VOA News: ព័ត៌មាន: “កម្ពុជាមានប្រតិកម្មចម្រុះចំពោះមរណភាពរបស់លោកគឹម យុងអ៊ីល” plus 5 more |
- កម្ពុជាមានប្រតិកម្មចម្រុះចំពោះមរណភាពរបស់លោកគឹម យុងអ៊ីល
- ចិននិងជប៉ុនប្រតិកម្មនឹងព័ត៌មាននៃមរណភាពលោកគីម ជុងអ៊ីល
- ហេឡូវីអូអេ៖ ជីវិតនិស្សិតនៅអាមេរិក និងសារៈសំខាន់នៃមុខវិជ្ជាជីវគីមីនិងជីវរូបវិទ្យា
- គណបក្សសម រង្ស៊ីសុំឲ្យតុលាការទម្លាក់ចោលរឿងក្តីកាត់ទោសលោកសម រង្ស៊ី
- ព័ត៌មានអន្តរជាតិវីអូអេ ១៩ ធ្នូ យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១៩ ធ្នូ
កម្ពុជាមានប្រតិកម្មចម្រុះចំពោះមរណភាពរបស់លោកគឹម យុងអ៊ីល Posted: 19 Dec 2011 03:42 PM PST ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានហៅការស្លាប់របស់អតីតមេដឹកនាំកុម្មុយនីស្ដកូរ៉េខាងជើងគឺលោកគឹម យុងអ៊ីលថា គឺជាការស្លាប់ «គួរឲ្យសោកស្ដាយ» ក៏ប៉ុន្ដែពួកគេរំពឹងថា ការស្លាប់នេះនឹងនាំឲ្យមានការផ្លាស់ប្ដូរ។ លោកគឹម យុងអ៊ីលបានស្លាប់ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ នៅក្នុងអាយុ៦៩ឆ្នាំ ដោយជំងឺគាំងបេះដូង។ លោកបានដឹកនាំរបបកុម្មុយនីស្ដផ្ដាច់មុខនៅឃ្លាតឆ្ងាយពីគេមួយនេះអស់រយៈពេល១៧ឆ្នាំ។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានសម្តែងការចែករំលែកទុក្ខជាមួយនឹងប្រជាជាតិកូរ៉េខាងជើង នៅពេលដែលរដ្ឋាភិបាលយឺតយូរនៅក្នុងការសម្តែងការរំលែកទុក្ខនេះជាផ្លូវការដល់ក្រុងព្យុងយ៉ាង។ «ខ្ញុំសោកស្តាយនិងចូលរួមរំលែកទុក្ខសោករបស់ប្រជាពលរដ្ឋកូរ៉េ[ខាងជើង] ដែលបាត់បង់នូវអ្វីដែលគេយល់ឃើញថា ជាអ្នកដឹកនាំសំខាន់របស់ប្រជាពលរដ្ឋកូរ៉េ ហើយបញ្ហាទី២ យើងសូមបួងសួង សុំឲ្យកូរ៉េខាងជើងនៅតែមានស្ថិរភាពនិងបន្តជីវិតគេបន្តទៅទៀតក្នុងសន្តិភាព បន្ទាប់ពីការបែកបាក់គ្នា និងបាត់បង់នូវវីរៈជនដ៏សំខាន់របស់ពួកគេ»។ លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ក្រសួងបានជូនដំណឹងពីមរណភាពរបស់ប្រមុខដឹកនាំកូរ៉េខាងជើងទៅកាន់ព្រះបរមរាជវាំងនៅថ្ងៃនេះ ក៏ប៉ុន្ដែការចេញលិខិតរំលែកទុក្ខផ្លូវការណាមួយនឹងមិនទាន់អាចធ្វើទៅរួចទេ នៅថ្ងៃនេះ។ ដោយឡែកព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខារបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានបញ្ជាក់ថា ព្រះមហាវីរៈក្សត្រនឹងចេញចុតហ្មាយរំលែកទុកមួយដល់ប្រជាជាតិដ៏ជិតស្និតមួយនេះ ក៏ប៉ុន្ដែចុតហ្មាយនោះនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ប្រទេសកម្ពុជាមានចំណងទំនាក់ទំនងមិត្តភាពជាមួយប្រទេសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើងជាច្រើនទសវត្សរ៍មកហើយ ជាពិសេសតាមរយៈចំណងមិត្តភាពរបស់អតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម សីហនុ ជាមួយនឹងលោកសេនាប្រមុខ គឹម អ៊ីលស៊ុង។ លោកគឹមបានស្លាប់កាលពីឆ្នាំ១៩៩៤ ហើយកូនប្រុសរបស់គាត់គឺលោកគឹម យុង អ៊ីលបានឡើងស្នងតំណែង។ លោកគឹម យុង អ៊ីលត្រូវគេមើលឃើញថា បានបណ្ដុះកូនប្រុសពៅ ដែលជាកូនទីបីឈ្មោះគឹម យុងស៊ុនឲ្យធ្វើដំណើរទៅរកការស្នងតំណែងដោយលើកបន្ដុបឲ្យកាន់កិច្ចការកងទ័ព។ គឹម យុងស៊ុនមានអាយុជាង២០ឆ្នាំតែប៉ុណ្ណោះ។ លោកកឹម សុខាជាមេដឹកនាំគណបក្សជំទាស់ដែលមានអាសនៈចំនួនបី នៅក្នុងរដ្ឋសភា គឺគណបក្សសិទ្ធិមនុស្ស។ លោកបានហៅការស្លាប់របស់លោកគឹម យុង អ៊ីលថា គឺជាការស្លាប់ធម្មតាដោយសារជម្ងឺ ក៏ប៉ុន្តែលោកជឿថា ប្រជាពលរដ្ឋខាងជើងនឹងទទួលបានការធូរស្រាល។ «ជីវិតមនុស្សធម្មតាយើងសោកស្ដាយហើយ ប៉ុន្ដែការបាត់បង់ជនផ្ដាច់ការ យើងអត់ស្ដាយទេ។ បើសិនជាកូរ៉េនៅតែឲ្យអ្នកដឹកនាំបន្ដពូជអញ្ចឹង គឺរដ្ឋអំណាចកូរ៉េមិនមានស្ថិរភាពទេទៅខាងមុខទៀត»។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា ការបាត់បង់ជីវិតរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងនេះ នឹងនាំឲ្យប្រទេសប្រកាន់កុម្មុយនីស្ដរឹងត្អឹងនេះនឹងមានការកែប្រែឥរិយាបថ ព្រមទាំងអាចនឹងនាំឲ្យមានភាពធូរស្រាលនៃទំនាក់ទំនងគូរជម្លោះ នៅក្នុងឧបទ្វីបកូរ៉េទាំងពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ «ខ្ញុំជឿជាក់ថា នឹងមានការកែប្រែខ្លះ ហើយប្រទេសនេះអាចបើកចំហខ្លះទៅនឹងអន្ដរជាតិ ដែលអាចជាចំណុចវិជ្ជមាន»។ ការប៉ាន់ប្រមាណរបស់លោកអ៊ូ វីរៈនេះគឺផ្អែកលើជំហររបស់កូនប្រុសច្បងគឹម យុង អ៊ីលថា មិនចង់ឃើញរបបបែបដឹកនាំសព្វថ្ងៃតទៅទៀត។ មួយវិញទៀត កូនប្រុសពៅដែលនឹងអាចឡើងស្នងតំណែងឪពុករបស់ខ្លួននោះអាចនឹងមានការផ្លាស់ប្ដូរដោយសំអាងទៅលើអ្នកដឹកនាំជើងចាស់មួយចំនួន ជាជន្ទល់ពីក្រោយខ្នង៕ This posting includes an audio/video/photo media file: Download Now |
ចិននិងជប៉ុនប្រតិកម្មនឹងព័ត៌មាននៃមរណភាពលោកគីម ជុងអ៊ីល Posted: 19 Dec 2011 02:29 PM PST មន្ត្រីចិនម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងមានការរន្ធត់ចិត្តចំពោះមរណភាពរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល (Kim Jong Il) ហើយលោកបានសម្តែងមរណទុក្ខដល់ប្រជាជនកូរ៉េខាងជើង។ លោក Liu Weimin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានហៅមេដឹកនាំកូរ៉េខាងជើងថាជា«មហាមេដឹកនាំ» និងជា«មិត្តជិតស្និទ្ធ»របស់ប្រទេសចិន។ លោក Liu បាននិយាយថា រដ្ឋាភិបាលចិនមានការរន្ធត់ចិត្តនៅពេលដឹងអំពីមរណភាពរបស់លោក គីម ជុងអ៊ីល។ លោកក៏បានសម្តែងមរណទុក្ខយ៉ាងជ្រាលជ្រៅរបស់ប្រទេសចិនដល់ប្រជាជនកូរ៉េខាងជើងដែរ។ លោក Liu បានត្រូវសួរសំណួរជាច្រើនអំពីប្រតិកម្មរបស់ប្រទេសចិនចំពោះដំណឹងនេះ។ ពួកអ្នកកាសែតបានសួរថា តើប្រទេសចិននឹងបញ្ជូននរណាទៅចូលរួមក្នុងពីធីបុណ្យសពលោកគីម នៅសប្តាហ៍ក្រោយ តើរដ្ឋាភិបាលក្រុងប៉េកាំងខ្វល់ខ្វាយឬទេអំពីស្ថិរភាពនៃប្រទេសកូរ៉េខាងជើង និងថាតើប្រទេសចិននឹងចងចាំលោកគីម ជុងអ៊ីល យ៉ាងដូចម្តេចដែរ។ លោក Liu បាននិយាយថា លោកគ្មានព័ត៌មានបន្ថែមទេហើយលោកបានចង្អុលឲ្យយោងទៅរកសេចក្តីថ្លែងការណ៍ដំបូងរបស់លោក។ លោក Liu និយាយថាប្រទេសចិននឹងបន្តធ្វើការជាមួយប្រទេសកូរ៉េខាងជើងដើម្បីពង្រឹងមិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរជាមួយការថែរក្សាសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ប្រទេសចិនមិនមែនគ្រាន់តែជាប្រទេសជិតខាងមួយរបស់កូរ៉េខាងជើងប៉ុណ្ណោះទេក៏ប៉ុន្តែជាញឹកញយចិនក៏ជាសម្ព័ន្ធមិត្តខាងការទូតធំបំផុតរបស់ប្រទេសដ៏នៅឯកោពីគេមួយនេះ។ រដ្ឋាភិបាលក្រុងប៉េកាំងបានគាំទ្រដល់ការចរចាជាថ្មីរវាងភាគី៦អំពីកម្មវិធីបរមាណូរបស់ប្រទេសកូរ៉េខាងជើង។ កិច្ចចរចាគ្នានេះដែលមានទាក់ទិនជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសរុស្សីផងដែរនោះ បានត្រូវផ្អាកជាង២ឆ្នាំមកហើយ ក្រោយពីកូរ៉េខាងជើងបានបណ្តេញពួកអធិការបរមាណូអន្តរជាតិឱ្យចេញពីប្រទេស។ កាលពីប៉ុន្មានខែមុននេះមានការពិភាក្សាគ្នាដែលមានគោលដៅធ្វើការចរចាគ្នានេះជាថ្មីទ្បើងវិញ ក៏ប៉ុន្តែនៅតែមិនច្បាស់លាស់ថាតើដំណឹងអំពីមរណភាពរបស់លោក គីម ជុងអ៊ីល មានផលប៉ះពាល់បែបណាដល់ការទាក់ទងជាមួយកូរ៉េខាងជើង។ នៅក្នុងប្រទេសជប៉ុន លោក Osamu Fujimura រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថា លោកខ្វល់ខ្វាយអំពីស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ លោក Fujimura និយាយថា ប្រទេសជប៉ុនបានផ្លាស់ប្តូរព័ត៌មានគ្នាយ៉ាងជិតស្និទ្ធជាមួយស.រ.អ. ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ដើម្បី«ចាត់វិធានការទាំងអស់ដែលគេត្រូវការ ដើម្បីប្រុងប្រៀបសម្រាប់ហេតុការណ៍ដែលគេមិនបានគិតទុកជាមុន» នេះបើតាមពាក្យសម្តីផ្ទាល់របស់លោក។ លោក Choi Dae-Suk ជាអ្នកជំនាញខាងកិច្ចការប្រទេសកូរ៉េខាងជើងនៅឯសាកលវិទ្យាល័យស្ត្រី Ehwa ក្នុងក្រុងសេអ៊ូល។ លោកនិយាយថា លោកយល់ថាមរណភាពរបស់លោក គីម ជុងអ៊ីល នឹងមានផលប៉ះពាល់ខ្លាំងលើគោលនយោបាយការបរទេសនៃប្រទេសកូរ៉េខាងត្បូងចំពោះប្រទេសកូរ៉េខាងជើង។ «ទីមួយ ខ្ញុំយល់ថាគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak តឹងតែងណាស់ចំពោះប្រទេសកូរ៉េខាងជើង។ ពួកគេបានចាប់ផ្តើមកែប្រែគោលនយោបាយនេះកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែវានៅតែតឹងតែងខ្លាំង។ ក៏ប៉ុន្តែនៅពេលនេះលោកគីម ជុងអ៊ីល ស្លាប់ទៅហើយ ដូច្នេះពួកគេមិនចាំបាច់ត្រូវបន្តគោលនយោបាយបែបនេះ គឺគោលនយោបាយតឹងរ៉ឹងទៀតទេ ពួកគេត្រូវតែកែប្រែគោលនយោបាយនេះ»។ លោក Choi ថ្លែងថា លោកយល់ថាមរណភាពនេះក៏អាចមានផលប៉ះពាល់វិជ្ជមានមួយដល់កិច្ចចរចារវាងភាគី៦ដែលមានគោលដៅនិយាយបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់ចោលកម្មវិធីអាវុធបរមាណូរបស់ផងខ្លួន ពីព្រោះលោកយល់ថារដ្ឋាភិបាលក្រុង Pyongyang នឹងចង់ធ្វើឱ្យតូចអ្វីដែលខ្លួនដឹងថាជាគ្រោះថ្នាក់មកពីខាងក្រៅ។ គេមានជំនឿថារដ្ឋាភិបាលក្រុង Pyongyang បានអភិវឌ្ឍសម្ភារៈបរមាណូគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូមួយចំនួនហើយបានធ្វើការពិសោធន៍បរមាណូក្រោមដីពីរដងមកហើយ៕ ប្រែសម្រួលដោយ ឈឹម សុមេធ <!--AV--> This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ ជីវិតនិស្សិតនៅអាមេរិក និងសារៈសំខាន់នៃមុខវិជ្ជាជីវគីមីនិងជីវរូបវិទ្យា Posted: 19 Dec 2011 10:18 AM PST ទោះបីជាគុណភាពប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាបក៏ដោយ ចំនួននិស្សិតកម្ពុជាទៅរៀននៅបរទេសកើនឡើងគួរឲ្យកត់សម្គាល់។ សហរដ្ឋអាមេរិកជាប្រទេសដែលទាក់ទាញចំណាប់អារម្មណ៍បំផុតសម្រាប់និស្សិតកម្ពុជា។ ហេង វិបុល គឺជានិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនិស្សិតកម្ពុជាជាង៣០០នាក់ដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក។ វិបុល ធ្លាប់ជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្តិ ដែលទទួលបានមេដាយមាសផ្នែក គណិតវិទ្យាទូទាំងប្រទេស ហើយក៏ជាសិស្សដែលទទួលបាននិទ្ទេសA លេខ ១ សម្រាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសផងដែរ។ កម្មវិធីសំឡេងជំនាន់ថ្មី (New Voices) ទី៤នេះ បានអញ្ជើញយុវនិស្សិត ហេង វិបុល ដែលបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ខាងជីវៈគីមី និងជីវរូបវិទ្យានៃសាកលវិទ្យាល័យយ៉េល (Yale University) ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកធ្វើជាវាគ្មិន។ លោកនឹងនិយាយអំពីជីវិតនៃការសិក្សានៅសហរដ្ឋអាមេរិក និងសារៈសំខាន់នៃមុខវិជ្ជាជីវៈគីមី និងជីវរូបវិទ្យា។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
គណបក្សសម រង្ស៊ីសុំឲ្យតុលាការទម្លាក់ចោលរឿងក្តីកាត់ទោសលោកសម រង្ស៊ី Posted: 19 Dec 2011 09:47 AM PST មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង នៅថ្ងៃអាទិត្យនេះ បានទទូចឲ្យតុលាការកម្ពុជាទម្លាក់ចោលរឿងក្តីប្រឆាំងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ការទទូចស្នើសុំរបស់គណបក្សប្រឆាំងនេះបានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា ការបោះបង្គោល និងខណ្ឌសីមាព្រំដែនលេខ១៨៤ លេខ១៨៥ លេខ១៨៦ និង១៨៧ នៅស្រុកចន្ទា្រ ខេត្តស្វាយរៀង ដែលនៅសេសសល់ នៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រហូតមកដល់ពេលនេះគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ មិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលនេះនៅឡើយទេ។ នៅក្នុងលិខិតឆ្លើយតបមួយច្បាប់របស់លោកកាលពីដើមខែធ្នូកន្លងទៅនេះ ជូនអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីចំនួន១៦នាក់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ភាគីទាំងពីរនៅបន្តចរចាដើម្បីកំណត់ទីតាំងបង្គោលនេះ ដូចជាទីតាំងបង្គោលព្រំដែន ដែលនៅសេសសល់ដទៃទៀត ឲ្យបានសមស្របដែលអាចទទួលយកបាននាពេលខាងមុននេះ។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា យោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហាញឲ្យឃើញថា អ្វីដែលលោកសម រង្ស៊ីបានដកបង្គោលព្រំដែនលេខ១៨៥គឺពុំបានជាប់ពាក់ព័ន្ធថាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទេ។ លោកបានបញ្ជាក់ថា លោកសម រង្ស៊ីគួរបានរួចខ្លួន មិនមានអ្វីជាប់ពាក់ព័ន្ធនឹងតុលាការ។ «បាទ ធម្មតា គាត់ចង់បានន័យថា គណបក្សកាន់អំណាចគេចង់មានន័យថា បង្គោលហ្នឹងបោះមិនបានត្រឹមត្រូវ ឬមួយក៏មិនទាន់បោះជាផ្លូវការ។ ដែលជាអំណះអំណាងមួយដ៏ប្រាកដប្រជាសម្រាប់បង្ហាញអំពីទង្វើរបស់ឯកឧត្តមលោកប្រធានធ្វើហ្នឹង គឺមិនមានទោសពៃរ៍ ឬក៏ពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការនៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬក៏បទព្រហ្មទណ្ឌធ្ងន់ធ្ងរអីនោះទេ»។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានសាលាដំបូងខេត្តស្វាយរៀងកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនប្រាំបីលានរៀល ពីបទធ្វើឲ្យខូចខាតដោយចេតនាដល់តម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដែលបានប្រព្រឹត្តទៅនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទា្រ ខេត្តស្វាយរៀង។ លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រឿងក្តីរបស់លោកសម រង្ស៊ីគឺជារឿងតុលាការ ដូច្នេះលោកសម រង្ស៊ី មិនអាចទម្លាក់ចោលរឿងក្តីចោទប្រកាន់នេះបានទេ។ «ការថ្លែងរបស់ឯកឧត្តមសម រង្ស៊ីគឺជាករណីនីតិរដ្ឋសុទ្ធសាធ មិនមែនពាក់ព័ន្ធទៅលើរឿងវៀតណាម ថៃ ឬក៏បរទេសណាទេ គឺពាក់ព័ន្ធទៅនឹងនីតិរដ្ឋ។ រវាងឯកឧត្តមសម រង្ស៊ី ជាបុគ្គលជាមួយនឹងផ្នែកតុលាការ»។ បច្ចុប្បន្ននេះ លោកសម រង្ស៊ីកំពុងតែស្នាក់នៅក្រៅប្រទេសបន្ទាប់ពីតុលាការកម្ពុជាបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំ នៅក្នុងសំណុំរឿងចំនួនពីរ គឺការដកតម្រុយបង្គោលព្រំដែន និងក្លែងឯកសារសាធារណៈ។ លោកសម រង្ស៊ីធ្លាប់បានប្រកាសថា ករណីរបស់លោកគឺជារឿងនយោបាយ។ ដូច្នេះត្រូវតែមានការសម្របសម្រួលផ្នែកនយោបាយ។ ក្នុងលិខិតរបស់លោកផ្ញើជូនអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីចំនួន១៦រូប លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា ករណីរបស់លោកសម រង្ស៊ីគឺជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយនោះឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៩ ធ្នូ យប់ Posted: 19 Dec 2011 07:51 AM PST កូរ៉េខាងជើង៖ លោក គីម ជុងអ៊ីល (Kim Jong Il) មេដឹកនាំយូរយារមកហើយនៃប្រទេសកូរ៉េខាងជើង ទើបទទួលអនិច្ចកម្ម។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េជាផ្លូវការនៃប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃច័ន្ទនេះថាមេដឹកនាំអាយុ៦៩ឆ្នាំរូបនេះបានស្លាប់កាលពីថ្ងៃសៅរ៍ដោយគាំងបេះដូងនៅពេលលោកឋិតនៅក្នុងរថភ្លើងមួយ ដែលជាការធ្វើដំណើររបស់លោកដើម្បី«ធ្វើការណែនាំនៅនឹងកន្លែង»។ ទីភ្នាក់ងារព័ត៌មាននេះបានសន្មត់ថាមរណភាពរបស់លោកបានបណ្តាលមកពី«ការធ្វើការហួសកម្លាំងកាយនិងកម្លាំងចិត្ត»។ កូរ៉េខាងជើង៖ ដំណឹងអំពីមរណភាពរបស់លោកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល (Kim Jong Il) បាននាំឱ្យមានប្រតិកម្មនៅទូទាំងពិភពលោក។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គេបានជម្រាបលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា និងលោកស្រីរដ្ឋមន្ត្រីការបរទេស Hillary Clinton អំពីមរណភាពរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះហើយ។ កូរ៉េខាងជើង៖ លោក គីម ជុងអ៊ីល (Kim Jong Il) បានគ្រប់គ្រងប្រទេសកូរ៉េខាងជើង១៧ឆ្នាំដោយផ្តោតការយកចិត្តទុកដាក់លើគោលការណ៍នៃការពឹងពាក់លើខ្លួនឯង និងលទ្ធិបុគ្គលនិយមដែលបានត្រូវបង្កើតទ្បើងដោយលោក គីម អ៊ីលស៊ុង (Kim Il Sung) ដែលជាឪពុកលោក។ លោកបានទទួលបរិញ្ញប័ត្រពីសាកលវិទ្យាល័យ Kim IL Sung នៃក្រុងព្យុងយ៉ាង (Pyongyang) កាលពីឆ្នាំ១៩៦៤។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោក Kim Jong Il បានត្រូវតែងតាំងឱ្យកាន់តំណែងជាមេដឹកនាំនៅក្នុងគណបក្សគ្រប់គ្រងប្រទេសដោយចាប់ផ្តើមរយៈពេល២ទសវត្សរ៍ ដែលនោះលោកបានហ្វឹកហ្វឺនការងារសម្រាប់ជំនួសឪពុកលោកជាមេដឹកនាំរបស់ប្រទសកូរ៉េខាងជើង។ រុស្ស៊ី៖ គេបានរកឃើញទូកកៅស៊ូមួយនៅថ្ងៃច័ន្ទនេះក្នុងទឹកត្រជាក់ដូចទឹកកកនៅជិតសំណង់សម្រាប់ខួង និងបូមប្រេងរុស្ស៊ីមួយដែលបានក្រទ្បាប់។ ទូកកៅស៊ូនេះអាច ដាក់មនុស្សបាន១៥នាក់។ ពួកអ្នកជួយសង្គ្រោះមិនអាចបញ្ជាក់បានជាបន្ទាន់ថាតើមានមនុស្សនៅរស់ក្នុងទូកនេះឬទេ។ អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថាខ្លួននឹងបន្តធ្វើការឆ្មក់វាយប្រហារនៅពេលយប់ក្នុងប្រទេសអាហ្វហ្គានីស្ថានទោះណាជាមានការជំទាស់ជាថ្មីដោយប្រធានាធិបតីនៃប្រទេសនេះក៏ដោយ។ លោកឧត្តមសេនិយ៍ត្រី Carsten Jacobson អ្នកនាំពាក្យនៃអង្គការអូតង់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការឆ្មក់វាយប្រហារនៅពេលយប់នៅតែជាវិធីមានសុវត្ថិភាពបំផុតដើម្បីកម្ចាត់ពួកមេដឹកនាំបះបោរ។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៩ ធ្នូ Posted: 18 Dec 2011 08:39 PM PST ហ្វីលីពីន៖ អ្នកជួយសង្គ្រោះបានស្វែងរកមនុស្សជាង៨រយនាក់ដែលកំពុងបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពេលមានទឹកជំនន់និងការបាក់ដីដែលបណ្តាលឱ្យមនុស្សជាង៦រយនាក់ស្លាប់នៅភាគខាងត្បូងហ្វីលីពីន។ ខ្យល់ព្យុះទីហ្វុងឈ្មោះវ៉ាស៊ី Washi បានបោកបក់លើតំបន់មិនដាណាវ កាលពីយប់ថ្ងៃសុក្រ នាំឱ្យមានភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងនៅលើតំបន់នោះ។ ទឹកជំនន់បានហូរនាំផ្ទះសម្បែងជាច្រើនខ្នងរួមជាមួយប្រជាជនរាប់គ្រួសារដែលស្ថិតនៅក្នុងភូមិរាប់សិបក្នុងតំបន់ឆ្នេរសមុទ្រកាហ្គាយ៉ាន ដឹ អូរ៉ូ Cagayan de Oro និង អ៊ីលីហ្គានIligan។ អ៊ីរ៉ាក់៖ ក្បួនទ័ពចុងក្រោយបង្អស់របស់អាមេរិកបានចាកចេញពីអ៊ីរ៉ាក់ដោយបានបញ្ចប់សង្គ្រាមដឹកនាំដោយអាមេរិកជិត៩ឆ្នាំ ដែលបានបណ្តេញមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ឈ្មោះ សាដាម ហ៊ូសេនចេញពីតំណែង។ ស៊ីរី៖ មន្ត្រីជាន់ខ្ពស់អារ៉ាប់សង្ឃឹមថាប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ Bashar al-Assad នឹងចុះហត្ថលេខាឲ្យបានឆាប់លើផែនការសន្តិភាពមួយនៃសម្ព័ន្ធអារ៉ាប់ ដែលមានគោលដៅបញ្ចប់ការបង្ក្រាបដ៏ឃោរឃៅរបស់លោកទៅលើការបះបោរនៃក្រុមប្រឆាំងដែលមានរយៈពេល៩ខែមកហើយ។ ឆែក៖ អតីតប្រធានាធិបតីឆែក វ៉ាក្លាវ ហាវេល Czech Vaclav Havel ដែលជាអ្នកនិពន្ធរឿងល្ខោនប្រឆាំងនឹងរដ្ឋាភិបាលនិងបានដឹកនាំការបដិវត្តន៍ដោយសន្តវិធី ដែលបានរំលំរបបកុម្មុយនិស្តក្នុងអតីតប្រទេស ឆេកូស្លូវ៉ាគី បានទទួលអនិច្ចកម្មហើយក្នុងជន្មាយុ៧៥ឆ្នាំ។ បារាំង៖ ពង្រាងច្បាប់បារាំងមួយដែលចាត់ទុកជាឧក្រិដ្ឋកម្មនូវការបដិសេធថាការសម្លាប់រង្គាលជនជាតិអាមេនី កាលពីឆ្នាំ១៩១៥ មិនមែនជាការសម្លាប់ប្រល័យពួជសាសន៍មួយបាននាំឱ្យមានការរិះគន់ពីសំណាក់ប្រទេសតួកគី។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |