VOA News: ព័ត៌មាន: “អតីតអ្នកទោសបឹងត្របែករំលឹករឿងឈឺចាប់ក្រោយចូលរួមសវនាការកាត់ទោសមេខ្មែរក្រហម” plus 4 more |
- អតីតអ្នកទោសបឹងត្របែករំលឹករឿងឈឺចាប់ក្រោយចូលរួមសវនាការកាត់ទោសមេខ្មែរក្រហម
- ព័ត៌មានអន្តរជាតិវីអូអេ ២៣ ធ្នូ យប់
- មានការរៀបចំតិចតួចនៅឡើយសម្រាប់ពេលព្រះមហាក្សត្រសីហនុសោយទីវង្គត
- អង្គការសិទ្ធិមនុស្សអន្តរជាតិសុំឱ្យម្ចាស់ជំនួយគាបរដ្ឋាភិបាលលើបញ្ហាច្បាប់អង្គការ
- ព័ត៌មានអន្តរជាតិវីអូអេ ២៣ ធ្នូ ព្រឹក
អតីតអ្នកទោសបឹងត្របែករំលឹករឿងឈឺចាប់ក្រោយចូលរួមសវនាការកាត់ទោសមេខ្មែរក្រហម Posted: 23 Dec 2011 11:54 AM PST អតីតអ្នកទោសនៅមន្ទីរឃុំឃាំងបឹងត្របែកក្នុងរបបខ្មែរក្រហមគឺអ្នកស្រីនៅ សារឹម បានទៅចូលរួមស្តាប់សវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២ក្នុងពេលដែលចាប់ផ្តើមកាលពីចុងខែវិច្ឆិកា។ ការចូលរួមក្នុងសវនាការនេះបានធ្វើឱ្យអ្នកស្រីនៅ សារឹមនឹកឃើញដល់អនុស្សាវរីយ៍ឈឺចាប់ពេលរស់នៅក្នុងមន្ទីរឃុំឃាំងនិងអតីតអ្នកទោសដូចគ្នាដែលបានស្លាប់បាត់បង់ជីវិត។ លោកស្រីបញ្ជាក់បន្ថែមថា សវនាការនេះជាមេរៀនដ៏ល្អមួយសម្រាប់មេដឹកនាំនានាយកមករៀនសូត្រថាត្រូវធ្វើល្អចំពោះពលរដ្ឋរបស់ខ្លួនពេលនៅកាន់អំណាចបើមិនដូច្នេះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងការកាត់ទោសដូចនេះ។ អ្នកស្រីនៅ សារឹម ដែលជាអតីតបុគ្គលិកនៃវីអូអេសំឡេងសហរដ្ឋអាមេរិកដែរបានផ្តល់បទសម្ភាសជាមួយលោកម៉ែន គឹមសេងអំពីការសង្កេតលើសាលាក្តីខ្មែរក្រហមនិងបទពិសោធនៃការចូលរួមក្នុងសវនាការនេះនៅពេលដែលវិលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ។ ខាងក្រោមនេះជាបទសម្ភាសរវាងលោក ម៉ែន គឹមសេងជាមួយនឹងអ្នកស្រីនៅ សារឹម។ <!--AV--> <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៣ ធ្នូ យប់ Posted: 23 Dec 2011 09:16 AM PST កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះពីការឆ្លើយតបពុំអាចអត់ទ្រាំបាន ដល់ការស្លាប់មេដឹកនាំកំពូល គីម យុងអ៊ីល (Kim Jong Il) ដោយកូរ៉េខាងត្បូងសម្តែងសមានចិត្តដល់ប្រជាពលរដ្ឋកូរ៉េខាងជើង ប៉ុន្តែបានសម្រេចមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឲ្យទៅចូលរួមពិធីបុណ្យសពរបស់លោក គីម យុងអ៊ីល នៅសប្តាហ៍ក្រោយទេ។ បារាំង៖ ក្រសួងសុខាភិបាលនៃប្រទេសបារាំង បានជំរុញស្រ្តី៣ម៉ឺននាក់ដែលបានវះកាត់ពង្រីកសុដន់ជាមួយក្រុមហ៊ុនបារំាងរលាយបាត់មួយ ឲ្យយកសុដន់នោះចេញវិញហើយការជំរុញនេះចាត់ទុកថាជាការប្រុងប្រយ័ត្នជាមុន។ ហ្វីលីពីន៖ ពួកមន្រ្តីនៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សដែលបានបាត់ខ្លួនពីទឹកជំនន់កាលពីសប្តាហ៍មុនបានកើនឡើងដល់ជាង១ពាន់នាក់។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ប្រាប់ឲ្យដឹងថា ខ្យល់ព្យុះតំបន់ត្រូពិកវ៉ាស្ស៊ី (Washi) ហើយនឹងទឹកជំនន់ដ៏ខ្លាំងមួយដែលបានកើតមានឡើងនៅភាគខាងត្បូងនៃកោះមីនដាណាវ (Mindanao) ក៏បានសម្លាប់យ៉ាងហោចណាស់ក៏១.០៨០នាក់ដែរ។ អ៊ីរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ដែលគេបណ្តេញចេញបានរៀបចំវ៉ាលីនៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុងឡុងដ៍នៅថ្ងៃសុក្រនេះ ខណៈពេលដែលហ្វូងមនុស្សរៀបចំការប្រឆាំងតវ៉ាថ្មីនឹងអង់គ្លេសនៅក្នុងរដ្ឋធានីតេរ៉ង់ (Tehran)។ អេហ្ស៊ីប៖ ពួកសកម្មជនអេហ្ស៊ីប កំពុងរៀបចំផែនការធ្វើបាតុកម្មក្នុងរដ្ឋធានីគែរ (Cairo) នៅថ្ងៃសុក្រនេះដើម្បីទាមទារឲ្យពួកមេដឹកនាំយោធាអន្តរកាលរបស់ប្រទេសនោះ សុំអភ័យទោសចំពោះអំពើហិង្សាកាលពីពេលថ្មីៗនេះប្រឆាំងបាតុករស្រ្តី ហើយនឹងឲ្យបង្កើនល្បឿនផែនការរបស់គេដើម្បីផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។ ស.រ.អ.៖ បុរសស្បែកសម្នាក់នៅក្នុងរដ្ឋម៉ាសាជូសេត (Massachusettes) ភាគឦសាន្តស.រ.អ. បានត្រូវកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឲ្យជាប់គុកចំនួន១៤ឆ្នាំ ចំពោះការដុតព្រះវិហារគ្រិស្តសាសនាអាមេរិកស្បែកខ្មៅ ដើម្បីប្រឆាំងតវ៉ាការជាប់ឆ្នោតរបស់លោកបារ៉ាក់ អូបាម៉ា។ ឆែក៖ មេដឹកនាំពិភពលោក និងប្រជាពលរដ្ឋសាធារណរដ្ឋឆែក (Czech Republic) នឹងគោរពវិញ្ញាណក្ខន្ធចុងក្រោយដល់អតីតប្រធានាធិបតីវ៉ាក្លាវ (Vaclav) នៅពិធីបុណ្យសពផ្លូវរដ្ឋមួយក្នុងរដ្ឋធានីប្រាកនៅថ្ងៃសុក្រនេះ។ អតីតមេដឹកនាំឆែកអាយុ៧៥ឆ្នាំនេះ បានទទួលមរណភាពដោយសារបញ្ហាជំងឺផ្លូវដង្ហើម ក្នុងពេលទទួលទានដំណេកកាលពីថ្ងៃអាទិត្យ។ ចិន៖ តុលាការចិនបានកាត់ទោសអ្នកប្រឆាំងដ៏លេចធ្លោម្នាក់នៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពីបទញុះញង់ការបះបោរប្រឆាំង។ ស៊ីរី៖ ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីនិយាយថា អ្នកសកម្មប្រយុទ្ធនៃភេរវកម្មអាល់ខៃដា ប្រហែលជាអ្នកដាក់គ្រាប់បែកអត្តឃាត នៅអគារសន្តិសុខរបស់រដ្ឋាភិបាលចំនួន២កន្លែង ក្នុងក្រុងដាម៉ាសកូស (Damascus) នៅថ្ងៃសុក្រនេះ ដែលបានសម្លាប់ជនស៊ីវិល និងទាហានជាច្រើន។ ប៉ាគីស្ថាន៖ កងទ័ពប៉ាគីស្ថានបានបដិសេធការរកឃើញរបស់អាមេរិកទាក់ទងនឹងការវាយប្រហាររបស់កងកម្លាំងចម្រុះកាលពីខែមុន ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ នៅព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។ ស.រ.អ.៖ ក្រោយពីជជែកតវ៉ាគ្នាជាច្រើនខែ សភា ស.រ.អ. នៅថ្ងៃសុក្រនេះ កំណត់ថា គេនឹងពន្យារពេលការកាត់ពន្ធបន្ថែមលើប្រាក់ខែ ដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និយាយថា វាគឺជារឿងសំខាន់ដល់សេដ្ឋកិច្ចស.រ.អ.។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មានការរៀបចំតិចតួចនៅឡើយសម្រាប់ពេលព្រះមហាក្សត្រសីហនុសោយទីវង្គត Posted: 23 Dec 2011 06:06 AM PST សមាជិករាជវង្សានុវង្សមួយអង្គបានឲ្យដឹងថា ព្រះបរមរាជវាំងបានរៀបចំត្រៀមទុកជាមុនសម្រាប់ការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ខណៈដែលព្រះអង្គមានព្រះជន្មឈានដល់៩០ ព្រះវស្សាហើយនោះ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនថា មានការរៀបចំទុកសម្រាប់ថ្ងៃចុងក្រោយណាមួយរបស់អតីតព្រះមហាក្សត្រ ក៏ប៉ុន្ដែព្រះអង្គមិនអាចបង្ហាញថា ការរៀបចំនោះមានអ្វីខ្លះនោះទេ។ «ត្រៀមទុកអស់ហើយ។ ដូច្នេះពេលនោះទើបខាងព្រះបរមរាជវាំងនឹងផ្សាយជាផ្លូវការ»។ ព្រះអង្គម្ចាស់ធម្មិកោ ដែលត្រូវជាក្មួយរបស់អតីតព្រះមហាក្សត្រ និងត្រូវជាលេខារបស់ព្រះអង្គផ្ទាល់ផងដែរ មានបន្ទូលបន្ថែមថា សម្ដេចឪ នរោត្តម សីហនុ អាចនឹងមានព្រះជន្មរហូតដល់៩៦ ព្រះវស្សា។ «ប្រសិនបើយើងគិតអំពីប្រវត្តិខ្មែរ គ្មានព្រះមហាក្សត្រខ្មែរណាមានព្រះជន្មយឺនយូរ ដូចព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ទេ។ ព្រះបាទជ័យវរ្ម័ន សុគត នៅព្រះជន្ម៨០ ព្រះវស្សា។ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ ដែលត្រូវចាត់ទុកថា លោកមានព្រះជន្មយឺនយូរជាងគេ គឺ៨៤ ព្រះវស្សា។ រីឯព្រះបាទសីហនុ ព្រះជន្ម៩០ហើយ។ បើសិនជាយើងជឿលើហោរាសាស្ដ្រឥណ្ឌា គឺថា ព្រះអង្គនឹងមានព្រះជន្មរហូតដល់៩៦ ព្រះវស្សា»។ អតីតព្រះមហាក្សត្រ បានយាងចូលព្រះជន្ម៩០ ព្រះវស្សា កាលពីចុងខែតុលា ឆ្នាំ២០១១នេះ។ ពីធីចម្រើនព្រះជន្មរបស់ព្រះអង្គត្រូវបានរៀបចំយ៉ាងអធិកអធមក្នុងទីក្រុងភ្នំពេញ។ ហើយព្រះអង្គបានមានព្រះរាជឱង្កាយ៉ាងវែងមួយទៅកាន់សាធារណជនដោយថ្លែងថា ព្រះអង្គនឹងមិនយាងចេញទៅព្យាបាលព្រះរោគ នៅទីក្រុងប៉េកាំងប្រទេសចិនទៀតទេ គឺព្រះអង្គនឹងបន្ដគង់នៅក្នុងប្រទេសកម្ពុជាជារៀងរហូត។ ក៏ប៉ុន្ដែព្រះអង្គម្ចាស់ធម្មិកោ មានបន្ទូលថា ព្រះមហាវីរក្សត្រទំនងជានឹងនៅតែបន្ដយាងទៅពិនិត្យព្រះរោគ នៅក្រុងប៉េកាំងទៀត ដោយមានការទាមទារពីក្រុមគ្រូពេទ្យចិន។ សម្តេចឪ នរោត្តម សីហនុ ទទួលរងទុក្ខដោយព្រះរោគមហារីកអស់រយៈជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតព្រះអង្គត្រូវយាងទៅពិនិត្យ និងព្យាបាលព្រះរោគនៅប្រទេសចិនជាទៀងទាត់រាល់បីខែម្ដង ឬយឺតជាងនេះបន្ដិច។ លោក ជា គាន អនុប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិមានប្រសាសន៍ថា មិនទាន់មានការដាក់ផែនការណាមួយឲ្យមានការរៀបចំទុកសម្រាប់ការយាងចូលទីវង្គតរបស់អតីតព្រះមហាក្សត្រទេ។ គង់ក្នុងវត្តបុទមវតី ក្នុងទីក្រុងភ្នំពេញ សម្តេចព្រះសង្ឃរាជគណៈធម្មយុត្ត បួរ គ្រី មានសង្ឃដីកាថា ព្រះអង្គក៏មិនទាន់បានទទួលដំណឹងណាមួយពីការរៀបចំទុកសម្រាប់ការចូលទីវង្គតជាយថាហេតុរបស់អតីតព្រះមហាក្សត្រនោះទេ។ «មិនទាន់មានដំណឹងណាដែលព្រះករុណាសម្តេចព្រះមហាវីរក្សត្រមានព្រះបន្ទូលផ្ដាំផ្ញើ ឬក៏មានការចាត់វិធានការយ៉ាងណាមិនទាន់បានទទួលដំណឹងអ្វីទេ។ ព្រះជន្ម៨៩ យាងចូល៩០ ព្រះវស្សាក៏(ព្រះអង្គ) មានព្រះរាជសុខភាពមាំទាំ មិនមែនដូចជាផ្ទុំលើគ្រែ ងើបមិនរួច ឬក៏យាងមិនកើតទេ»។ ព្រះជន្មកាន់តែច្រើន ប៉ុន្ដែអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅបន្តកាតព្វកិច្ចមួយចំនួននៅឡើយ ដូចជាការប្រគល់អំណោយសប្បុរសដល់ប្រជាជាតិ ការទទួលការចូលគាល់ពីមន្ដ្រីជាតិ និងអន្ដរជាតិក្នុងព្រះបរមរាជវាំងជាដើម។ នេះបើតាមការអះអាងរបស់លេខាផ្ទាល់របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងការកត់សម្គាល់របស់សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្ត បួរ គ្រី។ បើទោះជាព្រះអង្គយល់ថា មិនទាន់ដល់ពេលដែលត្រូវនិយាយពីការត្រៀមទុកសម្រាប់ថ្ងៃដែលអតីតព្រះមហាក្សត្រសោយទីវង្គតជាយថាហេតុនោះក៏ដោយ ប៉ុន្ដែព្រះអង្គម្ចាស់ធម្មិកោ បានរំលឹកពីស្នាព្រះហស្ថជាច្រើនរបស់សម្តេចឪ នរោត្តម សីហនុ ក្នុងការកសាងសាលារៀន រោងចក្រ និងកសាងសង្គមមួយដែលមានការរីកចម្រើន នោះគឺរបបសង្គមរាស្ដ្រនិយម៕ This posting includes an audio/video/photo media file: Download Now |
អង្គការសិទ្ធិមនុស្សអន្តរជាតិសុំឱ្យម្ចាស់ជំនួយគាបរដ្ឋាភិបាលលើបញ្ហាច្បាប់អង្គការ Posted: 23 Dec 2011 07:08 AM PST នៅថ្ងៃសុក្រនេះ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវដល់ប្រទេសផ្តល់ជំនួយឲ្យដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យកែសម្រួល ឬ បោះបង់ចោលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ដែលរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន១១ រួមមានអង្គការសិទ្ធិមនុស្ស Human Rights Watch អង្គការ Freedom House និងអង្គការ Global Witness បានត្អូញត្អែរប្រាប់ប្រទេសផ្តល់ជំនួយថា សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលលើកទីបួននេះបានរឹតបន្តឹងសេរីភាពនៃការធ្វើសកម្មភាពរបស់អង្គការសហគមន៍មូលដ្ឋាន ការបិទអង្គការ ឬ ការបដិសេធការចុះបញ្ជីអង្គការដែលធ្វើតាមអំពើចិត្ត។ សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ បានលើកឡើងថាប្រទេសផ្តល់ជំនួយគួរតែទទូចឲ្យមានការការពារចំពោះអង្គការសង្គមស៊ីវិល និងបញ្ជាក់ឲ្យច្បាស់ដល់រដ្ឋាភិបាលកម្ពុជាថាសេចក្តីព្រាងច្បាប់អង្គការ សមាគមមិនមែនរដ្ឋាភិបាលលើក ទីបួនត្រូវបានកែសម្រួលដើម្បីការពារអង្គភាពសង្គមស៊ីវិល ឬ ដកចេញ។ លោក ប្រែដ អាដាម (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថារដ្ឋាភិបាលកម្ពុជាកំពុងជំរុញសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចទូលំទូលាយដើម្បីធ្វើសេចក្តីសម្រេចតាមតែអំពើចិត្តដែលក្រុមអង្គការទាំងអស់អាច ឬ មិនអាចប្រតិបត្តិបាន។ លោក យ៉ាប់ ស្វី សេង (Yap Swee Seng) នាយកប្រតិបត្តិនៃអង្គការវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថាសេចក្តីព្រាងច្បាប់ចុងក្រោយនេះ អាចត្រូវបានប្រើខុសតាមអំពើចិត្តដើម្បីកម្ចាត់អង្គការអន្តរជាតិ ដែលពឹងធ្វើការអភិវឌ្ឍសិទ្ធិជាមូលដ្ឋាន ហើយផ្តល់គំនិតរិះគន់ប្រកបដោយន័យស្ថាបនា និងពាក្យទិតៀនគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាល។ លោក ស៊ូហាយ បេលហាសេន (Souhayr Belhassen) ប្រធានអង្គការឃ្លាំមើលការការពារអ្នកការពារសិទ្ធិមនុស្ស (FIDH) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសផ្តល់ជំនួយសម្រាប់ប្រទេសកម្ពុជាគួរគាបសង្កត់ក្រសួងមហាផ្ទៃឲ្យបន្ថែមពេលពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលលើកទីបួន ដើម្បីឲ្យទស្សនៈ និងសំឡេងទាំងអស់ត្រូវបានគេដឹងឮ។ លោក សន ម៉ាក់ ស៊ីនតុស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា អង្គភាពសង្គមស៊ីវិលខ្លាំងឯករាជ្យ និងផ្សេងគ្នាគឺចាំបាច់ចំពោះលទ្ធិ ប្រជាធិបតេយ្យ និងចំពោះការអភិវឌ្ឍជាបន្តរបស់ប្រទេសកម្ពុជា។ «យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាទស្សនៈទាំងអស់ ដែលបានលើកឡើងដោយប្រទេសផ្តល់ជំនួយ និងអង្គការសង្គមស៊ីវិល ហើយកុំអនុម័តច្បាប់ថ្មីណាមួយដែលរឹតត្បិតជាជាងលើកកម្ពស់តួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា»។ លោកស្រី ឡូរ៉ែន ប៊ែណាឌី (Laurence Bernardi) អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំកម្ពុជា បានបន្ថែមថាប្រទេសបារាំង បានស្វាគមន៍សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលលើកទីបួន និងបានទទួលស្គាល់ថាកិច្ចខំប្រឹងប្រែងនានាបានធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតសេចក្តីព្រាងច្បាប់នេះដែលឆ្លើយតបទៅនឹងកង្វល់ជាច្រើន បានលើកឡើងអំពីសេចក្តីព្រាងច្បាប់លើកមុន។ លោកស្រី ប៊ែណាឌី បានបន្ថែមថាបញ្ហាមួយចំនួននៅតែត្រូវបានបញ្ជាក់ ប៉ុន្តែយើងជឿជាក់ថាប៉ុន្មានថ្ងៃខាងមុខនេះ តំណាងអង្គការ មិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាលនឹងធ្វើការរួមគ្នាដើម្បីធ្វើឲ្យអត្ថបទច្បាប់កាន់តែល្អ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថារដ្ឋាភិបាលមិនអាចបោះបង់ចោលសេចក្តី ព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះទេ ពីព្រោះរដ្ឋធម្មនុញ្ញបានតម្រូវឲ្យមាន។ «ការជំរុញឲ្យបោះបង់ចោលច្បាប់អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាជំរុញរដ្ឋាភិបាលមិនឲ្យគោរពរដ្ឋធម្មនុញ្ញ។ អាហ្នឹងជាការវាយប្រហារដល់អធិបតេយ្យភាពរបស់កម្ពុជា ហើយជាបំណងមួយមិនគួរទទួលយកបានទេ។ សេចក្តីថ្លែងការណ៍នេះបង្ហាញពីការលូកដៃ ដោយប្រាសចាកពីនីតិរដ្ឋ និងការរំលោភលើអធិបតេយ្យរបស់ប្រទេសកម្ពុជាដែលកំពុងពង្រឹងនីតិរដ្ឋ»។ កាលពីថ្ងៃច័ន្ទ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើសុំដល់អង្គការសង្គមស៊ីវិលបញ្ជូនអនុសាសន៍ និងកង្វល់ជូនក្រសួងមហាផ្ទៃក្នុងរយៈពេលមួយសប្តាហ៍ មុននឹងកិច្ចប្រជុំផ្សេងទៀតត្រូវបានធ្វើឡើង៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៣ ធ្នូ ព្រឹក Posted: 22 Dec 2011 08:37 PM PST កូរ៉េខាងជើង៖ បានប្រកាសពីការចាប់ផ្តើមយុគ្គរបស់លោកគីម យុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍។ គីម យុងអ៊ុនត្រូវបានគេប្រកាសថាជា «អ្នកកាន់តំណែងបន្ត» នៅក្នុងដំណើរការបដិវត្តិរបស់ប្រទេសជាតិ «និងជាមេដឹកនាំរបស់ប្រជារាស្រ្តកូរ៉េខាងជើង»។ អ៊ីរ៉ាក់៖ មន្រ្តីអ៊ីរ៉ាក់និយាយថាកាលពីថ្ងៃព្រហស្បតិ៍មានការផ្ទុះគ្រាប់បែកជាងដប់លើក បានកើតឡើងនៅក្នុងរដ្ឋធានីបាកដាដ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៦៣នាក់ និងធ្វើឲ្យរបួសជាង១៨០នាក់ រឿងនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានដកថយចេញពីប្រទេសនេះ។ ប៉ាគីស្ថាន៖ ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា ការសម្របសម្រួលគ្នាមិនគ្រប់គ្រាន់រវាងកងកម្លាំងប៉ាគីស្ថាននិងកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ដែលនាំឲ្យទាហានប៉ាគីស្ថានចំនួន២៤នាក់ត្រូវបានសម្លាប់ ដោយច្រឡំនៅក្នុងការវាយប្រហារមួយកាលពីខែមុននៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។ រុស្សី៖ ប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី មេតវីដេវបានស្នើឲ្យមានកំណែទម្រង់នយោបាយដោយបន្ថយតម្រូវការសម្រាប់ចុះឈ្មោះរបស់គណបក្សនយោបាយ និងបេក្ខជនប្រធានាធិបតី បន្ទាប់ពីមានបាតុកម្មកាលពីពេលថ្មីៗនេះប្រឆាំងនឹងការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោត។ នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ាកំពុងខំព្យាយាមការពារការលេចប្រេងពីអណ្តូងប្រេងមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ដាច់ស្ហែលដ៏អាក្រក់បំផុតមួយតាមឆ្នេរសមុទ្រក្នុងពេលមួយទសវត្សរ៍កន្លងទៅនេះ មិនឲ្យអណ្តែតមកដល់ឆ្នេរខ្សាច់ភាគខាងត្បូងនៃប្រទេសនៅ អាហ្រ្វិកខាងលិច។ សហរដ្ឋអាមេរិក៖ លោកមីត ម៉ាក់ខលកូននីល មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យសភាតំណាងរាស្រ្តសរអាអនុម័តការបន្តការកាត់ពន្ធប្រាក់ចំណូលក្នុងរយៈពេលពីរខែទៀត ដែលព្រឹទ្ធសភាបានអនុម័តកាលពីសប្តាហ៍មុន។ សហរដ្ឋអាមេរិក៖ ទីផ្សារការងារនៅអាមេរិកមានភាពប្រសើរឡើងបន្តិច កាលពីសប្តាហ៍មុន នៅពេលដែលមនុស្សដាក់ពាក្យសុំជំនួយសម្រាប់ការឥតការងារធ្វើបានចុះថយដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅនេះ គឺបានចុះថយចំនួន ៤០០០នាក់ មកនៅត្រឹម៣សែន៦ម៉ឺន៤ពាន់នាក់សរុបទូទាំងប្រទេស។ គេរំពឹងថាភាពប្រសើរនៃទីផ្សារការងារអាចបង្កើនតម្រូវការអតិថិជន ដែលជាកត្តាជួយរុញច្រានសេដ្ឋកិច្ចអាមេរិកចំនួន៧០%។ ស៊ីរី៖ ក្រុមទីមួយរបស់អ្នកសង្កេតការណ៍នៃសហគមន៍អារ៉ាប់បានទៅដល់ស៊ីរីហើយ ពេលដែលចំនួនមនុស្សស្លាប់កាន់តែច្រើនឡើងពីការបង្រ្កាបមួយលើការបះបោររបស់ក្រុមអ្នកប្រឆាំង។ ក្រុមអ្នកតាមដាននឹងចាំឃ្លាំមើលថាតើស៊ីរីនឹងធ្វើតាមសេចក្តីសន្យាមួយដែលថាខ្លួននឹងឈប់ធ្វើការវាយប្រហារទៅលើក្រុមបាតុករអ្នកប្រឆាំងនឹងរដ្ឋាភិបាលនោះឬដូចម្តេច? <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |