VOA News: ព័ត៌មាន: “សង្គមស៊ីវិលនៅមិនទាន់ស្ងប់ចិត្តក្រោយពីជួបជាមួយរដ្ឋាភិបាលអំពីច្បាប់អង្គការ” plus 6 more |
- សង្គមស៊ីវិលនៅមិនទាន់ស្ងប់ចិត្តក្រោយពីជួបជាមួយរដ្ឋាភិបាលអំពីច្បាប់អង្គការ
- ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រជាការព្យាយាមកៀបគណបក្សប្រឆាំង
- តុលាការបើកសវនាការកាត់ទោសអតីតមន្រ្តីស្និទ្ធនឹងលោកជា ស៊ីម
- រដ្ឋសភាព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង
- ព័ត៌មានអន្តរជាតិវីអូអេ ២០ ធ្នូ ព្រឹក
- អង្គការមិនមែនរដ្ឋាភិបាល៖ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការមានភាពមិនច្បាស់លាស់
- គណបក្សសម រង្ស៊ីសុំឲ្យសភាដករបៀបវារៈដកអភ័យឯកសិទ្ធិ
សង្គមស៊ីវិលនៅមិនទាន់ស្ងប់ចិត្តក្រោយពីជួបជាមួយរដ្ឋាភិបាលអំពីច្បាប់អង្គការ Posted: 20 Dec 2011 10:29 AM PST រដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នានៅក្នុងសិក្ខាសាលាមួយនៅឯក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃច័ន្ទដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់អង្គការ។ សិក្ខាសាលាដែលមានរយៈពេលកន្លះថ្ងៃនោះមិនបានដោះស្រាយអ្វីដែលជាកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិលទេគឺតំណាងរដ្ឋាភិបាលគ្រាន់តែកត់ទុកអ្វីដែលជាសំណូមពរដោយមិនមានការឆ្លើយបំភ្លឺធំដុំអ្វីទេ។ តទៅនេះសូមលោកអ្នកស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេសំឡេងសហរដ្ឋអាមេរិកជាមួយនឹងលោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ <!--AV-->
This posting includes an audio/video/photo media file: Download Now |
ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រជាការព្យាយាមកៀបគណបក្សប្រឆាំង Posted: 20 Dec 2011 11:45 AM PST អ្នកនាំពាក្យគណបក្សសម រង្ស៊ី ជាគណបក្សជំទាស់ និងមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលបាននិយាយស្របគ្នានៅថ្ងៃអង្គារនេះថា ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រលោកចាន់ ចេងគឺជាការព្យាយាមហ៊ុំព័ទ្ធប្រជាប្រិយភាពគណក្សគូប្រជែង ពីខាងគណបក្សកាន់កាប់រដ្ឋាភិបាលគឺគណបក្សប្រជាជនកម្ពុជា។ លោកចាន់ ចេងត្រូវរដ្ឋសភាសម្រេចព្យួរអភ័យឯកសិទ្ធិក្នុងកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃនេះ តាមសំណើរបស់តុលាការខេត្តកណ្តាល ដើម្បីអនុញ្ញាតឲ្យតុលាការបើកនីតិវិធីច្បាប់ ប្រឆាំងទៅនឹងរូបលោកពាក់ព័ន្ធនឹងការរំដោះជនជាប់ឃុំឈ្មោះមាស ប៉េង ខណៈដែលលោករងការចោទប្រកាន់ទាក់ទងនឹងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយរូប។ លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានហៅការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រនៅក្នុងគណបក្សខ្លួននោះថា គឺជាការបង្កការរំខានទៅដល់បក្សជំទាស់ ហើយជាការរុញច្រានកម្ពុជាឲ្យចូលក្នុងជ្រលងនៃរបបផ្ដាច់ការ។ «គាត់ប្រឹងប្រែងដើម្បី ទប់ស្កាត់ប្រជាប្រិយភាពគណបក្ស បង្កការរំខានទៅដល់គណបក្សសម រង្ស៊ី។ ធ្វើនេះមិនត្រឹមតែបំបាក់ស្មារតីគណបក្សប្រឆាំងទេ គឺបំបាក់ស្មារតីប្រជារាស្ត្រទូទាំងប្រទេស។ គណបក្សកាន់អំណាចកំពុងតែទាញប្រទេសឲ្យធ្លាក់ចូលទៅក្នុងអន្លង់នៃរបបផ្តាច់ការជាថ្មី»។ តំណាងរាស្ត្រមណ្ឌលក្រុងភ្នំពេញដដែលចាត់ទុកថា ការសម្រេចរបស់រដ្ឋសភាខ្មែរនៅថ្ងៃនេះ គឺជាការដើរបញ្ច្រាស់នឹងលទ្ធិប្រជាធិបតេយ្យ។ ការព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ដ្រខេត្តកណ្ដាលនៅថ្ងៃនេះធ្វើឲ្យគណបក្សជំទាស់ធំជាងគេនៅកម្ពុជាមួយនេះមានតំណាងរាស្ដ្រសរុបចំនួនបីរូប ដែលត្រូវបានព្យួរអភ័យឯកសិទ្ធិ។ នៅក្នុងនោះតំណាងរាស្ដ្រពីររូបទៀតគឺលោកសម រង្ស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការដកតម្រុយបង្គោលព្រំដែនរួមនៃប្រទេសកម្ពុជា-វៀតណាម។ តំណាងរាស្រ្ដមួយរូបទៀតគឺលោកស្រី មួ សុខហួរ តំណាងរាស្រ្ដមណ្ឌលខេត្តកំពត ដែលចាញ់ក្ដីលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅក្នុងបទបរិហារកេរ្ដិ៍ ហើយលោកសម រង្ស៊ី ត្រូវរដ្ឋសភាដែលមានសម្លេងលើសលុបបំផុតរហូតដល់៩០សម្លេងពីខាងគណបក្សប្រជាជនកម្ពុជាសម្រេចបណ្ដេញចេញពីសមាជិកសភា។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបកស្រាយដែរថា ការព្យួរអភ័យឯកសិទ្ធិរបស់លោកចាន់ ចេងកើតចេញពីចេតនាបង្កគំនាបលើគណបក្សជំទាស់ដែរ។ «ការដកអភ័យឯកសិទ្ធិលោកចាន់ ចេងនេះគឺជាការបង្ហាញសាច់ដុំបន្ដទៀតថា គណបក្សកាន់អំណាចមានអំណាចគ្រប់គ្រាន់ក្នុងប្រទេសកម្ពុជា ហើយកៀបសង្កត់លើសម្លេងគណបក្សប្រឆាំង»។ លោកអ៊ូ វីរៈចាត់ទុកថា ការធ្វើបែបនេះនឹងមិនបានជួយលើកមុខលើកមាត់ប្រទេសកម្ពុជានៅក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យល្អប្រសើរនោះទេ។ លោកជឿថា នេះគឺជាចេតនានយោបាយនៃគណបក្សកាន់អំណាច។ «រឿងនេះជាទង្វើស្របច្បាប់ដើម្បីផលប្រយោជន៍នយោបាយផង និងជាទង្វើផ្ដាច់ការផង។ តាមពិត ការប្រើប្រាស់ច្បាប់បែបនេះផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។ ខ្ញុំយល់ថា ជារឿងមួយគួរឲ្យសោកស្ដាយ ហើយប្រហែលជាមិនជួយឲ្យប្រទេសយើងមានការអភិវឌ្ឍត្រឹមត្រូវទេ»។ ខេត្តកណ្ដាលមានអាសនៈតំណាងរាស្ដ្រសរុបចំនួន១១នាក់។ គណបក្សសម រង្ស៊ីបានឈរនៅលំដាប់ទី២ ដោយប្រមូលបានអសនៈចំនួនបី ពីការគាំទ្ររបស់អ្នកបោះឆ្នោត។ គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាបានទទួលអសនៈចំនួនមួយ រីឯគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនទទួលបាន៧អសនៈ។ នៅក្នុងចន្លោះពេលនៃការរង់ចាំការបោះឆ្នោតថ្មីគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៣ គណបក្សសម រង្ស៊ីត្រូវគេមើលឃើញថា បានរអិលចូលនៅក្នុងច្រកចង្អៀតសម្រាប់ការប្រណាំងប្រជែងឆ្ពោះទៅរកជ័យជំនះ។ យោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុកទំនាស់ដីធ្លីគឺជារឿងរសើបមួយក្នុងខេត្តកណ្ដាល ហើយលោកចាន់ ចេងបានលូកដៃធ្វើអន្ដរាគមន៍ក្នុងទំនាស់ដីធ្លីទាំងនេះនៅស្រុកពញាឮ ស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ប្រជាពលរដ្ឋជាង១០០០គ្រួសារក្នុងស្រុកទាំងបីកំពុងជាប់ផុងក្នុងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីនិងអ្នកជំនួញមានឥទ្ធិពល។ លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្របក្សជំទាស់ជាបន្ដបន្ទាប់បង្ហាញថា អភ័យឯកសិទ្ធិនោះមិនមានតម្លៃ ឬជាអភ័យឯកសិទ្ធិស្ថិតក្នុងគែមនៃគ្រោះថា្នក់។ «បើសិនជាអភ័យឯកសិទ្ធិអ្នកតំណាងរាស្ដ្រផុយស្រួយយ៉ាងនេះ ខ្ញុំគិតថាអភ័យឯកសិទ្ធិនោះមិនមានតម្លៃអ្វីទេ។ កុំថាឡើយដកអភ័យឯកសិទ្ធិតំណាងរាស្ដ្រសម រង្ស៊ី នេះ បើទោះបីជារដ្ឋសភាចង់ដកអ្នកណាក៏បានដែរ នៅក្នុងសង្គមប្រជាធិបតេយ្យដែលយើងមើលឃើញតែខាងក្រៅនេះ»។ ថ្វីបើមានការបកស្រាយយ៉ាងនេះ លោកជាម យៀប តំណាងរាស្ដ្រដែលសំបូរវោហាស៍របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង បានច្រានចោលការវាយតម្លៃដែលចោទថា ព្រឹត្តិការណ៍ព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ីនេះគឺជាគោលការណ៍នយោបាយរបស់គណបក្សខ្លួននោះ។ «មិនមែនជាការគាបសង្កត់ មិនមែននយោបាយអីទេ។ ជានិច្ចកាល កម្ពុជាគោរពអនុវត្តទៅតាមច្បាប់ ដែលនៅមានជាធរមាន។ មិនមែនយករឿងហ្នឹង ជាងរឿងនយោបាយទេ ពីព្រោះថា គណបក្សសម រង្ស៊ី ខ្ញុំទាយថា បើទោះបីធ្វើយ៉ាម៉េច ឲ្យប្រកាច់ប្រកិនលោកសម រង្ស៊ី ឬនរណាក៏ដោយ ក៏មិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាបានដែរ ព្រោះខ្ញុំនៅមូលដ្ឋានជារៀងរាល់ថ្ងៃ»។ រដ្ឋធម្មនុញឲ្យចែងថា តំណាងរាស្ដ្រនឹងត្រូវដកហូត ឬព្យួរអភ័យឯកសិទ្ធិបាន ល្គឹកណាតំណាងរាស្ដ្រដែលជាប់ពាក់ព័ន្ធ ត្រូវគេរកឃើញថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង។ លោកជាម យៀបមិនបានបកស្រាយចំៗត្រង់ចំណុចនេះទេ ក៏ប៉ុន្ដែលោកបកស្រាយថា លោកចាន់ ចេងបានដឹកជញ្ជូននូវ«ទណ្ឌិត»ក្នុងរថយន្តរបស់ខ្លួនគឺទណ្ឌិតដែលត្រូវតុលាការចោទប្រកាន់រួចទៅហើយនោះ៕ This posting includes an audio/video/photo media file: Download Now |
តុលាការបើកសវនាការកាត់ទោសអតីតមន្រ្តីស្និទ្ធនឹងលោកជា ស៊ីម Posted: 20 Dec 2011 07:57 AM PST អតីតប្រធានពិធីការរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា បានយំខ្សឹកខ្សួលយ៉ាងខ្លាំង នៅពេលដែលលោកមាស ច័ន្ធពិសិដ្ឋ តំណាងអយ្យការ បានសន្និដ្ឋានចុងក្រោយ ដាក់បន្ទុកលោកស្រីពីបទឆបោក ដែលមានទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិក។ តុលាការក្រុងភ្នំពេញបានបើកសវនាការរយៈពេលពេញមួយថ្ងៃ លើជនជាប់ចោទចំនួនបួនរូប ដែលរួមមានលោកស្រីផេង គន្ធាបូរី លោកពន្លក ហូរ លោកចាន់ កុសល អ្នកទាំងពីរជាអតីតទីប្រឹក្សាផ្ទាល់របស់លោកជា ស៊ីម និងលោកខៀវ បូរ៉ា ជំនួយការផ្ទាល់លោកស្រីផេង គន្ធាបូរី។ បន្ទាប់ពីបើកសវនាការអស់រយៈពេលជាច្រើនម៉ោង លោកតែ សំអាង ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ មានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ។ ជនជាប់ចោទទាំងបួនរូប ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោកនិងប្រើប្រាស់ឯកសណ្ឋានរាជការសាធារណៈ តាមមាត្រា៣៧៧ និង៣៨០នៃក្រមព្រហ្មទណ្ឌថ្មី។ លោកស្រីផេង គន្ធាបូរីត្រូវបានក្រុមគ្រួសារបណ្តើរចេញពីអគារតុលាការ ដោយមានទឹកមុខស្រពាប់ស្រពោន។ លោកស្រីមិនបានឆ្លើយទៅនឹងសំណួរណាមួយរបស់អ្នកកាសែតទេ ក៏ប៉ុន្តែអ្នកស្រីបានសំណូមពរចុងក្រោយនៅក្នុងបន្ទប់សវនាការថា លោកស្រីមិនជាប់ពាក់ព័ន្ធនឹងបទឆបោកទេ។ លោកស្រីផេង គន្ធាបូរីបានលើកឡើងថា លោកស្រីបានបម្រើប្រទេសជាតិអស់រយៈពេលជាង៣០ឆ្នាំហើយ ហើយតុលាការគួរតែដោះលែងអ្នកស្រីឲ្យរូចផុតចេញពីការចោទប្រកាន់។ ស្វាមីរបស់អ្នកស្រីផេង គន្ធាបូរី ដែលអះអាងស្នើសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា លោកមិនជឿថា ភរិយារបស់លោកជាប់ពាក់ព័ន្ធនឹងករណីឆបោកទេ។ «បើគេនៅតែឃុំភរិយាខ្ញុំ វាឥតយុត្តិធម៌ទេ។ បើខ្ញុំជាប្តីគាត់ គាត់ធ្វើខ្ញុំមិនដឹង?» លោកស៊ុយ សុខុន មេធាវីការពារក្តីលោកស្រីផេង គន្ធាបូរី បានមានប្រសាសន៍ថា តាមរយៈអង្គហេតុនៅក្នុងអង្គសវនាការមិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុកចំពោះកូនក្តីរបស់គាត់ទេ។ «អានេះ! យើងគិតមើលថា បើឥតមានឯកសារច្បាប់ដើមមកប្តឹងតុលាការ តើអាចយកជាផ្លូវការបានដែរ ឬអត់? ដូច្នេះកូនក្តីរបស់ខ្ញុំ ឥតមានទោសពៃរ៍។ ដូច្នេះ គួរតែរូចផុតពីបទចោទ ឲ្យគាត់មានសេរីភាពឡើងវិញ»។ លោកស្រីផេង គន្ធាបូរី និងជនជាប់ចោទចំនួនបីរូបផ្សេងទៀត ដែលមានឋានៈជាឧត្តមសេនីយ៍ឯកចំនួនពីររូប ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនដាច់ដោយឡែកៗពីគ្នា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីមានពាក្យបណ្តឹងលោកយឹម លាង ប្រធានកងអង្គរក្សលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ពីបទឆបោក ដែលមានទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិក។ ទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិកនេះត្រូវបានក្រុមហ៊ុន ម៉ាឡេស៊ី យកមកវិនិយោគសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ ដែលផ្តល់ដោយគម្រោងចំនួនប្រាំ ដែលមានទឹកប្រាក់សរុបចំនួន៥៩៤២៣០០០០ដុលា្លរសហរដ្ឋអាមេរិក ក៏ប៉ុន្តែគម្រោងទាំងនេះមិនទាន់បានទទួលផ្លែផ្កានៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋសភាព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង Posted: 20 Dec 2011 07:33 AM PST រដ្ឋសភាកម្ពុជាបានបោះឆ្នោតព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង តំណាងរាស្ត្រគណបក្សប្រឆាំងនៅថ្ងៃអង្គារនេះ ដើម្បីបើកផ្លូវឲ្យតុលាការធ្វើការចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងនឹងលោក។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ ក្រសួងយុត្តិធម៌បានទទួលលិខិតរបស់ព្រះរាជអាជ្ញាអមតុលាការខេត្តកណ្តាលស្នើសុំព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង សមាជិកសភាមណ្ឌលខេត្តកណ្តាល ដែលបានពាក់ព័ន្ធដល់ការផ្តល់មធ្យោបាយ និងជួយសម្រួលដល់ជនត្រូវចោទឈ្មោះមាស ប៉េង ឲ្យលួចរត់គេចខ្លួន ដែលជាបទល្មើសព្រហ្មទណ្ឌកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។ លោកហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងក្នុងសម័យប្រជុំសភាថា អភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងត្រូវបានព្យួរដោយសំឡេងគាំទ្រច្រើនជាង២ភាគ៣។ «ខ្ញុំសូមជំរាបជូនអង្គសភាជ្រាបថា ឯកឧត្តមចាន់ ចេង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ត្រូវបានអង្គសភាព្យួរអភ័យឯកសិទ្ធិសភានៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១១ គឺសំឡេងអនុម័តគាំទ្រ៨៨លើ៩៧សំឡេង លើសពី២ភាគ៣»។ គណបក្សប្រជាជនកម្ពុជាមានសមាជិកសភាចំនួន៩០រូប រីឯគណបក្សសម រង្ស៊ី មាន២៦រូប គណបក្សសិទ្ធិមនុស្ស៣រូប គណបក្សនរោត្តម រណឫទ្ធិ២រូប និងគណបក្សហ៊្វុនស៊ិនប៉ិច២រូប។ លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រៅអគាររដ្ឋសភាថា គណបក្សសម រង្ស៊ីមិនអាចទទួលយកបានទេ ចំពោះការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ ហើយការសម្រេចចិត្តរបស់រដ្ឋសភានេះគឺជាអំពើខុសច្បាប់។ «ឯកឧត្តមចាន់ ចេងគ្មានពាក់ព័ន្ធនឹងបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ព្យួរអភ័យឯកសិទ្ធិរបស់គាត់ទេ។ នេះជាទម្លាប់អាក្រក់ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ ជាពិសេសក្រោយការបោះឆ្នោតឆ្នាំ២០០៨។ ស្ថាប័នជាតិមួយនេះក្លាយទៅជាស្ថាប័នរបស់គណបក្សកាន់អំណាច ហើយប្រើប្រាស់ស្ថាប័ននេះធ្វើទុក្ខបុកម្នេញដល់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយហើយមួយទៀត។ យើងបដិសេធសេចក្តីសម្រេចរបស់រដ្ឋសភាថ្ងៃនេះ ក្នុងការព្យួរអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រចាន់ ចេង ដោយអយុត្តិធម៌។ នេះជារឿងនយោបាយសុទ្ធសាធ។ វាជាការគាបសង្កត់គណបក្សប្រឆាំងជាក់ស្តែង»។ សមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានដើរចេញពីការប្រជុំសភាដើម្បីប្រឆាំងនឹងការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង។ លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា រដ្ឋសភាគួរតែធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់មុននឹងព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ ហើយអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភអំពីបញ្ហានេះ។ «អភ័យឯកសិទ្ធិសភាគណបក្សប្រឆាំងហាក់ដូចជាផុយស្រួយ ងាយស្រួលណាស់ ដែលត្រូវបានគេព្យួរ ឬដកអភ័យឯកសិទ្ធិ។ យើងខ្ញុំមើលឃើញកិច្ចប្រជុំដកអភ័យឯកសិទ្ធិនេះ ដូចជាធ្វើឡើងដោយស្រួលតែម្តង ដោយគ្មានការពិបាកអ្វីទេ»។ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សមិនគាំទ្រការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង ទេ ដោយសារការព្យួរអភ័យឯកសិទ្ធិនេះមិនបានធ្វើការស៊ើបអង្កេត ហើយវានាំឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិនេះ។ ក្រោយការបោះឆ្នោតឆ្នាំ២០០៨ សមាជិកសភាគណបក្សសម រង្ស៊ីចំនួនបួនរូប រួមមានលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ លោកហូ វ៉ាន់ និងលោកចាន់ ចេងត្រូវបានព្យួរអភ័យឯកសិទ្ធិសភា៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២០ ធ្នូ ព្រឹក Posted: 20 Dec 2011 12:48 AM PST កូរ៉េខាងជើង៖ គីម យុងអ៊ុន កូនប្រុសទីបីរបស់គីម យុងអ៊ីល បានឡើងកាន់អំណាចដ៏រហ័សក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីត្រូវបានក្លាយជាឧត្តមសេនីយផ្កាយ៤កាលពី១ឆ្នាំមុន។ តែគីម យុងអ៊ុន មានភាពអាថ៌កំបាំងជាងឪពុករបស់ខ្លួនទៅទៀត។ កូរ៉េខាងជើង៖ អ្នកកាន់ទុក្ខស្រងូតស្រងាត់បានដើរព្យុះហយាត្រាកាលពីថ្ងៃច័ន្ទកាត់តាមដងវិថីនានារដ្ឋធានីព្យុងយ៉ាង ដោយមានកាន់ផ្កា និងសូត្រធម៌ដល់ លោកគីម យុងអ៊ីល មេដឹកនាំឯកោរបស់ពួកគេដែលបានស្លាប់កាលពីថ្ងៃសៅរ៍ក្នុងអាយុ៦៩ឆ្នាំ។ កូរ៉េខាងជើង៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងមានប្រតិកម្មដោយការប្រុងប្រយ័ត្នចំពោះមរណៈភាពរបស់មេដឹកនាំកូរ៉េខាងជើង គីម យុងអ៊ីល ដោយរដ្ឋាភិបាលវ៉ាស៊ីនតោន បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យមានស្ថិរភាពដល់ឧបទ្វីបកូរ៉េ ហើយមេដឹកនាំកូរ៉េខាងជើងកំពុងសម្តែងនូវការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរនេះ។ កូរ៉េខាងត្បូង៖ មន្រ្តីក្រសួងការពារកូរ៉េខាងត្បូងបានប្រាប់សំឡេងសហរដ្ឋអាមេរិកថាកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោងមីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃច័ន្ទ នៅប៉ុន្មានម៉ោងមុនពេលប្រកាសការស្លាប់របស់លោកគីម យុងអ៊ីល។ តែមន្រ្តីនោះនិយាយថាការសាកល្បងនោះប្រហែលមិនទាក់ទងនឹងការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងទេ។ ស៊ីរី៖ បានព្រមព្រៀងដល់ផែនការរបស់សម្ព័ន្ធអារ៉ាប់ដែលអនុញ្ញាតិឲ្យពួកអ្នកសង្កេតការណ៍ចូលក្នុងប្រទេសដើម្បីត្រួតពិនិត្យមើលថាតើរដ្ឋាភិបាលនឹងគោរពកិច្ចព្រមព្រៀងដើម្បីបញ្ឈប់កងកម្លាំងសន្តិសុខរបស់ខ្លួនកុំឲ្យវាយប្រហារពួកបាតុករប្រឆាំងរដ្ឋាភិបាលឬទេ។ អេហ៊្សីប៖ មន្រ្តីអេហ៊្សីបនិយាយថាមានមនុស្សយ៉ាងហោចណាស់ក៏មនុស្សម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចរវាងពួកបាតុករនិងកងកម្លាំងសន្តិសុខនៅពេលដែលភាពចលាចលក្នុងរដ្ឋធានីឡឺគែរ បានបន្តចូលនៅថ្ងៃទី៤។ អឺរ៉ុប៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអឺរ៉ុប កំពុងព្យាយាមប្រមូលប្រាក់កាន់តែច្រើនឡើងដើម្បីប្រយុទ្ធប្រឆាំងវិបត្តិបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។ កុងហ្គោ៖ អេទៀន ស្ហ៊ីសេកេឌី មេដឹកនាំគណបក្សប្រឆាំងកុងហ្គោ និយាយថា លោកជាមេដឹកនាំស្របច្បាប់របស់កុងហ្គោ ហើយលោកបានអំពាវនាវឲ្យចាប់ខ្លួនប្រធានាធិបតី ចូសេហ្វ កាប៊ីឡា។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អង្គការមិនមែនរដ្ឋាភិបាល៖ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការមានភាពមិនច្បាស់លាស់ Posted: 19 Dec 2011 06:17 PM PST នៅថ្ងៃច័ន្ទនេះ អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងនូវកង្វល់អំពីភាពមិនច្បាស់លាស់នៃការចុះឈ្មោះ និងការរឹតបន្តឹងសិទ្ធិសេរីភាពលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅក្នុងសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល។ កង្វល់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបមួយព្រឹក នៅទីស្តីការក្រសួងមហាផ្ទៃរវាងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់អនុសាសន៍ និងកង្វល់នានាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលលើកទីបួន។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងក្រោយកិច្ចប្រជុំថាអង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើចំណុចសំខាន់បីទាក់ទងនឹងនីតិវិធី និងតម្រូវការចុះឈ្មោះ ការតម្រូវឲ្យអង្គការអន្តរជាតិចុះអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋាភិបាល និងការដាក់កម្រិតសកម្មភាពការងារលើអង្គការសហគមន៍នៅតាមមូលដ្ឋាន។ លោកអ៊ូ វីរៈបានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភច្រើនអំពីមាត្រា៥ស្តីពីការចុះឈ្មោះដែលមានភាពមិនច្បាស់លាស់ ឬភាសាមិនច្បាស់លាស់។ «ខ្លឹមសារនៃការចុះឈ្មោះហ្នឹងហាក់ដូចជាមានភាពស្រពិចស្រពិល។ ភាសាអត់ច្បាស់លាស់។ យើងគ្រាន់តែខ្លាចអាជ្ញាធរអត់អនុវត្តតាមត្រឹមត្រូវ ហើយគាត់យកលេសបកស្រាយស្រេចចិត្ត។ អញ្ចឹងសំខាន់បំផុតទាក់ទងរឿងចុះឈ្មោះ យើងស្នើសុំបញ្ជាក់ឲ្យច្បាស់លាស់»។ លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបន្ថែមថា ការបង្កើត និងដំណើរការរបស់អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលគឺធ្វើដោយសេរីមិនចាំបាច់ចុះបញ្ចី និងជូនដំណឹងទេ។ «មាត្រាប្រាំនៃពង្រាងច្បាប់ទីបួនហ្នឹងមិនមានការកែប្រែទេ។ នោះមានការព្រួយបារម្ភធំហើយ អនុវត្តទៅយ៉ាប់ហើយ។ មានន័យថា មានការរឹតត្បឹតនូវសិទ្ធិសេរីភាពក្នុងការចងក្រង ការប្រមូលផ្តុំ បង្កើតជាអង្គការ សមាគមហ្នឹង។ វារំលោភដល់សិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ»។ លោកយ៉េង វីរៈក៏បានលើកឡើងថា អង្គការសហគមន៍នៅតាមមូលដ្ឋានត្រូវតែអាចធ្វើការសម្រាប់ផលប្រយោជន៍សហគមន៍ និងសាធារណៈក្រៅពីមូលដ្ឋានរបស់ខ្លួន។ «សេចក្តីព្រាងរាល់ថ្ងៃនេះមានការរឹតត្បឹតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ហើយ។ មាត្រាបួនសរសេរដូចរាល់ថ្ងៃហ្នឹងគឺនេះឯង»។ លោកអ៊ូ វីរៈបានលើកឡើងថា មាត្រា១៥នៃសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនេះបានបង្ខំឲ្យអង្គការអន្តរជាតិចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយរដ្ឋាភិបាល ដែលមានការរឹតត្បឹតសិទ្ធិ។ លោកអ៊ូ វីរៈបានបន្ថែមថា ច្បាប់នេះបានតម្រូវឲ្យអង្គការអន្តរជាតិមិនអាចចំណាយលើពី២៥ភាគរយនៃមូលនិធិទាំងមូលទៅលើប្រាក់ខែបុគ្គលិក ការងាររដ្ឋបាលនានា ព្រមទាំងសម្ភារៈនានា។ «ខ្ញុំមើលខ្លឹមសារច្បាប់នេះហាក់ដូចជាមានការរើសអើងទៅលើអង្គការអន្តរជាតិ ហើយនិងអង្គការសហគមន៍នៅតាមមូលដ្ឋាន។ ខ្ញុំមើលទៅវារឹតត្បិតទៅលើអង្គការអន្តរជាតិដែលផ្តោតទៅលើសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមើលទៅវារឹតត្បឹតអង្គការដែលពឹងផ្អែកទៅលើជំនាញវិភាគ ជំនាញតស៊ូមតិ ឬ ជំនាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ ជំនួបរវាងមន្ត្រីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនេះមិនទាន់បានចេញជាលទ្ធផលទេ ប៉ុន្តែលោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់កិច្ចប្រជុំថា លោកនឹងរង់ចាំទទួលអនុសាសន៍ និងកង្វល់ផ្សេងៗ ជាលាយលក្ខអក្សរពីអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីយកមកពិចារណា ហើយនិងអាចជួបគ្នាម្តងទៀត៕ This posting includes an audio/video/photo media file: Download Now |
គណបក្សសម រង្ស៊ីសុំឲ្យសភាដករបៀបវារៈដកអភ័យឯកសិទ្ធិ Posted: 19 Dec 2011 05:57 PM PST រយៈពេលមួយថ្ងៃមុនពេលដែលរដ្ឋសភាបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃអង្គារ៍ស្អែកនេះ លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានស្នើសុំឲ្យរដ្ឋសភាដករបៀបវារៈទី១០ស្តីពីការអនុម័តលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រចាន់ ចេង និងសុំឲ្យបង្កើតគណៈកម្មាធិការពិសេសមួយរបស់រដ្ឋសភា ដើម្បីស៊ើបអង្កេតករណីនេះ។ រដ្ឋសភារបស់ប្រទេសកម្ពុជា នៅថ្ងៃអង្គារ៍ស្អែកនេះ នឹងបើកសម័យប្រជុំរបស់ខ្លួន ហើយនៅក្នុងនោះមានរបៀបវារៈទី១០ដែលសុំសេចក្តីអនុម័តពីសមាជិករដ្ឋសភា ដែលមានសម្លេងដ៏លើសលប់ពីគណបក្សប្រជាជនកម្ពុជាក្នុងការដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រលោកចាន់ ចេង ដើម្បីបើកផ្លូវតុលាការស៊ើបអង្កេត។ លោកសុន ឆ័យ ប្រធានអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថា គណបក្សសម រង្ស៊ីមានលិខិតបំភ្លឺពីមន្ត្រីពន្ធនាគារ និងលិខិតរបស់លោកជួង ជូងី មេធាវីការពារក្តីលោកមាស ប៉េង ដែលបានបញ្ជាក់រួចហើយថា លោកចាន់ ចេងមិនជាប់ពាក់ព័ន្ធនឹងការរំលោភច្បាប់ណាមួយ ដែលនាំទៅរកការដកអភ័យឯកសិទ្ធិរបស់លោកទេ។ លោកសុន ឆ័យបានមានប្រសាសន៍ទៀតថា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា នៅពេលដែលមានការស្នើសុំពីក្រសួងយុត្តិធម៌ ហាក់បីដូចជាធ្វើតាមបំណងប្រាថ្នារបស់ក្រសួងតូចមួយ ដែលមិនបានយកបញ្ហាជាក់ស្តែង និងសិទ្ធិអ្នកតំណាងរាស្ត្រដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញមកធ្វើជាមូលដ្ឋានទេ។ «ដើម្បីជៀសវាងកុំឲ្យមានការដក ឬលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រតទៅមុខទៀតនោះ គួរតែសភាបង្កើតគណៈកម្មាធិការពិសេសមួយនៅក្នុងគោលការណ៍ដែលមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺរដ្ឋសភាអាចបង្កើតគណៈកម្មាធិការពិសេសមួយ អង្កេតខ្លួនឯងផងថា តើសមាជិករបស់ខ្លួនហ្នឹង ធ្វើខុសពិតប្រាកដទេ? តើវាសមហេតុផលដែលទៅលើកអភ័យឯកសិទ្ធិទេ?» លោកលឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាលបានផ្ញើលិខិតមួយទៅក្រសួងយុត្តិធម៌ ដើម្បីឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិលោកចាន់ ចេង សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលខាងគណៈបក្សប្រឆាំង បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាមធ្យោបាយ ក្នុងការរំដោះជនជាប់ចោទចេញពីពន្ធនាគារខេត្តកណ្តាល។ នៅព្រលប់ថ្ងៃចន្ទនេះ វីអូអេបានព្យាយាមទាក់ទងលោកជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា លោកងួន ញិល អនុប្រធានទី១នៃរដ្ឋសភា ព្រមទាំងលោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺ តែគួរឲ្យសោកស្តាយដែលមិនអាចទាក់ទងបាន។ លោកជួង ជូងី មេធាវីការពារក្តីរបស់លោកមាស ប៉េង បានផ្ញើលិខិតមួយទៅរដ្ឋសភាកាលពីថ្ងៃទី១៥កន្លងទៅនេះ ដោយបានអះអាងថា លោកចាន់ ចេងគ្មានកំហុសទេ។ លិខិតរបស់លោកជួង ជូងីបានបញ្ជាក់ថា ការចោទប្រកាន់ពីបទផ្តល់មធ្យោបាយដល់ជនជាប់ចោទរត់គេចខ្លួនចេញពីពន្ធនាគារគឺជាការចោទមិនត្រឹមត្រូវ ពីព្រោះជនជាប់ចោទគឺលោកមាស ប៉េងមិនទាន់ត្រូវបានពន្ធនាគារឃុំខ្លួនទេ៕ លោក មាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានលោកលឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាល ចោទប្រកាន់ពីបទផ្សំគំនិតប្រើប្រាស់អំពើហិង្សាដោយចេទនាទៅលើអ្នកកាន់កាប់អចនលវត្ថុដោយសុចរិត នៅក្នុងរឿងទំនាស់ដីធ្លីមួយរវាងប្រជាពលរដ្ឋនៃស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយនឹងលោកប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះខាងគណបក្សប្រជាជនកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |