|
- ខៀវ សំផនថាខ្លួនគ្មានអំណាចពិត ហើយសុំឱ្យកោះហៅអតីតព្រះមហាក្សត្រចូលតុលាការ
- វៀតណាមបដិសេធថាខ្លួនជាអ្នកដើមចមកាប់សម្លាប់ពលរដ្ឋខ្មែរ
- សហគមន៍រងគ្រោះបញ្ហាដីធ្លីទាមទារកម្មសិទ្ធិស្របច្បាប់
- ក្រែមលាបឱ្យស្បែកសបង្កគ្រោះថ្នាក់ដល់ជីវិតជាងគុណប្រយោជន៍
- អ.ស.ប៖ ការកាត់ទោសមេខ្មែរក្រហមជាសារសម្រាប់ពិភពលោក
- ព័ត៌មានអន្តរជាតិ៖ ២៣ វិច្ឆិកា
ខៀវ សំផនថាខ្លួនគ្មានអំណាចពិត ហើយសុំឱ្យកោះហៅអតីតព្រះមហាក្សត្រចូលតុលាការ Posted: 23 Nov 2011 01:35 PM PST អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម ខៀវ សំផន បានស្នើសុំការអភ័យទោសពីសាលាក្ដីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិដោយលើកហេតុផលថា ខ្លួនមិនមានអំណាចពិតប្រាកដ នៅពេលដែលពួកខ្មែរក្រហមកាន់កាប់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩នោះទេ។ សំណើរនេះធ្វើឡើងនៅពេលដែលអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមបើកសវនាការសំណុំរឿង០០២ ឈានដល់ថ្ងៃទីបីនៅថ្ងៃពុធនេះ។ ក្នុងសេចក្ដីថ្លែងការណ៍តបនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញាកាលពីព្រឹកម៉ិញ ខៀវ សំផន អាយុ ៨០ ឆ្នាំ បានហៅការចោទប្រកាន់មកលើខ្លួនថា ជាការចោទប្រកាន់ «ដោយស្មាន និងគ្មានភស្ដុតាង» ហើយបានសំអាងឡើងវិញថា ខ្លួនមិនបានដឹងពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងនោះទេ។ «ខ្ញុំសំណូមពរ (ដល់) អស់លោក លោកស្រី (ចៅក្រម) សូមអធ្យាស្រ័យឲ្យខ្ញុំផង។ ទោះជាអ្វីដែលខ្ញុំទើបតែនិយាយនៅពេលនេះក៏ដោយ ខ្ញុំនៅតែនិយាយថា ខ្ញុំមិនដែលបានចូលរួមសម្រេចកិច្ចការអ្វីធំដុំសោះ។ ហើយមិនបានដឹងទាល់តែសោះអំពីអ្វីដែលបានកើតមាននៅក្នុងប្រទេសយើងពីពេលនោះ។ ដោយព្រមទាំងរឿងគួរឲ្យរន្ធត់ដូចដែលអ្នកស្រីសហព្រះរាជអាជ្ញាបានលើកឡើងកាលពីថ្ងៃច័ន្ទទី២១ ខែវិច្ឆិកា»។ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារសហព្រះរាជអាជ្ញាលោកស្រីជា លាង និងលោកអេនឌ្រូ ខេយលី បានចោទប្រកាន់ទៅលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចាស់ជរា ដែលនៅរស់រានមានជីវិតចំនួនបីនាក់ថា គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាចន្លោះពី១,៧ លាន ទៅ ២,២លាននាក់ ក្នុងអំឡុងពេលដែលពួកគេកាន់កាប់អំណាច។ ក្នុងនោះការទទួលខុសត្រូវចំពោះការរំលោភបំពាន និងអំពើឃោរឃៅ រួមទាំងការបណ្ដេញចេញដោយបង្ខំ ការធ្វើទុកបុកម្នេញផ្នែកសាសនា ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការ ការបង្ខំឲ្យរៀបការនិងការបង្អត់អាហារជាដើម។ អតីតមេដឹកនាំខ្មែរក្រហមទាំងបីនាក់នោះ គឺនួន ជា អតីតប្រធានសភា អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និងខៀវ សំផន។ សហព្រះរាជអាជ្ញាទាំងពីររូបក៏បានលើកឡើងថា អតីតមេដឹកនាំខ្មែរក្រហមទាំងនេះ មានសិទ្ធិសម្រេចនិងទទួលបានសេចក្ដីរាយការណ៍នានាពីកម្មាភិបាលក្រោមបង្គាប់របស់ពួកគេ ដែលពួកគេមិនអាចប្រកែកបានឡើយ។ លោកខៀវ សំផន បានឆ្លើយតបទៅនឹងសហព្រះរាជអាជ្ញាបរទេសដោយរំលឹកផ្ទួនៗចំនួនពីរដងឲ្យមានកោះហៅអតីតព្រះមហាក្សត្រនរោត្តម សីហនុឲ្យចូលកាន់តុលាការផងដែរ។ «លោកបានលើកឡើងថា ការណ៍ដែលខ្ញុំត្រូវបានតែងតាំងជាគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យនោះ នាំឲ្យខ្ញុំស្ថិតនៅក្នុងសហឧក្រិដ្ឋកម្មរួម។ បើដូច្នេះហេតុអ្វីបានជាលោកមិនធ្វើការចោទប្រកាន់លើអតីតព្រះមហាក្សត្រនរោត្តម សីហនុ ផងទៅ? លោកសហព្រះរាជអាជ្ញា លោកហាក់ដូចជាគិតថា ខ្ញុំនិយាយយ៉ាងនេះមិនត្រឹមត្រូវទេ បើដូច្នេះហេតុអ្វីបានជាលោកមិនកោះយាងសម្ដេចឲ្យលោកយាងមកអង្គុយកៅអីចុងចោទជាមួយយើងខ្ញុំផងទៅ?» ទាំងលោកខៀវ សំផន និងសហមេធាវីសញ្ជាតិបារាំងរបស់ខ្លួនលោក ហ្ស៊ាក់ វែហ្ស៊ែស (Jaque Vergès) បានស្នើឲ្យតុលាការពិចារណា លើការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ហើយចាត់ទុកនោះគឺ «ជាការសម្លាប់រង្គាល»។ កាលពីថ្ងៃអង្គារម្សិលម៉ិញនេះនួន ជា បាននិយាយយោងដល់ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជាផងដែរ ប៉ុន្ដែបានធ្វើការចោទប្រកាន់ជាច្រើនលើប្រទេសវៀតណាម។ អតីតប្រធានសភាខ្មែរក្រហមរូបនេះ ក៏បានច្រានចោលការចោទប្រកាន់របស់ក្រុមព្រះរាជអាជ្ញាមកលើខ្លួនផងដែរ។ ដោយឡែកអៀង សារី អតីតបងធំទីបី នៃរបបខ្មែរក្រហម ដែលសម្តែងអាការៈឈឺបេះដូង នៅថ្ងៃនេះមិនបានបកស្រាយតបលើការចោទប្រកាន់នោះទេ។ ជនជាប់ចោទរូបនេះគ្រាន់តែលើកឡើងថា ការចាប់ផ្ដើមកាត់ទោសនៅពេលនេះ ធ្វើឡើងដោយមិនទាន់មានការដោះស្រាយបានរួចរាល់ពីចំណោទនៃការប្ដឹងឧទ្ធរណ៍របស់លោកពាក់ព័ន្ធនឹងការច្រានចោលប្រសិទ្ធភាព នៃការលើកលែងទោសរបស់អតីតព្រះមហាក្សត្រទៅលើរូបលោក។ អង្គជំនុំជម្រះសាលាដំបូងបានផ្អាកសវនាការពេញអង្គសេចក្ដីរយៈពេលបីថ្ងៃរបស់ខ្លួននៅថ្ងៃនេះ ដោយគ្រោងនឹងបន្ដសវនាការទៀតនៅថ្ងៃទី ៥ ខែធ្នូ។ សវនាការនោះនឹងផ្ដោតលើការជជែកដេញដោលលើភស្ដុតាង៕ This posting includes an audio/video/photo media file: Download Now |
វៀតណាមបដិសេធថាខ្លួនជាអ្នកដើមចមកាប់សម្លាប់ពលរដ្ឋខ្មែរ Posted: 23 Nov 2011 01:17 PM PST ក្នុងវ័យ៧៥ឆ្នាំអតីតបងធំទីពីរ នួន ជា និងជាប្រធានរដ្ឋសភានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានធ្វើការចោទប្រកាន់ចំៗថាគឺប្រទេសវៀតណាមដែលនាំទៅដល់ការសម្លាប់អាយុជីវិតមនុស្សអស់ជាង១,៧លាននាក់ដោយសារតែការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និងដោយសារជំងឺ។ ថ្លែងប្រាប់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ អស់រយៈពេលជាងមួយម៉ោង លោកនួន ជា បានវាយប្រហារប្រទេសវៀតណាមស្ទើរតែមិនដាច់ពាក្យ ដោយលោកបានចោទប្រកាន់ថា ប្រទេសវៀតណាម មានបំណងលេបទឹកដី ឈ្លានពាន និងបំបាត់ពូជសាសន៍កម្ពុជា។ និយាយមួយៗ តែសំឡេងច្បាស់លោកនួន ជា បាននិយាយថាកត្តាដែលប្រទេសវៀតណាម មានមហិច្ឆតាគ្រប់គ្រងត្រួតត្រាប្រទេសកម្ពុជា និងប្រទេសឡាវ ដោយសារតែវៀតណាម មានគំនិតជាតិធំ ឬហៅថាលទ្ធិជាតិនិយម ដែលលទ្ធិនេះ ត្រូវបានអនុវត្តទៅលើប្រទេសតូចៗ ប្រជាជនតិច ទន់ខ្សោយ និងមើលងាយមើលថោកប្រទេសតូចតាច។ «វៀតណាមប្រកាន់យកនូវលទ្ធិឈ្លានពាន វាតទីលេបទឹកដីបំបាត់ពូជសាសន៍។ វៀតណាមលោភលន់អំណាច និងផលប្រយោជន៍ ខាងសេដ្ឋកិច្ច ឬហៅថាផលប្រយោជន៍និយមឬអំណាចនិយម។ ចាប់តាំងជាសហព័ន្ធឥណ្ឌូចិន ដោយនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម តាមរូបភាពមិត្តភាពពិសេស និងគំនិតធ្វើរាមច្បងនៅក្នុងប្រទេសអាស៊ាន ក៏វៀតណាមនៅមានមហិច្ឆតានេះដែរ»។ ដោយបានធ្វើការរៀបរាប់យ៉ាងវែង ទាំងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នៅក្នុងឆ្នាំ១៩៥១ រហូតដល់របបខ្មែរក្រហម លោកនួន ជា ក៏បានទាញយកទឡ្ហីករណ៍ជាក់ស្តែងមួយ នៅក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីប្រទេសវៀតណាម បានបង្កើតសមាគមរបស់ខ្លួនចំនួន២៤ខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា។ លោកនួន ជា បានបញ្ជាក់ថា ការបង្កើតសមាគមនេះ មានសាខាដឹកនាំធ្វើសកម្មភាពនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមវិជ្ជា នៅតាមខេត្ត ដែលនេះគឺជាយុទ្ធវិធីពស់ថ្លាន់ រឹតកូនឈ្លូសឲ្យទន់ឆ្អឹង រួចហើយលេបតែម្តង។ «កត្តាវៀតណាមគឺជាបច្ច័យមួយសំខាន់ ដែលបង្កឲ្យមានការច្របូកច្របល់នៅក្នុងប្រទេសកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៩»។ លោក ឡេ ម៉ិញ ង៉ុក(Le Minh Ngoc) អ្នកនាំពាក្យស្ថានទូតវៀតណាម បាននិយាយថាការលើកឡើងរបស់លោកនួន ជា គឺជាការណ៍មិនពិត និងជាការមួលបង្កាច់។ លោកបានមានប្រសាសន៍ថា កងទ័ពវៀតណាម បានមករំដោះប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបខ្មែរក្រហម ហើយយើងមិនមានមហិច្ឆតាលេបទឹកដីដូចការលើកឡើងរបស់លោក នួន ជា នោះទេ។ «រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម មិនដែលគិតថាកម្ពុជា ដែលជាមិត្តល្អដូចប្រទេសជិតខាង យើងសុទ្ធតែជួយវិញ ជួយមក។ គ្មានគំនិតណាប៉ងធ្វើអំពើឃោរឃៅ ឬក៏ធ្វើអី្វបំពានទឹកដីទេ»។ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថាវៀតណាមមានការចរចា និងមានការវាយប្រហារជាមួយកងទ័ពខ្មែរក្រហម ដោយសារតែសម្ព័ន្ធមិត្តនៅក្នុងបក្សកុម្មុយនីស្តឥណ្ឌូចិន ជាមួយគ្នាដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១។ លោកបានមានប្រសាសន៍ថានេះ គឺជាយុទ្ធវិធីចាស់គំរិល ដែលយើងធ្លាប់ឮនិងធ្លាប់ឃើញរួចមកហើយ ហើយលោកនួន ជា ឥតមានអ្វីលើកឡើងដើម្បីទាក់ទាញប្រជាជន នឹងបង្វែរការណ៍ពិត តាមការចោទប្រកាន់របស់តុលាការ និងបញ្ឆេះកំហឹងប្រកាន់ពូជសាសន៍។ «អ្វីដែលសំខាន់ គឺតុលាការនេះ មានតែសមត្ថកិច្ចមួយទៅលើបទឧក្រិដ្ឋមួយ ដែលបានកើតឡើង ក្នុងរវាងឆ្នាំ៧៥ និង៧៩។ នួន ជា គាត់អាចចង្អុលបន្ទោសវៀតណាម ឬក៏ទេវតា ប៉ុន្តែអ្វីដែលសំខាន់ គឺអ្វីដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាការទទួលខុសត្រូវរបស់មេដឹកនាំជាន់ខ្ពស់ នៃកម្ពុជាប្រជាធិបតេយ្យ ដែលមានរូបគាត់នៅក្នុងនោះ»។ លោកបណ្ឌិត រស់ ចន្រ្តាបុត្រ អ្នកប្រវត្តិសាស្រ្តកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា បាននិយាយថា ការចោទប្រកាន់ទៅលើប្រទេសវៀតណាម គឺជាការដោះស្រាយមួយតែប៉ុណ្ណោះ របស់លោកនួន ជា ដែលគេចចេញពីការទទួលខុសត្រូវ នៅក្នុងរបបប្រល័យពូជសាសន៍។ លោកបានមានប្រសាសន៍ថា លោកនួន ជា ចង់បង្ហាញថាលោក ជាអ្នកសេ្នហាជាតិ ជាអ្នកការពារជាតិ ចេញពីការឈ្លានពានពីបរទេស ក៏ប៉ុន្តែយើងពិបាកវាយតម្លៃទៅលើចំណុចទាំងនេះ។ «ការឃោសនារបស់ក្រុមប្រជាធិបតេយ្យគឺតែងតែយករូបភាពណាឈ្លានពានមកលើកម្ពុជានេះធ្វើជាគោលជំហរនយោបាយរបស់ខ្លួនក្នុងការរៀបចំទឹកដីសម្លាប់ប្រជាពលរដ្ឋខ្លួនឯង ក៏ដូចជាក្នុងការឃោសនាផ្សេងៗទៅទៀត ដើម្បីបង្ហាញជាតិនិយមជ្រុលរបស់ខ្លួន»។ កងទ័ពវៀតណាមធ្លាប់បានចូលរំដោះប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែមានមតិប្រឆាំងជាច្រើន បានហៅព្រឹត្តិកាណ៍នេះ គឺជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាម មកលើប្រទេសកម្ពុជាទៅវិញ៕ This posting includes an audio/video/photo media file: Download Now |
សហគមន៍រងគ្រោះបញ្ហាដីធ្លីទាមទារកម្មសិទ្ធិស្របច្បាប់ Posted: 23 Nov 2011 12:41 PM PST នៅថ្ងៃពុធនេះអង្គការសង្គមស៊ីវិលនិងសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនៅកម្ពុជាបានទាមទារឱ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដល់ពួកគាត់ដើម្បីកុំឱ្យមានបញ្ហាជម្លោះដីធ្លីនិងការបណ្តេញចេញដោយបង្ខំ។ តំណាងសហគមន៍ប្រមាណ៣០០នាក់មកពីទូទាំងប្រទេសបានជួបប្រជុំគ្នានៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនៅសណ្ឋាគារ Sunwayដើម្បីលើកឡើងអនុសាសន៍ ការព្រួយបារម្ភ ការឈឺចាប់ចំពោះការរំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរើសអើងក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់និងការប្រើប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកតវ៉ារឿងដីធ្លី ជូនរដ្ឋាភិបាលនិងរដ្ឋសភាឱ្យជួយដោះស្រាយ។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថាតំណាងសហគមន៍បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពន្លឿនសកម្មភាពចុះបញ្ចីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិនិងការដោះស្រាយវិវាទដីធ្លី។ សេចក្តីថ្លែងការណ៍រួមនេះបានត្អូញត្អែរថាមានការរើសអើងក្នុងការចេញប័ណ្ណកម្មសិទ្ធិ។ ការរំលោភយកដីដោយបណ្តេញចេញដោយបង្ខំ និងផ្តល់សំណងមិនសមរម្យក្នុងការផ្លាស់ប្តូរព័ត៌មានលំនៅដ្ឋាន។ មានការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចោទប្រកាន់និងការចាប់ខ្លួនប្រជាពលរដ្ឋ ដែលការពារសិទ្ធិរស់នៅលើដីធ្លីរបស់ខ្លួន។ លោក ឌួង ស៊ីបុណ្ណថុល តំណាងសហគមន៍ដីធ្លី លំនៅដ្ឋាន និងសម្បទានដីសេដ្ឋកិច្ចប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនរងគ្រោះដោយជម្លោះដីធ្លីទំនងជាកើតមានជំងឺផ្លូវចិត្ត ឬ ជំងឺភ័យព្រួយចំពោះការខ្លាចបាត់បង់ដីធ្លីរបស់គាត់។ «ប្រជាពលរដ្ឋបារម្ភបំផុតអំពីកម្មសិទ្ធិមិនច្បាស់លាស់របស់គាត់ និងការគំរាមកំហែងចាប់គាត់ដាក់ពន្ធនាគារ។ បញ្ហានេះសំខាន់មែនទែន»។ លោក សុខ ហេង តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ បានថ្លែងថា ជម្លោះដីធ្លី នៅកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែការដោះស្រាយរបស់រដ្ឋាភិបាលមានតិចតួចណាស់។ «យើងឃើញមានការចោទប្រកាន់ ឬ ការចាប់ខ្លួន (អ្នកតវ៉ារឿងជម្លោះដីធ្លី) នៅប្រទេសកម្ពុជាច្រើនមែនទែន។ យើងប្រមូលបានរយៈពេលជិត១០ឆ្នាំនេះ ប្រហែលជាង៥០០នាក់»។ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា អ្នកតវ៉ារឿងជម្លោះដីធ្លីចំនួន២០១នាក់ ត្រូវបានចោទប្រកាន់ និង២៩នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។ «ក្នុងឆ្នាំ២០១១នេះ ចំនួនដីធ្លីដែលសមាគមអាដហុកទទួលបាន គឺតិចជាងឆ្នាំ២០១០។ ក៏ប៉ុន្តែ អ្វីដែលយើងកត់សម្គាល់ គឺចំនួនប្រជាពលរដ្ឋ ដែលប៉ះពាល់កើនឡើងជាងឆ្នាំ២០១០ និងទំហំដីដែលប៉ះពាល់ មានចំនួនច្រើនជាងឆ្នាំ២០១០»។ នៅក្នុងរយៈពេល៩ខែនេះ សមាគមសិទ្ធិមនុស្សអាដហុកទទួលបានពាក្យបណ្តឹងអំពីជម្លោះដីធ្លីជាង១៨០ករណី ហើយអង្គការសិទ្ធិមនុស្សលីកាដូទទួលបានបណ្តឹងរឿងជម្លោះដីធ្លីចំនួន៧៥ករណី។ ក្រុមមន្ត្រីរដ្ឋាភិបាលដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បានថ្លែងថារដ្ឋាភិបាលនឹងយកអនុសាសន៍ និងក្តីកង្វល់របស់ប្រជាពលរដ្ឋមកពិចារណានិងដោះស្រាយ៕ This posting includes an audio/video/photo media file: Download Now |
ក្រែមលាបឱ្យស្បែកសបង្កគ្រោះថ្នាក់ដល់ជីវិតជាងគុណប្រយោជន៍ Posted: 23 Nov 2011 12:51 PM PST នៅប្រទេសកម្ពុជាការប្រើប្រាស់ក្រែមលាបស្បែកឱ្យសកំពុងពេញនិយមក្នុងចំណោមស្រ្តីដែលចង់បានសម្បុរភ្លឺជ្រះជាងធម្មជាតិ។ ប៉ុន្តែមានស្រ្តីមួយចំនួនត្រូវគេអះអាងថាបានស្លាប់កាលពីពេលថ្មីៗនេះដោយសារការប្រើប្រាស់ផលិតផលប្រភេទនេះ។ នាងធីតា វីននៃវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសជាមួយលោកបណ្ឌិតថូម៉ាស មឺហ្វី អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់និងជាសហនាយកមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ តទៅនេះជាបទសម្ភាសរវាងនាងធីតា វីន ជាមួយនឹងលោកថូម៉ាស មឺហ្វី។ សំណួរ៖ សូមជម្រាបសួរលោក ថូម៉ាស មឺហ្វី តើលោកបានធ្វើពិសោធលើគ្រឿងសំអាងអ្វីខ្លះដែរ? ថូម៉ាស មឺហី្វ៖ យើងប្រើឧបករណ៍ញែកសារធាតុគីមីយួរដៃ ដែលមានប្រសិទ្ធភាពបំផុត។ វាគឺជាម៉ាស៊ីនពិសេសសម្រាប់ញែករកសារធាតុលោហធាតុនិងសារធាតុទាំងឡាយណាដែលគេប្រើសម្រាប់លាយក្នុងក្រែមលាបស្បែក។ លទ្ធផលទទួលបានគឺលឿនមែនទែន។ យើងធ្វើការពិសោធលើក្រែមលាបស្បែកទាំងឡាយណា ដែលក្រុមនិស្សិតស្រីៗនាំយកមក។ យើងចង់ពិសោធលើក្រែមលាបស្បែកឲ្យស។ យើងបានពិសោធលើក្រែមបញ្ចុះទម្ងន់ក្រែមការពារពន្លឺថ្ងៃហើយជួនកាលពួកគាត់នាំយកពិសោធន៍នូវសារធាតុសម្រាប់ប្ដូរពណ៌។ ប៉ុន្ដែភាគច្រើនគឺយើងពិសោធលើក្រែមសម្រាប់លាបឲ្យស្បែកស។ សំណួរ៖ តើហេតុអ្វីបានជាលោកធ្វើការពិសោធទៅលើគ្រឿងសំអាងទាំងនោះដែរ? ថូម៉ាស មឺហី្វ៖ បាទ! នេះគឺជាបញ្ហាដែលគេដឹងឮពាសពេញពិភពលោកដែលថាក្រែមលាបស្បែកជាទូទៅមានសារធាតុបារ៉តហើយយើងធ្វើការសិក្សានេះ នៅទីក្រុងភ្នំពេញផងដែរកាលពីពីរបីឆ្នាំមកហើយ។ ហើយយើងចង់សិក្សាវាជាមួយនឹងនិស្សិតឲ្យបានច្រើនហើយអប់រំពួកគេពីបញ្ហាប្រឈម។ ហើយវាហាក់ដូចជាថាមានការប្រើប្រាស់ក្រែមកាន់តែច្រើនឡើងៗ បើធៀបទៅនឹងការចាប់ផ្ដើមសិក្សារបស់យើងក្នុងរយៈពេលពីរឆ្នាំកន្លងទៅហើយប្រហែលជាមួយឆ្នាំមុនយើងធ្វើការសិក្សាលើបញ្ហានេះស្រ្ដីវ័យក្មេងម្នាក់ទំនងជាបានស្លាប់បន្ទាប់ពីបានប្រើប្រាស់ក្រែមដែលមានសារធាតុបារ៉ត។ ដូច្នេះយើងចង់ស្វែងយល់ពីវាឱ្យកាន់តែច្រើនឡើងថែមទៀតពីព្រោះនៅពេលដែលយើងកំពុងធ្វើការស្រាវជ្រាវនោះ មានស្ដ្រីវ័យក្មេងម្នាក់ទៀតបានស្លាប់។ ដូច្នេះយើងចង់អប់រំស្ដ្រីវ័យក្មេងអំពីការប្រឈមនឹងគ្រោះថ្នាក់។ មានស្ដ្រីក្មេងៗមួយចំនួនបានទិញវាហើយវាហាក់ដូចជាកាន់តែពេញនិយម។ យើងគិតថា ក្មេងស្រីក្នុងគ្រួសារក្រីក្របំផុតនោះ មិនអាចលៃលកទិញក្រែមទាំងនេះសម្រាប់ប្រើប្រាស់បានទេ។ មានស្ដ្រីជាងពាក់កណ្ដាលនៅប្រទេសថៃប្រើប្រាស់ក្រែមសំអាង។ ហើយវាកំពុងវិវត្តន៍ដូចនៅប្រទេសថៃដែរ។ សំណួរ៖ បន្ទាប់ពីលោកធ្វើការពិសោធហើយ តើលោក ថូម៉ាស មឺហ្វី រកឃើញសារធាតុអ្វីខ្លះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់? ថូម៉ាស មឺហី្វ៖ យើងបានរកឃើញចំនួនសារធាតុបារ៉ត យ៉ាងច្រើនក្នុងទឹកនោមរបស់ស្ដ្រីមួយចំនួន ដែលអាចបង្ហាញថា នេះគឺជាបញ្ហា។ ស្ដ្រីមួយចំនួនឈឺ ប៉ុន្ដែយើងមិនអាចដឹងថា ហេតុអ្វីបានជាពួកគាត់ឈឺ។ នេះបង្ហាញថា សារធាតុបារ៉តមានវត្តមាន ប៉ុន្ដែយើងមិនដែលសិក្សាដើម្បីឲ្យដឹងថា បុគ្គលនោះឈឺដោយសារជាតិបារ៉តនោះទេ។ នោះគឺជាអ្វីមួយដែលស្ដ្រីជាច្រើនមិនបានយល់។ យើងឃើញថា ភាគច្រើនគឺសារធាតុបារ៉ត។ ប៉ុន្ដែវាមានសារធាតុពុលផ្សេងទៀត នៅក្នុងក្រែមហើយយ៉ាងហោចណាស់មានសារធាតុគីមីបួនមុខទៀតនៅក្នុងក្រែមលាបស្បែក។ នៅពេលដែលពួកគេបន្ថែមវត្ថុធាតុផ្សំផ្សេងទៀត ដើម្បីបង្កើនសារធាតុថ្នាំចូលទៅក្នុងស្បែក នោះគឺជាការបន្ថែមភាពស្មុគ្រស្មាញកាន់តែច្រើន។ ភាគច្រើននៃក្រែមលាបស្បែកទាំងនេះផលិតដោយអ្នកគីមីវិទ្យាធម្មតាហើយមួយភាគបី នៃក្រែមមានសារធាតុពុល ដែលក្រែមទាំងនោះបានមកពីហាងកែសម្ផស្ស។ ម្យ៉ាងទៀត នៅពេលដែលមានការបណ្ដុះបណ្ដាលតិចតួច ហើយពួកគេប្រើប្រាស់ជាតិគីមីខ្លាំងៗ ដូច្នេះ អ្វីគួរឲ្យគ្រោះថ្នាក់បំផុតនោះគឺដោយមានបុគ្គល ធ្វើផលិតផលបែបនេះដោយមិនមានការបណ្ដុះបណ្ដាល និងដោយមិនមានការត្រួតពិនិត្យ។ សំណួរ៖ តើសារធាតុទាំងនោះបង្កឲ្យមានផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីខ្លះដល់អ្នកប្រើប្រាស់ដែរ? ថូម៉ាស មឺហី្វ ៖ ពួកគេអាចប្រឈមនឹងបញ្ហាមួយចំនួនហើយបញ្ហាដែលញឹកញាប់ជាងគេគឺសារធាតុបារ៉តនឹងធ្វើឲ្យប្រព័ន្ធប្រសាទដំណើរការខុសសង្វាក់។ បញ្ហាទីពីរគឺធ្វើឲ្យប៉ះពាល់ដល់គ្រលៀនហើយនេះ គឺជាការព្រួយបារម្ភមួយហើយការប្រើប្រាស់សារធាតុបារ៉តជ្រុលហួសអាចធ្វើឲ្យស្លាប់បាន។ វាមិនមែនជាករណីញឹកញាប់ទេ ប៉ុន្ដែមានមនុស្សមួយចំនួនបានស្លាប់គឺយ៉ាងហោចណាស់មានពីរនាក់ហើយខ្ញុំគិតថាប្រហែលជាមានអ្នកស្លាប់ច្រើនជាងនេះ។ ដូច្នេះការស្លាប់ ការបណ្ដាលឲ្យមនុស្សមិនអាចគិតអ្វីបានច្បាស់ស្រឡះល្អ គឺជាផលវិបាកញឹកញាប់ ជាងគេដែលបណ្ដាលមកពីសារធាតុបារ៉ត ហើយប្រហែលជាមានអ្នកខ្លះក្លាយទៅជាឆេវឆាវ ឆាប់ខឹងដោយសារបញ្ហានេះដែរ។ ដូចជា ពួកគេមិនអាចមានអារម្មណ៍ស្ងប់និងពួកគេអន់ចិត្តជាដើម។ ប៉ុន្ដែយ៉ាងណាក៏ដោយ មានសេចក្ដីរាយការណ៍ព័ត៌មានតិចតួច ជាពិសេសនៅតាមបណ្ដាខេត្ត។ ខ្ញុំគិតថា វាមិនសាមញ្ញពេកនោះទេ។ ខ្ញុំគិតថា មិនមានអ្នករងគ្រោះរហូតដល់រាប់រយនាក់នោះទេ។ ខ្ញុំគិតថា មានអ្នកស្លាប់ច្រើនជាងបួននាក់ ប៉ុន្ដែមិនច្រើនជាង១០០ នាក់នោះឡើយ។ សំណួរ៖ ហេតុអ្វីបានជាសារធាតុទាំងនោះធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់? ថូម៉ាស មឺហី្វ៖ បាទ! ក្នុងករណីពួកគេចង់ឲ្យសារធាតុគីមីមួយចំនួនដែលធ្វើឲ្យជ្រាបចូលក្នុងស្បែក វានឹងរាំងខ្ទប់ការផលិតសារធាតុពណ៌ខ្មៅរបស់ស្បែក ដែលធ្វើឲ្យស្បែកឡើងទៅជាពណ៌ត្នោត។ ដូច្នេះសារធាតុគីមីឆ្លងកាត់ស្បែកហើយទៅប្ដូរសារធាតុគីមីវិទ្យា នៃផ្នែកខាងលើរបស់ស្បែក។ ពណ៌ត្នោតនៃស្បែករបស់មនុស្សប្រើសម្រាប់ការពារកាំរស្មីពណ៌ស្វាយ (UV light)។ ហើយគេធ្វើបែបនេះដោយពួកគេដឹងថា សារធាតុគីមីមួយចំនួនមានជាតិពុល ហើយគេរាំងខ្ទប់ការបញ្ចេញប្រតិកម្មរបស់ស្បែក។ ហើយប្រតិកម្មទៅលើស្បែកនោះគឺជាសារធាតុពុល។ គេអាចធ្វើឲ្យស្បែកមានពណ៌ស ប៉ុន្ដែគេមិនអាចការពារផ្នែកផ្សេងទៀត នៃរាងកាយរបស់គេ។ សំណួរ៖ តើគ្រឿងសំអាងដែលលោកបានយកមកពិសោធន៍ហ្នឹង ជាគ្រឿងសំអាងប្រភេទលាយនៅក្នុងប្រទេសកម្ពុជាយើង ឬក៏គ្រឿងសំអាងដែលនាំចូលពីក្រៅប្រទេស? ថូម៉ាស មឺហី្វ ៖ ជួនកាលយើងមិនអាចដឹងបានទេ។ មានអ្វីមួយដែលគេផលិតខុសច្បាប់។ ផលិតផលទាំងនោះ មើលទៅហាក់ដូច ជាផលិតចេញពីសហរដ្ឋអាមេរិក ប៉ុន្ដែខ្ញុំមិនជឿថា វាផលិតចេញពីទីនោះទេ។ និយាយមែនទែនទៅ មានក្រែមមួយចំនួនដូចជានាំចូលពីប្រទេសចិន តៃវ៉ាន់ វៀតណាម ថៃ ប៉ុន្ដែយើងមិនដឹងប្រាកដនោះទេ ឬក្រែមមួយចំនួននោះអាចត្រូវបានផលិតនៅកម្ពុជា។ ប៉ុន្តែនេះមិនមែនជាការសិក្សាស្របច្បាប់ទេ។ ខ្ញុំដឹងប្រាកដថា ក្រែមមួយចំនួនផលិតនៅប្រទេសកម្ពុជា។ ប៉ុន្ដែខ្ញុំមិនអាចបញ្ជាក់ភស្ដុតាងបានតាមផ្លូវច្បាប់នោះទេ។ ក្រែមមួយចំនួនទំនងជាផលិតនៅកម្ពុជា ប៉ុន្ដែពួកគេបែរជាដាក់ស្លាកថា ផលិតនៅប្រទេសផ្សេងៗទៅវិញ។ សំណួរ៖ តើគ្រឿងសំអាងដែលលោក ថូម៉ាស មឺហ្វី បានប្រមូលយកមកធ្វើការពិសោធនេះ បានប្រមូលយកមកពីទីកន្លែងណាខ្លះដែរទៅ? ថូម៉ាស មឺហី្វ៖ ក្រុមនិស្សិតពេទ្យបានទៅទិញនៅតាមកន្លែងជាច្រើនរាប់ទាំងខេត្តសៀមរាប បាត់ដំបងផងដែរ។ ប៉ុន្ដែភាគច្រើនទិញនៅភ្នំពេញ។ ពួកគេទិញនៅតាមផ្សារ ជួនកាលពួកគេទិញនៅកន្លែងកែសម្ផស្ស ក្រែមកែសម្ផស្សទាំងនោះជួនកាលថ្លៃណាស់គឺចាប់ពី ២០ ទៅ១០០ ដុល្លារឯណោះ។ សំណួរ៖ តើគ្រឿងសំអាងទាំងនោះប្រើសម្រាប់អ្វីខ្លះ? ថូម៉ាស មឺហី្វ៖ ក្រែមការពារកំដៅថ្ងៃចំនួនតិចតួចណាស់ ដែលយើងឃើញមានជាតិបារ៉ត។ វាមិនត្រូវការដាក់ជាតិបារ៉តនោះទេ។ ប៉ុន្ដែបញ្ហាធំបំផុតនោះ គឺក្រែមសម្រាប់ធ្វើឲ្យស្បែកស។ មានស្ដ្រីខ្លះដែលយើងបានជួបសម្ភាសបានប្រើប្រាស់ក្រែមនេះ តែលើផ្ទៃមុខតែប៉ុណ្ណោះ។ ប៉ុន្ដែស្ដ្រីផ្សេងទៀត លាបក្រែមទាំងនោះពេញខ្លួនពីរដងក្នុងមួយថ្ងៃ។ ហើយកាលណាពួកនាងប្រើកាន់តែច្រើន ការប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ ប្រសិនបើមានការប្រើប្រាស់លើខ្លួនកាន់តែច្រើនជាពិសេសសម្រាប់ ឱកាសពិសេសដូចជាមុនពិធីមង្គលការជាដើមដែលមានស្ដ្រីពីរនាក់ បានស្លាប់ក្នុងករណីដូច្នេះ ដោយសារការប្រើប្រាស់ក្រែមដូច្នេះច្រើនគ្រោះថ្នាក់កាន់តែខ្ពស់។ សំណួរ៖ បន្ទាប់ពីការរកឃើញសារធាតុមួយចំនួន ដែលបង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់បែបនេះហើយ តើការពិសោធន៍អាចមានប្រយោជន៍អ្វីខ្លះដែរ? ថូម៉ាស មឺហី្វ៖ ប្រសិនបើនៅប្រទេសកាណាដា ឬនៅសហរដ្ឋអាមេរិក យើងអាចបញ្ជូនស្ដ្រីរងគ្រោះ ដោយសារជាតិបារ៉តទៅកាន់មន្ទីរពេទ្យបាន ក៏ប៉ុន្ដែ នៅកម្ពុជាមិនមានលទ្ធភាពដូចគ្នាទេ។ ពីព្រោះគឺជាអ្វីមួយដែលពិបាកធ្វើ ហើយការព្យាបាលមានតម្លៃថ្លៃទៀត។ សំណួរ៖ បើសិនជាមិនមានវិធានការណ៍ទប់ស្កាត់ការលក់ផលិតផលគ្រឿងសំអាងបែបនេះទៀតនោះទេ តើវាផ្តល់ផលវិបាកដូចម្តេចខ្លះ ដែរចំពោះអ្នកប្រើប្រាស់ ឬ ក៏ប្រជាពលរដ្ឋខ្មែរ? ថូម៉ាស មឺហី្វ ៖ អ្វីដែលយើងអាចធ្វើបានស្រួលបំផុតនៅកម្ពុជា គឺថា ប្រាប់ដល់ពួកគេឲ្យឈប់ប្រើប្រាស់ក្រែមដែលមានសារធាតុបារ៉តទាំងនោះ។ យើងសង្ឃឹមថា នឹងមានអ្នកវិទ្យាសាស្ដ្រច្រើនជាងនេះ មានឧបករណ៍ពិសោធន៍ប្រសើរជាងនេះ និងមានការត្រួតពិនិត្យលើក្រែមប្រសើរជាងនេះ។ ប៉ុន្ដែបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា និង នៅប្រទេសវៀតណាម គ្រោះថ្នាក់ដោយសារបញ្ហានេះខ្ពស់ណាស់។ មធ្យោបាយតែមួយគត់គឺឈប់ប្រើប្រាស់ក្រែម ធ្វើឲ្យស្បែកសតទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
អ.ស.ប៖ ការកាត់ទោសមេខ្មែរក្រហមជាសារសម្រាប់ពិភពលោក Posted: 23 Nov 2011 12:52 PM PST ការជំនុំជម្រះទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបវាលពិឃាតខ្មែរក្រហមដែលគេរង់ចាំយុត្តិធម៌ជាងបីទសវត្សរ៍នេះ បានចាប់ផ្តើមហើយកាលពីថ្ងៃច័ន្ទ។ ក្រៅពីការស្វែងរកយុត្តិធម៌និងការស្វែងរកការណ៍ពិត ការកាត់ទោសនេះជាសារមួយបញ្ជូនទៅឧក្រិដ្ឋជន ជនទាំងឡាយណាដែលប្រព្រឹត្តការកាប់សម្លាប់រួមនឹងបទល្មើសផ្សេងៗឲ្យបានដឹងថា នៅទីបំផុតត្រូវគេនាំខ្លួនយកមកកាត់ទោសដែរ។ នេះជាការបញ្ជាក់អះអាងរបស់លោកសាស្ត្រាចារ្យ ស៊ូយ៉ា ស៊ូបេឌី (Surya P. Subedi ) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលថ្លែងមុនពេលចាប់ផ្តើមការកាត់ទោសសំណុំរឿង០០២។ «ជនទាំងឡាយណាដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម ថ្ងៃណាមួយនឹងទទួលខុសត្រូវ ចំពោះសាធារណជនចំពោះសហគមន៍អន្តរជាតិ។ដូច្នេះដូចខ្ញុំនិយាយអញ្ចឹងគឺថា តុលាការគួរត្រូវដំណើរការនេះយូរហើយ។ ប៉ុន្តែអ្វីដែលកើតឡើងឥឡូវនេះគឺជាការលើកទឹកចិត្តហើយជាការបញ្ជូនសារដ៏វិជ្ជមានមិនគ្រាន់តែដល់ជនជាតិកម្ពុជាទេតែពិភពលោកដ៏ទូលំទូលាយផងដែរ។ សារនោះគឺថាប្រសិនបើលោក អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មហើយប្រសិនបើលោកអ្នកប្រព្រឹត្តអំពើសាហាវយង់ឃ្នងថ្ងៃណាមួយគេនឹងនាំលោកអ្នកទៅកាត់ទោសជាមិនខាន»។ លោក ស៊ូបេឌីបានថ្លែងយ៉ាងដូច្នេះប្រាប់វីអូអេសំឡេងស.រ.អានៅឯសាកលវិទ្យាល័យ Berkeley រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅបន្ទាប់ពីមានកិច្ចពិភាក្សាអំពីបញ្ហាកេរដំណែលក្រោយរយៈពេល២០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយចំថ្ងៃដែលសាលាក្តីកាត់ទោសខ្មែក្រហមដែលចូលរួមដោយ អ.ស.បកំពុងរៀបចំការកាត់ទោសអតីតមេដឹកនាំនៃរបបនេះ។ ទោះបីជាជនជាប់ចោទម្នាក់ក្នុងចំណោម៤នាក់ គឺអ្នកស្រី អៀង ធីរិទ្ធជាអតីតរដ្ឋមន្ត្រីសង្គមកិច្ចការងារត្រូវតុលាការសម្រេចថាមិនអាចកាត់ទោសបានដោយសារជំងឺបាត់ការចងចាំ តែជនជាប់ចោទចំណាស់ៗបីនាក់នៃរបបខ្មែរក្រហមមាន នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារីរដ្ឋមន្ត្រីការបរទេសត្រូវតុលាការដែលចូលរួមដោយអ.ស.ប ចាប់ផ្តើមជំនុំជម្រះទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ដែលមានពលរដ្ឋជិតពីរលាននាក់ត្រូវស្លាប់ដោយទារុណកម្ម ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការរំលោភផ្លូវភេទ ការសម្លាប់រង្គាលក្រៅច្បាប់និងឧក្រិដ្ឋ កម្មផ្សេងៗទៀត។ ក្រុមខ្មែរក្រហមទាំងនេះត្រូវគេចោទថាបានប្រព្រឹត្តការសម្លាប់រង្គាលកាលពីចន្លោះ ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ូ បេឌី បានអះអាងថាតុលាការកាត់ទោសសំណុំរឿង០០២នេះ ទោះជារៀបចំយឺតមែន ទោះបីគ្រាន់តែជានិមិត្តរូបតែវាជាឧទាហរណ៍មួយដ៏សំខាន់ហើយប្រសើរជាងគ្មានការកាត់ទោស។ លោកបានពន្យល់បន្ថែមថា៖ «បើទោះបីជាយឺតបន្តិចមែនជារឿងប្រពៃក្នុងការនាំជនឧក្រិដ្ឋមកកាត់ទោសហើយដាក់អ្វីគ្រប់យ៉ាងលើប្រព័ន្ធទាក់ទងសង្គមជាសាធារណៈ ដូច្នេះពលរដ្ឋនឹងដឹង មនុស្សជំនាន់ក្រោយនឹងដឹងថាប្រសិនបើគេប្រព្រឹត្តឧក្រិដ្ឋកម្ម ឧក្រិដ្ឋកម្មអន្តរជាតិ ថ្ងៃណាមួយស្ថាប័នអនុវត្តន៍ច្បាប់នឹងនាំខ្លួនគេមកឲ្យទទួលខុស ត្រូវពីបទឧក្រិដ្ឋដែលគេបានប្រព្រឹត្ត»។ លោកស្រី ហេដឺ រ៉ាយអឹន(Heather Ryan) អតីតអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការ សិទ្ធិមនុស្សរបស់ស.រ.អាOSJI ដែលបានចូលរួមកិច្ចពិភាក្សានៅសាកលវិទ្យាល័យ Berkeley ដែរបានថ្លែងថាមេដឹកនាំខ្មែរក្រហមទាំងនេះនៅទីបំផុត ត្រូវកាត់ទោស។លោកស្រីអះអាងថា ទោះជាពួកគេមិនបានប្រព្រឹត្តដោយខ្លួនឯងនូវឧក្រិដ្ឋកម្ម ការកាប់សម្លាប់ដែលកើតឡើងទូទាំងប្រទេសជំនាន់នោះមែន តែវាស្ថិតនៅក្រោមអំណាចរបស់គេ ស្ថិតក្រោមការបង្គាប់បញ្ជាររបស់ពួកគេ។ លោកស្រីថ្លែងថាការកាត់ទោសនេះ ទោះជាមានលក្ខណៈស្មុគស្មាញមែន តែជារឿងដ៏គួរឲ្យចាប់អារម្មណ៍និងគួរជាទីរំភើបរីករាយណាស់ដែលលោកស្រីបានតាមដាន។ «ជនជាប់ចោទទាំងនេះគឺជាអ្នកដែលបានចូលរួមពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមឬក៏ជាអ្នកដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម ហើយខ្ញុំគិតថាប្រជាពលរដ្ឋកម្ពុជានឹងបានយល់ដឹងច្រើន»។ សាលាក្តីកាត់ទោសខ្មែរក្រហមប្រឈមមុខនឹងការចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាលកម្ពុជាជាពិសេសទៅលើសំណុំរឿងបន្ថែមដែលគេ ហៅថា០០៣និង០០៤។ ការជ្រៀតជ្រែកនេះបានធ្វើឲ្យមានការលាឈប់ពីមុខតំណែងរបស់សហចៅក្រមស៊ើបអង្កេតម្នាក់នៃភាគីអ.ស.បគឺលោក ស៊ីតហ្រ្វិក ប៊្លុង (Siegfried Blunk)។ មន្ត្រីអ.ស.បបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក៏ពិតមែនថ្មីៗនេះតែក្រុមអ្នកវិភាគបានអះអាងថាជារឿងមិនគ្រប់គ្រាន់ទេដែលការគ្រាន់តែនិយាយឲ្យរដ្ឋាភិបាលបញ្ឈប់ការជ្រៀតជ្រែកនោះ។ ការស៊ើបអង្កេតមួយរបស់អសប គួរត្រូវធ្វើឡើង។ លោក រីឆាដ សូឡូម៉ុង (Richard Solomon) ជាអតីតឯកអគ្គរដ្ឋទូត ហើយធ្លាប់ជាអនុរដ្ឋមន្ត្រី ការបរទេសសរអាពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩២។ បច្ចុប្បន្នលោកជានាយកវិទ្យាស្ថានសន្តិភាពរបស់សរអា USIP។លោកបានចោទសំណួរពីភាពមិនច្បាស់លាស់អំពីលទ្ធផលនៃការកាត់ទោសខ្មែរក្រហមពេលមានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ លោកបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចំៗថាជាអ្នកធ្វើវិទ្ធង្សនាសាលាក្តីខ្មែរក្រហម។ «លោក ហ៊ុន សែនជាគោលការណ៍បានធ្វើវិទ្ធង្សនាដំណើរការតុលាការ។ រឿងនេះគឺជាដំណើរការដ៏គ្រោះថ្នាក់…»។ លោកបានរិះគន់ដល់អ.ស.បផងដែរចំពោះជំហរទន់ជ្រាយអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជានេះ។ «ខ្ញុំគិតថាពួកយើងជាច្រើនមានការស្រងាកចិត្តដែលអ.ស.ប មិនបានចាត់វិធានការណ៍ខ្លាំងថែមទៀតចំពោះវិទ្ធង្សនាទាក់ទងនឹងដំណើរការសាលាក្តីនេះ»។ លោក សូឡូម៉ុង បានថ្លែងបន្ថែមថាសម្ពាធពីលោកអគ្គលេខាធិការអ.ស.ប បាន គីមូន (Ban-Ki-Moon) ជារឿងដែលលោកចង់ឃើញ៖ «ខ្ញុំចង់ឃើញលោក បាន គីមូន ចាត់វិធានការបន្ថែមទៀតក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែនដើម្បីបង្កើតស្ថានភាពសាលាក្តីខ្មែរក្រហមឲ្យមានប្រសិទ្ធភាពឡើងវិញ។ ការធ្វើដូច្នោះអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពីខាងក្រៅដើម្បីបើកឡើងដំណើរការនយោបាយ»។ លោក សូឡូម៉ុង ដែលធ្លាប់ជាអ្នកចរចារឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្លែងដូច្នេះប្រាប់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនិងជនជាតិអាមេរិកាំងទាំងនិស្សិតសាស្ត្រាចារ្យជាង១០០នាក់ នៅពេលលោកត្រូវអញ្ជើញជាភ្ញៀវដើម្បីពិភាក្សាអំពីបញ្ហា២០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឯសាកលវិទ្យាល័យ Berkeley រដ្ឋកាលីហ្វ័រញ៉ា។ ការចោទប្រកាន់ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ មួយផ្នែកគឺលោក រីឆាដ សូឡូម៉ុង និយាយយោងទៅដល់ការព្រមព្រៀងជាសម្ងាត់រវាងលោក ហ៊ុន សែននិងក្រុមខ្មែរក្រហមពេលធ្វើសមាហរណកម្ម ចាប់ផ្តើមឆ្នាំ ១៩៩៦ ដែលការធានានោះរួមមានទាំងការរារាំងមិនឲ្យមានការកាត់ទោសផងដែរ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់ថ្លែងជាសាធារណៈជាច្រើនលើកមិនឲ្យមានការនាំខ្លួនកម្មាភិបាលខ្មែរក្រហមបន្ថែមលើសពី៥នាក់ទៅកាត់ទោសទេដោយឈរលើហេតុផលសន្តិភាព។ មន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែនធ្លាប់បដិសេធជារើយៗថាគ្មានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការទេ។ សាលាក្តីកាត់ទោសខ្មែរក្រហមដែលចំណាយថវិកាអស់ជិត២០០លានដុល្លារបានកាត់ទោសកាំង ហ្កេកអ៊ាវ ហៅឌុចអតីតប្រធានគុកទួលស្លែងខ្មែរក្រហមរួចហើយនិងកំពុងរង់ចាំសាលដីកាឧទ្ធរណ៍។ ឌុចបានទទួលស្គាល់ពីការពាក់ព័ន្ធនឹងការកាប់សម្លាប់អ្នកទោសជាង១២.០០០នាក់សម័យខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ២៣ វិច្ឆិកា Posted: 22 Nov 2011 09:58 PM PST ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ អតីតគណ:ប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលកំពុងតែត្រូវកាត់សេចក្ដីក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រកែកថា មិនបានចូលរួមក្នុងអំពើឃោរឃៅទេ។ លោកខៀវ សំផនដែលមានអាយុ៨០ឆ្នាំ ជំរាបតុលាការដែលអសបគាំទ្រនៅរាជធានីភ្នំពេញនៅថ្ងៃពុធថា ការអះអាងប្រឆាំងរូបលោក យោងទៅតាមព័ត៌មានអាក្រក់។ លោកចោទព្រះរាជអាជ្ញាថា ប្រឌិតព័ត៌មានដើម្បីធ្វើឲ្យលោកមានទោស។ គាត់និយាយថាពេលខ្ញុំស្ដាប់អស់លោកដែលប្រើរឿងរ៉ាវយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើឲ្យគេជឿថាវាជារឿងពិត ខ្ញុំយល់ថាអស់លោកពិតជាចង់ដាក់ក្បាលរបស់ខ្ញុំលើក្ដារកាត់ក្បាល។ អេហ្ស៊ីប៖ វិបត្ដិនយោបាយនៃប្រទេសអេហ្ស៊ីប កាន់តែធ្ងន់ធ្ងរឡើង ក្រោយពីអ្នកតវ៉ារាប់ម៉ឺននាក់នៅទីលានតារៀទាមទារឲ្យក្រុមឧត្ដមសេនីយ៍ថ្នាក់ខ្ពស់ ចុះចេញពីតំណែង។ ពួកគេប្រកែកមិនទទួលយកសំណើរបស់ក្រុមប្រឹក្សាយោធាកាន់កាប់អំណាចថា ខ្លួននឹងពន្លឿនអន្ដរកាលទៅកាន់របបស៊ីវិល។ យេម៉េន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉េន កំពុងតែស្ថិតនៅទីក្រុងរីយ៉ាត ដើម្បីចុះហត្ថលេខាលើផែនការដែលប្រទេសនៅឈូងសមុទ្រ Perseបានគាំទ្រ សុំឲ្យលោកផ្ទេរអំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោក។ ការធ្វើដូច្នេះគឺដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលឯកភាព ដែលនឹងខំប្រឹងប្រែងបញ្ចប់វិបត្ដិនយោបាយជាតិមួយ ដែលមានមក១០ខែហើយ។ លីប៊ី៖ ក្រុមមេដឹកនាំជីវពលលីប៊ី ដែលជួយរំលំអតីតមេដឹកនាំ Moammar Gadhafi នៅក្នុងការបះបោរនៅឆ្នាំនេះ បានទទួលតំណែងផ្នែកសន្ដិសុខថ្នាក់ខ្ពស់នៅក្នុងគណ:រដ្ឋមន្ដ្រីថ្មីដែលក្រុមប្រឹក្សាអន្ដរកាលជាតិបានតែងតាំង។ សរអា៖ បេក្ខជនមកពីគណបក្សសាធារណ: រដ្ឋជជែកដេញដោលគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារតាមទូរទស្សន៍ អំពីមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រទេសប៉ាគីស្ថាន អាហ្វហ្កានីស្ថានហើយនឹងកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។ ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានមានឯកអគ្គរដ្ឋទូតថ្មីប្រចាំសរអា ក្រោយពី រឿងចម្រូងចម្រាស់អំពីអនុសារណ:សុំឲ្យសរអាជួយទប់ទល់នឹងយោធាដ៏មានអំណាចនៃប្រទេសនេះ។ ប៉ាគីស្ថាន៖ យោធានៃប្រទេសប៉ាគីស្ថានបដិសេធសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានដែលថា ខ្លួនធ្វើការចរចាគ្នាជាមួយពួកតាលីបាន ឬក៏ជាមួយក្រុមសកម្មប្រយុទ្ធដែលជាសាខារបស់ពួកនោះ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានស្នើឲ្យមានការផ្លាស់ប្តូរការរឹតត្បិតលើការជួបប្រជុំសាធារណៈ តែក្រុមប្រឆាំងខ្លះនិយាយថាច្បាប់ថ្មីនឹងធ្វើឲ្យមានការរីកលូតលាស់យឺតៗដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេស។ អេហ្ស៊ីប៖ ពួកមេដឹកនាំយោធាអេហ្ស៊ីប បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយហើយបានសន្យាផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលនៅខែកក្កដា។ លីប៊ី៖ ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដកម្មអន្តរជាតិ និយាយថាកូនប្រុសរបស់ Moammar Gadhafi ដែលត្រូវបានចាប់ខ្លួន អាចត្រូវកាត់ទោសនៅក្នុងប្រទេសលីប៊ីជាជាងក្នុងទីក្រុងឡាអេរ៍ ដរាបណា ការកាត់ទោសនោះ បំពេញទៅតាមបទដ្ឋានអន្តរជាតិ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវសភាកាលពីថ្ងៃអង្គារឲ្យបន្តហើយនឹងបង្កើនការកាត់បន្ថយពន្ធដល់កម្មករអាមេរិកាំងដែលផុតកំណត់នៅខែក្រោយ។ ស៊ីរី៖ ប្រធានាធិបតីស៊ីរី Bashar al- Assad កំពុងប្រឈមមុខការកៀបសង្កត់ពីអន្តរជាតិកាន់តែខ្លាំងឡើងឲ្យបញ្ចប់ការបង្ក្រាបរបស់លោកលើពួកប្រឆាំងនៅពេលដែលចំនួនមនុស្សស្លាប់ពីអំពើហិង្សានៅក្នុងប្រទេសបន្តកើនឡើង។ ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានច្រានចោលសេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានថា ខ្លួនកំពុងធ្វើការចរចារសន្តិភាពជាមួយពួកតាលីបានប៉ាគីស្ថាន។ ក្រិក៖ សហភាពអឺរ៉ុបបានប្រាប់រដ្ឋាភិបាលក្រិកថាខ្លួននឹងមិនទទួលប្រាក់សម្រាប់សងបន្តិចម្តងៗចំនួន១១ពាន់លានដុល្លាមកពីប្រាក់ជួយសង្គ្រោះកាលពីឆ្នាំទៅ បើមេដឹកនាំនយោបាយបែកបាក់របស់ប្រទេសនោះមិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដើម្បីប្តេជ្ញាអនុវត្តវិធានាការណ៍ថ្មីតឹងរឹងដើម្បីកាត់បន្ថយបំណុលរបស់ប្រទេសនោះទេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |