VOA News: ព័ត៌មាន: “ការដោះលែងអ្នកភូមិបឹងកក់និងដំណោះស្រាយបញ្ហាការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ (ហេឡូវីអូអេ ២៨ មិថុនា ២០១២)” plus 2 more |
- ការដោះលែងអ្នកភូមិបឹងកក់និងដំណោះស្រាយបញ្ហាការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ (ហេឡូវីអូអេ ២៨ មិថុនា ២០១២)
- មន្ត្រីកម្ពុជាថៃបញ្ចប់កិច្ចប្រជុំរឿងព្រំដែនដោយមានការរីកចម្រើនតិចតួច
- អ្នកបឹងកក់ដែលទើបនឹងរួចពីឃុំប្តេជ្ញាបន្តការតវ៉ា
Posted: 29 Jun 2012 11:25 AM PDT តំណាងប្រជាពលរដ្ឋអ្នកភូមិបឹងកក់ទាមទារឲ្យអាជ្ញាធរនិងក្រុមហ៊ុនវាស់វែងដីធ្លីជូនអ្នកភូមិបឹងកក់ដើម្បីបញ្ចប់ជម្លោះនិងការរងទុក្ខទោសរបស់អ្នកភូមិ។ នេះបើ តាមការអះអាងរបស់អ្នកស្រី ទេព វន្នី និងអ្នកស្រី បូ ឆវី តំណាងអ្នកភូមិបឹងកក់ ដែលចូលរួមក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពី ប្រធានបទស្តីពី «ការដោះលែងអ្នកភូមិបឹងកក់និងដំណោះស្រាយរឿងការ បណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ»។ អ្នកស្រីទេព វន្នី ជាជនរងគ្រោះម្នាក់ដែលទើបរួចពីគុកដោយសារការតវ៉ារឿងការ បណ្តេញចេញពីលំនៅដ្ឋាន។ ហើយអ្នកស្រី បូ ឆវី ទើបរងការវាយប្រហារដោយ គ្រេចដៃ ដោយសារការតវ៉ាកាលពីថ្ងៃពុធហើយត្រូវបង្រ្កាបដោយក្រុមប៉ូលីស។ ជនរងគ្រោះទាំងពីរបានចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនថាបាន ឃុបឃិតគ្នាដោយមិនបានវាស់វែងដីធ្លីនិងបែងចែកដីធ្លីជាង១២ហិកតាដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ឲ្យនោះទេ។ ពួកគេព្រមានថា ពួកគេមិន ខ្លាចនឹងការចាប់ខ្លួន ការប្រើអំពើហឹង្សា និងការដែលអាជ្ញាធរបង្កទុក្ខទោស នោះទេ ក្នុងការទាមទារដីនិងផ្ទះពួកគេឲ្យបាននោះ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី ២៨ មិថុនា ២០១២៖ <!--AV--> មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
មន្ត្រីកម្ពុជាថៃបញ្ចប់កិច្ចប្រជុំរឿងព្រំដែនដោយមានការរីកចម្រើនតិចតួច Posted: 28 Jun 2012 08:39 PM PDT ក្រុមការងារចម្រុះកម្ពុជា-ថៃ បានបញ្ចប់ការប្រជុំ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែននៅតំបន់ប្រសាទព្រះវិហារនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយមានការជឿនលឿនទៅមុខតិចតួច។ លោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនឹងជាប្រធានក្រុមការងារចម្រុះកម្ពុជាបានថ្លែងនៅក្នុងសន្និសីទព័ត៌មាន ដោយអានសេចក្តីប្រកាសព័ត៌មានរួមថាភាគីទាំងពីរព្រមព្រៀងគ្នាធ្វើការដោះមីននៅតំបន់ជម្លោះជាមុនបន្ទាប់មកនឹងធ្វើការដកកងទ័ពជាក្រោយ។ «ភាគីទាំងពីរព្រមព្រៀងឲ្យមជ្ឈមណ្ឌលកម្ចាត់មីនCMAC នឹងមជ្ឈមណ្ឌលកំចាត់មីនTMAC ដើម្បីពិភាក្សាគ្នានៅសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ នៅទីក្រុងបាងកក អំពីវិធានការ និងផែនការដោះមីនរួម ដើម្បីផ្តល់សុវត្ថិភាពដល់ក្រុមសង្កេតការណ៍រួម និងសម្រួលដល់កម្មវិធីកែសម្រួលកងទ័ពនាពេលខាងមុខ»។ លោកឧត្តមសេនីយ៍ នាង ផាត បញ្ជាក់ថាការដកកងទ័ពពីតំបន់ជម្លោះនឹងធ្វើឡើងរយៈពេល៣០ថ្ងៃ បន្ទាប់ពីមានការដោះមីនរួចរាល់។ ហើយនឹងត្រូវឋិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍រួម។ លោកឧត្តមសេនីយ៍ វីរៈ ពង្សសង្ឃកានេត្រា ប្រធានក្រុមកាងារចម្រុះភាគីថៃ និងជានាយសេនាធិការចម្រុះកងទ័ពថៃបានថ្លែងយល់ស្របទៅលើសេចក្តីប្រកាសរួមនោះ។ កម្ពុជា និងថៃ បានឈ្លោះទាស់ទែងគ្នាដណ្តើមកាន់កាប់ដីនៅតំបន់ក្បែរប្រសាទព្រះវិហារចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ ម្ល៉េះ។ ជម្លោះនេះបន្ទាប់ពីថៃ បានដាក់ពង្រាយកងព័ទរបស់ខ្លួននៅតំបន់នេះ ក្រោយពីប្រសាទព្រះវិហារចំណាស់ ៩០០ឆ្នាំរបស់ខ្មែរត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលថៃប្រឆាំងជំទាស់មិនបានសម្រេច។ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌ក្រុងឡាអេ បានបញ្ជាឲ្យភាគីជម្លោះដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់ជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពទៅដល់ប្រាសាទព្រះវិហារ និងបង្គ្រាប់ឲ្យដាក់កងទ័ពសង្គេតការណ៍មកពីសមាជិកអាស៊ាន។ ក៏ប៉ុន្តែចាប់ពីពេលនោះ ការចរចាឆ្ពោះទៅរកការអនុវត្តសាលដីកានោះ មិនទទួលបានផលវិជ្ជមានជាដុំកំផួននោះទេ។ ក្រុមការងារចម្រុះផ្នែកកិច្ចការព្រំដែននៃប្រទេសទាំងពីរគ្រោងនឹងបញ្ចប់កិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២នេះ។ ក៏ប៉ុន្តែកិច្ចប្រជុំបានអូសបន្លាយរហូតទៅដល់ម៉ោង១២ និង១៥នាទីរំលងអាធ្រាតចូលដល់ថ្ងៃព្រហស្បតិ៍នេះ ហើយកិច្ចប្រជុំបានបញ្ចប់នៅរសៀលម៉ោង៣ថ្ងៃនេះវិញ។ ក្រុមមន្ត្រីកម្ពុជាបានបង្ហើបថាមានភាពតានតឹងជាច្រើននៅក្នុងកិច្ចពិភាក្សានេះ ក៏ប៉ុន្តែបានបដិសេធបង្ហាញពីចំណុចខ្វែងគំនិតគ្នា ដែលបណ្តាលឲ្យមានភាពតានតឹងនោះ។ លោកឧត្តមសេនីយ៍ វីរៈពង្ស សង្ឃកានេត្រា បានថ្លែងសម្រួលការកត់សម្គាល់នេះតាមរយៈអ្នកបកប្រែ។ «ការដែលប្រើពេលវេលាយូរនេះ យើងស្ថិតនៅក្នុងឋានៈជាបងប្អូននឹងគ្នា ហើយជាប្រទេសជិតខាងគ្នា។ ដូច្នេះពេលជួបគ្នានេះ ក្នុងនាមជាប្រទេសជិតខាងនៅតែប្រើពេលវេលាយូរ»។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ ភាគីទាំងពីរបានបញ្ជាក់ថា មានភាពចម្រើនជឿនលឿនទៅមុខនៅក្នុងកិច្ចពិភាក្សាលើកនេះ ហើយភាគីទាំងពីរកម្ពុជា និងថៃ បានសន្យាឡើងវិញនៅក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៅតំបន់ដែលមានជម្លោះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកបឹងកក់ដែលទើបនឹងរួចពីឃុំប្តេជ្ញាបន្តការតវ៉ា Posted: 28 Jun 2012 06:12 PM PDT អ្នកភូមិបឹងកក់ដែលទើបនឹងដោះលែងចេញពីពន្ធនាគារ និងសមាជិកសហគមន៍ដទៃផ្សេងទៀត បានប្រមូលផ្តុំគ្នានៅផ្ទះអ្នកស្រី ទេព វន្នី នៅព្រឹកនេះ ដើម្បីសម្តែងការនឹករលឹកគ្នាទៅវិញទៅមក។ អ្នកខ្លះនិយាយរំលឹកអំពីស្ថានភាពនៅក្នុងពន្ធនាគារព្រៃស ប្រាប់សមាជិករបស់ខ្លួនថា តើខ្លួនកំពុងយល់សប្តិ ឬយ៉ាងណា នៅពេលត្រូវបានដោះលែងចេញពីពន្ធនាគារ។ អ្នកភូមិបឹងកក់ចំនួន១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍សម្រេចបន្ធូបន្ថយទោសពីជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ នឹងប្រាំមួយខែ មកនៅត្រឹមមួយខែនឹងបីថ្ងៃវិញ។ ដោយគិតពីថ្ងៃចាប់ឃុំខ្លួន អ្នកទាំង១៣នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពចេញពីពន្ធនាគារ តាមអំណាចសាលាក្រមរបស់សាលាឧទ្ធរណ៍។ បន្ទាប់ពីបានចេញពីពន្ធនាគាររយៈពេលតែមួយថ្ងៃប៉ុណ្ណោះ អ្នកដែលធ្លាប់ជាប់ឃុំឃាំងបាននិយាយដូចៗគ្នាថា ពួកគេមិនបាក់ស្បាតតាមរយៈការជាប់ឃុំឃាំងទេ។ ហើយសច្ចាថា នឹងបន្តដឹកនាំការតវ៉ា រហូតដល់បានដីទំហំ១២.៤៤ហិចតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាត់ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់មកឲ្យពួកគេវិញ។ អ្នកស្រី ហេង មុំ បានប្រកាន់ជំហរថា អ្នកស្រីនៅតែបន្តការទាមទាររហូតទាល់តែមានដំណោះស្រាយ។ «ការទាមទារដីមកវិញ គឺជាការទាមទារដោយស្របច្បាប់គឺខ្ញុំនៅតែចូលរួម។ ខ្ញុំនៅតែគាំទ្រប្រជាពលរដ្ឋ ហើយខ្ញុំនៅតែជាសមាជិកនៅក្នុងសហគមន៍នេះដដែល»។ អ្នកស្រី ថូ ដាវី អាយុ២៥ឆ្នាំ រស់នៅភូមិ២២ បាននិយាយថា ជីវិតជាប់ពន្ធនាគាររយៈពេលជាងមួយខែមកនេះ មិនបានធ្វើឲ្យអ្នកស្រីបាក់ស្បាតទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញនឹងបង្កើនកម្លាំងចិត្តដល់អ្នកស្រីបន្ថែមទៀត ដើម្បីបន្តចូលរួមទាមទារដីធ្លីនៅតំបន់បឹងកក់។ «ខ្ញុំឥតបាក់ស្បាត ហើយក៏ខ្ញុំឥតមានភ័យខ្លាចដែរ។ ខ្ញុំនៅតែបន្ត ប្រសិនបើនៅតែគ្មានដំណោះស្រាយ។ ក៏ប៉ុន្តែប្រសិនបើសម្តេចនាយក គាត់មានដំណោះស្រាយជូនពួកខ្ញុំនៅតំបន់បឹងកក់ ពួកខ្ញុំនឹងឈប់។ ហើយប្រសិនបើគ្មានដំណោះស្រាយទេ នាងខ្ញុំនៅតែបន្តធ្វើការតវ៉ាដើម្បីរកដំណោះស្រាយ»។ អ្នកស្រី តុល ស្រីពៅ តំណាងអ្នកភូមិបឹងកក់ដែលត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងចំណោមប្រជាពលរដ្ឋទាំង ១៣នាក់នោះបាននិយាយថា អ្នកស្រីរីករាយបន្ទាប់ពីបានចេញពីពន្ធនាគារ។ ក៏ប៉ុន្តែអ្នកភូមិបឹកក់នៅមិនទាន់បានជោគជ័យទេ ដោយសារតែដីទំហំជាង ១២ហិចតា មិនទាន់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញបោះបង្គោលព្រំដីឲ្យបានច្បាស់លាស់។ «យើងឥតទាន់បានជ័យជម្នះផង ព្រោះថាដី១២ហិចតាសម្រេចឲ្យហើយ ប៉ុន្តែយើងមិនទាន់បានដឹងថានៅកន្លែងណាពិតប្រាកដ។ ព្រំប្រទល់មិនដឹងនៅឯណា ហើយប្រជាពលរដ្ឋដែលគាត់នៅបឹងកក់ដែរ បែរជាគេកាត់ចេញ។ អញ្ចឹង ខ្ញុំនឹងធ្វើការតវ៉ាឲ្យពួកគាត់ថាពួកខ្ញុំបានធ្វើការតវ៉ារយៈពេលប្រាំឆ្នាំ គឺរួមសុខ រួមទុក្ខជាមួយគ្នាទាំងអស់។ ដូច្នេះ ពួកខ្ញុំមិនអាចចាកចេញពីពួកគាត់ទាំង៩៤គ្រួសារដែលឥតទាន់បានដីនៅពិតប្រាកដទេ»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ បានកាត់ដីទំហំ១២.៤៤ហិចតា ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលមានទំហំផ្ទៃដីសរុប ១១៤.៤១ហិចតា។ ក៏ប៉ុន្តែនៅក្នុងរយៈពេលជិតមួយឆ្នាំទៅហើយ សាលាក្រុងភ្នំពេញនៅមិនទាន់បានកំណត់ព្រំដីឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |