VOA News: ព័ត៌មាន: “នៅក្នុងសវនាការ ពេញអង្គ នួន ជា បដិសេធការសម្លាប់មនុស្ស” plus 3 more |
- នៅក្នុងសវនាការ ពេញអង្គ នួន ជា បដិសេធការសម្លាប់មនុស្ស
- អតីតគណៈឃុំខ្មែរក្រហមសារភាពថាមានការសម្លាប់
- ញាតិសន្តានចូលរួមពិធីប្រារព្ធខួបគម្រប់មួយឆ្នាំនៃឧបទ្ទវហេតុរត់ជាន់គ្នា
- ព័ត៌មានអន្តរជាតិ៖ ២២ វិច្ឆិកា
នៅក្នុងសវនាការ ពេញអង្គ នួន ជា បដិសេធការសម្លាប់មនុស្ស Posted: 22 Nov 2011 08:25 AM PST អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា នៅថ្ងៃអង្គារនេះថា បានទាត់ចោលការចោទប្រកាន់របស់សហព្រះរាជអាជ្ញាលើរូបខ្លួន ក៏ប៉ុន្ដែបានទទួលស្គាល់ពីផែនការជម្លៀសប្រជាពលរដ្ឋកម្ពុជាសម្រាប់បំពេញមហិច្ឆតាពង្រីកវិស័យកសិកម្ម។ នៅក្នុងសេចក្ដីថ្លែងការណ៍តបជាមួយនឹងសហព្រះរាជអាជ្ញានៅល្ងាចនេះ អតីតប្រធានសភាខ្មែរក្រហមអាយុ ៨៥ឆ្នាំន បានអះអាងថា គាត់បានតស៊ូសម្រាប់ផលប្រយោជន៍កម្ពុជា។ «ចំពោះអ្វីទាំងប៉ុន្មានដែលបានចោទនោះសុទ្ធតែជារឿងមិនពិត។ គោលជំហរបស់ខ្ញុំក្នុងបដិវត្តន៍គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ គឺមិនមែនកាប់សម្លាប់ប្រល័យពូជសាសន៍ស្អីនោះទេ»។ សហព្រះរាជអាជ្ញាទាំងពីររូបគឺ លោកស្រី ជា លាង និងលោក អេនឌ្រូ ខេលី បានទទូចនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ និងនៅថ្ងៃអង្គារនេះដើម្បីបើកការកាត់ទោសលើសំណុំរឿង ០០២ ពីការទទួលខុសត្រូវរបស់ជនជាប់ចោទទាំងបីនាក់ ដែលត្រូវបាននាំខ្លួនមកកាត់ទោសក្នុងនោះមាននួន ជា ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស។ ពួកគេត្រូវបានចោទថាមានការទទួលខុសត្រូវចំពោះការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងអំឡុងដែលពួកគេកាន់កាប់អំណាច។ ក្នុងនោះពួកគេបានបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន បង្អត់អាហារ បង្ខំឲ្យធ្វើការជាទំងន់ បង្ខំឲ្យរៀបការ និងការចេតនាបោសសម្អាតជនជាតិចាម និងជនជាតិវៀតណាមជាដើម។ ក្នុងសេចក្ដីថ្លែងការណ៍ដែលគាត់អានលើក្រដាសស្ទើរតែមិនងើបមុខ នួន ជា ចាត់ទុកថា ការចោទទៅលើរូបគាត់គ្រាន់តែជាផ្នែកមួយ នៃព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ «ខ្ញុំគិតថា តុលាការនេះមានភាពមិនយុត្តិធម៌ សម្រាប់ខ្ញុំតាំងពីដើមដំបូងមកម្លេះ ដោយហេតុថាយកតែបញ្ហាមួយចំណែកតែប៉ុណ្ណោះ មកជំនុំជម្រះ។ ខ្ញុំសូមនិយាយថា សត្វក្រពើខ្លួនទាំងមូល គេយកតែខ្លួនមកនិយាយ តែមិនយកក្បាល ហើយនឹងកន្ទុយ ដែលជាចំណែកសំខាន់ ក្នុងការបម្រើដល់សកម្មភាពរាល់ថ្ងៃរបស់វា ឬក្នុងន័យម្យ៉ាងទៀតគឺថាឬសគល់របស់វាគឺជាអ្វី ដែលពីមុនឆ្នាំ១៩៧៥ និងក្រោយឆ្នាំ១៩៧៦»។ យ៉ាងណាក៏ដោយ នួន ជា ដែលគេជឿថា ជាមេមនោគមវិជ្ជានៃរបបខ្មែរក្រហម បានទទួលស្គាល់ថា ក្រុមមេដឹកនាំខ្មែរក្រហមបានរៀបចំគោលនយោបាយរួចជាស្រេចនៅពាក់កណ្ដាលឆ្នាំ១៩៧៤ ក្នុងការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុង និងទីលំនៅដ្ឋានរបស់ពួកគេដើម្បីតាមដានចលនារបស់ប្រទេសវៀតណាមដែលគាត់ចោទថា វៀតណាមចង់លេបត្របាក់ប្រទេសកម្ពុជានៅពេលនោះ។ «ដោយមានមូលហេតុទាំងប៉ុន្មានដែលពោលពីខាងលើ យ៉ាងនេះ អង្គប្រជុំបានធ្វើសេក្តីសម្រេចចិត្តជាឯកឆ្ឆន្ធថា៖ ទី១ ក្នុងករណីដែលទីក្រុងភ្នំពេញបានរំដោះ យើងត្រូវជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តជាបណ្តោះអាសន្នដើម្បីតាមដានពិនិត្យសភាពការណ៍មួយរយៈសិនជាពិសេស ពិនិត្យសកម្មភាពជាក់ស្តែរបស់វៀតណាម។ ទី២ផ្អាកការចាយលុយបណ្តោះអាសន្នសិន បង្កបង្កើនផល តើដំណើរការទៅជាយ៉ាងណា។ ទាល់តែការបង្កបង្កើនផល ពិសេសបញ្ហាធ្វើស្រែបានទទួលផលល្អ ទើបទទួលបានរឹងមាំក្នុងការធារនាដល់តម្លៃលុយរបស់យើង»។ សំណុំរឿង០០២ មានជនជាប់ចោទចំនួនបួននាក់ ក៏ប៉ុន្តែអៀង ធីរិទ្ធ អតីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ត្រូវអង្គជំនុំជម្រះសាលាដំបូងសម្រេចថា គាត់មិនមានសម្បទាល្អគ្រប់គ្រាន់នៅក្នុងការចូលរួមការកាត់ទោសនេះទេ។ នៅក្នុងសេចក្ដីសន្និដ្ឋានពីការចោទប្រកាន់របស់ខ្លួននៅថ្ងៃនេះ សហព្រះរាជអាជ្ញាបរទេសលោក អេនឌ្រូ ខេលី បានបង្ហាញភស្ដុតាងមួយម្ដងៗ យ៉ាងលម្អិតពីការជាប់ពាក់ពន្ធ័នឹងការទទួលខុសត្រូវ និងបញ្ជារបស់មេដឹកនាំខ្មែរក្រហមទាំងបីនាក់នេះ ដែលនាំឲ្យមានការចាប់ខ្លួន ការបោសសម្អាតប្រជាជន។ លោក អេនឌ្រូ ខេលី បានទទូចថា ត្រូវតែមានការលាតត្រដាងទោសកំហុសពីមេដឹកនាំទាំងបីនេះដើម្បីឲ្យជនរងគ្រោះអស់ចិត្ត៕ This posting includes an audio/video/photo media file: Download Now |
អតីតគណៈឃុំខ្មែរក្រហមសារភាពថាមានការសម្លាប់ Posted: 22 Nov 2011 08:53 AM PST អតីតគណៈឃុំម្នាក់របស់ខ្មែរក្រហមអះអាងថា មានបញ្ជាឲ្យមានការសម្លាប់ប្រជាពលរដ្ឋដែលល្មើសនឹងវិន័យរបស់អង្គការ។ លោក ឈឹម ផាន អាយុ៧២ឆ្នាំ អតីតគណៈឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ខ្លួនបានទទួលបញ្ជាពីថ្នាក់លើឲ្យសម្លាប់សង្សារមួយគូ ដែលបានលួចស្រឡាញ់គ្នាខុសនឹងវិន័យរបស់អង្គការ។ មានរូបរាងស្គមស្តើងបន្តិច សម្បុរស្រឡែម លោក ឈឹម ផាន បានចូលរួមស្តាប់សវនាការ អង្គជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០២ អស់រយៈពេលចំនួនពីរថ្ងៃមកហើយ។ ថ្វើបើលោក ឈឹម ផាន មិនដែលបានឃើញមុខមាត់ពិតរបស់មេដឹកនាំខ្មែរក្រហមបីរូបក៏ដោយ ក៏លោកបាននិយាយថា លោកបានធ្លាប់បានឮសំឡេងមេដឹកនាំខ្មែរក្រហមទាំងបីរូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយលោកក៏ធ្លាប់ទទួលបញ្ជាពីថ្នាក់លើឲ្យសម្លាប់មនុស្សផងដែរ ក៏ប៉ុន្តែលោកបានសម្លាប់បានតែពីរនាក់តែប៉ុណ្ណោះ។ លោក ឈឹម ផាន បាននិយាយថា លោកសប្បាយចិត្តនឹងលាតត្រដាងមុខមាត់ពិតអំពីរបបប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម ហើយលោកក៏ចង់ឲ្យមេដឹកនាំខ្មែរក្រហម និយាយការពិតនៅក្នុងអង្គសវនាការដែរ។ «បាទគឺថា ខ្ញុំមកនេះគឺសប្បាយចិត្តបានបង្ហាញខ្លួនយើងឲ្យច្បាស់លាស់បាទពីព្រោះយើងមិនមែនធ្វើដោយខ្លួនយើងទេ គេបញ្ជាឲ្យយើងធ្វើ»។ របបគ្រប់គ្រងដោយពួកខ្មែរក្រហមបានធ្វើឲ្យមនុស្សស្លាប់ប្រហែល១លាន៧សែននាក់ ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និងជំងឺរាំរ៉ៃ។ អ្នកដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលរួមមាន នួន ជា អតីតប្រធានរដ្ឋសភា អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងខៀវ សំផន អតីតប្រមុខរដ្ឋ ត្រូវបានសាលាក្តីខ្មែរក្រហម នាំយកមកកាត់ទោសឈានដល់ថ្ងៃទី២ហើយ។ កំពុងអង្គុយមើលការកាត់ទោសតាមរយៈកញ្ចក់ទូរទស្សន៍ តាមរយៈការផ្សាយបន្តផ្ទាល់នៅក្រៅបន្ទប់ អង្គសវនាការ លោកប៊ូ ម៉េង អ្នករស់រានមានជីវិតមួយរូប ពីមន្ទីរឃុំឃាំគុកទួលស្លែង បាននិយាយថា ពួកអតីតមេដឹកនាំខ្មែរក្រហមត្រូវតែបង្ហាញការពិត អំពីការកាប់សម្លាប់រង្គាល នៅក្នុងរបបខ្មែរក្រហម។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើពួកខ្មែរក្រហមនិយាយការពិត លោកនឹងសប្បាយចិត្ត។ «ស្វែងរកការពិត និយាយឲ្យពិត។ អ្នកចុងចោទហ្នឹងក៏ដោយ មេខ្មែរក្រហមហ្នឹងក៏ដោយនិយាយអីឲ្យពិត។ អ្នកណានៅពីក្រោយខ្នង អ្នកណាអ្នកបញ្ជា ត្រូវនិយាយឲ្យអស់ ហើយបើយើងលាក់លៀម ការលាក់លៀមហ្នឹងហើយ ដែលធ្វើឲ្យប្រជាជនយើង កម្ពុជាយើង គ្រោះថ្នាក់ទៅថ្ងៃក្រោយ»។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យមួយរូប ដែលបានចូលរួមស្តាប់អង្គសវនាការបាននិយាយថា ដំណើរការកាត់ទោសរបស់តុលាការអស់រយៈពេលពីរថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅយ៉ាងល្អ ក៏ប៉ុន្តែប្រភពព័ត៌មាន ដែលត្រូវបានលាតត្រដាងនៅក្នុងអង្គសវនាការ ភាគច្រើនបានមកពីការស្រាវជ្រាវរបស់បរទេស។ «តាមគោលការណ៍តុលាការ អាចយកជាភស្តុតាងបានឬ មិនបាន ពីព្រោះ នេះបន្តទៅទៀត ហើយគួរតែរកសាក្សីឲ្យបានច្រើន សក្ខីភាពផ្ទាល់តែម្តង»។ លោកអនុសេនីយត្រី ឈាង សុខា អាយុ៣៧ឆ្នាំ មន្ត្រីប៉ូលីស ដែលកំពុងសិក្សានៅសាលារាជបណ្ឌិតសភានគរបាល បាននិយាយថា ការលើកឡើងនៅក្នុងអង្គសវនាការ របស់សហព្រះរាជអាជ្ញាបរទេសគឺលោក អាន់ឌ្រូ ខាលី (Andrew Cayley) បានធ្វើឲ្យលោកមានជំនឿថា អ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមគឺជាការពិត៕ This posting includes an audio/video/photo media file: Download Now |
ញាតិសន្តានចូលរួមពិធីប្រារព្ធខួបគម្រប់មួយឆ្នាំនៃឧបទ្ទវហេតុរត់ជាន់គ្នា Posted: 22 Nov 2011 10:02 AM PST ញាតិសន្តានពោរពេញដោយទឹកភ្នែកជាច្រើនរាប់រយនាក់បានមកប្រមូលផ្តុំគ្នាប្រារព្វខួបមួយឆ្នាំនៅថ្ងៃអង្គារនេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់៣៥៣នាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងញាតិសន្តានអ្នកស្លាប់ បានអុចទាន ធូក និងដាច់បាច់ផ្កា ផ្លែឈើ និងនំចំណីនៅជើងស្តូបថ្មីសម្រាប់ចងចាំ និងគោរពដល់វិញ្ញាណក្ខន្ធមនុស្សចំនួន៣៥៣នាក់ ដែលបានស្លាប់ដោយការរត់ជាន់គ្នានៅលើស្ពានពេជ្រកាលពីឆ្នាំកន្លងទៅ។ ស្តូបសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ថ្មីមួយដែលបានកសាងនៅជាប់គល់ស្ពានពេជ្រត្រូវបានបើកសម្ពោធជាមួយនឹងការប្រារព្វខួបមួយឆ្នាំដោយមានព្រះសង្ឃព្រះពុទ្ធសាសនាចំនួន៣៥៣អង្គ។ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីការប្រារព្វពិធីថា ស្តូបដើម្បីចងចាំចំពោះជនរងគ្រោះលើស្ពានពេជ្រនេះបានស្ថាបនាឡើងក្នុងតម្លៃ១សែន២ម៉ឺនដុល្លារអាមេរិក ហើយការរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ «យើងគិតថានេះ ជា[ឧបទ្ទវហេតុ]មួយ ដែលយើងត្រូវចងចាំ។ ជារឿងដែលកើតឡើងនៅទីក្រុងភ្នំពេញដើម្បីកត់សម្គាល់ផង និងដើម្បីចងចាំផង។ អញ្ចឹងស្តូបនេះធ្វើឡើងដើម្បីការចងចាំចំពោះអ្នករងគ្រោះទាំងអស់។ យើងត្រូវតែសោកស្តាយ។ យើងត្រូវតែចងចាំជនរួមជាតិរបស់យើងដែលទទួលរងគ្រោះថ្នាក់។ យើងត្រូវតែមានការសោកស្តាយ»។ លោក អ៊ុង សំអឿន អាយុ៥២ឆ្នាំ នៅខណ្ឌចំការមន បានបញ្ជាក់ថា នៅពេលលោករំលឹកអំពីព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ លោកនៅតែមានការភ័យរន្ធត់ចំពោះការស្លាប់កូនស្រីអាយុ១៨ឆ្នាំរបស់លោក។ «ខ្ញុំមិនដែលហ៊ានមកទីនេះទេ។ ខ្ញុំទើបតែមកថ្ងៃនេះត្រូវមកទីនេះ។ នៅពេលខ្ញុំមកដល់កន្លែងនេះ ខ្ញុំនឹកឃើញថាខ្ញុំមានចិត្តរន្ធត់ មានការសង្វែក សោកស្តាយបំផុត ដែលកូនបានបាត់បង់ជីវិតនៅកន្លែងនេះ។ ខ្ញុំជិះម៉ូតូ។ ក៏ខ្ញុំមិនដែលជិតកាត់កន្លែងនេះដែរ។ ខ្ញុំសុខចិត្តជិតម៉ូតូវៀង។ នៅពេលមានវិធីខួបមួយឆ្នាំនេះ ខ្ញុំមកទីនេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់កូនដែលបានចែកឋានទៅឱ្យជាតិក្រោយឱ្យបានអាយុវែងចំពោះកូនខ្ញុំ និងអ្នកទាំងអស់ដែលបានស្លាប់»។ អ្នកស្រី ង៉ែត ពៅ អាយុ៦០ឆ្នាំ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានរំលឹកថាអ្នកស្រីបានដើរស្វែងរកកូនពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ ហើយបន្ទាប់មកអ្នកស្រីបានរកឃើញសពកូនស្រីមួយ នៅមន្ទីរពេទ្យរុស្ស៊ី និងសពកូនស្រីមួយទៀតនៅមន្ទីរពេទ្យព្រះកុសមៈ ហើយសពចៅស្រីនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ «ខ្ញុំនឹកឃើញកូនគ្រប់បែបយ៉ាងទាំងអស់ និងអាណិតនឹកឃើញកូនថាមកដើរលេងសប្បាយ ប៉ុន្តែបែរជាគ្រោះថ្នាក់ដល់អាយុជីវិតទៅវិញ»។ អ្នកស្រី ធូ វឿន អាយុ៥១ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងពីការឈឺចាប់ចំពោះការស្លាប់កូនប្រុសរបស់អ្នកស្រីយ៉ាង ដូច្នេះថា ៖ «ខ្ញុំតាំងពីជិតដល់ខួបមួយឆ្នាំរបស់គេហ្នឹង។ ខ្ញុំឈឺរហូតបាយទឹកមិនបាននឹកកូនរហូត។ កូនខ្ញុំល្អណាស់។ គាត់រៀនមិនដែលឱ្យខ្ញុំពិបាកទេ។ វាមិនគួរណាកូនខ្ញុំអាយុខ្លីទេ។ គាត់មិនដែលដើរលេងទៅណាទេ ហើយយប់ហ្នឹង គាត់មកដើរលេងជាមួយមិត្តភក្តិប្រាំនាក់របស់គាត់ ហើយស្លាប់ពីរនាក់ទាំងកូនខ្ញុំ នៅរស់បីនាក់»។ លោក ធូ សារី អាយុ៣០ឆ្នាំ នៅស្រុកល្វាឯម ខេត្តកណ្តាល បានរំលឹកថាលោកមានសំណាងរស់រានមានជីវិតពីការស្លាប់រត់ជាន់គ្នានៅលើស្ពានពេជ្រ ប៉ុន្តែភរិយារបស់លោកមិនមានសំណាងដូចរូបលោកទេ។ លោកបានរៀបរាប់ថា លោកបានបែកពីភរិយារបស់លោកនៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានោះ ដោយលោកជាប់លីកូននៅលើស្មានិងមិនបានកាន់ដៃភរិយារបស់លោកទេ។ «ខ្ញុំនិយាយពីព្រឹត្តិការណ៍រត់ជាន់គ្នានេះ។ វាតក់ស្លុតមែនទែន។ ខ្ញុំមិនដែលជួបប្រទះព្រឹត្តិការណ៍បែបហ្នឹង។ នៅពេលខ្ញុំជួបប្រទះព្រឹត្តិការណ៍អញ្ចឹង ខ្ញុំមានអារម្មណ៍ភ័យតក់ស្លុត។ សូម្បីតែរាល់ថ្ងៃ ខ្ញុំចងចាំ និងបំភ្លេចមិនបានក្នុងហេតុការណ៍នោះ»។ អ្នកស្រី តឹក សំអាត អាយុ៤០ឆ្នាំ នៅខណ្ឌដង្កោ បាននិយាយថា អ្នកស្រីមានចិត្តអាណិត និងសោកស្តាយកូនដែលបានស្លាប់ទៅទោះបីប្រាក់ប៉ុន្មាន អ្នកស្រីមិនចង់បានទេ តែអ្នកស្រីចង់បានតែកូនប៉ុណ្ណោះ។ អ្នកស្រីមានការរន្ធត់ចំពោះដំណឹងអំពីការស្លាប់កូន។ ក្រោយការស្លាប់ អាជ្ញាធរបានហៅអ្នកស្រីឱ្យមកទទួលអំណោយជាប្រាក់របស់សម្តេច។ «ខ្ញុំបានចូលមកមើលកន្លែងនេះមួយភ្លេត ហើយខ្ញុំនឹកឃើញស្ពានហ្នឹងខឹង។ ខ្ញុំខឹងថា វាមិនមែនមានឧបទ្ទវហេតុអញ្ចឹង»។ ពិធីបុណ្យអ៊ុំទូកប្រចាំឆ្នាំរបស់កម្ពុជា បានបញ្ចប់ទៅដោយសោកនាដកម្មកាលពីឆ្នាំ២០១០ នៅពេលហ្វូងមនុស្សច្រើនកកកុញ ភ័យស្លន់ស្លោរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រដែលភ្ជាប់ដីកោះជាមួយដីគោក។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅឧបទ្ទវហេតុនេះថា ជាសោកនាដកម្មដ៏ធំធេងបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល៣១ឆ្នាំ ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំ។ កម្ពុជាបានផ្តល់ជំនួយជាប្រាក់ជាង១ម៉ឺនដុល្លារអាមេរិកសម្រាប់សពនីមួយៗ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ២២ វិច្ឆិកា Posted: 21 Nov 2011 11:09 PM PST ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ក្រុមព្រះរាជអាជ្ញានិយាយថា អតីតមេដឹកនាំខ្មែរក្រហមបីនាក់ដែលត្រូវកាត់ក្តីពីបទសម្លាប់ប្រល័យពូជសាសន៍និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា មាន «ការត្រួតត្រាទាំងស្រុង» នៅក្នុងប្រទេសក្នុងរយៈពេលនៃការគ្រប់គ្រងប្រកបដោយមហាភ័យរបស់ពួកនេះក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ សហព្រះរាជអាជ្ញា Andrew Cayley បាននិយាយនៅថ្ងៃអង្គារនេះថា អតីតមេដឹកនាំខ្មែរក្រហមចាស់ជរា និងមានជំងឺទាំងបីនាក់នេះជាអ្នកសម្របសម្រួល «ទីវាលពិឃាត» ប្រកបដោយការបង្ហូរឈាមដែលបានបណ្តាលឱ្យមនុស្សរហូតដល់២លាននាក់បាត់បង់ជីវិត។ អេហ្ស៊ីព៖ ពួកសកម្មជនអេហ្ស៊ីពបានអំពាវនាវឱ្យមានមហាបាតុកម្មនៅថ្ងៃអង្គារនេះដើម្បីទាមទារឱ្យពួកអ្នកគ្រប់គ្រងយោធារបស់ប្រទេសប្រគល់អំណាចឱ្យអាជ្ញាធរស៊ីវិលមួយនៅពេលដែលមានភាពមិនច្បាស់លាស់ច្រើនទ្បើងៗអំពីការបោះឆ្នោតសភាដែលមានកំណត់នឹងចាប់ផ្តើមធ្វើនៅសប្តាហ៍ក្រោយ។ លីប៊ី៖ លោក Abdurrahim el-Keib នាយករដ្ឋមន្ត្រីអន្តរកាលនៃប្រទេសលីប៊ីប្រុងប្រៀបតែងតាំងគណៈរដ្ឋមន្ត្រីថ្មីមួយដែលនឹងគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំក្រោយដែលនៅពេលនោះរដ្ឋាភិបាលនេះគ្រោងនឹងរៀបចំការបោះឆ្នោតលើកទីមួយរបស់ប្រទេសចាប់តាំងពីការបណ្តេញអ្នកកាន់អំណាចផ្តាច់ការ Moammar Gadhafi ចេញពីអំណាចកាលពីខែសីហាមក។ ស៊ិរី៖ ប្រេសិតនៃប្រទេសស៊ីរីប្រចាំអ.ស.ប.បានរិះគន់យ៉ាងខ្លាំងដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយដោយប្រទេសអាល្លឺម៉ង់ដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាតអ.ស.ប.ដែលថ្កោលទោសការបង្ក្រាប៨ខែលើបាតុកម្មរបស់ក្រុមប្រឆាំង។ សរអា៖ គណៈកម្មាធិការពិសេសរបស់សភាស.រ.អ.ដែលមានកាតព្វកិច្ចរកវិធីដើម្បីកាត់បន្ថយឱនភាពសហព័ន្ធចំនួន១,២លានលានដុល្លារក្នុងទសវត្សរ៍ខាងមុខ គ្មានជោគជ័យទេ ក្នុងការធ្វើឱ្យមានកិច្ចព្រមព្រៀងមួយ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> គុយបា ៖ រដ្ឋាភិបាលគុយបានឹងអនុញ្ញាតិឲ្យកសិករលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅឲ្យសណ្ឋាគារនិងសហគ្រាសទេសចរណ៍ផ្សេងៗទៀតនៅក្រោមនយោបាយថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ។ ចិន ៖ មន្រ្តីសេដ្ឋកិច្ចកំពូលចិនម្នាក់ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលនៃការចរចារជាមួយប្រតិភូសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលម៉ិញក្នុងទីក្រុង Chengdu ភាគនារតីប្រទេសចិន។ សហរដ្ឋអាមេរិក ៖ កិច្ចខិតខំប្រឹងប្រែងរបស់សភាចុងក្រោយបង្អស់ដើម្បីកាត់បន្ថយបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទំនងជាបញ្ចប់ដោយបរាជ័យ។ អេហ្ស៊ីព ៖ ពួកមន្រ្តីអេហ្ស៊ីបនិយាយថា ការប៉ះទង្គិចគ្នារយៈពេល៣ថ្ងៃរវាងប៉ូលីសនិងបាតុករនិយមលទ្ធិប្រជាធិបតេយ្យបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរនៅទូទាំងប្រទេសជាតិ។ អ៊ីរ៉ង់ ៖ ប្រទេសលោកខាងលិចកំពុងបង្កើនការកៀបសង្កត់ខាងសេដ្ឋកិច្ចប្រឆាំង អ៊ីរ៉ង់នៅក្នុងការឆ្លើយតបដល់ការព្រួយកង្វល់របស់អន្តរជាតិថារដ្ឋាភិបាលទីក្រុង តេរ៉ង់កំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក ៖ ប៉ូលីសក្នុងទីក្រុងញូយ៉កបានចាប់ខ្លួនបុរសម្នាក់ដែលពួកគេនិយាយថាមានផែនការវាយប្រហារការិយាល័យប្រៃសណីយ រថយន្តប៉ូលីសនិងទាហានដែលវិលត្រឡប់មកពីបម្រើការងារនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។ ស៊ីរី ៖ ពួកជនប្រដាប់អាវុធក្នុងតំបន់ខាងជើងស៊ីរីបានបាញ់ប្រហារកាលពីថ្ងៃច័ន្ទទៅលើក្បួនរថយន្តក្រុងដែលដឹកធម្មយាត្រាជាតិតួកគីដែលវិលត្រឡប់មកពីបុណ្យអ៊ីស្លាម Hajj នៅអារ៉ាប់ ប៊ីសាអូឌីតដោយធ្វើឲ្យមនុស្ស២នាក់រងរបួស៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |