VOA News: ព័ត៌មាន: “ប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញចំពោះការកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម” plus 8 more |
- ប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញចំពោះការកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម
- សមាជិកសភាបក្សប្រឆាំងបីនាក់លាលែងជាការតវ៉ាហើយនាំឱ្យមានការចោទសួរពីរដ្ឋនុញ្ញភាពនៃរដ្ឋសភា
- គ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងគ្រោងទៅព្យាបាលពលរដ្ឋខ្មែរលើកទីពីរ
- ពលរដ្ឋខ្មែរអាមេរិកាំង៖ ការគ្រប់គ្រងប្រទេសដោយបុគ្គលម្នាក់ជាគ្រោះមហន្តរាយមួយ
- ដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នាមុនសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចាប់ផ្តើម
- សវនាការពេញអង្គកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហមចាប់ផ្តើម
- ប្រតិកម្មរបស់ប្រជាពលរដ្ឋជុំវិញការកាត់ទោសមេដឹកនាំខ្មែរក្រហម
- ព័ត៌មានអន្តរជាតិ៖ ២១ វិច្ឆិកា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យឯកសារគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
ប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញចំពោះការកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម Posted: 21 Nov 2011 01:55 PM PST ប្រជាពលរដ្ឋខ្មែរនៅក្នុងទីក្រុងភ្នំពេញបានស្វាគមន៍ចំពោះការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំពោះការបង្កើតគោលនយោបាយកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិតពីរលាននាក់នៅចុងទសវត្សរ៍១៩៧០។ អតីតមេដឹកនាំខ្មែរក្រហមរួមមាននួន ជា អាយុ៨៥ឆ្នាំ អតីតប្រធានមនោគមន៍វិជ្ជានយោបាយ ខៀវ សំផន អាយុ៨០ឆ្នាំអតីតប្រធានរដ្ឋ និងអៀង សារី អាយុ៨៦ឆ្នាំ អតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានចោទប្រកាន់អំពីពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ជនត្រូវចោទទាំងនេះត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០០៧។ របបខ្មែរក្រហមបានធ្វើឲ្យស្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិតពីរលាននាក់ ដោយការបង្អត់ចំណីអាហារ ការបង្ខំឱ្យធ្វើការធ្ងន់ហួសកម្លាំង ការប្រហារជីវិតដោយគ្មានការជំនុំជម្រះ និងជំងឺគ្មានថ្នាំព្យាបាលរវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ លោក សាយ ប៊ុនធឿន អាយុ៤៥ឆ្នាំ ជាតន្ត្រីករ ដែលឪពុកម្តាយ និងប្អូនប្រុសរបស់លោកត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម បានញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រចំពោះការចាប់ផ្តើមកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដើម្បីលាតត្រដាងអំពីហេតុផលពិតប្រាកដ នៃការកាប់សម្លាប់។ «ខ្ញុំសូមឱ្យតុលាការកាត់ទោសឱ្យដាក់ទោសគាត់ឱ្យសមទោសដែលគាត់បានប្រព្រឹត្តនៅក្នុងជំនាន់អំឡុងបីឆ្នាំ និង៨ខែ។ ខ្ញុំសប្បាយរីករាយណាស់ដែលបានតុលាការរកយុត្តិធម៌ឱ្យជនរងគ្រោះដែលគាត់បានស្លាប់បាត់បង់ប្រពន្ធកូន ឪពុកម្តាយ និងញាត្តិមិត្តសន្តាន។ ខ្ញុំ សប្បាយរីករាយដោយបានតុលាការកាត់ទោសគាត់ដើម្បីរកយុត្តិធម៌ឱ្យអ្នករងគ្រោះ»។ លោក ឃុន សារិទ្ធ អាយុ៥៣ឆ្នាំ អ្នករត់ម៉ូតូកងបីដែលឪពុករបស់លោកត្រូវបានសម្លាប់នៅក្នុងរបបប៉ុល ពត បានថ្លែងថា លោកចង់ឱ្យ តុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ទាំងនេះមួយជីវិត និងផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ។ «ខ្ញុំរីករាយសប្បាយចិត្តណាស់ដែលតុលាការបានកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបីនាក់នៅថ្ងៃនេះ។ ការកាត់ទោសនេះ ពិសេសណាស់នៅថ្ងៃនេះ។ វាសំខាន់គឺកាត់ទោសមេដឹកនាំផ្តាច់ការទាំងបីនាក់នេះតែម្តង គឺខៀវ សំផន នួន ជា និងអៀង សារី»។ លោក ឱម ខួង អាយុ៨១ឆ្នាំ នៅក្នុងខណ្ឌចំការមន ដែលមានសាច់ញាត្តិ២២នាក់ ត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហម បាននិយាយថា តុលាការត្រូវកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបីនាក់ឱ្យធ្ងន់ធ្ងរបំផុត ហើយអតីតមេដឹកនាំជាន់ខ្ពស់ទាំងនេះត្រូវតែឆ្លើយការពិតអំពីការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរនេះ។ «សព្វថ្ងៃនេះ ខ្ញុំសប្បាយណាស់ឃើញតុលាការធ្វើឱ្យយុត្តិធម៌ត្រឹមត្រូវ។ មេធំៗឆ្លើយប្រាប់សារឱ្យអស់មកអំពីរឿងដែលកាប់សម្លាប់ ហ្នឹងមកពីមូលហេតុអ្វីបានជាអ្នកធំៗហ្នឹង បានជាកាប់សម្លាប់ជីវិតមនុស្សស្រស់ៗយ៉ាងអញ្ចឹង។ ខ្ញុំប្តេជ្ញាហើយថា ខ្ញុំមិនបន្ធូរបន្ថយទេ ឱ្យដាក់គុកមេៗមួយជីវិតតែម្តង កុំឱ្យកើតមានអំពើប្រល័យពូជសាសន៍តទៅមុខទៀត»។ លោក ហួង បូ អាយុ៧៧ឆ្នាំ នៅក្នុងខណ្ឌចំការមន បានបញ្ជាក់ថា ពួកអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបានបង្កើតគោលនយោបាយ កាប់សម្លាប់ប្រជាពលរដ្ឋអស់ជិតពីរលាននាក់កាលពី៣២ឆ្នាំមុន ប៉ុន្តែនៅថ្ងៃនេះ ពួកអតីតមេដឹកនាំទាំងនោះត្រូវប្រឈមនឹងការផ្តន្ទា ទោសចំពោះអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពី៣២ឆ្នាំមុន។ លោក ហួង បូ សង្ឃឹមថាតុលាការខ្មែរក្រហមអាចនឹងផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអ្នកបង្កើតគោលនយោបាយកាប់សម្លាប់ជាតិសាសន៍ខ្មែរនេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 21 Nov 2011 01:28 PM PST សមាជិកសភាមកពីគណបក្សសម រង្ស៊ី ចំនួនបីនាក់បានសម្រេចលាលែងចេញពីសភាជាតិនៅថ្ងៃច័ន្ទនេះដោយសារមូលហេតុរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហារឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋនិងការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ការលាលែងនេះធ្វើឱ្យចំនួនសមាជិកសភាដែលបាត់បង់សមាជិកភាពរបស់ខ្លួនឡើងដល់បួននាក់ហើយដែលជាការណ៍មួយគណបក្សប្រឆាំងយល់ថារដ្ឋសភានាពេលបច្ចុប្បន្នលែងមានលក្ខណៈពេញលេញតាមរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យមានសមាជិកយ៉ាងតិច១២០នាក់នៃសមាជិកសរុប១២៣នាក់។ តទៅនេះសូមលោកអ្នកស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេ សំឡេងសហរដ្ឋអាមេរិកជាមួយនឹងលោកស្រី កែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សសម រង្ស៊ី និងជាសមាជិកសភាប្រចាំមណ្ឌលខេត្តសៀមរាបដែលបានលាលែងចេញពីតំណែង។ <!--AV-->
This posting includes an audio/video/photo media file: Download Now |
គ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងគ្រោងទៅព្យាបាលពលរដ្ឋខ្មែរលើកទីពីរ Posted: 21 Nov 2011 12:59 PM PST សមាគមសុខាភិបាលខ្មែរនៅអាមេរិកនឹងនាំយកក្រុមគ្រួពេទ្យស្ម័គ្រចិត្តទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃនៅដើមឆ្នាំ២០១២ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត ចាន់ ដេនញ៉ែល ដែលនឹងធ្វើដំណើរទៅប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖ «ខ្ញុំមកពីស្រុកខ្មែរខ្ញុំឃើញនិងរស់នៅស្រុកខ្មែរមកដល់នេះយើងបាននៅស្រួលមាន ទ្រព្យសម្បត្តិមានលុយតែបើយើងមិនបែរទៅស្រុកខ្មែរវិញហ្នឹងដូចជាយើងបិទភ្នែកណាស់។ ខ្ញុំចង់ជួយដោយសារគេត្រូវការគេខ្វះខាតដូចជាខ្ញុំធ្លាប់ខ្វះខាតម្ភៃសាមសិបឆ្នាំមុននៅសម័យប៉ុលពតដូច្នេះខ្ញុំចង់ដោយសារចិត្តចង់ជួយ»។ លោក ចាន់ ដេនញ៉ែលមានជំនាញខាងជំងឺទូទៅសម្រាប់មនុស្សចាស់និងកូនក្មេង។ សមាគមសុខាភិបាលខ្មែរដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាកំពុងរៀបចំបេសកកម្មរបស់ខ្លួននេះជាលើកទី២ហើយដើម្បីទៅពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយមិនយកកម្រៃ។ ការពិនិត្យព្យាបាលនេះនឹងធ្វើឡើងពីថ្ងៃទី៣០ខែមករា រហូតដល់ថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១២ នៅខេត្តកោះកុង។ កាលពីបេសកកម្មលើកទី១គឺពីដើមឆ្នាំ២០១១សមាគមសុខាភិបាលខ្មែរនៅអាមេរិករួមជាមួយ នឹងអ្នកស្ម័គ្រចិត្ត ៥០នាក់ ដែលមានគ្រូពេទ្យចំនួន១០រូប ទន្តពេទ្យ៤រូបជំនួយការគ្រូពេទ្យគិលានុបដ្ឋាយិការសិស្សនិស្សិតពេទ្យជាច្រើនទៀតបានធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីធ្វើការពិនិត្យជំងឺជូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញនិងខ្លះមកពីខេត្តផ្សេងៗទៀតជាង៥.០០០នាក់ដោយឥតគិតថ្លៃ។ ការព្យាបាលលើកនោះធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកតាន់សុងជាប្រធានសមាគមបានបញ្ជាក់បន្ថែមប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖ «បេសកកម្មទៅថ្ងៃមុខមានវេជ្ជបណ្ឌិតកាន់តែច្រើនអ្នកស្ម័គ្រចិត្តកាន់តែច្រើនហើយតទៅមុខក៏ដូចគ្នាដែរតែប្រហែលថែមខាងវះកាត់និងខាងភ្នែកខាងធ្មេញ។ប្រទេសយើងមានសេចក្តីត្រូវការខ្លាំងណាស់ខាងធ្មេញម្នាក់ៗអត់មានលុយទៅពេទ្យខ្លះអត់មានអនាម័យដូច្នេះគ្នាវេទនា»។ លោកង៉ា វិសាលជាគ្រូពេទ្យស្ម័គ្រចិត្តនិងធ្លាប់បានអញ្ជើញទៅជាមួយសមាគមកាលពីបេសកកម្មលើកទីមួយ បានប្រាប់ឱ្យដឹងពីបទពិសោធន៍របស់គាត់យ៉ាងដូច្នេះថា៖ «កាលទៅពីមុនដំបូងម្ង៉ៃយើងគិតថាមើលតែ៥០០នាក់ទេតែដល់ពេលទៅដល់ហ្នឹងទៅមនុស្សមកច្រើនម្ង៉ៃយើងមើលឡើងជាង១០០០នាក់»។ លោកក៏បានបញ្ជាក់បន្ថែមពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖ «មនុស្សមានឈឺច្រើនអាយុម្ភៃសាមសិបហាសិបតែមិនដែលទៅមើលគ្រូពេទ្យម្តងទេ។ សំខាន់ជាងគេដូចឈឺក្រពះឈឺខ្នងឈឺជើងនិងជំងឺធ្មេញក៏ពិបាកដែរ។ហើយមិត្តភ័ក្តខ្ញុំដុកទ័រតូនីជាដែលជាពេទ្យធ្មេញម្ង៉ៃដកធ្មេញជិត១០០»។ សមាគមក៏បានធ្វើការសហការជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជននៅស្រុកខ្មែរក៏ដូចជាគ្រូពេទ្យជំនាញហើយក៏ផ្តល់ឱកាសដល់វេជ្ជបណ្ឌិតគ្រូពេទ្យនិងសិស្សនិស្សិតពេទ្យទាំងនៅស្រុកខ្មែរនិងអាមេរិក ធ្វើការជាមួយគ្នានិងផ្លាស់ប្តូរបទពិសោធន៍។ បើទោះបីជាក្រុមគ្រូពេទ្យទាំងនេះដាក់ទីតាំងនៅខេត្តកោះកុងប៉ុន្តែអ្នកដែលមកពីខេត្តផ្សេងៗក៏អាចមកទទួលសេវាពិនិត្យនិងព្យាបាលបានដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតតាន់ សុង៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋខ្មែរអាមេរិកាំង៖ ការគ្រប់គ្រងប្រទេសដោយបុគ្គលម្នាក់ជាគ្រោះមហន្តរាយមួយ Posted: 21 Nov 2011 01:05 PM PST ក្រុមអ្នកជំនាញសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិបានជួបជុំគ្នានៅឯសាកលវិទ្យាល័យប៊ឺកលី រដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យមើលលទ្ធផលម្ភៃឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មានប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនដែលរស់នៅតំបន់ជិតៗនោះបានមកចូលរួមដោយចង់ដឹងថាតើសហគមន៍អន្តរជាតិនឹងជួយប្រទេសកម្ពុជាបានយ៉ាងណាខ្លះទៀតបន្ទាប់ពីរយៈពេល២០ឆ្នាំដែលពួកគេយល់ថានៅមិនទាន់សម្រេចតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ពួកគេព្រួយបារម្ភថាការគ្រប់គ្រងប្រទេសដោយបុគ្គលតែម្នាក់ដែលមានអំណាចហួសហេតុអាចជាគ្រោះថ្នាក់ដល់ប្រទេសជាតិ។ តទៅនេះសូមលោកស្តាប់កិច្ចសន្ទនារវាងលោក ម៉ែន គឹមសេង និងលោកសុខ ខេមរាដែលបានទៅ ចូលរួមក្នុងកម្មវិធីនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នាមុនសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចាប់ផ្តើម Posted: 21 Nov 2011 11:23 AM PST សាលាក្តីប្រល័យពូជសាសន៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានចាប់ផ្តើមដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់របស់ពួកមេខ្មែរក្រហមក្នុងសំណុំរឿង០០២ ដែលប្រជាពលរដ្ឋកម្ពុជា ទន្ទឹងរងចាំអស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ សំណុំរឿង០០២មានមេដឹកនាំខ្មែរក្រហមចំនួនបួនរូបគឺលោកនួន ជា អតីតប្រធានសភា លោកខៀវ សំផន អតីតប្រមុខរដ្ឋ លោកអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ ក្នុងចំណោមមេដឹកនាំទាំងបួនរូប តុលាការបានសម្រេចយកជនជាប់ចោទតែបីរូបតែប៉ុណ្ណោះ គឺលោកនួន ជា ខៀវ សំផន និងអៀង សារី។ ចំណែកអ្នកស្រីអៀង ធីរិទ្ធ មិនមានសុខភាពល្អគ្រប់គ្រាន់នឹងចូលរួមសវនាការទេ។ រយៈពេលមួយថ្ងៃមុនពេលដំណើរការកាត់ទោស មេដឹកនាំខ្មែរក្រហមជាប្រវត្តិសាស្ត្រនេះក្រុមជនរងគ្រោះខ្មែរក្រហម និងជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២បានធ្វើពិធីជួបជុំគ្នាមួយនៅវាលពិឃាដបឹងជើងឯកដើម្បីប្រារព្ធពិធីរលឹកខួបដល់ជនរងគ្រោះដែលបានស្លាប់ជីវិតនៅក្នុងរបបខ្មែរក្រហម។ ក្រុមអ្នកចូលរួមមានជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ដែលបានរស់រានមានជីវិតពីមន្ទីឃុំឃាំងគុកទួលស្លែង និងជនរងគ្រោះដែលបានរស់នៅក្រៅប្រទេសព្រមទាំងមន្ត្រីនៃអង្គការសង្គមស៊ីវិល និងមន្ត្រីការទូតប្រមាណជាង២០០នាក់។ លោក ជុំ ម៉ី អាយុ៨០ឆ្នាំ អ្នករស់រានមានជីវិតមួយរូប ពីមន្ទីរឃុំឃាំងគុកទួលស្លែង ឬស២១ បាននិយាយថា សាលាក្តីខ្មែរក្រហមគួរតែរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ លោកបានមានប្រសាសន៍ថា លោកវ៉ាន់ណាត អតីតអ្នករស់រានមានជីវិត មួយរូបពីមន្ទីរឃុំឃាំង ឬគុកទួលស្លែងបានស្លាប់បាត់បង់ជីវិតដែលមិនទទួលបានយុត្តិធម៌។ ដូច្នេះ តុលាការគួរតែពន្លឿនការកាត់ទោសរបស់ខ្លួន កុំឲ្យដូចសំណុំរឿង០០១។ «សុំឲ្យតុលាការហ្នឹងគាត់ពិចារណាឡើងវិញ។ កុំឲ្យដូច០០១។ ០០២ហ្នឹង កុំឲ្យដូច០០១។ អញ្ចឹង យើងខ្លាចសាក្សីបាត់បង់ជីវិត ហើយឥតមានពន្លឺយុត្តិធម៌ហ្នឹង»។ សំណុំរឿង០០១ មានជនជាប់ចោទតែមួយនាក់ប៉ុណ្ណោះ លោកកាំងហ្គិគាវ ហៅឌុច អតីតមេគុកទួលស្លែង។ តុលាការបានប្រើពេលវេលាចំនួន៧៧ថ្ងៃ សម្រាប់ដំណើរការកាត់ទោស០០១ ហើយនៅខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ សាលាក្តីគ្រោងនឹងប្រកាសសាលដីកាស្ថាពរ ចំពោះសំណុំរឿង០០១។ លោកស្រី នៅ សារឹម អតីតបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា មកពីសហរដ្ឋអាមេរិក ដែលជាអ្នកដើមបណ្តឹងរដ្ឋប្បវេណីមួយរូប មានប្រសាសន៍ថា អ្នកស្រីមិនរំពឹងថានឹងទទួលបានយុត្តិធម៌ពេញលេញទេ ក៏ប៉ុន្តែការដាក់ដើមបណ្តឹងជារដ្ឋប្បវេណីនេះគឺដើម្បីឲ្យអារម្មណ៍អ្នកស្រី បានស្ងប់ចិត្ត។ «ចា៎! យុត្តិធម៌ហ្នឹងគឺយើងរងចាំយូរមកហើយ គឺថាឥឡូវនេះយើងសង្ឃឹមថាដូចជាមិនបានយុត្តិធម៌ អីប៉ុន្មានទេ។ ប៉ុន្តែឲ្យអ្នកដែលប្រព្រឹត្តិនូវអំពើបាបហ្នឹងលើមនុស្សនោះ ដឹងថាខ្លួនឯងប្រព្រឹត្តិអំពើបាប និងមិនអាចជៀសបានទេ ព្រោះថាខ្មែរក្រហមគាត់ប្រព្រឹត្តិអំពើបាបដើម្បីទទួលឃើញលទ្ធផលរងកម្មនែការប្រព្រឹត្តិរបស់គាត់ហ្នឹង។ ចា៎!"។ លោក ធន់ សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា សាលាក្តីខ្មែរក្រហម តែងតែជួបឧបសគ្គរបស់ខ្លួនកន្លងមក ក៏ប៉ុន្តែលោកសង្ឃឹមថាសាលាក្តីនេះ នឹងអាចរកយុត្តិធម៌បានដល់ជនរងគ្រោះ បើទោះបីជាជួបឧបសគ្គមួយចំនួនក៏ដោយ។ «ឧបសគ្គនៅពេលបច្ចុប្បន្ន ក៏ដូចជាឧបសគ្គដែលកើតមាននៅពេលខាងមុខនេះ ក៏នឹងអាចកើតមានទៀត អញ្ចឹងថា នឹងអាចដោះស្រាយបានទៀត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យសវនាការនេះ បានទៅដល់ចប់ចុងជាប់ដើម ដើម្បីផ្តល់នូវសេចក្តីយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់»។ លោក ហ៊ុយ វណ្ណៈ មន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា ដើម្បីផលប្រយោជន៍ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ចៅក្រមបានបំបែបសំណុំរឿងនេះទៅជាតូចៗ ហើយលោកសង្ឃឹមថា ពេលវេលានៃការកាត់ទោសនេះ នឹងអាចដំណើរការទៅយ៉ាងលឿន ដើម្បីឆ្លើយតបទៅនឹងការរងចាំរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម។ «អ្វីដែលយើងកំណត់ថា យុត្តិធម៌ គឺការអនុវត្តនៅតាមច្បាប់ ហើយនឹងការអនុវត្តទៅតាមពេលវេលា ស្មើភាព ហើយដូច្នេះហើយប្រធានចៅក្រមនៃតុលាការសាលាដំបូង លោកបានរៀបចំកាលវិភាគ ក៏ដូចជាផ្តល់ឲ្យការស្មើរគ្នា។ នៅពេលដែលយើងកំណត់រួចរាល់ គឺកំណត់ទៅលើនីតិវិធីគឺថាអនុលោមទៅតាមវិធានផ្ទែក្នុងក៏ដូចជាច្បាប់»។ This posting includes an audio/video/photo media file: Download Now |
សវនាការពេញអង្គកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហមចាប់ផ្តើម Posted: 21 Nov 2011 08:35 AM PST នៅថ្ងៃច័ន្ទនេះ សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានធ្វើការចោទប្រកាន់ អតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនបីនាក់ថា ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា។ ការចោទប្រកាន់ដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍បើកការកាត់ទោសពេញអង្គសេចក្តីនៃសំណុំរឿង០០២ នៅចំពោះជនជាប់ចោទអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ និងនួន ជា អតីតប្រធានសភាប្រជាជនខ្មែរក្រហម។ ក្នុងការកាត់ទោសដែលគ្រោងប្រព្រឹត្តទៅនៅក្នុងរយៈពេលបួនថ្ងៃនៅសប្តាហ៍នេះ លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានថ្លែងរៀបរាប់អំពីការជម្លៀសប្រជាជនកម្ពុជា ចេញពីកន្លែងដែលពួកគេរស់នៅដោយបង្ខំ។ ពួកខ្មែរក្រហមបានធ្វើទុកបុកម្នេញជនជាតិចាម និងជនជាតិវៀតណាមក្នុងបំណងបំបាត់ពូជសាសន៍ពួកគេ។ ការចាប់បង្ខំឲ្យរៀបការ ការដាក់ឃុំឃាំង ការកាប់សម្លាប់ និងការបង្អត់អាហារ។ លោកស្រី ជា លាង បានលើកពីបទចោទប្រកាន់ថា ពួកអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ ត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ហើយមានភ័ស្តុតាងបញ្ជាក់ថា ពួកគេជាអ្នកទទួលខុសត្រូវចំពោះបទចោទទាំងនេះ។ «បទឧក្រិដ្ឋមកលើប្រជាជនកម្ពុជាគឺជាផ្នែកមួយនៃការវាយប្រហារមួយទូទៅ និងជាប្រព័ន្ធមកលើប្រជាជនកម្ពុជាទាំងអស់ និងដាក់ប្រជាជនទាំងអស់ឲ្យទៅជាទាសករ នៅក្នុងសហករណ៍ និងការដ្ឋាន។ មន្ទីរសនិ្តសុខជាង២០០កន្លែងបានដំណើរការ និងមនុស្សរាប់រយនាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ទទួលរងការធ្វើទារុណកម្ម និងសម្លាប់។ ចំនួនមនុស្សដោយសារការវាយប្រហារនេះ ត្រូវបានគេប៉ាន់ប្រមាណ មានប្រហែលពីចន្លោះ១លាន៧សែន ទៅ២លាន២សែននាក់។ ដោយសារតែមូលហេតុនេះ ពួកគេត្រូវតែទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទឧក្រិដ្ឋនីមួយៗ»។ សវនាការនៅថ្ងៃនេះគឺគ្រាន់តែជាសវនាការស្តាប់សេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញារតែប៉ុណ្ណោះ។ លោក អាន់ឌ្រូខាលី (Andrew Cayley) សហព្រះរាជអាជ្ញារបរទេសបានលើកឡើងថា មេដឹកនាំខ្មែរក្រហមទាំងបីជាអ្នកគូសវាសខ្សែរសង្វាក់ឧក្រិដ្ឋកម្ម។ «ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តនួន ជា អៀង សារី និងខៀវ សំផន បង្កើតនិងប្រព្រឹត្តនយោបាយឧក្រិដ្ឋកម្មដែលដាក់ប្រជាជាតិទាំងមូលជាទាសករ បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់អស់ជិត២លាននាក់ និងធ្វើឲ្យប្រជាជនកម្ពុជាដែលនៅសេសសល់ទទួលរងនូវលក្ខខណ្ខ នៃមនុស្សជាតិយ៉ាងអាក្រក់បំផុត»។ លោក ឡុង បញ្ញាវុធ មន្រ្តីនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជា ដែលជាផ្នែកមួយនៃអង្គការOSJI របស់សហដ្ឋអាមេរិកបាននិយាយថា សហព្រះរាជអាជ្ញារបានផ្តល់សេចក្តីថ្លែងការណ៍យ៉ាងរឹងមាំ សម្រាប់បើកការកាត់ទោស។ ដោយឡែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការកាត់ទោសនៅថ្ងៃនេះ គឺជាការចាប់ផ្តើមដ៏ល្អសម្រាប់យុត្តិធម៌ដែលជនរួមជាតិកម្ពុជាកំពុងតែរងចាំ៕ This posting includes an audio/video/photo media file: Download Now |
ប្រតិកម្មរបស់ប្រជាពលរដ្ឋជុំវិញការកាត់ទោសមេដឹកនាំខ្មែរក្រហម Posted: 21 Nov 2011 08:25 AM PST អតីតជនរងគ្រោះនៃរបបខ្មែរក្រហមគ្រប់រូបផ្តល់ប្រតិកម្មស្រដៀងគ្នាថា ត្រូវមានការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតដល់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្សប្រហែល១ភាគ៤នៃប្រជាពលរដ្ឋកម្ពុជាសរុប។ អ្នកស្រី វ៉ា លឹមផាន់ អាយុ៥៥ឆ្នាំមកពីភូមិគោកគ្រាម ឃុំសុរិយាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានស្រែកទ្រហោយំ នៅពេលអ្នកស្រីជា លាង សហព្រះរាជអាជ្ញាខាងភាគីកម្ពុជា បានអានរឿងរ៉ាវអំពីដំណើរការសាលាក្តីខ្មែរក្រហមមុននឹងឈានដល់សវនាការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សាលាក្តីប្រល័យពូជសាសន៍ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរកាត់ទោសមេដឹកនាំខ្មែរក្រហមនៅថ្ងៃដំបូង ទៅលើសំណុំរឿង០០២។ សំណុំរឿង០០២ មានជនជាប់ចោទចំនួនបួនរូប ក៏ប៉ុន្តែអ្នកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អវត្តមានដោយសារតែអ្នកស្រីមិនមានសុខភាពល្អគ្រប់គ្រាន់។ ដូច្នេះ មានតែជនជាប់ចោទតែបីរូបប៉ុណ្ណោះ គឺលោកនួន ជា អតីតប្រធានរដ្ឋសភា លោកខៀវ សំផន អតីតប្រមុខរដ្ឋ និងលោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសបានមកបង្ហាញមុខនៅថ្ងៃអង្គសវនាការដំបូងនេះ។ អ្នកស្រី វ៉ា លឹមផាន់ ដោយទប់ទឹកភ្នែកមិនបាន អ្នកស្រីបានដើរចេញពីបន្ទប់សវនាការ មកយំនៅបន្ទប់ខាងក្រោយតុលាការវិញ នៃសាលាក្តីខ្មែរក្រហម នៅពេលដែលអ្នកស្រីបាននឹកឃើញ ដល់របបគ្រប់គ្រងដោយពួកខ្មែរក្រហម។ «គេយកបងខ្ញុំសម្លាប់ចោលអស់ ហើយគេយកពួកខ្ញុំ នៅឆ្នាំ៧៥ហ្នឹង យកទៅចង ដែលគេច្រានចេញពីរណ្តៅមក សល់តែខ្ញុំម្នាក់ហ្នឹង»។ អ្នកស្រីបាននិយាយទៀតថា អ្នកស្រីបានបាត់បង់សមាជិកគ្រួសារ អស់ចំនួនប្រាំគ្រួសារ គឺស្មើនឹងចំនួន៤៨នាក់ ដោយសារតែពួកខ្មែរក្រហម បានសម្លាប់។ ទាំងអ្នកស្រី វ៉ា លឹមផាន់ ក៏ដូចប្រជាពលរដ្ឋដទៃទៀតដែរ ដែលរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រាថ្នាចង់ឃើញមេដឹកនាំខ្មែរក្រហមទទួលទោសយ៉ាងធ្ងន់ធ្ងរដើម្បីឲ្យសមនឹងទោសដែលខ្លួនបានប្រព្រឹត្តិកន្លងមក។ អ្នកស្រី ខឹម វ៉ាធី អាយុ៥២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បាននិយាយថា អ្នកស្រីបានទន្ទឹងរង់ចាំថ្ងៃនេះ ជាយូរមកហើយក្នុងការរកយុត្តិធម៌ដល់បងប្អូន ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ អ្នកស្រីបាននិយាយថា តុលាការគួរតែដាក់ទោសពួកដឹកនាំខ្មែរក្រហមឲ្យទទួលទោសអស់មួយជីវិត។ «សឹងថាបើនៅក្បែរ វ៉ៃតែម្តង។ ដោះស្បែកជើងដាក់តែម្តងពីព្រោះអាពួកហ្នឹង វាធ្វើឲ្យពួកយើងមានវាសនាបែកបាក់ក្រុមគ្រួសារដូចរាល់ថ្ងៃហ្នឹង។ គឺអាពួកហ្នឹងហើយលើភពផែនដីនេះ ឥតមានអ្នកណាសាហាវដូចពួកវា សូម្បីតែហ៊ីត្លែ គេឥតសម្លាប់ប្រជាជនគេដែរ»។ ផ្ទុយនឹងការលើកឡើងរបស់ជនរងគ្រោះ មន្ត្រីជាន់ខ្ពស់របស់អតីតមេដឹកនាំខ្មែរក្រហមមួយរូប ដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានជំទាស់នឹងដំណើរការកាត់ទោសរបស់សាលាក្តីខ្មែរក្រហម។ លោក ភី ភូទ អាយុ៦៤ឆ្នាំ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលលោកជាអតីតអ្នកនាំសាររបស់លោកអៀង សារីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាននិយាយថា លោកមិនចង់ឲ្យសាលាក្តីខ្មែរក្រហមកាត់ទោសមេដឹកនាំខ្មែរក្រហមទេ។ លោកបានមានប្រសាសន៍ថា នៅពេលដែលលោកបានឃើញលោកអៀង សារី លោកមានការឆ្អែតចិត្តដោយមិននឹកស្មានថា តុលាការ បាននាំលោកអៀង សារី យកមកកាត់ទោសទេ។ «វានៅក្នុងរបបហ្នឹង។ វាអញ្ចឹងទោសហើយមិនដឹងជាថាម៉េចទេ? ខ្ញុំមិនគាំទ្រទេ។ ខ្ញុំយល់ឃើញថា ពិភពលោក គ្មានអីយុត្តិធម៌ទេ។ នៅក្បែរខ្ញុំ ក៏គ្មានអីយុត្តិធម៌ទេ»។ លោក តូច សុផាន់ អាយុ៦៥ឆ្នាំ មកពីស្រុកក្រវ៉ាញខេត្តពោធិសាត់ បានមានប្រសាសន៍ថា លោកចង់ឲ្យមេដឹកនាំខ្មែរក្រហមទាំងអស់ទទួលទោសទៅតាមផ្លូវច្បាប់។ «វាយូរណាស់មកហើយ។ យើងវាអាចលុបបំបាត់ខ្លះ។ អានេះ វាយូរមកហើយ ឲ្យគេធ្វើទៅតាមផ្លូវច្បាប់ទៅ»។ លោក ហ៊ុយ វណ្ណៈ មន្ត្រីទំនាក់ទំនងកិច្ចការសារធារណៈរបស់សាលាក្តីខ្មែរក្រហម បាននិយាយថា គោលបំណងរបស់សាលាក្តីខ្មែរក្រហមគឺដើម្បីផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយលោកសង្ឃឹមថា ដំណើរការតាមផ្លូវច្បាប់ជានីតិវិធីតែមួយគាត់ដើម្បីឲ្យកម្ពុជាអាចបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ខ្លួនបាន។ «ដូច្នេះនីតិវិធី ជាបន្តប្រសិនបើភាគីតំណាងឲ្យជនរងគ្រោះ តំណាងឲ្យជនជាប់ចោទមិនពេញចិត្តគឺការប្តឹងឧទ្ធរណ៍នឹងធ្វើឡើង ហើយយើងមានតុលាការមួយថ្នាក់ទៀតដើម្បីកំណត់។ ដូច្នេះហើយដើម្បីកំណត់នឹងបង្កើតប្រសិទ្ធ និងគុណភាពនៅក្នុងការផ្តល់យុត្តិធម៌ និងស្វែងរកយុត្តិធម៌»។ ពួកមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម ដែលត្រូវបាននាំយកមកកាត់ទោសនៅថ្ងៃនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ២១ វិច្ឆិកា Posted: 20 Nov 2011 08:22 PM PST ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ពួករាជអាជ្ញានៅក្នុងការកាត់ក្តីគាំទ្រដោយអ.ស.ប.នៃមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់ក្នុងប្រទេសកម្ពុជាបានចោទប្រកាន់បុរសទាំងនេះថា ជាមេគំនិតបង្កើតការរន្ធត់ដ៏អាក្រក់បំផុតមួយក្នុងសតវត្សរ៍ទី២០។ នៅក្នុងសេចក្តីថ្លែងការណ៍បើកការកាត់ក្តីនៅថ្ងៃច័ន្ទនេះរាជអាជ្ញា ជា លាង បាននិយាយថា ខៀវសំផន ប្រមុខរដ្ឋខ្មែរក្រហម នួន ជា មេមនោគមវិជ្ជា និងអៀង សារី រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម បានសម្របសម្រួលការបដិវត្តន៍«ទីវាលមរណៈ» ប្រកបដោយការបង្ហូរឈាមដែលបានសម្លាប់មួយភាគបួននៃប្រជារាស្ត្រខ្មែរ និងបានបំផ្លាញជីវភាពពួកអ្នកនៅរស់រាប់លាននាក់ទៀត។ អេហ្ស៊ីព៖ ក្រសួងសុខាភិបាលនៃប្រទេសអេហ្ស៊ីបនិយាយថា មនុស្ស២០នាក់បានស្លាប់ហើយជាង១ពាន់៧រយនាក់ទៀតបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាបីថ្ងៃរវាងពួកប៉ូលីសនិងពួកបាតុករនៅពេលដែលកងកម្លាំងសន្តិសុខបន្តប្រយុទ្ធជាមួយពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅក្នុងការធ្វើបាតុកម្មនៅទូទាំងប្រទេស។ លីប៊ី៖ កងជីវពលលីប៊ីមួយក្រុមដែលបានចាប់កូនប្រុសរបស់ខ្មោចអ្នកកាន់អំណាចផ្តាច់ការលីប៊ីដែលបានរត់ភៀសខ្លួននិយាយថា ពួកគេនឹងបន្តឃុំឃាំង Seif al-Islam នៅក្នុងក្រុង Zintan នាប៉ែកខាងលិចប្រទេសរហូតដល់មានការរៀបចំការកាត់ក្តីគាត់។ សរអា៖ ពួកប៉ូលីសនៅក្នុងបូរី New York បានចាប់ខ្លួនបុរសម្នាក់ដែលពួកគេនិយាយថា បានគ្រោងធ្វើការវាយប្រហារមន្ទីរប្រៃសណីយ៍ ទ្បានប៉ូលីសនិងពួកទាហានដែលវិលត្រទ្បប់មកពីបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសអាហ្វហ្កានិស្ថាន។ ប៉ាគិស្ថាន៖ ពួកអ្នកសម្របសម្រួលប៉ាគិស្ថាននិងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃពួកតាលីបានប៉ាគិស្ថាន បាននិយាយថា រដ្ឋាភិបាលបានធ្វើការចរចាសន្តិភាពដំបូងជាមួយពួកជនសកម្មប្រយុទ្ធនេះ។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អេស៉្បាញ ៖ ពលរដ្ឋអេស៉្បាញបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតសភាដែលបានត្រូវគ្របដណ្តប់ដោយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេស ហើយគេរំពឹងថាពួកអភិរក្សនិយមដែលជាក្រុមប្រឆាំងនឹងឈ្នះឆ្នោតទ្បើងមកកាន់អំណាចនៅក្រោយរយៈពេលជិត៨ឆ្នាំនៃការគ្រប់គ្រងប្រទេសដោយពួកសង្គមនិយម។ អាស៊ី ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាបានវិលត្រទ្បប់មកកាន់ប្រទេសអាមេរិកវិញកាលពីថ្ងៃអាទិត្យក្រោយពីបានបំពេញទស្សនកិច្ច៩ថ្ងៃក្នុងប្រទេសនានានៃភូមិភាគអាស៊ីប៉ាស៊ីហ្វិកដែលបានត្រូវគូសបញ្ជាក់ដោយជំនួបមួយទល់នឹងមួយជាមួយលោកនាយករដ្ឋមន្ត្រីចិន វិន ជាបាវ។ ប៉ាគីស្ថាន ៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិកបានវិលត្រទ្បប់ទៅកាន់ក្រុងអ៊ីស្លាម៉ាបាដវិញកាលពីថ្ងៃអាទិត្យដើម្បីពន្យល់អំពីអនុស្សរណៈចម្រូងចម្រាស់មួយដែលបានអំពាវនាវដល់អាមេរិកជួយទប់ទល់នឹងក្រុមយោធាដែលមានអំណាចខ្លាំងរបស់ប្រទេស។ ស៊ីរី ៖ ពួកសកម្មជនស៊ីរីនិយាយថាគ្រាប់ Rockets ធុន B-40 មួយចំនួនបានត្រូវបាញ់ចំអាគារនៃគណបក្ស Baath ដែលជាគណបក្សគ្រប់គ្រងប្រទេសនៅក្នុងក្រុងដាម៉ាស់កាលពីថ្ងៃអាទិត្យ មិនយូរប៉ុន្មានមុនសម្ព័ន្ធអារ៉ាប់បានច្រានចោលការកែប្រែដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដល់ផែនការមួយដែលអាចបញ្ចប់វិបត្តិដ៏ធ្ងន់ធ្ងរនៃប្រទេសស៊ីរី។ លីប៊ី ៖ ពួកមន្ត្រីលីប៊ីនិយាយថាអតីតប្រធាននៃផ្នែកស៊ើបការសម្ងាត់របស់ Moammar Gadhafi បានត្រូវចាប់ខ្លួនហើយ មួយថ្ងៃក្រោយពីកងម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នចាប់បាន Seif al-Islam Gadhafi ដែលជាកូនរបស់ខ្មោចអ្នកកាន់អំណាចផ្តាច់ការលីប៊ីឈ្មោះ Moammar Gadhafi ដែលគេរកចាប់ខ្លួន។ This posting includes an audio/video/photo media file: Download Now |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យឯកសារគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា Posted: 21 Nov 2011 10:50 AM PST មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គជប បានឲ្យដឹងនៅថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះថា ខ្លួនកំពុងតែពិនិត្យឯកសាររបស់គណបក្សប្រឆាំងសម្រាប់ចូលរួមបោះឆ្នោតព្រឹទ្ធសភាខាងមុននេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគជប បានឯកភាពទាំងស្រុង។ តាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣១ខែតុលា រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ។ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា មានគណបក្សនយោបាយតែពីរប៉ុណ្ណោះ ដែលបានចុះបញ្ជីបោះឆ្នោតសមាជិកព្រឹទ្ធសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្សី។ ចំណែកឯគណបក្សហ្វុនស៊ិនប៊ិច គណបក្សនរោត្តមរណឬទ្ធិ និងគណបក្សសិទ្ធិមនុស្សមិនបានចុះបញ្ជីទេ។ លោកបានបញ្ជាក់ថា គជបត្រូវការពេលវេលាចំនួនប្រាំពីរថ្ងៃដើម្បីពិនិត្យឯកសាររបស់គណបក្សសម រង្សី ហើយបើមានអ្វីប្រែប្រូលយើងនឹងបញ្ជូនឯកសារទៅឲ្យគណបក្សសម រង្សី ដោយទុករយៈពេលឲ្យប្រាំថ្ងៃទៀត សម្រាប់ធ្វើការកែតម្រូវ។ «ព្រោះរយៈពេលពិនិត្យលើបញ្ជីនេះ ត្រឹមប្រាំពីរថ្ងៃ ហើយពិនិត្យលើឯកសារនេះ បើត្រឹមត្រូវឬអត់ ព្រោះវាទាក់ទងទៅនឹងបេក្ខជនច្រើនជាង១០០បេក្ខជន។ យើងពិនិត្យតាមឯកសារនេះ បានត្រឹមត្រូវឬអត់បាទ ហើយយើងនឹងកំណត់រយៈពេលគ្រប់ប្រាំពីរថ្ងៃដើម្បីកំណត់ យ៉ាងណាក្នុងការខ្វះខាតតាមធម្មតាយើងអនុញ្ញាតឲ្យគាត់កែក្នុងរយៈពេលប្រាំថ្ងៃទៀត»។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធិសភា នីតិកាលទី៣នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដើម្បីជ្រើសរើសសមាជិកសភាសរុបចំនួន៦១រូប។ អ្នកមានសិទ្ធិចូលរួមការបោះឆ្នោតសមាជិកសភារួមមានអ្នកតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ គណបក្សប្រជាជនកម្ពុជាមានសមាជិកសភាតំណាងរាស្ត្រចំនួន៩០នាក់ សមាជិកឃុំសង្កាត់ចំនួន៧.៩៩៣នាក់។ ចំណែកឯគណបក្សសម រង្សី មានសមាជិកសភាតំណាងរាស្ត្រចំនួន២៦រូប សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២.៦៦០នាក់ គណបក្សហ្វុនស៊ិនប៊ិច ចំនួន២៧៤នាក់ គណបក្សនរោត្តមរណឬទ្ធិ ចំនួន៤២៥នាក់ គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យចំនួនម្នាក់។ សរុបសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន១១.៣៥៣នាក់។ លោក គួយ ប៊ុនរឿន សមាជិកតំណាងរាស្ត្រខាងគណបក្សសម រង្សី និងជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការបោះឆ្នោតបាននិយាយថា បេក្ខជនដែលបានបញ្ជូនទៅចូលរួមការបោះឆ្នោតសមាជិកព្រឹទ្ធិសភារួមមានអ្នកតំណាងរាស្ត្រចំនួនប្រាំរូប និងមួយចំនួនទៀត អ្នកដែលមានសក្តានុពលក្នុងការជួយជ្រោមជ្រែងដល់គណបក្សសម រង្សី។ គណបក្សសម រង្សី នឹងរំពឹងថា នឹងទទួលបាន១១អសនៈនៅក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភាខាងមុខនេះ។ «យើងត្រូវផ្តល់តម្លៃ ដើម្បីឲ្យគាត់ឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដើម្បីឲ្យបន្តការងារជួយដឹកនាំប្រទេសជាតិ និងគណបក្សឲ្យបានការរីកចម្រើន នាពេលខាងមុខ»។ បេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភារួមទាំងបេក្ខជនបម្រុង និងបេក្ខជនពេញសិទ្ធមានចំនួន១៤នាក់មកពីគណបក្សនយោបាយនីមួយៗ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូប ដែលស្នើរសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បេក្ខជនសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះជាសមាជិកព្រឹទ្ធសភាភាគច្រើនគឺជាមន្ត្រីវ័យចំណាស់ដែលត្រូវបានជ្រើសចេញពីសមាជិករដ្ឋសភា។ មានសមាជិកព្រឹទ្ធសភាតែ៥៧រូបប៉ុណ្ណោះដែលត្រូវបានជ្រើសចេញពីការបោះឆ្នោត។ ចំណែកឯនៅសេសសល់ចំនួនបួនរូបផ្សេង ទៀតគឺពីររូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតចេញពីការបោះឆ្នោតរដ្ឋសភា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |