VOA News: ព័ត៌មាន: “ហ្វ្រង់ស្វ័រ អូឡង់ដ៍ ចូលកាន់តំណែងជាប្រធានាធិបតីបារាំងថ្មី” plus 4 more |
- ហ្វ្រង់ស្វ័រ អូឡង់ដ៍ ចូលកាន់តំណែងជាប្រធានាធិបតីបារាំងថ្មី
- ភាពមិនប្រាកដនៅក្រិកបង្កឲ្យផ្សារហ៊ុនអឺរ៉ុបបន្តធ្លាក់ចុះ
- មិនមានកីឡាកររត់ម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍សម្រាប់ប្រទេសកម្ពុជាទេ
- តុលាការខេត្តស្វាយរៀងកោះហៅជនរងគ្រោះនៃការបាញ់ប្រហារចូលបំភ្លឺ
- ជនរងគ្រោះការរំលោភដីខេត្តកោះកុងឈប់បិទផ្លូវ
ហ្វ្រង់ស្វ័រ អូឡង់ដ៍ ចូលកាន់តំណែងជាប្រធានាធិបតីបារាំងថ្មី Posted: 15 May 2012 09:53 AM PDT លោក ហ្វ្រង់ស្វ័រ អូឡង់ដ៍ (Franco Hollande) បានចូលធ្វើការនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសបារាំងនៅក្នុងពិធីមួយនៅវិមានអេលីហ្សេ (Elysee) នៅក្រុងប៉ារីស។ មុនពេលលោកស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីនេះបានទទួលការស្វាគមន៍នៅវិមាន Elysee ជាច្រើនម៉ោងដោយលោកអតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ដែលលោក Hollande ឈ្នះក្នុងការបោះឆ្នោតកាលពីដើមខែមុន។ លោក Hollande គឺជាប្រធានាធិបតីទីមួយមកពីគណបក្សសង្គមនិយម តាំងពីលោកFrancois Mitterrand ចប់អាណត្តិកាលពីឆ្នាំ១៩៩៥។ ក្នុងអំឡុងពេលនៃការធ្វើសន្ទរកថាផ្សាយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិរបស់លោក លោកប្រធានាធិបតីថ្មីបានមានប្រសាសន៍ថា លោកត្រៀមខ្លួនជាស្រេចហើយដើម្បីបើកមាគ៌ាថ្មីមួយសម្រាប់ប្រទេសជាតិលោកនិងអឺរ៉ុប ដោយបញ្ជាក់ពីការរីកចម្រើន យុត្តិធម៌ និងអ្វីដែលលោកពណ៌នាថាជាសង្គមប្រជាធិបតេយ្យ។ លោក Hollande ត្រូវចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់នៅយប់ថ្ងៃអង្គារនេះដែលជាជំនួបលើកទីមួយជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel ដើម្បីពិភាក្សាពីវិបត្តិបំណុលអឺរ៉ុប។ ព័ត៌មានអន្តរជាតិសំខាន់ដទៃទៀត៖ អ៊ីរ៉ង់៖ ភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់និងអ.ស.ប.បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាថ្ងៃទី២របស់ខ្លួននៅទីក្រុងវីយែន (Vienna) ដោយអ្នកតំណាងរបស់ប្រទេសអ៊ីរ៉ង់និយាយថា កិច្ចពិភាក្សាកន្លងមកនេះមានលទ្ធផលល្អ។ សូម៉ាលី៖ កងនាវាប្រឆាំងចោរសមុទ្ររបស់សហភាពអឺរ៉ុបបានធ្វើការវាយប្រហារតាមអាកាសលើកដំបូងប្រឆាំងទីតាំងចោរសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសសូម៉ាលី។ កូរ៉េខាងត្បូង៖ ពួកមន្រ្តីកូរ៉េខាងត្បូងនិយាយថា ភូមាបានយល់ព្រមអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងបញ្ចប់កម្មវិធីនុយក្លែអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ <!--IMAGE-RIGHT-->ចិន-អូស្ត្រាលី៖ លោករដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី Bob Carr កំពុងការពារសម្ព័ន្ធភាពដ៏ជ្រាលជ្រៅខាងយោធារបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិកនៅពេលដែលលោកបំពេញទស្សនកិច្ចជាផ្លូវការលើកទី១ទៅកាន់ប្រទេសចិន។ ក្រិក៖ មេដឹកនាំនយោបាយក្រិកកំពុងធ្វើការចរចាមួយលើកទៀតនៅថ្ងៃអង្គារនេះដែលមានគោលបំណងដោះស្រាយវិបត្តិនយោបាយដែលអាចបង្ខំឲ្យប្រទេសជាតិដែលពោរពេញទៅដោយបំណុលនេះចេញពីតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។ ឥណ្ឌា៖ ឥណ្ឌាប្រាប់ឲ្យដឹងថា ខ្លួនបានសម្រេចកាត់បន្ថយការនាំប្រេងឆៅចូលរបស់អ៊ីរ៉ង់ចំនួន១១ភាគរយ។ ចិន៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំងបានចាប់ផ្តើមបង្ក្រាបដែលមានរយៈពេល១០០ថ្ងៃលើជនជាតិបរទេសដែលធ្វើការងារ និងរស់នៅខុសច្បាប់នៅក្នុងរដ្ឋធានីចិន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ភាពមិនប្រាកដនៅក្រិកបង្កឲ្យផ្សារហ៊ុនអឺរ៉ុបបន្តធ្លាក់ចុះ Posted: 15 May 2012 03:40 AM PDT អឺរ៉ុប៖ ទីផ្សារភាគហ៊ុននៅក្នុងទ្វីបអឺរ៉ុបបានចុះថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ខណៈដែលពួកអ្នកជួញដូរបានសម្តែងកង្វល់ថ្មីៗអំពីភាពមិនទៀងទាត់ខាងនយោបាយក្នុងប្រទេសក្រិកនិងបារម្ភថាតើក្រិកអាចក្លាយទៅជាប្រទេសទីមួយដែលចាកចេញពីសហភាពប្រើប្រាក់អឺរ៉ូដែលមានសមាជិក១៧ប្រទេសឬទេ។ សន្ទស្សន៍ភាគហ៊ុននៅក្នុងក្រុងឡុងដ៍ ប៉ារីស និងហ្វ្រេងហ្វឹត Frankfurt បានចុះថយប្រមាណ២ភាគរយ ចំណែកឯភាគហ៊ុនធំៗនៅក្នុងបូរី ញូវយ៉ក បានចុះថយបន្តិចនៅក្នុងការធ្វើពាណិជ្ជកម្មនៅពេលរសៀល។ តម្លៃប្រាក់អឺរ៉ូក៏បានចុះថយនៅក្រោម១ដុល្លារ២៩សេនជាលើកដំបូងក្នុងរយៈពេលជិត៤ខែមកនេះ។ នេប៉ាល់៖ ពួកប៉ូលីសនៅក្នុងប្រទេសនេប៉ាល់ Nepal បាននិយាយថាយន្តហោះមួយគ្រឿងបានធ្លាក់នៅជិតវាលយន្តហោះមួយក្នុងភាគខាងជើងប្រទេសបានបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់។ អាជ្ញាធរបាននិយាយថាមនុស្ស៦នាក់ដែលជិះយន្តហោះនោះដោយមានរួមមានជនជាតិដាណឺម៉ាក ២នាក់និងកុមារ២នាក់បាននៅរស់នៅក្នុងគ្រោះថ្នាក់នោះកាលពីថ្ងៃច័ន្ទ។យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ អាកនី អ៊ែរAgni Air បានធ្លាក់នៅពេលព្យាយាមចុះចតនៅឯចំណតយន្តហោះមួយនៅចុមសុម Jomsom ដែលជាមណ្ឌលមួយសម្រាប់អ្នកធ្វើធម្មយាត្រាហ៊ិនឌូ Hindu និងពួកអ្នកដើរកម្សាន្តតំបន់ភ្នំ។
ភូមា៖ លោកប្រធានាធិបតីលី ម្ញុង បាក់ Lee Myung-bak នៃប្រទេសកូរ៉េខាងត្បូងបានទទួលការស្វាគមន៍ដោយកងឆ្មាំកិត្តិយសមួយនៅក្នុងប្រទេសភូមានៅក្នុងទស្សនកិច្ចលើកទីមួយបែបនេះដោយមេដឹកនាំកូរ៉េខាងត្បូងម្នាក់ក្នុងរយៈពេលជិត៣០ឆ្នាំ។ ប៉ាគីស្ថាន៖ ប្រទេសប៉ាគិស្ថានបានបង្ហាញសញ្ញាថាផ្លូវដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់របស់អង្គការអូតង់ទៅកាន់ប្រទេសអាហ្វហ្កានិស្ថានគួរត្រូវបើកជាថ្មី។ អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថាការផ្ទុះគ្រាប់បែកមួយគ្រាប់ក្នុងផ្សារមួយក្នុងភាគខាងជើងប្រទេសបានបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ដោយមានទាំងមន្ត្រីមូលដ្ឋានម្នាក់ផងដែរ។ អ៊ីរ៉ង់៖ កិច្ចចរចារវាងអាជ្ញាធរអ៊ីរ៉ង់និងពួកមន្ត្រីនៃទីភ្នាក់់ងារបរមាណូអ.ស.ប.បានចាប់ផ្តើមធ្វើហើយនៅក្នុងក្រុងវ្យែន Vienne នៅពេលដែលកាសែតស.រ.អ.ធំមួយបានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បានរំលោភច្រើនដងលើច្បាប់សមុទ្រនៅក្នុងការព្យាយាមគេចពីការដាក់ទ័ណ្ឌកម្មដែលបានត្រូវដាក់កំហិតដោយសារកម្មវិធីបរមាណូដ៏ចម្រូងចម្រាស់របស់ខ្លួន។ ក្រិក៖ ពួកមន្ត្រីសហភាពអឺរ៉ុបបាននិយាយថាពួកគេសង្ឃឹមថាប្រទេសក្រិកនឹងស្ថិតនៅជាផ្នែកមួយនៃតំបន់ប្រើប្រាក់អឺរ៉ូ ក៏ប៉ុន្តែប្រទេសនេះត្រូវតែធ្វើតាមការសន្យារបស់ខ្លួន។ អាល្លឺម៉ង់៖ លោកស្រី អេនជេឡា ម៉ាគេល អធិការបតីនៃប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ថាការចាញ់ឆ្នោតរបស់គណបក្សអភិរក្សនិយមរបស់លោកស្រីនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋដែលមានមនុស្សច្រើនបំផុតក្នុងប្រទេសអាល្លឺម៉ង់ជា«បរាជ័យជូរចត់និងឈឺចាប់» ក៏ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថាវាគ្មានផលប៉ះពាល់ដល់គោលនយោបាយចំណាយត្បិតត្បៀតតឹងរ៉ឹងក្នុងទ្វីបអឺរ៉ុបរបស់លោកស្រីទេ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
មិនមានកីឡាកររត់ម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍សម្រាប់ប្រទេសកម្ពុជាទេ Posted: 15 May 2012 12:25 AM PDT កីឡាកររត់ប្រណាំងលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា សម្តែងការមិនសប្បាយចិត្តចំពោះការជ្រើសរើសតារាកំប្លែងជនជាតិជប៉ុន ជំនួសខ្លួនដើម្បីតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ ក្នុងខែសីហាខាងមុខនេះ។ អត្តពលករកម្ពុជាបានហៅការជ្រើសរើសនេះថា ជារឿងអយុត្តិធម៌។ ហែម ប៊ុនទីងរត់លឿនជាងគេនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគាត់មិនត្រូវបានគេជ្រើសរើសឲ្យតំណាងប្រទេសកម្ពុជាក្នុងការរត់ប្រណាំងចម្ងាយឆ្ងាយឬម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍ទេ។ មន្ត្រីកម្ពុជាបែរជាជ្រើសរើសតារាកំប្លែងជនជាតិជប៉ុនឈ្មោះ Neko Hiroshi ដែលរត់មិនដែលឈ្នះគាត់ ដើម្បីតំណាងប្រទេសកម្ពុជាទៅវិញ។ «វាធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសយើងទាំងមូល ពីព្រោះអ្នកដែលមើលមក គេគិតថា មូលហេតុអីមិនយកអ្នកដែលពូកែទៅ? មូលហេតុអីទៅយកអ្នកក្រៅប្រទេស ហើយរត់ចាញ់ខ្មែរទៀត? វាអត់ល្អ»។ <!--AV--> កំណត់ត្រារយៈពេលរត់លឿនបំផុតរបស់ហែម ប៊ុនទីងក្នុងចម្ងាយផ្លូវជាង៤២គីឡូម៉ែត្រគឺ២ម៉ោង២៣នាទី គឺលឿនជាងកីឡាករ Neko Hiroshi ៧នាទី។ ហែម ប៊ុនទីង តំណាងកម្ពុជានៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងប៉េកាំង ប្រទេសចិនកាលពីឆ្នាំ២០០៨។ លោកបានចំណាយពេលអស់២ម៉ោង និង៣៣នាទីនៅក្នុងការរត់នៅពេលនោះ។ លោក ប៊ុនទីងទទួលបានមេដាយសម្រិទ្ធនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គែមនៅប្រទេសឡាវក្នុងឆ្នាំ២០០៩។ នៅឆ្នាំ២០១០ លោកទទួលបានជ័យលាភីលេខ១ក្នុងការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត អន្តរជាតិដែលមានចម្ងាយ២១គីឡូម៉ែត្រ។ ចំណែក លោក Neko Hiroshi ដែលបានចូលសញ្ជាតិខ្មែរកាលពីចុងឆ្នាំមុន បានទទួលចំណាត់ថ្នាក់លេខ៣។ «ខ្ញុំសប្បាយចិត្តណាស់ដែលគាត់បានចូលសញ្ជាតិខ្មែរ និងលេងកីឡាឲ្យខ្មែរ ប៉ុន្តែ Neko ត្រូវទទួលស្គាល់ថា គាត់មានសមត្ថភាពនឹងទៅឬអត់? ត្រូវទទួលស្គាល់សមត្ថភាពខ្លួនឯង។ បើខ្លួនឯងលេងមិនទាន់ឈ្នះកីឡាករខ្មែរទេ យើងគួរបន្តការហ្វឹកហាត់ឲ្យឈ្នះកីឡាករខ្មែរទៅ បើយើងចង់ទៅតំណាងឲ្យខ្មែរ»។ «របាយការណ៍ព័ត៌មានចុងក្រោយបង្ហាញថា សហព័ន្ធអត្តពលកម្មអន្តរជាតិបានបដិសេធសំណើរបស់កម្ពុជាក្នុងការទទួលស្គាល់កីឡាករ Neko ដើម្បីតំណាងឲ្យកម្ពុជានៅក្នុងការរត់ម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងឡុងដ៍នោះ»។ តែទោះជាយ៉ាងនេះក្តី លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និយាយថា លោកហែម ប៊ុនទីងទំនងនៅតែមិនត្រូវបានជ្រើសរើសដដែល ដោយសារលោកមិនបានគោរពក្រមសីលធម៌ និងវិន័យជាកីឡាករឲ្យបានល្អ។ «គាត់អត់បានយកខោអាវដែលគេផ្តល់ឲ្យសម្រាប់ចូលរួមក្នុងពិធីដង្ហែរក្បួនលើកទង់ជាតិរបស់យើង។ គាត់ថា អាវហ្នឹងគាត់ភ្លេចនៅផ្ទះ។ គាត់រឿងច្រើនណាស់។ ទាំងអូឡាំពិក និងគ្រប់កន្លែងទាំងអស់មានការសោកស្តាយចំពោះអត្តចារិត ការរៀបចំខ្លួន និងការមិនគោរពនូវវិន័យនិងក្រមសីលធម៌ដែលគេគ្រប់គ្នាគោរពបានតែគាត់គោរពមិនបាន»។ លោកវ៉ាត់ ចំរើន និយាយថា ការជ្រើសរើសកីឡាករ Neko នោះ គ្មានអ្វីពាក់ព័ន្ធនឹងការឧបត្ថម្ភរបស់តារាកំប្លែងតាមទូរទស្សន៍រូបនោះទៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួននៅក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ។ លោកនិយាយថា ការជ្រើសរើសនោះគឺដោយសារលោក Neko គឺជាអ្នករត់លឿនជាងគេបំផុតទី២នៅកម្ពុជាបន្ទាប់ពីលោកហែម ប៊ុនទីង។ លោក វ៉ាត់ ចំរើនបានចាត់ទុកកីឡាករហែម ប៊ុនទីងថា មានមោទភាពលើខ្លួនឯងជ្រុលពេក។ «យើងកុំយកជម្ងឺតួឯក មានន័យថា មានតែអញមួយ អញធ្វើអីក៏បាន។ បើថា អញជាកីឡាករឆ្នើម អញជាតួឯកពេញមួយប្រទេសហើយ អញ្ចឹងធ្វើអីក៏បាននោះ»។ លោក ហែម ប៊ុនទីងបានចេញពីក្រុមជម្រើសជាតិកាលពីឆ្នាំមុន បន្ទាប់ពីលោកបានតវ៉ាអំពីស្ថានភាពហ្វឹកហាត់មិនល្អ និងស្នើឲ្យមានការធានារាប់រងសុខភាពសម្រាប់អត្តពលករជាដើម។ នៅពេលនោះហើយ ដែលលោកបានបែកចេញពីសហព័ន្ធអត្តពលកម្មជាតិ។ «កីឡាស្រុកខ្មែរ បើធ្វើរបៀបហ្នឹងទៅ វិស័យអត្តពលកម្មហ្នឹងគឺអត់រីកចម្រើនទេ។ កីឡាករខ្លះអត់មានឧត្តមគតិដូចខ្ញុំទេ គឺហ៊ាននិយាយ ឃើញសថាស ឃើញក្រហមថាក្រហម ឃើញខ្មៅថាខ្មៅ។ ប៉ុន្តែពួកគាត់អត់ហ៊ាននិយាយទេ ពីព្រោះគាត់ខ្លាចគេ។ កីឡាករគឺមានភាពក្លាហាន និងស្មោះត្រង់បានមានការអភិវឌ្ឍល្អ គឺថា បើអត់គឺយើងថាអត់ បើគ្រប់គ្រាន់គឺយើងថា គ្រប់គ្រាន់»។ អតីតគ្រូបង្វឹកនិងមិត្តភក្តិរបស់កីឡាករហែម ប៊ុនទីងមួយចំនួនរំពឹងថា កីឡាករហែម ប៊ុនទីងនឹងត្រូវបានជ្រើសរើសដើម្បីតំណាងឲ្យកម្ពុជានៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងនៅក្នុងកីឡាអូឡាពិកក្នុងទីក្រុងឡុងដ៍នាពេលខាងមុខនេះ»៕ This posting includes an audio/video/photo media file: Download Now |
តុលាការខេត្តស្វាយរៀងកោះហៅជនរងគ្រោះនៃការបាញ់ប្រហារចូលបំភ្លឺ Posted: 14 May 2012 07:42 PM PDT តុលាការខេត្តស្វាយរៀងបានកោះហៅជនរងគ្រោះចំនួនបីរូបឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី១៨ ខាងមុខនេះពាក់ព័ន្ធនឹងរឿងក្តីក្តាំមួយជាមួយនឹងលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ លោកឈូក បណ្ឌិត គឺជាជនសង្ស័យមួយរូបដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើងខ្លីរបស់លោកបាញ់ប្រហារទៅលើក្រុមកម្មករកាលពីថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលឲ្យកម្មករចំនួនបីរូបបានទទួលរងរបួស។ ជនរងគ្រោះទាំងបីរូបឈ្មោះ ប៊ុន ចិន្តា កញ្ញានុត សាខន និងអ្នកស្រី កែ ណា បានរងរបួសនៅក្នុងខណៈដែលពួកគេបានចូលរួមតវ៉ាជាមួយនឹងក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែកុម្ភៈ។ តុលាការខេត្តស្វាយរៀងបានចោទប្រកាន់លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះពីបទបង្ករបួសស្នាមដោយអចេតនា ហើយលោកកំពុងតែរស់នៅយ៉ាងមានសេរីភាព បន្ទាប់ពីបានបានបាញ់ប្រហារមកលើកម្មករបីនាក់ឲ្យរងរបួសរួចមក។ លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងបានមានប្រសាសន៍ថាកម្មកររងរបួសទាំងបីនាក់ត្រូវបានលោកប៉ិច ឈឿន ចៅក្រមស៊ើបសួរបានកោះអញ្ជើញឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃសុក្រខាងមុន។ «ហៅចូលមកបំភ្លឺ។ ខាងចៅក្រមគេជាអ្នកចាត់ការ»។ លោកប៉ិច ឈឿន ចៅក្រមស៊ើបសួរ និងជាប្រធានតុលាការខេត្តស្វាយរៀងមិនអាចស្នើសុំដើម្បីបំភ្លឺបានទេនៅថ្ងៃចន្ទនេះ នៅពេលដែលទាក់ទងសួរលោកតាមទូរសព្ទ ត្រូវបានភរិយារបស់លោកនិយាយថាស្វាមីរបស់លោកស្រីបានភ្លេចទូរសព្ទនៅផ្ទះ។ លោក ជិន លីដា មេធាវីការពារជនរងគ្រោះទាំងបីនាក់បាននិយាយថា លោកបានទទួលដីកាកោះអញ្ជើញរបស់តុលាការរួចហើយៗកូនក្តីរបស់លោកនឹងត្រៀមខ្លួនចូលបំភ្លឺតាមការកំណត់។ «គេហៅទៅសួរហ្នឹង គេសួរទៅលើរឿងព្រះរាជអាជ្ញាចោទទៅលើជនសង្ស័យ។ ជារឿងបង្ករបួសស្នាមដោយអចេតនា។ អញ្ចឹងចៅក្រមស៊ើបសួរ គេហៅទៅសួរពីរឿងហ្នឹង»។ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា លោកឈូក បណ្ឌិត ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះមិនទាន់ត្រូវបានឃាត់ខ្លួនទេ។ លោកបានមានប្រសាសន៍ថា ការខកខាននៃការចាប់ខ្លួនជនសង្ស័យ អាចបង្កឲ្យមានការភ័យខ្លាចដល់ជនរងគ្រោះ។ «ជនសង្ស័យហ្នឹងនៅមានសេរីភាពនៅឡើយ ហើយពួកខ្ញុំបានជួបជាមួយនឹងជនរងគ្រោះ ក៏ដូចជាសាក្សីមួយចំនួនកាលពីសប្តាហ៍មុននេះ។ យើងឃើញថា ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ដោយសារតែជនសង្ស័យហ្នឹង អ្នកដែលមានអំណាចមួយនៅក្នុងតំបន់ហ្នឹង ហើយគាត់បារម្ភខ្លាចពីសុវត្ថិភាពរបស់គាត់»។ កាលពីថ្ងៃទី២០ ខែកុម្ភៈ នៅក្នុងខណៈពេលដែលមានកម្មករច្រើនរាប់ពាន់នាក់បានធ្វើបាតុកម្មតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងដើម្បីទាមទារលក្ខខណ្ឌការងារ។ យ៉ាងតិចមានកម្មករបីនាក់បានទទួលរងរបួសភ្លាមៗកាលពីពេលនោះ។ លោកឈូក បណ្ឌិត ត្រូវបានលោកឧនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ជាជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ ក៏ន្តែលោកមិនត្រូវបានចាប់ខ្លួនទេរហូតមកដល់ពេលនេះ៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះការរំលោភដីខេត្តកោះកុងឈប់បិទផ្លូវ Posted: 14 May 2012 08:52 PM PDT ប្រជាពលរដ្ឋនៃឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានសម្រេចចិត្តបញ្ឈប់ការបិទផ្លូវកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដោយពុំមានដំណោះស្រាយណាមួយពីអាជ្ញាធរខេត្ត។ កាលពីថ្ងៃសៅរ៍ប្រជាពលរដ្ឋប្រមាណ ២០០នាក់តំណាងឲ្យ ២២០គ្រួសារ មកពីភូមិចំនួនបី គឺភូមិជីខ ភូមិឈូក និងភូមិត្រពាំងកណ្ដោល នៃឃុំជីខលើ និងប្រាំបីគ្រួសារមកពីឃុំជីខក្រោម បានបិទផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទីកាន់ខេត្តកោះកុង ពេញមួយថ្ងៃដើម្បីទាមទារឲ្យអាជ្ញាធរនិងតុលាការខេត្តកោះកុងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ដែលពួកគេអះអាងថា ត្រូវរំលោភបំពានយកដោយក្រុមហ៊ុន Koh Kong Sugar Industry Ltd របស់លោកឧកញ៉ា លី យុងផាត់ ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជាឈ្មួញល្បីឈ្មោះម្នាក់នៅកម្ពុជា។ <!--AV--> <!--AV--> <!--AV--> លោក ចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានតាមឃ្លាំមើលការតវ៉ារបស់ក្រុមអ្នកភូមិមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ការដកថយរបស់ក្រុមប្រជាពលរដ្ឋដោយសារតែពុំមានការអើពើពីអាជ្ញាធរមូលដ្ឋាន។ «ពួកគេធ្វើមិនដឹងមិនឮ គ្មានចម្លើយឆ្លើយតប គឺប្រជាពលរដ្ឋនាំគ្នាត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត»។ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋខាងលើបានផ្ទុះឡើងចាប់តាំងពីខែឧសភា ឆ្នាំ២០០៦ មកម្លេះ។ ក្រុមប្រជាពលរដ្ឋលើកឡើងថា ដីរបស់ពួកគេសរុបចំនួនជាង១៤៩០ហិចតា ត្រូវបានរំលោភយក។ លោក តេង កៅ អ្នកភូមិឈូក បានរៀបរាប់កាលពីថ្ងៃសៅរ៍ថា ប្រជាពលរដ្ឋបានប្រឹងប្រែងតស៊ូ ដើម្បីការពារដីរបស់ខ្លួនគ្រប់មធ្យោបាយនៅតែគ្មានដំណោះស្រាយ។ «គឺចាប់ពីខែឧសភា ឆ្នាំ២០០៦ រហូតដល់ពួកខ្ញុំបានធ្វើដំណើរដោយថ្មើជើងទៅភ្នំពេញ តែអត់មានដំណោះស្រាយ។ ហើយពួកខ្ញុំបានទៅដាក់ពាក្យបណ្ដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៧ នៅតុលាការខេត្តកោះកុង ក៏នៅតែអត់មានដំណោះស្រាយ។ បើសិនជាស្រែករកសម្តេច គឺរាប់ភ្លេច។ មិនដឹងជាយ៉ាងម៉េច បើសិនជាសម្តេច ឮហេតុអ្វីបានជាគាត់នៅសំងំ»។ លោក ទួត សីហា អភិបាលស្រុកស្រែអំបិល បានចេញមុខសម្រួលនៅចំពោះមុខក្រុមប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បើកផ្លូវដោយសន្យាថា នឹងជួយនាំសំណូមពររបស់ពួកគេទៅកាន់ថ្នាក់លើរបស់គាត់ដោះស្រាយ។ «វាហួសសមត្ថកិច្ចរបស់អាជ្ញាធរស្រុក។ អាជ្ញាធរស្រុកពុំមានសិទ្ធិលូកដៃក្នុងរឿងតុលាការ ប៉ុន្ដែមានសិទ្ធិសំណូមពរ និងមានសំណើរដោយមានការផ្តិតមេដៃ និងមានការទទួលខុសត្រូវ»។ លោកចៅក្រម ហួន ម៉ានី ប្រធានតុលាការខេត្តកោះកុង និងលោកហេង កេសរោ ចៅក្រមទទួលបន្ទុកសំណុំរឿងបណ្ដឹងរបស់ប្រជាពលរដ្ឋមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ លោក អ៊ីន គង់ជិត អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការពន្យាពេលដោះស្រាយទំនាស់ដីធ្លីរបស់ក្រុមប្រជាពលរដ្ឋនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង ហើយបានធ្វើឲ្យពួកគេទទួលរងគ្រោះមួយកម្រិតទៀត។ លោក អ៊ីន គង់ជិត កត់សម្គាល់ថា តុលាការហាក់ដូចជាមិនមានឥទ្ធិពលក្នុងការដោះស្រាយសំណុំរឿងនេះទេ។ «មូលហេតុដែលគ្មានដំណោះស្រាយ ដោយសារចៅក្រមខ្វះឯករាជ្យភាពក្នុងការចាត់ការរឿងក្ដីដោយសារពេលឃើញប្រជាពលរដ្ឋទន់ខ្សោយប្តឹងជាមួយអ្នកមានអំណាចគាត់នៅទ្រឹង។ គឺសំណុំរឿងហាក់ដូចជាតម្កល់ឥតចាត់ការ»។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |