វើជាប់ម្ភៃដងហើយក្នុងបួនអាណត្តិកន្លង មកនេះ»។ លោក ហង្ស ឆាយានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានចាត់ទុកថាការព្យួរអភ័យឯកសិទ្ធិសភាគណបក្សជំទាស់ហាក់ដូចជាលឿន ងាយស្រួល និងមានលក្ខណៈផុយស្រួយ។ លោកថ្លែងថារឿងនេះអាចធ្វើឲ្យ មានផលប៉ះពាល់ដល់អភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជានិងដំណើរការលទ្ធិ ប្រជាធិបតេយ្យ។ «យើងគ្រាន់តែសង្ឃឹមថា ឲ្យមើលឡើងវិញដើម្បីឲ្យមានការទុកចិត្តទៅលើរាជរដ្ឋាភិបាលពីរបៀបធ្វើការងារនៅប្រទេសកម្ពុជាយើង»។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋមិនចង់ឃើញមានភាពភ័យខ្លាច ការចាប់ចង ចោទប្រកាន់អ្នកតំណាងរាស្ត្រកើតឡើង ដោយគ្រាន់តែបំពេញកិច្ចការងាររបស់គេនោះទេ។ សមាជិកសភាគណបក្សសម រង្ស៊ីចំនួនបីរូបផ្សេងទៀត រួមមានលោកសម រង្ស៊ី ជាប្រធាន លោកស្រីមូ សុខហួរ និង លោកហូ វ៉ាន់ ធ្លាប់ហើយនិងត្រូវបានព្យួរអភ័យឯកសិទ្ធិសភាមុនការបោះឆ្នោតនានាឈានមកដល់ ដោយសារការបំពេញកិច្ចការងាររបស់ពួកគេនិងការបញ្ចេញមតិ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២២ ធ្នូ យប់ Posted: 22 Dec 2011 07:11 AM PST អ៊ីរ៉ាក់៖ ក្រុមមន្ដ្រីអ៊ីរ៉ាក់និយាយថា មានការផ្ទុះរាប់សិបកើតមានឡើងនៅរដ្ឋធានីបាកដាដ បណ្ដាលឲ្យមនុស្សយ៉ាងតិច៦៣នាក់ស្លាប់ ហើយនឹងរបួសជិត១៨០នាក់ ខណ:ដែលវិបត្ដិនយោបាយបន្ដមានតទៅទៀតនៅក្នុងប្រទេសនេះ។ ស៊ីរី៖ ក្រុមអ្នកសង្កេតមើលនាំមុខគេនៃសម្ព័ន្ធភាពអារ៉ាប់ត្រូវទៅដល់ប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍ ដើម្បីជួយរ៉ាប់រងឲ្យរដ្ឋាភិបាលអនុវត្ដតាមការតាំងចិត្តបញ្ឈប់កងកម្លាំងសន្ដិសុខកុំឲ្យវាយប្រហារលើអ្នកតវ៉ា។ កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងប្រកាសការចាប់ផ្ដើមរជ្ជកាលលោកគីមយុងអ៊ុន (Kim Jong Un) នៅថ្ងៃព្រហស្បតិ៍ ដោយពិពណ៌នាហៅកូនប្រុសរបស់សពលោក គីម យុងអ៊ីល (Kim Jong Il) ថាជាអ្នកទទួលតំណែងដែលនឹងបន្ដបដិវត្ដន៍ ហើយជាមេដឹកនាំនៃពលរដ្ឋកូរ៉េខាងជើង។ កុងហ្គោ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយឲ្យដឹងថា កងកម្លាំងសន្ដិសុខកុងហ្គោ (Congo) បានសម្លាប់មនុស្សយ៉ាងតិច២៤នាក់ចាប់តាំងពីលោកប្រធានាធិបតី ចូសេហ្វ កាប៊ីឡា (Joseph Kabila) ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោត ហើយនេះក្រុមអ្នកសង្កេតមើលអន្ដរជាតិចាត់ទុកថាមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។ អាហ្វហ្គានីស្ថាន៖ មេបញ្ជាការកងទ័ពស.រ.អ. នៅប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថាស.រ.អ. អាចរក្សាទុកវត្ដមានយោធារបស់ខ្លួននៅក្នុងប្រទេសនេះ ឲ្យហួសពីការកំណត់ដកកងទ័ពនៅឆ្នាំ២០១៤។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២២ ធ្នូ ព្រឹក Posted: 21 Dec 2011 07:50 PM PST កូរ៉េខាងជើង៖ អ្នកកាន់ទុក្ខកូរ៉េខាងជើងរាប់សែននាក់ ដែលភាគច្រើនមានកាន់ផ្កាពណ៌សបានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃពុធនេះ ដើម្បីសម្តែងមរណទុក្ខជូនសពលោកគីម យុងអ៊ីល។ បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា មនុស្សរាប់លាននាក់បានចេញមកគោរពរូបសំណាកនិងរូបថតរបស់សព «មេដឹកនាំសំណព្វចិត្ត» របស់ពួកគេ តាំងពីលោកបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងដែលគេបានប្រកាសឲ្យដឹងកាលពីថ្ងៃច័ន្ទមក។ ពិធីបុណ្យសពជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ។ អាហ្វហ្គានីស្ថាន៖ មន្រ្តីអង្គការណាតូ និយាយថា ទាហានជាតិប៉ូឡូញ៥នាក់បានស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវមួយនៅអាហ្វហ្គានីស្ថានភាគខាងកើត បណ្តាលឲ្យស្លាប់សមាជិកកងកម្លាំងចម្រុះដ៏ច្រើនបំផុតក្នុងសង្គ្រាមក្នុងប្រទេស។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បាននិយាយទូរស័ព្ទជាមួយមេដឹកនាំសភាតំណាងរាស្រ្ត ចន បូន័រ ដោយអំពាវនាវឲ្យសភាតំណាងរាស្រ្ត អនុម័តការបន្តការកាត់ពន្ធប្រាក់ចំណូលក្នុងរយៈពេលពីរខែ ដែលព្រឹទ្ធសភាបានអនុមត្តិកាលពីសប្តាហ៍មុន។
ស៊ីរី៖ ក្រុមប្រឆាំងឈ្មោះ ក្រុមប្រឹក្សាជាតិស៊ីរី បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ឲ្យចាត់វិធានការ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពរដ្ឋាភិបាលបាន «សម្លាប់រង្គាល» មនុស្សជាង២០០នាក់ក្នុងរយៈពេលពីរថ្ងៃ។ អ៊ីរ៉ាក់៖ អនុប្រធានាធិបតី អ៊ីរ៉ាក់ តារីក អាល់ហាស្ហេមី និយាយថាពាក្យចោទប្រកាន់លើរូបលោក ដែលថាលោកបានរួមគំនិតដើម្បីសម្លាប់មន្រ្តីរដ្ឋាភិបាលដទៃទៀត ជារឿងនយោបាយប្រឌិតឡើងដោយនាយករដ្ឋមន្រ្តីម្នាក់ដែលចង់ប្រមូលក្តាប់អំណាច បន្ទាប់ពីកងទ័ពអាមេរិកទាំងអស់ដកចេញនៅចុងខែនេះ។ អេហ្ស៊ីប៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប និយាយថា រដ្ឋាភិបាលរបស់លោកមិនព្រមទទួលយកអន្តរាគមន៍បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្រោយការថ្កោលទោសយ៉ាងខ្លាំងរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន កាលពីពេលថ្មីៗនេះ ចំពោះការប្រមាថមើលងាយស្រ្តីនៅទីនោះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |