VOA News: ព័ត៌មាន |
អ្នកភូមិបឹងកក់១៣នាក់ត្រូវបានដោះលែង Posted: 27 Jun 2012 08:52 PM PDT ក្រុមអ្នកភូមិបឹងកក់ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលបានចូលរួមនៅក្នុងអង្គសវនាការសាលាឧទ្ធរណ៍ បានស្រែកដោយក្តីរំភើបរីករាយព្រមៗគ្នា ខណៈពេលដែលប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានសម្រេចដោះលែង អ្នកភូមិបឹងកក់ចំនួន១៣នាក់ឲ្យមានសេរីភាពឡើងវិញ។ លោក សេង ស៊ីវុត្ថា ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលដីកានៃសាលាដំបូងចំពោះករណីអ្នកភូមិបឹងកក់ចំនួន១៣នាក់។ ក៏ប៉ុន្តែលោកបានសម្រេចបន្ធូរបន្ថយទោសអ្នកភូមិបឹងកក់ទាំង១៣នាក់ ពីការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងប្រាំមួយខែមកនៅត្រឹមមួយខែ បីថ្ងៃវិញ។ លោកបានមានប្រសាសន៍ទៀតថា ដោយផ្អែកលើអាយុកាលនៃការចាប់ឃុំខ្លួន រយៈពេលមួយខែ នឹងបីថ្ងៃ ជនជាប់ចោទទាំង ១៣នាក់ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ចាប់ពីថ្ងៃប្រកាសសាលក្រមនេះតទៅ។ អ្នកភូមិបឹងកក់ទាំង ១៣នាក់ នៅក្នុងសម្លៀកបំពាក់ជាអ្នកទោសបានអង្គុយព្រមៗគ្នា ក្រាបសំពះប្រធានចៅក្រមជំនុំជម្រះ និងបាននិយាយថាសាលាឧទ្ធរណ៍ពិតជាបានផ្តល់យុត្តិធម៌ដល់ពួកគេ ដើម្បីឲ្យទៅជួបជុំប្រពន្ធកូនឡើងវិញ។ «ខ្ញុំអរមែនទែន។ វាធ្វើឲ្យមានយុត្តិធម៌សម្រាប់ពួកខ្ញុំ។ ចាប់ពីថ្ងៃនេះ ខ្ញុំបានទៅជួបកូនខ្ញុំវិញហើយ»។ អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋតំបន់បឹងកក់បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ក្រោយពេលដែលអ្នកស្រី និងអ្នកភូមិបឹងកក់ចំនួន ១៣នាក់ផ្សេងទៀត ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងជាផ្លូវការ។ អ្នកស្រីមានប្រសាសន៍ដោយក្តីរំភើបរីករាយ លាយឡំជាមួយនឹងទឹកភ្នែក ដែលហូរនៅជាប់ថ្ពល់ថា សេចក្តីសម្រេចនេះ ពិតជាត្រឹមត្រូវ។ «ខ្ញុំចង់បញ្ជាក់ថា សាលាឧទ្ធរណ៍គាត់កាត់ក្តីនេះ បង្ហាញពីភាពស្អាតស្អំដល់ពួកខ្ញុំពិតប្រាកដតែម្តង»។ អ្នកស្រី ពុង ឈាវហ្គិច ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានស្វាគមន៍ចំពោះសាលាឧទ្ធរណ៍ដែលបានសម្រេចដោះលែងអ្នកភូមិបឹងកក់ចំនួន ១៣នាក់។ «ខ្ញុំមានការរីករាយ សូមអរគុណតុលាការ។ នេះគឺជាសេចក្តីសម្រេចមួយគួរឲ្យទទួលយកបាន ខ្ញុំពេញចិត្ត។ ក៏ប៉ុន្តែខ្ញុំសោកស្តាយមួយទៀត ដែលសប្បាយចិត្តអ្នកទាំងអស់គ្នា នឹងរួចខ្លួនថ្ងៃហ្នឹង។ ក៏ប៉ុន្តែខ្ញុំមានការឆ្ងល់មួយថា អ្នកទាំងអស់គ្នា ឥតបានប្រព្រឹត្តបទល្មើសហ្នឹងសោះ»។ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ បានកាត់ទោសអ្នកភូមិបឹងកក់ចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេលពីរឆ្នាំ និងប្រាំមួយខែពីបទជេរប្រមាថ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។ អាជ្ញាធរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ បានចាប់ខ្លួនប្រជាពលរដ្ឋតំបន់បឹងកក់ចំនួន ១៥នាក់ ដាក់ពន្ធនាគារដោយសារតែពួកគេបានចូលរួមជាមួយនឹងប្រជាពលរដ្ឋចំនួន ១៨គ្រួសារផ្សេងទៀតនៅភូមិមួយ ដើម្បីប៉ុនប៉ងសាងសង់ផ្ទះនៅលើដីដែលបានបូមពន្លិច។ ថ្លែងប្រាប់នៅក្នុងអង្គសវនាការ អ្នកភូមិបឹងកក់ទាំង ១៣នាក់ បានប្រាប់តុលាការដូចៗគ្នាថា ពួកគេពិតជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះមែន។ ក៏ប៉ុន្តែមិនបានប្រឆាំង និងជេរប្រមាថសមត្ថកិច្ចទេ។ ពួកគេទាំងនោះ បាននិយាយថាឧបករណ៍សាងសង់ផ្ទះ ដូចជាកាំបិទ ញញួរ រណា និងដំបង មិនមែនជារបស់ពួកគេទេ។ ហើយក្នុងពេលហេតុការណ៍នោះ មានមនុស្សមួយក្រុម ដែលជាមិនមែនអ្នកភូមិបឹងកក់ បានកាន់ញញួរ ដំបង និងពូថៅ ដើម្បីមកបង្កហេតុក្នុងគោលបំណង មកលើអ្នកភូមិបឹងកក់។ ក្នុងខណៈពេលដែលសាលាឧទ្ធរណ៍កំពុងបើកសវនាការ ក្រុមអ្នកភូមិបឹងកក់ប្រមាណជាង ២០០នាក់ ដោយមានការចូលរួមពីកុមារ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ ជាច្រើនរាប់រយនាក់ បានរាំងខ្ទប់ មិនឲ្យមកតវ៉ានៅក្នុងបរិវេណរបស់តុលាការ។ ក្នុងការប៉ះទង្គិចជាមួយនឹងកម្លាំងសមត្ថកិច្ច យ៉ាងតិចមានមនុស្សប្រមាណបួននាក់ បានទទួលរងរបួសស្រាល នឹងមានស្ត្រីដែលមានផ្ទៃពោះចំនួនពីរខែ បានរលូតកូនចេញពីផ្ទៃ ដោយសារតែសមត្ថកិច្ចបានវាយចំពោះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |