VOA News: ព័ត៌មាន: “កម្ពុជា​មិន​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង​ទៅ​ចិន” plus 1 more

VOA News: ព័ត៌មាន: “កម្ពុជា​មិន​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង​ទៅ​ចិន” plus 1 more


កម្ពុជា​មិន​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង​ទៅ​ចិន

Posted: 25 Jun 2012 01:48 AM PDT

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ជាផ្លូវការ​មិន​ធ្វើ​បត្យាប័ន​ជនជាតិ​បារាំង​ម្នាក់ ​ដែល​ខ្លួន​បានចាប់​កាល​ពី​សប្តាហ៍​មុន​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ​ពោល​គឺ​បន្ត​ឃុំ​ខ្លួន​នៅ​កម្ពុជា ​រហូត​ដល់​ថ្ងៃ​ជំនុំជម្រះ​ទោស។

ថ្លែង​នៅ​ក្នុង​អង្គសន្និសីទ​ព័ត៌មាន​​បន្ទាប់​ពី​វិលត្រឡប់​មក​ពី​ចូលរួម​​កិច្ចប្រជុំ G-20 លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​ បានសម្រេច​រួច​ហើយ​ គឺ​រក្សា​ជនជាតិបារាំង​នៅ​កម្ពុជា។

«រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​ទុក​ជនជាតិ​បារាំង​នេះ​នៅ​កម្ពុជា។ ​ការសម្រេច​បាន​ធ្វើ​ហើយ​ សម្រេច​ទុក​នៅ​នេះ​មិន​បញ្ជូន​ទៅ​ណា​។ ​បញ្ជូន​ទៅ​បារាំង​ក៏​មិន​បញ្ជូន ទៅ​ស្រុក​ចិន​ក៏​មិន​បញ្ជូន ​គឺ​ទុក​នៅ​ស្រុក​ខ្មែរ»។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣​កន្លង​ទៅ​នេះ ​បាន​ចាប់ខ្លួន​ជន​ជាតិ​បារាំង​មួយ​រូប​ឈ្មោះ ប៉ាទ្រិក ដឺវីល្ល័រ (Patrick Devillers) អាយុ​៥២​ឆ្នាំ ​បន្ទាប់​ពី​បាន​ទទួល​សំណើ​ឲ្យចាប់​ខ្លួន​មួយ​ពី​រដ្ឋាភិបាល​ចិន​ ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​​នៅ​ឡើយ​ទេ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​គ្រាន់តែ​មាន​ប្រសាសន៍​ថា​យើង​មិន​ដឹង​អំពី​មូលហេតុ​អ្វី​ទេ​ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត។

ក្រសួងការបរទេស​បារាំង​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្រាយបំភ្លឺ ​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការចាប់​ខ្លួន​លោក ​ប៉ាទ្រិក ដឺវីល្ល័រ។

លោកស្រី បឺណាដ ឡូរ៉ិនស៍ (Benardi Laurence) អ្នក​នាំពាក្យក្រសួង​ការបរទេស​បារាំង​ប្រចាំ​កម្ពុជា​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ​ នៅ​ពេល​ដែល​ព្យាយាម​សាកសួរ​លោកស្រី​តាមរយៈ​សារ​អេឡិច​ត្រូនិច​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ប៉ាទ្រិក ដឺវីល្ល័រ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​​ឃុំខ្លួ​នៅ​នាយករដ្ឋាន​អន្តប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ ​ដោយ​មិនទាន់​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

កម្ពុជា​បាន​ស្នើសុំ​រដ្ឋាភិបាល​ចិន​ឲ្យ​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ជនសង្ស័យ ប៉ាទ្រិក ដឺវីល្ល័រ បន្ទាប់​ពី​លោក​ត្រូវ​បានចោទប្រកាន់​ថា​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​ចិន។

លោក ប៉ាទ្រិក ដឺវីល្ល័រ ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​លោក​អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយា​លោក​ បូ ស៊ីឡៃ អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹងរដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​កំពុង​ជាប់ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន។

អ្នកស្រី​ ហ្គូ កៃឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​ជនជាតិ​អង់គ្លេស​មួយរូប៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​ដោះដូរ​ភូមិពីរ​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម​

Posted: 25 Jun 2012 12:41 AM PDT

នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​គ្រោង​នឹង​សម្ពោធ​បង្គោលព្រំដែន​គោក​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ​ខែ​មិថុនា​នេះ​ នៅ​ក្នុង​ខេត្ត​កំពត ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​គៀងយ៉ាង​ ប្រទេស​វៀតណាម​ ក្រុម​មន្ត្រី​គណបក្ស​ក្រៅរដ្ឋាភិបាល​បាន​ប្រតិកម្មប្រឆាំង​នឹង​គម្រោង​ដោះដូរ​ភូមិ​កម្ពុជា​ចំនួន​ពីរ​ជាមួយ​នឹង​វៀតណាម។

ភូមិ​ទាំង​ពីរ​ គឺ​ភូមិ​ថ្លុកត្រាច ​និង​ភូមិ​អន្លុងជ្រៃ​ស្រុក​ពញាក្រែក ​ខេត្ត​កំពង់ចាម​។ ​ភូមិ​អន្លុងជ្រៃ​ បច្ចុប្បន្ន​ គឺ​ជា​ភូមិ​អភិវឌ្ឍ​របស់​លោក​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ។

លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​ភូមិ​ទាំង​ពីរ​នោះ​ឋិត​នៅ​ក្នុង​ដី​របស់​វៀតណាម។

«ផែនទី​ដាក់​មក​ថា​ភូមិ​ថ្លុកត្រាច​ ភូមិ​អន្លុងជ្រៃ​របស់​សម្តេច​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​ដី​វៀតណាម​ហើយ ​ឥឡូវ​យើង​ព្រមព្រៀង​ថា ​អ្នក​ឯង​ឲ្យ​ភូមិ​ទាំង​ពីរ​របស់​សម្តេច​មក...។ យើង​ដោះដូរ​ដី​មួយ​កំណាត់​មក ព្រោះ​នេះ​មិន​មាន​បាត់បង់​អី​ទេ»។

លោក​វ៉ា គឹមហុង មិន​បាន​បញ្ជាក់​ថា​ការដោះដូរ​រវាង​ភូមិ​ទាំង​ពីរ​នឹង​អាច​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ។

ព្រះអង្គម្ចាស់​នរោត្តមឫណរទ្ធិ ​ប្រធាន​គណបក្ស​នរោត្តឫណរទ្ធិ​ មាន​បន្ទូល​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ការ​ដោះដូរ​ភូមិ​របៀប​នេះ ​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន​ និង​ខុស​ទៅ​នឹង​គោលការណ៍​ច្បាប់។

«អ្នក​ច្បាប់​ណា​ក៏ដោយ ​ការដោះដូរ ​ហើយ​បើ​យើង​ឈរ​នៅ​លើ​មូលដ្ឋាន​ច្បាប់ ​ឥត​ត្រូវ​ដោះដូរ​ទេ​។​ ប៉ុន្តែ​បើ​សិន​ជា​មូលដ្ឋាន​អីទៀត ​គឺ​ខ្ញុំ​មិន​លូកដៃ​ចូល​ទេ​។ ​នេះ​គឺ​ជា​រឿង​ផ្សេងទៀត​។ ​បើ​យើង​ដោះដូរ​ ដោយសារ​តែ​រឿង​នេះ ​រឿងនោះ ​នៅ​ថ្ងៃ​ណាមួយ ​យើង​បង្កើត​នូវ​អស្ថិរភាព​នៃ​ព្រំដែន​ មិន​មែនតែ​ជាមួយ​នឹង​វៀតណាម​ទេ ​ជាមួយ​ឡាវ ​ក៏ដូច​ជាមួយ​នឹង​ថៃ​ដែរ»។

កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​តែ​ប្រឹងប្រែង​ដោះស្រាយ​អរិយភាព​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ ដែល​មាន​សាច់​ដុំ​ធំ​ជាង​ខ្លួន​គឺ​វៀតណាម ​និង​ថៃ។

ថៃ​មាន​ខ្សែ​បន្ទាត់​រួម​ព្រំដែន​ជាមួយ​នឹង​កម្ពុជា​ប្រវែង៨០៥​គីឡូម៉ែត ​និង​វៀតណាម​មាន​ព្រំដែន​រួម​ជាមួយ​នឹង​កម្ពុជា​ជាង​១,០០០​គីឡូម៉ែត។

នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ​កម្ពុជា ​នឹង​សម្ពោធ​បង្គោល​ព្រំដែន​លេខ​ ៣១៤ ​នៅ​ក្នុង​ខេត្ត​កំពត​ ដែល​លោក ​វ៉ា គឹមហុង ​ហៅ​ថា​បង្គោល​ព្រំដែន​នេះ​ គឺ​ជា​បង្គោល​ព្រំដែន​សំខាន់​មួយ​សម្រាប់​ជា​តម្រុយ​ដល់​កម្ពុជា ​និង​វៀតណាម​នៅ​ក្នុង​ការកំណត់​ព្រំដែន​សមុទ្រ។

លោក​យឹម សុវណ្ណ ​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សម រង្ស៊ី ចាត់ទុក​ថា​ការដោះដូរ​ភូមិ​រវាង​ប្រទេស​ទាំង​ពីរ​ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

«ខ្ញុំ​ឥត​គាំទ្រ​ជា​ដាច់​ខាត ​និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​កាត់ដី​ខ្មែរ​ទៅ​ឲ្យ​យួន​ ឥត​មានការដោះដូរ​អ្វី​ទេ​។ ​ដីខ្មែរ​ពី​មុខ​ឆ្នាំ​១៩៤៩ ​ដោះដូរ​១៨​ខេត្ត ​ដែល​២១​ខេត្តក្រុង​ ដែល​នៅ​ទឹក​ដីវៀតណាម​សព្វថ្ងៃ​ហ្នឹង​ ដែល​ជា​ទឹក​ដី​កម្ពុជាក្រោម​។ ​ដូច្នេះ​កុំមក​និយាយ​ថា​ដី​នៅ​ភូមិ​នេះ​ ដីនៅ​កន្លែង​នេះ​ជា​របស់​យួន​ឥត​មាន​ទេ ​គឺ​សុទ្ធតែ​របស់​ខ្មែរ​ទេ»។

ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម ​ថ្វីត្បិតតែ​មិនមាន​រូបភាព​បង្ហាញ​សាច់ដុំ​ដូច​ទំនាស់​ព្រំដែន​ជាមួយ​ថៃ​ក៏ដោយ​ក៏ប៉ុន្តែ​បញ្ហាព្រំដែន​ជាមួយ​វៀតណាម​ បាន​នាំឲ្យ​មាន​ភាព​តានតឹង​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ជា​ខ្លាំង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​បាន​ប្រឆាំង​ និង​ធ្វើ​ពហិកា​នៅ​ក្នុង​ការបោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ ​១៩៨៣ ​និង​ឆ្នាំ​១៩៨៥ ​ដោយ​ជឿថា​សន្ធិសញ្ញា​នេះ​ នឹងនាំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​របស់​ខ្លួន។

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ ​អនុញ្ញាត​ឲ្យ​កម្ពុជា​លុបចោល​សន្ធិសញ្ញា​ទាំងឡាយ​ណា​ ជាមួយ​វៀតណាម​ដែល​ធ្វើ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០។

មាន​សកម្មជន​ប្រឆាំង​នឹង​បញ្ហា​ព្រំដែន​ចំនួន​ប្រាំ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ នៅ​ក្នុង​នោះ​មាន​លោក​កឹម ​សុខា​ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​លោក​យ៉េង វីរៈ​ បច្ចុប្បន្ន​ជា​នាយក​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគម​ លោក​ប៉ាង ងួនទៀង​ នាយក​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​លោក​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ​និង​លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំ។

លោក​វ៉ា គឹមហុង​ រំលឹកថា​ភូមិ​ថ្លុកត្រាច​ និង​ភូមិ​អន្លុងជ្រៃ​ ត្រូវ​បារាំង​គូស​ឲ្យ​ស្ថិត​នៅ​ក្នុង​ដី​វៀតណាម​ជា​យូរ​មក​ហើយ។

«ភូមិ​ហ្នឹង​សូម​ជម្រាប​អ្នក​តិចទៀន ​ជំនាន់​បារាំង​គឺ​វា​គូស​ដាក់​នៅ​ក្នុង​ផែនទី​បារាំង​ហ្នឹង​ គឺ​ខ្នាត​មួយ​លើ​មាត្រដ្ឋាន​មួយរយ​ពាន់​របស់​ក្រុម​ប្រឹក្សា​ចិន​ គឺ​ដាក់​នៅ​ក្នុង​ដី​រៀតណាម​រួច​ទៅ​ហើយ​។​ គ្រាន់តែ​នៅ​ពេលនោះ​សង្គ្រាម​នៅ​វៀតណាម​ គេ​មិន​បាន​រវីរវល់​រក​កន្លែង​កាន់កាប់​នៅ​តាម​ភូមិ​ជាយព្រំដែន​ នៅ​តាម​ព្រំដែន​ទេ»។

លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភាជាតិ​បាន​សង់​ផ្ទះ​ចំនួន​ ១០០​ខ្នង​ដូច​ៗ​គ្នា​ ធ្វើពី​ស៊ីម៉ង់ត៍​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​អន្លុងជ្រៃ​នោះ។

លោក​ហេង សំរិន​ ដែល​កំពុង​តែ​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​មិនអាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ។

កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ ​ឆ្នាំ​២០០៣ ​សម្តេចឪ​នរោត្តមសីហនុ​ កាលនោះ​នៅ​គង់​ជា​ព្រះមហាក្សត្រ​នៅ​ឡើយ​បាន​រិះគន់​ជា​សាធារណៈ​ទៅ​លើ​លោក​វ៉ា គឹមហុង ​ចំពោះ​អ្វី​ដែល​លោក​បាន​បង្ហាញ​ផែនទី​ ដែល​ព្រះអង្គ​ទ្រង់​ព្រះតំរិះថា​គឺ​ជា​ផែនទី​មិន​ច្បាស់លាល់​ខុស​ពី​ផែនទី​ ដែល​ទទួល​ស្គាល់​ដោយ​សគម​អន្តរជាតិ។

«ឯកឧត្តម ​វ៉ា គឹមហុង ​គាត់​ថែម​ពាក្យ​មួយ​ដែល​ខ្ញុំ... និយាយ​តាម​ត្រង់​មិនមែន​ខឹង​គាត់​ទេ​ កោត​គាត់​តែ​ម្តង​ត្រង់​កន្លែង​បង្គោល​ៗ ​ជំនាន់​សង្គមរាស្ត្រនិយម ​គឺ​ត្រង់​ណា​ដែល​មិន​ច្បាស់ ​វៀតណាម​ដែល​ធ្វើ​សមប្បទា​។ ​គឺ​មិន​ច្បាស់​ត្រង់ណា ​គឺ​គេ​ឲ្យ​ខ្មែរ​ចំណេញ ​មិន​ច្បាស់​ត្រង់ណា​ គេ​ឲ្យ​ខ្មែរ​ចំណេញ ​មិនមែន​ភូមិ​ខ្មែរ​ទៅ​ជា​យួន​ទេ​ គឺ​ភូមិ​យួន​ទៅ​ជា​ខ្មែរ​។ ​ប៉ុន្តែ​សាវតារ​ប្រយ័ត្ន​ ខ្ញុំ​មិន​ជឿ​ថា​សាវតារ​ឲ្យ​លោក​វ៉ា ​គឹមហុង ​គាត់​នៅ​ពី​លើ​សីហនុ​ទេ»។

លោក​យឹម សុវណ្ណ បាន​ប្រកាស​ថា​គណបក្ស​ជំទាស់​របស់​លោក​នឹង​ពិចារណា​ទៅ​ពិនិត្យ​ភូមិ​ដែល​នឹង​ត្រូវ​ធ្វើ​ការ​ដោះដូរ ​ជាមួយ​នឹង​វៀតណាម​ទាំង​ពីរ​នោះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!