VOA News: ព័ត៌មាន: “កម្ពុជានិងថៃនឹងដកទ័ពចេញពីព្រំដែនមានជម្លោះ” plus 3 more |
- កម្ពុជានិងថៃនឹងដកទ័ពចេញពីព្រំដែនមានជម្លោះ
- ព័ត៌មានអន្តរជាតិវីអូអេ ២១ ធ្នូ យប់
- រដ្ឋសភាអនុម័តច្បាប់គ្រប់គ្រងជីនិងថ្នាំកសិកម្ម
- ភាពមិនច្បាស់លាស់សម្រាប់អនាគតកូរ៉េខាងជើងកើនឡើងក្រោយពីមរណភាពមេដឹកនាំ
កម្ពុជានិងថៃនឹងដកទ័ពចេញពីព្រំដែនមានជម្លោះ Posted: 21 Dec 2011 11:12 AM PST កម្ពុជា និងថៃនៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នាថានឹងដកកងទ័ពចេញពីតំបន់មានជម្លោះនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក្នុងពេលឆាប់ៗនេះបន្ទាប់ពីជម្លោះព្រំដែនដែលបានអូសបន្លាយជាងបីឆ្នាំ។ នៅក្នុងកិច្ចប្រជុំលើកទី៨នៃគណៈកម្មាធិការព្រំដែនទូទៅ ដែលហៅកាត់ថាGBC ប្រទេសទាំងពីរបានព្រមព្រៀងគ្នាចំនួន១២ចំណុចដែលនៅក្នុងនោះក៏បានឯកភាពដាក់អ្នកសង្កតការណ៍ចម្រុះជាតិសាសន៍ដែលរួមមានឥណ្ឌូនេស៊ី កម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីជាកិច្ចប្រជុំ GBC បានព្រមព្រៀងគ្នាយ៉ាងណាក៏ដោយ ក៏ថៃនៅតែប្រកាន់ជំហរថា ភាគីខ្លួននឹងរងចាំការយល់ព្រមពីរដ្ឋសភា និងរដ្ឋាភិបាលថៃជាមុនសិនមុននឹងសម្រេចកិច្ចព្រមព្រៀងណាមួយរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់នៅក្នុងអង្គសិន្និសីទព័ត៌មាននៅប៉ុន្មាននាទីមុននេះថា ប្រទេសទាំងពីរមិនទាន់បានកំណត់ថាតើនឹងយកពេលវេលាសមស្របជាក់លាក់ណាមួយ ដើម្បីធ្វើការកែសម្រួលកងទ័ពនៃប្រទេសទាំងពីរទេ ក៏ប៉ុន្តែនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ «ពាក្យថាការសម្រួលបុគ្គលិកយោធាទាំងស្រុង នឹងស្របពេលជាមួយគ្នានឹងទីតាំងដែលគ្មានទ័ពបណ្តោះអាសន្ននោះហើយគឺជាការកែសម្រួលកម្លាំងទ័ពហើយ។ សូមបញ្ជាក់ថា ការដកទ័ព ដកអីហ្នឹងគឺវាឋិតនៅក្នុងចំណុចដែលខ្ញុំបានជម្រាបជូនអម្បាញមិញហើយ»។ កិច្ចប្រជុំ GBC ត្រូវបានរៀបចំឡើងនៅក្នុងសណ្ឋាគារមួយនៃទីក្រុងភ្នំពេញ រយៈពេលមួយថ្ងៃ ហើយដែលជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ។ លោក យុទ្ធសិក្កិ សាស៊ីប្រាផា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានហៅលទ្ធផលនៃកិច្ចប្រជុំនេះថាប្រកបដោយវិជ្ជមានក៏ប៉ុន្តែថៃរងចាំការអនុម័តពីរដ្ឋសភា និងរដ្ឋាភិបាលរបស់ខ្លួនសិន។ លោកបាននិយាយតាមរយៈអ្នកបកប្រែភាសាថា៖ «ដូច្នេះយើងត្រូវមានការចាប់លំដាប់នៃអ្នកសង្កេតការណ៍នៅក្នុងការកែតម្រូវ កែសម្រួលកងទ័ពកម្លាំង។ យើងត្រូវអនុវត្តតាមច្បាប់នៃប្រទេសថៃ ព្រោះយើងមានកិច្ចព្រមព្រៀងហើយ។ ចូលដល់គណៈរដ្ឋមន្ត្រី និងសភា ហើយមានការឯកភាពអនុម័ត។ ដូច្នេះច្បាប់នេះ សម្រេចពេលណាដែលភាគីទាំងពីរ គណៈកម្មាធិការទាំងពីរឯកភាព មានការជម្រាបដល់ការអនុម័ត នៅក្នុងខែខាងមុខតទៅ»។ កម្ពុជា និងថៃបានបន្តដាក់កងទ័ពរបស់ខ្លួននៅតាមបណ្តោយក្រវ៉ាត់ព្រំដែនជាង៨០០គីឡូម៉ែត កាលពីឆ្នាំ២០០៨ រហូតដល់ភាគីទាំងពីរបានធ្វើការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធអស់រយៈពេលជាច្រើនលើក ដែលបណ្តាលឲ្យកងទ័ពទាំងសងខាងស្លាប់ និងរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានៃកិច្ចប្រជុំGBCនេះ កម្ពុជា និងថៃបានបញ្ជាក់ជំហរសាជាថ្មីថា នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អ និងកិច្ចសហប្រត្តិការណ៍នៃប្រទេសទាំងពីរឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២១ ធ្នូ យប់ Posted: 21 Dec 2011 08:54 AM PST ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងទ័ពរបស់រដ្ឋាភិបាលបានសម្លាប់ជនស៊ីវីលជាង១០០នាក់ហើយនិងយុទ្ធជនរត់ចោលជួររាប់សឹបនាក់ផ្សេងទៀតនៅថ្ងៃអង្គារកន្លងទៅនេះ ដែលជាថ្ងៃដែលមានមនុស្សបាត់បង់ជីវិតដ៏ច្រើនបំផុតមួយចាប់តាំងពីមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមិនាមក។ កូរ៉េខាងជើង៖ នៅថ្ងៃពុធនេះប្រទេសកូរ៉េខាងជើងហាក់ដូចជាជាមានភាពស្ងប់ស្ងាត់បន្ដិច ខណ:ដែលប្រទេសនេះបានកាន់ទុក្ខមរណភាពរបស់លោក គីម ជុងអ៊ីល (Kim Jong II) ហើយបន្តផ្ទេរតំណែងថ្នាក់មេដឹកនាំទៅឲ្យកូនប្រុសរបស់លោកគឺលោក គឹម ជុងអ៊ុន (Kim Jong Un)។ បណ្ដាញផ្សព្វផ្សាយព័តមានរដ្ឋនៃប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា មានមនុស្សរាប់លាននាក់ទៅធ្វើគារវកិច្ចនៅមុខរូបបដិមានិងរូបថតនានាលោក«អតីតមេដឹកនាំជាទីស្រឡាញ់»របស់ពួកគេ។ ស៊ីរី៖ អង្គការ Amnesty International បានធ្វើការតវ៉ានៅតាមបណ្តោយផ្លូវពីអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យក្រុមប្រឹក្សាសន្ដិសុខនៃអ.ស.ប ចាត់វិធានការដ៏ជាក់លាក់មួយប្រឆាំងនឹងប្រទេសស៊ីរីចំពោះអ្វីដែលខ្លួនហៅថា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ អេហ្ស៊ីប៖ ក្រុមអ្នកបោះឆ្នោតនៅក្នុងខេត្ដប្រាំបួននៃប្រទេសអេហ្ស៊ីប បានចាប់ផ្ដើមទៅបោះឆ្នោត សារជាថ្មីនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលមានដំណាក់កាលច្រើន ដែលប្រព្រឹត្ដឡើងក្រោយពីមានការពើបប្រយុទ្ធគ្នាយ៉ាងរង្គាលជាច្រើនថ្ងៃកន្លងមករវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្ដិសុខនៅក្នុងរដ្ឋធានីមក។ អ៊ីរ៉ាក់៖ លោកនូរី អាល់ ម៉ាលីគី (Nouri al-Maliki) នាយករដ្ឋមន្ដ្រីនៃប្រទេសអ៊ីរ៉ាក់ បានអំពាវនាវសុំឲ្យអាជ្ញាធរនៃជនជាតិឃឺត ប្រគល់លោកអនុប្រធានាធិបតី តារិក អាល់ ហាហ្សេមី (Tariq al-Hashemi) ដែលត្រូវបានគេតាមចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់មន្ដ្រីជាច្រើនរូបផ្សេងៗទៀត។ <!--AV--> This posting includes an audio/video/photo media file: Download Now |
រដ្ឋសភាអនុម័តច្បាប់គ្រប់គ្រងជីនិងថ្នាំកសិកម្ម Posted: 21 Dec 2011 06:04 AM PST ទោះបីតំណាងរាស្ត្រគណបក្សប្រឆាំងសម រង្ស៊ីមិនបានចូលរួមក៏ដោយ ក៏នៅថ្ងៃពុធនេះ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មនិងការប្រើប្រាស់ថ្នាំ និងជីកសិកម្មដែរ។ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះ មាន១១៩មាត្រាដែលអនុញ្ញាតរដ្ឋាភិបាលគ្រប់គ្រងការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល និងការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ឲ្យបានប្រសើរដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំ និងជីកសិកម្ម។ លោក ច័ន្ទ សារ៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងប្រាប់សម័យប្រជុំសភាថា ការអនុម័តច្បាប់នេះគឺជាការឆ្លើយតបជាប្រវត្តិសាស្ត្រចំពោះការទន្ទឹងរង់ចាំយ៉ាងយូររបស់ប្រជាជាតិ និងសហគមន៍អន្តរជាតិ។ លោក ច័ន្ទ សារ៉ុន បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីផលប្រយោជន៍លើកស្ទួយសន្តិសុខ និងសុវត្ថិភាពស្បៀង ព្រមទាំងសុខភាពសាធារណៈនិងការរក្សានិរន្តរភាពនៃបរិស្ថាន។ លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសម័យប្រជុំសភាយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋកម្ពុជាតែងតែមានការព្រួយបារម្ភអំពីចំណីអាហារដែលមានជាតិពុល ហើយសង្ឃឹមថាច្បាប់នេះ នៅពេលចូលជាធរមាននឹងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ»។ លោក ច័ន្ទ សារ៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ថែមថា លោកទទួលយកអនុសាសន៍ទាំងអស់របស់តំណាងរាស្ត្រទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ «យោបល់ដ៏មានសារៈសំខាន់ដែលស្តែងចេញពីវាគ្មិននៃអង្គប្រជុំសភាទាំងមូល ពិតជាបានបន្ថែមនូវគុណភាព និងសុក្រឹត្យភាពដល់អត្ថបទច្បាប់ស្តីពីការគ្រប់គ្រងថ្នាំ និងជីកសិកម្មឲ្យកាន់តែល្អប្រពៃ សម្រាប់ជាឧបករណ៍ដ៏មានប្រសិទ្ធិភាព និងភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងថ្នាំ និងជីកសិកម្ម ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ ថានៅតែមានអំពើល្មើសច្បាប់នៅក្នុងប្រព័ន្ធចែកចាយសម្ភារៈកសិកម្មបច្ចុប្បន្ន ដោយសម្ភារៈកសិកម្មមួយចំនួននៅតែត្រូវបាននាំចូលពីប្រទេសជិតខាង និងចរាចរណ៍លើទីផ្សារដោយគ្មានការធានាគុណភាព ជាពិសេសស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ភាគច្រើនជាភាសាបរទេសដែលកសិករមិនអាចយល់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ២០១០ កម្ពុជាបានអនុញ្ញាត ឲ្យនាំចូលជីកសិកម្មប្រមាណ១៧០.០០០តោនក្នុងមួយឆ្នាំ និងថ្នាំកសិកម្មប្រមាណ៦០០តោនក្នុងមួយឆ្នាំ។ ដោយឡែកក្នុងឆមាសទី១ ឆ្នាំ២០១១នេះ កម្ពុជាត្រូវការនាំចូលជីកសិកម្ម១៥១.០០០តោន និងថ្នាំកសិកម្ម១.៧០០តោន។ ផ្អែកតាមសក្តានុពលនៃផលិតកម្មកសិកម្មចំពោះមុខ តម្រូវការជីកសិកម្មអាចកើនឡើងដល់២៥០.០០០តោន ទៅ៣០០.០០០តោនក្នុងមួយឆ្នាំ។ លោក យ៉ង់ សាំងកុមា ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានថ្លែងថា ច្បាប់នេះជាច្បាប់ល្អសម្រាប់ជៀសវាងការជួញដូរ ការលក់ ការប្រើប្រាស់ថ្នាំពុលខុសច្បាប់ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ។ «មានច្បាប់នេះ យើងសង្ឃឹមថា កុំឲ្យថ្នាំពុលខុសច្បាប់ ជាពិសេសថ្នាំដែលគ្រោះថ្នាក់ខ្លាំងត្រូវបានប្រើប្រាស់ និងជួយបញ្ឈប់លែងឲ្យមានការជួញដូរជីគីមីដែលក្លែងក្លាយ។ វាជាការល្អណាស់ដែលយើងមានច្បាប់នេះ ហើយអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពល្អ»។ លោក ប្រាជ្ញ ប៊ុនធឿន អនុប្រធានសមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថាខ្លឹមសារនៃច្បាប់នេះគឺល្អ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លាចការអនុវត្តច្បាប់នេះមិនបានពេញលេញ។ «ច្បាប់នេះអនុម័តហើយ។ ការគោរពច្បាប់នេះមិនបាន ហើយការអនុវត្តអត់បានដល់គោលដៅ។ បើការអនុវត្តបានដល់គោលដៅមែន សេដ្ឋបរិស្ថានរបស់យើងនឹងរីកចម្រើនឡើងវិញ។ យើងធ្វើឲ្យប្រព័ន្ធជីវៈចម្រុះរបស់យើងកើតឡើងវិញ»។ This posting includes an audio/video/photo media file: Download Now |
ភាពមិនច្បាស់លាស់សម្រាប់អនាគតកូរ៉េខាងជើងកើនឡើងក្រោយពីមរណភាពមេដឹកនាំ Posted: 21 Dec 2011 06:57 AM PST ការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម យ៉ុងអ៊ីលបាននាំឱ្យមានសំណួរយ៉ាងច្រើនចំពោះការវិវត្តន៍របស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធប្រល័យលោក ជាពិសេសលើបញ្ហាសន្តិសុខ ស្ថិរភាព និងអនាគតរបស់ប្រទេសកុម្មុយនិស្តមួយនេះ។ ការផ្តោតការយកចិត្តទុកដាក់ទាំងឡាយក្នុងពិភពលោកគឺសំឡឹងមើលទៅលើបញ្ហាថាតើ កូរ៉េខាងជើងមានបញ្ហាវិបត្តិនយោបាយ មានការបះបោរដណ្តើមអំណាចផ្ទៃក្នុងទេ សន្តិសុខក្នុងតំបន់និងពិភពលោកមានការប៉ះទង្គិចយ៉ាងណា? អ្នកណាជាអ្នកដឹកនាំថ្មី? ពលរដ្ឋអាចទទួលយកអ្នកដឹកនាំថ្មីបានទេ? លោក បណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានថ្លែងថា៖ «ពេលអន្តរកាលគឺថាអាចមានការលំបាក។ ម្យ៉ាងទៀតអ្នកក្រៅក៏ដូចជា មិនទាន់ដឹងថាតើអ្នកបន្ត(អំណាច)ហើយនឹងគោលនយោបាយយ៉ាងម៉េចក្នុងពេល អន្តរកាលហ្នឹង»។ អតីតមេដឹកនាំកូរ៉េខាងជើងលោកគីម យ៉ុងអ៊ីលពេលនៅរស់ ធ្លាប់ប្រកាសតែងតាំងកូនប្រុសរបស់លោកម្នាក់គឺ លោក គីម ជុងអ៊ុន (Kim Jong Un) ជាអ្នក ស្នងតំណែងរបស់លោក។ សមដូចប្រាថ្នាមែនសេចក្តីរាយការណ៍នានាបាន និយាយឲ្យដឹងថាកូរ៉េខាងជើងបានប្រកាសឲ្យដឹងថាកូនប្រុសរបស់លោកគីមជាអ្នកស្នងតំណែងដ៏មហិមារ នៅក្រោយពេលដែលមានការជូនដំណឹងកាលពីថ្ងៃច័ន្ទអំពីការស្លាប់របស់លោក គីម យ៉ុងអ៊ីលដោយសារជំងឺគាំងបេះដូង។ <!--IMAGE-RIGHT--> លោកបណ្ឌិត ឡៅ ម៉ុងហៃបានថ្លែងថាបញ្ហាស្ថិតនៅលើការសម្រេចចិត្តរបស់ គណបក្សកុម្មុយនិស្តកូរ៉េក្នុងការបើកទូលាយផ្នែកទំនាក់ទំនងការទូតនិង ពាណិជ្ជកម្មអន្តរជាតិ ស្របតាមសេដ្ឋកិច្ចទីផ្សារដូចប្រទេសកុម្មុយនិស្ត វៀតណាម និងចិន ឬ តើចង់មានការផ្លាស់ប្តូរយ៉ាងម៉េច? ក្រៅពីបញ្ជាក់ពីស្ថាន ភាពលំបាកលោក ម៉ុងហៃបានសម្តែងការសង្ស័យអំពីការទទួលស្គាល់របស់ គណបក្សកុម្មុយនិស្តកូរ៉េខាងជើងចំពោះកូនឬចៅដូចជាអ្នកដឹកនាំជំនាន់មុន ដែលពួកគេចាត់ទុកថាជាវីរៈបុរសរបស់ប្រទេស។ លោក បន្ថែមថា៖ «ឬមួយក៏ក្នុងស្ថានភាពអញ្ចឹងគឺមានក្រុមខ្លះគេរើបម្រាស់ដែរម្ល៉ោះហើយក៏វាទៅជាសង្រ្គាមក្នុងស្រុកអញ្ចឹងទៅ តស៊ូប្រឆាំងឬមួយក៏បាក់បែកគ្នាឬ មួយក៏ឈ្នះ ទៅក៏គ្រប់គ្រងដោយបែបផែនផ្សេងទៅ»។ អតីតមេដឹកនាំកូរ៉េខាងជើងបានកាន់កាប់អំណាចតាំងពីឆ្នាំ១៩៩៤ បន្តពីឪពុករបស់លោកគឺសពលោកគីម អ៊ីលស៊ុងដែលជាមិត្តភ័ក្រស្និទ្ធស្នាលរបស់ ព្រះមហាវរៈក្សត្រសម្តេចឪព្រះនរោត្តម សីហនុ។ ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសមហាអំណាចចិនកុម្មុយនិស្តដែរ។ កូរ៉េខាងជើង កំពុងមានជម្លោះប្រដាប់អាវុធជាមួយកូរ៉េខាងត្បូង បានសាកល្បងកាំជ្រួចបាញ់ចម្ងាយជិតរបស់ខ្លួនមុនពេលដែលប្រកាសអំពីការស្លាប់របស់មេដឹកនាំខ្លួន។ តែគ្មានព័ត៌មានថាការបាញ់កាំជ្រួចនោះទាក់ទងនឹងការស្លាប់របស់លោក គីម យ៉ុងអ៊ីលទេ។ បណ្តាញព័ត៌មានកូរ៉េខាងជើងរាយការណ៍ថា ការស្លាប់របស់លោកគីម ជាការបាត់បង់ដ៏ធំសម្រាប់ប្រទេសកូរ៉េខាងជើង។ <!--IMAGE-LEFT--> លោកបណ្ឌិត ឈាង វណ្ណារិទ្ធិនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពចាត់ទុកថាការស្លាប់របស់លោក គីម ជុងអ៊ីលនាំឲ្យមានភាពស្រពិចស្រពិល។ «ភាពស្រពិចស្រពិលបានន័យថាយើងពុំទាន់ដឹងប្រាកដថាតើសម្រាប់អនាគតកូរ៉េខាងជើងថាតើអ្នកណាជាអ្នកមានអំណាចពិតប្រាកដនៅក្នុងនយោបាយនៅ កូរ៉េខាងជើងក៏ដូចជានយោបាយក្រៅប្រទេសដែរ។ យើងឃើញថា កូនរបស់គាត់ត្រូវបានគាត់លើកបន្តុបឡើងជំនួសគាត់។ ប៉ុន្តែដឹងថាតើមេទ័ពផ្សេងៗ អ្នកនយោបាយ ឥស្សរជនផ្សេងៗ តើគេមានគោលគំនិតអ្វី? តើគេនៅតែបន្តគាំទ្រកូនរបស់គាត់ឬក៏យ៉ាងម៉េច?ពីព្រោះនៅក្នុងនយោបាយក្នុងប្រទេស ក៏ដូចជាអន្តរជាតិវាតែងតែមានការប្រកួតប្រជែងដណ្តើមអំណាចគ្នា»។ លោក វណ្ណារិទ្ធបានអះអាងថា៖ ការប្រកួតប្រជែងអំណាចប្រសិនបើកើតមាន ឡើងវាអាចមានអស្ថិរភាពនយោបាយក្នុងប្រទេសនិងក្នុងតំបន់។ «ដូច្នេះការប្រកួតប្រជែងអំណាចហ្នឹងវាអាចឈានទៅរកអស្ថិរភាពនយោបាយនៅក្នុងប្រទេស។ នៅពេលដែលមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស កូរ៉េខាងជើងដូច្នេះលទ្ធភាពនៃការប្រើប្រាស់អាវុធណាមួយដើម្បីគំរាមកំហែង ដល់ប្រទេសជិតខាងអាចនឹងកើតឡើង។ នេះជាបញ្ហាមួយដែលគេចាប់អារម្មណ៍ ដែរបាទ»។ លោក វណ្ណារិទ្ធិបានអះអាងដែរថានេះជាឱកាសដែលប្រជាពលរដ្ឋកូរ៉េខាងជើង ដែលធ្លាប់ចាត់ទុកមេដឹកនាំរបស់ខ្លួនជាព្រះអង្គម្ចាស់ ឬព្រះអាទិទេពនោះអាច ផ្លាស់ប្តូរពេលមេដឹកនាំរបស់ខ្លួនបានស្លាប់បាត់បង់។ កូរ៉េខាងជើងជាប្រទេសឯកកោជាប់ទណ្ឌកម្មជាអន្តរជាតិដោយសារមហិច្ឆតាអាវុធប្រល័យលោក និងការកៀបសង្កត់ពលរដ្ឋផ្នែកសិទ្ធិសេរីភាព។ លោក នីក ហ្សាន់ (Nick Zahn) អ្នកស្រាវជ្រាវម្នាក់នៃអង្គការ Heritage Foundation របស់សរអាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថាមានក្តីបារម្ភច្រើនទាក់ទងនឹងអស្ថិរភាពក្នុងតំបន់និងវិបត្តិផ្ទៃក្នុងកូរ៉េខាងជើងដែលបណ្តាលពីការចាត់វិធានការបែបច្រឡោតណាមួយរបស់លោកគីមជុងអ៊ុនលើមេដឹកនាំ ឬឥស្សរជនសំខាន់ៗរបស់ប្រទេសដើម្បីពង្រឹងអំណាចរបស់ខ្លួន។ លោក Nick Zahnបានអះអាងដែរថារឿងការបើកចំហរផ្នែកទំនាក់ទំនងការទូតឬក៏ការចរចា៦ភាគីដែលនាំមុខដោយសរអាទាក់ទងនឹងរឿងដកហូតអាវុធប្រល័យលោកក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែរ។ «ជារឿងមិនច្បាស់លាស់ទេពេលនេះតើសកម្មភាពយ៉ាងណាដែលសរអា នឹងចាត់វិធានការចំពោះបញ្ហាកូរ៉េខាងជើងទាក់ទងនឹងការផ្លាស់ប្តូរនេះ។ បញ្ហាការទូតហាក់ដូចជានឹងត្រូវមានភាពថមថយជាថ្មីទៀតក្នុងពេលដែលគីម ជុង អ៊ុនពង្រឹងអំណាច»។ លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានថ្លែងថាពេលជនផ្តាច់ការស្លាប់តែងតែមានការប្រជែងអំណាច។ ក្នុងស្ថានភាពកូរ៉េខាងជើង អ្នកខ្លះអាចប្រើសន្លឹកបៀជាតិនិយមដោយដើរដង្ហែរក្បួនដោយកម្លាំងទ័ពនិងប្រជាជន។ ហើយលោក គីម ជុងអ៊ុនអាចគ្រវីដាវរបស់គាត់ប្រឆាំងនឹងកូរ៉េខាងត្បូង និងជប៉ុន ហើយនឹងប្រទេសផ្សេងទៀតដែលលោកសាស្ត្រចារ្យ Ciorciari ចាត់ទុកថាជារឿងអាចមាន «មហន្តរាយដ៏ខ្លាំងក្លា»។ «បញ្ហានានាអាចធ្លាក់ក្នុងស្ថានភាពអាក្រក់មុនពេលល្អប្រសើរ សម្រាប់ពលរដ្ឋកូរ៉េខាងជើង ដែលមានសំណាងមិនល្អ តែយ៉ាងហោចណាស់ការស្លាប់របស់លោកគីម យ៉ុងអ៊ីលជាលទ្ធភាពសម្រាប់ការផ្លាស់ប្តូរវិជ្ជមាន។ ប្រទេសខាងក្រៅគួរសំឡឹងមើលការបើកចំហរដ៏តូចណាមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមអ្នកកែទម្រង់ហើយផ្តល់កំឡាំងដល់ពួកគេ»។ <!--IMAGE-RIGHT--> លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា (Barack Obama) បានសម្តែងក្តីបារម្ភចំពោះបញ្ហាកូរ៉េខាងជើង ដោយបានប្រកាសឲ្យដឹងពីការឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់ក្រៅពីមានសេចក្តីបញ្ជាក់ពីការទាក់ទងជាប្រចាំរវាងសរអាជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលម៉ិញដែរថាសរអានៅតែប្តេជ្ញាថែរក្សារស្ថិរភាពនៅឈូងសមុទ្រកូរ៉េនិងសេរីភាពហើយនឹងសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួនផងដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |