|
- កម្ពុជាបានតែងតាំងចៅក្រមស៊ើបអង្កេតថ្មីសម្រាប់សាលាក្តីខ្មែរក្រហម
- នាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាចាប់ម៉ម សុណង់ដូ
- គណបក្សកាន់អំណាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដីទោះបីមានការរិះគន់ពីភាពលម្អៀងនៃគជប
- នាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធថាមិនបានរំលោភការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច
- ការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី (ហេឡូវីអូអេ ២៥ មិថុនា ២០១២)
- អ្នកជំងឺកុមារនៅកម្ពុជាកើនឡើងនៅមន្ទីរពេទ្យគន្ធបុប្ឆា
កម្ពុជាបានតែងតាំងចៅក្រមស៊ើបអង្កេតថ្មីសម្រាប់សាលាក្តីខ្មែរក្រហម Posted: 26 Jun 2012 08:18 PM PDT ក្រុមមន្ត្រីក្នុងប្រទេសកម្ពុជានិយាយថាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានតែងតាំងសហចៅក្រម ស៊ើបអង្កេតបរទេសពីររូបនៃតុលាការខ្មែរក្រហមរួចហើយ កាលពីសប្តាហ៍មុនដើម្បីជំនួសមុខតំណែងដែលនៅទំនេនិងបន្តនីតិវិធីសំណុំរឿង០០៣និង០០៤។ សហចៅក្រមស៊ើបអង្កេតទាំងពីរគឺម្នាក់ជាជនជាតិអាមេរិកាំងលោក Mark Harmon អតីតរដ្ឋអាជ្ញា នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អតីតប្រទេស យូហ្គោស្លាវី និងម្នាក់ជាជនជាតិបារាំងធ្វើការជាចៅក្រមនៅសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិកូសូវ៉ូ គឺលោកស្រី ការ៉ូលីន ស្ហាប៉ង់ត្យែ (Caroline Charpentier) ត្រូវតែងតាំងជាចៅក្រមស៊ើបអង្កេតបម្រុង។ នេះបើតាមមន្ត្រីតុលាការខ្មែរក្រហម និងអ្នកឃ្លាំមើលដែលថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីដដែលបាននិយាយថាព្រះមហាក្សត្រខ្មែរបានឡាយព្រះហស្ថលេខាតាំងពីថ្ងៃសុក្រក្រោយពី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំង។ តែគេពុំឃើញមានការប្រកាសព័ត៌មាន ជាផ្លូវការពីសាលាក្តីខ្មែក្រហមនិងមន្ត្រីអ.ស.បទេ។ អ្នកនាំពាក្យអ.ស.ប អីរី កានីកូ (Eri Kaneko) បានថ្លែងប្រាប់វីអូអេយ៉ាងខ្លីកាលពីចុងសប្តាហ៍មុនថា៖ «អសបបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជានូវឈ្មោះអ្នកដែលត្រូវជ្រើសតាំងសម្រាប់មុខតំណែងជា សហចៅក្រម ស៊ើបអង្កេតរួចហើយ។ យើងកំពុងរង់ចាំឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រមធ្វើការ តែងតាំង»។ នៅពេលសួរបញ្ជាក់នៅថ្ងៃនេះអំពីការឆ្លើយតបរបស់កម្ពុជាមកអ.ស.បទាក់ទងនឹងការតែងតាំង ចៅក្រមពីរនាក់ដែលអ.ស.បបានស្នើសុំនោះ អ្នកនាំពាក្យ អ.ស.ប អីរី កានីកូបានអះអាងថា៖ «អ.ស.បមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការណាមួយទេ»។ សហចៅក្រមស៊ើបអង្កេតទាំងពីរត្រូវតែងតាំងបន្ទាប់ពីលោក Siegfridge Blunk និង លោក Laurent Kasper Ansermet បានលាឈប់ពីមុខតំណែងបន្តបន្ទាប់តាំងពីខែតុលាចុងឆ្នាំ២០១១ ដោយសារការ ជ្រៀតជ្រែកផ្នែកនយោបាយ ក្នុងសំណុំ រឿង ០០៣ និង០០៤ដែល រដ្ឋាភិបាលកម្ពុជាបាន ជំទាស់យ៉ាង ខ្លាំង។ អសបនិងកម្ពុជាធ្លាប់មាន វិវាទរឿងការតែងតាំង សហចៅក្រមនេះដែលធ្វើកិច្ចការទាក់ទងនឹង សំណុំរឿង០០៣ និង០០៤។ លោកJames Goldston នាយកប្រតិបត្តិនៃអង្គការច្បាប់របស់សរអាមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក បានថ្លែងថាការតែងតាំងគឺជារឿងសំខាន់សម្រាប់ដំណើរការ នីតិវិធីនិងកិច្ចការ ដែលមិនទាន់ចប់។ ក៏ប៉ុន្តែលោកអះអាងថាគេមិនត្រូវភ្លេចពីការណ៍ដែលសហចៅក្រមស៊ើបអង្កេត៣នាក់ ហើយដែលមិនអាចធ្វើកិច្ចការបានហើយកាន់តែមានការលំបាកក្នុងការស៊ើបអង្កេតឲ្យបានច្បាស់ លាស់លើសំណុំរឿង០០៣និង០០៤។ «ក្តីបារម្ភដែលយើងបានបង្ហាញអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាកន្លងទៅក្នុងការស៊ើបអង្កេត ទាំងនោះ នៅតែមាននៅឡើយ។ យើងសង្ឃឹមថាសហចៅក្រមស៊ើបអង្កេតថ្មី ឥឡូវទី៤ ហើយ ដែលត្រូវទទួលមុខតំណែងនឹងមានសមត្ថភាពពេញលេញដើម្បីទទួលបំពេញកិច្ចការងារតាម អំណាចរបស់គេ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសាលាក្តីខ្មែរក្រហម និង ច្បាប់ដែលគ្រប់គ្រង សាលាក្តីនេះ»។ សាលាក្តីខ្មែរក្រហមបានចោទប្រកាន់អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល៥នាក់ទៀតតាំង ពីឆ្នាំ២០០៨ម្ល៉េះ តែពុំមានជនសង្ស័យណាម្នាក់ត្រូវគេនាំខ្លួនពីបទចោទនោះទេ ដោយសារលោក នាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់ប្រកាសជាសាធារណៈជំទាស់ទៅនឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ បន្ថែម ដែលលោកចាត់ទុកថាបំផ្លាញសន្តិភាពរបស់កម្ពុជា។ សាលាក្តីខ្មែរក្រហមកំពុងដំណើរការកាត់ទោសជនជាប់ចោទ៣នាក់ក្នុងសំណុំរឿង០០២ដែលជាប់ ចោទពីបទឧក្រិដ្ឋកម្មនានាដែលធ្វើឲ្យពលរដ្ឋខ្មែរជាង១,៧លាននាក់ស្លាប់ក្នុងទសវត្សរ៍១៩៧០៕ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាចាប់ម៉ម សុណង់ដូ Posted: 26 Jun 2012 04:42 PM PDT លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ បានចេញបទបញ្ជាដោយផ្ទាល់មាត់ឲ្យចាប់ខ្លួនលោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាលោកម៉ម សុណង់ដូ មានបំណងបង្កើតរដ្ឋក្នុងរដ្ឋដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។ មានប្រសាសន៍នៅក្នុងពិធីជួបជាមួយយុវជនស្ម័គ្រចិត្តចូលរួមវាស់វែងដីធ្លីប្រមាណជាង១.០០០នាក់ នៅក្នុងទីក្រុងភ្នំពេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយដោយមិនបញ្ចេញឈ្មោះ។ ក៏ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថាជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏មានឥទ្ធិពលបានមានប្រសាសន៍ថាមេខ្លោងដែលបានដឹងខ្លួនមិនហ៊ានចូលស្រុក ចាំកាត់ទោសកំបាំងមុខរួច សុំធ្វើបត្យាប័នជាក្រោយ។ «បើមិនចូលស្រុក កាត់ទោសកំបាំងមុខហើយ សុំធ្វើបត្យាប័ន។ ប៉ុន្តែអ្នកដែលកំពុងលាក់ខ្លួនចេញមក លាក់នៅក្នុងព្រៃក៏ចេញ លាក់នៅក្នុងផ្ទះក៏ចេញ លាក់នៅក្នុងស្ថានទូត ឬក៏អង្គការក្រៅរដ្ឋាភិបាល ចេញមករួចខ្លួន»។ កាលពីពាក់កណ្តាល ខែឧសភា រដ្ឋាភិបាលបានចុះបង្ក្រាបដោយអំពើហិង្សាមួយលើប្រជាពលរដ្ឋ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនៅក្នុងយុទ្ធាការនោះសមត្ថកិច្ចបានបាញ់កុមារី ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ រដ្ឋាភិបាលបានចោទប្រកាន់ប្រជាពលរដ្ឋដែលដឹកនាំដោយលោកប៊ុន រដ្ឋា សមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ ថាមានបំណងបង្កើតតំបន់អបគមន៍ខុសច្បាប់ ក្នុងគោលបំណងដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។ មានមនុស្សយ៉ាងតិចប្រមាណប្រាំពីរនាក់ ត្រូវបានរដ្ឋាភិបាលបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីយុទ្ធនាធាការបង្រ្កាបរបស់រដ្ឋាភិបាលរួចមក និងមានមួយចំនួនទៀតកំពុងរត់គេចខ្លួននៅឡើយ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់អ្នកដែលកំពុងបានរត់គេចខ្លួនចេញមកសារភាព ហើយរដ្ឋាភិបាលនឹងលើកលែងទោស។ «អំពាវនាវអ្នកដែលមានដីកាចាប់ខ្លួននៅឯកំពង់ដំរី នៅសល់បួននាក់ទៀត ដែលមិនទាន់ចេញ។ សូមអញ្ជើញចេញ ព្រោះនៅថ្ងៃដែលខ្ញុំអំពាវនាវឲ្យមានការចេញមកទទួលដោយរដ្ឋាភិបាលសម្រាលនៅលើកលែងទោសជូន។ ប្រែក្លាយពីជនជាប់ចោទ ទៅជាសាក្សី»។ លោកម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបាននិយាយថា សមាគមរបស់លោកគ្មានបំណងបង្កើតដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទេ។ លោកបានមានប្រសាសន៍ថាលោកក៏មិនភ័យខ្លួនអំពីការចាប់ខ្លួនរបស់រដ្ឋាភិបាលដែរ ដោយសារតែលោកមិនបានប្រព្រឹត្តិអ្វីខុស។ លោកបានមានប្រសាសន៍ថា នៅដើមខែកក្កដាខាងមុខនេះ លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីប្រឈមមុខចំពោះផ្លូវច្បាប់។ «បើសិនជាគាត់យកបញ្ហាហ្នឹងមកដាក់ រឿងហ្នឹងមិនមែនជារឿងនយោបាយទេ ជារឿងផ្តាច់ការតែម្តងឲ្យតែអ្នកណាធ្វើអ្វីមិនតាមបង្ក្រាប់បញ្ជារបស់គាត់ ហើយអ្វីដែលគាត់មិនសប្បាយចិត្ត គាត់អាចចាប់នរណាដាក់គុកក៏បានដែរ។ ប៉ុន្តែរឿងខ្ញុំ ខ្ញុំចូលស្រុកខ្មែរវិញ ឥតមានព្រួយបារម្ភអីទេ»។ លោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើកកាលពីអំឡុងឆ្នាំ២០០៣ និងឆ្នាំ២០០៥។ លោកត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ជាអ្នកញុះញង់ឲ្យមានការធ្វើបាតុកម្មដ៏រំជើបរំជួលមួយ ដុតស្ថានទូតថៃកណ្តាលទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ និងបទសម្ភាសន៍ជាមួយលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនខ្មែរ ដែលមានមូលដ្ឋានៅប្រទេសបារាំងពាក់ព័ន្ធនឹងបូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម៕ This posting includes an audio/video/photo media file: Download Now |
គណបក្សកាន់អំណាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដីទោះបីមានការរិះគន់ពីភាពលម្អៀងនៃគជប Posted: 26 Jun 2012 04:33 PM PDT មិនខុសពីលទ្ធផលមុន គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅតែឈ្នះដាច់ឆ្ងាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៣នេះ។ លទ្ធផលផ្លូវការ កាលពីថ្ងៃអាទិត្យ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែឈរលំដាប់ទី១ និងគណបក្សសម រង្ស៊ី ឈរលំដាប់ទី២ គណបក្សសិទ្ធិមនុស្សទទួលបានលំដាប់ទី៣ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលំដាប់ថា្នក់លេខ៤។ គណបក្សប្រជាជនកម្ពុជាបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១,៥៩២ឃុំ សង្កាត់ គឺប្រមាណ៩៧% នៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេសចំនួន ១,៦៣៣ក្រុមប្រឹក្សាឃុំ សង្កាត់។ គណបក្សនេះទទួលបានអសនៈចំនួន ៨,២៩២។ ចំណែកគណបក្សសម រង្ស៊ី បានឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២២ ទទួលបាន ២,១៥៥អសនៈ និងគណបក្សសិទ្ធិមនុស្សបានឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១៨ និង ៨០០អសនៈ។ គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានប្រធានឃុំប្រឹក្សាឃុំសង្កាត់ចំនួន១ និង១៥០អសនៈ។ គណបក្សនរោត្តមឫណរទ្ធិ ទទួលបាន៥២អសនៈ ដែលចំនួននេះបានធ្លាក់ចុះពី៤២៥អសនៈ កាលពីការបោះឆ្នោតឆ្នាំ២០០៧ និងគណបក្សសញ្ញាតិកម្ពុជាដែលជាគណបក្សទើបនឹងបង្កើតថ្មីទទួលបាន ១អសនៈក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រោយពីការប្រកាសជាផ្លូវការនូវលទ្ធផលកាលពីថ្ងៃអាទិត្យ គណបក្សនយោបាយដែលមិនទទួលបានសំឡេងតាមការរំពឹងទុកបានទាមទារឲ្យមានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំសង្កាត់។ ការទាមទារនេះ ដោយសារតែមន្ត្រីគណបក្សទាំងនោះ បានចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការលម្អៀងទៅគណបក្សគ្រប់គ្រងអំណាច និងប្រព័ន្ធបោះឆ្នោត។ ការពិនិត្យបញ្ជីបោះឆ្នោតមានភាពសាំញ៉ាំ ហើយចំនួនអ្នកមិនបានចូលរួមនៅក្នុងការបោះឆ្នោតមានប្រមាណជាង១លាន៥សែននាក់។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនេះមិនបានបង្ហាញពីការប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ។ លោកបានបញ្ជាក់ថា គជប ត្រូវតែមានការផ្លាស់ប្តូរដើម្បីឲ្យការបោះឆ្នោតលើកក្រោយ ប្រព្រឹត្តទៅតាមបទដ្ឋានអន្តរជាតិ។ «ការបោះឆ្នោតឡប់ឡែ ដូចការបោះឆ្នោតនៅក្នុងស្រុកខ្មែរនេះ យើងពិបាកយកជាការណាស់ពីព្រោះបញ្ហាកើតឡើងដដែលៗដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច»។ លោកពល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បើទោះបីជាគណបក្សនេះបានទទួលយកលទ្ធផលនៃការបោះឆ្នោតនេះក៏ដោយ ក៏លោកនៅតែសម្តែងការមិនពេញចិត្តចំពោះប្រព័ន្ធបោះឆ្នោតរបស់គជប។ «ក្នុងពេលនេះ គឺយើងទទួលយកនូវលទ្ធផលហ្នឹង។ យើងមិនបដិសេធថាមិនទទួលយកទេ ប៉ុន្តែយើងមានករណីកិច្ច យើងពិនិត្យមើលតទៅទៀតនៅពេលដែលបោះឆ្នោតជាតិ បោះឆ្នោតជាសកលនាឆ្នាំ២០១៣ ខាងមុខនេះថាតើការបោះឆ្នោតនេះ មានការប្រសើរដែរ ឬអត់? ហើយយើងនឹងរក្សាសិទ្ធិថាតើត្រូវចូលរួមនៅក្នុងការបោះឆ្នោត ឬមិនចូលរួម»។ លោក ជាម យៀប សមាជិកសភាតំណាងរាស្ត្រ និងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រលទ្ធផលនៃការបោះឆ្នោតនេះ។ លោកបានហៅការិះគន់របស់គណបក្សនយោបាយផ្សេងចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា នេះជាវប្បធម៌របស់អ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ។ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វាមិនមែនជារបស់គណបក្សប្រជាជនកម្ពុជានោះទេ គឺជាអាជ្ញាធរមួយដែលឯករាជ្យ អព្យាក្រឹត្យ ហើយមានគ្រប់គណបក្សនយោបាយដែលគេចូលរួម»។ លោកសេង សុខេង ប្រធានគណបក្សសញ្ញាតិកម្ពុជាដែលទទួលបានមួយអសនៈនៅក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបញ្ជាក់ថាការបោះឆ្នោតនេះលោកអាចទទួលយកបាន។ «ចំពោះគណបក្សសញ្ញាតិកម្ពុជាពុំមានការទាមទារតវ៉ាជាមួយនឹងលទ្ធផលនេះទេ ដែលពាក់ព័ន្ធនឹងគជប»។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថាការបោះឆ្នោតពីមួយអណត្តិទៅមួយអណត្តិ គជប កំពុងតែខិតខំធ្វើកំណែទម្រង់របស់ខ្លួន បន្ទាប់ពីលោកបានទទួលស្គាល់ថានៅមានចំណុចខ្វះខាតជាច្រើន។ «តាមពិតទៅក្រោយការបោះឆ្នោត តែងតែមានការលើកឡើងវិជ្ជមាន និងអវិជ្ជមានពាក់ព័ន្ធនឹងការបោះឆ្នោត បើយើងប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។ ការលើកឡើងបែបនេះ ឬក៏ខ្លឹមសារបែបហ្នឹងក៏មានដែរ។ ក៏ប៉ុន្តែជាទូទៅការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គជប តែងតែធ្វើការកែលម្អ»។ លោក គល់ បញ្ញា នាយកអង្គការប្រតិបត្តិឃ្លាំមើលការបោះឆ្នោតមួយហៅថា ខុមហ្វ្រែលបានមានប្រសាសន៍ថា ដំណើរការបោះឆ្នោតដោយសេរីនៅមានកម្រិត។ ចំណែកដំណើរការបោះឆ្នោតដោយយុត្តិធម៌នៅមិនទាន់មានការកែលម្អនៅឡើយទេ សម្រាប់ការបោះឆ្នោតនៅកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធថាមិនបានរំលោភការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច Posted: 26 Jun 2012 04:05 PM PDT "តាំងពីថ្ងៃចេញបម្រាម ខ្ញុំមិនដែលចុះហត្ថលេខាផ្តល់ដីសម្បទានបន្ថែមទេ» លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន មានប្រតិកម្មយ៉ាងដូច្នេះ បន្ទាប់ពីបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសចំនួនពីរ បង្ហាញរបាយការណ៍ជាបន្តបន្ទាប់ថា រូបលោកបានផ្តល់ដីសម្បទានបន្ថែមទៀតនៅក្នុងរយៈពេលថ្មីៗបំផុតនេះ បន្ទាប់ពីលោកបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជននោះ។ ប្រតិកម្មរបស់លោកបានធ្វើឡើងនៅចំពោះមុខក្រុមនិស្សិតស្ម័គ្រចិត្តចំនួន ១,១០០នាក់ នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ។ កាលពីថ្ងៃទី៧ ខែឧសភា លោកហ៊ុន សែន បានដាក់បញ្ជាមួយឲ្យផ្អាកការផ្តល់ដីសម្បទានជាបណ្តោះអាសន្នដល់ក្រុមហ៊ុនឯកជន ដោយបង្ហាញពីកង្វល់ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើ។ ក៏ប៉ុន្តែបទញ្ជានោះ បានបើកផ្លូវសម្រាប់ឲ្យមានការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនណាដែលត្រូវបានព្រមព្រៀងរួចហើយ។ ឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាទទួលបានបង្ហាញថាលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន បានចុះហត្ថលេខាផ្តល់ដីសម្បទានចំនួន៧កន្លែង នៅថ្ងៃទី៧ ខែមិថុនា តែមួយ។ ហើយដីទាំង ៧កន្លែងនោះ មានទំហំសរុប ៤៤,៤៦០ហិចតា។ តួលេខចុងក្រោយនេះបង្ហាញថា លោកហ៊ុន សែន បានផ្តល់ដីសម្បទានរហូតទៅដល់ ៦៥,៤៦០ហិចតា ក្នុងរយៈពេលមួយខែ បន្ទាប់ពីលោកបានដាក់បម្រាមលើការផ្តល់ដីសម្បទាន។ ដីសម្បទានទាំងនេះ ភាគច្រើនលើសលុបត្រូវកាត់ចេញពីតំបន់អភិរក្សសត្វព្រៃនៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកហ៊ុន សែន ដែលចោទប្រកាន់កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែតឌឹខេមបូឌាដេលី ថាមានចេតនាអាក្រក់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងនេះ បានអះអាងថា ដីទាំងនោះត្រូវបានយល់ព្រមរួចហើយ មុននឹងលោកផ្អាកការផ្តល់ដីសម្បទាន។ «តាំងពីថ្ងៃចេញបទបញ្ជា រហូតមកដល់ពេលនេះ មានសំណើជាច្រើនដែលមិនទាន់បានអនុម័តជូន បានទុកចោលហើយ។ គ្មានយកមកពិនិត្យ គ្មានយកមកធ្វើអីទៀតទេ។ ប៉ុន្តែអ្វីដែលមិនទាន់មាន មិនទាន់បំពេញនីតិវិធី ត្រូវបំពេញនីតិវិធីឲ្យគេ ដូចដែលមានចែងនៅក្នុងកថាខណ្ឌទី៤ នៃសេចក្តីប្រកាស»។ ទោះជាយ៉ាងណាលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅសេចក្តីសម្រេចនេះថា គឺជាការខ្វះការទទួលខុសត្រូវ និងជាការខុសច្បាប់។ «ឥតមានទទួលការខុសត្រូវសោះ មុនប្រកាសក៏ខុសច្បាប់ដែរ។ ព្រោះប្រសិនបើនៅសល់ដីដែលត្រូវការពារ ហើយជាដីសម្បទានសេដ្ឋកិច្ច រឿងនេះខុសច្បាប់ហើយ»។ ដោយឡែកលោក ស៊ុន ឆ័យ តំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី មានប្រសាសន៍ថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី គឺជារឿងដែលរដ្ឋាភិបាលមិនត្រូវធ្វើបន្ទាប់ពីត្រូវបានសម្រេចចិត្តដាក់បញ្ជារួចមក។
«ការបញ្ជាក់ពីនាយករដ្ឋមន្ត្រីនេះ វាមិនឡូហ្សិច ព្រោះមុននឹងយើងសម្រេចចិត្ត ដីសំខាន់ក្នុងការបញ្ឈប់ផ្តល់ដីសម្បទាននេះ ប្រាកដជាវាមានផលវិបាកដល់ផលប្រយោជន៍ជាតិធ្ងន់ធ្ងរហើយ។ ដូច្នេះ វាគ្មានមូលហេតុអី ដែលត្រូវចុះហត្ថលេខាបន្តពីអ្វីដែលគ្រាន់តែជាឯកសារ មិនទាន់ផ្លូវការនោះទេ»។ អង្គការការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានព្រមានពីគ្រោះថ្នាក់របស់ប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជនច្រើនជ្រុល ដោយពុំមានការពិចារណាល្អិតល្អន់៕ This posting includes an audio/video/photo media file: Download Now |
ការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី (ហេឡូវីអូអេ ២៥ មិថុនា ២០១២) Posted: 26 Jun 2012 02:19 PM PDT មេដឹកនាំគណបក្សជំទាស់ធំលំដាប់ទីពីររំពឹងផលវិជ្ជមានពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបាននិយាយក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទថា ប្រតិភូនៃគណបក្សទាំងពីរព្រមព្រៀងគ្នានឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកក្កដា ក្នុងក្រុមម៉ានីល ប្រទេសហ៊្វីលីពីន។ ហើយរហូតមកទល់ពេលនេះពុំមានការផ្លាស់ប្តូរកាលវិភាគនៅឡើយទេ។ លោក កឹម សុខា មានប្រសាសន៍ថា «កិច្ចប្រជុំនឹងទទួលបានលទ្ធផលខ្លះដែលនឹងអនុញ្ញាតិថាតើត្រូវធ្វើការច្របាច់បញ្ចូលគណបក្សទាំងពីរយ៉ាងដូចម្តេច»។ ឆ្លើយទៅនឹងសំណួរតាមបណ្ដាញសង្គមហ្វេសប៊ុកថា ហេតុអ្វីបានជាគណបក្សទាំងពីរត្រូវរួបរួមគ្នា លោក កឹម សុខា បញ្ជាក់ថា «គឺដើម្បីធ្វើការផ្លាស់ប្តូរសង្គមនិងរបបគ្រប់គ្រងសព្វថ្ងៃ»។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី ២៥ មិថុនា ២០១២៖ <!--AV--> មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
អ្នកជំងឺកុមារនៅកម្ពុជាកើនឡើងនៅមន្ទីរពេទ្យគន្ធបុប្ឆា Posted: 27 Jun 2012 02:03 AM PDT ជាងម្ភៃឆ្នាំមកហើយ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារឡើងវិញក្រោយពីសង្រ្គាមស៊ីវិល មន្ទីរពេទ្យដោយឥតគិតថ្លៃនេះ បានក្លាយទៅជាមណ្ឌលព្យាបាលមួយសម្រាប់កុមារកម្ពុជាមកពីគ្រប់ស្រទាប់។ មន្ទីរពេទ្យគន្ធបុប្ផាមានសាខាចំនួនប្រាំ នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ មន្ទីរពេទ្យនេះ ទទួលបានកុមារមានជំងឺកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងបើប្រៀបធៀបខែមិថុនា ឆ្នាំ២០១២នេះទៅនឹងឆ្នាំកន្លងទៅក្នុងរយៈពេលដូចគ្នាមានការកើនឡើងចំនួន៣០ភាគរយ។ ពោលគឺកុមារមានជំងឺដែលចូលសម្រាកក្នុងមន្ទីរពេទ្យ បានកើនពីជាង៦,០០០នាក់ ដល់ជាង ៩,៤៤០នាក់ ក្នុងរយៈពេល ១៧ថ្ងៃ។ កំណើនកុមារមានជំងឺនេះបានធ្វើឲ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ (Beat Richner) នាយកមន្ទីរពេទ្យនេះមានកង្វល់។ «នេះគឺជាស្ថានភាពមួយដែលធ្ងន់ធ្ងរសម្រាប់មន្ទីរពេទ្យមួយ ដែលគ្មានមន្ទីរពេទ្យក្នុងប្រទេសណា ឬកន្លែងណាក្នុងពិភពលោកដែលមានអ្នកជំងឺចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដ៏ច្រើនលើសលប់ដូចនេះ ក្នុងរយៈពេលបែបនេះនោះទេ។ នៅក្នុងខែមិថុនានេះ បើសិនគ្មានមន្ទីរពេទ្យគន្ធបុប្ជាទេនោះ យើងអាចព្យាករណ៍ថា កុមារប្រមាណជា៧,០០០នាក់ អាចមានគ្រោះថ្នាក់ដល់ជីវិត»។ មន្ទីរពេទ្យគន្ធបុប្ផាធ្លាប់មានវត្តមាននៅក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានបិទទ្វារ ទៅវិញ នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ មន្ទីរពេទ្យនេះចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះបាទនរោត្តម សីហនុ និងលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ ជាជនជាតិស្វីស។ កុមារកម្ពុជាបានមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនេះ ដែលភាគច្រើនមកពីគ្រួសារក្រីក្រជាមធ្យមចំនួន១២ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ភាគច្រើននៃកុមារទាំងនោះ មានសភាពធ្ងន់ធ្ងរដែលងាយស្លាប់បាន ដូចជាកុមារមានជំងឺគ្រុនឈាម រលាកខួរក្បាល របង និងបេះដូងប្រហោងពីកំណើតជាដើម។ រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ ត្រូវការថវិកាចំនួន៣៦លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួន៣លានដុល្លារ រដ្ឋាភិបាលកម្ពុជា ជួយចំនួន៣លានដុល្លារហើយក្រៅពីនោះ គឺជាជំនួយពីសប្បុរសជន ដែលលោក រិចនែ អង្គាសជាពិសេសតាមរយៈការលេងសែឡូ។ រយៈពេលជាង២០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួន ១.១៧លាននាក់ និងពិគ្រោះជំងឺចំនួនជាង១១លាននាក់ ដោយបានចំណាយថវិកាអស់ចំនួន ៤១០លានដុល្លារអាមេរិក។ លោក ប៊ីត រិចនែ បញ្ជាក់ថានៅរយៈពេល១៧ថ្ងៃ នៅក្នុងខែមិថុនានេះ មានកុមារមានជំងឺគ្រុនឈាមចំនួន ៣.០៧៣នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។ ចំពោះការកើនឡើងរបស់អ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជានេះលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ បញ្ជាក់ថាដោយសារតែសេវាសុខាភិបាលនៅកម្ពុជាមានកម្រិតទាបនៅឡើយពីព្រោះសេវាឯកជននៅតាមគ្លីនិកមួយចំនួន ព្យាបាលមិនបានត្រឹមត្រូវដោយប្រើថ្នាំខុស បន្តោកសេរ៉ូម ច្រើនពេកបណ្តាលឲ្យពុលអ្នកជំងឺ ការព្យាបាលមានតម្លៃខ្ពស់ ហើយកុមារប្រហែលជា៩០ភាគរយ ដែលទទួលបានការព្យាបាលពីគ្លីនិកឯកជនមានសភាពធ្ងន់ធ្ងរនៅពេលបានមកដល់មន្ទីរពេទ្យគន្ធបុប្ជា។ ស្ថិតក្នុងស្ថានភាពនេះ លោក ប៊ីត រិចនែ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថាឲ្យផ្តល់ថវិកាជំនួយទ្វេឡើងថែមទៀត។ ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមាន ជីវភាពធូរធារមានឆន្ទៈ ក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួនសម្រាប់កុមារនៅកម្ពុជាផងដែរ។ «រាជរដ្ឋាភិបាលគួរតែជួយដល់មូលនិធិ ៤លានដុល្លារក្នុង១ឆ្នាំ ដើម្បីជួយផ្គត់ផ្គង់ការចំណាយនៃការព្យាបាលកុមារក្រីក្រ ពីព្រោះអ្នកក្រីក្រប្រហែលជា៨០ភាគរយបានមកទទួលសេវានៅទីនេះ។ ខ្ញុំសង្គេតឃើញថា នៅកម្ពុជាសព្វថ្ងៃអ្នកដែលមានជីវភាពធូរធារច្រើន ហើយអ្នកទាំងនោះគួរតែចូលរួមវិភាគទានក្នុងការផ្តល់ថវិកាខ្លះៗ ឲ្យដល់មន្ទីរពេទ្យគន្ធបុប្ជា។ បើធ្វើការប្រៀបធៀបទៅគឺប្រជាពលរដ្ឋស្វីស ដែលផ្តល់វិភាគទានមួយចំនួនមានជីវភាពទាបជាងអ្នកមានជីវភាពធូរធារនៅកម្ពុជាផង»។ ជារៀងរាល់ព្រឹកនៅក្បែងរបងមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ ប្រជាពលរដ្ឋដែលមានកូនឈឺមកស្ទើរពីគ្រប់ខេត្តក្រុងនៅកម្ពុជាប្រហែលជាជិត១,០០០នាក់មកអង្គុយតម្រង់ជួរគ្នាជា២ជួរយ៉ាងវែងរង់ចាំចូលឲ្យគ្រូពេទ្យពិនិត្យព្យាបាល។ អ្នកខ្លះមករង់ចាំតាំងពីម៉ោង២ ភ្លឺរហូតដល់ម៉ោង ៦,៣០នាទីព្រឹកទើប មន្ទីរពេទ្យ អនុញ្ញាតឲ្យចូលពិនិត្យជំងឺតាមលេខរៀង។ អ្នកស្រី អ៊ុន ម៉ុន មកពីស្រុកពារាំង ខេត្តព្រៃវែង។ គាត់កំពុងអង្គុយសម្លឹងមើលកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ដែលមានជំងឺគ្រុនឈាមកំពុងសម្រាកនៅលើគ្រែ។ «បើគ្មានកន្លែងនេះ យើងពិបាកមែនទែនតែម្តង បើសិនជាយើងទៅពេទ្យផ្សេងទៀត យើងមិនសូវមានថវិកាមើលកូន បើអញ្ចឹងបានជារូតមកពេទ្យទេវតា បើខុសពីពេទ្យគន្ធបុប្ជានោះគឺ ទាល់តែរាប់លានរាប់ពាន់បានមើលជា។ មានតែពេទ្យនេះទេ យើងទីទាល់ក្រ យើងមកពឹងពាក់ពេទ្យបាន បើសិនជាមិនមានពេទ្យនេះ គឺយើងងាប់ លទ្ធភាពយើងអត់មានលុយ អត់មានលុយមើលកូន។ ពេទ្យនេះមើលការខុសត្រូវចេញចូលតាមដានជំងឺគ្រប់ជំហាន គ្រប់ម៉ោង គ្រប់វិនាទីទាំងអស់នេះ ហើយជាក់ស្តែងផ្ទាល់តែម្តង»។ ជាមួយគ្នានេះដែរ អ្នកស្រីទុយ សាម៉ុល រស់នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កំពុងបីចៅ ស្រីប្រហែលជា ៥ខែ នៅក្នុងដៃអង្គុយរង់ចាំនៅជួរមុខគេ នៅក្រៅរបងមន្ទីរពេទ្យគន្ធបុប្ជា។ «ខ្ញុំអត់យកចូលឯកជនទេ ពីព្រោះខ្លាចមានគ្រោះថ្នាក់អីទៅគង់តែចូលមករដ្ឋដដែល អញ្ចឹងខ្ញុំយកមកពេទ្យរដ្ឋតែម្តង។ មកពីខ្ញុំទុកចិត្ត នឹកឃើញមកវាកបកូនខ្ញុំជា។ ទៅពេទ្យផ្សេងទៅកូនខ្ញុំអត់ជាគឺខ្ញុំស្តាយៗ អស់មួយជីវិត ហើយបើមកពេទ្យនេះ បើសិនជាកូនខ្ញុំមានបញ្ហាអី ខ្ញុំអត់ស្តាយទេគឺថាគេមើលកូនយើងអស់ពីសមត្ថភាពរបស់គេ»។ លោកវេជ្ជបណ្ឌិត ច ម៉េង ចួ ប្រធានមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត និងបាណកសាស្រ្ត ក៏យល់ដូចគ្នាដែរថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពីព្រោះជាមន្ទីរពេទ្យដែលបានផ្តល់សេវាព្យាបាលកុមារកម្ពុជាបានយ៉ាងច្រើនបំផុតជាពិសេសកុមារដែលមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ «ជំងឺគ្រុនឈាមភាគច្រើនសម្រាកនៅគន្ធបុប្ជា និងមន្ទីរពេទ្យជ័យវរ្ម័ន ជួយរួមចំណែកច្រើនណាស់កន្លងមកជួយព្យាបាលជំងឺគ្រុនចាញ់ គ្រុនឈាម»។ គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលកម្ពុជា នឹងសម្រេចយ៉ាងណាចំពោះសំណើសុំជំនួយថវិកាបន្ថែមពីមន្ទីរពេទ្យគន្ធបុប្ផានោះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមិនផ្តល់អត្ថាធិប្បាយណាមួយទេ ដោយ លោកសំអាងថា លោកជាប់រវល់ប្រជុំ៕ |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |