VOA News: ព័ត៌មាន: “ក្នុង​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ ប្រធានាធិបតី​ស៊ីរី​ទម្លាក់​កំហុស​លើ​ពួក​«ភេរវជន»ចំពោះ​អំពើ​ហិង្សា” plus 5 more

VOA News: ព័ត៌មាន: “ក្នុង​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ ប្រធានាធិបតី​ស៊ីរី​ទម្លាក់​កំហុស​លើ​ពួក​«ភេរវជន»ចំពោះ​អំពើ​ហិង្សា” plus 5 more


ក្នុង​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ ប្រធានាធិបតី​ស៊ីរី​ទម្លាក់​កំហុស​លើ​ពួក​«ភេរវជន»ចំពោះ​អំពើ​ហិង្សា

Posted: 17 May 2012 07:51 AM PDT

លោក បាសា អាល អាសាដ (Bashar al-Assad) ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី​ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​ដ៏​កម្រ​មួយ ដែល​ថា​ រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ប្រយុទ្ធ​ទល់​នឹង​ពួក​ភេរវជន​ដែល​គាំទ្រ​ដោយ​បរទេស​ មិនមែន​សកម្មជន​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​រយ:ពេល​១៤​ខែ​របស់​លោក​ទៅ​លើ​ការ​បះបោរ​របស់​ក្រុម​ជំទាស់។

កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​នេះ ស​ឱ្យ​ឃើញ​ថា​ លោក អាសាដ គ្មាន​បំណង​នឹង​បញ្ចប់​ការ​បង្រ្កាប​យ៉ាង​ប្រល័យ​របស់​លោក​ទៅ​លើ​ក្រុម​ប្រឆាំង​ទេ ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​មាន​ផែនការ​សន្ដិភាព​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ក៏​ដោយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->

ឧបទ្វីប​កូរ៉េ៖ ប្រទេស​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​ចរចា​ផ្លូវ​ការទូត​ជាន់​ខ្ពស់​មួយ ជាមួយ​ប្រទេស​ជប៉ុន​និង​ស.រ.អា​នៅ​អាទិត្យ​ក្រោយ​នេះ​ ស្ដី​អំពី​ប្រទេស​កូរ៉េ​ខាងជើង។

ចិន/កូរ៉េ​ខាងជើង៖ អ្នក​នេសាទ​ត្រី​ជាតិ​ចិន​២៩​នាក់​ត្រូវ​បាន​គេ​ចាប់​ជម្រិត​ទារ​ប្រាក់​លោះ។ អ្នក​នេសាទ​ត្រី​ទាំង​នោះ​ត្រូវ​ពួក​ជនជាតិ​កូរ៉េ​ខាង​ជើង​ចាប់​ជម្រិត​នៅ​ដើម​ខែ​នេះ​នៅ​សមុទ្រ​លឿង។

ចិន៖ លោក ឆិន កាំងឆេង (Chen Guangcheng)សកម្មជន​ជាតិ​ចិន​និយាយ​ថា​ លោក​និង​គ្រួសារ​នឹង​បាន​ទទួល​លិខិត​ឆ្លង​ដែន​សម្រាប់​ចេញ​ពី​ប្រទេស​ចិន​ក្នុង​រយ:ពេល​ពីរ​អាទិត្យ​ខាង​មុខ​នេះ។

ម៉ុងហ្គោលី៖ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​អតីត​ប្រធានាធិបតី ណាំបារ៉ីន អិនបាយ៉ារ (Nambaryn Enkhbayar) នៃ​ប្រទេស​ម៉ុងហ្គោលី (Mongolia) ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​បាន​បង់​ប្រាក់​ធានា​ ដើម្បី​ទៅ​ព្យាបាល​ជំងឺ ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​អស់​ពេល​ដប់​ថ្ងៃ។ ការ​ចាប់​លោក​ អិន បាយ៉ាវ ដាក់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រូវ​អន្ដរជាតិ​រិះគន់។

សេដ្ឋកិច្ច​ពិភពលោក៖ សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​បាន​ល្អ​ប្រសើរ​ឡើង​១​ភាគរយ​ពី​ខែ​មករា​ដល់​ខែ​មីនា​នៅ​ឆ្នាំ​នេះ។ នៅ​ប្រទេស​សិង្ហបូរី ផលិតផល​សរុប​​បាន​ថយ​ចុះដោយ​សារ​រដ្ឋាភិបាល​បាន​ព្រមាន​អំពី​វិបត្តិ​ប្រាក់​បំណុល​របស់​ប្រទេស​នៅ​អឺរ៉ុប។ រីឯ​នៅ​ស.រ.អា សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​តិច​តួច ស្រប​ពេល​ដែល​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​មាន​ការ​រំជើប​រំជួល។

ស៊ីរី៖ ក្រុម​អ្នក​សង្កេត​ការណ៍​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប​លើ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា​ ប្រទេស​ស៊ីរី​បន្ដ​ធ្វើ​ជា​ប្រទេស​ទិសដៅ​ ដែល​គេ​បញ្ជូន​អាវុធ​របស់​អ៊ីរ៉ង់​ទៅ​កាន់​ទីនោះ។ ការ​បញ្ជូន​នេះ​ល្មើស​នឹង​បំរាម​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប​ទៅ​លើ​ការ​ទិញ​ចូល​អាវុធ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។

អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ដ្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្ដឃាត​ទៅ​លើ​អគារ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ដ​ហ្វារ៉ាហ៍ (Farah) ស្ថិត​នៅ​ភាគ​ខាង​លិច បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំ​ពីរ​នាក់​ហើយ​របួស​១២​នាក់​ផ្សេង​ទៀត។

តួកគី៖ ពួក​មន្ដ្រី​តួកគី​និយាយ​ថា ​ពួក​បះបោរ​ខឺរដ៍ (Kurd) បាន​សម្លាប់​យុទ្ធជន​តួកគី​បី​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភ្នំ​នា​ភាគ​ខាង​ត្បូង​ប្រទេស។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ក្រិក​នឹង​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ភាព​ទាល់ច្រក​នយោបាយ

Posted: 17 May 2012 01:34 AM PDT

ប្រទេស​ក្រិក​បាន​កំណត់​ថ្ងៃ​ទី​ ១៧​ ខែ​មិថុនា​ សម្រាប់​ធ្វើ​ការ​បោះ​ឆ្នោត​ម្តង​ទៀត​ បន្ទាប់​ពី​គណបក្ស​នយោបាយ​ធំ​ៗ​ មិន​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​បាន​ កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ទោះ​ជា​មាន​ការ​ព្យាយាម​សម្រប​សម្រួល​ជា​ច្រើន​ដង​ ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​យ៉ាង​ណា​ក្តី។​

ការ​ប្រកាស​កាល​បរិច្ឆេទ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ កាឡូស ប៉ាពូលីយ៉ាស​Karolos​ Papoulias​ នៃ​ប្រទេស​ ក្រិក​ បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​គណបក្ស​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​​មួយ​រួច​ហើយ។​ ទូរទស្សន៍​ជាតិ​ប្រកាស​ថា​ លោក​ ប៉ាណាជីអូទីស​ពីក្រាមេណូស​Panagiotis​ Pikrammenos​ ចៅក្រម​ជាន់​ខ្ពស់​របស់ប្រទេស​នេះ​បាន​ត្រូវ​តែង​តាំង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន។

<!--IMAGE-RIGHT-->

ស.រ.អ៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ Barack Obama​បាន​រៃ​អង្គាស​ប្រាក់​បាន​ ៤៣​ លាន​ ៦​ សែន​ ដុល្លារ​ កាល​ពី​ខែ​មុន​សម្រាប់​យុទ្ធនាការ​របស់​លោក​និង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ខណៈ​ដែល​លោក​កំពុង​ឈាន​ទៅ​រក​ការ​ឃោសនា​ដើម្បី​ឲ្យ​បាន​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​ពីរ​ ប្រឆាំង​នឹង​លោក​ មិត​ រមនី​Mitt Romney​ ដែល​ទំនង​ជា​នឹង​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។

ចិន៖ អ្នក​ប្រឆាំង​ជាតិ​ចិន​ងងិត​ភ្នែក​លោក​ចិន គួងឆេង​Chen​ Guangcheng​ ឲ្យ​ដឹង​ថា​ លោក​និង​គ្រួសារ​បាន​ដាក់​ពាក្យ​សុំ​លិខិត​ឆ្លង​ដែន​ ហើយ​ថា​អាជ្ញាធរ​ចិន​បាន​ប្រាប់​លោក​ថា​ ឯកសារ​ធ្វើ​ដំណើរ​នឹង​ប្រគល់​ឲ្យ​លោក​នៅ​ចុង​ខែ​នេះ។​

លោក​ចិន​ Chen​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ជា​មួយ​ក្រុម​ផ្សាយ​ជា​ភាសា​ កុកងឺ​ របស់​វីអូអេ​ ពី​បន្ទប់​លោក​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ប៉េកាំង។​

លោក​និយាយ​ថា​ គេ​បាន​ថត​រូប​លោក​ ហើយ​មន្រ្តី​សន្តិសុខ​ខេត្ត​សានទុង​ Shangdong​ បាន​យក​ពាក្យ​សុំ​លិខិត​ឆ្លង​ដែន​ ទៅ​ឲ្យ​លោក​ដល់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ពុធ​នេះ៕​

ឥណ្ឌូនេស៊ី៖ ប្រទេស​ឥណ្ឌូនេស៊ី​ និយាយ​ថា​ គេ​ត្រូវ​ការ​ពេល​វេលា​ដល់​ទៅ​មួយ​ឆ្នាំ​ ដើម្បី​វិភាគ​សម្ភារៈ​ និង​ទិន្នន័យ​ហោះ​ហើរ​ ដែល​គេ​បាន​រក​ឃើញ​នៅ​កន្លែង​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​របស់​រុស្ស៊ី​ ដែល​បើក​បុក​ចង្កេះ​ភ្នំ​ភ្លើង​មួយ​កាល​ពី​សប្តាហ៍​មុន​ នៅ​ជិត​ក្រុង​ ចាកាតា​Jakarta​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៤៥​ នាក់​នៅ​ក្នុង​នោះ។​

ប៊ូស្នី៖ រដ្ឋ​អាជ្ញា​បាន​លាត​ត្រដាង​ពាក្យ​ចោទ​ប្រឆាំង​នឹង​មេ​បញ្ជាការ​យោធា​ដ៏​ល្បី​ល្បាញ​ ដែល​គេ​ចោទ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជួយ​ដឹកនាំ​អំពើ​ប្រល័យ​ពូជសាស៍​ លើ​ជនជាតិ​ មូស្លីម ប៊ូស្នី​​Muslim​ Bosnie​ កាល​ពី​ពីរ​ទសវត្សរ៍​មុន។

លីប៊ីរី៖ លោក​ឆាល​ ថៃ​ល័រ Charles Taylor​ អតីត​ប្រធានាធិបតី​ប្រទសេ​លីប៊ីរី​​ Liberia​ បាន​និយាយ​ថា​ លោក​មាន​«សមានចិត្ត​ដ៏​ជ្រាលជ្រៅ​បំផុត»​ ចំពោះ​ជន​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដ៏​សាហាវ​យង់​ឃ្នង​របស់​ប្រទេស​ សេរ៉ា លេអ៊ន​Sierra​ Leone​ តែ​មិន​បាន​និយាយ​សុំ​ទោស​ចំពោះ​អំពើ​ឃោ​ឃៅ​របស់​ពួក​ឧទ្ទាម​ដែល​លោក​បាន​បំពាក់​អាវុធ​ ដើម្បី​ប្តូរ​យក​ពេជ្រ​នោះ​ទេ។​

ស៊ីរី៖ សកម្មជន​ប្រទេស​ស៊ីរី​ និយាយ​ថា​ ការ​បាញ់​កាំភ្លើង​ធំ​និង​កាំភ្លើង​តូច​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៩​ នាក់​ នៅ​ពាស​ពេញ​ប្រទេស​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ពួក​គេ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​​ដែល​ក្រុម​អ្នក​សង្កេតការណ៍​យោធា​ អ.ស.ប.​ បាន​នៅ​គាំង​ជាប់ ក្នុង​ការ​បាញ់​តគ្នា​និង​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​សាហាវ​ កាល​ពី​មួយ​ថ្ងៃ​មុន​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រំពឹង​ថា​នឹង​មាន​ការ​បំភិត​បំភ័យ​កើន​ឡើង​

Posted: 16 May 2012 09:03 PM PDT

ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រោង​នឹង​មក​ដល់​នៅ​ថ្ងៃ​សុក្រ​ខាង​មុន​នេះ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ បាន​លើកឡើង​ថា ការ​បំភិតបំភ័យ ​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នៅ​តែ​បន្ត​កើតមាន​ ជាពិសេស​នៅ​តាម​ការិយាល័យ​បោះឆ្នោត។

លោក ​គល់ ​បញ្ញា ​នាយក​អង្គការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ខុមហ្រ្វែល (Comfrel) បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា មាន​អាជ្ញាធរ​ខ្លះ​បាន​ឃ្លាំមើល​ប្រជាពលរដ្ឋ​នៅ​តាម​ការរិយាល័យ​បោះឆ្នោត ​ដើម្បី​ចង់​ដឹង​ថា​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន។

មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​តុមូល​ស្តីអំពី​ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ និង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ​លោក​គល់ ​បញ្ញា ​បាន​មាន​ប្រសាសន៍​ថា​អង្គការ​ខុមហ្រ្វែល​បាន​អ្នក​ឃ្លាំមើល​ជាង​ ៥០០​នាក់​ ដើម្បី​តាម​មើល​បាតុភាព​មិន​ប្រក្រតី​ទាំង​នេះ។

«ភ្នាក់ងារ​គណបក្ស​មួយ​ចំនួន​ក៏​អញ្ចឹងដែរ។ ​ភ្នែក​ធំ​ៗ​ តាម​មើល​ប្រជាជន ​ព្រោះ​បាន​និយាយ​គ្នា​ ឲ្យ​លុយ​គ្នា​ស្រេច​អស់​ហើយ។ ​អញ្ចឹង​ថ្ងៃ​បោះឆ្នោត​មក​តាម​មើល​ប្រជាជន​ ដើម្បី​ឃ្លាំមើល ​តើ​អ្នក​ឯង​បោះ ​ឬ​មិន​បោះ។ ថា​ម៉េច​បាន​ជា​គេអាច​ដឹង។ មិន​អាច​ដឹង​បាន​ទេ ព្រោះ​ការ​បោះឆ្នោត​នេះ​ ជា​ការ​សម្ងាត់»។

លោក​គល់ ​បញ្ញា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ខុមហ្វ្រែល​បាន​បង្រៀន​ជាពិសេស​អ្នក​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​ និង​ការ​កត់ត្រា​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឲ្យ​បាន​លឿន​ថា​ តើ​លទ្ធផល​ដែល​បាន​បង្ហាញ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ និង​លទ្ធផល​របស់​ខុមហ្វ្រែល​មាន​ភាព​ខុស​ប្លែក​គ្នា​ ឬ​ យ៉ាងណា។

លោក ​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ការ​វាយ​តម្លៃ​ផ្ទាល់ខ្លួន​របស់​ខុមហ្រ្វែល។ លោក​បាន​មាន​ប្រសាសន៍​ថា​មិន​មាន​ការ​បំភិតបំភ័យ​ដល់​អ្នក​បោះឆ្នោត​ទេ។ ប្រសិន​ណា​បើ​មាន​មន្ត្រី​ទាំង​នោះ​ទៅ​បំភិតបំភ័យ​អ្នក​បោះឆ្នោត​ និង​ទទួល​បាន​ពិន័យ ​និង​បណ្តេញ​ចេញ​ពី​ការរិយាល័យ​បោះឆ្នោត។

«ក្នុង​ករណី​ដែល​មាន​អ្នក​មក​រំខាន​ការបោះឆ្នោត​។​ គឺ​ទី​១ ​មន្ត្រី​នៅ​ខាង​ក្រៅ​ហ្នឹង​រំលឹក​គាត់​ ថា​គាត់​ធ្វើ​អញ្ចឹង​មិន​ត្រឹមត្រូវ​ទេ។ ឧទាហរណ៍​មាន​មន្ត្រី​នៅ​ឃុំសង្កាត់​ ឬ​ក៏​អាជ្ញាធរ​ ឬក៏​អ្នកណា​ម្នាក់​មក​ឈរ​នៅ​ក្នុង​បរិវេណ​ហាមឃាត់​នៅទីនោះ​ដើម្បី​មើល​អ្នក​បោះឆ្នោត​ទៅ​ត្រួត​ពិនិត្យ​អ្នក​បោះឆ្នោត​អី​ យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​បរិវេណ​ដែល​យើង​ហាមឃាត់​ទេ»។

មាន​គណបក្ស​នយោបាយ​ចំនួន​១០ ​ដែល​បាន​ចុះ​បញ្ជី​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ អណត្តិ​ទី​៣​នេះ ​ដែល​រួម​មាន​គណបក្ស​សម ​រង្ស៊ី ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​នរោត្តមរណឫរិទ្ធ ​គណបក្ស​សិទ្ធិមនុស្ស ​គណបក្ស​សញ្ជាតិកម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​គណបក្ស​ខ្មែរ​ឈប់ក្រ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គណបក្ស​ចលនា​ប្រជាធិបតេយ្យ ​និង​គណបក្ស​ប្រជាជនកម្ពុជា។

គណបក្ស​ទាំង​១០​ និង​ចូល​រួម​ប្រកួតប្រជែង ​ដើម្បី​ជ្រើសរើស​មុខ​ដំណែង​ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន​ ១.៦៣៣​ឃុំ​សង្កាត់ ​ដែល​មាន​អ្នក​បោះឆ្នោត​ប្រមាណ​ជាង​៩​លាន​នាក់។

លោក​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម​ រង្ស៊ី ​បាន​ទទួល​ស្គាល់​ថា នៅ​រដូវ​បោះឆ្នោត​ចូល​មក​ដល់​ការ​គំរាមកំហែង ​និង​ការ​បំភិតបំភ័យ​បាន​មក​ទន្ទឹម​គ្នា​ផងដែរ។

«ពីព្រោះ​អ្នក​នយោបាយ​ថ្នាក់​ខ្ពស់​ក៏​គំរាម ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​គំរាម​ប្រជាពលរដ្ឋ​ ហើយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ អ្នក​នយោបាយ​ថ្នាក់​ជាតិ​របស់​គណបក្ស​កាន់​អំណាច​ហ្នឹង​ក៏​គំរាម​ប្រជាពលរដ្ឋ​ដែរ។ ​ការ​គំរាម​ហ្នឹង ​គំរាម​តាំង​ពី​ពេល​មុន​ឃោសនា​មក​ម្លេះ»។

នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​គណបក្ស​ទាំង​១០​ និង​ចាប់ផ្តើម​យុទ្ធនាការណ៍​បោះឆ្នោត​របស់​ខ្លួន​ជា​លើក​ដំបូង ​ហើយ​គណបក្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ទិញ​សារុង ​ប៊ីចេង ​និង​ផ្តល់​លុយកាក់​បន្តិចបន្តួច​ជូន​ប្រជាជន​ ដើម្បី​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​ខ្លួន៕

This posting includes an audio/video/photo media file: Download Now

ភាពយន្ត​ឯកសារ​ថ្មី​បង្ហាញ​ពី​ការ​នាំ​កូន​រត់​ភៀស​ខ្លួន​របស់​ស្ត្រី​ខ្មែរ​ម្នាក់​

Posted: 16 May 2012 08:48 PM PDT

មហោ​ស្រព​ភាព​យន្ត​«ក្តី​សង្ឃឹម​និង​សេរីភាព»​បាន​ធ្វើ​ឡើង​នៅ​ឯ​សាល​មហោ ​ស្រព​​សិល្បៈ ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វញ៉ា​នា​ចុង​សប្តាហ៍​កន្លង ​ទៅ​នេះ។

មាន​ភាពយន្ត​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ក្តី​សង្ឃឹម​និង​សេរីភាព​ត្រូវ ​បាន​ដាក់​បញ្ចាំង​ដែល​នៅ​ក្នុង​នោះ​មាន​ភាព​យន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ ជើង​ថា«The End/ Beginning» ឬ «​ទី​បញ្ចប់​​និង​​ការ​ចាប់​ផ្តើម»។ នេះ​​គឺ​​ជា​​ភាព​​យន្ត​​ឯក​សារ ​​ដែល​​និយាយ​​ពី​​ជីវិត​​របស់ អ្នក​​រស់​​រាន​​មាន​ជីវិត​​ពី​​របប​​ប្រល័យ​​ពូជ​សាសន៍​​ម្នាក់​​និង​​ខ្សែ ​ជីវិត​​របស់​​គាត់​​ក្នុង​​ការរត់​​គេច​​ពី​​របប​​ដ៏​​ឃោរឃៅ​​នេះ​​មក​​ កាន់​​សហរដ្ឋ​អាមេរិក​​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម។ ​

លោក​អៀ ​សុផល ជា​អ្នក​សរសេរ​និង​ អ្នក​និទាន​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ ​បាន​ប្រាប់​ថា​ខ្សែ​ភាពយន្ត​​នេះ​​​ជា​​រឿង​​រ៉ាវ​​ពិត​​របស់​​ម្តាយ​​គាត់ ​​ដែល​​បាន​​រត់​គេច​ចេញ​ពី​សេចក្តី​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។

លោក​សុផល ​បាន​បញ្ជាក់​ថា​​​បើ​ទោះ​បី​ជា​រឿង​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ ម្នាក់​​ប៉ុន្តែ​​វា​​ប្រាប់​​ពី​​រឿង​​រ៉ាវ​​ស្រដៀង​​គ្នា​​របស់​មនុស្ស​ជា ​ច្រើន​ទៀត។ លោក​បាន​បន្ថែម​ថា៖

​«រឿង​​នេះ​​ផ្តល់​​នូវ​​ការ​គោរព​ដឹង​គុណ​ដល់​ម្តាយ​របស់​ខ្ញុំ​ដែល​ គាត់​អាច​រត់​គេច​ផុត​ពី​របប​ខ្មែរ​ក្រហម​ដោយ​ប្រើ​ភាសា​​ជា​លិខិត​ឆ្លង​ ដែន។ ហើយ​ទោះ​បី​ជា​រឿង​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​មួយ​ប៉ុន្តែខ្ញុំ​ធ្លាប់​បាន​ ជួប​អ្នក​ដែល​​ធ្លាប់​បាន​រត់​គេច​ពី​របប​ប្រល័យ​ពូជ​សាសន៍​​តាម​​រយៈ​​ ប្រទេស​វៀត​ណាម​ដូច​ម្តាយ​ខ្ញុំ​ដែរ។ ​ដូច្នេះ​វា​ជា​រឿង​ផ្ទាល់​ខ្លួន​មួយ​ដែល​ប្រាប់​ពី​រឿង​​រ៉ាវ​​របស់​​ មនុស្ស​​ជា​ច្រើន​ទៀត​តាម​រយៈ​តួអង្គ​មួយ​គឺ​​ម្តាយ​​របស់​ខ្ញុំ»។

ភាពយន្ត​នេះ​មាន​​រយៈ​ពេល​៤៧​នាទី​ហើយ​មាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ ក្រាហ្វិក​ដើម្បី​​គូស​បង្ហាញ​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ជំនួស​ឱ្យ​ការ​ ប្រើ​ប្រាស់​រូបភាព​ឯកសារ​នានា។​​

លោក Kevin Jonhson ជា​ដឹក​នាំ​មហោ​ស្រព​ភាព​យន្ត​នេះ​បាន​ប្រាប់​វីអូអេ ខ្មែរ ថា​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ចង​ក្រង​នូវ​ប្រវត្តិសាស្រ្ត​តាម​រយៈ ​បទ​ពិសោធន៍​​របស់​​បុគ្គល​​ម្នាក់ៗ។ លោក​បន្ត​ថា៖

​«ប្រសិន​បើ​យើង​និយាយ​រឿង​តាម​បែប​ប្រវត្តិ​សាស្រ្ត​នោះ​យើង​នឹង​បាត់​ បង់​នូវ​ភាព​ពិស្តារ​របស់​រឿង​នោះ​ព្រោះ​ម្នាក់​ៗ​មាន​បទ​ពិសោធន៍​និង​ការ​ តស៊ូ​ខុស​គ្នា»។

មាន​អ្នក​មក​ចូល​រួម​ទស្សនា​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​​ខ្សែ​ភាព​​យន្ត ​​នេះ​ហើយ​គិត​ថា​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ប្រាប់​នូវ​រឿងរ៉ាវ​នៃ ​របប​ខ្មែរ​ក្រហម​​ទៅ​​កូន​​ចៅ​ជំនាន់​ក្រោយ។​ ដូច​ជា​លោក​ ​Jusin​ Sok​ ជា​​ប្រជា​ពលរដ្ឋ​​មួយ​រូប​រស់​នៅ​ទី​ក្រុង​ឡុង​ប៊ិច​ដែល​បាន​ទស្សនា​​ខ្សែ​ ភាព​យន្ត​នេះ​បាន​ឱ្យ​​ដឹង​​ថា៖

«គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ដែល​យើង​ចេញ​មក​និយាយ​គ្នា​ជូន​ជា​រឿង​កត់​ សម្គាល់​​ជា​​ប្រវត្តិ​សាស្រ្ត​របស់​យើង។ ​ឳពុក​ម្តាយ​ពី​មុនៗ​គាត់​ចុក​ចាប់​ខ្លាំង​ពេក​គាត់​អត់​ចង់​និយាយ​គាត់​ចេះ ​តែ​ទុក​រឿង​ក្នុង​ខ្លួន​គាត់ ហើយ​អ្នក​ជំនាន់​ក្រោយ​កើត​មក​គ្នា​អត់​ដឹង។​ចំ​ណែក​ពួក​ជំនាន់​ខ្ញុំ​បាន​ រៀន​សូត្រ​ស្គាល់​វប្បធម៌​អរិយធម៌​ទាំង​សង​ខាង​គ្រាន់​ជួយ​ណែ​នាំ​ធ្វើ​ជា​ ស្ពាន​​ដើម្បី​​ជា​ទំនាក់​ទំនង​សន្ទនារ​វាង​ឳពុក​ម្តាយ​យើង​និង​ប្អូនៗ​យើង​ ជំនាន់​ក្រោយ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ភាព​យន្ត​ឯកសារ​នេះ​ធ្លាប់​ត្រូវ​បាន​បញ្ចាំង​នៅ​ ស្ថានីយ៍​ទូរទស្សន៍ ​Channel News​Asia ​នៃ​ប្រទេស​សិង្ហ​បុរី​និង​​បាន​​ទទួល​​ពាន​​រង្វាន់​​មាស​​ពី​មហោស្រព​ ភាពយន្ត​និង​ទូរទស្សន៍​អន្តរជាតិ​​International Television and Film Awards នៅ​ទី​ក្រុង​ New York៕​

This posting includes an audio/video/photo media file: Download Now

ចៅក្រម​អន្តរជាតិ​ម្នាក់​លាលែង​ពី​សាលាក្តី​ខ្មែរក្រហម

Posted: 16 May 2012 09:06 PM PDT

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​ជន​ជាតិ​ជប៉ុន​បាន​ដាក់​ពាក្យ​សុំ​លាឈប់​ពី​ការងារ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​សាលាក្តី​ស្នើ​ឱ្យ​អង្គការ​សហ​ប្រជា​ជាតិ​ពិចារណា​រក​វិធី​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ឱ្យ​បាន​ស្រួល​បួល​​ជា​ជាង​ការ​ដែល​គ្រាន់​តែ​តែង​តាំង​អ្នក​ថ្មី​មក​ជំនួស។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​សាលាក្តី​ខ្មែរ​ក្រហម​​បាន​ឱ្យ​ដឹង​ថា​លោក​ចៅក្រម​ម៉ូទូ ណូហ្គូជី​ ដែល​ជា​ចៅក្រម​មួយ​រូប​ក្នុង​តុលាការ​កំពូល​នៃ​សាលាក្តី​បាន​ដាក់​​លិខិត​លាលែង​ទៅ​​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ចប់​ការងារ​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​លោក​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​គីមូន​នឹង​ទទួល​យក​ការ​លា​ឈប់​នោះ​ហើយ​តែង​តាំង​អ្នក​ថ្មី​ទៀត​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​លោក​ស្រី​​យូកូ​ ម៉ៃដា​ អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ប្រាប់​វីអូអេ​ថា​លោក​ចៅក្រម​​ត្រូវ​ត្រឡប់​​ទៅ​ធ្វើការ​នៅ​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​ជប៉ុន​វិញ​ហើយ​មិន​អាច​បន្ត​នៅ​បាន​ទៀត​ទេ។​

លោក​ស្រី​បញ្ជាក់​ថា​៖

«នៅ​ពេល​ដែល​តុលាការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​គឺ​យើង​រំពឹង​ថា​នឹង​មាន​រយៈ​ពេល​តែ​បីឆ្នាំ​ទេ​នឹង​បញ្ចប់​អាណត្តិ​ហើយ ​ប៉ុន្តែ​ឥឡូវ​នេះ​វា​ឈាន​មក​ដល់​ឆ្នាំ​ទី៦​ហើយ​វា​នឹង​ត្រូវ​បន្ត​ពីបី​ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​សំណុំ​រឿង​បច្ចុប្បន្ន​និង​សំណុំ​រឿង​ដែលនៅ​សេស​សល់​ដទៃ​ទៀត។ នៅ​ពេល​នេះ​លោក​ចៅក្រម​មិន​អាច​នៅ​ទ្រាំ​ធ្វើ​ការ​បាន​ពីរ​បីឆ្នាំ​ទៀត​ទេ​ដូច្នេះ​ហើយ​លោក​គិត​ថា​វា​ពេល​វេលា​សម​ស្រប​សម្រាប់​លោក​ចុះ​ចេញ​ពេល​ដែ​ល​បញ្ចប់​សំណុំ​រឿង​លេខ​០០១»។ ​

ចៅក្រម​ណូហ្គូ​ជី​បាន​ធ្វើ​ការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ​២០០៦​​ហើយ​លោក​បាន​ធ្វើ​ជា​ចៅក្រមមួយ​រូប​ក្នុង​បណ្តឹង​ឧទ្ទរណ៍​នៃ​​​សំណុំ​រឿង​លេខ​០០១​ដែល​បាន​កាត់​ទោស​អតីត​មេគុក​ទួលស្លែង​កាំង​ហ្កេកអ៊ាវ​ហៅ​ឌុច។

ការលាលែង​របស់​លោក​ចៅក្រម​ណូហ្គូ​ជី​ជួន​គ្នា​ជាមួយ​នឹង​ការ​លាឈប់​ជា​បន្ត​បន្ទាប់​របស់​ចៅ​ក្រម​ស៊ើប​អង្កេត​​ដែល​បាន​សម្តែង​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ខ្វះ​ការ​សហការ​ពី​ភាគី​កម្ពុជា​និង​មាន​ការ​ចូល​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​

លោក​ឡាត់​ គី​​ អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សាលា​ក្តី ​ខ្មែរ​ក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​​នៅ​សល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ដែល​សាលាក្តី ​ខ្មែរ​ក្រហម​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ពី ​របប​ខ្មែរ​ក្រហម​ហើយ​លោក​ស្នើ​សុំ​ឱ្យ​អង្គការ​សហប្រជា​ជាតិ​​ត្រូវ​ហ៊ាន​វះកាត់​ដើម្បី​បង្ក​ឱ្យ​ចៅក្រម​របស់​ខ្លួន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ។

លោក​បាន​បន្ថែម​ថា៖ ​

«ខ្ញុំ​យល់​ឃើញ​ថា​ការលា​ឈប់​របស់​ចៅក្រម​ម្នាក់​ទៅ​ចៅក្រម​ម្នាក់​ហើយ​ការ​តែងតាំង​ថ្មី​ម្នាក់​មក​ម្នាក់​ ដែល​មាន​ការតែង​តាំង​ការលាឈប់ ការតែង​តាំង​ការលាឈប់​អញ្ចឹង​មាន​ន័យ​ថា​ការតែងតាំង​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ ដំណោះ​ស្រាយ​គួរតែ​អង្គុយ​ចរចា​ហើយ​សម្រេច​ឱ្យ​ជាក់លាក់​ហើយ​បើសិន​ណា​ជា​សាលាក្តី ​នេះ​ឆ្ពោះ​ទៅមុខ​ប៉ុន្មាន​ទៀត​ឱ្យ​បាន​ច្បាស់​លាស់​គឺ​គួរ​តែ​បង្ហាញ​ព័ត៌មាន​ហ្នឹង​ជូន​សាធារណជន​ជា​ពិសេស​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​សាច់​ញាតិ​នៃ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​អំឡុង​ពី​១លាន​៧​សែន​ទៅ ​ពីរ​លាន​នាក់​ឱ្យ​បាន​ដឹង​ជាក់​លាក់​ផង»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ធ្វើ​ការ​កាត់​ទោស​សំណុំ​រឿង​លេខ​០០២​ដែល​មាន​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បី​រូប​គឺ​នួន ជា​ ខៀវ សំផន ​និង​អៀង​ សារី៕

This posting includes an audio/video/photo media file: Download Now

កេ្មង​ស្រីម្នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​អ្នក​តវ៉ា​ជម្លោះ​ដីធ្លី

Posted: 16 May 2012 06:02 PM PDT

យ៉ាង​ហោចណាស់​មាន​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ​បង្រ្កាប​ក្នុង​ជម្លោះ​ដីធ្លី​​យ៉ាង​ហិង្សា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​។​ នេះ​បើ​យោង​តាម​មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ និង​ក្រុម​មន្ដ្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អំពើហិង្សា​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៨​ និង​៣០​នាទី ​ព្រឹកមិញ​នេះ​ ខណៈ​ដែល​ក្រុម​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាន​ចុះ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រមា ​ឃុំ​កំពង់ដំរី​ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ​ក្រុមហ៊ុន​ការស្ទីម ​ដើម្បី​អភិវឌ្ឍ​ដំណាំកៅស៊ូ​។ ​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ចំនួន​ប្រមាណ​ពី​៤០០ ​ទៅ ​១.០០០​គ្រួសារ។ នេះ​បើ​យោង​តាម​ប្រភព​ផ្សេង​ៗ​គ្នា​។ ​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​ពី​មូលហេតុ​ពី​ប្រភព​ផ្លូវការ​ស្ដីពី​អំពើ​ហិង្សា​នេះ​នៅ​ឡើយ។

ក៏ប៉ុន្ដែ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​មន្ដ្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ មាន​ការ​ប៉ះ​ទង្គិចគ្នា​បាន​ចាប់​ផ្តើម​រវាង​ក្រុម​សមត្ថកិច្ច​ដែល​មាន​កម្លាំង​ទាហាន ​កងរាជ​អាវុធហត្ថ ​និង​កងប៉ូលិស​ជាមួយ​នឹង​ប្រជាពលរដ្ឋ។ កុមារី ​ហេង ​ចន្ថា ​ត្រូវ​ក្រុម​សមត្ថកិច្ច​បាញ់​ត្រូវ​ភ្លាម​ៗ​ ចំ​ត្រង់​ពោះ​ និង​ភ្លៅ​នៅ​ក្នុង​ពេល​នោះ។

លោក ​ស្រ៊ាង ​គឹមស្រ៊ីន ​អាយុ​២៨​ឆ្នាំ ​ត្រូវ​ជា​បងជីដូន​មួយ​របស់​កុមារី​រងគ្រោះ។

«ដល់​ពេល​ ឮ​កាំភ្លើង ​ឮ​អញ្ចឹង​ទៅ​ ក៏​នាំ​បងប្អូន​ទៅ​ពួន​នៅ​ផ្ទះ​ខ្ទម​នៅ​ចម្ការ​ហ្នឹង​។ ​កាំភ្លើង​ហ្នឹង​ បាញ់​ច្រើន​គ្រាប់ ​ហើយ​ត្រូវ​ប្អូន​ខ្ញុំ​ហ្នឹង​ពីរ​គ្រាប់​។ ​បាញ់​ហ្នឹង ​បាញ់​ពី​ក្រោយ​ផ្ទះ​ទៅ​។​ គេ​ឥតមាន​ស្រែក​គំរាម​ឲ្យ​ចេញ​ ឲ្យ​អី​ទេ​។ ​គេ​ប្រាប់​ថា​បាញ់​ពីក្រោយ​មក​តែ​ម្តង​។ ​ពេលហ្នឹង​ប្រជាជន​រត់ ​នាំគ្នា​រត់​ទៅ​រៀង​ៗ​ខ្លួន​។ ​មាន​ខ្លះ​រត់​ទៅ​វត្ត​ទៅ​អី​ទៅ ​ហើយ​គេ​ឡើង​ទៅ​ព័ទ្ធ​ នៅ​វត្ត​ហ្នឹង​ទៀត​។​ យន្តហោះ​ឆ្វែល​មក​ទម្លាក់​ត្រាច់ ​ទម្លាក់​ច្រើន​ណាស់​ក្រដាស​បោះត្រា​ហ្នឹង»។

លោក ​ម៉ា ​សុង ​អាយុ​៤២​ឆ្នាំ ​អ្នក​ភូមិច្រកដំបង​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ប្រាំពីរគីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​។ ​លោក​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​បាន​បាច​ត្រាក់​រាប់ពាន់​សន្លឹក​ពី​លើ​យន្ដហោះ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​កន្លែង​ដែល​ពួកគេ​រស់នៅ​នោះ​ និង​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ។ ​ក្នុង​ត្រាក់​នោះ​បាន​ចោទ​ប្រកាន់​បុគ្គល​ចំនួន​បី​នាក់​ថា​ ជា​មេខ្លោង​ក្នុង​ការ​បំបះបំបោរ​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​នឹង​អាជ្ញាធរ​យក​ដី​នេះ​ទៅ​អភិវឌ្ឍន៍។ នៅ​មិនទាន់​មាន​របាយការណ៍​ជា​ផ្លូវការ​ពី​ក្រុម​អាជ្ញាធរ​ពី​អ្នក​រងរបួស​នៅ​ឡើយ​ទេ​។

លោក ​ជួង ​សៀងហាក់ ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​មិន​ផ្តល់​សេចក្ដីអត្ថាធិប្បាយ​ណាមួយ​ទេ​ដោយ​លោក​មាន​ប្រសាសន៍​ថា ​លោក​កំពុង​ជាប់​រវល់។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ​អ្នក​ភូមិ​ចំនួន​ប្រាំ​នាក់​ត្រូវ​សង្ស័យ​ថា ​ជា​អ្នក​បង្ក​ និង​ញុះញង់​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​បង្កើត​តំបន់​អប្បគម​មួយ​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន ​និង​បាន​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​មួយ​ចំនួន​ ក្នុង​នោះ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ​ប៊ុន ​រដ្ឋា ​ដែល​អាជ្ញាធរ​ចង្អុល​ថា ​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ។

«វា​ជា​អំពើ​ល្មើស​ដែល​ក្រុម​អណាធិបតេយ្យ​បាន​ធ្វើ​នៅ​កន្លែង​ហ្នឹង​។ ​សមាគម​របស់​គាត់​មាន​ គឺ​សមាគម​ប្រជាធិបតេយ្យ​ ដែល​មាន​លោក​ម៉ម ​សុណង់ដូ ​ជា​ប្រធាន​។​ ជា​សាខា​របស់​គាត់​នៅ​តាម​ស្រុក ​មាន​បួន ​ទៅ​ប្រាំ​នាក់ ​ហើយ​មេ​ខ្លោង​ដែល​យើង​រក​ចាប់​ខ្លួន​នោះ»។

លោក​ឧត្តមសេនីយ៍ឯក ​ខៀវ ​សុភ័គ ​បាន​ទទួល​ស្គាល់​ថា​មាន​ជន​រងគ្រោះ​ដល់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ខាង​លើ​នោះ។

ទោះ​ជា​យ៉ាងណា​លោក ​ចាន់ ​សាវ៉េត ​អនុប្រធាន​ផ្នែកស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​លើក​ឡើង​ថា ​ក្រុម​អាជ្ញាធរ​បាន​ប្រើប្រាស់​លេស​ថា​ ប្រជាពលរដ្ឋ​មាន​និន្នាការ​បង្កើត​តំបន់​អប្បគម​ដើម្បី​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បង្រ្កាប​។ ​ប៉ុន្ដែ​លោក​បញ្ជាក់​ថា ​ក្រុម​មន្ដ្រី​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​ការ​អង្កេត​ទៀត​នៅ​ឡើយ​ មុន​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ជាក់លាក់​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​ក្លាហាន​ម្នាក់ ​លោក ​ឈុត ​វុទ្ធី ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​តំបន់​ដាច់ស្រយាល​មួយ​នៅ​លើ​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្តកោះកុង ​បន្ទាប់​ពី​លោក​បាន​តាម​ឃ្លាំមើល​ការ​កាប់បំផ្លាញ​ព្រៃឈើ​។ ​ហើយ​ក្រុម​អាជ្ញាធរ​បាន​លើក​ហេតុផល​ខុស​ៗ​គ្នា​ជា​ច្រើន​ពី​បរិបទ​នៃ​ការ​ស្លាប់​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!