VOA News: ព័ត៌មាន: “រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​គ្រឿង​ញៀន​ដោយ​គ្មាន​ការ​ដេញ​ដោល​មតិ” plus 2 more

VOA News: ព័ត៌មាន: “រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​គ្រឿង​ញៀន​ដោយ​គ្មាន​ការ​ដេញ​ដោល​មតិ” plus 2 more


រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​គ្រឿង​ញៀន​ដោយ​គ្មាន​ការ​ដេញ​ដោល​មតិ

Posted: 26 Nov 2011 07:36 AM PST

នៅ​ថ្ងៃ​សុក្រ​នេះ ​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​សំខាន់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​គ្រឿងញៀន​ នៅ​កម្ពុជា​ដោយ​គ្មាន​ការពិភាក្សា​ខណៈ​ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​សម័យ​ប្រជុំ​សភា​នេះ។

ការ​អនុម័ត​ច្បាប់​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​ស្របពេល​ដែល​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កំពុង​កាត់ទោស​លោក​មឹក​ ដារ៉ា ​អតីត​មន្ត្រី​គ្រឿងញៀន​ជាន់​ខ្ពស់​អំពី​បទ​ចោទប្រកាន់​ចំនួន​៣៨​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ចន្លោះ​ឆ្នាំ​២០០៧ ​និង​ឆ្នាំ​២០១១​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

ច្បាប់​គ្រឿងញៀន​នេះ​មាន​ចំនួន​១២៥​មាត្រា​ និង​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ​និង​រួម​ចំណែក​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខ​សុវត្ថិភាព​សង្គម​ និង​លើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ​ព្រមទាំង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​សកម្ម​ក្នុង​ចំណោម​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋ​មួយៗ​ក្នុង​ការបង្ការ ​ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការចរាចរណ៍​គ្រឿងញៀន​ធ្លងដែន​តាមរយៈ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន ​និង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ​កែ ​គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា ការ​អនុម័ត​ច្បាប់​នេះ​គឺ​ជា​កាយ​វិការ​ប្រកប​ដោយ​ស្មារតី ​និង​ឆន្ទៈ​ទទួល​ខុស​ត្រូវ​របស់​សមាជិក​រដ្ឋសភា​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​ និង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការការពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខ​សុវត្ថិភាព​សង្គម ​ ការ​លើក​កម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ។

«ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​អង្គសភា​ទាំងមូល​ ដែល​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ដ៏​មាន​សារៈសំខាន់​នេះ ​ព្រមទាំង​ទទួល​យក​នូវ​រាល់​អនុសាសន៍​របស់​សម្តេច​ប្រធាន​ ឯកឧត្តម​អនុប្រធាន​ទី​មួយ​ ឯកឧត្តម​អនុប្រធាន​ទី​ពីរ​ ព្រមទាំង​សមាជិក ​សមាជិកា​នៃ​អង្គសភា​ទាំង​មូល​ដើម្បី​ខិត​ខំ​ប្រឹងប្រែង​អនុវត្តន៍​ច្បាប់​នេះ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​ពេល​ខាង​មុខ​នេះ។ ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿងញៀន​រិត​តែ​មាន​ប្រសិទ្ធិភាព»

លោក​ កែ ​គឹមយ៉ាន ​បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​សភាថា​ស្ថានភាព​គ្រឿងញៀន​មិន​មាន​ការ​ថយចុះ​ទេ​ ហើយ​ពួក​ឧក្រិដ្ឋកម្ម​នៅ​តែ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ឆ្លងកាត់​ និង​ចែកចាយ​គ្រឿងញៀន​ ព្រមទាំង​ខិត​ខំ​ស្វែងរក​ឱកាស​ ដើម្បី​ផលិត​កែច្នៃ​គ្រឿនញៀន​នៅ​កម្ពុជា​ ជា​ពិសេស​គ្រឿងញៀន​សំយោគ​ (ATS)។

លោក ​កែ ​គឹមយ៉ាន ​បាន​បញ្ជាក់​ថា​នគរបាល​បង្ក្រាប​បាន​គ្រឿងញៀន​ចំនួន​៦៨៤​ករណី​ ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១.៥៧០​នាក់ ​រួមមាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣៩២​នាក់។ ​ឃុំ ​សង្កាត់​ប្រមាណ​១៨១​នៃ​ឃុំ​សង្កាត់​សរុប​១.៦២១ ​បាន​រង​ផលប៉ះពាល់​ពី​គ្រឿងញៀន​។ ​អ្នក​ញៀន​គ្រឿងញៀន​ ប្រមាណ​១ ៦០០​នាក់​កំពុង​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ចំនួន​១៣​កន្លែង។

រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន​ដែល​មាន​១២៥​មាត្រា​ តែ​ក្នុង​រយៈពេល​បី​ម៉ោង​ដោយ​គ្មាន​ការ​ពិភាក្សា។

លោក​ ងួន ​ញឹល ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា

«បើ​គ្មាន​មតិ​ ខ្ញុំ​សុំ​អង្គសភា​អនុម័ត​នៅ​ជំពូក​ទី​៧។​ ខ្ញុំ​បាទ​សូម​គោរព​រាយការណ៍​ជូន​ឯកឧត្តម​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ថា​អង្គសភា​បាន​អនុម័ត​លើ​ជំពូក​ទី​៧​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ ដោយ​មាន​សំឡេង​អនុម័ត​យល់​ព្រម​៧៧​លើ​៧៩»

លោក ​យូ ​ហុកគ្រី ​សមាជិក​សភា​គណបក្ស​នរោត្តម​ រណឬទ្ធិ ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ ថា សភា​ហាក់បី​ដូច​ជា​ស្ងាត់ ​ប៉ុន្តែ​ការ​ស្ងាត់​នេះ​មិនមែន​បាន​សេចក្តី​ថា​មិនមាន​យោបល់​អ្វី​នឹង​ច្បាប់​នេះ​ទេ​ ដោយ​យល់ថា​ច្បាប់​នេះ​មាន​សារៈសំខាន់​ និង​ឆ្លើយ​តប​ទៅ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន។

លោក ​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម​ រង្សី​ បាន​ថ្លែង​ថា​ ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ពិភាក្សា​របស់​រដ្ឋសភា​នេះ​គឺ​ជា​សេចក្តីសម្រេច​មិន​ស្រប​ច្បាប់។

«ចាប់​តាំង​ពី​ម្សិលម៉ិញ​មក ​សភា​មិន​មាន​ធម្មនុញ្ញភាព ​ហើយ​វា​មាន​ការ​ខុស​ច្បាប់។​ អញ្ចឹង​សេចក្តីសម្រេច​ទាំង​អស់​ហ្នឹង​មិន​ស្រប​នឹង​ធម្មនុញ្ញភាព​ទេ។ វា​បង្ហាញ​មុខមាត់​យ៉ាង​ច្បាស់​អំពី​អំណាច​របស់​សភា ​ភាព​ទន់​ខ្សោយ​របស់​សភា ​នៅ​ពេល​អ្នក​កាន់​អំណាច​បញ្ជូន​ច្បាប់​មក​អត់​មាន​ការពិភាក្សា ​ឬ ​ការ​កែប្រែ​សួរ​ដេញដោល​អ្វី​ទាំង​អស់។ ​យើង​ឃើញ​ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ​តុល្យភាព​នេះ​គឺ​ខ្សោយ​បំផុត​ នៅ​ពេល​ណា​ដែល​គ្មាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា»

លោក ​នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​លើក​ឡើង​ថា​អង្គការ​សង្គម​ស៊ីវិល​មាន​ការព្រួយបារម្ភ​អំពី​ការអនុម័ត​ច្បាប់​ដោយគ្មាន​ការ​សួរ​ដេញដោល ​និង​គ្មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​។ ​យើង​មាន​ការព្រួយបារម្ភ​ថា​ច្បាប់​នេះ​ អាច​មាន​គុណភាព​នោះ។

«កាលណា​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដើម្បី​សួរ​ដេញដោល​ឱ្យ​បាន​ច្រើន​ទេ​ ហើយ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ទេ ​វា​ធ្វើ​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​មិន​សូវ​បាន​ល្អ ​ហើយ​ខ្លឹមសារ​នៃ​ច្បាប់​ដែល​បាន​អនុម័ត​ក៏​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ»

ច្បាប់​គ្រឿងញៀន​ថ្មី​នេះ​គឺ​ជា​ការកែ​សម្រួល​ពី​ច្បាប់​គ្រឿងញៀន​ឆ្នាំ​១៩៩៧​ ដែល​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​២០០៥​មិន​ឆ្លើយ​តប​នឹង​ការវិវត្ត​នៃ​ស្ថានភាព​គ្រឿងញៀន​បច្ចុប្បន្ន៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភាកម្ពុជាអនុម័តថវិកាជាតិឆ្នាំ២០១២ ទោះបីគណបក្សប្រឆាំងធ្វើពហិការ

Posted: 25 Nov 2011 08:52 PM PST

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១២​ ប្រមាណ​២.៧០០​លាន​ដុល្លារ​អាមេរិក​ដោយ​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សុខាភិបាល ​អប់រំ​ កសិកម្ម ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។

ថវិកា​ជាតិ​ប្រមាណ​ ២.៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១២​នេះ​ បាន​កើន​ឡើង​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ ដែល​មាន​ប្រមាណ​ ២.៤០០​លាន​ដុល្លារ​អាមេរិក។ ក្រសួង​អទិភាព​ដូចជា ក្រសួង​អប់រំទទួល​បាន​ប្រហែល​២៥០​លាន​ដុល្លារ  ក្រសួង​សុខាភិបាល​ប្រហែល​២០០​លាន​ដុល្លារ ក្រសួង​កសិកម្ម​ជាង​៣១​លាន​ដុល្លារ ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រមាណ​៤៩​លាន​ដុល្លារ និង​ក្រសួង​សាធារណៈការ​ទទួល​បាន​ប្រហែល​៦២​លាន​ដុល្លារ។

លោក គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ លោក​បាន​ប្តេជ្ញា​យក​ច្បាប់​នេះ​ទៅ​អនុវត្តន៍​ឱ្យ​បាន​សម្រេច​ដល់​គោលដៅ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

លោក ​គាត ឈន់ បាន​ហៅ​ការអនុម័ត​ច្បាប់​ថវិកា​ជាតិ​នេះ​ថា​ជា​ការ​ផ្តល់​ឧបករណ៍​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ប្រទេស​រួម​មាន​ការការពារ​អធិបតេយ្យភាព ​បូរណភាព​ទឹកដី ​និង​ការអភិវឌ្ឍ​ប្រទេស​គ្រប់​វិស័យ។

«ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​ មិន​មាន​ការពិភាក្សា​ដេញដោល​ច្រើន​ទេ​ ដោយសារ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​ប្រជុំ​សភា​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ»។

សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ខ្ចី​បំណុល​បរទេស​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក។

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្សី ​បាន​ថ្លែង​ថា​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​ធ្វើ​ពហិកា​ប្រជុំ​សភា​ដើម្បី​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​ដី​ធ្លី​ដោយ​បង្ខំ។

«ការ​ធ្វើ​ពហិកា​របស់​គណបក្ស​សម ​រង្សី​នេះ​ គឺ​ជា​ការត្រឹមត្រូវ​ណាស់ ​ពីព្រោះ​បំណុល​១.១០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ពី​ព្រឹក​ម៉ិញ​នេះ​ មិនមែន​ជា​រឿង​ធម្មតា​ទេ។​ នេះ​ស​ឱ្យ​ឃើញ​ថា​ការ​ដែល​ខ្ចី​បុល​បែប​នេះ​ នឹង​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នៅ​ពេល​ខាង​មុខ​ ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ»

លោក​ កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ។

«យើង​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នោះ​ទេ ​ដោយ​មូលហេតុ​ធំ​ពីរ​គឺ​ទី​១​កម្ចី​ប្រាក់​ពី​បរទេស​កើន​ឡើង​ដោយ​មិន​ប្រុងប្រយ័ត្ន​កាត់​បន្ថយ​អំពើ​ពុករលួយ ​និង​ការ​ចំណាយ​ផ្សេងៗ។ ​ទី​២ យើង​អត់​គាំទ្រ​នូវ​គោលនយោបាយ​ដែល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច ​បាត់បង់​ព្រៃឈើ ​ដីធ្លី ​បឹងបួរ​ជា​ច្រើន​ ហើយ​ចំណូល​ថវិកា​តិច»

លោក គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​យ៉ាង​ដូច្នេះ​ថា៖

«ការ​ប្រៀបធៀប​នឹង​ផលិតផល​សរុប​ក្នុង​ស្រុក​ចំណូល​ថវិកា ​និង​ការ​នាំចេញ​បំណុល​របស់​ប្រទេស​កម្ពុជា​មិនមាន​ហានិភ័យ​នោះ​ទេ។ ខ្ញុំ​ជឿជាក់​ថា កម្ពុជា​នឹង​អាច​គ្រប់គ្រង​បំណុល​របស់​ខ្លួន​នេះ​បាន»

លោក​ ឈាង​ វុន ​ប្រធាន​គណៈកម្មការការ​បរទេស​ នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ការអះអាង​របស់​គណបក្ស​ប្រឆាំង ​ដោយ​លើក​ឡើង​ថា កម្ពុជា​មិនមាន​បញ្ហា​វិបត្តិ​បំណុល​កើត​ឡើង​នៅ​ថ្ងៃ​មុខ​ទេ។

«អ្នក​នយោបាយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​ចង់រាំង​ស្ទះ​កុំ​ឱ្យ​មាន​ស្ពាន​កុំ​ឱ្យ​មាន​ថ្នល់​ កុំ​ឱ្យ​មាន​សាលារៀន​កុំ​ឱ្យ​មាន​ទឹក ​និង​កុំ​ឱ្យ​មាន​ភ្លើង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មើល​មក​ឃើញ​ថា​ អ្នក​កាន់​អំណាច​ មិន​បាន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ។ គាត់​ចង់​បាន​ ណាស់​ប្រជាពលរដ្ឋ​មើល​ឃើញ​ភាព​អសមត្ថភាព​របស់​ការដឹកនាំ​ប្រទេស​សព្វ​ថ្ងៃ»

លោក​ យឹម ​សុវណ្ណ ​បាន​បញ្ជាក់​ថា​គណបក្ស​សម​រង្សី​ នឹង​បន្ត​ធ្វើ​ពហិកា​ប្រជុំ​សភា​រហូត​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា។

លោក ​កឹម​ សុខា ​បាន​ថ្លែង​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​ របស់​លោក​ធ្វើ​ពហិកា​ប្រឆាំង​នឹង​ច្បាប់​ណា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ៕

This posting includes an audio/video/photo media file: Download Now

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ព្រលះ​វីអូអេ និង​អាស៊ីសេរី

Posted: 25 Nov 2011 06:33 PM PST

ក្នុង​រយៈពេល​ប្រមាណ​ជាង​បី​ខែ ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​លោក ​ហ៊ុន ​សែន​ បាន​ធ្វើ​ការរិះគន់​វាយប្រហារ​ទៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​តាម​អាកាស​អាមេរិក​ គឺ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​ចំនួន​ពីរ​លើក ​ដោយ​ចាត់​ទុក​អង្គភាព​ទាំង​ពីរ​ថា​បាន​ជេរប្រមាថ​រូប​លោក។​ ប៉ុន្ដែ​អ្នក​ជំនាញ​ និង​មន្រ្ដី​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​រិះគន់​នោះ​ថា​គឺ​ជា​ការ​ខាតបង់។

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​នៅ​ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ​ដែល​លាត​សន្ធឹង​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត​ លោក ​ហ៊ុន ​សែន ​បាន​និយាយ​ខ្លាំង​ៗ​ ដោយ​ស្វែង​រក​មុខ​អ្នក​យក​ពត៌មាន​ម្នាក់​របស់​វិទ្យុ​អាស៊ី​សេរី។

«(វា)​នៅ​ខាង​ក្រោយ។ អាហ្នឹង​មិន​ហ៊ាន (ចេញមុខ)​ទេ។ ហ្អែង​យក​សម្ដី​អញ​ទៅ​ចាក់​ (ទៅ)។ ថ្ងៃ​មុន​ប្រពន្ធ​អញ​ថា​យ៉ាង​ម៉េច ​ស្រាប់​តែ​ចាប់​ផ្ដើម​ឡង​មក​វិញ​ថា ​មក​ពី​វិទ្យុ​អាស៊ីសេរី​មិន​បាន​ជួយ​ឃោសនា​ឲ្យ​ប្ដី។ ​មិន​ចាំ​បាច់​លោក​ឯង​ជួយ​ឃោសនា​ទេ។ អញ​ឲ្យ​ហ្អែង​ជេរ​ទៅ។ អញ​ឈ្នះ​ដោយសារ​ឯង​ជេរ​ទេ។ អា​វីអូអេ​នេះ​មួយ។ ​ហើយ​មួយ​ថ្ងៃៗ​ជេរ​គេ ​ជេរ​ឯង។ ​ជាពិសេស​អាស៊ី​សេរី​ហ្នឹង។ ​អញ​អង្វរ​ហ្អែង​ ជួយ​ជេរ​អញ​ថែម​ទៀត​។ ​ហ្អែង​ជេរ​កាន់​តែ​ខ្លាំង​ខុស​កាន់​តែ​ច្រើន»។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១១​នេះ ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ ហ៊ុន​សែន ​បាន​ខឹង​ច្រឡោត​នឹង​បណ្តាញ​ផ្សព្វផ្សាយ​អាមេរិកទាំង​ពីរ​នេះ​រួច​ម្ដង​ហើយ បន្ទាប់​ពី​អ្នក​យក​ព័ត៌មានសំឡេង​សហរដ្ឋ​អាមេរិក​ វីអូអេ ​បាន​ចោទ​សួរ​រូប​លោក​អំពី​សំណុំរឿង​ខ្មែរក្រហម​ ហើយ​លោក​មាន​ប្រសាសន៍​ថា ​លោក​នឹង​ចេញ​ប្រាក់​ខែ​ឲ្យ​ប្រសិន​បើ​ពួក​អ្នក​កាសែត​នៃ​ការ​ផ្សាយ​ទាំង​ពីរ​សុខ​ចិត្ត​ចេញ​ពី​ការងារ​របស់​ពួកគេ។

នៅ​សប្ដាហ៍​ទី​មួយ​នៃ ​ខែ​វិច្ឆិកា​នេះ​ លោកស្រី ​ប៊ុន ​រ៉ានី ​ហ៊ុន​ សែន ​ភរិយា​របស់​លោក​ប្រមុខ​រដ្ឋាភិបាល ​និង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​បាន​ចោទ​ទៅ​លើ​វិទ្យុ​អាស៊ីសេរី​ ថា​បាន​ងាក​ទៅ​រក​ជំនឿ​លើ​ «មនុស្ស​ខូច»។

សម្រាប់​លោក ​មឿន ​ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារពត៌មាន​ ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ នឹង​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ នៅ​​ក្នុង​ការជះ​ឥទ្ធិពល​អាក្រក់​ដល់​បណ្ដាញ​ផ្សព្វផ្សាយ។

"​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ក្មេង​ខ្ចី ​ហើយ​សេរីភាព​សារពត៌មាន​ក៏​មិន​ទាន់​រឹងមាំ​។ ​អញ្ចឹង​យើង​ព្រួយ​បារម្ភ​ថា ​វា​អាច​មាន​ឥទ្ធិពល​ជះ​ទៅ​លើ​អង្គភាព​សារពត៌មាន​ក្នុង​ស្រុក​ គេ​នឹង​មាន​ការភ័យ​ខ្លាច​។ ​ហើយ​នេះ​គឺ​ជា​ការ​ខាតបង់​។ ​ទី​មួយ​គឺ​ខាត​បង់​សម្រាប់​រាជរដ្ឋាភិបាល​ខ្លួន​ឯង ដោយសារ​តែ​រដ្ឋាភិបាល​ក្នុង​សង្គម​ប្រជាធិបតយ្យ ​យើង​ត្រូវ​ការ​ការ​ពិនិត្យ​ពិច្ច័យ​ និង​ការរិះ​គន់​យ៉ាង​ខ្លាំង​បំផុត​ពី​សាធារណជន​ ជា​ពិសេស​អំពី​សារព័ត៌មាន។ ​ដូច្នេះ​បើ​សិន​ជា​អ្នកសារព័ត៌មាន​លែង​ហ៊ាន​ផ្សាយ​អំពី​អ្វី​ដែល​ជា​ព័ត៌មាន​ដែល​ចម្រូង​ចម្រាស់​ ឬ​ជា​ព័ត៌មាន​ដែល​រសើប​នោះ ​សង្គម​នឹង​ខាត​បង់»។

យោង​តាម​របាយការណ៍​របស់​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ​២០១១​បង្ហាញ​ថា​សេរីភាព​សារពត៌មាន​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០១០។ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ការ​រឹត​បន្ដឹង​សេរីភាព​បញ្ចេញ​មតិ​ និង​បន្ត​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ដើម្បី​ផ្តន្ទាទោស​បណ្ដាញ​ផ្សព្វផ្សាយ​ប្រឆាំង។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា ​នៅ​ចុង​ឆ្នាំ​២០១០ ​រដ្ឋាភិបាល​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​រឹត​បន្ដឹង​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ដូច​ជា​ការ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បម្រើ​សេវា​អ៊ីនធឺណែត​ មាន​ទាំង​ក្រុមហ៊ុន​សេវាកម្ម​ទូរសព្ទ័​ផងដែរ​ ឲ្យ​បិទ​ខ្ទប់​គេហទំព័រ​និន្នាការ​គណបក្ស​ជំទាស់ KI-Media​ ជា​ដើម។

លោក ​មឿន ​ឈានណារិទ្ធ ​បាន​ផ្ដល់​យោបល់​ថា ​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​រដ្ឋាភិបាល​មិន​គួរ​រង់ចាំ​ចាប់​កំហុស​ប្រព័ន្ធផ្សព្វផ្សាយ​នោះ​ឡើយ។

«ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ថា ​​មន្ដ្រី​រដ្ឋាភិបាល​ទាំង​អស់​នៅ​ពេល​ដែល​គាត់​ចូល​កាន់​តំណែង ​គាត់​ត្រូវ​តែ​រំពឹង​ទុក​នូវ​ការ​ពិនិត្យ​ពិច្ច័យ​យ៉ាង​ខ្លាំង​រួម​ទាំង​ការរិះគន់​កែលម្អរ​ពី​សាធារណជន​ ជាពិសេស​ពី​សំណាក់​សារព័ត៌មាន​នេះ​ឯង ​ដែល​ជា​តំណាង​ឲ្យ​សំឡេង​សាធារណជន ​ជា​ពិសេស​ពី​សារព័ត៌មាន​នេះ​ឯង។ សារព័ត៌មាន​គួរតែ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ក៏​ដូចជា​ច្បាប់​សារព័ត៌មាន​ក្នុង​ការពិនិត្យ​ពិច្ច័យ​ ក៏​ដូចជា​ការរិះគន់​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ណា​ម្នាក់»។

ដោយឡែក ​លោក​ឯក​ ថា​ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​របស់​ទីស្ដីការ​គណរដ្ឋ​មន្ដ្រី​បាន​ឆ្លើយ​តប​ដោយ​មិន​បង្ហាញ​ការ​កត់​សម្គាល់​ចំៗ​ថា​ ការ​ងុបងុល​ទៅ​នឹង​ការរិះគន់​ មិនមែន​ជា​ចំណុច​ល្អ​របស់​អ្នក​កាសែត​នោះ​ទេ។ ជាពិសេស​លោក​ទំនង​ជា​ចង់​និយាយ​យោង​ទៅ​ដល់​ការផ្សាយ​មួយ​ចំនួន​របស់​សំឡេង​សហ​រដ្ឋអាមេរិក ​និង​អាស៊ីសេរី។ ​លោក​ឯក​ ថា ​​បានរំលឹក​អំពី​ការប្រឹងប្រែង​របស់​កម្ពុជា​បន្ទាប់​ពី​សង្គ្រាម​ដ៏​រាំរ៉ៃ​អស់រយៈពេល​៣​ទសវត្សន៍ ​ឆ្នាំ​កន្លង​មក។

«ការ​ស្ដី​បន្ទោស​រិះគន់​មិន​សម​ហេតុផល​ទេ។ ពួក​គេ​ត្រូវតែ​ពិនិត្យ​លើ​ទស្សន​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ជាង​អវិជ្ជមាន​។ ​អ្នក​កាសែត​តែងតែ​គិត​ថា ​ពត៌មាន​ដែល​អាក្រក់ ​គឺ​ជា​ពត៌មាន​ដែល​អ្នក​ស្ដាប់​ អ្នក​អាន​ ចង់​មើល។ នេះ​មិនមែន​ជា​ទស្សនៈ​ល្អ​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស​ របស់​អង្គការ​អាដហុក ​យល់​ថា ​សេចក្ដីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន ​កាល​ពី​សប្ដាហ៍​មុន​មាន​ចរិត​គម្រាម​កំហែង​ដោយ​ប្រយោល​ទៅ​អ្នក​ព័ត៌មាន។

«ប្រមុខ​រដ្ឋ​មួយ ​ឬ​ក៏​អ្នក​ដែល​មាន​អំណាច ​មិន​អាច​លើក​យក​ពាក្យ​អញ្ចឹង​មក​និយាយ​ជា​សាធារណៈ​ទេ។ ​បើ​សិន​ជា​គាត់ ​មិន​ពេញ​ចិត្ត​នៅ​ក្នុង​ប្រការ​ណា​មួយ​ គាត់​ត្រូវ​តែ​ចាំបាច់​ ត្រូវតែ​ធ្វើ​ការ​កែ​លម្អតាម​រយៈ​របប​សាព័ត៌មាន​មួយ​នោះ ​ក៏ប៉ុន្តែ​ដល់​តែ​ពេល​ ដែល​គាត់​លើ​យក​មក​និយាយ​ក្នុង​សាធារណៈ ​វា​ជា​លក្ខណៈ​គំរាមកំហែង​ហើយ»។

នៅ​កម្ពុជា​មាន​ព័ត៌មាន​បោះពុម្ព​ផ្សាយ​ចំនួន​ជាង​៥០០ ​នៅក្នុង​នោះ​មាន​តែ​សារព័ត៌មាន ​និង​ទស្សនាវដ្ដី​តិចតួច​តែ​ប៉ុណ្ណោះ​ ដែល​ចេញផ្សាយ​ជា​ទៀងទាត់។ សារព័ត៌មាន​ប្រឆាំង​មាន​ចំនួន​តិចតួច​បំផុត ​និង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ជា​ខ្លាំង។ ​ដោយឡែក​បណ្ដាញ​ផ្សព្វផ្សាយ​តាម​រលកធាតុ​អាកាស​នៅ​ក្នុង​ស្រុក​ភាគ​ច្រើន​គឺ​វិទ្យុ ​និង​ទូរទស្សន៍​ត្រូវ​កត់​សម្គាល់​ថា ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។

លោក​ចាន់​ សាវ៉េត ​មាន​ប្រសាសន៍​ថា ​ការ​ផ្ដល់​ព័ត៌មាន​ពិត ​នៅ​មាន​កម្រិត​ទាប​ និង​ប្រជាពលរដ្ឋ​ពិបាក​ទទួល​ព័ត៌មាន​គ្រប់ៗ ​ជ្រុង​ជ្រោយ ​ពី​រដ្ឋាភិបាល។

កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០១០ ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ​លោក​សុខ ​សេរី​ ទទួល​រង​ការចោទ​ប្រកាន់​ដោយ​តុលាការ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​ការចោទប្រកាន់​ ពី​បញ្ហា​ពុករលួយ​មួយ​នៅ​ក្នុង​សហគម​ខ្មែរ​អ៊ីស្លាម​ក្នុង​ខេត្ត​តាកែវ។ ​អ្នក​កាសែត​ពីរ​នាក់​ទៀត​ ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ឆ្នាំ​ដដែល​នោះ ​គឺ​លោក ​ហង្ស​ ចក្រា​ និពន្ធ​នាយក​កាសែត​ប្រឆាំង ​ខ្មែរម្ចាស់ស្រុក​ និង​លោក​រស់ សុឃិត​ អ្នក​សរសេរ​ព័ត៌មាន​សេរី។ ​ដោយឡែក​និពន្ធ​នាយក​កាសែ​ត​ខ្មែរអមត​ទទួល​រង​ការពិន័យ​បន្ទាប់​ពី​ការ​ផ្សាយ​លើ​អំពើ​ពុករលួយ។

ចំណាត់​ថ្នាក់​ផ្នែក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១១៧ ​នៅ​ឆ្នាំ ​​២០០៩​ មក​ដល់​ចំណាត់​ថ្នាក់​ទី​១២៨ ​នៅ​ឆ្នាំ​២០១០។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​យក​ពត៌មាន​គ្មាន​ព្រំដែន។ ​របាយការណ៍​ដែល​តាម​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​​លើ​ពិភពលោក​លើ​ប្រទេសចំនួន​១៧៨ ​។

មាន​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ឯករាជ្យ​ តិចតួច​ជា​ភាសា​អង់គ្លេស​ ដែល​វិនិយោគ​ដោយ​បរទេស​ផ្ទាល់​ គឺ​កាសែត​ The Cambodia Daily​ និង​កាសែត​ Phnom Penh Post ​ដែល​មាន​ភាសាខ្មែរ​អម​ផង​ដែរ។

យោងតាម​របាយការណ៍​របស់​អង្គការ ​Freedom House ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​រួម​ទាំង​វិទ្យុ​ឯករាជ្យ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​តូច​ទៀត ​មិន​ត្រូវ​រដ្ឋាភិបាល​ដាក់​កម្រិត​បាន​ឡើយ។

លោក ​សុន ​ឆ័យ ​តំណាងរាស្ដ្រ​ដែល​សំបូរ​វោហាហ៍​របស់​គណបក្ស​ជំទាស់​សម ​រង្ស៊ី​ បាន​កត់សំគាល់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ដិតដាម​ដោយ​ការដឹកនាំ​បែប​ទសវត្សន៍​​ទី​៨០​ នៅ​ឡើយ​ នោះ​គឺ​របត់​ដឹកនាំ​បែប «សង្គម​និយម»។

តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​ដដែល​ បាន​សម្ដែង​ការព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​បន្ទាប់​ពី​សេចក្ដីថ្លែង​ការណ៍​ជាសាធារណៈរបស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន។

«យើង​បារម្ភ​ថា ​ការ​រិះគន់​ដោយ​ផ្ទាល់​នេះ ​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​យក​ព័ត៌មាន​ នៅ​ខាង​វិទ្យុ​ទាំង​ពីរ​ហ្នឹង​ផង! បារម្ភ!"។

លោក សុន ​ឆ័យ ​រំលឹក​ថា​ មាន​តំណាងរាស្ដ្រ​មួយ​ចំនួន​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការបិទ​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​និង​វិទ្យុ​អាស៊ីសេរី​ ពី​ប្រពន្ធ័ផ្សាយ​បន្ដ​តាម​រលកធាតុ​អាកាស​អេហ្វអឹម​ (FM) កាល​ពី​ពេល​មុន។ ​លោក​ សុន​ ឆ័យ ​បន្ដ​ថា ​ជា​ទម្លាប់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ចូលចិត្ត​ការ​លើក​សរសើរ​ ជាង​ការ​រិះគន់​​លើ​​កំហុស​​របស់​ខ្លួន។

«បើ​វិទ្យុ​ទាំង​ពីរ​នេះ ​គឺ​គាត់​ផ្សាយ​ព័ត៌មាន​ គេ​ហៅ​ថា​មាន​តុល្យភាព​ ហើយ​ព័ត៌មាន​ដោយ​មិន​ប្រកាន់​។ ​ខ្ញុំ​ថា​ជា​ការ​មិន​គប្បី​ទេ​ យើង​ជា​អ្នក​ដឹកនាំ​ប្រទេស ​ចាំបាច់​ទទួល​យក​ការិះគន់​ខ្លះ​ ហើយ​មិន​ត្រឹមត្រូវ​យើង​មាន​វិធានការ​ផ្សេង​ៗ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ឯក​ ថា ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដី​ការគណៈរដ្ឋ​​មន្ដ្រី ​ជំរុញ​ឲ្យ​មាន​ការផ្សាយ​ផ្នែក​វិជ្ជមាន​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន​សម្រាប់​ជា​ប្រយោជន៍​វិស័យ​សេដ្ឋកិច្ច។

«រាជរដ្ឋាភិបាល ​បាន​សម្រេច​សមិទ្ធិផល​ច្រើន​ណាស់ ​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ។ អីញ្ចឹង​ ខ្ញុំ​ចង់​ឲ្យ​ឃើញ​សាព័ត៌មាន​ដើរ​តួនាទី​សំខាន់​បន្ថែម​ទៀត​ផ្សាយ​ទៅ​លើ​ការពិត​ ទៅ​លើ​ការអភិវឌ្ឍ​របស់​ប្រទេស ​ដើម្បី​បង្កើន​ការ​នាំ​អង្គរ​ចេញ​ជាដើម»។

យ៉ាង​ហោច​ណាស់​មាន​អ្នក​សារពត៌មាន​ចំនួន​១២​នាក់​ ដែល​បាន​រាយការណ៍​អំពី​ចំណុច​អវិជ្ជមាន​ នៅ​ក្នុង​ប្រទេស​ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​រួម​ទាំង​ការ​គំរាម​កំហែង​របស់​មន្ដ្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ត្រូវ​បាន​បាញ់​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៤​មក។ ​លោក ​ខឹម ​សំបូរ​ អ្នក​កាសែត​ជំទាស់​មនសិការខ្មែរ​ត្រូវ​បាញ់​សម្លាប់​ ជាមួយ​កូន​ប្រុស​របស់​គាត់​កាល​ខែ​កក្កដា ​ឆ្នាំ ​២០០៨ ​គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ការបោះឆ្នោត​តំណាងរាស្រ្ដ។ រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!